រឿង៖ អាថ៌កំបាំងក្លិនផ្កាLavender (ភាគ៤)

ល្ងាចនោះ វីយូឡាធ្វើតាមទម្លាប់របស់ខ្លួនគឺដើរពិនិត្យការងារគ្រប់ច្រកល្ហកហើយទៅអាងហែលទឹកចុងក្រោយគេ។ សក់របស់នាងត្រូវលើកបួងផុតក បង្ហាញឱ្យឃើញទម្រង់មុខច្បាស់។ គ្រប់ផ្នែកនៃមុខរបស់នាងហាក់ត្រូវបានដាក់នៅកន្លែងដែលល្អឥតខ្ចោះ។ រ៉ូបវែងមានពណ៌ផ្កាឈូកស្រាល តែក៏នៅមានលាយស្រមោលពណ៌ស្វាយខ្ចីនៅជាយរបស់រ៉ូបផងដែរ។

លេខាជីមដើរទៅជិតនាងជាមួយឥរិយាបថសុភាពរាបសារ គាត់បន្ទន់ខ្លួនបង្ហាញការគោរពដល់ម្ចាស់ស្រីវ័យក្មេង។ វីយូឡាងាកទៅងក់ក្បាលដាក់គាត់ អនុញ្ញាតឱ្យលេខាចំណាស់និយាយនូវអ្វីដែលខ្លួនចង់។

«គេមើលទៅជាអ្នកជំនួញ ដៃគូរកស៊ីរបស់គេបានមកទីនេះ ហើយពិភាក្សាការងារជាច្រើនម៉ោង ប្រវត្តិរូបរបស់ពួកគេទាំងពីរក៏មិនមានអ្វីគួរឱ្យសង្ស័យ នៅស្អាតស្អំ មិនមានពាក់ព័ន្ធជាមួយប៉ូលីសនោះទេ» គាត់រាយការណ៍ ស្រីព្រិចភ្នែកក្នុងន័យគិតវែងឆ្ងាយ។

«បើបែបនេះក៏ល្អហើយ»

«មួយទៀត…គឺ…» គាត់ស្ទាក់ស្ទើរ ចង់និយាយអ្វីមួយដែលមិនគួរនិយាយ។ នាងអាចមើលដឹងថាគាត់ចង់និយាយពីរឿងអ្វី ស្នាមជ្រួញរបស់បុរសចំណាស់ឃើញកាន់តែច្បាស់ ដែលវាកើតឡើងពីក្ដីបារម្ភបន្ទាប់ពីហេតុការណ៍ចម្លែកបានកើតឡើងនៅក្នុងសណ្ឋាគារ។

មិនមែនគាត់មិនបានដឹងរឿងពិត តែការដែលដឹងការពិតនេះហើយដែលធ្វើឱ្យគាត់ព្រួយលើសដើម។ ខណៈពេលនេះគាត់ក៏បានដឹងថា ទោះសុំអង្វរឱ្យនាងឈប់ក៏មិនអាចទៅរួចដែរ តែក្នុងនាមខ្លួនជាលេខា ហើយជាទីប្រឹក្សារបស់នាងទៀតគាត់ត្រូវតែបញ្ចេញយោបល់។

វីយូឡាងាកទៅមើលគាត់ រង់ចាំស្ដាប់ដោយភាពអត់ធ្មត់។

«ខ្ញុំគិតថារឿងនេះវាកាន់តែធ្ងន់ធ្ងរហើយ My lady»

ទោះជាមិនសប្បាយចិត្តជាមួយរឿងនោះយ៉ាងណា គាត់ក៏ព្យាយាមនិយាយចេញទៅដោយសំឡេងស្ងប់តាមដែលអាចធ្វើបាន។

«ស្ដាប់ទៅដូចជារឿងធំ តែបើលេខាជីមអាចនិយាយបានដោយសំឡេងស្ងប់នៅឡើយ ខ្ញុំក៏ធូរចិត្ត ខ្ញុំថាលេខាជីមទៅសម្រាកបិតម៉ាសថែរក្សាសម្រស់បន្តិចក៏ល្អ ព្រោះស្នាមជ្រួញកើនច្រើនណាស់ថ្មីៗនេះ វាធ្វើឱ្យមើលទៅចាស់ជាងអាយុនោះអី!»

នាងមិនត្រឹមតែនិយាយតែមាត់ លើកទូរសព្ទរបស់ខ្លួនទៅថតមុខរបស់គាត់ហើយ បែឱ្យលេខាចំណាស់មើលទៀត។

«ឃើញអត់? ហើយបើលេខាជីមត្រូវការវិសមកាលខ្លី កុំភ្លេចប្រាប់ខ្ញុំ ចាំរៀបចំឱ្យមួយឈុតធំ!»

លេខាជីមបិទភ្នែក រកសើចមិនកើតជាមួយការលេងសើចមិនទំនងរបស់ម្ចាស់ស្រី។ គាត់បានត្រឹមដកដង្ហើមធំ បង្ហាញនាងយ៉ាងច្បាស់ពីទឹកមុខពោរពេញដោយស្រ្តេសរបស់ខ្លួនពេលនាងដើរចេញទៅ។

រំលងអធ្រាត្រទៅហើយ មនុស្សម្នានាំគ្នាចូលសម្រាកអស់ នៅសល់តែបុគ្គលិកដែលមានវេនប្រចាំការដែលនៅធ្វើការតាមទំនួលខុសត្រូវរៀងខ្លួន។ វាជាឱកាសល្អសម្រាប់រិទ្ធ និងម៉ាកចេញធ្វើសកម្មភាពបំពេញកិច្ចការរបស់ខ្លួនដែលបានគ្រោងទុក។

រិទ្ធគេចពីភ្នែករបស់កាមេរ៉ាសុវត្ថិភាពបានដោយជោគជ័យ ហើយចួបម៉ាកនៅជ្រុងជណ្ដើរជើងនៅជាន់ទី១ ហើយបន្ដដំណើរទៅជាន់ផ្ទាល់ដីដែលជាបន្ទប់គ្រប់គ្រងកាមេរ៉ាទាំងមូលក្នុងសណ្ឋាគារ។

«ទីនេះអត់មានសន្តិសុខបន្ថែមទេ តែមានសន្តិសុខល្បាតបីគូធ្វើការផ្លាស់ប្ដូរវេនរៀងរាល់បីម៉ោងម្ដង ដើម្បីបង្ការការភ្ញាក់ផ្អើល ខ្ញុំនឹងប្រើឧស្ម័នសន្លប់បាញ់ចូលបន្ទប់នោះដើម្បីឱ្យឯងចូលទៅធ្វើការ»

រិទ្ធពន្យល់ ដកកំប៉ុងហ្គាសដែលមានផ្ទុកឧស្ម័នសន្លប់ពីក្នុងអាវមកកាន់។ អ្នកទាំងពីរនៅចាំរហូតដល់សន្តិសុខត្រូវផ្លាស់វេន ទើបគេចេញពីកន្លែងពួន។

