ខ្ញុំស្ទុះទៅស្លៀកពាក់ ហើយរត់ទៅបើកឡានសម្តៅ Office។
ដោយរត់សំដៅទៅកាន់បន្ទប់ដែលក្រុមសន្តិសុខផ្តុំគ្នាធ្វើការ ខ្ញុំព្យាយាមស្វែងរកពូ វ៉ាន់ លៀង ដែលជាមេក្រុមរបស់ពួកគេ។
គាត់កំពុងតែអង្គុយដោយទឹកមុខសោកសៅ។ ធម្មតាទេ ថៅកែមានរឿងដល់ជីវិត។
«អូពូ ខ្ញុំចង់មើលកាមេរ៉ា កាលពីយប់មិញ!»
គាត់នៅមុខសម្លឹងខ្ញុំ។
នៅទីនេះក្រៅពីម្ចាស់ភាគហ៊ុនទាំងបី ខ្ញុំក៏រាប់ថា ជាអ្នកមានអំណាចទីបួនដែរ។ គាត់មិនទាន់សួរផងខ្ញុំប្រាប់គាត់ទៀត៖
«ចំណុចនៅមុខស្ទូឌីយ៉ូធំ ពីចន្លោះម៉ោងប្រាំបួនរហូតដល់ម៉ោងប្រាំបួនថែមម្ភៃនាទី!»
«បាន!!លីនហ្វា!!»
បានគាត់ឆ្លើយហើយ ខ្ញុំក៏ទៅអង្គុយរង់ចាំនៅក្នុងការិយាល័យវិញ។
ឈានជើងមកដល់មាត់ទ្វារ មានអារម្មណ៍ថា បាត់បាច់ផ្កាពណ៌ក្រហម។ ជាបាច់ផ្កាដែលតានបានឱ្យខ្ញុំកាលពីម្សិលមិញ។ អ្នកណាជាអ្នកយក?
អ្នកណាមានសោចូលក្នុងបន្ទប់របស់ខ្ញុំ?
អ៊ីណា?
គិតដល់មនុស្សស្រីម្នាក់នេះ ម្តងណាក៏រករឿងនិយាយមិនល្អក្រោយខ្នងខ្ញុំ។ ខ្ញុំចាប់យកទូរសព្ទនៅលើតុរួចចេញទៅក្រៅដើម្បីស្វែងរកក្រុមសន្តិសុខ ឱ្យឆែកកាមេរ៉ាមុខបន្ទប់ខ្ញុំមួយទៀត តែមកដល់មាត់ទ្វារនឹកឃើញថា វិលមុខ ទន់ខ្លួនពេក ចង់សំងំរំងាប់ចិត្តបន្តិចសិន។ ចង់នៅស្ងាត់ម្នាក់ឯងបានបន្តិចសិន។
មានរឿងជាច្រើនបានកើតឡើងនៅកន្លែងនេះ រកគិតមិនយល់នោះទេ ថាតើអ្វីទៅដែលបានបណ្តាលឱ្យសោកនាដកម្មកើតឡើងក្នុងរយៈពេលនេះ?
ម្ដងភ័យ ម្ដងក្តុកក្តួលអាណិតតាននិងរ៉េអូ ម្ដងខំរម្ងាប់ចិត្ត ម្ដងគិតថា ខ្លួនមានសុខភាពផ្លូវចិត្តមិនល្អ ក៏ទ្រេតលើសាឡុងធ្មេចភ្នែកឈ្លីក្បាលរង់ចាំអ្នកយាមយកវីដេអូមកឱ្យ។
មិនយូរប៉ុន្មាន ខ្ញុំលង់លក់ភ្លឹបលើសាឡុង។
ដោយកំពុងដកដង្ហើមស្បើយភ្លេចពីទុក្ខកង្វល់មួយខណៈ ស្រាប់តែមានម្រាមដៃមួយមកកេះកែងដៃ។
ភ្ញាក់ដូចត្រូវគេកន្ត្រាក់ ខ្ញុំបើកភ្នែក ប្រមូលអារម្មណ៍មកវិញសន្សឹមៗ។
ទីបំផុតឃើញខ្លួនឯងក្នុងបន្ទប់ធ្វើការ។ ឆ្ងល់ថា អ្នកណាទៅ ចូលមកបន្ទប់មិនគោះទ្វារ ឬមួយខ្ញុំ គេងលក់លើសាឡុងយូរពេករហូតដល់មិនដឹងថា ពួកគេចូលមកដាស់ដើម្បីឱ្យពិនិត្យវីដេអូ?
