ពាក្យ«លោភ»គឺលើស។
លោភហួសសមត្ថភាពពេក លោភដោយខ្វះសតិនិងការពិចារណា ធ្វើឱ្យបាត់បង់អ្វីៗគ្រប់យ៉ាង កាន់តែធ្ងន់ធ្ងរ ជីវិតមួយកំណាត់ចុងក្រោយបែរជាពោរពេញទៅដោយទុក្ខកង្វល់ដែលរុំព័ទ្ធដោយបំណុល ស្ថានភាពស្ទើរតែខ្មៅងងឹតក្រោកមិនរួច។
នេះជាពាក្យត្អួញត្អែរបស់ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ដែលខ្ញុំបានចួបនៅហាងអាហារពេលទៅសម្រាកលម្ហែនៅជនបទ។
ខ្ញុំឃើញគេរហ័សរហួនជាងក្មេងឯទៀត ការងារចំណាប់ ហើយរួសរាយ ពិសេសធ្វើឱ្យភ្ញៀវដែលចូលហូបអាហារទីនោះ រីករាយ និងឱ្យលុយធីបគេសឹងតែគ្រប់គ្នា។
អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតពីក្មេងនេះ គេមានការប្រុងប្រយ័ត្ន និងមិនចេះប្រកាន់ការងារ។ ពេលមានភ្ញៀវ គេមកទទួលកុម្ម៉ង់ ពេលភ្ញៀវចេញ គេជូនដំណើរ រៀបចំតុ លើកចានឆ្នាំង ហើយសំខាន់ ពេលទៅបន្ទប់ទឹក ខ្ញុំបែរជាឃើញគេអង្គុយលាងចានជាមួយអ៊ំម្នាក់ច្រៀងលេងផង និយាយសើចធ្វើឱ្យអ៊ំស្រីនោះសប្បាយចិត្តសើចបិទមាត់មិនជិត។
គ្រួសារខ្ញុំត្រូវអង្គុយលេងនៅរមណីយដ្ឋាននោះយូរដែរ ព្រោះប៉ាមកកម្សាន្តផង និងនិយាយពីជំនួញរបស់គាត់ផង ទើបខ្ញុំអាចសង្កេតគ្រប់សកម្មភាពក្មេងនោះ ហើយមើលដឹងថាតាំងពីពេលមកដល់គេធ្វើអ្វីខ្លះ។
ដល់ថ្ងៃជ្រេបន្តិច ភ្ញៀវស្បើយ ប៉ាមិនទាន់ចប់ប្រជុំ ខ្ញុំឃើញគេនៅជួយធ្វើការឯចង្រ្កានបាយខាងក្រោយ ខ្ញុំក៏ឆ្លៀតដើរទៅសួរសុខទុក្ខ និងចង់និយាយលេងជាមួយគេព្រោះអផ្សុក ម្យ៉ាង ខ្ញុំដូចជាមានអារម្មណ៍ចូលចិត្ត ហើយមាននិស្ស័យនិងក្មេងនោះ។
ឃ្លាសន្ទនាដំបូងរបស់ខ្ញុំទៅកាន់ក្មេងនោះ គឺសំណួរដែលចង់សួរគេថា៖
«រៀនថ្នាក់ទីប៉ុន្មានហើយឆ្នាំនេះ?»
តែខ្ញុំបង្អាក់វាវិញ ព្រោះយល់ថា បើតាមអាយុរបស់គេ គួរណាពេលនេះជាសិស្សវិទ្យាល័យដែលមមាញឹកនឹងការរៀនណាស់ ពិសេសម៉ោងគួរ គ្មានពេលឯណានឹងមកធ្វើការពេញម៉ោងដើម្បីរកលុយអ៊ីចឹងទេ តែម្តេចក៏គេមិនទៅសាលា មានតែឈប់ហើយ?
ខ្ញុំនឹកអាណិត និងខ្លាចប៉ះពាល់អារម្មណ៍គេបែបនេះទើបខ្ញុំប្តូរទៅជាសួរផ្សេងវិញ៖
«ពេលណាចេញពីធ្វើការ?»
គេញញិមឱនគោរពខ្ញុំដូចពេលកុម្ម៉ង់អាហារក្នុងហាងដែរ និងឆ្លើយមួយៗ៖
«បាទបង! ម៉ោង១កន្លះខ្ញុំសម្រាកហើយ!»
