ហុងកុង ឆ្នាំ១៩៧៦…
នៅពេលដែលខ្ញុំនិងមិត្តរួមថ្នាក់របស់ខ្ញុំកំពុងតែអង្គុយនៅក្នុងថ្នាក់រៀន រង់ចាំចាប់ផ្តើមម៉ោងរៀនដំបូង អ្នកគ្រូបន្ទុកថ្នាក់បានដឹកដៃសិស្សស្រីថ្មីម្នាក់រួមជាមួយនឹងសិស្សម្នាក់ទៀតដើរចូលមកក្នុងថ្នាក់។ រំពេចនោះ សិស្សទាំងអស់គ្នាដែលនៅជជែកប្រលែងគ្នាលេងក៏បង្អាក់សំឡេងឡូឡា រូតរះក្រោកឈរឡើងគោរពស្វាគមន៍អ្នកគ្រូ។
អ្នកគ្រូបានចេញសញ្ញាឱ្យសិស្សគ្រប់គ្នាអង្គុយចុះ។
សិស្សស្រីថ្មីម្នាក់នោះដែលឈរនៅពីក្រោយខ្នងអ្នកគ្រូ មានផ្ទៃមុខស្រស់ស្អាតឥតខ្ចោះព្រមជាមួយការខ្មាសអៀនតិចតួច។
អាយុនិងរូបរបស់នាងស្របាលនឹងពួកខ្ញុំដែរ ប្រហែលជាដប់មួយឆ្នាំ សក់របស់នាងត្រង់វែងដូចជាសរសៃមីពណ៌ត្នោត ម៉ូតសក់សេះនៅពីលើថ្ងាសរឹតតែស័ក្តិសមនឹងទម្រង់ផ្ទៃមុខរបស់នាង សក់ពីរបីសរសៃធ្លាក់សំយុងចុះមកលើផែនថ្ពាល់ដ៏សស្គុសម៉ដ្តខៃ នាងបើកកែវភ្នែកពណ៌ខ្មៅមួយគូធំៗសម្លឹងមើលទៅកាន់មិត្តទាំងអស់គ្នានៅក្នុងថ្នាក់រៀន។
មិត្តភក្តិស្រីដទៃទៀតក៏សុទ្ធតែងឿងឆ្ងល់សម្លឹងមើលទៅកាន់នាងវិញផងដែរ។ នាងមានកម្ពស់រាងខ្ពស់ហើយស្គម ស្លៀកពាក់ឯកសណ្ឋានពណ៌ខៀវទឹកសមុទ្រជាមួយផ្ទៃកបត់តូចនិងសំពត់ត្រង់វែងសំយុងចុះ នៅខាងក្រោមកដៃបត់រំលេចឱ្យឃើញដៃដ៏តូចច្រឡឹងពណ៌ស៊ីជំពូមួយគូប្រៀបដូចជាថ្លើមថ្មគុជ។
ដើមទ្រូងដែលស្ថិតនៅក្នុងវ័យជំទង់ រាងពើងឡើងបន្តិច រីឯនៅពីក្រោមជើង នាងពាក់ស្រោមជើងពណ៌សក្បុសនិងស្បែកជើងប៊ូពណ៌ខ្មៅ។
អ្នកគ្រូបានចង្អុលប្រាប់ឱ្យនាងមកអង្គុយនៅក្បែរខ្ញុំ។
នាងស្ដាប់តាមការបង្គាប់ ដើរសំដៅមក រួចទម្លាក់ខ្លួនអង្គុយចុះនៅក្បែរខ្លួនខ្ញុំ ហើយក៏យកកាតាបពណ៌ផ្កាឈូកដែលកំពុងតែកាន់នៅក្នុងដៃដាក់នៅក្រោមថតតុ។
អ្នកគ្រូបាននិយាយថា៖
«នេះគឺជាមិត្តរួមថ្នាក់ដែលទើបមកដល់ថ្មី សូមប្អូនណែនាំឈ្មោះខ្លួនឯងទៅកាន់មិត្តទាំងអស់គ្នាទៅ!»
នៅពេលនោះ សិស្សថ្មីម្នាក់នោះបានក្រោកឈរឡើងដោយឫកពារអុឹមអៀនតិចតួច ហើយបញ្ចេញសំឡេងដ៏សែនពីរោះប្រាប់ពីឈ្មោះមួយ៖
«ស៊ីងលូ គឺ លូ នៅក្នុងសន្សើមពេលព្រឹក»
អ្នកគ្រូនិយាយថា៖
«ហ៊ឹម… អង្គុយចុះទៅ!»
