លាក់ខ្លួននៅក្នុងទូ ដើម្បីគេចចេញពីសំឡេងរំខាន ពីការឈ្លោះប្រកែកគ្នារវាងឪពុកម្តាយរបស់នាង ជាទម្លាប់មួយផាណាធ្វើមកតាំងពីអាយុបាន៥ឆ្នាំ។
ធំឡើងបន្តិច លាក់ខ្លួនក្នុងបន្ទប់អីវ៉ាន់ចាស់ៗ ដោយមានចំរើនដែលជាមិត្តជិតខាងជួយកំដរកុំឱ្យខ្លាច។
មិនយូរប៉ុន្មាន ប៉ារបស់ផាណា បានចាកចេញពីផ្ទះ ដោយមិនវិលមកវិញ ។ ពេលនេះជិតម្ភៃឆ្នាំកន្លងទៅ ស្នាមញញឹម និងមុខមាត់របស់គាត់ត្រូវបានផាណាបំភ្លេចស្រពិចស្រពិលទៅតាមពេលវេលា។
ចាំបានត្រឹមថា យប់ដែលគាត់បានចាកចេញ ម្តាយនាងបែរខ្នង ឱនដេរ ញាប់ៗ ។ គាត់មិនបានយំទេរហូតដល់ប៉ាផាណាទៅបាត់យូរណាស់ ទើបគាត់ផ្តើមជូតទឹកភ្នែក។
នោះក៏ជាយប់ដែលម៉ាក់នាងបានផ្លាស់ប្តូរ។ គាត់លែងជាម្ដាយដែលទន់ភ្លន់ មានក្ដីស្រឡាញ់ផ្អែមល្ហែមដាក់កូនដូចមុនទៀតហើយ។
គ្មានរឿងនិទាន គ្មានទឹកមុខស្លូត គាត់បែរជាមិនសប្បាយចិត្ត តោះតើយ និងកាច ឆេវឆាវ។ ទោះយ៉ាងណា ក៏ផាណាអរគុណដែលម៉ាក់កាចតែបានបន្តនៅផ្ទះនេះជាមួយកូន បន្ទាប់ពីគាត់បានសម្រេចចិត្តប្រកែកនឹងប៉ាថា មិនទៅរកស៊ីឆ្ងាយចោលកូនទេ។
នេះជារឿងចាស់មួយនៅខេត្តកំពត នាឃុំក្រីក្រមួយជើងភ្នំកំចាយ។
ខែមេសា ឆ្នាំ២០២២
ប៉ា?
បុរសម្នាក់នៅចំពោះមុខផាណាពេលនេះ មិនអាចក្លាយជាឪពុកដែលព្រាត់យ៉ាងយូររបស់នាងបានទេ ទោះបីជាមានពន្លឺភ្នែកពណ៌ខ្មៅដែលនាងបានចងចាំ។
“ស្រីណា!” សំឡេងគាត់ឮខ្សោយជាងសូរប៉ាខ្ញុំហៅពីតូច។ អនុស្សាវរីយ៍រត់លេងឆ្ងាយៗរបស់នាងហើយគាត់ប្រកូកហៅមកធ្វើការផ្ទះ ឬហូបបាយ។ ផានុន ងាកមករកនាង ទាំងភ្នែករលីងរលោង ។ គេជាប្អូនប្រុសតែមួយគត់របស់ផាណា ពេលនេះអាយុ១៩ឆ្នាំហើយ។
កាលប៉ាទៅ ផានុននៅក្នុងអង្រឹងនៅឡើយ។ តែច្រើនឆ្នាំមកនេះ ផានុនតែងតែទុករូបប៉ា និងយកមកមើលជារឿយៗ។ ប៉ាបានវិលមកវិញក្រោយពេលដែលនាងនិងប្អូនគ្មានឪពុកធ្លាប់ទៅហើយ។ ជាមួយនឹងសម្លៀកបំពាក់ដ៏ពភ្លក់ គាត់ធ្វើឱ្យពួកនាងច្រឡំបល់ចិត្ត។
