រឿង៖ សន្សើមព្រឹក (ភាគ៤)

ក្រោយពេលដែលស៊ីងលូបើកទ្វារចូលទៅក្នុងផ្ទះ ស្នាមញញឹមនៅលើមុខរបស់នាងស្រាប់តែរលាយបាត់។ នាងអង្គុយចុះនៅលើកៅអីមួយនៅពីក្រោយទ្វារយ៉ាងនឿយហត់ សន្សឹមៗដោះស្បែកជើងស្បែករបស់នាងចេញ។

នៅពេលនោះ មុីងជូដើរចេញពីក្នុងបន្ទប់ទឹកមកសួរថា៖

«ឯងត្រលប់មកវិញហើយហ្អេស?»

ស៊ីងលូងក់ៗក្បាលចុះ ហើយយកស្បែកជើងទៅទុកដាក់នៅចំហៀងម្ខាង។ ខណៈពេលនោះ ភ្លៀងធ្លាក់នៅខាងក្រៅកាន់តែខ្លាំងឡើងៗ ឮសូរសំឡេងទឹកភ្លៀងបក់បោកទៅលើបង្អួចដែលកំពុងបើកបើកចំហ។

«ហេតុអីភ្លៀងធំខ្លាំងម៉្លេះ?» មុីងជូនិយាយបណ្ដើរបម្រុងចង់រកដើរទៅបិទទ្វារបង្អួចបណ្ដើរ តែស្រាប់តែឮស៊ីងលូស្រែកថា៖

«ទុកឱ្យខ្ញុំ!»

នៅពេលដែលនាងក្រោកឈរឡើងទៅបិទទ្វារបង្អួច ស៊ីងលូឈរនៅមុខមាត់ទ្វារបង្អួច សម្លឹងមើលទៅមាត់ផ្លូវ នាងឃើញស៊ឺជឹងឈុនដើរចាកចេញពីអគារស្នាក់នៅរបស់នាង មានឡានតាក់ស៊ីបរកាត់មុខរបស់គេ តែគេបែរមិនបក់ដៃហៅ ដៃទាំងពីរនៅតែស៊កជាប់នៅក្នុងហោប៉ៅខោ បោះជំហានជើងរត់យ៉ាងស្ទុះស្ទាជាន់លើតំណក់ទឹកភ្លៀងឆ្ពោះទៅមុខ។

នាងគិតនៅក្នុងចិត្ត«គេធ្វើដូចដែលបាននិយាយមែន ពិតជាល្ងង់ណាស់!»

«តើមានមនុស្សជូនឯងត្រលប់មកវិញមែនដែរទេ?» មុីងជូសួរដោយងឿងឆ្ងល់៖

«អម្បាញ់មិញគ្នាហាក់ដូចជាឮឯងជជែកគ្នាជាមួយនរណាម្នាក់នៅខាងក្រៅ»

ស៊ីងលូមិននិយាយស្ដី តែក៏មិនបដិសេធ។

«តើជានរណាហ្នឹង? តើជាអ្នកដែលតាមស្រលាញ់ឯងមែនទេ? ឆាប់និយាយមក ឱ្យគ្នាបានដឹងផង!»

ស៊ីងលូឆ្លើយតបយ៉ាងព្រងើយកន្តើយ៖

«គ្រាន់តែជាមនុស្សម្នាក់ដែលមិនសំខាន់ប៉ុណ្ណោះ!»

នៅយប់នោះ ស៊ីងលូគេងរើបម្រាស់ចុះឡើងនៅលើគ្រែដ៏តូចចង្អៀតរបស់នាងមិនឈប់ នឹកឃើញទៅដល់ផ្ទាំងគំនូរទន្លេThamesមួយនោះ។

នាងខ្សឹកខ្សួលនៅក្នុងចិត្តនាង៖ «គេគូរបានដូចណាស់! គឺដូចទន្លេ Thames បេះបិទតែម្ដង!»

បន្ទាប់មក នាងក៏ប្រែទៅជាសោកសៅ៖

«ប្រហែលជាឯងបានភ្លេចរូបរាងរបស់ទន្លេThamesនោះបាត់ទៅហើយ…»

ហើយបន្ទាប់មកទៀតនាងក៏បែរមុខរបស់នាងទៅរកផែនជញ្ជាំង កែវភ្នែករបស់នាងរំលេចពន្លឺយ៉ាងចម្លែក មាត់របស់នាងនិយាយជាមួយនឹងខ្លួនឯងថា៖

«ត្រូវតែធ្វើឱ្យគេឆាប់ស្រលាញ់ឯងឱ្យលឿនជាងនេះបន្តិចទើបបាន!»

————-

នៅព្រឹកព្រលឹមថ្ងៃបន្ទាប់ នាងភ្ញាក់ឡើងចាកចេញទៅធ្វើការ ដើរកាត់ហាងលក់ផ្ការបស់អ៊ំស្រី នាងក៏ឈាងចូលទៅរើសផ្កាកុលាបពណ៌ក្រហមឆ្អៅមួយបាច់ នាងឮសូរអ៊ំស្រីកំពុងឈរនៅពីក្រោយខ្នងនាងនិយាយថា៖

«ក្មួយស្រីមុខមាត់ស្រស់ស្អាតយ៉ាងនេះ ប៉ុន្តែលើកណាក៏ទិញផ្កាកុលាបដោយខ្លួនឯងចឹងន៎!»

នៅពេលដែលនាងដើរជិតទៅដល់ហាងកាហ្វេ នៅពីចម្ងាយនាងបានឃើញស៊ឺជឹងឈុនឈរនៅខាងក្រៅហាង។ ដៃទាំងពីររបស់គេនៅតែស៊កក្នុងហោប៉ៅខោ ឱនមុខចុះលើកជើងធាក់ដុំថ្មតូចៗនៅលើដី។

ស៊ីងលូដើរសំដៅទៅរកគេ ហើយនិយាយថា៖

«លោកមកទាំងព្រលឹមមែន!»

ស៊ឺជឹងឈុនងើយក្បាលរបស់គេ នៅលើផ្ទៃមុខគេបញ្ចេញស្នាមញញឹមប្រៀបដូចជាពន្លឺព្រះអាទិត្យរះ និយាយថា៖

«ព្រោះតែចង់ផឹកកាហ្វេមួយពែងនៅពេលព្រឹក!»

ស៊ីងលូធ្វើមុខសម្លក់ៗគេ៖

«អូ៎…ព្រោះតែចង់ផឹកកាហ្វេទេហ្អេស!»

«អឺនែ៎…មិនមែនអ៊ីចឹងទេ!» ស៊ឺជឹនឈុនប្រញាប់បកស្រាយ។

«តើលោកអាចកាន់ឱ្យខ្ញុំមួយភ្លែតបានទេ? ប្រយ័ត្នណា៎ មានបន្លា កុំឱ្យប៉ះត្រូវដៃ!» ស៊ីងលូហុចបាច់ផ្កាទៅឱ្យគេ រួចយកកូនសោរមកចាក់បើកទ្វារហាងកាហ្វេ។ស៊ឺជឹងឈុនឈរកាន់បាច់ផ្កានៅម្ខាង និយាយលេងសើចថា៖

«ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាព្រះអង្គម្ចាស់តូចនៅក្នុងរឿងព្រេងនិទានណាស់ឥឡូវនេះ!»

«ព្រះអង្គម្ចាស់តូចនៅក្នុង The Little Prince ទ្រង់កាន់តែផ្កាកុលាបមួយទងទេ! ហើយគឺរស់នៅក្នុងពិភពមនុស្សតូចៗ!» ស៊ីងលូនិយាយបណ្ដើរទាញទ្វារបើកបណ្ដើរ។

«ព្រះអង្គម្ចាស់តូចស្រលាញ់ផ្កាកុលាបរបស់ទ្រង់មួយទងនោះខ្លាំងណាស់» ស៊ឺជឹងឈុនទាញទ្វារកញ្ចក់បើកជំនួសនាង។

«គួរឱ្យស្ដាយដែរ​ ផ្កាកុលាបនោះមិនស្រលាញ់ទ្រង់» ស៊ីងលូដើរចូលមកក្នុងហាងហើយនិយាយថា៖

«ម៉្យាងទៀតប្រសិនបើទ្រង់ពិតជាស្រលាញ់ផ្កាកុលាបនោះមែន ទ្រង់នឹងមិនបោះបង់វាចោលនៅលើពិភពតូចរបស់ទ្រង់ ហើយធ្វើដំណើរចាកចេញទៅត្រាច់ចរតែម្នាក់ឯងនោះទេ»

«ប៉ុន្តែមុនពេលចាកចេញទៅ ព្រះអង្គម្ចាស់តូចបានធ្វើស្រោបកែវចរណៃមួយគ្របពីលើដើម្បីការពារវា!»

