រឿង៖ សន្សើមព្រឹក (ភាគ៣)

ស៊ីងលូឈោងដៃទៅចាប់បាតដៃដ៏កក់ក្តៅរបស់គេ និយាយថា៖

«រីករាយដែលបានស្គាល់លោក!»

ភ្លាមៗនោះ គេស្រាប់តែផ្លាស់ប្តូរគំនិតរបស់គេ សួរទៅនាងថា៖

«តើនាងមានចំណាប់អារម្មណ៍ចង់ទៅទស្សនាការតាំងពិពណ៌នោះដែរឬទេ? នៅមិនឆ្ងាយពីទីកន្លែងនេះប៉ុន្មានទេ មិត្តរបស់ខ្ញុំគូរគំនូរមិនអន់ទេ»

គេបានក្រឡេកមើលនាឡិកាដៃរបស់គេ៖ «ពិធីជប់លៀងនៅមិនទាន់បញ្ចប់ទេ ប្រហែលជាអាចនៅមានអាហារខ្លះសម្រាប់ញ៊ាំ ប៉ុន្តែប្រាកដជាមិនឆ្ងាញ់ដូចជានាងធ្វើទេ»

«អូខេ!» ស៊ីងលូងក់ក្បាលចុះទាំងរីករាយ។ នាងសម្លឹងមើលទៅឯកសណ្ឋានបម្រើការនៅលើខ្លួនរបស់នាង ក៏និយាយឡើងថា៖

«តើលោកអាចរង់ចាំខ្ញុំមួយភ្លែតបានទេ? ខ្ញុំសុំពេលទៅផ្លាស់ប្ដូរសម្លៀកបំពាក់ចេញសិន»

«បាន! ខ្ញុំរង់ចាំនាងនៅខាងក្រៅ»

ស៊ីងលូដើរចេញពីក្នុងហាងលក់កាហ្វេមកខាងក្រៅ នាងបានពាក់អាវស្បែកក្រៅពណ៌ខ្មៅ នៅខាងក្នុងគឺជារ៉ូបពណ៌ក្រហម បង្ហាញឱ្យឃើញរង្វង់កនិងដើមទ្រូងសម៉ដ្ដខៃរបស់នាង នៅលើជើង ពាក់ស្បែកជើងកែងចោតពណ៌ខ្មៅខ្ពស់មួយគូ សក់រំសាយចេញមក ប្រៀបដូចជាមេអំបៅ។

នោះគឺជាលើកដំបូងបង្អស់ដែលស៊ឺជឹងឈុនមិនឃើញស៊ីងលូចងសក់កន្ទុយសេះទៀត គេនៅសុខៗក៏ស្រាប់តែបានឃើញសក់ពណ៌ត្នោតរបស់នាងសំយុងចុះមកទន់ល្មើយបែបនេះ ធ្វើឱ្យគេសម្លឹងមើលយ៉ាងភ្លឹកភ្លាំង។

«តើពួកយើងដើរទៅតាមផ្លូវណា?» ស៊ីងលូសួរទៅគេ។

ឮសំឡេងរបស់នាងទើបសុឺជឹងឈុនភ្ញាក់ស្មារតីឡើង រហ័សនិយាយថា៖ «មកខាងណេះ!»

ស៊ីងលូដើរបណ្ដើរបង់កន្សែងបង់កពណ៌សនៅលើករបស់នាងបណ្ដើរ ខណៈពេលដែលនាងហៀបនឹងរលាស់កន្សែងទៅក្រោយខ្នងរបស់នាង ស្រាប់តែមានខ្យល់មួយមេធំបក់មក ធ្វើឱ្យកន្សែងមួយនោះហោះទៅគ្របនៅលើមុខរបស់ស៊ឺជឹងឈុនបិទបាំងភ្នែករបស់គេជិតឈឹងនិងធុំក្លិនដ៏ក្រអូបពិសេសម៉្យាង។

«អូ៎…ព្រះអើយ!» ស៊ីងលូក៏ប្រញាប់ស្រវាដៃចាប់ទាញកន្សែងត្រលប់មកវិញ។

នៅក្នុងខណៈពេលភ្លាមៗនោះ នាងស្រាប់តែក្រឡេកទៅឃើញដោយចៃដន្យ នៅក្នុងជ្រកផ្លូវមួយនៅខាងមុខពួកគេ ក្រោមពន្លឺចង្កៀងនៅលើដងផ្លូវ មានបុរសពាក់មួកកន្តិបម្នាក់កំពុងតែលួចសម្លឹងមើលមកនាងនិងសុឺជឹងឈុននៅឯម្ខាង។

ឯបុរសម្នាក់នោះប្រទះឃើញកែវភ្នែករបស់ស៊ីងលូ ក៏រហ័សបែរខ្នងទៅក្រោយរត់គេចខ្លួនបាត់មួយរំពេច។

ស៊ឺជឹងឈុនមិនដឹងថាហេតុអ្វីក៏ស៊ីងលូនៅសុខៗបែរជាឈរភ្លឹកស្ងៀមនៅមួយកន្លែងបែបនេះ ភ្លាមៗនោះគេលើកដៃរបស់គេឡើងទាញកន្សែងចេញពីមុខរបស់គេដោយឫកពារខ្មាសអៀនតិចតួច ហើយឋិតនៅក្នុងពេលនោះ គេក៏បានឃើញក្រសែភ្នែករបស់ស៊ីងលូកំពុងបញ្ឈប់នៅឯច្រកផ្លូវខាងមុខ។

កែវភ្នែករបស់គេក៏សម្លឹងមើលទៅតាមនាងដែរ ប៉ុន្តែមិនបានប្រទះឃើញអ្វីទាំងអស់។

បុរសអាវខ្មៅម្នាក់នោះគេចចេញទៅបាត់ អារម្មណ៍របស់ស៊ីងលូក៏រហ័សត្រលប់មកវិញ នាងទាញកន្សែងមកវិញព័ន្ធពីរជុំនៅលើករបស់នាងឱ្យរៀបរយឡើងវិញ សម្លឹងមើលសុឺជឹងឈុនទាំងអុឹមអៀន ហើយនិយាយថា៖

«សុំទោសផង! អម្បាញ់មិញខ្យល់ធំពេក!»

សុឺជឹងឈុនញាក់ស្មារបស់គេ និយាយទាំងស្នាមញញឹមថា៖

«អូ៎…មិនថ្វីទេ…ខ្យល់មួយមេនោះបក់មកចំពេលវេលាល្អណាស់!»

