រឿង៖ បងប្រុស

ខ្ញុំឈ្មោះម្លិះ ជាកូនស្រីតែម្នាក់ក្នុងចំណោមបងប្អូនពីរនាក់ ខ្ញុំមានបងប្រុសម្នាក់គាត់ឈ្មោះដាយុត តែខ្ញុំនិងម៉ែហៅតែ យុតៗទេងាយជាង។ ជីវិតដែលកើតក្នុងគ្រួសារមួយមានជីវភាពមិនសូវជាធូរធាប៉ុន្មានទេមានមេខ្វះបា។
ខ្ញុំតែងក្រោកពីយប់ម៉ោង៣ទាបភ្លឺជារៀងរាល់ថ្ងៃ ដើម្បីយកបន្លែទៅលក់នៅឯផ្សារដោយសារគ្រួសារទើបខ្ញុំត្រូវប្រថុយទាំងយប់ ដេកមិនឆ្អែតពេលខ្លះចួបរឿងអាក្រក់ៗ តាមផ្លូវដែលខ្ញុំយកបន្លែទៅលក់ក៏មាន។ បងប្រុសរបស់ខ្ញុំគាត់តែងតែដាស់តឿននឹងឱ្យខ្ញុំឈប់ពីការចេញលក់បន្លែនេះព្រោះវាបានប្រាក់តិចហើយមានគ្រោះថ្នាក់ ម្យ៉ាងខ្ញុំជាស្រីទៀត។
“បងគិតថាឯងល្មមឈប់លក់បន្លែស្អីនឹងទៅ!” បងយុតមកពីដើរលេងភ្លាមស្ដីឱ្យខ្ញុំភ្លាម
“ហេតុអីបងយុត? វាមានអីអាក្រក់ឯណា?” ខ្ញុំតបទាំងដៃកំពុងរៀបចំចងស្លឹកផ្ទីនិងព្រលិតត្រៀមទុកចេញយកទៅលក់ព្រឹកស្អែក៖
“បន្លែលក់បានតិចតួចណាឯងគួរយល់ពីស្ថានភាពផងម៉ោងបីបួនទាបភ្លឺមិនមែនម៉ោងបីបួនល្ងាចទេ ពួកអាមនុស្សអាក្រក់ៗវាមិនទាន់ទៅណាទេនៅជិតៗយើងហ្នឹង យើងខ្លាចថាលុយដែលឯងបានមកវាមិនអាចជួយស្អីបានផង រឹតតែនាំបញ្ហាដល់ឯងទៅវិញ”
ខ្ញុំសម្លឹងមុខបងប្រុសខ្ញុំរួចដើរទៅយកខ្សែចងបន្លែតមុននឹងតបទៅគាត់៖
“ចុះបងគិតថាខ្ញុំមិនខ្លាចមែន? តែបងក៏ឃើញថាគ្រួសារយើងត្រូវការលុយណាស់ម៉ែពេលនេះក៏ឈឺបងក៏ដឹងតើ? បើរវល់តែអង្គុយខ្លាចបានលុយពីណា?”
“អឺ! និយាយមិនដែលស្ដាប់ចាំមើលយើងមិនរវល់នឹងឯងទេ ចាំមើលទៅ!”
គាត់ស្ដីទាំងខឹងខ្ញុំហើយក៏ដើរទៅក្រៅផ្ទះបាត់ទៅ ខ្ញុំនិងគាត់ទាស់សម្ដីគ្នាសឹងរាល់ថ្ងៃ។ ខ្ញុំមិនយល់ត្រង់ថាមនុស្សពេលខ្លះភ្លាវណាស់ បើគាត់បារម្ភ ហើយខ្វល់ពីសុខទុក្ខប្អូនស្រីម្លឹង ម៉េចមិនព្រមទៅធ្វើការរកលុយមក?
ខ្ញុំពិបាកចិត្តរាល់លើកដែលគាត់ចេញពីផ្ទះ គាត់មានមិត្តច្រើន ហើយក៏មិនសូវជាល្អប៉ុន្មានទេខ្ញុំខ្លាចថា គាត់រាប់អានចំមនុស្សអាក្រក់នាំគាត់ចូលផ្លូរខុស ម៉ែរបស់ខ្ញុំតែងតែពិបាកចិត្តពេលឃើញបងយុតចេញក្រៅម្ដងៗ
“ម៉ែហា! ម៉ែកុំគិតច្រើនអីបន្ដិចទៀតបងយុតមកវិញហើយ តុះម៉ែហូបបាយខ្ញុំដួសឱ្យណា”
“ចាំបងឯងសិនទៅ ក្រែងវាមកវិញហូបជុំគ្នា”
“ម៉ែដូចជាមិនដឹងបងយុត ហោចណាស់ក៏ម៉ោង១១យប់ដែរណាម៉ែ កុំចាំអីហូបមុនទៅម៉ែលេបថ្នាំនឹងឆាប់បានសម្រាន្តផងណា”
“អើៗ! ក៏បាន”
ខ្ញុំក៏បានធូរចិត្តបន្ដិចក្រោយពីសម្រួលឱ្យម៉ែពិសារបាយបាន ម៉ែគាត់គិតពីបងប្រុសខ្លាំងរហូតពេលខ្លះគាត់ឈឺលើសដើមខ្ញុំមិនយល់ពីបងយុតសោះថាគាត់កំពុងគិតអី? ហេតុអ្វីក៏ចូលចិត្តដើរលេងយប់ៗបែបនេះ ? រាល់ថ្ងៃខ្ញុំខ្លាចបំផុតខ្លាចថាគាត់ដូចអ្វីដែលខ្ញុំគិតទេ?
តែសង្ឃឹមថាបងប្រុសខ្ញុំមិនមែនជាមនុស្សបែបនោះចុះ។ ក្រោយពីអង្គុយមើលមេរៀនក្រោមពន្លឺព្រះចន្ទ ជាមួយពន្លឺចង្កៀងប្រេងកាតដ៏តូចរបស់ខ្ញុំនៅលើគ្រែមុខផ្ទះ អស់ពេលយូរគួរសមនៅតែមិនឃើញស្រមោលបងប្រុសមកផ្ទះដដែល។
“ហ៊ឹម! បងយុតអើយបងយុត! កាលបានធំដើរមិនគិតពីអ្នកនៅផ្ទះថាគេបារម្ភទេអី? ”
ខណៈពេលខ្ញុំកំពុងអង្គុយក្រោកចុះឡើង សម្រិបជើងជាន់ស្លឹកស្វាយមុខផ្ទះក៏លាន់ឡើង។
“នរណា?” ដោយសារតែខាងក្រៅងងឹតឈឹង ទើបខ្ញុំមើលមិនច្បាស់ថាជានរណា? ខ្ញុំបានងើបពីគ្រែដើរទៅមើលថាជានរណាប្រាកដ?
“ម្លិះ!កូនទៅណា?” សំឡេងអ្នកម្ដាយរបស់ខ្ញុំបានហៅឃាត់ដំណើរខ្ញុំមិនឱ្យដើរទៅមុខ
“កូនឃើញដូចនរណាដើរកាត់មុខផ្ទះយើងណាម៉ែ”
“គ្មាននរណាទេ យប់ជ្រៅហើយចូលក្នុងផ្ទះមក”
“តែថា..បងយុតនោះ?”
