រឿង៖ កុំស្នង

សន្ធឹកខ្យល់បក់វឹបៗ បោកផ្ទប់ជញ្ជាំងផ្ទះមួយទំហឹង កម្លាំងខ្យល់បក់ដូចខឹងអ្វីមកពីណាក៏មិនដឹង។ ខ្យល់បក់កញ្ឆក់បោក​ សឹងតែរបើកដំបូលផ្ទះប្រក់ស័ង្កសីរបស់ខ្ញុំទៅហើយ។ ជិតពីរម៉ោងទម្រាំព្រះពាយស្ងប់ស្ងាត់ទៅវិញ ព្រះភិរម្យក៏បង្អុរធ្លាក់ចុះមកដូចគេហែកមេឃា។

ខ្ញុំឈ្មោះកែវសី កំពុងអង្គុយឱបកាយបងស្រីដែលឈ្មោះកែវ ព្រោះខណៈពេលនេះគាត់កំពុងកំរោលចូលខ្លាំងណាស់ និយាយគ្នាស្ដាប់មិនចូលឡើយ។ គាត់លើកដៃបោចសក់ក្បាលរបស់ខ្លួនឯងឡើងទៅលើ ហើយគិតតែពីស្រែកអត់ឈប់…

<<គេមកហើយ! គេមកយកអញហើយ! ជួយៗអញផង! >>

បងកែវស្រែកសន្ធាប់បណ្ដើរ ចោលភ្នែកសម្លឹងមើលអាប់ខ្មៅងងឹតក្នុងស្បៃទឹកភ្លៀងបណ្ដើរ។

<< បងមើលច្រលំហើយ គ្មាននរណាមកយកបងទៅទេ! >>

ខ្ញុំចាប់អង្រួនកាយបងស្រីរបស់ខ្ញុំតិចៗ ដើម្បីឱ្យគាត់ស្វាងឈប់ភ័យខ្លាចទៀត។ តែផ្ទុយស្រឡះទៅវិញ គាត់បែរជាមានសភាពយ៉ាប់លើសដើម។

<< លែងអញ! ហ្អែងកំពុងចាប់អញឱ្យគេមែនទេ! អាឆ្កួតលែងអញភ្លាម! >>

បងកែវក៏កន្ត្រាក់ដៃរបស់ខ្ញុំចេញពីខ្លួនរបស់គាត់ ដោយកម្លាំងមួយទំហឹងមនុស្សប្រុស ទាំងដែលគាត់ជាមនុស្សស្រីមានជំងឺប្រចាំកាយពីរឆ្នាំមកហើយ មិនគួរគាត់មានកម្លាំងខ្លាំងបែបនេះ នោះទេ។

<< បងៗ! >>

គាត់ស្រាប់តែស្ទុះងើបវឹង ដើរតម្រង់ទៅមាត់ទ្វារ រកឈានជើងចុះកាំជណ្តើរ។

<< កុំចុះពីលើផ្ទះឱ្យសោះ! កែវសីមកចាប់បងឯងឱ្យជាប់ កុំឱ្យចុះទៅក្រោមផ្ទះ! >> ពុកដែលទើបមកពីអុជធូបឯខាងក្រោមផ្ទះ។ តែគាប់ជួន គាត់ឡើងមកលើផ្ទះវិញ ក៏ឃើញសភាពបងស្រីរបស់ខ្ញុំបម្រុងជាន់កាំជណ្តើរចុះទៅក្រោមផ្ទះ គាត់ក៏ស្រែកឃាត់ភ្លាមៗ៖

<< ខ្ញុំចាប់គាត់អត់ជាប់ទេពុក! >>

ខ្ញុំស្រែកប្រាប់ពុកពេលខ្ញុំចាប់ទាញបងកែវមកវិញ តែគាត់នៅតែចង់ចុះទៅក្រោមផ្ទះដដែល។ ពុកមិនឆ្លើយ តែគាត់ស្ទុះដើរទៅយករបស់អ្វីម្យ៉ាងសៗដាក់បៀកបាតដៃ រួចដើរតម្រង់មករកខ្ញុំនិងបងស្រីវិញ។

សញ្ញាជើងក្អែកបានលេចរូបឡើងចំកណ្តាលថ្ងាសរបស់បងកែវ ដោយពុកបានយកកំបោរសមកគូសសញ្ញានេះ។ មួយសន្ទុះបងកែវក៏រាងរម្ងាប់អារម្មណ៍បន្ដិច កម្លាំងដែលដូចក្របីចូលអម្បាញ់មិញក៏រាងថមថយទៅវិញ រហូតដល់បងកែវដួលសន្លប់នៅមួយកន្លែងលែងកម្រើក។