រិទ្ធដើរទៅជិតទ្វារបន្ទប់ ហើយបើកគម្របកំប៉ុងបង្ហុយឧស្ម័នគ្មានរូបចូលតាមប្រលោះទ្វារខាងក្រោម។ អ្នកទាំងពីររង់ចាំរហូតដល់ប្រាកដចិត្តថាសន្តិសុខបានគេងលក់ដោយសារថ្នាំនោះហើយ ទើបរិទ្ធិងើបទៅឆ្កឹះសោបើកទ្វារឱ្យម៉ាកចូលទៅ។

សន្តិសុខទាំងពីរលង់លក់ក្រាបលើតុ ជាឱកាសសម្រាប់ភ្នាក់ងារកំលោះធ្វើការរបស់គេយ៉ាងងាយស្រួល។ វាជាអ្វីដែលគេចូលចិត្តធ្វើ ហើយវាក៏ជាជំនាញរបស់គេស្រាប់ហើយ ជាពិសេសពេលដែលបានលេងជាមួយកម្មវិធី និងបច្ចេកវិទ្យាថ្មីៗប្លែកៗ។ ចំណាំងផ្លាតរបស់លេខកូដពីកុំព្យូទ័ររត់នៅលើកញ្ចក់វែនតារបស់គេមិនឈប់ កែវភ្នែកដែលបង្ហាញភាពរំភើបរេទៅតាមតួរអក្សរ ម្រាមដៃវែងៗរត់លើក្ដាចុចយ៉ាងស្ទាត់ជំនាញ។ ត្រឹមតែ១០នាទីគេគ្រប់គ្រងបានព័ត៌មានបានជាង៨០ភាគរយទៅហើយ។

រិទ្ធនៅខាងក្រៅមានបម្រុងប្រយ័ត្នខ្ពស់ទោះជាបរិយាកាសស្ងប់ស្ងាត់ក៏ដោយ។ ខ្យល់បក់ចូលតាមប្រហោងជញ្ជាំងធ្វើឱ្យយប់កាន់តែគួរឱ្យខ្លាច។

១០នាទីក្រោយមក ម៉ាកចេញមកវិញជាមួយស្នាមញញឹមពេញចិត្តនៅចុងបបូរមាត់ស្ដើងរបស់គេ ឃើញទឹកមុខហើយមិនសួរក៏ដឹងថាលទ្ធផលបែបណាដែរ។

«មានរឿងគួរឱ្យចាប់អារម្មណ៍មួយពេលយើងនៅក្នុងបន្ទប់» ម៉ាកខ្សឹប ដើរចេញពីបរិវេណនោះជាមួយរិទ្ធ។

«មានមនុស្សម្នាក់ទំនងជាអ្នកគ្រប់គ្រងនៅទីនេះបានខលមកសន្តិសុខហើយឱ្យបិទCCTVនៅសួនខាងក្រោយ»

«ឯងបិទវាអត់?»

«ច្បាស់ជាបិទហើយ បើមិនឆ្លើយតបនោះគេអាចនឹងសង្ស័យមិនខាន យើងមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ»

«បើអ៊‌ីចឹងឯងនាំភាពឆ្លាតវៃរបស់ខ្លួនទៅបន្ទប់វិញទៅ យើងទៅមើលសួនខាងក្រោយ»

«ហា៎ យើងថាបបួលឯងទៅបារខាងលើ»

«ទៅម្នាក់ឯងទៅ»

«អូខេ» អ្នកទាំងពីរបំបែកផ្លួវគ្នា រិទ្ធរត់តម្រង់បន្ទប់របស់ខ្លួន ឯម៉ាកឡើងទៅបារតូចខាងលើរបស់សណ្ឋាគារដែលមានភ្លេងស្រាលរងំ រួមជាមួយក្លិនផ្កាប្រហើរបក់តាមខ្យល់ធម្មជាតិ បរិយាកាសស្រស់ស្រាយ ត្រជាក់ៗ គ្រប់យ៉ាងត្រូវបានរៀបយ៉ាងល្អឥតខ្ចោះប្រៀបដូចជាឆាកសម្រាប់ថតភាពយន្ដ។

ស្រាមួយកែវត្រូវបានដាក់នៅចំពោះមុខភ្នាក់ងារកំលោះ គេលើកទៅក្របយឺតៗដោយមិនភ្លេចចោលភ្នែកមើលគ្រប់ជ្រុងនៃបារ។ នៅពេលដែលអ្វីៗស្ថិតនៅក្រោយវាំងនន ភ្នាក់ងារត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញក្នុងការសង្កេតគ្រប់ស្ថានការណ៍ ជាពិសេសពេលដែលមានអ្នកណាម្នាក់ព្យាយាមលាក់ព័ត៌មាន។

ស្របពេលនោះ រិទ្ធបោះជំហានវែងៗទៅជ្រុងដែលគេបានរកឃើញថាមិនត្រូវចាប់បានដោយកាមេរ៉ាសុវត្ថិភាព។

គេផ្លោះរបងចូលទៅសួនផ្កា ហើយតម្រង់ទៅព្រៃក្រូចយ៉ាងលឿនដោយមិនខ្លាចក្រែងព្រោះប្រាកដចិត្តរួចហើយថាCCTVត្រូវបានបិទរួចហើយ។ ឈុតពណ៌ខ្មៅរបស់គេធ្វើឱ្យរាងមាំបន្លំយ៉ាងល្អក្នុងភាពងងឹត ខ្យល់រដូវក្ដៅបក់ជើងសក់ដែលនៅក្រោមមួកកន្តិបពណ៌ខ្មៅ។ វែនតាជំនួយអាចអនុញ្ញាតឱ្យគេមើលធ្លុះស្បៃរាត្រីក្នុងរូបភាពពណ៌បៃតង ទោះមិនច្បាស់ដូចពេលថ្ងៃវាក៏អាចជួយឱ្យគេមើលឃើញគ្រប់ស្ថានការណ៍។

ចូលកាន់តែជ្រៅ ដង្ហើមរបស់គេកាន់តែខ្លី គេដឹងថាខ្លួនវង្វេងហើយតែនៅមិនឈប់ដរាបណាគេមិនទាន់ច្បាស់ថាពិតជាគ្មានអ្វីកើតឡើងក្នុងព្រៃនេះ។ ជើងរបស់គេចាប់ផ្ដើមបន្ថយល្បឿន ហើយឈរទ្រឹងមួយកន្លែង នៅពេលដែលភ្នែកមិនអាចមើលឃើញ គេចាប់ផ្ដើមបិទវាហើយប្រើត្រចៀកដើម្បីស្ដាប់ម្ដង។ បរិយកាសក៏ស្ងាត់ជាងមុនពេលដែលគេនៅស្ងៀម បិទខ្ទប់រូបភាព ហើយប្ដូរមកជាព្យាយាមរកប្រភពសំឡេងវិញ។ គេចំណាយពេលប្រមាណ១០វិនាទីដើម្បីចាប់បានសំឡេងសម្រិបជើងញាប់ៗពីចម្ងាយប្រហែលជា១០០ម៉ែត្រពីកន្លែងដែលគេឈរ។ មិនបង្អង់យូរ ភ្នាក់ងារកំលោះរត់សំដៅប្រភពសំឡេង លឿនតែស្រាល ដោយព្យាយាមមិនឱ្យមានសំឡេងខ្លាំងព្រោះខ្លាចថាអាចបង្អើលអ្នកដែលនៅខាងមុខ។

