រឿងដែលឈឺចាប់បំផុតនៅក្នុងជីវិតនេះ គឺការបាត់ខ្លួនទៅរបស់គេអស់រយៈពេល១៥ឆ្នាំ ទើបមកដល់ថ្ងៃនេះខ្ញុំទទួលបានដំណឹងថា យាន ហុងលី លែងមានវត្តមាននៅលើលោកនេះទៀតហើយ…
ហេតុអីព្រហ្មលិខិតកំណាចម្ល៉េះ? ដឹងទេថាខ្ញុំរង់ចាំគេ ប្រឹងសង្កត់ចិត្តអត់ធ្មត់យ៉ាងណា? គ្រាន់តែពាក្យសុំទោសមួយម៉ាត់ ម្តេចដាច់ចិត្តឱ្យខ្ញុំលេបលាក់នៅក្នុងទ្រូងសែនអួលណែន?
ខ្ញុំយំមិនចេញ តែតំណក់ទឹកភ្នែកស្រក់ប្រាប់គ្រប់យ៉ាងពីបេះដូងខ្ទេចខ្ទាំ…គេទៅហើយ…ទៅទាំងខ្ញុំមិនបានសម្លឹងមើលកែវភ្នែកស្លូតត្រង់របស់គេជាលើកចុងក្រោយ…
ពេលដែលចាកចេញពីទីនេះ ជីវិតគេរស់នៅយ៉ាងណា គេចួបរឿងលំបាកយ៉ាងម៉េចខ្លះ ហេតុអីក៏ដាច់ចិត្តចាកចេញទៅដោយមិនដឹងថា ខ្ញុំម្នាក់នេះ…មេសា រង់ចាំលោកមិនដែលភ្លេចមួយវិនាទី។
ហេតុអីដាច់ចិត្ត ទុកឱ្យមនុស្សស្រីល្ងង់ម្នាក់នេះនៅរង់ចាំលោក យាន ហុងលី…
ខ្ញុំនៅដដែល នៅតែថែរក្សាដើមឈើជាច្រើនដែលលោកបានដាំនៅក្នុងសាលានេះ ហើយជាដើមឈើដែលខ្ញុំធ្លាប់ស្អប់ និងមានចិត្តចង់ដកកម្ទេចទាំងមិនខ្លាចវិន័យសាលា មិនខ្លាចមនុស្សគ្រប់គ្នាថាខ្ញុំជាហង្សចិត្តខ្មៅ ព្រោះកាលដែលបានធ្វើឱ្យលោកឈឺចាប់ គឺខ្ញុំសប្បាយចិត្ត…
«ដកឱ្យខ្ទេចៗ!»
ខ្ញុំដកដើមឈើទាំងនោះទាំងកណ្តាលថ្ងៃក្តៅ មិនខ្វល់ថាអ្នកដាំត្រូវចំណាយពេលថែទាំ ឬក៏អាចត្រូវលោកគ្រូនាយកដាក់ពិន័យ ដល់ទោសធ្ងន់ត្រូវដេញចេញពីសាលា។
ខ្ញុំដកទាំងចិត្តខឹងច្រណែន មិនឱ្យសល់សូម្បីមួយដើមណា ឱ្យតែជាផ្កា និងដើមឈើដែលម្នាក់ហុងលីនោះបានដាំ។
«មេសាអើយ…ប៉ុណ្ណឹងបានហើយ! ឯងដកខ្ទេចអ៊ីចឹង ប្រយ័ត្នដឹងដល់គ្រូនាយករឿងធំមិនខាន!»
បញ្ញាខំប្រឹងឃាត់ តែខ្ញុំមិនខ្វល់។ បំផ្លាញគេធ្វើឱ្យខ្ញុំអារម្មណ៍ល្អ ដេកលក់ស្រួល។
«ឯងកុំរវល់អីបញ្ញា! បើទោះគ្រូដាក់ទោស យើងមិនឆ្លើយថាឯងទេ!»
«នែ! យើងមិនចង់មានន័យអ៊ីចឹងទេ តែឯង…ធ្វើនេះ ហួសហេតុពេកទេដឹង?»
«អ្នកទាំងពីរធ្វើអី?»
ខ្ញុំឈប់ដៃត្រឹមដើមចុងក្រោយដែលបម្រុងនឹងលើកពីដីឱ្យផុតផ្តាច់ជីវិត។ សំឡេងគេមិនបានបន្លាចខ្ញុំទេ តែខ្ញុំពិតជាចង់ឃើញទឹកមុខគេពេលដែលត្រូវខ្ញុំដកផ្កាដែលគេខំស្រោចទឹកព្រឹកល្ងាចនៅចំពោះមុខ។ ខ្ញុំដក ហើយក៏យកទៅបោះនៅនឹងមុខគេ៖
«យ៉ាងម៉េច?»
យាន ហុងលី រើសផ្កានោះក្តាប់ណែនជាប់ដៃ។ គេម៉េចនឹងហ៊ានសម្លឹងមុខខ្ញុំ? ម្តេចនឹងហ៊ានស្រែក ឬប្រឈមជាមួយខ្ញុំបើទោះក្នុងចិត្តគេក្តៅងំសឹងតែបែកធ្លាយ?
បើមិនអ៊ីចឹង មិនមែនអ្នកគ្រប់គ្នានៅទីនេះហៅខ្ញុំថាជា «ហង្ស» អ្នកណាហ៊ានប៉ះពាល់?
«អូ! ស្តាយណាស់អ្ហី? ចង់ម៉េច? ទូលពិតគ្រូ? ធ្វើទៅ ទៅ! ទៅប្រាប់គ្រូទៅ!»
«ធ្វើអ៊ីចឹងសប្បាយណាស់មែន?»
គេហ៊ានសួរសំណួរបែបនេះ ខ្ញុំខឹងខ្លាំងមែនទែន នូវទឹកមុខគេដែលឌឺណាស់ ក៏កញ្ឆក់ផ្កានោះពីដៃគេបោកកម្ទេចម្តងទៀតទាំងមួម៉ៅ៖
«យាន ហុងលី! លោកគ្មានសិទ្ធមកធ្វើមុខស្មើ ហើយសួរឌឺដាក់ខ្ញុំអ៊ីចឹងទេ!»
«មេសាអើយ!»