<< ពុក! នេះបងកែវយ៉ាងម៉េចហើយ? >>

ខ្ញុំភ័យស្លន់ស្លោអស់ហើយ ព្រោះរាល់ដងបងកែវមិនដែលកើតអីបែបនឹងនោះទេ។

<< គ្មានអីនោះទេ! មកពីបងឯងគិតច្រើនជ្រុល! >>

ពាក្យនេះទៀតហើយ មិនដឹងជាប៉ុន្មានលើកប៉ុន្មានសារហើយនោះទេ។ តាំងតែម៉ែបានស្លាប់ទៅ បងស្រីក៏ធ្លាក់ខ្លួនឈឺជំងឺនេះ តែពុកខ្ញុំនៅតែឆ្លើយថាបងខ្ញុំគ្មានរឿងអីរហូត។

<< នេះពុកមិនយកបងកែវទៅពេទ្យទេឬ? នេះអាការៈគាត់កាន់តែធ្ងន់ធ្ងរទៅហើយពុក! >>

នេះមិនដឹងជាលើកទីប៉ុន្មានហើយទេ ដែលខ្ញុំយំអង្វរពុកឱ្យយកបងកែវទៅព្យាបាល។

<< ពេទ្យជួយអីបាន? ឯងមិននឹកឃើញទេអី ថាម៉ែឯងបានស្លាប់នៅមន្ទីរពេទ្យ បើពេទ្យជួយព្យាបាលបានគ្រប់ជំងឺ ហើយជាគ្រប់គ្នានោះ ម្ល៉េះម៉ែឯងក៏មិនស្លាប់ដែរ! >>

ពុកស្រែកគំហកឱ្យខ្ញុំដូចចង់ស៊ីសាច់។ ខ្ញុំគ្មានអ្វីតទៅគាត់ទេ ក្រៅតែពីអង្គុយយំកាន់ដៃបងស្រីដែលសន្លប់ស្តូកស្តឹងនៅលើគ្រែ។

នឹកដល់កាលបីឆ្នាំមុន ម្ដាយរបស់ខ្ញុំដេកឈឺរីងរៃនៅលើកន្ទេល។ កាលនោះទោះទៅព្យាបាលនៅមន្ទីរពេទ្យណាទៅដល់ណា ថ្នាំខ្មែរថ្នាំបារាំងក៏សាកអស់ហើយ តែគ្មានបានផលនោះទេ គឺរកថ្នាំមកដាក់មិនត្រូវទាល់តែសោះ។ ទាល់តម្រិះពុកខ្ញុំក៏សាកខាងផ្លូវងងឹតម្ដង ពេលនោះហើយដែលម្ដាយរបស់ខ្ញុំ ហាក់បានធូរស្បើយពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងចម្លែក រហូតបានជាសះស្បើយដូចធម្មតាឡើងវិញ។ មិនថាអ្នកភូមិ សូម្បីតែខ្ញុំនិងបងកែវក៏ឆ្ងល់ ហើយក៏ស្ងើចសរសើរដែរ ដែលនៅសុខៗម៉ែក៏ជាមកដូចមនុស្សធម្មតាវិញ។ តែក្នុងរឿងនេះមានតែពុកនិងម៉ែរបស់ខ្ញុំទេ ដែលគាត់ធម្មតាមិនស្ញើចមិនសរសើរចំពោះរឿងនេះ។

ក្នុងអំឡុងពេលដែលម៉ែបានជាពីជំងឺមកវិញនោះ ម៉ែតែងផ្ដាំផ្ញើពាក្យជាច្រើនមកខ្ញុំនិងបងកែវ៖ “កុំទទួលពាក្យពុកឯងជាដាច់ខាត! បើពុកឯងឱ្យស្នង!” ម៉ែមិនបានពន្យល់អ្វីច្រើននោះទេ គាត់មានប្រសាសន៍ថាក្មេងដឹងច្រើនក៏មិនចម្រើនដែរ។ ខ្ញុំនិងបងកែវបានត្រឹមងក់ក្បាលយល់ព្រម។ រហូតមកដល់ពីរឆ្នាំបន្ទាប់នេះឯង ជំងឺរបស់ម្ដាយខ្ញុំចាប់រើឡើងវិញ ដោយអត់មូលហេតុ។ តែម្ដងនេះមិនមានអ្វីដែលអាចជួយម្ដាយរបស់ខ្ញុំបានទៀតនោះឡើយ ទាំងវិទ្យាសាស្ត្រនិងខាងអបិយជំនឿ។ មិនយូរប៉ុន្មានម្ដាយរបស់ខ្ញុំក៏បានចែកឋានទៅក្រោយបានស្នាក់នៅក្នុងបន្ទប់របស់មន្ទីរពេទ្យបានមួយយប់។ លោកគ្រូពេទ្យធំក្នុងមន្ទីរពេទ្យបានប្រាប់ថាម្ដាយរបស់ខ្ញុំអស់សង្ឃឹមនឹងព្យាបាលហើយ ឱ្យគ្រួសារសាច់ញាតិត្រៀមចិត្តត្រៀមកាយទៅ។

