នៅក្នុងខណៈពេលនោះ ដើមដៃម្ខាងស្ទុះស្រវាមកចាប់ដៃនាងពីក្រោយ នាងសន្សឹមៗងើយផ្ទៃមុខឡើង ក៏ឃើញសុឺជឹងឈុន គេកំពុងតែសម្លឹងមើលមកនាងយ៉ាងយកចិត្តទុកដាក់ និយាយថា៖
«តើបងបានធ្វើអ្វីខុសធ្វើឱ្យអូនខឹងមែនទេ?»
នាងទប់សង្កត់ទឹកភ្នែកដើម្បីអាចសម្លឹងមើលទៅគេឱ្យកាន់តែច្បាស់ និយាយនៅក្នុងចិត្តខ្លួនឯងថា៖
«ទាន់ពេលឯងនៅមានសតិសម្បជញ្ញៈនៅឡើយ»
សុឺជឹងឈុនជជីកសួរនាងថា៖
«តើទីបញ្ចប់អូនយ៉ាងម៉េចហ្នឹង?»
នាងពង្រឹងចិត្តនិយាយយ៉ាងដាច់ម៉ាត់ថា៖
«ពួកយើងបែកគ្នាទៅ!»
សុឺជឹងឈុនរន្ធត់ចិត្តមិនស្ទើរ គេរហ័សសួរថា៖
«ហេតុអី?»
សុីងលូខាំបបូរមាត់និយាយថា៖
«អូនមិនល្អដូចជាបងគិតនោះទេ!»
សុឺជឹងឈុនគ្រវីក្បាលនិយាយថា៖
«ម៉េចនឹងអាចទៅ?»
សុីងលូលើកដៃរុញច្រានគេចេញ ស្រែកគំហោកដាក់គេដូចមនុស្សរោគចិត្ត៖
«បងទៅៗ! អូនមិនសមឱ្យបងស្រលាញ់នោះទេ! កុំមករកអូនទៀត! អូនមិនចង់ចួបនឹងបងទៀតទេ! ពួកយើងបែកគ្នាទៅ!»
សុឺជឹងឈុនឆាបឆួលចិត្តដេញដោលសួរទៅនាង៖
«តើមានរឿងអ្វីកើតឡើង? អូនឆាប់និយាយប្រាប់បងមក!»
សុីងលូសម្រក់ទឹកភ្នែកចុះយ៉ាងក្ដុកក្ដួល ចង់និយាយប្រាប់រឿងទាំងឡាយឱ្យគេដឹង ក៏ប៉ុន្តែ… នាងហាក់ដូចជាបានឃើញបុរសពាក់មួកកន្តិបម្នាក់នោះកំពុងឈរលាក់ខ្លួននៅជ្រុងម្ខាងមួយពីចម្ងាយសម្លឹងមើលមកនាង។ នៅទីបំផុត នាងក៏នៅតែមិននិយាយអ្វី។
នាងស្រក់ទឹកភ្នែកសម្លឹងមើលទៅគេ។
«គង់មានថ្ងៃណាមួយ បងនឹងឈប់ស្រលាញ់អូនទៀត!»
សុឺជឹងឈុនបន្ធូរមួយដង្ហើមចេញយ៉ាងវែង រហូតពេលនេះទើបគេបានយល់ នេះគឺជាអ្វីដែលនាងកំពុងព្រួយបារម្ភ។ គេសន្សឹមៗទាញអូនចូលមកឱបក្នុងរង្វង់ទ្រូង និយាយថា៖
«បងនឹងស្រលាញ់អូនជារៀងរហូត!»
បន្ទាប់មក គេក៏ដាក់ប្រអប់ចិញ្ចៀនពណ៌ផ្កាឈូកទៅក្នុងដៃរបស់នាងនិយាយថា៖
«របស់ដែលជូនឱ្យអូនហើយ បងនឹងមិនយកវិញទេ»
ទឹកភ្នែករបស់សុីងលូហូរចុះឥតស្រាកស្រាន្ត នាងឱបដើមទ្រូងគេយ៉ាងណែន ដកដង្ហើមធំនៅក្នុងចិត្តនិយាយថា៖
«ហេតុអីក៏ក្លាយទៅជាបែបនេះ? តើនេះជាវាសនាឬ?»
នៅរសៀលល្ងាចមួយ គាប់ចួនសុីងលូបានចួបជាមួយអ្នកមីងហឺនៅខាងក្រៅហាងកាហ្វេ គាត់កំពុងនាំបុរសវ័យក្មេងម្នាក់និងស្ត្រីពោះធំម្នាក់ទៅមើលផ្ទះ។
ពេលដែលសម្លឹងឃើញសុីងលូភ្លាម អ្នកមីងហឺក៏ទាញដៃនាងមកជិតនិយាយសួរនាំយ៉ាងរីករាយ៖
«គាប់ចួនម៉្លេះសុីងលូ! ទើបតែចេញពីធ្វើការមែនទេ?»
ដោយមិននៅរង់ចាំឱ្យសុីងលូឆ្លើយតប អ្នកមីងហឺបាននិយាយបន្តបន្ទាប់ទៀតដោយខ្លួនឯង។ គាត់បានប្រាប់ឱ្យសុីងលូដឹងថា ភ្ញៀវទាំងពីរនាក់នោះគឺជាប្តីប្រពន្ធនឹងគ្នា ប្រពន្ធមានផ្ទៃពោះប្រាំខែ មិត្តភក្តិរបស់នាងក៏បានណែនាំនាងឱ្យមករកអ្នកមីងហឺនាំទៅមើលបន្ទល់ជួលមួយនៅកាច់ជ្រុងផ្លូវ។ ពួកគេធ្វើការនៅក្បែរៗនេះ ម្នាក់ជាលេខា ឯម្នាក់ទៀតជាស្មៀន។ ប្តីប្រពន្ធទាំងពីរនាក់នោះកំពុងតែឈរធ្មឹងថ្មែនៅឯម្ខាងដូចជាមនុស្សទីងមោង រង់ចាំពួកនាងនិយាយគ្នា។
សុីងលូធុញថប់ចង់រកវិធីគេចចេញពីគាត់។ នៅសុខៗនោះ នាងក៏ស្រាប់តែនឹកឃើញនូវរឿងមួយ។ នាងក៏រហ័សសួរទៅអ្នកមីងហឺថា៖
«អ្នកមីងបានទិញផ្ទាំងគំនូរទន្លេ Thames របស់ជឹងឈុនទៅមែនទេ?»
អ្នកមីងហឺឆ្ងល់ណាស់ក៏សួរទៅវិញថា៖
«ទន្លេ Thames អ្វីទៅ?»
សុីងលូក្នុងទ្រូងមិនពេញចិត្ត និយាយថា៖
«មីងបានទិញផ្ទាំងគំនូរនោះទៅ ប៉ុន្តែបែរជាមិនដឹងថានោះគឺជាផ្ទាំងគំនូរទន្លេ Thames!»
សុីងលូនិយាយប្រាប់ឱ្យគាត់ដឹងថា៖
«ទេសភាពនៅក្នុងផ្ទាំងគំនូរនោះ គឺជាទេសភាពថ្ងៃរៀបលិចនាដងទន្លេ Thames នៅក្នុងប្រទេសអង់គ្លេស»
អ្នកមីងហឺឆ្លើយថា៖
«ខ្ញុំមិនបានទិញគំនូររបស់គេទេ!»
សុីងលូខឹងបុកទ្រូងឡើង ពោលនៅក្នុងចិត្តថា៖«ហេតុអ្វីបានជាគេនិយាយកុហក?» រំពេចនោះ អ្នកមីងហឺស្រាប់តែលាន់មាត់ «អូ៎» ឡើងមួយម៉ាត់ ហើយក៏និយាយថា៖
«គេនិយាយថាខ្ញុំជាអ្នកទិញគំនូរនោះហ្អេស? ខ្ញុំដឹងថាពីណាជាអ្នកទិញវា!»
សុីងលូសួរថា៖
«ជាអ្នកណា?»
អ្នកមីងពោលបន្តថា៖ «ខ្ញុំមិនដឹងថាគេគឺជាអ្នកណាទេ…»
សុីងលូនិយាយថា៖
«ក្រែងមីងនិយាយថាមីងដឹងថាជាអ្នកណាហ្អេស?» អ្នកមីងហឺក៏ពោលបន្តទៀតថា៖
«ន័យរបស់ខ្ញុំចង់ថាខ្ញុំដឹងថាគេយកផ្ទាំងគំនូរទាំងនោះទៅលក់នៅឯណា… ខ្ញុំបានចួបនឹងគេកាលប៉ុន្មានថ្ងៃមុន… គេប្រាប់ខ្ញុំកុំឱ្យនិយាយប្រាប់ទៅនាង… នាងមេត្តាកុំនិយាយថាខ្ញុំជាអ្នកនិយាយឱ្យសោះណា៎…»
សុីងលូសួរដោយសង្ស័យ៖
«តើមីងបានចួបគាត់នៅឯណា?»
អ្នកមីងហឺឆ្លើយថា៖
«គឺនៅវិថីយុីតុងហ្នឹងណា៎… នៅថ្ងៃនោះ ខ្ញុំឈាងទៅលេងមិត្តចាស់ៗរបស់ខ្ញុំ គាប់ចួនក៏បានឃើញគេក្រាលគំនូរលក់នៅតាមចិញ្ចើមផ្លូវ… រៀបដាក់តាំងយ៉ាងច្រើន ប៉ុន្តែមានមនុស្សអើតមើលទិញតិចតួចណាស់… មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចេះគយគន់គំនូរនោះទេ… ម្យ៉ាងទៀត អាកាសធាតុពេលយប់ត្រជាក់ខ្លាំងយ៉ាងនេះ… មើលទៅពិតជាគួរឱ្យអាណិតខ្លាំងណាស់ …»
សុីងលូញ័រព្រឺខ្លួនឡើង។ អ្នកមីងហឺខិតចូលមកកៀកត្រចៀកនាងសួរថា៖
«នាងយ៉ាងម៉េចហ្នឹង?»
សុីងលូនិយាយថា៖
«គ្មានអ្វីទេ! គ្រាន់តែមានអារម្មណ៍ត្រជាក់បន្តិច»
អ្នកមីងហឺយល់ចិត្ត ពោលសង្កត់បន្ថែមថា៖
«ពេលដែលចួបនឹងគេ… កុំប្រាប់ថាខ្ញុំនិយាយណា៎…គេខ្លាចនាងដឹងហើយមិនសប្បាយចិត្ត…»
សុីងលូងក់ក្បាលចុះ។
ទីបំផុត អ្នកមីងហឺក៏នាំផ្លូវប្ដីប្រពន្ធដែលបានឈររង់ចាំអស់ជាយូរនោះចាកចេញទៅ ស្រមោលខ្នងរបស់ស្ត្រីវ័យកណ្ដាលម្នាក់និងមនុស្សវ័យក្មេងពីរនាក់ក៏បានបាត់ផុតទៅកាច់ជ្រុងផ្លូវម្ខាង។
តាមពិត សុឺជឹងឈុនលាក់បាំងនឹងនាងលួចទៅក្រាលគំនូរលក់នៅតាមចិញ្ចើមផ្លូវ។ នៅក្នុងដួងចិត្តសុីងលូពោលថា៖ «ប្រាក់ដែលទិញចិញ្ចៀនគឺរកបានពីនោះហ្អេស! តើពេលណាទើបគេព្រមនិយាយប្រាប់ឱ្យឯងដឹង?»