រិទ្ធរំពឹងខ្ពស់ថាអាចនឹងរកបានតម្រុយខ្លះ តែពេលដែលគេទៅដល់កន្លែងដែលគិតថាមានមនុស្សបែរជាមិនឃើញមានសូម្បីតែសត្វព្រៃមួយក្បាល។ អ្នកកំលោះដកដង្ហើមធំពីមាត់បែបខកបំណងយ៉ាងខ្លាំង គេបិទភ្នែកព្យាយាមស្ដាប់ម្ដងទៀត តែអ្វីដែលគេបានឮគឺសំឡេងស្លឹកឈើទង្គិចគ្នា និងខ្យល់បក់ គ្មានសម្រិបជើងរបស់មនុស្សទៀតនោះទេ។

រិទ្ធត្រលប់ទៅបន្ទប់ទាំងមិនអស់ចិត្ត តែយ៉ាងហោចណាស់ក៏គេបានដឹងថាអាចនឹងមានអ្វីម្យ៉ាងនៅក្នុងព្រៃនោះ ហើយវាអាចជាអ្វីដែលគេកំពុងព្យាយាមតាមរកការពិតក៏ថាបាន។

********

ថ្ងៃបន្ទាប់ រិទ្ធ និងម៉ាកcheck outចេញពីសណ្ឋាគារ ហើយប្រញាប់ចូលកន្លែងធ្វើការរបស់ខ្លួននៅពេលដែលឮដំណឹងពីការស្លាប់របស់លោកឌីនចេញនៅលើព័ត៌មានទាំងព្រលឹម។

សពរបស់ឌីនត្រូវបានប្រទះឃើញនៅក្រោមស្ពានចាស់មួយនៅជាយក្រុងដែលមានតែដើមឈើជាសាក្សីដែលបានឃើញរឿងរ៉ាវកើតឡើងនៅយប់នោះ។

រឿងក្ដីនេះកាន់តែធ្ងន់ធ្ងរហើយ ឌីនស្លាប់ហើយ ចុះអ្នកដែលបាត់ខ្លួនទៅប្រាំនាក់ទៀតនោះនៅឯណា? ដោយគ្មានតម្រុយអ្វីសោះ ប៉ូលីសក៏ដូចជាក្រុមភ្នាក់ងារចាប់ផ្ដើមក្ដៅក្រហាយ ដុតដៃដុតជើងជាងមុនព្រោះអ្នកដែលស្លាប់ និងបាត់ខ្លួនទៅសុទ្ធតែជាអ្នកមានទ្រព្យ មុខមាត់ និងអំណាចក្នុងសង្គម។

អ្វីដែលចម្លែកនោះគឺសាកសពរបស់ឌីន ក្រោយធ្វើកោសល្យវិច័យរួចគេមិនឃើញមានភាពខុសប្រក្រតី គ្មានស្លាកស្នាមវាយដំ ឬការធ្វើទុក្ខទៅលើរូបរាងកាយនោះទេ ដែលជាហេតុបណ្ដាលឱ្យពិបាកក្នុងការសន្និដ្ឋានពីមូលហេតុនៃការស្លាប់ គេគ្រាន់តែដឹងថាបេះដូងរបស់ឌីនឈប់លោតនៅពេលណាមួយទាំងដែលនៅក្នុងសភាពល្អធម្មតាទាំងអស់ ឯដង្ហើមផុតប្រៀបដូចជាមនុស្សចាស់ជរា តែរាងកាយបែរជានៅល្អគ្រប់យ៉ាង គ្មានសារធាតុញៀន ឬសារធាតុពុលណាមួយនៅក្នុងឈាមនោះឡើង លើសពីនេះគេបែរជាបានរកឃើញថាអវយវៈខាងក្នុង និងស្បែកបែរជាមានសភាពល្អប្រសើរ ក្មេងជាងវ័យទៅវិញ។

ក្រុមភ្នាក់ងារកំលោះអង្គុយពិភាក្សាគ្នានៅជុំវិញតុមូលក្នុងបន្ទប់ធ្វើការបន្ទាប់ពីត្រលប់មកពីពិនិត្យសាកសពរបស់លោកឌីន ហើយក៏បានឆ្លៀតលួចចូលទៅក្នុងព្រៃក្រូចក្រោយសណ្ឋាគារHealing & Relaxingអស់ជាងពីម៉ោង តែមិនឃើញមានអ្វីខុសប្រក្រតីនោះទេ។

សិទ្ធគោះប៊ិកនៅលើតុពីរបីដង មុននឹងគ្រហែមទាក់ទាញចំណាប់អារម្មណ៍របស់មិត្តរួមក្រុម។

«មិនទាន់មួយខែស្រួលបួលផងបាត់ខ្លួនដល់ទៅ៦នាក់ ស្លាប់មួយនាក់ រឿងលើកនេះមិនមែនធម្មតាដូចយើងគិតនោះទេ រហូតមកដល់ពេលនេះហើយយើងនៅមិនទាន់មានតម្រុយជាក់លាក់ថាត្រូវស៊ើបពីចំណុចណាមុនទៀត…»

សិទ្ធរអ៊ូដោយក្ដីបារម្ភ ម៉ាកមិនមាត់ ខណៈពេលដែលរិទ្ធហាក់ដូចជាគិតតែឯង។

«អត់បានព័ត៌មានអីពីខៃទេ?»

