រឿង៖ ចួបវិញបានទេ?

វាអាចជាការបែកគ្នាដែលខ្ញុំគឺជាអ្នកឈឺចាប់ តែការបែកមួយនោះបានបង្កប់ទៅដោយសុភមង្គលនិងស្នាមញញឹមរបស់មនុស្សដែលខ្ញុំស្រលាញ់។

កម្រិតនៃការឈឺរបស់ខ្ញុំមិនបានវាស់ស្មើទំហំក្តីស្រលាញ់ ចិត្តនឹកស្រណោះដែលមានចំពោះលោកជាងម្ភៃឆ្នាំមកនេះទេ យាន ហុងលី តែវាផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ស្កប់ស្កល់មួយដែលខ្ញុំព្រមទទួលយក បើទោះក្តីសុបិន ពាក្យថាស្រលាញ់របស់ខ្ញុំចំពោះលោកមិនត្រូវបានសារភាព តែដំណឹងពីភាពរស់រានមានជីវិតនិងទទួលបានសុភមង្គលដែលលោកបង្ហាញមកខ្ញុំពេលនេះ គឺស្កប់ស្កល់ហើយ។

ខ្ញុំនៅទទួលបានថា លទ្ធផលនៃការរង់ចាំមួយនេះ គឺជាអនុស្សាវរីយ៍ដ៏មានន័យបំផុតក្នុងជីវិតស្នេហារបស់ខ្ញុំចំពោះមនោសញ្ចេតនាដែលពិបាកបំភ្លេច ឬមិនគួរបំភ្លេចក្នុងជីវិត។

យ៉ាងហោចណាស់ ខ្ញុំបានបោះបង់ចោលចរិតឆ្នាស់ឆ្នើម មិនគួរឱ្យចូលចិត្ត បោះបង់ភាពខ្ពង់ខ្ពស់ ក្រអឺតក្រទម អំនួតក្អេងក្អាង មើលស្រាលអ្នកដទៃ ហើយខ្ញុំបានក្លាយជាមនុស្សម្នាក់ដែលស្រលាញ់ ថ្នមថែរុក្ខជាតិដូចជាលោក ហើយក៏…ព្រោះលោក ទើបខ្ញុំរកឃើញខ្លួនឯងពិតប្រាកដថាចង់ក្លាយជាអ្វី ដើម្បីអ្វី។

ខ្ញុំមិនធ្លាប់ស្រមៃចង់ក្លាយជាគ្រូបង្រៀន ចំណាយពេលច្រើនម៉ោងជាមួយក្មេងៗ រហូតដល់ស្នេហាងប់ងល់មានឥទ្ធិពល​ព្រៀប​ពេញបេះដូង ជាស្នេហាខកខាន បារម្ភខ្លាចគ្មានឱកាស ជាក្តីសង្ឃឹម ដែលមិនអាចបំពេញ តែបែរជាការពិតនៃក្តីស្រមៃ ដ៏ស្រពេចស្រពិលទៅវិញ។

យាន ហុងលី មិនទាន់អស់ទេសម្រាប់ពាក្យសារភាពរាប់ពាន់ឃ្លាដែលកប់ជ្រៅក្នុងបេះដូង អារម្មណ៍ណែនស្ទះដែល​មិន​អាច​បញ្ចេញ​ និងការទាមទារសម្លឹងមើលស្នាមញញឹមសោះកក្រោះមិនឆ្អែតឆ្អន់ តែយ៉ាងណាវាក៏ត្រូវបានបិទបញ្ចប់នៅចុងទំព័រសៀវភៅ បើទោះខ្ញុំដាក់លក្ខខណ្ឌរួចស្រេចនឹងខ្លួនឯងថា មិនបើកបន្ត ឬសរសេរអ្វីពីវាទៀតឡើយ។

ខ្ញុំមិនដឹងថាព្រោះដំណើរមនោសញ្ចេតនាកំពុងត្រូវបានផ្លាស់ប្តូរ ឬខ្ញុំខ្លួនឯងកំពុងទាមទារចង់លុបបំបាត់ ចង់បោះបង់អារម្មណ៍អត់ធ្មត់ ហើយក៏ព្រមបណ្តោយតាមការផ្សំផ្គុំពីគ្រួសារ…

«ល្ងាចថ្ងៃសៅរ៍ ម៉ាក់និងគ្រួសារខាងគេបានណាត់គ្នាហើយ ពួកយើងទៅបាយល្ងាចជុំគ្នាម្តង!»

ម៉ាក់បានចូលមកក្នុងបន្ទប់ ហើយបន្លឺសំឡេងពីក្រោយខ្នង ស្របពេលខ្ញុំបានបិទបញ្ចប់សៀវភៅកំណត់ហេតុ។ គាត់ជាមនុស្សម្នាក់ដែលយល់ច្បាស់ពីកូនស្រីបំផុត គាត់ស្គាល់ចិត្តខ្ញុំជាងខ្ញុំខ្លួនឯងដែលជាសាមីខ្លួន ហើយក៏ដឹងថា ទោះការយល់សម្របខ្លួនតាមការរៀបចំមួយនេះមិនមានសំឡេងជំទាស់ ប្រឆាំងតវ៉ា តែក្នុងចិត្តខ្ញុំមិនបានស្រលាញ់ឬនៅនឹក យាន ហុងលី កម្រិតណា ខ្ញុំមិនអាចលាក់បាំងពីម៉ាក់បានឡើយ។

ខ្ញុំមិនទម្លាប់រស់នៅក្នុងគ្រួសារដែលមានប៉ាម៉ាក់ជាអ្នកសម្រេចចិត្តជំនួសតាំងពីដឹងក្តីមក តែសម្រាប់រឿងមួយនេះ ខ្ញុំហាក់គ្មានលទ្ធភាពនិងដឹងថា ខ្លួនឯងនឹងដើរទៅផ្លូវណា រង់ចាំអ្នកណា ជ្រើសរើសអ្នកណា ឬធ្វើអ្វី ដើម្បីអ្វី នៅពេលណា?

ជាងសាមសិបឆ្នាំហើយ មិនអាក្រក់ទេ បើគ្រាន់តែខ្ញុំសាកល្បង បើកឱកាសឱ្យខ្លួនឯង បានស្គាល់មនុស្សថ្មីម្នាក់ដែលមិនធ្លាប់ស្គាល់ ក្រៅពីការបិទបេះដូងរយៈពេលយូរ សម្រាប់តែមនុស្សប្រុសម្នាក់ដែលគេបានបំភ្លេចខ្ញុំ។

«ចាសម៉ាក់!»

