បានឃើញទឹកមុខក្រៀមក្រំរបស់ឈិនជឺជា នៅក្នុងចិត្តរបស់ស៊ីងលូបែរជាមានការសោកស្តាយជាខ្លាំង ខ្លាចគេមិនមករកនាងទៀត។
តែទោះជាយ៉ាងណាក្ដី នៅព្រឹកបន្ទាប់ នៅពេលដែលស៊ីងលូដើរចូលទៅក្នុងថ្នាក់ នាងបានឃើញថាមានសម្បុកចាបដ៏គួរឱ្យអាណិតមួយដាក់នៅលើកៅអីរបស់នាង ដោយនៅមានរោមស្លាបពណ៌ប្រផេះពីរបីនៅខាងក្នុង។
ទឹកមុខរបស់សិស្សស្រីៗដែលច្រណែននឹងនាងបានបង្ហាញស្នាមញញឹមចំអកឡកឡឺយនិងសប្បាយរីករាយនៅពេលដែលអ្នកដទៃចួបទុក្ខ ដោយគិតថាឈិនជឺជាមានចេតនាដាក់សម្បុកចាបដើម្បីដឺដងជាមួយនាង។ មានតែស៊ីងលូខ្លួនឯងទេដែលដឹងថា មនុស្សប្រុសម្នាក់ដែលឡើងចាប់សម្បុកចាបយកមកឱ្យនាងនោះ អាចនឹងដើម្បីនាងហ៊ានឈោងបេះផ្កាយបេះព្រះចន្ទ។
ក្រោយម៉ោងចេញពីរៀនថ្ងៃនោះ ឈិនជឺជាឈរនៅខាងក្រៅរបងសាលារង់ចាំនាង ឃើញនាងដើរចេញមក គេឈានចូលទៅក្បែរ ដោយទឹកមុខមាំសួរថា៖
«នោះជាសម្បុកចាបដែលនាងចង់មើលមែនទេ?»
ស៊ីងលូដៀងភ្នែកសម្លក់គេ និយាយថា៖
«តើឯងធ្វើយ៉ាងណាទើបយកសម្បុកចាបបាន?»
ឈិនជឺជាឆ្លើយតប៖
«នៅលើដើមឈើ!»
ស៊ីងលូនិយាយដូចមាក់ងាយ៖
«គឺអ្នកបម្រើឡើងទៅយកឱ្យជំនួសឯងមែនទេ?»
ឈិនជឺជារហ័សតប៖
«គឺខ្ញុំតោងឡើងដោយខ្លួនឯងណា៎!»
គេថែមទាំងមិនភ្លេចបន្ថែមមួយឃ្លាទៀត៖
«ខ្ញុំតោងឡើងលឿនណាស់»
ស៊ីងលូងឿងឆ្ងល់សួរនាំ៖
«ដើមឈើនោះខ្ពស់ប៉ុនណា?»
«ប្រហែលមួយជាន់អគារ!»
ស៊ីងលូភិតភ័យលាន់មាត់ថា៖
«ព្រះអើយ! បើសិនជាធ្លាក់ចុះមកនោះឯងប្រាកដជាស្លាប់មិនខាន!»
ឈិនជឺជាញាក់ៗស្មាព្រងើយ និយាយថា៖
«មិនថ្វីឡើយ! តើនាងនៅចង់ឱ្យខ្ញុំធ្វើអ្វីសម្រាប់នាងទៀតទេ?»
ស៊ីងលូញញឹមថា៖
«ឥឡូវនេះខ្ញុំនៅមិនទាន់រកនឹកឃើញទេ ចាំពេលនឹកឃើញខ្ញុំនឹងប្រាប់ឱ្យឯងដឹង»
ឈិនជឺជាបែរជាសួរថា៖
«តើនាងចូលចិត្តពានរង្វាន់មួយនោះទេ?»
ស៊ីងលូបូញមាត់ និយាយថា៖
«ឯងធ្វើបាបខ្ញុំឡើងល្បីណាស់!»
ឈិនជឺជារួញរាលួចក្រឡេកភ្នែកមើលស៊ីងលូបន្តិច៖
«ខ្ញុំចង់ជូនវាឱ្យទៅនាងមែន»
ស៊ីងលូសម្លឹងមើលគេ និយាយថា៖
«នោះជារបស់ដែលឯងយកឈ្នះបាន ម៉្យាងខ្ញុំមិនចេះលេងតេននីសទេ»
ឈិនជឺជាហឹកហាក់ និយាយថា៖
«ចាំខ្ញុំបង្រៀននាង!» ប៉ុន្តែស៊ីងលូចាំថានាងមិនមានសម្លៀកបំពាក់កីឡាប្រភេទនោះទេ ហើយម្តាយនាងក៏នឹងមិនទិញវាសម្រាប់នាងដែរ។ នាងឱនក្បាលចុះសម្លឹងមើលចុងស្បែកជើងស្បែកពណ៌ខ្មៅរបស់នាងហើយនិយាយយ៉ាងទន់ភ្លន់ថា៖
«ខ្ញុំមិនចាំបាច់ត្រូវរៀននោះទេ!»
បន្ទាប់មកនាងក៏បានស្ដាប់ឮសំឡេងកណ្តឹងរបស់ព្រះវិហារតូចនៅក្នុងសាលាកំពុងបន្លឺឡើង សំឡេងនោះប្រៀបដូចជានៅទីដ៏សែនឆ្ងាយ។ ពួកគេទាំងពីរនាក់មិននិយាយអ្វីទៀត គ្រាន់តែសម្លឹងមើលមុខគ្នាម្តងម្កាលប៉ុណ្ណោះ។
ផ្ទៃមុខរបស់នាងប្រៀបដូចខ្យល់ជំនោរនិទាឃរដូវ បក់ផាត់រំសាយនូវភាពឯកោនៃរដូវរងា ប្រស្រីភ្នែកខ្មៅរលោងស្រិលមួយគូនោះគឺហាក់ដូចជាបញ្ចេញសូរសំឡេងមួយបែប រោមភ្នែកដ៏វែងកោងកំពុងតែព្រិចៗ ភ្ជាប់ជាមួយនឹងសេចក្ដីសង្ឃឹមចំពោះសុភមង្គលនិងអនាគត ឆាកជីវិតនិងក្ដីសុបិន្ត។
ព្រះអាទិត្យកំពុងរៀបលិចចុះនៅក្រោមជើងមេឃពីចម្ងាយ ផ្ទៃមេឃក៏កាន់តែងងឹតសូន្យចុះបន្តិចម្តងៗ ពន្លកស្នេហាដែលទើបតែចាប់ផ្តើមរីកបានឈានមកកៀកបង្កើយជើងរបស់នាង។
. . . .