ទោះបីយ៉ាងណា សន្តិសុខទាំងនោះ សុទ្ធតែជាប្រុសៗ មិនគួរហ៊ានចូលបន្ទប់ ដោយមិនគោះទ្វារហៅនោះឡើយ។
កំពុងគិត ស្រាប់តែមានអារម្មណ៍ថា ម្រាមដៃនេះចម្លែក ក្រចកវែង ស្បែកមានដុះរោម ប្រឡាក់ខ្មៅស្រគាំ ធ្វើឱ្យរាងកាយភ្ញាក់ក្រញាងស្ទុះងើបយ៉ាងរហ័ស។
អាយ៎
ខ្ញុំស្រែករន្ធត់ញាប់ញ័រ ពីព្រោះថានៅលើកម្រាលឥដ្ឋ មនុស្សស្រីម្នាក់ ស្គមសល់តែស្បែកដណ្ដប់ឆ្អឹងដូចជាខានបាយទឹកជាយូរមកហើយ សក់ក៏រង្គោះអស់ជាអន្លើបង្ហាញនៅសល់ស្បែកក្បាលចំហខ្លះ ភ្នែកទាំងគូតឹងៗដូចជានារីក្នុងសម័យបុរាណ។
តួខ្លួនស្គមកំព្រឹង ដណ្ដប់កន្ទបប្រឡាក់ប្រឡូសសព្វទីកន្លែង ដៃអាវម្ខាងរហែក ហើយម្ខាងទៀត បក់យោលចុះឡើងចុះឡើងរបៀបសូត្រចិន។
នាងថ្ងូរ គ្រហឹមយ៉ាងនឿយហត់និងលាន់ជាសំឡេងយ៉ាងស្រេកឃ្លានថា៖
«ខ្ញុំឃ្លានខ្លាំងណាស់ ឱ្យអីខ្ញុំហូបបន្តិចមក! ឱ្យអីខ្ញុំបន្តិចមក! ឱ្យថ្នាំពុលក៏បាន! ខ្ញុំមិនចង់រស់នៅវេទនាបែបនេះទេ!»
ខ្ញុំខ្ទប់ត្រចៀកផងមិនចង់ឮសំឡេងថ្ងូរគួរឱ្យអណោចអាធម៌ ហើយខំបិទភ្នែកយ៉ាងណា ក៏នៅតែមើលឃើញនារីសល់តែស្បែកដណ្ដប់ឆ្អឹងម្នាក់នោះ។
ម្រាមដៃមិនត្រឹមតែមួយ ឥឡូវនេះម្រាមជាច្រើនទៀតបានលូកឡើងមកប៉ះជើងរបស់ខ្ញុំ។ ខ្ញុំស្រែកមួយទំហឹងលែងចេញសំឡេង លើកជើងឡើងលើអស់ពីកម្រាលរហូតគ្រញែងព្រឺភ្ញាក់ពីដំណេកមែនទែន។
ទើបឃើញខ្លួនឯងនៅលើសាឡុងកំពុងគេង។
ខ្ញុំស្ទុះក្រោកអង្គុយ។
ញាក់សាច់! ដង្ហើមមិនដល់គ្នា។ ទីនេះពិតជាគ្មាននារីដែលស្គមសល់តែគម្រោងឆ្អឹង ដូចជាខ្មោចលងនៅក្នុងសុបិនទៀតទេ។
ជាសុបិន!!!
តើមានរឿងអ្វីកើតឡើងទៅ?
ខ្ញុំស្ទុះក្រោកឡើងទាំងមិនទាន់ស្វាង១០០ភាគរយក៏ដោយ គឺប្រឹងដើរចេញដូចហោះ។ មកដល់ខាងក្រៅ ត្រូវភ្ញាក់ផ្អើលនឹងក្រុមមនុស្សដែលកំពុងសម្លឹងទៅកាន់ក្រុមប៉ូលិសព្រហ្មទណ្ឌ វាយខ្នោះ នាំយកនារីម្នាក់ចេញទៅ។
«មានរឿងអី?»
ខ្ញុំភ្លាត់សំឡេងសួរដែលមានតែខ្យល់ព្រោះទ្រូងនៅញាប់ញ័រ។ សំណួរមិនសំដៅតម្រង់ទៅរកអ្នកណាទេ អ្នកណាឆ្លើយក៏បានដែរ ហេតុអ្វីគេចាប់អ៊ីណា ម្ចាស់ភាគហ៊ុនទីបី? មានរឿងអីកើតឡើង?
អ៊ីណាគឺជាម្នាក់ក្នុងចំណោមភាគហ៊ុនទាំងបីដែលស្លាប់ពីរ នៅសេសសល់មានជីវិតតែម្នាក់នេះ។
«គេថាគាត់សម្លាប់រ៉េអូហើយនឹងលោកតាន!» មិនដឹងសំឡេងអ្នកណាទេឆ្លើយមក ធ្វើឱ្យខ្ញុំហ៊ឹងត្រចៀក។
«ថាម៉េច?»
មនុស្សជាច្រើនកំពុងតែសម្លឹងមើលម្ចាស់ភាគហ៊ុនចុងក្រោយដែលត្រូវបានប៉ូលិសនាំចេញទៅ។ ខួរក្បាលខ្ញុំមានតែសំណួរដដែលៗថា ហេតុអី? ហេតុអ្វីបានជានាងត្រូវសម្លាប់? អ្នកទាំងពីរ តាននិងរ៉េអូ ពួកគេក្រែងជាមិត្ត មកបើកក្រុមហ៊ុនេះយ៉ាងជោគជ័យជាមួយគ្នា?
