រឿង៖ បទពិសោធព្រឺព្រួច (ភាគ២)

«តស់ៗ…ក្មេងៗយើងនាំគ្នាជៀសចេញ!…នាំគ្នាទៅថ្នាក់រៀងៗខ្លួនវិញ…តស់!!!»

សិស្សមកឈរកកកុញនៅពីមុខថ្នាក់រៀនមួយរួមមានទាំងគ្រូបង្រៀន៣-៤នាក់ទៀតផង។ ខ្ញុំហាក់មានអារម្មណ៍ថាប្រហែលៗថ្នាក់រៀនមួយនេះ…ត្រូវហើយគឺជាថ្នាក់ទី៩ “ខ” ដែលខ្ញុំមកបង្រៀនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនទេតើ។

ខ្ញុំអើតកចុះឡើងទាំងការចង់ដឹង។ ខ្ញុំចង់ចូលទៅខាងក្នុងតែក៏ចូលមិនចុះព្រោះអីក្មេងៗនៅឈរណែនណាន់តាន់តាប់ហាក់មិនស្ដាប់សម្ដីលោកគ្រូម្នាក់ ដែលកំពុងតែស្រែកឡូងៗឱ្យពួកគេចូលទៅក្នុងថ្នាក់រៀនវិញសោះ។

«តស់ពួកយើង…ចូលទៅតាមថ្នាក់រៀងៗខ្លួនវិញ!»

សំឡេងស្រួយស្រែសមួយបន្លឺឡើង។ ខ្ញុំងាកទៅម្ចាស់សំឡេងមួយរំពេច។

ពុទ្ធោ!! នោះគឺជានារីដែលខ្ញុំបានឃើញកាលពីម្សិលមិញទេតើ។ នេះនាងជាគ្រូបង្រៀនដែរអ្ហេស? កូនសិស្សបឋមនាំគ្នាសំដៅទៅថ្នាក់វិញភ្លាមហាក់ស្ដាប់សម្ដីអ្នកគ្រូម្នាក់នេះណាស់។ ឯខ្ញុំវិញកំពុងតែភាន់ភាំងសម្លឹងមុខនាងសឹងមិនដាក់ភ្នែក។

«សុណាន់!!»

ខ្ញុំភ្ញាក់ប្រហោងពោះធ្លុង។ ការពិតគឺជាបងផាន់រ៉ាសោះ។ ខ្ញុំហាក់ឆ្ងល់ឡើងមកពេលឃើញបងផាន់រ៉ាពាក់ម៉ាស់ទាំងបែកញើសជោកសក់ ធ្វើអាការៈបីដូចជាត្រហេបត្រហបណាស់។ បម្រុងថានឹងសួរបងផាន់រ៉ា តែគាត់ក៏និយាយកាត់ខ្ញុំផូង៖

«គេរកឃើញសាកសពក្មេងនៅក្នុងបន្ទប់នេះសុណាន់!!»

ខ្ញុំបើកភ្នែកធំៗ រួចក៏ឈរគាំងដូចជាប់ជីពចររបៀបមិនទាន់ជឿត្រចៀកខ្លួនឯង។ ខ្ញុំរៀបនឹងសួរបងផាន់រ៉ាបញ្ជាក់ ប៉ុន្តែលោកគ្រូនាយកក៏ចុះពីលើម៉ូតូដើរតម្រង់មកពួកយើងយ៉ាងប្រញាប់ប្រញាល់ទាំងបង្ហើបសំណួរយ៉ាងរហ័សផង៖

«លោកគ្រូរ៉ា! លោកគ្រូណាន់! នេះយ៉ាងម៉េចទៅហើយ? ខ្ញុំទើបនឹងបានដំណឹងមុននេះបន្តិច!»

បងផាន់រ៉ាក៏តបយ៉ាងរហ័សឥតមានបង្អង់រារែកឡើយ៖

«បាទលោកគ្រូ! ខាងក្រុមនគរបាលកំពុងធ្វើការនៅខាងក្នុង!»

លោកគ្រូនាយកមុខស្លន់ស្លោណាស់។ គាត់ស្ទុះវឹងចូលទៅខាងក្នុងបន្ទប់នោះភ្លាមៗ ឯខ្ញុំវិញប្រញាប់ងាកមកសួរបញ្ជាក់បងផាន់រ៉ា៖

«គេរកឃើញសាកសពក្នុងថ្នាក់ទី៩ “ខ” ហ្នឹងអ្ហីបង? នេះខ្ញុំទើបនឹងចូលបង្រៀនថ្នាក់នេះជំនួសលោកគ្រូកុសលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនតើបង!»

ភ្លាមនោះសំឡេងស្រួយស្រែសដែលខ្ញុំចាំបាននោះ ក៏លូកមាត់ចូលមកក្នុងបទសន្ទនារវាងខ្ញុំនឹងបងផាន់រ៉ា បន្ទាប់ពីនាងដេញពួកសិស្សថ្នាក់អនុ.ឱ្យចេញទៅបន្តពីសិស្សថ្នាក់បឋមអម្បាញ់មិញរួចរាល់៖

«មិនមែនទេគឺបន្ទប់ឃ្លាំងទេតើ!»

ខ្ញុំជ្រួញចិញ្ចើមងាកទៅនាងភ្លាមៗ។ បន្ទប់ឃ្លាំងយ៉ាងម៉េច? ក្រែងបន្ទប់នេះគឺជាថ្នាក់ទី៩ “ខ” មិនថាអ៊ីចឹង?

ខ្ញុំងាកទៅមុខថ្នាក់ដើម្បីសម្លឹងរកមើលប៉ាយ ក៏ប្រទះនឹងឈ្មោះប៉ាយ “ឃ្លាំង” ។ ខ្ញុំដូចជាភាំងបន្តិច។ ឬមួយក៏ខ្ញុំចាំបន្ទប់ខុស? មិនសមទេ! សាលារៀនទំហំប៉ុណ្ណឹង មានតែបន្ទប់រៀនប៉ុន្មានល្វែងហ្នឹង ខ្ញុំចាំមិនបានអ្ហេស?

ដ្បិតតែខ្ញុំមកបង្រៀននៅសាលានេះទើបតែបានជាងមួយខែក៏ពិតមែន ប៉ុន្តែទំហំសាលាប៉ុណ្ណឹង ខ្ញុំអាចកំណត់ចាំបានតាំងពីថ្ងៃដំបូងមកម្ល៉េះ។ ខ្ញុំងាកទៅម្ខាងក៏ឃើញដើមចាមរី(ចន្ទគិរី)មួយដើមធំសម្បើម។ ពិតណាស់!! ថ្នាក់រៀនទី៩ “ខ”  គឺនៅទល់មុខដើមចាមរីធំមួយដើមនេះ។ បងផាន់រ៉ាវាចាហាក់ដូចជាដាស់ខ្ញុំពីការគិតរវើរវាយ៖

«ថ្នាក់ទី៩ “ខ”? ក្រែងនៅសាលាយើងមានថ្នាក់ទី៩តែមួយថ្នាក់ទេតើ គឺថ្នាក់ទី៩ “ក” ! ហើយឥឡូវហ្នឹងបងក៏កំពុងប៉ះម៉ោងបង្រៀនថ្នាក់ទី៩ “ក” ដែរ!»

ខ្ញុំភ្ញាក់ដូចគេជះទឹកកកកណ្ដាលមុខ។ ខ្ញុំចាប់ត្រជាក់ចុងដៃចុងជើងមួយរំពេច ស្របពេលដែលចំហាយក្ដៅភាយចេញមកពីក្នុងខ្លួនខ្ញុំទាំងដែលអាកាសធាតុនៅខាងក្រៅត្រជាក់ល្ហឹម។ សំឡេងមួយទៀតក៏បន្លឺមកពីអ្នកគ្រូស្អាតរបស់ខ្ញុំ៖

«សាវលីបងប្រាប់ថាឱ្យទៅថ្នាក់ម៉េចឯងត្រលប់មកវិញចឹង? ទៅឱ្យឆាប់!»

សាវលីកូនសិស្សមាត់រអិលប្រចាំថ្នាក់របស់ខ្ញុំបូញមាត់៖

«តែបងណីខ្ញុំចង់ឃើញ…»

អ្នកគ្រូស្អាតសម្លក់សាវលីថ្មែ ស្រដីទាំងសង្កត់ពាក្យច្បាស់ៗ៖

«សាវលី!!»

កូនសិស្សរបស់ខ្ញុំក៏ធ្លាក់ទឹកមុខបូញមាត់របៀបអន់ចិត្តផងខឹងផង៖

«ទៅក៏បានដែរ!»

ខ្ញុំដកភ្នែកចេញពីពួកនាង រួចក៏ស្ទុះតម្រង់ចូលទៅក្នុងថ្នាក់ភ្លាមៗទាំងមិននិយាយតបបងផាន់រ៉ាអ្វីមួយម៉ាត់។ បងផាន់រ៉ាក៏ចូលទៅតាមខ្ញុំភ្លាមដែរ។

ចំណែកឯអ្នកគ្រូស្អាតនោះវិញក៏ងាកមកតាមសម្លឹងខ្ញុំជាប់ទាំងធ្វើមុខប្លែកៗ មិនដឹងជាគិតអ្វីនោះទេ។ មកដល់ក្នុងថ្នាក់ដែលបិទបង្អួចជិតឈឹងតែត្រូវបានបំភ្លឺដោយពន្លឺព្រះអាទិត្យតិចតួចដែលចាំងមកពីខាងក្រៅនិងពន្លឺពិលឆ្វេចឆ្វាច បានបង្ហាញឱ្យឃើញអីវ៉ាន់សំពីងសំពោងជាពិសេសគឺតុចាស់ៗដែលដាក់គរលើគ្នា។

ដីសឹងតែកម្រាស់មួយតឹក ឯពីងពាងព័ទ្ធសម្បុកខ្វែងខ្វាត់ មើលទៅបន្ទប់នេះដូចជាចាស់ទ្រុឌទ្រោមខ្លាំងណាស់។ ពន្លឺចាំងចូលពីខាងក្រៅមកអាចឱ្យខ្ញុំមើលឃើញបង្អួចដែលចងលួសហាក់បង្ហាញថាបង្អួចនេះនឹងរបេះបើសិនជាមិនចងលួសទេនោះ។

ខ្ញុំឃើញលោកនាយកនិងលោកគ្រូម្នាក់ទៀត ឈរជិតគ្នានៅពីមុខក្ដារខៀនដែលរហែករខេករខាកកំពុងចោលភ្នែកសម្លឹងទៅក្រុមនគរបាលពីរនាក់ ដែលពាក់ម៉ាស់ពាក់ស្រោមដៃកំពុងតែឈរធ្វើកិច្ចការរបស់គាត់។

ចំណែកឯក្រុមការងារម្នាក់ទៀត កំពុងតែធ្វើសកម្មភាពលើកដាក់ៗទៅលើក្រណាត់កៅស៊ូមួយ។ ខ្ញុំបោះជំហានទៅមុខបន្តិចទាំងអារម្មណ៍ច្រាស់ច្រាល់ ក្រឡេកឃើញក្រុមការងារនេះកំពុងតែលើកលលាដ៏ក្បាលនិងបំណែកឆ្អឹងដៃមួយផ្នែកទៀត ដែលនៅជាប់សាច់រលេះរលួយខ្លះៗដាក់ទៅលើក្រណាត់កៅស៊ូមួយៗដោយការពិនិត្យពិច័យ។

«មើលទៅសាកសពដូចមិនតិចថ្ងៃមកហើយទេ! ចុះនរណាឃើញដំបូងគេលោកគ្រូជឿន?!»

