រឿង៖ ព្រៃខ្មោច

ព្រៃខ្មោច?

មែនហើយជាព្រៃតម្កល់សព គឺជាកន្លែងដែលមានដើមឈើធំៗហើយខ្ពស់ៗ ជាព្រៃវាលដែលគេទុកសម្រាប់តែតម្កល់សាកសពទុក មុនពេលយកទៅបូជា។

របៀបទុកដាក់សពបែបនេះភាគច្រើនមានតែប្រជាជនដែលរស់នៅតាមមាត់ទឹក ជាពិសេសនៅរដូវទឹកឡើងពេលមានអ្នកស្លាប់គេមិនអាចបូជាបានដ្បិតទឹកលិចអស់ ទើបអ្នកស្រុកនាំគ្នាយកសពសាច់ញាតិឬបងប្អូនដែលបានស្លាប់ហើយមករុំជាមួយក្រណាត់ស ឬកន្ទេលរំចេកហើយយកទៅផ្លុងចោលនៅលើចុងឈើធំៗដែលខ្ពស់ផុតពីទឹក សម្បូរបំផុតនៅលើដើមជ្រៃធំៗដែលមាំល្អអាចដាក់សពបានទម្រាំតែរដូវទឹកស្រកទើបមកយកទៅបូជាដូចសពធម្មតា។ ដ្បិតតែការដាក់សពបែបនេះជារឿងសាមញ្ញទៅហើយ តែប្រជាជននៅតំបន់នោះតែងតែមានជំនឿថាទីនោះមានខ្មោចសាហាវដែលមិនទៅចាប់ជាតិនៅតាមលងបន្លាចឬមួយយកជីវិតរបស់មនុស្សទៅនៅជាមួយថែមទៀត។

ឆ្នាំ២០០២

បឹងទន្លេសាប ភូមិសេះស្លាប់ ខេត្តកំពង់ឆ្នាំង…

ព្រលប់ម៉ោង៦ល្ងាច ដោយសារតែរដូវវស្សាទើបផ្ទៃមេឃឆាប់ចុះងងឹត ក្មេងៗមានគ្នា២នាក់ មានម្នាក់ចែវទូកដែលមានចង្កៀងប្រេងកាតនៅពីលើក្បាលទូកភ្លឺស្ទុងៗ កាត់តាមមាត់ទន្លេដែលជាម្តុំដែលអ្នកស្រុកហៅថាជាព្រៃខ្មោច។

ច្រវាទូកគាស់ទឹកបែកខ្ចាយជាកម្លាំងជួយរុញទូកឱ្យស្ទុះទៅមុខយ៉ាងលឿន​​ មិនយូរប៉ុន្មានក៏ដល់ព្រៃស្តុកមួយដែលមានដើមឈើធំៗអមសងខាង។

“នែ! អាចម ចែវឱ្យលឿន!”

ក្មេងជំទង់ប្រមាណអាយុជាង១៧ឆ្នាំស្រែកបញ្ជាអាចមដែលជាក្មេងទើបតែអាយុ១៣ឆ្នាំ​ ឆ្នាំថ្មី។

“ខ្ញុំចែវខ្លាំងហើយ តែដូចជាមិនចង់ទៅមុខទេបង ដូចគេទាញទូកពីក្រោយ!!”

អាចមនិយាយតាមអ្វីដែលវាមានអា​រម្មណ៍។

“នែ! គ្មានខ្មោចឯណាវាទាញទូកឯងទេវ៉ើយ មកពីឯងវាខ្ជិលច្រើនជាង! នេះបើយើងទៅផ្ទះមិនទាន់ពេល ត្រូវម៉ែស្តីឱ្យ យើងនឹងមិនឱ្យប្រាក់ឯង ហើយនឹងសម្លាប់ឯងចោលមិនខាន!”