ខ្ញុំដៀងទៅម្ខាងនោះ ក៏ឃើញសន្តិសុខដែលបានផ្ដាំផ្ញើឱ្យឆែកវីដេអូកំពុងតែជ្រៀតហ្វូងមនុស្សដើរតម្រង់មករក។ ខ្ញុំលើកដៃស៊ីញ៉ូឱ្យគាត់មកចួបគ្នាក្នុងបន្ទប់និយាយគ្នា។
ដល់ក្នុងបន្ទប់បិទទ្វាររួចរាល់ មេសន្តិសុខបានបំភ័យខ្ញុំដោយទឹកមុខស្លេកងាំង
«មិនឃើញវីដេអូម្សិលមិញទេលីនហ្វា!»
ខ្ញុំភាំង។
មិនទាន់និយាយអីផង ស្រាប់តែគាត់គ្រវីក្បាល ហួសចិត្តដូចគ្នា។
«ម៉េចបានអ៊ីចឹង?»
«វីដេអូត្រូវបានគេលុប! គ្មានដានស្នាមអ្វីទាំងអស់ លីនហ្វា! ប៉ូលិសក៏សួររក!»
ខ្ញុំឱបដៃទាំងខ្លួនញាក់។ សន្តិសុខនិយាយទៀតថា៖
«ខ្ញុំសង្ស័យថា អ៊ីណាជាអ្នកធ្វើ!»
ខ្ញុំឱបជាប់ទ្រូងឡើងវិញទាំងអស់ ពីហេតុការណ៍នៅខាងក្រៅពេលឮគេនិយាយអំពីអ៊ីណា។ ខ្ញុំខ្សឹបសួរភ្លាមឡើងដែរ៖
«នែ៎ពូ! ប៉ូលិសចាប់អ៊ីណាទៅណា?»
«គេរកឃើញភ័ស្តុតាងថា អ៊ីណាជាអ្នកសម្លាប់លោកតាននិងរ៉េអូ!»
«នាងជាស្រីម្នាក់ឯង អាចសម្លាប់មនុស្សប្រុសពីរនាក់បានយ៉ាងម៉េច? ហើយសម្លាប់ធ្វើអីទៅ ពួកគេគឺជាមិត្ត ថែមកំពុងជោគជ័យជាមួយគ្នា!»
«ប៉ូលិសរកឃើញថា មានការដាក់ថ្នាំបំពុល! ដំបូងឡើយសមត្ថកិច្ចសន្និដ្ឋានថា នរណាម្នាក់ក្នុងចំណោមពួកគេ ព្រោះមានទំនាស់ស្នេហា!» ពូនោះឆ្លើយទាំងញីថ្ងាស់។
«ទំនាស់ស្នេហា?»
មេសន្តិសុខងក់ក្បាល រួចគាត់ព្យាយាមពន្យល់ខ្ញុំជាបន្តថា ៖
«ប៉ូលិស….បានប្រាប់កាសែតព្រឹកមិញថា …..លោក តាននិងរ៉េអូមានសេចក្ដីស្នេហាជាមួយគ្នាជាយូរណាស់មកហើយលីនហ្វា!»
ខ្ញុំឈានថយក្រោយយឺតៗ រហូតទល់ខ្នងនឹងតុធ្វើការ។
ប្រហែលជាខ្ញុំស្លេកពេកបានជា គាត់លែងនិយាយហើយឱនគំនាប់លាខ្ញុំចេញទៅ។
នៅសល់តែម្នាក់ឯង ខ្ញុំដាក់គូទអង្គុយមកលើសាឡុង ហើយគាំងមិនដឹងគិតយ៉ាងណា។
អ៊ីណាស្រឡាញ់លោកតាន តែលោកតាននិងរ៉េអូជាប្រុសស្រលាញ់ប្រុស ខ្ញុំមិនដែលសូម្បីគិត។
នឹកឃើញឡើងវិញ ម្សិលមិញអ៊ីណាចូលមកទីនេះ ឃើញបាច់ផ្កាលីលីពណ៌ក្រហម នាងខឹង? តែបើខឹងខ្ញុំហេតុអ្វីបានជិះឡានទៅសម្លាប់ពួកគេនៅអាផាតមិន?
ឬមួយខឹងលោកតាន?
នៅទីនេះ ប៉ូលិសមិនធ្វើការលេងធេងទេ បើមិនមានភ័ស្តុតាងគ្រប់គ្រាន់ ក៏មិនហ៊ានវាយខ្នោះនាំខ្លួនមនុស្សចេញយ៉ាងអាណាធិបតេយ្យផ្អើលពេញក្រុមហ៊ុនដែរ។
ខ្ញុំជាអ្នកនៅសល់ ក្រៅពីបីនាក់គេ ខ្ញុំចង់ក្រោកទៅផ្នែករដ្ឋបាលបញ្ជាឱ្យរៀបចំមេធាវី តែ….ទន់ជើងណាស់។ មានរឿងចម្លែកជាច្រើនខ្ញុំគិតមិនយល់ទេ។
រ៉េអូស្លាប់តាំងពីល្ងាចហេតុអ្វីបានជាខ្ញុំចួបគេយប់មិញ?
ខ្សែវីដេអូនោះហេតុអីរលុបងាយម្ល៉េះ?
