ម៉ោងជាងបីរសៀល…
ខ្ញុំរលះរលាំងបោះជំហានញាប់ៗនៅតាមផ្លូវ ទាំងដៃម្ខាងយួរថង់ក្រូចមួយស្បោងរណេងរណោងតម្រង់ទៅផ្ទះអ្នកគ្រូណី ព្រោះតែពួកយើងបានព្រមព្រៀងគ្នារួចរាល់ហើយថានឹងទៅសួរសុខទុក្ខស្រីយ៉ែននៅល្ងាចនេះតែម្ដង ហើយម្យ៉ាងទៀតមេឃមើលទៅក៏ដូចជាមិនបានធ្វើទុក្ខអ្វីដែរ។
ខ្ញុំខំប្រឹងដើរញាប់រន្ថាន់ឈានអស់ៗជំហានជើងព្រោះអីខ្ញុំបានណាត់អ្នកគ្រូណីនៅម៉ោងបីកន្លះ ប៉ុន្តែឥឡូវនេះខ្ញុំបែរជាកំពុងដើរតាមផ្លូវទៅវិញ។
«ហើយបើយ៉ាងហ្នឹងៗ ប៉ះ date អ្នកគ្រូណីថ្ងៃដំបូងអីមិនកុនទៅហើយទេអ្ហីអាសុណាន់?!»
ខ្ញុំហួសចិត្តនឹងខ្លួនឯង ប៉ុន្តែបើបន្ទោសខ្លួនឯងក៏ដូចជាមិនត្រូវគួរណាស់តែបន្ទោសម៉ូតូខ្ញុំដែលមកលេលាធ្លាយកង់ចំពេលដ៏សំខាន់នេះទៅវិញទេ។ បើមិនអ៊ីចឹងទេខ្ញុំទៅមុនកន្លះម៉ោងឯណុះ។ ហិហិ!!
នៅទីបំផុត ដោយគ្មានជម្រើសអ្នកគ្រូណីក៏សុខចិត្តដើរបណ្ដើរគ្នាជាមួយខ្ញុំទៅផ្ទះពូយ៉នតែម្ដង។ ពួកយើងបណ្ដើរគ្នានៅលើផ្លូវធំក្រាលក្រួសក្រហមបានមួយភ្លែតក៏ស្រាប់តែអ្នកគ្រូណីចុះទៅតាមកូនផ្លូវលំមួយ ដែលបែកចេញពីស្ដាំដៃផ្លូវក្រួសក្រហម។
នាងក៏ដើរនាំមុខខ្ញុំយ៉ាងរំភើយកាត់តាមចម្ការពោតនិងចម្ការដំឡូងដែលម្ចាស់ចម្ការគេដាំដុះនៅអមសងខាងផ្លូវខណៈខ្ញុំកំពុងតែមីងមាំងងាកឆ្វេងងាកស្ដាំ៖
«ក្រែងផ្លូវចូលផ្ទះពូយ៉ននៅដល់ផ្លូវបំបែកអ្ហេសអ្នកគ្រូ?!»
អ្នកគ្រូណីបន្តបោះជំហានលឿនលយទាំងស្រដីច្បាស់ៗ៖
«ហ្នឹងជាផ្ទះភូមិគាត់! ចំណែកផ្លូវដែលខ្ញុំកំពុងនាំលោកគ្រូដើរនេះ គឺស្កាត់ទៅខ្ទមចម្ការគាត់ឯណុះ! កាលពីរសៀលមិញពុកត្រលប់មកពីវត្ត គាត់បានប្រាប់ខ្ញុំថាពូយ៉នមិនបាននៅផ្ទះភូមិទេ បើអ៊ីចឹងគាត់មានតែនៅខ្ទមចម្ការគាត់ហ្នឹងឯង!!»
ខ្ញុំដូចជាភាំងបន្តិច។ ជាធម្មតាទេដែលខ្ទមស្ថិតនៅកណ្ដាលចម្ការវារមែងតែស្ងាត់ជ្រងំហើយសម្បូរទៅដោយមូសនិងសត្វអាសិរ្ពិសផ្សេងៗ ប៉ុន្តែហេតុអីក៏ពូយ៉នទៅនៅខ្ទមចម្ការ ទាំងដែលស្រីយ៉ែនក៏ទើបនឹងចេញពីពេទ្យព្រឹកមិញនេះឯង។
ឬមួយក៏គាត់ត្រលប់មកផ្ទះភូមិវិញនៅពេលល្ងាច?! អ្វីដែលសំខាន់នៅពេលនេះគឺថាកូនផ្លូវលំដែលខ្ញុំនិងអ្នកគ្រូណីកំពុងដើរនេះ ពិតជាមានសភាពស្ងប់ស្ងាត់ហើយតូចចង្អៀតមែនទែន ពោលគឺដើរបានតែមួយខ្លួនម្នាក់តែប៉ុណ្ណោះ។ ទិដ្ឋភាពបែបនេះធ្វើឱ្យខ្ញុំនឹកឆ្ងល់អ្នកគ្រូណី ដែលនាងហ៊ានទុកចិត្តនាំខ្ញុំមកដើរកាត់តាមកូនផ្លូវលំស្ងាត់ជ្រងំបែបនេះតែពីរនាក់ ប៉ុន្តែបើនិយាយឱ្យអស់ទៅសូម្បីតែឪពុកម្ដាយអ្នកគ្រូណីក៏ដូចជាទុកចិត្តខ្ញុំណាស់ដែរ ព្រោះអីនៅពេលដែលខ្ញុំដើរទៅហៅអ្នកគ្រូណីនៅឯផ្ទះរបស់នាងនោះ ឪពុកម្ដាយនាងមើលទៅដូចជារួសរាយរាក់ទាក់នឹងខ្ញុំដែរ។
ប្រោក!!! ឌឹបៗ (សំឡេងសន្ធឹកជើងរត់ត្របាញ់បន្តគ្នា)
ខ្ញុំភ្ញាក់ព្រើតរួចក៏ទច់ង៉ក់ ចោលភ្នែកសម្លឹងទៅប្រភពសំឡេងទាំងភាន់ភាំងក៏ប្រទះនឹងយុវជននិងយុវតីពីរនាក់ កំពុងរត់បន្តគ្នាបំបែកទៅតាមកូនផ្លូវលំមួយខ្សែទៀត។ ភ្លាមនោះស្រាប់តែអ្នកគ្រូណីបន្លឺវាចាខ្សាវៗតឹងផ្អឹះដូចចាប៉ីជិតដាច់ខ្សែ៖
«យី! ក្មេងៗអស់នេះមិនគិតនាំគ្នាទៅរៀនសូត្រទេបែរជាមកពពាក់ពពូនគ្នានៅតាមគុម្ពដុបគុម្ពព្រៃទៅវិញ! ដល់ទៅឃើញឯងបានវានាំគ្នាផ្អើលរត់គេចដូចគោហ្វូង! ចំមែនហើយ!!»
អស់ពីស្រឡាំងកាំង ខ្ញុំក៏បែរជានឹកអស់សំណើចនឹងអ្នកគ្រូណីព្រោះពេលនាងក្រពុលមុខបែបនេះ មើលទៅដូចជាគួរឱ្យចង់សើចម៉េចមិនដឹងទេ។ អ្នកគ្រូណីក៏ងាកមកសម្លឹងខ្ញុំដែលកំពុងឈរសើចយកដៃក្ដោបមាត់ ដោយទឹកមុខងឿងឆ្ងល់។
នាងរៀបនឹងស្រដីតែខ្ញុំក៏លើកចិញ្ចើមម្ខាងនិយាយតិចៗទៅកាន់នាងមុន៖
«កុំមាត់ឡូឡាប្រយ័ត្នក្មេងវ៉ៃណ៎ាអ្នកគ្រូ!…តែថាទៅអ្នកគ្រូមិនបាច់ភ័យទេ ព្រោះអីមានបុរសក្លាហានដូចជាខ្ញុំនៅចាំការពារអ្នកគ្រូស្រាប់ហើយ! ហេសហេ!!»