ខ្ញុំនិងបងកែវសម្រេចចិត្ត យកម៉ែត្រឡប់មកផ្ទះវិញទាំងអារម្មណ៍ក្ដុកក្ដួល ធ្វើដំណើរតាមផ្លូវ ម៉ែពាក់បំពង់អុកស៊ីសែនជាប់ច្រមុះគាត់ជាប់ ដង្ហើមចុងក្រោយរបស់ម៉ែៗមានប្រសាសន៍ឡើង ទាំងទឹកភ្នែកមុនគាត់រលត់ខន្ធទៅ នៅពាក់កណ្ដាលផ្លូវ៖ “កុំស្នងឱ្យសោះកូន!”​ អារម្មណ៍ម៉ែ គាត់នៅតែបារម្ភពីកូនទោះនៅដង្ហើមចុងក្រោយរបស់គាត់ក្តី។

<<ម៉ែ!! ម៉ែ!>> បងកែវដែលសន្លប់បាត់ស្មារតី ក៏ស្រាប់តែដឹងខ្លួនស្រែកហៅម៉ែឡើងភ្លាត់សំឡេង ទាំងទឹកភ្នែកហូររហាមជោកថ្ពាល់ទាំងសងខាងរបស់គាត់។ ឃើញបងខ្លួនបែបនេះ ខ្ញុំក៏អួលដើមកយំអួលអាក់ឱបបងកែវជាប់។

រសៀលជ្រេធ្លាក់ពន្លឺរស្មីព្រះអាទិត្យឱ្យកប់ចូលទៅក្នុងជើងមេឃដ៏សែនឆ្ងាយ…

<< បងកែវក្នុងខ្លួនបងបានធូរខ្លះទេ! >> ខ្ញុំសម្លឹងមើលបងកែវដោយក្ដីអនោច ស្រ្ដីវ័យ២៥ឆ្នាំរាងកាយសល់តែស្បែកដណ្តប់ឆ្អឹង សួរនាំមិនយល់គ្នាម្ដងៗ សួរថាចិត្តជាប្អូនដូចខ្ញុំកើតទុក្ខប៉ុណ្ណា?

<<បងធូរច្រើនជាងម្សិលមិញបន្តិចហើយ! >> និយាយដល់ពាក្យម្សិលមិញភ្លាម ទឹកមុខបងកែវប្រែជាអួលអាប់គ្មានរស្មី កែវភ្នែកទាំងសងខាងចាប់រលើងរលោងទឹកភ្នែកធ្លាក់មក។

<<បងកុំគិតច្រើនពេកគ្រប់យ៉ាងនឹងធម្មតាមកដូចដើមវិញ!>> ខ្ញុំស្រវាចាប់ដៃបងកែវយ៉ាងណែន ដើម្បីឱ្យគាត់ទុកចិត្តហើយស្ងប់អារម្មណ៍បាន។

<<ឯងមានដឹងទេថាម្សិលមិញបងបានមើលឃើញអ្វីខ្លះនោះ!>> បងកែវដែលសម្រាន្តលើកន្ទេលកក់ខាងលើផ្ទះ ស្រាប់តែស្ទុះម្នីម្នាក្រោកអង្គុយឆ្ងក់ ភ្នែករបស់គាត់ចោលសម្លឹងទៅមាត់ទ្វារផ្ទះមិនដាក់ភ្នែក ហើយស្រែកថាគេមកយកយើងហើយមិនឈប់សោះ។

<<បងបានឃើញអី!>> ខ្ញុំឆោឡោអស់ហើយក្នុងខ្លួន ពេលឃើញសភាពមិនប្រក្រតីរបស់បងកែវបែបនេះ តែខណៈនោះខ្ញុំក៏សម្លឹងទៅទិសតែមួយដែលបងកែវបានសម្លឹងទៅ ចង់ដឹងថាវាមានអ្វីឱ្យប្រាកដ។ តែ…