ម៉ាកសួរ ប្ដូរពីសាឡុងទៅអង្គុយលើគែមតុ។ សិទ្ធគ្រវីក្បាល ភ្នាក់ងារទាំងបីបាត់មាត់រៀងខ្លួន ហើយឆ្លៀតយកពេលនេះគិតបន្ដទៀត។ បរិយាកាសក្នុងបន្ទប់ប្រែជាស្ងាត់ឈឹង ម្នាក់ៗមើលទៅដូចជាកំពុងផ្ដល់ឱកាសឱ្យគ្នាបញ្ចេញយោបល់ តែគ្មានអ្នកណាបន្លឺសូម្បីសំឡេងលេបទឹកមាត់។

«មិនគួរឱ្យជឿសោះថាបងឥន្ទ្រីរបស់យើងមានថ្ងៃនេះ! ថ្ងៃដែលគាត់អត់មានដំណោះស្រាយ ហើយមកអង្គុយដកដង្ហើមធំដូចអស់សង្ឃឹមក្នុងជីវិតដូចពេលនេះ បញ្ជាក់ថារឿងនេះមិនមែនជារឿងធម្មតានោះទេ»

ទីបំផុតម៉ាកក៏និយាយឡើងបែបលេងបន្លំមែន។ សិទ្ធបានត្រឹមងក់ក្បាល យល់ស្រប ដែលធ្វើឱ្យកំលោះវែនតាងាកទៅអ្នកដែលមានវ័យច្រើនជាងយ៉ាងលឿន។

«ខ្ញុំនិយាយលេងតើ» ម៉ាកចាប់ផ្ដើមភ័យមែន ព្រោះថាបើសូម្បីតែសិទ្ធដែលជាមេគំនិតគ្រប់យ៉ាងអស់ដំណោះស្រាយហើយ រឿងក្ដីនេះនឹងត្រូវក្លាយទៅជាយ៉ាងណា?

«កំប្លែងណាស់» សិទ្ធសើចនឹងទឹកមុខរបស់ម៉ាក មុននឹងងាកទៅមើលរិទ្ធសម្លឹងទៅអេក្រង់ពណ៌ខ្មៅ ម្រាមដៃវែងៗលេងជាមួយគែមទូរសព្ទរបស់ខ្លួនដែលនៅលើតុ។ សិទ្ធទាត់ជើងម៉ាកឱ្យជួយមើលគ្នា តែអ្នកកំលោះនោះបានត្រឹមញាក់ស្មាតបវិញ។

«រិទ្ធី ចូអាន…» សិទ្ធហៅឈ្មោះពេញរបស់មិត្តភក្ដិ គោះក្រញរលើតុតិចៗដើម្បីដាស់គេពីសុបិនកណ្ដាលថ្ងៃ។ រិទ្ធញាក់ភ្នែក គ្រហឹមតប។

«ឥឡូវប្រាប់មកថាបានអីខ្លះហើយពីសណ្ឋាគារនោះ! ហើយមួយទៀតប្រាប់ផងពីទំនាក់ទំនងរបស់ឯង និងវីយូឡា សាន់ដ្រា កញ្ញាប្រធានគ្រប់គ្រងទូទៅផង»

សិទ្ធមានបំណងសង្កត់ធ្ងន់ទៅលើឈ្មោះរបស់ស្រីស្រស់ ហើយវាក៏បានផល។ រិទ្ធលើកចិញ្ចើមពេលគេឮឈ្នោះដ៏ពីរោះមួយនោះ ឈ្មោះរបស់ម្ចាស់ស្រីដែលធ្វើឱ្យគេតាមដានដោយគ្មានមូលហេតុច្បាស់លាស់។

«ម្នាក់នេះកាន់តែគ្មានយោបល់»

ម៉ាកកាត់មុខរិទ្ធហើបមាត់ព្រោះគេមិនបានសង្កេតដូចសិទ្ធ។ គេមិនចាប់អារម្មណ៍ ហើយដើរទៅភ្ជាប់កុំព្យូទ័រទៅអេក្រង់ធំ។

«ឥឡូវ…ខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណាមុននោះទេ»

រិទ្ធសារភាព ឯសិទ្ធដែលជាមេក្រុមយូរដែរហើយ គេអាចមើលដឹងពេលដែលមានអ្វីមួយមិនប្រក្រតី។ គេសម្លឹងអ្នកកំលោះដែលនៅចំពោះមុខប្រមាណ៥វិនាទី មុននឹងញញឹមបែបដឹងចិត្ត។

«ឯងមិនដឹងចាប់ផ្ដើមពីណា ឬក៏មិនទាន់ចង់និយាយ?»

សិទ្ធជំរុញថែម។ ភ្នែកប្រៀបដូចឥន្ទ្រីរបស់គេរំកិលចេញពីមុខរបស់រិទ្ធទៅរកអេក្រង់ដែលកំពុងបង្ហាញផ្នែកផ្សេងៗរបស់សណ្ឋាគារHealing & Relaxing រិទ្ធក៏បែរទៅមើលដែរ ភ្នែករបស់គេផ្តោតចំកន្លែងមួយដែលគេចាប់អារម្មណ៍ជាងគេ នោះគឺសួនផ្កាឡាវែនដឺ។

«និយាយមក!» សិទ្ធនៅតែទាមទារការបកស្រាយ។

«ខ្ញុំមិនចង់ធ្វើការសន្និដ្ឋានណាមួយនោះទេក្នុងពេលនេះ ប៉ុន្ដែ…ខ្ញុំមានតម្រុយខ្លះ»

រិទ្ធដាច់ចិត្តងើបឈរ ហើយទាញក្ដារកញ្ចក់មកជិត ហើយចាប់ហ្វឺតដែលបោះដោយម៉ាកមុនមកកាន់។ សិទ្ធញញឹម ឱបដៃ និងផ្អែកខ្នងទៅលើកៅអី ត្រៀមស្ដាប់រួចស្រេច។

«រឿងក្ដីនេះមិនមែនជាការចាប់ជំរិតដែលបានគ្រោងទុកនោះទេ វាអាចកើតឡើងនៅពេលដែលមានអ្វីមួយជាហេតុបណ្ដាលឱ្យជនល្មើសធ្វើការចាប់មនុស្សភ្លាមៗនៅកន្លែង ហើយមនុស្សដែលបាត់ខ្លួនជាមនុស្សដែលមិនសូវមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នានោះទេ»

រិទ្ធពន្យល់ដោយមានរូបភាពនៃហេតុការណ៍នីមួយបិតទៅលើក្ដារម្ដងមួយៗ។

«នេះជា ខេរ៉ាន់ ប្លិនដឺ (Karen Blender) ជាម្ចាស់ហ៊ុនធំរបស់រោងចក្រអេឡិចត្រូនិច TLE អាយុ២៥ឆ្នាំ ខ្ញុំនឹងរំលងព័ត៌មានខ្លះៗព្រោះយើងសុទ្ធតែស្គាល់ពួកគេអស់ហើយ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺពេលវេលា និងថ្ងៃដែលពួកគេបាត់ខ្លួន»

រិទ្ធបញ្ជាក់ សរសេរថ្ងៃទីនៅពីក្រោមរូបរបស់ខេរ៉ាន់ ១៧ កញ្ញា។

«ផាទ្រីក អាន់តូនី (Patrick Antony) អាយុ២៨ឆ្នាំ ជាអ្នកចាត់ការទូទៅក្នុងរោងចក្រTLE គេទាំងពីរនេះជាមិត្តរួមក្រុមហ៊ុន មានន័យថាគេទាំងពីរត្រូវបានចាប់ខ្លួនក្នុងពេលតែមួយ នៅថ្ងៃទី២២ ខែកញ្ញា រ៉យ ជរដាន់ (Roy Jordan) បានបាត់ខ្លួន ហើយបន្តដល់វេនរបស់ ឡរិន ហ្សានន់ (Lauren Shannon) នៅថ្ងៃទី៣០ខែដដែល ពីរនាក់ចុងក្រោយគឺ ម៉ាសុន វីល្លាម (Mason William) និង អ៊ីវិន ឌីន (Evin Dean) នៅថ្ងៃទី៧ និង ទី១០ ខែតុលា»