អ្នកគ្រូបង្រៀនភាសាអង់គ្លេសចាប់កាន់សៀវភៅពុម្ពញែកទំព័របើកឡើងមក ហើយក៏ចាប់ផ្ដើមអានបន្លឺមេរៀនបន្ទាប់នៅក្នុងសៀវភៅ។ ស៊ីងលូយកសៀវភៅរបស់នាងនៅខាងក្រោមថតតុឡើង សន្សឹមៗបើកចូលទៅកាន់ទំព័រដែលអ្នកគ្រូកំពុងតែអាន។
នៅក្នុងខណៈពេលនោះ នាងក៏បានងាកមុខមកញញឹមដាក់ខ្ញុំ។ ស្នាមញញឹមនោះ ហាក់ដូចជាការហុចដៃចេញមករាក់ទាក់សុំការរាប់អានពីខ្ញុំ។
គម្លាតដៃរវាងពួកយើងគឺឃ្លាតពីគ្នាតែពីរបីសង់ទីម៉ែត្រប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ថា នៅក្នុងកែវភ្នែកពណ៌ខ្មៅរបស់នាងមានពន្លឺភ្លឺថ្លាស្រទន់ មូលក្លុំប្រៀបដូចជាទឹកបឹងដ៏សែនជ្រៅមួយ អាចពង្វក់ឱ្យមនុស្សលិចលង់ជ្រៅចូលទៅក្នុងនោះ។
ខ្ញុំក៏ញញឹមទៅកាន់នាងវិញ ឥឡូវនេះទើបខ្ញុំប្រទះឃើញថានៅលើផ្ទៃថ្ងាសរលោងម៉ដ្ដខៃរបស់នាងមានស្នាមកំណកម្សៅពណ៌សកកដុំតូចៗដូចជាព្រិលដោយមិនប្រុងប្រយ័ត្ន នឹកគិតថាប្រហែលជាព្រឹកមិញនេះ នាងប្រញាប់ប្រញាល់ខ្លាំងពេកពេលចាកចេញពីផ្ទះមក។
មួយសន្ទុះក្រោយមក ខ្ញុំបានសរសេរឈ្មោះរបស់ខ្ញុំដោយស្ងាត់ៗនៅលើកូនក្រដាសមួយសន្លឹកហើយរុញវាទៅកាន់កន្លែងរបស់នាង។ ឆ្លៀតពេលអ្នកគ្រូមិនបានចាប់អារម្មណ៍ នាងរហ័សដៀងភ្នែករបស់នាងសម្លឹងមើលចុះទៅលើក្រដាសនោះ នាងងាកមុខមក កែវភ្នែកនាងបញ្ចេញពន្លឺមកកាន់រូបខ្ញុំរួមជាមួយនឹងស្នាមញញឹមនៅចុងបបូរមាត់ រោមភ្នែកដ៏វែងៗងរកោងនិងក្រាស់ខ្មៅប្រៀបដូចជាមេអំបៅដែលរុំព័ទ្ធចុះមកផែនថ្ពាល់ដ៏ស្អាតផូរផង់របស់នាង។
នៅថ្ងៃដែលស៊ីងលូមកដល់នោះ ឆ្នាំសិក្សាថ្មីបានចាប់ផ្ដើមជិតបីសប្តាហ៍ទៅហើយ ខ្ញុំគិតថាគ្រួសាររបស់នាងគឺត្រូវពឹងពាក់លើខ្សែរយៈជាច្រើន ទើបអាចរៀបចំឱ្យនាងបានចូលរៀននៅក្នុងថ្នាក់រៀននាពេលឥឡូវនេះ ថាមិនត្រូវ ប្រហែលជានាងគឺជាកូនមិត្តភក្តិណាម្នាក់របស់លោកនាយកសាលាផងក៏មិនដឹង។
សាលារៀនរបស់ពួកយើងគឺជាវិទ្យាល័យឯកជនសម្រាប់សិស្សស្រីដែលចេញមកពីវង្សត្រកូលគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់និងមានទ្រព្យសម្បិត្តិដ៏ល្បីឈ្មោះ។
ជារៀងរាល់ម៉ោងចេញពីរៀន នៅមុខសាលារៀននេះនឹងពោរពេញទៅដោយឡានទំនើបថ្លៃៗចុះចតព្រោងព្រាត ដើម្បីរង់ចាំទទួលពួកគេ។ មានសិស្សស្រីមួយចំនួនគ្រាន់តែពាក់នាឡិកាដៃមួយ សូម្បីតែប្រាក់ខែរបស់គ្រូបង្រៀននៅទីនេះប៉ុន្មានខែ ក៏មិនអាចទិញបានផង។ នៅរាល់ពេលដែលសាលារៀននេះបង្កើតមូលនិធិស្នើរសុំរៃអង្គាសប្រាក់សប្បុរសធម៌ណាមួយ ក្មេងស្រីៗទាំងនោះគឺតែងតែមានដៃទូលាយ។
ឪពុករបស់ខ្ញុំតែងតែបើកបរឡានទំនើបពណ៌សដែលមានតម្លៃកប់ក្ដោងចេញចូលនៅក្នុងសាលារៀនមួយនេះ គ្រាន់តែមនុស្សដែលគាត់ជូនដំណើរទៅមកជារៀងរាល់ថ្ងៃចូលមកក្នុងទីនេះ មិនមែនជាខ្ញុំទេ ប៉ុន្តែជាលោកនាយកសាលារបស់ពួកយើង។
ឪពុករបស់ខ្ញុំធ្វើជាសូហ្វ័រឡានរបស់លោកនាយកសាលាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយពឹងផ្អែកលើទំនាក់ទំនងនេះ ទើបខ្ញុំត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅសាលារៀននេះ តាំងពីបឋមសិក្សាថ្នាក់ទីបី។ បើទោះបីជាពិន្ទុសិក្សាមិនសូវខ្ពស់ក៏ដោយ ក៏ឆ្នាំនេះខ្ញុំនៅតែឡើងថ្នាក់វិទ្យាល័យនៅទីនេះបានដដែល។
ចំនួនសិស្សដែលក្រីក្រដូចជាខ្ញុំនៅសាលារៀននេះមិនតិចទេ។ ក៏ប៉ុន្តែសិស្សស្រីដែលមានប្រាក់មានយសនិងសិស្សស្រីដែលក្រីក្រ មើលទៅគឺខុសគ្នាដាច់ស្រឡះ និងរឹតតែងាយស្រួលក្នុងការកត់សម្គាល់ថានរណាជាអ្នកនាងធំស្តុកស្តម្ភ នរណាជាកូនអ្នកស៊ីឈ្នួលប្រាក់ខែគេ។
នៅពេលដែលខ្ញុំបានឃើញស៊ីងលូភ្លាមដំបូង ខ្ញុំនឹកគិតថានាងមុខជាកូនស្រីរបស់អភិជនណាម្នាក់ ម្តាយរបស់នាងប្រាកដជាស្ត្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត។ នាងគឺជាព្រះនាងតូចម្នាក់ដែលត្រូវបានឪពុកម្តាយរបស់នាងស្រឡាញ់ថ្នាក់ថ្នម រស់នៅក្នុងប៉មប្រាសាទមួយនៅលើជម្រាលភ្នំ កន្លែងវិស្សមកាលកំសាន្តប្រចាំរបស់ពួកគេគឺប្រហែលជានៅតាមបណ្តាប្រទេសទ្វីបអឺរ៉ុប។
ប៉ុន្តែនោះគឺមិនមែនព្រោះតែនាងស្អាតតែម៉្យាងគត់នោះទេ។
លើសពីនេះទៅទៀត នោះគឺព្រោះតែនាងមានលក្ខណសម្បត្តិខុសពីអ្នកដទៃ។