ស៊ីងលូរៀបអីវ៉ែអីវ៉ាន់នៅលើរបារ យកថូចាក់ទឹកឡើងពេញ ហើយក៏យកផ្កាកុលាបពីក្នុងដៃស៊ឺជឹងឈុនដោតចូលទៅក្នុង បន្ទាប់មកក៏ចាប់ផ្ដើមរៀបចំឆុងកាហ្វេ។

នាងញញឹមសួរស៊ឺជឹងឈុនថា៖

«តើលោកញ៊ាំអាហារពេលព្រឹកហើយឬនៅ?»

ស៊ឺជឹងឈុនឆ្លើយថា៖

«នៅទេ»

«ខ្ញុំកំពុងរៀបចំដុតនំក្រៀម តើលោកចង់ញ៊ាំទេ?»

«នាងចេះដុតនំក្រៀមទៀត?»

ស៊ីងលូសម្លក់គេ ហើយនិយាយថា៖

«ខ្ញុំមិនមែនគ្រាន់តែចេះធ្វើនំពងទាសូកូឡាខ្មៅក្ងេះនោះតែមួយមុខទេ!»

«នំនោះគឺពិតជាឆ្ងាញ់ខ្លាំងណាស់!»

«ខ្ញុំនៅអាចធ្វើនំបុ័ង ថ្ងៃនេះខ្ញុំនៅប្រុងចង់ធ្វើនំប៉័ងគ្រាប់អាល់ម៉ុន»

ស៊ឺជឹងឈុនសុំកោតសរសើរ៖

«សូម្បីតែនំបុ័ងក៏នាងចេះធ្វើដែរ?»

ស៊ីងលូញញឹម ហុចពែងកាហ្វេទើបតែឆុងរួចឱ្យទៅគេ និយាយថា៖

«ខ្ញុំអាចដុតនំបុ័ងបានពេញមួយតុអាហារ»

«ហ៊ឹម…អរគុណ» ដៃទាំងពីរទទួលយកពែងកាហ្វេ ស៊ឺជឹងឈុននិយាយរដាក់រដុបថា៖

«យប់នេះតើពួកយើងអាចញ៊ាំអាហារពេលយប់ជាមួយនឹងគ្នាបានទេ?»

វាគឺជាថ្ងៃមួយដ៏ស្រស់ស្រាយ ពួកគេបានចេញទៅមើលកុនជាមួយនឹងគ្នា បន្ទាប់មកទៅភោជនីយដ្ឋានតូចមួយញ៊ាំអាហារពេលយប់។ ស៊ឺជឹងឈុនសប្បាយចិត្តជាខ្លាំង ញញឹមបិទមាត់មិនជិត សើចជជែកលេងជាមួយនឹងនាងពីនេះពីនោះមិនឈប់ឈរ បរិយាកាសនៅក្នុងយប់នោះអាចធ្វើឱ្យអ្នកដទៃឃើញហើយច្រណែន។

ពួកគេបាននិយាយរឿងជាច្រើន អំពីខ្សែភាពយន្តដែលទើបតែមើលចប់ អំពីសៀវភៅដែលពួកគេចូលចិត្ត និងមិត្តភក្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ។ គេបានបង្រៀននាងធ្វើយ៉ាងណាឱ្យរីករាយនឹងជីវិតរបស់ខ្លួន ដែលជាយូរមកហើយនាងមិនធ្លាប់មាន។

នៅពេលគេនិយាយអំពីចំណាប់អារម្មណ៍របស់គេនៅក្នុងការគូរគំនូរ វាគឺជារឿងដែលនាងចូលចិត្ត នាងយកចិត្តទុកដាក់ស្ដាប់គេនិយាយ ស្ងើចសរសើរពីសមត្ថភាពរបស់គេ។ គេបាននិយាយប្រាប់នាងថា នៅប្រទេសអង់គ្លេសមានឈ្មោះផ្កាកុលាបមួយហៅថា Yesterday។

នាងសើចហើយនិយាយថា នាងធ្លាប់តែឮឈ្មោះ Yesterday នៅក្នុង The Beatles និង The Carpenter។

នៅតាមផ្លូវជូនដំណើរនាងត្រលប់ទៅវិញ ស៊ឺជឹងឈុននិយាយថា៖

«ព្រះអង្គម្ចាស់ក្នុង The Happy Prince គ្មានផ្កាកុលាបនោះទេ។ ប៉ុន្តែទ្រង់មានកូនចាបមួយក្បាល…កំដរក្បែររូបចម្លាក់ទ្រង់នៅលើដងទន្លេ កូនចាបតូចពាំយកបន្ទះមាសនៅលើព្រះកាយរបស់ទ្រង់ម្ដងមួយៗទៅជួយដល់ជនក្រីក្រ ទីបំផុតកូនចាបបង្ខំចិត្តពាំយកត្បូងខៀវចុងក្រោយដែលជាកែវភ្នែករបស់ទ្រង់ទៅ រួចកូនចាបក៏បានឃើញទ្រង់សម្រក់ទឹកភ្នែក…ខ្ញុំចូលចិត្តរឿងមួយនេះណាស់»

នៅខណៈពេលនោះដៃរបស់ស៊ឺជឹងឈុនក៏ឈោងទៅចាប់កាន់ដៃរបស់ស៊ីងលូ។

ស៊ីងលូនិយាយដោយខ្មាសអៀន៖

«នៅចុងបញ្ចប់ កូនចាបក៏រងាងាប់នៅក្រោមជើងរូបចម្លាក់របស់ព្រះអង្គម្ចាស់! នៅក្នុងលោកនេះដើមឡើយមិនមានព្រះអង្គម្ចាស់ពិតនោះទេ!»

ពួកគេទាំងពីរនាក់បានស្រលាញ់គ្នា…តើវាបានចាប់ផ្តើមតាំងពីពេលណា? វាមើលទៅហាក់ដូចជាលឿនជាងអ្វីដែលនាងរំពឹងទុក ហាក់បីដូចជារលកសមុទ្រកំពុងតែវាយបក់មកលើជីវិតរបស់នាង ហើយនាងគ្មានវិធីណាអាចគេចផុត។

រយៈពេលក្រោយៗមកទៀត នៅក្នុងយប់មួយ ពួកគេបានចេញទៅមើលកុន ស៊ឺជឹងឈុនទៅតម្រង់ជួរទិញសំបុត្រកុន ស៊ីងលូរង់ចាំគេនៅក្នុងផ្សារទំនិញ។

នៅក្នុងទីនោះ មានហាងលក់គ្រឿងអលង្ការមួយកន្លែង នាងដើរទៅជិតឈ្ងោកមើល ថ្ងាសរបស់នាងសឹងតែប៉ះត្រូវកញ្ចក់ទូ សម្លឹងមើលភ្លើងពន្លឺអំពូលចង្កៀងតូចពីរបំភ្លឺទៅលើចិញ្ចៀនផ្កាកុលាបមាសមួយវង់ដែលដាក់តាំងនៅក្នុងទូនោះ នៅខាងលើចិញ្ចៀនមានដាំត្បូងពេជ្រតូចៗប្រមាណហាសិបគ្រាប់។ កាលពីមុននាងធ្វើការនៅក្នុងហាងលក់គ្រឿងអលង្ការ នាងធ្លាប់បានឃើញគ្រឿងអលង្ការមានតម្លៃជាច្រើនឆ្នៃម៉ូតរឹតតែស្អាតជាងចិញ្ចៀននេះទៅទៀត ប៉ុន្តែមិនដឹងថាមកពីហេតុអ្វី ចិញ្ចៀនមួយវង់នេះបានទាក់ទាញខ្សែភ្នែកនាងយ៉ាងជាពិសេសចម្លែក។ នៅក្នុងចិត្តរបស់នាងនឹកគិតថា«តើអ្នកណាជាអ្នកអាចពាក់វា? ពិតជាស្អាតខ្លាំងណាស់!»

រំពេចនោះ នៅក្នុងកញ្ចក់នាងបានឃើញមុខមាត់មនុស្សម្នាក់ដែលជាមនុស្សតែមួយ គឺជាបុរសពាក់មួកកន្តិបដែលលួចមើលនាងនិងស៊ឺជឹងឈុននៅឯច្រកផ្លូវតូចនៅក្នុងយប់មួយនោះ គេឈរនៅពីក្រោយខ្នងនាង កំពុងសម្លឹងមើលអ្វីដែលនាងកំពុងសម្លឹងមើល។

នាងរហ័សងាកក្រឡេកទៅក្រោយ តែមិនបានឃើញអ្វីសោះ។ បេះដូងរបស់នាងសឹងតែលោតចេញមកក្រៅ នាងនិយាយនៅក្នុងចិត្ត«ខ្ញុំបានឃើញបុរសម្នាក់នោះច្បាស់ណាស់! គឺបុរសម្នាក់នោះទៀតហើយ! តើគេកំពុងតែតាមដានខ្ញុំហ្អេស?»

នាងរត់ដេញតាមរកបុរសម្នាក់នោះចេញពីក្នុងហាងលក់ទំនិញ នាងចង់ដឹងថាតើបុរសម្នាក់នោះបានទៅដល់ទីណាទៅហើយ? នៅខណៈពេលនោះ ស្រាប់តែមានដៃម្ខាងដាក់នៅលើស្មារបស់នាង រាងកាយទាំងមូលរបស់នាងភ័យឡើងញ័រ រហ័សបែរទៅក្រោយមើលខ្វាច់។

«អាចចូលទៅមើលបានហើយ!»