អ្នកកំលោះសរសេរចប់ងាកទៅរកសិទ្ធ និងម៉ាកដែលកំពុងតាមដានយ៉ាងជក់ចិត្ត។

«ដូចបញ្ជាក់នៅខាងលើ ថ្ងៃដែលកើតហេតុគឺដូចជារឿងចៃដន់ ទីកន្លែងខុសគ្នា ពេលវាលាក៏ដូចជាមិនបានព្រាងទុក ដូច្នេះយើងអាចសន្និដ្ឋានបានថាមិនមែនជាករណីគំនុំសងសឹក ឬចាប់ជំរិតដើម្បីផលប្រយោជន៍ ហើយCCTVនៅទីនេះ…» រិទ្ធចង្អុលទៅលើរូបសួនផ្កា។

«បន្ទាប់ពីមើលវីដេអូអស់ហើយ ខ្ញុំសង្កេតឃើញថាកាលបរិច្ឆេទត្រូវគ្នាទៅនឹងពេលវេលាដែលវីដេអូត្រូវបានកាត់ផ្ដាច់ដោយសារមូលហេតុអ្វីមួយ»

ម៉ាកងក់ក្បាលញាប់ស្អេកព្រោះចាំរឿងដែលកើតឡើងនៅក្នុងបន្ទប់គ្រប់គ្រងCCTV។

«ហើយវាត្រូវជាមួយថ្ងៃដែលអ្នកទាំង៦បានបាត់ខ្លួន ម្សិលមិញពេលដែលម៉ាកចូលទៅក្នុងបន្ទប់គ្រប់គ្រងCCTV មានមនុស្សម្នាក់បញ្ជាឱ្យបិទកាមេរ៉ាក្នុងសួនផ្កា ហើយថ្ងៃនេះសពអ៊ីវីន ឌីនត្រូវបានរកឃើញ ដូចនេះអ្វីដែលខ្ញុំសន្និដ្ឋានពេលនេះ សួនផ្កា និងចម្ការខាងក្រោយសណ្ឋាគារជាកន្លែងដែលគេទុកជនរងគ្រោះទាំង៦» រិទ្ធបញ្ជប់របាយការណ៍របស់ខ្លួន ខណៈពេលដែលមិត្តរបស់គេនៅស្ដាប់នៅឡើយ។

«អ៊‌ីចឹងដែលឯងអត់ដេកមួយយប់នេះក៏ព្រោះតែនៅមើលវីដេអូទាំងអស់នោះមែន?» ម៉ាកទះដៃតិចៗ។

«ប្រាកដហើយ! មើលភ្នែកទៅដឹងហើយ!» សិទ្ធបន្ថែម សើចស្ញេញតាមទម្លាប់របស់គេ។

«តែវាពិតជាគួរឱ្យសង្ស័យមែនហើយ ចម្ការនោះប្រាកដជាមានអ្វីទាក់ទងជាមួយរឿងនេះ» គេបន្ត រិទ្ធលើកមេដៃដាក់មេក្រុមពេលដែលគេមានគំនិតដូចគ្នា។

សិទ្ធទាញកុំព្យូទ័ររបស់ខ្លួនមកបើក ហើយងាកទៅរកម៉ាកសុំជំនួយ ដែលម៉ាកប្រញាប់ផ្ជាប់វាទៅអេក្រង់ធំភ្លាមៗ។

«ប្រវត្តិដីក្រោយសណ្ឋាគារនោះមានភាពមិនច្បាស់លាស់ វាធ្លាប់ជាសួនផ្កាឡាវែនដឺ ជាកសិដ្ឋានបែបគ្រួសារជិត២០ឆ្នាំមកហើយ ដំបូងឡើយវាជាកម្មសិទ្ធិរបស់ត្រកូលសាន់ដ្រាជាច្រើនឆ្នាំ បន្ទាប់មកមានមនុស្សម្នាក់ទិញវាហើយដាំផ្កាឡាវែនដឺ និងផ្កាផ្សេងៗដូចដែលមានដល់ឥឡូវ មកដល់ពេលនេះសាន់ដ្រានៅតែជាអ្នកគ្រប់គ្រងតែអ្នកណាជាម្ចាស់នោះនៅតែជាអាថ៌កំបាំង»

សិទ្ធពន្យល់ ដែលធ្វើឱ្យម៉ាកឱ្យមេដៃព្រោះហួសចិត្តពីអ្នកដែលរអ៊ូថាគ្មានដំណោះស្រាយតែបែរជាបញ្ចេញព័ត៌មានមកជារឿយៗ។

«នេះបានជាបងឥន្ទ្រីរបស់យើងមែន!»

រិទ្ធបែរទៅរកអេក្រង់ហើយភ្នែករបស់គេសម្លឹងចំរូបភាពសួនផ្កាឡាវែនដឺ។ គេចាំមិនភ្លេចពីទេសភាពប្រៀបដូចគំនូរផុសដែលបង្កើតឡើងដោយពណ៌ស្វាយ និងពន្លឺព្រះអាទិត្យពេលល្ងាចដែលគ្របលើសួនទាំងមូលធ្វើឱ្យអ្នកកំលោះរម្លឹកដល់កែវភ្នែកដែលដក់ទៅដោយទឹកភ្នែករបស់នាង កែវភ្នែកដែលមានភាពសោកសៅពេលដែលសម្លឹងមើលទៅស្រទាប់ផ្កាតូចៗទាំងអស់នោះ។

ហើយសិទ្ធក៏បានប្រាប់ថាគេបានលួចចូលទៅមើលចម្ការក្រូចនោះកាលពីពីរថ្ងៃមុនទៀតផង ហើយម៉ាក និងរិទ្ធក៏ត្រូវចំហមាត់ដោយភ្ញាក់ផ្អើលម្ដងទៀតព្រោះតែមេក្រុមម្នាក់នេះតែងតែមានវិធីស៊ើបរឿងតាមរបៀបរបស់គេ ដោយស្ងៀមស្ងាត់ ហើយមិនខ្វល់ប្រាប់អ្នកណា។

សិទ្ធមិនចូលចិត្តធ្វើការជាក្រុមនោះទេ គេចូលចិត្តទៅណាមកណាម្នាក់ឯង ហើយចូលចិត្តសេរីភាពខ្លាំងបំផុត តែមិនមែនមានន័យថាគេគ្មានភាពជាអ្នកដឹកនាំនោះទេ គេដឹកនាំក្រុមបានល្អណាស់ ហើយក៏ជាអ្នកដែលយល់ពីអ្នកគ្រប់គ្នាជាងគេបំផុតដែរ។

