រឿង៖ ម្ចាស់រូបថត

របស់ខ្លះមុននឹងទិញត្រូវស៊ើបប្រវត្តិឱ្យបានច្បាស់សិន។ របស់កាន់តែងាយ កាន់តែថោក អាថ៌កំបាំងកាន់តែច្រើន ហើយពោរពេញទៅដោយភាពស្មុគស្មាញ ឬក៏អាចនឹងបង្កទុក្ខទោសផងក៏មាន។  ការស្រឡាញ់ ការហួងហែង ជាចំណុចនៃការចាប់ផ្តើមគំនុំ…

សត្វតាវ៉ៅចាប់ផ្តើមបន្លឺឡើងលើចុងឈើទាលយ៉ាងគ្រលួចនាពេលកណ្តាលរាត្រីចរ។ យូរៗម្តង សំឡេងសត្វលលកខ្មោចក៏ចូលខ្លួនកំដរបរិយាយកាសដែលធ្វើឱ្យអ្នកមានដំណេករឹងញ័រញាក់ទទ្រើតដោយសារវាទាំងមិនដឹងខ្លួន។

សំឡេងសត្វរាត្រីទាំងពីរនេះបានស្ងាត់បន្តិច ជំនួសមកវិញដោយសំឡេងសត្វគីង្គក់ដែលអាចបញ្ជាក់បានថា វាជារដូវរំហើយ។ ចនស្ថិតក្នុងវ័យដែលមានអាយុជាង២០ឆ្នាំនៅមិនទាន់ដេកលក់នៅឡើយទេ ព្រោះទើបតែបញ្ឈប់ការលេងហ្គេមតាមទម្លាប់។

សម័យបច្ចុប្បន្នក្មេងៗជំទង់យុវវ័យហាក់បីដូចជាផ្តោតអារម្មណ៍ខ្លាំងបំផុតចំពោះទូរសព្ទរហូតដល់ភ្លេចបាយភ្លេចទឹកក៏មានដែរ។ នាយចនម្តងទម្លាក់ខ្នងលើកន្ទេលងាកឆ្វេង ងាកស្តាំ ម្តងក្រោកអង្គុយ។ តើមានកត្តាអ្វីដែលបណ្តាលឱ្យមនុស្សញៀនហ្គេមដូចជាបុរសវ័យជំទង់ម្នាក់នេះមានសកម្មភាពបែបនេះ?

“ទោះបីទូរសព្ទគ្មានលុយក៏អញអាចឆែកមើលរូបថតលេងៗកំដរអារម្មណ៍បានដែរតើ!”

និយាយតិចៗម្នាក់ឯងរួច ចនក៏ដោះទូរសព្ទពីឆ្នាំងសាកមកចុចរូបមើល។ ទូរសព្ទមួយនេះ ចនទើបតែទិញមិនបានមួយអាទិត្យនោះទេ ហើយវាកើតចេញពីកម្លាំងញើសឈាមផ្ទាល់ខ្លួនរបស់គេទៀតផង។ ចនស្រឡាញ់របស់មួយនេះខ្លាំងណាស់។ ពេលខ្លះ គាត់ថ្នមដូចប្រពន្ធអ៊ីចឹង។

យុវជនពេញកម្លាំងម្នាក់នេះយកដៃអូសមើលរូបឡើងចុះក៏ប្រទះដល់រូបចុងក្រោយ។

“ចុម! ក្រែងរូបមួយនេះ…អញ…ដូចជាបានលុបវាកាលពីថ្ងៃមុនហើយទេតើ។ ចុះ…ចុះវាមកនៅក្នុងទូរសព្ទរបស់អញម្តេចបាន!” ចននិយាយទាំងភ័យ។

ចនស្ទុះក្រោកឡើងសំដៅទៅក្បែរបង្អួចដែលគ្មានអ្វីបាំងល្ហល្ហេវព្រោះជាខ្ទមស្រែក្បែរផ្ទះ។ គេចុចលុបរូបថតមួយហ្នឹងសារជាថ្មីរួចក៏ទម្លាក់ទូរសព្ទចុះដោយសម្លឹងមើលទេសភាពនាពេលរាត្រីដូចទម្លាប់។ ដ្បិតតែធាតុអាកាសខាងក្រៅរាងត្រជាក់បន្តិចមែន ប៉ុន្តែមិនបានធ្វើឱ្យអារម្មណ៍ចនបាត់ក្តៅដោយសារតែទូរសព្ទគ្មានលុយអូសរែង(Rank)នោះដែរ។ វាមកអង្គុយតាំងចិត្តឱ្យស្ងប់បន្តិចទើបបានចូលដេក។

ទឺង…

ទូរសព្ទរោទ៍ព្រោះមានអ្នកខលមក។ ចនពិនិត្យមើលម៉ោងនៅលើអេក្រង់ឃើញថាម៉ោង១គត់បាត់ទៅហើយ។ វាធ្វើមុខឆ្ងល់ជាពន្លឹកតែមិនទាន់ហ៊ានលើកទទួលនោះទេ។ លេខទូរសព្ទមួយនេះចម្លែក គឺមានលេខ៧ទាំង៩ខ្ទង់។ ដ្បិតថា លេខ៧ជាលេខនាំសំណាងរបស់គេក៏ពិតមែន តែការខលមកទាំងកណ្តាលយប់បែបនេះពិបាកស្វែងយល់ណាស់។

“អាឡូ! នរណាហ្នឹង?” ចនលើកទទួលទាំងទឹកមុខស្ងួតចែស។

“…” ស្ងាត់ច្រៀប។

“ខ្ញុំសួរថានរណាហ្នឹង? មានការអ្វីបានជាខលមកទាំងកណ្តាលយប់បែបនេះ?” ចនដំឡើងសរសៃក។

“…” សំឡេងរញ៉េរញ៉ៃមិនដឹងថានិយាយអំពីអ្វី។

“បើមិននិយាយទេ! ខ្ញុំចុចបិទហើយ”

“កុំទាន់អាល…”

“ចុះនរណាម៉េចបានជានិយាយអន្លយៗដូចសំឡេងខ្មោចអ៊ីចឹង? កុំមកចង់លេងសើចជាមួយខ្ញុំទាំងយប់បែបនេះ ខ្ញុំមិនចូលចិត្តទេ!”

“…” សំឡេងចង្រិតយំរំពងឡើង។

“ស៊ាំតាប៉ែណាស់និយាយមែន! បើគ្មានការអ្វីទេខ្ញុំចុចបិទហើយ”

“បើគ្មានការអ្វីទេ ខ្ញុំចុចបិទហើយៗៗ…”

ចនស្ងៀមបន្តិច រួចគិតក្នុងចិត្តថា សំឡេងមួយនេះស្រដៀងនឹងសំឡេងរបស់ខ្លួន ហើយក៏ឮនៅមិនឆ្ងាយពីខ្លួនដែរ។ គិតឡើងគិតចុះក៏ប្រថុយនិយាយម្តងទៀត។

“នរណាហ្នឹង? ម៉េចបានជាមិននិយាយអ៊ីចឹង?”

“ម៉េចបានជាមិននិយាយអ៊ីចឹង?”

“ម៉េចបានជាចាំបាច់និយាយតាមខ្ញុំ?”

