សំឡេងទះដៃ និងការបោះជំហានមកលើឆាកបានបន្លឺឡើងក្នុងបេះដូងនាង។
រ៉ាយ៉ាមានភាពរំភើបញាប់ញ័រដែលមិនធ្លាប់ស្គាល់ពេញខ្លួន ព្រឺពាសពេញស្បែកពណ៌ស្រអែមរបស់នាង។
ក្រៅពីរីករាយនឹងការងារជាអ្នកលេងភ្លេងខ្មែរយ៉ាងហ្មត់ចត់ នេះជាការផ្សាយបន្តផ្ទាល់លើកដំបូងដែលនាងប្រគំ។ នាងបានបញ្ចូលចុងម្រាមដៃតូចៗ នៅក្រោមខ្សែពិណខ្មែរ ទាញកេះដោយប្រឹងព្រោះកំពុងល្វើយអស់កម្លាំងព្រោះអារម្មណ៍ច្រាស់ច្រាល់ យ៉ាងខ្លាំង។
ប្រហែលជាមិនគួរឱ្យជឿចំពោះអ្នកមានគុណដែលមកអង្គុយមើល ហើយនាំអ្នកជិតខាងពីរនាក់មកទៀត។
កន្លងមកពួកគេ មិនមានចិត្តខ្វល់នឹងភ្លេងខ្មែររបស់នាងទេ ប៉ុន្តែ ថ្ងៃនេះ រ៉ាយ៉ាធ្វើបានហើយ ពួកគេបានចំហរមាត់ហើយ ។
ការផ្ទុះកិច្ចសាទរពីទស្សនិកជនបានបន្ធូរបន្ថយភាពតានតឹងផ្នែកក និងខ្នងរបស់នាង។ នៅពេលដែលហ្វូងមនុស្សកំពុងស្ងាត់ត្រងត្រាប់ទទួលយកបទភ្លេង ពេលវេលាល្អ ជាពេលនាងរង់ចាំសឹងមួយជីវិតនេះ បានមកដល់។ នាងបិទភ្នែកហើយប្រគំ។
ពេលភ្នែកលែងប្រាប់ បេះដូងបានប្រាប់វិញម្តង គឺប្រាប់មកថា ថាមពល នៃសមានចិត្តថែភ្លេងខ្មែរ គឺឆ្លងមកពិតមែន ។ គ្រួសារនាងជាអ្នកអភិរក្សរបាំបុរាណ តែមិនមានអ្នកភ្លេងទេ នាងបានចាប់យកវាព្រោះមិនចូលចិត្តរាំទេ នាងចង់លេងឧបករណ៍ទាំងអស់។ នៅតែមិនចម្លែកដែលនាងកំពុងអង្គុយកេះភ្លេង ហើយអារម្មណ៍ហ៊ុំព័ទ្ធដោយប្រវត្តិសាស្ត្រជាច្រើន ដែលជញ្ជាំងប្រាង្គប្រាសាទខ្មែរហាក់ដូចបានថតមកជាប់ចិត្ត និងភ្ជាប់យ៉ាងស្និទទៅនឹងបទភ្លេង។
«នែ៎! កូនគេថាលេងភ្លេងខ្មែរច្រើនតែក្រណ៎ា!»
ម៉ាក់ខ្ញុំធ្លាប់ប្រាប់បែបនេះ តាំងតែពីខ្ញុំមានអាយុ១១ឆ្នាំ ហើយខ្ញុំចេះប្រគំភ្លេងរនាតនៅសាលា។ ក្រោយមកខ្ញុំរៀនផ្លុំខ្លុយ ហើយចង់លេងទ្រទៀត។ តែសាដៀវរៀនយូរហើយ នៅតែលេងមិនបានល្អទេ។ ម្តងណាក៏លោកគ្រូភ្លេងសើចខ្ញុំដែរ។
«ប៉ា! តើលេងភ្លេងខ្មែរ ក្រមែនទេ?»ខ្ញុំសួរប៉ាពេលគាត់ដឹកមកសាលា។
«ចុះកូនខ្លាចទេ!»
ខ្ញុំគិតមិនមាត់។ ស្អែកឡើងខ្ញុំឆ្លើយនឹងប៉ាថា៖
«ខ្ញុំមិនខ្វល់ទេ!»
«ខ្វល់រឿងអ្វីកូនយ៉ា?»
«គឺរឿងភ្លេងខ្មែរ! កូននឹងលេងហើយមិនខ្លាចក្រទេ!»