<< នេះកែវឯងកើតឆ្កួតអីទៀតហើយ! បានចេះតែសម្លឹងទៅមាត់ទ្វារហើយស្រែកផ្អើលគេផ្អើលឯងទាំងយប់ទាំងថ្ងៃបែបនេះ!>> ពុកដែលទើបមកពីដីទួលខាងក្រោយផ្ទះ ឡើងមកខាងលើផ្ទះ បានស្រែកគំហកឱ្យបងកែវ ធ្វើឱ្យបងកែវភ័យញ័រចំប្រប់ស្ងាត់មាត់មិនហ៊ានស្រែក ខ្ញុំវិញក៏គាំងដែរ។ ពុកខុសពីមុនស្រលះតាំងតែម៉ែបានស្លាប់ទៅ ពុកម្ដងក្ដៅម្ដងត្រជាក់ បែបថាពេលខ្លះគាត់មានរូបរាងជាឪពុករបស់ខ្ញុំមែន តែចរិកលក្ខណៈដែលគាត់បង្ហាញមកគឺដូចអ្នកដទៃ អ្នកណាមិនដឹងថាគាត់កំណាចឃោរឃៅគួរឱ្យខ្លាច។

<<បើតាមអញទើបបានសុខ!>> ពុកមានប្រសាសន៍ខ្លាំងៗ ដាក់បងកែវទាំងមុខមាំកែវភ្នែករបស់គាត់មុតស្រួចសម្លឹងមកបងកែវដូចចង់ហក់ត្របាក់។

<<ពុកមិនឃើញសភាពបងកែវទេឬ? ថាគាត់ធ្លាក់ខ្លួនឈឺកម្រិតណាហើយ! ម៉េចពុកនៅតែបង្ខំគាត់ឱ្យធ្វើតាមពុកទៀត! អារឿងស្នងខ្មោចព្រាយឆ្កួតឡប់នោះ!>> ខ្ញុំខំប្រមូលអារម្មណ៍ស្មារតីនិយាយតតាំងជាមួយពុក ព្រោះខ្ញុំមិនចង់ឃើញបងកែវត្រូវពិបាកជាងនេះ ហើយក៏មិនចង់ឱ្យពុកងប់ជឿរឿងអបិយជំនឿនេះជ្រុលហួសប្រមាណពេកដែរ។

<<ហ៊ានណាស់នាងឯង!>> ពុកស្រាប់ស្ទុះចូលមកច្របាច់ករបស់ខ្ញុំមួយទំហឹង លើកខ្ញុំផុតជើងពីរនៀបឬស្សីផ្ទះដោយដៃម្ខាងរបស់គាត់។ ខ្ញុំសឹងត្រដរខ្យល់ប្រវេសប្រវាចាប់ទាញដៃគាត់ចេញ តែគ្មានបានផលនោះទេ។ បងកែវក៏ចូលមកចាប់ជើងរបស់ពុកអង្រួនតិច មាត់គាត់ហារនិយាយតែបែរជាមិនឮសំឡេងទាល់តែសោះ ទឹកភ្នែករបស់បងកែវក៏ហូរសស្រាក់ងើយមុខសម្លឹងមើលពុក ដែលកំពុងចាប់ច្របាច់កខ្ញុំលើកឡើងទៅលើ។

