រឿង៖ អ្នករត់បញ្ញើខ្មោច ភាគ៣

រាជធានីភ្នំពេញ

ដីជ្រោយចង្វារ

ឆ្នាំ ២០០០

ល្ងាចយប់ ព្រះទិនករយាងចាកចោលផៃ្ទមេឃា ជំនួសវេនដោយដួងចន្ទ្រា រះបំភ្លឺភពផែនដីវិញ ស្បៃរាត្រីពេលនេះ ពេញដោយហ្វូងដួងតារារាប់ពាន់រះបង្អួតសម្រស់គ្នា តែជ្រុងមួយលើផ្ទៃផែនដី គេឃើញមានផ្ទះប្រក់ស្បូវតូចមួយសង់ប្រកមាត់ទឹក មានពន្លឺផ្លុងៗចេញពីចង្កៀងប្រេងកាតដាក់នៅលើតុ មនុស្សប្រុសស្រីពីរនាក់ កំពុងអង្គុយចួបជុំគ្នា រៀបរង់ចាំទទួលទានអាហារបាយល្ងាច។

– បងស្រី…បងវី ត្រលប់មកពីធ្វើការវិញហើយ!

ក្មេងប្រុសអាយុ ១៣ឆ្នាំ រត់តម្រង់ទៅកាន់មាត់ទ្វារ ស្រែកយ៉ាងរំភើប ពេលឃើញ អ្នកកំលោះក្នុងអាយុ ប្រហែល២០ឆ្នាំស្ដើង ក្នុងសម្លៀកបំពាក់ចាស់មួយសម្រាប់លើខ្លួនពេញដោយស្នាមប្រឡាក់ដីធូលី តែទឹកមុខគេនៅតែញញិមស្រស់ស្រាយ ពេលសម្លឹងមើលទៅអ្នកម្ខាងទៀត…គេម្នាក់នេះឈ្មោះរ៉ាវី បងប្រុសក្មេងប្រុសម្នាក់នោះ!

– វុធ! ប្អូនធំហើយ តែនេះនៅតែធ្វើចរិតដូចកេ្មងទៀត!​

រ៉ាវី យកដៃមកអង្អែលក្បាល លេងសក់របស់ប្អូនប្រុសគេ ដែលកំពុងតោងឱបចង្កេះរបស់ខ្លួនមិនព្រមលែង

– បានហើយ វុធ! លែងបងវី ឱ្យគាត់បានលុបលាងមុខលាងដៃ អាលនឹងមកវិញ យើង អាចហូបអាហារពេលល្ងាចនេះ…បងវី គាត់ហត់នឿយពេញមួយថ្ងៃហើយ!

– បាទ បងស្រី!

គ្រប់គ្នាក្នុងគ្រួសារនៅតែមានស្នាមញញិមដាក់គ្នា អង្គុយជុំគ្នានៅតុអាហារដែលកំពុងក្ដៅ ទោះបីមានម្ហូបតិចតួច ចានពងទាចៀន ពងទាស្ងោរទឹកត្រី ជាអាហារសម្រាប់បម្រើនាល្ងាចមួយនេះ…ប៉ុន្ដែគ្រួសារកំព្រា គ្មានម្ដាយឪពុក មានតែបីនាក់បងប្អូន ពួកគេនៅតែរស់នៅជុំគ្នាដោយកក់ក្ដៅ ។

នៅក្រោមពន្លឺភ្លើងចង្កៀង ពួកគេអង្គុយជុំវិញគ្នានិយាយអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនេះ។

– វុធ! ថ្ងៃនេះ ប្អូនធ្វើជាប្អូនប្រុសល្អទេ? មិនបាននាំទុក្ខ បង្កការលំបាកឱ្យបងស្រី ប្អូននោះ?

– បាទ! បងវីខ្ញុំ…ខ្ញុំមិនធ្វើឱ្យបងស្រី ពិបាកទេ! ខ្ញុំធំហើយ មិនមែនជាក្មេងប្រុស តាមបងស្រី យំទាររបស់ដូចមុនទេ..ហិហិ។

– ឆ្លាតណាស់យើង! ហើយនេះ រីវ៉ា ម៉េចក៏កដៃអូន ឡើងជាំខ្មៅបែបនេះ? មានរឿងអ្វីមែនទេ រីវ៉ា?

រ៉ាវី សួរទៅកាន់ប្អូនស្រីខ្លួនដោយ ងឿងឆ្ងល់ពេកក្រឡេកឃើញកដៃប្អូនស្រីខ្លួន មានជាំខ្មៅ ដូចជាស្នាមដែលត្រូវគេចាប់ច្របាច់ខ្លាំងពេក

– គឺ…គឺ…គ្មានអី្វទេបង!

មាត់និយាយបដិសេដ ប៉ុន្ដែក្រសែភ្នែករបស់នាងប្រាប់ទៅអ្នកម្ខាងទៀត ថាមានរឿងកើតឡើងចំពោះនាង…

– បងស្រី! ម៉េចក៏មិនប្រាប់បងប្រុសពីរឿងមួយនោះ…អាពូស្រវឹងឆ្កួត…

– វុធ បិទមាត់! (រីវ៉ា ស្រែកគំហកដាក់វុធ)

-​​ បង..បងស្រី ខ្ញុំសូមទោស តែ…

– រីវ៉ា នេះមានរឿងអីមែនទេ? ហេតុអ្វី ឯងចាំបាច់លាក់និងបង ម៉េចមិនប្រាប់បង ឬមួយឯងលែងគិតចាត់ទុកបងជាបងប្រុសរបស់ឯងទៀតហើយ?

– ទេ…ទេបងប្រុស! នៅលើលោកនេះ មនុស្សដែលខ្ញុំគោរពជាងគេ និងស្រលាញ់ជាងគេ  គឺជាបងហ្នឹងហើយ បងប្រុសតែម្នាក់គត់របស់ខ្ញុំ…បងរ៉ាវី។ ខ្ញុំដឹងថាបងរាល់ថ្ងៃគឺវាលំបាក បងហត់នឿយយ៉ាងណាខ្លះ ដើម្បីរកប្រាក់ផ្គត់ផ្គង់ដល់ពួកយើងទាំងពីរនាក់នេះ អ៊ីចឹងហើយ ខ្ញុំមិនចង់បង្កើនបញ្ហា ធ្វើជាបន្ទុកបន្ថែមរបស់បងទៀតទេ…បងខ្ញុំធំហើយ ខ្ញុំអាចដោះស្រាយបញ្ហារបស់ខ្លួនបាន! បង ទុកឱ្យខ្ញុំហ៊ានប្រឈមមុខជាមួយរឿងរបស់ខ្ញុំចុះ!

– រីវ៉ា…បងសូមទោស ព្រោះបងមិនបានរៀនសូត្រ ទើបបងត្រូវមកធ្វើការងារសំណង់ ហើយត្រូវឱ្យឯង​និងវុធ មកលំបាកជាមួយបងដែរ!

– បង! កុំនិយាយបែបនេះ…បើគ្មានបង ពួកខ្ញុំក៏មិនអាចរស់នៅមានក្ដីសុខ មានអាហារបីពេលញុំាចម្អែតពោះដែរ! ពួកខ្ញុំយល់ពីតម្លៃដែលបងលះបង់សម្រាប់គ្រួសារមួយនេះ!

– បងវី! ខ្ញុំស្រលាញ់បង! បងជាបងប្រុសដ៏ល្អបំផុតសម្រាប់ខ្ញុំ!

– បងក៏ស្រលាញ់ប្អូនទាំងពីរដែរ…តោះ! បានហើយ យើងចាប់ផ្ដើមញុំាអាហារតែម្តងទៅ! ម្ហូបត្រជាក់អស់ហើយ…

ម្នាក់ៗចាប់ផ្ដើមកាន់ស្លាបព្រា ដួសបាយញុំារៀងៗខ្លួន ប៉ុន្ដែក្នុងចិត្តម្នាក់ៗ មិនស្រស់ស្រាយដូចមុននោះទេ។ ម្នាក់ៗសុទ្ធតែមានមន្ទិលក្នុងចិត្ត ដែលគេត្រូវដោះស្រាយចំណងបញ្ហារបស់ខ្លួនរៀងៗខ្លួន…ជីវិតគឺវាហត់នឿយ និងមានសម្ពាធធ្ងន់សម្រាប់អ្នកក្រដូចពួកគេ!

….

បន្ទាប់ពីបាយល្ងាចរួ​ច រីវ៉ា ប្រមូលចានបាយទៅលាងនៅខាងក្រោយ រីឯវុធ និងរ៉ាវី ពីរនាក់គេចូលទៅក្នុងបន្ទប់គេងមុន។ វុធ កំពុងទាញសៀវភៅលំហាត់ថ្នាក់ទី៦របស់គេមកធ្វើ រ៉ាវីសម្លឹងមើលប្អូនប្រុសខ្លួន ធ្វើលំហាត់ផ្ចិតផ្ចង់បែបនេះ គាត់ក៏សប្បាយចិត្តខ្លាំងផងដែរ។ តែមួយសន្ទុះ គេប្រែទឹកមុខព្រួយបារម្ភ នឹកដល់រឿងកាលពីល្ងាចមិញនេះ…

– វុធ…

– បងវី ហៅខ្ញុំឬ?

