រឿង៖ ស្នាម (ភាគ២)

វគ្គ៣ ស៊ើបអង្គេត

ថ្ងៃថ្មីពន្លឺថ្មី!

ព្រះសុរិយាចែងចាំងពាសពេញមេឃា។

សួស្ដី លោកប៉ូលិស! ខ្ញុំឈ្មោះ វណ្ណៈ ឧត្ដម ជាមិត្តភក្តិរបស់នាយភេត្រា។ មិនគួរឱ្យជឿសោះ មិត្តខ្ញុំជាមនុស្សល្អណាស់ មិនសមមានអ្នកប៉ុនប៉ងអាក្រក់ទៅលើគេនោះទេ។ កាលពីសប្ដាហ៍មុនខ្ញុំទើបតែបាត់បង់ភរិយាជាទីស្រលាញ់ ហើយថ្ងៃនេះខ្ញុំស្រាប់តែទទួលបានទូរសព្ទពីលោកប៉ូលិសអំពីការស្លាប់របស់មិត្តសម្លាញ់ខ្ញុំទៀត។ ខ្ញុំពិតជាឈឺចាប់នឹងការបាត់បង់នេះណាស់!

លោកឧត្ដម ជាមិត្តរបស់លោកភេត្រា ហើយក៏ជាមនុស្សដែលនាយអធិភូបានលួចដាក់ការសង្ស័យតាំងពីមិនទាន់បានចួបមុខមកម្ល៉េះ។

ស្ដាប់លោកឧត្ដមនិយាយពីទុក្ខសោករួច​ អធិភូក៏ចោទជាសំណួរភ្លាម៖

លោកឧត្តម! កាលពីពីរសប្ដាហ៍មុន លោកបានទៅសុំចួបជាមួយនឹងលោកភេត្រានៅឯហាងកាហ្វេ តើលោកទៅធ្វើអ្វីនៅថ្ងៃនោះ?

លោកឧត្តមតប៖

ថ្ងៃនោះ ខ្ញុំបានទៅរកភេត្រាដើម្បីនិយាយពីរឿងដែលគេបានបោកប្រាស់ភរិយារបស់ខ្ញុំ។

អធិភូសួរ ៖

រឿងអ្វីដែរ?

លោកឧត្តមតប៖

ភេត្រាជាមិត្តដែលខ្ញុំស្រឡាញ់រាប់អាននិងទុកចិត្តបំផុត តែគេបែរជាហ៊ានបោកប្រាស់ប្រពន្ធរបស់ខ្ញុំ។ កាលពីមួយខែមុខ ភេត្រាបានមកបបួលភរិយារបស់ខ្ញុំ ដើម្បីធ្វើការដាក់ទុនលើសាខាហាងកាហ្វេថ្មីរបស់គេ ហើយភរិយារបស់ខ្ញុំក៏យល់ព្រមបណ្ដាក់ទុនម្នាក់ពាក់កណ្ដាល ដោយទុកចិត្តភេត្រា ប្រពន្ធរបស់ខ្ញុំមិនបានពិនិត្យអ្វីនោះទេ នាងក៏ព្រមស៊ីញេលើលិខិតនោះដោយមិនសង្ស័យអ្វីឡើយ។ ប៉ុន្តែមិននឹកស្មានថាលិខិតនោះ បែរជាការទិញលក់ភោជនីយដ្ឋានរបស់ពួកយើងទៅវិញ។ តាំងពីពេលនោះមក ភេត្រាមិនព្រមចួបជាមួយពួកយើងសោះ ខ្ញុំព្យាយាមទាក់ទងទៅគេជាច្រើនដង រហូតដល់ទ្រាំលែងបាន ខ្ញុំក៏សម្រេចចិត្តទៅរកគេនៅឯហាង ដើម្បីនិយាយគ្នាឱ្យដឹងសខ្មៅតែម្ដង។ នៅថ្ងៃនោះ ខ្ញុំសារភាពថាខ្ញុំពិតជាឈឺចាប់ណាស់ដែលត្រូវមិត្តក្បត់បែបនេះ ទាំងខឹង ទាំងអន់ចិត្ត ទាំងហួសចិត្ត ប៉ុន្តែខ្ញុំក៏មិនអាចធ្វើអ្វីបានក្រៅពីអង្វរគេប៉ុណ្ណោះ តែគេនៅតែអះអាងថាភោជនីយដ្ឋាននោះគេបានវាមកដោយស្របច្បាប់ នឹងមិនមានការកែប្រែអ្វីទាំងអស់។ ចំណែកខ្ញុំបានត្រឹមតែត្រឡប់មកផ្ទះទាំងខកចិត្ត។

តើលោកប្រាកដទេថាព្រោះតែរឿងនេះ?

អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិត។ ថ្ងៃនោះ ខ្ញុំបានទៅរកគេព្រោះហេតុផលនេះពិតមែន។

តែខ្ញុំបានឮមកថា កាលដែលលោកទៅរកលោកភេត្រានៅថ្ងៃនោះ ក៏ព្រោះលោកចង់ឱ្យលោកភេត្រាទទួលទិញភោជនីយដ្ឋានរបស់លោក ប៉ុន្តែត្រូវលោកភេត្រាបដិសេដ។

លោកឧត្ដមបង្ហាញទឹកមុខហួសចិត្ត រួចនិយាយទាំងតក់ក្រហល់៖

មិនពិតនោះទេ! ហេតុអីបានជាបែបនេះ?

ដោយឃើញឬកពាប្រតិកម្មខ្លាំងរបស់លោកឧត្ដម ចំពោះសម្ដីដែលនាយបានមកពីអ្នកស្រីកល្យាណ អធិភូក៏សម្រេចផ្ដល់នូវភាពយុត្តិធម៌ដល់សម្ដីភាគីទាំងសងខាង។

ដោយអធិភូ ផ្ដល់ឱកាសមួយឱ្យដល់លោកឧត្តម៖

តើលោកមានអ្វីបញ្ជាក់ទេថាដែលលោកនិយាយមុននេះជាការពិត?

ដូចដែលបានដឹងស្រាប់ហើយថា លោកវរសេនីយ៍ឯកម្នាក់នេះ មិនងាយធ្វើការសម្រេចចិត្ត ឬវិនិច្ឆ័យ ដោយគ្រាន់តែវិភាគប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានព័ស្តុតាង ការថ្លឹងថ្លែង និងការត្រួតពិនិត្យច្បាស់លាស់ ទើបជាសក្ខីនៃនិយមន័យពាក្យយុត្តិធម៌ របស់នាយអធិភូ។

គ្រាន់ឮសំណួរ លោកឧត្ដមក៏ឱនមុខគេចពីក្រសែភ្នែកដ៏មុតមាំរបស់នាយអធិភូ ដោយមិននិយាយអ្វីទាំងអស់។ បានបន្តិច លោកឧត្តមហាក់មានភាពក្លាហានក្នុងការងើបមុខមកនិយាយជាមួយអធិភូ។

លោកឧត្ដមតបដោយស្រទន់៖

ខ្ញុំគ្មានព័ស្តុតាងដែលអាចបញ្ជាក់ថាភេត្រាជាអ្នកបោកបញ្ឆោតនោះទេ មានតែឯកសារទិញលក់ដែលភរិយារបស់ខ្ញុំបានស៊ីញេប៉ុណ្ណោះ។

និយាយរួច អធិភូក៏ចាត់កូនចៅឱ្យទៅយកឯកសារបញ្ជាក់ការទិញលក់ជាមួយលោកឧត្ដម។

អំឡុងពេលរង់ចាំ អធិភូក៏ឆ្លៀតពេលសម្រាកបន្តិច ដើម្បីបំពេញដំណេកដែលបាត់បង់កាលពីយប់មិញ។

តុកៗ   …កំពុងសំងំធ្មេចភ្នែកជិតលក់ទៅហើយ ក៏ស្រាប់តែឮសំឡេងគោះទ្វា!

គោរពលោកនាយ កញ្ញាឧមាមកដល់ហើយទាន! ចំណែកលោកឧត្ដម និងក្រុមសមត្ថកិច្ចបីនាក់កំពុងធ្វើដំណើរត្រឡប់មកវិញទាន!

លោកនាយ ឯកសារទិញលក់ភោជនីយដ្ឋានរបស់លោកឧត្ដម ខាងមន្រ្តីជំនាញរបស់យើងបានបញ្ជាក់មកថាជាឯកសារស្របច្បាប់ពិតមែនទាន!

នាយសក្តិ១ត្រឡប់មកជាមួយនឹងលោកឧត្ដម ព្រមទាំងធ្វើការរាយការណ៍ជូនលោកវរសេនីយ៍ឯក អធិភូ។

ខ្ញុំពិតជាមិនដឹងថាព័ស្តុតាងមួយនេះអាចជួយអ្វីបានខ្លះនោះទេ។ ប៉ុន្តែលោកប៉ូលិសអាចត្រួតពិនិត្យបាន ភោជនីយ៍ដ្ឋានរបស់ខ្ញុំ ភេត្រាបានទិញក្នុងតម្លៃថោក មិនស្មើនឹងតម្លៃពាក់កណ្ដាលនៃការសាងសង់ផង នៅមានការតុបតែង និងវត្ថុមានតម្លៃជាច្រើនទៀតដែលខ្ញុំបានសន្សំទុក តែក៏ត្រូវភេត្រាប្រមូលយកជាកម្មសិទ្ធទាំងអស់ឱ្យតែជារបស់នៅក្នុងភោជនីយដ្ឋានមួយនេះ។

លោកឧត្ដមរៀបរាប់ទាំងអួលដើមក។

ដកឃ្លាបន្តិចលោកឧត្ដមក៏និយាយបន្ត៖

ខ្ញុំមិននឹកស្មានថាភេត្រាហ៊ានធ្វើរឿងបែបនេះសោះ គេស្រាប់តែក្លាយជាមនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក!