បញ្ញាដើរមកទាញដៃ នាងមិនដឹងថាចិត្តខ្ញុំក្តៅឆួលកម្រិតណាទេដែលក្មេងម្នាក់នេះចេះមកព្រហើន ហាក់បំបាក់អំនួតខ្ញុំចំពោះភ្នែកលិបលដែលកំពុងលួចមើលពីក្នុងថ្នាក់តាមចន្លោះបង្អួចរាប់សិបគូនោះ។ ពួកគេនោះគ្មានអ្នកណាហ៊ានសម្លឹងមុខខ្ញុំចំផង គេនេះអាងអី បានជាមកហ៊ានស៊កសៀតសួរឌឺដងខ្ញុំកណ្តាលចំណោមមនុស្ស?
ព្រោះខឹងចិត្ត សូម្បីមិត្តសម្លាញ់តែម្នាក់របស់ខ្ញុំដូចបញ្ញា ក៏ខ្ញុំចង់ខឹងដោយទៅដែរ៖
«លែងដៃបញ្ញា! ឯងខ្លាចស្អី? មិនឃើញគេបានចិត្តកម្រិតណាទេ?»
បញ្ញានៅតែចាប់ដៃខ្ញុំជ្រួញចិញ្ចើមគ្រវីក្បាល ព្យាយាមឃាត់ខ្ញុំឱ្យចិត្តត្រជាក់ លើកលែងកុំមានរឿងវែងឆ្ងាយជាមួយម្នាក់ប្រុសហ្នឹង តែខ្ញុំមិនព្រម ខ្ញុំខិតទៅក្បែរគេ ចង់ដុតគេហ្នឹងឱ្យឆេះថែម ទើបទៅជាន់លើសាកសពផ្ការបស់គេដែលខ្ញុំបានកម្ទេចបន្ថែមទៀត ខ្ញុំមិននិយាយបញ្ជោះគេ តែខ្ញុំញញិមឌឺ។
ម្នាក់ហ្នឹងគ្រាន់តែសម្លក់ខ្ញុំ ហើយអ្វីដែលហួសចិត្ត គេមិនមាត់អ្វីមួយម៉ាត់ អស្ចារ្យណាស់ន៎? ចិត្តព្រះ? ទើបដើរគេចទៅរើសផ្ការបស់គេកន្លែងផ្សេង គេចមិនចង់តបតនឹងខ្ញុំ មនុស្សខ្លាចចាញ់ កំសាក តែគេបែរហ៊ានមកនិយាយមិនមើលមុខខ្ញុំថា៖
«សូមថយទៅ! រឿងនេះបញ្ចប់ត្រឹមហ្នឹងចុះ!»
ខ្ញុំហាក់មិនអស់ចិត្តត្រឹមហ្នឹងទេ អ្វីដែលធ្វើទាំងអស់នេះ គឺមិនស្មើនឹងពាក្យឈ្លោះច្រើនឃ្លាដែលខ្ញុំចង់ជះកណ្តាលមុខគេ លេងឱ្យម្នាក់ហ្នឹងអួលតបមិនរួច តែតាមមើលសភាពទៅ គេគ្មានថ្ងៃឈ្នះខ្ញុំស្រេចទៅហើយ អួលណែនណាស់ដឹង ប្រហែលកំពុងសំងំយំផង ទើបគេចពីខ្ញុំយ៉ាងនេះ។
ព្រោះបានសងសឹកកាលដែលគេយកសំបុត្រស្នេហាដាក់ក្នុងកាតាបខ្ញុំ ធ្វើឱ្យមនុស្សគ្រប់គ្នាសើចចំអក ទាំងមិនចេះប្រមាណខ្លួន ខ្ញុំសប្បាយចិត្តណាស់ តែយ៉ាងណា វាមិនទាន់សមចិត្តខ្ញុំមួយរយភាគរយទេ៖
«រឿងវាមិនទាន់ចប់ត្រឹមហ្នឹងងាយៗទេ យាន ហុងលី!»
ខ្ញុំពេបមាត់ដាក់គេ ហើយក៏ដឹកដៃបញ្ញាដើរចេញ។
ឱ្យតែគិតដល់រឿងហ្នឹងពេលណា ខ្ញុំបន្ទោសខ្លួនឯងមិនបាត់ទេ ក្រោយមកទើបដឹងថា ការពិតសំបុត្រនោះមិនមែនជារបស់ខ្ញុំ វាជាចុតហ្មាយមិត្តរួមថ្នាក់លេងសើចជាមួយហុងលី ចង់សារភាពប្រាប់នេត្រា ទាស់តែដាក់ខុសកាតាប ហើយក៏ព្រោះរឿងនេះ ទើបគេកាន់តែតោះតើយ ហើយមិនចង់និយាយរកខ្ញុំរហូតដល់គេចាកចេញ។
តែពេលនេះ…បើទោះផ្កាទាំងនោះត្រូវរុះរោយ ក្រៀមស្វិតស្រពោន ខ្ញុំបានថែរក្សាជំនួសលោកហើយ វាងាប់ ខ្ញុំក៏ដាំថ្មី មិនឱ្យខុសពីអ្វីដែលលោកបានដាំកាលពី១៥ឆ្នាំមុនទេ។
ដឹងទេ យាន ហុងលី ព្រោះឃើញខ្ញុំតែងចំណាយពេលមើលថែផ្កាទាំងនេះមិនខ្លាចនឿយហត់ ខ្ញុំមិនបោះបង់ ទើបថ្ងៃមួយអ្នកគ្រូគេហៈគាត់បានមកប្រាប់ខ្ញុំពីអ្វីដែលលោកបាននិយាយជាមួយគាត់នៅថ្ងៃនោះ៖
«ហុងលី! កុំទុកមេសាបានចិត្តម្ល៉ឹងពេក គេម៉េចក៏ប្រែទៅជាឆ្នាសយ៉ាងនេះ? បើកូនមិនហ៊ាន ឬខ្លាចគេទុកឱ្យអ្នកគ្រូ ទៅប្តឹងគ្រូនាយក!»
«អ្នកគ្រូកុំអី! ខ្ញុំសុំអង្វរ ខ្ញុំដឹងគេធ្វើបែបនេះព្រោះសំបុត្រសារភាពមួយច្បាប់នោះ គេមិនសុខចិត្តដែលត្រូវមិត្តភក្តិសើចចំអក…សូមឱ្យខ្ញុំបានសងគេវិញចុះ បើរឿងនេះដឹងដល់លោកគ្រូនាយក គេច្បាស់មិនលើកលែងឱ្យខ្ញុំទេ!»