ដើម្បីអាចចួបគ្នាលួចលាក់ជាមួយឈិនជឺជា សុីងលូបានប្រតិដ្ឋពាក្យភូតកុហកជាច្រើន ធ្វើឱ្យម្តាយរបស់នាងដែលគិតថាគាត់តែងតែតឹងរឹងខ្លាំងជាមួយនាងរហូតមកនោះ ជឿជាក់ថានាងនឹងមុខជាក្មេងដែលស្ដាប់បង្គាប់ ទើបគាត់មិនបានសង្ស័យអ្វីពីពេលដែលនាងឧស្សាហ៍ទៅបណ្ណាល័យឬត្រូវរៀនបំប៉ននៅសាលាបន្ថែមឡើយ ហើយក៏មិនបានចាប់អារម្មណ៍ពីការផ្លាស់ប្តូររបស់កូនស្រីគាត់ដែរ។
ឥឡូវនេះ ពេលកំពុងនៅក្នុងថ្នាក់រៀន ស៊ីងលូជាម្តងម្កាលតែងលួចក្រឡេកមើលចេញទៅក្រៅបង្អួច ព្រោះតែស្ថិតនៅត្រង់មាត់បង្អួចនោះសម្លឹងចេញទៅក្រៅ នាងនឹងអាចមើលឃើញសាលារៀនសម្រាប់សិស្សប្រុសនៅក្បែរនោះ ដែលខណ្ឌផ្ដាច់ដោយរបងសំណាញ់ពណ៌ខៀវខ្ពស់និងវែងសន្ធឹង នៅទីកន្លែងមួយនោះមានផ្ទុកពិភពលោករបស់នាង។
គូស្នេហ៍វ័យក្មេងទាំងពីរពេលដែលបានចួបមុខគ្នានឹងសាសងផ្ដោះផ្ដងគ្នាទៅវិញទៅមកមិនឈប់ ទោះបីជានៅមិនឆ្ងាយពីសាលាប៉ុន្មាន ក៏ពួកគេទាំងពីរនៅតែហ៊ានចាប់កាន់ដៃគ្នាយ៉ាងក្លាហាន។
មានពេលខ្លះ ឈិនជឺជានឹងនាំស៊ីងលូទៅផ្ទះរបស់គេ។ គេ ឪពុកម្តាយ និងអ្នកបម្រើរបស់គេ រស់នៅក្នុងវីឡាមួយកម្ពស់ពីរជាន់។ ពួកគេទាំងពីរលាក់ពួននៅក្នុងបន្ទប់គេងរបស់ឈិនជឺជា មើលមេរៀនជាមួយនឹងគ្នា ស្តាប់ភ្លេងតន្ត្រី ឱបក្រសោបគ្នា និងថើបមាត់គ្នា។ មានជាច្រើនលើក នាងភ័យខ្លាចរុញច្រានដៃដែលមានបំណងចង់ស្និទ្ធស្នាលជាមួយនាង និយាយដោយអះអាងថា៖
«បើបងស្រលាញ់ខ្ញុំ បងត្រូវតែរង់ចាំខ្ញុំសិន»
ភាពបរិសុទ្ធរបស់នាងគឺរក្សាទុកដើម្បីសេចក្តីស្នេហាស្មោះសរបស់ពួកគេ លើសពីនេះ នាងជឿជាក់ថាគេនឹងមានការរំភើបព្រោះចំណុចមួយនេះ។
ប៉ុន្តែតើនាងចាប់ផ្តើមស្អប់គេតាំងពេលណា? នោះគឺពេលដែលឋិតនៅលើកម្រាលពូកក្រាស់នៅក្នុងបន្ទប់នោះហើយ។ នៅថ្ងៃនោះ គេរុញរានិយាយប្រាប់ទៅកាន់ស៊ីងលូថា៖
«លោកប៉ាចង់ឱ្យបងទៅរៀននៅអាមេរិក»
ឲសំឡេងរបស់នាងប្រែជាញាប់ញ័រឡើង៖
«ដាច់ខាតត្រូវតែទៅហ្អេស?»
«សាលារៀននៅទីនោះបានទទួលយកបងហើយ នៅក្នុងអំឡុងពេលពីរខែខាងមុខបងត្រូវតែទៅដាក់ពាក្យ» គេនិយាយទាំងមិនហ៊ានមើលមុខនាង។ ទឹកភ្នែករបស់ស៊ីងលូហូរចុះដូចជាភ្លៀង នាងស្រែកថា៖
«បងបានដឹងច្បាស់តាំងពីយូរមកម៉្លេះថានឹងត្រូវទៅ! បងបានដឹងជាយូរមកហើយ!»
នៅយប់មុនពេលដែលឈិនជឺជាចាកចេញ ស៊ីងលូបានកុហកម្តាយរបស់នាងដើម្បីលួចចេញទៅចួបនឹងគេ។ នាងឱបគេយ៉ាងស្អិត ទ្រហោយំនិយាយថា៖
«បងនឹងស្រលាញ់អ្នកដទៃផ្សេងទៀត…បងនឹងបំភ្លេចខ្ញុំចោលជាមិនខាន…ហេតុអីក៏បងបានដឹងច្បាស់ហើយបែរជានៅតែចង់ចាប់ផ្តើមរឿងរបស់ពួកយើងទៀត?»
ឈិនជឺជាពោលអស់ម្តងហើយម្តងទៀតអះអាងជាមួយនឹងស៊ីងលូថា៖
«អត់ទេ… បងនឹងមិនស្រលាញ់អ្នកដទៃផ្សេងទៀតទេ… បងនឹងមិនបំភ្លេចអូនឡើយ…»
គេចាប់ស្មាទាំងសងខាងរបស់ស៊ីងលូ សម្លឹងមើលចំទៅកែវភ្នែកហើមក្រហមរបស់នាងបន្ទាប់ពីយំយែក និយាយថា៖
«បងបានគិតគូរហើយថា ចាំដល់ពេលដែលបងទៅដល់ទីនោះបាននឹងនរហើយ បងនឹងសុំឱ្យលោកប៉ាចំណាយប្រាក់កាក់ខ្លះ ធានាអូនទៅរៀននៅបរទេសជាមួយបង»
ស៊ីងលូហាក់ស្ទាក់ស្ទើរជាខ្លាំង សួរថា៖
«តើលោកប៉ាបងអាចយល់ព្រមទេ?»
«គាត់ស្រលាញ់បងខ្លាំងណាស់ គាត់ប្រាកដជាយល់ព្រម! ឱ្យតែបងខិតខំរៀនសូត្រឱ្យបានល្អ បងនឹងនិយាយប្រាប់ទៅគាត់ភ្លាម ម្យ៉ាងទៀត…» គេនិយាយពោរពេញដោយស្នាមញញឹម៖
«គាត់មានប្រាក់ច្រើនណាស់! កុំបារម្ភអី!»
អ្វីដែលនៅក្នុងកែវភ្នែកដក់ជាប់ទឹកភ្នែកទាំងគូរបស់ស៊ីងលូរំលេចឡើង នោះគឺជាអនាគតមួយដែលពោរពេញទៅដោយក្តីសង្ឃឹមនិងសុភមង្គលរាប់មិនអស់។ ទីបំផុតនាងអាចចៀសឆ្ងាយពីម្តាយរបស់នាង ចៀសឆ្ងាយចេញពីកន្លែងគម្រក់មួយនេះ។
បើទោះបីជានៅមិនដាច់ចិត្តពីឪពុករបស់នាងក៏ដោយ ប៉ុន្តែឪពុករបស់នាងប្រាកដជាសប្បាយរីករាយព្រោះតែនាង។ តាមពិតទៅ នាងមិនបានគិតគូរអ្វីច្រើនឡើយ គ្រាន់តែសង្ឃឹមថាឈិនជឺជានឹងឆាប់រហ័សនាំនាងចាកឆ្ងាយទៅ ពួកគេទាំងពីរនឹងមិនបែកគ្នាទៀតឡើយ។ ចាប់ពីពេលនោះតទៅ ពួកគេនឹងរៀននៅក្នុងសកលវិទ្យាល័យជាមួយនឹងគ្នា ប៉ុន្មានឆ្នាំក្រោយមក ពួកគេនឹងបញ្ចប់ការសិក្សាជាមួយនឹងគ្នា ប្រហែលជាពេលបន្ទាប់មកទៀតនោះពួកគេនឹងរៀបការ…ហើយនិងមានក្តីសុបិនជាច្រើននៅខាងមុខកំពុងតែរង់ចាំពួកគេ។
ប៉ុន្តែគេគឺប្រៀបដូចជាបក្សីត្រដាងស្លាបហោះហើរ នាងមិនអាចដេញចាប់គេបានទៀតនោះទេ។
នៅក្នុងមួយរយៈពេលដំបូង គេតែងតែសរសេរសំបុត្រផ្ញើមកកាន់នាងជារៀងរាល់ថ្ងៃ បន្ទាប់មកមួយសប្តាហ៍ម្តង ក្រោយមកទៀតក៏ប្តូរមកជាមួយខែម្តង ខ្លឹមសារនៅក្នុងសំបុត្រដែលតែងផ្ទុកទៅដោយក្ដីនឹករឭកពីដំបូងឡើយ បានសន្សឹមប្រែមកជាពាក្យត្អូញត្អែរពីការមមាញឹកនិងសម្ពាធនៅក្នុងការសិក្សារបស់គេ សំបុត្រសរសេរកាន់តែយូរកាន់តែខ្លីទៅ និងមិនបានបន្តរម្លឹកពីការចង់ទទួលយកនាងទៅរៀននៅអាមេរិកទៀតនោះឡើយ។
នៅពេលនោះ ការប្រលងបញ្ចប់មធ្យមសិក្សាជិតឈានចូលមកដល់ ជារៀងរាល់ថ្ងៃ ស៊ីងលូតែងតែបើកសៀវភៅទន្ទេញមេរៀន ខំប្រឹងផ្តោតអារម្មណ៍សិក្សា ប៉ុន្តែនៅក្នុងចិត្តរបស់នាងតែងតែមានការច្របូកច្របល់ នាងលួងលោមចិត្តខ្លួនឯង និយាយថា៖
«គេកំពុងស្វះស្វែងសិក្សានៅទីនោះហត់នឿយណាស់ ទើបបានជាគ្មានពេលសរសេរសំបុត្រមកញឹកញាប់!»