សិទ្ធងក់ក្បាលជាសញ្ញាឱ្យអ្នកដែលនៅចំហមាត់នៅឡើយងាកទៅរកអេក្រង់វិញ។ រូបនីមួយៗត្រូវបានបង្ហាញពីគ្រប់ជ្រុងនៃចម្ការក្រូច ហើយអ្នកទាំងបីពិនិត្យមិនព្រិចភ្នែក។ ក្នុងនោះក៏មានរូបរបស់សណ្ឋាគារដែរ។ សិទ្ធពង្រីករូបឱ្យធំៗ ម៉ាករុញវែនតារបស់ខ្លួនឡើង ឱនទៅកាន់តែជិតអេក្រង់ទាំងដែលអេក្រង់នោះធំប៉ុនជញ្ជាំងឯណោះ។

«នោះគឺ…កាមេរ៉ា?» គេភ្លាត់មាត់ពេលឃើញថាមានកាមេរ៉ាភ្ជាប់ទៅនឹងដើមឈើ។ ពណ៌ និងរូបរាងរបស់វាបន្លំបានយ៉ាងល្អជាមួយមែក បើមិនពិនិត្យឱ្យច្បាស់ទេគឺមើលមិនដឹងនោះទេ។

«សិទ្ធី ដារារីន ថាអស់វិធីហើយនោះអី! នេះជាស្អី? វ៉ាវ! សុំសរសើរហើយ!»

«ដំឡើងកាមេរ៉ានៅកន្លែងបែបនេះមិនមែនជារឿងធម្មតានោះទេ នេះគ្រាន់តែជាចម្ការក្រូចដែលស្ទើរតែបោះបង់ចោលទៅហើយ» រិទ្ធនិយាយ សិទ្ធផ្ទាត់ម្រាមដៃគាំទ្រ។

«ត្រឹមត្រូវ! តែមិនមែនមានន័យថាវាអាចពាក់ព័ន្ធនឹងរឿងចាប់មនុស្សនោះទេ»

«យ៉ាងហោចណាស់ក៏វាគួឱ្យសង្ស័យ»

«រិទ្ធបន្តតាមដានសណ្ឋាគារ ខ្ញុំមានន័យដល់ វីយូឡា សាន់ដ្រា» សិទ្ធមានបំណងនិយាយឈ្មោះនោះម្ដងទៀតដើម្បីស្ទាបស្ទង់ប្រតិកម្មរបស់រិទ្ធ។

«ទទួលបញ្ជា!» ចម្លើយដែលចេញមកដោយភាពរីករាយធ្វើឱ្យសិទ្ធញញឹមចុងមាត់ ម៉ាកចាប់ភ្លឹកងាកទៅមើលមុខរបស់អ្នកកំលោះដែលពេលនេះសង្កេតឃើញថាមានភាពសុខប្លែកពីមុន។ កាលមុនពេលដែលទទួលបានភារកិច្ចម្ដងៗ គេបានត្រឹមងក់ក្បាល ឬគ្រហឹមតបតិចៗ តែសម្រាប់ករណីថ្មីនេះគេហាក់ដូចជាពេញចិត្តពេញថ្លើមទទួលគ្រប់ការងារ។

ពីមុនមិនមែនមានន័យថាគេមិនចង់ធ្វើការនោះទេ តែពេលនេះមើលទៅដូចជាខុសធម្មតាឆ្ងាយពេក។

«ម៉ាក ឃ្លាំមើលសកម្មភាពនៅក្នុងសណ្ឋាគារ ហើយរាយការណ៍ភ្លាមបើមានអីមិនប្រក្រតី ហើយមួយទៀតជួយរកកាមេរ៉ាស្រដៀងៗអានោះឱ្យផង» សិទ្ធចង្អុលទៅកាមេរ៉ានៅក្នុងរូប។

«បានតូចជាងហ្នឹងតិចកាន់តែល្អ»

«Roger that!»

សិទ្ធ និងរិទ្ធចេញក្រៅទៅបន្តការងាររបស់គេរៀងខ្លួន ស្របពេលដែលម៉ាកenjoyកាហ្វេម្នាក់ឯងសម្លឹងមើលរូបភាពទាំងស្រុងនៅក្នុងសណ្ឋាគារ ជាពិសេសសួនផ្កាឡាវែនដឺ។

*******

វីយូឡាស្រស់សោភាឈប់ឡាននៅក្នុងចំណតព្រះវិហារដែលគេរៀបចំធ្វើពិធីបុណ្យសពរបស់លោកឌីន។ ស្រីទាញកាបូបពណ៌ខ្មៅមកកាន់មុននឹងបើកទ្វារចេញ និងដើរសំដៅទៅព្រះវិហារ។

នាងស្ថិតក្នុងឈុតពណ៌ខ្មៅសុទ្ធ អាវសារ៉ូស៊កក្នុងសំពត់វែង និងមានអាវធំក្រៅមួយទៀតទប់ទល់ភាពត្រជាក់ពីមេឃភ្លៀងរលឹមស្រិចៗ។ សក់ស្រីត្រូវលើបួងផុតក និងមានបូរពណ៌ប្រផេះព័ទ្ធជុំវិញ។

ដំណឹងដ៏ក្រៀមក្រំបានផ្សព្វផ្សាយចេញទៅក្រៅ ក្នុងនាមជាអ្នកស្គាល់គ្នាស្រីមានបំណងចែករំលែកទុក្ខជាមួយក្រុមគ្រួសារសព។ អ្នកចូលរួមកម្មវិធីគ្រងឈុតខ្មៅ និងមានផ្កាពណ៌សនៅក្នុងដៃជាសញ្ញាកាន់ទុក្ខ។ នៅផ្នែកខាងមុខ ភរិយា និងកូនស្រីរបស់លោកឌីនឈរទទួលភ្ញៀវទាំងទឹកភ្នែក។ វីយូឡាដកដង្ហើមធំមុននឹងដាក់ផ្កានៅចំពោះមុខរូបថតរបស់សព នាងបិទភ្នែកដើម្បីអហោសិកម្មរវាងគ្នានិងគ្នា។

នាងយល់ពីអារម្មណ៍ពេលដែលបាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសសមាជិកគ្រួសារ មិត្តភក្តិ និងគូសង្សារ។ ការដែលបាត់បង់គ្រួសារជាទីស្រលាញ់តាំងពីក្មេងធ្វើឱ្យនាងបានឆ្លងកាត់រឿងវ៉ាវជូចត់ជាច្រើន ភាពនឹករលឹក ភាពឯកា ភាពអាលោះអាល័យ និងសង្វែកចិត្ត។

