រឿង មនុស្ស​ក្បត់

គ្មានអ្នកណណាកើតមកលើលោកនេះ ហើយត្រៀមខ្លួនស្រេចបាច់សម្រាប់ទទួលយកការឈឺចាប់នោះទេ! ខ្ញុំ​មិន​ប្រាកដ​ថា ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បីឱ្យគេបោកចិត្ត​ដែរ។

ខ្ញុំជាកូនប្រុសម្នាក់ដែលធំមកដោយភាពស្មោះត្រង់។ ខ្ញុំដឹងថា ​ខ្ញុំអត់មានលុយច្រើនក៏មិនសង្ហាដូចK-pop ​ពិបាកដែរក្នុងការរកបានមនុស្ស​ស្មោះម្នាក់មកបណ្តើរ​សមរម្យ​នឹងគ្នា ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ប្រសិន​បើ​ខ្ញុំ​មិន​ព្យាយាមរក របស់ល្អ ខ្ញុំមិនបានមកជាកម្មសិទ្ធិឡើយ។

«ទីនញញឹមអត់ពេលឃើញឈ្មោះខ្ញុំផុសរូប​ពីរនាក់យើង!​ ចង់និយាយថា ពេលឃើញ​រូបពីរនាក់យើង​ក្នុងទូរសព្ទរបស់ទីន?»

«ផុសពីអង្កាល់?»

ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ទីនខ្លាំងឡើងៗ។ គេ​ជាសិស្ស​ចូលថ្មី ផ្ទះនៅកោះកុង។ គេស្អាតដូចកូនកាត់ថៃ ចង្កាស្រួច​សក់វែងរលូន រាងរាវ។ មិត្ត​ភាព​របស់​យើងក់តឡើងតាមខ្សែបេះដូង និយាយគ្នាបានតិចបំផុត។

«រូបម្សិលមិញ​កាលទៅ​បោះជំរុំនោះ! ខ្ញុំCrop អ្នកផ្សេងចេញអស់ហើយ!»

«ផុសចឹងៗប្រយ័ត្នគេបង្អាប់!» ទីនឈែតមកខ្ញុំតវ៉ា​។

«ចង់ឱ្យគេបង្អាប់ហ្នឹងឯង!»ខ្ញុំសរសេរឈែតទាំងសើចម្នាក់ឯងស្ងួតជើងធ្មេញទៅហើយ។

«អាក្រក់ណាស់!» នាង​សរសេរមក។

«តួអាក្រក់បានស្រីស្រលាញ់មែនអត់?»

«អ្នកណាប្រាប់! ប៉ូលិស​ស្រលាញ់បានត្រូវ!» នាង​ដាក់រូបសើចមក។

រូបមួយនោះ ជា​រូបដំបូង​នាង​ផ្ញើមក ហើយ​វាជាប់ស្អិត​ពេញបេះដូងខ្ញុំ។ ​ខ្ញុំនៅទីរទើរចុងម្រាមដសនេះ ញ័រ​​ចុះឡើង ប្រុងតែដាក់រូបបេះដូងមួយសងទៅភ្លាម​ គ្រាន់​តែមិនហ៊ាន។

«មិនមែនជាកំហុសរបស់ខ្ញុំទេ !»

«ចង់ថាម៉េច?!»នាងបន្តឈែតមកទៀត ។ នេះមានន័យថា ​គេ​មានពេល​វេលា​សម្រាប់ខ្ញុំ និង​សម្រាប់​ស្នេហាមួយ​នេះ? …​នេះជាចំងល់ដែលដុតសន្ធំទ្រូងខ្ញុំឱ្យក្តៅងំទៅដោយ​រងើគភ្លើងស្នេហ៍។

ខ្ញុំសរសេរយ៉ាងញាប់តបនឹង​នាង​៖

«មិនមែន​កំហុស​ខ្ញុំទេ​ដែលលួចស្រលាញ់កូនគេ!»

«កូនអ្នកណា?!»

«កូនស្រីគេ!»

«អ៊ីចឹងកំហុសអ្នកណាវិញ?!»

«កំហុសកូនគេ​ដែលមកល្អៗឱ្យខ្ញុំស្រលាញ់!»

