រឿង៖ ចន្ទអើយរះមក

ទេពអប្សរក្នុងចំណោមមនុស្សលោក

ពេលព្រឹកព្រលឹមព្រះអាទិត្យរះបំភ្លឺលោក បំបាត់អស់នូវស្បៃរាត្រីដែលគ្របបាំងមេឃឱ្យងងឹតអស់ពេលមួយយប់ពេញ។ ព្រឹកនេះខ្ញុំងើបទៅរៀនស្ទើរតែមិនទាន់ ទម្រាំទៅដល់គេរៀបតម្រង់ជួរល្មម មើលឃើញសុទ្ធតែសិស្សត្រៀបត្រា។ ខ្ញុំដើរតម្រង់ទៅជួរខ្លួនឯង ថ្នាក់ទី១២ “A1” ។ ខ្ញុំស្ពាយកាតាបដើរទៅឈរក្រោយគេ ពួកប្រុសៗថ្នាក់ខ្ញុំមកមិនទាន់អស់គ្នាទេ។ ពេលនោះខ្ញុំក្រឡេកមើលឆ្វេងស្ដាំស្រាប់តែប្រទះភ្នែកនឹងនារីម្នាក់ ធ្វើឲ្យបេះដូងខ្ញុំញ័ររញ្ជួយរំភើបជាខ្លាំង បេះដូងខ្ញុំដើរញាប់ដូចមានគេតម្លើងកុងទ័រ មាត់ខ្ញុំញញឹមជាប់មិនខុសពីផ្កាដែលត្រូវទឹកសន្សើមពេលព្រឹកព្រលឹមឡើយ។

នាងស្អាតណាស់ ក្នុងមួយសាលានេះគ្មាននារីណាមានសម្រស់ស្មើនាងឡើយ។ នាងដូចជាទេពអប្សរក្នុងចំណោមមនុស្សលោក ឬដូចជាព្រះចន្ទក្នុងចំណោមផ្កាយដែលខ្ញុំតែងតែគយគន់មើលរៀងរាល់យប់។ ខ្ញុំគិតថានាងប្រហែលជាកូនទេវតា ដែលច្រឡំកើតនៅ​ឋាន​មនុស្សលោកហើយ។ នាងឈ្មោះ កែវ និរក្សា ខ្ញុំស្គាល់នាងនៅពេលដែលចូលទៅអានសៀវភៅក្នុងបណ្ណាល័យ។ ឃើញខ្ញុំដំបូង នាងហាក់ភ្ញាក់ផ្អើលហើយរីករាយណាស់ ហាក់ដូចជាយើងធ្លាប់ស្គាល់គ្នាប៉ុន្តែបែកឃ្លាតគ្នាយូរ រួចបានជួបគ្នាដូច្នោះ រឿងនេះខ្ញុំនៅឆ្ងល់​ដល់ឥឡូវ។ ហាក់ដូចជាមាននិស្ស័យ ពួកយើងក៏រាប់អានរាក់ទាក់ស្គាល់គ្នា ប៉ុន្តែមិនសូវបាននិយាយគ្នាផ្ទាល់ច្រើនប៉ុន្មានទេ ព្រោះនាងរៀននៅថ្នាក់វិទ្យាសាស្ត្រ ខុសពីខ្ញុំរៀននៅថ្នាក់សង្គម។

រក្សានាងជានារីរួសរាយគួរឱ្យស្រឡាញ់ចូលចិត្តណាស់ សម្ដីនាងពីរោះដូចរនាថឯក ខ្ញុំមិនប្លែកចិត្តសោះទេថា ហេតុអ្វីបានជាខ្ញុំលួចស្រឡាញ់នាង។ ប៉ុន្តែរក្សានាងមានសុខភាពទន់ខ្សោយ ហើយឮថាមានជំងឺប្រចាំកាយផង តែខ្ញុំពុំដឹងជានាងកើតអ្វីទេ។

ចំពោះបញ្ហានេះខ្ញុំមិនហ៊ានសួរជីកឬសគល់នាងទេ ព្រោះខ្លាចក្រែងរំលឹកទៅនាំឱ្យនាងពិបាកចិត្ត ប៉ុន្តែនាងធ្លាប់ប្រាប់ខ្ញុំថា នាងមានសុខភាពខ្សោយតាំងពីក្មេង ដូចនេះជំងឺងាយបៀតបៀនរាងកាយនាងណាស់។ បើសិនជាអាចខ្ញុំចង់សម្លាប់ជំងឺក្នុងខ្លួននាងចោលឱ្យអស់ ព្រោះតែជំងឺចង្រៃទាំងនេះបានធ្វើឲ្យស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងត្រូវស្រពោន ហើយក៏ធ្វើឲ្យនាងឈឺចាប់ ខកការរៀនសូត្រ។

ពេលនាងឈឺ ខ្ញុំក៏ឈឺដូចនាងដែរ។ ប្រសិនបើខ្ញុំពុំបានឃើញនាងមួយថ្ងៃ ចិត្តរបស់ខ្ញុំហាក់ដូចជាងងឹតឥតពន្លឺ ព្រោះនាងប្រៀបដូចជាព្រះចន្ទដែលបំភ្លឺក្នុងដួងចិត្តខ្ញុំក្នុងពេលយប់ងងឹត។ កែវភ្នែករបស់នាងស្អាតណាស់ជះពន្លឺយ៉ាងស្រទន់ ពេលខ្ញុំសម្លឹងចំភ្នែកនាងម្ដងៗ ខ្ញុំហាក់ដូចជាស្ថិតនៅក្នុងភពឋានមួយដែលពោរពេញទៅដោយភាពស្រស់បំព្រងក្នុងពេលរាត្រី ហាក់ដូចជាកំពុងអង្គុយលើវាលស្មៅមើលទៅព្រះចន្ទក្រោមពន្លឺផ្កាយរាប់ពាន់ដួងយ៉ាងដូច្នោះ។ ឯស្នាមញញឹមរបស់នាងវិញ មានឥទ្ធិពលដូចជាព្យុះសង្ឃរាបោក​បក់​ដួងចិត្តខ្ញុំឱ្យកក្រើករញ្ជួយ ដូចដើមឈើមួយដែលត្រូវខ្យល់បក់បោកយោលយោកឥតឈប់ដូច្នោះដែរ។ ពេលឃើញស្នាមញញឹមរបស់នាងម្ដង ធ្វើឲ្យខ្ញុំសប្បាយចិត្តបានពេញមួយថ្ងៃ…។ ប្រសិនបើចង់ពិពណ៌នាអំពីរក្សា ខ្ញុំពុំអាចពណ៌នាបានអស់ឡើយ។ ទោះបីត្រូវយកមេឃដីធ្វើជាក្រដាស យកជ្រោះសមុទ្រជាទឹកខ្មៅ ដៅយកភ្នំជាប៉ាកកាក៏ដោយ។ តើនៅក្នុងលោកនេះមានអ្វីដែលខ្លាំងជាងស្នេហា?

តម្រង់ជួរ…
ខ្ញុំភ្ញាក់ព្រើតប្រុងប្រៀបរៀបឫកយ៉ាងរួសរាន់ ប្រញាប់គោរពទង់ជាតិតាមពាក្យលោក នាយក។ ក្រោយពីគោរពទង់ជាតិហើយ សិស្សគ្រប់គ្នាក៏ចាប់ផ្ដើមបំបែកជួរយ៉ាងអ៊ូអរ មានសភាពច្រើនពេកក្រៃ មានប្រុសមានស្រីចម្រុះគ្នា ប្រកបដោយអាវស ខោ សំពត់ពណ៌ខ្មៅព្រោងព្រាត។

ខ្ញុំដើរបណ្ដើរលួចលបមើលរក្សាបណ្តើរ ប្រៀបដូចជាចោរដែលរំពឹងរំពៃប្រុងលួចអ្វីមួយ។ សំឡេងមនុស្សដើរ និងនិយាយគ្នាលាន់រងំ។ កំពុងតែដើរទៅថ្នាក់សុខៗ ស្រាប់តែមានសិស្សប៉ុន្មាននាក់រត់ប្រដេញគ្នាមិនបានមើល ក៏បុកប៉ះរក្សាពីក្រោយ នាំឲ្យនាងបាត់ជំហរដួលផ្អែកលើខ្ញុំដែលកំពុងដើរនៅក្បែរនោះ។ សាច់នាងប៉ះខ្ញុំភ្លាមដូចមានចរន្តអគ្គិសនីឆក់រត់សព្វសរសៃខ្ញុំ ខ្ញុំរំភើបរកកលស្ទើរដួលទៅដី បេះដូងខ្ញុំលោតញាប់សឹងផ្ទុះចេញមកក្រៅ ដៃខ្ញុំញ័រតិចៗ ខ្ញុំធំក្លិនក្រអូបសាយចេញពីខ្លួនរបស់នាង ក្លិននាងក្រអូបជាងក្លិនផ្កាទៅទៀត…។

ខ្ញុំមើលមុខរក្សាភ្លឹក នាងក៏រហ័សពោលសុំទោសខ្ញុំ ឯខ្ញុំក៏ញញឹមប្រាប់ថាមិនអីទេ។ រួចនាងក៏ដើរចេញទៅយ៉ាងលឿន មិនដឹងជាអៀនខ្ញុំឬយ៉ាងណា? ខ្ញុំញញឹមសម្លឹងមើលនាងឥតឈប់ ជំងឺរបស់ខ្ញុំចាប់ផ្តើមរើឡើងទៀតហើយ។ បើអ្នកមិនដឹងគេអាចគិតថាខ្ញុំឆ្កួត មែនហើយខ្ញុំឆ្កួតព្រោះស្នេហា ស្នេហាធ្វើឱ្យខ្ញុំដូចជាមនុស្សឆ្កួត។ យប់នេះខ្ញុំច្បាស់ជាដេកយល់សប្តិឃើញនាងទៀតហើយ។ ស្នេហាធ្វើឱ្យខ្ញុំស្រមើស្រមៃវង្វេងវង្វាន់ដូចមនុស្សរវើរវាយ។ បើបានដូចថ្ងៃនេះរាល់ព្រឹក ខ្ញុំមកគោរពទង់ជាតិលែងឱ្យខកទៀតហើយ។

ខ្ញុំច្បាស់ជាងើបតាំងពីម៉ោង៥ព្រឹកមិនខានឡើយ។ ខ្ញុំឈរនៅស្ងៀមតែមួយកន្លែង រង់ចាំឱ្យអ្នកដទៃដើរចូលថ្នាក់អស់ ទើបខ្ញុំឡើងទៅថ្នាក់តាមក្រោយ។ មនុស្សដើរដេរដាសដូចស្រមោច ខ្ញុំស្រមៃពីទិដ្ឋភាពអម្បាញ់មិញញញឹមសប្បាយចិត្តឥតឈប់ រូបភាពនេះដក់ជាប់ក្នុងចិត្តខ្ញុំៗ មិនដែលជួបប្រទះហេតុការណ៍អ្វីគួរឱ្យរំភើបយ៉ាងនេះទេតាំងពីកើតមក។ មានលើកទី១ ខ្ញុំក៏ចង់ឱ្យមានលើក ទី២ ទី៣ ទី៤ ទី៥ ដែរ។ មានកាន់តែច្រើនខ្ញុំកាន់តែសប្បាយចិត្ត ដូចមនុស្សប្រមឹកស្រវឹងត្រូវការស្រា ចំណែកខ្ញុំស្រវឹងនឹងមនោសញ្ចេតនា ខ្ញុំពិតជាត្រូវការស្នេហា! ស្នេហា! ស្នេហាដែលមានសភាពដូចជាខ្យល់។

ដល់ម៉ោងចេញលេង ខ្ញុំក៏ដើរមកអង្គុយលើបង់ស្រមៃបន្តទៀត។ និយាយឲ្យពិតទៅពេលរៀន អារម្មណ៍ខ្ញុំមិនបានគិតទៅលើមេរៀនទេ វាបែរជាគិតតែពីទិដ្ឋភាពដ៏គួរឲ្យរំភើបនៅមុននោះទៅវិញ។ ទោះបីខ្ញុំចង់បញ្ឈប់ក៏បញ្ឈប់ពុំបានដែរ។ សភាពផ្លូវចិត្តរបស់មនុស្សពេលមានស្នេហាហាក់បីដូចជាមានជំងឺ ដល់ពេលវារើឡើងម្ដងៗ ពុំមានអ្វីអាចឃាត់ឈ្នះឡើយ។ ទោះគេយកភ្នំទប់ក៏ទប់មិនជាប់ ទោះយកសមុទ្រពន្លិចក៏ពន្លិចពុំបាន ទោះមានខ្យល់ព្យុះសង្ឃរាបក់បោករុញច្រានក៏មិនអាចច្រានឲ្យឃ្លាតចេញបានដែរ…។

កំពុងបណ្តែតអារម្មណ៍ទៅឆ្ងាយ ខ្ញុំស្រាប់តែភ្ញាក់ព្រើត ព្រោះឃើញរក្សាកំពុងអង្គុយទល់មុខខ្ញុំ មិនដឹងជានាងមកដល់តាំងពីពេលណា។