– វុធ! អាចប្រាប់បងបានទេ រីវ៉ា បងស្រីអូន ល្ងាចនេះ…មានរឿងអ្វីមែនទេ?

វុធ ឮពាក្យរបស់បងប្រុសគេសួរបែបនេះ គេយកដៃអេះក្បាល អល់អែកស្ទាក់ស្ទើរក្នុងចិត្ត គួរឬមិនគួរប្រាប់ការពិតពីរឿងកើតឡើងរបស់បងស្រីខ្លួនប្រាប់ទៅបងប្រុស

– បងវី…ខ្ញុំ…ខ្ញុំសន្យាជាមួយបងស្រីថា​ បំភ្លេចរឿងនោះ…មិន…មិននិយាយប្រាប់ទៅអ្នកដទៃទៀតនោះឡើយ!

– វុធ! អូនប្រាប់បង ហើយបងស្ដាប់រួចមិនយកទៅប្រាប់ទៅរីវ៉ាមិនឱ្យនាងដឹង…ប្អូនមិនខុសនោះទេ មែនឬអត់?

– តែ..តែនេះ…

– តែអី…នេះប្អូន លែងស្ដាប់សម្ដីបងហើយមែនទេ?

– ទេបង! ខ្ញុំប្រាប់បងឱ្យដឹងក៏បាន…តែធ្វើដូចបងប្រាប់ណា…កុំប្រាប់បងស្រីថាខ្ញុំជាអ្នកប្រាប់បងឱ្យដឹងឱ្យសោះ!

– អូខេ! ធ្វើអ៊ីចឹងទើបសម ជាប្អូនប្រុសដ៏ល្អរបស់បង! ម៏! យើងទាំងពីរថ្ពក់ដៃគ្នា សន្យារវាងកូនប្រុសទាំងពីរ!

រ៉ាវី និងវុធ ក៏ថ្ពក់ដៃគ្នាសន្យា…

វុធ ក៏រៀបរាប់ពីរឿងដែលកើតឡើងលើរីវ៉ា កាលពីល្ងាចប្រាប់ទៅកាន់រ៉ាវី….

កាលពីល្ងាចមិញ…

វុធ ចេញពីសាលារៀន ឈរនៅក្លោងទ្វារច្រកចេញ រង់ចាំបងស្រីរបស់គេ។ មួយស្របក់ ស្រមោលបងស្រី គេដើរមករកគេជាមួយកន្ដ្រកម្ហូប…

– សូមទោស វុធ! ឱ្យប្អូនរង់ចាំបងយូរហើយមែនទេ? ថ្ងៃនេះ នៅឯផ្ទះមីង រីណា ផ្ទះដែលបងធ្វើជាឈ្នួលបម្រើនោះ គឺគាត់មានរៀបចំកម្មពិធីជប់លៀងតូចមួយ ដើម្បីអបអរសាទរពីការវិលត្រលប់មកវិញរបស់កូនប្រុសរបស់គាត់ ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស។ សូមទោសណា បងខំឆ្លៀតប្រញាប់ដែរ តែមានការងារតម្រូវចាំបាច់ ធ្វើឱ្យបងត្រូវរវល់រឿងការងារចង្រ្កានបាយយូរ…តែនេះប្អូនឃើញទេ ក្នុងកន្ត្រករបស់បងសុទ្ធតែម្ហូបឆ្ងាញ់ៗ បងមិនភ្លេចច្រកវេចមកផ្ទះ! ល្ងាចថ្ងៃនេះ យើងទាំងបីនាក់ច្បាស់ជាឆ្ងាញ់មាត់ជាមិនខាន..ហិហិ!​

រីវ៉ា ញញិមដាក់ប្អូនប្រុសខ្លួន។ វុធ ឃើញម្ហូបសាច់ពេញកន្ត្រកបែបនេះ ខ្លួនគេក៏ញញិមតាមបងស្រីដែរ…ពិតណាស់ គេទាំងបីខានមានម្ហូបឆ្ងាញ់ មានសាច់មានបន្លែបែបនេះញុំាជាមួយគ្នាយូរណាស់ហើយៗ។

– វ៉ាវ…បងស្រី ឈ្ងុយដល់ហើយ! នេះធុំតែក្លិន ខ្ញុំឃ្លានហើយបងស្រី!

– ហុហុ…តោះ! អ៊ីចឹងយើងប្រញាប់ទៅផ្ទះ ចាំបងវីមក…យើងទាំងបីនាក់ ថ្ងៃនេះច្បាស់ជាឆ្ងាញ់មាត់ញុំាឱ្យបែកពោះតែម្ដង!

– បាទ! បងស្រី…តោះៗ!

មកតាមផ្លូវ រីរ៉ា ញញិមញញែម មើលទៅភាពរីករាយរបស់ប្អូនប្រុសខ្លួន ដែលរំភើប រីករាយរត់ជ្រែងពេញផ្លូវ។ វុធខ្លួនគេ ដែលកំពុងរត់នោះ មិនប្រយ័ត្ន ក៏រត់បុកមនុស្សប្រុសម្នាក់ដែលកំពុងស្រវឹងជោកជាំ ដៃកាន់ដបស្រាដើរត្រេតត្រត ពេញតែផ្លូវ..

ប្រាវវវ!!! សំឡេងដបស្រាបែកព្រាត អំបែងដបរាយប៉ាយពេញដងវិថី

អួយ៍…!!! វុធ ស្រែក!

– យី! អាក្មេងឆ្កួត..ខ្វាក់ឬ? ទើបមករត់បុកអញ!

រីវ៉ា ប្រញាប់ទម្លាក់កន្រ្តកម្ហូបចុះ រត់ទៅគ្រាហ៍ប្អូនប្រុសរបស់ខ្លួនក្រោក! នាងភ្លេចចាប់អារម្មណ៍ពីក្រសែភ្នែកពេញដោយកាមគុណ របស់អ្នកម្ខាងទៀត ដែលកំពុងសម្លឹងមើលរូបរាងនាង…សម្លក់សម្លឹងពីក្រោមឡើងលើ រាងកាយស្រីក្រមុំអាយុ១៦ឆ្នាំ!

– បងស្រី…

អូយ៍…ឈឺ! សំឡេងលើកនេះ គឺចេញពីមាត់របស់រីវ៉ា​ ស្រែក…នាងមិនគិត មនុស្សប្រុសស្រវឹងម្នាក់នោះ ស្រាប់តែយកដៃម្ខាងរបស់គេមកចាប់ដៃ រឹតនាងយ៉ាងខ្លាំង ឯដៃម្ខាងទៀត រាវលូកលាន់គ្រប់កន្លែងពេញរាងកាយខ្លួន…

– អូយ៍…កុំ…កុំធ្វើបែបនេះ…ខ្ញុំ…ហ៊ឺហឺ

រីវ៉ា មានការភិតភ័យយ៉ាងខ្លាំង រហូតដល់និយាយមិនចេញ បន្ទាប់ពីត្រូវបុរសប្រមឹក តណ្ហាក្រាស់ម្នាក់នោះចាប់លូកលាន់បំពានរាងកាយនាងបែបនេះ!

– លែង…លែងបងស្រីអញភា្លម អានរក!!!

វុធ ស្ទុះទៅចាប់ទាញដៃរបស់អ្នកម្ខាងទៀត ឱ្យលែង…គេខំក្រញុំាផង វ៉ៃទះតប់ផង ប្រឹងធ្វើយ៉ាងណាឱ្យអ្នកម្ខាងទៀត ប្រលេះដៃចេញ…ប៉ុន្ដែប្រឹងយ៉ាងណាក៏គ្មានប្រសិទ្ធិ រឹតតែធ្វើឱ្យអ្នកម្ខាងទៀតខឹង ហើយវិលមកជះកំហឹងដាក់លើរូបគេបន្ថែមម្នាក់ទៀត!

– អាក្មេងឆ្កួត! អញមិនទាន់គិតបញ្ជីជាមួយឯងផង ឯងមករកងាប់ដោយខ្លួនឯង…កុំថាអញចិត្តអាក្រក់ វ៉ើយ!

ថារួច ជនប្រមឹកម្នាក់នោះ យារដៃវាត់មួយទំហឹងទៅកាន់វុធ ធ្វើឱ្យគេដួលក្រឡាប់ពីរបីជុំទៅលើដី។ រីវ៉ា ឃើញហើយស្រែកអាណិតប្អូន…

– ប្អូនវុធ!!!

– អានរក!!! អានរក ឯងងាប់! ងាប់!

