រឿង៖ សន្សើមព្រឹក (ភាគ៨)

សុឺជឹងឈុនស្ទុះចេញទៅក្រៅបន្ទប់គេង គេបានរកឃើញសម្លីអនាម័យមួយកញ្ចប់ក្នុងថតទូកញ្ចក់សំភារនៅខាងក្នុងបន្ទប់ទឹក។ គេកាន់សម្លីអនាម័យនោះរត់ចូលមកក្នុងបន្ទប់គេងវិញ ដើរទៅក្បែរគ្រែទាញផួយដែលគ្របដណ្ដប់លើខ្លួននាងឡើង ជួយគ្រានាងឱ្យងើបក្រោកថ្នមៗ និយាយថា៖

«អូនឆាប់ក្រោកមកផ្លាស់ប្តូរសម្លៀកបំពាក់ទៅ បងជូនអូនទៅមន្ទីរពេទ្យ តើអូនកំពុងប្រើរបស់នេះមែនទេ?»

សម្លឹងឃើញសម្លីអនាម័យកាន់ជាប់នៅក្នុងដៃរបស់គេ នៅក្នុងជម្រៅបេះដូងរបស់នាងមួយរំពេចភ្លាមនោះលោតរំញោចសេចក្តីឈឺចាប់មួយយ៉ាងពិបាកថ្លែង។

«សម្លៀកបំពាក់របស់អូនទុកនៅឯណា? ចាំបងទៅយកមកឱ្យអូន!» គេនិយាយឡើង។

នាងក្រឡេកភ្នែកសម្លឹងទៅកាន់ទូខោអាវដែលនៅក្បែរគ្រែ។ សុឺជឹងឈុនក៏ប្រញាប់ដើរទៅបើកទូខោអាវរកមើល រួចយករ៉ូបមួយនិងអាវក្រៅឱ្យតែបានៗពីដៃ ដាក់ចុះរៀបរយនៅក្បែរគ្រែ និយាយទៅកាន់នាងថា៖

«បងរង់ចាំអូននៅខាងក្រៅ»

សុីងលូស្លេកស្លាំងងក់ក្បាលចុះយឺតៗ សុឺជឹងឈុនបោះជំហានដើរចេញទៅក្រៅទាញទ្វារបិទ។

សុីងលូមិនអាចអត់ទ្រាំបានតទៅទៀត ក៏លើកដៃឡើងខ្ទប់មុខសម្រក់ទឹកភ្នែកទ្រហោយំ។

បន្ទាប់មកនាងក៏ជូតទឹកភ្នែកចេញឱ្យស្អាត ក្រោកផ្លាស់ប្តូររ៉ូបនិងអាវក្រៅដែលគេជ្រើសរើសឱ្យនាង ស៊កស្បែកជើងនៅក្នុងផ្ទះ ដើរចេញទៅក្រៅបន្ទប់រកមើលស្បែកជើងពាក់។

សុឺជឹងឈុនចាប់ក្ដាប់ក្រសោបដៃរបស់នាង និយាយថា៖

«មិនបាច់ទេ! បងអៀវអូនចុះទៅ»

សុីងលូនិយាយថា៖

«អូនអាចដើរដោយខ្លួនឯងបាន!»

សុឺជឹងឈុនបែរខ្នងអង្គុយចុះឱនខ្លួនចេញបញ្ជា៖

«ឱ្យឆាប់ឡើង!»

សុីងលូមានតែបង្ខំចិត្តផ្ដេកទៅលើខ្នងរបស់គេ។ សុឺជឹងឈុនអៀវនាងចុះទៅជាន់ខាងក្រោម នាងផ្អែកក្បាលលើស្មារបស់គេ ទាំងស្រពេចស្រពិលឈឺថ្ងូរឡើងតិចៗ។ សុឺជឹងឈុនសួរថា៖

«តើអូនឈឺខ្លាំងណាស់មែនទេ?»

សុីងលូខាំសង្កត់បបូរមាត់ គ្រវីក្បាល។ នៅទីបំផុត អ្នកទាំងពីរក៏បានមកដល់មន្ទីរពេទ្យ។ គ្រូពេទ្យក៏បានចេញថ្នាំបំបាត់ការឈឺចាប់សម្រាប់សុីងលូ។

សុឺជឹងឈុនចាក់ទឹកក្តៅឧណ្ហៗមួយកែវឱ្យទៅនាង សម្លឹងមើលនាងលេបថ្នាំ និយាយជាមួយនាងដូចនិយាយជាមួយនឹងកូនក្មេងតូចថា៖

«លេបថ្នាំរួចនឹងលែងឈឺទៀតហើយ»

សុីងលូងើយផ្ទៃមុខទាំងនៅសស្លេកឡើង សួរទៅគេថា៖

«តើរូបរាងអូនពេលនេះអាក្រក់មើលខ្លាំងណាស់មែនទេ?”

សុឺជឹងឈុនអង្អែលដៃលើសក់នាងថ្នមៗ និយាយថា៖

«អូនគឺស្អាតបំផុត!»

នៅពេលដែលត្រលប់ទៅវិញ សុឺជឹងឈុននៅតែបន្តអៀវនាងទៀតឡើងទៅលើកាំជណ្តើរ។

សុីងលូនិយាយថា៖

«អូនអាចឡើងទៅដោយខ្លួនឯងបាន»

សុឺជឹងឈុននិយាយថា៖

«អត់ទេ! អូននៅខ្សោយខ្លាំងណាស់»

សុីងលូផ្ដេកនៅលើខ្នងរបស់គេខ្សឹកខ្សួលថា៖

«គ្រាន់តែចុកពោះពេលមករដូវប៉ុណ្ណោះ! មើលរូបរាងរបស់បងចុះ ម្ដេចក៏តឹងតែងខ្លាំងយ៉ាងនេះ?»