គេញញឹមនិយាយមកកាន់នាង នៅក្នុងដៃរបស់ស៊ឺជឹងឈុនកាន់សំបុត្រកុនពីរសន្លឹកដែលទើបតែទិញបាន។ តែមើលឃើញទឹកមុខស្លេកស្លាំងរបស់នាង គេសួរទាំងបារម្ភ៖

«តើអូនយ៉ាងម៉េចហ្នឹង?»

ស៊ីងលូនិយាយទាំងលាក់លៀម៖

«មកពីបងធ្វើឱ្យអូនភ័យ!»

————

នៅឆ្នាំដែលស៊ីងលូអាយុប្រាំបួនឆ្នាំ លោកប៉ារបស់នាងបាននាំនាងទៅកាន់ប្រទេសអង់គ្លេសដើម្បីចួបនឹងមនុស្សម្នាក់ដែលនាងមិនធ្លាប់ចួបពីមុនមក លោកតាចំណាស់ម្នាក់ដែលជិតស្លាប់។

នោះគឺជាលើកទីមួយដែលសុីងលូធ្វើដំណើរតាមយន្តហោះ។ បុគ្គលិកបម្រើការលើយន្តហោះទាំងអស់សុទ្ធតែក្រឡេកមើលទៅមុខនាង។ ពួកគេខ្សឹបខ្សាវគ្នាថា មិនធ្លាប់ឃើញក្មេងស្រីណាដែលមានមុខមាត់គួរឱ្យស្រលាញ់យ៉ាងនេះទេ កែវភ្នែកភ្លឺថ្លាដូចតារារស្មីនៅលើមេឃ មិនដឹងថានៅពេលធំដឹងក្ដីឡើង នឹងរឹតតែស្រស់ស្អាតជាងហ្នឹងយ៉ាងណាទៅ។

នាងអស់កម្លាំង ផ្ដេកខ្លួនគេងនៅក្នុងរង្វង់ដៃលោកប៉ារបស់នាង គាត់អង្អែលក្បាលនិងសក់របស់នាងដោយសេចក្ដីស្រលាញ់ពេញបេះដូង និយាយថា៖

«កូននឹងស្រលាញ់ទីក្រុងឡុងដ៍ ប៉ុន្តែកូននឹងមុខជាមិនចូលចិត្តអាកាសធាតុនៅទីនោះឡើយ»

ស៊ីងលូតែងប៉ងប្រាថ្នាចង់មកកាន់ប្រទេសអង់គ្លេសនេះជាយូរណាស់មកហើយ។ តាំងពីធំដឹងក្ដីមក ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យណូអែល នាងតែងតែទទួលបានអំណោយដែលផ្ញើមកពីប្រទេសអង់គ្លេស។ អំណោយទាំងនោះបូករួមមានតុក្កតាកូនក្រមុំ Barbie សក់ពណ៌មាសស្លៀករ៉ូបពណ៌ក្រហមឆ្អៅ កូនឆ្កែធ្វើពីសូត្រសុទ្ធមានទំពក់ក្រឡៅកមាស កូនខ្លាឃ្មុំតុក្កតា Teddy រោមក្រញ៉ាស់ក្រញ៉ាញ់ សៀវភៅរឿងព្រេងនិទានកុមារលោកខាងលិច…

មានម្ដងនោះ នាងទទួលបានស្ករគ្រាប់ដែលមានតែសមាជិកក្នុងខ្សែរាជវង្សអង់គ្លេសប៉ុណ្ណោះទើបអាចញ៊ាំបាន ជាមួយនិងសូកូឡាឆ្នៃម៉ូតយ៉ាងស្អាតមួយប្រអប់។

នៅថ្ងៃបុណ្យណូអែលរាល់ឆ្នាំ គឺជាថ្ងៃដែលសុីងលូទន្ទឹងរង់ចាំបំផុត។

អំណោយទាំងនោះសុទ្ធតែជាកាដូដែលលោកតាចំណាស់ម្នាក់នោះផ្ញើជូនមកឱ្យនាង។ សុីងលូគ្រាន់តែធ្លាប់ឃើញរូបថតរបស់គាត់នៅក្នុងអាល់ប៊ុមរូបថត នៅក្នុងរូបថត គឺជាលោកតាដែលមានរូបរាងចំណាស់និងស្គមខ្ពស់ម្នាក់ ក្រសែភ្នែកបញ្ចេញពន្លឺយ៉ាងស្វាហាប់។

លោកតាចំណាស់គឺជាជីតាបង្កើតរបស់នាងដែលមិនធ្លាប់បានចួបពីមុនមក។

គ្រួសារត្រកូលសុីងរបស់នាងគឺជាគ្រួសារមានខ្សែស្រឡាយរាជវង្សឆេង ផ្លាស់ទីពីទីក្រុងសៀងហៃមករស់នៅទីក្រុងហុងកុងតាំងតែពីដូនតាប៉ុន្មានជំនាន់មុន បន្ទាប់មកកូនចៅជំនាន់ក្រោយៗ ព្រោះតែគ្មាននិស្ស័យលើការធ្វើជំនួញ បូករួមនឹងការចាយវាយខ្ជះខ្ជាយទៀត រហូតមកដល់ជំនាន់របស់សុីងលូ គ្រួសារត្រកូលសុីងគឺគ្រាន់តែនៅសល់កេរ្តិ៍ឈ្មោះតែសម្បកក្រៅ។

លោកតាទួតរបស់សុីងលូមានភរិយាបីនាក់ ភរិយាទាំងបីបង្កើតជូនលោកកូនប្រុសស្រីសរុបដប់បួននាក់។ លោកតាបង្កើតរបស់នាងដែលបានសិក្សាចប់ពីប្រទេសអង់គ្លេសគឺជាកូនប្រុសទីដប់បីរបស់លោកតាទួតតែលោកតាបង្កើតរបស់នាងមិនមែនជាកូនសំណព្វរបស់លោកទេ។

លោកតាមានចរិតមានះនិងឆេវឆាវ ឆ្នាំនោះលោកតាបានឈ្លោះប្រកែកជាមួយឪពុករបស់ខ្លួនមួយប្រាវ រួចក៏កាន់យកទ្រព្យសម្បត្តិដែលជាចំណែករបស់ខ្លួន នាំប្រពន្ធនិងកូនប្រុសតែម្នាក់គត់របស់លោកចាកចេញទៅរស់នៅប្រទេសអង់គ្លេស។

លោកតាពូកែខាងទំនាក់ទំនង ដោយមានប្រវត្តិគ្រួសារចេញពីខ្សែស្រឡាយរាជវង្ស ទើបលោកអាចសម្របខ្លួនចូលទៅក្នុងសង្គមអភិជនរបស់ជនជាតិអង់គ្លេសនៅទីក្រុងឡុងដ៍បានយ៉ាងឆាប់រហ័ស។ លោកធ្វើជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យមួយ ចួនកាលក៏បើកមុខជំនួញតូចៗ ក៏ប៉ុន្តែមិនមានមុខរបរណាបានយូរអង្វែងឡើយ។ រហូតក្រោយមក ទ្រព្យសម្បត្តិក៏បានរលាយអស់ និងត្រឹមរស់នៅពឹងផ្អែកលើប្រាក់សន្សំពីបណ្ដាការរបស់ភរិយាឱ្យតែកន្លងផុតមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែទម្លាប់រស់នៅក្នុងជីវភាពរបស់លោកតានៅតែមិនអាចកែប្រែបាន លោកចូលចិត្តភ្លក់ស្រាថ្លៃ ញ៊ាំអាហារឆ្ញាញ់ និងប្រើប្រាស់សម្ភារៈពេញនិយមថ្លៃៗទាំងដែលមិនចាំបាច់។

លោកប៉ារបស់សុីងលូគឺធំដឹងក្ដីឡើងនៅក្នុងស្ថានភាពបែបនេះ។ គាត់ជាកំលោះមាំមួននិងមានរូបរាងសង្ហាម្នាក់ ក៏ព្រោះតែមានអ្នកម្ដាយស្រលាញ់ថ្នាក់ថ្នមរហូតមកទើបមិនធ្លាប់កើតទុក្ខសៅហ្មងលើរឿងអ្វីទាំងអស់ ហើយក៏មិនចាប់អារម្មណ៍ថាក្នុងផ្ទះគឺមិននៅសេសសល់អ្វី។

គាត់មានចិត្តទូលាយ ជាមនុស្សរីករាយមានស្នាមញញឹមដិតជាប់មាត់ជានិច្ច រៀនសូត្រតាមតែចំណង់ចំណូលចិត្ត។ គាត់មិនសូវត្រូវរ៉ូវគ្នាជាមួយលោកឪពុករបស់គាត់ទេ ប៉ុន្តែគាត់សម្លឹងមើលពិភពលោកនេះនៅក្នុងផ្លូវវិជ្ជមាន។