ស្ដាប់ចប់ អធិភូក៏សួរទៅកាន់លោកឧត្ដម៖

ក្រៅពីលោកហើយ តើលោកភេត្រាមានមិត្តឯណាទៀតទេ?

លោកឧត្ដមតប៖

ខ្ញុំមិនច្បាស់នោះទេ ភេត្រាជាមនុស្សដែលចូលចិត្តចេញមុខក្នុងសង្គម ដូច្នេះគេក៏ប្រហែលមានមិត្តមិនតិចនោះទេ។

លោកឧត្ដមនិយាយពាក្យទាំងនេះ ហាក់កំពុងបង្ហាញពីភាពខុសគ្នារវាងលោកនិងលោកភេត្រា។ ម្នាក់ចូលចិត្តចេញមុខក្នុងសង្គម ឯម្នាក់ទៀតចូលចិត្តភាពស្ងប់ស្ងាត់។ តើមានដែរឬ មនុស្សដែលមានចំណូលចិត្តខុសគ្នា ប៉ុន្តែបែរជាអាចសេពគប់ជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាបាន?

ហើយតើលោកគិតថាលោកភេត្រាជាមនុស្សបែបណាដែរ?

អធិភូស្ដាប់ដោយយកចិត្តទុកដាក់ រួចនាយគិតបន្តិចទើបតបសំណួរ។

និយាយដល់ចំណុចនេះ លោកឧត្ដមក៏ប្រែជាស្រពាប់ស្រពោន ដោយមិនឆ្លើយតបអ្វីទាំងអស់។

ចំពោះទំនាក់ទំនងមិត្តភក្តិ ពេលខ្លះក៏ពិបាកនិយាយចេញមក មិនថាល្អឬអាក្រក់គ្រាន់តែចង់រក្សាទុកនូវការចងចាំល្អៗរវាងគ្នាប៉ុណ្ណោះ។ បើមិត្តខុស មិត្តក៏ជួយដាស់តឿន តែបើនៅមិនព្រមភ្ញាក់ខ្លួន មិត្តភាពអាចនឹងរង្គោះរង្គើរបែកខ្ញែកគ្នា ហើយពេលខ្លះក៏អាចក្លាយជាសត្រូវនឹងគ្នាទៀតផង។ ប៉ុន្តែ បើមើលមកលោកឧត្ដម គាត់បែរជាជ្រើសយកភាពស្ងប់ស្ងាត់ ដោយមិននិយាយអំពីមិត្តសម្លាញ់របស់គាត់សោះឡើយ។

និយាយចំពោះលោកឧត្ដម សកម្មភាពពេលនេះហាក់មានរឿងលាក់បាំងជាច្រើននៅក្នុងចិត្តដែលតឹងណែនពិបាកនឹងនិយាយចេញមក។ ហើយវាក៏ពិបាកសន្និដ្ឋានពីជម្រៅចិត្តរបស់លោកឧត្តមផងដែរ។

ប្រសិនរឿងឆបោកដែលលោកឧត្ដមនិយាយជាការពិត នោះបានន័យថាលោកភេត្រាមិនមែនជាមិត្តល្អនោះទេ។ បើដូច្នេះ លោកឧត្ដមប្រាកដជាឈឺចាប់ខ្លាំងណាស់ ដែលផ្ដល់ទំនុកចិត្តខុសមនុស្ស។ ដូចពាក្យចាស់ពោលថា រាប់មិត្តឱ្យមើលមាឃាទ រាប់ញាតិឱ្យមើលសន្ដាន។ ចំណែកពាក្យដែលមនុស្សសម័យថ្មីច្រើនប្រើចំពោះមិត្តភាពដែលមិនស្មោះត្រង់នោះគឺ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។     ប៉ុន្តែពាក្យទាំងពីរឃ្លានេះ មិនប្រាកដថាជាជម្រើសរវាងទំនាក់ទំនងមិត្តភាពរបស់លោកឧត្ដមនិងលោកភេត្រានោះទេ។

ភេត្រាជាមិត្តល្អរបស់ខ្ញុំរហូតមក ហើយនេះជាលើកទីមួយដែលគេធ្វើរឿងមិនគប្បីមកលើគ្រួសាររបស់ខ្ញុំ ក្នុងនាមជាមិត្តរបស់ខ្ញុំ។ ប៉ុន្តែក្នុងនាមជាមិត្តម្នាក់ ខ្ញុំនៅតែមិនអាចស្អប់ ហើយក៏សង្ឃឹមថាគេនឹងកែប្រែជាមនុស្សល្អដូចកាលពីមុនវិញ។

លោកឧត្ដមពោលដោយក្រសែភ្នែកស្រទន់ ស្ទើតែស្រក់ទឹកភ្នែកទៅហើយ។

មិនទុកយូរ អធិភូក៏បន្លឺសំណួរពិឃាដទៅកាន់លោកឧត្ដម៖

តើលោកគិតថាអ្នកណាជាអ្នកសម្លាប់លោកភេត្រា?

