រយៈពេលបីថ្ងៃបន្តបន្ទាប់ យ៉ាងជិនមុីញនៅតែមកក្នុងហាងទិញសម្លៀកបំពាក់។ សម្លៀកបំពាក់ដែលគេស្លៀកពាក់គឺសុទ្ធតែជ្រើសរើសតាមចិត្តចង់ ប៉ុន្តែក៏មើលទៅថ្លៃថ្នូរផងដែរ ដែលការធ្វើតាមតែចិត្តឯងនិងភាពថ្លៃថ្នូរចេញពីក្នុងខ្លួនគេស្រាប់នោះធ្វើឱ្យគេមើលទៅដូចជាមនុស្សមិនធម្មតា។ គេជាមួយនិងសុីងលូតែងតែជជែកគ្នាលេងអំពីម៉ូតរដូវកាលសម្លៀកបំពាក់ចេញថ្មីៗ គេក៏ចូលចិត្តស្ដាប់ភ្លេងតន្ត្រីបុរាណផងដែរ ចូលចិត្តមើលល្ខោន និងចូលចិត្តសិល្បៈឆ្នៃប្រតិដ្ឋ។
មានថ្ងៃមួយ យ៉ាងជិនមុីញបាននិយាយរៀបរាប់អំពីទីកន្លែងជាច្រើនដែលគេធ្លាប់បានទៅ រៀបរាប់ប្រាប់នាងពីជីវិតនៅ Stanford ផ្ទះរបស់គ្រួសារគេដែលមាននៅទីក្រុង Paris Tokyo Barcelona និងថែមទាំងមានផ្ទះនៅទីក្រុងឡុងដ៍។
សុីងលូក៏និយាយសង្កត់ធ្ងន់ថា៖
«ខ្ញុំក៏ធ្លាប់បានទៅទីក្រុងឡុងដ៍ពីមុនដែរ។ ពាក់កណ្តាលជីវិតរបស់លោកតាខ្ញុំគឺរស់នៅទីក្រុងឡុងដ៍នោះឯង តែគាត់បានទទួលអនិច្ចកម្មច្រើនឆ្នាំមកហើយ»
យ៉ាងជិនមុីញក្រឡេកមើលនាង រួចសួរថា៖
«តើទីក្រុងឡុងដ៍គឺជាទីក្រុងដែលនាងស្រលាញ់ខ្លាំងបំផុតមែនទេ?»
ស៊ីងលូបានត្រឹមតែនិយាយថា៖ «មិនដែលប្រៀបធៀបពីមុនមក ហេតុនេះទើបមិនដឹង!»
ប៉ុន្តែនិយាយសម្រាប់នាង ទីក្រុងឡុងដ៍បានប្រែក្លាយទៅជាទីកន្លែងនិមិត្តតំណាងមួយ ដែលតំណាងឱ្យថានាងធ្លាប់មានប្រវត្តិគ្រួសារដូចជាពួកអ្នកអភិជន ប្រៀបដូចជាចៅស្រីស្តេចរបស់អាណាចក្រដួលរលំមួយនៅប៉ែកអឺរ៉ុប ឆាកជីវិតនាពេលបច្ចុប្បន្នរបស់នាងគឺគ្រាន់តែជាការផ្តន្ទាចៃដន្យពីជោគវាសនាប៉ុណ្ណោះ។
បន្តិចក្រោយមក យ៉ាងជិនមុីញក៏បាននិយាយថា៖
«ប្រហែលជាមួយរយៈក្រោយខ្ញុំនឹងមិនបានមកកាន់ទីនេះទៀតទេ»
ទឹកមុខរបស់សុីងលូក៏ស្រាប់តែប្រែជាស្លេកស្លាំង រហ័សសួរទៅគេថា៖
«អឺ… ហេតុអីក៏អ៊ីចឹង?»
ដៃទាំងពីររបស់យ៉ាងជិនមុីញស៊កក្នុងហោប៉ៅ សម្លឹងមើលកែវភ្នែកខ្មៅថ្លាធំៗរបស់នាងហើយនិយាយថា៖
«សម្លៀកបំពាក់ដែលខ្ញុំបានទិញមួយរយៈនេះ ល្មមគ្រប់គ្រាន់អាចឱ្យខ្ញុំស្លៀកពាក់បានដប់ឆ្នាំហើយ!»
សុីងលូសម្លឹងមើលគេ ខ្ជិបបបូរមាត់បន្តិចហើយនិយាយថា៖
«មែនហើយ! មនុស្សម្នាក់ពិតជាមិនចាំបាច់ត្រូវការស្លៀកពាក់សម្លៀកបំពាក់ច្រើនយ៉ាងនេះនោះទេ!»
យ៉ាងជិនមុីញងក់ក្បាលចុះ។
«ដ្បិតទិញសម្លៀកបំពាក់ច្រើនក៏ដោយ ក៏ខ្ញុំវិលទៅវិលមកនៅតែស្លៀកសម្លៀកបំពាក់ចាស់ៗដដែល»
សុីងលូចង់រិះរកការងារបន្តិចបន្តួចមកធ្វើ ដើម្បីបង្វែលអារម្មណ៍តប់ប្រមល់របស់ខ្លួនឯង ហេតុនេះទើបនាងយកសម្លៀកបំពាក់ពីរបីសម្រាប់ដែលបានបត់ទុកយ៉ាងស្អាតបាតនៅលើធ្នើរទូ យកមកបត់ឡើងវិញសារជាថ្មី ម្ដងហើយម្ដងទៀត។
«ហេតុអីបានជាលោកមិនស្លៀកសម្លៀកបំពាក់ថ្មីដែលទើបនឹងទិញនោះ?» នាងសួរបណ្ដើរក្នុងពេលកំពុងបត់សម្លៀកបំពាក់បណ្ដើរ។
យ៉ាងជិនមុីញបាននិយាយថា៖
«មនុស្សខ្ញុំ បើស្រលាញ់អ្វីមួយ នឹងស្រលាញ់ជាប់ជានិច្ច»
សុីងលូក្រឡេកមើលគេបន្តិច ឧទានឡើងតែមួយឃ្លា៖
«អូ៎…ភ្ញៀវដទៃមួយចំនួនក៏និយាយបែបនេះដែរ»
«ក្រៅពីនេះទៀត…» យ៉ាងជិនមុីញបាននិយាយថា៖ «សប្តាហ៍ក្រោយ ខ្ញុំត្រូវទៅប្រទេសអុីតាលី»
សុីងលូសួរថា៖
«ទៅដើរកំសាន្តជាមួយនឹងមិត្តភក្តិមែនទេ?»
យ៉ាងជិនមុីញញញឹមនិយាយថា៖
«មិនមែនទេ! ខ្ញុំទៅទីនោះចូលរួមការប្រណាំងឡាន»
សុីងលូភ្ញាក់ឱ្យព្រើត រហ័សសួរថា៖
«លោកជាអ្នកប្រណាំងឡានអាជីពហ្អេស?»
យ៉ាងជិនមុីញសើចស្រស់បស់និយាយថា៖
«គឺគ្រាន់តែបើកប្រណាំងលេងជាមួយនឹងមិត្តភក្តិប៉ុណ្ណោះ»
សុីងលូបើកភ្នែកធំៗ ហើយនិយាយថា៖
«ប្រណាំងឡានគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់!»