គាត់ចូលចិត្តដើរកំសាន្ត ចូលចិត្តសិល្បៈ និងតែងតែធ្វើដំណើរគ្រប់ទីកន្លែងដើម្បីស្វែងរកទេសភាពធម្មជាតិដើម្បីគូរគំនូរ ហើយក៏បានបន្សល់ទុកមន្តស្នេហ៍នៅតាមទីកន្លែងទាំងនោះរាប់មិនអស់។ សូម្បីតែនៅតំបន់ Madagasca ក៏មានមនុស្សព្រោះតែគាត់ទើបសម្រក់ទឹកភ្នែក។

នៅឆ្នាំគាត់អាយុម្ភ៉ៃប្រាំមួយឆ្នាំ គាត់បានវិលត្រលប់ទៅប្រទេសអង់គ្លេសស្នងកេរ្តិ៍មរតកពីម្ដាយរបស់គាត់ដែលបានបន្សល់ទុកក្រោយចែកឋានទៅ ហើយគាត់ក៏លែងនៅមានមូលហេតុបន្ដរស់នៅទីនោះ។ នៅឆ្នាំគាត់អាយុសាមសិបឆ្នាំ គាត់ប្រៀបដូចជាសត្វព្រាបហោះហើរវិលត្រលប់មករកទ្រនំទឹកដីហុងកុងវិញ និងស្នាក់នៅក្នុងផ្ទះរបស់ជីដូនបង្កើត គាត់ក៏បានចួបនឹងកូនស្រីក្នុងវ័យពេញក្រមុំម្នាក់របស់មេចុងភៅនៅក្នុងផ្ទះ។ ស្រីក្រមុំម្នាក់នោះបានផុងជើងធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់គាត់ឡើងវង្វេងវង្វាន់ ព្រោះតែចង់ឃាត់ឃាំងគាត់ឱ្យនៅក្បែរខ្លួន នាងសុខចិត្តពពោះកូនរបស់គាត់។

ពួកគេទាំងពីរក៏បានជួលបន្ទប់តូចមួយនៅក្បែរទីប្រជុំជន និងប្រញាប់ប្រញាល់រៀបមង្គលការជាមួយនឹងគ្នា។ ប្រាំពីរខែក្រោយមក នៅក្នុងព្រឹកព្រលឹមស្រាងថ្ងៃមួយនារដូវស្លឹកឈើជ្រុះ ស៊ីងលូក៏បានចាប់កំណើត។

ប្រពន្ធម្នាក់លង់ស្រលាញ់ប្តីរបស់ខ្លួន ព្រោះតែប្ដីរបស់គាត់ជាមនុស្សស្លូតបូត ប្រវត្តិគ្រួសារល្អ និងមានរូបរាងសង្ហាស្អាតបាត។ ពួកគេទាំងពីរធ្លាប់មានមួយរយៈពេលចំណងអាពាហ៍ពិពាហ៍ដំបូងយ៉ាងសែនផ្អែមល្ហែមនិងពោរពេញទៅដោយសុភមង្គល។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលទ្រព្យសម្បត្តិដែលម្ដាយរបស់ប្តីគាត់បន្សល់ទុកឱ្យបានចាយវាយអស់នោះ ទើបស្ត្រីជាប្រពន្ធប្រទះឃើញថាប្ដីរបស់គាត់មិនចេះធ្វើអ្វីទាំងអស់ ហើយថែមទាំងមានបំណងចង់ក្លាយជាវិចិត្រករម្នាក់។

តើគាត់គិតថាគ្រាន់តែគូរគំនូរអាចរកប្រាក់ចិញ្ចឹមមួយគ្រួសារបីនាក់រស់បានហ្អេស?

ជាលទ្ធផល ផ្ទាំងគំនូរដែលប្ដីរបស់គាត់គូរពីមួយខែទៅមួយខែសុទ្ធតែលក់មិនចេញ បុរសជាប្ដីខឹងសម្បានិងបន្ទោសមនុស្សទាំងនោះមិនចេះគយគន់របស់មានតម្លៃ ប៉ុន្តែស្ត្រីជាប្រពន្ធបែរជាគិតថាប្តីរបស់គាត់នៅតែមិនទាន់ភ្ញាក់រឭក។ ជីវភាពក្នុងគ្រួសារកាន់តែយ៉ាប់យ៉ឺនទៅ ស្ត្រីជាប្រពន្ធរកនឹករាប់ពាន់មធ្យោបាយ រត់ការគ្រប់ទីកន្លែង ទីបំផុតទើបអាចរកបានការងារគូរគំនូរមួយឱ្យប្ដីរបស់គាត់ នោះគឺជំនួយការគូរគំនូរនៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មធំរបស់រោងភាពយន្តមួយកន្លែង។

បុរសជាប្ដីគិតថាវាជាក្ដីអាម៉ាស់មួយនិងបន្ទាបបន្ថោកលើស្នាដៃរបស់ខ្លួន ក៏ប៉ុន្តែស្ត្រីជាប្រពន្ធបានយំអង្វរករប្ដីរបស់គាត់ ប្រាប់ថាក្នុងផ្ទះពេលនេះនៅជំពាក់ថ្លៃជួលផ្ទះរបស់ម្ចាស់ផ្ទះបីខែ។ ព្រោះតែដើម្បីគេចវេសពីទឹកភ្នែករហេមរហាមរបស់ប្រពន្ធ បុរសជាប្ដីក៏បង្ខំចិត្តយល់ព្រមទទួលយកការងារនោះ។

តាមពិតបុរសជាប្តីកំពុងតែត្រូវឆាកជីវិតស្រមើលស្រម៉ៃមួយនេះបំផ្លាញគាត់ ជីវិតស៊ីវីល័យហ៊ឺហាគ្រប់ទិសទីរបស់គាត់កាលពីមុន បានក្លាយទៅជារឿងអតីតកាល ប្រៀបដូចជាស្រាល្អប្រែក្លាយទៅជាទឹកខ្មេះ នៅសល់តែជីវិតគ្រួសារមួយដែលស្ថិតនៅក្នុងសភាពយ៉ាប់យ៉ឺននិងគួរឱ្យធុញទ្រាន់។

ជារៀងរាល់ព្រឹកចាកចេញពីផ្ទះទៅធ្វើការគឺគ្រាន់តែដើម្បីចៀសគេចពីការស្ដីបន្ទោសរបស់ប្រពន្ធ បុរសជាប្ដីបានប្រើចុងជក់របស់គាត់គូររូបគំនូរសម្រាប់ The Towering Inferno King Kong និងលីស៊ីវឡុងនៅក្នុង The Big Bossទាំងដែលអារម្មណ៍របស់គាត់នៅនឹកស្រណោះជីវិតអភិជនពីមុននៅឡើយ។

ដើម្បីលួងលោមឆាកជីវិតដ៏បរាជ័យមួយនេះ ជារៀងរាល់ពេលដែលបើកប្រាក់ខែម្ដងៗ បុរសជាប្តីនឹងយកប្រាក់ទាំងនោះដើរចាយវាយហុឺហាដូចជាកូនអ្នកមានពីមុន ពេលខ្លះក៏ត្រលប់មកផ្ទះវិញទាំងខ្លួនប្រាណធុំក្លិនស្រាឆួល ស្ត្រីជាប្រពន្ធបានត្រឹមលេបទឹកភ្នែកអត់ទ្រាំនឹងទង្វើគ្មានកំណើតរបស់ប្តី។

ព្រោះដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ស្ត្រីជាប្រពន្ធបានទៅធ្វើការជាចុងភៅឱ្យគ្រួសារមួយដែលមានសមាជិកច្រើន រស់ទាំងត្រដរលំបាកអស់ជាច្រើនឆ្នាំ ទើបគាត់ភ្ញាក់ខ្លួនឃើញថាគាត់បានដើរលើផ្លូវចាស់របស់ម្ដាយគាត់។ ព្រោះតែហេតុនេះហើយ ពេលមានឱកាសល្អ ស្ត្រីជាប្រពន្ធនឹងមិនភ្លេចក្រើនរម្លឹកកូនស្រីរបស់ខ្លួនឱ្យចងចាំទុកថា៖

«កុំស្រលាញ់មនុស្សដែលឆ្លាតវ័យពេក!»

«កុំចាញ់បោកសម្ដីផ្អែមល្ហែមរបស់មនុស្សប្រុស!»

«មានតែរៀបការជាមួយមនុស្សដែលមានប្រាក់ទេទើបមានសុភមង្គល! មានតែប្រាក់ ទើបអាចទិញសុភមង្គលបាន!»