«នៅនិយាយថាចំពេលវេលាល្អទៀតហេ៎? ប្រសិនបើពួកយើងកំពុងតែឈរនៅលើផ្លូវថ្នល់វិញ ខ្ញុំស្ទើរតែសម្លាប់លោកបាត់ទៅហើយណា៎!»

ស៊ឺជឹងឈុនបើកភ្នែកធំៗចំហមាត់ ធ្វើឫកពារហាក់ដូចជាទើបតែរួចផុតពីសេចក្តីស្លាប់មក និយាយយ៉ាងរន្ធត់ថា៖

«អូ៎មែនហើយ! ស្ទើរតែបន្តិចទៀត នាងបានសម្លាប់ខ្ញុំទៅហើយ!»

ស៊ីងលូធ្វើពុតជាមិនយល់ ឱនក្បាលចុះសើចតិចៗ។ ពួកគេសន្សឹមៗបន្តដំណើរទៅមុខ ឆ្លៀតពេលដែលស៊ឺជឹងឈុនមិនបានចាប់អារម្មណ៍ នាងបានងាកទៅក្រោយសម្លឹងមើលទៅកាន់ទីកន្លែងងងឹតនោះម្ដងទៀត នាងចង់ដឹងថាតើបុរសពាក់មួកកន្តិបម្នាក់នោះនៅឈរនៅត្រង់នោះទៀតឬក៏អត់?

នាងមិនបានឃើញមនុស្សម្នាក់នោះទៀតទេ ក៏ប៉ុន្តែនាងនៅតែមិនទាន់អស់មន្ទិលសង្ស័យរបស់នាង ថាតើនាងមានមើលច្រឡំឬអត់?

«ឈ្មោះរបស់នាងពីរោះណាស់» ស៊ឺជឹងឈុននិយាយ។

«គឺលោកប៉ារបស់ខ្ញុំជាអ្នកដាក់ឱ្យ ខ្ញុំកើតនៅពេលព្រឹកព្រលឹមស្រាងៗ គាត់បាននិយាយថា កាលនោះគាត់បានឃើញនៅលើស្លឹកឈើដើមល្វាខាងក្រៅបង្អួចបន្ទប់សម្រាលមានដក់តំណក់ទឹកសន្សើមព្រឹក ព្រមទាំងឃើញកូនចាបតូចមួយក្បាលកំពុងតែស្រែកច្រៀងនៅលើដើមឈើនោះទៀតផង»

«មែនហ្អេស?» ស៊ឺជឹងឈុនលាន់មាត់សួរ។

«កុហកទេ! កូនចាបមួយក្បាលស្រែកច្រៀងនោះគឺក្រោយមកលោកប៉ារបស់ខ្ញុំបន្ថែមដោយខ្លួនឯងទេ» ស៊ីងលូនិយាយរួចក៏សើច។

«ពីមុន តើនាងធ្លាប់ធ្វើការនៅហាងកាហ្វេណាផ្សេងទេ?»

«ខ្ញុំហ្អេស? ខ្ញុំធ្លាប់ធ្វើការនៅក្នុងហាងលក់សម្លៀកបំពាក់និងគ្រឿងអលង្ការ»

«ចុះហេតុអីបានជាប្តូរមកធ្វើការនៅក្នុងហាងកាហ្វេ?»

«សម្លៀកបំពាក់ គ្រឿងអលង្ការ កាហ្វេ គឺជាមជ្ឈដ្ឋានបីខុសៗពីគ្នា ប៉ុន្តែមានតែកាហ្វេប៉ុណ្ណោះដែលអាចផឹកបាន!» ស៊ីងលូក៏បញ្ចេញស្នាមញញឹម៖

«ខ្ញុំមិនចូលចិត្តរបៀបរស់នៅពីមុនទេ នៅទីនេះមានសេរីភាពជាង…តើលោកជាវិចិត្រករមែនទេ?»

នាងចង្អុលទៅអាវក្រៅពណ៌ត្នោតរបស់គេ នៅលើកដៃអាវនោះមានដិតស្នាមប្រឡាក់ដោយសារទឹកថ្នាំគំនូរតូចមួយ នាងបានកត់សម្គាល់ឃើញតាំងពីនៅថ្ងៃចួបគេដំបូងមកម៉្លេះ។

ស៊ឺជឹងឈុនលួចស្ងើចសរសើរចំពោះសមត្ថភាពសង្កេតរបស់នាងនៅក្នុងចិត្ត បន្ទាប់មកក៏ងក់ក្បាលចុះដោយការខ្មាសអៀនតិចតួច។

កែវភ្នែករបស់ស៊ីងលូពោរពេញទៅដោយការចង់ដឹង សួរថា៖ «តើលោកល្បីឈ្មោះណាស់មែនទេ?»

ស៊ឺជឹងឈុនប្រែជាមុខក្រហមព្រាក និយាយទាំងកំប្លែងថា៖

«ខ្ញុំគ្រាន់តែជាវិចិត្រករក្រីក្រម្នាក់ប៉ុណ្ណោះនិងគ្មានកេរ្តិ៍ឈ្មោះអ្វីនោះទេ»

«និយាយអ៊ីចឹងដូចជាបន្ទាបខ្លួនឯងពេកទេដឹង!» ស៊ីងលូនិយាយក្រមិចក្រមើម

«ខ្ញុំស្គាល់សមាគមសប្បុរសធម៌មួយ តែងតែជួយដល់វិចិត្រករក្រីក្រ»

«តើពិតទេ?» ស៊ឺជឹងឈុនរហ័សសួរទៅស៊ីងលូ។

«កុហកទេ» ស៊ីងលូជ្រួញខ្ទង់ច្រមុះសើចហើយនិយាយថា៖

«លោកបានជាប់អន្ទាក់របស់ខ្ញុំផ្ទួនៗគ្នាពីរដងហើយ!»

ស៊ឺជឹងឈុនព្រមទទួលស្គាល់ខ្លួនឯងថា៖

«មែនហើយ …ខ្ញុំងាយចាញ់ល្បិចស្រីស្អាតណាស់!»

ស៊ីងលូញញឹមៗ និយាយថា៖

«ជាទូទៅ វិចិត្រករម្នាក់ទាល់តែក្រោយពេលស្លាប់ទៅទើបអាចល្បី!»

ស៊ឺជឹងឈុននិយាយថា៖

«ចំណែកឯស្នាដៃទាំងឡាយក៏ទាល់តែចាំក្រោយពេលស្លាប់ទៅទើបមានតម្លៃ តើនាងដឹងថាមកពីហេតុអ្វីទេ?»