លោកគ្រូនាយកសួរនាំទៅលោកគ្រូជឿនដែលឈរនៅជិតគាត់។ លោកគ្រូជឿនដែលមានវ័យចំណាស់ល្បីថាជាគ្រូកាចប្រចាំសាលានោះក៏ចាប់តបតិចៗ៖

«ព្រឹកមិញខ្ញុំប្រើឱ្យកូនសិស្សចូលមកយកតុដាក់ជំនួសតុបាក់ក្នុងថ្នាក់រៀនលោកគ្រូ…កូនសិស្សក៏នាំគ្នាស្រែកឆោឡោរត់ចេញមកចែកជើងគ្នាប្រញាយ បន្ទាប់មកទើបខ្ញុំដឹងថាក្មេងៗវាឃើញឆ្អឹងខ្មោចនៅក្នុងឃ្លាំងនេះ!»

មកដល់ត្រឹមនេះ ក្លិនឆួលស្អុយដូចគំរង់ក៏រសាត់ចូលមកក្នុងច្រមុះរបស់ខ្ញុំ ថ្នាក់ខ្ញុំយកដៃខ្ទប់ច្រមុះទៅហើយ ក្លិននៅតែសាយភាយចូលក្នុងឃានវិញ្ញាណរបស់ខ្ញុំធ្វើឱ្យខ្ញុំចង់ដោលម្ដងៗ។

ខ្ញុំចាប់ស្រឡាំងកាំងព្រោះខ្ញុំដូចជាធ្លាប់ធុំក្លិនស្អុយបែបនេះ! ម្ដងនេះខ្ញុំចាប់សម្លឹងទិដ្ឋភាពក្នុងបន្ទប់នេះជាលើកទីពីរ ។​ ខ្ញុំចាំបានច្បាស់ណាស់។ ខ្ញុំមិនច្រឡំនោះទេ។ នេះគឺជាបន្ទប់ថ្នាក់ទី៩ “ខ” ដែលខ្ញុំបានចូលបង្រៀនកាលពីសប្ដាហ៍មុនទេតើ។ ខ្ញុំធ្លាក់ថ្លើមក្ឌុកព្រោះអ្វីៗខុសគ្នាស្រឡះដូចមេឃនឹងដី។ បន្ទប់ដែលជាថ្នាក់រៀនប្រែក្លាយទៅជាបន្ទប់ឃ្លាំងដាក់របស់របរអ៊ីចឹងអ្ហេស? ខ្ញុំស្រដីមួយៗទៅកាន់លោកនាយក៖

«លោកនាយក…ក្រែងបន្ទប់នេះជាថ្នាក់ទី៩ “ខ” អ្ហេសលោកគ្រូ?»

ម្ដងនេះលោកគ្រូនាយក លោកគ្រូជឿន ព្រមទាំងបងផាន់រ៉ាចាប់សម្លឹងមកខ្ញុំព្រាត។ លោកគ្រូជឿនមើលមកខ្ញុំទាំងជ្រួញចិញ្ចើមចូលគ្នារបៀបហួសចិត្ត៖

«សាលាយើងមានថ្នាក់ទី៩ “ខ” មកពីណាលោកគ្រូ! យើងមានត្រឹមតែថ្នាក់ទី៩ “ក” ទេលោកគ្រូព្រោះអីសិស្សទី៩មានតែជាង១០នាក់ហ្នឹងលោកគ្រូ!»

លោកគ្រូនាយកក៏ចាប់ពោលបន្ថែម៖

«នេះបន្ទប់ឃ្លាំងយើងតើលោកគ្រូ! ដាក់របស់របរមកជាង៥ឆ្នាំហើយ!»

 មិនបាច់សួរថាខ្ញុំធ្វើមុខបែបណានោះទេ។ ខ្ញុំស្វាងហាក់ដូចជាគេទះដប់ដៃ។

បន្ទាប់មកខ្ញុំក៏ទទួលបានអារម្មណ៍ថាព្រឺសម្បុរខ្ញាក។ រូបភាពខ្មោចកូនសិស្សនៅក្នុងយល់សប្ដិចាប់មកប្រាកដក្នុងខួរក្បាលខ្ញុំភ្លាមៗ។ ខ្ញុំក៏ប្រញាប់លាលោកគ្រូនាយកនិងលោកគ្រូជឿនចេញមក។ ចំណែកបងផាន់រ៉ាវិញគាត់នៅក្នុងបន្ទប់នោះនៅឡើយ។ ខ្ញុំមិនគិតច្រើនទេស្ទុះដើរតម្រង់ទៅរកម៉ូតូតែម្ដងព្រោះម៉ោងបង្រៀនរបស់ខ្ញុំក៏ផុតហើយដែរ។

មួយរំពេចនោះស្រាប់តែខ្ញុំឃើញអ៊ំប្រុសចំណាស់ម្នាក់ក្នុងដៃកាន់ការ៉ុងសក់រញ៉េរញ៉ៃ ខោដាច់រខេករខាកនៅក្រវែលៗម៉ូតូរបស់ខ្ញុំ។ ខ្ញុំប្រញាប់ដើរទៅកាន់ម៉ូតូ លុះគាត់ឃើញខ្ញុំដើរទៅជិតគាត់ក៏រត់ចេញពីខ្ញុំភ្លាមៗហាក់ដូចជាភ័យខ្លាចនឹងខ្ញុំខ្លាំងណាស់។

ខណៈនោះសាវលីកូនសិស្សខ្ញុំក៏បន្លឺសំឡេងនៅក្បែរខ្លួនខ្ញុំតែម្ដង៖

«អ៊ំប្រមគាត់វិកលចរិតទេលោកគ្រូ! មួយថ្ងៃៗគាត់ដើរចុះដើរឡើងនៅក្នុងសាលាហ្នឹងឯងលោកគ្រូ! យប់ឡើងក៏សម្រាន្តនៅសាលាហ្នឹងដែរ!»

ខ្ញុំប្រឹងសម្រួលទឹកមុខវាចាទៅកាន់កូនសិស្ស៖

«អ៎! អឺ…គ្រូមកជាងមួួយខែហើយតែដូចអត់ដែលបានឃើញគាត់ ទើបនឹងមកឃើញមិញនេះឯង!»

និយាយមកដល់ត្រឹមនេះ សំឡេងម៉ូតូស្គុបពីលាន់ឮមកទ្រុល។ អ្នកគ្រូនារីសមសួនក្នុងបេះដូងខ្ញុំនោះ មកឈប់ម៉ូតូនៅមិនឆ្ងាយពីខ្ញុំនិងសាវលីប៉ុន្មានឡើយ។ សាវលីក្រឡេកឃើញនាងហើយក៏ងាកមកញញឹមដាក់ខ្ញុំ៖

«អ៊ីចឹងខ្ញុំជម្រាបលាសិនហើយលោកគ្រូ! បងគាត់មកដល់ហើយ!»

បង?! នាងជាបងស្រីសាវលីអ្ហេស? ខ្ញុំខំសម្រួលទឹកមុខញញឹមស្រាល៖

«បាទសាវលី!​ សុខសប្បាយ!»

សាវលីឡើងម៉ូតូពីក្រោយនារីរមទម្យ ដែលមកទល់នឹងពេលនេះខ្ញុំនៅតែមិនទាន់ស្គាល់ឈ្មោះនាងច្បាស់នៅឡើយ។ គ្រាន់តែឮសាវលីហៅនាងថាណីៗយ៉ាងម៉េចក៏មិនដឹង។ លុះងាកទៅចំហៀងល្វែងអគារកើតហេតុមួយក្រឡេក ខ្ញុំដូចជាប្រទះភ្នែកនឹងស្រីយ៉ែន ដែលកំពុងតែមានអាការៈលឹបលៗសម្លឹងទៅបន្ទប់ឃ្លាំងកើតហេតុទាំងទឹកមុខស្លេកស្លាំងភិតភ័យខុសពីធម្មតា។ ម្ដងនេះសញ្ញាសួររាប់រយក៏លោតនៅលើក្បាលខ្ញុំជាប់គ្នារដឹក។

ពេលថ្ងៃត្រង់នៅផ្ទះស្នាក់…

ខ្ញុំមកដល់ផ្ទះស្នាក់មុនបងផាន់រ៉ាក៏រៀបចំដាំបាយធ្វើម្ហូប។ ខ្ញុំហាន់សាច់ដើម្បីដាក់ឆាបណ្ដើរទាំងនឹកគិតអណ្ដែតអណ្ដូងបណ្ដើរ។ ខ្ញុំនៅតែមិនអស់ចិត្តនឹងរឿងបន្ទប់ឃ្លាំងនោះ។

ខ្ញុំបានទៅបង្រៀននៅបន្ទប់នោះច្បាស់ណាស់ ប៉ុន្តែហេតុអីបានជាវាក្លាយទៅជាឃ្លាំងទៅវិញ? ខ្ញុំចាប់មិនស្រួលក្នុងចិត្តព្រោះនឹកដល់រឿងអូមអាមខ្មោចព្រាយអីអស់នោះ។ ដ្បិតខ្ញុំមិនសូវមានជំនឿលើរឿងនោះមែន ប៉ុន្តែខ្ញុំមិនដែលប្រមាទម្ដងណាឡើយ។

ឬមួយក៏ខ្ញុំត្រូវខ្មោចលង?? ខ្ញុំគិតម្នាក់ឯង ភ័យបុកពោះឌឹបៗម្នាក់ឯងដល់ថ្នាក់ហាន់សាច់លែងចង់កើត។ គិតចុះគិតឡើង ក៏គិតដល់យ៉ែនកូនពូយ៉ន ដែលខ្ញុំស្គាល់តាមរយៈបងផាន់រ៉ា។ ខ្ញុំពិតជាចង់ទៅសួរនាំនាងខ្លាំងណាស់ថានាងបានចូលរៀនជាមួយខ្ញុំនៅថ្ងៃនេះដែរឬអត់?! ម្យ៉ាងទៀតតើនាងមកឈរអើតឡឹមៗមើលទៅបន្ទប់ឃ្លាំងកើតហេតុទាំងមុខស្លន់ៗបែបហ្នឹងធ្វើអី?!

