“តស់! បងប្អូន! ជួយស៊ែម្នាក់មួយឱ្យឡើង View សិនណា៎! ថ្ងៃនេះមានខោវអាវក្បាលគីបមួយម៉ាម៉ឺនៗស្អាតៗ ចូលស្តុកច្រើនណាស់បងប្អូន។ ជួយស៊ែឱ្យឡើង 4k View មកណា៎ ប្អូននឹងលក់ជូនក្នុងតម្លៃ ៥០០០ រៀលគ្រប់ម៉ូតទាំងអស់!”
នេះជាសំឡេងស្រែកចេញពីទូរសព្ទមិត្តខ្ញុំម្នាក់ឈ្មោះចាន់ធី។ ចំណែកខ្ញុំឈ្មោះស្រីណែត នៅកន្លែងធ្វើការគេហៅខ្ញុំថា អាណែត។ ពួកខ្ញុំទាំងពីរនាក់គឺជាបុគ្គលិកធ្វើការនៅក្នុងម៉ាតមួយកន្លែងស្ថិតនៅក្រុងភ្នំពេញ។ ថ្ងៃនេះគឺជាថ្ងៃចុងសប្ដាហ៍ដូចនេះ ចាន់ធី គេមានឱកាសច្រើនក្នុងការដេកលេងហ្វេសបុក អូសចុះ អូសឡើង តាំងពីថ្ងៃត្រង់រហូតមកដល់ក្បាលល្ងាចនៅក្នុងបន្ទប់ជួលមួយដែលស្នាក់នៅពីរនាក់។
ឈូ! ឈូ!
កំពុងងូតទឹកសុខៗខ្ញុំបានឮសំឡេង Live លក់ខោអាវជជុះមួយ១០០០០រៀលគ្រប់ម៉ូត គ្រប់ពណ៌។ ហើយបើស៊ែម្នាក់មួយឡើង View បាន 4k គេនឹងលក់បញ្ចុះតម្លៃឱ្យមួយ ៥០០០ រៀល។ ពេលឮបែបនោះខ្ញុំស្ទើរតែធ្លាក់ថ្លើមក្ដុក ព្រោះមិនធ្លាប់មានការឡាយលក់ខោអាវជជុះឯណាមានអ្នកតាមដានច្រើនអីដល់ថ្នាក់នេះទេ។ ពេលខ្ញុំចេញពីបន្ទប់ទឹកវិញភ្លាមក៏ឆ្លៀតនិយាយទៅចាន់ធីទាំងដៃកំពុងជូតសក់ ៖
” ស្អីអា ចាន់ធី ! ឮតែស្រែកស៊ែរបាន 4k View បញ្ចុះពាក់កណ្ដាល ? អីក៏សាហាវជាងរបស់របរលក់នៅក្នុងម៉ាតយើងទៀតអ្ហា !… លក់អាវជជុះសោះតែម៉ាកាធីងខប់សារី ” ។ ចាន់ធី តបមកវិញ ៖
” យីអាណែតមាសបង! ហែងអត់ដឹងថាហាងជជុះគេហ្នឹងល្បីទេអី? អញប្រាប់ទៅ សូម្បីតែតារាល្បីៗខ្លះក៏មកទិញអាវជជុះនៅក្នុងហាងនេះយកទៅស្លៀកដែរ! “
ខ្ញុំនឹកកាន់តែហូសចិត្តបន្ថែមទៀតពេលឮចាន់ធីប្រឹងអូតដូចជាប្រម៉ូតឱ្យអ្នកលក់នេះខ្លាំងសម្បើមពេក។ ខ្ញុំក៏ដាក់គូទអង្គុយលើពូកផ្ទាល់ការរ៉ូហើយក៏ឆ្លើយទៅវិញ ៖
” ចាន់ធី គេឱ្យលុយហ្អែងប៉ុន្មានបានខំប្រម៉ូតអីប្រម៉ូតម្ល៉េះ? វាមិនដែលតារាល្បីណាអត់លុយមកស្លៀកខោអាវជជុះមួយម៉ាម៉ឺនទេអ្ហា! លុយគេចាយមិនអស់ផងរឿងអីគេមកស្លៀករបស់មួយទឹកៗចឹងនោះ? ”
ខ្ញុំនិយាយបែបលេងផងចំអកឱ្យនាងផង ព្រោះខ្ញុំពិតជាមិនជឿមែនថាតារាល្បីលំដាប់ៗឯណាមកទិញខោអាវជជុះយកទៅស្លៀកឡើងកម្មវិធីនោះ? ចាន់ធីដឹងថាខ្ញុំមិនជឿគេនិយាយ ក៏ចុចចូលទៅក្នុងប្រូហ្វាល់ (Profile) អ្នកលក់ឱ្យខ្ញុំមើល។ ខ្ញុំក៏បានឃើញមុខតារាមួយចំនួនដែលខ្ញុំស្គាល់ ថតនៅក្នុងហាងលក់ខោអាជជុះមួយនោះពិតប្រាកដមែន។