ស៊ីងលូនិយាយថា៖ «ជោគវាសនារបស់វិចិត្រករ?»

ស៊ឺជឹងឈុននិយាយទាំងអស់សំណើចតិចៗថា៖

«នៅពេលដែលវិចិត្រករក្លាយទៅជាអ្នកមានបាន ពួកគេនឹងលែងបញ្ចេញស្នាដៃរបស់ខ្លួនឯងបន្តទៀត»

«ក្រៅពីលោក Picasso?»

«មែនហើយ! ក្រៅពីលោក Picasso!»

ស៊ីងលូបង្អាប់គេជាបន្តបន្ទាប់នៅតាមផ្លូវ។

ពួកគេបានធ្វើដំណើរទៅដល់ទីកន្លែងតាំងពិពណ៌គំនូរ ដែលរៀបចំតាំងបង្ហាញនៅក្នុងកូនផ្ទះតូចក្រោមដីមួយ នៅខាងក្នុងមានសំឡេងជជែកនិងសើចក្អាកក្អាយជាច្រើន មនុស្សភាគច្រើនគឺសុទ្ធតែមានវ័យក្មេង។ ស៊ឺជឹងឈុនបានណែនាំស៊ីងលូទៅកាន់ម្ចាស់ពិព័រណ៍គំនូរនោះ គេគឺជាបុរសមានមាឌធាត់និងទាបម្នាក់ ស្លៀកពាក់សាមញ្ញៗ រួសរាយរាក់ទាក់និងចេះប្រាស្រ័យទំនាក់ទំនងល្អក្នុងសង្គម។

បន្ទាប់ពីរកកន្លែងអង្គុយចុះរួចរាល់ ស៊ឺជឹងឈុនបានដើរទៅយកម្ហូបអាហារប៊ូហ្វេនៅលើតុឈរមកឱ្យស៊ីងលូ។ នៅពេលនោះ មានបុរសវ័យក្មេងពីរបីនាក់បានដើរមកនិយាយជាមួយនឹងគេ រីឯស៊ីងលូគិតតែពីដើរគយគន់មើលគំនូរនៅលើជញ្ជាំង។

ពេញមួយយប់នោះ នៅរាល់ពេលដែលនាងក្រឡេកភ្នែកមើលទៅកាន់ស៊ឺជឹងឈុន នៅក្បែរខ្លួនគេតែងតែឡោមព័ទ្ធជុំវិញទៅដោយក្រុមនារីវ័យក្មេងស្អាតៗជាច្រើននាក់ បង្ហាញខ្លួនមកម្នាក់ហើយម្នាក់ទៀតមិនចេះដាច់ ដែលម្នាក់ៗសុទ្ធតែចង់ទាក់ទាញការចាប់អារម្មណ៍របស់គេ។

នៅក្នុងចិត្តរបស់ស៊ីងលូគិតថា៖ «តើគេមានដឹងខ្លួនឬអត់ហ្នឹង?»

ស៊ីងលូមិនសូវជាចូលចិត្តស្នាដៃរបស់វិចិត្រករមាឌធាត់ម្នាក់នោះប៉ុន្មានទេ ស្នាដៃរបស់គេមើលទៅហាក់ដូចជាខ្វះនូវវិញ្ញាណនិងភាពរស់រវើក។

នៅយូរទៅៗ មានអារម្មណ៍ថាសាលគំនូរកាន់តែស្អុះស្អាប់ឡើងទៅ នាងក៏មិនចង់ដើរមើលបន្តទៀត។ រំពេចនោះ ក៏ស្រាប់តែមានសំឡេងមួយបន្លឺឡើងនៅក្បែរនាង៖

«ពួកយើងទៅវិញទៅ!»

ប៉ុន្មាននាទីក្រោយមក នាងនិងស៊ឺជឹងឈុនក៏បានឈរនៅលើដងវិថី «Causeway Bay» ខ្យល់ត្រជាក់បក់មករំភើយៗ ធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយជាងមុន។

«តើនាងចូលចិត្តគំនូររបស់មិត្តខ្ញុំទេ?» ស៊ឺជឹងឈុនសួរមកនាង។

«វាមិនមែនមិនស្អាតនោះទេ គ្រាន់តែហាក់ដូចជាមានក្បូរក្បាច់ច្រើនពេក…អូ៎! សុំទោសផងណា៎ ខ្ញុំគ្រាន់តែចង់ចែករំលែកនូវការយល់ឃើញខ្លះចំពោះមិត្តរបស់លោកប៉ុណ្ណោះ»

«អត់ទេ! នាងនិយាយមិនខុសទេ ខ្សែភ្នែករបស់នាងមុតមែន»

គេបង្អាក់សំដីមួយភ្លែត ក៏សួរថា៖ «តើផ្ទះនាងនៅឯណា?»

«អូ៎! នៅជិតនេះទេ ចេញផុតពីផ្លូវមួយនេះគឺដល់ហើយ! ហើយចុះលោកវិញ?» នាងចង្អុលទៅផ្លូវដែលនៅខាងមុខពួកគេ។

«គឺនៅជិត Coffee Shop តែម្ដង»

«បើអ៊ីចឹងខ្ញុំដើរទៅតាមផ្លូវខាងនេះមុនហើយ» ស៊ីងលូនិយាយពាក្យលាគ្នាទៅគេមុន៖

«ចួបគ្នាថ្ងៃក្រោយ!»

នាងទាញយកកន្សែងបង់កនៅលើករបស់នាងឱ្យខិតឡើងទៅលើបន្តិចទៀតពីព្រោះតែអាកាសធាតុនាពេលយប់កាន់តែចុះត្រជាក់ខ្លាំង បន្ទាប់មកក៏ដើរចូលទៅក្នុងហ្វូងមនុស្សនៅខាងមុខ បន្សល់ទុកនូវស្រមោលរូបរាងតូចច្រឡឹងនៅក្នុងរ៉ូបពណ៌ក្រហមសន្សឹមៗរលាយបាត់ចេញពីខ្សែភ្នែករបស់គេ។

————

អស់រយៈពេលពេញមួយសប្តាហ៍ពេញបន្ទាប់ពីស៊ីងលូមិនបានមកហាងកាហ្វេធ្វើការនោះទេ។ នៅព្រឹកថ្ងៃមួយ ទីបំផុតនាងក៏បានបង្ហាញខ្លួន។

ក្រោយយប់ដែលបានទៅមើលការតាំងពិពណ៌គំនូរនោះ នាងបាននឹកគិតនៅក្នុងចិត្តថា«មិនអាចបង្ហាញខ្លួនឱ្យគេចួបភ្លាមៗជាដាច់ខាត»ដូច្នេះនាងក៏បានសំងំនៅក្នុងផ្ទះអស់មួយសប្តាហ៍ រកមូលហេតុមួយឱ្យខ្លួនឯង។

«ប្រសិនបើគេស្រលាញ់ឯង អ៊ីចឹងពេលដែលគេមិនបានឃើញឯង នឹងធ្វើឱ្យគេរឹតតែនឹកនាឯងបារម្ភពីឯង មិនថាទោះជាយ៉ាងណា ឯងត្រូវតែហ៊ានប្រថុយមួយក្ដារនេះ!»

