សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: មានការបង្ហាញសិល្បៈបុរាណខ្មែរ ម៉ូដសម្លៀកបំពាក់ច្នៃពីហូលខ្មែរ និងកម្មវិធីកម្សាន្តផ្សេងៗ

នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ សប្តាហ៍នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: មានរៀបចំការបង្ហាញសិល្បៈបុរាណខ្មែរ ការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីហូលខ្មែរ និងកម្មវិធីកម្សាន្តផ្សេងទៀត សម្រាប់ឱ្យសាធារណជនចូលរួមច្រៀង និងរាំលេងកម្សាន្ត ដោយសេរី ចាប់ពីវេលាម៉ោង ៤:៣០ ល្ងាច ដល់ម៉ោង ១០:៣០ យប់ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដេីម្បីវប្បធម៌ជាតិ» ។

សម្រាប់ការរៀបចំកម្មវិធី ក្រៅពីរៀបចំការបង្ហាញសិល្បៈបុរាណខ្មែរ ការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីហូលខ្មែរ និងកម្មវិធីកម្សាន្ត ក៏មានការតាំងពិព័រណ៌ស្នាដៃផ្ទាំងផ្សព្វផ្សាយអបអរសាទរទិវាវប្បធម៌ជាតិ ការប្រគុំតន្ត្រី និងចម្រៀងព្រះរាជនិពន្ធ “ព្រៃប្រសិទ្ធិ” ផងដែរ។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង គឺដោយយោងតាម សារាចររបស់រាជរដ្ឋាភិបាល ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា នៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់ក្នុងសារាចរ​ ក្នុងន័យដើម្បីផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ នៃទិវាវប្បធម៌ជាតិ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*