“កុំភ័យអីបន្ដិចទៀតបងឯងវាមកហើយ”
“ចាសម៉ែ” ខ្ញុំពិតជាឆ្ងល់ណាស់ថានរណាដើរហ្នឹង? ហើយម៉ែដូចជាមានអ្វីលាក់បាំងខ្ញុំ តែមិនហ៊ានសួរ ។
សំឡេងមាន់រងាវគឺជាសញ្ញាដាស់ខ្ញុំ ឱ្យក្រោកដើម្បីយកបន្លែទៅលក់ ពិតណាស់នេះម៉ោងទើប៣ទាបភ្លឺទេ ខ្ញុំឆាប់ងើបលក់ឆាប់អស់នឹងឆាប់បានទៅផ្ទះផង។
“ម្លិះ! មកវ៉ឺយ” នេះជាសំឡេងរបស់ សៅរីនិងអាប៉ាវមិត្តខ្ញុំពួកវាតែងមកហៅខ្ញុំរាល់ថ្ងៃដើម្បីទៅលក់បន្លែជាមួយគ្នា
“អឺៗ យើងទៅហើយ”
ខ្ញុំរត់ទៅដាក់បន្លែលើកង់នឹងរៀបចំចេញដំណើរយ៉ាងណាក៏មិនភ្លេចដាស់ប្រាប់ម៉ែ ដែលជាពាក្យខ្ញុំតែងនិយាយរាល់ព្រឹក
“ម៉ែហា៎! កូនទៅលក់បន្លែហើយណា” សំឡេងរបស់ខ្ញុំឈរនិយាយពីមុខផ្ទះទៅរកម៉ែដែលកំពុងអង្គុយមើលខ្ញុំនៅមាត់ទ្វារ
“ជិះកង់ប្រយ័ត្នប្រយែងផងណា អាប៉ាវអើយជួយមើលម្លិះឱ្យមីងផងណា សៅរីដូចគ្នា”
“បាទ!មីង”
“ចាសមីងខ្ញុំដឹងហើយ ម្លិះដូចជាបងប្អូនខ្ញុំអ៊ីចឹងកុំបារម្ភអី”
“តុះ! ទៅប្រយ័ត្នមករៀនមិនទាន់ម៉ោងថ្ងៃនេះប្រឡងផង មីងៗខ្ញុំទៅហើយ”
“អឺៗ”
ចំណោទជីវិត…
ថ្ងៃនេះខ្ញុំបានទៅសាលារៀនដូចជារាល់ដងតែថាថ្ងៃនេះឮសំឡេង ខ្សឹបខ្សាវគ្នាពេញនឹង រឿងសិស្សប្រុសៗមួយចំនួនត្រូវលោកគ្រូចាប់បានពួកគេជក់បារីក្នុងថ្នាក់រៀនខុសវិន័យខាងសាលា កំពុងហៅអាណាព្យាបាលមកចួប
“ម្លិះឯងដឹងទេ ថាសិស្សប្រុសៗនោះនៅភូមិណាខ្លះ?”
សៅរីបានសួរមកខ្ញុំដោយសារខ្ញុំជាក្រុមយុវជនទាំង ១៦ រូបទើបដឹងច្រើនពីបញ្ហាទាំងនេះនិងគោលដៅបន្ដៗដែលខាងសាលារៀបចំ ជាងសិស្សដទៃ
“អ៊ឹម..តិចតួចណាឯង យ៉ាងណាពួកគេក៏ខុសបន្ដិចទៀតគ្រួសារពួកគេនឹងមកដោះស្រាយហើយ”
“ដឹងយ៉ាងណាទេឯង ម្យ៉ាងសាលាយើងរឹតបន្ដឹងផង ស្រួលមិនស្រួលដេញចេញពីសាលាទៀត”
“មិនដល់ថ្នាក់នោះទេណាសៅរី លោកគ្រូវិន័យមិនចិត្តអាក្រក់ដល់ម្ល៉ឹងទេ គាត់យ៉ាងហោចណាស់ក៏ផ្ដល់ឱកាសដើម្បីកែខ្លួនដែរណាឯង ”
“អឺៗ..គ្នាសង្ឃឹមបែបនោះចុះណា ”
“តុះ! ទៅហូបបាយឃ្លានណាស់ ”
ក្រោយពីនិយាយរួចពួកខ្ញុំបាននាំគ្នាទៅហូបបាយនៅតុបាយ ដែលតែងតែហូបជាប្រចាំ។ កំពុងហូបៗ ស្រាប់តែ សិស្សស្រីៗមួយក្រុមដើរមក តុបាយរបស់ពួកខ្ញុំ ក្នុងនោះមាន រីតា នាងជាមិត្តចាស់របស់ខ្ញុំតែក៏បែកបាក់ដោយសារខ្ញុំមានជីវភាពមិនដូចពួកគេ នាងក៏ទៅដើរចូលក្រុម សូរិយា ដែរជាសិស្សស្រីស្អាតប្រចាំសាលា នរណា ៗក៏ស្គាល់ដែរ
“អេៗ! ពួកយើងឮថា ដូចជាមានអ្នកក្លាហានចាប់បានក្រុមសិស្សដែលជក់បារីនៅម្តុំនេះវ៉ើយ”
“មែនហើយបងដូចជាចេះដឹងជ្រុល! ជ្រេញណាស់! ”
សូរិយា នឹង វិរ័ត្ន បាននិយាយឌឺដងឱ្យខ្ញុំ តែខ្ញុំមិនតបតដៃនៅតែបន្ដដួសបាយហូបធម្មតាតែថាសៅរីនាងមិនពូកែទ្រាំដូចជាខ្ញុំឡើយនាងឆេវឆាវណាស់ ខ្ញុំចាប់ដៃនាងឱ្យស្ងៀមតែនៅតែមិនស្ដាប់
“ស្អីពួកឯងហ្នឹង? សុខៗមកនិយាយផ្លែផ្កាស្អីហា៎?” រំពេចនោះ សូរិយាបានដើរចូលមកក្បែរសៅរី ហើយដាក់ដៃនាងលើស្មាសៅរី ព្រមទាំងលេងសម្ដីទៀតផង
“នេះសៅរី ឯងជាឈ្នាន់កង់របស់ម្ល៉េះពីកាលហាស? ”
ឮហើយខ្ញុំដូចជាចាប់ផ្ដើមឈឺចិត្ត នឹងឆ្ងល់បន្ដិចហើយ ឈ្នាន់កង់ស្អីគេ ? សម្ដីរបស់សូរិយា ចង់បានន័យថា “ខ្ញុំបោកសៅរី ប្រើឬ?”ហេតុអីបានជាសូរិយានិយាយអ៊ីចឹង ?
“ស្អីឈ្នាន់កង់ស្អីឯងហាស? នរណាឈ្នាន់នរណា? ខ្ញុំមិនយល់ទេ?”
សៅរីបានសួរទៅសូរិយាម្ដងទៀតឯអ្នកដែលបានស្ដាប់ឮហើយក៏សើចតិចៗបែបឌឺ
“ពុទ្ធោៗ សៅរី នេះនាងមិនយល់ពាក្យថាឈ្នាន់កង់ទេឬ? ហ៊ឹម..ហេតុអ្វីនាងល្ងង់យ៉ាងនេះ? បែបនេះតើបានជាអ្នកខ្លះបោកប្រើស្រួលណាស់”
ប្រយោគចុងក្រោយសូរិយានាងបានសម្លឹងមកខ្ញុំ ក្ដៅណាស់! ឈប់ទ្រាំហើយមិនមាត់តបតព្រោះមិនចង់ឈ្លោះ!តែមនុស្សដូចនាងសូរិយានេះមិនប្រដៅខ្លះមិនបានទេ!
“បានហើយ! ល្មមៗបានហើយសូរិយា! ខ្ញុំដឹងថានាងមិនចូលចិត្តខ្ញុំ តែសូមមេត្តាកុំមក
និយាយបំបែកបំបាក់មិត្តភាព ខ្ញុំនិងសៅរី ឬនាងច្រណែនដែលខ្ញុំនិងសៅរី ស្និទ្ធស្នាលគ្នាដូចជាបងប្អូនខុសពីនាងនិងមិត្តនាង រាប់អានគ្នាឃើញតែផលប្រយោជន៍?”
ទឹកមុខសូរិយាសម្លឹងមកខ្ញុំដូចជាចង់ស្ទុះមកខាំខ្ញុំទៅហើយ
“នេះនាងនិយាយស្អីហាស? ផលប្រយោជន៍ស្អី ? ហើយយើងមិនដែលច្រណែននាងសូម្បីបន្ដិច ! អីគេច្រណែនឬ? ក្ររហាម រកតែខោអាវពាក់ល្អនឹងគេមិនបានផង! គិតថាយើងច្រណែនអ៊ីចឹង? ឆឹស! ចេះតែនិយាយរួច”
“មែនហ្នឹង ម្លិះកោតតែឯងនិយាយរួចពួកខ្ញុំច្រណែនស្អីនាង ហើយយើងនិង អ្នកឯទៀតរាប់អានគ្នាជាមួយសូរិយា គឺព្រោះពួកយើងមានដូចគ្នា ស្រលាញ់គ្នា មិនមែនស្គាល់តែផលប្រយោជន៍ ឬ បោកប្រើដូចនាងទេ”
មិត្តរបស់សូរិយាម្នាក់ទៀតនិយាយលើកជើងសូរិយាណាស់ តែមិនអីទេខ្ញុំនឹងបកស្បែកមុខសូរិយា នៅបន្ដិចទៀតនេះ ឱ្យមិត្តរបស់នាងបានឃើញ ពីចរិតពិតរបស់នាង
“ហេតុអ្វី ពួកឯងចូលចិត្តនិយាយកាន់ជើង សូរិយាម្ល៉េះ? ឬពួកឯងមិនដឹងទេថាសូរិយា ជាមនុស្សបែបណា?”