. . . . .
នៅយប់ថ្ងៃបន្ទាប់នោះ សុីងលូបានទៅដល់ចិញ្ចើមផ្លូវវិថីយុីតុង ពិតជាប្រទះឃើញថា សុឺជឹងឈុនកំពុងឈរនៅឯទីនោះ។
នាងភ្ញាក់ភិតភ័យខ្លាច រត់ទៅលាក់ខ្លួននៅកន្លែងឆ្ងាយមួយលួចសម្លឹងមើលទៅគេ។ សុឺជឹងឈុនពាក់អាវយឺតឡែននិងរុំកន្សែងបាំងកដែលនាងចាក់ឱ្យគេ នៅលើដីមានចង្កៀងប្រេងកាតមួយ ហើយនិងមានគំនូរជាងដប់ផ្ទាំងដាក់តម្រៀបតាំងនៅលើកាំជណ្តើរខាងមុខមាត់ទ្វារធនាគារ។ គេកំពុងលក់គំនូរបណ្ដើរគូរគំនូរនៅពេលតែមួយបណ្ដើរ។ អាកាសធាតុត្រជាក់ស្រេង អ្នកធ្វើដំណើរនៅតាមផ្លូវរងាញាក់ញ័រគិតតែពីឈ្មុសឈ្មុលករបស់ពួកគេ ឆ្លងកាត់ផ្លូវទាំងប្រញាប់ប្រញាល់ ចួនកាលក៏មានអ្នកដំណើរទេសចរពីរបីនាក់ប៉ុណ្ណោះដែលងឿងឆ្ងល់ក៏បញ្ឈប់ជើងឈរសម្លឹងមើល។
នៅក្នុងមួយខណៈពេលនោះ ខ្យល់ត្រជាក់មួយមេបក់បោកមក ឮសូរសំឡេងខ្យល់វ៉ូៗ សម្លៀកបំពាក់នៅលើមាឌធំខ្ពស់របស់គេ កាន់តែស្ដើងស្រិលឡើងទៅៗ គេមិនបានពាក់អាវរងាក្រៅមកជាមួយទេ ជើងរបស់គេនៅលើដីកំពុងតែត្រដុសគ្នាដើម្បីបង្កើនភាពកក់ក្តៅ មើលទៅហាក់ដូចជាមិនគួរឱ្យជឿខ្លាំងណាស់ ប៉ុន្តែវាក៏ភ្ជាប់មកភាពរស់រវើកណាស់ដែរ រួមជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខរបស់គេ ក្នុងមាត់គេក៏ថែមទាំងនៅគ្រហឹមច្រៀង ប្រៀបបីដូចជាឆាកជីវិតនៅចំពោះមុខគេគ្មានអ្វីមួយដែលគួរឱ្យកើតទុក្ខព្រួយនោះទេ។
សុីងលូនៅចាំ គេធ្លាប់និយាយលេងសើចថា៖
«ទោះបីជាមនុស្សទាំងអស់នោះមិនទិញគំនូររបស់បងក៏ដោយ បងនៅតែអាចយកវាទៅចិញ្ចើមផ្លូវ តម្រៀបគំនូរនៅមុខផ្លូវតាំងលក់…»
នាងមិននឹកស្មានថាសុឺជឹងឈុនពិតជាធ្វើរឿងបែបហ្នឹងមែន។
នាងសន្សឹមៗឈានឆ្ពោះទៅចំពោះមុខគេដោយស្ងៀមស្ងាត់។ នៅពេលដែលសុឺជឹងឈុនសម្លឹងឃើញរូបនាង ទឹកមុខរបស់គេបង្ហាញឡើងនូវភាពភ្ញាក់ផ្អើលនិងក្រែងរអែងចិត្ត។
គេសាកសួរស្ទាបស្ទង់នាងថា៖
«គឺអ្នកមីងហឺជាអ្នកប្រាប់អូនមែនទេ?»
សុីងលូខាំចុងបបូរមាត់បន្តិច និយាយយឺតៗថា៖
«បងនិយាយថាបងបានលក់ផ្ទាំងគំនូរនោះឱ្យទៅគាត់»
សុឺជឹងឈុនញញឹមឡើងហើយនិយាយថា៖
«មានអ្នកទេសចរជនជាតិអង់គ្លេសម្នាក់បានទិញវាទៅ គេធ្វើការនៅក្នុងសារមន្ទីរ គេជាមនុស្សយល់ដឹងពីគំនូរ!»
សុីងលូនិយាយថា៖
«នៅទីនេះលក់គំនូរមួយផ្ទាំងអាចលក់បានប្រាក់ប៉ុន្មានទៅ? នៅមិនគ្រាន់អាចទិញចិញ្ចៀនមួយផង»
សុឺជឹងឈុននិយាយដោយរីករាយថា៖
«មនុស្សម្នាក់នោះបានទិញម្ដងបីផ្ទាំង ថ្ងៃនេះអាកាសធាតុមិនល្អ ពេលដែលអាកាសធាតុល្អ លក់ដូរក៏ដាច់ណាស់ដែរ!»
សុីងលូទម្លាក់ទឹកមុខចុះសួរទៅគេ៖
«ហេតុអីបានជាបងមិនប្រាប់អូន?»
សុឺជឹងឈុនសម្លឹងមើលទៅនាងដោយរសាប់រសល់ និយាយថា៖
«បងមិនចង់ធ្វើឱ្យអូនព្រួយបារម្ភ!»
សុីងលូសន្សឹមៗងើយផ្ទៃមុខឡើងមក កែវភ្នែកទាំងគូខ្មៅថ្លាធំៗនោះ សម្លឹងមើលទៅកាន់សុឺជឹងឈុន កែវភ្នែករបស់នាងផ្ទុកនូវសេចក្ដីក្រៀមក្រំ រួចទាំងការខកចិត្ត បុរសដែលនៅចំពោះមុខនាងម្នាក់នេះសែនស្លូតបូតទៀងត្រង់យ៉ាងនេះ គេនឹងមិនអាចមានថ្ងៃសម្រេចជោគជ័យឡើយ។
ដៃដ៏ត្រជាក់ស្រេបរបស់សុឺជឹងឈុនក្រសោបចាប់ដៃតូចច្រឡឹងរបស់នាងថ្នមៗ និយាយយ៉ាងស្រទន់ថា៖
«អូនទៅផ្ទះវិញសិនទៅ! នៅទីនេះត្រជាក់ខ្លាំងណាស់»
សុីងលូដឹងថា… ខ្លួននាងមិនអាចនៅក្បែរគេបន្តទៅទៀតទេ។
ពេញមួយថ្ងៃបន្ទាប់នោះ ទូរសព្ទនៅលើតុបន្លឺសំឡេងរោទ៍ឡើងមិនឈប់ឈរ សុីងលូអង្គុយនៅលើកៅអីសាឡុងក្នុងបន្ទប់យ៉ាងស្ងាត់ស្ងៀម រំកិលចុងម្រាមដៃបើកមើលទំព័រទស្សនាវដ្តីដែលទើបនឹងចុះផ្សាយថ្មី នាងព្រងើយកន្តើយនឹងសំឡេងរោទ៍របស់ទូរសព្ទ។ នាងដឹងថា គឺសុឺជឹងឈុនកំពុងតែខលទូរសព្ទមក។ គេច្បាស់ជាបានដឹងថានាងមិនទៅធ្វើការនៅ Coffee Shop ទៀតទេ។
នៅពេលព្រលប់ ទីបំផុតសំឡេងទូរសព្ទក៏ឈប់រោទ៍បន្ត។ មុីងជូចេញពីធ្វើការត្រលប់មកផ្ទះវិញ នាងបើកកុងតាក់ភ្លើង ហើយក៏បានប្រទះឃើញថា សុីងលូកំពុងអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវងងឹតសូន្យឈឹង ទឹកមុខរបស់នាងស្លេកស្លាំងដោយមិនបញ្ចេញអាកប្បកិរិយាអ្វីទាំងអស់។
មុីងជូលាន់មាត់ស្រែក៖«ព្រះអើយ» ហើយក៏សួរទៅសុីងលូថា «ហេតុអ្វីបានជាឯងមិនបើកភ្លើង? ឯងបំភ័យគ្នាសឹងស្លាប់! គេកំពុងតែនៅខាងក្រោមឯណោះ!»
សុីងលូងើយក្បាលឡើង សួរទៅកាន់មុីងជូ៖
«ឯងបាននិយាយថាម៉េចខ្លះ?»
មុីងជូយកសៀវភៅប៉ុន្មានក្បាលដែលនាងទើបតែបានទិញពីផ្សារដាក់ឡើងទៅលើតុ ហើយនិយាយថា៖
«គ្នាថាឯងចាកចេញតាំងពីព្រឹកព្រលឹមម៉្លេះ គ្រាន់តែនិយាយថាទៅដើរលេងទេសចរ បីថ្ងៃក្រោយទើបវិលត្រលប់មកវិញ មិនបាននិយាយប្រាប់ថាទៅណាទេ»
សុីងលូនិយាយថា៖
«អរគុណឯងណាស់»
បន្ទាប់មក នាងក៏យកសៀវភៅថ្មីៗទាំងនោះ បើកចេញមកមើល និយាយថា៖
«ឯងទិញឱ្យខ្ញុំមែនទេ?»
មុីងជូឆ្លើយតបថា៖
«អុឹម! ឯងមើលទៅមើលសៀវភៅទាំងអស់នេះជាសៀវភៅដែលឯងត្រូវការមែនទេ? តើឯងនិងគេកើតមានរឿងអ្វីទៅ…មើលឫកពាររបស់គេហាក់ដូចជាតានតឹងខ្លាំងណាស់!»
មុីងជូនិយាយចប់ នាងក៏ដើរទៅក្បែរមាត់បង្អួច សម្លឹងមើលចុះកាត់តាមស្បៃវាំងនន ឈ្ងោកមើលមួយសន្ទុះ ក៏ខ្សឹបខ្សួលឡើងនិយាយថា៖
«មើលទៅដូចជាទៅបាត់ហើយ»
សុីងលូសួរយ៉ាងត្រជាក់ល្អូកថា៖
«តើគេនៅមាននិយាយអ្វីទៀតទេ?»