«ហេតុអីត្រូវខ្លាច? ឯងធ្វើអ៊ីចឹងគេបានចិត្តធ្វើបាបឯងណាស់! អ្នកគ្រូមិនចង់ឃើញសិស្សអ្នកគ្រូទៅជាអ៊ីចឹងទេ! ខុសត្រូវទទួលខុស!»
«យ៉ាងណាខ្ញុំមិនចង់ពាក់ព័ន្ធជាមួយគេទៀតទេ អ្នកគ្រូខ្ញុំសុំចិត្ត! ផ្កាទាំងនេះ ខ្ញុំអាចដាំឡើងវិញបាន តែបើព្រោះរឿងនេះ ត្រូវឱ្យម៉ាក់មកសាលា…! ខ្ញុំ…»
«បានៗ… អ្នកគ្រូមិនដេញដោលរឿងនេះ ចាត់ទុកថាកូនសុំអ្នកគ្រូ តែអ្នកគ្រូពិតជាមិនចង់ឱ្យអ្នកដទៃយកគម្រូមិនល្អបែបនេះទេ នេះជាច្បាប់វិន័យសាលា បំផ្លាញសម្បត្តិរបស់សាលា ប៉ះពាល់ដល់មនុស្សគ្រប់គ្នា បើហ៊ានតែមេសាធ្វើបែបនេះដាក់កូនទៀត ឬមានចរិតឆ្នាសឆ្នើមធ្វើបាបអ្នកណា អ្នកគ្រូនឹងប្តឹងលោកគ្រូនាយកហើយ!»
«ខ្ញុំសុំទោសអ្នកគ្រូ…!»
—
ដ្បិតលោកមិនប្តឹងលោកគ្រូនាយក ព្រោះតែខ្លាចរំខានម៉ាក់លោកមកសាលា តែខ្ញុំយល់ថា លោកជាមនុស្សចិត្តទូលាយ តែគ្រប់យ៉ាងហាក់យឺតពេល ហេតុអីពេលខ្ញុំដឹងខ្លួនថា ខ្ញុំជាមនុស្សសំណាងដែលមានមិត្តស្មោះត្រង់ ស្លូតដូចលោក លោកបែរជាចាកចេញ?
ដឹងអត់? ព្រោះតែការរង់ចាំទាំងសង្ឃឹមមាំក្នុងចិត្ត ថាលោកអាចនឹងត្រលប់មកវិញ ខ្ញុំបានសម្រេចចិត្តធ្វើជាគ្រូបង្រៀននៅទីនេះ ច្រើនឆ្នាំហើយ…តែព្រហ្មលិខិតលេងសើចយ៉ាងនេះ?
«សុខសប្បាយទេ?»
ពាក្យមួយឃ្លានេះសាមញ្ញណាស់ តែខ្ញុំហាក់គ្មានឱកាសបាននិយាយ ឬស្តាប់វាឡើយ…
«សុំទោស…!»
ខ្ញុំរឹតតែមិនស្ងប់ចិត្ត ព្រោះមិនស្មានថា លោកស្តាប់មិនឮជារៀងរហូត។
«អ្នកគ្រូនៅទីនេះសោះ!»
សំឡេងមួយកាត់ផ្តាច់អារម្មណ៍អណ្តែតត្រសែត។ ខ្ញុំរហ័សជូតទឹកភ្នែក គឺមិនចង់ឱ្យមនុស្សច្រើនគ្នាបានដឹងពីការឈឺចាប់នៅកន្លែងអនុស្សារវីយ៍មួយនេះ។
ខ្ញុំងាករកម្ចាស់សំឡេងទាំងញញិមបន្លប់៖
«អ្នកគ្រូមានការអី?»
ខ្ញុំឃើញគាត់ជ្រួញចិញ្ចើមជាប់ណាស់ គួរឱ្យចង់សើចដែរ ហុងលី ដឹងទេ ទឹកមុខបញ្ញាពេលដែលឃាត់ខ្ញុំមិនឱ្យដកផ្ការបស់លោក ក៏គេធ្វើបែបនេះដែរ។
«ខ្ញុំមិនដឹងប្រាប់យ៉ាងណាទេ សូមអ្នកគ្រូទៅមើលខ្លួនឯងចុះ!»
សម្តីអ្នកគ្រូក្បែរបន្ទប់ធ្វើឱ្យខ្ញុំត្រូវបើកភ្នែកធំដកចោលចិត្តនឹកនាម្ចាស់សួនផ្កា។
ខ្ញុំកើតក្តីបារម្ភភ្លាម ព្រោះខ្លាចមានរឿងធំកើតឡើងលើសិស្សខ្លួន តែបើតាមគិតទៅ ក្នុងថ្នាក់ខ្ញុំមានកំពូលសិស្សស្រីឆ្នាសឆ្នើមម្នាក់ ដែលមិនហ៊ានគិតទេថា គេដូចខ្ញុំនៅជំនាន់នោះបេះដាក់ណាស់ គេកាច ហើយរករឿងតែសិស្សប្រុសឈ្មោះកន ដែលគ្នាជាមនុស្សស្លូតមិនសូវនិយាយស្តី ដូចលោកអ៊ីចឹង។
ទោះគ្មានអ្វីសោះ ក៏លក្ខិណាបង្កើតជារឿង ដើម្បីចោទប្រកាន់កនបានដែរ នាងរករឿងគេមិនចេះចប់ទេ ក៏ព្រោះតែក្មេងស្រីម្នាក់នេះហើយ ដែលរម្លឹកកំហុសគ្រប់យ៉ាងខ្ញុំធ្លាប់ធ្វើចំពោះលោកកាលពី១៥ឆ្នាំមុន។
«ឯងនេះថោកទាបណាស់កន!»
ខ្ញុំឃើញលក្ខិណាស្រក់ទឹកភ្នែករហាមនៅចំពោះមុខសិស្សគ្រប់គ្នា ទាំងដែលកន នៅឈរជ្រួញចិញ្ចើមគ្មានពាក្យតបអ្វីមួយម៉ាត់។
កនសម្លឹងមុខខ្ញុំពេលដើរចូលទៅ ឯលក្ខិណាពេលដឹងថាខ្ញុំមក គឺយំកាន់តែខ្លាំង ហើយប្រញាប់រត់មកកាន់ដៃខ្ញុំ៖
«អ្នកគ្រូ! ខ្ញុំមិនសុខចិត្តទេ!»
