រឿង អ្វីក៏ដោយដែលកើតឡើង

មានពន្លឺថ្ងៃ អាកាសធាតុរដូវវស្សានេះ ក្តៅនិងសើម ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មិនមានកក់ក្តៅទេ។ បេះដូង​នេះ មិនទទួលបានកំដៅ​ចំណែក​ពណ៌ធម្មជាតិនានា​​ហាក់​ដូច​ជា ប្រផេះ​ស្រអាប់។

​ទាំងអស់នេះគឺជាលទ្ធផលនៃការប្រ​តោងផ្លូវទៅរកអនាគត។ ​សង្គមស៊ីវិល័យ និងមហិច្ឆតា បាន​សម្លាប់​ ​ខ្ញុំឱ្យស្លាប់បាត់និងកើតឡើងមកជាមនុស្សម្នាក់ផ្សេងទៀត តាំងពីថ្ងៃដែលខ្ញុំចង់​ទៅឱ្យដល់ចំណុច​កំពូល​ក្នុងអាជីពបស់ខ្ញុំ។

នេះជាអ្វីដែលកើតឡើង នៅពេលដែលយើងចង់ចេញពីជីវិតធម្មតា មិនចង់ដូចកាលពីជំនាន់ប៉ាម៉ាក់យើង។ មុនពេលបានមកដល់កន្លែងខ្ញុំនៅឈរជើងសព្វថ្ងៃនេះ ខ្ញុំបានបោះបង់ចោល​ទាំងអស់ មនុស្ស​ពីមុន ទម្លាប់ពីមុន និងការគិតដូចពីមុន។

បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នៅតែដូចអាភក្ត្រពីមុន ដែល ខ្លាចគេ អន់ចិត្ត តូចចិត្ត និងក្ររហាម។ ពេលនេះ ខ្ញុំមិនមែនជាអ្នកមានផ្ទះឬគេហៅថា អ្នកស្រុកមកពីកំពង់ធំដូចមុនទេ។

ខ្ញុំមាន​ផ្ទះនៅភ្នំពេញ មានប្រពន្ធនិងកូនស្រីពីរនាក់។ ខ្ញុំមាន​មុខរបរពីរបី មានមនុស្ស​ជាងម្ភៃនាក់នៅពីក្រោមខ្ញុំ ហើយពួកគេ​កំពុងទុកខ្ញុំជាអាយដល ប្រាថ្នាថ្ងៃណាមួយ ពួកគេមកអង្គុយកន្លែងដែលខ្ញុំកំពុងអង្គុយឥឡូវនេះ។

នៅក្នុងភ្នែករបស់ពួកគេ ខ្ញុំមានគ្រប់យ៉ាងទាំងអស់។ ហើយបើនិយាយដោយស្មោះត្រង់ពួកគេគិតមិនខុសទេ ខ្ញុំមានអំណាច ខ្ញុំមានទ្រព្យសម្បត្តិ ខ្ញុំមានស្រីស្អាតនិងក្រួសារ ប៉ុន្តែមានរឿងមួយដែលនៅតែគេចពីខ្ញុំ។

សុភមង្គល។

មិនដឹងថា សុភមង្គលជាស្អីទេ ខ្ញុំមិនដឹងថា កំពុងមានវាដែរអត់ ហើយ​ចង់បានដែរអត់ទេ បើឥឡវនេះ ខ្ញុំមាន​គ្រប់យ៉ាងទៅហើយ។

មនុស្សយើង​តែងតែមាន​ចំណុចខ្សោយ។ នោះហើយជាអ្វីដែលជីវិតបានបង្រៀនខ្ញុំ ហើយបើយើងគិតពីវាថាធំពេក មានតម្លៃពេកយើងនឹង​ឈឺ។

ដូច្នេះខ្ញុំមិនខ្វល់ប៉ុន្មានទេ។

«រ៉េមីទៅណា?»

ខ្ញុំចេញមកពីគ្រែអត់ឃើញនាងទេ។ រ៉េមីប្រពន្ធខ្ញុំ។ នាងទើបតែអាយ២៤ឆ្នាំមានកូនពីរនាក់ជាមួយខ្ញុំ ពួកយើង​រៀបការកាលពីឆ្នាំ២០១៩។

តាមពិតនាងនៅរៀនម៉ាស្ទ័រ តែប៉ានាង​ប្រញាប់ឱ្យនាងរៀបការជាមួយខ្ញុំព្រោះខ្ញុំជាអ្នករៀបចំល្បិចនោះឡើង។  ល្បិចបញ្រ្ចកស្រារ៉េមីហើយ​បានអ្វីៗជាមួយគ្នា។

ឃើញថាខ្ញុំមានក្រុមហ៊ុនInterior Design និងជាអ្នកគ្រប់គ្រងដ៏ពូកែប៉ានាង​មិនមាន​កន្លែងណាត្រូវជំទាស់ទេ។

ចូលក្នុងគ្រួសាររ៉េមី ខ្ញុំកាន់តែពង្រីកអាណាចក្រ​ជំនួញបានធំ​ដោយសារប៉ាម៉ាក់ក្មេកចែកដើមទុន។

«ក្មួយជំទាវអត់ទាន់មកផ្ទះទេ!»