“…” លែងមានអ្នកនិយាយតាម តែបែរជាមានសំឡេងភ្លេងដង្ហែសពទៅវិញ។

ចនទម្លាក់ទូរសព្ទចុះលើកន្ទេលញ័រខ្លួនទទ្រើកដូចជាកូនសត្វដែលទើបតែស្រង់ពីក្នុងទឹក។ បេះដូងយុវជនម្នាក់នេះលោតឡើងស្ទើរផុតចេញក្រៅទៅហើយ។ វាសម្លឹងមើលទៅអេក្រង់ទូរសព្ទឃើញលោតនាទីនៅឡើយ ចំណែកសំឡេងភ្លេងខ្លងខែកក៏នៅតែបន្តឡើង។

គ្រប់យ៉ាងហាក់បីដូចជាចម្លែកជាខ្លាំង។ កែវភ្នែកចនក្រឡាប់ក្រឡើតសម្លឹងរកមើលជុំវិញខ្លួន ព្រោះគេសង្ស័យថាម្ចាស់ទូរសព្ទដែលបានខលមករកគេគឺនៅមិនឆ្ងាយឡើយ។

អ្នកកំលោះចាប់ផ្តើមបែកញើសប៉ុនៗគ្រាប់ពោតជោកខ្លួន ដោយវាផ្ទុយនឹងធាតុអាកាសនៅខាងក្រៅខែរំហើយត្រជាក់ស្រិប។ ទូរសព្ទចាប់ផ្តើមវិលជាច្រើនជុំ ចំណែកសំឡេងដ៏គួរឱ្យខ្លាចក៏នៅតែមាន។ បរិយាកាសបែបនេះ ហើយនៅក្នុងខ្ទមកណ្តាលវាលបែបនេះ តើឱ្យគាត់រត់ទៅណាបាន? បើរត់! មានតែត្រូវចោលក្របីនិងទូរសព្ទ។ ចនសម្រួលអារម្មណ៍បន្តិច ដើម្បីស្ទាបស្ទង់ពីស្ថានការណ៍ ក្រែងល៎មាននរណាចង់លេងសើចទាំងកណ្តាលយប់។

តែ…គ្រប់យ៉ាងគឺអាថ៌កំបាំង។ មួយសន្ទុះក្រោយមក ការហៅចូលក៏ត្រូវបានបញ្ឈប់។ តែអ្វីដែលពញាក់អារម្មណ៍របស់អ្នកកំលោះខ្លាំងមែនទែននោះគឺរូបថតតាំងលើអេក្រង់មិនមែនជារូបគាត់។

តើជារូបនរណា? ហេតុអ្វីបានជានៅសុខៗបែរជាមានរូបអ្នកផ្សេងមកជំនួសរូបនាយចនអ៊ីចឹង? ចនស្ទុះរត់ទៅក្រៅឈរនៅពីមុខខ្ទមជាមួយដង្ហើមដង្ហក់ស្ទើរតែមិនដល់គ្នា។

កាន់តែយប់ជ្រៅ ធាតុអាកាសកាន់តែចុះត្រជាក់ជាមួយនឹងទឹកសន្សើមនៃហេមន្តរដូវ។ ប៉ុន្តែភាពរងារនេះមិនបានធ្វើឱ្យនាយចនឈប់បែកញើសឡើយ។

ទ្រឹប!…ក្រាក…

“នរណាហ្នឹង?” ចនស្រែកមួយទំហឹង ជាមួយនឹងក្រសែភ្នែកដែលសម្លឹងមើលទៅប្រភពសំឡេង។

គាត់ពិនិត្យមើលជុំវិញខ្ទមនៅតែមិនឃើញអ្វី។ ចនគិតថាប្រហែលមកពីសេចក្តីភ័យខ្លាចពីទូរសព្ទគ្របសង្កត់អារម្មណ៍របស់គាត់ហើយមើលទៅ។ គិតឡើងគិតចុះ នៅពីរចំណុចទៀតដែលចនមិនទាន់បានពិនិត្យមើល។ ទីមួយគឺលើដំបូល និងមួយទៀតគឺក្រោមគ្រែឫស្សីផ្ទាល់ដី។

ចនងើយមើលលើដំបូលក៏ប្រទះនឹងស្រមោលអ្វីមួយតែបាត់ទៅវិញ។ វាបង្ហាញចេញមកតែបន្តិចប៉ុណ្ណោះ។ ស្រមោលមួយនេះមិនបានធ្វើឱ្យចនមានការភ័យខ្លាចនោះទេ។ ចុងក្រោយដែលចនត្រូវតែពិនិត្យមើលឱ្យបានច្បាស់នោះគឺក្រោមគ្រែ។

កន្លែងដែលមិនបានទទួលពន្លឺគ្រប់គ្រាន់រមែងតែងតែងងឹត គឺងងឹតមើលអ្វីស្ទើរតែមិនឃើញ។ កន្លែងងងឹតគឺជាចំណុចនៃភាពគ្រោះថ្នាក់។ ដូច្នេះ រាល់ពេលដែលនៅកន្លែងងងឹតត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ចនមិនបានយកទូរសព្ទមកបំភ្លឺនោះឡើយ។ វាឱនសន្សឹមៗ អើតមើលក្រោមគ្រែតែ…

ក្រឺង!

“គុណព្រះជួយ!” ចនលាន់មាត់មួយទំហឹង ងើបឡើងយ៉ាងរហ័ស។

ចនដើរសំដៅទៅកាន់ទូរសព្ទព្រោះមានអ្នកខលមកម្តងទៀត។ វាដកដង្ហើមធំដើម្បីឱ្យធូរចិត្តមុននឹងសម្រេចចិត្តទៅលើកទូរសព្ទម្តងទៀត។ ពេលមកដល់ ចនបម្រុងនឹងចុចទទួលទៅហើយ ស្រាប់តែការហៅចូលក្នុងបានបញ្ឈប់។ ប៉ុន្តែអ្នកកំលោះខ្លាចមិនហ៊ាននៅក្បែរទូរសព្ទនោះទេ។ មួយស្របក់ក្រោយមក ស្ថានភាពគ្រប់យ៉ាងក៏វិលមកសភាពដើម ។ នាយចនមានអារម្មណ៍ថាធូរទ្រូងបន្តិច។ គ្រប់យ៉ាងដូចជាស្ងាត់ល្អណាស់។ ឱកាសនេះបានមកដល់ហើយ។ ចនសំងំដេក ព្រោះម៉ោងក៏ជ្រេទៅដែរហើយ។

ទើបតែលក់បានមួយភាំង ភ្លើងទូរសព្ទបានធ្វើឱ្យចនភ្ញាក់ឡើងទាំងមមីមមើ។ ងងុយជោកជាំបែបនេះមិនបានធ្វើឱ្យចនចាប់អារម្មណ៍ថា លើអេក្រង់ទូរសព្ទមានតាំងរូបនរណានោះឡើយ។

វាឃ្លុំភួយជិតសំងំដេកបន្ត ព្រោះគាត់យល់ថា កាន់តែគិតកាន់តែខ្លាច។ បើកាលណាតែខ្លាចនោះប្រាកដជាមិនអាចគ្រប់គ្រងអារម្មណ៍បានឡើយ ហើយគ្រប់យ៉ាងនឹងធ្វើឱ្យយើងច្របូកច្របល់។

ថ្ងៃថ្មី! ចនក្រោកឡើងយកទឹកលុបមុខដុសធ្មេញរួចក៏ទៅដាក់ក្របីឱ្យស៊ីស្មៅជាធម្មតា។ អ្វីដែលមិនធម្មតានោះគឺទម្លាប់របស់គាត់។ ចនជាក្មេងដែលវក់ជាមួយនឹងហ្គេម។ គេលេងហ្គេមស្ទើរតែមិនដាក់ដៃ។ ចុះព្រឹកនេះហេតុអ្វីបានជាមិនបានឃើញគេកាន់ទូរសព្ទសោះអ៊ីចឹង? ឬមួយក៏គេភ្លេច? មិនអាចទេ! មនុស្សដែលញៀននឹងការប្រើប្រាស់អ៊ីនធឺណេតមិនអាចរស់ដោយគ្មានវាបានទេ។