ឃើញបែបនេះភ្លាមខ្ញុំដើរទៅរកស្នួលខោអាវដើម្បីយកកន្សែងទៅសំដិលឱ្យស្ងួតទឹក ហើយក៏បកមកមើលការ Live នោះជាមួយនាងវិញ។ ក្នុងចិត្តគិតថាក្រែងល៎មានអាវជជុះណាស្អាតល្មមនឹងអាលទិញមួយមកស្លៀក ពេលមកដល់ចាន់ធី បានអូសរំលងផុតបាត់ទៅហើយ។ ខ្ញុំក៏និយាយទៅនាង ៖
“មើលចាន់ធីហែងបើកមើល Live អម្បាញ់មិញមើល! អញចង់មើលម៉ូតខោអាវគេបន្តិចក្រែងមានម៉ូតសាមញ្ញណាស្អាតអញគិតចង់ទិញមួយកំប្លេរទុកស្លៀកទៅលេងស្រុកពេលភ្ជុំ!”
ចាន់ធីនិយាយកាត់សម្ដីខ្ញុំ ៖
“ស្អីគេអាណែត! ឆ្នាំ២០២២ស្អែកខានស្អែកហើយ នៅស្លៀកម៉ូតសាមញ្ញមើលតែឆ្នាំ៧៩ទៀតអ្ហា។ នៅហាងនេះគេគ្មានម៉ូតស្រែៗទេមានតែម៉ូតកាលីបៗមកពីបរទេស”
ចាន់ធីនិយាយទាំងដៃកំពុងអូសរក Live អម្បាញ់មិញ។ ភ្លាមនោះស្រាប់តែមានសំឡេងចេញមកពីក្នុងទូរសព្ទមក ៖
” លេខកូដលេខ៤៖ ខោខូវប៊យក្បាលគីបយកមកពីក្រៅប្រទេស ម៉ូតស្អាតកប់សារី។ បើអ្នកណាបានស្លៀកម៉ូតនេះហើយដឹងតែជះរាងស្អាតដូចអ្នកលក់អ៊ីចឹង។ ខោនេះយកទៅស្លៀកមិនបាច់បោកទឹកក៏ស្អាតដែរ។ ចង់បានទម្លាក់លេខនិងទីតាំងឱ្យលឿនបន្តិចមក ព្រោះម៉ូតនេះនៅសល់តែមួយទេគឺអស់ស្តុកហើយ ”
ដ្បិតថាខោលេខ៤នេះពិតជាស្អាតដូចអ្នកលក់និយាយមែន ក៏ប៉ុន្តែវាមិនត្រូវម៉ូតសម្រាប់ខ្ញុំដែលយកមកស្លៀកទៅលេងស្រុកឡើយ។ ខ្ញុំអង្គុយមើលការ Live យ៉ាងភ្លឹក ហើយការបញ្ចុះបញ្ចូលរបស់អ្នកលក់នេះពិតជាពូកែទាកទាញចំណាប់អារម្មណ៍មិត្តខ្ញុំនិយាយភ្លាមថា ៖
“ម៉ូតខោលេខ៤នេះស្អាតបែបយុវវ័យហើយស៊ីជាមួយស្បែកជើងប៉ាតាសអញទៀត បើទិញយកមកស្លៀកទៅកម្មវិធីផ្ទះមិត្តភក្ដិស្អែកនេះដឹងតែកប់សារីហ្មង ” ខ្ញុំតបវិញទាំងភ្ញាក់ ៖
” អ្ហាក? ក្រែងស្អែកហែងប្រាប់អញថាទៅកម្មវិធីគេពេលព្រឹកម៉ោង៦មែនអត់? ហើយឥឡូវម៉ោង៥ល្ងាចហើយ ខោក៏ទាន់កុម៉្មង់គេទៀតមិនដឹងថ្មើរណាគេដឹកមកដល់ផង ម៉េចហែងគិតចង់ស្លៀកទៅកម្មវីធីគេស្អែកម៉ោង៦អត់បោកទឹកមែន? ”
” អើ! បោកធ្វើអីបើអញអត់មានខោស្លៀកទៅកម្មវិធីគេផង! អ៊ីចឹងហើយបានអញទិញមកស្លៀកហ្នឹងអ្ហា៎! “
” ស្លាប់ហើយអាចាន់ធី អញប្រាប់ទៅស្លៀករបស់ជជុះមិនដូចរបស់ថ្មីទេវ៉ើយ! ហែងមានបានមើលព័ត៌មានមួយដែលគេចុះផ្សាយកាលពី៣ខែមុនអត់? គឺថាមានក្រុមហ៊ុនខាងវិចខ្ចប់អាវជជុះនៅបរទេសមួយចំនួន បានលួចបង្កើតភ្នាក់ងារដើរបន្លំប្រមូលយកខោអាវរបស់ខ្មោចដែលស្លាប់តាមផ្លូវយកមកដាក់ចូលក្នុងក្បាលគីប ដើម្បីបង្គ្រប់ចំនួនហែងមានបានមើលអត់? “