នៅពេលដែលស៊ឺជឹងឈុនចូលមកដល់ក្នុងហាងភ្លាម ទឹកមុខស្រពាប់ស្រពោនរបស់គេ ក្រោយពេលដែលបានឃើញមុខរបស់នាងស្រាប់តែប្រែជារំភើបត្រេកអរឡើងមកភ្លែត ធ្វើឱ្យនាងដឹងថាវិធីរបស់នាងគឺត្រឹមត្រូវ។

ម៉ោងនៅលើនាឡិកាគឺជាងបីរសៀល ពន្លឺព្រះអាទិត្យចែងចាំងរស្មីកាត់តាមមាត់ទ្វារបង្អួចកញ្ចក់ នៅក្នុងហាងមានតែភ្ញៀវប៉ុន្មាននាក់ប៉ុណ្ណោះ តុអង្គុយនីមួយៗមានតែមនុស្សតែម្នាក់ គ្មាននរណាម្នាក់និយាយស្ដីអ្វី។

ស៊ឺជឹងឈុនដើរសំដៅត្រង់ទៅកន្លែងឆុងកាហ្វេតែម្តង ឫកពារសែនល្ងីល្ងើ ហាក់ដូចជារកនឹកមិនឃើញពាក្យណាមួយដើម្បីចាប់ផ្តើមនិយាយជាមួយនឹងនាង។

«តើនាងឈឺមែនទេ?» ចុងក្រោយក៏ស្ដាប់ឮគេនិយាយពាក្យទាំងនេះ។

«ខ្ញុំមិនស្រួលខ្លួន…» ស៊ីងលូនិយាយដោយសំឡេងតិចៗ។

ស៊ឺជឹងឈុនប្រញាប់សួរទៅវិញយ៉ាងរហ័សថា៖

«តើបានធូរហើយឬនៅ? ជំងឺមានធ្ងន់ធ្ងរទេ?»

«មិនមានអ្វីធ្ងន់ធ្ងរទេ…គ្រាន់តែផ្ដាសាយបន្តិចបន្តួចប៉ុណ្ណោះ»

ស៊ឺជឹងឈុនដកដង្ហើមចេញមកទាំងធូរទ្រូង ហើយក៏និយាយថា៖

«យប់នោះនាងស្លៀកពាក់ស្អាតណាស់ ខ្ញុំនៅព្រួយបារម្ភមិនដឹងថានាងមានត្រូវគេចាប់ទៅឬអត់?»

«ដើមឡើយគឺអ៊ីចឹងមែន ប៉ុន្តែសំណាងល្អខ្ញុំរត់គេចខ្លួនទាន់!» ទឹកមុខរបស់នាងនិយាយយ៉ាងដូចមែនទែន ហើយក៏ចាប់ផ្តើមរៀបចំឆុងកាហ្វេឱ្យគេ៖

«យប់នោះខ្ញុំភ្លេចសួរលោកឱ្យឈឹងថា តើលោកគូរគំនូរប្រភេទអ្វី?»

ស៊ឺជឹងឈុនក៏បានឆ្លើយថា៖«គំនូរប្រេង»

ស៊ីងលូដៀងភ្នែកសម្លក់គេបន្តិច៖

«ខ្ញុំកំពុងគិតថា តើលោកមានចំណាប់អារម្មណ៍បញ្ជូនស្នាដៃរបស់លោកមកលក់នៅទីនេះដែរឬទេ? ទីមួយចាត់ទុកថាបើកកន្លែងតាំងពិពរណ៌តូចមួយ ទីពីរអាចធ្វើឱ្យមានមនុស្សកាន់តែច្រើនស្គាល់លោក ហើយលោកក៏អាចរកកម្រសបានខ្លះដែរ ទីបី…» ស៊ីងលូលើកពែងកាហ្វេដែលបានឆុងរួចមកដាក់នៅចំពោះមុខគេ។

«មានផលប្រយោជន៍ច្រើនមែនន៎!» ស៊ឺជឹងឈុនឈរញញឹមនៅមុខរបារកាហ្វេ ហើយលើកពែងកាហ្វេរបស់គេឡើងមកផឹក។

«ទីបី…» ស៊ីងលូសម្លឹងមើលទៅលើផ្ទាំងគំនូរដែលព្យួរនៅលើជញ្ជាំងដោយទឹកមុខធុញទ្រាន់និងនិយាយថា៖

«ខ្ញុំទ្រាំមើលរូបគំនូរអាក្រក់ទាំងនោះលែងបានហើយ វាគួរតែដល់ពេលដោះវាចេញល្មម!»

«ថៅកែរបស់នាងគ្មានយោបល់អ្វីទេហ្អេស?»

«ខ្ញុំគឺជាអ្នកសម្រេចចិត្ត ថៅកែនៅទីនេះគឺមិត្តប្រុសរបស់ខ្ញុំ!»

«មែនហ្អេស?» ទឹកមុខរបស់ស៊ឺជឹងឈុនក៏ប្រែជាអាក្រក់ទៅ រំលេចឡើងឱ្យឃើញភាពអស់សង្ឃឹមមួយ គេឈ្ងោកមុខចុះសន្សឹមៗផឹកកាហ្វេរបស់គេ។

ស៊ីងលូលួចក្រឡេកមើលទៅគេ បញ្ចេញស្នាមញញឹមយ៉ាងសមបំណង នាងនិយាយថា៖

«កុហកទេ! ថៅកែនៅទីនេះគឺជាមនុស្សស្រី…លោកបានចាញ់បោកពាក្យបញ្ឆោតរបស់ខ្ញុំជាលើកទីបីហើយណា៎»

ស៊ឺជឹងឈុនញញឹមឡើងអស់ពីពោះ៖

«ខ្ញុំធ្លាប់បានប្រាប់នាងពីមុនហើយទេតើ ថាខ្ញុំងាយចាញ់ល្បិចស្រីស្អាតណាស់»

ស៊ីងលូងាកទៅរកចង្ក្រានបាយ នាងយកនំពងទាឈីសសូកូឡាខ្មៅមួយដុំដាក់នៅលើចានរួចលើកយកមកឱ្យគេ

«លោកអាចមានពេលពិចារណាលើយោបល់របស់ខ្ញុំ?»