«ផានុន? តើផានុនពិតមែនទេ?» គាត់សួរ។
ផាណាស្ទះបំពង់ក គ្មានពាក្យអ្វីនឹងនិយាយទៅកាន់បុរសស្រវឹងម្នាក់ដែលពាក់មុខជាឪពុកខ្លួនទេ។ អាស្រស់ជាមិត្តក្នុងសង្កាត់នេះ នាងធំឡើងស្មើគ្នា ធ្លាប់ឮគេនិយាយពីប៉ាដ៏ហិង្សារបស់ផាណា ថ្ងៃនេះបានចួបផ្ទាល់ ។ ស្រស់បានដាក់ដៃលើស្មារបស់មិត្តនាង ក្នុងគោលបំណងចង់សម្រាលការភាំងស្លុត។
ផាណាតាំងចិត្តធ្វើមាំ។ នាងបោះជំហានឆ្ពោះទៅរកបុរសចម្លែក ធ្វើឱ្យស្នាមញញឹមចាស់លេចឡើងមក។ ទោះស្នាមញញឹមរបស់គាត់មិនស្អាតដូចដែលនាងចងចាំកាលពីអតីត តែ…..អាចធ្វើឱ្យជើងនាងទន់និងឈប់ដើរកណ្តាលទី។ ភ្នែកផាណាព្រិលហើយ។
«ប៉ារកកូនយូរហើយ!»
គាត់ដើរមកដាក់ដៃរបស់គាត់នៅលើថ្ងាសនាង។
«ម៉ាក់ស្លាប់ហើយ!» ផាណានិយាយដោយស្ងៀមស្ងាត់ សម្លឹងមើលស្មារបស់គាត់ជាជាងមើលភ្នែកល្អក់កកររបស់គាត់។
«ហើយម៉េចចាំគាត់ស្លាប់បានមក?»
ផានុនស្រែកផងយំផង។ ឪពុកងាកមកមើលកូនប្រុសពៅគាត់ ហើយស្ងាត់មួយសន្ទុះ។
«គ្មានអ្នកណាត្រូវការឱ្យមនុស្សដែលទៅចោលផ្ទះ វិលមកផ្ទះវិញទេ។»
ថាហើយផានុនជូតទឹកភ្នែកដើរបកទៅអង្គុយលើតុទឹកអំពៅមុខផ្ទះស្រស់។ ឪពុកស្ទាក់ស្ទើរសម្លឹងជុំវិញគាត់បន្តិច ខណៈអ៊ំមួយឈ្មោះឈិនជិះកង់កាត់។
អ៊ំឈិននេះជាគ្រូបង្រៀននៅសាលាទួល ឆ្ងាយប្រហែលជា១គីឡូពីភូមិនេះ ។ គាត់បកកង់មកវិញព្រោះឃើញពុកផាណា។
«សុផល?»
គាត់ហៅឈ្មោះពុកនាង ជាឈ្មោះដែលម្តាយនាងកាលនៅរស់តែងត្រូវបានគេសួរថា «ឯណាផល?» ចូលឆ្នាំនេះមកផ្ទះទេ?
«បងឈិន!»
ផាណាអាចធំក្លិនស្រានៅតាមដង្ហើមរបស់គាត់។
នាងឆ្លៀតឱកាសឱ្យគាត់និយាយជាមួយអ្នកជិតខាង ដើម្បីបានចាកចេញពីឪពុកនាង។ ងាកមក ផាណាឃើញផានុនឈរក្បែរស្រស់ ហើយពួកគេសម្លឹងមក។
ផាណាឈានមកឈរក្បែរស្រស់ដកលុយខ្លះហុចទៅនាងរួចខ្សឹប៖
«អ្ហែងឱ្យលុយគាត់ ហើយប្រាប់ថា ខ្ញុំមិននៅទីនេះយូរទេ!»