សម្ដីខ្ញុំតែប៉ុណ្ណឹងធ្វើឱ្យ ពួកគេសម្លឹងមុខខ្ញុំបាត់ទៅហើយជាពិសេសសូរិយា
“ឯងចង់និយាយស្អីហាស ម្លិះ?”
សូរិយានាងពុំបានដឹងទេថា រឿងនាង បោកមិត្តនាងខ្ញុំដឹងឮជាច្រើនយ៉ាង តែខ្ញុំមិនដែលគិតរវល់ព្រោះពុំមែនជារឿងខ្ញុំតែដោយសារនាងរករឿងខ្ញុំទើបថ្ងៃនេះចង់ឱ្យនាងស្គាល់ថ្នាំខ្លាំងម្តងកុំឱ្យនាងចេះតែដើរអាងចាងពេក។
“គឺរឿងដែលនាងឱ្យសុគិ្រតធ្វើជាឈឺហើយរៃលុយគ្នាទៅទិញអីឱ្យសុគិ្រតទាំងការពិតសុគិ្រតមិនឈឺ តែនាងបោកលុយមិត្តនាងនោះអី?”
ស្ដាប់ឮហើយម្នាក់ៗស្រឡាំងកាំង មុខសូរិយាស្លេកដូចខ្មោចប្រកែកខ្ញុំទាំងរដាក់រដុប
“ទេៗ..គឺៗកុំជឿនាងអី ពួកឯង ម្លិះវាច្រណែនយើងទេ ដែលមានមិត្តល្អដូចជាពួកឯង”
“មែនហ្នឹង! ម្លិះ ឯងយកស្អីមកនិយាយនឹងហាស? អ…ឯងនេះពូកែប្រតិដ្ឋរឿងណាស់”
មិត្តសូរិយានេះម្នាក់ៗសុទ្ធតែស្រលាញ់នាងណាស់ តែហេតុអ្វីបានជាសូរិយា បោកពួកនាងខ្ញុំឆ្ងល់ហើយនេះ?
“ខ្ញុំមិននិយាយអ្វីទៀតទេ ដល់ម៉ោងចូលរៀនហើយ សៅរីតុះ!”
ខ្ញុំក្រោកពីតុដើម្បីទៅថ្នាក់រៀនតែថា សូរិយានិងមិត្តនាងមិនព្រមដោះលែងខ្ញុំងាយៗទេ
“ចង់ទៅណា!!”
“អេ៎! ពួកឯងចង់យ៉ាងម៉េចហ្នឹង គឺទៅរៀននឹងណា”
“សៅរីទៅបាន! តែម្លិះ! នាងទៅណាមិនបានទេ!”
ឮហើយខ្ញុំពិតជាធុញទ្រាន់នឹងសូរិយាណាស់ នាងតែងតែបង្ករឿងមិនចេះចប់មិនចេះហើយខ្ញុំទប់ស្ទើរមិនជាប់ទេ តែក៏ព្យាយាមអត់ធ្មត់បំផុតតាមដែលអាចធ្វើបាន ខ្ញុំងាកទៅ
ញញឹមបន្ដិចមុនតបទៅសូរិយា
“សូរិយា នាងស្អាតណាស់នាងឆ្លាត ពូកែខ្ញុំចង់ឱ្យសូរិយា ស្អាតជាងនេះបន្ថែមទៀត”ប្រយោគខ្ញុំជឿថា ធ្វើឱ្យពួកគេភាំងព្រោះខ្ញុំត្រូវតែនិយាយបែបនេះដើម្បីដោះស្រាយកាលទេសពេលនេះ សូរិយាញញឹមបន្ដិច ក៏ឆ្ងល់តែក៏មិនសួរជាឱកាសដែរខ្ញុំដើរចេញបានយ៉ាងងាយ ។
ថ្ងៃនេះអ្នកគ្រូបានឱ្យសិស្សទាំងអស់រៀបរាប់ពីប៉ា គ្រប់គ្នាសរសេរអស់ហើយឯខ្ញុំនៅឡើយមិនដឹងថា សរសេរពីចំណុចណាល្អ ? ខ្ញុំកាន់ប៊ិកបង្វិលទៅមកជាច្រើនដង សៅរីនិងអាប៉ាវ ដឹងថាខ្ញុំកំពុងតែពិបាកក្នុងការសរសេរព្រោះពួកយើងធំឡើងជាមួយគ្នា អ៊ីចឹងពួកគេដឹងថាខ្ញុំ មិនបានដឹងថាប៉ាមានមុខមាត់បែបណាផង? ភ្លាមនោះជួនជាអ្នកគ្រូក៏ដើរមកដល់តុខ្ញុំល្មម
“ម្លិះ ហេតុអ្វីក៏ក្រដាសទទេបែបនេះ? ម៉ោងដល់ឥឡូវហើយម៉េចក៏ប្អូនមិនសរសេរអត្ថបទចូលក្រដាសអ៊ីចឹង? ”
នេះជាចំណោទមួយដែល ខ្ញុំពិតជាពិបាកក្នុងការឆ្លើយ គួរប្រាប់ថា ប៉ាខ្ញុំស្លាប់ចោលខ្ញុំ ឬ ក៏សរសេរថា ប៉ាខ្ញុំទៅចោលពួកខ្ញុំដោយសារមានប្រពន្ធថ្មីគាត់? តែយ៉ាងណាខ្ញុំនៅតែឆ្លើយសំណួរអ្នកគ្រូដដែល
“គឺសុំទោសអ្នកគ្រូ ខ្ញុំមិនដឹងថាត្រូវសរសេរបែបណាល្អ?”
“ហេតុអ្វីក៏ប្អូននិយាយបែបហ្នឹង? មានអ្វីកើតឡើងលើគ្រួសារប្អូនឬ?”
“គឺ…ថាខ្ញុំ..” ភ្លាមនោះសំឡេងនៅខាងក្រៅបានស្រែកហៅឈ្មោះរបស់ខ្ញុំ
“ម្លិះ! នៅណា?” ខ្ញុំបានសុំអ្នកគ្រូចេញទៅខាងក្រៅមួយភ្លែតនោះ!បងយុត! គាត់មកទីនេះបានយ៉ាងម៉េច? ឬម៉ែមានរឿងអី ?
“បងយុត! មានរឿងអីមែន? ឬម៉ែមិនស្រួលហាស?”
“គ្មានស្អីទេ …តែថាមានសំបុត្រផ្ញើមកពីភ្នំពេញជារបស់ឯង ហើយគេប្រាប់ថាឱ្យបើកអានភ្លាមៗ បងទៅវិញហើយប្រញាប់ណាស់”
“ហីបងទៅណា? មិនទៅថែម៉ែទេ? ទុកម៉ែចោលអ៊ីចឹងអី?”
“កុំរៀនរអ៊ូច្រើនពេក បើកមើលទៅហើយចូលទៅរៀនវិញទៅប្រយ័ត្ន ចាញ់ពិន្ទុគេ”
បងប្រុសខ្ញុំគាត់និយាយរួចក៏ទៅបាត់ជាមួយមិត្តគាត់ អេ!ចុះសំបុត្រនេះ ជារបស់អ្នកណាផ្ញើមកខ្ញុំគ្មានមិត្តឯណានៅភ្នំពេញទេ? ហេតុអ្វីមានគេផ្ញើមក? ខ្ញុំចូលមកក្នុងថ្នាក់រៀនរួចបើកសំបុត្រមើលរួចអានក៏ភ្ញាក់ព្រើត នេះខ្ញុំយល់សុបិនឬ?