ទោះសូម្បីតែសិស្សស្រីដែលមានជាងគេបំផុតនៅក្នុងសាលារៀននេះ ប្រៀបផ្ទឹមទៅលើរូបសម្រស់ខាងក្រៅរបស់ពួកក្មេងស្រីទាំងនោះ គឺមិនអាចប្រៀបស្មើនឹងស៊ីងលូនោះទេ ហើយសូម្បីតែលក្ខណសម្បិត្តិជាព្រះនាងក៏មិនអាចប្រៀបស្មើនឹងនាងដែរ។
និយាយរួមទៅ ខ្ញុំមានអារម្មណ៍ថាស៊ីងលូមិនស័ក្តិសមនៅទីនេះទេ នាងគួរតែស្ថិតនៅកន្លែងដែលថ្លៃថ្នូរជាងនេះ។
ទោះរហូតមកដល់ជាច្រើនឆ្នាំក្រោយមក ទស្សនៈរបស់ខ្ញុំចំពោះរូបនាងគឺនៅតែមិនផ្លាស់ប្តូរឡើយ មិនថាស៊ីងលូឈរនៅទីកន្លែងណានោះទេ ក៏នោះមិនមែនជាទីកន្លែងតែមួយជាមួយនឹងពួកខ្ញុំដែរ នាងគឺតែងតែស័ក្តិសមឈរនៅទីកន្លែងដែលល្អប្រណីតជាងនេះ។
ស៊ីងលូគឺជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ណាស់។ នាងគឺតែងតែដូចជាថ្ងៃដំបូងដែលបានមកដល់ទីនេះអ៊ីចឹង ស្អាតបាតនិងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។
ពេលរៀនគឺយកចិត្តទុកដាក់ ខិតខំអានសៀវភៅ និងតែងតែរក្សាលំដាប់ពិន្ទុសិក្សាជាមធ្យមឡើងទៅ ក៏ប៉ុន្តែនាងបែរជាមិនចង់ចូលរួមនៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាដែលត្រូវចំណាយប្រាក់កាក់ណាទាំងអស់ នាងមកដល់ទីនេះ ហាក់ដូចមានគោលបំណងតែមួយគត់គឺអានសៀវភៅ។
ប្រហែលដោយសារតែនាងជាមនុស្សស្ងប់ស្ងាត់ពេក ដូច្នេះទើបការងឿងឆ្ងល់របស់មនុស្សគ្រប់គ្នាចំពោះរូបនាងក៏បានសាបរលាបបាត់យ៉ាងឆាប់រហ័ស។ សិស្សដែលច្រណែននឹងសម្រស់ស្រស់ស្អាតរបស់នាងក៏លែងតាមដានមើលនាងតទៅទៀត។
ខ្ញុំនិងស៊ីងលូកាន់តែស្និទ្ធស្នាលនឹងគ្នាទៅ នោះគឺជារឿងជាងពាក់កណ្តាលឆ្នាំក្រោយ។ នៅរសៀលល្ងាចមួយនារដូវរងា ក្នុងអំឡុងម៉ោងសិក្សាគណិតវិទ្យា ពួកយើងទាំងអស់គ្នាសុទ្ធតែអស់កម្លាំងនិងងងុយគេង ខ្ញុំស្រាប់តែបានប្រទះឃើញស៊ីងលូកំពុងតែលួចអានរឿងប្រលោមលោកមួយក្បាលយ៉ាងក្រាស់ឃ្មឹកនៅក្រោមតុ។
ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង តាមពិតស៊ីងលូក៏មានពេលខ្លះ “មិនស្ដាប់បង្គាប់” ដែរ។ ខ្ញុំបានកត់សម្គាល់ឃើញថា សៀវភៅរបស់នាង លើកលែងតែសៀវភៅពុម្ពដែលកែសម្រួលថ្មីៗប៉ុណ្ណោះទើបនៅថ្មី រីឯសៀវភៅសិក្សាផ្សេងទៀតដែលនាងប្រើប្រាស់គឺជាសុទ្ធតែជាសៀវភៅចាស់ៗ។
ស៊ីងលូក៏គ្មានសូហ្វ័រឡានផ្ទាល់ណាមកទទួលនាងដូចជាសិស្សអ្នកមានដទៃទៀតដែរ ជារៀងរាល់ពេលចេញពីរៀន នាងនឹងតែងតែដើរចាកចេញទៅតែម្នាក់ឯង។ ក្រោយមកទៀត ខ្ញុំបានឃើញនាងបំពេញបែបបទទីកន្លែងស្នាក់នៅប្រគល់ឱ្យអ្នកគ្រូដោយចៃដន្យ ផ្ទះរបស់នាងគឺនៅក្នុងច្រកផ្លូវតូចមួយ។
ប៉ុន្តែវាមិនមែនដោយសារតែបែបនេះទើបខ្ញុំផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្ញុំជាមួយនឹងស៊ីងលូនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថានាងកំពុងព្យាយាមចូលមកជិតដិតជាមួយនឹងខ្ញុំ។ ខ្ញុំរឹតថែមទាំងការពារនាងដោយគិតថា ប្រហែលជានាងគឺជាកូនឥតខាន់ស្លារបស់អភិជនណាម្នាក់ ហើយបុរសម្នាក់នោះមិនបានបំពេញកាតព្វកិច្ចមើលថែរក្សាម្តាយកូននាងទាំងពីរនាក់។
ខ្ញុំហើយនិងស៊ីងលូសុទ្ធតែចូលចិត្តស្តាប់តន្ត្រីជាភាសាអង់គ្លេស ដូច្នេះពួកយើងតែងតែផ្លាស់ប្តូរស៊ីឌីចម្រៀងដែលពួកយើងចូលចិត្តជាមួយគ្នាទៅវិញទៅមក។ ប៉ុន្តែអ្វីដែលពួកយើងចូលចិត្ដបំផុតនោះគឺបណ្ដើរគ្នាទៅផ្សារទំនើប និងតែងតែដើរមើលនៅតាមហាងទំនិញនិងហាងលក់សម្លៀកបំពាក់ប្រេនលំដាប់រៀងរាល់ពេលចេញពីរៀនម្ដងៗ ដោយគ្រាន់តែក្រឡេកមើលប៉ុណ្ណោះ ប៉ុន្តែមិនទិញឡើយ។
នៅពេលដែលឃើញម៉ូតសម្លៀកបំពាក់ណាមួយដែលពួកយើងស្រឡាញ់តែគ្មានលទ្ធភាពទិញនៅក្នុងទូកញ្ចក់ ពួកយើងតែងតែលួចដកដង្ហើមធំស្របគ្នា។ ស៊ីងលូកម្រនិយាយអំពីរឿងគ្រួសាររបស់នាងណាស់ ខ្ញុំគ្រាន់តែដឹងថាម្តាយរបស់នាងគឺជាអ្នកគ្រប់គ្រងម្នាក់នៅក្នុងរោងចក្រមួយ និងមើលការឃុំគ្រងនាងយ៉ាងតឹងរុឹង។ រាល់ពេលដែលពួកយើងដើរលេងដល់យប់ងងឹតជ្រុល ស៊ីងលូតែងតែខលទៅប្រាប់អ្នកផ្ទះ។
មានថ្ងៃមួយនោះ បន្ទាប់ពីពួកយើងបានដើរលេងនៅក្នុងផ្សារអស់ចិត្តអស់ចង់រួចហើយ ក៏ឈាងចង់ចូលទៅមើលកុន។ នោះគឺជាលើកទីមួយដែលខ្ញុំបានស្ដាប់ឮនាងនិយាយទូរស័ព្ទជាមួយនឹងម្តាយរបស់នាង។
«ឯងនិងអ្នកម៉ាក់ឯងនិយាយអ្វីហ្នឹង? ម៉េចក៏ខ្ញុំស្ដាប់មិនយល់សោះអ៊ីចឹង!»