« សុខរិទ្ធគិតអី បានជាភ្លឹកអ្វីក៏ភ្លឹកយ៉ាងនេះ ខ្ញុំហៅពីរបីដងហើយមិនឮ។ ប្រហែលមិនចង់និយាយរកខ្ញុំទេ »
« អូ៎! អត់ទេ… រក្សាកុំនិយាយអ៊ីចឹង ខ្ញុំអរណាស់ពេលបាននិយាយជាមួយរក្សា »
« ចា៎ស ហើយអត់ទៅញុំាបាយទេអី បានជាមកអង្គុយលេងនៅលើបង់ម្នាក់ឯង »
« ព្រឹកនេះខ្ញុំមិនឃ្លានសោះ ចុះរក្សាញុំាបាយហើយឬនៅ?ខ្ញុំញុំាបាយពីផ្ទះរួចហើយ »
« ព្រឹកនេះខ្ញុំឃើញសុខរិទ្ធសប្បាយប្លែកពីធម្មតា អង្គុយញញឹមម្នាក់ឯង មានរឿងសប្បាយចិត្តអ្វីប្រាប់ខ្ញុំឱ្យដឹងផង »
ខ្ញុំសើចយកដៃអេះក្បាល មិនដឹងប្រាប់នាងថាម៉េច
« អ៎…សប្បាយចិត្តព្រោះបានស្គាល់រក្សា បាននិយាយលេងជាមួយរក្សា ខ្ញុំប្រាប់រក្សាចុះ តាំងពីខ្ញុំស្គាល់រក្សា ខ្ញុំសប្បាយចិត្តច្រើន ហើយខ្ញុំក៏ចេះនិយាយលេងច្រើនជាងមុនដែរ មិនដូចពីមុនទេ ខ្ញុំមានខុសអីពីគល់ឈើ »
រក្សាសើច នាងនិយាយបន្ទរ
« មែនហ្នឹង! អត់មានចេះនិយាយអីទេ ចេះតែសើចហើយញញឹម។ បើគេមិននិយាយរក មិនខ្ចីនិយាយរកគេ។ ស្គាល់គ្នាដំបូង ខ្ញុំស្មានតែសុខរិទ្ធជាគល់ឈើមានជីវិតទេតើ »
« ហា៎ស ហា៎ស ប្រសប់និយាយមែន ខ្ញុំសំណាងណាស់ដែលបានស្គាល់រក្សា កុំអីខ្ញុំច្បាស់ជាក្លាយជាគល់ឈើ លែងចេះនិយាយស្ដីចេះតែសើចញញឹមហើយ »
រក្សាសើច រួចពោលបន្តក្រោមម្លប់ឈើដែលត្រូវខ្យល់បក់ញ័ររញ្ជួយស្លឹក ត្រជាក់ស្រួល
« កុំប៉ិនញញឹមរាយមន្តស្នេហ៍ដាក់គេពេកណា៎ ប្រយ័ត្នមានគេលង់ស្នេហ៍ដកចិត្តមិនរួចទៅ។
« ខ្ញុំមិនដឹងអីទេ ហើយក៏មិនមានអ្នកណាមកលង់ស្នេហ៍នឹងខ្ញុំដែរ »
រក្សាសើចយ៉ាងស្រស់ នាងបន្តសំដី
« ខ្ញុំមិនដែលឃើញអ្នកណាពូកែញញឹមដាក់គេឯងដូចសុខរិទ្ធទេ មាត់មិននិយាយប៉ុន្តែស្នាមញញឹមនិយាយរួសរាយដាក់គេគ្រប់ៗគ្នាទៅហើយ »
« ចាញ់រក្សាទេ សំដីពីរោះញញឹមក៏ស្រស់ »
រក្សាសើចក្រោមជំនោរខ្យល់ ប្រញាប់ពោល
« កុំមកបញ្ជោរខ្ញុំនោះ… »
« ខ្ញុំអត់បញ្ជោរបញ្ចើចបញ្ចើអីទេ។ ខ្ញុំនិយាយតែតាមមើលឃើញប៉ុណ្ណោះ ព្រោះថាខ្ញុំឃើញរក្សាអ៊ីចឹងមែន។ បើខ្ញុំឃើញផ្កាស្អាតខ្ញុំសរសើរថាស្អាត បើខ្ញុំធុំក្លិនក្រអូបខ្ញុំសរសើរថាផ្កាក្រអូប »
កំពុងនិយាយគ្នា ខ្ញុំស្រាប់តែឃើញអង្ក្រងមួយវៀរឡើងលើដៃអាវរបស់រក្សា។ ខ្ញុំចង់ចាប់វាចេញ តែមិនដឹងយ៉ាងម៉េច ខ្ញុំក៏ស្រាប់តែភ័យបុកពោះភើតៗដូចជាខ្លាចអ្វីមិនដឹង។ ប៉ុន្តែខ្ញុំព្យាយាមជម្នះអារម្មណ៍នេះ ដោយស្រដីឡើង៖

«រក្សានៅឲ្យស្ងៀម…»
រួចខ្ញុំក៏ឈោងដៃដែលញ័រៗ ចាប់អង្ក្រងនោះចេញ ឯខ្សែភ្នែកនាងក៏ស្រាប់តែបាញ់ឆ្ពោះចំខ្សែភ្នែកខ្ញុំ។ ខ្ញុំពិបាកក្នុងខ្លួនមែនទែន ដូចមានរលកព្យុះបក់បោកមក។ ខ្ញុំញញឹមដាក់នាង នាងក៏ ញញឹមដាក់ខ្ញុំ។ ចាប់អង្រ្កងបោះវាទៅដីហើយ ពួកយើងក៏អង្គុយធ្វើមុខអឹមអៀនតែរៀងៗខ្លួន។ ខ្ញុំឃើញនាងបែរងាកទៅមើលអ្វីផ្សេង ខ្យល់បក់មកធ្វើឲ្យពួកយើងធុំក្លិនក្រអូបផ្កាស្រាលៗ ប្រៀបដូចជាមនោសញ្ចេតនា ដែលជ្រៀតចូលមកសណ្ឋិតក្នុងខ្លួនរបស់ពួកយើងទាំងពីរ។ ធ្វើឲ្យពួកយើងមានសេចក្តីសុខ មានក្តីរំពឹងទៅលើអនាគតយ៉ាងអាថ៌កំបាំង។

—————–
រូបគំនូរ

ក្រោយមកទំនាក់ទំនងរបស់ខ្ញុំ និងរក្សាកាន់តែជិតស្និទ្ធឡើង។ ខ្ញុំហាក់ដូចជាស្រឡាញ់នាងកាន់តែខ្លាំង បេះដូងខ្ញុំកាន់តែរំភើបពេលបានឃើញនាង ឮសំឡេងរបស់នាង។ ហើយវាតែងតែស្រែករកនាងជានិច្ច ពេលមិនបានឃើញ មិនបានឮសំឡេងរបស់នាង…។

ប៉ុន្តែខ្ញុំពុំទាន់មានសេចក្តីក្លាហាននឹងសារភាពប្រាប់រក្សា អំពីសេចក្តីស្នេហាដែលលាក់ទុកនៅក្នុងជម្រៅនៃដួងចិត្តរបស់ខ្ញុំឡើយ។
ថ្ងៃនេះម៉ោង៩ពេលចេញលេង ខ្ញុំអង្គុយនៅក្នុងថ្នាក់ផ្អៀងផ្អងមើលរូបគំនូររក្សាយ៉ាងស្ងៀមស្ងាត់ ក្រោមសំឡេងជជែកគ្នារបស់មិត្តភក្តិប្រមាណបួនប្រាំនាក់។

ខ្ញុំខំគូររូបរក្សាយ៉ាងផ្ចិតផ្ចង់មិនខុសពីរាស្រ្តសាមញ្ញម្នាក់ ដែលប្រឹងប្រិតប្រៀងគូររូបព្រះនាងម្ចាស់នៃនគរមួយឡើយ។ ខ្ញុំមើលរូបនាងដូចជាមើលរូបទេពអប្សរ ឬអប្សរា ដែលដាប់ឆ្លាក់ដោយវិចិត្រករឯកលើប្រាង្គប្រាសាទអង្គរ។ អារម្មណ៍ខ្ញុំស្លុតស្លុងក្នុងមនោសញ្ចេតនា មាត់នាងញញឹមយ៉ាងស្រស់ ភ្នែកនាងភ្លឺស្រទន់មានសភាពដូចពន្លឺព្រះចន្ទ ចិត្តខ្ញុំរំភើបជានិច្ចពេលឃើញនាង។ ខ្ញុំហាក់លែងឮសំឡេងអ្វីទាំងអស់ ខ្ញុំឮតែសំឡេងនៃមនោសញ្ចេតនា ដែលកំពុងបញ្ចេញមកខាងក្រៅ តាមរយៈស្នាមញញឹម និងសេចក្តីសុខដ៏មនោរម្យប៉ុណ្ណោះ។

ខ្ញុំដូចជាស្ថិតនៅក្នុងពិភពមួយ ដែលពោរពេញដោយភាពស្រស់បំព្រងបរិសុទ្ធ ផ្ដាច់ចេញពីពិភពលោក ដែលលាយឡំដោយភាពកគ្រិច​កខ្វក់។ ខ្ញុំប្រៀបដូចជាមនុស្សបាត់សតិ ពេលនេះទោះមានគេហៅខ្ញុំ ក៏ខ្ញុំមិនឮដែរ។ ខ្ញុំមិនចាប់អារម្មណ៍អ្វីទាំងអស់នៅជុំវិញខ្លួន ខ្ញុំចាប់អារម្មណ៍តែលើរូបគំនូរមួយសន្លឹក ដែលស្ថិតនៅក្នុងដៃរបស់ខ្ញុំប៉ុណ្ណោះ។ ភ្លាមនោះខ្ញុំស្រាប់តែភ្ញាក់ព្រើត ព្រោះរូបនារីដែលខ្ញុំលួចស្រឡាញ់ ត្រូវគេទាញកញ្ឆក់យកទៅ។ តាមពិតអាស្នាមិត្តខ្ញុំសោះ អានេះគ្មានដឹងអីទេ រូបគេខំថ្នាក់ថ្នមបីបមថែរក្សាណាស់ វាបែរជាទាញកញ្ឆក់យកទៅដោយឥតប្រណី។ ខ្ញុំខឹងដែរ តែវាសើច

« អីយ៉ា.. អាសម្លាញ់! គូររូបអ្នកណាគេបានស្អាតម្ល៉េះ ដូចពិតៗ។ អ្ហែងលួចមានស្នេហាអត់ប្រាប់អញទេ អញខំគិតថាអ្ហែងបេះដូងដែក ឬធ្វើពីថ្ម។ តាមពិតគ្មានទេ ទោះបេះដូងថ្មសំណដែកក៏ដោយ តែស្និទ្ធជាមួយគេយូរៗគង់តែចាប់ផ្ដើមស្រឡាញ់គេហើយ។ ទោះបីថ្មរឹងយ៉ាងណាបើទឹកស្រក់លើយូរៗ គង់តែទឹកទម្លុះបាន…។ អារិទ្ធឥឡូវឯងចេះមានស្នេហាហើយ អាសម្លាញ់អញមិនមែនយល់សប្តិទេ អញឃើញថ្ងៃរះពីទិសខាងលិចហើយ »

« អានេះវាយ៉ាងម៉េចវា! ម៉ោះ! ឱ្យរូបមកអញវិញ»
« ហា៎សហា៎ស អ៎! អញដឹងហើយ រូបហ្នឹងតាមពិតជារូបរក្សា ម្នាក់ស្រីរៀននៅថ្នាក់ វិទ្យាសាស្ត្រ ទី១២B សោះ។ តាមពិតឯងចង់ឱ្យរូបគេ តែមិនហ៊ានមែន? កុំបារម្ភអាសម្លាញ់ចាំអញធ្វើជាមេអណ្ដើកឱ្យ ចាំអញយករូបនេះឲ្យគេ ហើយអញនិយាយពីចិត្តរបស់ឯងឱ្យគេស្ដាប់ ព្រោះរាប់អានគ្នាយូរហើយ ចិត្តឯងក៏ដូចចិត្តអញ ចិត្តយើងតែមួយទេ អញដឹងចិត្តឯងហើយ។

« នែ៎! កុំអានេះ ចិត្តអញដូចចិត្តឯងស្អី… »
និយាយឃាត់វាមិនទាន់ចប់ផង ស្រាប់តែវាយករូបគំនូររត់ទៅបាត់។ ខ្ញុំភ័យបុកពោះ ព្រោះអានេះតែវានិយាយថាម៉េច វាធ្វើអ៊ីចឹងហើយ អត់ចេះស៊ាំញ៉ាំញ៉េមញ៉ុមខ្លាចមុខខ្លាចក្រោយដូចខ្ញុំទេ។ ខ្ញុំខំលាក់ពីវាណាស់ ឥឡូវវាដឹងទាល់តែបាន។ អានេះនិយាយអីឡប់ៗអ៊ីចឹង បើវានិយាយខុសឆ្គងអី មុខជារក្សាខឹងខ្ញុំស្លាប់ហើយ។ តែខ្ញុំមិនដឹងធ្វើម៉េចទេ បើវាទៅបាត់ទៅហើយ តាមវាក៏មិនកើត។

ខ្ញុំប្រញាប់ងើបចេញពីតុ ដើររេរានៅខាងក្រៅ។ ខ្ញុំដើរសសៀៗមើលតាមបង្អួតថ្នាក់ ១២ B។ មនុស្សនៅក្នុងថ្នាក់នេះមានបួនដប់នាក់។ ខ្ញុំឃើញអាស្នាវានិយាយអីទេ មុខវាសើចរហូត ហើយរូបគំនូរដែលខ្ញុំខំគូរនោះ ក៏កំពុងស្ថិតនៅក្នុងដៃរបស់រក្សាដែរ។ ខ្ញុំឃើញនាងសើច ញញឹមជាមួយវាដែរ ខ្ញុំឮវានិយាយដែរប៉ុន្តែស្ដាប់មិនសូវបាន មិនដឹងជាវានិយាយពីអ្វីខ្លះ។ ជួនកាលមុខរក្សាឡើងក្រហម។

ខ្ញុំដូចជាភ័យៗត្រជាក់ចង់ដៃចុងជើង ខ្ញុំចេះតែប្រហោងពោះម្ដងៗព្រោះឃើញទំនងដូចមិនសូវស្រួល ព្រោះអានេះនិយាយច្រើនណាស់ វាហើយនិងស្វាមិនខុសគ្នាទេ។ សម្ដីវានិយាយមិនចេះអស់ បើវាចង់បញ្ចុះបញ្ចូលអ្នកណាហើយ វានិយាយទាល់តែអ្នកនោះជឿស្លុង។ រឿងខ្លះវាកុហកទេតែវានិយាយមកដូចពិតៗមែនៗ ខ្ញុំធ្លាប់ចាញ់បោកវាពីរបីដងដែរ ដូច្នេះហើយទើបខ្ញុំខ្លាចវាណាស់…។

នៅសុខៗវាស្រាប់តែចង្អុលមកខ្ញុំ មាត់វាសើចស្ញេញដូចស្វាព្រៃ ខ្ញុំភ័យដែរព្រោះឃើញរក្សាបែរមកមើលព្រមគ្នា។ យល់ដូច្នេះខ្ញុំប្រញាប់ដើរមកថ្នាក់វិញ “ចប់ហើយ! មិនដឹងអានេះនិយាយអីខ្លះ ឯងកុំបំបែកស្នេហារបស់អញអី តាំងពីចេះស្រឡាញ់ស្រីមក អញមិនដែលជោគជ័យម្ដងណាទេ តែមានរឿងអីអញច្បាស់ជាសំពងក្បាលឯងហើយ”។ ខ្ញុំដើរចូលក្នុងថ្នាក់វិញ ទាំងរសាប់រសល់នៅមិនសូវសុខ…។

យប់នេះខ្ញុំអង្គុយមើលព្រះចន្ទនៅខាងមុខផ្ទះ។ ខ្ញុំអង្គុយមើលព្រះចន្ទផង និងចាំឆាតរបស់ព្រះចន្ទនៅក្នុងចិត្តរបស់ខ្ញុំផង។ ខ្ញុំនៅមិនអស់ចិត្ត រឿងកាលពីព្រឹកពេលអាស្នាយករូបរក្សាឲ្យសមីខ្លួនគេសោះ។ ពេលវាមកវិញ ខ្ញុំសួរវាដែរ ថាវានិយាយអីខ្លះ តែវាចេះតែសើចហើយថា យប់នេះខ្ញុំច្បាស់ជាដឹងហើយ រក្សាច្បាស់ជាឆាតមកខ្ញុំយ៉ាងប្រាកដ។ ខ្ញុំឆ្ងល់ហើយភ័យដែរ តើនឹងមានរឿងអ្វីកើតឡើង ព្រោះអានេះឃើញតែវានិយាយដូចលេងទេ ប៉ុន្តែសម្តីវាពិតមែនរហូត មិនខុសពីគ្រូទាយនៅចុងភូមិឡើយ។

កំពុងអង្គុយមើលព្រះចន្ទសុខៗស្រាប់តែឮ ទីង! ខ្ញុំប្រញាប់ងាកមើលទូរសព្ទយ៉ាងរហ័សព្រោះគិតថាច្បាស់ណាស់ ច្បាស់ជាដូចអាស្នានិយាយមែនហើយ។ មែន! ខ្ញុំបើកទូរសព្ទមើលឃើញរក្សាឆាតមកមែន