មិនដឹងអារម្មណ៍បែបនោះឆ្លើយតបត្រូវស្ថានការណ៍ឬអត់ ដែលខ្ញុំស្រាប់តែចង់សើច ចង់ញញិមនៅនឹងមុខក្រៀមក្រំ ក៏ដូចជាទឹកភ្នែករបស់សិស្សពីរនាក់នេះ ព្រោះតែខ្ញុំយល់ថា យ៉ាងណាទេវតាមិនបានចិត្តដាច់ពេកទេ ដែលពង្រាត់លោកចាកចេញ តែបែរជាឱ្យខ្ញុំមកចួបក្មេងពីរនាក់នេះ។
តែយ៉ាងណា ខ្ញុំមិនចង់ឱ្យគេទម្រើស ក៏ដូចជាក្លាយជាក្មេងខូចបានចិត្តដូចកាលខ្ញុំពីក្មេងឡើយ ទើបព្យាយាមរក្សាទឹកមុខមាំទាំ ហើយអង្គុយចុះជូតទឹកភ្នែកសិស្សសម្លាញ់។
«មានរឿងអីទៅ? ប្រាប់អ្នកគ្រូតាមសម្រួលមក!»
គេអត់ស្តីបែរជាខាំមាត់ទាំងទឹកភ្នែករហាម និងលើកដៃចង្អុលមុខកនសឹងតែដល់ថ្ងាសគេ។
ខាងប្រុសនៅតែមិនមាត់តាមចរិតស្លូតត្រង់ដូចរាល់ដង បើទោះគេមិនមែនជាអ្នកខុស ក៏កនហាក់រកមិនឃើញពាក្យប្រកែក ឬប្រឆាំងជាមួយចរិតឆ្នាសឆ្នើមរបស់លក្ខិណាដែរ។
កែវភ្នែកគេសម្លឹងមកខ្ញុំចង់បកស្រាយក៏ដូចជំនួសពាក្យបដិសេធគ្រប់យ៉ាង។ ខ្ញុំយល់ចិត្តគេហើយដឹងបានទោះមិននិយាយអ្វី ពន្លឺភ្នែកគេ ដូចនឹងកែវភ្នែកលោក ដែលរាល់ដងត្រូវខ្ញុំស្រែកគំហក ចង្អុលមុខ ទម្លាក់កំហុស។
សិស្សប្រុសរួមតុកនស្រាប់តែប្រកែកឡើងជំនួសគេ៖
«អត់ពិតទេអ្នកគ្រូ! លក្ខិណាចេះតែចោទប្រកាន់កនផ្តេសផ្តាស!»
«ជាមិត្តគេ កាន់ជើងគេអ៊ីចឹងហើយ ព្រោះមិនមែនសៀវភៅឯង ដែលត្រូវគេហែកចោលនោះ!»
លក្ខិណាស្ទុះប្រញាប់ទៅទាញក្រដាសសៀវភៅដែលដាច់រហែកមកបង្ហាញ ក៏ធ្វើិឱ្យខ្ញុំនឹកឃើញកាលនោះ ខ្ញុំក៏បានបោះចោលសៀវភៅលោកទៅកណ្តាលមេឃភ្លៀងតាមបង្អួចដូចគ្នា។
«សំអាងអី ពិន្ទុឯងមិនអាចលើសខ្ញុំទេ! បើឯងមិនលួចមើលសៀវភៅនេះ!»
«មេសា! ឯងចោលសៀវភៅគេកណ្តាលភ្លៀងរលាយខ្សុរមិនខាន!»
«អ្នកណាខ្វល់? សៀវភៅយើងឬអីបញ្ញា?»
យ៉ាងណា បើទោះលោកខឹង ក៏មិនអាចជេរស្តីខ្ញុំកើត មានតែរត់ទៅរើសសៀវភៅទាំងមិនខ្វល់ថាត្រូវទទឹកភ្លៀង។ គ្រូដាក់ពិន័យ ខ្ញុំកាន់តែខឹងស្អប់លោកលើសដើម ហួសហេតុណាស់ មកពីខ្ញុំកាលនោះមិនព្រមទទួលស្គាល់ថា លោកជាសិស្សពូកែជាងខ្ញុំ។
អស់ពីនឹកដល់រឿងស៊ីគ្នានឹងពេលនោះជាមួយរឿងថ្ងៃនេះ ខ្ញុំក៏ងាកទៅសួរកូនសិស្ស៖
«កូនមានឃើញផ្ទាល់ភ្នែកទេ ថាកនជាអ្នកហែកសៀវភៅ?»
លក្ខិណាក៏នៅតែព្យាយាមប្រកែកទាំងតំណក់ទឹកភ្នែករហាម៖
«អ្នកគ្រូ! ក្នុងថ្នាក់មានតែគេទេដែលស្អប់ខ្ញុំ បើមិនមែនគេ មានអ្នកណា?»
«ខ្ញុំអត់បានស្អប់ទេ! ក៏គ្មានហេតុផលអីដែលខ្ញុំត្រូវធ្វើបែបនេះដែរ!»
«កុហក!» លក្ខិណាស្រាប់តែស្រែកឡើងទាំងកំហឹង តែពេលនោះ មិត្តរួមតុកននៅតែព្យាយាមនិយាយបកស្រាយ៖
«ចាំឃើញផ្ទាល់ភ្នែកសិនទៅលក្ខិណា កុំអាងខ្លួនឯងកូនស្រីនាយកសាលា ចេះតែចោទគេបានតាមចិត្តនោះ!»
«ផានុត! អ្នកគ្រូមិនអនុញ្ញាតឱ្យនិយាយបែបនេះទេ!»
«សូមទោសអ្នកគ្រូ…! តែលក្ខិណានេះឆ្នាសពេកហើយ រករឿងកនរាល់ថ្ងៃ»
«អ្នកគ្រូនឹងស៊ើបពីរឿងនេះឱ្យដឹងខុសត្រូវ បើកនពិតជាអ្នកធ្វើ គេនឹងទទួលកំហុស តែបើមិនមែនជាកន កូនត្រូវតែសងភាពស្អាតស្អំដល់គេវិញ!»