ខ្ញុំទទួលស្គាល់ថា អ៊ីណាជានារីមានអំណាច នាងអាចនឹងមានដៃជើងច្រើនណាស់នៅកន្លែងនេះ តែម្តេចនាងដាច់ចិត្ត…. ខ្ញុំនៅស្ងៀម។
ឱ? ធ្វើម៉េចខ្ញុំអាចបកស្រាយអាថ៌កំបាំងដែលខ្លួនឯងបានចួបរ៉េអូនៅនឹងមុខស្ទូឌីយ៉ូបាន? គេបានស្លាប់មុនពេលយប់ ដូច្នេះហើយអ្នកដែលខ្ញុំបានចួប និងដឹកទៅហូបមី ជាអ្នកណាវិញ?
ខ្ញុំច្បាស់ខ្លួនឯងថា ខ្ញុំគ្មានជំងឺផ្លូវចិត្តគ្មានជំងឺរវើរវាយនោះទេ តែរឹតតែច្បាស់ ខ្ញុំគួរទៅកន្លែងហូបមី និងឆែកាមេរ៉ានៅអាផាតមិនទៀតរ៉េអូទៀត។
កំពុងចុចទៅរកជំនួយការរបស់ខ្ញុំដែលបានសុំច្បាប់ទៅលេងចិនដីគោក ខ្ញុំឃើញសាររបស់ម៉ាក់លោតឡើងមកពេញៗ
«កូនលីនហ្វា ត្រលប់មកផ្ទះវិញភ្លាម ម៉ាក់មានការចង់និយាយជាមួយកូន! ហើយបើសិនជាមិនស្រួលខ្លួន មិនបាច់បើកឡានទេ ចាំជិះតាក់ស៊ីមកតេម្តងទៅ! នេះគឺជាសាររបស់ម្តាយខ្ញុំ ដូច្នេះហើយខ្ញុំឆាប់ស្ទុះក្រោក ប្រមែប្រមូលយកកាបូប។
សម្លឹងជុំវិញមុនបិទទ្វារចាក់សោ ទើបនឹងនឹកឃើញថា មុននេះម្តេចភ្លេចសួរទៅអ្នកយាមថាហេតុអីបាច់ផ្កាខ្ញុំបាត់?
ប៉ុន្តែបើថាកាមេរ៉ាត្រូវបានលុបចោល គ្រប់ទីកន្លែង អ្វីៗដែលអាថ៌កំបាំងនៅស្ទូឌីយ៉ូមួយនេះ ប្រាកដណាស់ខ្ញុំមិនអាចតាមទាន់ភ្លាមៗឥឡូវទេ។
មិនត្រូវនៅបង្អែរបង្អង់យូរឡើយ ខ្ញុំគួរតែថយដកឃ្លាទៅសម្រាក ហើយពិនិត្យដាច់រឿងនេះសារដើមឡើង និងពិនិត្យពីចម្ងាយ អំពីរឿងរ៉ាវស៊ីជម្រៅនៃពួកគេទាំងបីនាក់ ដែលថាអ្នកណាសម្លាប់អ្នកណា និងមូលហេតុអ្វីឱ្យពិតប្រាកដសិនសឹមវិលត្រលប់មកធ្វើការវិញ។
ឥឡូវនេះ ភាគហ៊ុនទាំងបីមានបញ្ហាទាំងអស់ ក៏មិនដឹងថាបន្តិចទៀត ក្រុមហ៊ុននេះត្រូវបិទទ្វារដែរឬយ៉ាងណាផង ឈឺក្បាលណាស់។
មកដល់ផ្ទះវិញកាលណា ខ្ញុំឃើញម្តាយខ្ញុំមានភ្ញៀវពីរនាក់នៅអង្គុយរង់ចាំជាស្រេចលើសាឡុង។ ពួកគេស្លៀកពាក់ដូចជាមនុស្សចាស់ជនជាតិចិនមកពីដីគោក។
ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ដោយសារចួបរឿងមិនសូវសប្បាយចិត្តខ្លាំង។
ម្តាយខ្ញុំប្រញាប់ណែនាំមកខ្ញុំថា៖
«កូនលីនហ្វាអើយ នេះហើយពូទៀន ហើយនេះពូកួយ!»
«ពូ!» ខ្ញុំហៅ ពួកគេគួរសមតាមធម្មតា រៀបនឹងដើរចូលទៅក្នុងបន្ទប់ ស្រាប់តែពូកួយគាត់លាន់មាត់ឡើងថា
«ក្មេងស្រីនេះ មានគេធ្វើសិល៍្បលើរូបរាង!»។
ខ្ញុំឮហើយជ្រួញចិញ្ចើម នៅស្ងៀមក្បែរមាត់បន្ទប់ ងាកមកសម្លឹងមុខពួក។ ខ្ញុំហត់នឿយណាស់ តែម្ដាយខ្ញុំ ធ្វើសញ្ញាខ្ញុំទៅក្បែរ ខ្ញុំធ្វើមុខស្មើ ផ្អៀងក្បាលចង់សួរគាត់ថា មានរឿងអីកើតឡើង តែម្តាយខ្ញុំមិនទាន់បានឆ្លើយផង ស្រាប់តែពូទៀននិយាយវិញម្ដង៖
«ក្មួយស្រី! ប្រហែលជាមានអ្នកណាម្នាក់ដាក់អ្វីមួយលើខ្លួនក្មួយ មួយរយៈនេះ ចាប់អារម្មណ៍ឃើញថា មានអីកើតឡើងប្លែកទេ?»