អរគុណហើយណា៎ សម្រាប់រូបគំនូរដ៏ស្រស់ស្អាតនេះ ពូកែគូរមែនឡើងដូច។

សារនេះដូចជាសារសួគ៌ សម្តីនេះដូចជាសម្តីទិព្វ ធ្វើឲ្យចិត្តខ្ញុំរំភើបរីករាយមួយរំពេច មាត់ខ្ញុំញញឹម ភ្នែកខ្ញុំបើកធំខំសម្លឹងមើល ខ្ញុំអង្គុយលែងនឹងតែម្តង។ ជារឿយៗខ្ញុំច្រើនតែរងគ្រោះធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម ព្រោះតែពាក្យសម្តីផ្អែមទាំងអស់នេះ ប៉ុន្តែខ្ញុំមិនដែលរៀងចាលម្ដងណាឡើយ។ ខ្ញុំមិនដែលបញ្ឃប់ការរំភើបរីករាយនៅចំពោះមុខមនោសញ្ចេតនាទេ សមនឹងពេលនេះជាពាក្យសម្តីរបស់រក្សាទៀត ទោះមានភ្នំមួយសង្កត់លើក៏ខ្ញុំមិនព្រឺដែរ ខ្ញុំនៅតែចង់ស្ដាប់ ចង់ឃើញជាដរាប។

ខ្ញុំចូលមើលឆាតរក្សា ខំរិះគិតមិនទាន់ទាំងដឹងថាតបយ៉ាងណាឱ្យសមនឹងចិត្តរំភើបផង រក្សាស្រាប់តែផ្ញើសារមកទៀតថា៖
« សុខរិទ្ធសម្តីផ្អែមម៉្លេះ ខ្ញុំមិនដែលដឹងសោះ ឃើញមិនមាត់ៗទេតាមពិតព្រានស្មោះ»

“អ៊ឺស! ម៉េចរក្សានិយាយអ៊ីចឹង អានោះវានិយាយអីវាបានទៅជាអ៊ីចឹង។”
ខ្ញុំបុកពោះតិចៗដែរ ទើបប្រញាប់តបទៅវិញ

« ខ្ញុំមិនដឹងផង ហើយវាសនានិយាយអីប្រាប់រក្សាដែរ? »

«វាសនាថា សុខរិទ្ធខំគូររូបខ្ញុំណាស់ ព្រោះដូចជាកំពុងគូររូបទេពអប្សរ ឬដូចជាជាងចម្លាក់ដែលខំដាប់ឆ្លាក់រូបអប្សរាយ៉ាងល្អឯក។ គេថារាល់យប់សុខរិទ្ធតែងយល់សប្តិឃើញខ្ញុំ ហើយការដែលសុខរិទ្ធចំណាំតែមកយឺត ព្រោះសុខរិទ្ធចង់យល់សប្តិឃើញខ្ញុំឲ្យបានយូរ ទើបមិនចង់ភ្ញាក់ ក្រោក។ ហិហិ..មួយទៀតវាសនាថា មូលហេតុដែលសុខរិទ្ធចូលចិត្តដើរម្នាក់ឯង ដោយសារតែសុខរិទ្ធចង់លបមើលខ្ញុំ ព្រោះតែពេលដើរជាមួយវាសនា វាសនាថាគេតែងបង្អាប់សុខរិទ្ធពីរឿងនេះនិងរំខានមិនឱ្យបានមើលខ្ញុំដោយស្រួលទេ។»

ខ្ញុំភ្ញាក់ព្រើត “យីអានេះ និយាយអីសម្បើមម្ល៉េះ វាចេះតែប្រាប់រក្សាអ៊ីចឹងហើយ។” គិតមិនទាន់ចប់ផង សារមួយទៀតលោតឡើង៖

« វាសនាថា សុខរិទ្ធតែងសរសើរប្រាប់គេជារឿយៗអំពីខ្ញុំ។ សរសើរថាពន្លឺភ្នែកខ្ញុំភ្លឺស្រទន់ដូចពន្លឺព្រះចន្ទ សំឡេងខ្ញុំពីរោះដូចរនាថឯកគួរឱ្យចង់ស្ដាប់ អួតថាដំណើរខ្ញុំល្វតល្វន់ទន់ភ្លន់ដូចអប្សរា…។ សុខរិទ្ធពូកែនិយាយម៉្លេះសម្ដីឡើងពីរោះ នេះធ្លាប់និយាយបែបហ្នឹងដាក់អ្នកផ្សេងប៉ុន្មាននាក់ហើយ។ ខ្ញុំហួសបើគិត ក៏ទៅជាអស់សំណើច ។ »

” អានេះចំមែន! សំណាងហើយវាមិនថាខ្លួនវាជាអ្នកនិយាយ កុំអីខ្ញុំច្បាស់ជាចប់ហើយ។ ដោយខ្ញុំត្រង់តាំងពីដើម អ្វីដែលខ្ញុំមិនបាននិយាយខ្ញុំមិនកុហកគេថា ខ្ញុំបាននិយាយឡើយ។ “

« វានិយាយលេងទេ រក្សាកុំប្រកាន់អី វាចូលចិត្តនិយាយលេងតែផ្ដាស់អ៊ីចឹងឯង » ខ្ញុំឆ្ងល់ដែរ ព្រោះរក្សាតបថាដូចណាស់ រួចក៏ដាក់រូបសើច “យ៉ាងម៉េចអីចេះ?”

« វាសនាប្រាប់ថា ពេលខ្ញុំនិយាយប្រាប់ដឹងតែសុខរិទ្ធបដិសេធហើយ ព្រោះវាសនាថាសុខរិទ្ធអៀនច្រើន មិនចង់ឱ្យគេដឹងពីចិត្តរបស់ខ្លួនឡើយ ខ្ញុំមិនសូវជឿទេឥឡូវពិតដូចសម្តីវាសនាមែន។ » “អើ..អានេះលេងស្នៀតជាន់កឯងមិនឲ្យរើខ្លួនរួច” ខ្ញុំទាល់តម្រិះមិនដឹងតបបែបម៉េចទេ បានត្រឹមអូសមើលឆាតនាងចុះឡើងទាំងហួសចិត្ត។

ខ្យល់បក់មកល្ហើយៗ ម៉ូតូជិះកាត់តាមដងផ្លូវ មួយៗ ភ្លើងភ្លឺចាំងចែងជះពន្លឺចេញទៅលើថ្នល់។ ខ្ញុំអស់ពីអង្គុយក៏ឈរ រួចដើររេរ៉នឹករៀបពាក្យ ពេចន៍តបជាមួយរក្សា។ ដំណើរខ្ញុំប្រកបដោយភាពរំភើបញ័ររំពើតក្នុងបេះដូង ខ្លួនខ្ញុំក្តៅភាយៗ ទាំងដែលមានខ្យល់បក់ល្ហើយត្រជាក់ស្រួលសោះ។ ចង្រិតយំស្រែកហែកកាត់ភាពស្ងប់ស្ងាត់ មើលទៅមេឃៗមានតែព្រះចន្ទ និងតារា។ នៅលើនោះហាក់ដូចជាមានមនោសញ្ចេតនាអ្វីមួយយ៉ាងចម្លែក ដែលជ្រៀតចូលក្នុងដួងចិត្តខ្ញុំ។ នឹកឃើញហើយ

« គំនូរនោះខ្ញុំគូរជូនរក្សា ដើម្បីទុកជាអនុស្សាវរីយ៍​នៃ​ទំនាក់ទំនងរបស់យើងទាំងពីរ។ ខ្ញុំគិតចង់ឲ្យរក្សាដោយផ្ទាល់ដែរ ប៉ុន្តែនៅពេលដែលកំពុងអង្គុយមើល ស្រាប់តែវាសនាដណ្ដើមយកទៅបាត់។ »

« សម្ដីដែលវាសនានិយាយរក្សាកុំសូវយកចិត្តទុកដាក់ពេកអី ព្រោះវាមិនខុសពីស្វានៅភ្នំតាម៉ៅឡើយ »
« ចេះតែថាគ្នាស្វាហើយ រួចនាងដាក់រូបសើច។ លើកក្រោយយើងគិតហៅវាថាស្វាភ្នំតាម៉ៅម៉ងទៅ »
« ខូចម៉្លេះ… »
« មានខូចឯណា មនុស្សនៅល្អជាសោះ »
« គ្មានអ្នកណានិយាយឈ្នះសុខរិទ្ធទេ បើពូកែវោហាយ៉ាងហ្នឹង »
« បានតែនិយាយជាមួយរក្សាទេ បើចំពោះអ្នកផ្សេងខ្ញុំនិយាយមិនចេញឡើយ »
« មើលចុះ គ្រាន់តែមើលសម្ដីក៏អាចដឹងបាត់ទៅហើយ »
« ដឹងថាយ៉ាងម៉េច? »
« ដឹងថាជាព្រានហ្នឹងហ្នា៎… » ខ្ញុំអស់សំណើចចំពោះពាក្យនេះណាស់ នាងចោទប្រកាន់ខ្ញុំទៅហើយ តាមពិតខ្ញុំនិយាយពាក្យពិតសោះ។ ខ្ញុំនិងនាង នាងនិងខ្ញុំ បានឆាតជជែកគ្នាលេងយ៉ាងរីករាយក្រោមស្នាមញញឹមរបស់ព្រះចន្ទនារាត្រីកាល។

—————–

ចម្ការស្នេហ៍

នៅថ្ងៃក្រោយៗមក ពួកយើងក៏កាន់តែជិតស្និទ្ធនឹងគ្នាខ្លាំងឡើង។ ក្តីស្រឡាញ់របស់ខ្ញុំចំពោះនាង ក៏កាន់តែរីកធំគ្មានអ្វីអាចបញ្ឈប់បាន គ្មានថ្ងៃណាដែលខ្ញុំមិននឹកគិតពីនាងឡើយ។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាច មិនហ៊ានសារភាពប្រាប់នាងអំពីចិត្តរបស់ខ្ញុំ ព្រោះប្រសិនបើនាងពុំព្រមអនុគ្រោះមេត្តាដល់ក្តីស្នេហារបស់ខ្ញុំ ខ្ញុំច្បាស់ជាមានការសោកស្ដាយ ឈឺចាប់ណាស់ ហើយមិត្តភាពមួយនេះ ក៏ខ្ញុំមិនអាចធានាថានឹងអាចបន្តបានទៅទៀតដែរ។ ប៉ុន្តែខ្ញុំមិនចង់ក្លាយខ្លួនដូចជាមិត្តម្នាក់របស់ខ្ញុំឡើយ។ មិត្តខ្ញុំម្នាក់វាលួចស្រឡាញ់គេយូរខែឆ្នាំហើយ ប៉ុន្តែមិនហ៊ានសារភាព ចុងក្រោយវាក៏បានទទួលត្រឹមភាពឈឺចាប់ អនុស្សាវរីយ៍ទាំងប៉ុន្មានបានក្លាយជាសុបិន។ វាថាថ្វីត្បិតតែមិនបានគេជាសង្សារ ប៉ុន្តែអារម្មណ៍មនោសញ្ចេតនាដែលវាលួចស្រឡាញ់គេ ក៏ជាស្នេហាមួយបែបដែរ។ ស្នេហាវាជាស្នេហាដែលដឹងឮតែម្នាក់ឯងប៉ុណ្ណោះ ជាស្នេហាដែលមានសភាពឯកោក្នុងកណ្តាលយប់ស្ងាត់ក្រោមពន្លឺព្រះចន្ទ។ វាបានត្រឹមញញឹមមើលទៅព្រះចន្ទនៅលើមេឃ ប៉ុន្តែព្រះចន្ទពុំដឹងខ្លួនឡើយ។ ខ្ញុំមិនចង់ដូចវាទេ ទើបខ្ញុំខំជម្នះចិត្តរបស់ខ្លួនឯង។ ខ្ញុំគិតថា មិនមានអ្វីដែលខ្ញុំមិនអាចធ្វើបានឡើយ ខ្ញុំខ្វះតែសេចក្តីក្លាហានមួយមុខប៉ុណ្ណោះដើម្បីធ្វើវា។

“ស្នេហាដូចជាអំណោយ ប្រសិនបើលាក់ទុកពុំហ៊ានឱ្យគេ ធ្វើម្ដេចគេដឹងនិងទទួលយកបាន។ អំណោយភាគច្រើនគេពុំសូវជាបដិសេធឡើយ ប្រសិនបើគេមើលឃើញថានោះជាអំណោយល្អ និងជូនគេដោយចិត្តស្មោះសរ។ តែបើគេមិនទទួល យើងមានទៅខាតបង់អ្វី គេទៅវិញទេដែលជាអ្នកខាតបង់នោះ។”
ខ្ញុំទន្ទេញពាក្យនេះជាប់ ដើម្បីលួងចិត្តខ្លួនឯង និងជំរុញខ្លួនឯងឲ្យក្លាហានផង។

…………. ពេលក្រោយមក អ្វីដែលខ្ញុំគិតថាវាអាក្រក់ មិនអាចទៅរួច តាមពិតវាជាការស្រមើស្រមៃរវើរវាយរបស់ខ្ញុំសោះ ព្រោះនៅពេលដែលខ្ញុំសារភាពប្រាប់រក្សា នាងមានការសប្បាយចិត្តជាពន់ ពេកព្រោះរក្សាក៏មានចិត្តស្រឡាញ់រូបខ្ញុំដែរ។
ឱ…ពុំមែនតែខ្ញុំទេដែលស្រឡាញ់នាង តាមពិតនាងក៏ស្រឡាញ់ខ្ញុំដែរ បើខ្ញុំមិនសារភាពប្រាប់នាងនៅពេលនេះ ខ្ញុំច្បាស់ជាមានវិប្បដិសារីទៅថ្ងៃក្រោយជាក់ជាមិនខាន នៅចំពោះមុខការសម្រេចចិត្តប្រកបដោយភាពភ័យខ្លាច និងទន់ខ្សោយនេះ។
នៅពេលដែលនាងប្រាប់ថានាងក៏ស្រឡាញ់ខ្ញុំដែរ ខ្ញុំរំភើបចិត្តឥតឧបមា។ ខ្ញុំពុំដែលសប្បាយចិត្តអ្វីដល់ម៉្លេះទេតាំងពីកើតមក។ សម្តីរបស់រក្សាមួយឃ្លានេះដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំៗ ពុំដែលនឹកស្មានដល់សោះឡើយ ចំពោះចម្លើយដោយឥតព្រាងទុកនេះ។ ខ្ញុំធ្លាប់តែដេកយល់សប្តិឃើញអំពីរឿងនេះ ឥឡូវវាបែរក្លាយជាការពិត ការពិតដែលធ្វើឱ្យខ្ញុំរំភើបចិត្តឥតឈប់ឈរ។ ខ្ញុំដេកដើរឈរអង្គុយនឹកឃើញតែរឿងនេះ ខ្ញុំដើរទៅណាមកណាក៏ចេះតែញញឹមកាលពីមួយអាទិត្យដំបូង។ អ្វីៗគ្រប់យ៉ាងប្រែជាស្រស់បំព្រងគួរឱ្យរីករាយ ខុសប្លែកពីពេលមុនឆ្ងាយណាស់ ហាក់ដូចពិភពលោកប្ដូរផ្លាស់ពីសភាពដើម។