តែមួយសន្ទុះក្រោយមក នាងស្រាប់តែមានអារម្មណ៍អាណិតអាសូរខ្លួនឯងផងគិតកង្វល់ផងថា៖
«ប្រហែលជាគេមានអ្នកថ្មីហើយ…»
នាងមួយថ្ងៃៗគិតតែពីសំងំនៅក្នុងបន្ទប់គិតរវើរវាយ ម្តាយរបស់នាងស្មានថានាងមានអារម្មណ៍តានតឹងព្រោះតែការប្រលងនៅថ្ងៃខាងមុខ ទើបជាពិសេសបានរៀបចំថ្នាំប៉ូវកម្លាំងសម្រាប់នាងជាច្រើន បង្ខំឱ្យនាងផឹក ប៉ុន្តែនាងបែរជាក្អួតចេញមកក្រៅវិញទាំងអស់។
នាងមិនឈប់មិនឈរតែងតែសរសេរសំបុត្រដែលផ្ទុកពេញទៅដោយសេចក្ដីនឹកនាទៅកាន់ឈិនជឺជា ប៉ុន្តែសំបុត្រដែលឈិនជឺជាឆ្លើយតបត្រលប់មកនាងវិញបែរជាកាន់តែសោះកក្រោះទៅ ថែមទាំងជារឿយៗត្រូវចំណាយពេលជាយូរទើបឆ្លើយតប។
ជើងម្ខាងរបស់នាងបានចាប់ផ្ដើមផុងចុះជ្រៅនៅក្នុងអន្លង់ស្នេហ៍ នាងបានលង់ខ្លួនជ្រៅយ៉ាងងប់ងល់ទៅក្នុងសេចក្ដីស្នេហាមួយនោះ រីឯគេវិញបានហោះហើរចាកឆ្ងាយទៅកាន់លម្ហមេឃមួយផ្សេងទៀត។
នាងមិនអាចទ្រាំទ្របានទៀតឡើយ នាងក៏បានសរសេរសំបុត្រមួយវែងអន្លាយដេញដោលសួរទៅគេថា តើគេបានស្រលាញ់អ្នកផ្សេងហើយមែនទេ?
នាងសម្ងើចក្ដីក្រអឺតក្រទមដោយនិយាយថា បើដូច្នោះមែននោះ នាងនឹងជូនពរឱ្យគេមានសុភមង្គល នាងនឹងបំភ្លេចគេចោលជារៀងរហូត។ នាងពោលស្ដីពាក្យបែបនោះមែនពិត ប៉ុន្តែនាងគឺសឹងតែចង់ប្រើទាំងដៃទាំងពីរជើងទាំងពីរចាប់ឱបក្រសោបរឹតក្ដោបស្នេហាដែលគ្មានឫសគល់នោះឱ្យជាប់។
សំបុត្របានផ្ញើចេញទៅផុត ជារៀងរាល់ថ្ងៃ ស៊ីងលូតែងតែអន្ទះសាររត់ចុះទៅជាន់ក្រោមដើម្បីឆែករកមើលក្នុងប្រអប់សំបុត្រ។
បន្ទាប់ពីពេលពីរសប្តាហ៍ដ៏វែងអន្លាយក្រោយមក នៅថ្ងៃមួយ ទីបំផុតនាងក៏បានឃើញស្រោមសំបុត្រមួយដែលមានតែមផ្ញើមកពីអាមេរិកនៅក្នុងប្រអប់សំបុត្ររបស់នាង។
សំបុត្រដែលនាងក្ដោបកាន់ជាប់នៅក្នុងដៃនាងនេះនឹងប្រកាសពីជោគវាសនានៃស្នេហារបស់នាងនៅក្នុងពេលបន្តិចទៀតនេះ នាងបោះជំហានឡើងទៅលើកាំជណ្តើរដោយយឺតៗ សំបុត្រក្នុងដៃរបស់នាងផុយស្រួយដូចជាស្លឹកឈើក្រៀម។
ឡើងទៅដល់លើផ្ទះ នាងរុញទ្វារបន្ទប់គេងបើក ដើរចូលទៅខាងក្នុង។
«ពួកយើងនៅវ័យក្មេងនៅឡើយ ត្រូវយកចិត្តទុកដាក់ទៅលើការសិក្សាជាមុន…សុំទោសផង…អូននឹងបំភ្លេចបងបាន…អូនប្រាកដជាអាចរកឃើញសុភមង្គលពិត…»
ស៊ីងលូអង្គុយនៅលើគ្រែ កែវភ្នែកផ្ទុកដោយតំណក់ទឹកភ្នែក អានជាថ្មីម្ដងហើយម្ដងទៀតនៅឃ្លាចុងក្រោយនោះ នៅក្នុងខួរក្បាលរបស់នាងឡើងរញ៉េរញ៉ៃអស់ រាងកាយទាំងមូលស្ពឹកស្រពន់។ ពិភពលោកទាំងមូលរបស់នាងប្រែជាបែកខ្ចាយខ្ទេច ហេតុអ្វីបានជាងាយស្រួលបែកខ្ចាយយ៉ាងនេះ? ហេតុអ្វីបានជានាងមិនអាចទៅអាមេរិក?
ម្តាយនាងនៅខាងក្រៅស្រែកហៅនាង នាងសោកសៅយកសំបុត្រទៅលាក់ទុក រួចបើកទ្វារចេញទៅក្រៅ។
ម្ដាយនាងបានយកសម្លៀកបំពាក់ស្អាតៗប៉ុន្មានសម្រាប់មកឱ្យនាង គឺជាសម្លៀកបំពាក់ចាស់របស់កូនស្រីថៅកែរបស់គាត់ដែលមានអាយុប្រហាក់ប្រហែលនឹងនាង។ ម្តាយរបស់នាងនិយាយថា:
«ក្មេងស្រីម្នាក់នោះឆ្នាំក្រោយនឹងទៅរៀននៅអាមេរិក មុនពេលចាកចេញទៅ នាងចង់រៀបចំពិធីជប់លៀងរាំរែកមួយ!»
ឮសូរតែ “ព្រូស!” ស៊ីងលូបានដួលសន្លប់ចុះទៅលើឥដ្ឋ។
តើប៉ុន្មានថ្ងៃបន្តបន្ទាប់ក្រោយមកទៀតទាំងនោះ ស៊ីងលូឆ្លងកាត់ទៅដោយយ៉ាងណា? ពេញមួយថ្ងៃពេញ នាងចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ ពេលខ្លះក៏ផ្អែកនៅលើមាត់បង្អួច ភ្នែកសម្លឹងមើលចេញទៅលើទីដងផ្លូវខាងក្រៅយ៉ាងភ្លឹកភ្លាំង សំងំនៅបែបនោះអស់ជាច្រើនម៉ោង ដោយមិននិយាយស្ដីអ្វីសូម្បីមួយម៉ាត់ ពេលញ៊ាំបាយ ក៏បានត្រឹមតែញ៊ាំប៉ុន្មានម៉ាត់ទាំងបង្ខំ។
នៅថ្ងៃមួយ ពេញមួយព្រឹកធំ ស៊ីងលូអង្គុយចុះនៅជាន់ក្រោម ទន្ទឹងរង់ចាំផ្លូវអ្នកយកសំបុត្រមក។ នៅក្នុងចិត្តនាងនឹកគិតថា៖
«ប្រហែលជាគេនឹងផ្លាស់ប្តូរចិត្ត!»