ក្រោយស្តាប់សម្តី ហេតុតែជាអ្នកក្រ រកស៊ីចែវទូកឱ្យគេ​ អាចម ខំប្រឹងមិនខ្លាចបង់កម្លាំង ខិតខំឃ្មាតខ្មីចែវទូកកាត់ដើមឈើធំៗដែលត្រូវទឹកលិច ហើយស្លឹករបស់វាប្រក់មកដាបមាត់ទឹក លុះដល់ដើមជ្រៃធំ ខ្យល់ត្រជាក់ស្រាប់តែផាត់ មកប៉ះជាមួយអាចម អាចមចាប់ផ្តើមព្រឺសម្បុរខ្ញាក ហើយបង្អន់ទូកបន្តិច។

“ឯងមិនចែវទៀតទៅ!”

“បាទ!!”

អាចមឆ្លើយបាទរួចក៏ទម្លាក់ច្រវាចូលក្នុងទឹកកចាប់ផ្តើមគាស់កាយបន្តដំណើរ តែសុខៗស្រាប់តែមានខ្សល់ខ្លាំងបក់ឡើង ផ្ទៃទឹកដែលនៅសុខៗស្រាប់តែមានចលនាបង្កើតជាទឹកគួច បានមួយដង្ហើម មេឃស្រាប់តែបង្អុរភ្លៀងចុះ។ ទឹកភ្លៀងហូរលឿនចូលក្នុងទូកដូចទឹកបាក់​ទំនប់ ។

ប្រូងងងង!!

ទឹកសាចគ្រាំ ដោយទម្ងន់មនុស្សដែលធ្លាក់ចូលទៅក្នុងទឹក។

“បង!!” អាចមឃើញ ម្ចាស់ឈ្នួលធ្លាក់ទឹកក៏ស្រែកហៅដោយក្តីតក់ស្លុត ដ្បិតដឹងច្បាស់ថា មិនចេះហែលទឹក មិនមានមធ្យោបាយអ្វី អាចម ក៏លោតទៅតាមពីក្រោយដើម្បីសង្គ្រោះ។

ទឹកស្រជាក់ក៏ត្រជាក់ គួចក៏ខ្លាំង ក្មេងមិនគ្រប់អាយុ ប្រឹងស្រវេស្រវ៉ាតោងដៃជើងម្ចាស់ឈ្នួលឡើងផុតពីទឹកដាក់ឱ្យតោងជាប់ជាមួយដើមកំប្លោកដែលអណ្តែតនៅលើផ្ទៃទឹកររួចហើយក៏បណ្តែតខ្លួនឯងទៅផ្ងារទូកដែលក្រឡាប់ ឱ្យផ្ងារឡើងវិញនិងទាញច្រវាមកកាន់ដឹងដៃ។

កំពុងតែស្រវ៉ាយ៉ាងផិតផើយ និងត្រដរខ្យល់ អាចមស្រាប់តែទទួលអារម្មណ៍ថាមាននរណាម្នាក់កំពុងតែចាប់ជើងជាប់មិនអាចឱ្យវាហែលទឹកបន្តទៀតបាន កម្លាំងចាប់នេះហាក់ដូចមនុស្សដែលពេញវ័យណាស់ហើយ ព្រោះមិនមែនទាញធម្មតាទេ តែវាបានទាញខ្លួនប្រាណទាំងមូលរបស់វាឱ្យលិចចូលទៅក្នុងទឹកបានត្រឹមមួយបព្រិចភ្នែក។

“ជួយផង!! ជួយ..ៗ”

អាចមឱនងើបៗក្បាលម្តងផុតទឹក ម្តងលិចទៅក្នុងទឹក វាក្រឡេកភ្នែកទៅកាន់ដើមកំប្លោកដែលដាក់ម្ចាស់ឈ្នូលឱ្យតោងស្រាប់តែបាត់ម្ចាស់ឈ្នួលទៅណាក៏មិនដឹង វាក៏ខំព្យាយាមបង្វែរប្រាណមើលជុំវិញខ្លួន តែមានឯណា​ ក្បាលដ៏សម្អុយមួយស្រាប់តែផុសភ្លែតឡើងចំពីមុខរបស់វាកៀកនឹងភ្នែកតែម្តង។

វាភ័យលើកដៃទះទឹកខ្លាំងៗដោយស្រែកហៅតែឈ្មោះម៉ែរបស់វារកតែពុទ្ធោ ក្បាលសម្អុយមានក្លិនឆ្អាបហួងដោយគំរង់មិនមានខ្លួនប្រាណ មានភ្នែកលៀនថ្មែសម្លឹងមកកាន់វាដោយមានចលនាពីរលកទឹកផងធ្វើឱ្យក្បាលសម្អុយនោះចេះតែនៅមិនស្ងៀមហាក់កំពុងតែលងបន្លាចឱ្យក្មេងប្រុសកម្សត់ម្នាក់នេះយំកាន់តែខ្លាំង។

“ម៉ែអ្ហើយ…ជួយកូនផងម៉ែ…!!”