ថ្ងៃនេះពេលល្ងាចត្រជាក់ ខ្ញុំកំពុងធាក់កង់ឌុបរក្សាទៅលេងឯចម្ការ ព្រោះពុកម៉ែខ្ញុំក៏មានដីចម្ការដាំដំណាំមួយដុំនឹងគេដែរ។ ជារឿយៗពេលល្ងាចខ្ញុំចូលចិត្តទៅលេងឯចម្ការណាស់ ព្រោះទីនោះស្ងប់ស្ងាត់ត្រជាក់ស្រួល ពោរពេញទៅដោយបរិយាកាសបរិសុទ្ធ។ ខ្ញុំនាំរក្សាមកលេងចម្ការពីរបីដងហើយ ដូច្នេះគ្មានអ្វីដែលត្រូវខ្មាសអៀនទៀតឡើយ។ ដំបូងៗខ្ញុំអៀនៗដែរ ព្រោះនាំខ្ញុំកូនស្រីគេមកដើរលេងអ៊ីចឹងខ្ញុំមិនស្រណុកចិត្តសោះ។ លុះដល់តែធ្លាប់ទៅ ចេះតែចង់នាំកូនគេមកលេងឲ្យបានតែរាល់ៗថ្ងៃ ព្រោះវាជាសុភមង្គលមួយរបស់មនុស្សលោកដូចជាខ្ញុំ។ ជើងខ្ញុំកំពុងធាក់កង់ឌុបនារីលើផ្លូវលំក្រាលដោយដីនៃទីចម្ការ ដែលមានអមទៅដោយដើមចេក ដើមស្វាយ និងដើមឈើនៅលើដី។ ជំនោរចេះតែបក់មកល្វើយៗល្ហើយត្រជាក់ស្រួល ផ្ទៃមេឃមានសភាពធំធេងល្ហល្ហេវល្វឹងល្វើយ សត្វបក្សាបក្សីកំពុងស្រែកច្រៀងចេកចាចកំដរបរិយាកាស។ ខ្ញុំក៏ផ្ដើមវាចាទៅកាន់រក្សា គ្មានពេលណាដែលបងសប្បាយរីករាយ ជាងពេលនៅជាមួយអូនឡើយ។

« ពាក្យនេះបងនិយាយដាក់ស្រីៗប៉ុន្មាននាក់ហើយ? »
« ហា៎សហា៎ស អត់ទេ! អូនឯងគិតថាបងអាក្រក់អាក្រីអីដល់ម្លឹង ពាក្យនេះបងទើបតែនិយាយជាមួយអូនម្នាក់គត់ ហើយក៏ចំពោះតែអូនម្នាក់គត់ដែរ»

រក្សាកំពុងជិះពីក្រោយ នាងសើចតប
« ប្រុសៗច្រើនតែសម្តីផ្អែមអ៊ីចឹង សម្តីផ្អែមដូចទឹកឃ្មុំអាងតែដឹងថាស្រីៗចូលចិត្តស្ដាប់។ ចុះបើ អឺ… »
« ចុះបើយ៉ាងម៉េច…? »
« មើលចុះនិយាយមិនចេញទេ នៅចង់ប្រកែកថាខ្លួនស្អាតស្អំទៀត… »
« អត់ទេ បងស្អាតស្អំមែន មើលចុះខ្លួនបងមានប្រឡាក់អ្វី? »
« មិនបាច់ចង់គេចទេ គេថានារីគ្រប់រូបគួរតែប្រយ័ត្នសម្តីផ្អែមល្ហែមរបស់បុរស »
« គេថាហ្នឹង អ្នកណាថា… »
«​ គេហ្នឹងអ្នកថា… »

ខ្ញុំសើចតបទៅនាង ស្របពេលដែលជើងកំពុងធាក់កង់ទៅមុខ
« អ្នកថាហ្នឹងមិនចង់ឱ្យគេមានស្នេហា ទើបថាអ៊ីចឹងនោះ »
« ចេះតែថាគេអ៊ីចឹងហើយ គេនិយាយការពិតសោះ។ អូនឯងកុំចេះតែជឿតាមគេនោះ មនុស្សប្រុសមិនសុទ្ធតែដូចគ្នាទាំងអស់ឯណា…»

«​ និយាយផ្អែមដូចគ្នាហើយថាមិនដូចគ្នាទៀត កុំចង់មកបោកអូននោះ »
« អត់ទេ បងនិយាយមែន បងនិយាយចេញពីចិត្ត និយាយចេញពីបេះដូងបង »
« មានអីបញ្ជាក់ដែរទេ ព្រោះលោកសួនបោះបង់ចោលសូយា ទៅរៀបការនឹងនារីផ្សេង ប៊ុនធឿនមិនតស៊ូជាមួយវិធាវី ធ្វើឱ្យនាងឈឺចាប់រហូតដល់ស្លាប់ខ្លួន »

« បងមានចិត្តស្មោះ ចិត្តស្មោះដែលកប់ទុកក្នុងបេះដូងបង។ ប្រុសណាមិនដឹងទេ ប៉ុន្តែបើប្រុសបងមិនដូចប្រុសគេដទៃឡើយ »

ខ្ញុំងាកទៅ ឃើញនាងសើច ខ្ញុំក៏សប្បាយចិត្ត។ ខ្ញុំចេះតែបន្តធាក់កង់ទៅមុខទៀតឥតឈប់ មួយសន្ទុះក្រោយទើបទៅដល់ដីចម្ការរបស់ពុកម៉ែខ្ញុំ។ ដីនេះធំដែរមានសង់រោងឈើមួយដែលកំពុងឈរយ៉ាងស្ងៀមស្ងាត់ នៅជុំវិញនោះមានសុទ្ធតែដំណាំ វាលស្រែ វាលស្រូវ និងដើមត្នោតដុះឈរ

លើដីត្រង់ៗភ្លឹង ស្លឹកវាកំពុងរញ្ជួយញ័រព្រោះត្រូវខ្យល់បក់ ឯសក់ខ្ញុំនិងសក់រក្សាក៏ត្រូវប៉ើងរវិចៗដែរ។ ឈប់កង់យកទុកស្រួលបួលហើយ ពួកយើងក៏អង្គុយលេងលើគ្រែក្នុងរោងឈើសិន ដោយជជែកគ្នាពីនេះពីនោះ និងទទួលយកបរិយាកាសដ៏បរិសុទ្ធនៃធម្មជាតិ…។

មើលទៅលើមេឃ មេឃមីស្រទុំ ស្ដាប់ចាបរៃយំយំលាន់រងំ មើលទៅពពកឃើញពពកប្រមូលផ្ដុំដោយដុំៗ គួរឲ្យចង់គយគន់ជាពន់ពេក…។ វាយោបក់មកល្វើយៗល្ហើយត្រជាក់ស្រួល នេះជាសុភមង្គលមួយដ៏ធំក្នុងជីវិតរបស់ខ្ញុំ។
« ជ្រូកកាម៉ាប់! »
« បាទ… »
« អូនមានហៅបងឯងឯណា អូនហៅពពកទេតើ… »
ខ្ញុំសើចមើលតាមចង្អុលដៃរក្សាទៅលើមេឃ
« អូ៎ ច្រឡំមាត់ គេហៅពពកសោះ មកចង់ឆ្លើយជំនួសពពក » ខ្ញុំសើចឱនទៅជិតនាង
« បងធ្វើអ៊ីចឹងត្រឹមត្រូវណាស់ ព្រោះពពកវាអត់មានមាត់ឆ្លើយជាមួយអូនឯងទេ បងមិនចង់ឱ្យអូនត្រូវខ្មាសគេដោយខំហៅគេហើយគេមិនឆ្លើយ »

« ប៉ិននិយាយមែនណ៎… កាត់តាមអូនឯងទេ តាំងពីស្គាល់អូនឯងមក បងមានការផ្លាស់ប្ដូរច្រើនណាស់ ហើយបងក៏រៀនសូត្រពីអូនបានច្រើនដែរ »

« បងរៀនបានអ្វីខ្លះពីអូន? អូនឯងស្អាតឆ្លាតគួរឱ្យស្រឡាញ់ណាស់ បងចេះនិយាយព្រោះរៀនពីអូន បងក្លាហានជាងមុនក៏ព្រោះតែរៀនពីអូន។ អូនបង្រៀនបងឱ្យស្គាល់អ្វីទៅជាសេចក្តីស្នេហា ស្នេហាដែលបងមិនដែលដឹងមិនដែលស្គាល់សោះ ប៉ុន្តែបងបានដឹងបានស្គាល់ព្រោះតែអូន។ អូនបង្រៀនបងឱ្យចាកចេញពីទុក្ខសោក ចាកចេញពីសេចក្តីសៅហ្មងទាំងឡាយ។ »

« អូនបង្រៀនបងឱ្យចាកចេញពីទុក្ខយ៉ាងម៉េច? »
« គឺចាកចេញពីទុក្ខដោយគ្រាន់តែបានឃើញមុខអូន ឃើញស្នាមញញឹមរបស់អូនហ្នឹង ណា៎… »
« ស្អប់ណាស់ មើលនិយាយហ៎… »
« បងនិយាយពិតមែន នេះជាការពិតដែលបងចង់និយាយ »
« អូនមិនដែលឃើញប្រុសឯណា សម្ដីផ្អែមដូចបងឯងទេ សម្តីផ្អែមដូចទឹកឃ្មុំ »

ខ្ញុំសើចអេះក្បាល
« បងមិនដឹងដែរ ចំពោះអូនបងចេះតែនឹកឃើញពាក្យដែលទន់ភ្លន់សម្រាប់និយាយ ប្រហែលពាក្យទាំងនេះចេញពីមនោសញ្ចេតនារបស់បងដែលមានចំពោះអូនហើយ »

រក្សាញញឹមសម្លឹងទៅលើមេឃ ខ្ញុំតាមមើលមុខនាងឃើញក្រហមតិចៗ ខ្ញុំលួចសើចតែម្នាក់ឯង។
“មនុស្សស្រីពេលនាងអៀនកាន់តែគួរឲ្យស្រឡាញ់”។…

« អូនឯងមើលណ៎ ថ្ងៃជិតលិចហើយ។ ខ្ញុំចង្អុលទៅព្រះអាទិត្យដែលប្រុងប្រៀបរៀបអស្តង្គត រក្សាមើលតាមដៃខ្ញុំ រួចក៏ញញឹមតប មែនហើយបង ថ្ងៃជិតលិចហើយ។ អូនចូលចិត្តមើលថ្ងៃលិចណាស់ ព្រោះវាធ្វើឱ្យអារម្មណ៍អូនបានរីករាយ។»

« បើអូនចូលចិត្ត ចាំបងកំដរអូនមកមើលរាល់ថ្ងៃ។ ណាមួយបងសប្បាយចិត្តណាស់ពេលបានអង្គុយមើលថ្ងៃលិចជាមួយអូន។ ចុះពីមុនក្រែងបងថាមិនចេះមើលថ្ងៃលិចទេនោះអី?
« ចំណង់ចំណូលចិត្តរបស់អូន ក៏ដូចជាចំណងចំណូលចិត្តរបស់បង ពីមុនបងមិនចូលចិត្តព្រោះបងអង្គុយមើលតែម្នាក់ឯង។ ពេលនេះបងចូលចិត្តព្រោះបងបានអង្គុយមើលជាមួយអូន ស្នេហាធ្វើឲ្យបងផ្លាស់ប្ដូរច្រើនណាស់។»

« អូនចូលចិត្តស្ដាប់បងនិយាយអ្វីម្ល៉េះទេ សម្តីរបស់បងពីរោះទន់ភ្លន់ណាស់ ធ្វើឲ្យបេះដូងអូនរំភើបជានិច្ច »
ស្នាមញញឹមរបស់នាងធ្វើឲ្យចិត្តខ្ញុំរីករាយណាស់។ ខ្ញុំសម្លឹងមុខនាងយ៉ាងយូរជាមួយវាចា

« បងក៏ចូលចិត្តស្ដាប់សម្ដីរបស់អូនដែរ ព្រោះសម្ដីអូនពីរោះៗណាស់សម្រាប់បង ប៉ុន្តែបងចូលចិត្តមើលមុខអូនជាង។ ហេតុអ្វីពេលបានឃើញមុខអូនបងសប្បាយចិត្តអ្វីម្ល៉េះ បងសូមថើបមួយខ្សឺតមក… »
ខ្ញុំសើច រក្សាងាកមកទាំងក្រហមមុខ រួចស្រាប់តែនាងវ៉ៃស្មាខ្ញុំផាច់ៗ កុំច្រឡឺមពេកលោកប្រុស ប្រយ័ត្នត្រូវ…

« ហា៎សហា៎ស បើអូនចង់វ៉ៃបងៗឱ្យអូនឯងវ៉ៃមួយសេរី បងអត់ស្រែក អត់គេចទៅណា ឡើយ។ បងពលីខ្លួនបងឱ្យអូនឯងវ៉ៃ ដាល់ត្រង់ណាក៏បានដែរ ឱ្យតែអូនសប្បាយចិត្តនឹងវ៉ៃបង »
« មែនក៏អី បងឯងនិយាយលេងឬនិយាយមែន? »
« និយាយមែនពិត បងមានដែលកុហកអូនពីកាល… »

ផាច់! រក្សាស្រាប់តែទះខ្ញុំមួយកំផ្លៀង ខ្ញុំភ្ញាក់ព្រើត “ម៉េចរក្សាវ៉ៃខ្ញុំ” អូនឯងវ៉ៃបងធ្វើអី?
ឃើញខ្ញុំឆ្ងល់ នាងសើចសប្បាយ

« ចុះក្រែងបងឯងឱ្យអូនវ៉ៃអូនមិនវ៉ៃ ព្រោះអូនមិនដែលធ្វើឱ្យអ្នកដទៃខកបំណងចំពោះអូនឡើយ។ ពិសេសចំពោះបង អូនស្រឡាញ់​បងខ្លាំងប៉ុណ្ណា អូនក៏ធ្វើតាមពាក្យសម្តីរបស់បងយ៉ាងនោះដែរ »

« ឱ…អូនល្អអ្វីម្ល៉េះទេ បងរំភើបចិត្តណាស់ »
រក្សាអស់សំណើចចំពោះសម្ដីរបស់ខ្ញុំ ខ្ញុំក៏នៅតែឆ្ងល់តិចៗដដែល។ ប៉ុន្តែមួយកំផ្លៀងនេះហាក់គ្មានឈឺអ្វីសោះ វាបែរជាធ្វើឲ្យខ្ញុំចងចាំរឿងដ៏ល្អមួយក្នុងជីវិតទៅវិញ។ រក្សាវ៉ៃខ្ញុំព្រោះនាងស្រឡាញ់ខ្ញុំៗ ស្រាប់តែចង់ឱ្យនាងទះខ្ញុំមួយកំផ្លៀងទៀតដើម្បីឱ្យបានជាប់ថ្ពាល់ទាំងសងខាង កុំឱ្យបានម្ខាងខ្វះម្ខាងនាំឱ្យមានការទើសទាល់ នាំឲ្យថ្ពាល់ច្រណែនគ្នា។