នៅជួរទីបី កៅអីខាងចុង រិទ្ធអាចមើលឃើញពីទឹកមុខរបស់វីយូឡាយ៉ាងច្បាស់ ហើយក៏អត់មិនមានមន្ទិលមិនបានថានោះជាទឹកមុខដែលបង្ហាញភាពសោកសៅចេញពីចិត្ត ឬជាការសម្ដែង។ បើសិននាងជាអ្នកដែលនៅពីក្រោយការស្លាប់របស់ឌីន ហើយមកទីនេះជាមួយទឹកមុខបែបនោះ នាងអាចក្លាយជាតារាសម្ដែងបានយ៉ាងងាយជាមួយសម្រស់ឥតខ្ចោះនោះ។ ម្យ៉ាងទៀតគេចាប់ផ្ដើមមានមន្ទិលទៅលើជំនាញមើលទឹកមុខរបស់មនុស្សហើយពេលនេះ គ្រប់ពេលដែលគេចួបនាង ហើយព្យាយាមយល់ពីនាង គេបែរជាឃើញភាពទទេស្អាត។

នាងហាក់ដូចជាដុំទឹកកកដែលបង្ហាញតែផ្នែកខាងលើបន្តិច តែនៅខាងក្រោមនោះទេដែលជាឬសគល់របស់វា។ គេខ្លាចថាអ្វីដែលគេបានដឹងពីការមើលត្រឹមមុខរបស់នាងវាមិនអាចប្រៀបធៀបទៅនឹងអ្វីដែលលាក់នៅខាងក្រោមផ្ទៃទឹកដ៏ត្រជាក់ស្រេបនោះ។

រិទ្ធបន្តសង្កេតស្ថានភាព ហើយជាញឹកញាប់គេងាកមើលទៅនាងដែលអង្គុយនៅជួទីពីរផ្នែកម្ខាងទៀត។ ពិធីបានរៀបចំដោយរលូន រហូតដល់កម្មវិធីចុងក្រោយគឺការបញ្ចុះសព។

វីយូឡាឈរនៅក្រៅរង្វង់ញាតិមិត្តជាមួយទឹកមុខស្ងួតស្ងប់ ត្របកភ្នែកធំដែលគ្របដោយរោមភ្នែកងច្រាងបិទចុះប្រមាណមួយនាទី មុននឹងបើកមកវិញ។

នាងតម្រង់ខ្នងរបស់ខ្លួនឡើង ឈានជើងថយក្រោយ ហើយបែរខ្នងដើរចេញដោយមិនងាកក្រោយ។ ទីបំផុតរិទ្ធក៏បានឃើញទឹកមុខដែលប្រែប្រួលត្រឹមពីរវិនាទីរបស់នាងពីស្រទន់ទៅជាស្មើធេងជាមួយកែវភ្នែកមុតស្រួចដែលមានន័យដល់ពាក្យ «សមហើយ»

ពេលនោះរិទ្ធក៏បានដឹងថាមិនមែនជំនាញមើលមនុស្សរបស់គេមានបញ្ហានោះទេ តែវីយូឡាទេដែលពូកែសម្ដែងលើសតួកុនទៅទៀត។ ជើងរបស់គេក៏ទាញរាងខ្ពស់សង្ហាទៅតាមនាងដោយការចង់ដឹង គេរក្សាគម្លាត មិនឱ្យនាងដឹងពីវត្តមានរបស់ខ្លួន។

ដៃរបស់គេនៅក្នុងហោប៉ៅខោ ភ្នែករេចុះឡើងមើលគ្រប់ជ្រុងខណៈពេលដែលនាងដើរក្នុងល្បឿនមិនយឺតនិងមិនលឿនពេក។ អ្នកទាំងពីរក៏បានទៅដល់ចំណតឡាន ឯវីយូឡាដើរជិតដល់ឡានរបស់ខ្លួន។ តាមរយៈចុងភ្នែក រិទ្ធក្រឡេកឃើញស្រមោលនៅក្បែរបង្អួចនៃអាគារព្រះវិហា។ ភ្នែករបស់គេស្រឹមចុះពេលដែលឃើញថានោះគឺជាខ្មាន់កាំភ្លើងដែលមានចុងអាវុធតម្រង់ទៅរកវីយូឡាដែលកំពុងបើកកាបូបយកសោឡាន។

រិទ្ធមិនគិតជាលើកទីពីរ ហើយមុននឹងគ្រាប់កាំភ្លើងទម្លុះក្បាលរបស់ស្រី គេស្ទុះទៅទាញនាងចុះទៅលើកម្រាលយ៉ាងលឿន យកឡានជារនាំង។ វីយូឡាស្ថិតនៅក្នុងសភាពមីងមាំង មិនដឹងថាត្រូវធ្វើអ្វី បានត្រឹមសំងំក្នុងដៃរបស់គេ។

រិទ្ធងើបអង្គុយត្រង់ខ្លួន ភ្នែកមើលទៅកញ្ចក់ឡានខាងឆ្វេង ឃើញថាខ្មាន់កាំភ្លើងមិនទាន់ទៅណានោះទេ។ កាំភ្លើងនោះបានខ្ទប់សំឡេង ឮមិនខ្លាំងពេកនោះទេ ណាមួយកម្មវិធីនៅដំណើរការ មនុស្សម្នាឮមិនទាន់មកបរិវេណនេះវិញនៅឡើយ។

គេទាំងពីរស្ថិតនៅក្រោមការអង្កេតរបស់ខ្មាន់កាំភ្លើង តែហ៊ានរត់ចេញដូចរត់ទៅស្លាប់អ៊‌ីចឹង។ រិទ្ធមើលជុំវិញរកអ្វីការពារសម្រាប់រត់គេច។

«ឡានការពារគ្រាប់បានអត់?» គេសួរ មើលចុះចំមុខរបស់នាងដែលនៅជិតបង្កើយ។ ស្រីគ្រវីក្បាលតប។

«ស្ដាប់ខ្ញុំ! យើងនឹងរត់ទៅរកដើមឈើធំនោះ ឱ្យបានលឿនជាទីបំផុត!»

«ច្បាស់ជាត្រូវគេបាញ់ហើយ!» នាងឆ្លៀតតវ៉ា។

«ឱ្យកាបូបមកនេះ!» វាភ្លាមៗ តែនាងក៏ព្រម។

«យករបស់សំខាន់ចេញផង លឿនឡើង!»