«យើងបានម្ហូបអីសុណាន់?»

ខ្ញុំស្ទុះងាកចង់គ្រេចក។ ការពិតជាបងផាន់រ៉ាសោះ។ គាត់កំពុងអើតមើលមកខ្ញុំស្របពេលដែលខ្ញុំឯណេះភ័យចង់ស្លេកមុខ។ ខ្ញុំប្រញាប់តបមួយៗ៖

«ឆាស្ពៃបង!»

បងផាន់រ៉ាញញឹមងក់ក្បាលតិចៗទើបចាប់ដើរទៅប្ដូរខោអាវទាំងស្រដី៖

«សាកសពដែលប្រទះឃើញនៅក្នុងបន្ទប់ឃ្លាំងហ្នឹងគឺជាក្មេងប្រុស!»

ខ្ញុំទ្រឹងសកម្មភាព បញ្ចេញសំណួរសួរបងផាន់រ៉ាឥតបង្អង់៖

«ម៉េចបានគេសន្និដ្ឋានបានលឿនម្ល៉េះបង?»

បងផាន់រ៉ាប្ដូរខោអាវបណ្ដើរនិយាយរ៉ាយរ៉ាប់ប្រាប់ខ្ញុំបណ្ដើរផង៖

«អ្នកចុងភូមិគាត់បាត់កូនជាងកន្លះខែហើយ! ពីដំបូងគាត់គិតថាកូនគាត់ខឹងគាត់ដែលស្ដីបន្ទោសរឿងមិនជួយធ្វើការងារ ទើបវាគេចទៅដេកនៅជាមួយមិត្តភក្ដិវាដូចសព្វដង! ប៉ុន្តែប៉ុន្មានថ្ងៃមុន ពេលបាត់កូនយូរថ្ងៃពេកគាត់ក៏ទៅតាមកូនគាត់នៅផ្ទះមិត្តភក្ដិវា! លុះដឹងថាកូនគាត់បាត់ គាត់ក៏ដាក់ពាក្យបណ្ដឹងមកខាងប៉ូលិស! ចៃដន្យអីរកឃើញសាកសពនៅឃ្លាំងព្រឹកនេះមានសភាពដូចជាសពក្មេងជំទង់ទើបប៉ូលិសទំនាក់ទំនងទៅខាងពូមីងដែលបាត់កូន! ទីបំផុតសពហ្នឹងគឺជាកូនគាត់ហ្នឹងឯងព្រោះពួកគាត់នៅចាំចិញ្ចៀននៅនឹងម្រាមដៃសពបាន!»

ខ្ញុំភ្ញាក់ព្រើតចងចិញ្ចើមសួរបញ្ជាក់បងផាន់រ៉ា៖

«ដៃសពមានពាក់ចិញ្ចៀនអ្ហីបង?»

បងផាន់រ៉ាងក់ក្បាលតិចៗតបខ្ញុំធ្វើឱ្យខ្ញុំកាន់តែងឿងឆ្ងល់ទ្វេដង៖

«សពរកឃើញតែកំណាត់ដៃនិងក្បាល! ខ្ញុំឆ្ងល់ដល់ហើយបង! ចុះបាត់ខ្លួនអីទៅណាអស់ហើយ?»

បងផាន់រ៉ាស្រដីទាំងមុខស្មើធេង៖

«ប៉ូលិសសន្និដ្ឋានថានេះគឺជារឿងឃាតកម្ម!»

«ឃាតកម្ម?! ទេ! បើថាលួចប្លន់ក៏ដូចជាមិនសមព្រោះចិញ្ចៀននៅនឹងដៃសពធម្មតាតើ! ហើយឆ្ងល់ត្រង់សពទៅនៅក្នុងឃ្លាំងហ្នឹងបានយ៉ាងម៉េច?!

បងផាន់រ៉ាងក់ក្បាលតិចៗ៖

«បងកំពុងតែឆ្ងល់ដែរ! ប៉ូលិសគេកំពុងបើកការស៊ើបអង្កេតហើយ! តែបើតាមបងស្មាន​ ប្រហែលឃាតករសម្លាប់ហើយ វាយកសពទៅកប់ចោលនៅក្នុងហ្នឹង ព្រោះអីក្មេងៗប្រាប់ថា ពេលពួកវានាំគ្នាចូលទៅយកតុហ្នឹង ពួកវាដើរក្រឡាច់ជើង! ដំបូងពួកវាស្មានថាដីកំពីកកំពក តែពេលពិនិត្យទៅឃើញសក់រុយៗជាប់នឹងឆ្អឹង ក៏នាំគ្នាផ្អើលស្រែកឆោឡោរត់ចែកជើងគ្នាទៅ!»

ខ្ញុំដកដង្ហើមធំ។ មកបង្រៀននៅតំបន់ដាច់ស្រយាលទោះរៀងលំបាកបន្តិចក៏ខ្ញុំមិនថាដែរ ប៉ុន្តែនេះមកចួបរឿងឃាតកម្មអីបែបនេះធ្វើឱ្យខ្ញុំដូចជាមិនស្រួលក្នុងចិត្តសោះ។

អ្វីដែលសំខាន់បេះដូងខ្ញុំកំពុងលោតស្ទើរធ្លាយព្រោះបងផាន់រ៉ាប្រាប់ថាជាសពក្មេងប្រុស។ វាគឺដូចនៅក្នុងយល់សប្ដិខ្ញុំដែលខ្ញុំត្រូវខ្មោចក្មេងប្រុសក្នុងបន្ទប់នោះលង។ ម្ដងនេះខ្ញុំកាន់តែប្រាកដចិត្តម្ដងបន្តិចៗហើយថាខ្ញុំត្រូវបានខ្មោចលងពិតមែន។ ខ្ញុំបន្ធូរដង្ហើមធំជាថ្មី។ ខ្មោចលងមិនលងដូចជាមិនសូវសំខាន់ទេនៅពេលនេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា ខ្ញុំចង់ដឹងពីមូលហេតុដែលនាំឱ្យក្មេងជំទង់នោះត្រូវគេសម្លាប់ហើយកាត់បំណែកសាកសព យកទៅកប់ចោលនៅក្នុងឃ្លាំងនៅសាលា។ ទង្វើនេះពិតជាសាហាវយង់ឃ្នងពេកហើយ។

តើឃាតករជានរណា អីក៏មានចិត្តអាក្រក់សាមាន្យថ្នាក់នេះ? ឬក៏ជាករណីគំនុំគុំកួន? ក្មេងប្រុសជំទង់ប៉ុនហ្នឹងទៅមានរឿងគំនុំគុំកួនជាមួយគេដល់ថ្នាក់គេសម្លាប់អ្ហេស?! បើមានគំនុំ សមណាស់ដែលថាក្មេងប្រុសរងគ្រោះមានគំនុំជាមួយក្មេងជំទង់ផ្សេងៗដែលមានអាយុប្រហាក់ប្រហែលគេ ប៉ុន្តែសភាពសាកសពនិងការបំបិទព័ស្តុតាងគ្រប់យ៉ាងធ្វើឱ្យខ្ញុំជឿថា អ្នកដែលសម្លាប់គេគឺជាមនុស្សចាស់យ៉ាងពិតប្រាកដ។ ហើយចុះបំណែកសាកសពផ្សេងទៀតនៅឯណា?!

ខ្ញុំចេះតែដាក់សំណួរសួរខ្លួនឯងពីមួយទៅមួយមិនចេះដាច់ លុះទីបំផុតចម្លើយដែលខ្ញុំទទួលបាននោះគឺ គ្មានចម្លើយ។  

យប់នេះខ្ញុំគេងមិនលក់សោះ ចេះតែរសេះរសោះមិនសុខមិនសាប់សោះព្រោះចេះតែគិតពីរឿងកាលពីព្រឹកមិញមិនចេះឈប់។ ខ្ញុំទាញទូរសព្ទយកមកមើលម៉ោងឃើញម៉ោងជិត១២យប់ទៅហើយ។ តាមរយៈពន្លឺព្រាលៗ ខ្ញុំបែរក្រឡេកទៅបងផាន់រ៉ាឃើញគាត់សម្រាន្តលក់ភ្លឹង។ ខ្ញុំបន្ធូរដង្ហើមព្យាយាមបញ្ឈប់ខ្លួនឯងពីការគិតប្រឹងធ្មេចភ្នែកគេងតែមិនខុសអីពីគេថាកាន់តែបំភ្លេចកាន់តែនឹកឃើញនោះទេ។

លុះមួយសន្ទុះធំខ្ញុំលក់រលីវៗក៏ស្រាប់តែខ្ញុំមានអារម្មណ៍ថាស្រមោលស្ទុងៗដើរកាត់ចុងជើងរបស់ខ្ញុំ។ ខ្ញុំចាប់ស្វាងចែសតែមិនទាន់បើកភ្នែកភ្លាមនោះទេ។ ខ្ញុំសន្សឹមៗបើកភ្នែកតិចៗក៏ឃើញស្រមោលមនុស្សបើកទ្វារតិចៗលបចេញទៅក្រៅ។ ខ្ញុំចាប់ស្រឡាំងកាំងដៀងភ្នែកយឺតៗមកមើលគ្រែបងផាន់រ៉ាវិញ។ ម្ដងនេះនៅលើគ្រែគាត់គឺទទេស្អាត។ ដូច្នេះមានន័យថាស្រមោលខ្មៅដែលដើរចេញអម្បាញ់មិញគឺជាបងផាន់រ៉ា?