អាចថាមកពីមិនធ្លាប់ធ្វើការងារជាអ្នករត់តុ និងមិនដែលយល់ផងថាម៉ោងធ្វើការគេប៉ុន្មានម៉ោង និងធ្វើអីខ្លះ ខ្ញុំក៏សួរបន្ថែម?
«ម៉េចបានចេញម៉ោងហ្នឹង? ធ្វើតែមួយព្រឹកទេ?!»
គេញឹមៗគេចក្រសែភ្នែកនិងគិតតែពីបកបង្គារការងាររបស់គេ។ ឃើញខ្ញុំជាភ្ញៀវដែលហ៊ានមកអង្គុយផ្ទះបាយ ហើយសួរសំណួរប្លែក ដូចជាស្និទ្ធស្នាលណាស់ ទើបអ៊ំចុងភៅពីរនាក់ដែលកំពុងរៀបចំបន្លែនាំគ្នាមើលមុខ។
កូនហ្នឹងឈ្មោះ វាសនា ខ្ញុំឮថៅកែហាងដែលត្រូវជាមិត្តម៉ាក់ខ្ញុំដែរហៅគេពេលមានភ្ញៀវ។
វាសនានៅស្ងៀមបន្ត ដូចសំណួររបស់ខ្ញុំគេមានចេតនាធីបចោលមិននិយាយ ខ្ញុំមិនដឹងម៉េចដែរបានជាសំណួរស្រួល តែគេហាក់មិនចង់ឆ្លើយ មិនចង់ឱ្យខ្ញុំដឹង ដូចមានប៉ះពាល់អ្វី ឬពិបាកមិនហ៊ាននិយាយពីវា។
ខ្ញុំអត់សួរអីផ្សេង រហូតទាល់តែអ៊ំម្នាក់តបជំនួស៖
«នៅនេះគេធ្វើពេញម៉ោងពីព្រឹកដល់យប់ម៉ោង៩ ឯណោះក្មួយ! តែវាសនា ទទួលបានការអនុញ្ញាតឱ្យធ្វើកន្លះថ្ងៃ ព្រោះគ្នានៅមានការងារមួយផ្សេងទៀតចូលម៉ោង២»
ខ្ញុំឮហើយក៏ប្រឹងសម្លឹងមើលមុខក្មេងនោះពីចុងជើងដល់ក្បាល អាយុតិចផង ម្តេចក៏ការងារច្រើនមុខម្នាក់ឯង ហើយអត់រៀនសូត្រទៀត គេខ្វះខាតខ្លាំងណាស់ហើយ។
កាន់តែអាណិត ជីវិតជាយុវវ័យរបស់ក្មេងនេះ បែរជាខុសពីខ្ញុំទាំងស្រុង។ នៅអាយុដំណាលគេ ខ្ញុំគិតតែពីយកលុយម្តាយទៅរៀន ដើរលេងលម្ហែអារម្មណ៍កុំឱ្យស្រ្តេសពេក ការងារផ្ទះ ក៏មិនដឹងបែរមុខទៅណាផងព្រោះមានអ្នកធ្វើស្រេចៗ តែគេវិញ មិនដឹងមានពេលដេកឬអត់?
«ធ្វើការងារអីទៅវាសនាចូលម៉ោង២?»
ខ្ញុំចាប់ផ្តើមសួរមានទាំងហៅឈ្មោះគេផង កុំឱ្យថាខ្ញុំជាមនុស្សចម្លែកពេកដែលនៅសុខៗមកជីកឬសជីកគល់អីពីរឿងគេ ម្យ៉ាងការស្គាល់ឈ្មោះគេទាំងម្ចាស់មិនបានប្រាប់ អាចថាយើងយកចិត្តទុកដាក់លើគេចង់រាក់ទាក់ទើបស្គាល់មិនប៉ុន្មានផង ដឹងដល់ទាំងឈ្មោះ។
ក្មេងនោះមើលមុខខ្ញុំ សូម្បីអ៊ំពីរនាក់ក៏ដូចគ្នា និងអាចសង្ស័យផងថាខ្ញុំស្គាល់ដោយរបៀបណា ខ្ញុំក៏និយាយ៖
«បងឮថៅកែស្រីហៅឈ្មោះនេះ!»