«ចិត្ត​ងាយខ្លួនឯងដឹង!»

«ចិត្ត​នេះងាយតែជាមួយមនុស្សម្នាក់គត់!»

គេហាក់ស្ងាត់ឬរវល់ធ្វើការផ្ទះ​មិនដឹង ក៏មិនឃើញឈែតមក​ទៀត ខ្ញុំរង់ចាំដោយអន្ទះសារពេក ក៏សរសេរបន្ត៖

«រាល់ពេលដែលខ្ញុំឃើញទីនញញឹម ជីវិតខ្ញុំដូចថែមបានអុកស៊ីសែនមកដកដង្ហើម! ដូចធូរទ្រូង​ដូចសប្បាយរំភើបម៉េចមិនដឹងទេ! »

«កវីហ្មែន?!»នាង​សួរមកខ្លី ឯខ្ញុំសរសេរវែងៗ។

«កំពុងរៀបចំផែនការសម្រាប់អនាគតជាអ្នកនិពន្ធរឿងស្នេហ័ម្នាក់! ហើយចង់សួរថាតើអ្នកណាទៅចង់ក្លាយជាតួឯកស្រី​ក្នុងបេះដូង​អ្នកនិពន្ធម្នាក់នេះឱ្យបាន​ រៀងរហូតនោះ?»

«មិនដាក់ស្លាកហើយអង្គុយ​សួរនៅវត្តភ្នំ?»

«ស្អែកទីនទៅវត្តភ្នំហ្មែន បើទីនទៅ​ខ្ញុំខ្លាចអីព្យួរសា្លកហ្នឹងជាប់កចាំនៅហ្នុង!»

«គ្មានពេលទេ! រវល់ណាស់ ហើយខ្ចិលមើលផង​ពិបាកភ្នែកពេក គ្រាន់តែស្រមៃ​ក៏អនោចអធម៌ដែរ!»

«អាណិតធំជាងស្រលាញ់ណ៎ា!»

«អ្នកណាថាអាណិត!»

«សួរខ្លួនឯងម្តងទៀត អាណិតខ្លះអត់?!»

ខ្ញុំគិតថា ទីនជាមនុស្ស​ស្រី​ដ៏មាន​ចិត្ត​​សប្បុរស​ម្នាក់ដែល​តែង​ធ្វើឱ្យខ្ញុំក្លាយជាមនុស្សមានសង្ឃឹម​ជាងមុនរាល់ពេលបាននិយាយជាមួយនាង។ គេអាចឈប់ឈែតព្រោះយប់ជ្រៅ តែ​ខ្ញុំមិនដែល​ឈប់នឹកគេទេ។ គេ​​ប្រហែល​ជាកាយ​​នៅ​ឆ្ងាយ​ពី​ខ្ញុំ ប៉ុន្តែ​តាំងពី​ថ្ងៃដំបូងៗ គេ​​មិន​ដែល​របូត​ចេញទៅណា​​ពី​គំនិត​ខ្ញុំ​ឡើយ។ គេស្អិត​នៅទីនេះ​ទៅហើយ បេះដូង​ខ្ញុំ ការគិត​របស់ខ្ញុំ សង្ហើមខ្ញុំ និង​ជីវិត​ខ្ញុំ។

ថ្ងៃនេះ ក្រុមសិស្សពូកែ​ដូច​ពួកយើង ត្រូវបាននាយក ​នាំគ្នា​ចុះកម្មសិក្សា​នៅក្រុមហ៊ុនម្សៅមីធំមួយ​របស់បរទេសក្បែរព្រំដែនវៀតណាម​។ ពេល​មក​ដល់​ផ្ទះវិញ ​ត្រូវហត់ខ្លាំង​ព្រោះជិះឡាន​សរុបជាង៥ម៉ោងទាំងទៅនិងមក​។

«​ត្រៀម​ខ្លួនទៅ ​មិនដល់មួយវិនាទីទៀតទេ ខ្ញុំ​នឹងនឹកទីន​​ខ្លាំង!» ខ្ញុំសរសរទៅគេ សូរសារលោតទីនៗលើទូរសព្ទគេដែលនៅអង្គុយជួរ​ពីមុខខ្ញុំខាងឆ្វេងដៃ។