ខ្ញុំឃើញកូនសិស្សស្រីរបស់ខ្ញុំទម្លាក់មុខចុះ ហាក់បាក់អស់អំនួតនិងកំហឹង។ ជំនឿចិត្តខ្ញុំនៅតែជឿជាក់កន ដូចកាលអ្នកគ្រូបន្ទុកថ្នាក់ជឿជាក់ថាលោកមិនបានប្រលងលួចមើលវិញ្ញាសារមុន ដូចពាក្យខ្ញុំចោទប្រកាន់លោកពេលនោះដែរ ខ្ញុំឈឺចាប់ណាស់ហុងលី ដែលបាត់បង់លោក ខ្ញុំនៅតែស្តាយរឿងអតីតកាលមិនល្អរវាងយើងទាំងពីរ បើអាចបង្វិលពេលវេលាបាន ខ្ញុំមិនឱ្យលោកចាកចេញទៅបែបនេះឡើយ។
រសៀលហើយ…
ខ្ញុំកំពុងចេញពីសាលាធ្វើដំណើរទៅផ្ទះបញ្ញា ព្រោះថ្ងៃនេះ ជាថ្ងៃបង្កក់កូនរបស់គេ។
ខ្ញុំនៅតែរំភើបមិនទាន់បាត់នៅឡើយ ដូចធ្លាប់ប្រាប់លោកច្រើនដងហើយ នៅសួនផ្កាអនុស្សាវរីយ៍របស់យើង រឿងដែលបញ្ញានិងកុសលមានកូនភ្លោះ ហើយជាភ្លោះស្រីទាំងពីរ ដឹងទេហុងលី មុខក្មេងតូចនោះគួរឱ្យស្អប់ក្នាញ់ណាស់។ មុខពួកគេស្រទន់ កែវភ្នែកតូចៗខ្មៅក្រិប តែម្តាយគេស្លូតទេ ប្រហែលមិនឆ្នាសឆ្នើម ធ្វើបាបសិស្សប្រុសដូចខ្ញុំពីក្មេង ឬដូចលក្ខិណាកូនសិស្សស្រីរបស់ខ្ញុំពេលនេះដែរទេមើលទៅ។
«អបអរឯងផងបញ្ញា! សូមទោសណា ពីព្រឹកគ្នាមិនបានមក!»
«ចាសអ្នកមីង! ខ្ញុំក៏ដឹងអ្នកមីងជាប់បង្រៀនដែរ! នែ! អង្គុយលេងជាមួយបងកុសលសិនទៅ គ្នាទៅងូតទឹកឱ្យក្មេងល្អិតពីរនាក់នោះសិនណា!»
មើលទៅគេញញិមសប្បាយចិត្តណាស់! ដ្បិតតែមិនទាន់យល់អារម្មណ៍ថាត្រូវធ្វើជាម្តាយគេ ពិសេសជាម្តាយកូនភ្លោះយ៉ាងណា តែខ្ញុំហាក់ឃើញពីសុភមង្គលច្បាស់តាមរយៈស្នាមញញិមរបស់បញ្ញាពេលនោះ។
«នៅហូបបាយទីនេះសិនហើយមេសា ចាំត្រលប់ទៅវិញណា!»
«ចាសបង!»
ខ្ញុំពេលនោះក៏បានជួយរៀបចំរើស្រោមដៃស្រោមជើងពីរសម្រាប់ទុកឱ្យកូនភ្លោះក្រោយងូតទឹករួច តែមិនស្មានថា ចៃដន់ ខ្ញុំក៏បានឃើញរូបថតមួយសន្លឹកនៅក្នុងស៊ុមក្បែរក្បាលដំណេក វាធ្វើឱ្យខ្ញុំត្រូវគាំង ហើយដំណក់ទឹកភ្នែកសឹងតែស្រក់ចុះ…
«អ៎! បងក៏ទើបរកឃើញរូបនេះដែរ ក៏គិតថាចង់យកទៅឱ្យមេសាដូចគ្នា!»
«បងអាចឱ្យខ្ញុំបានអ្ហែស?»
«បើមិនប្រកាន់ថាមានរូបបងនៅជាប់ជាមួយហុងលី មេសាយកចុះ!»
ទីបំផុតទឹកភ្នែកនៅតែត្រូវស្រក់ចុះ ខ្ញុំនឹកលោករាល់ដង ត្រឹមការស្រមៃប៉ុណ្ណោះ បើទោះខំរករូបថតរបស់លោកចាស់ៗនៅក្នុងសាលាក៏គ្មានឡើយ ខ្ញុំបារម្ភណាស់ ថាថ្ងៃណាមួយ ខ្ញុំអាចនឹងភ្លេចមុខលោក តែពេលនេះ ខ្ញុំបានឃើញលោកម្តងទៀតហើយ ហុងលី…
«បងកុសល! ខ្ញុំនៅមានរឿងមួយទៀតចង់សួរបង! បងអាចស៊ើបដឹងទេ ធាតុគេតម្កល់ទុកនៅវត្តណា?»
«បងក៏មិនច្បាស់ដែរ ព្រោះកាលដែលបងទទួលបានព័ត៌មានហុងលី តាមរយៈក្មេងប្រុសម្នាក់ដែលធ្លាប់នៅផ្ទះជួលជិតគេ គេថានៅថ្ងៃដែលគ្រួសារគេបានរើចេញ ហុងលីចួបគ្រោះថ្នាក់ និងមិនអាចសង្រ្គោះជីវិតបាន! កាលនោះ បងក៏ភ្លេចទៅ មិនបានសួរនាំពីកន្លែងបូជានិងតម្កល់ធាតុរបស់គេ តែ បើមេសាចង់ទៅរក បងអាចប្រាប់ពីកន្លែងដែលក្មេងប្រុសនោះស្នាក់នៅ យើងអាចទៅសួរគេម្តងទៀត ក្រែងគេបានដឹង!»