ស៊ឺជឹងឈុនដួសនំខេកមួយស្លាព្រាមកញ៊ាំមួយម៉ាត់រួចនិយាយថា៖

«ឱ្យតែជាមនុស្សស្រីស្អាតហើយអាចធ្វើនំបានឆ្ងាញ់យ៉ាងនេះ ទោះជាលើកសំណើរយ៉ាងណាក៏ខ្ញុំយល់ព្រមដែរ»

ស្នាមញញឹមនៅលើមុខរបស់ស៊ីងលូក៏រលាយបាត់ទៅវិញ នាងនិយាយថា៖

«ខ្ញុំនេះនៅខាងក្រៅស្គាល់នារីស្រស់ស្អាតជាច្រើនសុទ្ធតែចេះធ្វើនំឆ្ងាញ់»

ប៉ុន្តែនៅថ្ងៃបន្ទាប់ ស៊ីងលូសម្លឹងមើលទៅកាន់ផ្ទាំងគំនូរនៅលើជញ្ចាំងដែលទើបនឹងព្យួរឡើងថ្មីៗ បេះដូងរបស់នាងលោតយ៉ាងញាប់ញ័រ មានអារម្មណ៍ថាស្ដាយក្រោយ។

នាងនិយាយនៅក្នុងចិត្តថា៖

«មិនគួរដូច្នេះទេ គេម្ដេចក៏អាចគូរបានស្អាតយ៉ាងនេះ?»

ស៊ឺជឹងឈុនងាកមកសួរនាងថា៖

«ខ្ញុំមិនដឹងថាគួរតែកំណត់តម្លៃយ៉ាងណានោះទេ»

នៅរសៀលល្ងាចនោះ ស៊ឺជឹងឈុនបាននាំយកផ្ទាំងគំនូរតូចៗមួយចំនួន យកមកដាក់នៅលើតុនៅក្នុងហាងកាហ្វេ។ ស៊ីងលូអង្គុយចុះភ្លឹកសម្លឹងមើលរូបគំនូរទាំងនោះ ដោយមិននិយាយស្ដីអ្វីមួយម៉ាត់ ធ្មេញខាំចុងបបូរមាត់ជាប់ នាងខាំខ្លាំងរហូតដល់ថ្នាក់បបូរមាត់របស់នាងប្រែជាសស្គុស។

សម្លឹងមើលអស់មួយសន្ទុះធំ នាងក៏ងើយក្បាលឡើង ភ្នែកមូលក្លំហាក់ដូចជានឹកឃើញអ្វីមួយ និយាយថា៖

«ជាដំបូង លោកយកគំនូរទាំងអស់នេះព្យួរឡើងទៅលើសិនទៅ រីឯតម្លៃចាំខ្ញុំដាក់ឱ្យ!»

បន្ទាប់មកនាងក៏បានសួរស៊ឺជឹងឈុនថា៖

«មានតែប៉ុណ្ណឹងទេហ្អេស តើលោកនៅមានរូបគំនូរណាផ្សេងទៀតទេ?»

«នៅឯផ្ទះ តើនាងមានចំណាប់អារម្មណ៍ចង់ទៅមើលទេ?»

«ក៏បាន តែត្រូវរង់ចាំខ្ញុំចេញពីធ្វើការសិនណា៎»

ស៊ីងលូក្រោកឡើងឈរនៅលើកៅអី យកផ្ទាំងគំនូរនីមួយៗព្យួរឡើងនៅលើជញ្ជាំងយ៉ាងប្រុងប្រយ័ត្ន។

ស៊ឺជឹងឈុនឈរមើលនៅខាងក្រោយខ្នងស៊ីងលូយ៉ាងអឹមអៀម គេមានអារម្មណ៍ថា ទង្វើរបស់នាងនៅថ្ងៃនេះចម្លែកបន្តិចបន្តួច បែងចែកមិនច្បាស់ ក៏ប៉ុន្តែស្រស់ស្អាតយ៉ាងជាពិសេស។

បន្ទាប់ពីព្យួរផ្ទាំងគំនូរទាំងអស់រួច សម្លឹងគន់មើលពួកវានៅលើជញ្ជាំងពណ៌ទឹកក្រូចដែលនាងមិនចូលចិត្តសូម្បីតែបន្តិចនោះ នឹកគិតនៅក្នុងចិត្តរបស់នាងថា៖

«ហេតុអ្វីបានជាដូច្នេះ? សូម្បីតែជញ្ជាំងក៏ទើសភ្នែកឯងដែរ!»

ផ្ទះជួលដែលស៊ឺជឹងឈុនជួលស្នាក់នៅនោះគឺជាបន្ទប់ដ៏តូចមួយ ហើយក៏ជាបន្ទប់តែមួយដែលគេយកមកគូរគំនូររបស់គេ នៅក្នុងអគារផ្ទះល្វែងកម្ពស់ដប់ពីរជាន់ មានអាយុកាលចាស់សឹងតែអាចចាត់ទុកជាសំណង់បុរាណបាន ពេលជិះជណ្ដើរយន្ដឡើងឮសូរសំឡេងចម្លែកណាស់។

នៅក្នុងបន្ទប់ជួលរបស់គេ មានបន្ទប់គេងតែមួយគត់ ដាក់គ្រែដ៏សាមញ្ញ មានបន្ទប់ទឹកតូចមួយ និងផ្ទះបាយដ៏តូចមួយ បង្អួចតែមួយនៅក្នុងផ្ទះបាយត្រូវបានគ្របបិទបាំងជិតដោយបន្ទះឈើពុកពណ៌សមួយដែលមើលទៅចាស់ណាស់ទៅហើយ ឯគ្រឿងសង្ហារឹមនៅក្នុងផ្ទះក៏សុទ្ធតែចាស់ៗ មានរបស់ខ្លះមើលទៅដូចជារបស់បរិច្ចាគ នៅលើតុឈើការ៉េមួយនៅចំកណ្ដាលបន្ទប់ពង្រាយពាសពេញទៅដោយឧបករណ៍គូរគំនូរ ជក់ ទឹកថ្នាំប្រេងនិងផ្ទាំងក្រដាសសម្រាប់រូបគំនូរ គំនូរដែលគូររួចទុកនៅលើកៅអី រីឯគំនូរមួយចំនួនទៀតផ្ដេកទុកចោលនៅកន្លៀតជញ្ជាំង។

សម្លឹងមើលការតុបតែងនៅខាងក្នុងបន្ទប់ នាងក៏និយាយផងសើចផងថា៖

«អូហូ៎! លោកក្រីក្រជាងខ្ញុំទៅទៀត!»