ខ្ញុំសម្លឹងពូនេះ រួចពូកួយ រួចក៏បញ្ចប់ការសម្លឹងត្រឹមម្តាយខ្ញុំ។ ចាប់អារម្មណ៍ថាម្តាយខ្ញុំ ស្រពោនពិបាកចិត្ត។ ខ្ញុំដកដង្ហើមធំថយមកអង្គុយវិញ ពិភាក្សាជាមួយពួកគាត់។
«ច្រើនណាស់ពូ! ខ្ញុំចួបរឿងចម្លែកច្រើនណាស់!»
ពួកគេមិនមាត់ នៅសំងំស្តាប់ខ្ញុំ ម្ល៉ោះហើយ ខ្ញុំនិយាយបន្ថែមយឺតៗ៖
«ពូ ខ្ញុំគិតថា ខ្ញុំបានឃើញខ្មោច!»
«ពិតណាស់» ពូកួយថាតាមពីក្រោយខ្ញុំ។
«គឺមានអ្នកណាម្នាក់បានដាក់យ័ន្តអ្វីមួយនៅកន្លែងសំខាន់របស់ក្មួយ អាចជាកន្លែងធ្វើការឬក៏គ្រែដេករបស់ក្មួយ!»
ម្តាយខ្ញុំចោះកាត់ដោយអះអាងឡើងថា៖
«ខ្ញុំឆែករួចហើយ នៅក្រោមគ្រែបន្ទប់របស់កូនខ្ញុំ គ្មានអ្វីនោះទេ!»
ពូកួយងក់ក្បាលដាក់ម្តាយខ្ញុំ ហើយងាកមកពន្យល់ខ្ញុំ៖
«ប្ដីអ្នកណាម្នាក់បានធ្វើឱ្យក្មួយបែកកម្មដ្ឋានស្រមៃរឿងផ្ដេសផ្ដាស!»
«ប្រហែលដែរ» ខ្ញុំពោលខ្សាវៗ «ពូ! យប់មិញខ្ញុំបានឃើញមនុស្សស្រីបុរាណលេងបៀអង្គុយបែរខ្នង! ក្រោយមកទៀត ខ្ញុំបានឃើញមនុស្សម្នាក់ដែលគេបានស្លាប់មុនពេលដែលខ្ញុំឃើញគេ!»
នៅពេលនោះពួកគាត់ក៏ចាប់ផ្ដើមពន្យល់ខ្ញុំថា ឱ្យខ្ញុំត្រលប់ទៅការិយាល័យឆែកឆេររកមើលក្រែងមានឃើញរបស់ចម្លែកនោះ បើពុំដូច្នោះទេ ពួកគាត់មិនអាចដោះនូវវេទមន្តដែលពួកគេបានដាក់មកលើខ្ញុំនោះទេ។
ភ្លាមៗនោះ រឿងថ្មីបណ្តាលឱ្យខ្ញុំលបគិតសង្ស័យទៅដល់អ៊ីណា។ ក៏សមហេតុផលដែរ ដែលអ៊ីណាប្រចណ្ឌឃើញលោកតានស្រលាញ់ខ្ញុំ បានជានាងធ្វើអំពើទាំងអស់នេះមកលើខ្ញុំ?
តែខ្ញុំមិនត្រលប់ទៅទីនោះទេ
«ខ្ញុំអាចឱ្យគេរកបាន» ប្រាប់ពូៗនិងម៉ាក់ហើយ ខ្ញុំក៏ទូរសព្ទទៅកាន់រដ្ឋបាល ជួយរុះរើការិយាល័យខ្ញុំ។
ពិតណាស់ មិនយូរសោះ ពួកគេផ្តល់ដំណឹងមកថា រកឃើញយ័ន្ដមួយពណ៌ប្រផេះមួយ ត្រូវបានគេសរសេរអក្សរបុរាណចិន ដែលខ្ញុំក៏អានមិនដាច់ ម្ដាយខ្ញុំក៏អានមិនដាច់ ប៉ុន្តែពូកួយនិងពូទៀនអានដាច់។
«យន្តនេះត្រូវបានគេដាក់បង្កប់នៅក្រោម ថតតុដែលខ្ញុំមិនដែលនឹកនាដល់!»