នៅពេលដែលឆ្ពោះទៅដល់ជាន់ទីងងឹត គេបានសួរនាងថា៖

«តើការឈឺចាប់នេះមានវិធីព្យាបាលដាច់ទេ?»

សុីងលូឆ្លើយតបថា៖

«គ្រូពេទ្យនិយាយថា សម្រាលកូនម្នាក់រួចនឹងលែងថ្វី»

សុឺជឹងឈុនក៏និយាយថា៖

«បើអ៊ីចឹង ពួកយើងបង្កើតកូនម្នាក់ទៅ!»

នាងសម្លឹងមើលផែនថ្ពាល់របស់គេ ពោលតិចៗថា៖

«បងឆ្កួតទេហ្អេស!»

សុឺជឹងឈុននិយាយយ៉ាងម៉ឺងម៉ាត់ថា៖

«ឱ្យតែអូនយល់ព្រម!»

សុីងលូមិនឆ្លើយតបនឹងគេ។ នៅក្នុងចិត្តនាងនឹកគិតថា៖«មិនអាចមានរឿងទាំងនេះកើតឡើងជាដាច់ខាត!»

សុឺជឹងឈុននិយាយថា៖

«បើថ្ងៃក្រោយអូនមិនស្រួលខ្លួននៅត្រង់ណា ត្រូវតែប្រញាប់ប្រាប់ឱ្យបងបានដឹង! បើមិនមែនបងទូរសព្ទមកថ្ងៃនេះទេនោះ អូនប្រហែលជាអ្វីក៏មិនព្រមនិយាយដែរ»

សុីងលូនិយាយថា៖

«ថ្ងៃនេះបងត្រូវទៅចួបឈ្មួញកណ្ដាលលក់គំនូរហ្អេស អូនមិនចង់ធ្វើឱ្យបងព្រួយបារម្ភនោះទេ! ត្រូវហើយ! តើឈ្មួញមើលរូបគំនូររបស់បងរួចយល់យ៉ាងណាដែរ?»

សុឺជឹងឈុនឆ្លើយតបដោយរីករាយ៖

«បងបានយកគំនូរប៉ុន្មានផ្ទាំងទៅឱ្យគាត់ពិនិត្យមើលវាយតម្លៃ គាត់និយាយថាគាត់ពេញចិត្តជាខ្លាំងណាស់ គាត់ថាវានឹងមុខជាអាចលក់ចេញបាន ហើយនៅចង់ឱ្យបងនាំយកស្នាដៃច្រើនជាងហ្នឹងបន្ថែមទៀតនៅពេលក្រោយប្រគល់ទៅឱ្យគាត់លក់។ គាត់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងអាជីពហ្នឹងណាស់!»

ផ្ទៃមុខរបស់សុីងលូផ្អែកនៅលើស្មារបស់គេ នាងនិយាយថា៖

«បើអ៊ីចឹងនោះគឺពិតជាប្រសើរខ្លាំងណាស់មែនទេ?»

«ថាមិនត្រូវប្រហែលជាពួកយើងអាចនឹងឆាប់ៗមានប្រាក់ទិញផ្ទះក្បឿងនៅលើកំពូលភ្នំនោះ» សុឺជឹងឈុនប្រើដៃរឹតបន្តឹងខ្នងរបស់នាងកាន់តែខ្លាំង។

ដៃទាំងពីរបស់សុីងលូឱបលើករបស់គេដោយមិននិយាយស្ដីអ្វីទាំងអស់។

នៅក្នុងយប់ថ្ងៃនោះ សុីងលូក្រោកចុះពីគ្រែចេញទៅលេបថ្នាំជាលើកទីបី ការឈឺចុកចាប់ដ៏ទុរន់ទុរានោះក៏កាត់បន្ថយបាត់បន្តិចម្តងៗ សុឺជឹងឈុនបានស្តាប់តាមសម្ដីនាង យល់ព្រមវិលត្រលប់ទៅផ្ទះវិញ។

នាងផ្ដេកខ្នងទៅលើខ្នើយកើយ កោងក្បាលជង្គង់ទាំងពីរឡើងអង្គុយនៅលើគ្រែ ឈោងដៃចេញទៅទាញបើកថតតុនៅក្បែរគ្រែ ដែលនៅទីនោះមានដាក់ស្រោបសឺមីឯកសារមួយច្បាប់។ នៅពីក្នុងសឺមីឯកសារ នាងដកក្រដាសកាសែតចាស់មួយសន្លឹកចេញ។

មានពេលខ្លះនាងនឹកគិតថា៖«តើពេលនេះឯងកំពុងតែធ្វើអ្វីហ្នឹង?»