មុីងជូអង្គុយហើយនិយាយថា៖
«គេសួរគ្នាថាហេតុអីបានជាឯងលាឈប់ពីការងារ? ឯងលាឈប់ហើយហ្អេស?»
សុីងលូងក់ក្បាលចុះ ហើយសួរម្តងទៀតថា៖
«ចុះឯងឆ្លើយតបយ៉ាងណា?»
ដៃទាំងពីររបស់មុីងជូទ្រក្បាល និយាយថា៖
«គ្នាថាគ្នាមិនដឹងទេ គ្នាពិតជាអ្វីក៏មិនបានដឹងទាំងអស់! ពួកឯងទាំងពីរនាក់ឈ្លោះប្រកែកគ្នាមែនទេ? គេពិតជាល្អនឹងឯងខ្លាំងណាស់! គ្នានៅនឹកស្មានថាឯងក៏នឹងស្រលាញ់គេវិញដែរ! គេសង្ហាណាស់ អ្នកទាំងពីរសក្តិសមនឹងគ្នាណាស់! មានជាច្រើនដងនៅជាន់ខាងក្រោម ពេលគ្នាចួបប្រទះគេជូនឯងត្រលប់មកផ្ទះវិញ ទឹកមុខគេតែងតែញញឹមជាប់មាត់ជានិច្ច ផ្អែមល្ហែមដូចស្ករគ្រាប់អ៊ីចឹង។ និយាយតាមត្រង់ ពេលនោះគ្នានៅលួចបារម្ភថា ឯងនឹងរើចាកចេញទៅនៅជាមួយគេឆាប់ៗមិនខាន!»
កែវភ្នែករបស់សុីងលូនៅតែសម្លឹងមើលទៅសៀវភៅមិនដាក់ ដោយមិនកម្រើកកាយវិការអ្វី នាងក៏មិននិយាយអ្វីទាំងអស់។
បីថ្ងៃក្រោយមក សុឺជឹងឈុនមិនបានខលទូរសព្ទមកទៀតទេ។ លុះរហូតដល់ព្រឹកព្រលឹមនៅថ្ងៃពុធ ទូរសព្ទនៅលើតុក៏រោទ៍មិនឈប់បន្តទៀត ស៊ីងលូហាក់បីដូចជាធ្វើជាស្ដាប់មិនឮដូចជាពីមុន នាងអង្គុយថ្មឹងលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវ អានសៀវភៅនៅក្នុងដៃរបស់នាងយ៉ាងស្ងៀមស្ងាត់ វាជាសៀវភៅប្រលោមលោកបែបរន្ធត់ព្រឺព្រួច។
លុះរហូតមកដល់ពេលយប់។ សុីងលូក្រោកឈរឡើង ទម្លាក់សៀវភៅនៅក្នុងដៃចុះ ផ្លាស់ប្តូរឈុតសម្លៀកបំពាក់ នាងឈរនៅមុខផ្ទាំងកញ្ចក់ ផាត់ម៉្សៅថ្ពាល់ក្រហម ដើរចុះទៅជាន់ក្រោម បក់ដៃហៅឡានតាក់ស៊ីមួយ។
ឡានរំកិលកង់ទៅមុខ នាងផ្អែកខ្នងនៅលើសាឡុងកៅអីឡានខាងក្រោយ ទឹកមុខសែនត្រជាក់ស្រេង។
បន្ទាប់មក ឡានក៏បានឈប់នៅខាងក្រៅផ្ទះជួលរបស់សុឺជឹងឈុន។ សុីងលូចុះចេញពីឡាន ងើយក្បាលឡើងដៀងភ្នែកសម្លឹងមើល នៅលើចង្រឹងបង្អួចដែកដែលធ្លាប់ស្គាល់នោះនៅជាន់ទីដប់មានរស្មីពន្លឺអំពូលភ្លើងស្រអាប់។ នាងខាំសង្កត់ធ្មេញបោះជំហានដើរចូលទៅ។
ឋិតនៅជាន់ខាងលើ សុីងលូបានប្រើសោចាក់បើកទ្វារ។ រុញទ្វាររបើកចេញ នាងក៏ឃើញសុឺជឹងឈុនឈរនៅក្នុងបន្ទប់គំនូរ កំពុងសម្លឹងមើលមកកាន់មាត់ទ្វារនេះ។ គេស្គមស្លាំង ពុកមាត់ស្រម៉ូវដុះពេញនៅលើមុខក៏មិនកោរចេញ។
នៅពេលដែលគេឃើញសុីងលូនោះ សុឺជឹងឈុនមិននិយាយអ្វីក្រៅពីចូលមកឱបនាង ឬក៏អាចនិយាយថា គេសម្រុកស្ទុះចូលមកឱបក្រសោបនាងយ៉ាងណែន។ គេនិយាយផ្ទួនៗថា៖
«តើអូនទៅណាហ្នឹង? ម៉េចបានជាមិននិយាយប្រាប់បងមួយម៉ាត់ក៏ចាកចេញទៅដើរលេងទេសចរបាត់? បងព្រួយបារម្ភពីអូនខ្លាំងណាស់ដឹងទេ!»
សុីងលូឈរនៅស្ងៀមមិនមានប្រតិកម្មអ្វី នាងនិយាយថា៖
«ខ្ញុំមិនបានទៅទីណាទាំងអស់»
សុឺជឹងឈុនភ្ញាក់ផ្អើលមកជាខ្លាំង និយាយថា៖
«ប៉ុន្តែមុីងជូបាននិយាយថាអូន…»
សុីងលូឆ្លើយតបថា៖
«គឺខ្ញុំជាអ្នកឱ្យនាងនិយាយបែបនោះ»
សុឺជឹងឈុនមិនយល់អ្វីក៏សួរថា៖
«ហេតុអីទៅ?»
សុីងលូខំប្រឹងប្រើកម្លាំងរើបម្រាស់ចេញពីក្នុងរង្វង់ដៃរបស់គេ សម្លឹងមើលចំទៅកាន់កែវភ្នែករបស់គេ ខាំសង្កត់ចុងបបូរមាត់ហើយនិយាយថា៖
«ខ្ញុំមិនចង់ចួបនឹងលោកទេ»
សុឺជឹងឈុនភាំងស្លឺស្មារតី អស់រយៈពេលជាយូរនៅតែមិនអាចនិយាយពាក្យអ្វីចេញបាន។
«ខ្ញុំមកយកអីវ៉ែអីវ៉ាន់របស់ខ្ញុំ!» និយាយចប់រួច សុីងលូក៏ឈានដើរឆ្ពោះទៅកាន់បន្ទប់គេង បើកទូខោអាវ យកខោអាវប៉ុន្មានសម្រាប់របស់នាងញាត់ដាក់ចូលទៅក្នុងកាបូប។
សុឺជឹងឈុនអន្ទះសាដល់ថ្នាក់ចាប់ទាញកញ្ឆក់កាបូបចេញពីក្នុងដៃរបស់នាងភ្លាមមួយរំពេច ហើយនិយាយថា៖
«តើព្រោះតែអូនខឹងបងដែលនិយាយកុហកអូនមែនទេ? អូនមិនចូលចិត្តឱ្យបងទៅក្រាលគំនូរលក់នៅតាមចិញ្ចើមផ្លូវ អ៊ីចឹងបងថ្ងៃក្រោយនឹងឈប់ធ្វើបែបនោះទៀតគឺបានហើយ!»
សុីងលូទាញកញ្ឆក់កាបូបយកមកវិញ ដៀងសម្លឹងមើលគេមួយក្រឡេកភ្នែក ហើយនិយាយថា៖
«សូម្បីតែថ្លៃជួលបន្ទប់ក៏គ្មានប្រាក់បង់ឱ្យគេផង មិនទៅក្រាលគំនូរលក់តាមចិញ្ចើមផ្លូវ តើនៅអាចរស់រួចទេ?»
សុឺជឹងឈុននិយាយថា៖
«បើអូនមិនចូលចិត្ត បងនឹងមិនធ្វើទេ!»
សុីងលូដៀងភ្នែកសម្លក់ទៅគេ និយាយថា៖
«លោកកុំស្លូតត្រង់យ៉ាងឆោតល្ងង់បែបនេះទៀតអីបានទេ! តើលោកចាត់ទុកជីវិតរស់នៅមួយនេះជាអ្វី? ប្រឈមមុខនឹងភាពជាក់ស្ដែងបន្តិចទៅ!»
នាងដកមួយដង្ហើមវែងចេញហើយនិយាយថា៖
«ថ្ងៃក្រោយមិនថាលោកធ្វើអ្វីក៏មិនជាប់ពាក់ព័ន្ធនឹងខ្ញុំដែរ!»
“ផាំង!” មួយសំឡេងយ៉ាងខ្លាំង នាងបោកបិទខ្ទប់ទ្វារទូខោអាវទៅវិញ និយាយទៅកាន់គេយ៉ាងត្រជាក់ល្អូកថា៖
«ពួកយើងបែកគ្នាទៅ!»
សុឺជឹងឈុនស្លុតចិត្តឡើងរឹងខ្លួនឆ្កឺត គេសួរទៅយ៉ាងរហ័សថា៖
«ហេតុអីទៅ? ពួកយើងទាំងពីរកំពុងតែមានសុភមង្គលណាស់ ហេតុអីក៏បែកគ្នា? តើនៅទីបញ្ចប់ទៅអូនកើតអី?! បងមិនយល់ទេ!»
សុីងលូឆ្លើយតបថា៖
«ពួកយើងមិនសក្តិសមនឹងគ្នាទេ! កុំខ្ជះខ្ជាយពេលវេលាទៀត!»
នាងពោលពាក្យទាំងអស់នោះចប់ ក៏យួរកាបូបឡើងដើរតាំងៗចេញពីក្នុងបន្ទប់គេង។ សុឺជឹងឈុនរត់ស្ទុះដេញតាមនាង ស្រវាទាញដៃរបស់នាងស្ទើរតែលុនតួអង្វរករ៖
«កុំទៅអី! អូនកុំទៅអី! បងបានធ្វើអ្វីខុស សូមអូននិយាយប្រាប់បងមក៎!»
សុីងលូខំប្រឹងគ្រវាសដៃរបស់គេចេញ ហើយនិយាយថា៖
«លោកលែងខ្ញុំទៅ! ពួកយើងបានបញ្ចប់គ្នាហើយ!»
សុឺជឹងឈុនមិនព្រមលែងដៃរបស់នាង គេបានប្រើកម្លាំងខ្លួនរឹតឱបក្រសោបនាង ទឹកភ្នែកកំពុងជន់លិចកន្ទុយកែវភ្នែករបស់គេ និយាយថា៖
«អូនដឹងច្បាស់ថាបងស្រលាញ់អូនខ្លាំងណាស់ មិនថារឿងអ្វីក៏បងអាចធ្វើដើម្បីអូនបានដែរ! បងមិនអាចអត់ពីអូនបាននោះទេ! កុំចាកចេញពីបងអី!»