ខ្ញុំប្រាប់ពួកគាត់។
ពេលនោះហើយ ពូកួយបានប្រាប់ថា យ័ន្តនេះនឹងធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែករវើរវាយ ធ្វើអ្វីៗប្រាសចាកពីការពិត រហូតដល់យូរទៅខ្ញុំនឹងក្លាយជាមនុស្សឆ្កួតជាស្ថាពរតែម្តង។
គំនិតមួយប្រឆាំងគ្នាក្នុងខួរក្បាលខ្ញុំ។ ខ្ញុំយល់ថា ទោះបីខ្ញុំឆ្កួតយ៉ាងណាឬក៏ត្រូវគេដាក់អំពើយ៉ាងណា ខ្ញុំមិនអាចបើកឡានជូនរ៉េអូចុះឡើង ហើយមិនដឹងថា រ៉េអូគឺជាខ្មោចនោះទេ។
«ត្រូវណាស់ក្មួយអាចនិយាយសន្ទនាជាមួយខ្មោចបាន!» ពូទៀនបញ្ជាក់។
«ហេតុអីទៅ?» ម្តាយខ្ញុំឱបខ្ញុំផង គាត់សួរចាស់ៗពីរនាក់នោះផង។
ពួកួយពន្យល់ម្តាយខ្ញុំថា៖
«យន្តនេះកាលពីដើមគេហៅថាយ័ន្ត វិលវល់! វាមានតែពីរអក្សរ តែអាចខ្លាំងដល់ថ្នាក់បញ្ជាឱ្យក្មួយវិលវង្វេងចូលទៅក្នុងសាច់រឿងរបស់អ្នកណាម្នាក់ ហើយស្មានថា វាគឺជាសាច់រឿងរបស់ខ្លួនឯង!»
ខ្ញុំគិតចុះគិតឡើងតែសារភាពមែនទែន ខ្ញុំមិនយល់ទេ។
ជាដំណោះស្រាយតាមក្បួនគ្រូសិល៍្បបុរាណ ពូទាំងពីរប្រាប់ថា ខ្ញុំនេះត្រូវហូបបួសរយៈពេលសាមសិបថ្ងៃ និងធ្វើបុណ្យសូត្រធម៌រហូតដល់ប្រើធូបអស់ចំនួនសាមសិបដើមដូចគ្នា គឺមួយថ្ងៃមួយដើមទើបខ្ញុំអាចត្រលប់ទៅកាន់ជីវភាពធម្មតាវិញ។
រយៈពេលនោះ ប្រាំពីរថ្ងៃម្ដងពួកគាត់មកសូត្រធម៌លើខ្ញុំជញ្ជ្រុំដូចជាខ្ញុំកំពុងតែស្ថិតនៅក្នុងបញ្ហាដ៏ធំត្រូវតែប្រឈមមុខនឹងការដោះស្រាយយ៉ាងល្អិតល្អន់ដូច្នោះដែរ។
យប់មួយគឺជុំទីបី ស្អែកឡើងពួកគាត់នឹងមកសូត្រធម៌លើខ្ញុំទៀត ស្រាប់តែខ្ញុំយល់សប្តិឃើញ អ៊ីណា។ តាំងពីនាងជាប់ពិរុទ្ធខ្ញុំមិនដែលបានចេញពីផ្ទះទៅសួរសុខទុក្ខឬ បានយល់សប្តិឃើញនាងសូម្បីម្តងណា។
យប់នេះ ខ្ញុំសុបិនឃើញអ៊ីណានៅក្នុងសម្លៀកបំពាក់បុរាណ ហើយក្នុងចិត្តមានញាណមកប្រាប់ថា នាងគឺជានារីម្នាក់ដែលមានអំណាចយ៉ាងខ្លាំង ប៉ុន្តែត្រូវបានបាត់បង់ភ្លាមភ្លាមដោយសារតែអាមាត្យ ពលរដ្ឋ និងមន្ត្រីចិន សម្រុកចូលដំណាក់របស់នាង ចាប់ខ្លួនអ្នកបម្រើរបស់នាងប្រហារជីវិតដោយចាក់នឹងកាំបិតនៅចំពោះមុខនាង រួចចាប់នាំនាងយកទៅឃុំឃាំងនៅក្នុងល្អាងជ្រៅ ឱ្យនៅរងទុក្ខវេទនាម្នាក់ឯង។
ថ្ងៃខែ កន្លងទៅ នៅក្នុងនោះខ្ញុំយល់សប្តិឃើញអ៊ីណានៅក្នុងសម្លៀកបំពាក់បុរាណក្លាយជាស្គមស្គាំង រហែកដៃអាវអស់ដូចជាមនុស្សស្រីដែលខ្ញុំបានឃើញតោងខ្លួនខ្ញុំនៅក្នុងសាឡុងនៅកន្លែងធ្វើការ។
ហេតុអីបានជាខ្ញុំសុបិនឃើញដូច្នេះ? ខ្ញុំសួរខ្លួនឯង ដោយភ័យខ្លាចខ្លាំងណាស់ រហូតដល់ស្រែកឡូឡាឡើង។ ទីបំផុតម្តាយខ្ញុំបានរើមកនៅបន្ទប់ជាមួយខ្ញុំតែម្ដង។
ស្អែកឡើង នៅពេលដែលពួកកួយនិងពូទៀនមកសូត្រធម៌ឱ្យខ្ញុំ ពួកគេបានប្រាប់ខ្ញុំថា ការសម្រាកបួសរយៈពេលបីសប្ដាហ៍ជាប់នេះ បើប្រតិបត្តិបានល្អ នឹងអាចដឹងការពិតទាំងអស់មែន។
ខ្ញុំសួរវិញថា តើហេតុអីបានជាខ្ញុំចួបរឿងចម្លែកម្ល៉េះ យល់សប្តិពីរលើក ដូចតគ្នាលើសាច់រឿងតែមួយ?