លោកឧត្ដមបង្អក់បន្តិច ទើបតប៖

ខ្ញុំដឹងថាចំពោះមុខសមត្ថកិច្ច ខ្ញុំត្រូវនិយាយការពិត ប៉ុន្តែខ្ញុំមិនចង់ឱ្យការស្មានរបស់ខ្ញុំជារឿងពិតនោះទេ!

លោកឧត្ដមស្រាប់តែបង្អក់ ដោយខ្សឹកខ្សួល មិនព្រមនិយាយបន្ដ។

មនុស្សដែលមានការអត់ធ្មត់ដូចជាអធិភូ ពេលខ្លះក៏មានព្រំដែនដែរ។ ដោយមិនអាចទ្រាំចាំការបកស្រាយដ៏តានតឹងមួយនេះ អធិភូក៏សួរភ្លាម៖

លោកចង់សំដៅដល់អ្នកណា?

កល្យាណ! មនុស្សតែម្នាក់ដែលភេត្រាស្រឡាញ់ ហើយតែងតែមានអារម្មណ៍ខុសចំពោះនាងរហូតមក ទាក់ទងនឹងរឿងអតីតកាល។ ប៉ុន្តែខ្ញុំមិនបានដឹងថាជារឿងអ្វីនោះទេ ព្រោះភេត្រាធ្លាប់និយាយប្រាប់ពីអារម្មណ៍ខុសឆ្គងចំពោះកល្យាណ តែគេមិនព្រមប្រាប់ពីមូលហេតុនោះសោះ។ ម្យ៉ាង រាល់ពេលនិយាយពីរឿងនេះ ភេត្រាគ្រាន់ចង់ឱ្យខ្ញុំធ្វើជាអ្នកស្ដាប់ប៉ុណ្ណោះ ដូច្នេះទើបខ្ញុំមិនហ៊ានសួរនាំអ្វីពីគេនោះឡើយ។ កាលពីប៉ុន្មានឆ្នាំមុន ភេត្រាបានទៅសកលវិទ្យាល័យមួយកន្លែង ចៃដន្យថ្ងៃនោះខ្ញុំទៅរកក្មួយប្រុសរបស់ខ្ញុំដែលជាគ្រូបង្រៀននៅទីនោះ ក៏ស្រាប់តែបានចួបនឹងភេត្រាដែលកំពុងដើរជាមួយក្មេងស្រីម្នាក់។ ពេលនោះ ខ្ញុំពិតជាមិនដឹងនោះទេថា ក្មេងស្រីដែលភេត្រាបណ្ដើរជាបុគ្គលិកក្នុងហាង។ ភ្លាមៗ ខ្ញុំក៏ទៅអូសដៃគេមកសួរឱ្យបានច្បាស់លាស់ តែគេមិនព្រមប្រាប់អ្វីសោះ ថែមទាំងឱ្យខ្ញុំជួយលាក់បាំងរឿងដែលគេបណ្ដើរក្មេងស្រីនោះទៀតផង។ ដោយសារមិនអស់ចិត្ត ថ្ងៃនោះខ្ញុំក៏លួចសួរក្មួយប្រុស ហើយគេបានប្រាប់ថា លោកភេត្រាជាអាណាព្យាបាលរបស់កញ្ញាឧមា ហើយក៏ជាអ្នកផ្គត់ផ្គង់ថ្លៃសាលាឱ្យនាងទៀតផង។ ខ្ញុំពិតជាបារម្ភចំពោះទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះណាស់! ពួកគេមិនមែនជាញាតិ ម្យ៉ាងភេត្រា បើទោះជាគេមានចិត្តល្អចំពោះមនុស្សទីទាល់ក្រលំបាកពិតមែន ប៉ុន្តែគេមិនអាចជួយដោយទទួលរ៉ាប់រងចំពោះនរណាម្នាក់ដូច្នេះនោះទេ បើមិនមែនជាមនុស្សសំខាន់សម្រាប់គេនោះ ខ្ញុំស្គាល់គេច្បាស់ណាស់។ រឿងនេះហើយ ជាហេតុផលដែលខ្ញុំសង្ស័យលើកល្យាណ។ កល្យាណជាមនុស្សស្រឡាញ់និងហួងហែងស្វាមីណាស់ ដូច្នេះនាងប្រាកដជាមិនអាចទទួលយកបាននោះទេ បើដឹងថាស្វាមីជាទីស្រឡាញ់របស់នាងលួចមានសាហាយ…! សុំទោស ខ្ញុំមិនអាចពោលពាក្យនេះចំពោះភេត្រាបានទេ!