ស្រស់ឈ្ងោកសម្លឹងលុយរួចងាកមកមើលផានុន។ នាងទាញដៃផាណារួចខ្សឹប៖
«កុំធ្វើចឹងអ្ហ៎ា ហៅគាត់ហូបបាយសិនទៅ ចាំមើលសិនគាត់ម៉េចហើយច្រើនឆ្នាំនេះ!»
រូបភាពឪពុកផាណាដែលកំពុងញ៉ាំបាយ និងបោកចានចោលព្រោះខឹងសម្លមិនត្រូវចិត្ត កើតឡើងញាប់ណាស់ មុនពេលគាត់សម្រេចចិត្តចេញពីផ្ទះទៅធ្វើការនៅភ្នំពេញជាមួយបងស្រីគាត់។ ផានុនមិនបានឃើញរឿងនេះ តែផាណាចាំបានវាជារឿងសេសសល់ដែលនាងនៅឱបជាប់ដោយមិនអាចញញឹមតាំងពីកាលនៅជាកូនស្រីតូចរបស់គាត់។
«មើលខ្ញុំទៅផាណា ប៉ាក៏ស្លាប់ចោល ម៉ាក់ក៏ស្លាប់ ឯងគ្រាន់មានឪនៅមួយ!»
នេះពិតជាឆ្គងណាស់បើប្រាប់ថាផាណានៅនឹករលឹក បុរសម្នាក់នេះ ទោះគាត់គឺជាឪពុករបស់នាងតែ ជាបុរសដែលទុកឱ្យម្តាយនាង និងប្អូននាង ខ្លួននាងនៅកំព្រា។
ហើយ ច្រើនឆ្នាំដែលក្លិនស្រា និងអំពើហិង្សាបានឃ្លាតបាត់ឆ្ងាយ ឥឡូវ គាត់មកបង្ហាញខ្លួនវិញ នៅទីនេះនៅពីមុខនាងនឹងប្អូន…ស្រវឹង ហើយ នាងមិនដឹងថាត្រូវគិតយ៉ាងណាទេ។
ផានុនទាញបងស្រីទៅឆ្ងាយពីគេឯងរួចខ្សឹប។
«គាត់ប្រហែលជាឮរឿងយើងលក់ផ្ទះ!»
«កុំសង្ឃឹម! គ្មានចំណែកគាត់ទេ!» ផាណាគ្រហឹមដោយភ្នែកក្រហម។
គ្មានអ្នកណាដឹងទេថាការធំឡើងមកជាមួយឪពុកដែលមានជាតិអាល់កុលក្នុងខ្លួនជំនួសព្រហ្មវិហាធម៌ និងទទួលខុសត្រូវងារជាឪពុក គឺជាអារម្មណ៍ខកចិត្តនិងតូចចិត្តយ៉ាងណាក្នុងនាមជាកូនស្រីច្បង។
ការខកចិត្តដែលគាត់បំផ្លាញម្តាយនាង គាត់ចាកចេញ និងឥឡូវវិលមកវិញពេលនាងជិតរៀបការ ហើយគ្រួសារខាងប្រុសមិនដែលដឹងថា នាងនៅសល់ប៉ាទេ។
ទោះបីផាណា ខឹង និងអន់ចិត្តចំពោះគាត់ គាត់នៅតែជាមនុស្សដែលនាងធ្លាប់ស្រឡាញ់។
គាត់ចោលការនិយាយជាមួយគ្រូឈិនហើយដើរមករកពួកគេ។
«ផាណប៉ាឈឺ ប៉ាអត់ធ្វើការបានទេ ប៉ា….»