ខ្ញុំបញ្ចប់ប្រយោគ រួចក៏ញាក់ចិញ្ចើមមួយដាក់អ្នកគ្រូណីយ៉ាងច្រឡឺមព្រមទាំងធ្វើកាយវិការបង្ហាញសាច់ដុំឱ្យអ្នកគ្រូណីមើលថែមទៀត។ ឃើញបែបនេះអ្នកគ្រូណីក៏ព័ន្ធដៃចូលគ្នាគ្រលៀសភ្នែកមួយយំដោយអាការៈហួសចិត្ត៖
«ខ្ពើមសាច់ដុំកង្កែបណាស់! លោកគ្រូខ្លួនឯងយករួចខ្លួនឱ្យបានសិនទៅ មិនចាំបាច់មកចង់ការពារខ្ញុំទេ ព្រោះអីស្រួលមិនស្រួលខ្ញុំអាចនឹងអូសលោកគ្រូទីងណាត់ទីងណែងយកទៅដាក់នៅផ្ទះទៀតផងក៏មិនដឹង! ហ៊ឹះៗ!!»
អ្នកគ្រូណីនិយាយចប់ក៏ពេបមាត់បំបែរខ្លួនដើរទៅរ៉ុយ ធ្វើឱ្យខ្ញុំឯណេះរឹងជើងដូចជាប់ជីពចរព្រោះត្រូវមួយផ្លែរបស់នាងអម្បាញ់មិញ។ ប៉ុន្តែមិនថ្វីទេព្រោះខ្ញុំធ្លាប់ឮមិត្តនៅវិទ្យាស្ថានខ្ញុំប្រាប់ថា បើសិនជាមនុស្សស្រីខឹងគឺមានន័យថាមនុស្សស្រីស្រឡាញ់។ នឹកឃើញបែបនេះ ខ្ញុំក៏ញញឹមពព្រាយម្នាក់ឯងដូចជាមនុស្សឆ្កួត លុះក្រឡេកឃើញអ្នកគ្រូណីដើរនាំមុខឆ្ងាយណាស់ទៅហើយ ខ្ញុំក៏ប្រញាប់រត់ដេញតាមអ្នកគ្រូណីទាំងស្រែកបង្កូកល្វើយៗផង៖
«ចាំខ្ញុំផងអ្នកគ្រូ!!»
ខ្ញុំមកតាមទាន់អ្នកគ្រូណីទាំងហត់គឃូស។ មនុស្សស្រីខ្លួនតូចតែមួយ អីក៏ដើរលឿនដល់ថ្នាក់នេះ? ខ្ញុំសម្រួលដង្ហើមរៀបនឹងបូរបាច់ជាថ្មីស្រាប់តែ…
វូ!! រ៉ាវ!! ភ្លៀងស្រាប់តែបង្អុរចុះមកភ្លាមៗដោយមិនបានត្រៀមទុក។ ខ្ញុំក៏ចលាចលនិយាយទៅកាន់អ្នកគ្រូណីទាំងលើកដៃម្ខាងបាំងភ្នែក៖
«មេឃភ្លៀងហើយអ្នកគ្រូ!!»
«ទៅរកកន្លែងជ្រកសិនទៅលោកគ្រូ!! មកតាមខ្ញុំមក!!»
ស្របជាមួយនឹងប្រយោគនេះ អ្នកគ្រូណីក៏រត់ទៅស្ដាំដៃដើម្បីទៅរកកន្លែងជ្រក។ ខ្ញុំក៏រត់តាមពីក្រោយនាង រហូតទៅដល់ក្នុងរោងមួយដែលអ្នកភូមិសង់ទុកចោលដើម្បីមកធ្វើចម្ការម្ដងម្កាល។ ខ្ញុំក៏ដាក់ថង់ក្រូចចុះទៅលើរនាបឈើឫស្សីមួយរួចក៏យកដៃម្ខាងឈ្លីសក់ ដៃម្ខាងទៀតរលាស់អាវតិចៗ ទាំងចោលភ្នែកសម្លឹងទៅទឹកភ្លៀងសក្បុសហូរស្រោចស្រពពេញចម្ការដំឡូង៖
«មេឃអត់ទំនងភ្លៀងសោះតែបែរជាមកភ្លៀងឱ្យដូចចាក់ទឹកទៅវិញ!!»
ខ្ញុំក្រឡេកទៅអ្នកគ្រូណី ឃើញនាងកំពុងអង្គុយលើគ្រែរនាបឫស្សីបែរមុខទៅទិសម្ខាងទៀតដោយសភាពស្ងប់ស្ងាត់។ មួយសន្ទុះទើបនាងបន្លឺសំឡេងតិចៗសឹងតែស្ដាប់មិនឮព្រោះសំឡេងទឹកភ្លៀងធ្លាក់ចុះមកលើដំបូងស័ង្កសីលាន់ឮប្រាវៗរណ្ដំគ្រាំគ្រេង៖
«មេឃមើលទៅដូចជាមិនងាយរាំងទេ!!»
ខ្ញុំងាកមកវិញរួចក៏រំកិលខ្លួនទៅកៀកនឹងជញ្ជាំងស័ង្កសីដែលបាំងរោងមួយចំហៀងគ្រាន់កុំឱ្យភ្លៀងសាច ទាំងដាក់ភ្នែកទៅជ្រុងម្ខាងសម្លឹងមើលទៅដើមដំឡូងដែលកំពុងយោលយោគដោយកម្លាំងខ្យល់បក់និងលំហូរទឹកភ្លៀង។ ស្ថិតក្នុងស្ថានភាពនេះខ្ញុំដូចជាមានអារម្មណ៍ស្រណោះស្រណោកនឹកដល់ស្រុកកំណើតរកថាមិនត្រូវ ព្រោះអីតាំងពីមកបង្រៀនទីនេះបានប៉ុន្មានខែខ្ញុំមិនទាន់បានឡើងទៅលេងផ្ទះម្ដងទេ។
ភ្លៀងដូចជារាងស្រាកបន្តិច ខណៈខ្ញុំនៅតែបន្តបណ្ដែតអារម្មណ៍ឱ្យហោះហើរទៅតាមទិដ្ឋភាពបក់បោកនៃដើមដំឡូង។ មួយរំពេចនោះស្រាប់តែខ្ញុំភ្ញាក់ព្រើត ព្រោះថាខ្ញុំដូចជាមើលឃើញស្រមោលមនុស្សអូសអ្វីក៏មិនដឹង នៅក្នុងចម្ការដំឡូងឆ្ងាយពីខ្លួនខ្ញុំប្រហែលជាជាង២០ម៉ែត្រ។ ខ្ញុំរេកែវភ្នែករំពៃចុះឡើងដោយការចង់ដឹងចង់ឮ ក៏ប៉ុន្តែម្ដងនេះភ្លៀងស្រាប់តែបង្អុរចុះមកខ្លាំងៗជាថ្មី ដែលមិនអនុញ្ញាតឱ្យខ្ញុំបានមើលឃើញដើមដំឡូងច្បាស់ផងទេ។
«នរណាធ្វើស្អីទាំងមេឃភ្លៀងអ៊ីចឹង?!»