បីសប្ដាហ៍កន្លងទៅហើយដែលខ្ញុំបានហូបតែគ្រាប់សណ្ដែកនិងបាយ មិនប៉ះពាល់សាច់ឬក៏ស្រា ស្លៀកពាក់ស ថែមទាំងមិនមើលទូរទស្សន៍ ស្ដាប់វិទ្យុ ឬលេងនិងទទួលទូរសព្ទ ចំណែកអាទិត្យចុងក្រោយនេះ ថែមទាំងមានម្តាយខ្ញុំនៅជាមួយសឹងគ្រប់ពេលវេលា គាត់សូត្រធម៌និងទូន្មានខ្ញុំ។
បានបីថ្ងៃ ពូទៀននិងពួកកួយមកដល់ផ្ទះយើងដោយមិនបានគ្រោង ព្រោះនេះពុំទាន់គ្រប់កំណត់ជាថ្ងៃចុងក្រោយ ដល់អស់ធូបសាមសិបដើមនោះទេ។
ពេលនោះហើយ ពួកគាត់ក៏ចាប់ផ្តើមសូត្រធម៌ជញ្ជ្រុំមកលើខ្ញុំ គឺគាត់សូត្រយកទៅមកយ៉ាងយូរ មិនព្រមឈប់សោះ រហូតដល់ខ្ញុំតឹងទ្រូង ថប់ដង្ហើម លែងចង់ដកបាន។
ដំបូងខ្ញុំចង់ប្រាប់ម្តាយខ្ញុំឱ្យដេញពួកគេចេញឱ្យឈប់សូត្រធម៌ ប៉ុន្តែម្តាយខ្ញុំដូចជាមិនឮអ្វីទាំងអស់ គិតតែពីអង្គុយស្មិងស្មាធិ៍សំពះទៅតាមសំឡេងធម៌នោះចំណែកខ្ញុំ ខ្ញុំក៏ត្រូវបានអារម្មណ៍ល្ហិតល្ហៃ សន្ធប់ឱ្យដួលសន្លប់នៅក្នុងរង្វង់នៃការសូត្រធម៌តែម្តង។
ភ្លាមនោះខ្ញុំបាទសុបិនឃើញរូបគំនូរមួយដែលមាននារីសក់ស កាន់ផ្លិតចិនបុរាណ។ សក់នាងបួងយ៉ាងធំ និងខ្ពស់ មើលមួយភ្លែតដូចមនុស្សសក់ស្កូវសក្បុស។
នាងក្នុងគំនូរញញឹមមករកខ្ញុំហើយនិយាយប្រាប់ខ្ញុំថា នាងលាខ្ញុំទៅហើយ ព្រោះនាងសងសឹកបានសម្រេច។
ខ្ញុំមិនដឹងថាមានន័យថាម៉េចទេ ហាមាត់មិនរួច សួរមិនបាន ស្រាប់តែខ្ញុំឃើញទឹកមុខរបស់នារីនោះប្តូរមកជាទឹកមុខរបស់អ៊ីណា។
«អ៊ីណាហេតុអីបានជានាងទៅវិញ?»
ខ្ញុំសួរទាំងញ័រ។
«យើងគឺជាព្រះមហេសី ដែលត្រូវបានស្នំហ្សានធ្វើទុក្ខបុកម្នេញឱ្យស្វាមីក្បត់យើង! ស្តេចអ៊ូ ព្រមជឿសម្ដីគេសម្លាប់ពូជពង្សវង្សត្រកូលយើងចោលទាំងអស់ ដោយយកយើងមកទម្លាក់ចោលក្នុងល្អាង ឱ្យអត់ឃ្លានស៊ីកណ្តុរ កន្លាត ដូចប្រេតនរក ស្លាប់សល់តែស្បែកដណ្ដប់ឆ្អឹង រួចហើយបានផ្ញើគំនូរស្រីសក្តិសមម្នាក់មកបញ្ឈឺយើង។ យើងបានស្បថនឹងផ្ទាំងគំនូរថា គ្រប់ជាតិណាៗ យើងនឹងនៅតាមចងកម្មពៀរពួកគេ នៅក្បែរខ្លួនពួកគេធ្វើឱ្យពួកគេស្លាប់យ៉ាងវេទនាវិញ!»
ខ្ញុំមិនបានឆ្លើយទេ ដោយជាពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើង។ ខ្ញុំឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យ។ ម្តាយខ្ញុំបានប្រាប់ថា ខ្ញុំសន្លប់បាត់ស្មារតីអស់ជាងម្ភៃមួយថ្ងៃទៅហើយ គឺមានលក្ខណៈជាមនុស្សរុក្ខជាតិ។
ខ្ញុំសួររកពូៗ គាត់ថាគ្មានពូកួយឬពូទៀនណាទេ។ គាត់ងឿងឆ្ងល់ខ្លាំងណាស់ពេលខ្ញុំសួរនិងអះអាង។
អស់តម្រិះ ពេលនោះខ្ញុំសួរទៀតថា ខ្ញុំក្លាយជាមនុស្សរុក្ខជាតិដោយសារអ្វី? ប្រាប់ខ្ញុំមកហេតុអីបានជាខ្ញុំចូលមន្ទីរពេទ្យនេះហើយមានលក្ខណៈពិការរូបភាពបែបនេះ?