លោកឧត្ដមនិយាយចប់ក៏ស្រុតទឹកមុខ ហាក់ដូចជាសោកសៅចំពោះរឿងដែលកើតឡើងទៅលើលោកភេត្រា។

ជម្រាបសួរ លោកអធិការ។

សម្ដីស្រទន់ កាយវិការសំពះសមរម្យគួរជាទីសរសើរ។

សំឡេងមនុស្សស្រីដែលពោលពាក្យពីរោះពិសារមុននេះជាកញ្ញា ឧមា។

អធិភូញញឹមតបនឹងការគួរសមរបស់នាង រួចនាយក៏ចោទជាសំណួរ៖

ខាងយើងបានទទួលព័ត៌មានមកថា នាងធ្លាប់ជាបុគ្គលិកនៅក្នុងហាងកាហ្វេរបស់លោកភេត្រា តើជាការពិតដែរទេ?

ឧមាតប៖

ចាសពិតមែនហើយ ខ្ញុំធ្លាប់ជាបុគ្គលិកនៅក្នុងហាងរបស់លោកភេត្រាពិតមែន ប៉ុន្តែខ្ញុំបានលាឈប់តាំងពីខែមុនមកម្ល៉េះ។

ហេតុអីនាងលាឈប់?

ព្រោះពេលនោះ យាយរបស់ខ្ញុំកំពុងឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុក។ ពួកយើងមានតែពីរនាក់យាយនិងចៅ បើដាក់ច្បាប់សម្រាក ខ្ញុំខ្លាចថារឿងកាន់តែវែងឆ្ងាយ ព្រោះខ្ញុំទើបតែមានទំនាស់ជាមួយថៅកែស្រី។ ដូច្នេះ ទើបខ្ញុំសម្រេចចិត្តលាឈប់ដើម្បីមានពេលគ្រប់គ្រាន់នៅមើលថែយាយ។

ចុះហេតុអីបុគ្គលិកគ្រប់គ្នាគ្មានអ្នកណាដឹងពីហេតុផលនេះ? សុខៗនាងក៏លាឈប់!

គ្រប់គ្នានៅកន្លែងធ្វើការ គ្មានអ្នកណាជាមិត្តរបស់ខ្ញុំនោះទេ ពួកយើងគ្រាន់តែជាអ្នកសហការនៅក្នុងការងារប៉ុណ្ណោះ។ គ្រប់ពេលដែលពួកគេសម្លឹងមកខ្ញុំ ក្រសែភ្នែករបស់ពួកគេហាក់ដូចជាកំពុងសម្លឹងមើលសត្វចម្លែកអ៊ីចឹង ពួកគេអគតិមកលើខ្ញុំ ព្រោះឃើញថាលោកថៅកែល្អចំពោះខ្ញុំជាងគេ។ ប៉ុណ្ណឹងមិនល្មម ពួកគេនៅហ៊ាននិយាយថែមថយឱ្យថៅកែស្រីស្អប់ខ្ញុំទៀតផង។ ពួកគេគ្រាន់តែចង់សប្បាយមាត់ រហូតលែងខ្វល់ពីសុជីវធម៌ ហ៊ានពោលសូម្បីតែពាក្យមួលបង្កាច់អ្នកដែលមិនដឹងអីសោះ។ នេះហើយ ជាហេតុផលដែលខ្ញុំមិនចាំបាច់ប្រាប់រឿងផ្ទាល់ខ្លួនទៅកាន់ពួកគេ។

ឧមានិយាយទាំងអួលដើមក។

មនុស្សស្រីម្នាក់រងនូវការប្រមាថធ្ងន់ធ្ងរបែបនេះ បើទោះជាឧមារឹងមាំប៉ុនណា ប៉ុន្តែនាងក៏មានបេះដូង មានសាច់មានឈាម នាងក៏ចេះឈឺចាប់ដូចគេឯងដែរ។

តើនាងមានទំនាស់អីជាមួយអ្នកស្រីកល្យាណ?

