គ្រូបង្រៀនស្រី តេង ច័ន្ទវត្តី បានប្រាប់មូលហេតុសំខាន់ បន្ទាប់ពីរូបនាងសម្រេចចិត្តចូលរួមយុទ្ធនាការ ១ សែនអំណាន ក្រោមការដោយមានការជ្រោមជ្រែងពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា។
តាមរយៈ បទសម្ភាសន៍ ជាមួយក្រុមការងារ meysansotheary អ្នកគ្រូស្រីរូបនេះបាននិយាយយ៉ាងដូច្នោះថា យុទ្ធនាការ ១សែនអំណាន គឺជាយុទ្ធនាការថ្មី ប្លែកដែលមិនធ្លាប់មាន ហើយរឹតតែពិសេស គឺអំណានបែបឌីជីថល។ វាមានភាពងាយស្រួលក្នុងការអាន អានបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនពិបាកស្ពាយសៀវភៅតាមខ្លួន។
ក្នុងនោះផងដែរ អ្នកគ្រូ វត្តី បានបញ្ជាក់ទៀតថា ១សែនអំណាន គឺលើសពីមាតិកា រឿងប្រលោមលោក រឿងខ្លី រឿងព្រេងនិទាន ក៏មានមាតិកាចែករំលែកអំពីរបៀបតែងនិពន្ធផងដែរ។ ដោយអ្នកគ្រូប្រាប់ថា រាល់ថ្ងៃនេះនាងក៏ជាសមាជិកអំណាចឌីជីថលមួយរូបដែរ ដូច្នេះនាងពិតជាចង់បន្តសកម្មភាពនេះជាមួយមិត្តរួមអាជីពគ្រូបង្រៀនដទៃទៀត សម្រាប់រយៈពេលមួយឆ្នាំនេះ។
នៅក្នងបទសម្ភាសន៍ដដែលនេះ អ្នកគ្រូបានសង្កត់ធ្ងន់ថា “ការអាន គឺជាសកម្មភាពវិជ្ជមានមួយ ដែលត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ជាក់ស្ដែង គ្រូបង្រៀន គឺជាតួអង្គសំខាន់ក្នុងការបណ្ដុះទម្លាប់អានដល់សិស្សានុសិស្ស។ ការបង្ហាញពីទម្លាប់ល្អ វាប្រាកដណាស់ថានឹងជះឥទ្ធិពលល្អដល់អ្នកនៅជុំវិញខ្លួន។ ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់លោកគ្រូ អ្នកគ្រូ សូមអញ្ជើញចូលរួមយុទ្ធនាការ ១ សែនអំណាន ដើម្បីលើកកម្ពស់ និងចែករំលែកវប្បធម៌វិជ្ជមាននេះដល់អ្នកនៅក្បែរខ្លួន និងក្មេងៗជំនាន់ក្រោយ។ ទម្លាប់ល្អ ចាប់ផ្ដើមពីយើងទាំងអស់គ្នា”។
ជាចុងក្រោយអ្នកគ្រូ វត្តីក៏មិនភ្លេចបញ្ជាក់ពីចំណង់ចំណូលចិត្តអានសៀវភៅថា ខ្លួនគឺជាចៃប្រលោមលោក(ហ្វេន)ម្នាក់ផងដែរ ប៉ុន្តែ នាងមិនអាចអានគ្រប់ប្រភេទរឿងនោះទេ។ ក្នុងនោះមានរឿង ២ ប្រភេទដែលនាងចូលចិត្តអាន គឺប្រលោមលោកមនោសញ្ចេតនា និង ស៊ើបអង្កេត។ រឿងពីរប្រភេទនេះអាចឲ្យអ្នកគ្រូអានបានច្រើនម៉ោងដោយមិនធុញទ្រាន់ បើកាន់សៀវភៅអានវិញ កាន់មិនងាយដាក់ចុះតែម្ដង៕
កញ្ញា គ្រាប់ជី
ចុចអាន៖យុទ្ធនាការ១សែនអំណាន ធ្វើឲ្យគ្រូបង្រៀនស្រីម្នាក់បង្ហាញការយល់ឃើញប្លែកគេ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