សុីងលូសម្លឹងមើលទៅគេ សូម្បីតែគ្រានៅក្នុងឆាកជីវិតដែលកម្សត់លំបាកបំផុត នៅក្នុងថ្ងៃដែលជាទីអស់សង្ឃឹមបំផុត ក៏នាងមិនដែលឃើញគេទន់ជ្រាយដូចជានៅក្នុងថ្ងៃនេះដែរ។ កែវភ្នែករបស់គេឡើងសរសៃក្រហមឆេះនិងហើមស្ពីង គេមិនបានគេងអស់ជាច្រើនថ្ងៃ ទឹកមុខដែលមិនដែលចេះខ្វាយខ្វល់ពីជីវិតនិងព្រួយបារម្ភអ្វីរបស់គេត្រូវបានសេចក្ដីឈឺចាប់នេះវាយរាបទៅដី។ ច្រមុះនាងក្ដៅផ្សា សំឡេងរបស់នាងបន្លឺឡើងមកជាមួយនឹងក្ដីអាណិតអាសូរ៖
«លោកមិនយល់ពីខ្ញុំឡើយ! អ្វីដែលពួកយើងទាំងពីរចង់បានគឺមិនដូចគ្នាទេ!»
គេមានអារម្មណ៍ថានាងចាប់ផ្ដើមទោរទន់ចិត្ត នៅក្នុងចិត្តគេមានសង្ឃឹមអាចនឹងអង្វរករនាងបាន និយាយថា៖
«ពួកយើងទាំងពីរផ្តើមជាថ្មីម្តងទៀតបានទេ?»
ភ្លាមៗនោះ នាងស្រាប់តែប្រទះឃើញថា សុឺជឹងឈុនគឺមិនយល់ពីអ្វីដែលនាងកំពុងនិយាយទាល់តែសោះ។
«សូមកុំចាកចេញពីបងអី!» គេឱបរឹតនាងនៅក្នុងរង្វង់គេយ៉ាងណែន ថ្ពាល់សើមជោកត្រដុសនៅលើក្បាលនិងសក់របស់នាង គេចង់ឱនចុះមកថើបនាង។
សុីងលូបែរមុខគេចចេញទៅម្ខាង នៅទីបំផុតក៏និយាយថា៖
«សូមទុកពេលឱ្យខ្ញុំគិតមើលបន្តិច!»
សុឺជឹងឈុនហាក់ដូចជាឃើញពន្លឺក្តីសង្ឃឹម គេឱបនាងហើយនិយាយថា៖
«យប់នេះអូននៅទីនេះហើយណា៎!»
«ទេ!» សុីងលូពោលឡើង ងើបចេញពីក្នុងដើមទ្រូងរបស់គេ «ខ្ញុំចង់នៅស្ងប់ស្ងាត់តែម្នាក់ឯង ខ្ញុំនឹងមករកលោកនៅពេលក្រោយ»
អាកប្បកិរិយារបស់នាងដាច់ញ៉ាត់យ៉ាងនេះ ធ្វើឱ្យគេមិនហ៊ាននិយាយអ្វីតទៅទៀត ខ្លាចថាបើគេនៅតែមានះនឹងធ្វើឱ្យនាងផ្លាស់ប្តូរចិត្ត។
សុីងលូបោះជំហានយឺតៗដើរចេញទៅក្រៅទ្វារ ដោយមិនងាកក្រោយមើលគេសូម្បីតែបន្តិច។
នាងដើរចេញពីក្នុងអគារផ្ទះជួល ក្រឡេកភ្នែកឃើញបុរសពាក់មួកកន្តិបនោះកំពុងឈរលាក់ខ្លួននៅជ្រុងជញ្ជាំងងងឹតមួយ នាងក៏ដើរសំដៅទៅខាងគេ។ នៅពេលដើរឆ្លងកាត់មនុស្សម្នាក់នោះ នាងមិនខ្ចីទាំងងើយភ្នែកសម្លឹងគេឡើយ។
បីសប្តាហ៍បន្ទាប់មក ទូរសព្ទនៅតែរោទ៍ឡើងមកជារៀងរាល់ថ្ងៃ គឺសុទ្ធតែសុឺជឹងឈុនខលមក។ សុីងលូតែងតែទុកឱ្យវានៅរោទ៍ចោល។ បើមុីងជូនៅផ្ទះ នាងនឹងពឹងពាក់មុីងជូលើកទូរសព្ទជួស ប្រាប់ថានាងបានចេញទៅក្រៅបាត់ហើយ។ មានតែប៉ុន្មានគ្រាប៉ុណ្ណោះ សុីងលូសាកលើកទូរសព្ទឡើងមកដោយខ្លួនឯង ស្តាប់លមើលពីអ្វីដែលគេនិយាយ។
នៅពេលដែលដឹងថាគឺជានាង សុឺជឹងឈុនប្រៀបដូចជាកូនឆ្កែតូចបក់កន្ទុយរីករាយពេលដែលឃើញម្ចាស់។ ពេលខ្លះគេអង្វរនាងឱ្យត្រលប់ទៅវិញ ពេលខ្លះគេសាកសួរពីរឿងដែលនាងកំពុងធ្វើថ្មីៗនេះ ថាតើនាងមានមានអ្នកថ្មីផ្សេងទៀតឬក៏អត់? ហើយក៏មានពេលខ្លះគេហាក់បីដូចជាអស់សង្ឃឹមទាំងស្រុង ក៏ប៉ុន្តែថ្ងៃបន្ទាប់គេនៅតែខលមកម្តងទៀតដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់ សង្ឃឹមថាអ្វីៗមុខជាអាចផ្លាស់ប្តូរបាន។ មានជាច្រើនដងពេលគេស្រវឹងទោរទន់ យប់ជ្រៅពាក់កណ្ដាលអធ្រាត្រខលទូរសព្ទមកនិយាយថាគេស្រលាញ់នាងមិនឈប់។ ដូច្នោះហើយ សុីងលូក៏លែងទទួលទូរសព្ទនៅពាក់កណ្តាលយប់ទៀត។
នៅក្នុងយប់មួយ សុឺជឹងឈុនឈរនៅខាងក្រោមផ្ទះ ខលទូរសព្ទទៅនាង សំឡេងខ្សត់ខ្សោយកម្លាំងសាកសួរទៅកាន់ស៊ីងលូថា តើគេអាចឡើងទៅលើចួបនឹងនាងបន្តិចបានទេ? សុីងលូក៏ឆ្លើយតបគំរោះគំរើយមកវិញភ្លាមថា៖
«បើលោកធ្វើបែបនោះ ខ្ញុំសូម្បីតែគិតមើលក៏មិនគិតដែរ!»
ក្រោយពេលនិយាយចប់ នាងក៏បិទទូរសព្ទចោលតែម្ដង។
ពាក់កណ្តាលអធ្រាត្រ នាងត្រូវសូរសំឡេងព្យុះភ្លៀងបក់បោកបំភ័យឱ្យភ្ញាក់។ នាងក្រោកចុះពីលើគ្រែ សម្លឹងមើលកាត់តាមវាំងននបង្អួចក្រឡេកចុះទៅក្រោម ស្រាប់តែឃើញមានមនុស្សកំពុងឈរនៅលើផ្លូវដើរងងឹតនៅឯចិញ្ចើមផ្លូវម្ខាង ទឹកភ្លៀងធ្វើឱ្យខ្លួនប្រាណរបស់គេទទឹកជោក។ គេនៅតែមិនទាន់ចាកចេញទៅណា នាងមើលមិនឃើញមុខមាត់របស់គេឡើយ តែអ្វីដែលនាងមើលឃើញគឺជារូបកាយដែលកំពុងបាក់ស្រុតចុះនិងពោរពេញដោយក្ដីឈឺចាប់។
នាងត្រូវតែធ្វើទុក្ខបុកម្នេញផ្លូវកាយចិត្តគេឱ្យដល់ទីបំផុត…
សុីងលូកាន់ទូរសព្ទឡើង ខលទៅលេខមួយខ្សែហើយនិយាយថា៖
«ម៉ោងប្រាំបីព្រឹកឮ! មកទទួលខ្ញុំ»
នៅម៉ោងប្រាំពីរម៉្ភៃនាទីព្រឹក សុីងលូអង្គុយនៅពីមុខផ្ទាំងកញ្ចក់ទូសម្អាង នាងចាប់ផ្តើមទះតប់ម៉្សៅតុបតែងគ្រឿងសម្អាងរបស់នាង។ ក្រោយពេលផាត់មុខរួច នាងស្លៀករ៉ូបពណ៌ខ្មៅមានប៉ះផ្កាមួយទងនៅពីមុខដើមទ្រូង និងបាញ់បន្ថែមក្លិនទឹកអប់យ៉ាងក្រអូបឈួល។
នៅម៉ោងប្រាំបីគត់ នាងបិទភ្លើងនៅក្នុងបន្ទប់ ពាក់អាវក្រៅពណ៌ផ្កាឈូកបន្ថែមមួយជាន់ទៀត និងពាក់ស្បែកជើងកែងចោតខ្ពស់ពណ៌ខ្មៅមួយគូ ឈានដើរចេញទៅក្រៅ។
ដើរចេញពីផ្ទះជួល រថយន្តស្ព័រពណ៌ក្រហមឆើតឆាយមួយឈប់នៅចិញ្ចើមផ្លូវរង់ចាំនាង។ ស្នាមញញឹមដ៏គួរឱ្យទាក់ទាញរំលេចឡើងនៅលើផ្ទៃមុខរបស់នាង នៅក្នុងឡានមានបុរសម្នាក់កំពុងរូតរះចុះពីឡាន។ គេមានមាឌធំមាំខ្ពស់ស្រឡះ មានមុខមាត់ស្អាតសង្ហា ស្លៀកពាក់ឈុតក្រសេយ៉ាងថ្លៃថ្នូរ នៅពេលដែលញញឹមគឺប្រៀបដូចជាមនុស្សស្រី។ គេដើរទៅបើកទ្វារឡានឱ្យសុីងលូ កាយវិការដៃស្និទ្ធស្នាលជាទីបំផុតដាក់នៅលើខ្នងរបស់នាង។
សុីងលូអង្គុយចូលទៅក្នុងឡាន នៅជ្រុងកន្ទុយកែវភ្នែកនាងម្ខាងឃើញសុឺជឹងឈុនកំពុងឈរនៅក្រោមដើមឈើលើចំហៀងផ្លូវដើរមួយនៅឯចិញ្ចើមផ្លូវទល់មុខ ខ្សែភ្នែកសម្លឹងមើលមកកាន់ទីនេះមិនដាក់។
រថយន្តមិនលឿនពេកមិនយឺតពេក បើកបរធ្វើដំណើរទៅកាន់ជម្រាលភ្នំ ចួនម្ដងម្ដាលសុីងលូនឹងងាកមកម្ខាង ផ្អែកលើស្មាដ៏ធំទូលាយរបស់បុរសនោះ ឱបរឹតក្រសោបដើមដៃរបស់គេយ៉ាងណែបនិត្យទន់ភ្លន់។
បន្ទាប់មករថយន្តក៏បានបើកបរចូលទៅចុះចតក្នុងចំណតរថយន្តរបស់សណ្ឋាគារលំដាប់មួយកន្លែងនៅលើជម្រាលភ្នំ។ សុីងលូនិងបុរសម្នាក់នោះចុះពីលើឡាន គេឱបត្រកងចង្កេះរបស់នាង ពួកគេទាំងពីរដើរបណ្ដើរគ្នាបណ្ដើរនិយាយលេងសើចនឹងគ្នាបណ្ដើរ ចុចប៉ូតុងជណ្តើរយន្តឡើងទៅជាន់ទីម្ភៃ។
នោះគឺជាបន្ទប់វីអាយភីមួយដែលមានបន្ទប់តូចបួនផ្សេងទៀត អាចគយគន់ឃើញទិដ្ឋភាពនាពេលរាត្រីទាំងមូលនៅលើកំពង់ផែកោះ Victoria។ នៅពេលដែលអ្នកទាំងពីរចូលទៅដល់ក្នុងបន្ទប់ ស្នាមញញឹមដ៏ផូផង់នៅលើផ្ទៃមុខរបស់សុីងលូក៏រលាយបាត់ទៅវិញភ្លែត។
នាងដកប្រាក់មួយបាច់ចេញពីក្នុងកាបូបរបស់នាងហុចទៅឱ្យបុរសម្នាក់នោះ ដោយមិនបញ្ចេញប្រតិកម្មអ្វីមកទាំងអស់និយាយថា៖ «នេះជារបស់លោក!» នាងក្រឡេកមើលទៅកាន់បន្ទប់មួយនៅឯម្ខាង «យប់នេះលោកទៅគេងនៅទីនោះចុះ ព្រឹកស្អែករង់ចាំពេលដែលខ្ញុំចាកចេញហើយ ទើបលោកអាចចេញទៅបាន»
បុរសម្នាក់នោះទទួលយកប្រាក់ ឆ្លើយតបទៅវិញយ៉ាងរីករាយ៖
«ខ្ញុំដឹងហើយ! សូមអរគុណអ្នកនាងសុីង!»