មីងនេះឈ្មោះមីងស្រី គាត់មកពីស្រុកខាងខ្ញុំមកជួយមើលផ្ទះសម្បែង ទិញម្ហូបដាក់ឱ្យពួកចុងភៅធ្វើ គឺផ្ទះខ្ញុំមានចុងភៅ​ធ្វើជាពីរផ្នែក មួយផ្នែកសម្រាប់ខ្ញុំ ប្រពន្ធនិងកូន មួយផ្នែកទៀតសម្រាប់កម្មករនិងជាំង និងបុគ្គលិក។

ក្រុមហ៊ុនខ្ញុំមាន​រោងជាង​ពីរធំមួយតូចមួយ ។ រោងធំនៅឆ្ងាយប្រមាណបួនគីឡូពីផ្ទះ។ រោងតូចនៅក្បែរបុរីនេះ រំលងពីរបីផ្លូវ ចំណែកក្រុមហ៊ុនគឺនៅជាន់ក្រោមវីឡាខ្ញុំនេះតែម្តង។

មីងស្រីតែងតែហៅប្រពន្ធខ្ញុំថាជំទាវ ខ្ញុំនាង​បានទិញងារឧកញ៉ាឱ្យខ្ញុំតាំងពីឆ្នាំ២០២០ តាមរយៈការជួយទិញវ៉ាក់សាំងកូវីដជាមួយ​រដ្ឋាភិបាល។

ដោយងើយមើលនាឡិកា​ម៉ោង១០ព្រឹកហើយ អ្វីដែលខ្ញុំមាន គឺអារម្មណ៍គឺប្រហោងចំកណ្តាលទ្រូងរបស់ខ្ញុំជារៀងរាល់ព្រឹកនៅពេលខ្ញុំក្រោកពីដំណេកមិនឃើញនាង​។

មួយសប្តាហ៍ម្តងឬពីរដង រ៉េមី ទៅផឹកស្រាជាមួយមិត្តភក្តិជំនិត ឬគ្រួសារខាងនាង ហើយដាច់យប់។ ខ្ញុំជាស្វាមីដែលរវល់រកស៊ី ណាមួយគិតថានាងភរិយាខ្ញុំទៅហើយ ធ្វើអីធ្វើទៅកុំឱ្យតែរករឿងខ្ញុំ តែជារៀងរាល់ពេលដែលក្រោកមកមិនឃើញនាង មានអារម្មណ៍សម្ងាត់មួយប្រាប់ខ្ញុំថា ថ្ងៃណាមួយ​ ខ្ញុំនឹងនាង​អាចនឹងមានរឿង​អស់នៅជាមួយគ្នាបាន។

ពេលខ្ញុំខ្ញុំប្រាប់ខ្លួនឯងថា «អ្វីក៏ដោយ!» រកលុយសិន​សឹមគិតទៀត។ នៅពេលខ្ញុំទៅរកស៊ី ហើយជោគជ័យ មានគេអបអរច្រើន មកយកចិត្ត​យកថ្លើម ទោះរាល់យប់ដែលវិលមកវិញមិនឃើញភរិយា​ដ៏ក្មេងខ្ចីនេះ ធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង នៅពេលដែលខ្ញុំគេងតែម្នាក់ឯងនៅលើគ្រែឱបកូនៗ ក៏ខ្ញុំនៅតែគិតថា ទ្រាំបន្តិចសិន«អ្វីក៏ដោយ!»។

«ខ្ញុំហូបនៅក្រៅ មានណាត់គេហូបកាហ្វេមីង!»

ខ្ញុំនិយាយធ្វើមុខធម្មតា តែបេះដូងខ្ញុំប្រហោងៗ ខ្យល់ៗ ដើរដូចជាជីវិតនេះកំពុងមានរឿងមិនល្អមួយ មិនដឹងថា ជារឿងអ្វី​ដែលកំពុង​រង់ចាំខ្ញុំ។

តាមកញ្ចក់ ខ្ញុំលបឃើញមីងស្រីក្រឡេកមើលតុបាយទាំងពិបាកចិត្ត​ ។ មិនដឹងគាត់អាណិតខ្ញុំ ឬគាត់ស្រណោះគ្រួសារក្មេងៗអ្នកមាន​ដែលរស់នៅប្លែកៗដូចពួកខ្ញុំនេះទេ។

នៅក្នុងបន្ទប់ទឹក ខ្ញុំបិទភ្នែក​ទទួលយកសេចក្តីសុខក្រោមតំណក់ទឹកក្តៅ ហើយលួងខ្លួនឯងថា អ្វីក៏ដោយដែលខ្ញុំចង់បាន ខ្ញុំអាចមាន ខ្ញុំគ្រាន់តែចុចវឺតបញ្ជាទិញវានឹងមកដល់មុខផ្ទះ​ កូនចៅខ្ញុំនឹង​យកវាមកប្រគេនខ្ញុំ។

នោះជាជីវិតរបស់ខ្ញុំដែលប៉ុន​ប៉ងកាលមកពីខេត្ត។ ក្នុងនាមជានិស្សិតកំពង់ធំមហាឆ្លាត​ខ្ញុំបានក្លាយជាស្តេចមួយអង្គក្នុងអាណាចក្រ​ជំនួញឌីសាញ នៃទីក្រុងមួយនេះ ប៉ុន្តែ…..យើងមិនអាចទិញស្នេហាឬសុភមង្គលបានទេខ្ញុំទទួលស្គាល់។

យើងអាចថាកំពុងរស់ក្នុងស្នេហាក្លែងក្លាយដោយការប្រើល្បិចឬទិញដៃគូមកឱប ប៉ុន្តែខ្ញុំដឹងថា មិនអាចទិញរបស់ពិតបានទេ​តែក៏មិនទាន់ចង់បាន។ តាំងពីយូរមកហើយ​ស្នេហាមិនដែលជាអទិភាពរបស់ខ្ញុំទេ តែលុយនិងអំណាច។

ប្រសិនខ្ញុំគិត​ដូចយុវជនផ្សេងៗ​ ប្រហែលថ្មើរណេះកំពុងនៅផ្ទះជួលជាមួយប្រពន្ធក្រៗដូចគ្នា មាន​កូនពីរ តែសឹងរកបាយបីពេលល្អៗមិនបានផងកុំថាឡើយផ្តល់ការសិក្សាកម្រិតអន្តរជាតិដល់ពួកគេ។

«លោកក្មួយឧកញ៉ា អ្នកខលមក!»