ចុះគាត់ចេញទៅណាទាំងកណ្ដាលអាធ្រាត្រអ៊ីចឹង?

អ្វីដែលសំខាន់គាត់ធ្វើឫកពាហាក់ដូចជាលឹបលណាស់។ មួយស្របក់ទើបខ្ញុំសម្រេចចិត្តងើបចេញពីគ្រែយឺតៗ។ កន្លងទៅជិតមួយនាទីខ្ញុំក៏មកដល់មាត់ទ្វារ ហើយក៏ប្រឹងដៀងភ្នែកសម្លឹងទៅក្រៅ។ ខ្ញុំភាន់ភាំងជាថ្មី។ ក្រោមពន្លឺចន្ទ្រា បងផាន់រ៉ាកំពុងតែលីចបកាប់ដើរទៅជិតដើមព្រីងជាប់ព្រំប្រទល់ចម្ការដំឡូង រួចក៏លូនតាមរបងលួសចូលទៅក្នុងចម្ការដំឡូងនោះមួយរំពេច។

គាត់ចង់ធ្វើអីហ្នឹង? ខ្ញុំមិនយល់ទេថាគាត់យកចបកាប់ទៅធ្វើស្អីក្នុងចម្ការទាំងយប់បែបនេះ? បងផាន់រ៉ាក៏បាត់ទៅក្នុងដើមដំឡូងស៊ុបទ្រុប។ ខ្ញុំមិនអាចបង្អង់បាននោះឡើយ ព្រោះថាសន្ទុះចិត្តនៃការចង់ដឹងរបស់ខ្ញុំវាកំពុងតែពុះកញ្ជ្រោលខ្លាំងណាស់។

ខ្ញុំខំបោះជំហានលបៗទាំងអត់ដង្ហើមម្ដងៗរហូតចូលទៅដល់ក្នុងចម្ការដំឡូងដែរ។ ខ្ញុំសសៀរៗដើរក្នុងរងដើមដំឡូងទាំងភ័យព្រួយខ្លាចពួកសត្វអាសិរ្ពិស ប៉ុន្តែខ្ញុំមិនខ្វល់នោះឡើយព្រោះអ្វីដែលសំខាន់គឺខ្ញុំចង់ដឹងថាបងផាន់រ៉ាមកធ្វើស្អីក្នុងចម្ការដំឡូងនេះ។

ដើរលបៗចូលទៅក្នុងគុម្ពោតដំឡូងបន្តិច សំឡេងកាប់ដីក៏លាន់ឮឡើងមក។

ខ្ញុំឱនចុះក្នុងគុម្ពោតដំឡូងលាក់ខ្លួន ខណៈនៅចំពោះមុខខ្ញុំគឺជាបងផាន់រ៉ាដែលកំពុងកាប់ដីភឹបៗ បំភ្លឺដោយចង្ក្រៀងអគ្គិសនីដែលភ្លឺផ្លុងៗ។ ខ្ញុំតាមមើលគ្រប់សកម្មភាពរបស់បងផាន់រ៉ាមិនឱ្យរំលងនោះទេ។ គាត់កាប់ផងកាយផងគ្មានឈប់ដៃ។ តើនេះគាត់កំពុងធ្វើអី? ជីកកំណប់អ្ហេស? ហេតុផលដូចជាចាស់គំរឹលពេកហើយ។

ខ្ញុំមិនប្រយ័ត្នក៏រំកិលខ្លួនចំមែកដំឡូងងាប់លាន់ឮសំឡេងបន្តិច។ បងផាន់រ៉ាងាកមកកន្លែងខ្ញុំភ្លែត។ ខ្ញុំក្ដោបមាត់នៅស្ងៀមសឹងតែមិនហ៊ានដកដង្ហើម។ បងផាន់រ៉ាលើកចង្កៀងអគ្គិសនីទ្រោលបំភ្លឺទាំងអើតកផ្អៀងផ្អងមកកន្លែងខ្ញុំ។

មួយសន្ទុះគាត់ក៏ដាក់ចង្កៀងចុះរួចបន្តកាប់ដី។ ខ្ញុំឯណេះបន្ធូរដង្ហើមខ្សាក។ សំណាងហើយដែលកន្លែងខ្ញុំពួននេះបាំងដើមដំឡូងដែលដួលចុះច្រូងច្រាងនោះ។ បងផាន់រ៉ាប្រែជាដាក់ចបចុះរួចក៏កកូរកកាយដីខ្លាំងៗ ស្រាប់តែគាត់អុកគូទទឹសហាក់ដូចជាតក់ស្លុតណាស់។

គាត់ម្នីម្នាកាយដីលុបកន្លែងនោះវិញភ្លាមៗ។ ខ្ញុំដឹងថាគាត់ប្រុងនឹងទៅបន្ទប់វិញដូច្នេះខ្ញុំក៏ស្រូតលបចេញមកបន្ទប់មុនគាត់ទាំងសញ្ញាសួរលោតពេញក្បាលដោយការចង់ដឹង។

ខ្ញុំពិតជាចង់ដឹងណាស់ថាបងផាន់រ៉ាកាប់កាយរកអ្វី? ម៉េចនៅសុខៗគាត់ក៏ទៅជាលុបវិញដូច្នេះ? ខ្ញុំមកដល់លើគ្រែធ្វើជាសំងំគេងធម្មតា។ លុះមួយសន្ទុះបងផាន់រ៉ាក៏លបៗដើរចូលមកក្នុងរួចក៏លបៗដើរទៅបន្ទប់ទឹកទំនងជាទៅលាងសម្អាតដៃ ហើយទើបឡើងមកសម្រាកធម្មតាវិញ។  

ខ្ញុំខំលួចដៀងភ្នែកទៅគ្រែបងផាន់រ៉ាទាំងច្រាស់ច្រាល់ដូចមាន់រកពង។ ពេញមួយយប់នេះខ្ញុំបញ្ឈរភ្នែកដូចផឹកកាហ្វេអស់ដប់កែវ។ ម្ដងម្ដាលខ្ញុំនៅបន្តលួចដៀងភ្នែកទៅគ្រែបងផាន់រ៉ាព្រោះតែមិនអស់ចិត្តនឹកឆ្ងល់នឹងសកម្មភាពប្លែកៗរបស់គាត់។ តើបងផាន់រ៉ាជីកកកាយរកស្អីទៅ? ឬមានអីខុសប្រក្រតីនៅចម្ការមីងឱក?

………………………

ព្រឹកព្រលឹម…

«អ្ហាយយយយ…!!»

សំឡេងស្រែកលាន់មកដល់បន្ទប់ខ្ញុំយ៉ាងច្បាស់ទែង។ ខ្ញុំខំស្ទុះងើបភីងទាំងសើងមម៉ើង ខណៈបងផាន់រ៉ាបាត់ទៅណាហើយក៏មិនដឹង។ ខ្ញុំស្ទុះចេញមកក្រៅទើបដឹងថាសំឡេងលាន់មកពីចម្ការដំឡូងក្បែរផ្ទះស្នាក់ខ្ញុំនេះសោះ។ រីឯសំឡេងស្រែកនោះក៏បន្លឺឡើងមកជាថ្មី៖

«ជួយផង!…ជួយផង…!!»

«មានរឿងអីហ្នឹងសុណាន់?»

ខ្ញុំភ្ញាក់ដូចជាន់ពស់ លុះក្រឡេកទៅឃើញបងផាន់រ៉ាកំពុងបៀមច្រាសដុសធ្មេញក្នុងមាត់ទាំងសក់ក្បាលសើងមម៉ើងទំនងស្ទុះចេញមកពីបន្ទប់ទឹកហើយ។ ខ្ញុំក៏និយាយខ្សាវៗទាំងមីងមាំងដូចគ្នា៖

«ប្រញាប់ទៅមើលមើល៍បង!!»

ពួកខ្ញុំប្រញាប់រត់ចេញមកក្រៅ ស្របគ្នានឹងមីងឱករត់មករកពួកខ្ញុំទាំងឆ្ការដៃឆ្ការជើងនិយាយដាច់ៗទាំងដង្ហក់ខ្យល់៖

«លោកគ្រូ!….លោកគ្រូ!…ជួយផង…ជួយផង!!…»

គាត់រត់មកដល់ទាំងហត់គឃូស។ ខ្ញុំក៏ចាប់ស្រដីទាំងថប់ៗដែរ៖

«សម្រួលអារម្មណ៍សិនមីង…មានអីមែនមីង?»

ខ្ញុំដៀងភ្នែកទៅបងផាន់រ៉ាឃើញគាត់កំពុងតែមីងមាំងដូចគ្នា។ ម្ដងនេះមីងឱកក៏ចាប់បន្តប្រយោគទាំងផុតផើយ៖

«ហៅប៉ូលិស…ហៅប៉ូលិសមកលោកគ្រូ…!»

ខ្ញុំកាន់តែងីងើទ្វេដង ប្រញាប់សួរនាំគាត់ញាប់មាត់ជាថ្មី៖

«មានរឿងអីអ្ហេសមីង?!»

«គឺ…មីង…មីងឃើញសពក្នុងចម្ការដំឡូង!»