អ្នកគ្រូណីទំនងជាឮសំឡេងខ្ញុំរង៉ូវៗ ទើបនាងដំឡើងសំឡេងប្រជែងនឹងសំឡេងទឹកភ្លៀងដែលធ្លាក់ចុះមកលើដំបូងស័ង្កសីដើម្បីសួរនាំខ្ញុំ៖
«លោកគ្រូនិយាយថាម៉េច?!»
ខ្ញុំភ្ញាក់ព្រើតងាកទៅសម្លឹងអ្នកគ្រូណីទាំងគ្រវីក្បាលតិចៗ៖
«អត់មានអីទេអ្នកគ្រូ!! (ខ្ញុំបោះជំហានទៅអង្គុយលើគ្រែរនាបឫស្សី) ចុះខ្ទមចម្ការពូយ៉ននៅឆ្ងាយពីនេះទៀតដែរទេ?!»
«មិនជាឆ្ងាយប៉ុន្មានទេ តែមិនដឹងថ្មើរណាទើបមេឃរាំងភ្លៀង!!»
អ្នកគ្រូណីបញ្ចប់ប្រយោគទាំងក្របួចមាត់រេក្រសែភ្នែកមើលទៅគ្រាប់ភ្លៀងសក្បុស។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏នាំអ្នកគ្រូណីព្រោកប្រាជ្ញពីរឿងនេះរឿងនោះរង់ចាំឱ្យមេឃរាំងភ្លៀង។ ធម្មជាតិមិនទៀងទាត់ពិតមែន ព្រោះសន្សឹមៗភ្លៀងក៏ចាប់ផ្ដើមស្រាក។ អ្នកគ្រូណីក៏ស្ទុះងើបពីគ្រែរនាបឫស្សីទាំងគ្រលៀសវាចាយ៉ាងរហ័ស៖
«ភ្លៀងរាំងហើយ! បើចឹងយើងប្រញាប់ទៅខ្ទមចម្ការពូយ៉នទៅ!!»
អ្នកគ្រូណីស្រដីរួច ក៏រលះរលាំងចេញទៅយ៉ាងប្រញាប់ រកតែខ្ញុំឆ្លើយតបមិនទាន់។ ឃើញបែបនេះខ្ញុំក៏ស្រូតដើរទៅតាមអ្នកគ្រូណីទាំងត្រដាបត្រដួសព្រោះតែដីក្រោយភ្លៀងប្រែជាជាប់ស្អិតតតាត់។
លើកនេះអ្នកគ្រូណីក៏នាំខ្ញុំដើរកាត់តាមចម្ការដំឡូងដើម្បីឱ្យឆាប់ទៅដល់ផ្ទះពូយ៉ន។ ប៉ុន្តែផ្លូវកាត់តាមចម្ការដំឡូងលើកនេះគឺមិនបាច់ថ្លែងនោះទេ។ ខ្ញុំនិងអ្នកគ្រូណីត្រូវបង្ខំចិត្តដោះទ្រនាប់ជើងយកមកកាន់ ក៏ព្រោះតែដីក្នុងចម្ការគឺជាប់ស្អិតលើសដីផ្លូវលំទ្វេគុណឯណោះ។ ខ្ញុំដែលមិនសូវជាប្រសប់ដើរតាមរងដំឡូងដូចជាអ្នកគ្រូណី ក៏រកកល់រអិលដួលជាច្រើនដង បើកុំតែអ្នកគ្រូណីរវៀសចាប់ដៃខ្ញុំជាប់ទេនោះ។ លុះកំពុងតែដើរទប់ៗបណ្ដើរទាំងលួចរអ៊ូបន្ទោសមេឃបណ្ដើរផងនោះក៏ស្រាប់តែ…
«អ្នកគ្រូ!!!»
សំឡេងដ៏ស្រាលស្ងើករបស់ខ្ញុំ គឺវាខុសគ្នាស្រឡះពីកម្លាំងដៃរបស់ខ្ញុំដែលកំពុងកញ្ឆក់រាងកាយអ្នកគ្រូណីយកមកឱបក្រសោប ឱនចុះនៅក្នុងគុម្ពោតដំឡូង។ អ្នកគ្រូណីភ្ញាក់ក្រញាង ប្រែជាបើកភ្នែកក្រឡង់ ស្ទុះបម្រះពីរង្វង់ដៃខ្ញុំទាំងរៀបនឹងបន្លឺវាចាសួរនាំក៏ប៉ុន្តែ…
«ស៊ូច!!»
ខ្ញុំលែងដៃពីរាងកាយអ្នកគ្រូណី រួចក៏យកម្រាមចង្អុលដៃដាក់នៅលើបបូរមាត់ទាំងបញ្ចេញសំឡេងតិចៗជាសញ្ញាឱ្យអ្នកគ្រូណីស្ងាត់។ អ្នកគ្រូណីក៏ស្ងាត់មាត់ភ្លាមៗ ប៉ុន្តែទោះបីជាយ៉ាងណានាងក៏នៅតែបន្តសម្លឹងខ្ញុំមុខដោយអាការៈភាន់ភាំងហាក់ដូចជាកំពុងប្រើកែវភ្នែកសួររកហេតុផលពីខ្ញុំយ៉ាងដូច្នោះ។
ម្ដងនេះខ្ញុំក៏ដាក់ភ្នែកសម្លឹងទៅតាមផ្លូវដែលខ្ញុំនិងអ្នកគ្រូកំពុងតែនាំគ្នាដើរអម្បាញ់មិញ ទាំងនិយាយខ្សាវៗត្បៀតៗសឹងតែស្ដាប់មិនឮ៖
«ខ្ញុំ…ខ្ញុំដូចជាបានឃើញនរណាម្នាក់កំពុងអូសអ្វីម្យ៉ាង!!»
លុះឮបែបនេះអ្នកគ្រូណីក៏ងាកមុខសម្លឹងទៅតាមក្រសែភ្នែករបស់ខ្ញុំដោយអាការៈស្រឡាំងកាំងទាំងឆ្លៀតវាចាខ្សាវៗដោយការប្រុងប្រយ័ត្ន៖
«អ្នកណា?…លោកគ្រូបានឃើញអ្នកណា? ចុះអ្នកណាមកធ្វើស្អីនៅក្នុងចម្ការទាំងដីស្អិតតតាត់បែបនេះ?!»
ខ្ញុំមិនចាប់ភ្លឹកតបជាមួយអ្នកគ្រូណីឡើយ ប៉ុន្តែផ្ទុយទៅវិញខ្ញុំកំពុងតែងើបខ្លួនសន្សឹមៗដោយអាការៈប្រុងប្រយ័ត្ន ទាំងត្របាញ់ខ្សែភ្នែកទៅកន្លែងដែលខ្ញុំបានប្រទះឃើញនរណាម្នាក់អូសអ្វីម្យ៉ាងមួយក្រឡេកមុននេះ។
ខណៈនោះអ្នកគ្រូណីក៏សសៀរលបៗងើបឈរតាមពីក្រោយខ្ញុំដែរ។ ជើងទាំងគូសុទ្ធតែភក់របស់ខ្ញុំក៏ចាប់ផ្ដើមបោះជំហានលបៗ ឆ្ពោះទៅកន្លែងដែលខ្ញុំបានប្រទះឃើញមនុស្សម្នាក់ដោយចៃដន្យអម្បាញ់មិញ ដោយមានអ្នកគ្រូណីឈានជំហានស្រាលៗសឹងតែមិនហ៊ានដកដង្ហើមតាមពីក្រោយផង។ មួយសន្ទុះក្រោយមកខ្ញុំនិងអ្នកគ្រូណីក៏ស្រាប់តែមកប្រទះនឹងដានដីបែកវ៉ល់ទំហំប៉ុនខ្លួនមនុស្សចាក់ចូលជ្រៅទៅក្នុងចម្ការដំឡូង។ អ្នកគ្រូណីក៏ស្រដីខ្សឹបៗដោយទឹកមុខស្រឡាំងកាំង៖
«ដានស្អីហ្នឹងលោកគ្រូ?!»