ចាន់ធីទះស្មាខ្ញុំផាច់ បញ្ជាក់ថានាងកំពុងតែព្យាយាមបំភ្លេចវីដេអូព័ត៌មានមួយ ដែលគេយកមកពីកាមេរ៉ាសុវត្ថិភាពតាមផ្លូវមកផ្សព្វផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍កាលពី៣ខែមុន។ នៅក្នុងវីដេអូនោះខ្ញុំឃើញមានមនុស្សពាក់អាវខ្មៅ២នាក់ កំពុងដើររើសខោអាវត្រង់កន្លែងមួយដែលមានឈាមដាប់ប្រឡាក់ពេញផ្លូវជាតិ។ ចាន់ធីគេនិយាយមកខ្ញុំវិញ ទាំងភ្នែកសស្លាក់សស្លើត ៖
” អាណែត ម៉េចហែងមករំឭករឿងនេះឡើងឱ្យអញនឹកឃើញទៀតហើយ? “
ខ្ញុំនិយាយទៅនាងវិញ ៖
“អញគ្មានបំណងចង់បន្លាចហែងទេ តែអញគ្រាន់តែចង់រំឭកប្រាប់ហែងថាខោអាវជជុះក្បាលគីបមិនមែនសុទ្ធតែល្អទាំងអស់ ហើយក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់ដែរ។ គីបខ្លះមានខោអាវច្រើនក្បែរពាន់ឯណោះហែងសាកគិតបន្តិចមើល បើគេលួចដាក់ខោអាវនោះចូលក្នុងគីបតែ១០ឬ២០អីទៅតើអ្នកណាគេទៅដឹងនោះ? “
ខ្ញុំនិយាយបានត្រឹមនេះស្រាប់តែឮទូរសព្ទរបស់ចាន់ធីរោទ៍ឡើងកាត់ចង្វាក់មួយរំពេច ស្របពេលដែលកំពុងនិយាយរឿងដែលក្រុមហ៊ុនខិលខូចលួចដាក់ខោអាវខ្មោចចូលក្នុងគីបអាវជជុះ។
ទ្រីង… ទ្រីង….
” អាឡូ … ? អាឡូ …. ? “
” …. ? “
” អ្នកណាគេខលមក ? “
” អត់ដឹងទេព្រោះគេមិននិយាយ អញឮតែសំឡេរំខាន! “
ខ្ញុំគិតថាប្រហែលជាអ្នកដឹកជិញ្ជូនគេនៅខាងក្រោមទើបមានសំឡេងរំខាន។ ពេលនោះខ្ញុំក៏ធ្វើជានិយាយបន្លាចនាងលេង ៖
” ហែងមើលៗ តិចលេខខ្មោច ០០០០០០០ ទេដឹង “
គ្រាន់តែខ្ញុំចប់ភ្លាម ទឹកមុខចាន់ធីក៏ប្ដូរទៅជាស្លេកមួយរំពេច។ ឃើញបែបនោះខ្ញុំសើចដាក់នាងបន្តិច ហើយនិយាយលួងវិញ ៖
” អញនិយាយលេងទេសម្លាញ់កុំធ្វើមុខសស្លាក់សស្លើតអ៊ីចឹងអី អញភ័យណាស់វ៉ើយ! ” នាងតបមកខ្ញុំវិញទាំងសំឡេងញ័រទទ្រើក ៖
” អាណែត អញដូចមានអារម្មណ៍មិនស្រួល ? “
” មិនស្រួលយ៉ាងម៉េច? អត់មានអីចម្លែកទេគ្រាន់តែសេវារបស់អ្នកដឹកជញ្ជូនគាត់មានបញ្ហា ឯងក៏ដឹងដែរផ្ទះជួលយើងអត់សូវមានសេវាទេ ” មិត្តខ្ញុំនិយាយកាត់ភ្លាម៖
” អត់ទេអាណែត ! អញទើបតែផ្ញើរលុយឱ្យគេមុននេះមិនទាន់បាន១០នាទីផង ម៉េចមកដល់លឿនម៉្លេះ? “
” អ៊ីចឹងមានតែមិត្តភក្តិរបស់ហែង? “
“ពេលនេះអញកំពុងប្រើលេខថ្មីគ្មានអ្នកស្គាល់ក្រៅពីអ្នកលក់ខោជជុះទេ តែអញមិនស្រួលត្រង់ថាខលមកចំពេលកំពុងនិយាយរឿងនោះល្អម្ល៉េះ?”