នៅលើទឹកមុខរបស់យ៉ាងជិនមុីញបង្ហាញឡើងនូវភាពជឿជាក់យ៉ាងខ្លាំងថា៖
«ពេលមើលពីក្រៅទៅយល់ថាគ្រោះថ្នាក់ណាស់អ៊ីចឹងឯង ប៉ុន្តែវាមិនដូច្នោះទេ ឱ្យតែសាកល្បងឆ្លងកាត់បន្តិចនោះប្រាកដជាចូលចិត្តលើវាជាមិនខាន»
បន្ទាប់មក យ៉ាងជិនមុីញក៏ក្រឡេកមើលទៅនាឡិកាក្នុងដៃបន្តិច រួចងើយមុខឡើងសម្លឹងមើលទៅសុីងលូនិយាយថា៖
«នាងជិតចប់ម៉ោងធ្វើការហើយឬនៅ?»
សុីងលូឆ្លើយតបថា៖
«មែនហើយ ខ្ញុំជិតដល់ម៉ោងចេញពីធ្វើការហើយ»
យ៉ាងជិនមុីញក៏សួរបន្តទៀតថា៖
«ក្រោយចេញពីធ្វើការ បើសិនជានាងទំនេរ តើពួកយើងអាចចេញទៅញ៊ាំអាហារពេលយប់ជាមួយនឹងគ្នាបានទេ?»
នោះគឺជាពេលយប់ដ៏រីករាយមួយ សុីងលូអង្គុយនៅក្នុងឡានស្ព័រតម្លៃថ្លៃកប់ក្ដោងដែលមានចុងកន្ទុយឡានពណ៌ក្រហមឆើតរបស់យ៉ាងជិនមុីញ។ រថយន្តរបស់គេបើកបរដោយល្បឿនសន្ទុះយ៉ាងលឿននៅលើផ្លូវហាយវេតាមផ្លូវជាយក្រុង។ មានពេលខ្លះ សុីងលូប្រើដៃបិទខ្ទប់ភ្នែកមិនហ៊ានសម្លឹងមើលទៅទីខាងមុខ។ យ៉ាងជិនមុីញទាញដៃនាងចេញម្តងហើយម្តងទៀត និយាយថា៖
«កុំខ្លាចអី!»
រថយន្តបើកបរស្ទុះដូចជាខ្យល់កួចឆ្ពោះសំដៅទៅលើកំពូលភ្នំ ពួកគេអង្គុយនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅលើកំពូលភ្នំទទួលទានអាហារ។ ភ្លៀងធ្លាក់ពេញពីរសប្តាហ៍ជាប់គ្នា គាប់ចួនយប់ថ្ងៃនេះមេឃប្រែជារាំងស្រឡះល្អ លម្ហក្នុងយប់រាត្រីរឹតតែស្រស់ថ្លាត្រកាល ផ្កាយនៅឯជើងមេឃក៏រឹតតែភ្លឺចែងចាំង។
យ៉ាងជិនមុីញលាន់មាត់ថា៖
«ពួកយើងពិតជាសំណាងល្អមែន!»
សុីងលូនិយាយថា៖
«មែនហើយ! ខានឃើញផ្កាយរះជាយូរមកហើយ»
យ៉ាងជិនមុីញសម្លឹងមើលមកកាន់កែវភ្នែករបស់នាង ហើយនិយាយថា៖
«ប៉ុន្តែកែវភ្នែកទាំងគូរបស់នាងគឺរឹតតែភ្លឺស្អាតជាងផ្កាយនៅលើមេឃទៅទៀត»
សុីងលូអស់សំណើច៖
«ពិតមែនហ្អេស?»
យ៉ាងជិនមុីញសម្លឹងមើលទៅនាងយ៉ាងផ្ជិតផ្ជង់ម្តងទៀត ហើយនិយាយថា៖
«កែវភ្នែកទាំងគូធំក្រឡង់យ៉ាងហ្នឹង ប្រាកដជាក់ជាបន្ទុកធ្ងន់ខ្លាំងណាស់មែនទេ?»
សុីងលូជ្រួញៗលើចុងច្រមុះបន្តិចនិយាយថា៖
«បន្ទុកធ្ងន់ហ្អេស?»
យ៉ាងជិនមុីញលួចញញឹមនៅចុងមាត់។
«កែវភ្នែកមូលធំៗយ៉ាងនេះ ហើយនិងរោមភ្នែកវែងងរក្រាស់ឃ្មឹកយ៉ាងនេះយ៉ាងហោចណាស់ក៏ទម្ងន់ពីររយក្រាមដែរមើលទៅ? ធ្វើម្ដេចនឹងមិនមែនជាបន្ទុកមួយនោះ? ប៉ុន្តែផ្ទុយទៅវិញ វាគឺជាបន្ទុកដ៏សែនស្រស់ស្អាតមួយ»
សុីងលូក៏សើចឡើងនិយាយថា៖
«លោកកាលនោះរៀនគណិតវិទ្យានៅឯ Stanford មែនទេ? តើលោកអាចគណនាចេញទម្ងន់ពីររយក្រាមបានដោយយ៉ាងណា?»
យ៉ាងជិនមុីញឆ្លើយតបថា៖
«ខ្ញុំសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម»
គេនិយាយថា ក្រោយពេលបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក គេត្រលប់មកកាន់កាប់មុខជំនួញគ្រួសារ។ គ្រួសាររបស់គេបើករោងចក្រតម្បាញនិងកាត់ដេរ។ ដើមឡើយ គេគិតចង់ចេញរកសុីដោយឯករាជ្យ ប៉ុន្តែឪពុករបស់គេត្រូវការគេជាចាំបាច់។ ក្រោយពេលហូបអាហាររួច ពួកគេទាំងពីរក៏ដើរថ្មើរជើងលេង ស្រស់ស្រូបខ្យល់អាកាសនៅលើកំពូលភ្នំ។ គេសម្លឹងមើលមកនាងដោយក្រសែភ្នែកកោតស្ញប់ស្ញែងអស់ពីហឫទ័យ ហើយក៏និយាយទៅកាន់នាងថា៖
«តើថ្ងៃស្អែកខ្ញុំនៅអាចមានឱកាសបានចួបនាងទៀតទេ?»