ស្ត្រីជាប្រពន្ធបានយកក្ដីសង្ឃឹមទាំងឡាយទម្លាក់មកលើកូនស្រីរបស់គាត់ រំពឹងក្ដីសង្ឃឹមថានៅថ្ងៃអនាគត នាងនឹងអាចរៀបការជាមួយនឹងមនុស្សដែលមានប្រាក់ម្នាក់។ កូនស្រីគឺជាមោទនភាពរបស់គាត់ មើលឃើញកូនស្រីរបស់គាត់ស្អាតដូចជាទេពអប្សរ ឆ្លាតនិងស្ដាប់បង្គាប់របស់គាត់ រៀនសូត្រក៏ពូកែ។

ជារៀងរាល់ព្រឹក គាត់តែងតែសិតសក់និងក្រងសក់ឱ្យកូនស្រីជាទីស្រលាញ់របស់គាត់ ឱ្យនាងផឹកទឹកដោះគោស្រស់ ឱ្យនាងញ៊ាំខ្លាញ់ត្រី ឱ្យនាងស្លៀកពាក់ស្អាតដូចជាព្រះនាង មិនឱ្យនាងចាញ់ប្រៀបកូនស្រីអ្នកមានណាម្នាក់ឡើយ។

ស្ត្រីជាប្រពន្ធអប់រំកូនស្រីយ៉ាងតឹងតែង ភ័យព្រួយបារម្ភខ្លាចនាងដើរជាន់ដានជើងចាស់របស់គាត់។ ក្រោយពេលស៊ីងលូរៀនចប់ថ្នាក់បឋមសិក្សា នាងត្រូវតម្រូវទៅសិក្សានៅថ្នាក់វិទ្យាល័យដែលមានសិស្សប្រុសនិងស្រីលាយឡំគ្នា។ ម្ដាយរបស់នាងគ្រាន់តែឮថាសាលារៀនមានសិស្សប្រុសរៀនជាមួយ គាត់ភ័យបុកពោះសឹងសន្លប់។

ម្ដាយរបស់នាងបានទៅអង្វរករសុំពឹងពាក់ថៅកែរបស់គាត់ សំអាងទៅលើមុខមាត់ថៅកែរបស់គាត់ ទីបំផុតគាត់ក៏អាចបញ្ជូនកូនស្រីឱ្យចូលទៅរៀននៅវិទ្យាល័យសិស្សស្រីរបស់អ្នកអភិជន។

បុរសជាប្ដីបែរជាមើលងាយលើការខិតខំប្រឹងប្រែងនិងគំនិតរាក់កំផែលរបស់ប្រពន្ធខ្លួនយ៉ាងខ្លាំង។ រីឯគាត់បានបង្រៀនកូនស្រីលើរឿងផ្សេងទៅវិញ គាត់បានបង្រៀននាងឱ្យចេះគូរគំនូរ កាន់ដៃដ៏តូចរបស់កូនស្រីទៅមើលការតាំងពិពណ៌ និងនាំរូបនាងទៅមើលកំពង់ផែប្រេងពីចម្ងាយ។

បុរសជាប្ដីធ្លាប់បានដើរកំសាន្តនៅទីកន្លែងជាច្រើនក្នុងពិភពលោកនេះ គាត់បានរៀបរាប់ឱ្យនាងស្ដាប់ពីទីក្រុងឡុងដ៍ Paris Venice Monte Carlo និងរឿងរ៉ាវនៅ Budapest ស្នេហាចាស់របស់គាត់ បុគ្គលល្បីៗដែលគាត់ធ្លាប់ចួប ពិធីជប់លៀងធំៗដែលគាត់ធ្លាប់បានចូលរួម…កូនស្រីតូចមានការស្ញប់ស្ញែងចំពោះលោកប៉ារបស់នាងជាខ្លាំង រីឯលោកប៉ានាងអាណិតអាសូរដល់កុមារភាពរបស់នាងដែលត្រូវធ្វើតាមការដាក់កំហិតរបស់ម្ដាយនាងគ្រប់សព្វបែបយ៉ាង ដូច្នោះហើយទើបឪពុកនិងកូនទាំងពីរក៏បានក្លាយជាមិត្តយល់ចិត្តនឹងគ្នា។

ជាឪពុកដែលស្រលាញ់កូនខ្លាំងម្នាក់ គាត់បានយករូបថតរបស់កូនស្រីដាក់ជាប់នៅតាមខ្លួន ទៅកាន់ប្រទេសអង់គ្លេសសួរទុក្ខឪពុកជរារបស់ខ្លួន ក្មេងស្រីនេះក៏បានក្លាយជាវត្ថុបើករនាំងគំលាគរវាងអ្នកទាំងពីរ។

ឪពុករបស់គាត់មានសេចក្ដីរំភើបជាខ្លាំងនៅពេលដែលបានឃើញរូបថតរបស់ចៅស្រី គាប់ចួនកាលនោះគឺនៅដើមខែដប់ពីរ។ នៅក្នុងថ្ងៃបុណ្យណូអែល ស៊ីងលូក៏ទទួលបានអំណោយជាលើកដំបូងមកពីប្រទេសអង់គ្លេសភ្ជាប់ជាមួយនិងសំបុត្រមួយច្បាប់សរសេរយ៉ាងខ្លី ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅថា៖

«លោកតាពិតជានឹកចៅណាស់!»

អំណោយបានផ្ញើមកឱ្យនាងបានរយៈពេលប្រាំមួយឆ្នាំដំបូង រហូតនៅឆ្នាំទីប្រាំពីរខែប្រាំ គ្រួសាររបស់នាងបានទទួលតួលេខហៅពីប្រទេសអង់គ្លេសបន្ទាន់មួយ។ ជំងឺលោកតាកំពុងស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ក្នុងតួលេខបញ្ជាក់ថា«ចង់ចួបចៅស្រី»

ចំណុចមួយបំផុសក្នុងពេលតែមួយ គិតឃើញខុសគ្នារវាងមនុស្សពីរនាក់។ លោកប៉ារបស់ស៊ីងលូមានការនឹកសោកស្ដាយនិងវិប្បដិសារីដែលនៅមិនទាន់បានតបស្នងសងគុណឪពុករបស់ខ្លួន រីឯអ្វីដែលអ្នកម៉ាក់របស់ស៊ីងលូរំពឹងឃើញនោះគឺកេរមរតកដែលឪពុកក្មេកបន្សល់ទុក។

«តាចាស់អត្មានិយមនោះមានកូនប្រុសតែម្នាក់ ម៉្យាងរស់នៅតែឯងរហូតមកនៅប្រទេសអង់គ្លេស ប្រាកដជានៅសល់…» ម្ដាយរបស់ស៊ីងលូនឹកគិតនៅក្នុងចិត្ត។

ដូច្នោះ គាត់ខាំមាត់សង្កត់ចិត្តយកប្រាក់ដែលគាត់ខិតខំសន្សំទុកនិងយកគ្រឿងអលង្ការទាំងអស់ទៅបញ្ចាំ ទើបមានប្រាក់គ្រប់គ្រាន់ទិញសំបុត្រយន្តហោះបញ្ចុះតម្លៃថោកពីរសន្លឹកទៅកាន់ទីក្រុងឡុងដ៍ ជូនដំណើរឪពុកនិងកូនស្រីទាំងពីរឡើងលើយន្តហោះទាំងពោរពេញដោយក្តីសង្ឃឹម។

ប៉ុន្តែស៊ីងលូនៅតែមិនអាចឃើញមុខជីតារបស់នាងជាលើកចុងក្រោយបានទាន់ពេលវេលា។ នៅពេលដែលពួកគេធ្វើដំណើរទៅដល់មន្ទីរពេទ្យ លោកតាចំណាស់ដ៏កម្សត់បានទទួលមរណភាពចាកទៅយ៉ាងស្ងាត់ស្ងៀមកាលពីប៉ុន្មានម៉ោងមុន ជំងឺមហារីកឈាមបាននាំគាត់ចាកចេញទៅឆ្ងាយជារៀងរហូត។

ហើយអ្វីដែលលោកតាចំណាស់បានបន្សល់ទុកមិនមែនជាទ្រព្យសម្បត្តិទេ ប៉ុន្តែគឺជាបំណុលមួយចំនួនដែលនៅមិនទាន់បានសងដាច់។ ពីកន្លែងរបស់លោកមេធាវីមក ទើបលោកប៉ារបស់ស៊ីងលូបានដឹងរឿងរ៉ាវទាំងឡាយ ថាប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់លោកឪពុកគាត់គឺសុទ្ធតែជាបំណុលពូនគរដូចភ្នំដែលកើតមានក្រោយការប្រកបជំនួញបរាជ័យ។

លោកប៉ារបស់ស៊ីងលូបានដឹងឮហើយមិនមានអារម្មណ៍ខកចិត្តទេ ផ្ទុយទៅវិញគាត់បែរជាមានអារម្មណ៍ថាគាត់មិនដែលធ្លាប់ស្និទ្ធស្នាលជាមួយនឹងឪពុកគាត់យ៉ាងនេះនោះឡើយ លោកឪពុករបស់គាត់បានឆ្លងកាត់លើកំណាត់ផ្លូវជីវិតជាច្រើន ហើយទីបំផុតគាត់បានដឹងថាគាត់គឺកាត់តាមរកអ្នកណា។

ឥឡូវនេះគាត់នឹកឃើញទៅដល់ឪពុករបស់គាត់ មានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងសម្រាប់ពេលវេលាដែលកន្លងផុតទៅទាំងឡាយ ដូច្នោះហើយ នៅព្រឹកមួយនោះ គាត់បាននាំកូនស្រីរបស់គាត់ចាកចេញពីសណ្ឋាគារតម្លៃថោក អង្គុយនៅលើទូកដែលអាចគយគន់មើលទេសភាពដងផ្ទៃទន្លេ Thames ដែលលោកឪពុករបស់គាត់ធ្លាប់នាំគាត់ទៅមើល។ កាលនោះឋិតនៅក្នុងខែប្រាំ ដែលជារដូវដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំនៅក្នុងទីក្រុងឡុងដ៍ ស៊ីងលូបានគន់ភ្នែកសម្លឹងឃើញព្រះរាជរាំងអង់គ្លេស វិហារ Westminster វិហារ Cathedral ប៉មទីក្រុងឡុងដ៏ និងមហោស្រពប្រគុំតន្ត្រី…

ក្មេងស្រីតូចចង្អុលទៅសត្វក្រៀលពណ៌សដែលហោះហើរតាមដងទន្លេ នាងក្មេងខ្ចីបានងាកសួរលោកប៉ានាងដែលនៅក្បែរខ្លួនថា៖

«តើនោះជាសត្វស្លាបរបស់អ្នកណាប៉ា?»