ខ្ញុំនិងចាន់ធីសម្លឹងមើលមុខគ្នាទាំងភ្នែកសស្លែត។ ដោយមិនអស់ចិត្ត ខ្ញុំក៏ចាប់យកទូរសព្ទពីដៃគេមកមើល តែខ្ញុំអត់មានលេខរបស់អ្នកណាខលមកទេអម្បាញ់មិញនេះ។
មួយសន្ទុះទូរសព្ទរបស់ចាន់ធីរោទ៍ម្ដងទៀត តែលើកនេះខ្ញុំជាអ្នកលើកម្ដង ៖
” អាឡូចែ! ជួយចេញមកយកឥវ៉ានបន្តិច ” ខ្ញុំឮសំឡេងរបស់បុរស់ម្នាក់ដែលជាអ្នកដឹកជញ្ជូន។ ខ្ញុំតបទៅវិញទាំងសម្រួលអារម្មណ៍ធ្វើដូចគ្មានរឿងអ្វីកើតឡើង ៖
” ចាសពូ! ខ្ញុំទៅដល់ឥឡូវហើយ ” ខ្ញុំចុចបិទវិញយ៉ាងរហ័ស ហើយនិយាយទៅចាន់ធីវិញ ៖
” ចាន់ធី ឥវ៉ាន់មកយកដល់ហើយឥឡូវគេចាំនៅក្រោម “
” តស់អ៊ីចឹងទៅពីរនាក់អញ អញអត់ហ៊ានទៅម្នាក់ឯងទេ “
ខ្ញុំនិងចាន់ធីបានចុះពីលើផ្ទះជួលសំដៅទៅរកអ្នកដឹកឥវ៉ាន់ដែលខលមកមុននេះបន្តិច។ ខ្ញុំឃើញគាត់កំពុងតែអង្គុយនៅលើម៉ូតូក៏ធ្វើជាសួរ ៖
” ពូមកចាំពួកខ្ញុំយូរនៅ? “
” អត់ផង! ខ្ញុំមកដល់ភ្លាមក៏ខលទៅចែភ្លាម “
ខ្ញុំទទួលយកខោនោះរួចក៏ដើរឡើងទៅលើផ្ទះវិញ។ ពេលទៅដល់បន្ទប់ខ្ញុំក៏និយាយជាមួយចាន់ធី ៖
” ពូអ្នកដឹកគាត់ថាខលមកហែងបានតែម្ដងទេ។ ចុះមុននេះជាអ្នកណា ? អញឆ្ងល់ណាស់ “
” អញសង្ស័យតែពូកបោកលុយតាមទូរសព្ទទេមើលទៅ “
ចាន់ធីនិយាយចប់ក៏ដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីលខោនោះចង់ដឹងថានាងស្លៀកទៅសមឬអត់ ។ ពេលនាងចេញមកវិញស្រាប់តែខ្ញុំឃើញនាងដាច់ខ្លួនមួយកំណាត់លើ ឃើញតែត្រឹមចង្កេះខោចុះមកក្រោមប៉ុននោះ។ ខ្ញុំញីភ្នែកមើលខ្លាចក្រែងថាស្រវាំងភ្នែក ពេលបើកមកវិញខ្ញុំនៅតែឃើញនាងដាច់ខ្លួនដដែល តែម្ដងនេះខ្ញុំឃើញមានឈាមហូរប្រឡាក់ពេញខោ ។ ខ្ញុំស្រែកឡើងទាំងរន្ធត់ចិត្តយ៉ាងខ្លាំង ៖
” ចាន់ធីហែងដោះខោនេះវិញសិនទៅ! “
មិត្តខ្ញុំវាធ្វើភ្នែកឡេឡើព្រោះមិនយល់អ្វីដែលខ្ញុំចង់និយាយ។
ចាន់ធីតប ៖
” ថីហែងឃើញអី ម៉េចស្រែកខ្លាំងម៉្លេះ? “
” ដោះខោចេញសិនទៅចាំអញប្រាប់! “
ចាន់ធីឮខ្ញុំនិយាយទំនងជាគេយល់ ក៏ប្រញាប់ដោះខោនោះចេញទាំងប្រភាប់ប្រភីង ហើយក៏និយាយ៖