មីងស្រីប្រាប់ពីក្រៅទ្វារ។​ «អ្នក»គឺឈ្មោះគាត់ដាក់ពេលហៅម្តាយខ្ញុំម្តងៗ។ ខ្ញុំក្រោក​មករុំកន្សែងនិងចេញខលត្រឡប់ទៅម្តាយ។

ម្តាយខ្ញុំឈឺមិនសូវជាទេ បានជាគាត់ទាក់ទងមកកាលណាខ្ញុំមិនដែលប្រហែស។ ណាមួយទៀត ខ្ញុំជឿគ្រូ។  

ចេញរកស៊ីធំ ពួកអ្នករកស៊ីធ្វើមេគេដូចជាខ្ញុំនៅភ្នំពេញនេះភាគច្រើន​​កាន់អសនៈគ្រូ ហើយមិនសូវហ៊ាន​រំលងការយកចិត្ត​ទុកដាក់ចំពោះម្តាយទេ។

​«ម៉ែ? មានការអីហ្មែន?»

«ម៉ែឈឺកូន! មកកំដរម៉ែពីរបីថ្ងៃមក!»

«បាទ!»

តាំងពីប៉ាខ្ញុំលែងនៅ គាត់ខូចកាលពីឆ្នាំ២០២១ ម្តាយខ្ញុំរស់នៅឯកោព្រោះបងស្រីខ្ញុំគេទៅនៅបារាំង ឯប្អូនប្រុសពៅខ្ញុំ ខ្ញុំយកមកនៅមើលក្រុមហ៊ុនជួយខ្ញុំ។

ដោយសារម្តាយខ្ញុំស្រលាញ់ខ្ញុំនឹងទុកខ្ញុំជាសំណព្វព្រោះខ្ញុំជាកំពូលកូនពូកែរបស់គាត់ ខ្ញុំតែង​តែមានមុខ​មើលថែគាត់ពេលគាត់​ឯកោឬទន់ខ្សោយ។ តាមពិតខ្ញុំមាន​បងស្រីជីដូនមួយម្នាក់ ជាអ្នកម៉េម៉ាយ​មានកូនមួយនៅកំដរម្តាយខ្ញុំ ខ្ញុំជួយគាត់ថ្លៃម្ហូបម្ហា និងកូនគាត់រៀន តែរាល់ពេលម្តាយខ្ញុំរកខ្ញុំឱ្យទៅកំពង់ធំ ខ្ញុំដឹងថា រោគផ្លូវចិត្ត​គាត់រើឡើង គ្មានថ្នាំណាពិសេសជាវត្តមានខ្ញុំទេ។

យប់នោះខ្ញុំគេងឱបគាត់ ហើយសុំគាត់ថា​បើគាត់មិនអីទេ ទៅសម្រាន្តផ្ទះខ្ញុំជាមួយខ្ញុំមួយរយៈទៅ នៅភ្នំពេញខ្ញុំបានកំដរគាត់ផង ធ្វើការផង និងបានជូនគាត់ដើរ។ តែម្តាយខ្ញុំប្រកែក….

«ទៅភ្នំពេញអញឆាប់ងាប់មិនខាន!»

គាត់និយាយពាក្យនេះធ្វើឱ្យខ្ញុំលបអន់ចិត្ត​ដែរ តែតាមពិតគាត់មានហេតុផលរបស់គាត់។ ប្រពន្ធខ្ញុំមិនសូវរាប់ញាតិរាក់ទាក់ទេ នាង​មិនជាថ្វី មិននិយាយអ្វីមិនល្អ តែនាង​ដើរហើរផឹកស៊ី តែងខ្លួនស៊ិចស៊ីចោលកូននៅផ្ទះ ទោះម្តាយខ្ញុំនៅភ្នំពេញ​ក៏នាងមិនក្រែងចិត្ត​ដែរ។

ណាមួយ ប្រហែលមីងស្រីយប់មិញបានប្រាប់ម្តាយខ្ញុំរឿងរ៉េមីដាច់យប់ទៀត។ គិតថាទៅស្តីឱ្យគាត់ តែនឹកឃើញខ្ជិលវិញ។

ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ថា ​តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​រឿង​ពិត​ទៀត​ឬ​អត់? ខ្ញុំបន្សាំខ្លួន ក្លាយជាមនុស្ស​គ្មានអារម្មណ៍​ទៅហើយ ដើម្បីទីតាំងនៅភ្នំពេញ ខ្ញុំគ្មានថ្ងៃបកក្រោយទេ ហើយខ្ញុំក៏មិនមែនខ្ញុំដូចពីមុនដែរ។

«កូនឯង បើទ្រាំបានទ្រាំ បើទ្រាំមិនបាន ឈប់ទ្រាំទៅកូន!»