ក្រោយពេលដែលបែកបាក់គ្នាជាមួយនឹងយ៉ាងជិនមុីញ នាងក៏បានផ្លាស់ប្ដូរទៅធ្វើការនៅក្នុងហាងសម្លៀកបំពាក់លំដាប់មួយកន្លែងទៀតនៅទីប្រជុំជន ដែលនោះក៏នៅតែជាពិភពហុឺហាមួយផ្សេងទៀត។ ប៉ុន្តែនាងក៏មិននៅដូចជាពីមុនទៀតទេ ពីមុននាងធ្លាប់ចូលចិត្តអានប្រលោមលោកណាស់ ប៉ុន្តែឥឡូវនេះនាងមិនអានវាទៀតទាល់តែសោះ។ នាងសែនសោកស្ដាយដែលបានប្រគល់ខ្លួនឱ្យទៅគេ ហើយនាងក៏ស្រាប់ប្រទះដឹងខ្លួនថានាងលែងមានអារម្មណ៍ចំពោះគេតទៅទៀតហើយ។ ប្រហែលជាបេះដូងរបស់នាងត្រូវបានកំណាត់គល់ឧសងាប់ដុតកម្លោចស្ទើរតែគ្មាននៅសេសសល់អ្វី ហើយបានរលាយក្លាយទៅជាកម្ទេចផេះ។

ឥឡូវនេះវិញនោះ នាងគ្រាន់តែចង់មានប្រាក់ជាច្រើន នោះទើបជារបស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិតរស់នៅរបស់នាងដែលនាងខំស្វះស្វែងតាមរក ហើយវាក៏ជារបស់តែមួយគត់ដែលនាងអាចជឿជាក់បាន។ ជំហានបន្ទាប់ពីនោះ នាងនឹងចាកចេញពីទីកន្លែងដែលធ្វើឱ្យនាងអស់សង្ឃឹមនិងឈឺចាប់នេះ ទៅកាន់ទីកន្លែងតែលតោលមានសេរីភាពមួយដ៏សែនឆ្ងាយ។ នៅទីនោះនឹងគ្មាននរណាម្នាក់ស្គាល់នាងឡើយ។

ហេតុដូច្នោះហើយ សុីងលូបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំង មិនយូរប៉ុន្មាននាងក៏បានឡើងតំណែង។ បន្ទាប់មកនាងរឹតកាន់តែចង់រកប្រាក់ឱ្យបានច្រើនជាងនេះ នាងក៏ប្ដូរការងារទៅធ្វើការនៅក្នុងហាងលក់គ្រឿងអលង្ការលំដាប់មួយផ្សេងទៀត។ ប៉ុន្តែនៅក្នុងពេលនោះ លោកប៉ារបស់នាងក៏ព្រោះតែអន្ទះសាចង់សហការជាមួយនឹងមិត្តរបស់គាត់បើកអាជីវកម្មតូចមួយ ជាលទ្ធផលនោះក៏ខាតបង់ធ្ងន់ ជំពាក់បំណុលគេច្រើនវ័ណ្ឌក សុីងលូគ្មានជម្រើសអ្វីក្រៅពីខាំធ្មេញដកប្រាក់សន្សំទាំងអស់ពីក្នុងធនាគារដែលនាងខំសន្សំរហូតមកនោះ យកទៅសងបំណុលជំនួសឪពុកនាង។

និយាយចំពោះឪពុកម្នាក់ដែលសុីងលូធ្លាប់កោតស្ញប់ស្ញែង បុរសដែលនាងធ្លាប់គោរពស្រលាញ់ ប៉ុន្តែនៅសុខៗក្នុងខណៈវេលានោះក៏ស្រាប់តែកកើតមានអារម្មណ៍ស្អប់ខ្ពើមមួយដែលមិនអាចរកពាក្យនិយាយបាន។ ថ្ងៃនោះ នាងវិលត្រលប់ទៅផ្ទះវិញ បោះប្រាក់ឡើងទៅលើតុបាយ ខឹងតូចចិត្តស្រែកគំហកដាក់ទៅគាត់ថា៖

«ហេតុអីបានជាប៉ាធ្វើបែបនេះចំពោះខ្ញុំ!»

កាលនោះ បើសិនលោកប៉ារបស់នាងស្ដីបន្ទោសបកមកនាងវិញ នាងប្រហែលជាអាចនឹងគ្រាន់បើចិត្តឡើងបន្តិច ក៏ប៉ុន្តែគាត់បែរជាមិននិយាយអ្វីមួយម៉ាត់ កាន់យកប្រាក់នោះចាកចេញទៅ។ ធាតុពិតនោះ បានបំផ្លិចបំផ្លាញគាត់ទាំងស្រុង។

នៅក្នុងចិត្តរបស់សុីងលូលួចពោលពាក្យជេរស្តីដោយស្ងាត់ៗថា៖«កំសាកណាស់! មនុស្សកំសាក!» ហើយសុីងលូក៏មិនខ្ចីនិយាយស្ដីរកលោកប៉ានាងទៀត។

ថ្ងៃមួយ នាងក្រឡេកភ្នែកកាត់ឃើញដោយចៃដន្យទៅត្រង់ជួរបន្ទាត់ចំណងជើងនៅលើកាសែតមួយច្បាប់យ៉ាងមិនព្រិចភ្នែក សម្លឹងមើលឃើញមតិការផ្សព្វផ្សាយមួយដ៏សែនចម្លែកជាពន់ពេក។

មាតិការផ្សព្វផ្សាយនោះបានសរសេរថា៖«លោកស្រីស្តុកស្តម្ភមានទ្រព្យច្រើនសន្ធឹកម្នាក់តែសែនចំបែងឯកា ចង់ស្វែងរកមនុស្សវ័យក្មេងម្នាក់រួមដំណើរកំសាន្តជាមួយនឹងគាត់ ផ្ដល់ប្រាក់កម្រៃក្រាស់ក្រែលជាទីគាប់ចិត្ត ទទួលយកតែមនុស្សស្រី មានលក្ខខណ្ឌរូបសម្រស់ត្រូវតែស្រស់ស្អាត អាទិភាពសម្រាប់អ្នកដែលចេះនិយាយភាសាអង់គ្លេស!»