” ថី ហែងនិយាយប្រាប់អញបាននៅថាឃើញស្អីគេ? “
” មិញអញឃើញហែងដាច់ខ្លួនមួយកំណាត់ត្រឹមចង្កេះឡើងលើ ពេលអញញីភ្នែកមើលម្ដងទៀតឃើញឈាមដាបហូរប្រលាក់ពេញខោ។ អញគិតថាដូចមិនស្រួលម៉េចទេអាចាន់ធី “
គ្រាន់តែខ្ញុំនិយាយចប់ភ្លាមមិត្តខ្ញុំក៏បានគប់ខោជជុះនោះទៅក្រោមតាមមាត់បង្អួចបាត់ទៅ។ លុះព្រឹកស្អែកម៉ោង៦ ខ្ញុំទើបដឹងថាចាន់ធីឈឺក្ដៅខ្លួនដេកញ័រទទ្រើកម្នាក់ឯងមិនដឹងតាំងពីថ្មើរណា។ បន្តិចក្រោយមកស្រាប់តែអ្នកជួលបន្ទប់ក្បែរនេះស្រែកឆោឡោគ្រប់គ្នា។
ខ្ញុំចេញមកសួរអ្នកជួលបន្ទប់ក្បែរនេះ៖
” បងភាពមានរឿងអី ម៉េចបានជាគេស្រែកឡូឡាទាំងព្រឹកអ៊ីចឹង? “
” កូនអ៊ំម្ចាស់ផ្ទះ ត្រូវឡានកុងទីន័រកិនដាច់ខ្លួនស្លាប់បាត់ហើយ “
” អ្ហាស៎ បងថាម៉េច? ” ខ្ញុំនិងចាន់ធីនិយាយព្រមគ្នា។
បងភាពនិយាយបញ្ជាក់ ៖
” អារស្មីកូនអ៊ុំម្ចាស់ផ្ទះត្រូវឡានកុងទីន័រគិនដាច់ខ្លួនស្លាប់បាត់ហើយ! ឥឡូវសពកំពុងដេកនៅលើផ្លូវកែងស្តុប “
ខ្ញុំនិយាយទាំងសង្វេគចិត្ត ៖
” ហើយបងរស្មីគាត់គ្រោះថ្នាក់តាំងពីថ្មើរណាបង? “
” ឮអ៊ំស្រីថាយប់មិញជិះម៉ូតូទៅក្រៅថាទៅជួបមិត្តភក្តិនៅផ្ទះលក់សាច់គោអាំង។ ដល់ម៉ោង១២ជាងអ៊ំក៏ខលសួរថាអង្កាល់បានមកផ្ទះ រស្មីថាយប់នេះគាត់អត់មកផ្ទះទេសុំដេកនៅផ្ទះមិត្តភក្តិមួយយប់។ ទើបមិញហ្នឹងបានគ្រប់គ្នាគេផ្អើលថារស្មីឡានកិនដាច់ខ្លួនស្លាប់ហើយ “
ពួកខ្ញុំ៣នាក់បាននាំគ្នាទៅមើលសាកសពកូនអ៊ំម្ចាស់ផ្ទះ ស្រាប់តែខ្ញុំឃើញបងរស្មីដាច់ខ្លួនជា២កំណាត់ ដេកស្លាប់ទាំងបិទភ្នែកមិនជិត មើលទៅគាត់ស្លាប់ទៅយ៉ាងអាណោចអាធ៌មខ្លាំងបំផុត។ ចាន់ធីកេះស្មាខ្ញុំនិយាយថា ៖
” អាណែត ហែងជួយមើលបន្តិចមើល បងរស្មីដូចពាក់ខោអញបោះចោលកាលពីម្សិលមិញ “
ខ្ញុំលើកដៃបាំងថ្ងៃមើលពីចម្ងាយ ឃើញបងរស្មីគាត់ពិតជាស្លៀកខោជជុះដែលចាន់ធីបោះចោលតាមបង្អួចកាលពីម្សិលមិញមែន។ ចាប់តាំងពីពេលនោះមក ខ្ញុំនិងចាន់ធីដេកឈឺរាប់ខែនៅឯស្រុកបន្ទាប់ពីជួបហេតុការណ៍ដ៏រន្ធត់នេះហើយ។