ខ្ញុំងាកទៅសម្លឹងអ្នកគ្រូណីដោយទឹកមុខតឹងតែង ខណៈគ្រាប់ញើសតូចៗកំពុងដណ្ដើមគ្នាហូរស្រក់ជោកពេញខ្នងនិងជើងសក់របស់ខ្ញុំ៖
«យើងប្រញាប់តាមទៅមើលទៅ!!»
ជាមួយនឹងប្រយោគស្រាលដូចសំឡី ខ្ញុំក៏បោះជំហាននាំមុខអ្នកគ្រូណីយ៉ាងប្រយ័ត្នប្រយែង ដើម្បីដេញតាមស្នាមដានដ៏ចម្លែកនោះបន្តទៀត។ នៅពេលនេះខ្ញុំលែងមានអារម្មណ៍ដឹងថា ដីចម្ការកំពុងតែបែកវ៉ល់ស្អិតជាប់បាតជើងរបស់ខ្ញុំទៀតហើយ ប៉ុន្តែផ្ទុយទៅវិញអារម្មណ៍របស់ខ្ញុំបែរជាពាំនាំនូវរូបភាពសាកសពរបស់ប្អូនធាមដែលត្រូវបានគេកប់បំបិទព័ស្តុតាងនៅក្នុងចម្ការដំឡូងទៅវិញ។ បន្ទាប់ពីសសៀរលបៗតាមរងដំឡូងដេញតាមស្នាមដាននោះបានមួយស្របក់ស្រាប់តែ….
ក្ឌុង!!!
ខ្ញុំនិងអ្នកគ្រូណីក៏គាំងជើងដូចជាប់ជីពចរ បែរមុខមកសម្លឹងគ្នាដោយកែវភ្នែកស្រឡាំងកាំងលាយឡំដោយអារម្មណ៍តក់ស្លុតរកបរិយាយមិនត្រូវ ក៏ព្រោះតែសំឡេងអម្បាញ់មិញ គឺហាក់ដូចជាសំឡេងធ្លាក់អ្វីម្យ៉ាងចូលទៅក្នុងទឹក ដែលវាប្រៀបបានទៅនឹងប្រផ្នូលដ៏អាក្រក់សម្រាប់ពួកយើងនៅពេលនេះ។ ភ្លាមនោះអ្នកគ្រូណីក៏រេក្រសែភ្នែកចុះឡើងទាំងស្រដីខ្សឹបៗលាក់បង្កប់នូវភាពភ្ញាក់ផ្អើល៖
«មែនហើយ! ស្រះ!! គឺស្រះទឹកនៅក្នុងចម្ការរបស់ពូយ៉ន!!»
ខ្ញុំភ្ញាក់ប្រហោងពោះប៉ុនកញ្ជើពេលស្ដាប់ឮសម្ដីអ្នកគ្រូណី។ ខ្ញុំបម្រុងនឹងគ្រលៀសសំណួរសួរអ្នកគ្រូណី ប៉ុន្តែអ្នកគ្រូណីក៏និយាយខ្សាវៗបង្អាក់ជាមុន៖
«ពូយ៉នធ្លាប់ប្រាប់ពុកថា គាត់ទុកដីចម្ការមួយចំណែកដើម្បីជីកស្រះគ្រាន់យកទឹកស្រោចដំណាំកៀនកោះ! ដូច្នេះបន្ទាប់ពីសន្សំលុយបានកាលពីឆ្នាំទៅ គាត់ក៏បានជួលគេឱ្យមកជីកស្រះ មានជម្រៅដល់ទៅមួយដៃអេស្កា (គ្រឿងយន្តជីកដី) ឯណោះ!!»
«បើអ៊ីចឹងសំឡេងមុននេះ…បានន័យថាមានស្អីម្យ៉ាងធ្លាក់ចូលក្នុងស្រះទឹករបស់ពូយ៉នអ្ហេស?!»
ខ្ញុំបន្លឺមួយប្រយោគទាំងតឹងទ្រូង ខណៈអ្នកគ្រូណីចាប់បន្តឃ្លា៖
«ចុះវាទាក់ទងស្អីនឹងដាននេះ?!»
ខ្ញុំដាក់ភ្នែកមើលទៅស្នាមដានទំហំប៉ុនខ្លួនមនុស្សនៅខាងស្ដាំដៃ ដែលវាបន្តអូសបន្លាយរហូតដល់លិចកំបាំងនៅក្នុងដើមដំឡូងច្រូងច្រាង បាំងបិទអស់ទិដ្ឋភាពគ្រប់យ៉ាងលាន់ឮតែសំឡេង “ក្ឌុង” មុននេះបន្តិចតែប៉ុណ្ណោះ។ ចុះនរណាធ្វើស្អីនៅពីក្រោយដើមដំឡូងស៊ុបទ្រុបនោះ?! ដោយកម្សួលចិត្តពុះកញ្ជ្រោលចង់ឃើញទិដ្ឋភាពនៅពីក្រោយដើមដំឡូងស៊ុបទ្រុបនោះ ខ្ញុំនិងអ្នកគ្រូណីក៏បន្តបោះជំហានលបៗទៅមុនបន្តទៀត។ ប៉ុន្តែមិនទាន់ទាំងឈានបានពីរជំហានស្រួលបួលផង ក៏ស្រាប់តែ…
«ហ៊ឺ…ឈប់ហើយ…ឈប់ហើយ…ហ៊ឺ…!!»
ខ្ញុំនិងអ្នកគ្រូណីក៏ទច់ដំណើរជាលើកទីពីរ ចាប់ចោលភ្នែកទៅខាងឆ្វេងដៃរំលងកាត់ដើមដំឡូងច្រូងច្រាង ឆ្ពោះទៅតាមទិសដៅសំឡេងដែលលាន់ឮល្វើយៗអម្បាញ់មិញ។ បើសិនជាផ្ទៀងស្ដាប់បន្តិចគឺច្បាស់ជាអាចដឹងថា នោះគឺជាសំឡេងយំសោកអង្វរករបស់មនុស្សស្រីម្នាក់ ហើយមនុស្សស្រីនោះគឺជា…
«ស្រីយ៉ែន?!»
អ្នកគ្រូណីឧទានតិចៗទាំងភ្ញាក់ផ្អើល ខណៈខ្ញុំចោលភ្នែកសម្លឹងទៅអ្នកគ្រូណីទាំងបន្តផ្ទៀងស្ដាប់សំឡេងអម្បាញ់មិញ។ ប្រាកដណាស់ថានេះជាលើកទីមួយហើយដែលខ្ញុំបានឮសំឡេងស្រីយ៉ែន ដូច្នេះខ្ញុំក៏ប្រញាប់សួរបញ្ជាក់អ្នកគ្រូណី៖
«ហ្នឹងឬសំឡេងស្រីយ៉ែន? ចុះអ្នកគ្រូប្រាកដចិត្តហើយអ្ហេសថានោះជាសំឡេងរបស់នាង?!»
អ្នកគ្រូណីងក់ក្បាលផ្ងក់ៗឥតបង្អង់៖
«ខ្ញុំចាំបានមិនច្រឡំទេ…គឺជាសំឡេងរបស់ស្រីយ៉ែនពិតមែន!!»