ស៊ីងលូឆ្លើយថា៖
«គឺភាសាអ្នកសៀងហៃ»
«ឯងជាអ្នកស្រុកសៀងហៃហ្អេស?»
«អុឹម!»
«ឯងអម្បាញ់មិញប្រាប់គាត់ថាម៉េច?»
កែវភ្នែកមូលក្លុំខ្មៅប្រៀបដូចជាទឹកបឹងដ៏ជ្រៅរបស់ស៊ីងលូមិនព្រិចសូម្បីតែបន្តិច នាងនិយាយដូចជាគ្មានរឿងអ្វី៖
«ខ្ញុំបានប្រាប់អ្នកម៉ាក់ថា ខ្ញុំនិងមិត្តរួមថ្នាក់របស់ខ្ញុំកំពុងតែមើលមេរៀននៅក្នុងបណ្ណាល័យ អាចទៅផ្ទះវិញយប់បន្តិច»
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ខ្ញុំបានចាត់ទុកខ្លួនឯងគឺជាមិត្តល្អបំផុតរបស់ស៊ីងលូ។ តាមពិតទៅ ខ្ញុំក៏មានការលួចកោតស្ញប់ស្ញែងចំពោះនាងបន្តិចបន្តួចផងដែរ នៅក្បែរខ្លួននាង ខ្ញុំមានអារម្មណ៍ថាខ្ញុំក៏ទទួលបានចំហាយឥទ្ធិពលស្ដួចស្ដើងពីនាងបន្តិចខ្លះផងដែរ។ លើសពីនោះ ខ្ញុំក៏មិនដែលខ្វល់ថាស៊ីងលូមានចាត់ទុកខ្ញុំគឺជាមិត្តល្អដូចដែលខ្ញុំគិតដែរឬក៏អត់នោះទេ។
នាងត្រូវបានអប់រំឱ្យធំដឹងក្ដីឡើងមកជាក្មេងស្រីរម្យទមម្នាក់ ទើបកម្រឃើញនាងបង្ហាញពីអារម្មណ៍ពិតប្រាកដណាមួយឱ្យបានច្បាស់លាស់ចេញមកក្រៅណាស់។ លើកលែងតែពេលត្រូវបង្ខំចិត្តនិយាយកុហកអ្នកម៉ាក់របស់នាង ក្រៅពីនោះ នាងគឺតែងតែជាក្មេងស្ដាប់បង្គាប់។
ក៏ប៉ុន្តែបន្ទាប់ពីពេលនោះមក រឿងមួយនោះសម្រាប់នាងប្រែជាការទើសទាល់។ នាងមិនបាននិយាយអ្វីបន្ត ហើយក៏មិនចង់រម្លឹកឡើងវិញ ចំណែកឯខ្ញុំក៏មិនហ៊ានសួរនាំទៀត។
ប៉ុន្មានខែក្រោយមក ការប្រលងថ្នាក់ជាតិបានប្រកាសលទ្ធផល រាយបញ្ជីពិន្ទុចេញមក ពិន្ទុរបស់ស៊ីងលូគឺអន់ខ្លាំងណាស់ និយាយសម្រាប់នាងនោះជាការប៉ះទង្គិចផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ។ ការសិក្សានៅក្នុងថ្នាក់របស់នាងគឺតែងតែស្ថិតនៅលំដាប់ល្អជានិច្ច ខ្ញុំមិនដឹងថាតើនាងនឹងត្រូវប្រឈមមុខជាមួយម្តាយរបស់នាងយ៉ាងណានោះទេ។
ពិន្ទុសិក្សារបស់ខ្ញុំគឺមិនអាចយកទៅប្រៀបធៀបជាមួយនឹងស៊ីងលូបានទេ ក៏ប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹមនោះទេ។ ខ្ញុំដើមឡើយមិនមែនជាអ្នកមានទេពកោសល្យរៀនសូត្រអីណាស់ណានោះទេ ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំមិនចាំបាច់ត្រូវរៀនសូត្រអ្វីអស់ទាំងនេះ បន់ឱ្យតែអាចឆាប់បានចេញទៅធ្វើការរកប្រាក់បន្តិច នោះគ្រួសាររបស់ខ្ញុំនឹងគ្មានសម្ពាធដោយសារតែខ្ញុំទៀត។
ក៏ប្រហែលជាស៊ីងលូគ្មានមធ្យោបាយណាប្រឈមមុខជាមួយនឹងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។ បន្ទាប់ពីរឿងនោះកើតឡើង នាងតែងតែគេចវេសពីខ្ញុំ។ ខ្ញុំព្យាយាមតាមរកនិងខលទៅនាងអស់ជាច្រើនលើកជាច្រើនសារ តែនាងនៅតែមិនព្រមទទួលទូរស័ព្ទរបស់ខ្ញុំឡើយ។ ក្រោយមកនាងក៏បានផ្លាស់ប្តូរលំនៅដ្ឋាន លេខទូរស័ព្ទក៏បានប្តូរដែរ។
ចាប់តាំងពីពេលនោះមក ខ្ញុំនិងស៊ីងលូក៏បាត់បង់ទំនាក់ទំនងគ្នា។
ជារៀងរាល់ពេលដែលខ្ញុំធ្វើដំណើរនៅតាមផ្លូវកាត់ផ្ទះចាស់របស់នាង ខ្ញុំតែងតែនឹកឃើញទៅដល់កែវភ្នែកមួយគូថ្លាឆ្វង់ប្រៀបដូចជាទឹកបឹងនោះ។