សុីងលូបន្ទាបក្រសែភ្នែកដែលកំពុងតែមានសុភមង្គលចុះបន្តិច រំលេចស្នាមញញឹមយ៉ាងស្រទន់ដាក់គេ។
រយៈពេលពេញមួយសប្តាហ៍បន្ទាប់នោះ ពួកគេតែងចួបមុខគ្នាជារៀងរាល់ថ្ងៃ ហើយស្ថិតនៅក្នុងបរិយាយខុសៗគ្នា រួមមានទាំងនៅក្នុងបន្ទប់ទទួលទានអាហារក្រោមពន្លឺភ្លើងទៀន ឬនៅក្នុងបន្ទប់ទទួលទានអាហារដែលមានវង់ភ្លេងតន្ត្រីករច្រៀងក្បែរតុអាហាររបស់ពួកគេ។ មានយប់ខ្លះពួកគេចេញទៅរាំរបាំកំសាន្ត ចួនកាលក៏ជិះឈាងនៅកាន់មាត់ឆ្នេរសមុទ្រ ដើរលំហែរកាយជើងទទេនៅលើគ្រាប់ដីខ្សាច់។
នៅក្នុងយប់មួយ ឡានស្ព័រប្រណាំងរបស់យ៉ាងជិនមុីញបើកបរទៅកាន់មាត់សមុទ្រ ពួកគេទាំងពីរជជែកគ្នាលេងនៅក្រោមពន្លឺព្រះចន្ទ។
ពីរសប្តាហ៍ក្រោយបន្ទាប់ពីនោះ សុីងលូទទួលគ្រប់រសជាតិនូវក្តីនឹកនានិងទូលទុក្ខបុកម្នេញ។ យ៉ាងជិនមុីញបានចាកចេញទៅប្រទេសអុីតាលីចូលរួមប្រណាំងឡាន។ សុីងលូភ្លាមៗនោះនឹកព្រួយបារម្ភថាគេអាចនឹងចួបឧបទ្ទវហេតុណាមួយដែលនឹកស្មានមិនដល់ ហើយព្រមទាំងនឹកព្រួយខ្លាចថាគេទៅយូរយ៉ាងនេះ ទៅកាន់កន្លែងឆ្ងាយយ៉ាងនេះ ប្រហែលជាគេអាចនឹងចាប់ភ្លឹកដឹងខ្លួនថា គេមិនបាននឹកនានាងអ្វីបន្តិចសោះ ទោះយ៉ាងណាក្ដី ទំនាក់ទំនងរវាងនាងនិងគេគឺនៅមិនទាន់មានរឿងអ្វីកើតឡើងទាំងអស់!
នៅថ្ងៃនោះ យ៉ាងជិនមុីញទីបំផុតក៏បានវិលត្រលប់មកវិញ។ នៅពេលដែលសុីងលូចាកចេញពីធ្វើការ ដើរចេញពីមាត់ទ្វារហាង ក៏ក្រឡេកឃើញឡានប្រណាំងពណ៌ក្រហមឆើតនោះរបស់គេ បញ្ចេញភ្លើងហ្វាបំភ្លឺពន្លឺយ៉ាងភ្លឺចែងចាំងនាពេលយប់រាត្រី។
គេបើកទ្វារឡានចុះចេញពីកន្លែងអ្នកបើកបរ ឈានដើរសំដៅចូលមករកនាង ប្រៀបដូចជានិស្សិតប្រុសម្នាក់ ឱនផ្ទៃមុខចុះមកក្បែរត្រចៀកនាង និយាយប្រៀបដូចជាខ្សឹបខ្សួលថា៖
«បងនឹកអូនណាស់!»
សុីងលូឈរស្រឡាំងកាំង នឹករឭកទៅដល់ស្នេហាដែលធ្លាប់បាត់បង់នោះ តែនៅពេលនេះបានវិលមកកៀកជើងនាងវិញម្ដងទៀត ជីវិតប្រចាំថ្ងៃដែលបានហោះឆ្ពោះទៅកាន់ទីឆ្ងាយរបស់គេ រីឯនាងវិញមានតែក្ដីស្រមៃដែលគួរឱ្យធុញទ្រាន់។ យ៉ាងជិនមុីញបានបង្រៀននាងឱ្យចេះធ្វើយ៉ាងណារស់នៅសោយសុខក្នុងជីវិតនេះ គេចេះសព្វគ្រប់វិធីដើរលេងសើចសប្បាយនិងឡូយឆាយ។
គេខំព្យាយាមយកឈ្នះចិត្តនាង លង់ស្រលាញ់នាងងប់ងល់ប្រៀបដូចជានិស្សិតប្រុសដ៏ពុះកញ្ជ្រោលម្នាក់ គ្រាន់តែចួបនឹងនារីដែលខ្លួនគិតថាស្រលាញ់ភ្លាមក៏ប្រញាប់ប្រញាល់ពោលពាក្យសារភាពបង្ហាញពីអារម្មណ៍ពិត ឬគ្រាន់តែបែកបាក់ពីគ្នាភ្លាមក៏ប្រញាប់រត់មករកនាងនិយាយប្រាប់ថាគេមិនដាច់អាល័យនឹងនាង។
ពេលនេះសុីងលូងកំពុងតែរំភើបក្ដុកក្ដួលចិត្តចំពោះគេជាខ្លាំង ក្នុងចិត្តនាងចាប់ផ្តើមនឹកគិតថា៖
«គេមិនយូរមិនឆាប់គង់តែហាមាត់ស្នើរសុំសំណើរនោះជាមួយនឹងឯង តើឯងគួរតែយល់ព្រមជាមួយគេទេ?»
ថ្ងៃមួយ យ៉ាងជិនមុីញបាននាំសុីងលូទៅកាន់ផ្ទះវីឡារបស់គេនៅឯជាយក្រុង។ រថយន្តបើកបរនៅលើផ្លូវតូចឆ្ពោះឡើងទៅលើជម្រាលភ្នំ ឆ្លងកាត់ព្រៃឈើមួយកន្លែង ផ្ទៃដំបូលវីឡាក្បឿងពណ៌សមួយសន្សឹមៗរំលេចឡើងនៅចំពោះមុខ មានអ្នកបម្រើស្លៀកពាក់ឯកសណ្ឋានយ៉ាងរៀបរយជាច្រើននាក់ ចេញមកឈរតម្រៀបគ្នានៅមុខកាំជណ្តើរទ្វារធំ ទទួលស្វាគមន៍ពួកគេ។
យ៉ាងជិនមុីញបញ្ឈប់ឡាន ចុះចេញពីលើឡាន ហើយចាប់កាន់ដៃរបស់សុីងលូប៉ុន្តែគេបែរជាមិនចូលទៅក្នុងផ្ទះមុន។ គេនិយាយប្រាប់នាងថា៖
«បងនាំអូនទៅមើលអ្វីម៉្យាង!»
ពួកគេដើរកាត់តាមចំហៀងរបងវីឡា ឆ្ពោះទៅកាន់សួនច្បារមួយនៅខាងក្រោយផ្ទះ វាលស្មៅពណ៌បៃតងទាក់ដិតភ្នែក នៅតាមបណ្តោយសួនច្បារមានដើមឈើបៃតងចាស់ក្រាស់ពីរជួរ មែកឈើសំយុងវែងៗ បក់រំយោលទៅតាមខ្យល់។ ពួកគេសន្សឹមៗដើរឆ្លងកាត់វាលស្មៅនោះ ស្បែកជើងកែងចោតខ្ពស់របស់សុីងលូជាន់លើទឹកសំណើមនៅលើទងស្មៅ។
សុីងលូសួរថា៖
«តើបងចង់នាំខ្ញុំទៅមើលអ្វី?»