ម្ដងនេះខ្ញុំនិងអ្នកគ្រូណីក៏សម្លឹងមុខគ្នាភាំង។ ក្រសែភ្នែករបស់ពួកយើងទាំងពីរគឺហាក់បញ្ជាក់ប្រាប់គ្នាទៅវិញទៅមកថា កំពុងតែមានរឿងអ្វីម្យ៉ាងកើតឡើងចំពោះស្រីយ៉ែនយ៉ាងពិតប្រាកដ។
នៅទីបំផុតខ្ញុំនិងអ្នកគ្រូណីក៏បង្វែរទិសដៅ ទៅរកខ្ទមចម្ការពូយ៉នដែលជាប្រភពសំឡេងរបស់ស្រីយ៉ែនអម្បាញ់មិញវិញម្ដង។ គិតចុះគិតឡើង ពួកយើងទាំងពីរនាក់បានមកដល់ខ្ទមចម្ការពូយ៉ន តែមិនមែនក្នុងសភាពជាអ្នកសួរសុខទុក្ខស្រីយ៉ែនឡើយ។ ផ្ទុយទៅវិញពួកយើងទាំងពីរនាក់បែរជាមកដល់ទីនេះក្នុងសភាពលឹបល បោះជំហានលបៗចូលទៅកៀកនឹងជញ្ជាំងខ្ទមចម្ការ ដើម្បីចាំផ្ទៀងត្រចៀកស្ដាប់សំឡេងពីខាងក្នុងខ្ទមចម្ការនោះទៅវិញ។
បើពិចារណាសព្វៗទៅ ខ្ញុំនិងអ្នកគ្រូណីគឺហាក់ដូចជាចារបុរសចារនារី ឬក៏ជាភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិសដូចនៅក្នុងភាពយន្តហុងកុងយ៉ាងម៉េចក៏មិនដឹង។
«អូយ!…ហ៊ឺឈប់ហើយ…ខ្ញុំឈប់ហើយពុក!! អូយ…ខ្ញុំខ្លាចហើយ…ហ៊ឺ…ខ្ញុំឈឺណាស់ពុក…ហ៊ឺ…!!»
សំឡេងសន្ធឹកវាយវ័ធ ជាមួយនឹងសម្រែកយំអង្វរករបស់ស្រីយ៉ែនលាន់ឮចេញមកគ្រលួចធ្វើឱ្យខ្ញុំនិងអ្នកគ្រូណី ដែលខំប្រឹងសសៀរតាមជញ្ចាំងខ្ទមគាំងជើងស្ដូងមួយកន្លែងតែម្ដង។
នេះពូយ៉នកំពុងតែវ៉ៃស្រីយ៉ែនអ្ហេស?! តើមានរឿងអី?! ក្រែងស្រីយ៉ែនទើបនឹងចេញពីមន្ទីរពេទ្យពូយ៉នក៏ដឹងច្បាស់ តែមានរឿងអីទើបគាត់ដល់ថ្នាក់ប្រើហិង្សាទៅលើកូនស្រីបែបហ្នឹងទៅវិញ?
«អឺ! បើដឹងឈឺល្អហើយ! លើកក្រោយឈប់យំទួញសោកស្ដាយអាតំណក់ឈាមខ្មៅមួយដុំហ្នឹងទៀត បើមិនអ៊ីចឹងទេអញសំពងក្បាលហងឯងឱ្យងាប់ទៅតាមវាទាំងឪទាំងកូនជាមិនខាន!!»
សំឡេងគ្រលរៗតឹងសរសៃករបស់ពូយ៉ន ដែលខ្ញុំមិនធ្លាប់បានឮទាល់តែសោះនោះ ក៏ចាប់ផ្ដើមសាយភាយចេញមកពីក្នុងខ្ទមដែលហាក់ដូចជាពាំនាំនូវភាពស្រឡាំងកាំងមីងមាំងមកឱ្យខ្ញុំនិងអ្នកគ្រូណី ដែលកំពុងតែអង្គុយសំងំលបស្ដាប់នៅខាងក្រោយខ្ទមផងដែរ។
តាមដែលខ្ញុំស្ដាប់ឮមិនច្រឡំ ពូយ៉នប្រើពាក្យ “អាតំណក់ឈាមខ្មៅមួយដុំ” គឺសំដៅដល់កូនក្នុងផ្ទៃស្រីយ៉ែនដែលរលូតទៅនោះអ្ហេស?! បើដូច្នេះមានន័យថាស្រីយ៉ែនពិតជាមានផ្ទៃពោះ ហើយរលូតកូនក្នុងឧបទ្ទវហេតុឡានកៀរនោះមែន។
ប៉ុន្តែបើដូច្នោះ តើនរណាជាឪពុករបស់កូននោះទៅ?! សំណួរជាច្រើនប្រជ្រៀតគ្នាចូលលុកលុយក្នុងខួរក្បាលរបស់ខ្ញុំ ធ្វើឱ្យខ្ញុំកាន់តែអន្ទះសាចង់ឃើញទិដ្ឋភាពនៅក្នុងខ្ទមនោះទ្វេដង ព្រោះការស្ដាប់ឮសំឡេងតែម្យ៉ាង ច្បាស់ជាមិនអាចឱ្យខ្ញុំយល់បានពីរឿងរ៉ាវសព្វគ្រប់នោះឡើយ។
ចៃដន្យខ្ញុំដាក់ភ្នែកទៅម្ខាងក៏ក្រឡេកឃើញប្រហោងជញ្ជាំងខ្ទមទំហំធំជាងមេដៃបន្តិច ដែលល្មមអាចឱ្យខ្ញុំដាក់ភ្នែកលួចមើលទិដ្ឋភាពនៅខាងក្នុងខ្ទមបាន។ មិនបង្អង់យូរខ្ញុំក៏រំកិលជើងតិចៗចូលទៅជិតបរិវេណប្រហោងជញ្ជាំង រួចក៏ដាក់ភ្នែកតាមប្រហោងជញ្ជាំងនោះដោយអាការៈប្រុងប្រយ័ត្ន ខណៈដែលសំឡេងអណ្ដឺតអណ្ដករបស់ស្រីយ៉ែនចាប់បន្លឺឡើង៖
«តែ…តែយ៉ាងណាវាជាកូនរបស់ខ្ញុំ…ហើយវា…វាក៏ត្រូវជាចៅរបស់ពុកដូចគ្នា! វាមិនដឹងខ្យល់អីទេ…ពុកមិនគួរស្អប់វាឡើយ!
«យី! មីខ្យែន!!»
«អូយពុក…ពុកខ្ញុំឈឺណ៎ាពុក…ហ៊ឺ!!»