នៅលើមាតិការផ្សព្វផ្សាយមានតែអាសយដ្ឋានទំនាក់ទំនងតាមអុីម៉ែលតែប៉ុណ្ណោះ។ នៅពេលដែលសុីងលូបានមើលឃើញការផ្សព្វផ្សាយមួយនោះ នោះគឺជាពេលវេលាដែលសុីងលូយល់ថាអស់ក្ដីសង្ឃឹមនិងវេទនាបំផុតនៅក្នុងជីវិត។ ហេតុនេះហើយ នាងបានសរសេរប្រវត្តិរូបសង្កេតនិងថតរូបថតមួយសន្លឹកផ្ញើចេញទៅ។

. . .

នៅព្រឹកថ្ងៃបន្ទាប់ បើកភ្នែកភ្ញាក់ពីគេងឡើងមក សុីងលូនៅតែស្លៀកពាក់ឈុតរាត្រីដដែល។ នាងបើកទ្វារបង្អួចចេញ នៅព្រឹកព្រលឹមស្រាងៗនៅឡើយ ទើបនៅលើទីដងផ្លូវនៅស្ងាត់ជ្រងំឱ្យជ្រាប មានតែសូរសំឡេងមែកឈើកំពុងយោលយោកទៅតាមជំនោរខ្យល់បក់។ នាងងើយផ្ទៃមុខឡើងសម្លឹងមើលទៅដុំពពកនៅលើមេឃ ផ្ទៃមេឃពណ៌ខៀវស្រឡះថេងភ្លឺចិញ្ចាងចូលមកក្នុងកែវភ្នែកថ្លាឈ្វង់របស់នាង។

នាងមិនអាចទប់ស្នាមញញឹមបាន ជ្រមុជដួងកាយចិត្តជាមួយនឹងភាពរីករាយដ៏ថ្មីសន្លាង។

នាងធាក់ខ្ទាត់ស្បែកជើងព្រុយពណ៌ផ្កាឈូកនៅលើជើងរបស់នាងចេញទៅឆ្ងាយ ជ្រើសរើសយកសម្លៀកបំពាក់ដែលនាងចូលចិត្តបំផុតនៅក្នុងទូខោអាវ ប៉ុន្តែនាងក៏បានងាកមកក្រោយរើសស្បែកជើងនោះឡើងមកវិញទុកដាក់នៅក្បែរកៀនគ្រែ។ ស្បែកជើងមួយគូនោះគឺកាលពីម្សិលមិញបានដើរជាន់លើផ្ទៃកម្រាលឥដ្ឋពណ៌សក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

បន្ទាប់មក នាងក៏ដើរចាកចេញពីផ្ទះជួល ឈាងកាត់ហាងលក់ផ្ការបស់អ៊ំស្រីម្នាក់នោះ នាងក៏នៅតែទិញផ្កាកុលាបស្រស់មួយបាច់ធំ។

អ៊ំស្រីម្នាក់នោះនិយាយថា៖

«ថ្ងៃនេះទឹកមុខក្មួយស្រស់បស់ល្អណាស់! ជាធម្មតាឃើញខ្វះកម្លាំងជីវិតជីវ៉ាបន្តិច!»

សុីងលូញញឹមយ៉ាងផ្អែមល្ហែម ហើយក៏និយាយថា៖

«អ៊ំស្រីក៏ស្រស់បស់ណាស់ដែរ!”

នាងប្រគល់ប្រាក់ឱ្យទៅគាត់ អ៊ំស្រីបានជូនថែមផ្កាប៊េប៊ីមួយបាច់ទៀតដល់នាង។ នាងញញឹមយ៉ាងរីករាយ រួចហើយក៏ដើរចេញពីក្នុងហាងផ្កា នៅពេលដែលងើយមុខឡើងនាងក៏ស្រាប់តែប្រទះភ្នែកសម្លឹងឃើញបុរសពាក់មួកកន្តិបម្នាក់នោះ។ គេកំពុងតែឈរនៅជ្រុងមួយក្បែរដងសសរភ្លើងនៅឯទល់មុខចិញ្ចើមផ្លូវខាងមុខ ស្លៀកពាក់សាមញ្ញនិងពាក់អាវធំក្រាស់ឃ្មឹក ពាក់មួកកន្តិបនៅលើក្បាល បៀមកន្ទុយបារីនៅក្នុងមាត់ និងកៀបកាសែតមួយច្បាប់នៅដើមក្លៀក។ ពេលសម្លឹងឃើញនាង គេមានចេតនាបង្វិលខ្នងដាក់នាង លាត់បើកកាសែតនៅក្នុងដៃចេញ ធ្វើពុតជាកំពុងមើល។

សុីងលូបានប្រទះឃើញជាច្រើនដងមកហើយ បុរសម្នាក់នោះតែងតែដើរតាមឃ្លាំមើលរាល់សកម្មភាពរស់នៅរបស់នាង។ ប៉ុន្តែនៅក្នុងពេលនេះ នាងស្រាប់តែមានអារម្មណ៍ថា នាងមិនអាចបន្តអត់ទ្រាំបានតទៅទៀត រួចក៏ឈានជើងដើរសំដៅទៅរកគេ។ នៅពេលដែលបុរសនោះឃើញនាងក៏ប្រញាប់ដើរទៅមុខ។ តែនាងមិនព្រមបោះបង់ ស្ទុះដេញទៅតាមស្កាត់នៅពីមុខគេ និយាយទាំងខឹងសម្បា៖

«ហេតុអីបានជាលោកចេះតែដើរតាមខ្ញុំ?»