«បាទបង! ខ្ញុំឈ្មោះវាសនា! អ៊ឹម! ចេញពីនេះទៅ ខ្ញុំជាប់ធ្វើសន្តិសុខនៅរោងចក្រ នៅជិតនេះដែរទេ!»
ខ្ញុំស្រាប់តែលាន់មាត់ភ្លាម៖
«ហើយមិនទាន់គ្រប់អាយុផងហ្នឹង ធ្វើច្រើនម្ល៉េះ?!»
«ម៉េចបានបងឯងដឹងខ្ញុំមិនទាន់គ្រប់អាយុ?»
«បងមើលតាមរូបរាង សាច់ឈាមឯង ក្មេងក្រោមប្រាំបីដណ្តប់ទេត្រូវអត់? ហើយគេឱ្យធ្វើសន្តិសុខដែរ?»
«ខ្ញុំដំឡើងបីឆ្នាំ គ្រប់ល្មមហើយបង!»
«ឆាប់ធំទៅណា? ម៉េចមិនគ្រប់តាមសម្រួល?»
«ពិបាកបងអើយ!»
គេឆ្លើយតែប៉ុណ្ណឹង ហើយក៏លើកកញ្ច្រែងបង្គាដែលបករួចយកទៅចំហុយ ដូចមានចេតនាលែងចង់ឱ្យខ្ញុំសួរទៀត។
មិនទាន់អស់ចិត្ត មិនទាន់ដឹងរឿងពិបាករបស់គេបន្ថែមយ៉ាងណាផង ក្មេងមិនគ្រប់អាយុធ្វើការងារច្រើនកន្លែងម្នាក់នោះ បែរជាលាខ្ញុំ និងអ៊ំចុងភៅពីរនាក់ឆាប់ចេញពីធ្វើការ។
ខ្ញុំមិនទៅណា ចង់នៅនិយាយលេងជាមួយពួកគាត់ដើម្បីបានដឹងរឿងបន្ថែមពីវាសនា។ ដូចការគិតមែន ឃើញខ្ញុំនៅអង្គុយដំអង់មើលគាត់ អ៊ំម្នាក់ក៏និយាយឡើងប្រាប់ខ្ញុំ៖
«អាស្នានេះខំណាស់! ព្រោះវាជាកូនច្បងគេក្នុងគ្រួសារទទួលបន្ទុកធ្ងន់ដែរ តាំងពីម្តាយវាចាញ់បោកគេមក គ្នាត្រូវឈប់រៀននៅថ្នាក់ទី១១ រកការងារធ្វើមិនមែនមួយកន្លែង ដល់ទៅពីរផង ទើបទប់ទល់និងជីវភាពរួច!»
ខ្ញុំចាប់អារម្មណ៍ពាក្យចាញ់បោកទើបសួរគាត់បន្ថែម៖
«គាត់ចាញ់បោកគេរឿងអីទៅអ៊ំ?»
«រឿងដីក្មួយ! ដាក់លុយវិនិយោគស្អីគេនោះល្បីពេញស្រុក!»
«បែបម៉េចវិញទៅអ៊ំ?»
«គឺអារបៀបក្រុមហ៊ុនវាតែមួយ ឱ្យខ្ចីលុយ យកទៅដាក់ទុនយកការប្រាក់ ដល់តែវាលែងឱ្យការ យើងងាប់និងត្រូវបង់លុយខ្ចីវាសឹងលានភ្នែក អ៊ំវីសដែរ កុំតែកូនគេរឹង កុំអី ខ្ចីពីរម៉ឺនដាក់យកការ រលាយតែម្តង!»
ខ្ញុំនៅស្ងៀមអត់តប ព្រោះយល់ច្បាស់ពីរឿងនេះដែលកំពុងល្បីពេញបណ្តាញសង្គម។ ខ្ញុំស្ងៀម ព្រោះទ្រូងហាក់តឹងអាណិត ដែលមិនធ្លាប់ដឹងថា នៅពីក្រោយល្បិចឆបោករបស់ក្រុមអ្នកទាំងនោះ ជនរងគ្រោះត្រូវវេទនា ចួបរឿងទុក្ខសោកដូចគ្រួសារវាសនានេះ តើក្រៅពីវាសនាម្នាក់ដែលត្រូវបង្ខំចិត្តឈប់រៀនរកការងារធ្វើតែម្នាក់ ឬនៅមានអនិតិជនច្រើននាក់ទៀត ដែលគ្រួសារចួបបញ្ហានេះដែរ?