ខ្ញុំរឹងអស់ទាំងខ្លួន ខំប្រឹងបើកភ្នែកប៉ុនៗពងមាន់សម្លឹងទិដ្ឋភាពនៅចំពោះមុខដោយអារម្មណ៍តក់ស្លុតរកពណ៌នាមិនចេញ នៅពេលដែលខ្ញុំឃើញពូយ៉នស្ទុះទៅក្របួចសក់ស្រីយ៉ែនសឹងតែផ្ងារទៅក្រោយ ទាំងបើកភ្នែកក្រឡោតពោលសង្ឃកដូចចង់ស៊ីសាច់ហុតឈាមកូនខ្លួនឯងយ៉ាងដូច្នោះ។
រីឯស្រីយ៉ែនវិញនាងកំពុងតែលើកម្រាមដៃដប់សំពះអង្វរកឪពុកនាងទាំងខ្លួនប្រាណញ័រទទ្រើកដូចមនុស្សគ្រុនចាញ់។ មកដល់ត្រឹមនេះពូយ៉នក៏លើកម្រាមចង្អុលដៃ ចង្អុលញល់ចង់ដល់ថ្ងាសកូនស្រីនិយាយសង្កត់ៗទាំងសង្កៀតធ្មេញពោរពេញដោយភ្លើងកំហឹង៖
«ចាំទុកក្នុងលលាដ៏ក្បាលហងឯងទៅមីខ្យែន! ហាមយកអញទៅប្រឡាក់ប្រឡូកនឹងអាតំណក់ឈាមខ្មៅមួយដុំហ្នឹងទៀត! ពីមុនមកអញមិនដឹងថាហងឯងមានកូនជាមួយវា បើមិនអ៊ីចឹងទេនោះ អញនឹងឱ្យហងឯងទៅរំលូតវាចោលតាំងពីយូរហើយ មិនបានទុកឱ្យវានាំចង្រៃមកដល់ខ្លួនអញដូចថ្ងៃនេះទេ!…អ៎អ្ហ៎! (ពូយ៉នគ្រហឹមដើមកទាំងងក់ក្បាលតិចៗសម្លឹងកូនស្រីគាត់គួរឱ្យញញើត) ឬហងឯងក៏មានចិត្តស្រឡាញ់អាធាមឪអាតំណក់ឈាមខ្មៅមួយដុំហ្នឹងដែរតើមែនទេ? អ្ហាស៎មែនទេមីខ្យែន?! ឆ្លើយនឹងអញមកមីខ្យែន!! អញថាឱ្យឆ្លើយនឹងអញមកមីកូនឈាមថោក! ឆ្លើយមក!! ឆ្លើយភ្លាមមក!!»
«អូយពុក!…ពុកអឺយពុក…ខ្ញុំឈឺណាស់ពុក! អូយ…ហ៊ឺ…!!»
ខ្ញុំចាប់ញ័រជើងទទ្រើក ខណៈកែវភ្នែករបស់ខ្ញុំសឹងតែរត់មកពួននៅកញ្ចឹងកព្រោះញញើតតក់ស្លុតនឹងភាពឃោរឃៅរបស់ពូយ៉ន ដែលកំពុងតែបោចសក់ស្រីយ៉ែនបញ្ច្រាសទៅបញ្ច្រាសមក ទាំងលើកដៃវាយតប់នាងខ្លាំងៗ ឥតមានសំច័យកម្លាំង។
ខ្ញុំស្រាប់តែហូរទឹកភ្នែកមកតក់ៗទាំងមិនដឹងខ្លួន ព្រោះតែនឹកអាណិតស្រីយ៉ែនសឹងតែខ្លោចអស់ថ្លើមប្រមាត់ទៅហើយ។ នៅពេលនេះទោះបីជាខ្ញុំបានស្ដាប់ឮថាប្អូនធាមគឺជាឪពុករបស់កូននៅក្នុងផ្ទៃស្រីយ៉ែនដែលគ្នាទើបនឹងរលូតទៅថ្មីៗក៏ដោយ ក៏អារម្មណ៍របស់ខ្ញុំនៅតែពេញព្រៀបទៅដោយភាពអាណិតអាសូរស្រីយ៉ែន គ្មានសូម្បីតែកូនអារម្មណ៍នឹកភ្ញាក់ផ្អើលបន្តិចសោះឡើយ។
ហេតុអីក៏ពូយ៉នប្រែជាឃោរឃៅដល់ថ្នាក់នេះ?! តើខ្ញុំគួរតែចូលទៅជួយស្រីយ៉ែនដែរទេ?! ខ្ញុំពិតជាមិនអាចទ្រាំមើលពូយ៉នប្រើហិង្សាទៅលើក្មេងស្រីជំទង់ម្នាក់ ដែលទើបនឹងងើបពីឈឺបែបនេះនោះទេ។ ខ្ញុំបម្រុងស្ទុះងើបទៅហើយស្រាប់តែអ្នកគ្រូណីដែលអង្គុយសំងំជិតខ្ញុំនោះទម្លាក់ម្រាមដៃមកចាប់កដៃខ្ញុំយ៉ាងរហ័ស។ ខ្ញុំភ្ញាក់ព្រើតដាក់ភ្នែកទៅមើលអ្នកគ្រូណីយ៉ាងរហ័ស ក៏ប៉ុន្តែក៏ត្រូវគ្រលៀសភ្នែកសម្លឹងទៅតាមប្រហោងតូចចង្អៀតនោះវិញ នៅពេលដែលសោតាទាំងទ្វេរបស់ខ្ញុំចាប់បានជាថ្មីនូវសំឡេងកោកកាករបស់ពូយ៉ន៖
«ឬក៏ហងឯងនៅអាឡោះអាល័យវាមីខ្យែន? អឺ! បើអ៊ីចឹងហងឯងទៅហៅប៉ូលិសមកអូសក្បាលអញមក! ក្រែងហងឯងក៏ដឹងថាអញជាអ្នកសម្លាប់វា!…ទៅ! បោលក្បាលទៅប្រាប់ប៉ូលិសទៅមីខ្យែន បើហងឯងគិតថាអញសម្លាប់វា ពង្រាត់បង្រាសបំបែកបំបាក់ប្ដីប្រពន្ធហងឯង!! ទៅៗមីខ្យែន!!»
«អត់ទេពុក!…ហ៊ឺ…ខ្ញុំ ខ្ញុំអត់ទេពុក…ខ្ញុំស្អប់វា…ហ៊ឺ…ខ្ញុំស្អប់អាឈាមថោកហ្នឹងណាស់ពុក…ហ៊ឺ…!!»
«អឺ! បើសិនហងឯងស្អប់អាធាម អ៊ីចឹងហងឯងនៅយំស្ដាយស្រណោះអាដុំឈាមខ្មៅរលូតទៅហ្នឹងធ្វើអីទៀតក្រែងវាជាដុំឈាមតិរច្ឆានរបស់អាធាមទេតើអ្ហី? បានហើយមីខ្យែន កុំមកធ្វើឱ្យអញមួម៉ៅក្ដៅក្រហាយជាងនេះ ប្រញាប់មកជួយអញរៀបចំអីវ៉ាន់ភ្លាមទៅ យប់នេះយើងនឹងរត់ចេញពីស្រុកនេះទាំងយប់តែម្ដង អញមិនភ្លើឱ្យប៉ូលិសយកអញទៅដាក់គុកទទេៗបានទេ!…ប៉ុន្តែបើហងឯងចង់នៅទីនេះធ្វើជាមនុស្សតែលតោលអត់មានទិសដៅគ្មានស៊ីគ្មានចុកក៏អញ្ជើញ!…ហងឯងសង្ឃឹមអ្ហីថាអាភូមិឃុំអង្គការអង្គស្អីអស់ហ្នឹង នឹងទំនុកបម្រុងហងឯងឱ្យដូចជាអញឪហងឯងអ្ហេស?!! អ្ហ៊ឹះ! ហងឯងស្គាល់សង្គមមនុស្សតិចពេកហើយមីខ្យែន!!»