សុីងលូដើរចូលទៅក្នុងបន្ទប់គេងមួយទាញទ្វារបន្ទប់បិទ។ នាងមិនបានបើកភ្លើងទេ ពាក់អាវក្រៅជាប់ខ្លួនជាប់ផ្អែកទៅលើគ្រែ សំងំនៅអង្គុយដោយគ្មានចលនា។ នៅក្នុងបន្ទប់គេងមានដេគ័រស៊ុមបង្អួចរាបដល់ដី នាងអាចមើលឃើញពន្លឺនាពេលរាត្រីចម្រុះពណ៌រំលេចមកពីអាគារនៅពីចម្ងាយ។
តាំងពីតូចមក នាងតែងតែសុបិនចង់រស់នៅក្នុងបន្ទប់ប្រណីតបែបនេះ អាចគេងនៅលើគ្រែគេងសម្រាប់ព្រះនាងដែលគ្របដណ្ដប់ទៅដោយកម្រាលស្បៃសូត្រស្រទន់ នាងគិតថាបែបនោះនៅពេលយប់ នាងប្រាកដជាគេងលង់លក់យ៉ាងស្កប់ស្កល់។
ប៉ុន្តែបែរជាមិនថាយ៉ាងណា នៅក្នុងយប់មួយនោះនាងមិនអាចមានវិធីគេងលក់ឡើយ។ នាងដឹងថា បន្ទាប់ពីថ្ងៃស្អែកនេះតទៅ អ្វីៗគ្រប់យ៉ាងនឹងប្រែប្រួល។
. . . . .
ព្រឹកថ្ងៃបន្ទាប់ នៅពេលដែលព្រះអាទិត្យរះចែងចាំងចូលមកក្នុងបន្ទប់ ដួងកែវភ្នែកដ៏មានមន្តស្នេហ៍ថ្លាឈ្វង់របស់នាងកាន់តែព្រិចធ្មេចមមើល។
សុីងលូសម្លឹងមើលទៅកាន់នាឡិកាដៃរបស់នាង ឃើញថា ម៉ោងដប់កន្លះព្រឹក។ នាងងើបក្រោកចុះពីលើគ្រែយឺតៗ អង្គុយចុះនៅមុខទូកញ្ចក់សម្អាង ពន្លឺភ្លើងអំពូលបំពាក់នៅជុំវិញទូកញ្ចក់រាងពងក្រពើ ភ្លឺបញ្ចាំងមកលើផ្ទៃមុខរបស់នាងចែងចាំង នាងកាន់ក្រាស់សិតសក់ឡើង សន្សឹមៗចាប់ផ្តើមសិតសក់របស់នាង។
នៅម៉ោងដប់មួយគត់ សុីងលូដើរចាកចេញពីក្នុងសណ្ឋាគារទាំងទឹកមុខសែនល្វើយ។ សក់ដ៏វែងរលាស់របស់នាងរំសាយចុះ នៅលើកំពកសក់ថែមទាំងនៅជាប់តំណក់ទឹកសន្សើម។
សុឺជឹងឈុនកំពុងឈរថ្មឹងនៅខាងមុខកាំជណ្តើរច្រកទ្វារធំសណ្ឋាគារ។
បីសប្តាហ៍កន្លងមកនេះ សុីងលូមិនបានឃើញមុខគេផ្ទាល់តទល់មុខនឹងគ្នាឡើយ គេស្គាំងស្គមបាក់កម្លាំង ទឹកមុខរបស់គេសស្លេកដូចក្រដាស កែវភ្នែករបស់គេពោរពេញទៅដោយសរសៃឈាមក្រហមឆេះ សក់ឡើងរញ៉េរញ៉ៃ ពុកមាត់ក៏មិនកោរ នៅលើខ្លួនរបស់គេថែមទាំងកំពុងនៅពាក់អាវឡែនដែលនាងចាក់ឱ្យគេ។
អាវចាក់មួយនេះកាលពីម្សិលម៉្ងៃត្រូវបានសើមជោកដោយសារទឹកភ្លៀង រីឯកាលពីម្សិលមិញនេះវិញត្រូវបានខ្យល់អាកាសរាត្រីបក់សម្ងួតថ្ងៃនេះវាក៏បានផ្លាស់ប្តូររូបរាង។
សម្លឹងមើលឃើញគេ សុីងលូហាក់ភ្ញាក់ស្រឡាំងកាំងសួរគេថា៖
«ហេតុអីបានជាលោកនៅទីនេះ?»
បុរសដ៏គួរឱ្យអាណិតអាសូរនៅចំពោះមុខនាង មិនហ៊ានហាស្តីបន្ទោសនាងឡើយ។ បបូរមាត់គេរញីរញ័រ ព្យាយាមសួរថា៖
«គេជានរណា? អ្នកទាំងពីរ…កាលពីយប់មិញនៅជាមួយនឹងគ្នាមែនទេ?»
កែវភ្នែកមូលក្លំធំៗរបស់សុីងលូសម្លឹងមើលទៅគេយ៉ាងដាច់ចិត្ត ឆ្លើយតបថា៖
«មែនហើយ!»
ចម្លើយដែលប្រៀបបីដូចជាការប្រកាសកាត់ទោសប្រហារជីវិតមកលើរូបគេ។ សុឺជឹងឈុនសួរយ៉ាងឈឺចុកចាប់ថា៖ «ចាប់ផ្តើមតាំងពីពេលណា?»
សុីងលូនិយាយយ៉ាងត្រជាក់ល្អូកថា៖
«លោកមិនចាំបាច់ដឹងទេ!»
កែវភ្នែករបស់សុឺជឹងឈុនប្រែជាក្រហមងាំង និយាយថា៖
«តើនៅទីបញ្ចប់បងបានធ្វើអ្វីខុសទៅ? ហេតុអីបានជាបែបនេះ!»
គេស្រាប់តែមានអារម្មណ៍ថាគេមិនធ្លាប់ស្គាល់មនុស្សស្រីដែលនៅចំពោះមុខគេម្នាក់នេះទេ នាងប្រែទៅជាគួរឱ្យខ្លាចរអា។
សុីងលូឆាបឆួលចិត្តនិយាយថា៖
«លោកមិនបានធ្វើអ្វីខុសឡើយ! តែខ្ញុំបានប្រាប់លោកហើយថាអ្វីដែលពួកយើងទាំងពីរចង់បានគឺមិនដូចគ្នាទេ! ខ្ញុំអាយុម្ភៃបីឆ្នាំហើយ ខ្ញុំមិនចង់រង់ចាំទៀតទេ! យុវវ័យរបស់នារីម្នាក់មានដែនកំណត់! តើលោកគិតថាក្រោយភ្លៀងធ្លាក់មេឃនឹងមានឥន្ទធនូ? តើលោកគិតថាសិល្បៈអាចយកទៅដោះដូរបាយហូបបានហ្អេស? ខ្ញុំមិនចង់ចំណាយពេលវេលាពាក់កណ្តាលជីវិតក្រោយរបស់ខ្ញុំរស់នៅជាមួយវិចិត្រករក្រីក្រម្នាក់នោះទេ! អាចនឹងមាននារីដទៃទៀតស្ម័គ្រចិត្ត ប៉ុន្តែមិនមែនជាខ្ញុំនោះឡើយ! របស់ដែលលោកគូរមកគឺគ្មានអ្នកណាចង់ទិញទេ! គំនូរដែលគ្មានអ្នកទិញគឺជាសំរាម!»