<<ពុកលែងខ្ញុំទៅ!>> សំឡេងខ្ញុំខ្សាវៗផើតថតដង្ហើមដកមួយៗខ្សោយទៅៗ ទឹកភ្នែកដែលខ្សោះគ្មានជាតិអ្វីនោះក៏ហូរចុះមកអង្វរកដល់ពុក តែគាត់ដូចជាគ្មានប្រតិកម្មជាមួយសភាពរបស់ខ្ញុំទេ។ “ព្រោះគាត់មិនមែនជាពុករបស់ខ្ញុំឡើយ” កែវភ្នែកដែលខ្មៅសថ្លារបស់ពុកបានប្រែជាខ្មៅងិលគ្មានពន្លឺ ខ្លួនប្រាណរបស់ពុកខ្ញុំទាំងមូលប្រែជាខ្មៅស្គិលដូចក្របី ក្រចកដៃរបស់ពុកស្រាប់តែលូតវែងភ្លាមៗ មកខ្ញាំករបស់ខ្ញុំឱ្យដាច់រលាត់ចេញឈាមជុំវិញក។ បងស្រីរបស់ខ្ញុំចាប់លើកអំបោសមកវាយរូបកាយរបស់ពុកដែលមានពួកអមនុស្សចូលសណ្ឋិត។ បួនប្រាំអំបោសតែដូចជាគ្មានធ្វើអ្វីពួកព្រាយបិសាចនោះបានសោះ។ វារិតតែសង្រឺតធ្មេញឈោងដៃរបស់វាមកចាប់ច្របាច់កបងកែវលើកឡើងលើផុតខ្ញុំទៅទៀត។ ខ្ញុំទ្រាំទ្រលែងបាន កាយខ្ញុំកាន់តែខ្សោយទៅដង្ហើមដកលែងដល់គ្នាភ្នែកខ្ញុំក៏សន្សឹមបិទទៅម្ដងបន្ដិចៗ មើលឃើញត្រឹមព្រាលៗ កាយបងស្រីរបស់ខ្ញុំកំពុងប្រកាច់ដោយសារកម្លាំងអមនុស្សដែលក្នុងសណ្ឋិតក្នុងខ្លួនរបស់ពុក។ សំឡេងព្រះធម៌ឮល្វើយៗ បានដាស់សព្វសត្វដែលបានលង់លក់ក្នុងស្បៃរាត្រីកាលឱ្យភ្ញាក់ដឹងខ្លួនមកទទួលថ្ងៃថ្មី។ ខ្ញុំសន្សឹមបើកភ្នែកទាំងត្រដាបត្រដួសខ្សោះជាតិក្នុងខ្លួនដៃជើងកម្រើកមិនចង់រួច។ ខ្ញុំសម្លឹងមើលជុំវិញខ្លួនគ្រប់យ៉ាងគឺទទេរស្អាតគ្មានឃើញបងស្រីខ្ញុំគ្មានឃើញពុកខ្ញុំ គឺខ្ញុំមើលឃើញតែសម្បកផ្ទះគ្មានឃើញនរណាទាំងអស់។ តែថាទៅនេះមិនមែនជាផ្ទះរបស់ខ្ញុំទេ ខ្ញុំប្រវីប្រវាងើបពីលើកន្ទេលដើរតម្រង់ទៅមាត់ទ្វារឈានជើងបម្រុងចុះទៅខាងក្រោម។

<<ចៅដឹងខ្លួនហើយ! ម៉េចមិនសម្រាកបន្តិចទៀតសិនទៅ!>> លោកយាយផាតដែលជាយាយបង្កើតរបស់ខ្ញុំបានមានប្រសាសន៍ឡើង កាត់ផ្តាច់ការសូត្រព្រះធម៌របស់គាត់់ ពេលវត្តមានរបស់ខ្ញុំបានចុះទៅដល់ក្រោមផ្ទះ។

<<ខ្ញុំសម្រាកមានកម្លាំងល្មមហើយយាយ ឯងណាបងកែវ!>> ខ្ញុំរេភ្នែកមើលជុំវិញខ្លួនតែមិនឃើញវត្តមានរបស់បងកែវឡើយ។

<<កែវទៅវត្តជាមួយតារបស់ចៅ យកចង្ហាន់ទៅប្រគេនព្រះដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅទាំងប្រាំពីរសន្ដាន>> លោកយាយមានប្រសាសន៍បណ្ដើររៀបចំស្លាម្លូបារីដាក់លើជើងពានបណ្ដើរញាប់ដៃញាប់ជើង។

<<បងកែវលែងកើតអីហើយមែនទេយាយ!>> ខ្ញុំសឹងតែមិនជឿប្រសាសន៍លោកយាយថាបងកែវអាចទៅវត្តជាមួយលោកតាបាន។

<<កែវមិនទាន់ជានាដូចដើមប៉ុន្មានទេ! តែក៏គ្រាន់បើបន្តិច ទើបតាចៅចង់យកកែវទៅវត្តស្រោចទឹកធ្វើបុណ្យរំដោះគ្រោះព្រោះថ្ងៃនេះខែដាច់ផង!>>

<<ចុះពុករបស់ខ្ញុំ! គាត់យ៉ាងម៉េចហើយយាយ!>>

គ្រាន់តែនឹករំលឹកដល់ពុកភ្លាម បេះដូងខ្ញុំចាប់លោតបុកទ្រូងភឹបៗ គិតដល់រឿងដែលបានកើតឡើងកាលពីល្ងាចម្សិល។

<<ពុកចៅនៅឯផ្ទះឯណោះ! អាពុធវាខ្មោចចូលហើយបានចង់សម្លាប់កូនខ្លួនឯងបែបនេះ ម្សិលមិញបើគង់តែបានតាចៅទៅទាន់កុំអី… ហ៊ីយមិនបាច់រំលឹកទេចៅ! រឿងមិនល្អអោយវាកន្លងផុតទៅចុះ! ចៅមកនេះជួយយាយរៀបចំប្រដាប់ប្រដា សម្រាប់ធ្វើពិធីនាយប់នេះវិញប្រសើរជាង!>> ខ្ញុំមិនតបក៏មិនថាអ្វីនោះទេ ដើរសំដៅចូលទៅជិតលោកយាយជួយរៀបចំបាយសីប៉ាឆាមដាក់ដំរៀបតាមថ្នាក់តាមលំដាប់លំដោយ។ អារម្មណ៍ខ្ញុំគិតវែងឆ្ងាយណាស់មិនដឹងថាយប់នេះមានរឿងអ្វីកើតឡើងទៀតនោះទេ ព្រោះមើលទៅលោកយាយផ្ចិតផ្ទង់ក្នុងការងារមួយនេះណាស់។