អធិភូសួរភ្លាមៗ ព្រោះអន្ទះសាររឿងដែលសង្ស័យថាឧមាជាស្រីចិញ្ចឹមរបស់លោកភេត្រា។

ឧមាតប៖

រឿងនេះរ៉ាំរ៉ៃជាយូរមកហើយ។ អ្នកស្រីមិនសូវចូលចិត្តខ្ញុំតាំងពីថ្ងៃដំបូងមកម្ល៉េះ គឺថ្ងៃដែលលោកភេត្រាទទួលខ្ញុំជាបុគ្គលិក ហើយថែមទាំងទទួលរ៉ាប់រងថ្លៃសិក្សានៅថ្នាក់សកលវិទ្យាល័យឱ្យខ្ញុំទៀត។ ទំនាក់ទំនងរបស់ខ្ញុំនិងលោកភេត្រាមិនដូចដែលគ្រប់គ្នាគិតនោះទេ លោកភេត្រាជាអ្នកស្គាល់រាប់អានគ្នាជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំ ដោយឃើញជីវភាពលំបាក ទើបលោកភេត្រាជួយផ្គត់ផ្គង់ក្នុងនាមជាអ្នកស្គាល់ប៉ុណ្ណោះ។ ព្រោះឪពុកម្ដាយរបស់ខ្ញុំលែងមានវត្តមាននៅលើលោកនេះតាំងពីខ្ញុំនៅអាយុ៥ឆ្នាំមកម្ល៉េះ។

សម្តីរបស់ឧមានិយាយមានហេតុផល ប៉ុន្តែបើជារឿងយូរណាស់មកហើយ ហេតុអីបុគ្គលិកប្រាប់ថា ថ្មីៗនេះឧមានិងអ្នកស្រីកល្យាណមានទំនាស់នឹងគ្នា។ វាអាចមកពីពួកគេទើបតែចាប់អារម្មណ៍នឹងឬកពារបស់អ្នកស្រី ដែលមិនពេញចិត្តចំពោះវត្តមានរបស់ឧមាក៏ថាបាន ឬអាចថារឿងមិនមែនមានតែប៉ុណ្ណឹង វាអាចមានអ្វីលើសពីនេះក៏ថាបាន! ហើយបើមិនមែនបែបហ្នឹង តើវាបែបណាវិញ? វាគួរតែមានការបញ្ជាក់ឱ្យច្បាស់ជាងនេះ។

អធិភូចំណាយពេលគិតបន្តិច រួចក៏សួរ៖

ថ្មីៗនេះ នាងនិងអ្នកស្រីកល្យាណមានទំនាស់អ្វីដែរទេ?

ឧមាតប៖

ចាសគ្មានទេ ដ្បិតតែពីមុនអ្នកស្រីមិនចូលចិត្តខ្ញុំ តែក្រោយមកអ្នកស្រីក៏ផ្ដល់ក្ដីស្រឡាញ់ចំពោះខ្ញុំដូចជាម្ដាយនិងកូន។ ប៉ុន្តែមួយរយៈក្រោយមកនេះ អ្នកស្រីស្រាប់តែបង្ហាញអាការៈហាក់ខឹងស្អប់ សូម្បីតែមុខរបស់ខ្ញុំ គាត់មិនចង់មើលផង។ ចំពោះខ្ញុំក៏ឆ្ងល់រឿងនេះណាស់ដែរ ប៉ុន្តែស្ថិតក្នុងកាលទេសនោះខ្ញុំរវល់ត្រៀមខ្លួនដើម្បីបញ្ចប់ការសិក្សាផង រវល់រឿងការងារផង ណាមួយយាយរបស់ខ្ញុំកំពុងធ្លាក់ខ្លួនឈឺទៀត។ ដូច្នេះទើបខ្ញុំគ្មានពេលគិតរឿងដែលអ្នកស្រីខឹងស្អប់ចំពោះខ្ញុំនោះទេ។

មើលទៅអ្វីដែលឧមានិយាយជាការពិតហើយ នាងប្រហែលជាមិនបានដឹងពីមូលហេតុដែលអ្នកស្រីកល្យាណស្អប់នាងនៅលើកនេះនោះទេ។ ប៉ុន្តែ បើនាងពិតជាកុហកខ្ញុំនោះ នាងប្រាកដជាពូកែសម្ដែងជាងការសង្កេតរបស់ខ្ញុំទៅទៀត។

តាំងពីនាងធ្វើការជាមួយលោកភេត្រាកន្លងមក នាងធ្លាប់ឃើញលោកភេត្រាមានទំនាស់ ឬជម្លោះជាមួយអ្នកណាខ្លះទេ?

អធិភូបន្លឺមួយសំណួរទៀត ហាក់ចង់បញ្ជាក់អំពីមូលហេតុនៃក្ដីឃាតកម្មនេះ។

មិនថាឧមាឆ្លើយបែបណាចំពោះសំណួរមួយនេះ ប៉ុន្ដែវាក៏ស្ថិតក្នុងការវែកញែករបស់អធិភូដដែល ព្រោះនាយម្នាក់នេះមិនងាយជឿនរណាម្នាក់ទាំងស្រុងនោះទេ។ ការសម្រេចគ្រប់យ៉ាងគឺស្ថិតក្នុងដែនកំណត់របស់នាយអធិភូជានិច្ច។