«ផ្ទះនោះលក់សងលុយមើលម៉ែ មិនសល់អីច្រើនទេ!» ផានុននិយាយកាត់។
ស្មានមិនខុសទេ ភាពចលាចលបានក្លាយជារឿងថ្មីសម្រាប់ផាណាហើយ។ អារម្មណ៍ឆ្កួត ច្របូកច្របល់ និងក្រៀមក្រំ បានលេចឡើង តែនាងប្តេជ្ញាចិត្តមិនឱ្យរឿងមួយនេះមកបំផ្លាញជីវិតនាងទេ។
ទាំងមានអារម្មណ៍ថាអស់សង្ឃឹម ព្រោះតែពេញមួយជីវិតមកហើយនាងស្រមៃចង់បានគ្រួសារកក់ក្តៅមួយ ដូចដែលមនុស្សគ្រប់គ្នាចង់មាន ពោលគឺគ្រួសារជុំគ្នាប្រកបដោយក្តីស្រឡាញ់ ក៏ពេលនេះនាងមិនចង់បានប៉ាមកវិញទេ។
«ខ្ញុំមានលុយប៉ុណ្ណឹង ប៉ាយកទៅ!»
នាងឆក់ពីស្រស់ហុចទៅគាត់។ គាត់សម្លឹងមិនទទួលនាងរុញចូលហោប៉ៅគាត់និងបែរខ្នងដើរចេញ។
ផានុនមិនមើលមុខបុរសដែលគេបាននឹកយូរណាស់មកហើយទេ។ គេធ្លាប់ទុករូបថតគាត់ ព្រោះមិត្តនៅសាលាតែងតែដៀលប៊ូលីថាអាកូនអត់ឪ តែពេលគាត់វិលមកវិញ គេដល់ពេលលែងត្រូវការប៉ាហើយ។
ចាប់ពីពេលនោះមក អ្នកទាំងពីរមិនដែលឃើញគាត់មកកំពតទៀតទេ។
ដល់ថ្ងៃរៀបការ ផាណានិងផានុនបានបារម្ភថាគាត់នឹងមកបង្ហាញខ្លួនអុកឡុកទាមទារលុយតែក៏មិនឃើញ។
មួយឆ្នាំក្រោយមក ខែមេសាឆ្នាំ២០២៣។
អ៊ំឈិនបានមកដល់ផ្ទះថ្មីរបស់ផាណាដែលទិញរម្លស់ជាមួយប្តី។
«បងផលស្លាប់ហើយ! សពគាត់នៅវត្ត រង្ស៊ីអូរដា »
ធម្មតាទេដែលនាងមិនចង់ដឹងឮតែនេះជារឿងដែលនាងត្រូវដឹង។
ផានុនមិននៅទេ គេជាប់ឡើងទៅរៀននៅភ្នំពេញ។ ផាណាមានផ្ទៃពោះ៧ខែហើយ នាងច្បាស់ណាស់ថាមិនទៅបុណ្យសព បានជាមិនសួរថា គេធ្វើបុណ្យគាត់នៅឯណា។
នាងឈ្ងោកមុខគេចពីអ៊ំឈិនហើយរាវរកកាបូប៖
«ខ្ញុំចូលបុណ្យគាត់ខ្លះអ៊ំតែខ្ញុំមិនបានទៅទេ!»
អ៊ំឈិនសម្លឹងលុយហើយនៅទីទើរ។
«ប្តីខ្ញុំ គាត់មិនដឹងរឿងខ្ញុំនៅប៉ាទេ ខ្ញុំខ្ជិលរញ៉េរញ៉ៃ!»
អ៊ំឈិនងក់ក្បាល គាត់សម្លឹងនាឡិកាលើជញ្ជាំង ម៉ោង១១ជាងហើយ ប្តីនាងជិតមកផ្ទះមែន បើនៅមានតែត្រូវនាងដេញឥឡូវហើយ។
ទោះជាត្រៀមចេញទៅតែគាត់មិនអស់ចិត្តក៏បកមកវិញ។
គាត់និយាយតិចៗខ្សឹបៗខ្លាចមានគេឮ៖
«ផាណា អ៊ំចង់ប្រាប់ថា ក្មួយកុំខឹងឪពុក!»