គាត់ចាប់អង្អែលសក់កូនស្រីតែម្នាក់ដែលគាត់ថ្នមថែមកជាយូរ។ ម៉ាក់ធ្លាប់លួចសរសើរលោក ដែលគាត់មិនធ្លាប់ចួបមុខសោះ ព្រោះបានផ្លាស់ប្តូរទម្លាប់មិនល្អរបស់កូនស្រីគាត់ជាច្រើន ខ្ញុំក៏ភ្ញាក់ខ្លួនថា ព្រោះគេ ទើបខ្ញុំក្លាយជាខ្លួនឯងពិតប្រាកដនៅពេលនេះ ចេះនឹក ចេះអាណិត ចេះស្រលាញ់ ចេះឈឺ តែក៏រឹងមាំ។

វាសមតម្លៃណាស់ ដែលឈ្មោះគេនៅតែអន្ទោលក្នុងការចងចាំមិនងាយរលត់។

«គាត់ឈ្មោះអ្វីទៅម៉ាក់?»

ខ្ញុំបានសួរក្រោយម៉ាក់រៀបនឹងបិទទ្វារចាកចេញ។ គាត់ងាកមកញញឹមហួសចិត្តកូនស្រីពេកណាស់ តែក៏តប៖

«វិសាល!»

«មិនពីរោះដូច យាន ហុងលី សោះ!» ខ្ញុំលួចរអ៊ូក្នុងចិត្តតែមិនហ៊ានប្រាប់ម៉ាក់។

គិតទេថា ពេលខ្លះបេះដូងហាក់មិនដឹងអ្វី តែមកពីខួរក្បាលទេ ដែលចចេសមិនព្រមបំភ្លេច។ ហើយខ្ញុំក៏បានចូលគេងជាមួយប្រធានបទថ្មីដែលគួរទន្ទេញជាប់មាត់គឺ«វិសាល»នៅរាត្រីនោះ។

មិនយូរឡើយ ការចួបជុំក៏បានមកដល់។ ខ្ញុំហាក់មានជំនាញសម្របខ្លួនបានល្អណាស់ទាំងជាមួយក្មេងៗរពិសទាំងនោះ​ ក៏ដូចជាចាស់ទុំ ដែលញញឹមពេញចិត្ត ពេញថ្លើមរូបខ្ញុំនៅពេលនេះ។

សូម្បីគេ…ដែលលួចសម្លឹងមុខរហូតធ្វើឱ្យខ្ញុំពិបាកទប់ទល់បំផុតពីអារម្មណ៍អៀនខ្មាស។

«ម៉ាក់! កូនសុំទៅបន្ទប់ទឹក!»

ខ្ញុំលួចខ្សឹបដាក់ម៉ាក់ ព្រោះទ្រាំលង់ស្នាមញញឹមលោកវិសាលនោះមិនបាន។

គេសុភាព មិនសូវចេះនិយាយស្តី តែពាក្យមួយម៉ាត់ៗមានន័យ ហើយយកជាការ ពិសេសខ្ញុំឃើញគេជាមនុស្សប៉ិនយកចិត្តទុកដាក់ មិនថា ចាស់ទុំខាងណាឡើយ។

ទាស់ម្យ៉ាង គឺគេប៉ិនញញឹមខ្លាំងមិនចេះរីងស្ងួត ហើយខុសពីលោកទាំងស្រុងណាហុងលី ដែលចូលចិត្តធ្វើមុខស្មើ សោះកក្រោះ ដូចជាការញញឹមត្រូវបានបង់ប្រាក់។

ខ្ញុំក្រោកចេញពីតុអាហារក្នុងបន្ទប់វីអាយភីដែលជួលផ្តាច់ដោយគ្រួសារទាំងពីរ។ ដើរសម្លឹងរុក្ខជាតិដែលគេដាក់អមតាមផ្លូវទៅបន្ទប់ទឹក ខ្ញុំក៏បានក្រឡេកប៉ះរបស់ម្យ៉ាង ដែលពិបាកបំផុតក្នុងការដកភ្នែកចេញហើយមិនចាប់អារម្មណ៍។

គឺឈើច្រត់។ ជារបស់អ្នកណាម្នាក់មិនដឹង តែម្តេចក៏ពេលនោះ បេះដូងខ្ញុំស្រាប់តែញាប់រន្ថាន់ហើយភ្លាម ក៏នឹកដល់គេ។

ខ្ញុំស្រាប់តែនឹកដល់ថ្ងៃចុងក្រោយដែលពួកយើងបានចួបគ្នា គេដើរមិនបានបើគ្មានដៃមនុស្សស្រីម្នាក់នោះដើម្បីទប់ ឬបើគ្មានឈើច្រត់មួយនេះសម្រាប់ទ្រជំហរខ្លួនរបស់គេ។

បេះដូងនិងខួរក្បាលមិនទាន់បានបញ្ជា តែជើងរបស់ខ្ញុំមិនអាច​បញ្ឈប់ក្នុងការដើរតាមសំឡេងឈើនោះ ដែលកាន់តែបន្ថែមសំឡេងញាប់ឡើងៗ ហើយឆ្ងាយទៅៗ។ ខ្ញុំចង់ដឹងជាខ្លាំង ចង់ឃើញមុខម្ចាស់ឈើច្រត់ដែលហាក់ព្យាយាមគេចពីខ្ញុំនិងត្រូវបន្តដើរតាមសឹងតែធ្លោយចូលបន្ទប់ទឹកមនុស្សប្រុសទាល់តែមានសំឡេងហៅ៖

«មេសា!»

បេះដូងមានស្នាមប្រេះកំពុងរំឭកខ្ញុំឱ្យសោកសៅ។ ខ្ញុំបង្ខំញញឹមបកស្រាយមុនសំណួរត្រូវបានហើបឡើងពីបបូរមាត់វិសាល ព្រោះចិញ្ចើមរបស់គេបញ្ជាក់ច្បាស់៖

«ដូចជាបានឃើញមនុស្សធ្លាប់ស្គាល់ តែគេចូលទៅបាត់ហើយ!»

«អ្នកណា? ឈ្មោះអី? បើខ្ញុំបានចួបនិងសួរគេ!»

«អូ! មិនអីទេ បំភ្លេចចុះ! ខ្ញុំទៅវិញហើយ!»

«បាទ!»