វុធ មើលទៅជាក្មេងប្រុស សុភាពៗ ស្លូតដូចឆ្មា ប៉ុន្តែនៅពេលដែលគេខឹង គេប្រែក្លាយខ្លួនគេដូចជាមនុស្សមួយផ្សេង គេដូចជាសត្វសាហាវ គ្មានសតិនៅក្នុងខ្លួន។

វុធ ស្ទុះក្រោកពីដី ស្រវាយកកន្ត្រកម្ហូបរបស់បងស្រីគេ រួចវាយមួយទំហឹងទៅកាន់អ្នកម្ខាងទៀត។ លើកនេះ ជនប្រមឹក ទ្រេតខ្លួន ដួលទៅលើដី…រីវ៉ា ស្ទុះរត់ចេញពីការចាប់របស់គេ ហើយរត់ទៅពួនកន្លែងម្ខាងទៀត។ បានឱកាសបែបនេះ វុធ យកកន្ត្រកនោះ ទៅគ្របក្បាលរបស់ជនប្រមឹកម្នាក់នោះ រួចទាញដុំថ្មធំមួយដុំប៉ុនកដៃខ្លួន យកទៅគប់ចំក្បាលគេ…

– ងាប់! ងាប់! អញសម្លាប់ឯងឱ្យងាប់! អានរក!

វុធបានវាយអ្នកម្ខាងទៀត រហូតបែកក្បាលហូរឈាមរឹមៗចេញមកប្រឡាក់ពេញដី ឃើញបែបនេះ រីវ៉ា ប្រញាប់ស្រែកស្ទុះទៅឃាត់ប្អូនប្រុសរបស់ខ្លួន…

– វុធ បានហើយ! ឈប់ទៅ…នេះ..នេះគេសន្លប់បាត់ហើយ! ប្អូនឈប់!

ឮបងស្រីគេស្រែកប្រាប់បែបនេះ សតិរបស់គេហាក់ត្រលប់មកវិញ…វុធ ទម្លាក់ដុំថ្មចុះ ហើយសម្លឹងបងស្រីខ្លួនដោយក្រសែភ្នែកមានកំហុស…គេកំពុងសម្លឹងមើលដៃទាំងគូដែលប្រឡាក់ឈាមនៅពេលនេះ

– បងស្រី…ខ្ញុំ…ដៃខ្ញុំ…

រីវ៉ា ប្រញាប់ស្ទុះទៅឱបវុធ ហើយនិយាយលួងលោមគេ

– កុំខ្លាច…កុំខ្លាចអូន! មិនអីទេ…ព្រោះគេជាមនុស្សអាក្រក់ កុំខ្លាចអី!!!

– ពិតមែនឬ បងស្រី!

– ចាស៎…អូនក្លាហាន អូនការពារបង! អូនមិនខុសទេ មនុស្សយើងពេលខ្លះគួរតែឃោរឃៅ កុំស្លូតពេក បើមិនបែបនេះ មិនធ្វើកាចទេ យើងច្បាស់ជានឹងត្រូវគេធ្វើបាបជាមិនខាន!

– បាទបងស្រី!

– តែអូន ត្រូវសន្យានឹងបងណា ថាកុំយករឿងនេះទៅប្រាប់អ្នកណាផ្សេងឱ្យសោះ ជាពិសេសគឺបងប្រុសរ៉ាវី…

– ហេតុអ្វីបងស្រី?

– គឺវីរៈបុរស គេមិនដែលអួតពីអំពើល្អរបស់ខ្លួនប្រាប់ទៅកាន់អ្នកដទៃទេ? អូនមិនឃើញ មនុស្សពីងពាង  Superman គេលាក់បាំងប្រវត្តិពិតរបស់ខ្លួនទេឬ? អូនមិនចង់ធ្វើដូចជាពួកគេទេឬ?
– បាទ! ខ្ញុំយល់ហើយ…ខ្ញុំធំឡើងនឹងធ្វើជាវីរៈបុរស Super hero ការពារមនុស្សដែលខ្លួនស្រលាញ់ ជាពិសេសបងស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំ!!!

….

វុធ និយាយយ៉ាងម៉ឺងម៉ាត់អំពីរបៀបដែលខ្លួនបានវាយអ្នកស្រវឹង ស្ដាប់ឮហើយ រ៉ាវី ក៏ញញិម រួចពោលបន្ថែម៖

– ត្រឹមត្រូវហើយ ប្អូនធ្វើមិនខុសទេ! បងចួបអាប្រមឹកម្នាក់នោះពេលណា បងនឹងវាយឱ្យចាស់ដៃ ទ្រោមខ្លួនដេកស៊ីបបរសលើគ្រែពេទ្យប៉ុន្មានខែតែម្ដង សងសឹកវាឱ្យបានជំនួសរីវ៉ា…ប្អូនស្រីបង មិនឱ្យគេមាក់ងាយ លូកលាន់ដោយហ្វ្រីៗសេរីបែបនេះទេ។

– បងប្រុសខ្ញុំ ពិតជាពូកែមែន!

វុធ សម្លឹងមើលទៅកាន់រ៉ាវី ដោយកែវភ្នែកភ្លឺភ្លែត ពេញដោយមោទកភាព…ប៉ុន្ដែរ៉ាវី មិនដឹងថាសម្ដីរបស់គេ មានឥទ្ធិពលខ្លាំងបែបណា កែប្រែវាសនាវុធ ឱ្យខុសពីក្មេងធម្មតាទូទៅផ្សេងទៀត…ពីការគិតការប្រើហឹង្សាជាការប្រព្រឹត្តខុស ប្រែក្លាយជាយល់ច្រឡំថាការយកអំពើហិង្សាជាដំណោះស្រាយ គឺជាការបង្ហាញពីភាពក្លាហានរបស់ខ្លួន។       

ប៉ុន្មានថ្ងៃក្រោយមក…

ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់១៧ឆ្នាំ របស់រីវ៉ា វុធ កាន់ជាប់ជាមួយប្រអប់កូនកាដូតូចមួយដែលវេចខ្ចប់យ៉ាងស្រស់ស្អាត។ នៅក្នុងប្រអប់កូនកាដូមួយនោះ គឺជាស្រោមដៃដ៏ស្រស់ស្អាតមួយគូ ដែលគេខិតខំសន្សំប្រាក់ប្រចាំថ្ងៃ ទិញជូនឱ្យបងស្រីបណ្ដូលចិត្តខ្លួន…វុធ ញញិមញញែម មិនអាចទប់អារម្មណ៍រំភើបនៅក្នុងចិត្តរបស់ខ្លួនបានទេ ពេលនឹកគិតពីកាដូរបស់ខ្លួនដែលគេនឹងជូនទៅកាន់រីវ៉ា។ វុធឈរសម្លឹងមើលរង់ចាំបងស្រីគេទទួលដូចរាល់ដង ប៉ុន្ដែមិនឃើញមកសោះ…

– នេះបងវ៉ា គាត់ជាប់រវល់ខ្លាំងទៀតហើយឬ? ថ្ងៃនេះជាថ្ងៃកំណើតគាត់ ប្រហែលជាមិត្តរួមការងារគាត់ រៀបចំកម្មវិធីជប់លៀងឱ្យគាត់ ទេដឹង? តើនេះខ្ញុំគួរឬមិនគួរទៅផ្ទះមុន មិនបាត់រង់ចាំគាត់នោះ?

មេឃកាន់តែជ្រេខ្លាំង ស្បៃងងឹតក៏មកដល់ ភាពអន្ធកាលគ្របដណ្ដប់ផ្ទៃមេឃទាំងមូល ទីនេះចាប់ផ្ដើមងងឹតហើយ  ប្រៀបដូចចិត្ត វុធ កំពុងតែវង្វេងរកចម្លើយរបស់ខ្លួនពេលនេះដែរ។ វុធ កំពុងអង្គុយហេងហាង នៅមុខទ្វារច្រកចេញសាលាតែម្នាក់ឯង ពូសន្ដិសុខយាមក្បែរនោះ ឃើញបែបនេះ ក៏សួរ៖

– យ៉ាងម៉េចដែរអាប្អូនតូច ថ្មើរណេះមិនទាន់ត្រលប់ទៅផ្ទះវិញទេឬ? មានរឿងអ្វីមែនទេ?

– បាទពូ! គឺ..គឺខ្ញុំនៅចាំបងស្រីខ្ញុំ!

– អូ!…ពូចាំហើយ បងស្រីអាអូន ម្នាក់មួយស្អាត ញញិមស្រស់ឬ? ហើយនេះថ្ងៃនេះ ម៉េចក៏នាងក្រមកទទួលប្អូនយ៉ាងនេះ?

– បាទពូ…ខ្ញុំក៏មិនដឹងដែរ!

– បែបនេះ តើឱ្យពូជូនអាអូនត្រលប់ទៅផ្ទះវិញទេ? នេះយប់កាន់តែងងឹតហើយ ម្យ៉ាងផ្លូវតូចស្ងាត់នេះ ក៏មិនសូវមានសុវត្ថិភាពដែរ…បើមិនអីទេ ចាំពូជូនអាអូនត្រលប់ទៅវិញក៏បាន!

– តែពូមិន…មិនជាប់រវល់ធ្វើការងារខ្លួនទេឬ?

– មិនអីអាអូន…ពូមានម៉ូតូកញ្ចាស់នេះមួយដែរ ជិះតែមួយភ្លែត ជូនអាអូនដល់ផ្ទះត្រលប់មកវិញទៅគឺបានហើយ…គិតថាចំណាយពេលមិនយូរទេ!

– បើអ៊ីចឹង ខ្ញុំអរគុណពូណាស់!

– ម៏!…ឆាប់ឡើងម៉ូតូមកអ៊ីចឹង!