គាត់បញ្ចប់ឃ្លាសឹងតែមិនទាន់ផង ខ្ញុំក៏ទៅជាគាំងដូចមនុស្សយន្ត។

ខ្ញុំនឹកភ្នកដល់រឿងកាលពីយប់មិញពេលឮពាក្យថា “ក្នុងចម្ការដំឡូង”។ ខ្ញុំដៀងភ្នែកមើលទៅបងផាន់រ៉ាឃើញមុខគាត់ប្រែជាស្លេកងាំងគ្មានឈាមមួយតំណក់។ សភាពរបស់គាត់បញ្ជាក់យ៉ាងច្បាស់ថាគាត់តក់ស្លុតជាងខ្ញុំទៅទៀត។

……………………………

ក្នុងចម្ការដំឡូង…

មនុស្សម្នាមករោមអ៊ូអ៊ែ ស្របពេលដែលប៉ូលិសនិងអ្នកជំនាញកំពុងធ្វើការពិនិត្យសាកសពដែលហើមប៉ោងសឹងតែមើលមិនយល់នៅលើក្រណាត់កៅស៊ូ។ ម្នាក់ៗរួមទាំងខ្ញុំផងដែរសុទ្ធតែខ្ទប់ច្រមុះព្រោះក្លិនអសោចជះខ្លាំងសឹងតែសន្លប់។ ខណៈនោះស្រាប់តែមីងនិងពូពីរនាក់ទៀតរត់មកវែកគេវែកឯង ស្ទុះទៅជិតសពរួចក៏យំហ៊ូ ទួញសោកកន្ទក់កន្ទេញ៖

«កូនម៉ែ…ហ៊ឺ…កូន….កូនម៉ែ…»

មីងម្នាក់នោះយំរៀបរាប់សង្រេងសង្រៃ ជាហេតុធ្វើឱ្យខ្ញុំដឹងថាគាត់ជាម្ដាយរបស់សាកសព។ ចំណែកឯពូម្នាក់នោះក៏កំពុងយំសស្រាក់ផងដែរ ហើយបើខ្ញុំស្មានមិនខុសទេគាត់គឺច្បាស់ជាពុករបស់សាកសពជាមិនខាន។

«មីងស្រៀងពូធុងរស់នៅចុងភូមិ ត្រូវជាឪពុកម្ដាយរបស់ប្អូនធាម ដែលត្រូវបានគេសម្លាប់ហើយកាត់ដៃនិងក្បាលយកកប់ចោលក្នុងឃ្លាំងនៅសាលា! នេះមិននឹកស្មានថា…តួខ្លួនសាកសពមកនៅក្នុងចម្ការមីងឱកបែបហ្នឹងវិញសោះ! មើលចុះសភាពសាកសពគឺពិតជាគួរឱ្យសង្វេគខ្លាំងណាស់! នរណាគេអីក៏ចិត្តខ្មៅម្ល៉េះហ៊ានលើកដៃសម្លាប់ក្មេងជំទង់បែបហ្នឹងទៅរួច! »

ខ្ញុំភ្ញាក់ស្រឡាំងកាំងនឹងសំឡេងខ្សាវៗកៀនខ្លួននោះមិនស្ទើរទេ លុះងាកទៅក៏ប្រសព្វនឹងនារីល្អឯកប្រចាំបេះដូងខ្ញុំតែម្ដង។

ខ្ញុំប្រហោងពោះធ្លុងនៅពេលដែលនាងងាកមកសម្លឹងខ្ញុំ ទាំងចោលស្នាមញញឹមសោះកក្រោះមកជាមួយផង។ នេះនាងកំពុងរ៉ាយរ៉ាប់ប្រាប់ខ្ញុំអ្ហេស??! ខ្ញុំក្រឡេកទៅសាកសពឃើញប៉ូលិសយកក្រណាត់សំពត់សគ្របសពជិតស្លុប។ ប៉ុន្តែបើតាមដែលឮនាងនិយាយ អាចបញ្ជាក់បានថានាងបានមកដល់ទីនេះ តាំងពីពេលដែលសពនៅមិនទាន់ត្រូវបានគេយកក្រណាត់សគ្របជិតម្ល៉េះ។

សាកសពសល់តែតួខ្លួននិងដៃមួយចំហៀង!! ពិតមែនហើយ! គឺពិតជាគួរឱ្យសង្វេគអាណោចអាធមខ្លាំងណាស់។ ខ្ញុំពិតជាសរសើរនាងណាស់ ដែលនាងមានភាពក្លាហានមកមើលសភាពសាកសពដែលគួរឱ្យញញើតនិងសង្វេគថ្នាក់នេះ។

មកដល់ត្រឹមនេះនាងក៏ចាប់ងាកទៅសម្លឹងក្រុមប៉ូលិសធ្វើការវិញដែលហាក់ពញ្ញាក់ឱ្យខ្ញុំភ្ញាក់ពីការសម្លឹងនាងភ្លឹក។ ខ្ញុំក៏ប្រញាប់ងាកទៅមើលក្រុមពូប៉ែនធ្វើការវិញទាំងបន្តគិតម្នាក់ឯងដូចជាមនុស្សឆ្កួត។ តួខ្លួនសាកសពត្រូវបានឃាតករយកមកកប់នៅទីនេះអ៊ីចឹងអ្ហេស?

ខ្ញុំនឹកឃើញដល់បងផាន់រ៉ាកាលពីយប់មិញ។ ម៉េចបានជាមានរឿងគាប់ចួនគ្នាបែបនេះ? ខ្ញុំចាំមិនច្រឡំទេថាកន្លែងដែលគាត់គាស់កាលពីយប់មិញគឺជាកន្លែងនេះច្បាស់ណាស់។

ខ្ញុំចេះតែដៀងភ្នែកមើលបងផាន់រ៉ាដែលឈរនៅម្ខាងខ្លួនខ្ញុំជាញឹកញាប់។ ទឹកមុខគាត់បញ្ជាក់ថាគាត់មានអារម្មណ៍មិនស្រួលនោះទេ។ ខ្ញុំកាន់តែច្រាស់ច្រាល់ក្នុងចិត្ត តែក៏ប្រញាប់បន្លឺសំឡេងខ្សាវៗសួរទៅកាន់អ្នកគ្រូស្អាតបន្តទៀតតាមកម្សួលចិត្តដែលចង់ដឹងចង់ឮ៖

«ចុះធាមរៀននៅថ្នាក់ទីប៉ុន្មានហើយគេជាក្មេងយ៉ាងម៉េចដែរ?!»

សំណួរត្រង់ភ្លឹករបស់ខ្ញុំធ្វើឱ្យអ្នកគ្រូស្អាតដៀងភ្នែកមកសម្លឹងខ្ញុំបន្តិច ទើបនាងបន្លឺវាចាថ្នមៗជាថ្មី៖

«ឮសាវលីប្រាប់ថាកាលពីថ្នាក់ទី៧ ធាមរៀនជាមួយវាដែរ លុះដល់ថ្នាក់ទី៨ធាមក៏ឈប់រៀនទៅ! បើនិយាយពីអត្តចរិតរបស់ធាមវិញ សាវលីប្រាប់ថាកាលនៅរៀនធាមជាក្មេងស្ងប់ស្ងាត់មិនសូវចេះមាត់កច្រើនទេ! តែក្រោយមកធាមក៏ទៅសេពគប់ជាមួយនឹងពួកក្មេងស្ទាវៗពាលាអាវ៉ាសែ   លុះយូរៗទៅគេក៏ចេះគេចម៉ោងរៀនហើយទៅដេកនៅផ្ទះក្មេងស្ទាវៗអស់នោះញឹកញាប់ ជាងទៅដេកនៅផ្ទះរបស់គេទៅទៀត! ក្រោយមកគេក៏ឈប់រៀនទៅ!!»

ខ្ញុំទ្រឹងបន្តិចព្រោះដឹងថា ឥទ្ធិពលមិត្តភក្ដិនេះគឺវាខ្លាំងជាងឥទ្ធិពលទំនាញផែនដីទៅទៀត។ មនុស្សល្អម្នាក់អាចក្លាយទៅជាមនុស្សពាលាអាវ៉ាសែលែងដឹងខុសត្រូវក៏ដោយសារតែមិត្តភក្ដិអូសទាញនេះឯង។ ខ្ញុំបន្ធូរដង្ហើមខ្សាក រួចក៏ឆៀងភ្នែកទៅមើលនារីក្នុងសុបិនខ្ញុំ ដែលកំពុងតែផ្ដោតចក្ខុដូចកូនម្រឹគមើលទៅពូប៉ែននិងក្រុមការងារដែលកំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំនោះ។

ខ្ញុំដូចជាប្លែកក្នុងចិត្តដែរនៅពេលដែលនាងមកនិយាយហូរហែជាមួយខ្ញុំ ទាំងដែលរាល់ដងនាងតែងតែគេចមុខមិនចង់និយាយជាមួយខ្ញុំឡើយ។

«ក្មេងខូចពិបាកស្ដីប្រដៅណាស់លោកគ្រូ! មិនដឹងថាវាទៅមានរឿងមានរ៉ាវជាមួយពីណាទេ ទើបដល់ថ្នាក់គេកាប់សម្លាប់អីបែបនេះ! ក្មេងៗសម័យឥឡូវយ៉ាប់សម្បើមណាស់! រឿងអីបន្តិចបន្តួចក៏ប្រើដៃប្រើជើងដែរ! ស្រួលមិនស្រួលអាធាមវាទៅករឿងករ៉ាវប៉ះពារស្អីគេហើយ ទើបគេបកមកសងសឹកវាវិញអ៊ីចឹង!!»

ខ្ញុំភ្ញាក់ព្រើត លុះងាកទៅក៏ប្រសព្វនឹងពូយ៉ន ដែលទើបនឹងបញ្ចប់ប្រយោគអម្បាញ់មិញទាំងគ្រវីក្បាលតិចៗផង។ ខ្ញុំឯណេះលួចបន្ធូរដង្ហើមខ្សាកស្រដីខ្សាវៗ៖

«តែយ៉ាងណាក៏មិនត្រូវដល់ថ្នាក់កាប់សម្លាប់គ្នាបែបហ្នឹងដែរពូ!»

«ហេតុអីក៏ថាមិនអាចទៅលោកគ្រូ?!»

អ្នកគ្រូស្អាតស្រាប់តែព្រលយមួយសំណួរ ទាំងងាកមកសម្លឹងខ្ញុំបន្តិចផង។ សន្សឹមៗនាងក៏រេក្រសែភ្នែកទៅម្ខាងគេចចេញពីកែវភ្នែកភ្លឹះៗរបស់ខ្ញុំ បន្លឺតិចៗ៖

«លោកគ្រូទើបនឹងមកថ្មី ដូច្នេះលោកគ្រូគួរតែប្រយ័ត្នខ្លួនឱ្យបានច្រើនជាងនេះ!! នៅទីនេះក្មេងៗមួយចំនួនសេពគ្រឿងញៀនគ្រឿងស្រវឹងពាលាអាវ៉ាសែពុកម៉ែប្រដៅមិនស្ដាប់គ្រូថាមិនតាម! ពួកគេអស់ហ្នឹងមិនដឹងថាស្អីជាច្បាប់នោះទេ តែអ្វីដែលពួកគេដឹងគឺថានៅពេលដែលពួកគេខឹងស្អប់នរណាម្នាក់ហើយ ពួកគេនឹងគុំកួនសងសឹកជាមួយអ្នកនោះឥតមានគិតខ្លាចញញើតនគរបាលឡើយ!!»