លុយម៉ឺនដុល្លារសម័យនេះសម្រាប់អ្នកមាន តិចណាស់ តែសម្រាប់អ្នករកបង្រ្គប់ៗដូចពួកគាត់ ត្រូវសងបំណុលនេះប៉ុន្មានឆ្នាំអស់?
ថ្ងៃនោះខ្ញុំនៅអង្គុយសួរនាំបន្តពីគ្រួសារ បងប្អូន ការងារម្តាយឪពុកគេបន្ថែម ព្រោះពិតជាចាប់អារម្មណ៍ទៅលើគេ អ៊ំទាំងពីរក៏បាននិយាយរៀបរាប់ច្រើនរឿងណាស់ ប្រាប់ខ្ញុំពីភាពលំបាក និងទុក្ខព្រួយរបស់គាត់ ហើយខ្ញុំក៏បានចាំពាក្យត្អួញត្អែដែលគាត់និយាយទាំងទឹកមុខក្រៀមក្រំថា៖
«ពួកអ៊ំវាឆោតកូនអើយ! រឿងដាក់លុយវិនិយោគស្អីទាំងមិនដឹង ក ខ ឬលេខ ១០ ២០ នេះ ដូចយកកទៅលអន្ទាក់ ដូចយកព្នៅមកត្បៀតក្លៀក! ចាញ់បោកពួកមនោគមន៍ ពួកមុនដែលគេបានការចាយធូរសប្បាយ ដល់មកឯងក្រោយនេះ ជាប់ខ្លួនដកមិនរួច អ៊ំស្បថហើយ មានប៉ុន្មានចាយប៉ុណ្ណឹងទៅ ក្នុងលោកនេះ គ្មានអ្នកណាមកយកលុយឱ្យយើងចាយស្រួលទាំងមិនចេញកម្លាំងនោះទេ!»
យប់នោះម៉ោង៨គ្រួសារខ្ញុំបានត្រលប់មកផ្ទះវិញ។
អារម្មណ៍ដក់ជាប់នឹងរឿងដែលខ្ញុំបានស្តាប់ពេលថ្ងៃ ធ្វើឱ្យខ្ញុំស្រាប់តែចង់សរសេរវាទុកក្នុងកំណត់ហេតុ។ ខ្ញុំព្យាយាមរកមើលប្រូហ្វាល់ក្មេងប្រុសនោះក្នុងបណ្តាញសង្គមដែរ តែរកមិនឃើញ មិនដឹងថាគេមិនលេង ឬក៏ប្រើឈ្មោះមិនពិត។
ព្រោះរវល់ការងារពេក ខ្ញុំឆ្ងាយពីរឿងវាសនា។ បន្ទាប់ពីនឹងបានជាង១ខែ ខ្ញុំក៏មានភារកិច្ចជំនួសប៉ាត្រូវទៅកន្លែងនោះម្តងទៀត តែលើកនេះ អត់បានឃើញគេដូចពីមុនទេ។
ចិត្តខ្ញុំជាប់ក្តីសង្ឃឹមនឹងរីករាយតាំងពីភ្នំពេញមក ព្រោះមានដំណឹងល្អចង់និយាយជាមួយគេបែរជាត្រូវខកខាន។
អ៊ំស្រីម្នាក់ជាចុងភៅគ្រាន់តែឃើញខ្ញុំភ្លាមក៏ប្រញាប់ដើរមកក្បែររាក់ទាក់៖
«អូ! ក្មួយស្រីថ្ងៃមុនទេតើ!»
«ចាសអ៊ំ! គឺខ្ញុំ! និយាយអ៊ីចឹងអ៊ំ…ម៉េចក៏មិនឃើញវាសនា? គេឈប់ធ្វើការកន្លែងនេះហើយ!»