នៅតាមផ្លូវត្រលប់ទៅផ្ទះ វុធ មានអារម្មណ៍ចម្លែក មានអំពល់ខ្វល់ចិត្តពីការបាត់ខ្លួនរបស់បងស្រីគេ ប៉ុន្ដែគេគិតលួងលោមខ្លួនឯងប្រាប់ថា គាត់ប្រហែលជាជាប់នៅជាមួយមិត្តភក្ដិ ឬប្រហែលទៅផ្ទះមុនជាមិនខាន…មិនអី គ្មានរឿងអ្វីអាក្រក់កើតឡើងលើគាត់ឡើយ មនុស្សល្អដូចគាត់ គួរតែទេពតាតាមថែរក្សា។

មួយស្របក់ក្រោយមក ពូសន្ដិសុខ ក៏ជិះឌុបវុធ ដឹកមកដល់ផ្ទះ

– នេះជាផ្ទះខ្ញុំហើយពូ…អរគុណ!

– មិនអីទេ អ៊ីចឹងពូត្រលប់ទៅវិញហើយ!

– បាទ ពូ!

ពូសន្តិសុខ ក៏បញ្ឆេះម៉ូតូរបស់ខ្លួនចាកចេញទៅ វុធ រត់ចូលទៅក្នុងផ្ទះ ស្វែងរកវត្តមានរបស់បងស្រី តែរកយ៉ាងណាក៏មិនឃើញនាងសោះ…

– នៀក! ម៉េចថ្មើរណេះហើយ បងស្រីគាត់មិនទាន់មកដល់ផ្ទះទៀត? នេះគាត់ទៅណាវិញ…

វុធ កំពុងលង់និងអារម្មណ៍របស់ខ្លួន ស្រាប់តែសូរសំឡេងបើកទ្វារបន្លឺឡើង! គេប្រញាប់ស្ទុះរត់ទៅមើល…

– បងប្រុស…បងមកដល់វិញហើយឬ?

រ៉ាវី ឃើញប្អូនប្រុសខ្លួនរត់មកទទួលគេបែបនេះ គេញញិម រួចលើកកញ្ចប់ស្បោងអីវ៉ាន់រតេករតាក ដែលគេកាន់ពេញដៃ លើកអួតបង្ហាញប្រាប់ទៅកាន់ប្អូនប្រុសខ្លួន…

– វុធ ឃើញទេ! សុទ្ធតែជារបស់ដែលប្អូន ចូលចិត្តទាំងអស់ អ្វីសំខាន់ថ្ងៃនេះ បងក៏ទិញខេកតូចមួយ មកស៊ើបប្រាយឱ្យរីវ៉ាដែរ ហិហិ!

– វ៉ាវ..ពិតមែនឬបង?

– តែនេះ រីវ៉ានៅឯណាដែរ? ម៉េចក៏បងមិនឃើញស្រមោលនាងបែបនេះ…នេះវ៉ា មិនទាន់ចេញពីធ្វើការងារទៀតឬ?

– បងវី…ខ្ញុំ…ខ្ញុំមិនដឹងដែរហ្នឹង តែថ្ងៃនេះ ខ្ញុំញាក់ភ្នែកស្ដាំខ្លាំងណាស់! ខ្ញុំខ្លាចបារម្ភថាមានរឿងអ្វីមិនល្អកើតឡើងចំពោះគាត់ទេ បងវី!

– កុំគិតផ្ដេសផ្ដាស…នេះជាថ្ងៃកំណើតរបស់គាត់ផង! តោះ! រៀបចំកញ្ចប់អីវ៉ាន់នេះទៅទុកសិនទៅ រង់ចាំគាត់បន្ដិចទៀត បើគាត់មិនឃើញទាន់ត្រលប់មកវិញទៀត យើងពីរនាក់ដើរចេញទៅរករីវ៉ា…យល់ព្រមទេ?

– បាទបង!

ប្រាំនាទីហើយ​ ប្រាំនាទីទៀត វត្តមានរបស់រីវ៉ានៅតែមិនទាន់ឃើញត្រលប់ចូលផ្ទះវិញសោះ! ពីរនាក់បងប្អូន លែងអង្គុយសុខ ក៏រូតរះប្រញាប់ប្រញាល់ស្លៀកពាក់ ចេញទៅខាងក្រៅ រកវត្តមានរីវ៉ា។

រ៉ាវី និងវុធ ដើរតម្រង់ទៅផ្ទះរីណា កន្លែងដែលនាងធ្វើការ តែពេលទៅដល់ចួបមីងរីណានោះ គាត់ប្រាប់គេទាំងពីរថា រីណាចាកចេញពីធ្វើការតាំងពីម៉ោង ៥ល្ងាចមកម៉្លេះ! ឮបែបនេះហើយ រឹតតែធ្វើឱ្យគេទាំងពីរមានការព្រួយបារម្ភពីសុវត្ថិភាពរបស់រីវ៉ាបន្ថែមទៀត…

– នេះ…នេះបងរីវ៉ា មានរឿងអ្វីមែនទេបង? (វុធ សួរទៅកាន់រ៉ាវី ដោយទឹកមុខពិបាកចិត្ត)

– មិនអីទេ…មិនអីទេ​ រីវ៉ា​ប្រហែលជានៅជាមួយមិត្តភក្ដិនាង!

រ៉ាវី ព្យាយាមនិយាយលួងលោម វុធ តែក្នុងចិត្តគេក៏មានការសង្ស័យខ្លាំងពីរឿងរបស់រីវ៉ា…ពួកគេ ព្យាយាមដើរសាកសួរព័ត៌មាន សួរដំណឹងពីមនុស្សដែលស្គាល់រីវ៉ា មិត្តភក្ដិរបស់នាង ប៉ុន្ដែម្នាក់ៗសុទ្ធតែនិយាយដូចគ្នាថា ថ្ងៃនេះគេទាំងពីរមិនបានចួបគ្នាទេ? បើអ៊ីចឹងតើ រីវ៉ា បាត់ខ្លួនទៅណា?

រ៉ាវីនិងវុធ ពីរនាក់បងប្អូនគេ ដើរស្វែងរកគ្រប់ទិសទី តែរកយ៉ាងណាក៏នៅតែមិនឃើញពីស្រមោលរបស់រីវ៉ាទៀត គេរៀបនឹងអស់សង្ឃឹមហើយ ស្រាប់តែវុធ ប្រទះឃើញ ស្រោមដៃមួយ ធ្លាក់ជ្រុះនៅនិងលើដី…ស្រោមដៃខ្មៅគគ្រិត ប៉ាក់ដោយរូបផ្កាកុលាបពណ៌ក្រហម គេចំណាំបានថា ជាស្រោមដៃរបស់បងស្រីខ្លួន… វុធ ស្ទុះទៅរើសយកមកពិនិត្យបញ្ជាក់បន្ថែម៖

– បង…នេះជា..ជារបស់បងស្រី! ខ្ញុំចាំច្បាស់ណាស់!

រ៉ាវី ក៏ប្រញាប់មកមើលបញ្ជាក់…ច្បាស់និងភ្នែក គេភ្ញាក់ផ្អើលមួយសន្ទុះ រួចក៏ប្រញាប់ដើរទៅមុខតាមតំម្រុយដែលគេប្រទះឃើញពីស្រោមដៃធ្លាក់នៅដីមួយនោះ…វាចង្អុលទៅទីស្អុយគគ្រុកមួយនោះ…

រីវ៉ា អូននៅទីនោះមែនទេ? (រ៉ាវី នឹកគិតក្នុងចិត្ត)

ប្រូផ្នូលអាក្រក់របស់រ៉ាវី រឹតតែច្បាស់ខ្លាំងឡើង គេសម្លឹងមើលទៅគំនរសំរាមដែលគេចាក់គរបង្កើតជាកូនភ្នំ បង្កឡើងដោយសំបកដូង សំបកផ្លែឈើ សំបកពងមាន់ ពងទា ក្បាលនិងស្រកាត្រី និងកាកសំណល់ផ្ទះបាយជាច្រើនដែលចេញពីអ្នកផ្ទះរស់នៅម្ដុំនេះ ជះក្លិនស្អុយរលួយភាយដល់​ចិញ្ចើម​ផ្លូវ គេមានឃើញ​ទាំង​ហ្វូងសត្វ​ឆ្កែអនាថា​ជា​ច្រើន​ក្បាល ​ឈរ​ចាំ​ហែក​ស៊ី​ថែម​ទៀត​ផង​ដែរ…អ្នកនៅទីនេះ ធម្មតាគេមិនជាន់មកអើតនៅទីនេះទេ!

– បងវី…នេះជាស្រោមដៃបងស្រីម្ខាងទៀត!

វុធ ឱនរើសស្រោមដៃដែលជ្រុះនៅក្បែរនោះ…

ឃើញបែបនេះ រ៉ាវី ស្ទុះប្រញាប់ទៅកាន់គំនរសំរាម រើកកាយស្វែងរកប្អូនស្រីរបស់ខ្លួនភ្លាមៗ…អារម្មណ៍ដែលគេខ្លាច ក្នុងចិត្តដែលគេបន់ថា កុំឱ្យដូចទៅនិងអ្វីដែលខ្លួនគិតនោះ វាចាប់ផ្ដើមបង្ហាញប្រាប់គេម្ដងបន្ដិចៗ…ស្រមោលមនុស្សស្រីដែលកំពុងកប់នៅក្នុងគំនរសំរាមស្អុយរលួយ

– បងស្រីទីពីរ!!! (វុធ ស្រែកមួយដង្ហើម)

– រីវ៉ា!!!