ភាពភ័យខ្លាចបណ្តាលឱ្យចនមិនហ៊ាននៅក្បែរទូរសព្ទទាល់តែសោះ។ គាត់ដាក់ទូរសព្ទចោលសូម្បីតែថ្មក៏មិនខ្ចីបញ្ចូល។ ដោយខួរក្បាលនៅតែដក់ដានជាមួយការសង្ស័យ ចនក៏សម្រេចចិត្តថានឹងដើរមើលជុំវិញខ្ទមឱ្យប្រាកដក្រែងមាននរណាចង់លេងសើចជាមួយខ្លួនកាលពីយប់មិញ។ ប៉ុន្តែគ្រប់យ៉ាងទទេស្អាត។ ឬមួយជាការយល់សប្តិ? បើយល់សប្តិមែន ហេតុអ្វីបាននៅក្រោមរង្វង់ភ្នែករបស់គាត់មានពណ៌ខ្មៅដូចជាអ្នកញៀនថ្នាំ? បន្ទាប់ពីរួចរាល់កិច្ចការមក ចនក៏ទៅរកបាយហូបនៅផ្ទះដែលនៅមិនឆ្ងាយពីខ្ទម។

“អាចន! អញអង្គុយចាំវាបបួលអូសរែងពេញមួយព្រឹកហើយ តែមិនឃើញសោះ។ ម៉េចទូរសព្ទអត់មានលុយមែន? បើអត់មានខ្ចីអញមួយដុល្លារក៏បានដែរ។ ចាំថ្ងៃណាមានចាំសងក៏បាន…”

“ហ្អែងអូសអញទៅណា?” សាន់បន្លឺឡើងបន្ទាប់ពីចនអូសដៃគេយ៉ាងលឿន។

“កុំទាន់អាលសួរនាំអី! មកតាមអញសិនមក!”

“អញមិនទៅ ដរាបណាហ្អែងមិនព្រមប្រាប់អញថាហ្អែងយកអញទៅណា!” សាន់ប្រឹងទប់ខ្លួនកុំឱ្យចនអូសយកទៅបាន។

“ថាមក! អញមិនបានយកហ្អែងទៅរំលោភឯណា? គ្រាន់តែចង់ពិសោធរឿងមួយទេតើ!”

“ពិសោធរឿងក្បាលហ្អែងអី!”

“បន្តិចទៀតដឹងហើយ”

ពេលមកដល់ខ្ទម!

“នោះទូរសព្ទ! ហ្អែងលេងរបស់អញ ហើយអញលេងរបស់ហ្អែង!” ចនចង្អុលបង្ហាញឱ្យសាន់យកទូរសព្ទដែលគេបានទុកចោលលើក្បាលដំណេក។

“អើ! អ៊ីចឹងក៏អ៊ីចឹងទៅ” ស្រវារយកទូរសព្ទ។

“ហ្អែងសាកបើកមើលៗ មានអ្វីខុសប្រក្រតីឬអត់?”

“ដូចជាគ្មានអ្វីផង! ម៉េចហ្អែងគិតថាមានអ្វីមែន?”

“អត់ទេ! អញគ្រាន់តែសួរលេងតើ”

ចនតាមពិនិត្យមើលទូរសព្ទរបស់ខ្លួនដែលសាន់កំពុងតែចុចបើក។ ពេលឃើញថាគ្មានអ្វីហើយ ចនក៏ទាញយកមកវិញយ៉ាងរហ័ស។

“ឱ្យទូរសព្ទអញវិញមក! អញដូចជាមិនថ្នឹកក្នុងការកាន់របស់ហ្អែងសោះ”

“អញមិនយល់! ថ្ងៃនេះហ្អែងចម្លែកខ្លាំងណាស់។ ហ្អែងមានដឹងខ្លួនទេអាចន”

នាយចនមិនបានឆ្លើយតបជាមួយនាយសាន់បន្តទៀតឡើយ។ ដ្បិតតែគេមើលឃើញថាទូរសព្ទគេមិនអីក៏ពិតមែន តែគេនៅតែមានអារម្មណ៍ថាខ្លាចៗមិនដូចមុនឡើយ។

“អាសាន់! យប់នេះមកដេកជាមួយអញហ្អី! បាន២នាក់” ចនផ្តើមនិយាយ។

“ចុះក្រែងហ្អែងធ្លាប់និយាយថាមិនចេះដេក២នាក់នោះអី”

“អើ!…ហ្នឹងជារឿងកាលមុន តែឥឡូវចង់មានគ្នាមកដេកណាវ៉ើយ”

“អញមិនទាន់ប្រាកដទេ! ខ្លាចក្រែងតែនៅផ្ទះមានការណ៍អ្វី តែអញនឹងជម្នះមកឱ្យបាន”

“អើ! អញរំពឹងលើហ្អែងហើយ”

យប់ទី២ចូលមកដល់!   

ចនអង្គុយលើគ្រែយោលជើងដោយភ្នែកសម្លឹងមើលតែផ្លូវក្រែងល៎សាន់មក។ គាត់ដូចជាកូនកំពុងតែរង់ចាំម្តាយមកពីផ្សារទិញចំណីឱ្យហូបអ៊ីចឹង។

ការរង់ចាំរបស់ចនដូចជាមិនបានផលសោះ។ ពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោងគ្មានឃើញសាន់មកដល់ សូម្បីតែស្រមោលក៏គ្មានដែរ។ ចនបានព្យាយាមខលទៅសាន់ដែរតែគ្មានអ្នកទទួល។ ចនជាមនុស្សឆេវឆាវ ឆាប់ខឹង។ ជាក់ស្តែងដូចជានៅពេលនេះអ៊ីចឹង។ គាត់កំពុងតែខឹងជាមួយសាន់ជាខ្លាំង។ ក្នុងខួរក្បាលរបស់នាយចនពេលនេះគិតថា សាន់ជាមនុស្សពឹងមិនបាន។

នាយចននៅតែព្យាយាមខលទៅសាន់ម្តងហើយម្តងទៀតមិនជិនណាយ។ រហូតដល់ម៉ោង១០យប់ទើបផ្អាក។ ប្រសិនបើរាប់ទៅ ការហៅទូរសព្ទចេញទៅនាយសាន់មិនក្រោម២០ដងនោះទេ។

“មិត្តម៉ាកអី? ពឹងពាក់មិនបានអ៊ីចឹង! អញនឹងឈប់រាប់រកហ្អែងជាមិត្តរហូតហើយ អាខ្សាន់។ ហ្អែងនេះបានតែពឹងពាក់អញទេ ដល់ពេលអញពឹងហ្អែងវិញសុទ្ធតែមិនទទួលទូរសព្ទ។ អញជឿហើយពាក្យថាមិត្ត”

ចនអង្គុយរអ៊ូតែម្នាក់ឯងក្រោមផ្សែងដែលបង្ហុយឡើងចេញពីក្រោលក្របីដែលនៅក្បែរនេះ។

“អញសាកម្តងទៀត! បើហ្អែងមិនទទួលទេ យើងនឹងចប់គ្នា!”

នាយចនសាកខលទៅនាយសាន់ម្តងទៀត។

“អាឡូអាសាន់! ហ្អែងនៅឯណា? ហើយហ្អែងចេញមកវិញឬនៅហ្អាស់!”

“…”ស្ងាត់គ្មានអ្នកលើក។

“ចុមអានេះលើកហើយមិននិយាយទៀត! ហ្អែងក៏ស៊ាំតាប៉ែម្ល៉េះហ្អា។ និយាយមកថាហ្អែងអង្កាល់មកដេកជាមួយនឹងអញ?”