ស៊ឺជឹងឈុនសើចខឹសៗ មិនយកចិត្តទុកដាក់នឹងពាក្យដែលនាងចំអកឱ្យ គេទាញកៅអីស្អាតបាតមួយយកមកឱ្យនាងអង្គុយ។ ស៊ីងលូដោះអាវក្រៅនិងកន្សែងបង់កដាក់នៅលើបង្អែកកៅអី តែនាងមិនបានអង្គុយឡើយ នាងដើរមើលជុំវិញបន្ទប់និងផ្តោតអារម្មណ៍គយគន់លើស្នាដៃរបស់គេ មានគំនូរខ្លះគូរទេសភាព មានគំនូរខ្លះគូររូបមនុស្ស ហើយក៏មានគំនូរខ្លះគូររូបផ្លែឈើ។

ឃើញស៊ីងលូកំពុងតែមើលរូបគំនូរផ្លែឈើដែលគេគូរ ស៊ឺជឹងឈុនក៏សើចឡើងហើយមានចេតនានិយាយលេងសើចថា៖

«នោះគឺជាអាហារថ្ងៃត្រង់…និងពេលយប់របស់ខ្ញុំ»

ស៊ីងលូបែរមកហើយនិយាយដោយទឹកមុខម៉ឺងម៉ាត់ថា៖

«លោកមិនសមណាមិនទាន់ល្បីសោះ!» នៅលើទឹកមុខរបស់ស៊ឺជឹងឈុនបញ្ចេញស្នាមញញឹមនិងក្ដីរំភើបនៅពេលឮនាងនិយាយបែបនេះ គេនិយាយញឹមៗថា៖

«ប្រហែលជាដោយសារតែ…ខ្ញុំនៅមានជីវិត!»

រួចក៏ញាក់ស្មាធ្វើព្រងើយ ហើយនិយាយថា៖

«ប៉ុន្តែ…ដើម្បីឱ្យរូបគំនូរទាំងនេះអាចលក់ដាច់នៅពេលអនាគត ខ្ញុំអាចនឹងយករឿងសម្លាប់ខ្លួនឯងមកពិចារណាបាន! ខឹសៗ»

ស៊ីងលូទ្រាំមិនបានក៏សើចតាមគេ បន្ទាប់មកនាងបានឃើញគំនូរមួយផ្ទាំងគូររង្វង់ទឹកដ៏ធំមួយ។

«តើនេះគឺជាទន្លេ “Thames” មែនទេ?» នាងសួរដោយមានក្តីភ្ញាក់ផ្អើល។

«មែនហើយ»

«គូរនៅកន្លែងនោះហ្អេស?»

ស៊ឺជឹងឈុនក៏ឆ្លើយតបថា៖

«គូរដោយការចងចាំ តើនាងធ្លាប់ទៅទីនោះដែរមែនទេ?»

«ប្រទេសអង់គ្លេសហ្អេស? អត់ទេ…ខ្ញុំមិនដែលទៅទីនោះទេ គ្រាន់តែធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តរឿង Waterloo Bridge»

ស៊ឺជឹងឈុនក៏សួរបន្ត៖

«អូ៎! នាងក៏ចូលចិត្តមើលភាពយន្តរឿង Waterloo Bridge ដែរហ្អេស?» ស៊ីងលូងក់ក្បាលហើយនិយាយថា៖

«អុឹម! ប៉ុន្តែនៅក្នុងរឿងគឺនិយាយពីស្ពាន Waterloo»

«ត្រូវហើយ! ខ្ញុំគូរ The Tower of London Bridge»

ស៊ីងលូសម្លឹងមើលទៅលើផ្ទាំងគំនូរនោះអស់យ៉ាងយូរ។ នៅលើរូបគំនូរគឺជាផ្ទៃមេឃបញ្ចេញពន្លឺផ្ទុយគ្នានឹងពេលវេលា ទន្លេដ៏ធំល្វឹងល្វើយ ថ្លាដូចជាកញ្ចក់រំលេចឱ្យឃើញរស្មីឥន្ទធនូ ស្រស់ស្អាតដូចជានៅក្នុងខ្សែភាពយន្ត។

នៅលើផ្ទៃមុខរបស់នាងសន្សឹមៗប្រែទៅជាក្ដុកក្ដួលទៅៗ ហើយនាងក៏ងាកមុខមកក្រោយសួរទៅស៊ឺជឹងឈុន៖

«តើខ្ញុំអាចប្រើបន្ទប់ទឹកបានទេ?»

នាងដើរចូលទៅខាងក្នុងបន្ទប់ទឹកដ៏តូចចង្អៀតរួចក៏ទាញទ្វារបិទជិតទៅយ៉ាងលឿន ដៃទាំងពីររបស់នាងដាក់នៅលើឡាបូលាងដៃទាំងគ្មានកម្លាំង បន្ទាប់មកក៏ប្រែទៅជាក្ដាប់ជាប់យ៉ាងណែន សម្លឹងមើលរូបរាងរបស់នាងក្នុងកញ្ចក់ដែលព្យួរជាប់នៅលើជញ្ជាំង នាងហាក់បីឮសំឡេងនៅក្នុងបេះដូងនាងស្រែកបន្លឺថា៖

«អូ៎! ព្រះជាម្ចាស់អើយ! គេគឺជាមនុស្សដ៏មានទេពកោសល្យម្នាក់!» បន្ទាប់មកនាងព្យាយាមសម្រួលអារម្មណ៍របស់ខ្លួនឯងឡើងមកវិញ ដកមួយដង្ហើមយ៉ាងជ្រៅ ហើយសម្លឹងមើលរូបនាងទៅក្នុងផ្ទាំងកញ្ចក់ម្ដងទៀត កែវភ្នែករបស់នាងស្រាប់តែត្រជាក់ល្អូកនិងដាច់ធម៌មេត្តា និយាយជាមួយនឹងខ្លួនឯង៖

«ស្រេចតែគេទៅ!»