អ្នកទាំងពីរ យំអង្គុយឱបរាងកាយដែលដេកដួលប្រឡាក់ពេញដោយសំរាមដែលមានក្លិនអាសោច ដោយមិនខ្វល់ពីវា។ សំឡេងគេទាំងពីរ ហៅឈ្មោះ រីវ៉ា ឱ្យភ្ញាក់ដាស់ដឹងស្មារតីមកវិញ មករកពួកគេវិញ ប៉ុន្ដែទោះបីជាខ្លួនគេខំប្រឹងស្រែកហៅដង្ហោយខ្លាំងយ៉ាងណា ក៏គ្មានន័យ…គ្មានចលនាអ្វីសោះ!

– បងវ៉ា…ភ្ញាក់ឡើងបង! ខ្ញុំ…ខ្ញុំមានកាដូជូនមកសម្រាប់ថ្ងៃនេះ…បងមកបើកកាដូរបស់ប្អូនមក!! បងវ៉ា…ហ៊ឺហឺ!

– វ៉ា…នរណាគេធ្វើអីប្អូនស្រីខ្ញុំ? អូន ឆាប់ភ្ញាក់ដឹងខ្លួនឡើង ប្រាប់បងមក បងនឹងទៅចាត់ការវា មិនឱ្យ…មិនឱ្យវារួចខ្លួនដេកលក់ស្រួលទេ!

រាងកាយរីវ៉ាដេកដួលលើសំរាម មានស្លាកស្នាមពាសពេញរាងកាយ សម្លៀកបំពាក់ដែលនាងពាក់លើខ្លួន ត្រូវគេចាប់ហែក សម្រាតដូចជាអំពើរបស់ពួកសត្វព្រៃ ផ្នែកខាងក្រោមរបស់នាងត្រូវរហែកចេញឈាមប្រឡាក់ចុះមកតាមជើងជោក…ឃើញហើយអាសូរអាណិតនាងក្រៃពីភាពឈឺចាប់ ទារុណកម្មដែលនាងបានទទួលមុនពេលនាងស្លាប់!!!

– អ្នកណា…អ្នកណាគេចិត្តឃោរឃៅ កំណាចអាក្រក់បែបនេះ! រីវ៉ា…អូនច្បាស់ជាឈឺចាប់ខ្លាំងណាស់ហើយ!

– បងស្រី ខ្ញុំ…ខ្ញុំនឹងរកអាឃាតករម្នាក់នោះ ឱ្យវាសងនូវអ្វីដែលវាបានធ្វើដាក់បង! ខ្ញុំនឹងសងសឹកឱ្យបងវិញ!  

រ៉ាវី បីរាងកាយដែលឥតវិញ្ញាណយកត្រលប់ទៅផ្ទះកម្សត់របស់ខ្លួនវិញ អារម្មណ៍នាយពេលនេះ ប្រៀបដូចជាបេះដូងរបស់ខ្លួនត្រូវភ្លើងឆេះ ដុតកម្លោចឱ្យឈឺចុកចាប់ដោយអណ្តាតភ្លើងឆេះសន្ធោសន្ធៅរាប់ពាន់អង្សារ គេខឹង គេសោកស្ដាយ គេស្អប់ខ្លួនឯងដែលមិនអាចការពារប្អូនស្រីកម្សត់របស់ខ្លួនម្នាក់នេះ…គេស្អប់ទេពតា ដែលមិនថែរក្សាមនុស្សល្អដូចជាប្អូនស្រីគេ គេស្អប់គ្រប់យ៉ាងដែលមាននៅក្នុងលោកនេះ…គេចង់យកភ្លើងដែលកំពុងឆេះដុតបេះដូងគេមួយនេះ មកដុតបំផ្លាញគ្រប់យ៉ាងនៅទីនេះ ។

មួយខែក្រោយមក

រឿងក្ដីឃាតកម្មរបស់រីវ៉ា ខាងក្រុមប៉ូលីសស៊ើបអង្កេត ហាក់បីមិនដំណើរការបន្ដិចសោះ គ្មានតម្រុយពីជនឧក្រិដ្ឋអីបន្ដិច រ៉ាវី និងវុធ ពីរនាក់បងប្អូន ខិតខំប្រឹងប្រាប់បង្ហាញពីជនសង្ស័យទៅកាន់ក្រុមប៉ូលីសក៏ដោយ ក៏មើលទៅវាហាក់ដូចជាមានរណាំងអ្វី មករាំងស្ទះគ្របដណ្ដប់ជិត មិនព្រមឱ្យពន្លឺយុត្តិធម៌បង្ហាញរូបរាងឡើយ!

– បងវី នេះបងសុខចិត្តឱ្យបងស្រី ស្លាប់ដោយមិនបានទទួលភាពយុត្តិធម៌ដែរឬ?

– បងមិនសុខចិត្ត តែនេះឱ្យបងធ្វើយ៉ាងម៉េចវិញ ប្អូនវុធ…បងមានអំណាចអ្វីនៅក្នុងដៃ ដែលអាចទៅអូសទាញអាឃាតករម្នាក់នោះ ចូលគុកបាននោះ!!! យើងជាអ្នកក្រ ជាអ្នកតូចទាប គ្មានអំណាចអ្វីទៅផ្តន្ទាពួកមូលធន ជនឧក្រិដ្ឋទាំងនោះទេ!!!

-បើបែបនេះ ខ្ញុំ…ខ្ញុំនឹងធ្វើជាវីរះបុរស ស្វែងរកយុត្តិធម៌ឱ្យបងស្រី!

-នេះឯងចង់គិតធ្វើអី វុធ?

-ខ្ញុំដឹងហើយ ថាឃាតករសម្លាប់បងស្រី ជានរណា?

-ពិតឬ?

-ខ្ញុំឮច្បាស់និងត្រចៀក…ខ្ញុំឃើញនិងភ្នែក ពីអំពើរបស់វា! ខ្ញុំឈឺចិត្តណាស់បង…បងវី ដឹងទេ វាអួតប្រាប់ក្រុមមិត្តភក្ដិរបស់ខ្លួន ពីអំពើថោកទាបរបស់ខ្លួនយ៉ាងមានមោទកភាព! បងដឹងទេ..វាលួចថតវីដេអូអាក្រាត រូបភាពបងស្រីដែលត្រូវបានវាធ្វើបាប! បងស្រីស្លាប់ក្រោមការរងអំពើលាមកគគ្រិករបស់វាមិនគ្រប់គ្រាន់ តែនៅត្រូវមកអាសោចកេរ្តិ៍ឈ្មោះ ត្រូវរូបភាពទាំងនោះ បង្ហោះដាក់ទៅលើអ៊ីនធើណិតឱ្យពួកអាងាប់រោគចិត្តទាំងនោះបានឃើញទៀត…នេះ…នេះវាអាក្រក់ពេកហើយ!

– នេះពិតដូចជាប្អូនឯងនិយាយមែនឬ?

វុធ ទាញទូរសព្ទដៃចាស់មួយ មិនដឹងថាគេមានវាតាំងពីពេល ចាក់វីដេអូមួយនោះបង្ហាញទៅឱ្យរ៉ាវី…ក្នុងវីដេអូ រូបភាពមនុស្សស្រីស្រស់ស្អាតម្នាក់ត្រូវគេរំលោភបំពាន ដោយមនុស្សប្រុសម្នាក់ mosaic មុខ កំពុងធ្វើបាបនាង។ សំឡេងអង្វរសុំរបស់នាងឱ្យអ្នកម្ខាងទៀតដោះលែងខ្លួន ឈប់ធ្វើបែបនេះ…ប៉ុន្ដែហាក់ដូចជាគ្មានន័យអ្វីបន្ដិចសោះ! សំឡេងនាង ហាក់កាន់ដូចជាសាំងចាក់បន្ថែមឱ្យកាន់តែឆេះលើភ្លើងតណ្ហារបស់អ្នកម្ខាងបន្ថែមទៀត សកម្មភាពអមនុស្សធម៌ អំពើឃោរឃៅជាច្រើនបានធ្វើទារុណកម្មដាក់លើរាងកាយស្រីតូចម្នាក់នេះ…រហូតនាងបាត់សំឡេង សន្លប់គ្មានដឹងអ្វី!

វីដេអូមួយនេះ ត្រូវបានមនុស្សចូលមើលរាប់ពាន់ ប៉ុន្ដែក្រោមផ្នែកខំមិន បែរជាមិនឃើញមាននរណារាយការណ៍ ពីភាពឃោរឃៅរបស់ម្នាក់ប្រុសនោះ តែបែរជានាំគ្នាសរសេរចូលចិត្តទៅវិញ…គ្រប់យ៉ាងពួកគេមើលទៅហាក់ដូចជាការសម្ដែង!  