« ទះបងមួយកំផ្លៀងទៀតមក ឱ្យបានគ្រប់ទាំងសងខាង »
« មែនក៏អី… »
ខ្ញុំភ្ញាក់ព្រើត “មែនក៏អី” ទៀតហើយ។ ខ្ញុំឱ្យវ៉ៃ រក្សាក៏ចេះតែវ៉ៃ អត់មានឃាត់គ្នាអីទេ។ ខ្ញុំប្រញាប់ឃាត់រក្សា “ឈប់សិនអូន… ” ខ្ញុំសើចយកដៃខ្ញុំទៅចាប់ដៃនាង ដៃនាងទន់ត្រជាក់ណាស់ធ្វើឱ្យខ្ញុំរំភើបអស់អង្គប្រាណ។ កុំអាលសិនអូន វ៉ៃបងមិញហ្នឹងប្រហែលអូនឈឺដៃដែរហើយ បងផ្លុំដៃឲឱ្យអូនសិន ចាំវ៉ៃបងទៀត។

រក្សាសើចសម្លឹងមកខ្ញុំ ស្របពេលដែលជំនោរខ្យល់បក់មកល្ហើយៗមកក្នុងរោងឈើ
« អូនឯណាដាច់ចិត្តវ៉ៃបងនោះ អូនធ្វើលេងទេ អូនទះបងមួយកំផ្លៀងបងឈឺទេ? »
« បងអត់ឈឺទេ បងមានតែសប្បាយចិត្តទៅវិញទេដែលអូនទះបងមួយកំផ្លៀង »
« អូនទះមួយកំផ្លៀងទៀតឥឡូវ »
« ហា៎សហា៎ស ចុះមានទៅទាស់ខុសអី សម្រាប់អូនបងបើកដៃឲ្យមួយសប្បាយ »
« ពូកែណាស់រឿងធ្វើឱ្យគេសប្បាយចិត្ត ខ្លួនឯងមិនគិតទេ »
« ឱ្យតែអូនសប្បាយចិត្ត បងក៏សប្បាយចិត្តដែរ »

ពួកយើងញញឹមសម្លឹងមើលមុខគ្នា ខ្ញុំមើលនាង នាងមើលខ្ញុំ។ នាងញញឹមដាក់ខ្ញុំ ខ្ញុំញញឹមដាក់នាង។ ពិភពលោកហាក់ដូចជាលែងវិល ពេលវេលាហាក់ដូចជាលែងដើរ អ្វីៗហាក់មានសភាពស្ងប់ស្ងៀមឈឹង នៅចំពោះមុខមនោសញ្ចេតនារបស់ពួកយើងទាំងពីរ។ នៅទីចម្ការនេះមានសភាពយ៉ាងត្រជាក់មនោរម្យ ជំនោរខ្យល់បក់មកល្ហើយៗ ផ្តល់នូវសេចក្តីសុខសុភមង្គលដល់គូរសង្សារថ្មីថ្មោងដូចជាខ្ញុំនេះ។

« មើលណ៎… ព្រះអាទិត្យលិចបណ្ដើរៗហើយបង » រក្សាស្រដីឡើង ខ្ញុំងាកមើលតាមដៃនាង។
ព្រះអាទិត្យចោលពន្លឺយ៉ាងខ្សោយមកលើផែនដី ព្រះអាទិត្យជិតលិចហើយ លិចចោលផែនដីក្នុងដំណើរដែលមានសភាពឃ្លាតចាកគ្នា ហើយតែងតែកើតមានជាដរាប…។

កំពុងអង្គុយគយគន់មើលថ្ងៃលិច ខ្ញុំក៏ងាកសម្លឹងសួររក្សា
«ហេតុអ្វីបានជាអូនចូលចិត្តមើលថ្ងៃលិច?

រក្សាងាកមកមើលខ្ញុំ រួចនាងញញឹមយ៉ាងស្រទន់
« បានជាអូនចូលចិត្តមើលថ្ងៃលិច ព្រោះវាជាចំណងចំណូលចិត្តរបស់អូន។ ណាមួយពេលអូនមើលថ្ងៃលិច អូនតែងរលឹកដល់បុរសម្នាក់ដែលធ្លាប់អង្គុយមើលថ្ងៃលិចជាមួយអូន។ បុរសដែលធ្វើឱ្យបេះដូងអូនរំភើប ធ្វើឱ្យអូនមានអារម្មណ៍កក់ក្តៅស្និទ្ធស្នាល អារម្មណ៍នេះតែងដក់ជាប់នៅក្នុងចិត្តរបស់អូនជានិច្ច»

ស្ដាប់ដល់ត្រឹមនេះ ខ្ញុំហាក់ខឹងនឹងរក្សាភ្លាមមួយរំពេច ខ្ញុំហាក់ចុកឈឺនៅត្រង់បេះដូង។
« នេះអូននិយាយពីអ្នកណា បុរសណា ម៉េចក៏និយាយបែបនេះ…? »
ខ្ញុំរឹតតែឆ្ងល់ ព្រោះរក្សាស្រាប់តែសើចហើយចាប់ដៃខ្ញុំ

« មិនមែនដូចបងគិតទេ ស្ដាប់អូនសិន។ បុរសនោះជាបុរសដែលស្ថិតនៅក្នុងសុបិនរបស់ អូន។ ក្រោយពេលដែលអូនបានជួបបងដំបូង ទើបអូនដឹងច្បាស់ថា បុរសនៅក្នុងសុបិនរបស់អូនជារូបបង ព្រោះបងធ្វើឲ្យចិត្តរបស់អូនរំភើប។ ពេលជួបបងភ្លាមអូនស្រាប់តែទទួលបានអារម្មណ៍រំភើបដូចក្នុងសុបិននោះ អូនចាំច្បាស់ណាស់ អូនប្រាកដចិត្តណាស់ថាជារូបបង។ បុរសដែលអូនតែងតែរង់ចាំ បុរសដែលអូនតែងរលឹកឃើញរៀងរាល់យប់។ សំឡេងរបស់រក្សាពីរោះស្រទន់ណាស់ សណ្តំចិត្តខ្ញុំឲ្យស្ថិតនៅក្នុងពិភពនៃសេចក្តីសុខសុភមង្គល ខ្ញុំរំភើបចិត្តណាស់ចំពោះសម្ដីរបស់នាង »

ខ្ញុំកាន់តែរំភើបទៅទៀត ព្រោះពេលដែលនាងនិយាយចប់ នាងស្រាប់តែបន្ទន់ខ្លួនផ្អែកលើស្មាខ្ញុំ ធ្វើឲ្យបេះដូងរបស់ខ្ញុំកក្រើករញ្ជួយយ៉ាងខ្លាំង។ ខ្ញុំរំភើបខ្លាំងណាស់ ចំពោះទិដ្ឋភាពដ៏ទន់ភ្លន់ពោរពេញដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ។

អូនតែងស្រមៃចង់មើលថ្ងៃលិចបែបនេះជាមួយបង។ វាជាក្តីប្រាថ្នាដែលពោរពេញទៅដោយសេចក្តីសុខរបស់អូន ជម្រុញឱ្យអូនចូលចិត្តមើលថ្ងៃលិចកាន់តែខ្លាំង។ ប៉ុន្តែពេលបានស្គាល់បងហើយ ធ្វើម្ដេចអូនបានអង្គុយមើលថ្ងៃលិចជាមួយបង ព្រោះបងដឹងស្រាប់ហើយ ក្នុងសភាពជានារីភេទ តើឱ្យអូននិយាយសុំបងដូចម្ដេចកើត? ហើយទាំងដែលកាលនោះទំនាក់ទំនងរបស់ពួកយើងត្រឹមតែជាមិត្តភក្តិ។ ហេតុនេះអូនបានត្រឹមតែរក្សាសេចក្តីសង្ឃឹមរបស់អូនទុកនៅក្នុងចិត្ត…។ ហេតុអ្វីបានជាបងចូលចិត្តញញឹមបែបនេះ…? ប៉ុន្តែអូនចូលចិត្តឱ្យបងញញឹម ព្រោះស្នាមញញឹមរបស់បងធ្វើឱ្យបេះដូងរបស់អូនរំភើប ធ្វើឱ្យអូនរីករាយណាស់ពេលដែលបានឃើញស្នាមញញឹមរបស់បង។ បងដឹងទេអូនរឹតតែរីករាយទៅទៀត នៅពេលដែលបងសារភាពប្រាប់ថា បងស្រលាញ់អូន។ បងចាំទេ? ពេលនោះអូនរំភើបណាស់ អូនស្មានថាអូនកំពុងតែយល់សប្តិផងទេ។

ខ្ញុំចាប់ក្រសោបដៃនារី និយាយទាំងរំភើបរីករាយក្រោមជំនោរខ្យល់ពេលល្ងាចត្រជាក់ថា
« បងចាំបាន បងចាំមិនភ្លេចទេនៅក្នុងជីវិតនេះ។ ពេលនោះបងភ័យណាស់ បងខ្លាចថាអូនមិនមានចិត្តស្រឡាញ់បង។ ប៉ុន្តែនៅពេលដែលដឹងថាអូនក៏ស្រឡាញ់បងដែរ បងសែនសប្បាយចិត្តណាស់ ព្រោះបំណងដែលបងគិតថាមិនអាចសម្រេចនោះ បានសម្រេចហើយ។ ស្ទើរតែរាល់យប់បងតែងយល់សប្តិឃើញអូនជានិច្ច អូនដូចជាទេពអប្សរដែលចាំលួងលោមចិត្តរបស់បងនៅក្នុងសុបិន។ បងមិនចង់ភ្ញាក់ពីដំណេកសោះឡើយ ព្រោះបងចង់នៅជាមួយអូន។ អូនធ្វើឱ្យបងមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះសុភមង្គលនៃស្នេហា…។ ពេលនេះបំណងរបស់ពួកយើងបានសម្រេចហើយ។ បងស្រឡាញ់អូន បងស្រលាញ់អូនជានិច្ច ព្រះអាទិត្យអាចលិចបាន ប៉ុន្តែសេចក្តីស្រឡាញ់របស់បងដែលមានចំពោះអូនមិនលិចសាបសូន្យជាដាច់ខាត។»

ខ្ញុំឃើញនាងញញឹម ញញឹមដោយសេចក្តីរំភើបរីករាយ។ កែវភ្នែករបស់នាងភ្លឺថ្លា បញ្ចេញពន្លឺយ៉ាងស្រទន់ ប្រកបដោយមនោសញ្ចេតនា។ រក្សាកំពុងផ្អែកខ្លួនលើស្មាខ្ញុំ ពួកយើងគយគន់មើលថ្ងៃលិចជាមួយគ្នា ទុកឱកាសបេះឱ្យដូងរបស់ពួកយើងសន្ទនាអំពីសេចក្តីស្នេហា ដែលកប់ទុកយ៉ាងជ្រៅនៅក្នុងសភាពមួយដែលគេពុំអាចនិយាយចេញមកក្រៅបាន។

……………

ទំនាក់ទំនងរបស់ពួកយើង ត្រូវបានអ្នកដទៃទៀតដឹងឮគ្រប់ៗគ្នា ជីវិតរបស់ខ្ញុំស្ថិតនៅក្នុងសភាពមួយខុសប្លែកពីមុនស្រឡះ។ អ្វីៗត្រូវបានប្ដូរផ្លាស់យ៉ាងច្រើន ថ្វីត្បិតតែភ្នែកខ្ញុំនៅដដែល ប៉ុន្តែខ្ញុំមើលឃើញអ្វីៗសុទ្ធតែខុសពីមុន។ ខ្ញុំនិងរក្សាស្និទ្ធស្នាលនឹងគ្នាណាស់ ពេលចេញលេងពួកយើងតែងជួបនិយាយគ្នាជានិច្ច មិនលស់មួយទេណាឡើយ។ ទំនាក់ទំនងរបស់ពួកយើងប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ។ សេចក្តីរីករាយ និងស្នាមញញឹមតែងតែលេចឡើងនៅលើ ផ្ទៃមុខរបស់ពួកយើងជានិច្ច។

ពួកយើងតែងចំណាយពេលវេលាបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា យើងសន្ទនាជាមួយគ្នាយ៉ាងរីករាយ ជិះកង់ឌុបគ្នាទៅចម្ការ អង្គុយនៅមាត់បឹងមើលថ្ងៃលិចជាមួយនៅលើវាលស្មៅបៃតងខ្ចីដ៏ស្រស់ត្រកាល ក្រោមជំនោរខ្យល់ដែលបក់មកល្វើយៗ។ ជួនកាលពួកយើងដេកលើវាលស្មៅ មើលទៅលើផ្ទៃមេឃដ៏ធំល្ហល្ហេវល្វឹងល្វើយ យើងរាប់សត្វចាបដែលកំពុងហើរទាំងហ្វូងៗ យើងស្ដាប់សំឡេងចាប យើងសន្ទនាគ្នា អ្វីៗគ្រប់យ៉ាងពោរពេញដោយ មនោសញ្ចេតនា ៗដែលមានសភាពធំធេងដូចលំហមេឃ។ សកម្មភាពទាំងនេះប្រព្រឹត្តទៅយ៉ាងស្និទ្ធស្នាល សេចក្តីស្រឡាញ់របស់ពួកយើងចេះតែបន្តមានជីវិតរហូតដល់ពួកយើងប្រឡងបាក់ឌុបចប់រៀងៗខ្លួន។ ខ្ញុំនិងរក្សាទទួលបានលទ្ធផលល្អគួរជាទីពេញចិត្ត ពួកយើងដើរលេងជាមួយគ្នា ទៅចម្ការមើលថ្ងៃលិចជាមួយគ្នា ដែលជាចំណង់ចំណូលចិត្តរបស់ពួកយើងទាំងពីរ។

—————–
ចន្ទអើយរះមក

លុះដល់ពេលចូលរៀននៅសាកលវិទ្យាល័យ ពួកយើងក៏ត្រូវបែកឃ្លាតគ្នាព្រោះជំនាញ និងទិសដៅនៃជីវិតមានរៀងៗខ្លួន។ ប៉ុន្តែពួកយើងនៅទាក់ទងជាមួយគ្នាជាធម្មតា គ្រាន់តែមិនសូវស្និទ្ធស្នាលខ្លាំងដូចមុន ព្រោះម្នាក់ៗចំណាយពេលច្រើនជាមួយការសិក្សា និងរបត់ថ្មីនៃជីវិត។
…………
ចូលមកដល់ឆ្នាំទី២ហើយ កាន់តែយូរៗទៅខ្ញុំហាក់ដូចជាមានអារម្មណ៍ចម្លែកនៅក្នុងចិត្ត ធ្លាប់តែលេងឆាតជាមួយរក្សាសប្បាយរំភើប ឥឡូវប្រែក្លាយជាធម្មតា។ អ្វីៗហាក់ប្រែទៅរកសភាពមួយដែលគ្មានការរំភើបដូចមុនសោះ។ ខ្ញុំខានឃើញរក្សាជិតមួយខែហើយ ព្រោះរក្សាថាខ្លួននាងឈឺពិបាកទៅស្រុក ដោយនាងនៅផ្ទះជាមួយបងឯភ្នំពេញ។