ខ្ញុំនៅតែងាកមិនអស់ចិត្ត ភ្នែកខ្ញុំអាចមិនច្បាស់ តែបេះដូងខ្ញុំចំណាំម្ចាស់ តែ…វាក៏អាចចាំខុសព្រោះភាពស្រមៃ ពេលនេះគេកំពុងនៅបរទេស ជាមួយមនុស្សដែលគេស្រលាញ់និងជាមនុស្សល្អម្នាក់ដែលអាចមើលថែគេ។

អាហារពេលល្ងាចចួបជុំត្រូវបានបញ្ចប់។ ចាស់ទុំត្រឡប់ទៅផ្ទះវិញថែមទាំងបង្គាប់បញ្ជារឱ្យវិសាលត្រូវនាំខ្ញុំដើរលេងលម្ហែចិត្ត។ ម៉ាក់ច្បាស់គិតថាចិត្តខ្ញុំនៅវិលវល់ តឹងតែងមិនដាច់ស្រេចពីរឿងជាច្រើនដែលកើតឡើង ទើបគាត់ចេះតែចង់ឱ្យអ្នកដទៃ ចូលមកក្នុងជីវិតកូនស្រី កំដរនិយាយដើម្បីបន្លប់ ព្រោះខ្ញុំមិនមានមិត្តច្រើនទេដែលដឹងរឿងក្នុងចិត្ត។

«ខ្ញុំធ្លាប់ស្គាល់ យាន ហុងលី!»

បេះដូងខ្ញុំរញ្ជួយពេលឮឈ្មោះគេ ពិសេសពីមាត់មនុស្សប្រុសម្នាក់ដែលខ្ញុំមិនធ្លាប់ស្គាល់ ហើយអាចជាអនាគតស្វាមីខ្ញុំ។

«មិនមែនដូចមេសាគិតទេ! ការពិតខ្ញុំនិងហុងលីធ្លាប់ចួបគ្នានៅមន្ទីរពេទ្យ! ហើយរឿងដែលខ្ញុំដឹងថា គេជាមិត្តមេសា វាចៃដន្យបំផុត! ដឹងទេ? ខ្ញុំភ្ញាក់ផ្អើលណាស់ពេលដឹងថា មេសានិងមនុស្សស្រីនៅក្នុងរូបថត ដែលហុងលីដាក់ជាប់ក្នុងកាបូបលុយ គឺជាមនុស្សតែម្នាក់!»

«តើពិតទេ?»

ខ្ញុំភ្ញាក់ចង់តែសួរគេ តែបានត្រឹមលាក់បាំង បន្ថែមអារម្មណ៍រវើរវាយវែងឆ្ងាយ។ ជាការពិតឬក្លែងក្លាយតែវាបានធ្វើឱ្យខ្ញុំយំក្នុងទ្រូង។ បេះដូងមួយនេះដូចជាមានកម្ម ពេលត្រូវឈឺ ហើយក៏ព្យាបាល មិនទាន់សះ ត្រូវមកបន្ថែមបន្ទុក ពេលត្រូវកាត់ចិត្តបែរជាមានអ្នកមករំឭក ហើយបានប្រាប់នូវរឿងជាច្រើន ដែលមិនធ្លាប់ដឹង ហើយស្មានមិនដល់។

មនុស្សមិនធ្លាប់សំខាន់ម្នាក់ ចាំបាច់ត្រូវថែរក្សារូបថតក្នុងកាបូបលុយ ក្បែរខ្លួនយ៉ាងនេះដែរ?

ប៉ុន្តែ…ពេលនេះចំពោះមុខខ្ញុំ គឺជាបុរសម្នាក់ដែលមានសាវតាជាមនុស្សល្អ ស្លូត សុភាពបុរស ជាម្នាក់ដែលម៉ាក់ប៉ាខ្ញុំស្រលាញ់ រាប់អាននិងទុកចិត្ត គេមកនិយាយពីស្នេហ៍ចាស់ តើខ្ញុំគួរសម្តែងនៅមុខគេរបៀបណា?

ខ្ញុំត្រូវបន្តសួរជីកឬសគល់ដើម្បីបានដឹងពីរឿងជាច្រើនទាក់ទងជាមួយហុងលីពីរូបគេ ឬត្រូវធ្វើបំភ្លេចចោល ហើយចាប់អារម្មណ៍មនុស្សក្បែរខ្លួន?

«តាមពិតអាចថាមេសាជាមិត្តម្នាក់ដែលហុងលីនឹករឭក មិនអ៊ីចឹង មិនមែនគេទុករូបនាងនៅក្បែរខ្លួនទេ!»

«មានអារម្មណ៍ទេថាមេឃថ្ងៃនេះឆាប់ងងឹត ធ្លាក់ខ្យល់?»

ខ្ញុំមិនដឹងរកសំណួរអ្វីមកបន្លប់ ក៏បង្វែរកែវភ្នែកសម្លឹងផ្ទៃទន្លេ ដែលកំពុងនាំខ្យល់ត្រជាក់មកបបោសកាយ។ ខ្ញុំមិនបានសម្លឹងមុខគេ ព្រោះព្យាយាមគេច តែក៏នៅដឹងបានថា គេកំពុងញញឹមនឹងការមិនចង់ដឹងមិនចង់ឮពីមនុស្សអតីតកាលរបស់ខ្ញុំ។

គេអាចសប្បាយចិត្តឬធម្មតា តែវាជាអ្វីដែលខ្ញុំត្រូវតបស្នងនិងការយកចិត្តទុកដាក់របស់គេ។

វិសាលគេដណ្តប់អាវក្រៅពីក្រោយខ្នងខ្ញុំ។ ខ្ញុំទទួលយកការបារម្ភនេះ ពួកយើងឈប់និយាយហើយអង្គុយស្ងប់ស្ងាត់រហូតដល់មេឃចាប់រលឹមកក៏ត្រឡប់មកផ្ទះ។

មនុស្សយើងពេលខ្លះបាត់បង់ឱកាសព្រោះតែការរង់ចាំមិនពិតប្រាកដ។​​ យ៉ាងណា យាន ហុងលី ខំប្រឹងមករកខ្ញុំដើម្បីបញ្ចប់រឿងទាំងគេកំពុងឈឺ ព្រោះ​មិនចង់ឱ្យខ្ញុំគិតម្នាក់ឯង គឺខ្ញុំមិនគួរនាំរឿងតូចមួយដែលបានដឹងពីវិសាលមកធ្វើការគិត ហើយបង្អាក់ការសម្រេចចិត្តទទួលអ្នកថ្មីឡើយ។

មេឃបង្អុរភ្លៀង ក្នុងចិត្តនៅតែស្រងេះស្រងោច បើដូចពេលមុន ខ្ញុំច្បាស់offline គឺដើម្បីប្រើពេលវេលាបែបនេះនឹក​អនុស្សាវរីយ៍​រវាងខ្ញុំនិងគេ បារម្ភពីគេ តែអំឡុងពេលនេះ ខ្ញុំបែរព្រមបើកឈែតឆ្លើយឆ្លងជាមួយវិសាល។

យើងនិយាយគ្នាច្រើន ហើយជាកិច្ចសន្ទនាមួយដែលខ្ញុំមិនធ្លាប់មាន ប្រើពាក្យសម្តីដែលខ្ញុំមិនធ្លាប់សរសេរ ព្រោះអតីតកាលរបស់ខ្ញុំ គឺការនិយាយឬសួរដែលគ្មានការឆ្លើយតប ទម្លាប់បែបនេះរបស់ខ្ញុំគឺតាំងពីមានហុងលីចូលក្នុងជីវិត តែពេលនេះប្រែប្រួលហើយ។

ទំនាក់ទំនងខ្ញុំនិងវិសាល ក៏ចាប់ផ្តើមពីថ្ងៃនោះរហូតដល់ពេលមួយដែលខ្ញុំអាចអង្គុយគិតនិងសួរខ្លួនឯងថា ខ្ញុំព្រមផ្តល់ឱកាសឱ្យខ្លួនឯងទទួលយកគេ?