– អា…អានរកមួយនោះ វា…វាជានរណា? ប្អូនវុធ ស្គាល់អាសត្វតិរច្ឆានម្នាក់នោះឬ? 

– ខ្ញុំចាំ…ចាំមុខវាច្បាស់ណាស់ ទោះបីវាដុតក្លាយជាផេះទៀត ក៏ខ្ញុំនៅអាចចំណាំវាបានដែរ! អាម្នាក់នោះ…អាម្នាក់នោះ វា…វាអាប្រុសប្រមឹកស្រវឹងស្រាម្នាក់!

– អាប្រមឹកស្រវឹងស្រា? ម្នាក់ណា…

– ម្នាក់ដែលខ្ញុំធ្លាប់និយាយប្រាប់បងនោះអី? ហើយខ្ញុំដឹងហើយ ថាអានរកម្នាក់នោះជានរណា? ការពិតគេ ជាប្ដីរបស់ម្ចាស់ផ្ទះដែលបងស្រីធ្វើការ លោកឧដុង ប្ដីរបស់អ្នកមីងរីណា!

– វុធ! ប្អូនច្បាស់ហើយឬ?!

– ខ្ញុំប្រាកដចិត្តណាស់…ខ្ញុំចាំ..ចាំនៅប្រអប់ដៃស្ដាំវា មានស្លាកស្នាមរបួសហើយសាក់អក្សរអ្វីម្យ៉ាង…មិនខុសពីរូបប្រុសបិទមុខក្នុងវីដេអូមួយនេះទេ!

– បើបែបនេះ យើងទៅប៉ុស្ដិ៍ប៉ូលីសទាំងអស់គ្នា ទៅប្ដឹងទៅចាប់វាដាក់គុក…បងមិនជឿទៀតទេថា យើងមានព័ស្ដុតាង ច្បាស់យ៉ាងនេះ ប៉ូលីសនឹងមិនផ្ដល់យុត្តិធម៌ឱ្យយើងទៀតឬយ៉ាងណា?

– បាទបង!

ពីរនាក់បងប្អូនគេ ក៏ត្រូវទៅប៉ុស្ដិ៍ប៉ូលីសជាថ្មីម្ដងទៀត…ប៉ុន្ដែប៉ូលីសបានត្រឹមតែសួរនាំ កត់កំណត់ហេតុ ធ្វើរបាយការណ៍ទៅថ្នាក់លើតែប៉ុណ្ណោះ។ វិធានការបន្ទាប់ គឺគ្មានអ្វីនោះទេ ក្រៅពីពាក្យថា «ព័ស្ដុតាងមិនទាន់គ្រប់គ្រាន់» និងពាក្យសន្យាខ្យល់ដែលពោលថា «គេនឹងរកផ្ដល់យុត្តិធម៌ត្រឹមត្រូវជូនដល់ជនរងគ្រោះវិញ…កុំបារម្ភ»

ចេញដល់ច្រកខាងក្រៅប៉ុស្ដិ៍ប៉ូលីស រ៉ាវីនិងវុធ ដកដង្ហើមធំ បងប្អូនកម្សត់ពីរនាក់នេះ ដើរចាកចេញមកវិញ ដោយអស់សង្ឃឹម គេសម្លឹងមើលពាក្យយុត្តិធម៌ដែលសរសេរធំ​នៅច្រកក្លោងទ្វារចូល…គេដកដង្ហើមធំជាថ្មីម្ដងទៀត គេមិនគិតថាពិភពលោកដ៏ធំ មនុស្សរស់នៅរាប់សិបពាន់លាននាក់មួយនេះ គឺពិតជាចង្អៀតពេកសម្រាប់ជីវិតពួកគេទាំងពីរ!

….

រ៉ាវី សម្លឹងមើលទៅទឹកមុខសោកសៅរបស់ប្អូនប្រុសខ្លួន កែវភ្នែកដែលស្រស់ថ្លា ប្រែក្លាយជាគ្មានពន្លឺរស្មីអ្វី ដូចជាមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួន។

– វុធ តោះ! យើងត្រលប់ទៅផ្ទះវិញ នៅទីនេះទៀត ក៏គ្មានអត្ថន័យអ្វីទៀតដែរ! បញ្ចប់រឿង វ៉ា ត្រឹមហ្នឹងចុះ…គិតថា ជាតិនេះនាងអស់កម្មដែលបានសាងពីជាតិមុនរបស់នាងទៅចុះ!

វុធ ដែលកំពុងឱបស្រោមដៃទាំងគូ ស្រោមដៃដែលគេបម្រុងប្រគល់ជូនរីវ៉ា សម្រាប់កាដូក្នុងថ្ងៃកំណើតរបស់នាង ងាកសម្លឹងមើលទៅកាន់រ៉ាវី ដោយក្រសែភ្នែកខឹង មិនចង់ជឿលើពាក្យដែលគេឮចេញពីមាត់បងប្រុសខ្លួនបែបនេះ…

– បងវី…នេះបងគិតចង់បំភ្លេចវាបានយ៉ាងម៉េច?  អានរកនោះ វារំលោភប្អូនស្រីរបស់បង ហើយបងនេះជាមេគ្រួសារ តើនេះជាវិធីការពារគ្រួសារ និងប្អូនស្រីរបស់បងឬ?

រ៉ាវី ភាំងស្រឡាំងកាំង មិនគិតថា ខ្លួនគេឮពាក្យទាំងនេះពីមាត់ប្អូនប្រុសអាយុ១៣ឆ្នាំរបស់ខ្លួន…តែគេមានតែទ្រាំ តាំងសតិព្រមទទួលរឿងអយុត្តិធម៌មួយនេះ…

តើខ្ញុំអាចធ្វើអ្វីបាន? តើខ្ញុំមានលទ្ធភាពឯណា​ ទៅយកគេបញ្ជូនដាក់គុកនោះ? តើអំណាចតុលាការ ការពារយុត្តិធម៌ជូនអ្នកក្រដូចខ្ញុំឬ?

រ៉ាវី បានត្រឹមតែស្រែកតវ៉ា ក្នុងខួរក្បាល គេមិនហ៊ានមើលមុខ ប្រឈមក្រសែជាមួយប្អូនប្រុសខ្លួនឡើយ…ព្រោះពាក្យនោះ គេនិយាយមិនខុសទេ! បងប្រុសដែលធ្លាប់ជាមនុស្សក្លាហាន អង់អាច ប្រែក្លាយជាមនុស្សកំសាក ទន់ខ្សោយ មិនអាចការពារប្អូនស្រីតែម្នាក់របស់ខ្លួនបាន!  

វុធ រត់យ៉ាងលឿនស្លុយ ចាកចេញពីទីនេះ…គេ គិតតែពីរត់ រត់លើផ្លូវដាច់ស្រយាលរហូតដល់បាតជើងទាំងពីររបស់ខ្លួនចាប់ផ្ដើមរបកស្បែក…គេឈប់នៅគំនរសំរាម ទីដែលឃើញសាកសពបងស្រីរបស់ខ្លួននៅទីនេះ…គេអង្គុយយំតែម្នាក់ឯង!

ស្រាប់តែខណៈនោះ សំឡេងស្រែកជេររបស់មនុស្សដែលខ្លួនមិនចង់ចួប បែរជាឮពេញត្រចៀករបស់ វុធ…

– អាហ៍? អាក្មេងចង្រៃយ៍ម្នាក់ហ្នឹងទៀតហើយឬ? នេះឯងមកធ្វើអីនៅទីនេះ?

វុធ សម្លក់ទៅអ្នកម្ខាងទៀត ដោយក្រសែគុំគួនខឹង គេមិនតបឆ្លើយទៅម្នាក់នោះទេ!

– អ្ហែងថ្លង់ឬ? មិនឮពាក្យអញសួរទេ…ចាំបន្តិច! នៅហ្នឹងហើយ អញឈឺនោមមួយហើយសិន! អ្ហែងកុំទៅណាសោះ បើអ៊ីចឹងច្បាស់ជាមានរឿងធំជាមួយអញជាមិនខានវ៉ើយ!

បុរសស្រវឹងសឿងៗ ដៃមួយកាន់ដបស្រា ដៃម្ខាងទៀតរូតខោ រកនោម គេមិនដឹងថា ក្មេងប្រុសនៅពីក្រោយខ្លួន កំពុងបើកមាត់ធំៗ ថ្គាមរបស់គេឡើងញ័រ ខឹងខ្លាំង ទាញកូនកាំបិតផ្លែឈើ គេលាក់សៀតក្នុងខោ ដកតម្រង់ចាក់យ៉ាងលឿនពីខាងក្រោយ អ្នកម្ខាងទៀត…

– អាហ៍!!!

ទឹកមុខរបស់ វុធ ពេលនេះ បង្ហាញនូវស្នាមញញិមឃោរឃៅ ដៃកាន់កាំបិតចាក់ទៅកាន់បុរសស្រវឹងម្នាក់នោះ ដែលដួលដេកនៅលើដី ចាក់ម្តងហើយម្តងទៀតយ៉ាងសាហាវ ឈាមបានហូរពេញខ្ទាតប្រឡាក់ពេញមុខរបស់គេ…មុខរបស់វុធ ប្រឡាក់ឈាមមើលទៅគួរឱ្យខ្លាច ។

– វុធ! ឈប់…នេះ..នេះឯងកំពុងធ្វើអី?