«ខ្ញុំអត់ខឹងគាត់ទេអ៊ំ ចិត្តខ្ញុំសាបឈឹង ពិបាកពន្យល់ណាស់អ៊ំ»
អ៊ំឈិនអេះអុញមិនដឹងថាយ៉ាងណាក៏ចាកចេញ។
ដល់ថ្ងៃនេះជិតចូលឆ្នាំខ្មែរហើយ ប៉ារបស់ផាណាស្លាប់បាន៨ថ្ងៃគត់ អ៊ំឈិនបានផ្ញើសំបុត្រមួយមកតាមស្រស់អ្នកលក់ទឹកអំពៅ។ ក្នុងនោះគាត់សរសេរឡើងវែង៖
«ផាណា និងផានុន! ពេលកូនទាំងពីរអានសំបុត្រនេះ អ៊ំបានចេញពីកំពតហើយ ! ប្រហែល ជាអ៊ំអាចទៅតាមរបៀបផលទៅ! អ៊ំចាស់ហើយ មិនអាចលាក់ឯងទៀតទេ កាលពីជិតម្ភៃឆ្នាំមុន កំហុសធំដែលពុកឯងចេញចោលកូនៗ គឺ៥០ ភាគរយជាគំនិតអ៊ំ! កាលនោះអ៊ំយល់ថា កុមារដែលមានអាយុក្រោម 18 ឆ្នាំរស់នៅជាមួយឪពុកម្តាយដែលស្រវឹងខួបនិងហិង្សា មិនងាយមានអនាគតល្អទេ អ៊ំបានជេរស្រីប៉ាឯង។ គាត់និងអ៊ំជាមិត្តសម្លាញ់គាត់សារភាពថាគាត់បានព្យាយាមផ្តាច់និងគ្រប់គ្រងហិង្សាចិត្តតែបរាជ័យ ពេលហ្នឹងអ៊ំក៏ប្រាប់គាត់ឱ្យចាកចេញ! ការជួយឱ្យកូនប្រពន្ធ មិនប្រឈមមុខនឹងការញៀនរបស់គាត់បានជាគាត់ទៅ!»
ទឹកភ្នែកនាងស្រក់ស្ងួតស្ងប់ តែឈឺធ្ងន់ៗក្នុងចិត្ត។
«ការញៀន គឺជាជំងឺ ដែលមិនមែនងាយ ប្រយុទ្ធបន្សាបទេ។ ប៉ាឯងជាមនុស្សខូចចិត្ត គាត់រងឥទ្ធិពលពីសង្គ្រាម បាត់បង់គ្រួសារ សាច់ញាតិ មានជំងឺ និងគ្មានឱកាសបម្រើការងារសមរម្យនឹងសមត្ថភាពពិតរបស់គាត់បានជាគាត់ធ្លាក់ខ្លួនស្រវឹង! តែគាត់នៅគិតកូនជានិច្ច! រហូតមកគាត់ផ្ញើលុយមកផ្ទះ តែម្តាយឯងខឹងថាគាត់មានប្រពន្ធក្រោយនៅភ្នំពេញក៏មិនព្រមនិយាយរឿងនេះប្រាប់ពួកក្មួយ! នោះជាកំហុសចាស់ៗ តែអ៊ំមិនចង់ឱ្យពួកក្មួយយល់ខុសលើប៉ា! កាលឆ្នាំមុនគាត់មកលេងមិនមែនព្រោះពួកក្មួយលក់ដីទេ ប្រហែលជាមានអារម្មណ៍ថា ជាឆ្នាំចុងក្រោយ ដែលគាត់ចង់មករស់ក្បែរកូនវិញ!»