លោកឪពុកញញឹមហើយនិយាយថា៖

«សត្វទាំងនោះជាកម្មសិទ្ធិរបស់មហាក្សត្រី!»

«របស់មហាក្សត្រី? អ៊ីចឹងតើមានទាំងអស់ប៉ុន្មានក្បាល?»

«សូម្បីតែមហាក្សត្រីអង្គឯងក៏មិនដឹងដែរ តែមិនថាយ៉ាងណា ភីលៀងរបស់មហាក្សត្រីនឹងមកជារៀងរាល់ថ្ងៃដើម្បីមើលថែពួកវាជំនួសទ្រង់»

ឡើងមកដល់ច្រាំង លោកឪពុករីករាយនិយាយទៅកាន់ស៊ីងលូថា៖

«តស់! ពួកយើងទៅញ៊ាំបាយ»

លោកប៉ារបស់នាងបាននាំនាងចូលទៅក្នុងភោជនីយដ្ឋានបុរាណចំណាស់ស្អាតមួយ នៅពីលើពិដានសំយុងចុះមានព្យួរអំពូលភ្លើងជាច្រើន នៅលើជញ្ជាំងមានកញ្ចក់ចាំងបំភ្លឺរស្មីផ្លាត ស័ក្តិសមជាមួយនឹងចម្លាក់ក្បាច់ផ្កានៅលើកម្រាលឥដ្ឋរលោងដែលអាចឆ្លុះបញ្ចាំងឱ្យឃើញស្រមោលមនុស្ស នៅលើតុមានក្រាលកម្រាលតុក្ងានធ្វើពីសូត្រដែលមានគែមពណ៌ផ្កាឈូក បុគ្គលិកបម្រើការទាំងអស់សុទ្ធតែស្លៀកពាក់ឯកសណ្ឋានមានកន្ទុយត្រចៀកកាំពណ៌ខ្មៅ ទឹកមុខនឹងធឹងដូចពួកអ្នកអភិជន។

ក្មេងស្រីតូចញ៊ាំស៊ុបប័រក្រែមជាមួយនិងស្ទេកសាច់គោ រួមទាំងការ៉េមស្ត្របឺរីទាំងដុំធំៗនៅក្នុងចាន។ បន្ទាប់ពីទទួលទានអាហាររួចរាល់ ពួកគេបានចាកចេញពីក្នុងភោជនីយដ្ឋាន ខណៈពេលកំពុងធ្វើដំណើរនៅលើមហាវិថីទីក្រុងឡុងដ៏ ស៊ីងលូបានបញ្ឈប់ជំហានជើងនៅខាងមុខទូកញ្ចក់ពណ៌ខៀវរបស់ហាងលក់ទំនិញមួយ ផ្ទៃមុខរបស់នាងសឹងតែផ្អឹបជាប់ជាមួយទូកញ្ចក់នោះ នាងសញ្ចឹងមើលប្រអប់កូល័រឈើមួយដោយមិនព្រិចភ្នែក។

ក្មេងស្រីតូចតែងតែប៉ងប្រាថ្នាចង់បានប្រអប់កូល័រឈើដែលមានពណ៌យ៉ាងស្រស់ស្អាតបែបនេះជាយូរណាស់មកហើយ វាត្រូវបានដាក់តម្រៀបគ្នានៅក្នុងប្រអប់រាងចតុកោណកែងពណ៌លឿងមួយ ហើយចុងបណ្ដូលនីមួយៗបានខួងស្រួចរួចជាស្រេច មានពណ៌សរុបទាំងអស់ម៉្ភៃបួនពណ៌។

លោកឪពុកបានរុករកសព្វចន្លោះហោប៉ៅនីមួយៗនៅលើខ្លួនរបស់គាត់ ទីបំផុតក៏រកឃើញក្រដាសប្រាក់មួយសន្លឹកដែលរញីឡើងខ្ទក់ នោះគឺជាប្រាក់សោហ៊ុយធ្វើដំណើរដែលប្រពន្ធរបស់គាត់បានប្រគល់ឱ្យគឺនៅសេសសល់តែប៉ុណ្ណឹង។ បុរសជាឪពុកដែលតែងតែរស់នៅដោយដៃទូលាយគ្មានចេះកើតទុក្ខកង្វល់អ្វីនោះបានសើចញញឹមហើយនិយាយទៅកាន់កូនស្រីរបស់គាត់ថា៖

«ថ្ងៃក្រោយ កូនក៏ចង់ក្លាយជាវិចិត្រករម្នាក់ដែរមែនទេ? អូខេណា៎…ពួកយើងនឹងចូលទៅទិញវា!»

————

ប្រហែលជានៅលើពិភពលោកនេះអាចនឹងមានប្រទេសដែលកាន់តែស្រស់ស្អាតជាងប្រទេសអង់គ្លេស ហើយនិងមានទីក្រុងដែលរឹតតែស្រស់បំព្រងជាងទីក្រុងឡុងដ៍ ប៉ុន្តែរឿងរ៉ាវកុមារភាពរបស់នាងគឺប្រៀបដូចជាអំបែងកែវកញ្ចក់គ្រីស្ដាល់តូចៗជាច្រើនរាប់មិនអស់ដែលព្យួរសំយុងចុះពីលើចង្កៀងភ្លើងនៅលើពិដាន បញ្ចេញពន្លឺភ្លឺចិញ្ចាចចិញ្ចាំងនៅក្នុងការចងចាំអនុស្សាវរីយ៍ដែលគ្មានថ្ងៃរលត់។

ជាច្រើនឆ្នាំក្រោយៗមក មុខមាត់របស់មនុស្សម្នាកាន់តែចាស់ជ្រីវជ្រួញ ទឹកទន្លេ Thames កាន់តែល្អក់កករ ប្រអប់កូល័រពណ៌ក៏កាន់តែចាស់ទៅ ប៉ុន្តែនៅរាល់ពេលដែលស៊ីងលូមានអារម្មណ៍ថាបរាជ័យនិងអស់សង្ឃឹម នាងនឹងតែងតែគិតថាជីវិតដែលស្រស់ត្រកាលនិងសុភមង្គលគ្មានដែនបញ្ចប់គឺកំពុងតែនៅរង់ចាំនាងនៅទីកន្លែងណាមួយ។ ហេតុអ្វីបានជានាងមិនឆាប់ឈានជើងរត់ទៅកាន់ទិសដៅនោះទៅ?

ដើម្បីអាចវិលត្រលប់ទៅកាន់ទឹកដីដែលនាងតែងតែប៉ងប្រាថ្នាចង់ទៅនោះ នាងថែមទាំងមិនសោកស្តាយសូម្បីអ្វីទាំងអស់។

ចាប់តាំងពីពេលណាមក ស៊ីងលូបានប្រទះឃើញពីមហិច្ឆតាខ្ពស់ត្រដែតរបស់នាង?