ទឺត!ទឺត!ទឺត!…

ទំនាក់ទំនងត្រូវបានដាច់។ នាយចនកាន់តែមានកំហឹងជាមួយនាយសាន់លើសដើម។ គាត់លែងអង្គុយលើគ្រែចាំនាយសាន់ទៀតហើយ។ ចនបិទទ្វារដែលធ្វើពីស្លឹកត្នោតរួចប្រះដេកលើកន្ទេលក្នុងខ្ទម។

“ទឺង!”

សំឡេងឆាតបានបន្លឺឡើង។ ពេលនាយចនពិនិត្យមើលទៅស្គាល់យ៉ាងច្បាស់ថាជារបស់នាយសាន់។ មិនបង្អង់យូរ គាត់ក៏ចុចចូលមើល។

“អញមកដល់ហើយ! ចេញមកចួបអញផង។ អញឈរនៅចាំខាងក្រោយខ្ទម!”

អានចប់ កំលោះចនក៏លេចនូវស្នាមញញឹម។ កំហឹងដែលមាននៅក្នុងខ្លួនក៏ប្រែជារសាយអស់។ គាត់បើកទ្វារខ្ទមរួចក៏ដើរចេញទៅក្រៅ។ ចនដើរជុំវិញខ្ទមបានមួយជុំមិនបានឃើញអ្វីសោះក៏ឈរស្ងៀមរួចប្រកូសហៅ។

“អាសាន់! អាសាន់ហ្អែងកុំលេងតាណើបៗពេក។ អញមិនសូវសប្បាយចិត្តនឹងលេងជាមួយហ្អែងទេ។ ចេញមកយប់ហើយវ៉ើយ ឆាប់បានដេកបានពួនហ្អា!”

“ហ្អែងដើរចេញមកក្រោយបន្តិចទៀត…អញនៅជិតព្រៃ…”

“ចុះហ្អែងចាំបាច់អីទៅនៅក្បែរព្រៃនឹង? ឬមួយក៏ហ្អែងរាគ?”

សរសេរតបឆាតបណ្តើរដើរទៅរកនាយសាន់បណ្តើរ។ ពេលទៅដល់ គ្រប់យ៉ាងប្រែជាស្ងាត់ច្រៀប សូម្បីតែសំឡេងសត្វចង្រិតមួយក្បាលក៏មិនឮយំផង។

“ហ្អែងនៅឯណា? អញមកដល់ហើយ! តែអញរកហ្អែងមិនឃើញសោះ…កុំលេងពួនអី! ចេញមក…”

“ដើរចូលក្នុងព្រៃបន្តិចទៀតមក…ហើយយកទូរសព្ទមកផង…”

គ្រាន់តែឮថាឱ្យយកទូរសព្ទមកផង នាយចនភ្ញាក់ព្រើតហាក់បីដូចជាមានគេយកទឹកមួយធុងស្ពេត្រូមកជាក់កណ្តាលមុខ។ គាត់ចាប់ផ្តើមសង្ស័យថា ម្ចាស់សារអាចនឹងមិនមែនជាមិត្តសម្លាញ់ក៏ថាបាន។ ចនចាប់ផ្តើមបុកពោះភឹបៗ សម្លឹងមើលផ្លូវដែលត្រូវត្រឡប់មកវិញ។

ទឺង!…

ឆាតថ្មីលោតចូលមក។ តែម្តងនេះចេញជាសំឡេងទៅវិញ។

“ទូរសព្ទខ្ញុំៗៗ…”

នាយចនភ្ញាក់ព្រើតស្ទើរតែទម្លាក់ទូរសព្ទចុះពីដៃ។ ម្ចាស់សំឡេងមិនមែនជាសាន់។ សំឡេងនិយាយមួយៗរំពងៗឆ្មារដូចជាសំឡេងខ្មោច។ សំឡេងនេះប្រហែលជាសំឡេងមនុស្សស្រីដែលមានវ័យកណ្តាល។

ចម្ងាយពីព្រៃទៅខ្ទមមិនជាឆ្ងាយប៉ុន្មាននោះទេ។ តែសម្រាប់អ្នកកំលោះពេលនេះ វាឆ្ងាយណាស់ ឆ្ងាយរហូតដល់ក្នុងអារម្មណ៍គាត់ចង់ឈានត្រឹមមួយជំហានដល់។ ពេលមកដល់ក្នុងខ្ទមបិទទ្វារជិត ចនស្រវារភួយដើម្បីឃ្លុំទាំងដែលរាងកាយញ័រចំប្រប់ ចាប់មនុស្សបីបួនស្ទើរតែមិនចប់។

ភួយដែលមានទំហំធំល្មមរាល់ដងអាចដណ្តប់បានស្រួលក៏ប្រែតូចនៅខណៈពេលនេះទៅវិញ។ ចនគ្របក្បាលលេចចុងជើង គ្របចុងជើងលេចក្បាល។

ទឺង!

សំឡេងឆាតទី៣ចូលមកម្តងទៀត។ ពន្លឺទូរសព្ទបានឱ្យចនឃើញថា រូបថតដែលតាំងក្នុងហ្នឹងមិនមែនជារូបគាត់នោះទេ តែជារូបអ្នកផ្សេងតែរាងចម្លែកបន្តិច។ រូបថតមួយនេះស្រស់ស្អាតណាស់។ វាជារូបមនុស្សស្រីដែលតែងតួជាអប្សរាកំពុងតែបញ្ចេញនូវស្នាមញញឹមមកកាន់គាត់។ កាន់តែមើលនាងកាន់តែញញឹម ញញឹមយូរៗស្រាប់តែមានឈាមហូរចេញមកតាមចង្អូរភ្នែកទៅវិញ។ នាយចនចាំយ៉ាងច្បាស់ថា រូបនេះស្រដៀងនឹងរូបថតដែលគេបានលុបចោលជាច្រើនដងមកហើយ។

“កុំលុបរូបថតមួយនេះអី!” ប្រភពសំឡេងកាន់តែនៅក្បែរនាយចន។

ដោយភ័យខ្លាចពេក ចនក៏លើកភួយពីចុងជើងមកគ្របលើក្បាល ដែលបណ្តាលឱ្យចុងជើងរបស់គាត់គ្មានអ្វីមកបិទបាំង។

“ស្អីហ្នឹង?” ចនបន្លឺឡើងពេញមួយទំហឹងមនុស្សធំ បន្ទាប់ពីគាត់បានទទួលដឹងថាមាននរណាមកចាប់ចុងជើងរបស់គាត់។ ដៃដ៏ត្រជាក់ដូចជាទឹកកកបែបនេះ ធ្វើឱ្យនាយចនអត់គិតមិនបានទេថាវាជា…។

ទ្រឺន!…ងឺត!…

សំឡេងម៉ូតូពីខាងក្រៅក៏បន្លឺឡើង។ នាយចនញ័រទទ្រើតស្ទើរលេចនោម។ គាត់គិតថាជាប្រភេទតែមួយដែលមកលងបន្លាចគាត់។ គាត់ទន្ទេញធម៌ព្រះឱ្យជួយឡើងរត់មាត់។

“បើកទ្វារឱ្យអញផងអាចន! បើហ្អែងមិនបើកទេ អញនឹងទៅផ្ទះវិញមិនខានទេ”

“នរណាហ្នឹង?” នាយចនសួរបញ្ជាក់ ព្រោះដូចជាមិនសូវទុកចិត្តសោះ។

“នេះអញអាសាន់ ហៅក្រៅថាអាសង្ហា! ម៉េចប៉ុណ្ណឹងល្មមឱ្យល្បងឯងបើកទ្វារបានឬនៅ?”