យ៉ាងជិនមុីញមិនឆ្លើយតបនឹងនាងទេ ដើរឆ្ពោះទៅមុខទៀតដប់ជំហាន ពួកគេក៏បានមកដល់ទីវាលដីចំហរចោលមួយ រំពេចនោះនៅពីមុខសុីងលូបំផុសចេញខ្លាឃ្មុំខ្មៅដ៏ធំមួយក្បាល។ ខ្លាឃ្មុំខ្មៅនោះត្រូវបានចាក់សោរឃុំទុកនៅក្នុងទ្រុងដែកមួយយ៉ាងធំ។
សុីងលូស្រែកភ្ញាក់ឡើងទាំងភ័យស្លន់ស្លោរ ចាប់ឱបក្រសោបដើមដៃយ៉ាងជិនមុីញយ៉ាងណែន លាក់ពួននៅពីក្រោយខ្នងរបស់គេ។
«នេះជាសត្វចិញ្ចឹមសំណព្វចិត្តរបស់លោកប៉ាបង មិត្តចាស់ម្នាក់បានជូនវាមកឱ្យគាត់កាលពីប៉ុន្មានឆ្នាំមុន»
ទ្រុងដែកដ៏ធំសម្បើមនោះត្រូវបានចាក់ច្រវាក់សោរជាប់ ពួកគេបោះជំហានដើរទៅមុខទ្រុងដែកនោះ។
យ៉ាងជិនមុីញងាកមុខមកនិយាយជាមួយសុីងលូថា៖
«អូនឃើញទេ! វាមិនស៊ីមនុស្សទេ!»
សុីងលូងើយមុខចេញពីខ្នងរបស់គេ។ ខ្លាឃ្មុំខ្មៅមួយក្បាលនោះកំពុងតែដើរយ៉ាងខ្ជិលច្រអូសវិលទៅវិលមកនៅក្នុងទ្រុងដែក។ ក្រឡេកមើលដំបូង វាមើលទៅចាស់ ចុងច្រមុះសើម ភ្នែកតូចៗ រោមខ្មៅនៅលើខ្លួនប្រឡាក់ប្រឡូកសុទ្ធតែដី មានឆ្នូតសមួយផ្ទៃធំនៅលើដើមទ្រូង ហើយវាហាក់បីដូចជាមិនចាប់អារម្មណ៍ថាមានមនុស្សកំពុងសម្លឹងមើលវាទាល់តែសោះ។
ក្រៅពីនៅក្នុងសៀវភៅ សុីងលូមិនដែលធ្លាប់ឃើញខ្លាឃ្មុំពិតទេ! ជាងនេះទៅទៀតវាគឺជាខ្លាឃ្មុំខ្មៅចិញ្ចឹមនៅក្នុងវីឡាឯកជនមួយ។ នាងប្រមូលក្ដីក្លាហានដើរចេញពីក្រោយខ្នងយ៉ាងជិនមុីញ សួរទៅគេថា៖
«តើវាគឺញីឬក៏ឈ្មោល?»
យ៉ាងជិនមុីញឆ្លើយថា៖
«ឈ្មោល» ខ្លាឃ្មុំខ្មៅនោះដើរយ៉ាងរំភើយនៅពីខាងមុខទ្រុង បន្ទាប់មកក៏ហាមាត់ស្ងាបយ៉ាងធំ។
សុីងលូសួរបន្តថា៖
«តើវាអាយុប៉ុន្មានហើយ?»
មួយរំពេចភ្លាមនោះ ខ្លួនប្រាណរបស់ខ្លាឃ្មុំខ្មៅទាំងមូលនោះស្រាប់តែបោលស្ទុះងើបក្រោកឈរឡើងវឹប ជើងខាងក្រោយជាន់លើដី ដៃខាងមុខទាំងពីរស្រវ៉ាចាប់របងទ្រុងដែក។ សុីងលូភិតភ័យខ្លាចដល់ថ្នាក់លើកដៃខ្ទប់មុខស្រែកឡើង។ យ៉ាងជិនមុីញក៏រហ័សចាប់ទាញនាងចូលមកឱបជាប់ទ្រូង លួងលោមថា៖
«កុំខ្លាច! មានបងនៅទីនេះហើយ!»
មនុស្សទាំងពីរបានចាកចេញពីក្នុងសួនច្បារនោះ វិលត្រលប់ទៅកាន់ផ្ទះវីឡាធំវិញ ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងគ្នាយ៉ាងរីករាយ អមជាមួយនឹងស្រាសំប៉ាញក្លាសេត្រជាក់មួយដប។
យ៉ាងជិនមុីញនាំនាងដើរមើលគយគន់នៅជុំវិញផ្ទះ បន្ទាប់មកក៏ចូលទៅកាន់ក្នុងបន្ទប់មួយ នៅចំកណ្តាលបន្ទប់មានដាក់គ្រែដ៏ធំមួយយ៉ាងប្រណីត ក្រាលសព្វទៅដោយកម្រាលសូត្រថ្លៃ។ ពន្លឺព្រះអាទិត្យចាំងដួងរស្មីកាត់តាមចន្លោះវាំងននបង្អួចដែលរហើបចេញ។ សុីងលូនិងយ៉ាងជិនមុីញអង្គុយចុះនៅកែមគ្រែជជែកគ្នាលេងខ្សឹបខ្សួល។
យ៉ាងជិនមុីញសួរទៅនាង៖
«អូនចង់ផឹកអ្វីទេ?»
សុីងលូឆ្លើយតបថា៖
«ខ្ញុំមិនស្រេកទេ»
មួយប៉ប្រិចភ្នែកនោះ គេស្រាប់តែស្រវាដៃឱបនាងក្រសោបចូលទៅក្នុងរង្វង់ដើមទ្រូង រ៉ូបរោមចៀមពណ៌ខ្មៅរបស់នាងនិងគ្រាប់ឡេវនៅលើអាវសឺមីពណ៌ខៀវបង្អស់របស់គេបានប្រទាក់ជាប់គ្នា។ នាងបិទភ្នែកទាំងពីរដោយសេចក្ដីអៀនខ្មាស ជើងមួយចំហៀងរបស់នាងបោះឡើងទៅលើគ្រែដោយមិនអាចដកចេញបាន។ ស្បែកជើងកែងចោតដែលពាក់ជាប់នឹងជើងរបស់នាងកំពុងតែញ័រទធាក់។
សុីងលូបានបណ្ដែតបណ្ដោយខ្លួនទៅតាមចំណង់លោភប្រាថ្នារបស់នាង នោះគឺពិភពលោកដ៏មានសុភមង្គលនិងវង្វេងលីលា។ កាលពីមុន ម្ដាយរបស់នាងតែងរម្លឹកដាស់តឿននាងថា មនុស្សប្រុសឱ្យតែអាចយកមនុស្សស្រីឡើងគ្រែបានហើយ គេនឹងឈប់ស្រលាញ់មនុស្សស្រីម្នាក់នោះទៀត។
នាងបានជឿលើសម្ដីម្តាយរបស់នាង ភាពបរិសុទ្ធដែលនាងខំព្យាយាមការពារសម្រាប់ខ្លួននាងចំពោះឈិនជឺជានោះ ទីបំផុតនាងក៏នៅតែមិនអាចរក្សាឃាត់គេឱ្យនៅបាន។
ម្តាយរបស់នាងយល់ខុសទាំងស្រុង រឿងទាំងនេះមានតែធ្វើឱ្យមនុស្សទាំងពីរកាន់តែជិតដិតកាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងថែមមួយកម្រិតទៀត។ សុីងលូហាក់បីមានអារម្មណ៍ថានាងមិនដែលធ្លាប់ស្រលាញ់អ្នកណាម្នាក់ខ្លាំងបែបនេះពីមុនមកទេ មិនដែលធ្លាប់ស្រលាញ់កែវភ្នែកដ៏ភ្លឺថ្លានេះនិងបបូរមាត់និយាយខ្សឹបខ្សួលអស់ទាំងនេះ។
នាងពិតជាសែនស្រលាញ់គេខ្លាំងយ៉ាងហួសហេតុ។ ថ្ងៃមួយនាងចង់ឱ្យគេសារភាពប្រាប់នាងតាមត្រង់ថាតើគេធ្លាប់ឡើងគ្រែជាមួយនឹងមនុស្សស្រីអស់ប៉ុន្មាននាក់ហើយ? យ៉ាងជិនមុីញក៏រៀបរាប់ឱ្យនាងស្ដាប់ នាងបែរប្រែជាប្រចណ្ឌជាមួយនឹងមនុស្សស្រីដែលនាងមិនធ្លាប់ទាំងចួបមុខទាំងនោះ ហើយនិងចាប់ផ្តើមគិតទាំងរវើរវាយថាតើ
«គូសត្រូវស្នេហា របស់នាងទាំងនោះមានរូបរាងយ៉ាងណាដែរទៅ?»