នៅពេលដែលនាងមានអាយុដប់មួយឆ្នាំនោះ ម្តាយរបស់នាងបានបញ្ជូននាងទៅសិក្សានៅវិទ្យាល័យសម្រាប់កូនអ្នកអភិជនដែលមើលទៅដូចជាព្រះរាជវាំង។ នៅពេលចាប់ផ្តើមដំបូង ស៊ីងលូមិនបានស្អប់ខ្ពើមសាលារៀនទេ នៅទីនោះគឺពិតជារីករាយខ្លាំងណាស់។ នាងចូលចិត្តប្រើកូនកន្សែងដៃជូតញើសតិចៗនៅលើករបស់នាង ស្ថិតនៅពីក្រោមកង្ហារព្យួរពិដានក្នុងថ្នាក់រៀន និងតែងតែដើរឆ្លងកាត់ច្រកផ្លូវរបៀងដែលក្រាលកម្រាលឈើនៅខាងក្រៅ ចូលចិត្តលួចសម្លឹងមើលអ្នកគ្រូដូនជី(*)ស្អាតៗនៅក្នុងសាលា។

*នៅហុងកុងកាលជំនាន់នោះឋិតក្រោមអាណានិគមអង់គ្លេស គ្រូបង្រៀនគឺជាលោកអាចារ្យដូនជីកាន់សាសនាគ្រិស្ដ។

ស៊ីនលូមិនជឿលើសាសនាគ្រិស្ដទេ ប៉ុន្តែជារឿយៗនាងតែងតែទៅកាន់ព្រះវិហារតូចនៅក្នុងសាលា ដៃទាំងពីរប្រណមនៅចំពោះមុខឈើឆ្កាង លុតជង្គង់ក្នុងទីងងឹត។

នាងចូលចិត្កចម្លាក់ក្បាច់ផ្កាកញ្ចក់នៅលើជញ្ជាំង ផ្កាកុលាបនៅលើទីអាសនៈ បង្ហាញឱ្យឃើញពីក្ដីសោកសង្រេង រូបសំណាកព្រះយេស៊ូកំពុងរងទុក្ខទោសបុកម្នេញនៅលើឈើឆ្កាងនិងរូបចម្លាក់របស់ព្រះម៉ែម៉ារីយ៉ា។ នាងផ្ទៀងត្រចៀកសញ្ចឹងស្តាប់ពីសេចក្ដីទុក្ខសៅហ្មងនៃពិភពលោកនេះពីក្នុងឃ្លាចារនៅក្នុងបទចម្រៀងអធិដ្ឋាន ដែលនៅទីកន្លែងនោះមានសំឡេងទ្រហឹងអឺងកងជាប់ជានិច្ច។

ប៉ុន្តែមិនយូរប៉ុន្មាន ស៊ីងលូបានប្រទះឃើញថា សាលារៀនបានប្រគល់តំណែងជាអ្នកដេញព្យាណូនៅក្នុងក្រុមចម្រៀងសាលាដល់ចៅស្រីរបស់អ្នកមានទ្រព្យម្នាក់។ នៅក្នុងយប់ថ្ងៃបុណ្យណូអែល អ្នកដែលរាំរបាំបាឡេនៅលើឆាកនោះគឺជាកូនស្រីគ្រាប់ពេជ្រសំណព្វរបស់លោកស្ថាបត្យករដ៏ល្បីល្បាញម្នាក់។

មិត្តរួមថ្នាក់ដែលពោរពេញដោយអំណួតរបស់នាងទាំងអស់នោះ បើមិនមែនជាកូនសេដ្ឋីទេក៏ជាកូនចៅរបស់អ្នករាជការធំៗដែរ មានសូហ្វ័រឡានផ្ទាល់ខ្លួនបើកឡានជូនពួកគេមកសាលារៀន ដោយមានអ្នកខ្លះថែមទាំងស្លៀកសម្លៀកបំពាក់ក្រសេត្រង់ភ្លីចងបូរខ្មៅ ពាក់មួកនៅលើក្បាល មើលទៅគឺប្រៀបដូចជាកាពីទែនសមុទ្រដែលបើកបរនាវាតម្លៃមហាសាល ដឹកអ្នកដំណើរជាប្រចាំនៅក្នុងភាពយន្ត។

នៅពេលថ្ងៃត្រង់ អ្នកបម្រើរបស់មិត្តរួមថ្នាក់ទាំងអស់នោះមកតម្រង់ជួរជាជួរវែង ដើម្បីរៀបចំអាហារថ្ងៃត្រង់ដល់អ្នកនាងតូចរបស់ពួកគេ ដោយព្រួយខ្លាចថាអ្នកនាងរបស់ពួកគេដែលធ្លាប់តែស្រណុកនោះមិនទម្លាប់ជាមួយអាហារនៅក្នុងសាលាបាន។

ដូច្នោះហើយ រយៈពេលកាន់តែយូរៗទៅស៊ីងលូកាន់តែប្រែក្លាយជាស្ងប់ស្ងាត់ទៅៗ ដើម្បីចៀសវាងបែកធ្លាយប្រវត្តិពិតរបស់នាង។

នៅពេលបំពេញព័ត៌មានគ្រួសារ លោកប៉ារបស់នាងដើមឡើយគឺជាជាងគូរគំនូរនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធម្មតាម្នាក់ច្បាស់ណាស់ ប៉ុន្តែនាងបែរជាឈ្លាសវៃបំពេញនៅត្រង់កន្លែងមុខរបរថាគឺជា “វិចិត្រករឯក” ។ ម្ដាយរបស់នាងគឺជាចុងភៅបម្រើការតាមផ្ទះធម្មតាម្នាក់ច្បាស់ណាស់ នាងបែរជាបំពេញថាគឺជា “មេផ្ទះចំណាន” ។

ជារៀងរាល់ពេលដែលសាលារៀនចេញសេចក្ដីប្រកាសស្នើរសុំក្នុងគោលបំណងឱ្យសិស្សបរិច្ចាគប្រាក់ ស៊ីងលូតែងតែព្យាយាមបញ្ចុះបញ្ចូលម្ដាយរបស់នាងឱ្យបរិច្ចាគប្រាក់ខ្លះ នាងនឹងជ្រើសយកតួលេខទឹកប្រាក់ទាបបំផុត។ នៅក្នុងថ្ងៃរៀបចំមហោស្រពសិល្បៈ អ្នកគ្រូបង្រៀនបានចែកសំបុត្រឆ្នោតឱ្យសិស្សម្នាក់ៗមួយចំនួនដោយបញ្ជាក់យ៉ាងច្បាស់ថាមិនចាំបាច់លក់វាទាំងអស់នោះទេ ប៉ុន្តែស៊ីងលូនៅតែទទូចបង្ខំឱ្យលោកប៉ារបស់នាងទិញយកទាំងអស់។ គ្រប់ទង្វើទាំងអស់នោះរបស់នាងក៏មិនមែនកើតចេញពីចិត្តសប្បុរសធម៌ឬចិត្តទូលាយអ្វីដែរ តែជាការចង់យកឈ្នះនិងទុកកត្តិយសជាធំ។

ប៉ុន្តែស៊ីងលូប្រទះឃើញថានាងនឹងនៅតែបែបនេះជារៀងរហូតគ្មានថ្ងៃអាចក្លាយទៅជាសិស្សដែលបរិច្ចាគប្រាក់ច្រើនជាងគេនៅក្នុងថ្នាក់។ នាងក៏នឹងមិនមានឱកាសរៀនដេញព្យាណូនិងរាំរបាំបាឡេដែរ។ បើសិនជាអាច ឬមួយក៏នាងមិនអាចធ្វើបានពូកែជាងមិត្តរួមថ្នាក់ដទៃទៀតទេហ្អេស? នៅក្នុងចិត្តរបស់នាងមិនឈប់ស្ដីបន្ទោសសួរទៅព្រះ ហេតុអ្វីបានជានាងមិនអាចក្លាយដូចជាយ៉ាងនោះ? ហេតុអ្វីបានជានាងត្រូវក្រីក្រ?

ភាពក្រីក្រមិនមែនជាផ្កាកុលាបនៅលើអាសនៈឬមកុដបន្លានៅលើក្បាលព្រះយេស៊ូទេ តែជាពាក្យបណ្តាសារបស់សាតាន។ ហេតុនេះហើយ ស៊ីងលូក៏លែងទៅព្រះវិហារបួងសួងបន្តទៀត។

នាងបានយកសេចក្ដីទទូចចង់ឈ្នះនិងកត្តិយសជាធំមកទម្លាក់ទៅលើសៀវភៅ ខិតខំស្វះស្វែងរៀនសូត្រ យកចិត្តទុកដាក់អានសៀវភៅ លំដាប់ពិន្ទុរបស់នាងតែងតែស្ថិតនៅលើតារាងកំពូល។ មុខវិជ្ជាដែលនាងចូលចិត្តជាងគេគឺថ្នាក់អក្សរសាស្ត្រអង់គ្លេស នៅក្នុងផ្ទះនាងនឹងនិយាយភាសាអង់គ្លេសជាមួយនឹងលោកប៉ារបស់នាង ដោយនៅក្នុងចិត្តលួចមាក់ងាយម្តាយរបស់នាងដែលមិនចេះនិយាយភាសាអង់គ្លេស មានអារម្មណ៍ថាស្ត្រីចុងភៅតូចទាបម្នាក់នេះមិនស័ក្តិសមនឹងលោកប៉ារបស់នាងនោះឡើយ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ពិន្ទុសិក្សានៅក្នុងសាលាបានត្រឹមតែអាចបំពេញចិត្តចង់យកឈ្នះមួយចំណែកតូចនៅក្នុងដួងចិត្តរបស់នាងប៉ុណ្ណោះ ហើយនាងនៅតែស្រេកឃ្លានចង់ទទួលបានចំណែកផ្សេងលើសពីហ្នឹងទៀត។