ថ្ងៃនេះជាថ្ងៃសៅរ៍ខ្ញុំក៏មកលេងផ្ទះ ចំណែករក្សាក៏មកស្រុកវិញដែរ ព្រោះនាងថាបានស្រួលខ្លួនវិញហើយៗ ពួកយើងក៏ណាត់ជួបនិយាយគ្នាឯចម្ការដូចកាលពីមុន។ ខុសទាស់ត្រង់លើកនេះ ខ្ញុំទៅដោយសភាពធម្មតាគ្មានការរំភើបអ្វីសោះ។ ខុសពីលើកមុនដែលខ្ញុំទៅដោយចិត្តរំភើបកក្រើករញ្ជួយញ័រអស់ទាំងបេះដូង…។ គ្រែដែលខ្ញុំកំពុងអង្គុយលើ ដែលកាលមុនធ្វើឱ្យខ្ញុំញញឹមញញែមរីករាយសប្បាយឥតឧបមា ឥឡូវប្រែជាស្ងប់ស្ងួតស្ងៀមស្ងាត់គួរឱ្យចម្លែកចិត្ត។ អ្វីៗនៅក្នុងខ្លួនខ្ញុំហាក់ផ្លាស់ប្ដូរសភាពដើមកាលពីមុនអស់ ចិត្តរំភើប ចិត្តស្រឡាញ់ ភាពរីករាយហាក់ស្ងាត់បាត់សូន្យបន្តិចម្ដងៗចេញពីចិត្តរបស់ខ្ញុំ។ សភាពនៃការអផ្សុកហាក់លេចខ្លួនឡើងកាន់តែច្បាស់។ ខ្ញុំមិនដឹងថាហេតុអ្វីបានទៅជាបែបនេះទេ…។ ពេលនេះខ្ញុំឃើញរក្សាជិះម៉ូតូមកពីចម្ងាយ ខ្ញុំក៏ងើបឈរហើយញញឹមដាក់នាងតាមទម្លាប់ដូចចរាល់ដង។ តែឥឡូវខ្ញុំឃើញរក្សាក៏ដូចជាឃើញមិត្តភក្តិធម្មតា អារម្មណ៍ពីមុនរសាត់បាត់ទៅណាអស់ហើយ?…

ពេលមកដល់ រក្សាក៏ឈប់ម៉ូតូរួចដោះមួយចេញ ខ្ញុំឃើញមុខនាងឥឡូវខុសប្លែកពីពេលមុន។ មុខនាងឥឡូវមានមុនច្រើនណាស់ មុខនាងឥឡូវមិនដូចពីមុនឡើយ។ ចំណែករូបរាងរបស់នាងក៏ប្រែខុសពីមុនដែរ នៅក្នុងអារម្មណ៍របស់ខ្ញុំ អ្វីៗហាក់ផ្លាស់ប្ដូរសភាពដើមអស់រលីង។ ខ្ញុំចាប់ផ្ដើមប្រៀបធៀបនាងជាមួយនារីដទៃដែលខ្ញុំបានឃើញ គេស្អាតជាងនាង គេសជាងនាង គេមានរូបរាងស្រឡូនស្អាតជាងនាង។ ឥឡូវនេះស្នាមញញឹមរបស់នាង លែងធ្វើឱ្យបេះដូងខ្ញុំរំភើបទៀតហើយស្នាមញញឹមនេះប្រែក្លាយជាធម្មតាដូចជាស្នាមញញឹមរបស់មនុស្សដទៃទៀតដែលខ្ញុំធ្លាប់បានឃើញ…។

ខ្ញុំញញឹមសម្លឹងមើលទៅនាងដោយធម្មតា អស់មានក្តីរំភើបដូចមុនហើយក្តីស្រឡាញ់ដែលខ្ញុំមានចំពោះនាងកាន់តែរសាយ ប្រៀបដូចទូកដែលកាន់តែឃ្លាតឆ្ងាយចាកពីកំពង់រហូតដល់មើលលែងឃើញ។ ខ្ញុំមិនដឹងថាហេតុអ្វីវាទៅជាបែបនេះទេ ហើយខ្ញុំក៏មិនចង់ឱ្យវាកើតឡើងដែរ ប៉ុន្តែឥឡូវវាកើតមកលើខ្ញុំទៅហើយ…។ រក្សាឥឡូវមិនដូចពីមុនឡើយ ខ្ញុំមើលឃើញនាងខុសប្លែកពីមុនស្រឡះ អារម្មណ៍របស់ខ្ញុំចំពោះនាងក៏ខុសពីមុនដែរ បេះដូងខ្ញុំលែងលោតញាប់ ឬរំភើបពេលបានឃើញនាងដូចមុនទៀតហើយ។ អារម្មណ៍ស្រលាញ់របស់ខ្ញុំចំពោះនាងចាប់ផ្ដើមបាត់បង់ ប្រៀបដូចទឹកស្ទឹងដែលរីងស្ងួតសល់ត្រឹមជាទឹកថ្លុក…។

ពួកយើងអង្គុយនិយាយគ្នាពីនេះពីនោះ សំណើចរបស់ពួកយើងនៅតែមាន ប៉ុន្តែខ្ញុំមិនដឹងថាសំណើចរបស់នាងមានន័យយ៉ាងណាឡើយ ប៉ុន្តែសំណើចរបស់ខ្ញុំនៅពេលនេះខុសពីមុនហើយ។ សកម្មភាពរបស់នាងនៅពេលនេះមិនខុសពីមុនឡើយ នាងយកចិត្តទុកដាក់ចំពោះខ្ញុំ ស្រឡាញ់ខ្ញុំ ប៉ុន្តែចិត្តរបស់ខ្ញុំនៅពេលនេះ បែរជាខុសប្លែកពីពេលមុនទៅវិញ។ អ្វីៗហាក់ប្រែប្រួលអស់ហើយសម្រាប់ខ្ញុំ ចិត្តរបស់ខ្ញុំចំពោះនាងប្រៀបដូចជាព្រះអាទិត្យដែលកំពុងលិច តើខ្ញុំត្រូវទុកឱ្យនាងស្ថិតនៅក្នុងសភាពងងឹតឯកោឬ?…
ពួកយើងជជែកគ្នាដោយរីករាយតាមទម្លាប់ លុះដល់ល្ងាចបន្តិច ខ្ញុំក៏ជូនរក្សាត្រឡប់ទៅផ្ទះវិញ។ នៅតាមផ្លូវរក្សាចេះតែនាំខ្ញុំនិយាយពីនេះពីនោះ នាងមិនខុសពីពេលមុនឡើយ នាងនៅតែរួសរាយជានិច្ចជាមួយខ្ញុំ។
…………….
វេលាក្រោយមកនៅថ្ងៃមួយ ពួកយើងក៏មានជម្លោះនឹងគ្នាដោយសារតែរឿងបន្តិចបន្តួច ដែលកើតឡើងដោយសារការប្រចណ្ឌ និងគិតតែម្នាក់ឯងរបស់ខ្ញុំ។ ពួកយើងខឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃគ្មានអ្នកណាចុះចាញ់អ្នកណាឡើយ។ រហូតដល់ខ្ញុំទ្រាំលែងបានដោយសារអស់ក្តីស្រឡាញ់ កើតការធុញទ្រាន់ និងគិតថាមិនចង់បន្តទំនាក់ទំនងនេះទៀត ខ្ញុំក៏សម្រេចចិត្តឆាតសុំបែកពីរក្សា។ ខ្ញុំគ្មានគិតអ្វីច្រើនឡើយក្នុងរឿងនេះ ព្រោះគ្មានអ្វីដែលត្រូវគិតទៀតទេ បើខ្ញុំហាក់អស់ចិត្តស្រឡាញ់ទៅហើយ។ ទោះនៅជាមួយគ្នាក៏ខ្ញុំគ្មានចិត្តរំភើបរីករាយអ្វីទៀតដែរ ខ្ញុំមិនចេះនៅក្នុងសភាពបែបនេះទេ។ ហើយខ្ញុំក៏មិនអាចបន្តបានទៀតដែរ ព្រោះនាងរួសរាយពេក រួសរាយជាមួយមនុស្សគ្រប់គ្នា រហូតទាល់តែខ្ញុំធុញទ្រាន់ និងខឹងប្រចណ្ឌនាងជារឿយៗ។ ដូច្នេះហើយយើងគួរតែបើកសេរីភាពឱ្យគ្នាចុះ។ ខ្ញុំសុំបែកពីនាងៗអង្វរករខ្ញុំច្រើនណាស់ អង្វរកុំឱ្យបែកពីនាងអី។

ខ្ញុំគិតថាមិនអាចបន្តបានទៀតទេ ទោះបីនាងអង្វរករក៏គ្មានឥទ្ធិពលអ្វីមកលើចិត្តរបស់ខ្ញុំដែរ។ ខ្ញុំចង់មានសេរីភាពឡើងវិញ ពួកយើងគួរតែចែកផ្លូវគ្នារៀងៗខ្លួនចុះ។ ហើយកន្លងទៅតែបន្តិចនាងច្បាស់ជាភ្លេចខ្ញុំ និងលែងកើតទុក្ខអ្វីទៀតហើយ ព្រោះស្នេហាយុវវ័យចំណាំតែអ៊ីចឹងគ្មានអ្វីទៀងទាត់ទេ បន្តិចទៅក៏លែងអីវិញហើយ ឬនាងអាចជួបអ្នកថ្មីដែលល្អជាងខ្ញុំ នាងអាចកសាងទំនាក់ទំនងថ្មីជាមួយអ្នកផ្សេងដែលល្អជាងខ្ញុំបាន…។ អ្វីៗគង់តែកន្លងផុតទៅ គ្មានអ្វីដែលនាងនៅអាឡោះអាល័យខ្ញុំយូរឡើយ។ យុវវ័យមានសភាពផ្លូវចិត្តមួយឆាវៗប៉ុណ្ណោះ ស្រឡាញ់ខ្លាំងប៉ុណ្ណាក៏គង់សាបរលាបទៅវិញដែរ នៅពេលយូរៗទៅ។ ហើយខ្ញុំសុំបែកពីនាងៗ ក៏គិតថាខ្ញុំមិនល្អ ដូច្នេះនាងក៏គួរតែកាត់ចិត្តបានលឿនដែរ មិនមានអ្វីដែលត្រូវសោកសៅនឹងខ្ញុំយូរឡើយ។ នាងគួរតែជួបអ្នកថ្មីដែលល្អជាងខ្ញុំ ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់នាងទេ។ បើខ្ញុំនៅជាមួយនាងក៏ដូចជាបោកបញ្ឆោតធ្វើបាបនាង ហើយធ្វើបាបខ្លួនឯងដែរ បើខ្ញុំលែងស្រឡាញ់នាងទៅហើយ។ ដូច្នេះជម្រើសដ៏ល្អយើងគួរតែបែកគ្នាទៅ ខ្ញុំសង្ឃឹមថានាងនឹងជួបអ្នកថ្មីដែលល្អជាងខ្ញុំ…។

ខ្ញុំឃើញរក្សាឆាតមកច្រើនដែរតែខ្ញុំមិនចូលមើល ខ្ញុំបិទទូរសព្ទចោល ទុកឱ្យពេលវេលាកន្លងផុតទៅ អ្វីៗនឹងល្អប្រសើរឡើងវិញ។ ចាប់ពីពេលនោះមក ខ្ញុំលែងឆាតទៅរក្សាទៀតហើយៗ ក៏មិនបានជួបគ្នាទៀតដែរ។ ហើយខ្ញុំក៏គ្មានបំណងចង់ជួបនាងទៀតដែរ កុំឱ្យពិបាកប្រឈមមុខជាមួយគ្នា។ បើទោះបីជាជួបគ្នាដោយចៃដន្យ ក៏ខ្ញុំគេចមុខមិនឱ្យនាងឃើញដែរ។

ប៉ុន្មានថ្ងៃដំបូងរក្សានៅតែឆាតមកខ្ញុំ ប៉ុន្តែខ្ញុំមិនចូលមើលមិនចូលតបអ្វីឡើយ ព្រោះក៏មិនដឹងនិយាយអ្វីដែរ។ ខ្ញុំដឹងថាអាចនឹងធ្វើបាបនាង ប៉ុន្តែស៊ូឲ្យនាងពិបាករយៈពេលខ្លី កាត់ចិត្តពីខ្ញុំឱ្យដាច់ចុះ កុំឱ្យមានការធុញថប់ពិបាកទាំងសងខាងរយៈពេលយូរ។ លុះដល់យូរបន្តិចទៅ អ្វីៗក៏ស្ងាត់បាត់ទៅវិញ ខ្ញុំក៏មិនដែលបានឃើញ ឬមានទំនាក់ទំនងជាមួយរក្សាទៀតដែរ…។

…………..

ថ្ងៃផ្លាស់ទៅជាយប់ យប់ផ្លាស់ទៅជាថ្ងៃ អ្វីៗប្រែប្រួលរំលងទៅមុខជាច្រើនខែ…។ ពេលនេះប្រហែលរក្សាអាចកាត់ចិត្តពីខ្ញុំបានជ្រះស្រឡះហើយ។ ខ្ញុំរៀនសូត្ររួចដើរលេងជាធម្មតា។ ថ្ងៃនេះខ្ញុំចុះទៅស្រុកវិញព្រោះជាថ្ងៃសៅរ៍។ ទៅដល់ផ្ទះ ខ្ញុំស្រាប់តែឃើញម៉ែស្លៀកពាក់សពានា ក្រម៉ា បម្រុងទៅបុណ្យសពអ្នកណាមួយ ក្នុងទឹកមុខយ៉ាងក្រៀមក្រំ។

« ទៅណាហ្នឹងម៉ែ? »
« ម៉ែទៅបុណ្យកូនរក្សា… កូនរក្សាស្លាប់ហើយ នាងនៅក្មេងណាស់ ហេតុអ្វីអាយុខ្លីបែប នេះ…ហ៊ឹម… »
« កូនរក្សា! »
ខ្ញុំធ្លាក់ថ្លើមក្តុក ព្រោះពាក្យនេះម៉ែខ្ញុំគាត់ហៅតែចំពោះរក្សាម្នាក់គត់ ព្រោះពេលយើងទាក់ទងគ្នា ម៉ែខ្ញុំក៏ដឹង ហើយគាត់ចំណាំហៅរក្សាថាកូនៗ។ ពេលបែកគ្នាគាត់មិនបានដឹងទេ ព្រោះខ្ញុំមិនបាននិយាយអ្វីប្រាប់ដល់គាត់ឡើយ។ ខ្ញុំរន្ធត់ចិត្តណាស់ ខ្ញុំស្ទើរទន់ជង្គង់ដួល ខ្លួនខ្ញុំត្រជាក់ស្រេប ខ្ញុំមិនជឿទេ ខ្ញុំស្ដាប់ច្រឡំហើយ មិនអាចទេ មិនអាចទៅជាបែបនេះទេ។