ប៉ុន្តែអ្នកយកសំបុត្រនោះមិនបានយកស្រោមសំបុត្រដែលមានបិតតែមពណ៌ខៀវរបស់អាមេរិកមកនោះទេ។ ស៊ីងលូមានការអស់សង្ឃឹម ឡើងជណ្តើរទៅលើផ្ទះវិញ។
ពេលនាងចូលទៅក្នុងបន្ទប់គេង នាងបានឃើញសំបុត្រទាំងអស់ដែលឈិនជឺជាផ្ញើឱ្យនាងត្រូវបានបើករលាត់ចេញមកក្រៅអស់ បោះពង្រាយពេញនៅលើតុ ម្តាយរបស់នាងកំពុងតែឈរក្បែរតុ មានរូបរាងគួរឱ្យខ្លាច។
ស៊ីងលូស្ទុះទៅកញ្ឆក់សំបុត្រទាំងនោះ ស្រែកយំ៖
«ហេតុអីបានជាម៉ាក់មើលសំបុត្ររបស់ខ្ញុំ!»
«ឯងថ្លើមធំខ្លាំងណាស់!» ម្ដាយនាងក្ដោបកាន់ដៃរបស់នាង ទាញមកម្ខាង ស្រែកគំហកសួរខ្លាំងៗថា៖ «តើឯងមានដេកជាមួយវាទេ?»
«គ្មានទេ!» នាងស្រែកយំ។
«តើទីបញ្ចប់មានឬក៏អត់?!» ម្តាយនាងដូចជាមនុស្សឆ្កួតលីលា ចាប់បោចសក់របស់នាង រួចទះមួយកំផ្លៀងយ៉ាងខ្លាំងដៃ។
ស្នាមម្រាមដៃទាំងប្រាំដិតដាមនៅលើផ្ទៃមុខរបស់នាង ស៊ីងលូខំប្រឹងរើបម្រាស់ចេញពីដៃម្តាយរបស់នាង ដួលកំរោលចុះទៅលើគ្រែស្រែកទ្រហ៊ោយំខ្លាំងៗឡើងថា៖
«គ្មានទេ! គ្មានទេ! គ្មានទេ!» សូរសំឡេងបន្លឺចេញមករួមទាំងក្ដីឈឺចាប់និងវិប្បដិសារី។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្តាយរបស់នាងនៅតែមិនជឿនាង គាត់ចាប់ទាញនាងពីលើគ្រែចុះ អូសនាងចេញទៅកណ្ដាលទីផ្លូវ ស្ទះកាត់ឡានតាក់ស៊ីមួយ រុញច្រាននាងដែលកំពុងតែនៅស្រែកយំយែកចូលទៅក្នុងឡាន។
នៅក្នុងបន្ទប់គ្លីនិកដែលមានពន្លឺអំពូលភ្លើងបំភ្លឺស្រាលស្រទន់ ផួយក្រណាត់ស្ដើងមួយផ្ទាំងគ្របនៅលើខ្លួនប្រាណរបស់ស៊ីងលូ។
នាងពោរពេញដោយភាពអាម៉ាស់គេងនៅលើគ្រែតូចចង្អៀត ជង្គង់ទាំងពីរហែកចេញ ភ្លៅបើកចំហរ ទុកឱ្យអ្នកគ្រូពេទ្យវ័យកណ្តាលម្នាក់ត្រួតពិនិត្យមើលនាង បន្ទាប់មកនាងក៏ឮសំឡេងមនុស្សម្នាក់នោះដើរចេញទៅខាងក្រៅនិយាយស្ដីជាមួយនឹងម្តាយរបស់នាង។
ក្រោយពេលចេញពីបន្ទប់គ្លីនិកមកក្រៅ ម្តាយរបស់នាងបានកាន់ដៃនាងយ៉ាងណែន នៅក្នុងកែវភ្នែកបង្ហាញឱ្យឃើញក្ដីអាណិតស្រលាញ់។ ការអាក់អន់ចិត្តរវាងម្តាយនិងកូនស្រីត្រូវបានដោះស្រាយ នោះហាក់ដូចជាសម្រាប់ពួកគេទាំងពីរនាក់ ភាគីម្ខាងទៀតគឺជាកន្លែងតែមួយគត់ដែលពួកគេអាចពឹងផ្អែកលើនៅក្នុងជីវិតនេះ។
ម្ដាយរបស់នាងជូតទឹកភ្នែកដែលហូរចុះមិនឈប់ ខ្សឹបខ្សួលប្រាប់នាងថា៖
«ដាច់ខាតកុំទុកចិត្តលើមនុស្សប្រុសជារៀងរហូត!»
ស៊ីងលូស្រក់ទឹកភ្នែក ហើយនោះគឺជាទឹកភ្នែកនៃក្ដីអាម៉ាស់។
ប៉ុន្តែមិនបានយូរប៉ុន្មាន រវាងម្តាយនិងកូនស្រីទាំងពីរក៏ចាប់ផ្តើមកើតមានព្យុះភ្លៀង។
លទ្ធផលការប្រលងបញ្ចប់មធ្យមសិក្សាត្រូវបានប្រកាស ស៊ីងលូមានតែពិន្ទុមុខវិជ្ជាភាសាអង់គ្លេសតែប៉ុណ្ណោះដែលគ្រប់។ នៅមុនពេលប្រកាសលទ្ធផលប្រលង ឬសូម្បីតែឋិតនៅក្នុងថ្ងៃប្រលងនោះតែម្ដង នាងបានប៉ាន់ស្មានដឹងទុកជាមុនពីលទ្ធផលមួយនេះរួចជាស្រេច។ ប៉ុន្តែប្រៀបដូចជានៅក្នុងលោកនេះ មនុស្សដែលទន្ទឹងរង់ចាំលើសំណាងគឺតែងតែបែបនោះឯកឯង ហេតុនេះស៊ីងលូក៏ធ្លាប់រំពឹងក្ដីសង្ឃឹមដោយឥតមូលហេតុ។
ប៉ុន្តែធាតុពិតនោះគឺប្រៀបដូចជាទឹកត្រជាក់មួយធុងស្រោចមកលើខ្លួនរបស់នាង ជំហានរបស់នាងរដាប់រដួលទៅដោយវិប្បដិសារី។ ហេតុអ្វីបានជានាងជឿមនុស្សម្នាក់នោះ? ហេតុអ្វីបានជាល្ងង់ខ្លៅហ៊ានគិតថាក្មេងប្រុសជំទង់ម្នាក់ដែលគ្មានសមត្ថភាពសូម្បីតែចិញ្ចឹមខ្លួនឯងរស់នោះអាចផ្ដល់សុភមង្គលនិងបំពេញក្ដីបំណងប្រាថ្នាឱ្យនាងបាន?