ភ្លឹប!!

ត្របកភ្នែកប្រឹងបើកព្រឹមៗទាំងរាងកាយទទឹកជោកធ្វើឱ្យរងាសឹងរឹងថ្គាម។ សំឡេងវ៉ែៗស្រាប់តែបន្លឺឡើងចូលក្នុងត្រចៀករបស់អាចមតែមិនអាចដឹងថាគេនិយាយគ្នាពីរឿងអ្វី។

អាចមបើកភ្នែកបានពេញ តែរូបភាពហាក់ងងឹតស្ទុងៗរកសម្គាល់អ្វីមួយមិនបាន។

“ម៉ែ? ម៉ែនៅណា? ជួយខ្ញុំផង!ហឹះ…!!”

អាចមចាប់ផ្តើមយំសសិតតែម្នាក់ឯងទាំងមិនដឹងថាខ្លួនកំពុងតែនៅទីណា?

សំឡេងក្មេងនៅតែបន្តបន្លឺឡើងចង់ហឹងត្រចៀកប្រណាំងជាមួយសំឡេងយំរបស់អាចមតែ អាចម មើលអ្វីមិនឃើញក្រៅពីដឹងដោយសំឡេង។

“មកនេះមក!!”

សំឡេងក្មេងស្រីបានស្រែកហៅ ធ្វើឱ្យអាចមស្តាប់បាន តែអាចមមិនដឹងថាគេនៅជ្រុងខាងណានៅឡើយនោះទេ ព្រោះនៅជុំវិញខ្លួនរបស់វាមានតែព្រៃស្តុក​​និងពន្លឺ ស្ទុងៗតែប៉ុណ្ណោះ។

“មកនេះមក! មកតាមយើងមក! ដើរមកត្រង់មក..!”

សំឡេងក្មេងប្រុសម្នាក់ទៀតក៏បន្ទរពីក្រោយក្មេងស្រី ដែលលើកនេះបានប្រាប់ឱ្យអាចមដើរទៅត្រង់។

អាចមឮថាឱ្យទៅត្រង់ វាក៏ក្រោកគ្រូកពីដីហើយលើកខ្នងដៃជូតទឹកភ្នែកហើយដើរតាមសម្តីក្មេងពីរនាក់នោះ។

“យ៉េ!! មកដល់ហើយ!!”

ក្មេងតូចច្រម៉ក់អាយុប្រហែល៤ខួបស្រែកបន្ទរពេលដែលអាចមវែកមេឃឈើរចេញបង្ហាញឱ្យឃើញភូមិស្ថានដែលខ្លួនបានរស់នៅតាំងពីតូចរហូតដល់ធំ។

“ម៏វ៉ើយអាចម.. ម៏វើយ…!! មក..កុំនៅផ្ទះគេស៊ីបាយស៊ីក្រួស មកនៅទះឯងមានឪមានម៉ែតាមថែរក្សា…! ម៏វ៉ើយ…!” សំឡេងប្រកូកបានស្រែកហៅតែឈ្មោះអាចមម្តងហើយម្តងទៀតឡើងរំពងសែនក្រលួចពេក​ អាចមក៏លើកដៃមកបិទត្រចៀកហើយស្រែកយំង៉ាៗដូចកូនក្មេង។

វ៉ឹប!!!