នៅពេលដែលស៊ីងលូដើរចេញពីបន្ទប់ទឹកមកវិញ នាងឃើញស៊ឺជឹងឈុនកំពុងតែឈរនៅក្បែរផ្ទាំងគំនូរនោះ។

«តើចង់ញ៊ាំអាហារពេលយប់ជាមួយនឹងគ្នាទេ?» គេសួរទៅនាង។

នាងក្រឡេកមើលទៅរូបគំនូរផ្លែឈើអម្បាញ់មិញនោះ ហើយបន្ទាប់មកក៏ញញឹមសួរគេថា៖

«តើលោកមានន័យថាញ៊ាំជាមួយនឹងរូបភាពទាំងនេះមែនទេ?»

ស៊ឺជឹងឈុនអស់សំណើចមកយ៉ាងខ្លាំង៖

«អត់ទេ! ខ្ញុំគួរតែអាចមានហេតុផលគ្រប់គ្រាន់អញ្ជើញនាងទៅញ៊ាំអាហារឆ្ងាញ់មួយពេល» និយាយរួចក៏កាន់យកអាវធំនិងកន្សែងរបស់នាងនៅលើកៅអីរបស់គេឡើង៖

«តស់! យើងទៅ!» ពួកគេបានទៅកាន់អាហាដ្ឋានសាមញ្ញមួយនៅជិតៗនោះ។

ស៊ីងលូញ៉ាំបានតិចតួចណាស់ នាងគិតតែលួចសម្លឹងមើលស៊ឺជឹងឈុនដែលកំពុងតែអង្គុយនៅទល់មុខនាងយ៉ាងស្ងៀមស្ងាត់និងមិននិយាយស្ដីអ្វី យល់ថាបុរសដែលនៅចំពោះមុខនាងម្នាក់នេះជាមនុស្សបើកចំហនិងឆ្លាតវៃ ចួនកាលក៏ចេះកំប្លុកកំប្លែងដែរ។ លោកស្រីស្តុកស្តម្ភម្នាក់នោះធ្លាប់បាននិយាយប្រាប់នាងថា គេសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិ ប៉ុន្ដែបែរជាជ្រើសរើសយកការគូរគំនូរ។

«ហេតុអីទៅ?» នាងបានសួរទៅគេ។

«ព្រោះតែខ្ញុំចូលចិត្តវា» គេឆ្លើយតបទាំងញញឹម។

ស៊ីងលូនិយាយថា៖

«មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើតាមចំណូលចិត្តដែលពួកគេប្រាថ្នាស្រេចតែចិត្តនោះទេ!»

«បើអ៊ីចឹងត្រូវមើលថាតើពួកគេស្ម័គ្រចិត្តលះបង់នូវអ្វីខ្លះ?»

«អ៊ីចឹងចុះតើលោកបានលះបង់ចោលអ្វីដែរ?» ស៊ឺជឹងឈុនញញឹមនៅចុងមាត់ និងនិយាយថា៖

«មិត្តភក្តិទាំងឡាយរបស់ខ្ញុំសុទ្ធតែអាចរកប្រាក់បានច្រើនជាងខ្ញុំ មិត្តស្រីក៏ច្រើនជាងដែរ»

«ប្រាក់គឺមិនមែនជាអ្វីៗគ្រប់យ៉ាងទាំងអស់នោះទេ» ស៊ីងលូសន្សឹមៗនិយាយទាំងស្នាមញញឹមថា៖

«ពីមុនខ្ញុំរកប្រាក់បានច្រើនជាងឥឡូវនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំឥឡូវនេះគឺរីករាយច្រើនជាង» នាងលើកដៃឡើងកៀរសរសៃសក់រ៉ាយប៉ាយរបស់នាងទៅក្រោយគុម្ពត្រចៀក។

«តើលោកមានតាមគ្រូរៀនសូត្រដែរឬទេ?»

«ពីមុនខ្ញុំធ្លាប់បានចូលរៀនមួយវគ្គពីរនឹងគេដែរ»

«គ្រាន់តែប៉ុណ្ណឹងទេ?» ស៊ឺជឹងឈុនងក់ក្បាលនិងនិយាយថា៖

«អ៉ឹម! តែបុណ្ណឹងទេ!»

«ប៉ុន្តែលោកគូរបានស្អាតណាស់! តើសរុបទៅលោកបានលក់ចេញអស់ប៉ុន្មានផ្ទាំងហើយ?»

ស្ដាប់ឮសំនួររបស់នាងដូច្នោះ ស៊ឺជឹងឈុនបានត្រឹមតែបញ្ចេញស្នាមញញឹមយ៉ាងខ្មាសអៀន។

«មួយផ្ទាំង?» ស៊ីងលូសួរទៅគេ។

ស៊ឺជឹងឈុនគ្រវីក្បាល។

«ពីរផ្ទាំង?» ស៊ឺជឹងឈុននៅតែគ្រវីក្បាល។

ស៊ីងលូកោងម្រាមដៃមេនិងម្រាមដៃចង្អុលបង្រួមគ្នាជារង្វង់ បន្ទាប់មកបញ្ឈរម្រាមដៃបីទៀតដែលនៅសល់ឡើងទៅលើ ដេញដោរសួរថា៖ «បីផ្ទាំង?»

ស៊ឺជឹងឈុនក្រឡេកទៅមើលម្រាមដៃរបស់នាង ហើយក៏លើកម្រាមដៃចង្អុលទៅសញ្ញាដែលនាងបង្ហាញនោះ ពោលតាមត្រង់ដោយអាម៉ាស់មុខថា៖

«គឺជារង្វង់នោះ»

ស៊ីងលូលាន់មាត់ឡើងថា៖

«លក់មិនចេញសូម្បីតែមួយទេ? វាគួរឱ្យអស់សំណើចណាស់!»

នាងផ្អាកមួយសន្ទុះ ក៏បន្តនិយាយថា៖

«ប្រហែលជាព្រោះតែ…»

ស៊ឺជឹងឈុនងក់ក្បាលយល់ស្រប ហាក់បីដូចជាដឹងថានាងចង់សំដៅលើអ្វី គេក៏និយាយជំនួសនាង៖

«មែន…ព្រោះតែខ្ញុំនៅរស់នៅឡើយ!»

ស៊ីងលូយកដៃខ្ទប់មាត់សើច។ ស៊ឺជឹងឈុនក៏និយាយបន្តដោយទឹកមុខជាក់ម៉ឺងម៉ាត់យ៉ាងខ្លាំង និយាយថា:

«មើលទៅខ្ញុំពិតជាត្រូវទិញកាំភ្លើងដើម្បីឆាប់សម្លាប់ខ្លួនឯងមែនហើយ!»