នៅយប់នោះ ស៊ីងលូអង្គុយនៅលើកៅអីបង់នៅក្នុងសួនច្បារសាធារណៈ ខួរក្បាលរបស់នាងទទេស្អាត ផ្លូវត្រលប់ទៅផ្ទះវិញឆ្ងាយដល់ម្លឹង! ហើយនិងនៅមានទឹកមុខខឹងសម្បារបស់ម្ដាយនាងកំពុងរង់ចាំតែនាងនៅទីនោះ។
រហូតដល់ម៉ោងសួនច្បារត្រូវបិទ នាងឈានដើរទាំងល្ហិតល្ហៃវិលត្រលប់មកផ្ទះវិញ ក៏បានឃើញលោកប៉ាដែលពោរពេញដោយក្ដីនឿយណាយកំពុងអង្គុយនៅមុខកាំជណ្តើរផ្ទះជួល។
លោកប៉ារបស់នាងងើបក្បាលឡើង ពេលសម្លឹងឃើញនាង គាត់ដកដង្ហើមយ៉ាងធំ។ ប៉ុន្តែបន្ទាប់ពីឃើញក្រដាសលទ្ធផលប្រលងរបស់នាង គាត់មិនបាននិយាយស្ដីអ្វីទាំងអស់ ដោយគ្រាន់តែប្រគល់វាមកឱ្យនាងវិញ។
«ឡើងទៅលើនិយាយជាមួយនឹងអ្នកម៉ាក់កូនដោយខ្លួនឯងចុះ»
ស៊ីងលូភិតភ័យខ្លាច ឈានមួយជំហានម្ដងៗឡើងលើកាំជណ្តើរ ដំណើរផ្លូវមួយនោះមានរយៈចម្ងាយវែងអន្លាយដូចជាមួយពាន់យោជន៍ ពិតជាមានចម្ងាយឆ្ងាយខ្លាំងណាស់។
ហេតុអ្វីទៅបានជាលោកប៉ារបស់នាងមិនកំដរនាងដើរនៅលើផ្លូវមួយនេះ? ថ្ងៃនោះ ពេលដែលម្តាយរបស់នាងចាប់អូសបង្ខំនាងចូលទៅក្នុងឡានតាក់ស៊ីទៅកាន់គ្លីនិក លោកប៉ារបស់នាងមិនបានមកជួយសង្គ្រោះនាងឡើយ។ ហើយនៅក្នុងយប់នេះ គាត់ក៏មិនបានឈោងដៃចេញមកជួយស្រោចស្រង់ដល់នាងដែរ នោះគឺជាការ បោះបង់ចោល! ក្រែងតាំងតែពីមុនមក ឪពុកកូននាងទាំងពីរតែងតែឈរនៅលើគោលជំហរតែមួយហ្អេស!
ស៊ីងលូពិតជាសង្ឃឹមយ៉ាងខ្លាំងថាខ្លួនឯងអាចនឹងដួលសន្លប់ចុះឱ្យបានឆាប់ ឬមួយក៏ធ្លាក់ពីលើជណ្តើរនេះឱ្យស្លាប់ទៅតែម្ដង ព្រោះតែនាងមិនចង់ទៅប្រឈមមុខជាមួយម្តាយនាងឡើយ។
ប៉ុន្តែនៅទីបញ្ចប់ ពេលដែលម្តាយរបស់នាងបានឃើញក្រដាសលទ្ធផលប្រលងរបស់នាងនោះ គាត់មិនបានស្តីបន្ទោសឱ្យនាងទាល់តែសោះ។ ម្តាយរបស់នាងចាក់សោរឃុំខ្លួនឯងសំងំនៅក្នុងបន្ទប់ បន្ទាប់មកក៏អង្គុយយំ។
បើប្រៀបធៀបនឹងការដែលឱ្យគាត់ស្រែកច្រឡោតដាក់នាង គាត់ធ្វើដូច្នោះ រឹតតែធ្វើឱ្យនាងពិបាកស៊ូទ្រាំទ្រ ហាក់បីដូចជាអ្វីដែលនាងបានជាន់ពន្លិចនោះ មិនមែនត្រឹមតែជាឆាកជីវិតរបស់នាងទេ ប៉ុន្តែគឺជាឆាកជីវិតនិងអនាគតរបស់គ្រួសារនេះទាំងមូល រួមទាំងសេចក្តីសង្ឃឹមចៀសឆ្ងាយពីជីវភាពដ៏កម្សត់តោកយ៉ាកមួយនេះ។
យប់នោះ លោកប៉ារបស់នាងអង្គុយរង់ចាំនាងត្រលប់មកវិញនៅជាន់ខាងក្រោម បានធ្វើឱ្យគាត់បាត់បង់ការងារធ្វើនៅពេលយប់។ គាត់ថែមទាំងផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នាជាមួយនឹងម្ចាស់ផ្ទះ ទើបត្រូវបណ្ដេញចេញ។
ប៉ុន្តែ គ្រួសារពួកនាងនៅខ្វះថ្លៃឈ្នួលផ្ទះរយៈពេលបីខែជាប់គ្នា។
ក្រោយមក គ្រួសាររបស់នាងបានផ្លាស់ទៅស្នាក់នៅផ្ទះជួលចាស់មួយដែលតូចជាងផ្ទះបច្ចុប្បន្ន លោកប៉ារបស់នាងខ្ចីស្រាបំបាត់ទុក្ខ ម្តាយរបស់នាងដូចជារូបចម្លាក់យ៉ាងសោះកក្រោះ គាត់មិននិយាយស្តីរកស៊ីងលូ ហើយក៏មិនខ្ចីក្រឡេកភ្នែកមើលនាងសូម្បីតែបន្តិច។
ស៊ីងលូនឹកនាទៅដល់លោកតារបស់នាងដែលបានស្លាប់ទៅ នាងគ្រាន់តែធ្លាប់ឃើញគាត់តាមរយៈរូបថតនិងសាកសពដែលនៅសល់ចំហាយកក់ក្តៅចេញពីភាពចាស់ជរារបស់គាត់ នៅក្នុងការចងចាំដ៏ស្រពិចស្រពិល នាងព្យាយាមរម្លឹកមុខមាត់ដ៏គួរឱ្យស្រលាញ់របស់ជីតាម្នាក់នោះ។
ប្រសិនបើលោកតារបស់នាងនៅមានជីវិត នាងនឹងអង្វរគាត់ឱ្យនាំនាងទៅប្រទេសអង់គ្លេស នាងនឹងអាចទៅកាន់ទីនោះម្តងទៀត ប្រហែលជានាងអាចនឹងដូចជាសត្វបក្សីតូចទាំងនោះ ដេញចាប់ក្ដីស្រមៃរាប់មិនអស់ដែលធ្លាក់ចូលទៅក្នុងបាតសមុទ្រ។
. . . . .
ឥឡូវនេះ នាងគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រូវចេញទៅក្រៅស្វែងរកការងារធ្វើប៉ុណ្ណោះ។ តាមពិត នាងហើយនិងម្តាយរបស់នាងនៅក្នុងមួយរយៈពេលនេះបានស្ដារភាពចុះសម្រុងគ្នាឡើងវិញ។ នាងដឹងថា នៅក្នុងគ្រួសារមួយដែលក្រីក្រ អ្នកណាអាចរកប្រាក់បាន អ្នកនោះនឹងមានតំណែងក្នុងគ្រួសារ។
ព្រោះតែមានរូបសម្ផស្សខាងក្រៅស្រស់ស្អាត មានប្រវត្តិធ្លាប់សិក្សារៀនសូត្រនិងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ នាងបានទទួលការងារចុះស្ដារផ្នែកលក់យ៉ាងឆាប់រហ័សនៅក្នុងហាងលក់សម្លៀកបំពាក់ប្រេនលំដាប់មួយកន្លែង។
ជារៀងរាល់ខែ ប្រាក់ខែមួយភាគធំរបស់នាងគឺប្រគល់ឱ្យទៅម្ដាយរបស់នាង ព្រោះតែនាងចង់គាស់មាត់បិទជិតជានិច្ចរបស់គាត់។ ជាក់ស្ដែង ម្តាយរបស់នាងក៏ចាប់ផ្តើមនិយាយជាមួយនាងសារជាថ្មី។