រាត្រីកាលក៏ចូលមកដល់លោកយាយលោកតាបានរៀបរដាប់សែនព្រេនក្នុងពិធីរួចរាល់នៅខាងលើផ្ទះ។ គាត់ឱ្យខ្ញុំនិងបងកែវអង្គុយបត់ជើងលើកដៃសំពះបែរមុខទៅទិសខាងកើតបែរចំពីមុខ

ក្លោងទ្វារផ្ទះ។

<<យាយសូត្រអ្វីចៅទាំងពីរត្រូវសូត្រតាម! មិនឱ្យឆ្លើយឬនិយាយតជាមួយនរណាឡើយ ទោះបីចៅបានឮបានឃើញអ្វីក៏ដោយ! ចៅត្រូវតែធ្វើតាមយាយនិងតាប្រាប់តែម្យ៉ាងគត់!>>

<<ចាស!>> ខ្ញុំនិងបងស្រីឆ្លើយតបទៅយាយ

ម៉ោងដប់ពីររំលោងអាធ្រាតនាយប់នេះ គឺព្រះខែបាំងឆ័ត្រយោងតាមដំណើរនេះពពួកអមនុស្សមានអំណាចណាស់ បើយើងចាញ់ប្រហែលជាមានរឿងអាក្រក់កើតឡើងចំពោះគ្រប់គ្នាក៏មិនដឹង។ អំឡុងពេលរង់ចាំរាត្រីកាលចូលមកដល់លោកយាយរបស់ខ្ញុំបាននិទានរឿងរ៉ាវដែលម្ដាយរបស់ខ្ញុំធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ដែលវាមានជាប់ទាក់ទងនឹងពុករបស់ខ្ញុំ។

<<ពុកចៅបានជាប់សន្យាជាមួយពួកអមនុស្ស ដោយពុកចៅបានសន្យាថា បើម៉ែចៅជាពីជំងឺវានឹងថ្វាយចៅកែនេះ ជាអ្នកស្នងបន្តពីពួកអមនុស្សនោះ តែដោយម៉ែរបស់ចៅមិនព្រមឱ្យចៅកែវធ្វើជាអ្នកស្នង ទើបពួកអស់នោះវាខឹងយើងមិនគោរពសន្យា ទើបវាកាច់ម៉ែរបស់ចៅស្លាប់ភ្លាមៗ។ យាយនិងតាចៅចង់ជួយក៏មិនអាចជួយបានដែល ព្រោះពុកចៅជាអ្នកសន្យានឹងគេ។ ឥលូវយើងសងគេរួចហើយ បើពួកវានៅតែទាមទារទៀតយើងត្រូវតែប្រឆាំង រឿងពុករបស់ចៅយាយនិងតាបានហាមហើយហាមទៀតថាកុំឱ្យទៅបៀតពួកអស់នោះ វាល្អតែដំបូងទេបើមិនបានអ្វីតបស្នងទៅវាវិញនោះវាមិនសុខចិត្ដនោះទេ វានឹងធ្វើអោយយើងវិនាស!>> ខ្ញុំនិងបងស្រីអង្គុយស្ដាប់លោកយាយតំណាលទាំងព្រឺក្បាលខ្ញាក។ វេលាយប់ស្ងាត់ក៏ឈានចូលមកដល់ ផ្ទៃមេឃទាំងមូលប្រែជាគ្មានរស្មីពន្លឺព្រះចន្ទបាត់អស់ដួងផ្កាយ ចំហាយផ្សែងអ័ព្ទខ្មៅងងឹតបានចូលខ្លួនមកបាំងជិតពាសពេញអាកាស។

<<ដល់វេលាហើយចៅ!>>

លោកតាមានប្រសាសន៍ឡើងទ្រូងខ្ញុំភ័យញ័រទទ្រើក ចាប់ព្រឺក្បាលខ្ញាកស្រៀវឆ្អឹងខ្នង ខ្ញុំងាកទៅសម្លឹងមុខបងកែវ។ ផ្ទៃមុខរបស់បងកែវស្មើធេងស្ងប់ស្ងាត់ហាក់ហត់និងរឿង ដែលនឹងត្រៀមកើតក្នុងពេលបន្តិចទៀតនេះណាស់។ បងកែវនិងខ្ញុំចាប់ប្រណមដៃឡើងបែរមុខទៅមាត់ទ្វារ មាត់ចាប់សូត្របាលីតាមលោកយាយ។