ម្តាយខ្ញុំនិយាយពាក់កណ្តាលលក់ ពាក់កណ្តាល​ភ្ញាក់។ ខ្ញុំមិនមាត់ទេ តែចិត្ត​ខ្ញុំគិត​។

ប៉ុន្មានឆ្នាំហើយដែលខ្ញុំក្លាយមកជាសត្វដែលពិភពលោកត្រូវការ និងបង្ខំខ្ញុំឱ្យធ្វើ? សត្វដែលតែទុកលុយនិងអំណាចជាធំ? កូនប្រុសពិតរបស់ម៉ែ ដេល​ធ្លាប់​នៅ​​ខាង​ក្នុងរាងកាយមួយនេះ បានស្លាប់បាត់យូរហើយ តាំងពីវាទៅភ្នំពេញ ត្រូវគេមើលងាយ ហើយព្រួតគ្នា​រើសអើងវា។

ខ្ញុំចង់និយាយពាក្យទាំងនេះចេញមក តែក៏ខ្ជិលទៀត!

នេះហើយចរិតខ្ញុំពេលឥឡូវ គឺពេល​ដែលខ្ញុំយល់ថា«អ្វីក៏ដោយដែលកើតឡើង!» កើតទៅ ឱ្យតែខ្ញុំមាន​លុយ​។

​«កូនម្តាយពូកែណាស់ គួររៀបការជាមួយមនុស្ស​ស្រី ដែល​ត្រឹមត្រូវ នៅផ្ទះ អត់ដើរផឹកស៊ី ! ដល់តែវាដើរយូរទៅ គងតែបែកគំនិតមានញីមានឈ្មោលទេ!»

គាត់និយាយហើយសម្រាន្តលក់ព្រោះខ្ញុំមិនតបត។

​អំពីរ៉េមី  តើនាងអាចឃើញខ្ញុំថាខ្ញុំជានរណាម្នាក់ សុភក្តិកូនប្រុសអ្នកកំពង់ធំពីមុន ឬមនុស្ស​គ្មានបេះដូងឥលូវនេះ មនុស្ស​អាងប្រាក់និងមិនខ្វល់ពីអ្វីក៏ដោយដែលកើតឡើង?

ខ្ញុំយកទូរសព្ទចុចរកប្រពន្ធខ្ញុំ គ្មាន​ការទទួលទេ។ នាង​មិនខ្វល់ឡើយ ថាខ្ញុំទៅណា មានការអ្វី។ និយាយម្យ៉ាងប្រហែលជាបើផឹក ឬទុកទូរសព្ទចោលក្នុងឡានមិនចង់ឱ្យមាន​អ្នកណារំខាន។

គំនិត​ទាំង​អស់​នេះ​បាន​ក្លាយជាសំនួរសម្ងាត់ ហូរ​ចូល​ក្នុង​ចិត្ត​របស់​ខ្ញុំ​ដូច​ជា​ព្យុះ ខណៈ​អ្នក​បើក​បរ​ដឹក​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញទាំងយប់។

ម៉ោងប្រហែលជាពីរភ្លឺ ខ្ញុំបានមកដល់ភ្នំពេញ។ ដេករំលងអាធាត្រនិងក្រោក​ម៉ោងបាយថ្ងៃត្រង់ ជាជីវិតដែលខ្ញុំរស់នៅសព្វថ្ងៃ។

ខ្ញុំឱ្យគេបន្ថយល្បឿន ព្រោះមិនទាន់ចង់ចូលផ្ទះ មិនទាន់ចង់ឃើញសភាពដែលបន្ទប់ដេកគ្មានវត្តមាន​ស្រីមេផ្ទះដូចជារ៉េមី។

ជិះ​មើល​ទីក្រុង​កាត់តាមបណ្តា​​ពន្លឺ​ភ្លើង​ចម្រុះពណ៌ ​ឆ្លុះ​បញ្ចាំង​ពីកន្លែងមួយដែលខ្ញុំភ្លើតភ្លើនចង់បានជាខ្លាំង តែពេលនេះខ្ញុំសប្បាយចិត្ត​ទេ ហេតុអ្វីថ្មើរណេះមិនអាចឱបគ្រួសារក្នុងទ្រូងដូចជាគេឯងបាន?

​ធម្មតា មនុស្សភាគច្រើនគេ​ធ្វើ​អាជីវកម្ម​ក្នុងពេលថ្ងៃ ហើយប្រើ​ជីវិតពេលរាត្រីជា​ធម្មតា​ជាមួយមនុស្ស​ជាទីស្រលាញ់។ ខ្ញុំបានស្រមៃជាច្រើនដង ហើយជាច្រើនលើកដែលខ្ញុំគិតថា បើសិនខ្ញុំមានលុយ​ដូចពេលនេះ ហើយរៀបការជាមួយនិមល នាង​ជាអ្នកមកពីកំពង់ធំដូចខ្ញុំ ធ្លាប់មួយរយៈជាសង្សារ ខ្ញុំមិនទាន់មានការធ្វើ នាង​បានធ្វើការពេលយប់បន្ថែម ចិញ្ចឹមខ្ញុំ។

ជីវិតជាមួយនិមលវាប្រហែលជាស្នេហាមួយពិតសម្រាប់នាង តែខ្ញុំមិនពិតជាមួយនាង ព្រោះតាំងពីឈានមកភ្នំពេញ ខ្ញុំតែងតែស្រើបស្រាលថា ចង់បាន​ជីវិតប្រសើរជាងជីវិតដែលខ្ញុំកំពុងរស់នៅកាលណោះ។

«រ៉េមីមកឬនៅ?»