ខ្ញុំចង់ប្រាប់គេពីការសម្រេចចិត្តហើយថ្ងៃនេះយើងណាត់គ្នានៅកន្លែងយល់ចិត្ត ថ្ងៃទីមួយដែលផ្តើមទំនាក់ទំនង។

យូរណាស់ គេមិនទម្លាប់បែបនេះឡើយរយៈពេលប្រាំខែដែលយើងស្គាល់គ្នា។ តែម្តេចលើកនេះគេស្រាប់តែធ្វើឱ្យខ្ញុំអន្ទះអន្ទែង ហើយរង់ចាំ បើទោះនាទីទើបកន្លងផុតពីម៉ោងណាត់មិនប៉ុន្មានក្តី។

មេឃរកកលភ្លៀងដូចកាលរលឹមកក់ខែ វាយោបោកបក់នាំភាពត្រជាក់រងាពីរលកទន្លេមកបបោសកាយ តែមិនទទួលបានអាវក្រៅកក់ក្តៅមកគ្រងដណ្តប់ដូចមុន តែខ្ញុំនៅចាំ…

ទីបំផុតមេឃភ្លៀង គេអវត្តមាន ខ្ញុំនៅមិនយល់ថាហេតុអ្វីវិសាលដាច់ចិត្តទុកខ្ញុំនៅម្នាក់ឯងទាំងអាកាសធាតុបែបនេះ មិនសូម្បី​មានសារបញ្ជាក់ថាមិនមក?

ម្តេចម្តងហើយម្តងទៀត ខ្ញុំនៅតែត្រូវមនោសញ្ចេតនាបោកប្រាស់ ហើយប្រើវិធីបញ្ចប់ដោយបែបនេះ?

ខ្ញុំមកដល់ផ្ទះទាំងទទឹកជោក ភាពឈឺចាប់ កំពុងធ្វើឱ្យខ្ញុំនឿយហត់មិនសូម្បីចង់ឆ្លើយតបសំណួរជាច្រើនរបស់ម៉ាក់។ ខ្ញុំប្រញាប់ឡើងទៅបន្ទប់ មិនសម្អាតខ្លួន តែខ្ញុំប្រញាប់រកទូរសព្ទខលទៅគេ។

ខលច្រើនដងទម្រាំគេដាច់ចិត្តទទួល។ ខ្ញុំមានអារម្មណ៍ខឹង ហើយចង់ស្រែកដាក់គេតាមទូរសព្ទជំនួសការយំ តែមិនស្មានពេលទទួលភ្លាមគេក៏ពោលឡើង៖

«សុំទោស!»

ខ្ញុំស្ងប់ចិត្តចាំស្តាប់ពាក្យច្រើនឃ្លាដែលខ្ញុំមានអារម្មណ៍ដឹងថាគេលាក់ទុក។ គេមានហេតុផលមិនទៅតាមការណាត់ គេកំពុងគេចមុខពីខ្ញុំដើម្បីបញ្ចប់ទាំងដែលគេជាអ្នកផ្តើម?

«ហេតុអី?» ខ្ញុំចចេសសួរ។

«បងធ្វើនេះដើម្បីមេសា!»

«ដើម្បីខ្ញុំ? គឺបោកខ្ញុំ?»

 «សុំទោស! ព្រោះបងមិនក្លាហាននឹងប្រឈមមុខ…!»

ខ្ញុំបង្ខំលេបទឹកភ្នែកនៅក្នុងទ្រូង វាគឺជាការឈឺចាប់ថ្មីមួយដែលខ្ញុំទទួលបាន។

«ប្រាប់មក! ខ្ញុំចាំស្តាប់!»

«បងគិតច្បាស់ បងមិនគួរអាត្មានិយម បង្ខំអូន​ឱ្យជ្រើសរើស! ដ្បិតអូនបានសម្រេចចិត្ត តែព្រោះអូននៅមិនដឹងរឿងជាច្រើនដែលកើតឡើង!»

ខ្ញុំលែងមាត់ព្រោះចាំស្តាប់។ ពីដំបូងមកទល់ពេលនេះ ខ្ញុំនៅតែជឿថា គេជាមនុស្សមានចិត្ត មានមនោសញ្ចេតនានិងក្តីស្រលាញ់ដូចគ្រាដំបូង មិនមែនសាងរូបភាពដើម្បីបានការទុកចិត្ត ហើយចុងក្រោយទុកខ្ញុំចោលបែបនេះ។

«បងមិនដើម្បីខ្លួនឯង…!»

«តែខ្ញុំបានជ្រើសលោកហើយ! វិសាល…!»

១៥ឆ្នាំមុននិង១៥ឆ្នាំក្រោយ ជារឿងកាលពីមុន។ ខ្ញុំឈប់សួរយោបល់ពីបេះដូង រឹតតែមិនចង់ឈ្លោះប្រកែកនិងអារម្មណ៍ដែលមិនដាច់ស្រឡះ ហើយក៏លែងចង់ដឹងរឿងគ្រប់យ៉ាងដែលវិសាលចង់ប្រាប់ទាក់ទងនិងយានហុងលី។

……

ពេលវេលាបានកន្លងទៅជាច្រើនឆ្នាំ…រឿងថ្មីជាច្រើនក៏បានកើតឡើងក្នុងជីវិត។

ពេលនេះខ្ញុំគឺជាអ្នកស្រី តែអនាគតដែលខ្ញុំរំពឹងមិនមែនបែបនេះ។ ខ្ញុំនៅតែនឹកគេ ព្រោះខ្ញុំត្រូវការភាពរឹងមាំដែលគេបានផ្តល់ ទើបអាចទប់ទឹកភ្នែកនិងការឈឺចាប់ដែលអួលណែនពេញដើមទ្រូងដូចពេលនេះ។

«ស្តាប់តាមបង! ទៅនៅជាមួយបង អូនឯងចង់នៅឱបក្រសោបដល់ណាទៀត?»