ចាប់ពីថ្ងៃនោះខ្ញុំក៏បានសាកល្បងមករកអ្នកធ្លាប់ដឹងពីរឿងដែលកើតឡើងជាមួយហុងលីតាមបងកុសលប្រាប់ ក៏មិនដឹងថាតើនេះជាព្រហ្មលិខិតឬក៏និស្ស័យ ដែលផ្តល់ឱកាសឱ្យខ្ញុំបានចួបម៉ាក់របស់គេចៃដន់បំផុត។
គាត់នាំខ្ញុំទៅវត្ត ដើម្បីសំពះចេតិយកូនប្រុសគាត់។ ខ្ញុំមិនអាចលាក់បាំងទឹកភ្នែក ហើយក៏មិនខ្មាសនឹងបង្ហាញថា ខ្ញុំខូចចិត្ត ហើយឈឺចាប់នឹងការបាត់បង់កូនប្រុសគាត់កម្រិតណា។
«ថ្ងៃនេះ១៤ឆ្នាំហើយ ដែលគេលែងនៅជាមួយពួកយើង…១៥ឆ្នាំមុន គេត្រូវបង្ខំចាកចេញ ទាំងមិនបានដាក់ពាក្យឈប់ពីសាលា និងលាមិត្តភក្តិគ្រប់គ្នា ព្រោះតែសុខភាពមីងកាន់តែទ្រុឌទ្រោមទៅ ពួកយើងចួបគ្រោះថ្នាក់នៅពេលហុងលី ត្រូវបង្ខំជិះម៉ូតូលក់កាហ្វេ ដឹកមីងទៅមន្ទីពេទ្យ…»
ខ្ញុំគាំងទ្រឹងនឹងការឈឺចាប់ សំណួរជាច្រើនដែលចង់ដឹង ត្រូវអួលណែនក្នុងដើមទ្រូងពេលនេះ។ មិនថាយូរឆ្នាំយ៉ាងណា ខ្ញុំនៅតែធ្វើចិត្តមិនទាន់បាន។
ទឹកភ្នែកនៅតែបន្តស្រក់ គាត់បានយកដៃមកឱបស្មាខ្ញុំដើម្បីបន្ថយការឈឺចាប់៖
«ជាងមួយឆ្នាំដែលគេសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ធ្លាប់មានមិត្តភក្តិជាច្រើនមកសួរសុខទុក្ខគេ តែមិនស្មានថា ក្មួយស្រីបែរជាមិនបានដឹងពីរឿងនេះ…!»
ខ្ញុំងាកភ្លាមសម្លឹងមុខគាត់ទាំងភ្ញាក់ផ្អើល។ ពិតជាមានមិត្តភក្តិធ្លាប់មកលេងហុងលីនៅភ្នំពេញ? ជាក្រុមណា? ម្តេចក៏ពួកគេដឹងបាន? ក្រែងបងកុសលតែម្នាក់ដែលជាមនុស្សហុងលីស្និទ្ធជាងគេ?
ខ្ញុំបម្រុងនឹងសួរបញ្ជាក់ទៅហើយ តែព្រោះឃើញទឹកមុខខ្ញុំចម្លែក ហាក់ងឿងឆ្ងល់ពេក គាត់ក៏និយាយឡើង៖
«ក្មួយស្រីអត់ដឹងថា មិត្តភក្តិបានទទួលដំណឹងហុងសានចួបគ្រោះថ្នាក់ទេ?»
«ហុងសាន? មិនមែនហុងលី?»
«ទេ!»
បេះដូងខ្ញុំចាប់ជ្រួលច្របល់ណាស់ ពីអ្វីមួយដែលចិត្តខ្ញុំធ្លាប់ប្រាប់មករហូតថា គេមិនបានចាកចេញដូចព័ត៌មានស្រពេចស្រពិល ដែលបងកុសលធ្លាប់ប្រាប់កន្លងមក។
ខ្ញុំចាប់ដៃម្តាយគេយ៉ាងអន្ទះសាដើម្បីសួរបញ្ជាក់៖
«ធាតុនៅក្នុងចេតិយនេះ…»
«គឺហុងសាន ប្អូនប្រុសបង្កើតរបស់ហុងលី!»
ខ្ញុំស្រក់ទឹកភ្នែកជាថ្មីជាមួយបេះដូងញាប់កញ្ជ្រោល ហើយមិនដឹងគួរបង្ហាញប្រាប់យ៉ាងណាពីអារម្មណ៍ខូចចិត្តជាប់មកច្រើនឆ្នាំ ហើយមកទទួលក្តីសង្ឃឹមភ្លាមៗពេលនោះ។
«តើថ្ងៃនោះ មានរឿងអីទៅ? ចុះឯណាហុងលី? គាត់យ៉ាងម៉េចហើយមីង?»
«ថ្ងៃនោះ មីងចាប់ឈឺធ្ងន់ណាស់ ហុងលីបានជិះម៉ូតូឌុបមីងទៅមន្ទីពេទ្យ ឯហុងសាន ជាអ្នកឱបពីក្រោយ…ព្រោះតែភ្លៀងធ្លាក់ ចួននឹងមេឃងងឹត ពួកយើងបីនាក់បានចួបគ្រោះថ្នាក់ ហុងសាន ត្រូវបោកក្បាលពីក្រោយ ឯហុងលី ត្រូវរបួសជើងធ្ងន់ធ្ងរណាស់ គេត្រូវបានលោកប៉ាយកទៅព្យាបាលនៅបរទេសច្រើនឆ្នាំ! ឯហុងសានសន្លប់ច្រើនខែ គ្មានសង្ឃឹមថានឹងអាចត្រលប់មកវិញឡើយ…ទីបំផុត គេក៏បានទៅចោលមីង…»
មិនថាយ៉ាងណា ខ្ញុំបានចាប់ដៃគាត់ដើម្បីលួងលោមអារម្មណ៍ឈឺចាប់ដែលបានបាត់បង់កូនប្រុស តែខ្ញុំពិតជាមិនអាចកុហកបេះដូងខ្លួនឯង មិនអាចបិទបាំងទឹកភ្នែកដែលស្រក់ ហើយវាស្រក់ ក៏ព្រោះតែក្តីសង្ឃឹមដែលខ្ញុំបានរង់ចាំយូរសែនយូរ ទីបំផុត…
«ម៉ាក់…!»
ខ្ញុំនៅចាំ…ទោះពួកយើងឆ្ងាយគ្នាយូរយ៉ាងណា…ទោះមិនបានចួប តែខ្ញុំមិនធ្លាប់ភ្លេចគ្រប់យ៉ាងអំពីគេ។ ខ្ញុំច្បាស់ក្នុងចិត្ត សំឡេងនោះជាគេ…
សំឡេងបេះដូង ជាអ្នកបង្រៀនខ្ញុំឱ្យបន្តក្តីសង្ឃឹម ឯក្តីស្រលាញ់ ស្នេហាដំបូង និងវិប្បដិសារៈដែលធ្លាប់សាង គឺជាអ្នកជម្រុញឱ្យខ្ញុំមិនចុះចាញ់ មិនធ្លាប់រារែកនិងការរង់ចាំ…
គេនៅតែសង្ហាជាមួយនឹងទឹកមុខសោះកក្រោះ ថ្វីបើពេលនេះ គេត្រូវការឈើច្រត់ដើម្បីជាជំនួញ។ ខ្ញុំទុកឱ្យទឹកភ្នែក និងភាសាបេះដូង រៀបរាប់ប្រាប់គ្រប់យ៉ាងដល់គេថាដួងចិត្ត១៥ឆ្នាំកន្លងទៅរបស់ខ្ញុំយ៉ាងណា ខ្ញុំទុកឱ្យគេរកនឹក ថាបានបន្សល់អនុស្សាវរីយ៍អ្វីខ្លះនៅអនុវិទ្យាល័យជាមួយគ្នា តែខ្ញុំពិតជាមិនអាចឃាត់ចិត្តមិនឱ្យរំភើប ហើយស្ទុះទៅឱបគេនៅមុខម្តាយគេឡើយ។
«ទីបំផុត…ទីបំផុត ខ្ញុំបានចួបលោកហើយ យាន ហុងលី!»