« រក្សាណាម៉ែ? ម៉ែថារក្សាណា? »
« រក្សាប្អូនកូនឯងហ្នឹង គ្រួសារនាងទើបតែបញ្ជូនសពមកធ្វើបុណ្យនៅឯស្រុក កូនរក្សាស្លាប់ហើយ ម៉ែក៏ទើបតែដឹងដែរ ម៉ែរន្ធត់ក្នុងចិត្តណាស់ នាងជានារីស្លូតបូតទន់ភ្លន់គួរឱ្យស្រលាញ់ណាស់ នាងនៅក្មេងណាស់មិនគួរណាមានអាយុខ្លីបែបនេះទេ ហ៊ឹម… សង្ខាររបស់មនុស្សមិនទៀងឡើយ ឥឡូវចាស់សក់ស្កូវបែរជាជូនដំណើរក្មេងសក់ខ្មៅទៅវិញ ហ៊ឹម… »

ខ្ញុំរន្ធត់ចិត្តកាន់តែខ្លាំង ខ្ញុំមិនមែនស្ដាប់ច្រឡំទេ រក្សា…រក្សាអូនស្លាប់…។ ហេតុអ្វីអូនស្លាប់ ហេតុអ្វីបានជាមានរឿងនេះកើតឡើង រក្សា​…​រក្សាអូន​…​អូនបាត់បង់​ជីវិត មិនអាចទេ មិនអាចទេ មិនពិតទេ…​។ ខ្ញុំត្រជាក់ដៃជើង ខ្ញុំគ្មានកម្លាំងឡើយ ទឹកភ្នែកខ្ញុំហូរស្រក់ចុះមកឥតឈប់។

វិប្បដិសារីចាប់ផ្ដើមជេរស្ដីខ្ញុំ រឿងទាំងនេះមកពីខ្ញុំទាំងអស់ ខ្ញុំធ្វើឱ្យរក្សាស្លាប់ ខ្ញុំធ្វើឱ្យរក្សាបាត់បង់ជីវិតហើយ។ បងគិតថាអូនបំភ្លេចបងបាន ហើយរស់នៅសប្បាយរីករាយហើយ។ ប៉ុន្តែឥឡូវ…ហេតុអ្វីពេលនេះ បងទទួលបានដំណឹងបែបនេះទៅវិញ រក្សាអូន…ហេតុអ្វីអូន…

« កុំខូចចិត្តខ្លាំងពេកកូន កូនរក្សាទៅបានសុខហើយ គេទៅចាប់ភពកំណើតថ្មីហើយ… »

រក្សាហេតុអ្វីរឿងនេះកើតឡើងមកលើអូន អូននៅក្មេងណាស់… ហេតុអ្វីអូនស្លាប់ ឬមកពីបងៗធ្វើឱ្យអូនគ្រាំគ្រាចិត្ត ឬអូនមានគ្រោះថ្នាក់អ្វី ហេតុអ្វីបានជាអូនស្លាប់ អូននៅក្មេងណាស់ រក្សាអូន…បងខុសហើយ បងដឹងខុសហើយ បងខុសធ្ងន់ណាស់…។

ទឹកភ្នែកខ្ញុំស្រក់ចុះមកឥតឈប់ វិប្បដិសារីចាប់ផ្ដើមផ្តន្ទាខ្ញុំហើយ។ អនុស្សាវរីយ៍ទាំងប៉ុន្មានដែលធ្លាប់បានសាងជាមួយគ្នា បានលេចត្រដែតឡើងក្នុងខួរក្បាលខ្ញុំ ចម្ការដែលយើងធ្លាប់មើលថ្ងៃលិចជាមួយគ្នា ស្មាដែលអូនធ្លាប់ផ្អែក មាត់បឹងដែលអូននិងបងធ្លាប់អង្គុយលេង វាលស្មៅដែលអូននិងបងធ្លាប់ដេកលើ មើលទៅផ្ទៃមេឃ… ហេតុអ្វីអូនទៅជាបែបនេះ?… ឥឡូវនេះម្ចាស់អនុស្សាវរីយ៍បានបាត់ហើយ អូនទៅហើយ… អូនទៅចោលបងហើយ…។

ខ្ញុំមិនអាចទទួលយកបានទេ រក្សាអូនៗមិនអាចស្លាប់ទេ…។ ខ្ញុំអង្គុយចុះនៅលើគ្រែនៅក្បែរនោះ ខ្ញុំសម្រក់ទឹកភ្នែកអោនមុខចុះ ខ្ញុំសោកស្ដាយណាស់… ខ្ញុំអាណិតរក្សាណាស់…។ រក្សាអូនទៅចោលបងរហូតហើយ… ខ្ញុំបានត្រឹមសម្រក់ទឹកភ្នែកពោរពេញដោយវិប្បដិសារី និងក្តីឈឺចាប់។ ខ្ញុំជាមនុស្សចោលម្សៀត ជាមនុស្សគ្មានទំនួលខុសត្រូវ ភាពគ្មានទំនួលខុសត្រូវនេះបានធ្វើឱ្យបងបាត់បង់អូន បងខុសធ្ងន់ណាស់… បងខុសធ្ងន់ណាស់… បងចង់ឱ្យអូនត្រឡប់មកវិញ… បងមិនចង់បាត់បង់អូនឡើយ… បងមិនចង់​ឲ្យ​អូនចាកចេញទាំងបែបនេះទេ បងចង់ឲ្យអូនត្រឡប់មកវិញ បងខុសហើយ បងខុសហើយ…។

មួយសន្ទុះក្រោយមក ទើបខ្ញុំសម្រេចចិត្តទៅបុណ្យសពរបស់រក្សា។ រាងកាយខ្ញុំមិនខុសពីសំបកឈើឡើយ ជារាងកាយដែលឥតវិញ្ញាណ ខ្ញុំមិនអាចទទួលយកបានទេចំពោះរឿងនេះ។

បងមានវិប្បដិសារីណាស់… បងធ្វើខុសចំពោះអូនច្រើនណាស់… អូនទៅហើយ… អូនទៅចោលបងលែងត្រឡប់មកវិញហើយ…។

ទឹកភ្នែកខ្ញុំស្រក់ចុះ បេះដូងខ្ញុំយំស្រែកដង្ហោយហៅរក្សាជានិច្ច។ មច្ចុរាជអើយសូមយកជីវិតខ្ញុំ ហើយដោះលែងរក្សាមកវិញមក ឱ្យរក្សាស្លាប់អី សូមឱ្យនាងត្រឡប់ មកវិញមក នាងមិនបានធ្វើខុសអ្វីទេ នាងស្លូតបូតណាស់។ អ្នកខុសគឺខ្ញុំ មកយកខ្ញុំទៅ… ទៅដល់រោងបុណ្យ ខ្ញុំឃើញគ្រួសាររបស់រក្សាកើតទុក្ខខ្លាំងណាស់ ភ្នែករបស់ពួកគាត់ដាមពេញដោយទឹកភ្នែក មុខពួកគាត់បាត់អស់រស្មីនៃក្តីសង្ឃឹម ពិសេសឪពុកម្ដាយរបស់រក្សា។ ខ្ញុំអាណិតពួកគាត់ខ្លោចចិត្ត ពួកគាត់បាត់បង់កូនស្រីដ៏ល្អរបស់គាត់ហើយ។ ទឹកមុខរបស់ពួកគាត់ពោរពេញទៅដោយភាពអស់សង្ឃឹម និងក្តីឈឺចាប់។ សំឡេងដង្ហោយហៅកូន សំឡេងយំសោក បានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ទឹកភ្នែករបស់ពួកគាត់ស្រក់លើផែនដី ក្តីឈឺចាប់មានទំហំធំធេងពន់ពេក។

រក្សាព្រាត់ពីឪពុកម្ដាយរបស់នាងហើយ រក្សាទៅចោលពួកគាត់រហូតហើយ…។ ខ្ញុំស្លុតក្នុងចិត្ត ទឹកភ្នែកខ្ញុំស្រក់ចុះមកទៀតហើយ បេះដូងខ្ញុំចាប់ផ្ដើមឈឺផ្សា ជើងខ្ញុំក៏ឈានទៅណាលែងរួចទៀតដែរ។ រូបថតរក្សាតាំងនៅខាងមុខ មើលចុះ រូបនាងនៅខាងមុខខ្ញុំច្បាស់ណាស់ នាងកំពុងតែញញឹមមកកាន់ខ្ញុំ។ ប៉ុន្តែសល់ត្រឹមតែស្នាមញញឹមនៅក្នុងរូបថត ឯម្ចាស់ខ្លួនលែងវិលវិញហើយ

អូនទៅហើយ អូនទៅចោលមនុស្សគ្រប់គ្នាហើយ…បង…បងខុសហើយ…បងខុសធ្ងន់ណាស់អូន បងមិនអាចលាងជម្រះអំពើអាក្រក់របស់បងបានទេ…រក្សាអូន រក្សាអូន…។

ខ្ញុំស្រែកដង្ហោយហៅតែក្នុងចិត្ត ទឹកភ្នែកខ្ញុំស្រក់ចុះរឹតតែច្រើនឡើង។ ពេលម្ដាយរក្សាឃើញខ្ញុំ គាត់ស្រាប់តែដើរមកកាន់ខ្ញុំ ក្រោយដែលនិយាយជាមួយម្ដាយរបស់ខ្ញុំពីរបីម៉ាត់ររួចមក។ គាត់នាំខ្ញុំទៅឆ្ងាយពីគេឯង គាត់យំកាន់តែខ្លាំងពេលឃើញខ្ញុំ។ ខ្ញុំកាន់តែមានវិប្បដិសារីខ្លាំងឡើង ខ្ញុំបានត្រៀមចាំទទួលពាក្យស្ដីថារបស់គាត់ ទោះគាត់ជេរខ្ញុំ ស្ដីបន្ទោសខ្ញុំ វាយខ្ញុំ ឬធ្វើបែបណាចំពោះខ្ញុំក៏ដោយ ក៏ខ្ញុំមិនខឹងនឹងគាត់ដែរព្រោះខ្ញុំមានកំហុសធំណាស់ ជាកំហុសដែលនាំឲ្យខ្ញុំមានវិប្បដិសារីអស់មួយជីវិត។

« ហេតុអ្វីក្មួយមិនមកលេងរក្សាសោះ…ទោះរក្សាប្រាប់ថាក្មួយរវល់នឹងការរៀនសូត្រខ្លាំងយ៉ាងណាក៏ដោយ ក៏ក្មួយគួរមកលេងនឹងប្អូនពេលដែលនាងឈឺថ្កាត់ដែរ។ រក្សាកូនអ៊ំតែងរវើរវាយហៅឈ្មោះក្មួយជានិច្ច…។ កូនអ៊ំ…កូនអ៊ំ… »

គាត់យំកាន់តែខ្លាំង ខ្ញុំកាន់តែរន្ធត់ចិត្ត ឈឺចាប់ខ្លាំងឡើង។ រក្សាអូនៗមិនប្រាប់ម្ដាយអូនពីការបែកគ្នារបស់ពួកយើងទេ… អូនខ្លាចម្ដាយអូនដឹងពីភាពអាក្រក់របស់បងឬ? ហេតុអ្វីអូនមិនប្រាប់គាត់? រក្សា.. រក្សាអូន…បងធ្វើដាក់អូនប៉ុណ្ណឹងហើយ ហេតុអ្វីអូន…អូននៅតែធ្វើល្អមកកាន់បងយ៉ាងនេះទៀត។
ខ្ញុំស្រក់ទឹកភ្នែកកាន់តែខ្លាំង ខ្ញុំនិយាយទាំងអួលដើមកទៅកាន់អ៊ំស្រី៖

« អ៊ំ..រក្សាកើតអ្វីទើបក្លាយជាបែបនេះ? ហ៊ឺ…កូនអ៊ំអភ័ព្វណាស់ កូនអ៊ំអាយុខ្លីណាស់។ ប៉ុន្មានខែមុនមិនដឹងជាកើតអ្វី កូនអ៊ំចេះតែចាប់ឈឺបន្តិចម្ដងៗ។ អ៊ំគិតថា នេះគ្រាន់តែជាជំងឺធម្មតា…ដែលកើតឡើងហើយគង់បាត់ទៅវិញ។ ប៉ុន្តែប៉ុន្មានខែក្រោយ…សុខភាពកូនអ៊ំចេះតែខ្សោយទៅៗរហូតធ្លាក់ខ្លួនឈឺធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យណាក៏មិនបាត់ បានត្រឹមតែបន្ធូរបន្ថយបន្តិចបន្តួចប៉ុណ្ណោះ។ ទើបតែប៉ុន្មានថ្ងៃនេះ កូនស្រីអ៊ំក៏ចាប់ឈឺធ្ងន់ឡើង អ៊ំប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ប៉ុន្តែ… ប៉ុន្តែ… »

គាត់អួលដើមកនិយាយលែងរួច បានត្រឹមខ្ទប់មុខយំ។ សំឡេងយំសោករបស់គាត់ដូចជាកាំបិតចាក់ដោតបេះដូងខ្ញុំ។ រឿងទាំងអស់នេះកើតមកពីខ្ញុំទាំងអស់ ការស្លាប់របស់រក្សាកើតឡើងមកពីខ្ញុំទាំងអស់ កើតមកតែពីខ្ញុំ…ខ្ញុំជាមនុស្សចោលម្សៀត ជាមនុស្សអាក្រក់ អាត្មានិយម។ ខ្ញុំ…ខ្ញុំបានធ្វើឱ្យនារីស្លូតត្រង់ម្នាក់ បាត់បង់ជីវិតហើយ…។

« កូនស្រីអ៊ំស្លូតត្រង់ណាស់ ហេតុអ្វីបានជាត្រូវស្លាប់ទាំងវ័យក្មេងបែបនេះ ហេតុអ្វីអ្នកដែលស្លាប់មិនមែនជាអ៊ំ បើជីវិតអ៊ំអាចធ្វើអោយកូនស្រីរបស់អ៊ំរស់ឡើងវិញបាន អ៊ំសុខចិត្តស្លាប់… ហេតុអ្វីទេវតាអយុត្តិធម៌ចំពោះកូនស្រីអ៊ំម្ល៉េះ…? កូនអ៊ំធ្វើអ្វីខុស…? »

សម្ដីរបស់ម្ដាយរក្សាពោរពេញទៅដោយភាពឈឺចាប់ បេះដូងខ្ញុំកាន់តែឈឺខ្លាំងឡើង សំឡេងទួញសោករបស់ម្ដាយដែលបាត់បង់កូនសម្លាញ់ ជាសំឡេងដ៏សែនវិយោគសោកសៅ។ ទឹកភ្នែករបស់គាត់ និងក្រុមគ្រួសារស្ទើរក្លាយជាស្ទឹង ខ្ញុំមិនអាចលាងជម្រះភាពអាក្រក់នេះបានទេ ខ្ញុំខុសធ្ងន់ណាស់ចំពោះរក្សា…។ អ៊ំស្រីសម្រួលអារម្មណ៍ឡើងវិញ គាត់ព្យាយាមនិយាយប្រាប់ខ្ញុំ « តើក្មួយអាចបំពេញបំណង​ចុងក្រោយរបស់រក្សាបានទេ? »

« ខ្ញុំអាចធ្វើបានអ៊ំ ទោះបីឱ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរ។ មុននឹងកូនអ៊ំផុតទៅ កូនអ៊ំមានបំណងប្រាថ្នាពីរដែលចង់សម្រេច។ ទីមួយ កូនអ៊ំឲ្យយកសំបុត្រនេះជូនដល់កូន។ ទីពីរ កូនស្រីអ៊ំថានាងចង់សម្រាកនៅចម្ការក្មួយឯង ហើយឱ្យក្មួយកំដរនាងមួយថ្ងៃផង។ »

ទឹកភ្នែកខ្ញុំហូរកាន់តែខ្លាំងឡើង ខ្ញុំភ្លឹកភ្លាំងរវើរវាយ ខ្ញុំដូចជាមនុស្សឆ្កួតបាត់ព្រលឹងវិញ្ញាណអស់ សំឡេងបណ្ដាំរក្សាលាន់រងំពេញត្រចៀកខ្ញុំ

ម៉ាក់…កូនមានបំណងប្រាថ្នាពីរមុននឹងកូនស្លាប់ទៅ…
ទី១ ម៉ាក់ជួយយកសំបុត្រនេះជូនដល់បងសុខរិទ្ធផង។
ទី២ កូនចង់សម្រាកនៅឯចម្ការបងសុខរិទ្ធ… ហើយម៉ាក់ជួយប្រាប់គាត់ឲ្យកំដរខ្ញុំមួយថ្ងៃផង…។

..…………..