នាយចនស្ទុះវ៉ឹងសម្តៅទៅបើកទ្វារ។ ពេលបានឃើញវត្តមានរបស់នាយសាន់ភ្លាម ចនហាក់បីដូចជាធូរក្នុងទ្រូងមួយកម្រិត។

“ម៉េចបានជាហ្អែងទើបនឹងមកហ្អា!” ចនសួរបញ្ជាក់។

“ហើយចុះហ្អែងក៏ទ្រង់ច្រឡោតម្ល៉េះហ្អា! អញមកយឺតគឺដោយសារតែម៉ែអញមិនស្រួលខ្លួនចាំយកគាត់ទៅពេទ្យសិន។ ដើម្បីហ្អែងអញពុះពារមកទាំងកណ្តាលយប់កណ្តាលអធ្រាត្រ ទាំងដែលខ្លាចខ្មោចផងខ្លាចមនុស្សផង។ ប៉ុណ្ណឹងហើយមិនយល់ពីចិត្តអញទៀតហ្អី?”

ស្តាប់ហេតុផលរបស់មិត្តសម្លាញ់រួច ភ្លើងកំហឹងដែលមាននៅក្នុងខ្លួនចនក៏បានរសាយបន្តិច។ គាត់បើកទ្វារឱ្យសាន់ចូលមកខាងក្នុងដោយលែងនិយាយអ្វីសូម្បីតែមួយម៉ាត់។ ដោយឃើញស្ថានភាពដូចជាមិនសូវស្រួល សាន់ក៏ផ្តើមនិយាយ។

“ម៉េចក៏ហ្អែងស្ងាត់ម្ល៉េះ? ហ្អែងខឹងនឹងអញមែនទេ?”

“ខឹងមែនតើ! តែឥឡូវបាត់វិញហើយ…”

“ហើយចុះមិនព្រមនិយាយរកអញអ៊ីចឹង?”

“អាសាន់! អញសុំសួរហ្អែងរឿងមួយ។ តែហ្អែងត្រូវឆ្លើយឱ្យពិតផងណា!”

“មានអីក៏សួរមក!”

“ហ្អែងជឿលើរឿងអបិយជំនឿទេ?”

“ចុះហ្អែងជឿឬអត់?” នាយសាន់សួរបកវិញ។

“ជឿ! ហើយខ្លាចញញើតខ្លាំងណាស់”

“ឬមួយក៏ហ្អែងធ្លាប់បានចួប?”

“មិនប្រាកដទេ! តែភាគរយច្រើនឃើញបានចួបប្រទះ។ នែ! ឯងធ្លាប់ឮគេនិយាយថា ខ្មោចដែលស្លាប់ទៅតែងតែនៅហួងហែងរបស់ដែលមានធ្លាប់មាន?”

“រឿងហ្នឹងអញមិនប្រាកដដែរ! ហ្អែងមានរឿងអ្វីឬទើបបានជានិយាយបង្ហាញទឹកមុខមកដូចជាប្រាកដប្រជាចំពោះរឿងនេះខ្លាំងម្ល៉េះ?”   

“អញពិបាកប្រាប់ហ្អែងណាស់។ បើសូម្បីតែអញខ្លួនឯងក៏មិនទាន់យល់អ្វីដែរ”

នាយសាន់ចងចិញ្ចើមព្រោះឆ្ងល់នឹងសម្តីរបស់ចន។ ចននិយាយប្លែកៗ សូម្បីតែទឹកមុខដែលបង្ហាញឡើងក៏ប្លែក។ ពិសេសនោះគឺក្រសែភ្នែកក្រឡាប់ក្រឡើតដូចជាមនុស្សដែលមានបញ្ហាសតិអារម្មណ៍។ រាល់សកម្មភាពរបស់នាយចនបណ្តាលឱ្យសាន់តាមឃ្លាំមើលដេកមិនលក់សោះ។

ជំនោរខ្យល់លំហើយបង្អោនខ្លួនប្រជ្រៀតចូលតាមចន្លោះជញ្ជាំងស្លឹកត្នោតមកបបោសកាយរបស់យុវកំលោះទាំងពីរឱ្យទោរទន់រហូតដល់ដេកលក់។ ប៉ុន្តែសម្រាប់នាយសាន់បែរជាភ្ញាក់ញឹកញាប់ទៅវិញ។ គាត់នៅតែមានចម្ងល់ជាមួយនឹងសម្តីព្រមទាំងទឹកមុខរបស់របស់មិត្ត។ សាន់ក្រោកឡើងអង្គុយមួយសន្ទុះក៏កើតមានគំនិតចង់ដឹងរឿងផ្ទាល់ខ្លួនរបស់ចន។ សាន់លូកយកទូរសព្ទដែលនៅក្បែរខ្លួនចន រួចចុចអេក្រង់ឱ្យមានពន្លឺ។

“អីយ៉ា! អាចនឥឡូវលួចមានសង្សារដោយមិនព្រមប្រាប់អញសោះ។ យី!…សង្សារវាស្អាតមិនធម្មតាទេ។ មើលទៅដូចជាសុភាពៗ ហើយទំនងកូនគេអ្នករៀនអ្នកសូត្រទៀងផង។ តែ…អេ…មើលទៅមនុស្សស្រីម្នាក់នេះហាក់បីដូចជាកំពុងតែញញឹមដាក់ខ្ញុំ។ មើលយូរទៅដូចជាមុខស្ងួតទៅវិញ។ ឬមួយក៏មកពីខ្ញុំគិតច្រើនពេក?”

“ហ្អឹម! ធ្វើអីហ្នឹង?” នាយចនភ្ញាក់ឡើងឃើញមិត្តកំពុងតែឆែកទូរសព្ទរបស់ខ្លួន។

“មានធ្វើអី! អញគ្រាន់តែឆ្ងល់ថានារីដែលហ្អែងតាំងក្នុងទូរសព្ទជានរណា? ជាសង្សារហ្អែងឬ?”

គ្រាន់តែឮសាន់និយាយបានប៉ុណ្ណឹង ចនស្ទុះទៅអង្គុយក្បែរមិត្តទាំងញ័រ។ កែវភ្នែករបស់គាត់ចាប់ផ្តើមវិលចុះឡើងសារជាថ្មី។

“អ៊ីចឹងបានន័យថាហ្អែងបានឃើញរូបហ្នឹងដូចជាអញដែរមែន?”

“អើ! អញបានឃើញលើអេក្រង់ទូរសព្ទហ្អែង តែអញមិនដឹងថាជានរណា? នាងជានរណាហ្អាស់ប្រាប់មក? ធ្វើជាមិត្តភក្តិនឹងគ្នាយូរមកហើយ ហ្អែងមិនគួរណាលាក់បាំងរឿងស្រីញីសោះ!”

“អញគ្មានទេ! អញមិនធ្លាប់ស្គាល់ម្ចាស់រូបហ្នឹងសោះ។ តែសុខៗវាបែរជាមកនៅក្នុងទូរសេព្ទទៅវិញ។ ហ្អែងជួយអញផង! ហ្អែងលុបវាចោលទៅ”

“វាមិនដែលហ្អា! បើមិនស្គាល់ បើហ្អែងមិនដាក់តាំង តើមានបង្ហាញឡើងយ៉ាងម៉េចកើត? អានេះចេះមកបោកអញទៀត” មើលរូបថតលើអេក្រង់ រួចនិយាយបន្ត

“ហ្អែងមើលនាងស្រស់ស្អាតណាស់។ កាន់តែមើលកាន់តែស្អាត។ នែក!…នាងកំពុងតែញញឹមដាក់អញទៀតផងវ៉ើយ! ប្រសិនបើហ្អែងឈប់ញ៉ែពេលណា ចាំប្រាប់អញផង អញស្នងតំណែងជំនួស!”