«គាត់ជាប៉ាម៉ាក់ខ្ញុំ បងនិយាយបែបនេះបានដោយរបៀបណា?»

«មេសា…!»

«យើងបញ្ចប់ត្រឹមនេះទៅវិសាល!»

ដ្បិតខ្ញុំមិនដេញ តែគេគួរយល់ច្បាស់ពីសម្តីមួយឃ្លានេះ។ គេមិនតវ៉ា ហើយក៏យកវ៉ាលីចាកចេញទាំងភាពខឹងស្អប់។ នឹកមិនដល់មែនទេ ពីមនុស្សប្រុសល្អម្នាក់ដែលយកចិត្តទុកដាក់ បារម្ភ ខ្វល់ខ្វាយពីមនុស្សចាស់ បែរមកបង្ខំឱ្យភរិយាបោះបង់ម្តាយឪពុកបង្កើត រត់យករួចខ្លួនទៅជាមួយគ្នា?

ខ្ញុំលែងយំចេញ មិនមែនព្រោះចិត្តរឹងរូសមានះដែលខ្ញុំទទួលបានពីយានហុងលី តែមកពីខ្ញុំឆ្អែតចិត្ត។ ប៉ាម៉ាក់លែងឃាត់ ក៏ទទួលបានគ្រប់គ្រាន់ពីការប្រែប្រួលរបស់គេ។

ម៉ាក់ឱបខ្ញុំអាណិត គាត់ពោលពាក្យសូមទោសជាប់មាត់ ប៉ាកាន់តែស្ងាត់ មិនសូម្បីហ៊ានសម្លឹងមុខកូនស្រីដែលពេលនេះក្លាយជាស្រ្តីមេម៉ាយ តែខ្ញុំបន្ទោសគេដែលល្អតែពីដំបូង ជាមនុស្សប្រុសអាត្មានិយមបំផុតក្នុងចំណោមមនុស្សដែលខ្ញុំធ្លាប់ស្គាល់។

ពេលនេះខ្ញុំលែងឮពាក្យថា អាយុច្រើនហើយ ពេលណារៀបការ?

តើព្រោះពាក្យថាអាយុច្រើនមិនទាន់មានគ្រួសារនេះមែនទេ ដែលធ្វើឱ្យខ្ញុំមិនបានគិតវែងឆ្ងាយ ហើយសម្រេចចិត្តខុស?

ក្រោយថ្ងៃផ្តិតមេដៃសម្រេចចិត្តលែងលះ គ្រួសារយើងបីនាក់ម្តាយកូនក៏បានចាកចេញពីស្រុកកំណើត។ ប៉ាឈប់ធ្វើនាយកសាលា ម៉ាក់ធ្វើជាងកាត់សម្លៀកបំពាក់នៅផ្ទះទាំងដែលគ្រួសារយើងមិនធ្លាប់លំបាកបែបនេះឡើយ ឯខ្ញុំគ្រាន់តែស្នើសុំ​ប្តូរ​សាលា មិនបានមានគំនិតឈប់ធ្វើគ្រូបង្រៀនទេ ព្រោះវាជាការងារដែលខ្ញុំយល់ថាមានតម្លៃណាស់ក្នុងជីវិតមួយនេះ។

ពួកយើងបីនាក់ម្តាយកូនបាត់បង់អ្វីៗគ្រប់យ៉ាង តែមិនធ្លាប់បាត់បង់ក្តីសង្ឃឹមនឹងស្នាមញញឹមឡើយ បើទោះខ្ញុំត្រូវបង្ខំខ្លួនឯង ឬសម្តែងថាខ្ញុំមិនបានឈឺចាប់នៅចំពោះមុខប៉ាម៉ាក់ ខ្ញុំព្រមធ្វើ ព្រោះមិនចង់ឱ្យលោកទាំងពីរមានអារម្មណ៍ថាមានកំហុស ដែលបានលើកកូនស្រីរៀបការជាមួយមនុស្សប្រុសដូចវិសាល។

បែបនេះទើបខ្ញុំសម្រេចចិត្តផ្លាស់ប្តូរទីលំនៅ មិនចង់ឱ្យស្នាមអតីតកាលរំឭករឿងឈឺចាប់ទាំងអម្បាលម៉ាន។

ឆ្នាំនេះឈានដល់វ័យ៤០ឆ្នាំ…ខ្លះហៅខ្ញុំថា«អ្នកគ្រូម៉ែ!»

ហើយសៀវភៅកំណត់ហេតុយុវវ័យក៏ត្រូវរបើកទំព័រថ្មីដោយស្ត្រីចំណាស់ម្នាក់នេះ។

«សុខុម! កូនបានបន្លែស្រស់ៗទាំងនេះមកផ្ញើអ្នកគ្រូរអៀសចិត្តណាស់…យ៉ាងនេះចុះ! កូនប្រាប់តិចនិចដល់អ្នកគ្រូ ចាំអ្នកគ្រូសាកដាំដោយខ្លួនឯង!»

«មិនលំបាកអ្វីទេអ្នកគ្រូ តែបន្លែទាំងនេះមិនបានដាំនៅផ្ទះរបស់ខ្ញុំទេ ពុកម៉ែគាត់បានពីផ្ទះអ៊ំប្រុសម្នាក់នៅវាលស្បូវ! គាត់រស់នៅម្នាក់ឯង តែគាត់ពូកែដាំបន្លែ ដើមឈើហូបផ្លែ ពិសេស មានផ្កាស្រស់ចម្រុះពណ៌ អ្នកគ្រូដឹងទេ ផ្ទះគាត់គួរឱ្យចង់រស់នៅណាស់ គ្រាន់តែដើរចូលរបងផ្ទះភ្លាម ក្លិនម្លិះក្រអូបឈួលពេញច្រមុះ!»

ស្តាប់សំដីក្មេងនេះរៀបរាប់ ធ្វើឱ្យខ្ញុំនឹកដល់លោក នឹកដល់រឿងជាងសាមសិបឆ្នាំមុនដែលខ្ញុំជាក្មេងស្រីឈ្លើយមិនគួរឱ្យស្រលាញ់ ហ៊ានបំផ្លាញផលដំណាំនិងផ្កាស្រស់របស់គេមិនញញើតដៃ។

«បែបនេះផង? អ្នកគ្រូដូចជាចង់ទៅឃើញណាស់!»