ខ្ញុំលេបទឹកមាត់ក្អឹក។ នេះហើយជាអ្វីដែលម៉ែខ្ញុំបានផ្ដាំមកពីផ្ទះ។ គាត់ថាធ្វើជាគ្រូគេត្រូវតែចិត្តធ្ងន់ជាមួយសិស្សបន្តិច ហើយគួរធ្វើឱ្យសិស្សគោរពជាជាងឱ្យសិស្សខ្លាច ពីព្រោះសិស្សមួយចំនួនខ្លបខ្លាចគ្រូតែនៅចំពោះមុខតែប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយខ្នងវិញ ពួកវានិយាយពេបជ្រាយគ្រូសព្វសារពើហើយថែមទាំងគិតរកល្បិចកលវាយបកធ្វើបាបគ្រូវិញថែមទៀតផង។

ខ្ញុំរៀបនឹងបន្តសន្ទនា ស្រាប់តែមួយរំពេចនោះសំឡេងស្រែករបស់នរណាម្នាក់បន្លឺក៏ឡើងមកខ្លាំងៗផ្អើលអ្នកស្រុកដែលមានឈរពពាក់ពពូនគ្នានេះ៖

«ហ៊ឺ….អ៊ឺ…ខ្លាចហើយ….ខ្លាចហើយ! អាក្រក់ណាស់! អាក្រក់ណាស់…!»

គ្រប់គ្នាបែរទៅប្រភពសំឡេងទាំងភ្ញាក់ផ្អើលស្រឡាំងកាំង ប្រទះនឹងពូប្រមដែលជាជនវិកលចរិត កំពុងតែបើកភ្នែកក្រឡើតក្រឡាប់សម្លឹងមកម្ដុំខ្ញុំទាំងស្រែកប្រកាច់ប្រកិនហាក់ដូចជាខ្លាចអ្វីមួយខ្លាំងណាស់។

តើគាត់ចង់មានន័យថាម៉េច?! គាត់ខ្លាចអ្វីទៅ? ខ្ញុំហៀបនឹងស្ទុះទៅរកគាត់ទៅហើយតែគាត់ក៏ពន់ការ៉ុងរត់ចេញពីគុម្ពោតដំឡូងនោះទៅក្រៅទាំងប៉ផាត់ពភីងលែងងាកក្រោយ។ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងគាត់ឡើយ ព្រោះអ្នកភូមិនៅទីនេះនរណាក៏ដឹងដែរថាគាត់វិកលចរិតតែចំពោះខ្ញុំ ខ្ញុំបែរជាមានអារម្មណ៍ប្លែកៗទៅវិញ។

គាត់និយាយថាខ្លាចហើយៗ តើគាត់សំដៅដល់អ្វីទៅ? សំឡេងរបស់ពូយ៉នក៏លាន់ឡើងមកក្បែរខ្ញុំតិចៗ៖

«លោកគ្រូកុំទៅចាប់អារម្មណ៍នឹងអាប្រមធ្វើអី! វាឆ្គួតមកជាច្រើនឆ្នាំហើយតាំងពីគ្រួសារវាបានស្លាប់ក្នុងភ្លើងឆេះផ្ទះកាលពីឆ្នាំនោះម្ល៉េះ!»

ខ្ញុំងាកទៅពូយ៉នបន្តិចទាំងនឹកអាណិតពូប្រមឡើងមក។ បានន័យថាគាត់មិនបានវិកលចរិតតាំងពីកំណើតនោះទេ ប៉ុន្តែផ្ទុយទៅវិញគាត់ច្បាស់ជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរព្រោះទទួលយកមរណភាពក្រុមគ្រួសាររបស់គាត់មិនបានហើយ។

……………….

ពេលរសៀលនៅផ្ទះស្នាក់…

«សុំលោកគ្រូទាំងពីរជួយសហការផងព្រោះអីខាងពូត្រូវប្រញាប់បិទបញ្ចប់រឿងក្ដីនេះឱ្យបានឆាប់បំផុត!»

ពូប៉ែនជានគរបាលដែលខ្ញុំធ្លាប់ស្គាល់ព្រមទាំងនគរបាលពីរនាក់ទៀតចូលមកក្នុងផ្ទះស្នាក់របស់ខ្ញុំ ដើម្បីមកសាកសួរខ្ញុំព្រមទាំងបងផាន់រ៉ាខ្លះៗពាក់ព័ន្ធនឹងរឿងសាកសពក្មេងប្រុសនៅក្នុងចម្ការមីងឱក ព្រោះថាដីចម្ការនោះនៅជាប់នឹងផ្ទះស្នាក់របស់ពួកយើង។ ខ្ញុំក៏ប្រញាប់តបទៅគាត់៖

«បាទពូ! ខ្ញុំសហការជានិច្ច!»

បងផាន់រ៉ាមិនតបអ្វីនោះទេ។ គាត់ហាក់ដូចជារង់ចាំឱ្យពូប៉ែនសួរសំណួរតែម្ដង។ ពូប៉ែនក៏ចាប់ផ្ដើមសាកសួរពួកខ្ញុំ៖

«តាមរយៈការសន្និដ្ឋានជាបឋមសាកសពអាធាមត្រូវបានគេសម្លាប់ហើយកាត់យកតួខ្លួននិងដៃមួយចំហៀង យកមកកប់ចោលនៅដីចម្ការអ្នកឱកជាច្រើនថ្ងៃមកហើយ! ខ្ញុំចង់សួរលោកគ្រូទាំងពីរថា អំឡុងពេលប៉ុន្មានថ្ងៃនេះ តើលោកគ្រូមានឃើញអ្វីខុសប្រក្រតីនៅដីចម្ការអ្នកឱកដែរទេ?»

ខ្ញុំទ្រឹងបន្តិចហាក់រកនឹកចម្លើយស្រាប់តែបងផាន់រ៉ាឆ្លើយផូង៖

«អត់ទេ! គឺ…ខ្ញុំចង់មានន័យថាគ្មានអីប្លែកទេពូ មែនទេសុណាន់?»

ខ្ញុំហាក់មើលដឹងថាបងផាន់រ៉ាដូចជាខុសប្រក្រតី។ ម៉េចបានជាគាត់ចាំបាច់ធ្វើឫកពាបែបនេះធ្វើអី? ខ្ញុំកំពុងតែគិតថាតើគួរនិយាយប្រាប់រឿងបងផាន់រ៉ាចូលទៅគាស់កកាយកន្លែងកប់សាកសពនៅក្នុងចម្ការមីងឱក  ប្រាប់ទៅពូប៉ែនដែរឬអត់ព្រោះដំណាក់កាលនេះដូចជាហាស្លាក់ខ្ជាក់ស្លែងដល់ហើយ។ ពូប៉ែនក៏សួរបញ្ជាក់៖

«លោកគ្រូប្រាកដហើយអ្ហេស?»

បងផាន់រ៉ាក៏ឆ្លើយរ៉ាវអត់មានបង្អង់ឡើយ៖

«បាទប្រាកដហើយ! ប៉ុន្មានថ្ងៃនេះពួកខ្ញុំហត់នឿយណាស់មកពីសាលាក៏សម្រាក…មិនបានចាប់ភ្លឹកថាមានអ្វីប្លែកឬមិនប្លែកនោះទេពូ!»

«តែខ្ញុំមិនគិតអ៊ីចឹងទេបងផាន់រ៉ា!»

ទីបំផុតខ្ញុំក៏បន្លឺមួយប្រយោគ។ គ្រប់គ្នាស្ងាត់មាត់ច្រៀបហាក់រង់ចាំស្ដាប់ខ្ញុំនិយាយបន្ត។ ពូប៉ែនឃើញខ្ញុំធ្វើទ្រឹងៗស្ងាត់មាត់មួយសន្ទុះធំ គាត់ក៏ប្រញាប់តឿន៖

«លោកគ្រូបានឃើញអីខុសប្រក្រតីអ្ហេស?»

ខ្ញុំសម្រេចចិត្តហើយថានឹងប្រាប់អ្វីដែលខ្ញុំឃើញទៅប៉ូលិសព្រោះបើខ្ញុំលាក់រឿងគ្រប់យ៉ាងបន្តទៀតនោះ គឺមានន័យថាខ្ញុំកំពុងចូលដៃជាមួយនឹងឃាតករដែរ។

«កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានឃើញភ្លើងភ្លឹបភ្លែតនៅក្នុងចម្ការទាំងយប់!»

ខ្ញុំបញ្ចប់ប្រយោគទាំងដៀងភ្នែកទៅមើលដៃបងផាន់រ៉ា។ ដៃទាំងពីររបស់គាត់កំពុងតែញ័រទទ្រើក។ ហេតុអីទៅ?! ម៉េចបានជាគាត់ធ្វើខ្លួនឱ្យមានពិរុទ្ធយ៉ាងនេះ? គាត់កំពុងតែក្ដាប់ដៃចូលគ្នាដើម្បីបន្លប់ភាពច្រាស់ច្រាល់។ ចំណែកឯពូប៉ែនក៏បន្តសួរជីកឫសជីកគល់តទៅទៀត៖

«លោកគ្រូបានឃើញនៅថ្ងៃណា? ប្រហែលជាថ្មើរណាដែរ?»

«គឺយប់ថ្ងៃអាទិត្យបើគិតទៅគឺកាលពីបីថ្ងៃមុន!    ប៉ុន្តែខ្ញុំមិនចាំម៉ោងច្បាស់ទេពូ…បើតាមស្មានគឺប្រហែលជាម៉ោងជាងដប់យប់!»

បងផាន់រ៉ាក៏ផ្ទាន់សួរខ្ញុំភ្លាមៗយ៉ាងតក់ក្រហក់៖

«ថ្ងៃដែលបងទៅលេងផ្ទះលោកគ្រូនាយកនោះអ្ហេស?»

ខ្ញុំក៏ងក់ក្បាលតិចៗទាំងព្យាយាមសង្កេតអាការៈបងផាន់រ៉ាផងដែរ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ផ្ដើមសង្ស័យបងផាន់រ៉ាហើយ។ នៅយប់នោះគាត់មកដល់ផ្ទះវិញទាំងគ្មានម៉ូតូហើយនិយាយថាម៉ូតូនៅផ្ទះគ្រូនាយក។ វាគាប់ចួនណាស់ដែលខ្ញុំបានឃើញភ្លើងនៅចម្ការដំឡូងហាក់ដូចជាមានមនុស្សកំពុងតែធ្វើស្អីនៅក្នុងនោះ។ លុះកាលពីយប់មិញខ្ញុំបានឃើញគាត់ចូលទៅគាស់កកាយកន្លែងសាកសពស្រស់ៗនឹងភ្នែកទៀតតើមិនឱ្យខ្ញុំសង្ស័យគាត់យ៉ាងម៉េចបាន?