“ឆ្កួតទេអានេះ! សុខៗបែរជាទៅសរសើរនរណាក៏មិនដឹង។ អញថា នាងដូចជាមិនមែនជាមនុស្សទេ”

រ៉…ក្ឌុក!

“អាចន!…ស្អីវ៉ើយ?”នាយសាន់ចាប់ផ្តើមប្តូរសំឡេង។

“អញម៉េចដឹង! បើអញនៅក្នុងខ្ទមនេះជាមួយហ្អែងដែរហ្នឹង!”

ក្រឺង!…

“នរណាខលមក?” សាន់បន្លឺឡើង។

“ហ្អែងលើកជំនួសអញផងទៅ! អញមិនហ៊ានលើកទេ!”

“ថីមិនលើកខ្លួនឯង? អញមិនហ៊ានលើកទេ។ នរណាខលមកទាំងពាក់កណ្តាលយប់បែបនេះ? អញគិតថាដូចជាមិនសូវស្រួលសោះ”

“ចុចបិទឱ្យអញផង! អញមិនហ៊ាននៅជិតទូរសព្ទទេ”

ក្រឺង!…

“នរណាខលមកអញវិញម្តងហើយ!”នាយសាន់និយាយទាំងភ័យ។

“លើកទៅ! ក្រែងល៎អ្នកផ្ទះហ្អែងមានធុរៈអ្វី?”

សាន់ចុចទទួល ជាមួយសំឡេងចុងមាត់ “អាឡូ! នរណាហ្នឹង?”

“ទ្រឹប!…”មិនមានអ្នកឆ្លើយតប មានតែសំឡេងសម្រិបជើងមនុស្សដើរស្រាលៗ។

“ខ្ញុំសួរថានរណាហ្នឹង! ម៉េចមិននិយាយ?”

“ហ៊ឺ…”

“អញគិតថាមិនស្រួលទេ!” នាយចនអង្គុយកៀកនឹងជញ្ជាំងខ្ទមញ័រចំប្រប់។

សាន់មើលមុខចនបន្តិច រួចតាំងអារម្មណ៍និយាយ

“មនុស្សឬខ្មោចនិយាយហ្នឹង?”

“ឆ្កួត! អាឆ្កួត។ ពេលយប់អ៊ីចឹងនរណាឱ្យហ្អែងនិយាយរឿងខ្មោចហ្អាស់!” ចនច្រឡោត។

“អើ! បើថាជាខ្មោចក៏ខ្មោចទៅ។ អញទ្រាំមិនបានទេ។ បើខលមកមិននិយាយផង”

“កុំលុបរូបថតខ្ញុំឱ្យសោះ…”

“នរណានិយាយហ្នឹង! សំឡេងដូចខ្មោច។ កុំមកលលេងទាំងយប់អ៊ីចឹងណា ខ្ញុំមិនលេងជាមួយទេ”

“ខ្ញុំ…ជាម្ចាស់រូបថត…”

“ម្ចាស់រូបថតក្នុងទូរសព្ទអាចនមែន?” សាន់សួរបញ្ជាក់។

“ខ្ញុំម្ចាស់រូបថត…”

នាយសាន់ងាកទៅនាយចន

“អាចនហុយទូរសព្ទមកឱ្យអញ! ម្នាក់ស្រីស្អាតក្នុងទូរសព្ទហ្អែងកំពុងតែនិយាយជាមួយអញ!”

បន្ទាប់ពីស្រវារយកទូរសព្ទពីមិត្តរួចមក សាន់ក៏និយាយបន្ត “ អាឡូ! អាឡូ…”

សេវាទូរសព្ទត្រូវបានកាត់ផ្តាច់។ សាន់ចុចចូលកន្លែងផ្ទុករូបថតរបស់ចន។ គ្រប់រូបទាំងអស់សុទ្ធសឹងតែជារបស់នារីម្នាក់ហ្នឹង។ វាប្រៀបបីដូចជានាយចនមិនមែនជាម្ចាស់ទូរសព្ទអ៊ីចឹង។ ដោយឆ្ងល់ខ្លាំងពេក នាយសាន់ក៏ផ្តើមសួរ “ប្រាកដឬអត់ថានេះជាទូរសព្ទរបស់ហ្អែង?”

“ហ្អែងនិយាយអីអ៊ីចឹង? នេះទូរសព្ទអញហ្អា! អញសន្សំលុយទម្រាំបានវាមក…”

“បើវាជារបស់ហ្អែងមែន ម៉េចបានរូបថតស្ទើតែទាំងអស់ជារបស់អ្នកផ្សេង? ឬក៏ហ្អែងប្លន់គេមក?”

ទ្រឹប!…ហ៊ឺ…

សំឡេងសម្រិបជើងនិងសំឡេងថ្ងួរបន្លឺឡើងពីខាងក្រៅ។ អ្វីៗដូចជាមិនប្រក្រតីទាល់តែសោះ។ វាកំពុងតែបង្ហាញថាក្នុងខ្ទមនេះមិនមែនមានសមាជិកត្រឹមតែ២នាក់នោះទេ តែអាចចនឹងមានរហូតដល់៣នាក់។ ចុះម្នាក់ទៀតនៅឯណា? នៅពីខាងក្រៅឬក៏នៅខាងក្នុង?

អ្នកកំលោះទាំងពីរស្ងាត់មាត់ច្រៀប។ ទាំងចនទាំងសាន់អង្គុយមើលមុខគ្នាលែងមាត់ក។ ម្នាក់ៗទទួលបានអារម្មណ៍ចម្លែក នោះគឺខ្យល់ត្រជាក់។ វាមិនមែនចូលមកហើយចេញទៅវិញនោះទេ។ តែវាបន្តនៅរហូតដល់ធ្វើឱ្យពួកគេទាំងពីររន្ធត់ជាខ្លាំង។

“អញទ្រាំមិនបានទេ!”

“ហ្អែងចង់ធ្វើអី?” សាន់សួរបញ្ជាក់។

“អញលុបរូបថតហ្នឹងឱ្យអស់! ទូរសព្ទអញ លុយអញខំរក អញមិនបណ្តោយឱ្យមានរូបអ្នកផ្សេងនោះទេ”

“ហ្អែងហ៊ានដែរហ្អី?”

នាយចនស្រវារទូរសព្ទចុចលុបរូបថត។ ទោះបីជាប្រឹងចុចយ៉ាងណាក៏មិនបានសម្រេចដែរ។ ចនកាន់តែលុបរូបកាន់តែចេញច្រើន។ ប៉ុន្តែ ចនមិនបានចុះចាញ់នឹងការតាំងចិត្តមួយនេះឡើយ។

“អាចន!”

“ស្អីហ្អា!”

“ហ្អែងមានធុំក្លិនអ្វីទេ?”

“ធុំតើ! ហើយម៉េច?”

“ហ្អែងមានទទួលបានអារម្មណ៍ថាដូចជាមាននរណានៅក្បែរយើងឬទេ?”

“មានចេះតែមានហើយ! តែអញមិនខ្វល់”

“តែអញខ្វល់! ម្នាក់ហ្នឹងនៅសម្លឹងមើលមុខហ្អែង។ គេចង់ស៊ីសាច់ហ្អែងហើយ!”

“ស៊ីមក! បើស៊ីបានស៊ីមក។ អញប្រឹងលុបរូបថតវាឱ្យអស់ កុំឱ្យចង្រៃដល់ទូរសព្ទអញ…”

“តែម្ចាស់រូបថតកំពុងតែសម្លឹងមើលមកហ្អែងពីធ្នឹមខាងលើណាវ៉ើយ…ហើយគេក៏កំពុងតែសម្លឹងមើលមកអញផងដែរ…”

“ហ្អែងកុំមកកុហកអញ! គ្មាននរណាមកនៅលើធ្នឹមទាំងយប់ថ្មើរណេះនោះទេ។ ធ្នឹមប៉ុណ្ណឹងមិនបាច់ដល់ឡើងទៅអង្គុយទេ សូម្បីតែតោងក៏បាក់ចុះមកដែរ!”