នាងដើមឡើយអាចដាក់ពាក្យសុំធ្វើការងារជាលេខាតូចនៅក្នុងក្រុមហ៊ុនមួយកន្លែង រស់នៅនៅក្នុងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃដ៏សាមញ្ញ។ ប៉ុន្តែព្រោះតែកំណើតលោភលន់លើភាពសម្បូរមានបានរបស់នាង ទើបនាំនាងឈានមករកហាងលំដាប់ដ៏ប្រណីតនេះ។
មនុស្សដែលមានរូបសម្រស់សាមញ្ញធម្មតាគឺគ្មានឱកាសអាចចូលមកធ្វើការនៅក្នុងហាងលំដាប់នេះទេ។ អ្នកណាៗក៏ដឹងដែរថា បុគ្គលិកស្រីៗនៅក្នុងហាងលំដាប់នេះគឺសុទ្ធតែស្រស់ស្អាតនិងទាន់សម័យបំផុត ពូកែតុបតែងស្លៀកពាក់។ ដោយហេតុនេះ នៅចំពោះមុខបុគ្គលិកស្រីៗទាំងអស់ដែលឈរនៅពីមុខមាត់ទ្វារហាងនោះ ពួកគេអាចបញ្ចេញឫកពារឆ្មើងឆ្មៃនិងក្រអឺតក្រទម។
សុីងលូបានយកឈ្នះលើគូប្រជែងជាច្រើន ទើបអាចឈានចូលទៅក្នុងពិភពដែលស្រោបដោយពន្លឺមាសពេជ្រទាំងនេះ។
កាលពីមុន ពេលដែលនៅរៀន នាងនិងលីមុីងជូរាល់ថ្ងៃចូលចិត្តបំផុតបន្ទាប់ពីរៀនចប់ នឹងចេញដើរកំសាន្តមើលនៅតាមហាងលក់សម្លៀកបំពាក់ទូទៅ ស្ទាបសាច់ក្រណាត់សម្លៀកបំពាក់ស្អាតៗទាំងនោះជាច្រើនដង អ្នកទាំងពីរថែមទាំងហ៊ានខ្លាំងដល់ថ្នាក់យកសម្លៀកបំពាក់ទាំងអស់នោះដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ផ្លាស់លមើល ដើម្បីលុបបំពេញចំណង់លោភចង់បានមួយផ្នែកនៅក្នុងជម្រៅចិត្តរបស់ពួកគេ នៅពេលដែលដើរចេញពីក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះ មានចេតនាជ្រួញចិញ្ចើមនិយាយថា សម្លៀកបំពាក់ទាំងនោះមិនស័ក្តិសមល្មមខ្លួន។
ប៉ុន្តែឥឡូវនេះ នាងអាចស្ទាបសម្លៀកបំពាក់ល្អៗទាំងនោះជារៀងរាល់ថ្ងៃតាមចិត្តចង់ ដែលសូម្បីតែប្រាក់ខែរាប់ខែឬរាប់ឆ្នាំរបស់នាងក៏នៅមិនអាចទិញបានផង។
បើនិយាយថាទីកន្លែងនោះជាហាងសម្លៀកបំពាក់លំដាប់នោះ គួរតែនិយាយថាជាកន្លែងកំសាន្តអារម្មណ៍ចាយលុយដូចទឹកវិញល្អជាង។
ភ្ញៀវដែលមកកាន់ទីនោះចំណាយប្រាក់យ៉ាងច្រើនសន្ធឹកទៅលើសម្លៀកបំពាក់ ដែលសឹងតែអាចទិញផ្ទះបានមួយខ្នង។ មនុស្សទាំងនោះជះលុយស្រោបលើជីវិតរស់នៅរបស់ពួកគេ ស្រោបលើយុវវ័យដ៏ខ្លីរបស់ពួកគេ លះដៃលះជើងលើការតុបតែងខ្លួនយ៉ាងសុីវីល័យនិងស្រស់ស្អាត ពាក់អាវរោមសត្វថ្លៃនៅលើដងខ្លួនសខ្ចីរបស់ពួកគេ ឬប្រើប្រាស់គ្រឿងអលង្ការថ្លៃទាំងឡាយមកស្រោបស្រប់លើវ័យអាយុកាលដែលសន្សឹមៗកន្លងផុតទៅរបស់ពួកគេ។
តួអង្គទាំងឡាយដែលបោះជំហានជើងចូលមកក្នុងពិភពកំសាន្តអារម្មណ៍នេះ សុទ្ធតែបញ្ចេញមកនូវអានុភាពខ្ពស់សម្ញែង។ សុីងលូធ្លាប់បានចាត់ឱ្យចេញទៅទទួលរាក់ទាក់ភ្ញៀវពិសេសដោយផ្ទាល់ មានព្រះនាងម្ចាស់អុឺរ៉ុប ភរិយារបស់ប្រធានាធីបតី ហើយនាងថែមទាំងធ្លាប់ទទួលរាក់ទាក់ជាមួយព្រះអង្គម្ចាស់អារ៉ាប់និងព្រះជាយាដ៏ស្រស់ស្អាតរបស់ព្រះអង្គម្ចាស់ផងដែរ កុំថាឡើយត្រឹមតែចួបមុខជាមួយនឹងតារាភាពយន្តល្បីនិងពួកអភិជនវណ្ណៈសង្គមជាន់ខ្ពស់ទាំងនោះ។
ការដែលយកខ្លួនទៅជ្រៀតប្រឡូកលិចលង់ទៅក្នុងពិភពកំសាន្តអារម្មណ៍នេះ នឹងឆាប់មានអារម្មណ៍ទទេស្អាតល្វឹងល្វើយ ប្រៀបដូចជាអ្នកញៀនអាភៀន នៅពេលដែលញៀនអាភៀននឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ពឹកស្រពន់ ហើយនិងស្របពេលជាមួយគ្នានោះកាន់តែអាក់អន់ចិត្តនឹងអ្វីៗទាំងអស់នៅក្នុងជីវិតនេះ។
ពួកគេមិនអាចបកក្បាលត្រលប់ក្រោយបានទៀតទេ វាហាក់បីដូចជាស្រមោលផ្សែងអ័ព្ទបង្កើតឡើងដោយការបំភាន់ភ្នែកទាំងនោះទើបជាសុភមង្គលដ៏ពិតប្រាកដ។
មានពេលខ្លះ សុីងលូក៏ដូចបុគ្គលិកស្រីៗដទៃទៀតនៅក្នុងហាងទាំងនោះដែរ ក្រោយពេលដែលចប់ម៉ោងធ្វើការ រង់ចាំមេការហាងចាកចេញទៅផុតភ្លាម ក៏ទាញរនាំងទ្វារបិទជិត ចាប់ទាញសម្លៀកបំពាក់ដែលខ្លួនឯងស្រលាញ់ចុះពីលើធ្នើរទូយកមកស្លៀកពាក់លមើលទៅលើខ្លួនម្ដងមួយៗ រួចក៏ឈរសម្លឹងមើលនៅពីមុខផ្ទាំងកញ្ចក់ធំ ដកដង្ហើមធំស្ញើចសរសើររូបរាងដ៏ស្រស់ស្អាតរបស់រូបខ្លួនឯង។
ដំបូងឡើយ សុីងលូក៏ធ្លាប់មានអារម្មណ៍ត្រេកត្រអាល នៅពេលដែលធ្វើរឿងទាំងនោះដែរ ប៉ុន្តែជាយូរក្រោយៗមកទៀត នៅពេលដែលនាងដឹងខ្លួនថាខ្លួនឯងបានត្រឹមតែស្ទាបប៉ះលើរបស់ខ្ចីពាក់ដ៏ប្រណីតទាំងនេះ កាន់តែធ្វើឱ្យនាងយល់ថាកាន់តែណាយចិត្ត។
នាងមិនឈប់ទទូចស្ដីបន្ទោសភាពអយុត្តិធម៌របស់ព្រះជាម្ចាស់។ សម្បកក្រៅរបស់ភ្ញៀវដែលមកកាន់ទីនេះទាំងអស់នោះគឺមិនស្រស់ស្អាតដូចជានាងនោះទេ រាងរៅក៏មិនស្រស់ស្អាតស្មើនឹងនាងដែរ។ តើព្រះជាម្ចាស់កំពុងតែលេងសើចជាមួយនឹងនាងមែនទេ? ទ្រង់បានផ្លាស់ប្តូរសមាសភាពរបស់នាងជាមួយនឹងពួកមនុស្សទាំងនោះ តើមែនដែរទេ?