ប៉ុន្តែអ្វីដែលខ្ញុំគិតមិនចេញនោះគឺតើបងផាន់រ៉ាធ្វើអ៊ីចឹងធ្វើអី? គាត់សម្លាប់ក្មេងធ្វើអីទាំងដែលគាត់ក៏ដូចខ្ញុំទើបនឹងមកបង្រៀននៅទីនេះមិនបានប៉ុន្មានផង។

ម្យ៉ាងទៀតបើសិនគាត់គឺជាឃាតករពិតមែននោះ គាត់គួរតែកប់សាកសពនោះចោលហើយមិនទៅរវីរវល់អ្វីទៀតទាំងអស់។ ប៉ុន្តែគ្រប់យ៉ាងបែរជាបញ្ច្រាសគ្នា។ ឬក៏ខ្ញុំគិតច្រើនដោយខ្លួនឯង? វាពិតជាមិនអាចទៅរួចនោះទេដែលបងផាន់រ៉ាជាឃាតករនោះ។ ដូច្នេះសម្រេចសម្រួចខ្ញុំសុខចិត្តរាយការណ៍ប្រាប់ពូប៉ែននូវរឿងមួយចំណែកប៉ុណ្ណោះ។ រីឯរឿងមួយចំណែកទៀតដែលកើតឡើងកាលពីយប់មិញហើយមានជាប់ទាក់ទងនឹងបងផាន់រ៉ានោះ គឺខ្ញុំមិនទាន់ហ៊ាននិយាយវាចេញមកនោះទេ។

«លោកគ្រូអាចនិយាយប្រាប់ខ្ញុំលម្អិតពីរឿងនៅយប់ថ្ងៃនោះបានទេ?»

ខ្ញុំភ្ញាក់ព្រើតងាកមកសម្លឹងពូប៉ែននិងសហការីរបស់គាត់វិញរួចក៏ដៀងភ្នែកឆ្វេងស្ដាំបន្តិចមុននឹងចាប់រៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅពូប៉ែន។

…………………..

ល្ងាចបន្តិច…

បងផាន់រ៉ាមានការចេញទៅណាបាត់ក៏មិនដឹង ទុកឱ្យខ្ញុំនៅចាំបន្ទប់ម៉ង់ៗម្នាក់ឯងទាំងមានអារម្មណ៍ថាព្រឺព្រួចប្លែក ព្រោះតែគេទើបនឹងរកឃើញកំណាត់ខ្លួនសាកសពថ្មីៗនៅជិតផ្ទះស្នាក់បង្កើយ។

តុកៗ!!!! ខ្ញុំភ្ញាក់បន្តិចតែក៏ប្រញាប់ស្ទុះទៅបើកទ្វារបន្ទប់ ស្រាប់តែប្រទះនឹងពូយ៉នជ្រងរៗធ្វើឱ្យខ្ញុំចម្លែកចិត្តបន្តិចដែរ។ គាត់ដោះមួកត្នោតចេញញញឹមមកកាន់ខ្ញុំទាំងបែកញើសសស្រាក់៖

«លោកគ្រូខ្ញុំសុំហូបទឹកបន្តិច! មកពីបោចវល្លិ៍ដំឡូងគេខាងណោះ ភ្លេចយកទឹកមកឱ្យឈឹង!!»

ខ្ញុំក៏ញញឹមតបគាត់ជាការគួរសម៖

«បាទពូ! ចឹងពូចាំខ្ញុំបន្តិច!!»

ខ្ញុំក៏ចូលទៅយកទឹកមកឱ្យពូយ៉នពិសា។ មួយសន្ទុះក្រោយមកពួកយើងក៏មកអង្គុយជជែកគ្នាលេងនៅលើគ្រែមុខផ្ទះស្នាក់របស់ខ្ញុំ។ ពូយ៉នយកមួកស្លឹកត្នោតកញ្ចាស់របស់គាត់បក់ចុះបក់ឡើងជំនួសផ្លិតទាំងនិយាយមួយៗផង៖

«ខ្ញុំរាងចម្លែកដែរ ប៉ុន្មានថ្ងៃមុនខ្ញុំនិងកាយ៉ែនមកបោចវល្លិ៍ដំឡូងនៅចម្ការអ្នកឱកហ្នឹង អត់មានបានចាប់ភ្លឹកអីបន្តិចសោះ ស្រាប់តែព្រឹកមិញនេះឮគេឆោឡោថារកឃើញខ្មោចអាធាមកូនមីកាស្រៀងអាធុង!»

ខ្ញុំក៏បន្តឃ្លាពីពូយ៉នទាំងមុខស្មើៗ៖

«មែនតើពូ! សូម្បីតែខ្ញុំនៅជិតហ្នឹងក៏គ្មានបានដឹងឮអីបន្តិចដែរ!!»

ពូយ៉នងក់ក្បាលតិចៗរួចក៏ព្រលយសំណួររបៀបខ្សឹបៗបន្តិចផង៖

«អ៊ីចឹងលោកគ្រូអត់មានបានដឹងឮឬសង្ស័យពីណាពីណីខ្លះទេអ្ហី?!»

ខ្ញុំប្រែជាជ្រួញចិញ្ចើមបន្តិចពេលស្ដាប់ឮសំណួរពូយ៉ន។

ខ្ញុំទើបនឹងមកនៅទីនេះគាត់ក៏ដឹង។ តើឱ្យខ្ញុំនេះទៅស្គាល់មនុស្សម្នាហើយសង្ស័យគេឯងបានយ៉ាងម៉េចទៅ? ទោះជាយ៉ាងណាខ្ញុំខំប្រឹងសម្ដែងធ្វើជាធម្មតា៖

«អត់ផងពូ! ពីរនាក់បងផាន់រ៉ា មកតែពីបង្រៀនហូបបាយហូបអីរួចហើយក៏សម្រាកអត់មានបានចាប់ភ្លឹកអីសោះពូ!»

ពូយ៉នក៏បន្ធូរដង្ហើមឃូររួចងាកមុខសម្លឹងទៅចម្ការដំឡូងឆ្ពោះតម្រង់កន្លែងកើតហេតុបន្តិច ទើបងាកមកសម្លឹងខ្ញុំវិញទាំងគ្រលៀសសម្ដីតិចៗផង៖

«លោកគ្រូស្នាក់នៅហ្នឹង យ៉ាងម៉េចយ៉ាងម៉ាប្រយ័ត្នខ្លួនផង!  យប់ព្រលប់អីមើលចាក់សោដាក់គន្លឹះអីឱ្យជាប់ៗផងលោកគ្រូ! យើងមើលមិនដឹងដែរថាពីណាម៉េចៗទេ! មនុស្សទាំងអស់មិនមែនសុទ្ធតែស្រឡាញ់យើងទេលោកគ្រូ!!»

ប្រយោគចុងក្រោយរបស់ពូយ៉នដូចជាយ៉ាងម៉េចមិនដឹងទេ។ ខ្ញុំដូចជាមិនស្រណុកក្នុងចិត្តព្រោះគាត់និយាយមកដូចមានលាក់បង្កប់អ្វីម្យ៉ាង។ សម្ដីរបស់មីងឱកម្ចាស់ចម្ការកើតហេតុ ដែលឆៀងចូលយកម្ហូបម្ហាមកឱ្យខ្ញុំកាលពីថ្ងៃត្រង់នោះក៏ស្រាប់តែលាន់ឮរងំក្នុងត្រចៀកខ្ញុំ

«លោកបងយ៉ននិងមីកាយ៉ែនពីរនាក់ឪកូនហ្នឹងទើបនឹងធ្វើស្មៅដំឡូងនៅចម្ការខ្ញុំរួចតើលោកគ្រូ! ប៉ូលិសថាទៅស៊ើបសួរពីពីរនាក់ឪកូនហ្នឹងដែរ តែខ្ញុំថាពីរនាក់ឪកូននោះម៉ឹះៗស្លូតបូតមាត់មិនចង់ហាចង្កាមិនចង់បើក ម៉ាង៉ៃៗគិតតែខំស៊ីឈ្មួលធ្វើការងារឱ្យគេតត្រុក  តើឱ្យគេពីរនាក់ឪកូនហ្នឹងទៅដឹងឮរឿងខ្មោចអាធាមម៉េចនឹងកើតទៅ?»។

ខ្ញុំសម្រួលទឹកមុខញញឹមតបទៅពូយ៉ន៖

«បាទអរគុណណាស់ពូ! ចឹងបានថា…យើងមានតែខំប្រឹងធ្វើល្អឱ្យច្រើនៗទៅពូដើម្បីឱ្យមានមនុស្សស្រឡាញ់ចូលចិត្តយើងច្រើន ពេលមានការអាសន្នអន់ក្រអីគេនឹងរវៀសរវៃមកជួយយើង!!»

ខ្ញុំបន្តព្រោកប្រាជ្ញលេងជាមួយនឹងពូយ៉ន់ដល់ក្បាលព្រលប់ ទើបស្រីយ៉ែនកូនគាត់ជិះម៉ូតូកញ្ចាស់មកឈប់នៅពីមុខទ្វាររបងផ្ទះស្នាក់របស់ខ្ញុំ ទាំងចោលភ្នែកសម្លឹងមករកពូយ៉នជាសញ្ញាតាមពុកនាងត្រលប់ទៅផ្ទះវិញ។

ឃើញដូចនេះពូយ៉នក៏ងាកមកញញឹមលាខ្ញុំចេញទៅ។ ខ្ញុំឯណេះក៏ទៅជាចងចិញ្ចើមនឹងស្រីយ៉ែនកូនស្រីពូយ៉នដែលមានឫកពាប្លែកៗ មិនសូវចេះនិយាយស្ដី មិនសូម្បីតែដើរហើរឬចូលចំណោមជាមួយក្មេងដទៃឡើយ។

តើពូយ៉នចិញ្ចឹមកូនយ៉ាងម៉េចទៅ?? មើលទៅគាត់ដូចជាមិនដាក់គំនាបលើកូនស្រីរបស់គាត់ប៉ុន្មានឡើយតែផ្ទុយទៅវិញស្រីយ៉ែនដូចជាស្ដាប់បង្គាប់ពូយ៉នខ្លាំងណាស់ រហូតមកទល់នឹងពេលនេះខ្ញុំមិនធ្លាប់ឃើញនាងដើរលេងរហេតរហូតដូចជាក្មេងស្រីជំទង់ផ្សេងៗទៀតឡើយ។

………………….