_ មកដល់កូនស្រីប៉ាម្លិះម្លិះ ប៉ាសុំទោសដែលទុកកូន ម៉ែកូននិងបងប្រុសចោលឱ្យពិបាក តែប៉ាសន្យាថា មិនយូរទេ ប៉ានឹងត្រលប់ទៅចួបជុំគ្រួសារយើងវិញ ប៉ានឹកកូនណាស់ម្លិះ ពេលនេះប៉ាសុខទុក្ខធម្មតាទេ ប្រឹងរៀនណាកូន មិនយូរទេ ប៉ានឹងទៅរកកូនក្នុងពេលឆាប់ៗនេះ ហើយលុយ២០ម៉ឺននេះកូនទុកធ្វើជាទុនរៀនណាកូន ខែក្រោយៗប៉ានឹងផ្ញើទៅទៀត។ពីប៉ាដែរស្រលាញ់នឹងនឹកកូនជាទីបំផុត។
………………
សំបុត្របានអានចប់ទឹកភ្នែកជាច្រើនដំណក់បានហូរចុះមក តាំងពីកើតមកតាំងពីអាយុ ៩ឆ្នាំ នេះជាលើកដំបូងដែលខ្ញុំបានទទួលសំបុត្រប៉ារបស់ខ្ញុំទោះបីមិនបានចួបមុខគាត់ផ្ទាល់ក៏ដោយ។ អានរួចខ្ញុំក៏ប្រញាប់សរសេររៀបរាប់ពីប៉ាយ៉ាងលឿនទោះបីសរសេរបានខ្លីក៏ដោយ ព្រោះរវល់អានវីសហួសម៉ោង។រឿងស្មានមិនដល់_
រយៈពេលកន្លងមកជាង ៦ខែដែលខ្ញុំបានទទួលសំបុត្រពីប៉ារបស់ខ្ញុំ រួមទាំងលុយ មួយចំនួនដែលប៉ាតែងផ្ញើមកម្ដង ៤០ម៉ឺន ៣០. ២០. តែរឿងនេះខ្ញុំ ពុំទាន់បានប្រាប់ម៉ែនៅឡើយដោយសារប៉ាសុំមិនឱ្យប្រាប់គាត់ តើហេតុអ្វីបានជាគាត់ហាមមិនឱ្យប្រាប់ម៉ែ?
សូម្បីបងប្រុសរបស់ខ្ញុំ ចុះតើខ្ញុំគួរលាក់បាំងនឹងម៉ែរហូតមែនដែលទេ? ថ្ងៃនេះខ្ញុំទៅយកបន្លែលក់ដូចជារាល់ដង ទោះបីលុយដែលប៉ាផ្ញើមករាល់ខែ តែខ្ញុំក៏មិនអាចបោះបង់ការងារដែលខ្ញុំធ្លាប់រកបានដែរ កំពុងតែរៀបចំម៉ែក៏មកដល់ល្មម
“អរ!ម៉ែ..”
“អឺ..ម្លិះ បងឯងទៅណាមួយថ្ងៃនឹងអត់ឃើញសោះ?” មែនខ្ញុំក៏ឆ្ងល់រាល់ដងតែងតែ
ឃើញគាត់មកឈ្លោះនឹងខ្ញុំបន្ដិចបានគាត់ទៅក្រៅ ចុះម៉េចថ្ងៃនេះមិនឃើញ បាយថ្ងៃត្រង់ក៏មិនមកហូប
“អ៊ឹម! ប្រហែលបងយុតទៅផ្ទះមិត្តគាត់ដឹងម៉ែ ចាំមើលបន្ដិចទៀតកូនជិះកង់ទៅគាត់ឱ្យម៉ែអង្គុយសិនទៅ”
ខ្ញុំនិយាយចប់ទុកបន្លែសិនក៏ទាញកង់រួចជិះចូលក្នុងភូមិទៅផ្ទះ បងឆាយ ដែលជាមិត្តគាត់ក្រែងគាត់ទៅទីនោះ ព្រោះមានតែបងឆាយទេ ដែលបងយុតស្និទ្ធជាងគេ។ ពេលនោះជិះកាត់ចម្ការស្វាយខ្ញុំក៏បានឃើញ ម៉ូតូនិងកង់ មានក្រុមក្មេងប្រុសៗ អង្គុយជុំៗគ្នាជាច្រើននៅទីនោះ ខ្ញុំចាប់ផ្ដើមសង្ស័យហើយ ម្នាក់ពាក់អាវក្រឡាសខ្មៅមួកពណ៌ខ្មៅដូចជា
ស្រដៀងៗ អាវនោះ ដូចជាអាវបងយុតណាស់ ពិតទេដែលជាបងយុតនោះ? អេ!ហើយគាត់នាំគ្នាធ្វើស្អីនៅទីនោះ?
“បងយុត!” សំឡេងរបស់ខ្ញុំបានធ្វើឱ្យក្រុមមនុស្សទាំងអស់នោះងាកមកទាំងហ្វូង ទឹកមុខ និងខ្សែភ្នែកដែលសម្លឹងមកខ្ញុំ ខ្ញុំបុកពោះភឹបៗម៉ង ពិតណាស់បងយុតមែន
“ម្លិះមករកស្អីទីនេះហាស?”
“សំណួរនេះខ្ញុំសួរបានត្រូវ! ហីបងឯងមកអង្គុយស្អីទេនេះហាស? បងឯងកុំប្រាប់ថា បងឯងប្រើវាណា?” បងយុតខឹងខ្ញុំរួចអូសខ្ញុំចេញពីទីនោះយ៉ាងលឿន
“ហើយយ៉ាងម៉េចឯងហាស? សុខៗមកជេរយើងកណ្ដាលហ្វូងហ្នឹង?”
“ហើយចុះបងឯងធ្វើស្អីដឹងខ្លួនទេ? បងៗ!ឯងនេះ! មានដឹងទេថា រាល់ថ្ងៃនេះខ្ញុំស្អប់! ស្អប់វាប៉ុណ្ណា? ម៉ែដឹងគិតម៉េចហាសបងយុត?”
“ឯងកុំមាត់ទៅ! ចប់ហើយ!”
“កុំមាត់! ចុះបើប៉ូលីសចាប់បងឯងបាន ម៉ែគាត់គិតម៉េច? បងឯងម៉េចក៏មិនយល់ពីអារម្មណ៍ម៉ែនិងខ្ញុំផង បងឯងក៏ដឹងថាយើងមានតែ៣នាក់ម៉ែកូនឬបងឯងចង់ឱ្យប៉ូលីសចាប់ហើយ បានបងឯងដឹងខុស! បងយុតខ្ញុំសុំឈប់ប្រើវាទៅណាៗ បងយុតណា”
ខ្ញុំពិតជានិយាយអ្វីមិនចេញពេលដឹងថាបងយុតដូចអ្វីដែលខ្ញុំធ្លាប់បានគិត គាត់ប្រើថ្នាំដ៏អាក្រក់នេះតាំងពីថ្ងៃណា មកខ្ញុំមិនដឹងផងទឹកភ្នែកខ្ញុំហូរចុះស្របពេលដែរខ្ញុំទន់ជើងដាក់ខ្លួនដល់ផ្ទៃស្មៅដែលនៅកណ្ដាលព្រៃនេះ គាត់ធ្វើឱ្យខ្ញុំខូចចិត្តជាខ្លាំង
“អឺៗ បងសន្យាថាឈប់ប្រើវា បងសន្យាតែឯងហាមមាត់ឮដល់ម៉ែណា”
ខ្ញុំញញឹមបន្ដិចតែថាខ្ញុំមិនជឿងាយៗទេ ខ្ញុំនឹងតាមដានបងយុតបន្ដទៀតពាក្យសន្យារបស់គាត់មិនប្រាកដថាគាត់ធ្វើបាននោះទេ ខ្ញុំដឹងចរិតបងយុតច្បាស់ណាស់។
ក្រោយពីនិយាយគ្នារួចបងយុតក៏បានឌុបកង់ខ្ញុំទៅផ្ទះជាមួយគ្នាខ្លាចម៉ែបារម្ភ ម្យ៉ាងមេឃក៏ងងឹតដែរ លុះមកដល់ផ្ទះម៉ែក៏គាត់កំពុងអង្គុយចាំពួកខ្ញុំនៅមាត់ទ្វារដែលគាត់តែងតែអង្គុយចាំបងយុត
“រវល់នាំគ្នាទៅណាបានជាថ្មើរនេះទើបមកផ្ទះ?” បងយុតចុះពីកង់រួចដើរទៅក្បែរម៉ែនិយាយយ៉ាងយកចិត្តខ្លាចម៉ែខឹង
“គឺខ្ញុំនិងប្អូនទើបមកពីផ្ទះ ឆាយនឹងណាម៉ែ”
“អឺ ហើយឃ្លានបាយនៅ? តុះនាំគ្នារៀបចំបាយ”
“ម៉ែមិនទាន់ហូបទេ?” បងយុតគាត់មិនដែលចាប់អារម្មណ៍ទេថា ម៉ែតែងរងចាំបាយគាត់ទើបគាត់ភ្ញាក់ផ្អើលនៅថ្ងៃនេះ