[ បើសិនបងបានអានសំបុត្រនេះ  អូនប្រហែលជាលាចាកលោកបាត់ទៅហើយ  ព្រោះអូនពុំមានសង្ឃឹមទៅលើជីវិតដ៏ទន់ខ្សោយរបស់អូនទេ។  ជីវិតអូនប្រៀបដូចជាចង្កៀងដែលហៀបនឹងអស់ប្រេង  អាចរលត់ទៅបានគ្រប់ពេល។  បងអើយ  អូនព្យាយាមសរសេរសំបុត្រនេះជូនដល់បង  អូនចង់សរសេរពីអារម្មណ៍របស់អូនឱ្យបងបានដឹង  មុននឹងអូនស្លាប់ទៅ។  អូនសោកស្ដាយណាស់   សូម្បីតែពេលចុងក្រោយនៃជីវិតរបស់អូន  ក៏អូនមិនអាចឃើញមុខបង  ឮសំឡេងរបស់បងដែរ។ អូនតែងទន្ទឹងរង់ចាំបងជានិច្ច  បងដឹងទេ?  ទឹកភ្នែកអូនស្រក់  បេះដូងអូនស្រែកដង្ហោយហៅរកបងរៀងរាល់ថ្ងៃ  អូនស្រលាញ់បងណាស់។  អូនចាំបានទាំងអស់  គ្រប់អនុស្សាវរីយ៍ដែលពួកយើងបានសាងជាមួយគ្នា  ថ្ងៃដែលពួកយើងបានជួបគ្នាដំបូង  អូនរំភើបក្នុងចិត្តណាស់ ព្រោះបងជាបុរសតែម្នាក់ដែលអូនតែងសុបិនឃើញ។  បងពូកែញញឹមណាស់ ​ អូនស្រឡាញ់ស្នាមញញឹមរបស់បង    អូនចង់ឱ្យបងញញឹមដាក់អូនរៀងរាល់ពេល  ដូចដែលពួកយើងស្គាល់គ្នាកាលរៀននៅវិទ្យាល័យ។   ថ្ងៃដែលមិត្តបងឱ្យរូបគំនូរមកអូន  អូនសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែក  បងគូររូបអូន  បងគួររូបអូនបានស្អាតណាស់។  មិត្តបងប្រសប់និយាយណាស់  ទោះអូនពុំសូវជឿថាជាសម្តីរបស់បង  ប៉ុន្តែពាក្យទាំងប៉ុន្មាននោះ  ក៏ធ្វើឱ្យបេះដូងរបស់អូនរំភើប  ធ្វើឱ្យអូនមានសេចក្តីសុខជាខ្លាំង។  អូនមិនភ្លេចទេ  ថ្ងៃដែលបងសារភាពស្នេហ៍ប្រាប់អូន  អូនញញឹម  អូនរំភើបរីករាយណាស់  បងដឹងទេមិនមែនតែបងទេដែលរំភើបសប្បាយចិត្តនោះ។

 អូនស្រឡាញ់បង  អូនចង់ឱ្យបងនាំអូនទៅលេងឯចម្ការ  អូនចង់ឱ្យបងឌុបអូនទៅដូចមុន អូនចង់ឃើញស្នាមញញឹមរបស់បង  អូនចង់ញញឹមជាមួយបង  អូនចង់សើចសប្បាយជាមួយបង

អូនចង់ផ្អែកលើស្មាដ៏កក់ក្តៅរបស់បង​  អូនចង់ស្ដាប់សំឡេងរបស់បង។  ពេលល្ងាចអូនចង់អង្គុយមើលថ្ងៃលិចជាមួយបង  អូនសប្បាយចិត្តណាស់  អូនចង់ឱ្យបងមើលមុខអូន  អូនរំភើបហើយរីករាយណាស់។  ពេលបងញញឹមដាក់អូន  ដួងចិត្តរបស់អូនរីកស្រស់ត្រកាលដូចបុប្ផាដែលត្រូវទឹកសន្សើមនាពេលព្រឹកព្រលឹម។  បងដឹងទេ?  បងជាមនុស្សដ៏សំខាន់របស់អូន  អូនស្រលាញ់បងណាស់។  ពេលយើងអង្គុយមើលថ្ងៃលិចជាមួយគ្នា  បងនិយាយប្រាប់អូនថា បងស្រលាញ់អូន បងនៅចាំបានទេ?  បងប្រាប់អូនទៀតថា  បង​ស្រលាញ់​អូន​ជានិច្ច  ព្រះអាទិត្យអាចលិចបានប៉ុន្តែសេចក្តីស្រឡាញ់របស់បងចំពោះអូន  មិនលិចសាបសូន្យជាដាច់ខាត។  អូនស្រក់ទឹកភ្នែក  អូនចងចាំសម្ដីរបស់បងមិនភ្លេចឡើយ។  ប៉ុន្តែហេតុអ្វីបងបែរជាភ្លេចពាក្យសម្តីរបស់បងទៅវិញ  បងឆ្លាត ហើយបងរៀនពូកែណាស់  ហេតុអ្វីបងបែរជាមិនចាំពាក្យសម្តីរបស់បងទៅវិញ។  បេះដូងអូនស្រពោនរុះរោយ  អូនចង់ឱបបងឱ្យជាប់  ឱបបងមិនឱ្យបងទៅណាចោលអូនឡើយ។

ជារៀងរាល់យប់  អូនតែងសុបិនឃើញបងជានិច្ច  អូនមិនចង់ភ្ញាក់ឡើយព្រោះពេលភ្ញាក់អូននឹងលែងបានឃើញបងទៀតហើយ។  ក្នុងសុបិនបងជាបុរសល្អណាស់  បងមើលថែអូនគ្រប់បែបយ៉ាង  បងធ្វើឱ្យអូនញញឹមសប្បាយចិត្តជានិច្ច។  អូនចង់តែគេងរហូតទេ  អូនមិនចង់ភ្ញាក់វិញឡើយ។  អូនចង់ឱ្យពិភពលោកនេះមានតែពេលយប់រហូតព្រោះអូនចង់ឃើញបង  ចង់នៅជាមួយបង។ ហេតុអ្វីបងមិនយល់​ពី​ចិត្តអូន  ហេតុអ្វីបងមិនយល់ដល់ចិត្តនារីស្លូតត្រង់ម្នាក់ដែលស្រឡាញ់បង  មានភក្តីភាពចំពោះបង។  បងមិនខុសទេ  មកពីអូនបាត់បង់សម្រស់  អូនលែងស្អាតដូចមុន ទើបបងលែងស្រឡាញ់អូន។  បងមានសិទ្ធិធ្វើអ្វីគ្រប់បែបយ៉ាងបាន ព្រោះនេះជាសេរីភាពរបស់បង។ ប៉ុន្តែសូមបងកុំបោះបង់សេចក្តីស្រឡាញ់របស់នារីម្នាក់ចោល ដោយឥតអាសូរអី  បងត្រូវតែមានទំនួលខុសត្រូវចំពោះសេចក្តីស្រឡាញ់​របស់នារីម្នាក់ដែលមានចំពោះបង។

 អូនហត់ណាស់  អូនគ្មានកម្លាំងទេ  ប៉ុន្តែអូនព្យាយាមលើកដៃដ៏ស្គមស្គាំងរបស់អូន  ដើម្បីសរសេរពាក្យពេចន៍នៅក្នុងចិត្តប្រាប់ដល់​បង មុនដែលអូនលែងបានឃើញបងជារៀងរហូតទៅ។  មិនមែនអូនទន់ខ្សោយ គិតខ្លី ពុំតស៊ូឡើយ  ប៉ុន្តែអូនមិនអាចទ្រាំៗនឹងសេចក្តី​ឈឺចាប់​បានទេ។  ភាពអស់សង្ឃឹមមានទំហំធំធេងណាស់ក្នុងចិត្តអូន  វាបានគ្របដណ្ដប់ចិត្តអូន  វាធ្វើបាបអូនណាស់  អូនឈឺចាប់ណាស់។  ជំងឺផ្លូវកាយធ្វើបាបដល់រាងកាយអូន  ជំងឺផ្លូវចិត្តក៏ធ្វើបាបដល់ដួងចិត្តអូន  អូនទ្រាំទ្រមកយូរហើយ  ពេលនេះអូនប្រហែលជាទ្រាំទ្រលែងបានហើយ។  

មនោសញ្ចេតនាមានសភាពទន់ភ្លន់ផ្អែមល្ហែមគួរឲ្យរំភើបណាស់  ប៉ុន្តែមនោសញ្ចេតនាក៏គួរឲ្យខ្លាចដែរ  អូនមិនចង់បែបនេះទេ  អូនមិនចង់ឃ្លាតឆ្ងាយពីបងឡើយ។  ប៉ុន្តែអូនគ្មានសង្ឃឹមថានឹងបានជួបបងម្ដងទៀតទេ  ព្រោះសភាពនៃជីវិតរបស់អូនហៀបនឹងរលត់ទៅហើយ។

អូនអស់កម្លាំងណាស់  អូនគ្មានកម្លាំងសរសេរតទៅទៀតទេ។  រឿងនៅក្នុងចិត្តរបស់អូនចំពោះបងមានច្រើនណាស់  ប្រៀបដូចជាក្តីស្រឡាញ់ដែលអូនមានចំពោះបងយ៉ាងនោះដែរ  អូននឹកបងណាស់  អូនស្រឡាញ់បងណាស់…។ ]

                                                                និរក្សាសង្សារសម្លាញ់ចិត្តបង

..…………..

អានចប់ទឹកភ្នែកខ្ញុំស្រក់ពេញក្រដាស ស្រក់ចុះលើផ្នូររបស់រក្សា។ ខ្ញុំឱបសំបុត្រជាប់ក្នុងទ្រូង ខ្ញុំលត់ជង្គង់ចុះមុខផ្នូររក្សា…រក្សាអូន បេះ​ដូង​អូន​ទន់​ភ្លន់​ណាស់ ប៉ុន្តែបងជាមនុស្សចោលម្សៀត មិនថែរក្សាសេចក្តីស្រឡាញ់របស់អូន ព្រោះតែសម្រស់ធ្វើឱ្យបងខ្វាក់ភ្នែក ធ្វើឲ្យ​បងឆ្កួតវង្វេង បងបែរជាបោះបង់សេចក្តីស្នេហាដ៏បរិសុទ្ធរបស់អូនចោលទៅវិញ។ អូនល្អណាស់ ហេតុអ្វីអូនត្រូវមកជួបមនុស្សអាក្រក់​ដូចជាបង បងធ្វើអ្វីតាមតែអារម្មណ៍របស់ខ្លួនឯង ចិត្តស្រពិចស្រពិលបានធ្វើឲ្យបងឆ្កួតវង្វេង បំផ្លាញសេចក្តីស្នេហារបស់អូន។ ទោះបីអូនស្លាប់ ក៏អូនចង់កប់ខ្លួននៅកន្លែងអនុស្សារបស់ពួកយើងដែរ។
រក្សាអូន…បងមានវិប្បដិសារីខ្លាំងណាស់ បងសែនខុសធ្ងន់ណាស់ចំពោះអូន មកពីបងទើបធ្វើឲ្យអូនស្លាប់ បងជាមនុស្សចោលម្សៀត បងមិនសមរស់នៅជាមនុស្សទេ…។

ខ្ញុំដេកលើដីក្បែរផ្នូរនាង ទឹកភ្នែកខ្ញុំហូរស្រក់ចុះឥតឈប់ ខ្ញុំមានវិប្បដិសារីខ្លាំងណាស់។ ខ្ញុំដូចជាមនុស្សឆ្កួតដែលលែងមានសតិទៅហើយ វិប្បដិសារី ក្តីទុក្ខសោក ភាពរវើរវាយគ្របសង្កត់ពេញក្នុងចិត្តខ្ញុំ។ ភ្នែកខ្ញុំចាប់ផ្តើមស្រវាំង ត្រចៀកខ្ញុំហ៊ឹងលែងឮអ្វីទាំងអស់ ខ្ញុំឮតែភាពទួញសោក ភាពឈឺចាប់ ការរង់ចាំរបស់រក្សាប៉ុណ្ណោះ។ រក្សាអូនៗរង់ទុក្ខច្រើនណាស់ បងធ្វើបាបអូនច្រើនណាស់ បងខុសហើយ បងខុសធ្ងន់ណាស់ ក្នុងមួយជីវិតនេះបងនឹងមិនអាចរស់នៅបានសុខឡើយ បងនឹងស្ពាយវិប្បដិសារីនេះអស់មួយជីវិត…។ មើលទៅមេឃក៏មេឃខឹងនឹងខ្ញុំដែរ មេឃខ្មៅងងឹត មេឃស្រែកគំរាមខ្ញុំពីអំពើអាក្រក់ដែលខ្ញុំបានធ្វើចំពោះរក្សា ខ្យល់ក្រេវក្រោធបោកបក់
ឥតប្រណី “រន្ទះអើយបាញ់ខ្ញុំឲ្យស្លាប់ទៅ… ខ្យល់អើយបក់រំលំដើមឈើឱ្យបាក់សង្កត់ខ្ញុំឱ្យស្លាប់ចុះមនុស្សចោលម្សៀតដូចខ្ញុំ មិនសមរស់នៅឡើយ…”។ ខ្ញុំស្រែកអស់ទំហឹងដូចមនុស្សឆ្កួត ធម្មជាតិដាក់ទោសខ្ញុំចុះ… “ការស្រឡាញ់តែសម្រស់ខាងក្រៅ គឺជាសោកនាដកម្មនៃស្នេហា។”….
ខ្ញុំឃើញរក្សានៅលើមេឃ នាងកំពុងញញឹមដាក់ខ្ញុំ។ ខ្ញុំលើកដៃឡើងដើម្បីប៉ះថ្ពាល់នាង ខ្ញុំចង់ឱបនាង ខ្ញុំចង់នៅជាមួយនាង រក្សាអូន…រក្សាអូន…រក្សាអូន…។

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*