“តែហ្អែងសាកងើយមើលលើមើល៍!…”

ខ្ពាក!

ម្នាក់ស្រីដែលអង្គុយនៅលើធ្នឹមបានធ្លាក់ចុះមកក្រោមនៅចំពីមុខអ្នកទាំងពីរ។ វាសម្លឹងមើលមកអ្នកទាំងពីរជាមួយនឹងក្រសែភ្នែកធំៗ ភ្នែកក្រហមក្រឡោតមានឈាមហូរមកបន្តគ្នាមិនចេះដាច់ដូចជាទើបតែត្រូវគេធ្វើបាបហើយអ៊ីចឹង។ ដៃគេមានក្រចកវែងៗ ស្រវាចាប់កាន់ទូរសព្ទដែលនៅក្បែរនាយចន។

“ទេ! អញមិនឱ្យឯងជាដាច់ខាត!” និយាយរួចនាយចនស្រវារទូរសព្ទមុន។

“ហ៊ឺ…ឯង…”

ខ្មោចស្រីកាន់តែខឹងលើសដើម។ គេស្ទុះងើបឈរដើរចូលមកយឺតៗមកក្បែរនាយចន។ នាយចនឈានថយក្រោយយឺតៗស្ទើរតែភ្លេចដកដង្ហើម។ ចំហាយនៃក្លិនស្អុយដូចជាក្លិនគំរង់សាកសពចេញពីខ្មោចស្រីម្នាក់នេះធ្វើឱ្យនាយចនពិបាកនឹងទប់អារម្មណ៍។ ចនជាមនុស្សចាញ់ក្លិនបំផុត។

“កុំ…ឯងកុំចូលមកឱ្យសោះ…អួក…”

ចនយកដៃខ្ទប់មាត់ទាន់។ កែវភ្នែកគេរេរារកមើលវិធីចាកចេញពីខ្មោចម្នាក់នេះ ស្របពេលដែលបាត់ស្រមោលនាយសាន់ឈឹង។ គ្មានវិធីណាមួយដែលល្អជាង…

ទម្លាក់ទូរសព្ទចុះលើគ្រែ!

គ្រាន់តែបានឃើញនាយចនទម្លាក់ទូរសព្ទនៅលើគ្រែរួច ខ្មោចម្ចាស់រូបក៏រេភ្នែកទៅរកទូរសព្ទ។ ឃើញមានឱកាសល្អហើយ មានចនក៏ស្ទុះរត់ចេញមកក្រៅ។ គាត់រកមើលមិត្តសម្លាញ់តែមិនឃើញសោះ។

“អញនៅនេះ!” សាន់បន្លឺឡើង។

តាមពិតនាយសាន់រត់មកនៅក្បែរភ្នក់ភ្លើងក្របី។ ចនរត់មកដល់ជាមួយនឹងអារម្មណ៍ខឹងផងហត់ផង។ គាត់ខឹងព្រោះសាន់រត់ចោលគាត់ ហើយហត់ដោយសាររត់គេចពីខ្មោច។

“អញថាយើងត្រលប់ទៅដេកនៅផ្ទះហ្អែងទេដឹងហ្អា?”

“អញទៅមិនទាន់បានទេ! អញស្តាយទូរសព្ទរបស់អញណាស់។ អញនឹងចូលទៅយកវិញឱ្យបាន”

“ហ្អែងមិនខ្លាចទេអី?”

“ចុះហ្អែងឱ្យអញគ្រវាត់ចោលទូរសព្ទហ្នឹងយ៉ាងម៉េចកើត បើអញប្រឹងដើរស៊ីឈ្នួលគេចង់ងាប់ទម្រាំបានវាមក។ មិនមែនរកមួយថ្ងៃ ពីរថ្ងៃបានទេណា គឺជិតបីខែបានៗ”

“អើ! តាមតែចិត្តហ្អែងទៅ។ តែពេលយកទូរសព្ទបានហើយ ត្រូវទៅដេកផ្ទះហ្អែងវិញ។ អញមិនហ៊ាននៅទីនេះទៀតទេ”

នាយចនដើរចូលទៅយ៉ាងស្វាហាប់ តែក្នុងចិត្តមិនបានរឹងមាំដូចសម្បកក្រៅនោះទេ។  ពេលចូលមកដល់ខ្ទម ស្រាប់តែមិនឃើញខ្មោចឡើយ ហើយទូរសព្ទក៏មិនឃើញដែរ។ គាត់លឹបលព្រោះដូចជាមិនសូវប្រាកដជាមួយបរិយាកាសបែបនេះ។ តែគ្រប់យ៉ាងគឺធម្មតា។

មនុស្សដូចជានាយចនបើបានរបស់អ្វីហើយគឺស្រឡាញ់ខ្លាំងណាស់។ គាត់សុខចិត្តប្រើរហូតដល់ចាស់ចោលក៏មិនព្រមឱ្យនរណាមកប៉ះពាល់ឡើយ។ ពិសេសទូរសព្ទមួយនេះ ដែលកើតចេញពីកម្លាំងញើសឈាមរបស់គាត់ រឿងអីដែលគាត់ព្រមទុកវាចោល។ ចុះម្នាក់ម្ចាស់រូបវិញ? តើនាងព្រមឱ្យទូរសព្ទមួយនេះទៅនាយចនដែរឬទេ?

ដំបូល?

“អាចន! វានៅលើធ្នឹមខាងលើ!”

គ្រាន់តែសាន់និយាយមិនទាន់ទាំងផុតពីមាត់ផង ស្រាប់តែនាយចនងាកទៅក៏ប្រទះនឹង…

“ខ្មោច!” ចនស្រែកមួយអស់ទំហឹងមនុស្សចាស់។

ម្តងនេះ ទោះបីជាវត្ថុដែលគួរឱ្យស្រឡាញ់យ៉ាងណាក៏មិនអាចលុបលាងនូវភាពភ័យខ្លាចបានដែរ។ ចននិងសាន់រត់យ៉ាងលឿនសំដៅទៅផ្ទះដែលនៅមិនឆ្ងាយពីទីនេះ។ ពេលទៅដល់ផ្ទះ នាយចនបានត្រូវម្តាយរបស់គេស្តីបន្ទោសថា ខ្លាចគ្មានទំនង។ គាត់បានចោទនាយចនហ៊ានទុកក្របីចោល ដែលស្រុកទេសកំពុងតែមានចោរកម្ម។

ម្តាយនាយចនបាននិយាយថែមទៀតថា គ្មានខ្មោច គ្មានខ្មាំងស្អីទេ ព្រោះគាត់ធ្លាប់ទៅដេកយាមក្របីស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយ។ ទោះបីជាសាន់និងចនព្យាយាមពន្យល់យ៉ាងណាក៏គាត់មិនព្រមជឿដែរ។

រកមូលហេតុ?

មានតែការរកហេតុប៉ុណ្ណោះទើបអាចដោះស្រាយផលបាន។ ពេលខ្លះផលដែលយើងទទួលបានវាមិនសូវស្របជាមួយនឹងហេតុនោះទេ។ អ្នកខ្លះគ្មានកំហុសសោះ បែរជាមកទទួលផលអាក្រក់ដែលខ្លួនមិនទាន់បានប្រព្រឹត្តផង។ ប៉ុន្តែ រឿងខ្លះមកពីយើងមិនចេះប្រយ័ត្ន ឃើញអ្វីដែលបានមកងាយទើបស្រវាឱបក្រសោបយកទាំងដែលវាបង្កនូវផលអវិជ្ជមាន។

“ហ្អែងបានទិញទូរសព្ទនេះមកពីណា?” សាន់ផ្តើមសួរចន។

“មានពីណាទៀត ក្រៅពីហាងលក់ទូរសេព្ទជិតផ្សារយើងហ្នឹង!”