“បានន័យថា…”
“បានន័យថា ម៉ែតែងចាំបាយបងបែបនេះរាល់ថ្ងៃឬបងមិនឆ្ងល់ទេអីថា ហេតុអីពេលបងមកផ្ទះយប់ៗម៉ែតែងចាំបាយជាមួយបងនោះ?” បងយុតគាត់ស្ដាប់រួចទឹកភ្នែកក៏ហូរចុះមក គាត់សម្លឹងមុខម៉ែរួចងាកមកសម្លឹងមុខខ្ញុំដោយថែមប្រយោគប៉ុន្មានមាត់ផង
“កូនសុំទោសម៉ែ ម្លិះបងសុំទោស” ខ្ញុំរឹងមាំជាពាក្យម៉ែតែងតែនិយាយឱ្យខ្ញុំតែថ្ងៃនេះខ្ញុំចាញ់ទឹកភ្នែកបងប្រុសខ្ញុំហើយ គាត់ស្រក់ទឹកភ្នែកដោយការដឹងខុស ខ្ញុំសប្បាយចិត្តនឹងសង្ឃឹមថា គាត់នឹងធ្វើតាមសន្យា។
ទឹកចិត្តបងប្រុសខ្ញុំ…
ពេលវេលាកន្លងផុតទៅជាច្រើនខែ បងយុតក៏ធ្វើតាមសន្យារហូតគាត់ចូលផ្ទះពេលល្ងាចរាល់ម៉ោង ៥ ៦ មិនដើដាច់យប់ ជួយការងារម៉ែ ហើយតែងតែជួយរកចំណូលឱ្យគ្រួសារដោយគាត់ធ្វើជាកម្មករសំណង់មួយកន្លែង ថ្ងៃនេះបងយុតទៅកន្លែងការងារដូចរាល់ដងតែថាថ្ងៃនេះគាត់បាននិយាយអ្វីប្លែកៗ ដូចជាខុសធម្មតាធ្វើឱ្យខ្ញុំកក់សម្គាល់
“ម្លិះបើថ្ងៃណា មួយបងធ្វើអ្វីខុសធ្ងន់ធ្ងរលើម៉ែនិងឯង តើនឹងស្អប់បងដែលទេ?” ខ្ញុំឈប់បោកខោអាវមួយសន្ទុះ រួចងាកមកសម្លឹងមុខគាត់ដែលឈរផ្អែកពាងទឹកក្បែរនោះ
“បងយុតនិយាយស្អីនឹង? ខុសធ្ងន់? តើខុសរឿងអី? ឬបងឯង…”
គាត់ដឹងថាខ្ញុំចង់និយាយអី ទើបប្រញាប់ប្រកែកយ៉ាងលឿន
“ទេ! មានណាបងមិនបានប្រើថ្នាំនឹងទេ”
“ចុះសុខៗ សួរបែបនឹងធ្វើអីចុះ?”
“ក៏ ចេះតែសួរលេងៗទៅនឹងណា បានហើយបងទៅធ្វើការហើយកុំភ្លេចមើលបាយទឹកម៉ែផង”
“ចាសអញ្ជើញ លោកបងដឹងហើយកុំបារម្ភអី”
ម៉ោង១១ថ្ងៃត្រង់ហើយដោយសារថ្ងៃនេះជាថ្ងៃអាទិត្យទើបខ្ញុំមិនទៅសាលាទេ ខ្ញុំបានធ្វើសម្លរម្ជូរគ្រឿងម្ហូបដែលបងយុតនិងម៉ែចូលចិត្ត តែថានេះម៉ោង១១ជាងហើយហេតុអីបងយុតមិនទាន់មកផ្ទះ ខ្ញុំអង្គុយចាំគាត់ជាមួយម៉ែចាំហូបបាយជុំគ្នាចាំបាត់ៗ
“ម៉ែហា!បងយុតរាល់ថ្ងៃគាត់មកផ្ទះហូបបាយថ្ងៃត្រង់ទេម៉ែ?”
“គឺៗ មកតើកូន” សម្ដីម៉ែធ្វើឱ្យខ្ញុំសង្ស័យហើយរ
“ម៉ែមានអ្វីលាក់បាំងនឹងខ្ញុំ មែនទេ?”
“គ្មានទេ បងឯងមករាល់ដងតើសង្ស័យតែថ្ងៃនេះដឹងថាកូនអត់ទៅរៀនដឹងបានមិនមក”
“ខ្ញុំទៅតាមគាត់មកហូបបាយសិនណាម៉ែ” និយាយចប់ខ្ញុំក៏ទាញកង់បម្រុងជិះទៅ
ហើយ ស្រាប់តែបងយុតមកដល់ល្មម
“ចង់ទៅណា កាតឿ?” កាតឿ! ឈ្មោះនេះគាត់ខានហៅយូរមកហើយ គឺចាប់តាំងពីខ្ញុំធំដឹងក្ដីមកតែម្ដងនេះហេតុអ្វីក៏
“មកហើយ ទើបមកពីណាបងយុត?” ខ្ញុំសួរគាត់ដោយទឹកមុខក្រម៉ូវបងយុតដើរមកជិតរួចខោកក្បាលរបស់ខ្ញុំតិចៗ មុននឹងតបសំណួរខ្ញុំ
“មកពីធ្វើការនឹងហើយ ថីម៉េចសួរអ៊ីចឹង?”
“ហើយហេតុអ្វីយូរម្ល៉េះ? ម៉ែចាំបាយបងយូរហើយ”
“អឺ…បងសុំទោសព្រោះបងរវល់តែបង្ហើយការងារតិចនឹងណា”
“ យ៉ាប់ណាស់ មិនដឹងម៉ោងបាយទឹកសោះសង្ឃឹមថាខ្ញុំមិននៅ បងឯងមិនអ៊ីចឹងទេណា?” កំពុងតែស្ដីថា បងយុតសំឡេងម៉ែក៏ហៅទៅហូបបាយ
“យុត ម្លិះមកនាំគ្នាហូបបាយថ្ងៃត្រង់កូន”
“បាទ/ចាស ម៉ែ” និយាយរួចខ្ញុំក៏នាំគ្នាទៅហូបបាយខ្លាចម៉ែស្ដីឱ្យ។
យប់នេះផ្ទៃមេឃស្រឡះល្អណាស់ ខ្ញុំបានកាន់សៀវភៅមករៀនខាងក្រៅផ្ទះខ្យល់ត្រជាក់ល្អណាស់ ម៉ែក៏គាត់សម្រាន្តលក់បាត់ដែរ តែម៉ោងទើបតែ៧យប់ទេ តែជាទម្លាប់ពេលគាត់ពិសារបាយរួចគាត់ក៏សម្រាន្ត។ កំពុងតែអានសៀវភៅដៃនរណាក៏មិនដឹងបានដាក់លើស្មារបស់ខ្ញុំ ព្រលឹងខ្ញុំហោះបាត់ហើយភ័យឡើងញ័រ នរណា? ឬជាខ្មោច?
“ម្ចាស់ទឹកម្ចាស់ដីអើយកុំធ្វើបាបកូនចៅអីកូនមិនបានធ្វើអ្វីខុសទេ ហិហិ”
ក្រោយពីខ្ញុំនិយាយបន់ទាំងយំស្រាប់តែ ឮសំឡេងសើច ងាកទៅក៏ដឹងថាមិនមែនជាខ្មោចឬអ្នកតាស្រុកអីទេ តែជាបងប្រុសជើងល្អរបស់ខ្ញុំ
“បងយុត!!”
“ថី?”
“បងឯងធ្វើបាបខ្ញុំ”
“មានឯណា កាតឿឯងអ្នកនិយាយខ្លួនឯងទាំងអស់”
“បងឯង! ចាំមើលគេប្រាប់ម៉ែហើយ”
ខ្ញុំនិយាយរួចក៏បម្រុងងើបទៅលើផ្ទះតែត្រូវបងយុតចាប់ទាញអាវខ្ញុំជាប់
“យ៉ាងម៉េចនឹងបងយុត! មានការអីក៏និយាយមក” បងយុតក៏ដើរមកជិតខ្ញុំរួចក៏និយាយប្រយោគប្លែកៗ ដែលមិនធ្លាប់និយាយពីមុនមកទេ តាមធម្មតាគាត់និងខ្ញុំតែងតែឈ្លោះគ្នានិយាយមិនសូវស៊ីចង្វាក់គ្នាប៉ុន្មានទេ
“នឹកប៉ាទេ?” ខ្ញុំស្ដាប់រួចក៏ងាកទៅសម្លឹងមុខបងយុតដោយឃើញគាត់សម្លឹងមុខខ្ញុំផងនិងកែវភ្នែកដូចជាសោកសៅប្រៀបដូចជាមានអ្វីចង់ប្រាប់ខ្ញុំ
“ហេតុអ្វីសួរអ៊ីចឹង?”