បុរសម្នាក់នោះគ្មានមធ្យោបាយអ្វីក៏បញ្ឈប់ជើងនៅឈរស្ងៀម។ គេមានអាយុប្រហែលសែសិបឆ្នាំ កែវភ្នែកមុតស្រួចលាក់បង្កប់នៅពីក្រោយដងកញ្ចក់វ៉ែនតាខ្មៅធំៗនោះ មើលទៅអាប់អួរជាខ្លាំង ធ្វើឱ្យមនុស្សពេលឃើញដំបូងមានអារម្មណ៍ថាគេមិនចង់បង្ហាញពីសមាសភាពពិតរបស់គេ។

គេក្រឡេកមើលទៅសុីងលូបន្តិច ពោលស្ដីដោយទើសទាល់ថា៖ «សួស្ដី! អ្នកនាងសុីង!»

សុីងលូមិនសម្ដែងក្ដីចាប់អារម្មណ៍អ្វី តែដេញដោរសួរថា៖

«ហេតុអីក៏លោកមួយថ្ងៃៗចាំតាមឃ្លាំមើលខ្ញុំជាប់រហូត?»

បុរសម្នាក់នោះព្រិចភ្នែកគិតពិចារណាមួយសន្ទុះ រួចក៏និយាយយ៉ាងគួរសមថា៖

«ខ្ញុំមកតាមជួយអ្នកនាង មិនមែនតាមឃ្លាំមើលទេ»

សុីងលូក្រឡេកមើលទៅរូបគេចុះឡើង និយាយដោយកំរោលថា៖

«ខ្ញុំអាចដោះស្រាយដោយខ្លួនឯងបាន!»

បុរសម្នាក់នោះមិននិយាយស្ដីអ្វី បដិសេធមិនបញ្ចេញយោបល់ ហើយបន្ទាប់មកគេក៏និយាយថា៖

«គេល្អចំពោះនាងណាស់!»

សុីងលូភ្ញាក់ញ័រខ្លួនឡើង និយាយនៅក្នុងចិត្តថា៖«តាមពិតកាលពីម្សិលមិញ គេក៏នៅតាមឃ្លាំមើលឯងជាប់ជានិច្ចដែរ!» នាងនិយាយដោយត្រជាក់ល្អូកថា៖

«រឿងទាំងនោះមិនពាក់ព័ន្ធនឹងលោកទេ!»

បុរសម្នាក់នោះឆ្លើយតបដោយសុជីវធម៌៖

«អ្នកនាងសុីង! ពួកយើងម្នាក់ៗសុទ្ធតែមានតួនាទីរៀងៗខ្លួន!»

សុីងលូមួយរំពេចភ្លាមៗនោះគ្មានពាក្យអ្វីត្រូវនិយាយ។ បុរសម្នាក់នោះក៏ហាមាត់និយាយបន្តទៀតថា៖

«ខ្ញុំសូមក្រើនរម្លឹកអ្នកនាងបន្តិច ពេលវេលារបស់អ្នកនាងនៅមិនច្រើនទេ»

ក្រោយពេលនិយាយចប់ពាក្យទាំងនោះ នៅជ្រុងកែមមាត់របស់គេរំលេចគំនួចស្នាមញញឹមឡើងមកដូចជាមានផងដូចជាអត់ផង ហើយបន្ទាប់មកគេក៏បោះជំហានដើរចាកចេញទៅ។

. . . . .

សុីងលូឈរស្ងៀមឆ្កឹងនៅទីនោះ ភ្នែកសម្លឹងមើលផែនខ្នងរបស់បុរសពាក់មួកកន្តិបនោះផុតទៅបាត់នៅផ្លូវបំបែក។ នៅលើដងផ្លូវកាន់តែមានមនុស្សច្រើនកកកុញទៅៗ ផ្ទៃមេឃក៏កាន់តែរះភ្លឺទៅ ប៉ុន្តែអារម្មណ៍របស់នាងបែរជាបានប្រែប្រួល។

ការបង្ហាញខ្លួនមករបស់បុរសម្នាក់នោះគឺប្រៀបដូចជាដំបងឈើមួយវាយសំពងមកលើក្បាលរបស់នាង ដាស់រម្លឹកឱ្យនាងភ្ញាក់ដឹងខ្លួនថានាងមិនមែនជាមនុស្សស្រីដែលកំពុងតែមានស្នេហានោះទេ។

នៅល្ងាចថ្ងៃព្រហស្បតិ៍មួយ សុឺជឹងឈុនបាននិយាយថានឹងមក Coffee Shop ទទួលនាងក្រោយពេលចេញពីធ្វើការ បន្ទាប់មកទៅមើលកុនជាមួយគ្នា។ ក៏ប៉ុន្តែរហូតមកដល់ម៉ោងហាងកាហ្វេត្រូវបិទទ្វារទៅហើយ គេក៏នៅតែមិនទាន់បង្ហាញខ្លួន។

សុីងលូឈានដើរចេញទៅមាត់ទ្វារ ព្យួរស្លាក “Closed” នៅលើទ្វារកញ្ចក់ ក៏ប៉ុន្តែប្រទះឃើញថា សុឺជឹងឈុនកំពុងឈរធ្មឹងនៅខាងក្រៅហាងកាហ្វេ ដៃទាំងពីរស៊កនៅក្នុងហោប៉ៅ ទឹកមុខហាក់កណ្ដោចកណ្ដែងបន្តិច។

សុីងលូភ្ញាក់ផ្អើលបន្តិចរហ័សសួរថា៖

«ហេតុអីបានជាបងមិនចូលទៅក្នុង?»