«អ្នកគ្រូម៉ែចង់ទៅ ទុកឱ្យសិស្សជូនអ្នកគ្រូចុះ! តែល្ងាចនេះសិស្សមានគួរគណិតវិទ្យាត្រូវរៀន ចាំស្អែកបានទេអ្នកគ្រូ?»

«ស្អែកថ្ងៃអាទិត្យល្មម! មិនរំខានឯងសម្រាក ប្រាប់ផ្លូវមក ចាំអ្នកគ្រូទៅរកដោយខ្លួនឯង!»

ស្អែកខ្ញុំបានក្រោកពីព្រឹករៀបចំបាយទឹកជូនប៉ាម៉ាក់ទៅវត្តដូចថ្ងៃសីលរាល់ដង។ ខ្ញុំស្រូតធ្វើដំណើរទៅតាមផ្លូវដែលសុខុមប្រាប់ ច្បាស់នឹកស្មានមិនដល់ពីជីវិតសោះថា នៅអាយុនេះ ខ្ញុំបែរជាប្តូរពីរថយន្តទំនើបដែលធ្លាប់បើកទៅបង្រៀនសិស្ស ហើយប្តូរមក​ជិះម៉ូតូអាគុបកញ្ជាស់កាត់តាមភ្លឺស្រែដែលខៀវខ្ចី អមដោយទេសភាពនៃដើមត្នោត សម្រស់ព្រៃភ្នំគួរជាទីនឹកស្រណោះមិនដាច់អាល័យបែបនេះទៅវិញ។

ជាងប្រាំឆ្នាំដែលប្តូរមករស់នៅទីជនបទនេះ ទីក្រុងស្កឹមស្កៃ បច្ចេកវិទ្យាទំនើប ពិតជាស៊ូទីនេះមិនបានពិតមែន។

ក្លិនម្លិះក្រអូបឈ្ងុយ ពិតជាភាយក្លិនដែលបង្ហើរតាមវាយោ ទាក់ទាញអ្នកឆ្លងកាត់ដូចសុខុមប្រាប់មែន។ ទីនេះជាដីចម្ការដែលស្រស់បំព្រងដូចនឹងសួននាឋានសុបិន ជាទីនៃក្តីសុខដែលជីវិតប្រាថ្នាចង់បាន តើបុរសណា មុខមាត់យ៉ាងម៉េច ដែលចេះថែរក្សាធម្មជាតិបានស្រស់បំព្រង និងមានតម្លៃយ៉ាងនេះ?

«ម្ចាស់ផ្ទះ! ខ្ញុំមករកទិញបន្លែ!»

ខ្ញុំឈប់ម៉ូតូមុខផ្ទះគេ ហើយប្រឹងអើតសម្លឹងឱ្យផុតចុងដើមផ្កាស្រស់ស្វែងរកម្ចាស់ចម្ការ។ ក្មេងម្នាក់អាយុប្រហែលជា១៥ឆ្នាំ រត់មករកខ្ញុំហើយបើកទ្វាររបង៖

«អញ្ជើញចូលមកអ្នកគ្រូ!»

ខ្ញុំភ្ញាក់នឹងការហៅរបស់គេ ក្មេងនេះខ្ញុំមិនធ្លាប់ស្គាល់ទេ ម្តេចគេដឹងថាខ្ញុំជាគ្រូបង្រៀន?

«ជាសិស្សសាលាព្រៃស្វាដែរមែនទេ?»

«បាទអ្នកគ្រូ!»

«តែអ្នកគ្រូដូចមិនចំណាំមុខសោះ!»

គេមិនត្រឹមតែញញឹមស្រស់ ក៏នៅចិត្តបានជួយបណ្តើរម៉ូតូខ្ញុំចូលទៅខាងក្នុង។

គេបិទទ្វារបងទុកឱកាសឱ្យខ្ញុំបានគយគន់សម្រស់ចម្ការនេះពេញភ្នែក។ សម្តីរៀបរាប់របស់សុខុមបានត្រលប់មកវិញ ហើយឃើញនឹងភ្នែកស្រស់មិនខុសអ្វីមួយពាក្យណា។

«អ្នកគ្រូអញ្ជើញដើរទៅផ្លូវនេះ អ៊ំប្រុសគាត់កំពុងស្រោចដំណាំខាងក្រោយ!»

«អូ! អរគុណ!»

ខ្ញុំដើរច្រើនជំហានណាស់ទើបផុតរងបន្លែវល្លិរបស់គេដែលធ្លាក់រយោងពីលើក្បាល។ ហួសពីនេះទៅ ដើមល្ហុងជារងកំពុងបង្អួតខ្លួនជាមួយផ្លែពណ៌លឿងទុំ បង្ហើរក្លិនភាយ។ ឆ្ងាយដៃបន្តិច បុប្ផាជាជួរៗមានក្លិននិងពណ៌ចម្រុះកំពុងឆាបយកវិញ្ញាណយុវចាស់ម្នាក់នេះឱ្យវិលទៅរកអតីតកាល។

ខ្ញុំញញឹមបង្វិលខ្លួននិងលួចគិតថា បើគេកំពុងរស់នៅលើទឹកដីកម្ពុជានេះ តើគេនឹងធ្វើចម្ការ ដាំដំណាំ ផ្កាស្រស់ចម្រុះពណ៌ដូចនេះដែរឬអត់ទេ?

សម្លឹងឆ្អែតឆ្អន់ ខ្ញុំបានឮសំឡេងទឹកបោកបក់រលកលីងប៉ះធុងដែកនិងខ្នងបុរសម្នាក់កំពុងឱនដងពីស្រះទឹកទំហំល្មមដែលគេបានជីកទុកស្រោចដំណាំបង្ការ។ ខ្ញុំបម្រុងនឹងហៅហើយ តែសំឡេងត្រូវបានលបលាក់ កែវភ្នែកទ្រឹងភ្ញាក់ពេលគេបែរមក ធ្វើឱ្យខ្ញុំស្គាល់ច្បាស់ថាគេជាអ្នកណា…

«យានហុងលី!»