ម៉ោងជាង១យប់នៅផ្ទះស្នាក់…

ប្រាវ!!! ខ្ញុំភ្ញាក់ស្ទុះងើបទាំងឆ្ការដៃឆ្ការជើងនៅពេលដែលសោតារបស់ខ្ញុំចាប់បាននូវសំឡេងដូចជាធ្លាក់របស់បែក។ លុះខួរក្បាលរបស់ខ្ញុំបកស្រាយបានថាសំឡេងធ្លាក់របស់នោះលាន់មកពីខាងបងផាន់រ៉ា ខ្ញុំក៏បើកភ្នែកគ្រលួងស្វាងចែសអស់ភាពងុយងោក រួចក៏ប្រញាប់ស្ទុះទៅចុចកុងតាក់ភ្លើង ដើម្បីបំភ្លឺទិដ្ឋភាពក្នុងផ្ទះស្នាក់ឱ្យបានភ្លឺច្បាស់។

អំពូលភ្លើងជះពន្លឺភ្លឺរន្ទាលស្របពេលដែលខ្ញុំងាកទៅសម្លឹងគ្រែបងផាន់រ៉ាឥតបង្អង់។

«បងផាន់រ៉ា!!»

ខ្ញុំឧទានទាំងតក់ស្លុតព្រោះក្រឡេកឃើញបងផាន់រ៉ាកំពុងបម្រះបម្រែងឆ្ការដៃខ្វៃៗទធាក់ជើងទៅមកបីដូចជាប្រឹងរើបម្រះពីអ្វីម្យ៉ាងទាំងមិនបើកភ្នែក។ កម្ទេចកែវបែកនៅចំហៀងក្បាលដំណេករបស់គាត់ បញ្ជាក់ច្បាស់ថាគាត់ប្រឹងរើបម្រះពីអ្វីម្យ៉ាងរហូតដល់គ្រវាសដៃចំកែវទឹកធ្លាក់បែក។

«អ៊ឺ….ហ៊ឺ…ជួ…ជួយ…!!»

បងផាន់រ៉ាបន្លឺសំឡេងផុតៗ ទាំងខំប្រឹងកម្រើកខ្លួន ឡើងបែកញើសប៉ុនៗគ្រាប់ពោត  ប៉ុន្តែផ្ទុយទៅវិញខ្លួនរបស់គាត់បែរជានៅត្រង់ភ្លឹងបីដូចជាមានអ្វីសង្គ្រប់ជាប់ទៅវិញ។ ខ្ញុំឯណេះភ័យឡើងស្លក់ភ្នែក ប្រុងស្ទុះហក់ទៅជួយដាស់បងផាន់រ៉ាពីសភាពរវើរវាយរបស់គាត់ក៏ស្រាប់តែ…

ភ្លឹប!!! ភ្លើងក៏ស្រាប់តែដាច់ភ្លាមៗទុកឱកាសឱ្យភាពងងឹតចូលមកគ្របដណ្ដប់ទិដ្ឋភាពក្នុងផ្ទះស្នាក់ខ្ញុំមួយរំពេច។

ទោះជាយ៉ាងណា ខ្ញុំក៏នៅស្ដាប់ឮសន្ធឹកជើងរបស់ផាន់រ៉ាដែលគាត់ប្រឹងទធាក់ទៅមកកកិតនឹងកន្ទេល។ មិនបង្អង់យូរ ខ្ញុំក៏ស្រវារកទូរសព្ទដើម្បីចុចបើកពិល។ ភ្លាមៗខ្ញុំក៏ប្រែជាមួម៉ៅឡើងមកព្រោះតែស្រវារកទូរសព្ទនៅកន្លែងដែលខ្ញុំទុកមុនចូលគេងមិនឃើញ។

«នៅឯណាអ៊ីចេះ?!…ចំមែនហើយវើយ!!»

ម្ដងនេះខ្ញុំអង្គុយចោងហោងនៅលើគ្រែប្រឹងស្រវេស្រវារកទូរសព្ទដៃពីរដៃបីទាំងចិត្តតក់ក្រហល់ឥតឧបមា។

ស្រវាម្ដងប៉ះភួយ ស្រវាម្ដងប៉ះខ្នើយ រឹងរឹតតែធ្វើឱ្យខ្ញុំកើនកម្ដៅទោសៈសឹងតែគ្រវែងចោលភួយខ្នើយទៅលើសាបទៅហើយ។ លុះប្រឹងស្រវាចុះឡើងបន្តទៀតក៏…

«ហ៊ើយយយយ!!!»

ខ្ញុំអុកគូទទឹសនៅលើគ្រែ ទាំងកញ្ឆក់ដៃយកមកក្ដោបយ៉ាងរហ័សដោយចលនារេផ្លិច។ ដៃរបស់ខ្ញុំប្រែជាញ័រចំប្រប់ខណៈដែលសន្ធឹកបេះដូងរបស់ខ្ញុំលាន់ឮឌឹបៗសឹងតែធ្លាយចេញមកក្រៅ។ អម្បាញ់មិញ…គឺអម្បាញ់មិញខ្ញុំស្រវាប៉ះអ្វីក៏មិនដឹងត្រជាក់ល្អូកដូចជាទឹកកក។ កាយវិញ្ញាណរបស់ខ្ញុំអាចឱ្យខ្ញុំដឹងថាវាមានសភាព…មានសភាពបីដូចជាដៃមនុស្សយ៉ាងដូច្នោះ។

ភ្លឹប!!

«ហ៊ឺកកកក!!»

ខ្ញុំដង្ហក់សឹងតែដាច់ខ្យល់ នៅពេលដែលអំពូលភ្លឺត្រលប់មកជះពន្លឺភ្លឺរន្ទាលជាថ្មី។ ខ្ញុំស្ទុះងាកទៅគ្រែបងផាន់រ៉ាជាថ្មី។ ម្ដងនេះគាត់ប្រែជាដេកស្ដូកស្ដឹងបីដូចជាគល់ឈើ។ ខ្ញុំលេបទឹកមាត់ផ្សើមបំពង់កទាំងយកដៃម្ខាងជ្រងសក់ដែលជោកពេញទៅដោយតំណក់ញើស។

នេះមានរឿងអីឱ្យប្រាកដទៅ?! បងផាន់រ៉ានៅសម្រាន្តធម្មតា! ហេតុអីក៏ទៅជាអ៊ីចឹង?! ខ្ញុំរេភ្នែកចុះឡើងប្រែអារម្មណ៍ភ័យខ្លាចទៅជាអារម្មណ៍ងឿងឆ្ងល់។ រវាងខ្ញុំនិងបងផាន់រ៉ា តើម្នាក់ណាជាអ្នកមមើមមាយឱ្យប្រាកដទៅ?!

ខ្ញុំកំពុងគិតចម្រូងចម្រាស់ស្រាប់តែបងផាន់រ៉ាផ្ដើមមានអាការៈទធាក់ជើងឆ្ការដៃដូចជាលើកមុនទៀត។

ខ្ញុំតក់ស្លុតអស់ហើយ ប្រញាប់ហក់ចុះពីលើគ្រែទៅមើលបងផាន់រ៉ាតាមកម្សួលចិត្តភិតភ័យ តែភ្លាមនោះអំពូលភ្លើងក៏ប្រែជាភ្លឹបភ្លែតៗភ្លឺដាច់ៗ។

របស់របរគ្រប់យ៉ាងនៅក្នុងបន្ទប់ក៏ស្រាប់តែញ័រកម្រើកបីដូចជារញ្ជួយផែនដី។ ខ្ញុំក្រឡឹងទិដ្ឋភាពគ្រប់យ៉ាងនៅជុំវិញខ្លួនទាំងញ័រជើងទទ្រើកតាំងជំហរសឹងតែមិនជាប់។ ខ្ញុំលើកដៃយកមកក្ដោបក្បាលភ្លាមៗ ព្រោះឥទ្ធិពលនៃភ្លើងភ្លឹបភ្លែតនិងសភាពញ័ររញ្ជួយនៃរបស់របរក្នុងផ្ទះស្នាក់ បានធ្វើឱ្យខ្ញុំវិលមុខវង្វេងវង្វាន់លែងដឹងទិសដៅអស់ហើយ។

យល់សភាពខុសប្រក្រតីខ្ញុំក៏បិទភ្នែកទម្លាក់ខ្លួនចុះយឺតៗទាំងខំតាំងសតិនឹករឭកដល់គុណម៉ែឪ និងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃ។ មួយស្របក់ក្រោយមកគ្រប់ក៏យ៉ាងប្រែជាស្ងប់ស្ងាត់។ ខ្ញុំចាប់បើកភ្នែកសន្សឹមៗទាំងបេះដូងនៅលោតកញ្ជ្រោល។ លុះខ្ញុំដាក់ភ្នែកទៅសម្លឹងបងផាន់រ៉ាខ្ញុំក៏…

«ហ៊ើយយយយយ!! ទេ!!»

ខ្ញុំផ្ងាកក្រោយច្រត់ដៃទាំងពីរនៅលើសាបទាំងស្រែកមួយអស់ក នៅពេលដែលកែវភ្នែកទាំងគូរបស់ខ្ញុំចាប់បាននូវស្រមោលខ្មៅនិល ធំប៉ុនធុងប៉ោតអង្គុយពីលើបងផាន់រ៉ាតែម្ដង។ បងផាន់រ៉ានៅតែបន្តប្រឹងរើបម្រះទាំងមិនបើកភ្នែក ខណៈខ្ញុំវិញរន្ធត់សឹងតែស្ទះស្លាប់នៅនឹងកន្លែងទៅហើយ។

ទោះជាយ៉ាងណាជាតិជាកូនប្រុស ខ្ញុំខំតាំងស្មារតីប្រមូលអស់ភាពក្លាហានរួចក៏ចាប់ស្រែកមួយអស់ៗក៖

«ចេញទៅ!!…ឯងចេញទៅ! ចេញភ្លាមទៅ!!»

«ហ៊ឺកកកកក!!»

រង់ចាំភាគ៣ ភាគបញ្ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*