ខ្ញុំសួរមីងស្រីដែលស៊ើងមើងក្រោកមកបើកទ្វារ។

ទឹកមុខគាត់បញ្ជាក់ថា ប្រពន្ធខ្ញុំគ្មានស្គាល់ផ្ទះទេ។

«វាទៅដាច់ខ្យល់នៅឯណា?»

ខ្ញុំរអ៊ូ​ហើយឡើងដេក។

ទូរសព្ទប្អូនប្រុសខ្ញុំខល ដាស់ខ្ញុំឡើងមកទាំងមមីងមមាំង។ នរណាម្នាក់ព្យាយាមសម្លាប់ខ្ញុំព្រោះខ្ញុំទើបតែបានសម្រាកចិត្ត​។ ខឹងណាស់សម្លឹងនាឡិកា ម៉ោង៦ភ្លឺងហើយបានប្អូនប្រុសខ្ញុំខលមក។

«បងភក្តិ មានគេឃើញប្រពន្ធបងឯនៅថៃ! នៅបាងកក ជាមួយ​ប្រុសម្នាក់  ពួកម៉ាកគាត់អាប៉ិនសឿន!»

សឿនជាថៅកែទិញលក់ឡាន ស្ថិតក្នុងក្រុមដើរលេងស៊ីផឹកជាមួយ​គ្នា​ខាងប្រពន្ធខ្ញុំ។ ប្រពន្ធសឿនក៏ជាមិត្តភក្តិរបស់រ៉េមី។

កន្លងមក ខ្ញុំ គ្មាន​ការ​ព្រួយ​បារម្ភ សង្ស័យអ្វី​អំពី​ការ​ក្បត់ក្នុង​ចំណោម​ពួកគេទេ គិតថា​ពួកគេគ្រាន់តែសប្បាយនិងផឹកស្រារាំរែក តែយប់នេះម្តាយខ្ញុំបង្ហើប ខ្ញុំស្មាន​តែគាត់ចេះតែនិយាយបង្កា តាមពិតប្រហែលប្អូនខ្ញុំបានជម្រាបម្តាយមុន ទើបបានជាគាត់ហោខ្ញុំទៅលួងអារម្មណ៍?

«ប្រពន្ធអាសឿនទៅដែរ?»

ខ្ញុំសួរទាំងឆួលចុងច្រមុះ។

«អត់ទេ! ទៅតែពីរនាក់!»

ខ្ញុំស្វាងពីងងុយ។ ខ្ញុំចុចទូរសព្ទទៅរកនាង​ដាណេ។ នាង​ជាកូនឯកឧត្តមម្នាក់ថ្នឹកខាងរត់ការដីធ្លី ជាប្រពន្ធសឿន មាន​កូនដល់ទៅ៤នាក់។

ខលភ្លាម​ដាណេលើកភ្លាម ហើយនិយាយឌឺខ្ញុំ។

«ទៅបាងកកមើលពួកសាហយអត់?»

ខ្ញុំភ្ញាក់រួចភាំងបន្តិច។ សំឡេងនាង គឺខឹងខ្លាំង។ នាង​ប្រហែលជាដឹងរឿងនេះដែរហើយ។ សភាពនេះអាចមានអ្នកស្លាប់រស់ប្រសិន​ដាណេឡើងទៅបាងកកព្រោះនាងមានកាំភ្លើង។

«ខ្ញុំរវល់បន្តិច!»ខ្ញុំតបយកលេសឱ្យពួកគេប៉ះទង្គិចគ្នា​ចុះ ។

ស្រាប់តែឮសំឡេងនាងសើច៖

«ថាអាវែកៗមែន! ខ្លាចមិនមែន ចង់កុហកខ្លួនឯងទៀតមិនមែន? ឬខ្ចីដៃខ្ញុំសម្លាប់ពួកវា​ខ្លួនឯងនៅសោយសុខ​នឹងទ្រព្យមូល​ រួចការប្រពន្ធថ្មី?»

តាំងពីដើមមកខ្ញុំដឹងថា ពួកគេតែងតែចំអកខ្ញុំពីក្រោយ ពីរឿងប្រពន្ធដេលមិនស្រលាញ់ខ្ញុំ តែត្រូវរៀបការព្រោះកាលៈទេសៈ។ ក្រោយមកម្នាក់ៗចំអកដែលខ្ញុំជោគជ័យ​កាលងារកាត់មុខពួកគេ តែមិនជោគជ័យស្នេហា។ អ្វីក៏ដោយ ខ្ញុំប្រាប់ខ្លួនឯង! អ្នកណាថាអីថាទៅ តែ….ព្រឹកនេះ គ្រប់យ៉ាងដូចជាហួសព្រំដែនហើយ។

ខ្ញុំទ្រាំសង្កត់ចិត្តតបនឹង​ដាណេ៖

«កុំឆេវឆាវ! គិតកូនផងដាណេ!»