រហូតមកទល់ពីរឆ្នាំក្រោយមក ទើបខ្ញុំបានចួបនឹងស៊ីងលូជាថ្មីម្តងទៀត។
នោះគឺនៅក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ១៩៨១…
នៅចំពោះមុខខ្ញុំស៊ីងលូបានប្រែប្រួលរូបរាង ហើយកាន់តែស្រស់ស្អាតនិងទាក់ទាញជាងមុន។ សក់ពណ៌ត្នោតរបស់នាងកាលពីមុនមូររួញឡើងជាទឹករលក ពាក់អាវធំរឹបរាងពណ៌ខ្មៅជាមួយនឹងសំពត់ឆែកខ្លី នៅលើជើងពាក់ស្បែកជើងកែងចោតខ្ពស់យ៉ាងភ្លឺរលោង រំលេចឱ្យឃើញជើងទាំងគូវែងស្រឡូន។
នោះគឺជាឯកសណ្ឋានហាងធ្វើការរបស់ពួកយើង។
ប្រសិនបើកាលនោះអាយុពួកយើងចេះគិតគូរដិតដល់បានមួយចំណិតដូចជាឥឡូវនេះ ប្រហែលជាពួកយើងនឹងមានអារម្មណ៍ថាជីវិតគឺជាការសើចចំអកមួយ។ កាលដែលពួកយើងនៅរៀន ស៊ីងលូហើយនិងខ្ញុំតែងតែចូលចិត្តដើរកំសាន្តទៅមើលលេងតាមហាងលក់សម្លៀកបំពាក់ល្បីៗ ក្ដោងច្រមុះសឹងតែប៉ះត្រូវកញ្ចក់ហាងរបស់គេ ស្ញើចសរសើរចំពោះខោអាវដែលមានម៉ាកលំដាប់និងមានតម្លៃមហាសែនថ្លៃ។
អ្នកណាទៅដឹង ប៉ុន្មានឆ្នាំក្រោយមក ពួកយើងទាំងពីរនាក់ក៏បែរជាបានមកធ្វើការរួមគ្នានៅក្នុងហាងលក់សម្លៀកបំពាក់ប្រេនលំដាប់មួយកន្លែង រាល់ថ្ងៃសម្លឹងមើលទៅកាន់សម្លៀកបំពាក់ប្រណីតៗដែលពួកយើងមិនអាចទិញបាន។ ដៀងភ្នែកសម្លឹងមើលពួកវាត្រូវបានស្ត្រីដែលមានអាយុកាលមិនស័ក្តិសមនឹងពាក់វាឬសម្រស់ដាច់ឆ្ងាយពីពួកយើង ទិញវាយកទៅ។
ស៊ីងលូបម្រើការនៅក្នុងហាងនេះមុនខ្ញុំមួយឆ្នាំ។ នៅថ្ងៃដែលពួកយើងបានចួបគ្នាដំបូងនៅទីនេះ គឺនាងជាអ្នកចំណាំខ្ញុំបានមុន។
«លីមុីងជូ! សក់របស់ឯងវែងជាងមុនច្រើនណាស់!»
នាងបានញញឹមយ៉ាងស្រទន់មកកាន់ខ្ញុំ តែនៅក្នុងកែវភ្នែករបស់ស៊ីងលូមើលទៅក្រៀមក្រំជាងពេលដែលខ្ញុំធ្លាប់ចួបពីមុនទៅទៀត។
ក៏ដូចជាថ្ងៃដំបូងដែលបានឃើញនាងដើរចូលមកក្នុងថ្នាក់រៀនអ៊ីចឹង ស៊ីងលូគឺឈរនៅចំពោះមុខខ្ញុំបែបនេះ ខ្ញុំនៅតែគិតថា នាងមិនស័ក្តិសមឈរនៅទីនេះទេ។ នាងគួរតែឈរនៅលើទីកន្លែងដ៏ថ្លៃថ្នូរមួយ មិនមែននៅទីកន្លែងដូចជាទីនេះទេ ជារៀងរាល់ថ្ងៃត្រូវមកបម្រើភ្ញៀវដែលមិនមានឥទ្ធិពលខ្ពង់ខ្ពស់ដូចជានាង។
តែទោះយ៉ាងណាក្ដី ចាប់ពីពេលនោះមក ពួកយើងទាំងពីរនាក់ក៏បានចាប់ផ្តើមត្រូវរ៉ូវគ្នាវិញ។ ខ្ញុំមានអារម្មណ៍ដឹងថា នាងពិតជារីករាយណាស់នៅពេលដែលចួបនឹងខ្ញុំម្ដងទៀត។ រីឯចំពោះអ្វីដែលបានកើតឡើងកាលពីពីរឆ្នាំមុន នាងមិនដែលរម្លឹកទៅដល់សូម្បីតែមួយម៉ាត់ វាហាក់បីដូចជាកាលពីពីរឆ្នាំមុន គ្មានអ្វីដែលគួរឱ្យត្រូវចងចាំទាល់តែសោះ។ ខ្ញុំគិតថា នាងប្រហែលជាបានទទួលរងនូវការឈឺចាប់ជាច្រើន។
នៅពេលនោះ ខ្ញុំចង់រើចាកចេញពីផ្ទះដើម្បីរស់នៅដាច់ឡែកដោយខ្លួនឯង ចង់មានជីវិតឯករាជ្យមួយដោយគ្មានការឃុំឃាំង។ ខ្ញុំបានបញ្ចុះបញ្ចូលស៊ីងលូឱ្យមករស់នៅជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនរំពឹងថាអាចបញ្ចុះបញ្ចូលនាងបាននោះទេ។ ខ្ញុំដឹងថាម្តាយរបស់នាងតែងតែឃុំគ្រងយ៉ាងតឹងរុឹងចំពោះនាង។ ប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះ គឺថានាងគ្រាន់តែគិតពីរបីថ្ងៃប៉ុណ្ណោះក៏យល់ព្រម។