សុឺជឹងឈុនសម្លឹងឃើញនាង ងើយក្បាលឡើង និយាយទាំងស្រងូតស្រងាត់ថា៖

«ឈ្មួញកណ្ដាលដែលទិញគំនូរនោះបានប្រគល់គំនូរទាំងអស់ត្រលប់មកឱ្យបងវិញហើយ»

សុីងលូលាន់មាត់សួរថា៖

«ក្រែងគាត់និយាយថាគាត់ពេញចិត្តរូបគំនូររបស់បងណាស់ហ្អេស?»

សុឺជឹងឈុនឆ្លើយតបថា៖

«គាត់និយាយថាគាត់រកមិនបានភ្ញៀវជាវគំនូរទាំងនោះទេ!»

សុីងលូខឹងសម្បានិយាយថា៖

«រឿងហ្នឹងម៉េចនឹងអាចទៅ? បងគូរគំនូរបានស្អាតដល់ម្ល៉ឹង!»

សុឺជឹងឈុនញញឹមយ៉ាងបង្ខំចិត្ត និយាយថា៖

«មិនថ្វីទេ! ទោះយ៉ាងណាគាត់មិនមែនជាមនុស្សដំបូងទេដែលបដិសេធនឹងបង! គាត់បាននិយាយពាក្យសុំទោសមកជាច្រើន ធ្វើឱ្យបងស្ដាប់ទៅឡើងរអៀសខ្លួន!»

សុីងលូនៅខឹងចិត្តនិយាយថា៖

«មនុស្សទាំងអស់នោះមានចេះមើលគំនូរដែរទេ?»

សម្លឹងឃើញរូបរាងសុីងលូក្រេវក្រោធខឹងចិត្តយ៉ាងនេះ ក៏ប៉ុន្តែផ្ទុយទៅវិញ សុឺជឹងឈុនឈរនៅឯម្ខាងបែរជានៅសើចញញឹមចេញមកតិចៗ។ គេញាក់ៗស្មាបន្តិច ធ្វើឫកពារដូចជាមិនយកចិត្តទុកដាក់ក្នុងចិត្ត និយាយមកជាធម្មតាថា៖

«បងអាចយកគំនូរទៅអោយឈ្មួញកណ្ដាលដទៃទៀតវាយតម្លៃ គង់តែអាចរកបានមនុស្សពេញចិត្តនឹងវាមិនខាន! តស់ពួកយើងទៅ! ទៅមើលកុន! ទៅអបអរ!»

សុីងលូបើកភ្នែកធំៗសម្លឹងមើលគេ ហើយសួរថា៖

«អបអរសម្រាប់អ្វីទៅ?»

នៅលើផ្ទៃមុខរបស់សុឺជឹងឈុនរំលេចស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ និយាយថា៖

«អបអរដែលពួកយើងនៅតែមានជីវិតរស់រានប្រសើរនៅឡើយ! អបអរដែលពួកយើងនៅតែបន្តនៅក្បែរគ្នានៅឡើយ! អបអរបងនៅតែបន្តគូរគំនូរ! បងមិនបោះបង់ក្ដីសុបិនជាដាច់ខាត!»

នៅព្រឹកថ្ងៃបន្ទាប់ គេរៀបចំបែងចែកស្នាដៃរបស់គេផ្ញើទៅឱ្យឈ្មួញរកសុីទិញគំនូរមួយចំនួនធំ ក៏ប៉ុន្តែក្រោយពេលដែលផ្ញើចេញទៅក៏គ្មានលទ្ធផលគាប់ប្រសើរអ្វី ។ បន្ទាប់មកនោះ ស្នាដៃគំនូរទាំងឡាយនិងស្រោមសំបុត្រប៉ុន្មានច្បាប់ផ្ញើវិលបកត្រលប់មកវិញជាបន្តបន្ទាប់។

«ជូនចំពោះលោកសុឺ»

សូមកុំអស់សង្ឃឹម! តាំងពីដើមមក សិល្បករឆ្នៃប្រតិដ្ឋទាំងឡាយតែងតែដឹកនាំខ្លួនឯងដើរមុនពេលវេលា។

សូមជូនពរឱ្យលោកនឹងអាចឆាប់រកឃើញឈ្មួញដែលមានជំនាញសិស្បៈសុីជម្រៅពិតប្រាកដ។

ពីលោកអគ្គនាយកអុីហាន

ក្រុមហ៊ុនកៅមុីញគ័ង”

«លោកសុឺជាទីគោរព»

សូមអរគុណសម្រាប់ទំនុកចិត្ត ដែលបានផ្ញើស្នាដៃរបស់លោកមកកាន់ហាងតូចតាចរបស់ខ្ញុំ។

ហាងរបស់ពួកយើងកំពុងតែដំណើរការគោលដៅ តែជាសំណាងមិនល្អមិនប្រកបទៅដោយរលូន។

ពិតជាការសោកស្តាយខ្លាំងណាស់។

ពីលោកនាយកឈូសុីង

ហាងគំនូរប៉ាយមុឹង…

«ជូនចំពោះលោកសុឺ»

ហាងរបស់ពួកយើងគ្មានលទ្ធភាពទេ។

សូមអរគុណដែលបានផ្ញើស្នាដៃមក។

ពីលោកនាយកយុនហ្វាង

ហាងគំនូរលូហ្វាង…

សុឺជឹងឈុនប្រមូលយកស្រោមសំបុត្រទាំងអស់ទុកដាក់ឡើងទៅលើធ្នើរសៀវភៅ។ គេងាកមកនិយាយលេងសើចជាមួយនឹងសុីងលូ៖

«ចាំថ្ងៃក្រោយនៅពេលដែលបងល្បី សំបុត្រទាំងអស់នេះនឹងក្លាយទៅជាអតីតកាលចងចាំដ៏មានតម្លៃ!»