សុឺជឹងឈុនស្រឡាំងកាំង គេភ្ញាក់ឱ្យព្រើតសម្លឹងមើលទៅកាន់ផ្ទៃមុខនាង ហើយនិយាយថា៖
«បងតែងតែគិតរហូតមកថាចិត្តអូនក៏ស្រលាញ់…»
សុីងលូនហាមាត់កាត់សំដីរបស់គេ ប្រស្រីភ្នែកពណ៌ខ្មៅរបស់នាងសម្លឹងមកគេយ៉ាងត្រជាក់ល្អូក និយាយថា៖
«លោកគិតថាខ្ញុំក៏ស្រលាញ់រូបគំនូរទាំងនោះដែរមែនទេ? មែន! មានរូបខ្លះគូរមិនអន់ទេ! ក៏ប៉ុន្តែតើវាមានប្រយោជន៍អ្វី? តើលោកនៅតែគិតថាសង្គមនាពេលបច្ចុប្បន្ននេះនៅជាសង្គមយករបស់ដោះដូររបស់ទៀតហ្អេស? លោកអាចយករូបគំនូរទាំងនោះទៅដោះដូរបាយហូបបានហ្អេស! ទៅដោះដូរមកជាផ្ទះសម្បែងបានហ្អេស? មនុស្សលោករស់គ្មានគោលដៅជីវិតណាឱ្យពិតប្រាកដជាក់ស្ដែងទេ! លោកនិងខ្ញុំមិនដូចគ្នាឡើយ! ខ្ញុំនេះរស់នៅវេទនាឆ្អែតឆ្អន់ហើយ! ខ្ញុំមិនចង់រស់នៅដោយក្រីក្រលំបាកទៀតនោះទេ!»
«នៅពេលដែលអូនស្គាល់បង បងគឺរស់នៅយ៉ាងហ្នឹងស្រាប់!» គេពោលបន្ទឺឡើង។
«ខ្ញុំធ្លាប់ព្យាយាមសាកល្បងដែរ! ប៉ុន្តែខ្ញុំធ្វើមិនបានទេ! ខ្ញុំមិនចង់នៅរង់ចាំរហូតដល់ក្លាយទៅជាផ្ការុះរោយរសាត់អស់ហើយទើបសោកស្តាយក្រោយ។ លោកអាចនៅតែបន្តគូរគំនូររបស់លោករហូតដល់អាយុប៉ែតសិបឆ្នាំ ប៉ុន្តែខ្ញុំមិនចង់រស់នៅក្នុងបន្ទប់ជួលដ៏កខ្វក់នោះរហូតដល់ស្លាប់នោះទេ! តើទីបញ្ចប់លោកមានយល់ទេ?»
សុឺជឹងឈុនខ្លាចញញើតនាងនិយាយថា៖
«បងមិននឹកស្មានទេថាអូនគឺជាមនុស្សបែបហ្នឹង!»
សុីងលូសម្លក់ខ្សែភ្នែកទៅគេហើយនិយាយថា៖
«សុឺជឹងឈុន! ខ្ញុំតាំងពីដើមមកគឺជាមនុស្សបែបហ្នឹងឯង គ្រាន់តែលោកមិនដឹងប៉ុណ្ណោះ!»
នៅសុខៗខណៈនោះ នៅលើទឹកមុខរបស់គេក៏លែងបង្ហាញភាពទន់ខ្សោយទៀត។ នាងបានហែកចម្រៀកបេះដូងរបស់គេខ្ទេចខ្ទី ជាន់ឈ្លីលើកត្តិយសរបស់គេហ្មត់ ក៏ព្រោះតែរឿងទាំងអស់នោះ ផ្ទុយទៅវិញគេបែរជាប្រែជានឹងធឹងយ៉ាងខ្លាំង។
កែវភ្នែករបស់គេសម្លឹងមើលទៅនាងដោយសេចក្ដីចងកំហឹង ខឹងគុំគួនស្អប់ខ្ពើម ហាក់ដូចជាស្ទើរតែចង់លើកដៃឡើងជូនរង្វាន់នាងមួយកំផ្លៀង ទះឱ្យចាស់ដៃ។
សុីងលូភ្ញាក់ភ័យខ្លាចមួយរំពេច ខាំសង្កត់បបូរមាត់ ខំប្រឹងងើយមុខសម្លឹងមើលទៅគេ។
សុឺជឹងឈុនសន្សឹមៗនិយាយយ៉ាងត្រជាក់ស្រេងថា៖
«សុីងលូ! នាងគឺពិតជានារីមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺកែវភ្នែករបស់នាង ខ្ញុំមិនដែលធ្លាប់ឃើញកែវភ្នែកមនុស្សស្រីណាម្នាក់ភ្លឺថ្លានិងជ្រៅក្រឡង់បែបនេះទេ។ ក៏ប៉ុន្តែដួងជម្រៅចិត្តខាងក្នុងរបស់នាងបែរជាសែនងងឹតស្លុងនិងរាក់កំភែលយ៉ាងនេះ!» គេក្រឡេកមើលនាងដោយខ្សែភ្នែកមើលងាយ។
កែវភ្នែករបស់សុីងលូនៅតែបង្ខំបើកធំៗសម្លក់ទៅកាន់គេ និយាយយ៉ាងក្រអឺតក្រទម៖
«លោកត្មិះដៀលខ្ញុំចុះ! សុឺជឹងឈុន! ពួកយើងបានបញ្ចប់គ្នាហើយ!»
នាងលើកដៃបក់ហៅឡានតាក់ស៊ីមួយគ្រឿង ដោយមិនងាកក្រោយ ចូលទៅអង្គុយនៅក្នុងឡានយ៉ាងលឿន។ ឡានបើកបរចាកចេញឆ្ងាយពីជម្រាលភ្នំ ចាកចេញឆ្ងាយពីស្រមោលខ្នងមួយ ក្បាលរបស់សុីងលូផ្អែកទៅលើបង្អួចកញ្ចក់ឡានតំណក់ទឹកភ្នែកសន្សឹមៗស្រក់ចុះរមៀលចេញពីត្របកភ្នែក។
នាងដឹងថានាងគ្មានថ្ងៃអាចវិលត្រលប់ក្រោយវិញទៀតទេ។
លុះនៅវេលាព្រឹកព្រលឹមមួយ បន្ទាប់ពីបីថ្ងៃក្រោយមក ឡានតាក់ស៊ីបានជូនដំណើរសុីងលូមកកាន់វីឡាចំណាស់ដ៏ធំស្កឹមស្កៃមួយ ទីតាំងឋិតនៅទល់មុខនឹងឆ្នេរសមុទ្រ “Shek O” ។
នៅលើកាំជណ្តើរមាត់ទ្វារធំខាងមុខ មានស្ត្រីចំណាស់ម្នាក់ស្លៀកពាក់ឈុតរ៉ូបវែងប្រពៃណីសៀងហៃពណ៌ប្រផេះដិតកំពុងឈរនៅទីនោះ នោះគឺជាស្ត្រីចំណាស់ម្នាក់មានរាងរៅស្លីមស្រស់ស្អាតបែបមនុស្សចាស់។ សក់របស់ស្ត្រីម្នាក់នោះបានប្រែជាស្កូវ ខ្នងត្រង់កោងចុះបន្តិច ផ្ទៃមុខជ្រីវជ្រួញពោរពេញទៅដោយភាពមុឺងម៉ាត់និងក្រអឺតក្រទម នារីបម្រើការនៅក្នុងផ្ទះពីរនាក់ស្លៀកពាក់ឯកសណ្ឋានរៀបរយឈរឱនក្បាលនៅពីក្រោយខ្នងរបស់គាត់ដោយក្ដីគោរពខ្លបខ្លាច។
នៅពេលដែលឃើញសុីងលូបោះជំហានឡើងលើកាំជណ្តើរ ស្ត្រីម្នាក់ចំណាស់នោះពោលទៅកាន់នាងដោយមិនបញ្ចេញអាកប្បកិរិយាអ្វីទាំងអស់ថា៖
«លោកស្រីសុឺ! កំពុងតែរង់ចាំនាងនៅខាងក្នុង»
សុីងលូសង្កត់បបូរមាត់ជិតងក់ក្បាលចុះ រួចដើរតាមស្ត្រីម្នាក់នោះចូលទៅក្នុងវីឡាធំ។ ស្ត្រីម្នាក់នោះដើរនាំផ្លូវនៅពីមុខងើយក្បាលឡើងទៅខ្ពស់ ស្បែកជើងប៉ាក់រាបពណ៌ខ្មៅរបស់គាត់ជាន់នៅលើផ្ទៃកម្រាលឥដ្ឋការ៉ូថ្ម ចួនកាលបញ្ចេញនូវសូរសំឡេងសែនតូចបំផុត។
សុីងលូងើយផ្ទៃមុខសម្លឹងមើលទៅបរិវេណវីឡានេះទាំងមូល។ នេះជាលើកដំបូងដែលនាងបានមកកាន់ទីនេះ វីឡាដ៏សែនធំស្កឹមស្កៃនេះ នៅសុខៗស្រាប់តែធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួនឯងសែនតូចល្អិត ប្រៀបបីដូចជាកម្ទេចស្លឹកឈើប៉ើងធ្លាក់ចូលទៅក្នុងបឹងដ៏សែនជ្រៅគ្មានបាត។
ស្ត្រីចំណាស់ម្នាក់នោះបាននាំផ្លូវនាងទៅកាន់បន្ទប់សៀវភៅ។ ទ្វារបើកត្រដាងចេញមកភ្លែត សុីងលូក៏បានឃើញមនុស្សម្នាក់ស្លៀកពាក់នៅក្នុងឈុតរ៉ូបវែងប្រពៃណីសៀងហៃពណ៌បៃតងគុជ ជាមួយរូបរាងសែនទន់ភ្លន់ឈរបែរខ្នងដាក់នាង ស្ត្រីម្នាក់នោះកំពុងតែឈរនៅមុខជ្រុងបង្អួចកញ្ចក់ដ៏ធំមួយក្រសែភ្នែកបែរមុខឆ្ពោះទៅមាត់សមុទ្រ។
ស្ត្រីចំណាស់នៅក្បែរខ្លួនសុីងលូឱនលំទោនខ្លួនទៅកាន់ផែនខ្នងមនុស្សម្នាក់នោះយ៉ាងជាទីគោរពប្រតិព័ទ្ធ សំឡេងរបស់ស្ត្រីចំណាស់ពោរពេញទៅដោយមនោសញ្ចេតនាទន់ភ្លន់បន្លឺឡើង៖
«លោកស្រីសុ! អ្នកនាងស៊ីងបានមកដល់ហើយ»
ស្រមោលខ្នងនោះក៏លើកដៃឡើងបន្តិចជាសញ្ញាបង្គាប់ឱ្យស្ត្រីចំណាស់ចាកចេញ។ ស្ត្រីចំណាស់នោះសន្សឹមៗដើរថយខ្នងទៅក្រោយរួចបែរខ្លួនចាកចេញទៅ ដៃទាញទ្វារបិទថ្នមៗដោយទុកឱ្យសុីងលូនៅតែម្នាក់ឯង។
នៅពេលដែលផែនខ្នងនោះបែរមកក្រោយយឺតៗ ខណៈពេលនោះនាងហាក់បីដូចជាកំពុងធ្លាក់ចូលទៅក្នុងការសញ្ជឹងគិត។
លោកស្រីសុឺបច្ចុប្បន្នមានវ័យជាងហាសិបឆ្នាំ ព្រោះតែមើលថែទាំសម្រស់បានល្អ ហេតុនេះទើបរូបរាងរបស់គាត់គឺនៅវ័យក្មេងជាងអាយុពិតច្រើន សក់ដែលស្កូវលាបប្រែជាពណ៌ខ្មៅចងបួងឡើងខ្ពស់នៅខាងក្រោយក្បាល រ៉ូបវែងប្រពៃណីសៀងហៃនៅលើដងខ្លួនត្រូវបានច្នៃកាត់ដេរយ៉ាងប្រណីត។
នៅលើជើងពាក់ស្បែកជើងកែងមួយគូពណ៌ទឹកឃ្មុំ នៅកដៃខាងស្តាំពាក់កងដៃគុជថ្មពណ៌បៃតងថ្លា។ គាត់មានកែវភ្នែកពណ៌ខ្មៅភ្លឺស្រទន់ស័ក្តិសមនឹងទម្រង់ចង្កាដែលទូលទឹកមុខមុឺងម៉ាត់និងភាពនឹងនររបស់គាត់។ ផ្ទៃមុខនេះអាចមើលទៅសែនទន់ភ្លន់ ប៉ុន្តែក៏អាចមើលទៅសែនត្រជាក់ល្អូកផងដែរ នៅក្នុងខណៈពេលនេះ ទឹកមុខរបស់គាត់គឺខណ្ឌកាត់នៅចំកណ្ដាលព្រំដែនរវាងចំណុចទាំងពីរនោះ។
លោកស្រីសុឺសង្កេតមើលសុីងលូមួយសន្ទុះ បន្ទាប់គាត់ក៏ប្រកាន់ជំហរនិយាយថា៖
«សូមអញ្ជើញអង្គុយ! អ្នកនាងសុីង»
សុីងលូនៅតែឈរនឹងថ្មឹងដូចដើម នាងឆ្លើយតប៖
«មិនចាំបាច់ទេ!»
