រឿង៖ ម្ចាស់ស្រះឃុនស្រី

នេះមិនមែនជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេ ប៉ុន្តែត្រូវបានកើតមានឡើង​នៅបាត់ដំបងនេះ។ រឿង​នេះ​បាន​កើត​ឡើង​នៅ​មហាវិទ្យាល័យ​ធនាគារនិងហិរញ្ញវត្ថុ ។

មាន​និស្សិតប្រុសមិនសូវចេះមាត់កម្នាក់ មកពីខេត្តប៉ៃលិន ឈ្មោះស្រឡៃ។

ក្នុងវ័យ២០ឆ្នាំ​ស្រឡៃជាកូនអ្នកកូឡា ដ៏សង្ហាម្នាក់ ក៏ជាកូនប្រុសបន្ទាប់ក្នុងចំណោមកូនបីនាក់របស់កុងសែធូធារម្នាក់។

គេជួលផ្ទះតូចមួយក្បែរៗកន្លែងពួកយើងជួលស្នាក់ ។ ចម្លែកជានិច្ច ស្រឡៃ​​មិនទៅណាទេពេលទំនេរ  ពេលសួរទៅ​គេថា គេ​បាន​សំងំអាន​សៀវភៅ។

ពេលស្និទ្ធគ្នាបានបន្តិច ស្រឡៃប្រាប់ខ្ញុំថា រាល់ថ្ងៃសំងំក្នុងបន្ទប់និយាយជាមួយអនាគតប្រពន្ធ។

គេអួតថា នាង​មាន​អាយុ​ប្រហែល ១៨ ឆ្នាំ ហើយ ។ គេញញឹម ពេលនិយាយ នេះបង្ហាញថាស្រឡៃ ពិត​ជា​ស្រលាញ់​នាង​ខ្លាំង​ណាស់។ គេធ្លាប់និយាយរឿងជាច្រើនតមកទៀតអំពីនាង ប្រាប់និស្សិតផ្សេងៗ ដូចជាថា មិនបានទៅកម្សាន្តចុងសប្តាហ៍ជាមួយទេ ជាប់និយាយជាមួយសង្សារឬគូដណ្តឹង ។ល។

មនុស្សជាច្រើនមានអារម្មណ៍ចម្លែកនិងពិបាកជឿ ។ ជាឧទាហរណ៍ ខ្លះគិតថា ស្រឡៃទំនងជាមានវិបត្តិផ្លូវចិត្ត​។

គេអួតថា គេមិនចង់ចេញបាយក្រៅ​ព្រោះនាងអាចធ្វើម្ហូប និងនិយាយលេងយ៉ាងមាន​សុភមង្គលជាមួយគេ។ ព្រឹកខ្លះគេអួតថា​គេនៅជាមួយនាងពេញមួយយប់។

យើងមិនជឿទេ ហើយគិតជានិច្ចថា គេអាចនឹងមាន​ខ្មោចលង លុះដល់រឿងនេះឮដល់ត្រចៀកគេ គេឈប់និយាយរកអ្នកណាៗ។

ពួកយើងរវល់រៀងខ្លួនព្រោះកៀកប្រលងបញ្ចប់ ។  នៅព្រឹកមួយ ស្រឡៃចេញមកដោយទឹកមុខក្រៀមក្រំ ហើយប្រាប់ខ្ញុំថា ឪពុករបស់គាត់ដែលឈឺនៅផ្ទះនឹងស្លាប់។ ប្រុងកំដរជូនគេទៅប៉ៃលិន ស្រាប់តែឮគេពន្លយមកទៀតថា នេះគឺអនាគតប្រពន្ធរបស់គេបានប្រាប់កាលពីនៅជាមួយគ្នាពេលយប់មិញ។

 ពេល​នោះខ្ញុំ​បាន​ចាត់​ទុក​បញ្ហា​នេះថារវើរវាយ ​ដោយ​ព្រងើយ​កន្តើយនឹង​គេ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល ១០ យប់ មាន​តេឡេក្រាម​ក្នុងក្រុមមកថា ឪពុកសិស្សមកពីប៉ៃលិនស្លាប់ គ្រូនាយកអំពាវនាវឱ្យពួកយើងចូលរួមរំលែកទុក្ខ។