ស៊ីងលូហើយនិងខ្ញុំបានទៅរកមើលទីតាំងបន្ទប់ជួលអស់ប៉ុន្មានកន្លែង នៅទីបំផុតពួកយើងក៏សម្រេចចិត្តជ្រើសរើសផ្ទះនៅតំបន់ “Cansa” សំណង់អាគារចំណាស់កម្ពស់បួនជាន់។ ពួកយើងបានជួលបន្ទប់នៅជាន់ទីបួន បើទោះបីកន្លែងតូចបន្តិចពិត តែមានបន្ទប់គេងពីរនិងបន្ទប់ទទួលភ្ញៀវតូចល្មមសមគួរមួយ ថ្នាំលាបជញ្ជាំងផ្ទះក៏នៅថ្មីនៅឡើយ។
ស៊ីងលូគឺជាមិត្ដដ៏ល្អម្នាក់ដែលរកចន្លោះខ្វះខាតគ្មាន។ នាងបានតុបតែងនិងរៀបចំបន្ទប់យ៉ាងស្អាតបាត ដោយមិនចំណាយច្រើន។ នាងបានទិញចង្កៀងតាំងនៅលើតុធម្មតាតូចមួយ ប្រើជ័រកាវបិទគ្រាប់ថ្មចរណៃតូចៗដែលមានពណ៌ចម្រុះភ្លឺចិញ្ចាចចិញ្ចាំងនៅលើចង្កៀងដែលមានពណ៌ទឹកដោះគោនោះ។ ចង្កៀងដ៏ធម្មតានោះ តែមួយប៉ប្រិចភ្នែកក៏បានប្រែក្លាយទៅជាវត្ថុដ៏មានតម្លៃ។
នាងថែមទាំងចេះចម្អិនអាហារ ជាងនេះទៅទៀតនាងតែងតែកែច្នៃមុខម្ហូបឱ្យមើលទៅស្រស់ស្អាតនិងគួរឱ្យចង់ញ៊ាំ។ នាងក៏បានយកកេសសឺឡែនខ្លះចេញពីផ្ទះរបស់នាងមក ដែលគេយកមកប្រើប្រាស់នៅក្នុងពេលបម្រើភោជនីអាហារ។
នៅក្នុងហាងមានសម្លៀកបំពាក់ខ្លះនៅពេលដែលអតិថិជនបានទិញហើយក៏សងត្រលប់មកវិញ បុគ្គលិកដូចជាពួកខ្ញុំនិងស៊ីងលូ ពេលដែលទៅទិញនឹងត្រូវបានបញ្ចុះតម្លៃពិសេស។ ស៊ីងលូនឹងជ្រើសរើសយកពីរបីសម្រាប់។ ថ្វីបើវាគ្រាន់តែជាសម្លៀកបំពាក់និងស្បែកជើងម៉ូតសាមញ្ញៗតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនាងពាក់វាគឺរឹតតែស្អាត នាងថែមទាំងចេះរួមបញ្ជូលសម្លៀកបំពាក់ថ្លៃៗជាមួយខោអាវដែលមានតម្លៃថោក ធ្វើឱ្យនាងមើលទៅរឹតកាន់តែស្រស់ស្អាត។
មានអតិថិជនជាច្រើននៅក្នុងហាងដឹងថានាងចេះជ្រើសរើសសម្លៀកបំពាក់និងរួសរាយរាក់ទាក់ចំពោះភ្ញៀវ បើទោះបីអតិថិជនខ្លះមិនទិញទំនិញក៏ដោយ ក៏ពួកគេតែងតែមករកនាងនិងសាកសួរអំពីម៉ូតថ្មីៗនៅរដូវកាលបន្ទាប់។
ពួកបុគ្គលិកស្រីៗដែលធ្វើការនៅក្នុងហាងរបស់ពួកយើង ឱ្យតែមើលទៅមានរូបសម្រស់តិចតួច នឹងស្រម៉ៃចង់ហក់ចាប់កំលោះៗអណ្ដើកមាស។
មនុស្សគ្រប់គ្នាសុទ្ធតែយល់ថាក្នុងចំណោមពួកយើងទាំងអស់គ្នានេះ ស៊ីងលូគឺជាអ្នកដែលមានលក្ខខណ្ឌល្អដាច់បំផុត ក៏ប៉ុន្តែរាល់ពេលដែលពួកយើងជំណុំគ្នាជជែកលេងសើចអំពីរឿងទាំងនេះ ស៊ីងលូតែងតែបង្ហាញការមិនចាប់អារម្មណ៍។
នៅក្នុងមួយអំឡុងពេលនោះ ខ្ញុំបានមានទំនាក់ទំនងជាមួយនឹងមិត្តប្រុសថ្មីអស់ប៉ុន្មាននាក់ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំក៏នៅតែមិនទាន់ឃើញមានវត្តមានរបស់បុរសណាម្នាក់បង្ហាញខ្លួននៅក្បែររូបនាងនោះឡើយ។ នាងតែងតែព្យាយាមខិតខំធ្វើការ ដោយមិនហ៊ានហូបមិនហ៊ានចាយ គឺអាចមើលដឹងថាស្ថានភាពសេដ្ឋកិច្ចរបស់នាងគឺខ្វះខាតខ្លាំង។
ខ្ញុំក៏មិនបានសួរនាំនាងថាតើនាងខ្វះខាតលុយឬអត់នោះទេ… ថ្វីដ្បិតថាពួកយើងស្នាក់នៅក្នុងបន្ទប់ជួលជាមួយនឹងគ្នាក៏ដោយ ក៏នាងនៅតែដូចជាកាលពីមុនដដែល គឺកម្រនិយាយរឿងរបស់អ្នកផ្ទះណាស់។