កែវភ្នែកដ៏ស្រស់ស្អាតរបស់សុីងលូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលទៅកាន់បុរសដែលនៅចំពោះមុខនាងម្នាក់នេះ។ គេហួសពីឈាននៅក្រៅការគិតទុករបស់រូបនាងទាំងស្រុង គេនឹងនៅតែរស់នៅបែបនេះជារៀងរហូត មិនថាក្ដីបរាជ័យធំប៉ុនណា ក៏គ្មានផ្លូវអាចបំបាក់គេបានដែរ យ៉ាងច្រើនបំផុតក៏គ្រាន់តែអាចធ្វើឱ្យគេចងចិញ្ចើមចុះបន្តិចតែប៉ុណ្ណោះ។

នាងខាំសង្កៀតធ្មេញនិយាយថា៖

«មនុស្សទាំងអស់នោះពិតជាគ្មានភ្នែកមែន!»

សុឺជឹងឈុនសើចញញឹមឡើងនិយាយថា៖

«ទោះបីជាមនុស្សទាំងអស់នោះមិនទិញគំនូររបស់បងក៏ដោយ បងនៅតែអាចយកទៅចិញ្ចើមផ្លូវ តម្រៀបគំនូរនៅមុខផ្លូវតាំងលក់ មើលទៅក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ! កុំព្រួយអី! បងនឹងមិនទុកឱ្យអូនដាច់ពោះស្លាប់ទេ!»

សុីងលូភ្នែកសម្លឹងមើលទៅគេយ៉ាងក្រៀមក្រំ ផ្ទុយទៅវិញសុឺជឹងឈុនបែរជាលួងលោមនាងថា៖

«ឱ្យតែគ្រាក្រីក្រ អូនមិនប្រកាន់ញ៊ាំនំប៉័ងរួមគ្នាជាមួយនឹងបង បងស្កប់ស្កល់ពេកណាស់ទៅហើយ»

សុីងលូក៏សើចសួរថា៖

«តើជានំបុ័ងសាច់ផាត់ឬជានំបុ័ងសាប?»

សុឺជឹងឈុនញញឹមស្រទន់ឆ្លើយតបថា៖

«ដំបូងប្រហែលជាអាចញ៊ាំនំបុ័ងសាច់ផាត់ បន្ទាប់មកអាចនឹងប្រហែលជាញ៊ាំនំប៉័ងសាប!»

សុីងលូងើយផ្ទៃមុខឡើងសម្លឹងមើលគេ បង្រួមចុងកន្ទុយភ្នែករបស់នាងបន្តិច សើចញញឹមនិយាយថា៖

«បើអ៊ីចឹងនោះ ជាដំបូងពួកយើងចាប់ផ្ដើមពីឆ្អឹងជំនីជ្រូកសិនទៅ!»

សុឺជឹងឈុនសើចឡើងកក្អឹក។ គេទាញនាងចូលមកក្នុងរង្វង់ដៃ ហើយនិយាយថា៖

«បងនឹងមិនឱ្យអូនរងទុក្ខលំបាកទេ សុខភាពរបស់អូនមិនល្អ ថ្ងៃក្រោយត្រូវញ៊ាំបំប៉នឱ្យបានច្រើនបន្តិច»

ផ្ទៃមុខរបស់សុីងលូផ្ដេកលើស្មារបស់សុឺជឹងឈុន កែវភ្នែកខ្មៅថ្លាទាំងនោះហាក់ដូចកំពុងតែលិចលង់សម្លឹងមើលទៅកាន់ទីរាត្រីងងឹតនៅខាងក្រៅមាត់បង្អួច។ ឋិតនៅពីចម្ងាយ វាហាក់ដូចជាបុរសពាក់មួកកន្តិបនោះបានបង្ហាញខ្លួនឡើងមកទៀតហើយ។

សុឺជឹងឈុនសន្សឹមៗដកប្រអប់ពណ៌ផ្កាឈូកដែលមានអ្វីម៉្យាងមក និយាយថា៖

«រាល់លើកពេលដែលទៅមើលកុននៅទីនោះ បងឃើញអូនតែងតែចាប់ភ្លឹកមើលចិញ្ចៀននេះជាប់ជានិច្ច។ បងគិតថាអូនប្រាកដជាស្រលាញ់វាខ្លាំងណាស់ ដូច្នេះបងក៏បានទិញវាមក»

សុីងលូប្រៀបដូចជាយល់សុបិន នាងងើយមុខឡើងសម្លឹងទៅគេឱ្យបានច្បាស់លាស់ ដោយនៅក្នុងចិត្តនឹកគិតថា

«ហេតុអីបានជាអ៊ីចឹង? ហេតុអីបានទៅជាអ៊ីចឹង?» នាងខាំបបូរមាត់សួរគេថា៖

«តើបងបានប្រាក់មកពីណាទិញវា?»