ប៉ាងក់ក្បាលហើយអធិប្បាយប្រាប់ខ្ញុំថា៖
«ប្រសិនបើនេះជាអ្វីដែលកូនមានក្តីសុខ ពាក្យក្រមិនមានទេកូន! ក្រមានមិនសំដៅលើលុយតែមួយមុខទេ អ្នកខ្លះមួយជីវិតមិនដែលបានធ្វើអ្វីដែលខ្លួនស្រលាញ់ផង ហៅថាអ្នកមានម្តេចបាន?»
«ណាមួយ មិនមែនលេងភ្លេងខ្មែរ ក្រទេ!»ខ្ញុំឆ្លើយ។
«ត្រូវ! មនុស្សរៀនវិជ្ជានិងជំនាញមកដូចគ្នា មនុស្សធ្វើបានល្អឬមិនបានល្អ អាស្រ័យលើរបៀបរៀងៗខ្លួន»ប៉ាខ្ញុំតែងតែនិយាយត្រូវនឹងអ្វីដែលខ្ញុំពិចារណា។
តើយើង នឹងធ្វើតាមបេះដូង ហើយមានសុភមង្គល ឬធ្វើតាមលំនាំអ្នកដទៃដើម្បីស្រណុក? ពេលនេះម៉ោងនេះ ខ្ញុំមានសុភមង្គលណាស់។
នៅពេលយើងកំពុងធ្វើការសម្រេចចិត្តដើម្បីធ្វើសកម្មភាពណាដែលយើងយល់ថាមានតម្លៃ គឺពេលវេលាពិតជាទាក់ទាញ ជីវិតនេះសែនមានន័យ។
មនុស្សមិនដឹងថា ខ្លួនចេះធ្វើអ្វី ធ្វើអ្វីបាន ឬអាចតស៊ូលើការលំបាកឬអត់ គេមិនដឹងរឿងអស់នេះ បានជាចង់បានតែសម្ភារៈមកផ្គាប់ឱ្យខ្លួនឯងមើលទៅអស្ចារ្យ តែមិនសប្បាយចិត្តទេ។
ការជ្រើសរើស ឬស្គាល់ពីអ្វីដែលបេះដូងយើងចង់បាន អាចនឹងប៉ះពាល់ផ្ទាល់ដល់ឆាកជីវិតយើងទាំងស្រុង។
មិត្តភក្តិ និងក្រុមគ្រួសារយើង ប្រហែលជានឹងប្រាប់យើងឱ្យស្តាប់បេះដូងរបស់យើង តែខ្លះទៀត មិនយល់ទេគេចង់ឱ្យយើងធ្វើដូចគេឯង ដូចអ្នកដទៃ ។
ខ្ញុំ ដូចជាខុសពីក្មេងជំទង់ផ្សេង។ ខ្ញុំដឹងថាអ្វីទៅដែលល្អបំផុតសម្រាប់បេះដូងនេះ។ ខ្ញុំដឹងថា គ្រប់យ៉ាងនិងសាំ ក្នុងដំណើរការធុញទ្រាន់យ៉ាងដូចម្តេច ពេលយើងធ្វើអ្វីដែលយើងមិនចង់ឬបេះដូងយើងមិនចូលរួម។
ពេលនេះ ភ្លេងប្រគំ បានបន្តិចស្នូរទះដៃលាន់ឡើង។
មាត់ខ្ញុំញញឹម ហើយខ្ញុំលែងញ័រ។
ខ្ញុំមិនខ្លាចពួកគេសម្លឹងមកក្នុងក្រសែភ្នែកបែបណាទៀតទេ។ ខ្ញុំបើកភ្នែកឡើង ហើយមើលឃើញតែទិដ្ឋភាពនៃពិភពលោកដ៏ល្អឥតខ្ចោះមួយអមមនោរម្យទៅដោយភ្លេងដែលបេះដូងខ្ញុំកំពុងប្រគំ។
គំនិតមួយអាចរឹងមាំទៅបាន មិនភ័យ មិនបាត់គោលដៅ ដរាបណាវាការពារដោយ បេះដូង។ បេះដូងរបស់យើងចង់ឱ្យយើងម្នាក់ៗ ដាក់ចិត្តទៅលើការងារណាដែលយើងពេញចិត្ត ស្រលាញ់ និងមានចំណង់ចំណូលចិត្ត ហើយមានមោទនភាព។
មនុស្សដែលធ្វើតាមបេះដូងដូចខ្ញុំ គឺជាមនុស្សដែលតែងតែមានអារម្មណ៍ថា បានបំពេញការងារដ៏មានតម្លៃ នៃជីវិត មានអារម្មណ៍ថាពួកគេកំពុងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោកហើយខ្លួនជាមនុស្សដ៏មានអត្ថប្រយោជន៍ម្នាក់។
សូមអរគុណដែលបានអានសាច់រឿងរបស់ខ្ញុំ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