ប្រហែលជាកន្លះឆ្នាំក្រោយ ស៊ីងលូហើយនិងខ្ញុំបានលួចចូលទៅហាងលក់គ្រឿងអលង្ការលំដាប់ខ្ពស់មួយដើម្បីដាក់ពាក្យសុំចូលធ្វើការ។ ស៊ីងលូក៏ត្រូវបានគេជ្រើសរើស ព្រោះនាងក្រៅពីចេះភាសាចិនកាតាំងនិងភាសាអង់គ្លេស នាងថែមទាំងអាចនិយាយភាសាជប៉ុននិងភាសាចិនកុកងឺបានយ៉ាងល្អ ចំណែកឯខ្ញុំវិញមិនអាចនិយាយបានល្អដូចជានាងឡើយ។ តែជាសំណាងល្អ ហាងលក់គ្រឿងអលង្ការនោះស្ថិតនៅក្បែរកន្លែងធ្វើការចាស់ ទើបពេលខ្លះពួកយើងនៅតែអាចចេញទៅក្រៅញ៊ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នា។
ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃក៏បានកន្លងផុតទៅដោយស្ងៀមស្ងាត់បែបនោះ។
នៅព្រឹកព្រលឹមមួយនារដូវរងានៅក្នុងឆ្នាំ១៩៨៣…
ខ្ញុំភ្ញាក់ពីគេងឡើងទាំងរងាញាក់ញ័រ ក្រោកចុះពីលើគ្រែបំណងចង់ទៅកាន់បន្ទប់ទឹក ក៏ស្រាប់តែឃើញស៊ីងលូស្លៀកពាក់យ៉ាងរៀបរយ បើកទ្វាររៀបចំចេញទៅក្រៅ។
ប៉ុន្មានថ្ងៃមកនេះ ខ្ញុំមិនបានឃើញនាងទេ។ ដោយសារតែមួយរយៈមុនជាថ្ងៃខួបកំណើតខ្ញុំ មិត្តរួមការងារបានបបួលខ្ញុំចេញទៅក្រៅជប់លៀងដល់យប់ជ្រៅប៉ុន្មានយប់ជាប់ៗគ្នា។ ពេលដែលខ្ញុំត្រលប់មកដល់ផ្ទះវិញ ស៊ីងលូតែងតែគេងលក់បាត់ទៅហើយ។
«ឯងលែងទៅធ្វើការនៅហាងលក់គ្រឿងអលង្ការទៀតហើយមែនទេ? ប៉ុន្មានថ្ងៃមុន ពេលចេញពីធ្វើការ ខ្ញុំបានឈាងទៅរកឯង អ្នកនៅទីនោះប្រាប់ថាឯងបានលាឈប់ពីការងារហើយ!» ខ្ញុំបាននិយាយជាមួយនឹងនាង។
កែវភ្នែកធំៗរបស់នាងសម្លឹងមើលមកខ្ញុំមួយភ្លែត ក៏និយាយថា៖
«អុឹម! …មែនហើយ»
«នៅសុខៗសោះ ហេតុអីបានជាលាឈប់? ក្រែងនិយាយថាខែក្រោយឯងនឹងឡើងតំណែងហើយហ្អេស? ឬមួយក៏ធ្វើការនៅទីនោះមិនសប្បាយចិត្តទេ?»
«គ្មានអីឡើយ! គ្រាន់តែគ្នាចង់សាកល្បងប្ដូរការងារផ្សេងទៀតប៉ុណ្ណោះ»
ខ្ញុំបានសួរនាងថា៖ «ឯងរកការងារថ្មីធ្វើបានហើយហ្អេស?»
ស៊ីងលូងក់ក្បាល។ ខ្ញុំក៏បានសួរនាងបន្តទៀតថា៖
«តើជាការងារអ្វី?»
«នៅ Coffee Shop»
ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ចង់ហាមាត់សួរនាងថាហេតុអីទៅ? តែស៊ីងលូប្រញាប់ប្រញាល់ឱនមុខចុះសម្លឹងមើលម៉ោងនៅលើនាឡិកាដៃហើយនិយាយថា៖
«ខ្ញុំយឺតពេលហើយ ចាំយប់នេះត្រលប់មកវិញនឹងជជែកគ្នាជាមួយឯងទៀតណា៎»
មុនពេលចាកចេញទៅ នាងនិយាយថា៖
«អាកាសធាតុត្រជាក់ខ្លាំងយ៉ាងនេះ យប់នេះញ៊ាំស៊ុបឆ្នាំងភ្លើងតើល្អទេ! ខ្ញុំនៅមិនទាន់អបអរថ្ងៃខួបកំណើតរបស់ឯងនៅឡើយទេ! ចាំរួចដៃពីការងារ ខ្ញុំនឹងទៅផ្សារទិញម្ហូប»
«ចាំគ្នាទៅទិញវិញ» ខ្ញុំនិយាយបន្តថា៖
«ថ្ងៃនេះគ្នាសម្រាក»
«ល្អ! យប់នេះចួបគ្នា!»
«យប់នេះចួបគ្នា!»
នាងបានចាកចេញទៅបាត់ ខ្ញុំនៅតែមិនអាចជឿទៅរួច។ ប្រាក់កម្រៃនៅហាងកាហ្វេម៉េចនឹងអាចប្រៀបផ្ទឹមជាមួយនឹងប្រាក់ខែនៅក្នុងហាងលក់គ្រឿងអលង្ការលំដាប់បាននោះ។ ឯម៉្យាងទៀតស្ថានភាពសេដ្ឋកិច្ចរបស់នាងកំពុងតែឋិតនៅក្នុងភាពយ៉ាប់យុឺន។ ឥឡូវនេះថាលាឈប់ គឺមិនដូចជាយកប្រាក់ភាគលាភដែលខិតខំធ្វើការអស់ប៉ុន្មានឆ្នាំមកនេះគ្រវែងចោលទៅទទេហើយហ្អេស?