ឈានចូលនៅក្នុងវ័យក្រពុំពេញស្នេហ៍ ស៊ីងលូហាក់បីដូចជាជក់ចិត្តនឹងពពួកសៀវភៅមួយទៀត ខ្លឹមសារគឺសុទ្ធតែរៀបរាប់អំពីស្នេហា សេចក្ដីស្នេហាដ៏ងប់ងល់រវាងបុរសហើយនិងស្ត្រី ឆាកជីវិតដែលពោរពេញទៅដោយព្យុះភ្លៀង មនុស្សស្រីមានសម្រស់ផូផង់តែអាយុខ្លី ចង្វាក់ Valse រាំរែកនៅលើកម្រាលព្រំ រាយប៉ាយទៅដោយផ្កាកុលាប គយគន់ពន្លឺព្រះចន្ទនៅលើប៉មប្រាសាទ ពាក្យសម្បថស្លាប់រស់មិនប្រែប្រួល ឱបគ្នាបង្ហូរទឹកភ្នែកនៅក្រោមតំណក់ភ្លៀងធ្លាក់សស្រាំ ក្បាលទទូលមកុដគុជខ្យងជាមួយនឹងស្បៃគ្របដណ្ដប់មុខពណ៌ស កូនក្រមុំជាទីស្រស់ស្អាតបង្អូសស្បៃសំពត់វែងនៅកម្រាលព្រំក្រហមនិងលើកដៃឡើងស្បថសច្ចានៅក្នុងប្រលោមលោករបស់លោកខាងលិច។

ស៊ីងលូមុនអាយុដប់ប្រាំឆ្នាំ នៅក្នុងឆ្នាំទាំងអស់នោះ ដៃទាំងពីររបស់នាងប្រឡាក់ពេញទៅដោយកម្អែលធូលីសៀវភៅចាស់ៗនៅក្នុងតូបជួលសៀវភៅ។

ស្នេហាមិនមែនគឺបែបនោះទេឬ?

ចង្វាក់រាំរែកនៅក្រោមពន្លឺចង្កៀងគ្រីស្តាល់ដ៏ធំនោះនឹងនៅតែអាចសម្ដែងបន្តបន្ទាប់ជារៀងរហូត កូនចាបតូចសំបូរស្នេហ៍គ្របដណ្ដប់ដោយរោមពណ៌ស៊ីជំពូទទះស្លាបហោះហើរនៅខាងក្រៅមាត់បង្អួច ក្មេងប្រុសជំទង់វ័យឈាមរាវឆ្កួតងប់នឹងស្នេហ៍ដើម្បីនាងហ៊ានឈោងបេះផ្កាយបេះព្រះចន្ទ។

នៅពីលើក្បាលរបស់ស៊ីងលូគឺជាពន្លឺអំពូលភ្លើងចង្កៀងស្រទន់ដែលបំភ្លឺពិភពលោកមួយដែលនៅទីឆ្ងាយ ប៉ុន្តែមានខ្យល់រលកបក់បោកនៅជុំព័ន្ធទិសទាំងបួន សេចក្ដីក្រៀមក្រំឃាំងឃាត់និងសម្រែកចាបស្រែកលាន់រំពងពីចម្ងាយ ស្នេហានៅក្នុងយុវវ័យដ៏ទន់ខ្សោយរបស់នាងគឺជាដែនដីមួយដែលមនុស្សធម្មតាមិនអាចយល់បាន។

នៅអាយុដប់ប្រាំឆ្នាំ ស៊ីងលូបានស្រលាញ់ក្មេងប្រុសជំទង់ម្នាក់។

គេនិងនាងបានសិក្សានៅក្បែរគ្នាអស់រយៈពេលបួនឆ្នាំនៅឯវិទ្យាល័យ គេគឺ ឈិនជឺជា ដែលជាសិស្សរៀនពូកែម្នាក់ផ្នែកវិទ្យាសាស្ត្រពិត។ នៅក្នុងសាលារៀន ឈិនជឺជាគឺល្បីល្បាញឈ្មោះក្នុងនាមជាប្រធានក្រុមកីឡាម្នាក់ លេងកីឡាតេននីសបានយ៉ាងល្អ និងយកឈ្នះពានរង្វាន់ជើងឯកនៅក្នុងក្លឹបកីឡា។

គេមានកម្ពស់ខ្ពស់សមសួននិងស្អាតសង្ហា នៅលើខ្លួនពាក់អាវកីឡាពណ៌ស រូបរាងរបស់គេដែលរត់ទៅរត់មកនៅលើទីលានបាល់ប្រៀបដូចជាស្បៃក្រណាត់សបំភ្លឺចែងចាំង។

នៅរសៀលល្ងាចមួយនារដូវរងា ឈិនជឺជាបានឃើញស៊ីងលូជាលើកដំបូងនៅខាងក្រៅរបងសាលា ចាប់តាំងពីថ្ងៃនោះមក ជារៀងរាល់ថ្ងៃពេលដែលគេទៅសាលារៀននិងក្រោយពេលចេញពីរៀន គេនឹងតែងតែស្វះស្វែងរកឱកាសដើរឆ្លងកាត់មុខរបស់នាង។

តាមពិត ស៊ីងលូធ្លាប់ឮឈ្មោះល្បីរន្ទឺរបស់គេតាំងតែពីយូរ សិស្សស្រីៗនៅក្នុងសាលារបស់នាងតែងតែនិយាយអំពីគេ តែងតែទៅមើលគេប្រកួត ព្រោះតែគេទើបរៀនលេងតេននីស ថែមទាំងមានចេតនាតែងតែទៅលេងបាល់នៅកន្លែងដែលគេហ្វឹកហាត់។

ថ្ងៃមួយ នៅពេលដើរចេញពីរៀន ស៊ីងលូបានឃើញឈិនជឺជាកំពុងតែអង្គុយនៅជាប់មាត់របងរង់ចាំនាង នៅក្បែរខ្លួនរបស់គេមានមនុស្សពីរបីនាក់ទៀតនៅជាមួយ។ គេសម្លឹងឃើញនាងភ្លាមក៏ប្រញាប់ដើរចូលទៅណែនាំឈ្មោះខ្លួនឯង ហើយនិងប្រញាប់ប្រញាល់ហុចសំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រមួយសន្លឹកទៅក្នុងដៃរបស់ស៊ីងលូហើយនិយាយដោយជឿជាក់នៅក្នុងចិត្តថា៖

«នាងមកមើលការប្រកួតរបស់ខ្ញុំណា៎?»

ស៊ីងលូងើយមុខឡើងសម្លឹងមើលទៅគេដោយការងឿងឆ្ងល់ ដៃទទួលយកសំបុត្ររបស់គេ។

នៅថ្ងៃប្រកួត ឈិនជឺជាបានផ្តួលគូប្រកួតដ៏ខ្លាំងក្លានិងយកឈ្នះពានរង្វាន់ជើងឯក ក៏ប៉ុន្តែនៅពេលដែលបានយកឈ្នះនោះ គេបែរជាមានអារម្មណ៍ឯកោយ៉ាងជាពន់ពេក ពីព្រោះតែក្មេងស្រីដែលគេលួចលង់ស្រលាញ់មិនបានបង្ហាញខ្លួននៅក្នុងទីលានអ្នកទស្សនា។

នៅព្រឹកបន្ទាប់ នៅពេលដែលស៊ីងលូដើរចូលទៅក្នុងថ្នាក់ នាងប្រទះឃើញថានៅខាងក្នុងមានក្រសែភ្នែករាប់សិបគូសម្លឹងមើលមកកាន់នាង។ នាងបោះជំហានជើងដើរចូលទៅខាងក្នុងយឺតៗ លើកយកពានរង្វាន់មេដាយមាសដ៏ធ្ងន់ចងភ្ជាប់ជាមួយនឹងខ្សែបូរពណ៌ទឹកប្រាក់ដែលដាក់នៅលើកៅអីអង្គុយរបស់នាងនោះចេញ បន្ទាប់មកនាងអង្គុយចុះហាក់ដូចជាគ្មានរឿងអ្វីកើតឡើង យកសៀវភៅដែលនាងត្រូវរៀនបន្តដាក់នៅលើតុ តែនៅក្នុងក្រអៅបេះដូងរបស់នាងបែរជាមានរលកផ្អែមល្ហែមមួយកកើតឡើង។

ម៉ោងចេញពីរៀននៅថ្ងៃនោះ មនុស្សពីរបីនាក់ដែលនៅជាមួយឈិនជឺជាជារៀងរាល់ថ្ងៃមិនដឹងថាបាត់ទៅណាអស់។ គេឈានចូលទៅស្កាត់មុខស៊ីងលូ ប្រើទឹកមុខមាំសួរនាំនាង៖

«ម្សិលមិញហេតុអីបានជានាងមិនមក?»

ស៊ីងលូក្រឡេកមើលមុខគេបន្តិច សោះកក្រោះនិយាយថា៖

«តើចាំបាច់ត្រូវសួរដែរហ្អេស?»

ឈិនជឺជាឡើងក្រហមមុខងាំង ត្រឹមមួយឃ្លាក៏និយាយមិនចេញ។ ស៊ីងលូមានចេតនាបញ្ឈឺឱ្យគេខឹង និយាយថា៖

«ខ្ញុំសុខចិត្តទៅមើលសម្បុកចាបវិញល្អជាង!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*