សុីងលូខាំចុងបបូរមាត់ជជីកសួរគេថា៖
«បងក៏ស្រលាញ់មនុស្សស្រីទាំងអស់នោះដែរតើមែនទេ?»
យ៉ាងជិនមុីញគ្រវីក្បាលយ៉ាងទុក្ខវេទនា។
សុីងលីសួរដេញដោរបន្តទៀតថា៖
«តើមនុស្សប្រុសអាចឡើងគ្រែជាមួយនឹងមនុស្សស្រីដែលខ្លួនមិនស្រលាញ់បានដែរហ្អេស?»
បើទោះបីជាយ៉ាងជិនមុីញព្យាយាមប្រើគ្រប់វិធីមកបកស្រាយយ៉ាងណាក៏ដោយ ក៏សុីងលូនៅតែអាក់អន់ចិត្តចំពោះគេ លុះរហូតដល់ពេលគេសម្លឹងមើលមកកាន់នាងស្បថស្បែថា៖
«តាំងពីដើមមក បងមិនដែលស្រលាញ់មនុស្សស្រីណាម្នាក់ដូចជាអូនទេ!»
នៅពេលដែលឮគេនិយាយដូច្នោះ សុីងលូឈោងដៃទៅស្ទាបអង្អែលថ្នមៗលើផ្ទៃមុខរបស់គេ ផ្តល់រង្វាន់ឱ្យគេដោយស្នាមថើបនែបនិត្យមួយ។ ប៉ុន្តែល្បែងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។ ជាបន្ទាប់មកទៀត នាងរលាស់ចង្កាចេញយ៉ាងអំណួត និយាយទៅកាន់គេថា៖
«មិត្តស្រីពីមុនរបស់បង…តើពួកគេស្អាតដែរទេ?»
នាងចូលចិត្តឃើញទឹកមុខព្យាយាមបកស្រាយយ៉ាងឈឺក្បាលរបស់យ៉ាងជិនមុីញ ចូលចិត្តស្តាប់គេនិយាយពាក្យសរសើរនាង ដែលអ្វីៗទាំងអស់នេះធ្វើឱ្យនាងជឿយ៉ាងជាក់ថា ពេលនេះនាងបានក្ដោបក្ដាប់លើរូបគេទាំងស្រុង។
. . . . .
ពួកគេទាំងពីរតែងទៅរាំរែក ជជែកគ្នាលេងសើចសប្បាយនៅក្រោមពន្លឺភ្លើងទៀន ខ្ជិលច្រអូសដេកសន្ធឹងនៅលើគ្រែធំក្នុងវីឡា ផឹកស្រាសំប៉ាញផ្កាកុលាបត្រជាក់។
សុីងលូយកក្រដាសនិងជក់ទៅកាន់ទីនោះដើម្បីគូររូបព្រៃប្រឹក្សា។ នាងថែមទាំងបានគូររូបខ្លាឃ្មុំខ្មៅនោះ ក៏ដូចជារូបសំណាកបុរាណៗនៅក្នុងវីឡាធំ ដែលនៅលើរូបសំណាកនីមួយៗទាំងនោះពោរពេញទៅដោយស្លាកស្នាមចាស់ស្រាំនៃអាយុកាលដ៏សែនឯកោ និងតែងតែនៅឈរញញឹមជាប់យ៉ាងវេទនា។
នាងតែងតែប៉ងប្រាថ្នាចង់ក្លាយជាវិចិត្រករដ៏ចំណានម្នាក់ ចៀសចេញពីកន្លែងកំសាន្តអារម្មណ៍ដ៏ឡូយឆាយលើភាពស្តុកស្តម្ភតាំងពីព្រឹកទល់យប់ទាំងនោះ មួយថ្ងៃៗត្រូវមើលទឹកមុខអ្នកដទៃ។
ចុះឥឡូវនេះអ្វីដែលនាងកំពុងស្រវាឆ្ពោះទៅមិនមែនជាការចង់ស្រណុកសោយសុខលើភាពស្តុកស្តម្ភដែរទេហ្អេស? នាងបានឱបក្រសោបយកទ្រនំស្តុកស្តម្ភនេះចាត់ទុកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងយ៉ាងរីករាយ យកមនោសញ្ចេតនាដែលប្រាក់អាចទិញបាននេះប្រែជាស្នេហាដ៏ផ្អែមល្ហែម។
នាងរត់ដេញតាមដំណើរជីវិតបែបនេះ ក៏ប៉ុន្តែបែរជាបានត្រឹមតែឃើញឆាកជីវិតគឺប្រៀបដូចជាសៀកបំភាន់ភ្នែក។ នាងតែងតែសុបិន្តថា នៅថ្ងៃណាមួយ ក្បាលរបស់នាងនឹងទូលមកុដកម្រងផ្កា សំយុងស្បៃសគ្របមុខចុះយ៉ាងវែង ស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ស្បៃសដែលរឹតតែសជាងរោមកញ្ជ្រោងប្រាក់ កាន់ដៃឪពុករបស់នាង បោះជំហានដើរនៅលើកម្រាលព្រំក្រហមយ៉ាងមានមោទនភាព រីឯយ៉ាងជិនមុីញកំពុងតែឈរយ៉ាងសង្ហានៅឯចុងផ្លូវកម្រាលព្រំពីចម្ងាយរង់ចាំទទួលនាង។
ក្រោយពេលដែលរៀបការរួច ពួកគេនឹងរស់នៅក្នុងវីឡាធំមួយដែលរឹតតែវិសេសវិសាលជាងវីឡានេះទៅទៀត។ ពួកគេនឹងរស់នៅក្នុងជីវិតមួយយ៉ាងសោយសុខនិងសម្បូរសប្បាយ រួមគ្នាចូលរួមទៅកាន់គ្រប់រាល់ពិធីជប់លៀងស្រមោលសរទាំងឡាយ ត្រកងដៃរាំរែកយ៉ាងយូរនៅក្រោមពន្លឺព្រះចន្ទ។
ក្រែងក្ដីស្នេហាតែងសុទ្ធតែត្រូវការស្ថិតនៅក្នុងពិភពងងឹតស្លុងបែបនេះហ្អេស?