ស៊ីងលូទម្លាក់ដៃចុះ និយាយទាំងនៅសើច៖

«ប៉ុន្តែជាដំបូងលោកក៏នៅតែត្រូវការរកប្រាក់ដើម្បីអាចទិញកាំភ្លើងឱ្យបានសិនដែរ!»

ស៊ឺជឹងឈុនធ្វើមុខអស់សង្ឃឹម៖

«មែនហើយ» នៅពេលដែលពួកគេចាកចេញពីអាហារដ្ឋាន ផ្ទៃមេឃនៅពេលរាត្រីកំពុងតែចាប់ផ្តើមបង្អុរភ្លៀងធ្លាក់ចុះមកស្រិចៗ ស៊ឺជឹងឈុនបក់ដៃហៅឡានតាក់ស៊ីបានមួយ។

គេនិយាយជាមួយនឹងស៊ីងលូ៖

«ចាំខ្ញុំជូននាងទៅផ្ទះ»

ឡានតាក់ស៊ីបានបរមកឈប់នៅពីក្រោមអគារដែលនាងជួលស្នាក់នៅ ពួកគេទាំងពីរនាក់ចុះពីឡាន។

ស៊ីងលូនិយាយថា៖ «ខ្ញុំគឺនៅទីនេះ»

«ខ្ញុំជូននាងឡើង»

នាងនិយាយថា៖

«ទីនេះគ្មានជណ្ដើរយន្តទេ»

ស៊ឺជឹងឈុនក៏និយាយដោយញញឹមថា៖

«ហាត់ប្រាណបន្តិចក៏ជាការល្អម៉្យាង»

ពួកគេក៏ដើរឡើងតាមជណ្តើរជើងឆ្ពោះទៅកាន់ជាន់ខាងលើទាំងងងឹតសូន្យសុង។ គេសួរទៅកាន់ស៊ីងលូថា៖

«រាល់ថ្ងៃនាងតែងតែត្រលប់មកផ្ទះដោយបែបនេះមែនទេ?»

ស៊ីងលូដកដង្ហើមទាំងហត់ផងឆ្លើយផង៖

«ថ្លៃជួលនៅទីនេះថោក»

«តើនាងនៅជាមួយសាច់ញាតិមែនទេ?»

«អត់ទេ! នៅជាមួយមិត្តភក្តិម្នាក់ នាងជាមិត្តរួមវិទ្យាល័យជាមួយនឹងខ្ញុំ»

ឡើងមកដល់ជាន់ទីបួន។

«គឺជាន់នេះហើយ» ស៊ីងលូនិយាយបណ្ដើរយកកូនសោរពីក្នុងកាបូបរបស់នាងចេញបណ្ដើរ ហើយនិយាយថា៖

«អរគុណដែលជូនខ្ញុំត្រលប់មកវិញ»

«ខ្ញុំកំពុងតែគិតថា…» ស៊ឺជឹងឈុនឈរថ្មឹងនៅឯម្ខាង រដាក់រដុបនិយាយថា៖

«ក្រៅពីនៅហាងកាហ្វេ តើខ្ញុំអាចមានឱកាសបានចួបនាងនៅកន្លែងណាផ្សេងទៀតទេ?»

ស៊ីងលូសម្លឹងមុខគេទាំងនៅក្នុងទីងងឹត ញញឹមនិយាយថា:

«ពេលខ្លះខ្ញុំអាចនឹងចាកចេញពីហាងកាហ្វេ»

ស៊ឺជឹងឈុនទ្រាំមិនសើចមិនបាន។

«តើលោកមានប៊ិកទេ?»

ស៊ឺជឹងឈុនរហ័សដកប៊ិកចេញពីក្នុងហោប៉ៅរបស់គេឱ្យទៅនាង។ ស៊ីងលូក៏សួរគេថា៖

«តើលោកចង់សរសេរនៅត្រង់ណា?»

ស៊ឺជឹងឈុនឆែករកសព្វមួយសន្ទុះនៅតែមិនឃើញមានកូនក្រដាសណានៅលើខ្លួនគេ ទើបមានតែលាដៃចេញមកកាន់ចំពោះមុខនាង។

«នៅទីនេះ!»

ស៊ីងលូចាប់ដៃម្ខាងនោះរបស់គេថ្នមៗ ហើយក៏កត់លេខទូរស័ព្ទរបស់នាងនៅលើដៃរបស់គេ។ កត់រួច នាងហាក់ដូចជានឹកឃើញរឿងអ្វីមួយ សួរថា៖

«នៅខាងក្រៅមេឃកំពុងភ្លៀង! កត់លេខនៅលើនេះអាចត្រូវទឹកភ្លៀងរលុបទេ?»

ស៊ឺជឹងឈុនលាដៃម្ខាងទៀតចេញមក ដោយនិយាយថា៖

«កត់ថែមនៅដៃនេះផង»

ស៊ីងលូកាន់ដៃម្ខាងទៀត កត់លេខមួយជួរថែមម្តងទៀតនៅក្នុងដៃរបស់គេ។ នាងចង់ញ៉ោះគេ ដោយនិយាយថា៖

«ចុះបើក្រែងលោភ្លៀងធំពេកធ្វើយ៉ាងម៉េចទៅ? ប្រហែលជាលេខទាំងនេះនៅតែត្រូវទឹកភ្លៀងរលុប»

ស៊ឺជឹងឈុនអន្ទះអន្ទែង អង្អែលដៃលើផ្ទៃមុខរបស់ខ្លួន សួរថា៖

«តើនាងមិនមែនប្រុងចង់សរសេរនៅលើមុខខ្ញុំថែមទៀតទេហ្អេស?»

ស៊ីងលូមិនអាចអត់ទ្រាំបានក៏អស់សំណើចឮៗ ព្រោះទើបតែបានឡើងជណ្តើរជើងហត់មក ផ្ទៃមុខរបស់នាងឡើងក្រហមព្រាលៗបន្ទាប់មកនាងក៏ឮស៊ឺជឹងឈុននិយាយថា៖

«ធ្វើដូច្នេះ វានឹងមិនត្រូវទឹកភ្លៀងធ្វើឱ្យរលុបនោះទេ!»

នាងបានឃើញដៃទាំងពីររបស់គេស៊កនៅក្នុងហោប៉ៅខោរបស់គេ។

«ធ្វើយ៉ាងនេះធ្វើម្ដេចលោកអាចហៅតាក់ស៊ីបាន?» នាងក៏បានសួរ។

ស៊ឺជឹងឈុនក្រឡេកមើលជើងរបស់គេហើយញញឹមនិយាយថា៖

«ខ្ញុំដើរទៅវិញ!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*