នាងស្រែកយំរោទ៍ហែកក្រដាសចោល។
ការពិតទាំងនេះ ជារឿងខ្លោចផ្សាណាស់ នាងមិនចង់ឱ្យផានុនបានអានទេ។ ហេតុអ្វីម្តាយនាងមានៈមិនដែលនិយាយល្អពីប៉ានាងខ្លះប្រាប់នាង ធ្វើឱ្យនាងនិងប្អូន និងប៉ាដែលត្រូវទទួលស្គាល់គ្នាវិញ បែរជាអាក់ខាន?
នាងមិនចង់បន្ទោសម្តាយឬអ៊ំឈិន ឬប៉ានាង តែនាងបន្ទោសអ្នកណា?
ប៉ានាងធ្លាប់ញញឹម នាងនឹកឃើញហើយ!
ពេលមួយគាត់ញញឹមនៅក្បែររបងសាលា តែនាងចាំគាត់មកយូរពេក នាងខឹងនិងនាងភ្លេច។
ឯណាស្នាមញញឹមចាស់មួយនោះប៉ា?
មិនថា តាមរយៈហេតុផលអ្វីទេ ម្តាយឪពុកដែលលែងលះឬបាក់បែក រមែងមិនចង់ឱ្យកូនៗក្រោមអាណាព្យាបាលរបស់ខ្លួនទទួលស្គាល់ភាគីម្ខាងទៀតដោយមិននិយាយចំណុចល្អ និងខ្លះថែមបង្កាច់បង្ខូចឱ្យក្មេងស្អប់គ្រួសារមុនរបស់ខ្លួនទៀត។
ការភ័យខ្លាច និងការថប់បារម្ភរបស់អ្នកនៅក្នុងរង្វង់នៃការបាក់បែកគឺខ្លាចកូនៗថ្ងៃក្រោយទៅនៅមានមនោសញ្ចេតនាជួយទំនុកបម្រុងធ្វើល្អដាក់អតីតស្វាមីឬភរិយា?
អ្នកដែលចួបប្រទះស្ថានភាពស្រដៀងគ្នានឹងផាណាមានច្រើនណាស់ សូម្បីហៅគាត់មួយម៉ាត់ចុងក្រោយពេលគាត់គេងឈឺ ក៏នាងមិនមានឱកាសធ្វើ។
នាងឆ្លុះមើលខ្លួនឯងក្នុងកញ្ចក់។
«ខ្ញុំជាកូនអកតញ្ញូឬអ្វី?»
ធម្មតា យើងមិនអាចព្យាបាលការស្រវឹងរ៉ាំរ៉ៃរបស់ឪពុកបានទេ ប៉ុន្តែ អាចជួយនិងណែនាំឬគាំទ្រគាត់ឱ្យមានជីវិតរស់នៅចុងក្រោយដ៏កក់ក្តៅបាន តែនាងមិនបានធ្វើ។ មនុស្សជាច្រើនដែលមានបញ្ហាបែបនេះ និយមលាក់ការពិតពីអ្នកដទៃ បិទបាំងខ្លាចគ្រួសារស្វាមីឬភរិយាខ្លួនដឹងនាំគេមើលស្រាល។
តាមថា បញ្ហាពិតមិនពិបាកដល់ម្លឹងទេ។
មកពីការខ្មាសអៀន កំហឹង ឬការមិនសប្បាយចិត្តនោះធ្វើឱ្យយើងមិនហ៊ានទទួលស្គាល់ថានរណាម្នាក់ដែលពិតជាជិតស្និទ្ធ ថែមទាំងមិនអាចជួយពួកគេដែលកំពុងតស៊ូជាមួយនឹងការផ្តាច់ញៀនស្រាឬកែខ្លួន។
ខ្ញុំទើបតែសរសេរជាលើកដំបូងចូលក្រុមMSTដែននិរតីសូមជួយណែនាំយោបល់ផង៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