សុឺជឹងឈុនញញឹមខខ្សោះ ហើយក៏និយាយថា៖

«បងលក់គំនូរមួយផ្ទាំង»

សុីងលូសួរថា៖

«លក់ឱ្យអ្នកណា?»

សុឺជឹងឈុនឆ្លើយថា៖

«គឺលក់ឱ្យអ្នកមីងហឺហ្នឹងឯង!»

សុីងលូសួរដោយសង្ស័យថា៖

«តែមួយផ្ទាំងទេ?» នាងសួរចប់ ក៏បែរមុខទៅសម្លឹងរកមើលរូបគំនូរទាំងឡាយដែលដាក់គរផ្តេកចោលនៅក្នុងបន្ទប់។ មួយរំពេចនោះ នាងក៏ស្រាប់តែនឹកឃើញថា ពីព្រោះហេតុនេះហើយទើបបានជាប៉ុន្មានថ្ងៃមកនេះ នាងតែងតែមានអារម្មណ៍ថាដូចជាបាត់រូបគំនូរមួយផ្ទាំង។

«បងលក់ផ្ទាំងគំនូរទន្លេ “Thames” នោះហើយមែនទេ? តើបងលក់តម្លៃប៉ុន្មាន?»

សុឺជឹងឈុនញញឹមឆ្លើយតបថា៖

«ល្មមគ្រប់ទិញចិញ្ចៀនមួយវង់នេះ!»

សុីងលូឈឺផ្សាចិត្តយ៉ាងខ្លាំងនិយាយថា៖

«គាត់កេងចំណេញលើបងហើយ! រូបគំនូរនោះបងគូរបានស្អាតខ្លាំងយ៉ាងនេះ មិនអាចត្រឹមតែមានតម្លៃតែប៉ុណ្ណឹងនោះទេ! ជាងនេះទៅទៀត ក្នុងខ្លួនបងគ្មានប្រាក់ចាយច្រើនទេ! ចាំបាច់អ្វីត្រូវទិញវាមក?»

សុឺជឹងឈុនឈោងដៃចេញទៅចាប់កាន់ដៃរបស់នាង សម្លឹងមើលនាងហើយនិយាយថា៖

«ព្រោះតែអូនស្រលាញ់វា!»

សុីងលូមិននិយាយអ្វីបន្តទៀត រាងកាយរបស់នាងញ័រចំប្រប់។

នាងសម្លឹងមើលទៅសុឺជឹងឈុន នឹកទៅដល់ស្នេហាដែលនាងខំស្វះស្វែងតាមរកតែបែរជាកុហកបោកប្រាសក្បត់នាងយ៉ាងណា ភាពកក់ក្តៅដែលនាងប៉ងប្រាថ្នាធ្លាប់សើចចំអកនាងយ៉ាងណា។ ឋិតនៅក្នុងខណៈវិនាទីនេះ នាងលែងមានក្ដីសង្ឃឹមថានឹងអាចរកឃើញសុភមង្គលពិតទៀតហើយ នៅក្នុងខណៈពេលដែលនាងមិនចង់បាន ក៏ប៉ុន្តែវាបែរជាហោះឆ្ពោះមកទីនេះ ប្រើចំពុះរបស់វាចឹកទម្លុះបេះដូងត្រជាក់ល្អូករបស់នាងឱ្យឆាបឆេះរោលអណ្ដាតភ្លើងពណ៌ខៀវស្រងឹតឡើងមក។

កែវភ្នែកដ៏ឈឺចាប់គ្រាំគ្រាបើកធំៗសម្លឹងមើលទៅកាន់បុរសដែលនៅចំពោះមុខនាង គេផ្តល់ភាពកក់ដ្ដៅដល់នាងយ៉ាងនេះ ប៉ុន្តែនាងមិនសមនឹងទទួលវាទេ!

កែវភ្នែករបស់នាងក្តៅងំគគុក នៅសុខៗនោះនាងក៏ស្រាប់តែស្ទុះក្រោកពីកៅអី សំឡេងនាងញ័រៗ៖

«អូនមិនត្រូវការទេ! បងយកវាទៅប្ដូរយកប្រាក់វិញទៅ!»

សុឺជឹងឈុនងើយមុខឡើងសម្លឹងមើលទៅនាងមិនដាក់ សួរដោយភ្ញាក់ផ្អើល៖

«តើអូនយ៉ាងម៉េចហ្នឹង? អូនមិនសប្បាយចិត្តទេហ្អេស?»

សុីងលូសម្លឹងមើលទៅគេ បង្ហាញឡើងនូវទឹកមុខមួយដែលគេមិនអាចមើលធ្លុះបាននាង នាងឆ្លើយថា៖

«មែនហើយ!  អូនមិនស្រលាញ់វាទេ!»

សុឺជឹងឈុនគិតមិនយល់ គេសម្លឹងមើលមកនាង កាន់ប្រអប់ចិញ្ចៀននៅលើតុឡើង ហើយនិយាយថា៖

«បងគិតថាអូននឹងស្រលាញ់វា…»

មិននៅរង់ចាំឱ្យគេនិយាយចប់ ភ្លាមៗនោះ សុីងលូក៏កាន់យកអាវក្រៅនិងកាបូបស្បែករបស់នាងស្ទុះសម្រុកចេញពីបន្ទប់ រត់មួយវឹងចេញទៅផ្លូវធំ។

ជំហានជើងរបស់នាងញាប់ញ័រ ដើរបណ្ដើរទ្រហោយំពេញមុខបណ្ដើរ នៅក្នុងចិត្តខ្សឹកខ្សួលថា៖

«គេស្រលាញ់ឯង!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*