“ហ្អែងបានសួរនាំគេច្បាស់ឬអត់ហ្អាស់!”

“ច្បាស់ណាស់! គេថាម្ចាស់គេទាល់លុយទើបបានជាមកលក់។ អញឃើញតម្លៃធូរថ្លៃហើយលុយអញក៏សមល្មមផងក៏ទិញយកទៅ”

“អញគិតថាវាមិនសូវស្រួលយ៉ាងម៉េចមិនដឹងទេ! ចុះទូរសព្ទហ្នឹងហ្អែងប្រុងទុកចោលក្នុងខ្ទមឬក៏យ៉ាងណា”

“អញលែងហ៊ានទៅយកហើយ! ម៉េចម៉ាទុកឱ្យម្ចាស់គេវិញទៅ…”

“ចុះខ្ទមហ្នឹង! ហ្អែងប្រុងទុកចោលអ៊ីចឹងមែន? ក្រែងកន្លែងហ្អែងដេកយាមក្របីរាល់យប់មែន”

ចនទ្រឹងបន្តិចហាក់កំពុងតែគិតពីចំណុចដែលមិត្តបាននិយាយ។ ប៉ុន្តែគាត់ក៏មិនដឹងគួរធ្វើបែបណាដែរ។

នៅហាងលក់ទូរសព្ទ!

មិត្តសម្លាញ់ទាំងពីរនាក់សម្រេចចិត្តហើយ ថានឹងរកមូលហេតុឱ្យឃើញ។ កន្លែងនៃមូលហេតុនោះគឺ ហាងទូរសព្ទរបស់ពូម៉ាប់។ ពេលមកដល់ភ្លាម អ្នកទាំងពីររុញរា បញ្ជូនគ្នាឱ្យចូលទៅម្តងម្នាក់ៗ ដូចជាហ៊ានបន្តិចអត់បន្តិច។ ចុងក្រោយគឺចនជាអ្នកចូលទៅ។

“ពូម៉ាប់! ទូរសព្ទដែលខ្ញុំបានទិញពូកាលពីប៉ុន្មានថ្ងៃមុនហ្នឹង ពូបានទិញតមកពីនរណា?”

“ហើយសួររកធ្វើអី? ម៉េចទូរសព្ទខូចហើយមែន?”

“មិនទាន់ខូចទេ! តែសូមពូប្រាប់មក ព្រោះជីវិតរបស់ខ្ញុំស្ថិតនៅលើទូរសព្ទមួយហ្នឹងហើយ!”

ពូម៉ាប់ទ្រឹងបន្តិច ដោយបង្ហាញឡើងជាមួយភាពងឿងឆ្ងល់។

“ណាពូណា! ឱ្យខ្ញុំសំពះពូក៏បានដែរ!”

“អើ! អញប្រាប់ក៏បានដែរ។ ទូរសព្ទមួយហ្នឹង អញទទួលទិញពីគេដែរហ្នឹង!”

“ទិញមកពីនរណាពូ?”

“អញក៏មិនស្គាល់ដែរ! គេមកលក់ប្រញាប់ថាកំពុងតែទាល់លុយ តែមិនដឹងយ៉ាងម៉េចដែរ”

“ចុះម្នាក់ហ្នឹងទៅណាហើយ?”

“ម្នាក់ហ្នឹងស្លាប់តាំងពីមកលក់ទូរសព្ទឱ្យអញបានបីថ្ងៃមកម្ល៉េះ!”

ស្តាប់ចប់នាយចនបើកភ្នែកធំៗ ហាក់បីដូចជានិយាយអ្វីលែងចេញ។ ចុះឱ្យគាត់រកមូលហេតុដែលមានរូបថតម្នាក់ស្រីក្នុងទូរសព្ទយ៉ាងម៉េចដឹងទៅ។ អ៊ីចឹងមានតែត្រូវចំណាយទូរសព្ទមួយទទេមែនទេ។ សំណួរជាច្រើនផ្តុំឡើងក្នុងខួរក្បាយរបស់នាយចន។

“អាចន! ហ្អែងមើលនេះមើល៍! ម្នាក់ស្រីដែលគេកំពុងតែប្រកាសស្វែងរកនេះស្រដៀងនឹងរូបថតនោះទេ?”

នាយចនរត់យ៉ាងលឿនទៅមើល។ បន្ទាប់ពីមើលហើយ អ្នកទាំងពីរលេបទឹកមាត់ក្អឹកទាំងតឹងផ្អឹះនៅក្នុងបំពង់ក។

“ស្រដៀងម្នាក់ណា?” ពូម៉ាប់សួរបញ្ជាក់។

នាយចននិងនាយសាន់មើលមុខគ្នា តែមិនមាននរណាឆ្លើយនឹងសំណួររបស់ពូម៉ាប់ទេ។

ដំណោះស្រាយដែលមិនសក្តិសម!

ម៉ោង៩យប់!

ពន្លឺព្រះចន្ទបង្ហាញវត្តមានលើដែនពសុធានាខែខ្នើត។ អ្នកភូមិគ្រប់គ្នាម្នីម្នាប្រមូលកូនចៅឱ្យមុជទឹកហូបបាយអាលនឹងឡើងលើផ្ទះ។ អ្នកខ្លះ អង្គុយលម្ហែអារម្មណ៍ដោយគយគន់ពន្លឺដ៏បរិសុទ្ធរបស់លោកខែ។ អ្នកខ្លះទៀតជួបជុំគ្នានិយាយពីនេះពីនោះមិនចេះចប់។ រំពេចនោះ…

“ជួយផង! ជួយផង…ភ្លើងឆេះខ្ទមរបស់អាចនហើយ!” សំឡេងអ្នកភូមិស្រែកទ្រហឹងអឺងកងរំពងភូមិ។

អ្នកភូមិបានត្រឹមតែឈរមើលតែមិនអាចជួយអ្វីបាន។ ត្រឹមតែមួយប៉ព្រិចភ្នែក ខ្ទមមួយហ្នឹងក៏ត្រូវអណ្តាតព្រះអគ្គីរំលាយអស់នៅសល់តែរងើកដុបៗដោយកន្លែង។ មីងសយដែលជាម្តាយរបស់នាយចនម្នីម្នារត់មកដឹកក្របីទៅទាក់នៅក្បែរផ្ទះវិញ។

កន្លែងដែលឪពុកម្តាយនាយចនបានបន្សល់ទុកត្រូវបំផ្លាញអស់សល់ត្រឹមរូបរាងតាមរបស់រូបបារម្មណ៍រំឭក។ ចុះទូរសព្ទ? នាយចនបានយកវាចេញហើយឬនៅ? តើនរណាជាអ្នកដុតខ្ទម?

“អាឡូអាចន!” សាន់និយាយពីខ្សែម្ខាង។

“អើ! ហ្អែងមានការណ៍អី?”

“កុំប្រាប់ថាខ្ទមហ្នឹងហ្អែងអ្នកដុត?”

“ដូចថាហ្នឹង! ទុកធ្វើអីហ្អា!”

“យីអានេះ! សាហាវពិតៗរបស់គេវ៉ើយ។ ចុះហ្អែងអត់ខ្លាចម៉ែហ្អែងដឹងទេអី?”

“ខ្លាចតើ! តែអញខ្លាចខ្មោចជាង…”៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*