ប៉ុន្តែយ៉ាងណាក្ដី នៅក្នុងយប់មួយ នៅពេលដែលសុីងលូចេញពីធ្វើការ នាងបានដើរឆ្លងកាត់សណ្ឋាគារលំដាប់មួយនៅលើផ្លូវធំ ក្រឡេកភ្នែកឃើញផ្ទាំងទិដ្ឋភាពមួយយ៉ាងស្រស់ស្អាតនៅពីមុខមាត់ទ្វារ បុរសជាកូនកំលោះស្ថិតនៅក្នុងឈុតក្រសេពណ៌ខ្មៅ នារីជាកូនក្រមុំស្ថិតនៅក្នុងរ៉ូបអាពាហ៍ពិពាហ៍យ៉ាងស្ភឹមស្ភៃថ្លៃថ្នូរ ដៃត្រកងលើកស្បៃរ៉ូបឡើង កន្ទុយស្បៃសំពត់រំសាយចុះយ៉ាងវែងមកលើផ្ទៃជណ្ដើរសន្សឹមៗបោះជំហានលើកាំជណ្ដើរថ្មម៉ាបសឡើងទៅលើសាលពិធីនៅជាន់ទីពីរ នៅទាំងសងខាងផ្លូវបង្កាន់ដៃជណ្ដើរ ផ្កាកុលាបពណ៌សតុបតែងចងភ្ជាប់ជិតទៅលើបង្កាន់ដៃកាំជណ្តើរដែកដែលស្រោបទៅដោយពណ៌ទឹកមាស លាតសន្ធឹងយ៉ាងវែងមិនឃើញទីចុងបញ្ចប់។
ពីមុនមក ពេលដែលដើរឆ្លងកាត់ទីកន្លែងនេះ នាងមិនដែលធ្លាប់ឃើញទិដ្ឋភាពទាំងនេះម្ដងណាឡើយ ថ្ងៃនេះដោយចៃដន្យនាងបែរជាហាក់ងឿងឆ្ងល់បញ្ឈប់ជំហានជើងឈរសម្លឹងមើល នឹកស្រមើលស្រមៃទៅដល់ថ្ងៃមង្គលការរបស់ខ្លួនឯងផ្ទាល់។
នាងក្រឡេកភ្នែកមើលទៅបន្ទះដែក Postcard ភ្លឹបភ្លែតមួយដែលចងព្យួរភ្ជាប់នៅក្បែរជើងកាំជណ្តើរ នៅលើបន្ទះដែកនោះមានសរសេរឈ្មោះកូនកំលោះកូនក្រមុំទាំងពីរ។ នាងប្រទះឃើញថានាមត្រកូលនិងឈ្មោះជាភាសាអង់គ្លេសរបស់កូនកំលោះនោះគឺដូចគ្នាទាំងស្រុងជាមួយនឹងឈ្មោះរបស់យ៉ាងជិនមុីញ។
បេះដូងរបស់នាងលោតរំជួលញ័រក្ដុកក្ដួល ពោលនៅក្នុងចិត្តថា៖
«ឈ្មោះភាសាអង់គ្លេសនេះក៏មានគេនិយមប្រើច្រើនណាស់ដែរ!»
លើសពីនេះ ក្រែងយ៉ាងជិនមុីញពេលនេះកំពុងតែនៅអាមេរិកដោះស្រាយកិច្ចការងារហ្អេស! កាលពីពីរថ្ងៃមុននេះ គេនៅបានខលទូរសព្ទមកសួរសុខទុក្ខនាង នាងបានសួរគេថាតើពេលណាទើបត្រលប់មកវិញ គេនិយាយថាមកលើកនេះគេត្រូវនៅថែមបីសប្តាហ៍ទៀត មុនដាក់ទូរសព្ទចុះ គេថែមទាំងថើបខ្យល់នាងតាមទូរសព្ទពីនាយឆ្ងាយ។
កូនកំលោះដែលមានឈ្មោះដូចគ្នានៅក្នុងសាលមង្គលការដ៏ធំកក្រឹកកក្រេងនោះ ធ្វើម្ដេចនឹងអាចជាគេបានទៅ?
ប៉ុន្តែសុីងលូនៅតែមិនអាចឃាត់ឃាំងរូបខ្លួនឯងបាន សន្សឹមៗបោះជំហានឡើងទៅលើជណ្តើរថ្មម៉ាបសនោះ។ នាងផ្អែកទៅលើបង្កាន់ដៃជណ្ដើរនៅឯម្ខាង តោងជាប់នឹងដៃឈានជើងឡើង នៅក្នុងទីកន្លែងពោរពេញដោយសំឡេងសូរភ្លេងតន្ត្រី និងសូរសំឡេងភ្ញៀវកត្តិយសទាំងឡាយជជែករាក់ទាក់គ្នាយ៉ាងហឹកហាក់ ភ្ញៀវម្នាក់ៗស្លៀកពាក់យ៉ាងស្រស់ស្អាតដើរឆ្លងកាត់មុខនាង ខណៈដែលទឹកមុខរបស់នាងពេលនេះកំពុងតែអាក្រក់មើលយ៉ាងខ្លាំង តែគ្មានសូម្បីតែមនុស្សណាម្នាក់ចាប់អារម្មណ៍លើនាង។
ប៉ុន្តែនាងនៅតែបន្តឈានជើងឡើងទៅលើ មានអារម្មណ៍ថាបេះដូងរបស់នាងកំពុងតែលោតញាប់ញ័រជញ្ជួយចង្វាក់ ហាក់ដូចសឹងតែមិនអាចដកដង្ហើមបាន។ ខណៈវេលានោះ នាងស្រាប់តែនឹកឃើញថ្ងៃដែលប្រកាសលទ្ធផលប្រឡងមធ្យមសិក្សានោះ នាងក៏ឈានដើរឡើងលើជណ្តើរតែម្នាក់ឯងបែបនេះទៅចួបនឹងម្ដាយរបស់នាង។ នាងមិនចងចាំថា កាលនោះនាងបានឆ្លងកាត់ពេលវេលានោះដោយយ៉ាងណាទេ។
ឥឡូវនេះ សុីងលូកំពុងតែឈរនៅដើមផ្លូវមាត់ជណ្តើរ បុគ្គលិកបម្រើភេសជ្ជៈម្នាក់លើកថាសស្រាក្រឡុកដើរឆ្លងកាត់មុខរបស់នាង។ នៅខាងក្រៅទ្វារសាលពិធីមង្គលការមានភ្ញៀវឈរនៅជាច្រើនរង់ចាំចូលទៅក្នុង គ្រប់គ្នាផ្ដុំគ្នាមួយក្រុមបួនមួយក្រុមប្រាំឈរជជែកគ្នា។ នាងបោះជំហានដើរកាត់ពីមុខពួកគេ ក៏ស្រាប់តែឃើញមានក្រុមបុរសៗវ័យក្មេងប៉ុន្មាននាក់ ស្លៀកពាក់ឈុតក្រសេពណ៌ខ្មៅ ម្នាក់ៗក្នុងដៃកាន់កែវស្រាសាំប៉ាញ កំពុងឈរនៅឡោមព័ន្ធជុំវិញបុរសម្នាក់ស្លៀកពាក់ក្នុងឈុតក្រសេពណ៌សនិងខោខ្មៅ កំពុងតែសើចសប្បាយយ៉ាងក្អាកក្អាយ។