<<អាឯងខ្លាំងណាស់ហ៊ានចាប់សំណែនរបស់អញ!>> សម្លេងស្រែកសន្ធឹកសឹងបែកក្រដាសត្រចៀកខ្ញុំទៅហើយ ខ្យល់បក់វឹបមួយទំហឹងបើងរបើកទ្វារផ្ទះ ខ្យល់ជំនោររាត្រីបក់មកប៉ះកាយរបស់ខ្ញុំ ធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ញាក។ ខ្ញុំខំសម្លឹងចូលក្នុងស្បៃងងឹតចង់ដឹងថាជាសំឡេងរបស់នរណា…

<<ឱ្យអ្នកស្នងអញមកវិញ!>> សំឡេងនោះក៏លាន់ឡើងជាថ្មីម្តងទៀត ខ្ញុំស្រាប់តែឃើញពុករបស់ខ្ញុំដើរសំដៅមករកខ្ញុំនិងបងកែវឡើងអំណាច។

តែពុកអត់មានមុខនិងមាត់ទេ មានតែភ្នែកមួយគូខ្មៅស្គិលលានចេញមកក្រៅសម្លឹងមើលមកខ្ញុំនិងបងកែវ ទាំងមានឈាមខ្មៅហូរចេញពីភ្នែករហាម។ ខ្ញុំសម្លឹងមើលបងកែវតែគាត់ហាក់គ្មានប្រតិកម្មនឹងទិដ្ឋភាពនៅខាងមុខគាត់នេះសោះ គឺសភាពបងកែវនៅស្ងៀមទ្រឹងភ្នែកទាំងគូក៏សន្សឹមបិទ មាត់នៅសូត្របាលីតិចៗ តាមលោកយាយសឹងស្ដាប់មិនបាន។

<<ក្រាបក្បាលរបស់ចៅទាំងពីរនាក់ទៅដល់រនៀបផ្ទះទៅចៅ! កុំមើលកុំស្ដាប់ពុកចៅនិយាយអី! ព្រោះពេលនេះពុកចៅត្រូវពួកអមនុស្សបញ្ជារបានហើយ!>> ចប់ប្រសាសន៍លោកយាយ ខ្ញុំនិងបងកែវក៏ក្រាបក្បាលដល់រនៀប។

<<ឆាប់ចេញពីកូនចៅយើងទៅ! មនុស្សនៅដោយមនុស្សខ្មោចនៅដោយខ្មោច! យើងមិនបំពានគ្នា!>> លោកតាស្រែកខ្លាំងៗ ដាក់ពពួកអមនុស្ស។

<<អញមិនទៅណាទាំងអស់! បើអញមិនបានអ្វីដែលជារបស់អញត្រឡប់មកវិញ!>> ពួកបិសាចដែលនៅក្នុងខ្លួនពុករបស់ខ្ញុំស្រែកគំហកបកមកលោកតាវិញ។

<<លោកខែបាំងឆ័ត្រហើយតាវា!>>

<<ចៅត្រូវទ្រាំឱ្យបាន!>>

ខ្ញុំនិងបងកែវងក់ក្បាលតបទៅលោកយាយវិញ។ ខ្យល់បក់បោកចូលមកខាងក្នុងផ្ទះកាន់តែខ្លាំង សំឡេងសម្រឹបជើងធ្ងន់ៗ ដូចដំរីដើរចូលមកខាងក្រោមផ្ទះរបស់លោកតាលោកយាយ។ ខ្ញុំខំឱនមើលតាមចន្លោះរនៀបផ្ទះចង់ដឹងថាជានរណា អត់មានមុខមាត់ទេ មានតែភ្នែកម្ខាងលានធ្លាក់មកខាងក្រៅ ងើយមើលមកខ្ញុំទាំងភ្នែកមានឈាមហូរកក្លាក់។ ខ្ញុំប្រហោងពោះធ្លុង ខ្លួនញ័រដូចកូនសត្វ ខាំមាត់មិនហ៊ានស្រែក។ ពួកនោះឈរស្ទង់ៗ ខ្មៅក្រិបនៅខាងក្រោមផ្ទះ មាត់ខ្ញុំសូត្របាលីតាមលោកយាយញ័រតតាត់។

<<បិទភ្នែករបស់ចៅទៅចៅកែវសី!>> ចប់ប្រសាសន៍របស់លោកយាយខ្ញុំប្រឹងបិទភ្នែកទាំងញ័រទ្រូង តែអារម្មណ៍នៅតែទទួលដឹងថាពួកវានៅតែសម្លឹងមើលមកខ្ញុំដដែល។