មិនថាពេលវេលាកន្លងទៅយូរយ៉ាងណា ពួកយើងបែកគ្នាច្រើនឆ្នាំមិនសូម្បីមានរូបថតដើម្បីទុកមើលជាអនុស្សាវរីយ៍ និងក្តីស្រលាញ់មួយដែលអាឡោះអាល័យ តែចិត្តនិងបេះដូងដែលមិនព្រមបំភ្លេចគេតាំងពី១៥ឆ្នាំមុន ១៥ឆ្នាំក្រោយ មកដល់ពេលនេះ ទោះគេប្រែទៅជាខ្មៅបន្តិច តែខ្ញុំនៅចាំច្បាស់។

គេប្រែជាចេះញញឹម ជាពន្លឺភ្នែកស្រទន់មួយដែលខ្ញុំមិនធ្លាប់ចួប។ ស្នាមជ្រួញចាប់ផ្នត់នៅចុងកន្ទុយភ្នែក រាងកាយស្គមស្គាំងដូចមនុស្សគ្មានជីវជាតិផ្គត់ផ្គង់ទាំងដែលបន្លែបង្ការពេញផ្ទះ ឯជើងគេ…នៅដើរមិនត្រង់ គ្រាន់តែគ្មានឈើច្រត់ជំនួយដូចមុន។

ខ្ញុំបែរក្រោយភ្លាមក្នុងចិត្តគិតដូចជាប់អន្ទាក់ ដៃក្តាប់ខ្សែកាបូបយួរណែនព្រោះបេះដូងហាក់លោតរន្ថាន់ដោយអារម្មណ៍ច្របល់​។ ខ្ញុំគិតថាចាកចេញមិនចង់សន្ទនា បើទោះបេះដូងកំពុងខឹងស្អប់ជំហានជើងដែលមិនថយល្បឿន លើកណាក៏ខ្ញុំនឹងធឹង ច្បាស់លាស់ តែឃើញគេ ចិត្តគំនិតខ្ញុំហាក់មិនស្របអាយុ។

«មេសា! ឈប់សិន!»

គេប្រឹងអូសជើងដើរតាមពីក្រោយ រហូតខ្ញុំបានឮសំឡេងគេដួលទើបព្រមឈប់។

ខ្ញុំអត់ធន់សង្កត់ចិត្ត អារម្មណ៍ឈឺចាប់យុវវ័យកំពុងដាស់បេះដូងខ្ញុំឱ្យរង្គោះរង្គើ។ ខ្ញុំមិនដាច់ចិត្ត ទើបបែរក្រោយឃើញដៃគេរបួសប្រឡាក់ទាំងភក់និងមានស្នាមឈាមរឹមៗ។

ខ្ញុំស្ទុះទៅជួយគ្រាហ៍មនុស្សអតីតដែលមានរបួសស្នាមពេញបេះដូង។

«យ៉ាងម៉េចហើយ?»

គេមិនខ្វល់របួសដៃខ្លួន ក៏មិនខ្វល់សម្លៀកបំពាក់គេត្រូវប្រឡាក់ទទឹក តែគេបែរមកសួរខ្ញុំ៖

«ម្តេចចាំបាច់គេច? ចួបហើយ ពិតជាគ្មានពាក្យត្រូវនិយាយគ្នាទេ?»

ខ្ញុំជួយគ្រាហ៍គេចូលទៅក្រោមផ្ទះឈើប្រក់ក្បឿង។ លើក្តារងឿត្រជាក់ដូចអម្រឹត ខ្ញុំចាប់អារម្មណ៍រុក្ខជាតិច្រើនទៀតដែលគេ​ចង​ព្យួរតាមសរសរផ្ទះស្អាតពេកក្រៃ។ ប្រុសនេះត្រលប់មកវិញពេលណា ម្តេចមកសំងំលាក់ខ្លួនក្នុងចម្ការសម្បូរបែបយ៉ាងនេះ។

«ប្រអប់ថ្នាំនៅឯណា?»

គេនៅស្ងៀមដូចមានចេតនាមិនចង់ឱ្យខ្ញុំចូលរើរុសផ្ទះគេ តែខ្ញុំមិនព្រម ក៏ចុះពីក្តារងឿចិត្តឯងទាញបើកទ្វារបន្ទប់មួយជាប់​ចង្រ្កាន​បាយ ហើយក៏ជារឿងភ្ញាក់ផ្អើលបំផុតក្នុងជីវិតរបស់ខ្ញុំ។

បេះដូងខ្ញុំធ្លុះធ្លាយជាមួយរូបថតខ្លួនឯងដែលគេបានបិទពេញជញ្ជាំងបន្ទប់។

យានហុងលីត្រដរដើរមកពីក្រោយខ្នង ស្របពេលទឹកភ្នែកខ្ញុំស្រក់លួចលាក់បំផុត។

«ស្តាប់បងសិនមេសា!»

«ជាលោកពិតមែន! ម្ចាស់សំឡេងឈើច្រត់?»

ខ្ញុំសួរគេទាំងអស់សង្ឃឹមបំផុត ការពិតជាអ្វីឱ្យប្រាកដសម្រាប់លោកទៅយានហុងលី? គេបានត្រឹមឱនមុខគេចពីក្រសែភ្នែកខ្ញុំ។ ខ្ញុំបន្តសម្លឹងមើលរូបថតខ្លួនឯងជាច្រើនដែលត្រូវគេលួចថត ហើយជារូបប៉ុន្មានឆ្នាំចុងក្រោយដែលខ្ញុំចាប់ផ្តើមទំនាក់ទំនងនឹងវិសាល សូម្បីតែរូបដែលខ្ញុំអង្គុយចាំគេទាំងខកចិត្តនៅកណ្តាលភ្លៀង ក៏គេមានដែរ?

«ហេតុអី? លោកស្គាល់ខ្ញុំច្បាស់ណាស់ តែលោកនៅតែឱ្យខ្ញុំជ្រើសយកគេ? ធ្វើបែបនេះដើម្បីអី យានហុងលី?»

បើចួបរឿងបែបនេះកាលពីជាង១០ឆ្នាំមុន ខ្ញុំនឹងសួរសំណួរទាំងនេះទៅគេ តែពេលនេះបានត្រឹមលួ​ចលាក់ក្នុងចិត្ត ខ្ញុំមិនដឹងថាចង់បានចម្លើយទាំងនេះនៅអាយុប៉ុននេះមកធ្វើអ្វីទេ ខ្ញុំខកចិត្តអន់ចិត្តមកជាមួយគេច្រើនណាស់មកហើយ ខ្ញុំបានបោះបង់ក្តីសង្ឃឹមជាមួយស្នេហានេះមកជាយូរ។ ខ្ញុំនៅរឭកពីគេព្រោះចង់យកឈ្មោះគេជាកម្លាំងចិត្ត គឺគេជាអ្នកបង្រៀនឱ្យខ្ញុំរស់ជាខ្លួនឯង ធ្វើជាមនុស្សស្រីរឹងមាំ។

ខ្ញុំអត់ធន់នឹងបញ្ហារហូតដល់រៀបការហើយក៏លែងលះនៅតែបន្តញញឹម ខ្ញុំលែងចង់យំ ហើយស្រក់ទឹកភ្នែក សួរសំណួរដែលគេមិនចង់ប្រាប់ទៀត។

ក៏គិតថាឈានជើងចាកចេញពីប្រុសចម្លែកម្នាក់នេះ តែគេមិនបោះបង់ ហើយផ្តើមមកចាប់ដៃខ្ញុំ៖

«បានជាមកហើយ! ផ្តល់ឱកាសឱ្យបងបកស្រាយបានទេ?»