«គ្រប់គ្នារកឃើញកូននៅក្នុងបន្ទប់ ធ្វើការរបស់កូន! នៅថ្ងៃដែលគេចាប់អ៊ីណាប៉ូលិសបានឃើញកូនសន្លប់ម្នាក់ឯងនៅលើសាឡុងដោយមិនដឹងថាមានរឿងអ្វីកើតឡើងទេ រហូតដល់រយៈពេលជាងម្ភៃថ្ងៃមកនេះគេបានឆែកកាមេរ៉ាគ្រប់បែបយ៉ាងនៅតែរលុបមិនឃើញអ្វីទាំងអស់!»
ខ្ញុំយល់ហើយថាតើខ្ញុំបានឆ្លងកាត់រឿងអ្វីខ្លះ។
តែរហូតដល់ពេលនេះខ្ញុំដេកកម្រើកដៃជើងមិនទាន់រួចទេ ម្តាយខ្ញុំប្រាប់ថានៅពេលដែលខ្ញុំដឹងខ្លួនឡើងវិញច្រើនណាស់មួយសប្ដាហ៍ទៀតខ្ញុំអាចកម្រើកដៃជើងរួចនិងអាចដើរបានហើយ ដូច្នេះខ្ញុំបានអត់ទ្រាំក្នុងចិត្តរង់ចាំទម្រាំដល់ថ្ងៃនោះមកដល់។
នៅពេលដែល គម្រប់មួយខែ ខ្ញុំពិតជាអាចដើរបានតិចៗ។
ម៉ាក់ខ្ញុំបានជួលគ្រូមកបង្រៀនដែលខ្ញុំដើរជាមួយឈើច្រត់។
ដោយទ្រាំលែងបាននឹងការងឿងឆ្ងល់ ខ្ញុំក៏បានសុំគាត់ទៅការិយាល័យដោយមានម៉ាក់និងបងប្អូនពីរនាក់ទៀតទៅជាមួយ។
ខ្ញុំបានព្យាយាមរុករកគ្រប់កន្លែងនៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំក្រែងមានអ្នកណាដាក់យន្តអ្វី ប៉ុន្តែមិនមានអ្វីទាំងអស់។
ទោះបីយ៉ាងណាក្រោយមក ខ្ញុំបានរកឃើញ បាច់ផ្កាលីលីពណ៌ក្រហមដែលលោកតានបានទិញឱ្យខ្ញុំនៅក្នុងផ្ទះអាផាតមិនរបស់អ៊ីណាដែលក្រៀមស្រពោន។
ខ្ញុំបានឃើញរូបថតអ្នកទាំងបីជាមួយគ្នា ត្រូវបានអ៊ីណាគូសពាក់សម្លៀកបំពាក់បុរាណឱ្យម្នាក់ជាស្ដេចម្នាក់ជាស្នំនិងម្នាក់ជាម្ចាស់ក្សត្រីយ៍។
តាំងពីនាងជាមួយពួកគេមិនទាន់ជិតស្និទ្ធ រហូតដល់មានភាគហ៊ុនរួមគ្នាបង្កើតស្ទូឌីយ៉ូនេះឡើងគឺអ៊ីណា បានតាមស្អិតពួកគេតាំងពីប្រាំបីឆ្នាំមុនមកម្ល៉េះ។
នៅក្នុងផ្ទះរបស់អ៊ីណា ក៏ខ្ញុំបានរកឃើញនូវផ្ទាំងគំនូរនារីសក់សកាន់ផ្លិត ដែលមានសរសេរលើនោះថា គ្រប់ជាតិយើងទាំងបីនាក់និងនៅចងកម្មពៀរជាមួយគ្នា។
ម៉ាក់ខ្ញុំក្រោយពេលឮខ្ញុំតំណាលរឿងទាំងនេះប្រាប់ហើយ គាត់បានប្រាប់ខ្ញុំដែរថា ខ្ញុំត្រូវការ រកគ្រូបុរាណចិនណាម្នាក់ដើម្បីផ្ដាច់ខ្ញុំកុំឱ្យពាក់ព័ន្ធជាមួយគំនុំឬក៏ពាក្យសម្បថទៅលើផ្ទាំងគំនូររបស់ពួកគេទាំងបី ព្រោះខ្ញុំអត់មានពាក់ព័ន្ធអ្វីជាមួយពួកគេឡើយ គ្រាន់តែខ្ញុំត្រូវបានលោកតានមានចិត្តជាមួយ។
លោកតានអាចស្រលាញ់ទាំងបុរសនិងស្ត្រី។
នៅតាមផ្លូវខ្ញុំឈៀងចូលកន្លែងហូបមីពេលយប់ជាមួយរ៉េអូ ម្ចាស់ទីនោះនិងកូនចៅគាត់អះអាងថា យប់កើតហេតុ ខ្ញុំមកហូបតែម្នាក់ឯងប៉ុណ្ណោះ។
ម្តាយខ្ញុំបានព្យាយាមគ្រូបុរាណតាមសំណូមពរខ្ញុំដែរ ប៉ុន្តែនៅតៃវ៉ាន់នេះគ្មាននោះទេ។ សង្ឃឹមរកបានម្នាក់ទៅចុះ។
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