សម្ដីគ្រប់មាត់របស់ពូយ៉នដាលចូលក្នុងត្រចៀករបស់ខ្ញុំ ខណៈរូបភាពគ្រប់យ៉ាងត្រូវបានកែវភ្នែករបស់ខ្ញុំផ្ដិតយក ដែលជាហេតុធ្វើឱ្យខ្ញុំគាំងចលនាដូចមនុស្សវិកលវិការ។ ប្រយោគ “ក្រែងហងឯងក៏ដឹងថាអញជាអ្នកសម្លាប់វា!” របស់ពូយ៉ន លាន់កងរំពងខ្ទ័ររងំក្នុងខួរក្បាលរបស់ខ្ញុំ ដែលល្មមអាចឱ្យខ្ញុំភ្លឺភ្នែកហើយយល់បានថាគាត់គឺជាឃាតករសម្លាប់ប្អូនធាមពិតប្រាកដមែន។
ប៉ុន្តែទោះបីជាយ៉ាងណា ក៏ខ្ញុំនៅតែមិនទាន់អាចកំណត់បាននូវទំនាក់ទំនងរវាងស្រីយ៉ែននិងប្អូនធាម ឱ្យជាក់ច្បាស់បានឡើយ។ តើពួកគេទាំងពីរជាសង្សារលួចលាក់ជាមួយគ្នាឬយ៉ាងណា? ចុះហេតុអីក៏ពូយ៉នឈានដល់ថ្នាក់លើកដៃសម្លាប់ប្អូនធាម?
ប្រោក! ខ្ញុំភ្ញាក់ក្រញាងនឹងសំឡេងប្រោកដែលបន្លឺឡើងជិតខ្លួនខ្ញុំបង្កើយ។ ដោយចលនារេផ្លិច ខ្ញុំក៏ចាប់ងាកទៅសម្លឹងអ្នកគ្រូណីយ៉ាងរហ័ស ប្រទះនឹងទឹកមុខតក់ស្លុតនិងជើងទាំងគូរបស់នាងជាន់ពីលើដើមដំឡូង ដែលល្មមអាចឱ្យខ្ញុំដឹងថាសំឡេងអម្បាញ់មិញគឺកើតឡើងពីនាងជាន់លើដើមដំឡូងងាប់ៗដោយចៃដន្យ។
ខ្ញុំបែរក្រឡេកមកតាមប្រហោងជញ្ជាំងវិញ ក៏ស្រាប់តែខ្ញុំស្រឡាំងកាំងផ្ដួលខ្លួនច្រត់ដៃទៅក្រោយសឹងតែដាច់ផ្ងារ ព្រោះតែពូយ៉នកំពុងតែសម្លឹងមកតាមប្រហោងជញ្ជាំងដោយក្រសែភ្នែកក្រហមតែតគ្របដណ្ដប់ដោយភ្លើងទោសៈ។ ម្ដងនេះខ្ញុំក៏ស្ទុះងើបទាំងពពីមពពើមរួចក៏កន្ត្រាក់ទាញដៃអ្នកគ្រូណីម្នីម្នាស្ទុះរត់ចេញពីនោះទាំងមិនដឹងក្បាលកន្ទុយ។ ខ្ញុំក្ដោបដៃអ្នកគ្រូណីយ៉ាងណែន ឈានជំហានជើងវែងៗរត់កាត់តាមរងដំឡូងយ៉ាងត្រដាបត្រដួស ព្រោះខ្ញុំជឿជាក់យ៉ាងច្បាស់ថាពូយ៉នពិតជាមិនបណ្ដោយឱ្យអ្នកដែលដឹងថាគាត់ជាឃាតករសម្លាប់ប្អូនធាម អាចចាកចេញទៅបានដោយងាយៗឡើយ។
ខ្ញុំនិងអ្នកគ្រូណីរត់កាត់តាមរងដំឡូងបានមួយសន្ទុះក៏…
«អាស៎…!!»
អ្នកគ្រូណីស្រាប់តែរអិលជើងដួលមួយរំពេច។ ស្ថិតនៅក្នុងសភាពដ៏ប្រថុចញ៉ុចនេះ ខ្ញុំក៏ប្រញាប់ស្ទុះទៅលើកគ្រាហ៍អ្នកគ្រូណីយ៉ាងរហ័សរហួន៖
«យ៉ាងម៉េចហើយអ្នកគ្រូ?! អ្នកគ្រូទៅរួចទេ?!»
អ្នកគ្រូណីងក់ក្បាលតិចៗទាំងទឹកមុខយ៉ាប់យ៉ឺន៖
«មិនអីទេ! ខ្ញុំ…ខ្ញុំទៅរួច!!»
«អ៊ីចឹងយើងប្រញាប់ឡើង!!»
ខ្ញុំក្រឡេកទៅក្រោយយ៉ាងរហ័សទាំងបើកភ្នែកតូចធំ រេចុះឡើងកាត់តាមរងដំឡូងដើម្បីក្រឡឹងរកមើលពូយ៉ន។ លុះប្រទះឃើញសភាពស្ងប់ស្ងាត់ ខ្ញុំក៏បំបែរខ្លួនមកកាន់ដៃអ្នកគ្រូណីយ៉ាងស្អិតបំណងនឹងបន្តរត់ជាថ្មីក៏ប៉ុន្តែ…
«អាស៎…អូយ…!!»
អ្នកគ្រូណីរៀបនឹងដួលចុះ បើកុំតែខ្ញុំរវៀសក្រសោបខ្លួននាងជាប់ទេនោះ។ ខ្ញុំចោលភ្នែកសម្លឹងទៅជើងអ្នកគ្រូណីរួចក៏បន្លឺសំណួរទាំងច្រាស់ច្រាល់៖
«ជើងអ្នកគ្រូយ៉ាងម៉េចហើយ?!»
«ប្រហែល…ប្រហែលជើងខ្ញុំគ្រេចហើយលោកគ្រូ!!»
គ្រាន់តែឮពាក្យថា “គ្រេច” ខ្ញុំក៏លែងគិតច្រិមច្រុម ប្រញាប់ដាក់ខ្លួនអង្គុយចោងហោងស្រដីញាប់ៗ៖
«ម៏! ខ្ញុំអៀវអ្នកគ្រូ! ឱ្យលឿនឡើង!!»
«តែ…!!»
ម្ដងនេះទៅជាអ្នកគ្រូណីជាអ្នកច្រិមច្រុមអែអង់ទៅវិញ។ ពិតមែនហើយ! បើខ្ញុំអៀវនាង ខ្លួនប្រាណពួកយើងទាំងពីរគឺច្បាស់ជាកៀកកិតជាប់គ្នាជាក់ជាមិនខាន។ ប៉ុន្តែនៅក្នុងសភាពដ៏តឹងតែងមួយនេះ កាលៈទេសៈពិតជាបង្ខំឱ្យខ្ញុំធ្វើបែបនេះពិតមែន។ មួយរំពេចនោះ ត្រចៀករបស់ខ្ញុំហាក់ដូចជាចាប់បាននូវសន្ធឹកជើងដែលកំពុងតែរត់ឌឹបៗចូលមកកាន់តែកៀកខ្លួនខ្ញុំខ្លាំងឡើងៗ។ ដល់ទៅឮបែបនេះខ្ញុំក៏សន្ធាប់ដាក់កំហិតអ្នកគ្រូណីតែម្ដង៖
«ប្រញាប់ឡើងមកអ្នកគ្រូ! ឬអ្នកគ្រូចង់ឱ្យយើងក្លាយជាខ្មោចយាមចម្ការដំឡូងនេះទាំងអស់គ្នា?!!»
ដោយមិនអាចចៀសបាន អ្នកគ្រូណីក៏សុខចិត្តឱ្យខ្ញុំអៀវ។
ខ្ញុំក៏ចាប់បន្តបោះជំហានទៅមុខយ៉ាងញាប់ជើង ហាក់ដូចជាគ្មានដឹងឮនូវភាពហត់នឿយអ្វីបន្តិចសោះ។ មួយស្របក់ក្រោយមកខ្ញុំក៏អៀវអ្នកគ្រូណីចេញមកដល់លើកូនផ្លូវលំ។ លុះក្រឡេកឃើញរោងស័ង្កសី ដែលខ្ញុំនិងអ្នកគ្រូណីចូលជ្រកពេលមេឃកំពុងភ្លៀងនោះ ខ្ញុំក៏អៀវអ្នកគ្រូណីចូលទៅក្នុងរោងនោះជាបន្ទាន់។ ម្ដងដល់ក្នុងរោងខ្ញុំក៏ដាក់អ្នកគ្រូណីចុះទៅលើគ្រែរនាបឫស្សីទាំងបន្លឺវាចាញាប់ស្មេញ៖
«អ្នកគ្រូរកកន្លែងពួននៅម្ដុំនេះសិនទៅ ចាំខ្ញុំទៅពង្វាងដានពូយ៉ន!!»