«ចុះបងឯង? សំងំធ្វើមិនដឹងរឿង ឬមួយ….»​

ខ្ញុំបិទទូរសព្ទព្រោះមិនចង់ឮដល់ចប់ទេ។ ចិត្ត​ខ្ញុំកំពុងឈឺខ្លាំង នឹងពាក្យ​សម្តីលាយសំណើចចំអករបស់ដាណេ។ ប៉ុន្តែបើខ្ញុំលែងលះនាងពេលនេះ គឺចូលស៊ងនាង នោះក៏មានន័យថា ខ្ញុំព្រមបោះបង់អំណាចដែលខ្ញុំបានខិតខំសឹងពេញមួយជីវិតយុវវ័យ​ដើម្បីទទួលកេរ៍ពីប៉ាម៉ាក់នាង?

នេះអ្វីមួយដែលខ្ញុំបានស្បថថា «អ្វីក៏ដោយដែលកើតឡើង…..»ខ្ញុំនឹងមិនអនុញ្ញាតឱ្យខ្លួនឯងបកទៅក្រម្តងទៀតទេ។

ខ្ញុំទៅរោងជាងធំថ្ងៃនេះ។

យើង​កំពុង​ឆ្លង​កាត់​សង្កាត់​ភោជនីយដ្ឋានម្តុំទួលទំពូង ពេល​មាន​អ្វី​ចាប់​ភ្នែក​ខ្ញុំ​ក្រៅកញ្ចក់​ឡាន។ នារីម្នាក់មាន​ផ្ទៃមុខភ្លឺថ្លា  ជាង​ព្រះអាទិត្យ។

“ឈប់សិន​!”

ខ្ញុំ​ខ្ទាស់​ភ្នែក​ជាមួយ​អ្នក​បើក​បរ​ដែល​គោរព​តាម​បញ្ជា​របស់​ខ្ញុំ​ភ្លាមៗ។ គាត់​ទាញ​ឡាន​មក​ក្បែរខាង​ផ្លូវ​ឱ្យចុះ។

​ខ្ញុំ​មើល​ទៅ​ក្រៅ​ឃើញ​នារី​ម្នាក់នោះ ​អង្គុយម្នាក់ឯង​​នៅលើ​តុ​រាង​ជា​រង្វង់មូល។

«និមល!»

ខ្ញុំហៅនាង​។

នាង​ងាកមកភ្លាម ហើយញញឹម។ នាង​ស្អាតដូចដើម និងមាន​ឈុតការិយាល័យស្រស់បំព្រង។ នេះជា​ហាងកាហ្វេលាយ​​ភោជនីយដ្ឋានបារាំង​មួយយីហោ​ក្នុង​ស្រុក តែយើង​​ស្គាល់​ថា​ជា​កន្លែង​ណាត់​ជួប​ដ៏​ពេញ​និយមសម្រាប់អ្នកមាន​លុយ​។

«មកម្នាក់ឯង?»

ខ្ញុំទាញកៅអីអង្គុយ​ដោយ​វង់ភ្លេង​ស្នេហាចាស់មួយ បាន​ឆាបឆេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ជា​យូរ​មក​ហើយចាប់តាំងពីខ្ញុំសម្រេចចិត្ត​ចោលនាង​រត់មកតោងរ៉េមី។

តាមពិត ឥឡូវនេះ បើសិនជាខ្ញុំចង់ចាប់និមល ខ្ញុំអាចរបូត​ចេញពីការស្នងតំណែងមរតកប៉ារ៉េមី តែមិនដឹងហេតុអ្វី​ខ្ញុំចង់ចាប់និមលមែនទែនពេលនេះ​ពេលឃើញស្នាម​ក្រែមលើមាត់នាង។

និមលជានារីខ្លាំង នាងពូកែការងារ គ្រាន់តែកាលណោះយើងក្រពេក ខ្ញុំមិនចង់ព្យាយាមពីចំណុចសូន្យឡើងទេ ម្ល៉ោះហើយខ្ញុំត្រូវចាប់កៅអីពីគ្រួសាររ៉េមីដើម្បីទប់ខ្លួនខ្ញុំឱ្យជាប់នៅភ្នំពេញ​ហើយក្បត់នាង។

នាងនៅតែញញឹម ស្រស់ស្អាតហើយមិនមានអ្វីល្អក់កករ។

« ថ្ងៃនេះញាំកាហ្វេជជែកគ្នាលេងបានទេ?!»

នាង​ញញឹមចង្អុលទៅកន្លែងគិតលុយ​។

ខ្ញុំឃើញប្រុសម្នាក់មើលមកពួកយើង។ នាង​ប្រាប់ថា ជា​​សា្វមីនាង ឈ្មោះអាត ។

ដៃប្តីនាង​គិតលុយ​ផងបណ្តើរដឹកក្មេងស្រីស្អាតម្នាក់ផង មុខដូចនិមលបេះដាក់។ ហើយ….ជាអ្វីដែលជាការអាម៉ាស់ផងដែរដោយសារប្តីនាង​ស្វាគមន៍ មិនដឹងរឿងចាស់របស់ពួកយើងទេ ខ្ញុំតែអង្គុយសម្លឹអខើញពួកគេស្រលាញ់គ្នា នាងគឺស្រស់ស្អាតហើយមានសុភមង្គល។

គ្រប់គ្រាន់ហើយ​ឃើញបានក្តីសុខ។ មានតែខ្ញុំទេ។ ពាក្យថាក្តីសុខ មិនដែលជាអទិភាពទេ ឱ្យតែមានលុយ​។ ពេលនេះ ត្រឡប់មកនៅម្នាក់ឯងមួយសន្ទុះ នៅក្នុងផ្ទះ គំនិតដែលថា អ្វីក៏ដោយដែលកើតឡើងកើតទៅខ្ញុំទ្រាំងបាន ប្រហែលជាដល់ពេលហើយ។