តើនាងឆ្កួតហើយមែនទេ? ម៉្យាងទៀត តាំងពីដើមមក មានដែលឃើញនាងចេះផឹកកាហ្វេឯណា!
រង់ចាំនាងទៅផុត ខ្ញុំដើរលបៗរុញទ្វារចូលទៅក្នុងបន្ទប់គេងរបស់នាង អើតក្បាលចូលទៅមើល ឃើញនៅលើគ្រែនាងពង្រាយសៀវភៅមួយគំនរ សុទ្ធតែទាក់ទងនឹងការឆុងកាហ្វេ មើលទៅនាងហាក់ដូចពិតជាបានប្តេជ្ញាចិត្តផ្លាស់ប្តូរអាជីពទៅលក់កាហ្វេមែន។
នៅយប់នោះ ផុតម៉ោងធ្វើការ ស៊ីងលូបានវិលត្រលប់មកផ្ទះវិញជាមួយនឹងក្លិនកាហ្វេជាប់ពេញខ្លួន។ ពួកយើងបានអុចភ្លើងទៀន អង្គុយញ៊ាំនៅជុំវិញឆ្នាំងស៊ុបពុះហ៊ុយៗ។ នាងថែមទាំងបានទិញស្រាសាំប៉ាញផ្កាកុលាបមួយដបមកគាស់ជប់លៀងថែមទៀតផង។
«តើឯងឆ្កួតហើយមែនទេ? ស្រាមួយដបនេះថ្លៃខ្លាំងណាស់ដឹងទេ!» ខ្ញុំស្រែកឡើងសឹងតែគក់ទ្រូង។
«មានអីឯណា! គឺគ្រាន់តែចង់អបអរថ្ងៃខួបកំណើតរបស់ឯងតែប៉ុណ្ណោះ»
ស៊ីងលូលើកកែវស្រាឡើង ក្រេបរសជាតិស្រាដែលមានពណ៌ផ្កាឈូកមួយក្អឹកៗ ហើយនិយាយថា៖
«ខ្ញុំមិនផឹកស្រាទេ លុះត្រាតែវាជាស្រាសំប៉ាញផ្កាកុលាប!»
និយាយរួច នាងក៏សន្សឹមៗក្រេបរសជាតិនៅក្នុងកែវស្រានោះបន្តទៅទៀត និយាយតាមត្រង់ចុះ នោះគឺជាលើកទីមួយដែលខ្ញុំបានឃើញនាងផឹកស្រា។ បន្ទាប់មកស្រាមួយដបនោះ ត្រូវនាងផឹកឡើងអស់រលីង ស៊ីងលូក្រោកឈរឡើងទាំងត្រដាបត្រដួសដើរចូលទៅក្នុងផ្ទះបាយចាក់ទឹកផឹក។
ខ្ញុំបានឮសូរសំឡេងរបស់នាង មិនប្រុងប្រយ័ត្នបានធ្វើឱ្យធ្លាក់បែកកែវកញ្ចក់។
ខ្ញុំរហ័សរត់ចូលទៅមើលនិងសួរនាងថា៖
«តើឯងយ៉ាងម៉េចទៅហើយ?»
ស៊ីងលូលើកចុងម្រាមដៃរបស់នាងដែលកំពុងហូរឈាមបៀមនៅក្នុងមាត់ ជ្រួញចិញ្ចើមនិយាយថា៖
«ហេតុអ្វីបានជាមិនយកស្រាធ្វើជាឈាម? បែបនោះទើបមិនឆ្អាប!»
បើទោះបីជាស៊ីងលូហើយនិងខ្ញុំសុទ្ធតែមានអាយុម្ភ៉ៃពីរឆ្នាំដូចគ្នា ប៉ុន្តែគន់មើលពីគ្រប់ចំណុច នាងគឺមានភាពដឹងក្ដីច្រើនជាងខ្ញុំ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែសរសើរមិត្តរបស់ខ្ញុំម្នាក់នេះជានិច្ច។
រហូតមកទល់ច្រើនឆ្នាំក្រោយមកទៀត ខ្ញុំក៏នៅតែនឹកចងចាំទិដ្ឋភាពនៅពេលដែលបានឃើញនាងដើរចូលមកក្នុងថ្នាក់រៀនដំបូង… នៅពេលដែលនាងអង្គុយចុះនៅជិតខ្ញុំ នៅលើថ្ងាសមានជាប់កំណកម្សៅពណ៌សដូចជាព្រិល គ្រប់រូបភាពទាំងអស់នោះនៅតែដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំយ៉ាងច្បាស់។
ក្រោយមក មានម្ដងនោះ នាងបាននិយាយប្រាប់ខ្ញុំថា៖
«នោះជាម្សៅផាត់មុខម៉ាក Molly របស់ Max Factor! គឺគ្នាសន្សំប្រាក់ទិញវាដោយខ្លួនឯង»
មានពេលខ្លះ ក្លិនក្រអូបរបស់ម្សៅនោះតែងតែដិតជាប់ក្លិននៅលើខ្ទង់ច្រមុះរបស់ខ្ញុំ ហាក់ដូចជាចង់រម្លឹកឱ្យខ្ញុំចងចាំថា នាងគឺជាទេពអប្សរដែលធ្លាក់ខុសកន្លែងចុះមកលើផែនដីនេះ ហើយទេពអប្សរនោះគួរតែវិលត្រលប់ទៅស្ថិតនៅលើទីកន្លែងដែលខ្ពង់ខ្ពស់ជាងនេះទើបសម។
ខ្ញុំនៅមិនទាន់ទទួលបានការយល់ព្រមពីស៊ីងលូ អនុញ្ញាតឱ្យខ្ញុំយករឿងរ៉ាវរបស់នាងមកនិយាយនៅឡើយទេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងតែនិយាយនៅទីនេះគឺជាការពិត ខ្ញុំជឿជាក់ថាមិត្តរបស់ខ្ញុំម្នាក់នេះនឹងមិនបន្ទោសខ្ញុំឡើយ។
រឿង៖ សន្សើមព្រឹក (នៅមានភាគបន្ត)
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