សុីងលូមើលមិនឃើញមុខមាត់របស់បុរសម្នាក់នោះឡើយ នាងឈានដើរចូលទៅកៀកជិតបន្តិចដើម្បីសម្លឹងមើលឱ្យច្បាស់ បុរសម្នាក់ក្នុងចំណោមនោះក៏បានឃើញនាង បន្ទាប់មកក៏ចាប់ភ្លឹកសម្លឹងមើលនាង នៅក្នុងខណៈពេលនោះ បុរសៗដទៃទៀតដែលនៅក្បែរគេក៏បែរខ្នងមកក្រោយសម្លឹងទៅរកនាង។
ទីបំផុត សុីងលូក៏បានឃើញមុខមាត់បុរសដែលស្លៀកសម្លៀកបំពាក់ពណ៌សនោះច្បាស់ នៅលើកអាវរបស់គេមានចងបូរផ្ការបស់កូនកំលោះ ក្រឡេកឃើញពីដំបូងគឺពិតជាស្រស់សង្ហាឥតខ្ចោះ គេកំពុងតែឈរសើចខ្លាំងៗជាមួយនឹងក្រុមមិត្តភកិ្តរបស់គេ។
កែវភ្នែកធំៗរបស់សុីងលូបញ្ឈប់នៅលើខ្លួនកូនកំលោះនោះដូចកំពុងតែឆាបឆេះ ក្រែងកាលពីប៉ុន្មានថ្ងៃមុនគេនៅនិយាយថាគេស្រលាញ់នាងខ្លាំងណាស់ហ្អេស? ក្រែងកាលពីប៉ុន្មានថ្ងៃមុនគេនៅដេកក្បែរខ្លួននាងនៅឡើយហ្អេស? ហើយចុះឥឡូវនេះវិញ គេកំពុងតែឈរនៅត្រង់ទីនោះ ធ្វើពុតជាមិនស្គាល់នាង។ ពួកបុរសៗដែលឈរនៅព័ទ្ធក្បែរគេនោះប្រើក្រសែភ្នែកសែនចម្លែកសម្លឹងមើលទៅកាន់ភ្ញៀវដែលមិនបានអញ្ជើញមកនោះ។
សុីងលូងាកមុខចេញទៅម្ខាង បែរខ្នងបង្វែរទៅក្រោយចៀសពីក្រសែភ្នែកទាំងនោះ សន្សឹមៗដើរទាំងរ៉េចុងកែងស្បែកជើងចុះតាមកាំជណ្តើរ ពេលដែលនាងឈានចុះដល់ពីរកាំចុងក្រោយ នាងក៏ហក់ស្ទុះវឹងរត់ចេញទៅដូចជាហោះ។
នៅខាងក្រៅសណ្ឋាគារពោរពេញទៅដោយរថយន្តបើកបរឆ្វាត់ឆ្វែង តែសុីងលូបែរមិនខ្វាយខ្វល់អ្វីរត់សម្រុកឆ្លងផ្លូវកាត់មុខឡានដែលកំពុងបរមកដល់ ធ្វើឱ្យអ្នកបើកបរម្នាក់នោះស្រែកជេរប្រទិចខ្លាំងៗ។
ខួរក្បាលរបស់នាងវិលខ្ញាល់ ជំហានជើងនាងរញីរញ័របន្តរត់ទៅមុខ។ ស្ថិតនៅក្នុងខណៈពេលនោះ មានដៃរឹងមាំម្ខាងស្ទុះមកក្របួចចាប់ដើមដៃរបស់នាងនៅពីខាងក្រោយយ៉ាងជាប់។ នាងផ្អៀងក្បាលក្រឡេកមើលទៅក្រោយចង់គ្រវាសដៃរបស់យ៉ាងជិនមុីញចេញ តែគេកាន់តែចាប់ដៃនាងរឹតតែណែន ទាញអូសនាងទៅកាន់ចំណតរថយន្តក្រោមដី។
សុីងលូស្រែកគំហោកឡើង៖
«នៅថ្ងៃដែលបងចួបខ្ញុំដំបូងនោះ! បងបានដឹងច្បាស់ថាខ្លួនឯងជិតរៀបការទៅហើយ! ហេតុអីបានជានៅចង់កុហកខ្ញុំ!»
តាំងពីដើមដល់រហូតមក ដៃរបស់យ៉ាងជិនមុីញនៅតែចាប់ដៃនាងយ៉ាងជាប់ដដែល ហាក់បីដូចជាភិតភ័យខ្លាចថា ឱ្យតែគេព្រលែងចេញ សុីងលូនឹងអាចធ្វើនូវរឿងអ្វីមួយដោយមិនគិតពីលទ្ធផលយ៉ាងណា។ គេនិយាយបកស្រាយថា៖
«កាលនោះ…បងក៏មិននឹកគិតថាពួកយើងនឹងអាចចាប់ផ្តើម…»
ព្រោះតែកំហឹងកំរោល សុីងលូស្រែកច្រឡោតឡើងដោយមិនគិតពីអ្វីទាំងអស់៖
«ប៉ុន្តែបងក៏មិនដែលនឹកគិតថានឹងស្ទាក់ស្ទើរសូម្បីតែបន្តិចលើមង្គលការនេះទេ!»
យ៉ាងជិនមុីញនៅតែចាប់ដៃរបស់នាង និយាយទាល់តម្រិះថា៖
«មង្គលការនេះគឺគ្រួសាររបស់បងជាអ្នករៀបចំ!»
សុីងលូសម្លឹងមើលចំមុខគេ ខឹងបន្ទោសនិយាយថា៖
«មែនហ្អេស? បងត្រូវគ្រួសារបង្ខិតបង្ខំ! បងគួរឱ្យអាណិតអាសូរណាស់! កូនក្រមុំនោះប្រាកដគឺជាអ្នកនាងវង្សត្រកូលធំម្នាក់ដែលមានទ្រព្យមានឋានៈដ៏សែនថ្លៃថ្នូរស្រស់ស្អាតមែនទេ? ខ្ញុំពិតជាអាណិតបងខ្លោចចិត្តណាស់… បងពិតជាមិនអាចមានវិធីបដិសេធមិនរៀបការជាមួយនឹងនាងបានទេ!»
ខ្សែភ្នែករបស់នាងក្រឡេកមើលទៅលើឈុតអាវធំយ៉ាងស្អាតប្រណីតរបស់គេ។
«ប៉ុន្តែប្រសិនបើបងគឺពិតជាមនុស្សម្នាក់ដែលត្រូវបង្ខំឱ្យធ្វើជាកូនកំលោះមែននោះ បងប្រាកដជាមិនសើចសប្បាយក្អាកក្អាយជាមួយនឹងអ្នកដទៃយ៉ាងនេះនោះទេ ទឹកមុខដ៏សែនរីករាយនោះ ជជែកគ្នាសើចខ្លាំងៗជាមួយនឹងមិត្តភក្តិនោះ…ខ្ញុំភ្លេចអបអរបង! អ្នកប្រុសយ៉ាង! សូមអបអរសាទរ…ជូនពរឱ្យលោកនិងកូនក្រមុំស្រលាញ់គ្នាដល់ចាស់សក់ស្កូវកោងខ្នង រួមរស់នៅក្បែរគ្នាជារៀងរហូត!»