សំណួររបស់អធិភូមុននេះ ដ្បិតតែសាមញ្ញ ប៉ុន្តែវាមានផលដល់រឿងក្ដីទាំងមូល។ ចំណែកឯឧមា នាងជាមនុស្សចុងក្រោយដែលទទួលបានសំណួរមួយនេះពីនាយអធិភូ ក្នុងក្ដីឃាតកម្មដ៏ក្ដៅគគុករបស់លោកភេត្រា។

ឧមាតប៖

កន្លងមក ខ្ញុំមិនដែលឃើញលោកភេត្រាមានជម្លោះឈ្លោះទាស់ទែងជាមួយអ្នកណានោះទេ។ បើមាន ក៏មានតែស្ដីបន្ទោសឱ្យបុគ្គលិកតិចតួច ប៉ុន្តែគាត់ស្ដីឱ្យក្នុងន័យណែនាំប៉ុណ្ណោះ។ ចំណែកឯបុគ្គលិកក៏គ្មានអ្នកណាចងចិត្តខឹងនឹងគាត់នោះដែរ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថាលោកមានបំណងល្អចំពោះពួកយើងគ្រប់គ្នា។

និយាយចប់ គ្រប់គ្នាដែលនៅក្នុងបន្ទប់ក៏ស្ងប់ស្ងាត់។ ម្នាក់ៗកំពុងគិតថា បើអ្នកផ្ដល់ចម្លើយសុទ្ធតែនិយាយដូចគ្នាថា លោកភេត្រាគ្មានជម្លោះ ឬសត្រូវឯណា សូម្បីតែលោកឧត្តមដែលត្រូវបានលោកភេត្រាបោកប្រាស់ហើយ លោកនៅតែគិតដល់មិត្តភាពនិងចង់សម្របសម្រួលគ្នាវិញ ថែមទាំងនិយាយល្អពីលោកភេត្រាទៀត។ នេះក៏បានន័យថា លោកភេត្រាជាមនុស្សល្អហើយក៏សំណាងណាស់ដែលមានមនុស្សស្រឡាញ់រាប់អាន ហើយថែមទាំងព្រមអត់ទោសឱ្យគ្រប់យ៉ាងទៀត។ ហើយចុះបើលោកភេត្រាល្អយ៉ាងនេះ ហេតុអីមានមនុស្សចង់សម្លាប់គាត់។ តើអ្នកណាជាឃាតករ?

ចំណែកឧមាផ្ទាល់ នាងក៏គិតមិនខុសពីពួកគេដែរ។ នាងកំពុងគិតថា អ្នកណាជាអ្នកសម្លាប់លោកភេត្រា? តើសម្លាប់ព្រោះគំនុំឬជាការប្លន់សម្លាប់?!

ប៉ុន្តែអធិភូមិនគិតដូចពួកគេនោះទេ នាយបែរជាកំពុងគិតថា អ្នកណាជាអ្នកនិយាយកុហក?!

ទឺង ទឺង សំឡេងសារបន្លឺឡើងពីក្នុងទូរសព្ទដៃរបស់អធិភូ។

អធិភូស្រវាយកទូរសព្ទមកមើល ក្រសែភ្នែកនាយកំពុងផ្ដោតទៅកញ្ចក់ទូរសព្ទ តែទឹកមុខរបស់នាយមិនសូវល្អនោះទេ។ ឯករាជ្យឃើញទឹកមុខអធិភូមិនសូវស្រួលនាយប្រញាប់សួរ៖

ឯងកើតអី?! មុននេះនៅមុខនាងច្រមក់នោះឯងជារាជសីសោះ ម៉េចក៏ស្រាប់តែ…

ឯករាជ្យកំពុងនិយាយមិនទាន់ចប់ផង ក៏ត្រូវជំនួសដោយសំនួនរបស់អធិភូ។

អធិភូនិយាយទាំងមិនដកក្រសែភ្នែកពីកញ្ចក់ទូរសព្ទ៖

នាយដុនប្រាប់ថា កម្ទេចដែលបានពីរូបភាពចម្លែកនៅលើជញ្ជាំងក្នុងបន្ទប់របស់លោកភេត្រានោះ ជាកម្ទេចក្រែមម៉ាកល្បី និងកំណកឈាមសិប្បនិម្មិត។

នាយដុន ឈ្មោះពេញរបស់នាយគឺ យុទ្ធ ថាណាដុន។                                                                           នាយដុនជាបុគ្គលិកសំខាន់ម្នាក់នៅក្នុងមន្ទីរពិសោធន៍ ហើយនាយក៏ជាមិត្តភក្តិរបស់អធិភូនិងឯករាជ្យផងដែរ។

ឯករាជ្យបង្ហាញអារម្មណ៍ដោយសម្ដី៖

អ្នកណាអីក៏សម្បូរលុយម្ល៉េះ ក្រែមម៉ាកល្បី ឈាមសិប្បនិម្មិត គំនូរបះរោម ដូចក្នុងរឿងកុនអ៊ីចឹង។

ឯករាជ្យស្ដាប់ហើយហួសចិត្ត ថែមទាំងរអ៊ូ ស្របពេលអធិភូស្ងាត់ឈឹងមិននិយាយអ្វីសោះ។

មកដល់ពេលនេះ ខ្ញុំនៅតែចម្លែកចិត្តចំពោះឃាតករ តើគេចង់លេងល្បែងបិទពួនជាមួយជនរងគ្រោះ ឬចង់លេងជាមួយសមត្ថកិច្ច?