<<អញនឹងឱ្យពួកឯងវិនាស!>> ក្លិនស្អុយរលួយឆ្អាបឈាមឈួលពេញច្រមុះរបស់ខ្ញុំគួរឱ្យរអើមចង់ក្អួត។ លោកតាសូត្របាលីលាន់រន្ថើន ពពួកអមនុស្សវានាំគ្នាស្រែកទ្រហឹងអឺងអាប់ស្ទើរតែខ្ញុំទ្រាំលែងបាន។

<<ទ្រាំឱ្យបានចៅ …!>> ខ្ញុំមិនដឹងទ្រាំបានប៉ុន្មានទៀតនោះទេ ព្រោះពួកវាធ្វើទុក្ខបុកម្នេញក្នុងអារម្មណ៍ខ្ញុំណាស់សឹងតែផុតផើយ។

<<ក្ដៅ!ក្ដៅណាស់!>> បងកែវដែលបាត់មាត់បាត់កមិនស្ដីយូរមកហើយនោះ ស្រាប់តែស្រែកឡើងមួយទំហឹងហើយគាត់ក៏ប្រកាច់ដូចគេស្រោចទឹកក្ដៅលើរនៀលទៅមកនៅនឹងមុខខ្ញុំ។

<<នៅឱ្យស្ងៀមចៅកែវសី!>> លោកយាយស្រែកហាមខ្ញុំ ពេលខ្ញុំចង់ស្ទុះងើបទៅជួយបងកែវ។

<<បើនិយាយមិនស្តាប់គ្នាទៅហើយ! យើងក៏មិនអនុគ្រោះឱ្យពួកឯងដែរ!>> ថាហើយលោកតាបានសូត្រគាថាអ្វីមិនដឹងប្រាំពីរចប់ ក្ដាប់អង្គរមួយក្ដាប់បាចទៅលើបងស្រី។ បងកែវដែលក្ដៅប្រកាច់ដូចអន្ទង់អាំង រាងស្ងប់ត្រជាក់លែងប្រកាច់។ លោកយាយដើរចូលទៅជិតបងកែវយកកំបោរសគូសសញ្ញាជើងក្អែកនៅលើថ្ងាសរួច បែរជាពពួកអមនុស្សដែលចូលសណ្ឋិតក្នុងខ្លួនឪពុករបស់ខ្ញុំ វាស្រាប់តែស្រែកយំប្រកាច់ដូចគេចាក់ក ពួកវាស្រែកអង្វរលោកតារបស់ខ្ញុំឱ្យឈប់សូត្របាលីទៅព្រោះវាក្ដៅទ្រាំមិនបានទេ៖

<<ឈប់សូត្រទៅ! ឈប់សូត្រ!>>

<<វិនាសទៅ! រលត់ទៅ! វិនាសទៅ! រលត់ទៅ! វិនាសទៅ! រលត់ទៅ!>> លោកតាសូត្របីដងចប់ ខ្យល់បក់វឹបមួយទំហឹង សម្រែកស្រែកគ្រលួចរបស់ពពួកអមនុស្សក៏រលត់ទៅ។ ព្រះខែបាំងឆ័ត្រមុននេះ បានប្រែជាមានពន្លឺរស្មីបំភ្លឺសត្វលោកម្ដងទៀតដោយអបដោយដួងតារារាប់ពាន់រះជុំវិញ។ខ្ញុំភ័យផងយំផងស្ទុះងើបចូលទៅត្រកងកាយបងកែវដែលសន្លប់ស្តូកស្តឹង អង្រួនហៅយ៉ាងណាក៏គាត់នៅមិនដឹងខ្លួនដដែល។

<<គ្រប់យ៉ាងប្រសើរហើយ! យើងឆ្លងផុតហើយ! វិញ្ញាណអាក្រក់ក៏រលត់ហើយ!>> ស្ដាប់ប្រសាសន៍របស់លោកតារួច ខ្ញុំប្រឹងញញឹមទាំងទឹកភ្នែកហូរសស្រាក់ គ្រួសារខ្ញុំឆ្លងផុតហើយ។ កាយឪពុករបស់ខ្ញុំដេកស្ដូកនៅលើដីក្រោមពន្លឺដួងព្រះចន្ទ្រា។ ការចង់បានអ្វីមួយដែលមិនស្ថិតក្នុងផ្លូវល្អ វារមែងតែងទាមទារឱ្យមានការដោះដូរ ហើយចុងបញ្ចប់វាក៏ត្រូវមានការបាត់បង់៕