គេដឹកដៃខ្ញុំទៅវាលផ្កាលឿងស្រស់ដែលគេបានដាំ។ ជំហានជើងមិនស្មើរបស់គេ ធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ទាំងមិនអាចឃាត់។ ប្រុសម្នាក់នេះទ្រាំរស់នៅពិការអស់ច្រើនឆ្នាំ លាក់ខ្លួននៅជាយក្រុងឆ្ងាយយ៉ាងនេះ តែនៅលួចតាមដានខ្ញុំដឹងគ្រប់រឿង គឺគេពិតជាស្រលាញ់ហើយមិនចង់ឱ្យខ្ញុំពិបាក? គេសុខចិត្តជ្រើសរើសលាក់បាំងមនោសញ្ចេតនាខ្លួនឯង?

«បងមើលគេខុសហើយ! បងសុំទោសមេសា!»

«គេជាអ្នកសាង មិនមែនលោកទេ មកសុំទោសខ្ញុំធ្វើអី?»

ខ្ញុំឆ្លើយតោះតើយមកពីគេក៏បានដឹងរឿងខ្ញុំនិងវិសាល។ នៅថ្ងៃនោះពួកគេពិតជាបានចួបនិយាយគ្នាក្នុងបន្ទប់ទឹក វិសាលមិនមែនបានស្គាល់យានហុងលីមកជាយូរ ក៏មិនបានដឹងមកថាខ្ញុំនិងយានហុងលីជាអ្វីនឹងគ្នាដែរ ការពិតគេមានចេតនាបញ្ឆោតចិត្តខ្ញុំតាំងពីដំបូង។

គេចង់សាកចិត្តខ្ញុំ គេចង់ឈ្នះលោកណា យាន ហុងលី។ ពួកយើងរៀបការព្រោះឋានៈគ្រួសារត្រូវគ្នា មិនមែនព្រោះស្នេហានោះទេ។ លោកដឹងទេ ពេលគ្រួសារខ្ញុំធ្លាក់ខ្លួន លោកប៉ាចាញ់បោកលុយបណ្តាក់ទុនត្រូវសងបំណុលរាប់ម៉ឺនដុល្លា ដល់ថ្នាក់លក់ដីលក់ផ្ទះ លក់ឡានសងគេមិនគ្រាន់ តែអតីតប្តីរបស់ខ្ញុំ បែរច្រណែនថាខ្ញុំមិនគិតគូរប៉ាម៉ាក់គេ ហើយបង្ខំឱ្យខ្ញុំចាកចេញពីប៉ាម៉ាក់មិនទទួលស្គាល់បំណុលនោះ។ គេមិនស្រលាញ់ខ្ញុំ មិនស្រលាញ់គ្រួសារខ្ញុំទេ គេចាកចេញពេលខ្ញុំវេទនាបំផុត ម្តេចលោកដាច់ចិត្តប្រគល់ខ្ញុំឱ្យមនុស្សប្រភេទនេះ?

ខ្ញុំត្រូវតែរហ័សជូតទឹកភ្នែកនេះកុំឱ្យគេដឹង ព្រោះប្រុសម្នាក់នេះនៅសម្លឹងមុខខ្ញុំមិនព្រមគេចចេញ ជាមួយពន្លឺភ្នែកដែលខ្ញុំទើបនឹងស្គាល់គេច្បាស់ថ្ងៃនេះឯង។

«គេមិនបានគោរពសន្យា…!»

«ឈប់និយាយពីម្នាក់នោះ! រឿងហួសហើយ ខ្ញុំមិនចង់រឭកទេ!»

«បើគេមិនចេះមើលថែអូន ទុកឱ្យបង!»

អាយុ រូបរាង ពិតជាអាចបញ្ជាក់ពីវ័យ តែអារម្មណ៍នៃមនោសញ្ចេតនា ពិតជាមិនអាចទេ។ ខ្ញុំចាស់ហើយ ខ្ញុំទន្ទេញពាក្យនេះជាប់ជានិច្ច។ ខ្ញុំគ្មានចិត្តគិតរៀបការជាថ្មី ក៏មិនធ្លាប់សម្លឹងមើលឃើញអ្នកដែលធ្លាប់មកចែចូវជាស្នេហា តែម្តេចពាក្យសម្តី​របស់​គេ ចេះតែធ្វើឱ្យខ្ញុំវិលទៅអារម្មណ៍នៃស្នេហាជាង២០ឆ្នាំមុន?

ឬព្រោះគេជាមនុស្សតែម្នាក់ដែលខ្ញុំរង់ចាំគ្មានពេលវេលាកំណត់?

ខ្ញុំដកដៃគេចេញព្រោះមិនចង់ឆ្លើយតបអ្វី តែប្រុសចំណាស់នោះនៅតែចចេសកាន់ដៃខ្ញុំជាថ្មី៖

«បុព្វេកំណត់ថា ពួកយើងជាគូ បើទោះបែកយូរប៉ុនណាក៏គង់បានចួប…សំខាន់អូនព្រមឱ្យបងមើលថែអូនទេ? បងលែងគិតថាមិនស័ក្តិសមនឹងអូនហើយមេសា បងបន្ទោសខ្លួនឯងជានិច្ច​ដែលមិនក្លាហាន តែបងពិតជាមិនចង់ឱ្យពេលវេលា កន្លងទៅទទេ ដោយមិនបានបញ្ជាក់ប្រាប់អូនពីអារម្មណ៍បងទេ…!»

ខ្ញុំអរណាស់! ខ្ញុំចាំពាក្យនេះយូរហើយខ្ញុំទទួលស្គាល់។ ខ្ញុំកុហកខ្លួនឯងថាភ្លេចគេរហូតមក ដួងចិត្តនេះមានរបួសគឺមិនមែនត្រូវការពេលវេលាមួយមុខដើម្បីព្យាបាល តែគឺស្នាមញញឹមគេនេះ។

តែខ្ញុំនៅតែមិនអាចឆ្លើយតបឱ្យស្របនឹងសំឡេងចង្វាក់បេះដូង។ ខ្ញុំងាកសម្លឹងមើលអ្វីៗដែលគេកសាង ហើយក៏បានឃើញខ្លួនឯងកាលពីជាង២០ឆ្នាំមុនជាមួយគេ កំពុងដេញប្រឡែងគ្នាក្នុងសួនស្នេហ៍ដ៏ស្មោះស្ម័គ្រសប្បាយក្រៃ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*