នាងដកទូរសព្ទ និងកាបូបលុយតូចចេញមក ហើយហុចវាឱ្យទៅគេ។ គេចាប់ផ្ដើមរាប់ពីមួយដល់បី ចប់បីភ្លាមគេបោះកាបូបទៅឆ្វេង ឯគេទាំងពីររត់ទៅស្ដាំ។ ដូចដែលស្មានទុក កាបូបនោះត្រូវខ្ទេចជាបំណែកទៅលើដី។

រិទ្ធ និងវីយូឡាគេចស្ទើរមិនផុតពីគ្រាប់កាំភ្លើងដែលត្រូវបានបាញ់សាចទៅលើដើមឈើដែលគេទាំងពីរពួនពីមួយទៅមួយ ហើយមុននឹងគ្រាប់ចុងក្រោយប៉ះសាច់ រិទ្ធទាញស្រីទៅជាមួយពួនក្នុងក្នុងថ្លុកទាបល្មមនៅក្បែរនោះ។

សំឡេងកាំភ្លើងស្ងាត់។ ខ្មាន់កាំភ្លើងក៏គេចខ្លួននៅពេលដែលមនុស្សចាប់ផ្ដើមផ្អើលឈូឆរ ចូលមកមើលស្ថានការណ៍ តែមិនមានអ្នកហ៊ានចូលមកជិតគេទាំងពីរនោះទេ។ រិទ្ធងាកទៅមើលស្រីដែលមានភ្នែកបាញ់ទៅរកអាគារដែលខ្មាន់កាំភ្លើងពួននោះ មិនមានភាពភ័យខ្លាចតែពោពេញទៅដោយភាពប្រុងប្រយ័ត្នខ្ពស់។

នាងមើលទៅដូចជាមនុស្សដែលធ្លាប់ឆ្លងកាត់ស្ថានភាពបែបនេះញឹកញាប់ដែលធ្វើឱ្យរិទ្ធស្ញើច។

«ទីនេះមិនមានសុវត្ថិភាពទេ តោះ!»

អ្នកកំលោះជួយទាញស្រីឡើង នាងលើកសំពត់ហើយរត់តាមគេ។ រិទ្ធនាំនាងទៅរកឡានរបស់ខ្លួនដែលចតនៅផ្នែកម្ខាងទៀត។ ខ្មាន់កាំភ្លើងអាចនឹងមិនទាន់ទៅណាឆ្ងាយ ដូច្នេះគេទាំងពីរត្រូវចេញពីកន្លែងនោះឱ្យបានឆាប់ជាទីបំផុត។

ឡានSUVរបស់រិទ្ធបោះពួយចេញពីចំណត គេមិនខ្វល់សួរនាងថាគួរទៅណានោះទេ សំខាន់គិតពីសុវត្ថិភាពជាមុនសិន។ វីយូឡានៅស្ងៀមស្ងាត់ រិទ្ធក៏ដូចគ្នា ហើយអ្នកទាំងពីរក៏មិននិយាយអ្វីក្នុងរយៈពេល១៥នាទីរហូតដល់ប្រាកដចិត្តថាគ្មានអ្នកតាមពីក្រោយ។

ទីបំផុតរិទ្ធក៏ផ្ទុះសំណើចតិចៗបន្ទាប់ពីក្រឡេកមើលទៅនាងដែលមានសភាពមិនរៀបរយដូចដែលធ្លាប់។

«យ៉ាងម៉េច?» នាងសួរ ជ្រួញចិញ្ចើម។ គេមិនឆ្លើយតែបែរកញ្ចក់ទៅឱ្យនាងមើលខ្លួនឯង។

វីយូឡាអើតក្បាលមើលមុខរបស់ខ្លួនទើបដឹងថាពិបាកមើលប៉ុនណា។ សក់របស់នាងរបូតរាយបាយ សើមតិចៗដោយសារទឹកភ្លៀង ថែមទាំងមានស្លឹកឈើងាប់ជាប់ទៀត។ ស្រីខ្មាសគេ ប្រញាប់រៀបចំសក់របស់ខ្លួនឡើងវិញ ទោះមិនដូចដើមតែក៏មិនឱ្យអាក្រក់មើលពេក។ រិទ្ធងាកមុខចេញព្រោះមិនចង់ឱ្យនាងខ្មាសកាន់តែខ្លាំង។

វីយូឡាចាប់សក់ចងត្រឹមពាក់កណ្ដាលក្បាលរួច បោសធូលី និងកម្ទេចសំរាមចេញពីអាវ និងសំពត់ ពេលនោះរិទ្ធចាប់អារម្មណ៍ពីស្នាមឆូតនៅលើដៃសខ្ចីដែលកើតឡើងពេលរត់គេចគ្រាប់មុននេះ តែនាងមើលទៅបែរជាមិនបានខ្វល់ពីវាព្រោះវាតិចតួចណាស់បើប្រៀបធៀបទៅនឹងរបួសដែលនៅលើដើមដៃខាងស្តាំរបស់គេ។

វាប្រហែលជាបានមកពីពេលដែលគេរុញនាងចេញពីគ្រាប់កាំភ្លើងហើយវាត្រូវប្រឈិតដៃគេជំនួសវិញ។ វីយូឡាមើលទៅស្នាមឈាមជាប់ដៃអាវដោយក្ដីបារម្ភ មុននឹងងាកទៅរករបស់អ្វីម្យ៉ាងដែលអាចរុំរបួសបាន។

«នៅឃ្លុបមុខមានស្បៃរុំ» គេប្រាប់ នាងបើកវាហើយដកថង់ស្បៃរុំរបួសចេញមកហែក។

នាងទាញដៃរបស់គេមកក្បែរហើយសម្អាតរបួសដែលមានឈាមរឹមៗ ឯរិទ្ធបន្ថយល្បឿន ហើយឆ្លៀតឱកាសលួចមើលមុខរបស់នាងជាញយដង ទោះមិនចង់ដកភ្នែកចេញក៏គេត្រូវតែមើលទៅខាងមុខវិញព្រោះកំពុងបើកឡាន។

«អរគុណ» គេនិយាយតិចៗ ពេលនាងរុំរបួសឱ្យរួចរាល់។

«គួរតែជាខ្ញុំទេដែលត្រូវនិយាយពាក្យនោះ អរគុណដែលជួយ!»

«ប្ដូរពីពាក្យអរគុណទៅជាកាហ្វេមួយកែវបានអត់?»

«កាហ្វេមួយកែវ?»

«អត់បានទេ?»

«វាតិចពេកទេដឹង? តម្លៃប្រថុយជីវិតជួយខ្ញុំស្មើកាហ្វេមួយកែវ»

«អ៊‌ីចឹងពីរកែវ» វីយូឡាសើចឡើងពេលឮសំណើរ។ រិទ្ធស្ទើររបូតចង្កូតឡានពេលឃើញបបូរមាត់ដែលរីកចេញជាសំណើចដ៏ស្រស់របស់នាង មុខស្រីប្រៀបដូចជាផ្កាដែលរីកពេញលេញពេលនាងសើចម្ដងៗ។

នាងក្រមុំងក់ក្បាលទទួល។

«ឱ្យខ្ញុំជូនទៅសណ្ឋាគារមែន?» សំណួរបស់គេត្រង់ៗ វីយូឡាមិនចាំបាច់សួរក៏ដឹងថាហេតុអ្វីក៏គេស្គាល់នាងព្រោះស្រីចំណាំគេបានតាំងពីដំបូង។

មានភាគបន្ត…

1 Comment

  • Vattey Posted August 22, 2023 11:57 am

    Love 🥰

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*