គេកាន់តែធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចុះឥតឈប់ឈរ ត្រឹមពាក្យមួយឃ្លាយ៉ាងភ្ញាក់ផ្អើលថា៖
«មេសា…!»
មិនខាតទេ ដែលខំនឹកទាំងពេលខ្លះភ្លេចបាយភ្លេចទឹក ភ្លេចទាំងដេក មិនអត់ន័យទេ សម្រាប់ផ្កាទាំងនេះដែលខំថែរក្សាហើយម្ចាស់គេពិតប្រាកដក៏បានមកអង្គុយមើលនៅពេល១៥ឆ្នាំក្រោយ…
«ឃើញទេ! ផ្ការីកស្អាតណាស់ហុងលី!»
គេញញិម? ប្រុសម្នាក់នេះមិនមែនចេះតែធ្វើមុខសោះកក្រោះគ្រប់ពេលទេ? ហួសចិត្ត ឬសប្បាយចិត្តស្មានមិនដល់មែន ដែលខ្ញុំចំណាយកម្លាំងថែរក្សាសួនផ្កានេះដើម្បីគេ?
ត្រឹមពេលគេចាកចេញមកដល់ឥឡូវ ទើបតែថ្ងៃនេះទេដែលខ្ញុំឃើញថា ពិភពផ្កានេះស្រស់ថ្លា វាមានពន្លឺគ្រប់គ្រាន់ ហើយរីកញញិមទាំងថ្ងៃក្តៅខ្លាំង ហើយក៏…ជាពន្លឺសុភមង្គលថ្មីនៃបេះដូងឯកោ ងងឹតសូន្យសុងរបស់ខ្ញុំ។
ឬដល់ពេលហើយដែលខ្ញុំមានឱកាសបកស្រាយរឿងក្នុងចិត្តគ្រប់យ៉ាងប្រាប់គេ?
ខ្ញុំបែរជាភ័យ ពេលជំហានជើងសន្សឹមដើរទៅក្បែរមនុស្សម្នាក់ដែលបេះដូងមិនធ្លាប់បំភ្លេច…
«ហុងលី!»
ជំហានជើងបញ្ឈប់ ឈ្មោះគេដែលខ្ញុំរៀបនឹងហៅ ស្រាប់តែមានសំឡេងមួយមកដណ្តើមយកទៅ។
អណ្តាតជាប់គាំង ជាមួយវត្តមានស្រីម្នាក់ដែលកំពុងដើរសំដៅមក។ ពួកគេញញិមដាក់គ្នា ខ្សែភ្នែកនេះ ស្នាមញញិមនេះ ខ្ញុំមិនធ្លាប់ឃើញសោះឡើយកាលពីរៀនថ្នាក់ជាមួយគេ ដ្បិតខ្ញុំមិនស្គាល់គេជាអ្នកណា តែម្តេចក៏បេះដូងលួចខ្សឹបថា សំឡេងស្រីនោះហៅហុងលី ហាក់មិនមែនទំនាក់ទំនងធម្មតារវាងគ្នានិងគ្នា?
គេស្ទុះទៅឱបដៃ ខុសអ្វីពីសំពងបេះដូងខ្ញុំឱ្យខ្ទេចខ្ទាំ។
«ក្តៅណាស់! បងកុំឈរយូរពេក!»
«ជូលី! មេសាធ្លាប់រៀនជាមួយបងនៅទីនេះ!»
កណ្តាលថ្ងៃក្តៅ តែម្តេចបេះដូងខ្ញុំរងា? ឃើញគេស្និទ្ធស្នាលជាមួយគ្នា សូម្បីតែពាក្យសួស្តីក៏ខ្ញុំហើបនិយាយទៅគេមិនរួចផង។ ខ្ញុំនិយាយមិនចេញ។
«អូ! ដូចមិនធ្លាប់ឮបងនិយាយទេ! ឮតែបងនិយាយពីមិត្តអនុវិទ្យាល័យដែលឈ្មោះកុសល ថាគាត់ជាមិត្តល្អរបស់បង!»
មែនអ្ហែស? ១៥ឆ្នាំមកនេះ សូម្បីរម្លឹកពីខ្ញុំម្តងក៏មិនធ្លាប់ដែរ? គេមិនចាំ មិននឹកឃើញសោះមែនទេ ថាធ្លាប់មានអ្វីខ្លះកើតឡើងនៅទីនេះ ហើយមនុស្សស្រីម្នាក់ដែលខំចំណាយពេលច្រើនឆ្នាំចាំគេ ពួកយើងមានរឿងច្រើនណាស់ដែលខ្ញុំមិនអាចភ្លេច តែសម្រាប់គេបែរក្លាយជាអតីតកាលដែលគ្មានតម្លៃ?
«មេសា! ជូលីជានិស្សិតពេទ្យ ហើយក៏ជាអ្នកមើលថែរបួសជើងខ្ញុំច្រើនឆ្នាំមកនេះ!»