“បងសួរក៏ប្រាប់មកកុំសួរបក”
“ក៏…នឹក នឹកណាស់ប៉ាថាថ្ងៃមួយគាត់នឹងត្រលប់មកវិញ មករកពួកយើង”
ខ្ញុំភ្លេចខ្លួនក៏និយាយរឿងនោះចេញមកទាំងធ្លាប់សន្យាជាមួយប៉ាថានឹងមិនប្រាប់នរណាទេ ទាល់តែថ្ងៃនោះមកដល់ឥឡូវចប់គិតម៉េចទៅ ?
“ឯងចួបប៉ា? ចួបកាលចួបនៅណា?” បងយុតចាប់ផ្ដើមសួរដេញដោលមកខ្ញុំ ហើយគិតម៉េចទៅប្រាប់ថាម៉េចល្អទៅហ្នឹង? តែយ៉ាងណាក៏យ៉ាងណាទៅមុនក្រោយក៏គង់តែប្រាប់គាត់នឹងម៉ែដដែល
“មែនខ្ញុំបានចួបប៉ា”
“មែន! ចួបពីកាលនៅណា?”
“គ្មានចួបនៅណាទេ..គឺតាមស្រោមសំបុត្រពីឡានក្រុងមកពីភ្នំពេញ តែបងហា៎កុំភ្លេចប្រាប់ម៉ែណាប៉ាថាគាត់នឹងមករកពួកយើងវិញតែឥឡូវគាត់កំពុងសន្សំលុយឱ្យបានច្រើនសិន អ!បងដឹងទេប៉ាបានផ្ញើលុយឱ្យខ្ញុំរាល់ខែដែរណា”
“មែន!ហើយឯងយកលុយនោះទុកឯណា? ម៉ែដឹងទេ?”
“ម៉ែមិនដឹងទេ ខ្ញុំមិនហ៊ានប្រាប់ទេ ម្យ៉ាងបានសន្យារនឹងប៉ារួចហើយ”
“ចុះលុយឯងទុកធ្វើអ្វីច្រើនម្ល៉េះប្រយ័ត្នបាត់អស់ទៅណា”
“មិនអីទេបង ខ្ញុំទុកនៅក្បាលគ្រែខ្ញុំនឹងណា” ខ្ញុំចង់ដឹងថាបងយុតគាត់មានចរិតដូចមុនទៀតទេ? ទើបខ្ញុំប្រាប់បងយុតតាមត្រង់ទៅ
“បងគិតថាឯងគួរយកលុយទៅទិញរបស់អ្វីក៏បានកុំទុកអ៊ីចឹងនាំខាតទេ វីវបាត់ទៀតស៊យហើយ”
“ហើយហេតុអ្វីសុខៗក៏សួរអ៊ីចឹង? បងនឹកប៉ាដែរមែន?”
“អត់ដឹងទេ តែឯងជឿដែរថាប៉ាគាត់មករកពួកយើងវិញមែននោះ?”
“ជឿ! ប៉ាសន្យាហើយមិនជឿយ៉ាងម៉េចប៉ានិយាយថា ប៉ាស្រលាញ់ខ្ញុំណាស់ នឹកពួកយើងខ្លាំងទៀតផង” ភ្លាមនោះខ្ញុំបានឃើញបងយុតជូតមុខដោយដៃរបស់គាត់
“បងថីហ្នឹង? បងយំ?”
“អត់ទេ! យំស្អីយើងកូនបងហាសយំងាយៗម៉េច!”
“អ៊ីចឹងហ?”
“អ៊ឹម កាតឿបើថ្ងៃមួយបងខុសអ្វី ឯងអត់ទោសឱ្យយើងអត់?”
ខ្ញុំចាប់ផ្ដើមសង្ស័យហើយថាបងយុតពិតជាមិនស្រួលទេ តើគាត់កំពុងចង់ធ្វើអ្វី? ហើយហេតុអ្វីគាត់និយាយអ្វីប្លែកៗ?
“បងយុតខុសអ្វីមែន? ” បងយុតចាប់ផ្ដើមងាកមុខចេញរួចដើរចេញទៅតែក៏ដេញខ្ញុំឱ្យ
ខ្ញុំទៅដេក
“ទៅដេកយប់ហើយបងក៏ងងុយណាស់ដែរ” ខ្ញុំឆ្ងល់តែក៏មិនអាចសួរបន្ដរព្រោះថាជនសង្ស័យមិននៅរួច ក៏ទុកឱ្យអ្នកស៊ើបដូចខ្ញុំនេះនៅឆ្ងល់ម្នាក់ឯង។
ស្អែកនេះជាថ្ងៃបុណ្យឯករាជ្យជាតិសិស្សទាំងអស់ក៏បានឈប់សម្រាក ដូចគ្នាខ្ញុំគិតច្បាស់ហើយថានឹងតាមដានបងយុតព្រោះខ្ញុំដូចជាមិនសូវស្រួលក្នុងចិត្តសោះម្យ៉ាងម៉ែក៏ដូចជាលាក់បាំងនឹងខ្ញុំរឿងអ្វីម្យ៉ាងដែរ។ ខ្ញុំបានដើរទៅនិយាយជាមួយបងយុតពេលដែលគាត់កំពុងតែបោកខោអាវគាត់ក្បែរពាងទឹកក្រោយផ្ទះ
“បងយុត!” សំឡេងខ្ញុំគាត់ភ្ញាក់ឡើងបាស់ជើងច្រូងតែម្ដងហាស៎ហា៎
“ចុម! កាដុមឆែប!”បងយុតងាកមកដឹងថាជាខ្ញុំគាត់សម្លឹកខ្ញុំស្លែរ
“អូស៎ហូ!ចេះភ្ញាក់ទៀតឥឡូវនឹងបងខ្ញុំ”
“ថីឯងហា៎ សុខៗក៏មកស្ងាត់ៗមើលតែខ្មោចអ៊ីចឹង?”
“ខ្មោចឯណាមានជើងបងយុត?”
“បានហើយសម្រេចថាមករកបងមានរឿងអីអត់?” បងយុតដឹងទាន់រហូតតែខ្ញុំមិនខ្វល់ទេ យ៉ាងណាក៏ត្រូវតាមឱ្យទាន់បងយុតដែរថាគាត់មានអ្វីកុហកខ្ញុំពិតឬអត់?
“បងឯងមានរឿងអីកុហសខ្ញុំអត់?”
បងយុតស្ដាប់តែស្ងាត់ឈឹងមិនមាត់អ្វីសោះតែគាត់បានងើបពីតុដែលគាត់អង្គុយបោកគក់ងាកមកសម្លឹងមុខខ្ញុំយ៉ាងម៉េចទេ ឃើញភ្លាមខ្ញុំភ័យបុកពោះយ៉ាងម៉េចក៏មិនដឹងគឺថាកម្របានប្រទះភ្នែកមុតបែបនឹងណាស់នេះជាលើកទី១ដែរបងយុតសម្លឹងបែបនេះ
“បង បងយុតហា!កុំសម្លឹងមុខខ្ញុំអ៊ីចឹងមើល”
“ខ្លាចអី? ក្រែងឯងសង្ស័យបងហី គិតថាបងនៅប្រើវាមែនទេ? ក្នុងចិត្តឯងបងជាមនុស្សអាក្រក់ណាស់អី?”