រ៉ាវី ប្រញាប់ទម្លាក់ធុងប្រេងកាតដែលគេទិញសម្រាប់ចាក់បញ្ឆេះចង្កៀង រួចស្ទុះទៅឃាត់ចាប់ដៃប្អូនប្រុសរបស់គេ ហើយសម្លឹងមើលភាគីម្ខាងទៀតដែលកំពុងដេកសន្លប់ហូរឈាមដូចថ្លុក…រ៉ាវី និយាយទាំងញ័រមាត់ សួរទៅកាន់វុធ៖

– នេះ..ឯង..ឯងសម្លាប់មនុស្ស!

វុធ ហាក់ដាស់សតិត្រលប់មកវិញ វុធសម្លឹងមើលដៃកាន់កាំបិតដែលប្រឡាក់ពេញដោយឈាម រន្ធត់ស្លុតចិត្តពេកគេឡើងញ័រដៃជ្រុះកាំបិតធ្លាក់នៅលើដី គេស្រុតជង្គង់អង្គុយលើដី ក្ដោបក្បាលខ្លួនឯង រួចនិយាយតែម្នាក់ឯងដដែលៗថា…

– ខ្ញុំ..ខ្ញុំសម្លាប់…ខ្ញុំសម្លាប់មនុស្ស!!!

រ៉ាវី ឃើញសភាពប្អូនប្រុសខ្លួនបែបនេះ គេរឹតតែរន្ធត់ចិត្តឡើង គេស្ទុះទាញប្អូនប្រុសគេ យកមកឱបនៅក្នុងទ្រូង រួចនិយាយក្បែរត្រចៀកគេតិចៗ៖

– បង…ទេ! ប្អូន..ប្អូនមិនមែនសម្លាប់មនុស្សទេ អ្នកដែលជាអូនសម្លាប់នោះជាមនុស្សអាក្រក់ ហើយវាសមនឹងទទួលបានអ្វីដែលវាសមនឹងទទួលបាន…ប្អូន…ប្អូនមិនខុសទេ! ប្អូនបង…ប្អូនបងជាហេរ៉ូទៅវិញទេ!

– ពិតមែនឬ បង?

– ពិតមែនណា៎ បងកុហកអូនធ្វើអី! ប្អូនប្រុសបងជាហេរ៉ូ!           

ឮពាក្យសសើររបស់បងប្រុសបែបនេះ វុធញញិមឡើង ឃើញប្អូនប្រុសសប្បាយចិត្តបែបនេះ រ៉ាវីមិនបាននិយាយអ្វីទៀតទេ គេនៅស្ងៀមហើយសម្លឹងមើលទៅកាន់រាងកាយដេកសន្លប់នៅក្នុងថ្លុកឈាម។

នេះខ្ញុំគួរធ្វើយ៉ាងម៉េចជាមួយសាកសពមួយនេះ? (រ៉ាវី គិតក្នុងចិត្ត)

ប៉ុន្តែមួយសន្ទុះក្រោយមក រ៉ាវី ប្រញាប់ប្រញាល់ឆែករាវរកវត្ថុមានតម្លៃនៅលើខ្លួនរបស់គេ…

– នេះបងកំពុងធ្វើអី?
– ប្រញាប់ឡើង មកទីនេះជួយរកវត្ថុមានតម្លៃដែលមាននៅលើខ្លួនគេ វុធ…យើងត្រូវការរបស់ទាំងនេះ បោកបន្លំថាវាជាការប្លន់សម្លាប់ ហើយយើងនិងចាកចេញពីទីនេះ!

– នេះបង…បងចង់ចាកចេញពីទីនេះឬ?

– ត្រូវហើយ…យើងត្រូវតែចាកចេញពីទីនេះ! យើងមិនអាចនៅទីនេះបន្ដទៀតទេ! ប្អូន…ប្អូនឃើញ នេះ…នេះជាមាស…មាសច្រើនណាស់ ហើយក៏មើលចុះក្នុងកាបូបពេញដោយប្រាក់ដុល្លាររាប់សិបពាន់ផងដែរ! ប៉ុណ្ណឹង…ប៉ុណ្ណឹងគឺវាគ្រប់គ្រាន់សម្រាប់ជីវិតបងប្អូនពីរនាក់ហើយ!

– តែ…ខ្ញុំមិនចាកចេញពីទីនេះទេ! នេះ…នេះជាភូមិកំណើតរបស់ខ្ញុំ! ខ្ញុំមិនទៅណាទាំងអស់…ខ្ញុំមិនទៅណាទេ!

– តែឯងត្រូវតែទៅជាមួយបង! គ្មានពាក្យប្រកែកទេ!

– ទេ…ទេបង! ហេតុអ្វី…ហេតុអ្វីយើងត្រូវចាកចេញពីទីនេះ?

– ព្រោះ…ព្រោះយើងទាំងពីរ…ទាំងពីរនាក់ជាឃាតករ!!!

– មិនពិតទេ…មិនពិតទេ! ខ្ញុំ…ខ្ញុំមិនមែន…មែនជាឃាតករឡើយ! ខ្ញុំជាហេរ៉ូ…ជាហេរ៉ូ!! បង…បងក៏ជាអ្នកប្រាប់ខ្ញុំថាជាហេរ៉ូដែរ!!! ខ្ញុំ…ខ្ញុំមិន…មិនមែនជាឃាតករទេ!!

វុធ រៀបនឹងរត់ចេញពីទីនោះ ស្រាប់តែបងប្រុសគេ ចាប់ទាញដៃគេជាប់…

– បង…បងឆាប់លែងខ្ញុំទៅ! ឃាត់…ឃាត់ខ្ញុំធ្វើអ្វីបង! ខ្ញុំ…ខ្ញុំមិន…

វុធ ព្យាយាមរើបម្រះពីការចាប់របស់អ្នកម្ខាងទៀត ប៉ុន្ដែគេដូចឈររឹង ចាប់ខ្លួនគេជាប់មិនលែងឱ្យចេញពីខ្លួនទៅណាសោះ!

ផាច់!!!

– អាវុធ នេះឯងគិតឆ្កួតអី! ឯងហេតុអ្វីចង់នៅទីនេះទៀត?

– តែទីនេះ ជាផ្ទះរបស់យើង!

– មានបងនិងប្អូន ទៅដល់ទីណា ក៏ជាផ្ទះរបស់យើងទាំងពីរដែរ!វា

– តែ…តែបងរីវ៉ា គាត់នៅទីនេះ…ខ្ញុំមិនចាកចេញ ទៅចោលគាត់នោះទេ!

– វុធ…រីវ៉ា ស្លាប់ហើយ!

– ខ្ញុំដឹង​ តែ…

– ឯងចង់នៅទីនេះ ចង់ឱ្យប៉ូលិសចាប់យើងទាំងពីរឬ? នេះ…នេះឯងជាប្អូនប្រុសរបស់បងទេ? ឯងមានដឹងទេ…យើង…យើងកំពុងសម្លាប់មនុស្សណា៎!

រ៉ាវី និយាយយ៉ាងញ័រមាត់ សម្លឹងមើលទៅប្អូនប្រុសគេ តែពេលនេះគេចាប់ផ្តើមខ្លាច…ខ្លាចក្រសែភ្នែកត្រជាក់ដែលប្អូនប្រុសខ្លួនសម្លឹងទៅមើលរាងកាយដែលដេកនៅក្នុងថ្លុកឈាម! ក្រសែភ្នែកស្អប់ខ្ពើមដែលប្រៀបដូចអ្នកនៅនិងមុខនោះ វាជាសំរាមគ្មានតម្លៃ!  

– វុធ ឯងនៅក្មេងណាស់! ឯងមិនគួរពាក់ព័ន្ធនិងរឿងអាក្រក់ទាំងនេះទេ…វុធ ឯង…

រ៉ាវី និយាយមិនទាន់ចប់ផង វុធ និយាយដោយសំឡេងស្មើកាត់ពាក្យគេ

– បងប្រុស! ហេតុអ្វីសង្គមមួយនេះ វាអាក្រក់បែបនេះ?…ហេតុអ្វី មនុស្សម្នាក់នេះវាធ្វើអាក្រក់ ដាក់បងស្រីរបស់ខ្ញុំបែបនោះ? ហេតុអ្វី មនុស្សអាក្រក់ទាំងនោះ មិនព្រមចុះនរកសោះ? បងតែងតែប្រាប់ខ្ញុំថា ធ្វើជាកូនប្រុស​ ត្រូវក្លាហាន ការពារក្រុមគ្រួសារយើង…តែហេតុអ្វី គ្រាន់តែខ្ញុំចង់បានភាពយុត្តិធម៌ ជូនបងស្រីខ្ញុំសោះ ហេតុអ្វីវាពិបាកយ៉ាងនេះ? នេះ យុត្តិធម៌នៅឯណា?…ឬមួយ យុត្តិធម៌គឺគេបង្កើតសម្រាប់អ្នកមានលុយមានអំណាចតែប៉ុណ្ណោះ អ៊ីចឹងអ្នកក្រដូចជាយើងគឺសំអាងអីទៅ? បងប្រុស ហេតុអ្វីទៅ? បងប្រាប់ខ្ញុំបានទេ…ព្រោះតែយើងក្រឬ ទើបខ្ញុំមិនអាចការពារទាមទាររបស់ទាំងនោះបាន?