នៅលើផ្ទៃមុខលោកស្រីសុឺរំលេចស្នាមញញឹមដិតដាមមួយឡើងមក និយាយថា៖
«នាងធ្វើបានល្អណាស់! អរគុណ!»
កែវភ្នែកលឿងស្លក់របស់សុីងលូសម្លឹងមើលទៅគាត់ និយាយដោយស្ទាក់ស្ទើរ៖
«តើពេលនេះគាត់យ៉ាងម៉េចទៅហើយ?»
លោកស្រីសុឺនិយាយថា៖
«អរគុណចំពោះការព្រួយបារម្ភរបស់នាង»
សុីងលូបានយល់ អត្ថន័យនៅក្នុងសំដីទាំងនេះគឺ៖ “វាមិនពាក់ព័ន្ធនឹងនាងទេ នាងមិនចាំបាច់ត្រូវដឹង!”
នាងក៏សួរបន្តទៀត៖
«ម្ដេចបានជាឈ្មួញកណ្ដាលទាំងឡាយមិនទទួលទិញគំនូររបស់គាត់? គឺលោកស្រីជាអ្នកធ្វើមែនទេ?»
លោកស្រីសុឺគ្រាន់តែនិយាយថា៖
«ប្រាក់អាចទិញបាននូវអ្វីៗជាច្រើន»
សុីងលូស្រាប់តែភ្ញាក់ដឹងខ្លួន រូបគំនូរដែលសុឺជឹងឈុនគូរ គឺគ្មានថ្ងៃមានឈ្មួញណាម្នាក់ហ៊ានទិញឡើយ។
នាងឈរស្ងៀមថ្មឹងនៅត្រង់នោះ មិនសួរអ្វីបន្ថែមទៀត។
លោកស្រីសុឺកាន់កាតធនាគារនៅលើតុឡើង ហុចឱ្យទៅសុីងលូ និយាយថា៖
«នេះគឺជាប្រាក់កម្រៃរបស់នាង»
សុីងលូមិនឈោងដៃចេញទៅទទួលទេ។ នាងខាំសង្កត់ធ្មេញនិយាយថា៖
«ខ្ញុំសូមបោះបង់!»
ទឹកមុខរបស់លោកស្រីសុឺបង្ហាញសេចក្ដីភ្ញាក់ផ្អើលបន្តិច គាត់សម្លឹងមើលទៅសុីងលូ វាយតម្លៃលើនាងដោយស្ងៀមស្ងាត់ ហាក់មានមន្ទិលលើនាង ចង់ដឹងថាតើនៅទីបញ្ចប់នាងចង់បានអ្វីឱ្យពិតប្រាកដ។
សុីងលូប្រមូលភាពក្លាហានទាំងអស់និយាយថា៖
«ខ្ញុំបានស្រលាញ់គាត់ហើយ!»
លោកស្រីសុឺមិននិយាយអ្វី ភាពស្ងៀមស្ងាត់របស់គាត់ធ្វើឱ្យសុីងលូមើលឃើញពន្លឺនៃក្តីសង្ឃឹម។ ចង្វាក់បេះដូងរបស់នាងលោតដុកដាក់ៗ កែវភ្នែកធំៗពោរពោញទៅដោយសេចក្ដីអន្ទះសាឥតថ្លឹងថ្លែង ខំព្យាយាមសម្លឹងចាប់រកតម្រុយណាមួយនៅលើផ្ទៃមុខរបស់លោកស្រីសុឺ។
នៅលើផ្ទៃមុខរបស់លោកស្រីសុឺមិនបញ្ចេញប្រតិកម្មអ្វីពិសេសទាំងអស់។ គាត់សម្លឹងមើលទៅសុីងលូ សន្សឹមៗនិយាយថា៖
«ប៉ុន្តែនាងស្រលាញ់ប្រាក់ច្រើនជាង!»
សុីងលូមិនមានពាក្យអ្វីអាចបដិសេធបាន។ លោកស្រីសុឺហុចកាតទៅចំពោះមុខនាង ហើយនិយាយយ៉ាងត្រជាក់ល្អូកថា៖
«ប្រាក់ដប់លានអាចធ្វើបាននូវរឿងជាច្រើន នាងរាប់ចំនួនតួលេខមើលទៅ»
សុីងលូហាក់រំជួលចិត្តឡើងនិយាយថា៖
«លោកស្រីមិនយល់ពីកូនប្រុសរបស់លោកស្រីទាល់តែសោះ!»
គាត់សួរបកទៅវិញ៖
«តើពិបាកយល់ដល់ថ្នាក់នាងអាចយល់ច្រើនជាជាងខ្ញុំហ្អេស?»
សុីងលូនិយាយថា៖
«បើសិនជាលោកស្រីពិតជាស្រលាញ់គាត់ដូចដែលលោកស្រីនិយាយមែន លោកស្រីមិនសមណាធ្វើចំពោះគាត់បែបនេះនោះទេ!»
លោកស្រីសុឺនិយាយយ៉ាងធម្មតាថា៖
«នាងក៏ដូចជាខ្ញុំដែរប៉ុណ្ណោះ»
សុីងលូទាល់ពាក្យសំដីនឹងឆ្លើយ។ ម្តាយរបស់សុឺជឹងឈុននិយាយត្រូវ បើនាងពិតជាស្រលាញ់គេដូចដែលនាងគិតមែននោះ នាងគួរតែបញ្ឈប់តាំងពីយូរមកម៉្លេះ ហេតុអ្វីបានជានាងនៅតែបន្តប្រព្រឹត្តិរហូតមកទល់ពេលនេះ? ហេតុអ្វីបានជានាងមិននិយាយប្រាប់គេដោយស្មោះត្រង់ទៅ? ប្រហែលជាគេអាចនឹងជឿជាក់នាង។ គេនៅតែអាចបន្តធ្វើជាវិចិត្រករក្រីក្រម្នាក់ មនុស្សទាំងពីរនៅតែអាចបន្តជីវភាពរស់នៅដោយសាមញ្ញ។ ប៉ុន្តែមានតែមេឃទេទើបដឹងថាតើនៅទីបញ្ចប់ព្រោះតែហេតុអ្វី រូបនាងមិនចង់បញ្ឈប់វាទាល់តែសោះ។
ហេតុនេះ នាងក៏ទទួលយកកាតពីក្នុងដៃម្តាយរបស់សុឺជឹងឈុន។
———-
«ខ្ញុំសង្ឃឹមថានាងអាចធ្វើតាមការសន្យា នៅក្នុងរយៈពេលមួយសប្តាហ៍ចាកចេញពីហុងកុង»
លោកស្រីសុឺពោលឡើងថា៖ «អ្នកនាងសុីង! នាងកុំអាក់អន់ចិត្តអី! នេះជាកិច្ចការសំខាន់ ហេតុនេះពួកយើងត្រូវកត់សម្គាល់ឱ្យច្បាស់ថា នាងគឺជាជម្រើសដ៏ស័ក្តិសមបំផុត»
សុីងលូខឹងចិត្តនិយាយថា៖
«ក៏ព្រោះតែខ្ញុំក្រ! ហេតុនេះទើបអ្នកគិតថា មិនថាអ្វីខ្ញុំក៏ព្រមធ្វើ?»
លោកស្រីសុឺនិយាយដោយត្រជាក់ល្អូកថា៖
«គ្រប់យ៉ាងអាចទិញបានដោយប្រាក់ ក៏អាចលក់បានដែរ»
សុីងលូមានអារម្មណ៍ថាស្ត្រីនៅចំពោះមុខនាងម្នាក់នេះកំពុងតែប្រមាថនាង។ នាងឱបក្ដីក្រែងខ្មាសនិយាយថា៖
«រឿងបែបហ្នឹងខ្ញុំនឹងមិនធ្វើទេ!»
«យកល្អពួកយើងគួរពិភាក្សាគ្នារឿងប្រាក់កម្រៃជាមុនសិនទៅ!»
លោកស្រីសុឺនិយាយថា៖ «ក្រោយពេលកិច្ចការជោគជ័យ នាងនឹងទទួលបានប្រាក់ដប់លាន!»
សុីងលូរន្ធត់ចិត្តឡើងរឹងខ្លួនឆ្កឹង។
នាងបើកភ្នែកធំៗសម្លឹងមើលទៅលោកស្រីសុឺ។ នាងស្ទើរតែមិនជឿលើត្រចៀករបស់នាង។
លោកស្រីសុឺនិយាយដោយត្រង់ៗថា៖
«អ្នកនាងសុីង! ខ្ញុំរីករាយដែលនាងជួយដល់ខ្ញុំនៅក្នុងរឿងនេះ។ ឯម្យ៉ាងទៀត កូនប្រុសរបស់ខ្ញុំមានរូបរាងក៏មិនអន់ដែរ។ នាងមិនចាំបាច់ទទួលយកសំណើរបស់ខ្ញុំឥឡូវនេះទេ នៅក្នុងរយៈពេលបីថ្ងៃ ខ្ញុំនឹងរង់ចាំចម្លើយពីនាង»
សុីងលូមិនអស់ចិត្តនៅតែសួរថា៖
«ហេតុអីក៏ជាខ្ញុំ?»