បងយុតសួរខ្ញុំយ៉ាងសំឡេងស្មើៗប្រយោគទាំងអស់ឱ្យដឹងថាបងយុតអន់ចិត្តនឹងខ្ញុំ
“មិនមែនទេ! មិនដូចអ្វីដែលបងគិត ខ្ញុំគ្រាន់តែខ្លាច ខ្ញុំមិនចង់បាត់បង់បងដូចបាត់បង់ប៉ានោះទេ ខ្ញុំពិតជាមិនអាចឱ្យបងក្លាយជាមនុស្សស្ថិតក្នុងចំណោមមនុស្សបាតសង្គមទាំងនោះទេ”
“បងធ្លាប់ប្រាប់តើហីថាបងឈប់ហើយ តែឯងនៅតែមិនជឿ” និយាយរួចបង
យុតក៏ដើរចេញទៅដោយមិនខ្វល់ពីខ្ញុំទោះបីខ្ញុំខំស្រែកហៅគាត់យ៉ាងណាក៏ដោយ
“បងយុត! បងយុត! ”
មានអារម្មណ៍ថាខ្ញុំខុសលើគាត់ដែរ តែគ្រប់យ៉ាងដោយសារខ្ញុំបារម្ភ ពីគាត់បងយុតជាមនុស្សឆាប់ខឹងក៏ឆាប់បាត់ខ្ញុំជឿថាគាត់នឹងបាត់ខឹងខ្ញុំបន្ដិចទៀតនេះ។ ម៉ោង៤ល្ងាចខ្ញុំបានអង្គុយមាត់ត្រពាំងក្រោយផ្ទះដែលមានផ្កាឈូកព្រលឹតដុះពេញហ្នឹង អារម្មណ៍ខ្ញុំពេលនេះកំពុងតែគិតដល់ប៉ាថាគាត់សុខទុក្ខយ៉ាងណាហើយតើគាត់មាននឹកពួកខ្ញុំនឹងម៉ែដែរទេ?
ភ្លាមនោះមានអារម្មណ៍ថាដូចជាមានអ្នកលបមើលខ្ញុំពីក្រោយសម្រឹបជើងជាន់ស្លឹកស្វាយដែលជ្រុះនឹងដីលាន់ស្រឹបៗ ខ្ញុំងាកទៅដែរតែក៏មិនឃើញមាននរណាសោះប្រហែលជាខ្ញុំគិតច្រើនពេកទេដឹង? ហ៊ឹមជីវិតកូនអ្នកក្រដូចជាខ្ញុំមិនដឹងជាពេលណាបានសុខសាន្ដដូចជាកូនគេឯទៀតនោះទេ ប៉ុន្ដែមិនមានន័យថាខ្ញុំកើតមកជាកូនម៉ែខុសទេ តែខុសដែរខ្ញុំមិនអាចមើលថែម៉ែឱ្យស្រួលជាងនេះម៉ែរបស់ខ្ញុំគាត់ហត់នឿយតាំងពីពួកខ្ញុំនៅតូចៗរហូតមកដល់ពេលនេះម៉ែក៏ធ្លាក់ខ្លួនឈឺជារឿងមួយ ដែលធ្វើឱ្យខ្ញុំនឹងបងយុតមានអារម្មណ៍ថាខុសលើ
គាត់។
ទៀតហើយសម្រិបជើងជាន់ស្លឹកស្វាយលាន់ម្ដងទៀតហើយ ខ្ញុំចាប់ផ្ដើមភ័យហើយណា នេះម៉ោងបួនជាង មិនស្រួលទេ ខ្ញុំគិតថាងើបទៅផ្ទះ តែថា..(ស្រឹបៗ..) សំឡេងជាន់ស្លឹកស្វាយចូលគៀកទៅៗ ណ្ហើយយ៉ាងណាក៏យ៉ាងណាទៅមនុស្សឱ្យដឹងថាមនុស្សខ្មោចក៏ឱ្យដឹងថាខ្មោចទៅខ្ញុំក្រោកឈរតែមិនទាន់ងាកមុខទៅទេ ដៃក្ដាប់យ៉ាងណែនភ័យខ្លាចតែក៏មិនអាចគេចខ្ញុំក៏ងាកទៅម្ដងបន្ដិចៗ… ខ្ញុំស្ទើរតែគាំងហើយនោះ គឺបងយុតគាត់លេងស្អីមិនដឹងទេ?
“យ៉ាងម៉េចនឹងមកស្ងាត់ៗ អ៊ីចឹងដឹងគេភ័យអត់?”
“ម៉ែហៅហូបបាយ” គាត់និយាយតែប៉ុណ្ណឹងក៏ដើរទៅមុនខ្ញុំបាត់ទៅ គាត់មិនទាន់បាត់ខឹងខ្ញុំទេមើលទៅ យ៉ាងណាខ្ញុំក៏ជាប្អូនខ្ញុំគួរតែសុំទោសគាត់មុនសង្ឃឹមថាគាត់អត់ទោសឱ្យខ្ញុំផងចុះ ។
ពេលមកដល់ផ្ទះខ្ញុំក៏ដើរទៅហូបបាយតែថាទៅដល់មិនឃើញបងយុតនៅ លើគ្រែបាយទេ ឃើញតែម៉ែ
“ម៉ែចុះបងយុត? គាត់មិនហូបបាយទេអី? ”
“អរ បងឯងគេថាមិនទាន់ឃ្លានមួយសន្ទុះទៀតបានហូបឱ្យយើងហូបមុន”
“ចុះឥឡូវទៅណាបាត់ហើយម៉ែ?”
“បងឯងទៅផ្ទះក្មួយដន មួយភ្លែតថាមានការរឿងសំណង់គេហ្នឹង”
ដៃខ្ញុំដួសបាយបណ្ដើរគិតបណ្ដើរ សុខៗគាត់ទៅផ្ទះបងដនធ្វើអី ព្រោះបងយុតនិងបងដនមិនដែលឃើញទាក់ទងស្អីជាមួយគ្នាផងនឹងមិនបានទេ ខ្ញុំត្រូវតែតាមដានហើយទើប
បាន។ ខ្ញុំប្រញាប់ហូបបាយរួចហើយក៏ឡើងផ្ទះដូចធម្មតាលុះ ម៉ែសម្រាន្តលក់ បងយុតក៏មិនទាន់មកខ្ញុំចូលទៅកន្លែងដេកគាត់ដោយសារផ្ទះខ្ញុំគ្មានធំអីប៉ុន្មានទេ បន្ទប់ក៏គ្មានដែរតែម៉ែបាំងវាំងននឱ្យម្ខាងម្នាក់ខាងបងយុតនៅខាងឆ្វេងជព្ជាំាងឯខ្ញុំជ្រុងខាងស្ដាំម៉ែសម្រាន្តជាមួយខ្ញុំ
“ប្រាកដជាមានអ្វីម្យ៉ាងនៅទីនេះ” ខ្ញុំនិយាយខ្សឹបៗម្នាក់ឯងរួចដៃចេះតែរកតាមតែអាចរកបានថាមានរបស់នោះទេ (ថ្នាំអាក្រក់) តែរកយ៉ាងណាក៏មិនឃើញដែរ
“ឬខ្ញុំយល់ខុសលើបងយុតពិតមែន? ចុះហេតុអីគាត់ចាំបាច់ដូចជាមានអ្វីលាក់បាំងខ្ញុំអ៊ីចឹង”
គិតរួចខ្ញុំក៏សម្លឹងទៅតុសៀវភៅដែលបងយុតរៀបចំយ៉ាងមានរបៀប ឈប់រៀនមែនតែថាបងយុតចូលចិត្តអានសៀវភៅដែលនឹងខ្ញុំក៏ញញឹមដែលគាត់នៅថែរក្សាសៀវភៅទាំងអស់នេះ ក្រដាសអ្វីនឹង? ទេមិនមែនជាក្រដាសធម្មតាទេ
“ស្រោមសំបុត្រ អេ!បងយុតសរសេរឱ្យអ្នកណា? ឬបងយុតមានស្នេហា ហាសហាសង្ស័យណាស់ខ្ញុំ”
ខ្ញុំមិនមែនទម្លាប់អាក្រក់ទេ តែខ្ញុំគ្រាន់ចង់ដឹងថានារីម្នាក់នោះជានរណា បានជាបងប្រុសខ្ញុំចេះលេងស្នេហាតាមស្រោមសំបុត្រ។ ដោយសារសំបុត្រមិនទាន់បិទជិតនៅឡើយទើបបានជាខ្ញុំលួចយកមកអានបានលុះបើកមកក៏ឃើញពីសេចក្ដីសំបុត្រ
មកដល់កូនស្រីជាទីស្រលាញ់…
ប៉ានឹកកូនណាម្លិះ តើកូននិងបងឯង ម៉ែកូនសុខសប្បាយជាទេ? កុំបារម្ភពីប៉ាអីណាកូនស្រីល្អរបស់ប៉ា ប៉ាមិនអីទេ ខែនេះប៉ាបានផ្ញើលុយមួយចំនួនទុកឱ្យកូនសន្សំទុកពេលកូនចាំបាច់ក៏ប្រើវាទៅកុំគិតច្រើន ប្រឹងរៀនណាប៉ាសន្យាថានឹងទៅលេងកូនក្រោយពីការងារខាងប៉ាស្បើយបន្ដិច។ ប្រឹងរៀនណាកុំឱ្យដូចបងឯងយុតវារៀនបានតិចមិនចេះស្អីទេ អនាគតទៅប៉ាមិនដឹងថា យុតអាចថែរក្សាកូននិងម៉ែបានឬអត់ទេ ប៉ាស្រលាញ់កូន
ណាស់ម្លិះ។
ពីប៉ាដែលនឹកកូនជានិច្ច…
ខ្ញុំអានចប់ខ្ញុំគ្មានអ្វីត្រូវនិយាយចេញក្រៅពីទឹកភ្នែកដែលហូររាប់រយ ដំណក់បានស្រក់ចុះមកនេះ ជង្គង់ខ្ញុំទន់ភ្នែកស្រវាំងហេតុអី ? ហេតុអី? តាមពិតសំបុត្រដែលខ្ញុំតែងទទួលបានពីប៉ារបស់់ខ្ញុំរាល់ខែ ជាសំបុត្រដែលសរសេរឡើងដោយបងយុតអ៊ីចឹងឬ? គ្រប់យ៉ាងជាសុបិន តាំងពីថ្ងៃនោះគឺថ្ងៃដែលខ្ញុំសរសេរសំណេរមិនចេញនោះ ទុទ្ធោបងយុត! ខ្ញុំមិនអាចទប់ជាប់បានទេ បងប្រុសខ្ញុំកុហកខ្ញុំបោកប្រាស់ក្ដីសង្ឃឹមរបស់ខ្ញុំ។ កំពុងយំសម្រិបជើងបងយុតក៏ដើរចូលមក
“ម្លិះ! ចូលមកកន្លែងដេកបងធ្វើអី?” ខ្ញុំមិនបានតបតែខ្ញុំបានលើកក្រដាសសនោះឱ្យគាត់មើលព្រមទាំងសួររកហេតុផលពីគាត់ផង
“នេះជាស្អី? បងឯងធ្វើអ៊ីចឹងធ្វើអី? បងក៏ដឹងថាខ្ញុំនឹកប៉ាប៉ុនណា! បងយុតបងឆ្លើយមក ?”