ពួកយើងបានធ្វើតាមប្រពៃណី គឺចូលបុណ្យនិងទៅចូលរួមកំដររោង…ហើយប៉ុន្មាន​ខែក្រោយមក រឿងនេះត្រូវបានបំភ្លេចចោល។

មិនយូរប៉ុន្មាន រឿងថ្មីបានកើតមានឡើង ។ កណ្តាលយប់សោះ ស្រឡៃរត់មកប្រាប់ថា ឱ្យគ្រប់គ្នាក្រោកមានរឿងហើយ។  ពួកខ្ញុំខ្លះស្រែកឡូឡាព្រោះងងុយ​ ខ្លះក៏ខឹងមិនមាត់មិនក ស្រាប់តែឡានដប់កង់ធំមួយ បោលមកបំបុកចំកណ្តាលអាគារផ្ទះជួលដោយអ្នកបើកស្រវឹងខ្លាំង។ ចាប់ពីពេលនោះមក ស្រឡៃ បានក្លាយជាប្រធានបទខ្សឹបខ្សៀវ។

គ្រប់គ្នា​ចង់ដឹងថា ​ប្រពន្ធគេជាអ្នកណា? នៅក្នុងបន្ទប់នោះ?

រហូតដល់មាន​បុណ្យផ្កាមួយក្បែរសាលា ខ្ញុំនិងភឿនពីរនាក់ បានអង្គុយជាមួយនិងទាន់អ៊ុំចាស់ស្រុកមួយក្រុម អង្គុយនិយាយគ្នា​ថា ផ្ទះដែលស្រឡៃជួលនៅជាអតីតផ្ទះប្រពន្ធចុងដង្ខៅអ្នកមានធំម្នាក់មុនសម័យ​សង្គមរាស្ត្រនិយម នាងឈ្មោះថាឃុនស្រី។ 

ក្រោយពេលនាង​លង់ទឹក​ស្លាប់ ប្តីបានធ្វើតាម​ដោយឱ្យគេរៀបចំ​ផ្ទះនេះទៅជាបណ្ណាល័យអាន ព្រោះនាងចូលចិត្ត​អានសាស្ត្រនិងគូរគំនូរសិល្បៈ។ តាំងពីមុនប៉ុលពត គ្មានអ្នកណាហ៊ានស្នាក់ទីនេះពេលយប់ទេ ព្រោះមានគេគិតថា​នាងចេញមកអានសៀវភៅទាំងទទឹកខ្លួនជោក។

ពួកយើង​តែងគិតបារម្ភថា ឃុនស្រីលងស្រឡៃ។ ទោះយ៉ាងណាគ្មានអ្នកណាហ៊ាននិយាយអ្វីទាំងអស់។

បន្ទាប់មកការប្រឡងបញ្ចប់បានមកដល់។ មុខវិជ្ជាខ្សោយរបស់ខ្ញុំគឺមានច្រើន ខ្ញុំបារម្ភណាស់។ យប់មួយ ខ្ញុំដាច់ចិត្ត​សាកនិយាយជាមួយស្រឡៃថា គួរ​សួរអនាគត​​ប្រពន្ធ​របស់​គេ​នូវ​វិញ្ញាសាដែលប្រុង​នឹងចេញនោះទៅ។

​គេសប្បាយចិត្ត​ខ្លាំង​ដែលខ្ញុំជឿថា ប្រពន្ធគេអាចដឹងអំពីអនាគតហើយបានយល់ព្រមសួរនាង​ឃុនស្រី នៅយប់មុនពេលប្រឡង។ ដោយអន្ទះសារ ខ្ញុំសច្ចាយប់នោះថា បើមែន ក្រោយប្រឡងខ្ញុំនឹងយករឿងនេះទៅរម្លឹកម្តាយឳពុកគេ​ ឱ្យយកគេទៅស្រោចទឹករំដោះពីខ្មោចវិញ្ញាណ។

នៅពេលព្រឹកឡើងស្រឡៃ ចេញមកមែន ហើយយើងបាននាំគ្នា​សួរយ៉ាងអន្ទះសារនូវអ្វីដែលអនាគត​ប្រពន្ធរបស់គេប្រាប់ទាក់ទងនឹងក្រដាសប្រឡង។

ស្រឡៃ បាននិយាយទាំងក្រៀមក្រំថា

«នាងបានប្រាប់ខ្ញុំ ដឹងទេ?  នាងបាននិយាយថានាងនឹងមិនមកលេងខ្ញុំទៀតទេ!»