ជីវិតនេះសាបស្លេម។

ខ្ញុំឆ្លាតណាស់សម្រាប់វិធីក្លាយជាអ្នកឈរជើងមាំនៅភ្នំពេញពីបាតដៃទទេ​ដោយតោងស្រីឡើង ហើយយល់ថា ពួកប្រុសៗដែល​ទ្រាំជាមួយប្រពន្ធជាអ្នកក្រគឺល្ងង់ខ្លៅ។

«យើងលែងគ្នា»

សារនាង​ផ្ញើមកខ្ញុំ ប្រពន្ធខ្ញុំ។

ខ្ញុំចាំពាក្យនេះយូរហើយ ម្តេចពេលនេះខ្ញុំក្លាយជាពិបាកចិត្ត​?

«បងឯងយកទាំងអស់ទៅផ្ទះនិងក្រុមហ៊ុន​! ខ្ញុំយកកូន!»

នាង​សរសេរមកទៀតហើយ​នេះ ជារឿងដែលខ្ញុំធ្លាប់គិតពីមុនមក ។ នាង​មិនដែលស្រលាញ់ខ្ញុំទេ តែនាង​បង្កើតចៅពីរមក ព្រោះឳពុកនាង​នឹងឱ្យមរតកមកចៅ។

ខ្ញុំធ្លាប់គិតថា កូនបង្កើតទៀតបាន​ប្រពន្ធការថ្មីបាន តែភាពជាអ្នកមាន​ទាល់តែមានឱកាសបានយកបាន។

«២លានដុល្លារ!»

ខ្ញុំសរសេរតប។

នេះបានន័យថា​បន្ថែមពីរលើលក្ខខណ្ឌ័ទាំងអស់ ខ្ញុំចង់ទារលុយ២លានទៀតជាថ្នូរនឹងសេរីភាពនាង។

«ឆ្កួតហ្មែន?»

នាង​តបមកវិញបែបនេះ ហើយក៏លែងឆ្លងឆ្លើយគ្នា។ ខ្ញុំគិតថា ខ្ញុំមិនអន្ទះសារទេ​ ព្រោះខ្ញុំជាអធិរាជនៃនៃពាក្យថា «អ្វីក៏ដោយដែរកើតឡើង!»។

ចំណែកខាងរ៉េមីវិញទេ ដែលប្រហែលជាលែងអត់ធ្មត់បានតទៅទៀត។

ដោយសារនាងមានចិត្តឆេវឆាវ ចង់បានសេចក្ដីស្រឡាញ់ជាមួយអាប៉ិសឿនរបស់នាង ដូច្នេះប្រពន្ធគឺជាអ្នកខាតបង់ពីរលានបន្ថែមទៀត នោះបើចង់បានសេរីភាពទៅនៅជាមួយគ្នា។

ស្អែកឡើង ប្រពន្ធខ្ញុំវិលមកផ្ទះវិញ ។

ខ្ញុំក៏ធ្វើដូចធម្មតា។ យើងអង្គុយញ៉ាំបាយជាមួយគ្នាដូចរាល់ដង។ ក្នុងផ្ទះនេះអ្នកណាក៏ដឹងថា ពួកយើងគឺជាដុំទឹកកកដែលគ្មានមនោសញ្ចេតនាចំពោះគ្នា ។ ផ្ទះនេះមិនដែលមានទម្លាប់នៅជុំគ្នាឱបកូនៗ ជជែកគ្នាលេង ក្អាក្អាយ​ដូចផ្ទះគេដទៃដែរ។

កូនៗរបស់ខ្ញុំ ក្រៅពីទៅសាលារៀន ពួកគេ​ មា​នវត្ថុលេងទំនើបៗសព្វយ៉ាង សំងំនៅក្នុងបន្ទប់ដ៏ធំមួយដែលប្រពន្ធខ្ញុំបានរៀបចំដូចជារាជដំណាក់របស់បុត្រីបុត្រាស្ដេចសម្រាប់ពួកគេ ។

ម្តាយខ្ញុំធ្លាប់និយាយថា ប្រយត្ន័កូនៗខ្ញុំនឹងក្លាយទៅជាមនុស្សគ្មានបេះដូង គ្មានមនោសញ្ចេតនាពីព្រោះគ្រួសារខ្វះភាពកក់ក្តៅ ប៉ុន្តែមានអីមិនល្អ?

សម្រាប់ខ្ញុំ បើសិនជាពួកគេអាចក្លាយជាអធិរាជ«អ្វីក៏ដោយ»ដូចជាខ្ញុំដែរ ថ្ងៃក្រោយធានាថា ស្អីក៏គេយកឈ្នះបានដែរ ជីវិតមនុស្ស​កាត់ចិត្ត​បានយ៉ាងមាំដូចខ្ញុំ គ្មានថ្ងៃក្រលំបាកទេ។

 ពេលវេលាកន្លងទៅបានពីរអាទិត្យ។

រ៉េមីទៅទិញសម្លៀកបំពាក់សិចស៊ីឃ្យូតៗ ចេញដើររាំនិងផឹកស្រាញាប់ជាងពីមុន។

ស្មានថា ខ្ញុំមិនខ្វល់?