សំឡេងឮៗរបស់ខ្ញុំបានដាស់ឱ្យម៉ែភ្ញាក់គាត់បានដើរមកសួរនាំដោយសារសំឡេងឮៗរបស់ខ្ញុំ
“ម្លិះស្ដាប់បងសិន”
“ម្លិះមានរឿងអីកូនម៉េចនិយាយឮៗម្ល៉េះ?”
“ម៉ែសួរបងយុតទៅថាគាត់បានធ្វើអ្វីខ្លះ? ហិហិ” ខ្ញុំនិយាយផងយំផងដោយឆ្អែតនឹង
ទង្វើរបងយុតដែលធ្វើដាក់ខ្ញុំ
“ម្លិះគ្រប់យ៉ាងបងធ្វើដើម្បីឯងឬឯងមិនយល់ទេ? ព្រោះបងឃើញឯងនឹកប៉ាធ្វើអីក៏មិនចេញចាំទេ ថ្ងៃនោះឯងវិះនឹងត្រូវមិត្តភក្តិសើចចំអកនឹងគ្រូស្ដីបន្ទោសដោយសារតែគ្មាន
អត្ថបទសរសេរពីឱពុក បងមិនអាចឃើញឯងនៅក្នុងសភាពមួយនឹងទេ បងដឹងថាបងមិនល្អដូចជាបងប្រុសដទៃក៏ប៉ុន្ដែអ្វីដែលបងអាចធ្វើឱ្យប្អូនបងមានស្នាមញញឹមនឹងរឹងមាំបងក៏អាចធ្វើបាន”
ស្ដាប់ចប់ទឹកភ្នែកខ្ញុំទប់មិនជាប់ហូរកាន់តែខ្លាំងឡើងៗខ្ញុំធ្វើឱ្យគ្រប់គ្នាពិបាកដោយសារខ្ញុំអ៊ីចឹងឬ? ម៉ែឈរអង្អែលក្បាលរបស់ខ្ញុំដោយក្ដីអាណិតគ្រប់យ៉ាងមកពីខ្ញុំនឹកប៉ាចង់បានគាត់មកវិញ នឹកគិតថាប៉ាមកតាមសន្យាក្នុងសំបុត្រតាមពិតជាឆាកដែលបងប្រុសខ្ញុំរៀបចំសម្ដែងទុកឱ្យខ្ញុំអ្នកដើរតួរកម្សត់ទៅវិញ ។
“ចុះលុយ? លុយដែលជាប់មកជាមួយរាល់ខែបងបានពីណា? ទាំងលុយខែនេះដែរ
បានពីណាមក? លុយរាប់ម៉ឺនណា មិនមែនតិចទេ” ម៉ែឮពាក្យថា លុយគាត់សម្លឹងមុខបងយុតនិងខ្ញុំ
“លុយ! លុយអីគេយុត ម្លិះ?” ដោយសារខ្ញុំគិតថាជាប៉ាទើបមិនដែលនិយាយរឿងនឹងទៅម៉ែម្ដងឡើយព្រោះគិតថាចង់ធ្វើឱ្យម៉ែរំភើបថ្ងៃចុងក្រោយដែលប៉ាវិលមកតែពេលនេះ….
“រឿងលុយគឺបងទៅធ្វើការក្រៅជាមួយអាដន”
“ការងារអី ? ម៉េចម៉ែមិនដឹង? កុំប្រាប់ថាឯងទៅលក់ថ្នាំឆ្គួតឡប់នោះណា!!”
“អត់ទេៗម៉ែកូនហ៊ានស្បថការងារនោះគឺកូនទៅធ្វើជាអ្នកហៅម៉ូយឡានឱ្យអាដនតែដោយថ្ងៃទើបមកផ្ទះយឺតម៉ោងនឹងណា មិនជឿម៉ែអាចទៅសួរវាបានកូនមិនបានប្រើឬលក់ថ្នាំនោះទេម៉ែ ជឿកូនទៅណា ម្លិះគ្រប់យ៉ាងមកពីបងស្រលាញ់ឯងបងមិនចង់ឃើញឯងឈឺចាប់ដែលត្រូវគ្រប់គ្នាសើចចំអកព្រោះតែគ្មានប៉ាហៅនោះទេ” ពិតណារឿងនេះខ្ញុំទទួលរងខ្លាំងពីមិត្តរួមថ្នាក់ពុទ្ធោ!បងយុតគ្រប់យ៉ាងបងប្រុសធ្វើដើម្បីខ្ញុំវាលើសលប់ណាស់ ខ្ញុំពិតជាអាក្រក់ណាស់ដែលនិយាយស្ដីថាឱ្យបងយុតមិនល្អថែមទាំងគិតថាបងប្រុសខ្លួនឯងជាជនបាតសង្គមថែមទៀតផង
“បងយុតខ្ញុំសុំទោសហិហិ” ដៃដែលតែងតែក្ដាប់ពេលខឹង ថ្ងៃនេះប្ដូរមកជាលើកដៃសំពះសុំទោសបងនិងម៉ែ ខ្ញុំក្រាបសុំទោសម៉ែដែលបានកុហកគាត់ បងយុតនិងម៉ែ ពួកគាត់យំឱបខ្ញុំយ៉ាងណែន នេះជាក្ដីសុខមួយដែលខ្ញុំមិនដែលទទួលបានពីអារម្មណ៍ឱបរបស់បងប្រុសយ៉ាងកក់ក្ដៅតាមពិតបងប្រុសខ្ញុំស្រលាញ់ខ្ញុំណាស់តែខ្ញុំល្ងង់ខ្លួនឯងដែរមិនដឹងពីចិត្តបង
យុត។
ជាចុងក្រោយខ្ញុំសុំផ្ដាំដល់មិត្តយុវវ័យទាំងអស់ថាកុំជ្រុលហួសលើរៀមច្បង កុំរំលងព្រះក្នុងផ្ទះ គុណទាំងទ្វេរគឺធំណាស់ ក្រាបសំពះពេលដឹងខុស ។
នាងខ្ញុំសូមអរគុណមិត្តអ្នកអានទាំងអស់ដែរបានចូលអានសាច់រឿងប្រភេទខ្សែជីវិតមួយនេះដែលឆ្លុះបព្ចាំងពីទឹកចិត្តបងប្រុសដែលមានមកលើប្អូនស្រីនិងសង្គមយើងរាល់ថ្ងៃ មានចំណុចអប់រំដល់ក្មេងជំនាន់ក្រោយ រួមទាំងខ្ញុំផ្ទាល់៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*