«ប៉ុន្តែលោកគ្រូ…អត់ទេ! ខ្ញុំមិនអាចឱ្យលោកគ្រូធ្វើអ៊ីចឹងបានទេ!!»
ទឹកមុខរបស់អ្នកគ្រូណីអាចឱ្យខ្ញុំដឹងបានយ៉ាងជាក់ច្បាស់ថា នាងកំពុងតែខ្វល់ខ្វាយពីខ្ញុំប៉ុន្តែសភាពការណ៍នៅពេលនេះគឺពិតជាធ្វើឱ្យខ្ញុំគិតឃើញតែដំណោះស្រាយមួយនេះតែប៉ុណ្ណោះ។
«អ្នកគ្រូកុំបារម្ភពីខ្ញុំអី ខ្ញុំអាចយករួចខ្លួនបាន! អ៊ីចឹងអ្នកគ្រូប្រញាប់រកកន្លែងពួននៅម្ដុំៗនេះសិនទៅ!!»
និយាយរួចខ្ញុំក៏ស្ទុះរត់ត្រលប់ក្រោយ ដើម្បីទៅពង្វាងដានពូយ៉នទាំងចិត្តនៅតែនឹកបារម្ភពីសុវត្ថិភាពរបស់អ្នកគ្រូណីមិនលែងឡើយ។ ទោះបីជាយ៉ាងណាពូយ៉នបានមើលឃើញខ្ញុំតែម្នាក់ប៉ុណ្ណោះ ដូច្នេះខ្ញុំមានតែបន់ព្រះសំពះទេវតា សូមឱ្យគាត់ចាញ់បោកការពង្វាងដានរបស់ខ្ញុំទៅចុះ។ រត់ចុះរត់ឡើងខ្ញុំក៏ធ្លាក់ខ្លួនមកដល់គន្លងស្នាមដានទំហំប៉ុនខ្លួនមនុស្សដែលខ្ញុំនិងអ្នកគ្រូណីបានឃើញមុននោះ។ ខ្ញុំក៏បន្តរត់តាមស្នាមដានទាំងភ្នែកនៅកញ្ចឹងក ខណៈសន្ធឹកជើងនិងសំឡេងកកិតនឹងដើមដំឡូងលាន់ឮប្រោកប្រាកដេញតាមពីក្រោយខ្លួនខ្ញុំ ប្រហែលជាលើសម្ភៃម៉ែត្រតែប៉ុណ្ណោះ។
ខ្ញុំបែកញើសជោកពេញទាំងខ្លួន ខំប្រឹងប្រើកម្លាំងកូនប្រុសរត់អស់ៗជើងមិនបង្អង់ងាកក្រោយបន្តិចសោះឡើយ។ ប៉ុន្តែដោយមិនបានស្គាល់តំបន់ភូមិសាស្ត្រខ្ញុំក៏ស្រាប់តែ…
«ហ៊ើយយយយយ!!»
ក្ឌុង!! ជាមួយនឹងសំឡេងភ្លាត់មាត់នេះខ្លួនប្រាណរបស់ខ្ញុំទាំងមូលក៏រអិលធ្លាក់ចូលទៅក្នុងស្រះទឹកមួយទំហឹងតែម្ដង។ ការធ្លាក់មួយទំហឹងចូលទៅក្នុងស្រះទឹកដោយមិនបានត្រៀមខ្លួននេះ ជាហេតុធ្វើឱ្យខ្លួនប្រាណរបស់ខ្ញុំលិចសឹងតែដល់បាតស្រះ។
ខ្ញុំថប់ដង្ហើមសឹងតែស្ទះខ្យល់ស្លាប់នៅខាងក្រោមបាតស្រះ តែយ៉ាងណាដោយសារតែខ្ញុំចេះហែលទឹកតាំងពីនៅក្មេងៗដែរនោះ សញ្ជាតិញាណរបស់ខ្ញុំក៏បញ្ជាឱ្យខ្ញុំខំប្រឹងប្រវេប្រវាខ្វៃដៃទធាក់ជើង ដំណោលខ្លួនស្ទុះឡើងមកខាងលើផ្ទៃទឹកទាំងត្រដាបត្រដួស…
«ហ៊ឺកកកកកក…អស់ៗៗ!!»
ខ្ញុំឈ្លក់ទឹកក្អកដង្ហក់សឹងតែដាច់ដង្ហើម ប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំក៏ខំប្រឹងត្រដរហែលទៅមាត់ស្រះ រួចក៏ផ្អេកខ្លួននៅលើចំណោតមាត់ស្រះទាំងបន្តក្អកដង្ហក់សឹងតែធ្លាក់សួត។ ម្ដងនេះខ្ញុំខំប្រឹងប៉ប្រិចភ្នែកញាប់ៗឱ្យទឹកចេញពីកែវភ្នែកទាំងព្យាយាមសម្រួលដង្ហើមឱ្យបានស្រួល។ មេឃក៏ចាប់ផ្ដើមធ្លាក់ងងឹត ចំណែកឯខ្លួនប្រាណខ្ញុំក៏ទទឹកជោកទាំងស្រុង។
លុះនឹកដល់សន្ធឹកជើងដែលតាមខ្ញុំមកមុននេះ ខ្ញុំក៏ខំប្រឹងដោលកែងដៃបំណងនឹងឡើងមកខាងលើវិញ ប៉ុន្តែពេលខ្ញុំគ្រលៀសភ្នែកទៅលើផ្ទៃទឹកល្អក់ខ្វល់ជាថ្មីនោះ ក៏ស្រាប់តែខ្ញុំកន្ត្រាក់ខ្លួនអង្គុយភីងដូចសាកសពសរសៃទាញពេលអាចារ្យភ្លុកដុត។
«សាកសព!!!»
ខ្ញុំបន្លឺសំឡេងដាច់ៗទាំងញ័រមាត់ចំប្រប់។ កែវភ្នែកទាំងគូរបស់ខ្ញុំបើកធំៗសម្លឹងទៅកាន់សាកសព ដែលហើមប៉ោងអណ្ដែតស្ពីងផ្កាប់មុខនៅលើផ្ទៃទឹកទាំងបេះដូងលោតកញ្ជ្រោលរកចាប់មិនឈ្នះ។ ភ្លាមនោះភាពតក់ស្លុតលាយឡំនឹងភាពសោកសង្រេងក៏ចូលមកគ្របសង្កត់ដួងចិត្តរបស់ខ្ញុំទាំងមូល ហើយក៏ចាប់រុញច្រាននូវទឹកភ្នែករបស់ខ្ញុំចេញមកភ្លាមៗ កាលបើខ្ញុំនៅចាំបានយ៉ាងច្បាស់នូវខោអាវរបស់សាកសពបើទោះបីជាសភាពសាកសពនៅពេលនេះ គឺហើមស្ពីងសឹងតែប្រេះខោអាវមើលមិនឃើញមុខមាត់យ៉ាងណាក្ដី…
«ពូ…ពូប្រម?!! ទេ!!…»
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