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សុីងលូនៅតែត្រូវខាំសង្កត់ធ្មេញវិលត្រលប់មករកការពិតវិញ។ នៅថ្ងៃបន្ទាប់ អ្វីៗទាំងអស់ក៏បានផ្លាស់ប្តូរ។ នាងខិតខំធ្វើការងារយ៉ាងស្ងៀមស្ងាត់ ចូលរៀនវគ្គបណ្តុះបណ្តាលដែលក្រុមហ៊ុនជាអ្នករៀបចំ នាងព្យាយាមរៀនពីរបៀបនៃការតុបតែងស្លៀកពាក់ឱ្យបានល្អជាងមិត្តរួមការងារដទៃទៀត ស្វែងរកទិន្នន័យកត់ត្រាទុក។
នាងដើមឡើយមានទេពកោសល្យពីកំណើតស្រាប់ ដូច្នោះលទ្ធផលតែងឈរនៅលំដាប់កំពូលក្នុងថ្នាក់ជាច្រើនឆ្នាំមកនេះ គ្រូបង្រៀនទាំងអស់សុទ្ធតែផ្តល់ការកោតសរសើរនិងពេញចិត្តចំពោះនាង។ នាងថែមទាំងបានចូលរៀនថ្នាក់ភាសាជប៉ុនផងដែរ។
ឥឡូវនេះ ជារៀងរាល់ថ្ងៃនៅកន្លែងធ្វើការ ទោះសូម្បីតែពេលត្រូវប្រឈមមុខនឹងភ្ញៀវដែលក្រអឺតក្រទមបំផុតនិងមិនគោរពអ្នកដទៃជាទីបំផុតក៏ដោយ ក៏នាងនៅតែញញឹម បម្រើសេវាកម្មយ៉ាងយកចិត្តទុកដាក់។
មិនថាយ៉ាងណាក្ដី មិនបន្ទោសបាន នាងមានពេលខ្លះមិនអាចទប់ទល់ចិត្តនៅតែលួចសម្លៀកបំពាក់ដ៏ប្រណីតនៅលើធ្នើរទូខោអាវទាំងនោះមកលមើលលើខ្លួនរបស់នាង។
រយៈពេលយូរៗទៅ នាងកាន់តែនៅស្ងៀមស្ងាត់និយាយស្ដីតិច ស្រងូតស្រងាត់ លែងខំស្វះស្វែង ហាក់ដូចជាព្រមទទួលយកជោគវាសនានៃជីវិតបែបនេះ។
ក៏ប៉ុន្តែកាន់តែធ្វើយ៉ាងនេះនាងរឹតកាន់តែពោរពេញទៅដោយមហិច្ចតាចង់បាន ក្ដីកំហឹង និងក្ដីខឹងស្អប់។
ទោះនាងស្គមស្គាំង ស្លេកស្លាំង ក៏អ្នកដទៃនៅតែអាចមានអារម្មណ៍អំពីមន្តស្នេហ៍ដ៏ត្រជាក់ល្អូកចេញពីលើខ្លួនរបស់នាង។
ការព្រមចុះញ៉មលើព្រេងវាសនារបស់នាងតាមពិតគឺជាប្រឆាំងតបតមួយបែប នាងព្រមនៅស្ងៀមស្ងាត់ក៏ព្រោះតែនាងយល់ថាហត់នឿយល្វើយកាយ។ ភាពសោះកក្រោះដ៏ឯកោនេះ ធ្វើឱ្យនាងរឹតតែនឹកស្រណោះចំពោះសេចក្ដីស្នេហា ក្តីសង្ឃឹម និងសុភមង្គលដែលធ្លាប់ធ្វើឱ្យបាត់បង់ទៅ។
មានថ្ងៃមួយ សុីងលូកំពុងតែនៅក្នុងហាងរៀបចំសម្លៀកបំពាក់នៅលើធ្នើរ ក៏ស្រាប់តែមានសំឡេងមួយបន្លឺឡើងនៅក្បែរខ្លួននាង៖
«អត់ទោ! ខ្ញុំត្រូវការរកទិញអាវសឺមីមួយ!»
សុីងលូបែរក្បាលទៅក្រោយសម្លឹងទៅរកមើលអ្នកដែលកំពុងនិយាយនោះ។
រូបសម្បត្តិរបស់គេគឺស្អាតសង្ហាខ្លាំងណាស់ គេយួរអាវធំពណ៌ប្រផេះនៅលើដៃមួយជំហៀង នៅលើខ្លួនរបស់គេពាក់អាវសឺមីពណ៌សនិងស្លៀកខោអឺរ៉ុបពណ៌ខ្មៅអ៊ុតត្រង់ផ្លី នៅលើកអាវសឺមីរបស់គេមានចងក្រវ៉ាត់កពណ៌ផ្កាឈូកដិត ស្បែកជើងស្បែកអឺរ៉ុបថ្លៃពណ៌ខ្មៅនៅលើជើងចែងភ្លឺចែងចាំង គេរំលេចស្នាមញញឹម បញ្ចេញធ្មេញទាំងជួរសស្គុសដូចជាព្រិល ទឹកមុខយ៉ាងរីករាយនោះ ពោរពេញទៅដោយភាពរស់រវើកនិងស្វាហាប់ ហាក់បីដូចជាមិនថាឋិតនៅក្នុងកាលៈទេសៈណាក៏អាចបង្កើតនូវចំណុចជាច្រើនដ៏គួរឱ្យជាទីបេតី។
សុីងលូប្រទះឃើញថានៅលើអាវសឺមីត្រង់ដើមទ្រូងរបស់គេមានស្នាមប្រឡាក់កំណកកាហ្វេស្ងួតមួយ។
គេសម្លឹងមើលទៅសុីងលូហើយនិយាយថា៖
«អម្បាញ់មិញនេះនៅហាងកាហ្វេ ខ្ញុំមិនប្រយ័ត្នធ្វើឱ្យកំពប់កាហ្វេប្រឡាក់លើអាវ បន្តិចទៀតត្រូវចេញទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិ ទើបមិនមានពេលត្រលប់ទៅផ្ទះផ្លាស់ប្តូរអាវថ្មី»
«ចា៎! លោក! សូមលោករង់ចាំបន្តិច! ខ្ញុំនឹងទៅយកអាវឱ្យលោករើសមើល! សូមសួរថាតើខ្ញុំគួរហៅនាមលោកយ៉ាងណា?»
គេឆ្លើយតបថា៖
«ខ្ញុំមានត្រកូល យ៉ាង»
សុីងលូសាកសួរ Size អាវរបស់គេ បន្ទាប់មកទៅយកអាវសឺមីប៉ុន្មានឈុតចេញពីធ្នើរ ហើយរៀបដាក់បង្ហាញចេញម្តងមួយៗនៅចំពោះមុខគេ សរុបទាំងអស់មានម៉្ភៃអាវ។
«លោកយ៉ាង! សូមអញ្ចើញមើល តើអាវទាំងអស់នេះយ៉ាងណាដែរ?» នាងសួរទៅគេ។
គេក្រឡេកមើលទៅកាន់អាវសឺមីមួយនៅពីមុខគេ ហើយនិយាយថា៖
«មើលដំបូងៗឃើញថាគ្រាន់បើទាំងអស់!»
សុីងលូបែរផ្ទៃមុខមក កែវភ្នែកភ្លឺមូលក្រឡង់សម្លឹងទៅរកគេ និយាយថា៖
«មែនហើយ! អាវទាំងអស់នេះគឺសុទ្ធតែស័ក្តិសមចំពោះលោក»
គេក្រឡេកមើលសុីងលូ ហើយញាក់ស្មាថា៖
«អ៊ីចឹងទិញយកទាំងអស់តែម្ដងចុះ!»
កែវភ្នែករបស់សុីងលូនៅតែនឹងនរដូចធម្មតា មើលមិនឃើញសញ្ញាណអ្វីទាំងអស់៖
«អរគុណជាខ្លាំងណាស់! លោកយ៉ាង! អ៊ីចឹងតើយប់នេះលោកនឹងពាក់អាវណាទៅចូលរួមពិធី?»
គេឆ្លើយតបទៅនាង:
«នាងជួយជ្រើសរើសយកមួយជួសខ្ញុំទៅ»
សុីងលូក្រឡេកមើលទៅកាន់សម្លៀកបំពាក់និងក្រវ៉ាត់ករបស់គេនៅថ្ងៃនេះ នាងកាន់អាវសឺមីពណ៌សមួយដែលមានប៉ាក់ថ្នេរក្បាច់ផ្កាពណ៌ខ្មៅងងឹត សាកសួរទៅគេដោយស្នាមញញឹមថា៖
«លោកយ៉ាង! អាវនេះលោកយល់យ៉ាងណាដែរ?»