ចង់បញ្ជោះខ្ញុំលែង?សង្ឃឹមទៅ! ចាំមើលថា តើនរណាអាចទ្រាំយូរជាងអ្នកណា? នាងត្រូវការកសាងគ្រួសារថ្មីដោយមិនមាន​ខ្ញុំ ចំណែកខ្ញុំអ្វីក៏ដោយឲ្យតែមានលុយ ខ្ញុំមិនខ្វល់នោះទេ។

 ក្លិប!

អ្នកណាម្នាក់បង្ហាញខ្លួននៅខាងមុខបន្ទប់ខ្ញុំ។

 តើជាអ្នកណា ? ចោរចូលផ្ទះ?

ចៃដន្យថ្ងៃនេះ មីងស្រីគាត់សុំច្បាប់ទៅស្រុក ព្រោះក្មេងៗត្រូវតាគេមកយកទៅដើរលេងសឹង្ហបុរីអស់ហើយ ផ្ទះស្ងាត់ ។

នឹកឃើញ​ពីអ្នកយាមនៅខាងក្រោមដែរ តែមេឃភ្លៀងស្រិចៗ តិចពួកវាស្រវឹងដេកត្មោលអស់ទៅ?

«អ្នកណា?»

ខ្ញុំសួរកម្លាចិត្ត​ខ្លួនឯងដែលកំពុងភ័យសង្ស័យ។

គ្មានចម្លើយ ក៏មានអារម្មណ៍ថាប្លែក។

 ភ្លាមនោះ ខ្ញុំឈានទៅដល់កញ្ចក់ និងទាញទ្វាររបើក។

គ្មានឃើញ​នរណាទាំងអស់មានតែចំហាយខ្យលត្រជាក់និងភ្លៀងសាចមកតិចៗ។

 ប៉ុន្តែ….នៅពេលបែរខ្លួនត្រឡប់មកវិញ ខ្ញុំដឹងថាខ្ញុំមានបញ្ហាហើយ ។

ជាបញ្ហា​ធំ មិនអាចដោះស្រាយដោយពាក្យ«អ្វីក៏ដោយបានទេ!»

ខ្មាន់កាំភ្លើងម្នាក់ឈរពីមុខខ្ញុំ ហើយញញឹម។ ខ្ញុំមិនដែលស្គាល់ម្នាក់នេះទេ ប៉ុន្តែខ្ញុំដឹងថា កាំភ្លើងរបស់វាមិនភ្ជង់លេងឡើយ វានឹងសម្លាបខ្ញុំ ព្រោះវាហ៊ានបង្ហាញមុខ។

 ផូង! ខ្ញុំដួលទៅលើដី!

ឈាមហូរចេញពីបំពង់ករបស់ខ្ញុំ។ គ្រាប់កាំភ្លើងមួយគ្រាប់តែប៉ុណ្ណោះ អាចផ្ដាច់ដង្ហើមរបស់ខ្ញុំបានសូម្បីតែស្រែកបន្តិចក៏លែងមានឱកាស​ដែរ។

ខ្ញុំដួលផ្កាប់មុខភីងទៅលើព្រំ។

 ពាក្យដែលខ្លួនឯងសាងឡើងមកសម្រាប់ជីវិត«អ្វីក៏ដោយដែលកើតឡើង» នៅវិលវល់ជុំវិញរាងកាយត្រដរខ្យល់របស់ខ្ញុំ។ ទោះបីពេលនេះកំពុងនៅក្នុងicuក៏គ្មានអ្នកណាសង្គ្រោះខ្ញុំបានដែឬកុំថាឡើយនៅដេកស្ប៉ាបម្នាក់ឯងបែបនេះ។

ខួរក្បាលខ្ញុំដែលនៅដើរប្រាប់ខ្ញុំថា នេះជារឿងធម្មតាដែលខ្ញុំគួរត្រៀមដឹងជាយូរមកហើយ​ថា អ្នកដែលជាអ្នកធ្វើ ។

ជើងរបស់ជននោះរត់ចូលទៅក្នុងបន្ទប់របស់ខ្ញុំ ស្នូរ​បើកទ្វារទូដែក ដោយចុចលេខសម្ងាត់ ។

ខ្ញុំដឹងថា អ្នកណា​ដែលឱ្យលេខសម្ងាត់ទូដែកទៅវា។  មិនមែនគោលដៅរបស់វាគឺយកទ្រព្យសម្បត្តិរបស់ខ្ញុំនោះទេប៉ុន្តែគឺធ្វើឲ្យប៉ូលីសយល់ថា ខ្ញុំត្រូវបានគេប្លន់។

នេះហើយ ចុងបញ្ចប់នៃ អធិរាជបេះដូងដែក ដែលជឿលើពាក្យថា«អ្វីក៏ដោយតែកើតឡើង» បើយើងមិនចាញ់ យើងនៅតែមិនចាញ់។

ឥឡូវនេះ ពិតជាកើតឡើងមែន។

ខ្ញុំលែងអាចដកដង្ហើមបានទៀតហើយ។

រូបរាងក្មេងប្រុសនិស្សិត​ មកពីកំពង់ធំ មាន​ស្ពាយសាក់កាដូនិងមានតែកង់មួយ ឡើងមកផ្សងព្រេងជីវិតរហូតដល់ក្លាយទៅជាអ្នកមានប្រាក់វាល់លាននៅទីក្រុងមួយនេះ ចុងក្រោយត្រូវបញ្ចប់បែបនេះឬ?

«អ្វីក៏ដោយដែលកើតឡើង!» ពាក្យដែលខ្ញុំស្បថថាទទួលយកឱ្យតែបានក្លាយជាសេដ្ឋីនឹងគេ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*