“កិច្ចសន្យាស្នេហាយើង” បានក្លាយជាប្រលោមលោកដ៏កក់ក្ដៅលោមចិត្តអ្នកអាន មិនអាចបំភ្លេចបានពីហ្វេនតាំងតែភាគនិនានមួយនេះ ចេញផ្សាយលើកដំបូងមកម្ល៉េះ។ ទោះយ៉ាងណា ដោយសារតែប្រលោមលោកមនោសញ្ចេតនាមួយនេះទើបតែបោះពុម្ពជាសៀវភៅ អ្នកគាំទ្របានសម្រុកបញ្ចេញមតិដោយលើកឡើងពីចំណុចខ្លាំង និងមូលហេតុធ្វើឲ្យវាក្លាយជាប្រលោមលោកដ៏ល្បីល្បាញមកទល់សព្វថ្ងៃ។
អ្នកអានមួយរូបបានបញ្ចេញមតិយ៉ាងក្បោះក្បាយពីចំណុចមួយចំនួនដែលជាចំណុចខ្លាំងរបស់សៀវភៅមួយក្បាលនេះថា ការពណ៌នាពីទិដ្ឋភាពនិងសកម្មភាព រស់រវើក ប្លែក មិនដដែលៗ ប្រើឃ្លាសន្ទនាសាមញ្ញដូចក្នុងជីវភាពរស់ប្រចាំថ្ងៃជាក់ស្ដែង ភាសាស្នេហាផ្អែមល្ហែម តែមិនមានសកម្មភាពផ្លូវភេទ ចំណុចសំខាន់ធំបំផុត គឺការកំណត់ចរិតលក្ខណៈតួអង្គសំខាន់ឲ្យមានលក្ខណៈពិសេស លេចធ្លោជាទីចាប់អារម្មណ៍ពីតួអង្គផ្សេង និងពីអ្នកអានផងដែរ។
លើសពីនេះទៀត អ្នកអានដដែលបានបន្ថែមថា ភាគនិទានមនោសញ្ចេតនាកិច្ចសន្យាស្នេហាយើង នៅតែជាប្រលោមលោកល្បី ព្រោះលក្ខណៈពិសេសរបស់តួអង្គឯកទាំងពីមានលក្ខណៈដោយឡែក ទាំងអំណាច កេរ្តិ៍ឈ្មោះក្នុងសង្គម ពិសេសចរិតតួអង្គផ្ទាល់ មិនសាំញ៉ាំ សម្រេចចិត្តលះៗ វាជាការលួងចិត្តឲ្យកាន់តែកក់ក្ដៅ ពីតួអង្គ រាម នរិន្ទ ចំពោះ កេត ឌីម៉ា មានុស្សស្រីមិនមានអ្វីឥតខ្ចោះ តែចងចិត្តស្នេហ៍រាម នរិន្ទជាប់។ រឿងមួយដែលខ្ញុំបានរៀនសូត្រពីរឿងនេះ គឺការឲ្យភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ទោះក្នុងទំនាក់ទំនងអ្វីក៏ដោយ។
ដោយឡែកអ្នកអានមួយរូបទៀត ក៏ចូលមកបញ្ចេញមតិដែរថា ចំណុចខ្លាំងក្នុងប្រលោមលោកមួយនេះគឺ ការតែងនិពន្ធ ការប្រើពាក្យពេចន៍ ការរៀបរាប់ពីកាលអាកាស រូបរាង អត្តចរិតតួអង្គ ធ្វើឲ្យយើងដូចជាកំពុងអង្គុយមើលឈុតឆាកសាច់រឿងផ្ទាល់ៗអញ្ចឹងដែរ និងក្នុងស្នាដៃនីមួយៗសុទ្ធសឹងតែមានបង្កប់នូវអត្ថន័យជាច្រើន។ ហើយវាក្លាយជាប្រលោមលោកល្បី ព្រោះជានិទានស្នេហ៍ដ៏កក់ក្ដៅ ដោយតួអង្គឯកប្រុស រាមនរិន្ទ ធ្វើឲ្យអ្នកអានស្ទើរគ្រប់គ្នាលង់និងច្រណែនតួឯកស្រីយ៉ាងខ្លាំងផងដែរ។
ចំណុចខ្លាំងរបស់ក្នុងប្រលោមលោករបស់កិច្ចសន្យាស្នេហាយើង គឺការប្រើប្រាស់ភាសាសន្ទនាឃ្លាសាមញ្ញៗតែបង្កប់អត្ថន័យរបស់អ្នកនិពន្ធ ហើយមិនសូវប្រើពាក្យពេចន៍ដដែលៗច្រើនដងទេ ក្នុងឈុតនីមួយៗមានភាពប្រទាក់ប្រទងគ្នាបានល្អបន្តពីក្នុងវគ្គមុនៗ ពេលបានអានអាចធ្វើឲ្យការគិតមើលឃើញទិដ្ឋភាពជាក់ស្ដែង អាចនិយាយបានថាធ្វើឲ្យពេលដែលកំពុងអានគឺបញ្ចូលអារម្មណ៍ទាំងមូលផ្ដោតលើសាច់រឿង។ ជាពិសេសគឺជាស្នាដៃដំបូងក្នុង ២០០១ របស់អ្នកនិពន្ធម៉ីសន សុធារី ដោយបោះពុម្ពក្នុងឆ្នាំនោះមានចំណងជើងថា #៣៦៥នៃស្នេហ៍យើង ដោយទទួលបានការគាំទ្រនិងចំណាប់អារម្មណ៍ខ្លាំង និងសាច់រឿងជាពិសេសគឺតួអង្គប្រុសមានគេល្បីនិងលើកយកមកនិយាយសរសើរច្រើនតៗគ្នា។
សម្រាប់មិត្តអ្នកអានផ្សេងទៀត មានយោបល់យ៉ាងណាដែរចំពោះភាគនិនានលោមចិត្តឲ្យកក់ក្ដៅក្នុងប្រលោមលោក “កិច្ចសន្យាស្នេហាយើង” ៕
កញ្ញា គ្រាប់ជី
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