ខ្ញុំគួរតបអ្វី? បើហ៊ានតែហាមាត់ ទឹកភ្នែកខ្ញុំនឹងស្រក់ជំនួស។
ឃើញខ្ញុំស្ងៀមទ្រឹងមិនតបស្តីគេក៏បន្តនិយាយ៖
«ខ្ញុំមកចង់ចួបលោកគ្រូនាយក ខ្ញុំទទួលបានប្រាក់ខ្លះពីអ្នកសប្បុរសនៅបរទេស ដើម្បីបរិច្ចាកដល់សាលា! អ៊ឹម…អរគុណសម្រាប់សួនផ្កានេះ ស្អាតណាស់! ស្អាតជាងពេលដែលខ្ញុំដាំទៅទៀត! ចេញពីនេះ ខ្ញុំនឹងឆ្លៀតទៅលេងកុសល! ខ្ញុំទៅសិនហើយមេសា…»
គេបែរខ្នងដើរចេញមានមនុស្សស្រីកាន់ដៃ ដែលគេនោះមិនមែនជាខ្ញុំ។ គេចាកចេញទាំងដែលខ្ញុំមិនទាន់បាននិយាយអ្វីមួយម៉ាត់ ឬសូម្បីស្តាប់ខ្ញុំឆ្លើយតបសិនក៏មិនព្រម។ ខ្ញុំនាំគេមកទីនេះ គឺដើម្បីបង្ហាញថាខ្ញុំដឹងខុស ខ្ញុំចង់សូមទោស ហើយក៏ចង់…មានរូបថតមួយសន្លឹកជាមួយគេ ក្នុងសួនផ្កាស្នេហ៍ដែលខ្ញុំថែព្រឹកថ្ងៃ តែមិនស្មានថា គ្រប់យ៉ាងនៅតែជាក្តីស្រមៃដូចកាលពី១៥ឆ្នាំមុន។
ហេតុអីអារម្មណ៍ចួបពេលនេះ បែរជាឈឺខ្លាំងជាងអារម្មណ៍បែកពេលមុន? បើជ្រុលជាមកដើម្បីផ្តល់សង្ឃឹម ម្តេចមិនព្រមជួយឱ្យខ្ញុំញញិមបានយូរជាងនេះ?
លោកមើលមិនឃើញ ថាខ្ញុំគិតអ្វីសោះមែនទេ យាន ហុងលី?
«យានហុងលី!»
ខ្ញុំទ្រាំបែរខ្នងស្រែកហៅគេទាំងទឹកភ្នែក មិនដឹងថាគេនឹងបានឮឬអត់ឡើយ ព្រោះខ្ញុំមិនហ៊ានប្រឈមមុខ ហើយក៏មិនអាចឱ្យគេឃើញតំណក់ទឹកភ្នែកពេលនោះដែរ៖
«សូមទោសរឿងគ្រប់យ៉ាងដែលខ្ញុំធ្លាប់ធ្វើចំពោះលោក! សូមទោស…»
«ខ្ញុំមិនដែលទុកវាក្នុងចិត្តទេមេសា! កុំបារម្ភអី!»
ខ្ញុំឃាត់មិនបានទេពីតំណក់ទឹកភ្នែកដែលប្រដេញគ្នាស្រក់។ បេះដូងកកក្រោមពន្លឺព្រះសូរិយាច្រើនអង្សារ។ វាគួរណាស់តែខ្ញុំសប្បាយចិត្ត ដែលទីបំផុត ខ្ញុំពិតជាអាចសូមទោសគេផ្ទាល់មាត់ តែហេតុអី វាបានត្រឹមបង្កើនការឈឺចាប់ពេញបេះដូងខ្ញុំទៅវិញត្រឹមមួយឃ្លាចុងក្រោយរបស់គេ?
«មិនទុកក្នុងចិត្ត» ស្មើនឹងពាក្យថាមិនដែលមានខ្ញុំក្នុងចិត្តតាំងពី១៥ឆ្នាំមុន? សមដែរទេ ចាយពេលឈឺចាប់យូរសែនយូរ ដើម្បីដោះដូរនឹងពាក្យប៉ុន្មានម៉ាត់នេះ?
ចាប់ពីពេលនោះ ពួកយើងក៏លែងបានចួបគ្នាទៀត បងកុសលប្រាប់ថា គេត្រលប់ទៅរស់នៅបរទេសជាមួយគ្រួសារលោកប៉ានិងមិត្តស្រីក្រោយបុណ្យរម្លឹកខួបប្អូនប្រុសបញ្ចប់ ឯខ្ញុំដ្បិតថាអ្វីគ្រប់យ៉ាងកន្លងផុតទៅ ពិត តែហាក់ដូចក្តីស្រមៃ តែ…ខ្ញុំបែរជាគ្មានអារម្មណ៍ស្តាយក្រោយនឹងការចំណាយពេលច្រើនយ៉ាងនេះដើម្បីគេ…
យាន ហុងលី គ្រប់យ៉ាងដែលខ្ញុំធ្វើ វាអាចដោះដូរនឹងស្នាមញញិមលោក សុភមង្គលដែលលោកមានពេលនេះ វាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ទោះវត្តមានលោកដែលខ្ញុំតែងទាមទារ វានៅតែជាក្តីសុបិនសម្រាប់បេះដូងកម្សត់មួយនេះ ទោះលោកមិនចង់ចងចាំអតីតកាលរវាងយើង និងមិនធ្លាប់គិតសោះថា អាចមានមនុស្សស្រីល្ងង់ម្នាក់ដែលស្ពាយកំហុស ស្ម័គ្រចិត្ត តស៊ូរង់ចាំលោក ខ្ញុំក៏ព្រម…
យ៉ាងណា ខ្ញុំក៏នៅអាចនិយាយពាក្យថា«សូមទោស!» «សុខសប្បាយទេ?» នៅចំពោះមុខលោក ហើយលោកក៏បានស្តាប់ឮ ខ្ញុំអស់ចិត្តហើយ…
«ឆាប់ជាណាហុងលី!»
ពីខ្ញុំ…មេសា៕
4 Comments
សុំអង្វរ មានភាគតមក ព្រោះអាណិតតួស្រីណាស់
ភាគបន្តមានហើយ https://www.meysansotheary.com/archives/9924
ការរងចាំជាច្រើនឆ្នាំប្រែអត់ន័យ ឈឺបំផុតពេលដែលចាកចេញយើងក៍មិនបានដឹង ពេលបានជួបក៍មានមនុស្សផ្សេងៗនៅក្បែរតើតូស្រីធ្វើចិត្ដបានបែបណា ? ប្រសិនបើញ៉ុមជាមនុស្សស្រីម្នាក់ក្នុងស្ថានភាពមួយនេះញ៉ុមច្បាស់ជាសួរហេតុអ្វីទៅជាបែបនេះនឹងរត់ចេញពីនោះហើយ?
ភាគបន្តនៃរឿង ១៥ឆ្នាំក្រោយ
https://www.meysansotheary.com/archives/9924
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