ឃាតករមានសមត្ថភាពមិនធម្មតា! គេយល់ដឹកពីរបៀបស៊ើបតាមក្រយៅដៃនិងដានជើង ព្រមទាំងទីតាំងកាមេរ៉ា ថែមទាំងចេះគូរគំនូរទៀត។ មានពហុជំនាញបែបនេះ មិនសមណាយកអនាគតទៅប្រឡែងល្បែងមរណៈនោះទេ។ ស្ដាយណាស់! ស្ដាយសមត្ថភាព មិនគួរណាដើរផ្លូវខុសសោះ!

ឯករាជ្យ ទាក់ទងទៅអ្នកស្រីកល្យាណឥឡូវនេះ! កាន់តែឆាប់កាន់តែល្អ ខ្ញុំមានរឿងខ្លះចង់សួរគាត់។

បន្ទាប់ពីស្ងាត់មួយសន្ទុះ អធិភូក៏បញ្ជាឱ្យឯករាជ្យទាក់ទងទៅអ្នកស្រីកល្យាណភ្លាម។

ឯករាជ្យឃើញអធិភូអន្ទះសារ នាយក៏សួរភ្លាម៖

រឿងក្រែម?

អធិភូតប៖

មិនមែនទេ!

អធិភូតបយ៉ាងខ្លីដោយបង្អាក់សំនួនបន្តិច រួចទើបនិយាយបន្ត៖

រឿងដែលលោកឧត្តមទៅរកលោកភេត្រានៅហាងក្នុងថ្ងៃនោះ។ ចម្លើយរបស់អ្នកស្រីកល្យាណ និងលោកឧត្ដមខុសគ្នាស្រឡះ។ ខ្ញុំត្រូវការបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ។

អ្នកស្រីកល្យាណនិយាយថា ស្វាមីរបស់គាត់បានប្រាប់គាត់អំពីវត្តមានរបស់លោកឧត្តមនៅថ្ងៃនោះ ព្រោះលោកឧត្ដមបានទៅពឹងឱ្យលោកភេត្រាជួយទិញភោជនីយដ្ឋានរបស់គាត់ ដោយសារលោកឧត្ដមត្រូវការលុយជាចាំបាច់។  ចំណែកលោកឧត្ដមបាននិយាយថា ថ្ងៃដែលលោកទៅរកលោកភេត្រានៅហាង ព្រោះចង់បានការបកស្រាយចេញពីមាត់របស់មិត្តសម្លាញ់។ ហើយថែមទាំងចង់ទិញភោជនីយដ្ឋានរបស់គាត់មកវិញក្នុងតម្លៃគុណនឹងដប់នៃតម្លៃដែលលោកភេត្រាបានទិញពីប្រពន្ធរបស់គាត់។ តែលោកភេត្រាមិនព្រមតាមការស្នើរសុំរបស់លោកឧត្ដម ទើបពួកគេបញ្ចប់ការចរចាភ្លាមៗ។

ចម្លើយរបស់អ្នកស្រីកល្យាណនិងលោកឧត្ដមខុសគ្នា ប៉ុន្តែលោកឧត្ដមមានព័ស្តុតាងដែលបញ្ជាក់អំពីសម្ដីរបស់គាត់។ ហើយខាងយើងក៏មានព័ស្តុតាងមួយចំនួនដែលបង្ហាញថា លោកឧត្ដមនិងភរិយាគ្មានបញ្ហារឿងលុយកាក់នោះទេ ដូច្នេះក៏គ្មានហេតុផលអ្វីដែលពួកគេព្រមលក់ភោជនីយដ្ឋានក្នុងតម្លៃទាបបែបនេះដែរ។

រឿងនេះអាចទៅរួចដែលអ្នកស្រីកល្យាណរួមផ្សំគំនិតជាមួយស្វាមីក្នុងការកេងប្រវ័ញ្ចទ្រព្យរបស់លោកឧត្ដមនិងភរិយា។ ប៉ុន្តែនេះគ្រាន់ជាការសន្និដ្ឋានប៉ុណ្ណោះ តែមិនថាទោះជាយ៉ាងណា ខ្ញុំត្រូវតែស៊ើបរកការពិតឱ្យទាល់តែឃើញ…

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*