– បងសូមទោស បងមិនអាចផ្ដល់អ្វីដែលប្អូនត្រូវការបាន…អ្វីដែលយើងមានដូចគេ គឺមានមេឃជាដំបូល យកដីធ្វើជាផ្ទះប៉ុណ្ណោះ…នេះហើយជាជីវិត គ្មានអ្វីគ្រប់យ៉ាងស្មើភាពគ្នានោះទេ!

កិច្ចសន្ទនារបស់គេទាំងពីរត្រូវកាត់ផ្តាច់ ពេលអ្នកដែលវុធគិតថាស្លាប់ កំពុងលូកដៃដែលប្រឡាក់ដោយឈាម ចាប់ជើងវុធ និយាយអង្វរទៅកាន់រូបគេ។

សំឡេងពោលខ្សាវៗ ដង្ហោយសុំជំនួយពីអ្នកម្ខាងទៀត…

– ជួយ…ជួយខ្ញុំផង…ខ្ញុំ…ខ្ញុំមិនទាន់ចង់ស្លាប់ទេ…

– នេះ…គេមិនទាន់ស្លាប់ទេ? យើង…យើង..

រ៉ាវី និយាយមិនទាន់ចប់ផង គេស្រឡាំងកាំង ពេលឃើញ ប្អូនប្រុសឈរ​នៅ​ពី​មុខ​គាត់​ យក​ធុង​សាំងប្រេងកាត​ដោយ​មិន​ស្ទាក់ស្ទើរ ហើយ​ចាក់​លើ​ខ្លួនរបស់គេម្នាក់នោះ។  បន្ទាប់មក អុជឈើគូសបញ្ឆេះបង្កើតផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ។

– អា!!!!

– ប្អូនប្រុស…នេះឯង…

នៅពេលនេះ រ៉ាវី ប្រញាប់ប្រញាល់ទៅមើលរាងកាយដែលកំពុងឆាបឆេះនៅក្នុងអណ្តាតភ្លើង សំឡេងទួញសោកឈឺចាប់ ស្រែកងំពេញត្រចៀកគេ គេសម្លឹងមើលប្អូនប្រុសដែលឈរនៅពីមុខនោះនៅ​ស្ងៀម សម្លឹងមើលរូបភាពមួយនោះដោយមិនមានចិត្តអាណិតអាសូរ មានតែស្នាមញញិមចុងមាត់ កែវភ្នែកគួរឱ្យខ្លាច ហាក់ពេញចិត្តនិងស្នាដៃរបស់ខ្លួន។ រ៉ាវី មិនភ្លេចពីរូបភាពមួយនេះ…រូបភាពក្មេងប្រុសម្នាក់ដែលតែងតែញញិម ហៅគេបងប្រុសៗ ប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត ដែលគេខ្លាច…មិនហ៊ានប្រឈមសម្លឹងភ្នែករបស់អ្នកម្ខាងទៀត!​ វុធ ពេលនេះគេក្លាយជាឃាតករ សម្លាប់មនុស្សមិនប្រិចភ្នែក!

 វុធ ហាក់ដឹង​ពី​អ្វី​ដែល រ៉ាវី គិត​ គេ​បែរងាកមក​និយាយ​ជាមួយដោយសំឡេងស្មើ…

 «បើ​គេមិន​ស្លាប់​ទេ មានតែយើង​ទេ ដែលជាអ្នកត្រូវ​​ស្លាប់ បងប្រុស»។

រ៉ាវី ដឹងសម្ដីប្អូនប្រុសគេនិយាយនោះ មិនខុសទេ…

 ប៉ុន្តែសតិសម្បជញ្ញៈ របស់គេ មានអារម្មណ៍ថាមានអ្វីមួយខុស

ហាក់បី….វាដូចជាគ្រាប់ដុំមីណូ

 ពេលគ្រាប់មួយ​ចាប់​ផ្តើ​ម គ្រាប់ដុំមីណូដទៃទៀត វានឹងរមៀលដួលបន្ដបន្ទាប់គ្នា រហូតដល់ចុងក្រោយនៃទីបញ្ចប់នៃល្បែងមួយនេះ។

មួយសន្ទុះក្រោយមក ភ្នែករបស់រ៉ាវីពោរពេញដោយក្តីសោកស្ដាយ។

 ប្រហែល​តាំងពីគេជ្រើសរើសយកផ្លូវចាកចេញ តាំងខ្លួនជាមនុស្សកំសាកនោះហើយ ទើបប្អូនប្រុសគេ ត្រូវក្លាយជាមនុស្សម្នាក់ផ្សេងទៀត ដើម្បីរកភាពយុត្តិធម៌ជូនដល់រីវ៉ា…ទោះបីត្រូវ ជ្រើសរើសប្រើវិធី​ងងឹត​ដើម្បី​សម្រេច​បាន​ជោគជ័យក៏ដោយ!  ហើយភាព​ងងឹតនោះ វានឹង​ក្លាយ​ទៅ​ជា​ស្រមោល​តាមអន្ទោលខ្លួនរបស់វុធជានិច្ច។

– វុធ បងសូមទោស!

និយាយរួច គេវ៉ៃប្អូនប្រុសគេឱ្យសន្លប់ រួចប្រមែប្រមូលវត្ថុដែលមានតម្លៃទាំងនោះ លាក់នៅក្នុងខ្លួនប្អូនប្រុសគេមួយចំណែកតូច និងមួយចំណែកទៀតគេលាក់ទុកនៅកន្លែងសម្ងាត់ដែលមានតែគេនិងវុធដឹង…រ៉ាវី សម្រេចចិត្ត​ គេត្រូវការពារប្អូនប្រុសគេឱ្យបាន!

បងមិនចង់បានការសងសឹកទេ បងមិនចង់បានយុត្តិធម៌ និងការអាណិតអាសូរពីអ្នកដទៃឡើយ អ្វីដែលបងចង់បាននោះ គឺគ្រាន់តែចង់បានប្អូនប្រុសបងរួចផុតពីជោគវាសនាអាក្រក់មួយនេះ…គេមិនអាចក្លាយខ្លួនជាឃាតករបានទេ។ (ពាក្យដែលរ៉ាវី ចង់ប្រាប់ទៅកាន់ វុធ)

រ៉ាវី ធ្វើមុខមាំ ដងខ្លួនរបស់គាត់ញ័រឥតឈប់ឈរ ហើយដៃរបស់គាត់ត្រូវបានក្តាប់ជាប់ គេកំពុងសម្លឹងមើលរាងកាយតូចដែលដេកយ៉ាងស្ងប់ស្ងាត់ក្នុងដៃខ្លួន…

– បងសូមទោស…ណ៎ាវុធ! ប្អូនគួរតែមានឪកាសជ្រើសរើសធ្វើជាមនុស្សដែលខ្លួនចង់ក្លាយ…វុធ គួរតែទទួលបានអ្វីដែលល្អៗ…ប្អូនបំភ្លេចពីរឿងយើងចោលចុះ!

រ៉ាវី សម្រេចចិត្តរួចហើយ គេសុំឱ្យពូ ពិសិដ្ឋ ដែលជាសន្ដិសុខយាមសាលា ដែលលើកមុនឌុបវុធជូនគេត្រលប់មកផ្ទះនោះ ឱ្យទទួលវុធធ្វើជាកូនធម៌ ព្រោះពិសិដ្ឋ គាត់ក៏ជាបុរសចំណាស់ នៅតែម្នាក់ឯង ហើយក៏មានទឹកចិត្តល្អ ទើបរ៉ាវីទុកចិត្តពេលដែល វុធ នៅជាមួយគាត់។ ពិសិដ្ឋ យល់ព្រមទទួលសំណើររបស់រ៉ាវី គេសន្យាថា នឹងមើលថែការពារ វុធ ចាត់ទុកវុធ ដូចជាកូនបង្កើត…ប៉ុន្ដែនេះជាសំណាងឬក៏ចៃដន់ គាត់ត្រូវផ្លាស់រើប្ដូរទីស្នាក់ មកនៅឯទីក្រុងព្រះសីហនុវិញ វុធ ក៏ត្រូវបែកពីបងប្រុសខ្លួននៅពេលនោះដែរ..វុធត្រូវចាប់ផ្ដើមជីវិតថ្មី នៅដែនដីសមុទ្ទ ប៉ុន្ដែស្រមោលអតីតកាល តែងតែជាសុបិនអាក្រក់តាមអន្ទោលប្រាណរបស់គេ រាល់ពេលគេបិទភ្នែក!!!

រហូតដល់ពេលមួយ គេសុំានឹងសុបិនអាក្រក់មួយនោះ ពេលគេកាន់កាំបិតវះកាត់…គេក្លាយជាគ្រូពេទ្យ…វុធក្លាយជាគ្រូពេទ្យដ៏ឆ្នើម ល្បីប្រចាំមន្ទីរពេទ្យឯកជនដ៏ល្បីមួយ!!!

នៅមានត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*