អាចមបើកភ្នែកភ្លាមខ្លួនប្រាណវាកំពុងតែឈរនៅលើផ្ទះ សំឡេងចេចចាចស្រាប់តែរំខានត្រចៀកនៅឯក្រោមផ្ទះដំបូលស្លឹកត្នោត។

អាចមដើរលបៗជាន់លើរនាបឬស្សីហើយមើលទៅកាន់ក្រោមផ្ទះដែលគេកំពុងតែនៅចួបជុំអមដោយពន្លឺភ្លើងទៀនព្រាលៗ។

“ចម?” អាចមភ្ញាក់ ស្រែកហៅឈ្មោះឯងដោយមិនបានតាំងចិត្តនៅពេលដែលវាបានឃើញខ្លួនរបស់វាម្នាក់ទៀតកំពុងតែដេកបើកភ្នែកថ្មែសម្លឹងមកដំបូលផ្ទះតាមរនាបឬស្សី។

ឬខ្ញុំបានស្លាប់ហើយ?

ភ្លាមៗអាចមស្រាប់តែទទួលរងនូវកម្លាំងអ្វីក៏មិនដឹងដូចជាការស្រូបទាញហើយក៏បាត់ស្មារតីបាត់ទៅ។

…….

ប៉ីពកចាប់ប្រគុំបន្លឺសំឡេងឡើង ហាក់ពិរោះគ្រលួចពេកក្រៃ​តែក៏មានអារម្មណ៍ថាស្រងេះស្រងោចដូចជាអ្នកប្រគុំកំពុងតែមានទុក្ខ ស្គរក៏បន្តពីក្រោយសែនរន្ធាន់ស្តាប់ឮគួរឱ្យចង់តែក្រោករាំរែក។

ភ្លាមនោះដូនចាស់ដែលគេឱ្យនាមថាស្នំដែលអង្គុយទ្រផ្ទិលដាក់បាយព្រលឹងស្រែកបង្ហើរសូរ្យសៀងអមសំនៀងតម្រូវតាមសាច់ភ្លេង​   ​ហើយថ្ងូរបង្អូសយ៉ាងសែនអន្លង់អន្លោច។

ក្រឡេកទៅកណ្តាលចំណោមមនុស្ស ក្មេងប្រុសរាងស្គមល្ហិតល្ហៃដែលសម្គាល់បានថាជាអាចម បានដេកផ្ងារខ្លួនសម្លឹងភ្នែកឡើងលើថ្មែមើលទៅកាន់ដំបូលផ្ទះដែលប្រក់ស្លឹកកណ្តប។

“ក្មេងតូចព្រលឹងមិននៅនឹងរូប !”

ស្ត្រីចំណាស់ឧទានចេញដោយមិនដឹងថាមកពីប្រភពណា។

“វ៉ើយ…អាចម!! ម៏វ៉ើយ..មកស៊ីបាយផ្ទះឯងវាឆ្ញាញ់ជាង..!!”

ម៉ោង៨យប់បាត់ទៅហើយ ពិធីហៅព្រលឹងក៏ទើបតែចាប់ផ្តើម ដូនស្នំស្រែកហៅឈ្មោះចំៗ ឱ្យព្រលឹងសាមីខ្លួនដែលវង្វេងទៅតាមព្រៃភ្នំត្រលប់មកចូលក្នុងខ្លួនប្រាណវិញ។

នៅពេលដូនស្នំស្រែកហៅបក់ដៃផង ច្រៀងហៅព្រលឹងផង អ្នកភ្លេងក៏ស្រែកអមដោយពាក្យសាមញ្ញ ហើយគេហៅឈ្មោះដដែលៗជាច្រើនដងច្រើនសារ អ្នកភ្លេងក៏ចេះតែតាមបន្ទរពីក្រោយដូនស្នំ។

លុះចប់បីបទទើបគេឧបកិច្ចយកស្លឹកឈើតំណាងព្រលឹងមកសៀតជាប់ត្រចៀករបស់ក្មេងប្រុស រួចគេរៀបកិច្ចពិធីយោលបក់ចិញ្ចៀនមាស ដោយមានចងខ្សែទាញសងខាងទើបដូនស្នំស្រែកហៅម្តងទៀត៖

“ព្រលឹងទាំងប្រាំបួនដណ្តប់សព្វគ្រប់អើយ វ៉ើយអាចម កុំនៅក្នុងព្រៃខ្លាចសត្វសាហាវ ស៊ីក្រួសស៊ីថ្ម មកនៅផ្ទះធំទ្រនំខ្ពស់រក្សាម៉ែ រក្សាឪ….”

វ៉ឹប!!

«ចប់»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*