សុីងលូចង់ដកដៃចេញពីគេ យ៉ាងជិនមុីញបែរជាចាប់ទាញនាងចូលមកឱបកាន់តែណែន កែវភ្នែករបស់គេក្រហមងាំងនិយាយថា៖
«អូនកុំធ្វើចឹងអី! អូនមិនដឹងទេ! ហើយក៏មិនយល់នោះឡើយ…ថាបងស្រលាញ់អូនខ្លាំងប៉ុនណា!»
សុីងលូងើយមុខឡើង កែវភ្នែករបស់នាងពោរពេញដោយរលកទឹកភ្នែកជន់លិចសម្លឹងមើលទៅកាន់គេយ៉ាងស្ងៀមស្ងាត់។ នាងស្រែកទ្រហោយំរហាម សួរទៅគេថា៖
«លោកមិនបានកុហកខ្ញុំទេ?»
នាងប្រៀបដូចជាកូនចាបតូចរងរបួសកំពុងដេកញ័រទទ្រើកនៅក្រោមភ្លៀង។ កែវភ្នែកដ៏ឈឺចាប់គ្រាំគ្រារបស់នាងពោរពេញទៅដោយតំណក់ទឹកភ្នែកញាក់ញ័រមិនឈប់។ បេះដូងរបស់គេលោតរំជួលឡើង ក៏រហ័សឈ្ងោកមុខចុះថើបទៅលើកែវភ្នែកដែលកំពុងស្រក់ទឹកភ្នែកនោះ សុីងលូត្រដាងដៃឱបករបស់គេ ឈរអើតចុងជើងឡើងបន្តិច ឱនថើបលើបបូរមាត់របស់គេ។
នៅសុខៗរំពេចនោះ យ៉ាងជិនមុីញក៏ស្រែកថ្ងូរឡើងមកយ៉ាងឈឺចាប់រហ័សរុញច្រាននាងចេញ។ នាងត្រដាប់ត្រដួសឈានថយទៅក្រោយ សើចញញឹមចេញមកយ៉ាងជូរចត់ លើកខ្នងដៃឡើងជូតដានឈាមពីជ្រុងមាត់របស់នាង។
នាងខាំពេញមួយទំហឹងលើបបូរមាត់គេ បង្ហាញស្នាមដាច់រយៈមួយឆ្នូតវែង ហូរឈាមប្រតាកពេញ។ យ៉ាងជិនមុីញរហ័សយកកូនកន្សែងពណ៌សមកបិទខ្ទប់មុខរបួស ហើយសម្លឹងមើលទៅនាងយ៉ាងចងកំហឹងពេញពោះ។
សក់ក្បាលនាងឡើងសំពីងសំពោង នាងឈរមានលំនឹងត្រលប់មកវិញយឺតៗ បបូរមាត់ញញីញញ័រនិយាយថា៖
«ឥឡូវនេះចេញទៅថើបកូនក្រមុំថ្មីរបស់លោកចុះ!»
គេស្រែកគំហកដាក់នាង៖
«នាងឆ្កួតហើយ! នាងជាស្រីឆ្កួតខ្លាំងណាស់!»
នាងលិតឈាមចេញពីលើបបូរមាត់នាង កែវភ្នែកដ៏ក្រៀមក្រំរបស់នាងសម្លឹងមើលទៅគេដោយក្ដីអស់សង្ឃឹម និយាយថា៖
«បើជាខ្ញុំវិញនោះ ខ្ញុំនឹងមិននិយាយពាក្យទាំងអស់នេះទេ…តែនិយាយថាខ្ញុំត្រូវបានគេបង្ខំឱ្យរៀបការជាមួយនឹងស្រីម្នាក់ដែលខ្ញុំមិនស្រលាញ់… ហើយនិយាយថាខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់… តើលោកចាត់ទុកខ្ញុំជាអ្វី? ស្រីកំណាន់របស់លោក? ល្បែងលេងរបស់លោក? បន្ទាប់មកលោកនឹងសើចចំអកឱ្យខ្ញុំថាល្ងង់ខ្លៅនិងក្មេងខ្ចី? ប្រាំមួយខែមកនេះ លោកធ្វើឱ្យខ្ញុំជឿជាក់លើលោក ថាលោកស្រលាញ់ខ្ញុំ…ប្រសិនបើខ្ញុំមិនបានស្គាល់លោកទេ ខ្ញុំដើមឡើយនឹងអាចមានសុភមង្គល!»
យ៉ាងជិនមុីញឈឺផ្សាលើបបូរមាត់ ឱនក្បាលចុះ ប្រើដៃទាំងពីរសង្កត់លើមុខរបួស កុំឱ្យឈាមហូរប្រឡាក់មកលើឈុតក្រសេពណ៌សរបស់គេ ខំទ្រាំទប់កំហឹងនិងភ្លើងក្ដៅកំរោលដែលចង់តែហក់ទៅច្របាច់កនាង។
«គឺនាងស្ម័គ្រចិត្តដោយខ្លួនឯងទេ!»
សុីងលូរត្រដាបត្រដួសឈានដើរថយទៅក្រោយ ហើយក៏រត់ស្ទុះវឹងចេញទៅ។ នាងរត់ឆ្លងកាត់ថ្នល់ផ្លូវធំ ដើរនៅលើផ្លូវថ្មើរជើងអស់មួយសន្ទុះ ក៏ឱនខ្លួនចុះដកដង្ហើមដង្ហក់ នាងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងគ្រាន់តែជាសុបិនបំភាន់ភ្នែកមួយ អ្វីៗគ្រប់យ៉ាងដែលនាងមានសុទ្ធតែត្រូវបានរលាយបែកខ្ចាត់ខ្ចាយអស់រលីង រសាត់ហោះហើរចេញពីខ្លួននាងដូចជាធូលីម៉្សៅហុយ។ នាងនឹកឃើញទិដ្ឋភាពដែលឈិនជឺជាឈរនៅក្បែរទ្វាររបងទ្វារសាលាខាងក្រៅជារៀងរាល់ថ្ងៃ ទន្ទឹងរង់ចាំរូបនាងចេញពីរៀន។
នាងនឹកឃើញរូបភាពដ៏សែនឯកោរបស់ខ្លាឃ្មុំខ្មៅជាប់ឃុំនៅក្នុងទ្រុងដែកនោះ ចង្វាក់រាំរែកជាមួយយ៉ាងជិនមុីញ ស្រាសំប៉ាញផ្កាកុលាបក្លាសេត្រជាក់ដែលបានក្រេបផឹកនៅលើគ្រែក្នុងវីឡាធំនោះ ស្នាកដានឈាមប្រឡាក់នៅលើកម្រាលពូកនៅទីកន្លែងនោះ…នាងបានគាស់រម្លើងរឿងអតីតកាលទាំងអស់ចេញពីខ្លួនរបស់នាង។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