«ស្អាតខ្លាំងណាស់» គេពោលតប។
បន្ទាប់មក សុីងលូនាំផ្លូវគេចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ ពេលគេផ្លាស់ប្តូរអាវថ្មី ដោះក្រវ៉ាត់កចេញ រូបរាងរបស់គេស្រស់សង្ហាខ្លាំងណាស់។
«តើត្រូវការឱ្យខ្ញុំជួយដែរទេ?» សុីងលូពោលសួរ។
«អ្ហ៎… អរគុណ!»
ដៃទាំងពីររបស់គេស៊ូកក្នុងហោប៉ៅ។ សុីងលូឈានដើរចូលទៅជិត លើកដៃឡើងចងខ្សែក្រវាត់កឱ្យគេ។ រោមភ្នែកកោងស្អាតនៅលើត្របកភ្នែករបស់នាងសំយុងចុះទៅមុខ កែវភ្នែករបស់នាងផ្ចិតផ្ចង់ ទម្រង់ផ្ទៃមុខនិងគល់ជើងសក់របស់នាងស្ថិតនៅពីក្រោមពន្លឺភ្លើងចង្កៀងកាន់តែរំលេចនូវភាពស្រស់ស្អាតយ៉ាងឥតខ្ចោះ បបូរមាត់បិទជិតរបស់នាងបញ្ចេញភាពផូផង់ប្រៀបដូចជាស្រទាប់ផ្កាអង្គារសីល៍។
នាងធុំក្លិនចំហាយទឹកអប់ស្រាលៗនៅលើដងខ្លួនរបស់គេ ទាំងស្រពិចស្រពិលថែមទាំងមានអារម្មណ៍ថាខ្យល់ដង្ហើមរបស់គេកំពុងត្រដុសចុះមកលើក្បាលសក់របស់នាង។ ក្បាលរបស់នាងសឹងតែបន្តិចប៉ះត្រូវលើចង្ការបស់គេ ខណៈពេលនោះគេចាប់ភ្លឹកឃើញដោយអចេតាឃើញថានៅលើកអាវបត់របស់នាង មានប្រឡាក់កម្ទេចកំណកម៉្សៅពណ៌ស មើលពីដំបូងទៅហាក់ដូចជាម៉្សៅរបស់កូនក្មេងខ្លាំងណាស់ រំសាយភាយនូវក្លិនក្រអូបដែលធ្វើឱ្យអ្នកដទៃធ្លាក់ក្នុងអន្លង់។
អ្នកទាំងពីរឈរនៅស្ងៀមអស់ជាយូរដោយមិននិយាយស្ដីអ្វី។ បន្ទាប់មកសុីងលូក៏ទម្លាក់ដៃរបស់នាងចុះ ឈានថយចេញបន្តិចរក្សាគំលាតនិយាយថា៖
«រួចរាល់ហើយលោក»
គេលើកដៃឡើងស្ទាបៗក្រវាត់កលើខ្លួនគេដែលបានចងយ៉ាងស្អាតរៀបរយ និយាយតាមត្រង់ទៅ គេពិតជាមិនចង់ទៅចូលរួមពិធីនោះសោះឡើយ គេមិនចូលចិត្តរៀបឫករៀបពារនៅក្នុងទំនាក់ទំនងសង្គមទាំងនោះជាខ្លាំង។
សុីងលូសួរថា៖
«មង្គលការមិត្តល្អមែនទេ?»
«អត់ទេ! គ្រាន់តែជាមិត្តរួមថ្នាក់ចាស់ម្នាក់នៅសាកលវិទ្យាល័យ Stanford»
សុីងលូឧទានឡើង៖
«អូ៎… គឺនៅអាមេរិក…»
«នាងធ្លាប់ទៅអាមេរិកដែរហ្អេស?»
សុីងលូឆ្លើយតប៖
«ខ្ញុំមិនដែលទៅទីនោះទេ គ្រាន់តែ…ខ្ញុំមានមិត្តម្នាក់ កំពុងសិក្សាក្រៅប្រទេសនៅទីនោះ»
គេម្ខាងនោះសួរថា៖ «ចុះឥឡូវនៅទាក់ទងគ្នាទៀតទេ?»
សុីងលូស្រាប់តែនឹកឃើញដល់ឈិនជឺជា កែវភ្នែកផ្ទុកនូវភាពក្រៀមក្រំរបស់នាងព្រិចៗចុះបន្តិច និយាយដោយខ្សឹបខ្សួលថា៖
«លែងនៅទាក់ទងទៀតហើយ»
សុីងលូដកស្លាកតម្លៃចេញពីលើអាវនីមួយៗ នាងទទួលយកកាតធនាគាររបស់ភ្ញៀវម្នាក់នោះហើយក្រឡេកមើលឡើងទៅលើ ឈ្មោះរបស់គេគឺ យ៉ាងជិនមុីញ។ នាងស្នើរសុំឱ្យគេចុះហត្ថលេខាទៅលើក្រដាសវិក័យប័ត្រ។
គេម្ខាងនោះពោលឡើងម្តងទៀតថា៖
«ចាំបន្តិច ខ្ញុំកំពុងតែរកនឹកមធ្យោបាយដើម្បីគេចខ្លួន»
សុីងលូសួរថា៖
«ពិធីប្រារព្ធនៅទីនេះហ្អេស?»
គេម្ខាងនោះងក់ក្បាល ញញឹមៗនិយាយថា៖
«ឮសូរថាអញ្ជើញភ្ញៀវស្ទើរតែពាក់កណ្ដាលទីក្រុងហុងកុងនេះទៅចូលរួម»
សុីងលូលាត់ក្រដាសពណ៌សស្ដើងមួយសម្រាប់ខ្ចប់អីរ៉ាន់ចេញ បន្ទាប់មកបត់អាវរបស់គេដាក់ចូលទៅក្នុង ញញឹមហើយនិយាយថា៖
«មង្គលការតែងជារឿងមួយដែលគួរឱ្យអបអរសាទរ»
នៅពេលដែលនាងងើយមុខឡើង នាងសម្លឹងឃើញកែវភ្នែករបស់គេម្ខាងនោះកំពុងសញ្ចឹងមើលមកនាង ធ្វើឱ្យមុខនាងឡើងក្រហមព្រឿងៗ។
បន្ទាប់មក នាងក៏យកអាវដែលរុំខ្ចប់យ៉ាងស្អាតនោះដាក់ទៅក្នុងថង់ក្រដាស រួចជូនដំណើរភ្ញៀវចាកចេញទៅវិញ។ អ្នកទាំងពីរចែកផ្លូវគ្នានៅមាត់ទ្វារ។ នាងឃើញរូបគេដើរតែម្នាក់ឯងទៅកាន់សាលពិធីដែលស្ថិតនៅជាន់ទីពីរ ផែនខ្នងអាវធំពណ៌ប្រផេះនោះក៏សន្សឹមៗរសាត់បាត់ចេញពីកន្ទុយភ្នែកនាងបន្តិចម្តងៗ។
នៅថ្ងៃបន្ទាប់ យ៉ាងជិនមុីញក៏បានមកម្ដងទៀត។
នៅពេលគេបានឃើញសុីងលូ គេរំលេចស្នាមញញឹមបង្ហាញធ្មេញសស្អាត ដោយនិយាយថា៖
«ម្សិលមិញខ្ញុំស្ដាប់តាមសំដីនាង អង្គុយរហូតដល់ចប់កម្មវិធី ញ៊ាំឆ្អែតខ្លាំងឡើងប៉ោងពោះ ហេតុនេះហើយខ្ញុំត្រូវការទិញខោថ្មីបន្ថែម»
សុីងលូក៏សួរថា៖
«តើលោកពេញចិត្តម៉ូតណាដែរ?»
គេឆ្លើយតបថា៖
«នាងជួយជ្រើសរើសជួសខ្ញុំពីរបីសម្រាប់មកចុះ! ព្រោះថ្វីភ្នែកជ្រើសរើសសម្លៀកបំពាក់របស់នាងគឺពិតជាល្អណាស់!»
ក៏ដូចជាពីម្សិលមិញផងដែរ គេបានទិញយកខោទាំងអស់ដែលសុីងលូជ្រើសរើស។
. . . . .
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