ឮសំណួរខ្ញុំស្រាប់តែគាត់ទម្លាក់ទឹកមុខទៅជាក្រៀមក្រំ។
ខ្ញុំបបួលគាត់អង្គុយនិយាយគ្នាព្រោះមើលទៅដូចជាមិនស្រួល៖
«មានរឿងអីទៅអ៊ំ?»
«ហ៊ឹម…វាសនា គេទៅហើយក្មួយ!»
ដៃខ្ញុំរបូតពីស្មាអ៊ំស្រីស្របពេលទឹកភ្នែកគាត់ស្រក់រមៀលលើថ្ពាល់ជ្រីវជ្រួញ។
ពាក្យ «ទៅហើយ» របស់គាត់មិនមែនជាការព្រាត់ឆ្ងាយ ដែលអាចមានឱកាសចួបគ្នាជាថ្មី តែជាការចាកចេញគ្មានថ្ងៃត្រលប់?
ខ្ញុំក៏ចាប់ឈឺឡើងនៅក្នុងដើមទ្រូង វាអួលណែនព្រោះតែប្រឹងឃាត់ទឹកភ្នែកមិនឱ្យស្រក់។
«គ្នាគ្រោះថ្នាក់ជាងកន្លះខែហើយក្មួយ!»
«គ្រោះថ្នាក់ចរាចរណ៍? ធ្ងន់ណាស់មែនអ៊ំ?»
គាត់ស្រាប់តែក្រវីក្បាលតតាត់ ទាំងដំណក់ទឹកភ្នែកបន្តមកជាហូហែរ និងនៅទន្ទេញថា៖
«មកពីគ្មានប្រាក់ៗ…»
ក្រៅពីរឿងគ្រួសារជំពាក់បំណុលគេដែលត្រូវបង្ខំឈប់រៀនធ្វើការច្រើនកន្លែងហើយ វាសនា…ក្មេងប្រុសកម្សត់របស់ខ្ញុំក៏ត្រូវលាចាកលោកទាំងវ័យក្មេង ព្រោះតែគ្មានលទ្ធភាពនឹងព្យាបាល។
អ៊ំស្រីចុងភៅបានរៀបរាប់ប្រាប់ខ្ញុំថា៖
«វាត្រូវពេទ្យទុកចោលទម្រាំតែសាច់ញាតិបានដឹង ទៅដល់ខាងលើម្តាយហេតុតែគ្មានប្រាក់មួយរៀលជាប់ខ្លួន ទម្រាំតែដើរខ្ចីបុលគេបានក៏យឺតនឹងបង់ប្រាក់ឱ្យកូនបានវះកាត់មុខរបួស! ក្មួយអើយ ប្លង់ដីនៅជាប់អាដីបោកប្រាសនោះយកមិនទាន់បាន មានអីទៅបញ្ចាំខ្ចីបុលគេមើលជំងឺកូន? បានខាងស្រុកជួយធ្វើប័ណ្ឌក្រីក្រ តែ…វាហួសពេលហើយ…!»
ខ្ញុំយំខ្លាំងសឹងតែរីងទឹកភ្នែកនៅក្នុងបន្ទប់ស្ងាត់ម្នាក់ឯង
ខ្ញុំឈឺអួលណែនពេញដើមទ្រូងបើទោះខ្ញុំមិនបានជាប់សាច់ឈាមអ្វីបន្តិចជាមួយក្មេងប្រុសម្នាក់នោះ។
ជាងមួយខែនេះ ខ្ញុំព្យាយាមណាស់ដើម្បីស្នើសុំកន្លែងល្អមួយអាចឱ្យគេធ្វើការបានប្រាក់ខែគួរសមផង រៀនផងនៅក្នុងអង្គការ តែហេតុអី? ហេតុអីក៏ពង្រាត់ក្មេងប្រុសកម្សត់ម្នាក់ពីអនាគត និងក្តីសង្ឃឹមរបស់គេ?
គេគ្មានវាសនា ឬខ្ញុំគ្មានឱកាសនិងបានជួយសង្រ្គោះក្មេងស្លូតត្រង់ដូចគេ?
បើមិនដោយសារតែបំណុលគ្រួសារ គេមិនត្រូវស្លាប់?
នេះឬចុងបញ្ចប់នៃបំណុល និងការលោភ?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