ដោយសារការប្រឡងមានសារៈសំខាន់ជាង ដូច្នេះយើងមិនរវល់នឹង​ទុក្ខព្រួយរបស់ស្រឡៃប៉ុន្មានទេ។

យើងចង់ដឹងតែពីវិញ្ញាសា។

ពិតណាស់ នៅពេលប្រលង​វិញ្ញាសាបានចេញ​ដូចគ្នាបេះបិទទៅនឹងអ្វីដែលឃុនស្រីប្រាប់ស្រឡៃ។ ពួកយើងធ្វើបានល្អសឹងគ្រប់ៗគ្នា។

បន្ទាប់ពីការប្រឡង ពួកយើងបានបែកគ្នាត្រលប់ទៅស្រុកសម្រាក។

ខ្ញុំបាននឹកឃើញ ខលទៅប្រាប់ម្តាយឪពុកគេពីរឿងនេះ ពួកគាត់បានប្រាប់មកវិញដោយបារម្ភថា មិនឃើញគេមកផ្ទះវិញទេ។

ពួកគាត់អង្វរខ្ញុំឱ្យត្រលប់ទៅរកគេទាំងយប់។

ខ្ញុំបកមកបាត់ដំបងតាមការស្នើព្រោះបារម្ភអំពីគេដូចគ្នា មិនដឹងហេតុអ្វីបានជាគេមិនទៅផ្ទះវិញបើប្រឡងចប់ទៅហើយ?

មកដល់កាលណា ម៉ោង៨យប់ល្មម។ អ្នកជិតនោះបានប្រាប់យើងថា គេមិនបានចេញមកទេ នៅសំងំក្នុងផ្ទះ។

ខ្ញុំបានគោះទ្វារ និងស្រែកហៅជាបន្តបន្ទាប់ ក៏មិនឃើញគេឆ្លើយ។ ប៉ាម៉ាក់គេក៏បានជិះមកដល់ដែរ។ ដោយទាក់ទងគេមិនបានយើងសម្រេចចិត្ត​ទម្លាយទ្វារចូល។

ពេលនោះយើងឃើញខ្នងគេពីឆ្ងាយ។

ហោចណាស់ក៏…គេនៅមានជីវិត​យើងសប្បាយចិត្ត​បន្តិចវិញ តែគេដូចជាមិនពាក់ព័ន្ធនឹងលោកនេះទេ។ គេមិនរវល់នឹង​អ្នកណាមក ម្តាយគេឱបគេ ខ្លួនគេទទឹកជោកមិនមានប្រតិកម្ម។

ពីមុខគេ គឺជាតុមួយដែលមានសៀវភៅដ៏ធំបើកចំហ។

ទំព័រនោះ គ្មានអ្វីទាំងអស់ មានតែផ្ទៃខ្មៅងងឹត មិនមានរូបភាព មិនមានទាំងអក្សរអ្វី។  ពេលដែលឪពុកគេនិងអ្នកជិតខាង​នាំគ្នា​ចូលមកជួយគ្រាហ៍គេឡើង បំណងថា នឹង​យកទៅប៉ៃលិនវិញ បែរជាខ្លួនស្រឡៃធ្ងន់ដូចជាដុំថ្មធំ មិនអាចកម្រើក។

បានមនុស្សម្នា នាំគ្នាគ្រវីក្បាលថា ហេតុអ្វីបានជាគេធ្ងន់ដូចមាននរណាសណ្ឋិត?

ម្តាយរបស់គេយំយែកនិង អុជធូបស្រែកសុំឱ្យម្ចាស់ទឹកម្ចាស់ដីជួយ។

ទីបំផុតគេក៏បានងាកមកនិយាយដោយទឹកមុខ ទទឹកជោកដូចមនុស្សមុជទឹកភ្លៀងថា ប្រពន្ធគេ ធ្លាក់ទៅក្នុងស្រះ។

ដៃស្រឡៃ គេចង្អុលទៅក្នុងសៀវភៅហើយគេនិយាយថាប្រពន្ធគេធ្លាក់ទៅក្នុងស្រះទឹកជ្រៅគេចង់ចូលទៅជួយនាង។

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*