លោកស្រីសុឺឆ្លើយតបថា៖
«ខ្ញុំអាចរកបានមនុស្សស្រីដែលរឹតតែស្អាតជាងនាង ក៏ប៉ុន្តែនាងទើបជាប្រភេទនារីដែលកូនប្រុសរបស់ខ្ញុំពេញចិត្ត។ បានចួបនាងនៅថ្ងៃនេះ ខ្ញុំក៏កាន់តែជឿជាក់ថាខ្ញុំនឹងមិនជ្រើសរើសខុសនោះទេ។ អ្នកនាងសុីង! នាងនៅក្មេងយ៉ាងនេះ ប្រាក់ដប់លានអាចធ្វើបាននូវរឿងជាច្រើន។ នាងគិតឱ្យបានហ្មត់ចត់ទៅ»
សុីងលូក៏មិនបានទទួលយកសំណើរភ្លាមៗនោះឡើយ បន្ទាប់ពីចាកចេញពីក្នុងវីឡានោះ នាងបានបញ្ឈប់ជើងនៅមុខហាងលក់សៀវភៅមួយកន្លែងឈានចូលទៅទិញសៀវភៅមួយក្បាល “ជីវប្រវត្តិរបស់លោកសុឺជាសុឹង”។
នៅក្នុងយប់នោះ នាងបានអានសៀវភៅមួយក្បាលនោះ។ សុឺជាសុឹងមានទ្រព្យសម្បត្តិមហាសាលច្រើនជាងការគិតរបស់នាងទៅទៀត។ នៅពេលលោកនៅមានជីវិត លោកគឺជាមហាសេដ្ឋីឈរលំដាប់នាំមុខនៅក្នុងចំណោមកំពូលស្តេចកប៉ាល់ធំជាងគេទាំងដប់នៅលើពិភពលោក គឺជាលោកថៅកែធំក្ដោបក្ដាប់លើវិស័យដឹកជញ្ជូនដែនសមុទ្រ ក្រៅពីនោះនៅមានមុខជំនួញខាងវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង វិនិយោគទុន និងអចលនទ្រព្យ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស ព្រះមហាក្សត្រីប្រទេសអង់គ្លេស ព្រះចៅអធិរាជជប៉ុន គឺសុទ្ធតែជាមិត្តរបស់លោក លោកអាចខលទូរសព្ទដោយផ្ទាល់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាភ្ញៀវញឹកញាប់របស់ “10 Downing Street” (លំនៅឋាននាយករដ្ឋមន្រ្តីអង់គ្លេស)។ រីឯភរិយារបស់លោក គូវិនហ្វាង អ្នកគឺជាសិស្សប្អូនស្រីរបស់លោកកាលគ្រាដែលលោកកំពុងនៅសិក្សា អ្នកទាំងពីររួមរស់ជាមួយនឹងគ្នាយ៉ាងមានសុភមង្គល ពួកគាត់មានកូនប្រុសម្នាក់។
នៅក្នុងសៀវភៅថែមទាំងមានរូបថតដែលសុឺជឹងឈុនថតរួមគ្នាជាមួយនឹងឪពុកម្តាយរបស់គេកាលពីគេនៅតូច។ លោកស្រីសុឺមិនកុហកនាងទេ សុឺជឹងឈុនគឺមិនត្រឹមតែមានរូបរាងមិនអន់ទេ ថែមទាំងនៅពេលធំដឹងក្ដីឡើង ប្រែក្លាយជាសុភាពបុរសស្រស់សង្ហាឥតទាស់។
សុីងលូដាក់សៀវភៅចុះ ខួរក្បាលរបស់នាងកាន់តែនឹកគិត ចិត្តរបស់នាងកាន់តែជ្រួយច្របល់។ ប្រាក់ដប់លាន… មានស្ត្រីម្នាក់ឱ្យប្រាក់នាងដប់លាន ចង់ឱ្យនាងតាមស្រលាញ់កូនប្រុសរបស់គាត់ បន្ទាប់មកទាត់គេចោល។ នាងមិនមែនកំពុងតែយល់សប្តិទេមែនទេ?
មានប្រាក់ដប់លាននោះ នាងអាចធ្វើនូវអ្វីដែលនាងចង់ធ្វើ។
នាងចង់បានប្រាក់ទាំងនោះ។
នៅថ្ងៃទីបី នាងបានខលទូរសព្ទទៅកាន់លោកស្រីសុឺ។
«ខ្ញុំទទួលសំណើរ!» នាងនិយាយដោយភាពតានតឹងបន្តិច។
លោកស្រីសុឺរីករាយនិយាយថា៖
«ពិតជាអរគុណណាស់! លីងសុិនជាក្មួយប្រុសរបស់អ្នកមីងលីង ដែលជាមេការផ្ទះរបស់ខ្ញុំ អាចជឿទុកចិត្តលើគេបានទាំងស្រុង។ គេនឹងជួយដល់នាង ប្រសិនបើមានធុរៈអ្វី នាងអាចទៅរកគេឱ្យជួយ។ គ្រាន់តែ… ខ្ញុំរម្លឹកនាងទុក ប្រសិនបើកូនប្រុសរបស់ខ្ញុំដឹងពីគម្រោងការមួយនេះចេញពីនាង ដល់ពេលនោះ ខ្ញុំប្រាកដជាមិនទទួលស្គាល់ឡើយ»
សុីងលូភិតភ័យក្នុងពោះនិយាយថា៖
«លោកស្រីសុឺ! ចុះបើគាត់មិនស្រលាញ់ខ្ញុំទេគិតយ៉ាងម៉េច?»
លោកស្រីសុឺឆ្លើយតបដោយខ្លីថា៖
«នាងត្រូវតែរកវិធីធ្វើឱ្យគេស្រលាញ់នាងឱ្យទាល់តែបាន»
រឿងអ្វីៗក៏ដំណើរការទៅមុខដោយបែបនោះ។ នៅក្នុងថ្ងៃបន្ទាប់ សុីងលូបានទទួលឯកសារទាក់ទងអំពីសុឺជឹងឈុនពីដៃលីងសុិន នៅខាងក្នុង ក្រៅពីមានរូបថតរបស់គេនោះ ថែមទាំងមានបញ្ជីរៀបរាប់លម្អិតអំពីចំណង់ចំណូលចិត្តរបស់គេ គេចូលចិត្តគូរគំនូរ ចូលចិត្តស្តាប់តន្ត្រី ចូលចិត្តអានសៀវភៅ ចូលចិត្តអាហារបង្អែម ឧទាហរណ៍ដូចជា គេចូលចិត្តអាហារផ្អែមនិងជាពិសេសគឺស្ករសូកូឡា។
ជារៀងរាល់ថ្ងៃ គេតែងតែទៅ Coffee Shop នៅក្បែរផ្ទះជួលផឹកកាហ្វេមួយពែង។ ព្រោះតែហេតុនេះ បុគ្គលិកស្រីដែលធ្លាប់បម្រើការនៅក្នុង Coffee Shop នោះនៅសុខៗក៏ត្រូវបានហាងបញ្ឈប់។ លីងសុិនបានរៀបចំឱ្យសុីងលូចូលធ្វើការជំនួសកន្លែងមនុស្សស្រីម្នាក់នោះ។
កាលនោះ ចំពោះអ្នកមានប្រាក់ សុីងលូមានការមើលងាយនិងសែនស្អប់ខ្ពើមជាខ្លាំង។ នៅពេលដែលបានមើលឃើញសុឺជឹងឈុនជាលើកដំបូងនៅ Coffee Shop នាងនឹកគិតនៅក្នុងចិត្តថា៖«មនុស្សប្រភេទនេះអាចរស់នៅក្នុងភាពទីទាល់ខ្វះខាតបានដែរហ្អេស? ប្រហែលជាឯងនៅមិនទាន់ទាត់គេចោលផង គេមិនអាចស៊ូទ្រាំបានក៏រត់ត្រលប់ទៅផ្ទះវិញបាត់ទៅហើយ!»
នៅពេលដែលនាងនៅមិនទាន់បានឃើញគំនូរដែលសុឺជឹងឈុនគូរនៅឡើយ នាងនៅគិតថាពួកប្រភេទកូនប្រុសអ្នកមានរស់នៅចាំទំរើសដូចជាគេនេះតើអាចគូរគំនូរបានល្អកម្រិតណាទៅ?
ប៉ុន្តែនាងបានគិតខុសទាំស្រុង។ គេគឺជាអ្នកមានទេពកោសល្យកំពូលលើសអ្នកដទៃ។
គេក៏មិនមែនជាពួកប្រភេទកូនប្រុសអ្នកមានរស់នៅចាំទម្រើសដូចដែលនាងគិតនោះទេ។
គេគឺជាមនុស្សល្អម្នាក់។ គេអាចស៊ូទ្រាំនឹងការលំបាកបាន។
នាងគិតថានាងអាចជាមនុស្សដាច់ចិត្តដាច់ធម៌មេត្តាម្នាក់ បេះដូងរបស់នាងបានស្លាប់ជាយូរមកហើយ សូម្បីតែសេចក្ដីស្នេហានិងរូបកាយរបស់នាងក៏អាចលក់បានដែរ តែបែរជាមិននឹកស្មានថានាងមានបំណងចង់ធ្វើឱ្យសុឺជឹងឈុនស្រលាញ់ខ្លួនឯងងប់ងុល ប៉ុន្តែផ្ទុយទៅវិញនាងបែរជាមកស្រលាញ់គេយ៉ាងជ្រាលជ្រៅ ប្រៀបដូចជាឃាតករសុីឈ្មួលម្នាក់លង់ស្រលាញ់មនុស្សដែលខ្លួនត្រូវសម្លាប់។
តាំងពីដើមមក មិនធ្លាប់មានបុរសណាម្នាក់ស្រលាញ់នាងដូចជាសុឺជឹងឈុនឡើយ គេបានព្យាបាលផ្សះផ្សារបួសនៅក្នុងបេះដូងរបស់នាង ប៉ុន្តែគេក៏បែរគឺជាមនុស្សតែម្នាក់គត់ដែលនាងបានក្បត់។
លើសពីនេះ នៅគ្រាចុងក្រោយបង្អស់ នាងបានពឹងពាក់លីងសុិនឱ្យជួយរកតារាម៉ូដែលប្រុសនិងជួលបន្ទប់សណ្ឋាគារប្រណីត រួមគ្នាសម្ដែងឆាកល្ខោនផងលេងសើចផង ធ្វើបាបចិត្តរបស់គេឱ្យរងរបួសយ៉ាងដំណំ។
សុឺជឹងឈុនមួយជីវិតនេះនឹងមិនអភ័យទោសឱ្យនាងឡើយ។
រង់ចាំភាគបញ្ចប់…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