ពេលនោះឡានBus ឈប់មុខសាលាហើយ​សិស្សៗប្រញាយគ្នាចុះ គេងើបមុខសម្លឹងមកខ្ញុំតាមកញ្ចក់ពេលឃើញសារខ្ញុំ។ ខ្ញុំទាញមួកគ្របបាំងភ្នែក​ តែមាត់ខ្ញុំញញឹមដាក់គេ។

​«ខ្ញុំមិនអាចឈែតលេង​ទេ​យប់នេះណា៎សាល!»

វិសាលជាឈ្មោះរបស់ខ្ញុំ។​

«រវល់អី? ខ្ញុំ​អាច​​ចាំទីន​បាន រាប់​ម៉ោងក៏ដោយ​​រហូត​ដល់​ទីនលែងរវល់!»

«កុំស្អិតដូចតាំងម៉ែ!»

«អត់ទេ គឺដូច​កាហ្វេ ស្គាល់អត់ កាហ្វេដែលញៀនខ្លាំង !»

«មិនដែលញាំ​ផង​អត់ដឹងទេ!»

«សាកទៅ!វាផ្ត ល់ថាមពលឱ្យយើងពេញមួយថ្ងៃ!»

ខ្ញុំតែងតែគេងលក់ស្រួលពេលអានសារទាំងអស់របស់គេ ទោះអានឡើងស្ទាត់ហើយ នៅតែអាន។

​មានមិត្តម្នាក់ឈ្មោះតុង គេប្រាប់ខ្ញុំថា កុំស្រលាញ់ស្រីស្អាតពែក ​នឹង​​សោក​ស្តា​យ​ដែល​មិន​បាន​ក្លាយជាការពិត​ព្រោះមិត្ត​ដឹងថា ខ្ញុំនេះ​ជាប្រុសស្មោះ។

«មនុស្ស​ដូច​យ៉ាទីន មានសង្សារមិនមែនម្នាក់ទេអាសាល!»

ខ្ញុំខឹងនាង​ថែមទាំងខឹងដល់សម្តីតុង តែខ្ញុំនៅតែបន្ត​ដូច្នេះដដែល។ គ្មានព្រះឥន្ទមកពីភពព្រះអង្គារ៍ណា អាចហាមឃាត់បេះដូងខ្ញុំឡើយ។

យ៉ាងហោចណាស់នៅចុងបញ្ចប់នៃរឿងស្នេហ៍យុវវ័យមួយនេះ មិនថាវាបញ្ចប់ឡើង​ដោយរបៀបណា ខ្ញុំអាចនិយាយបាន​ថា ខ្ញុំបានព្យាយាមគ្រប់សព្វបែបយ៉ាងហើយ​ ក្នុងការ​ផ្តល់នូវក្តីស្រលាញ់ និងចិត្ត​ស្មោះចំពោះ គេហ៍។

ជាងមួយ​ឆ្នាំ​កន្លង​ទៅ ស្នេហា​និងការ​សេពគប់គ្នា​ចិត្តនឹងចិត្ត​​​ជាមួយ​គេ​ ខ្ញុំ​បាន​រៀន​ច្រើន​ណាស់។ ជាលើកដំបូង​ដែល​ខ្ញុំរៀន​អំពីបេះដូង​ខ្លួនខ្ញុំ អំពីទំនាក់ទំនងក្នុងនាមបថមវ័យ ក្រោយមក​ក្នុងនាម​ ជាមនុស្សពេញវ័យ ចុងក្រោយ​ខ្ញុំបានដឹងច្បាស់អំពី ផលនៃស្នេហា។

 ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ជា​ប្រភេទ​មនុស្ស​ដែល​ស្រលាញ់​គេពិត​ៗ ។  នៅពេលដែលខ្ញុំស្រលាញ់ ឬខ្វល់ពីនរណាម្នាក់ ខ្ញុំទុកឱ្យពិភពលោកទាំងមូលរបស់ខ្ញុំស្ថិតនៅក្រោមអំណាច​របស់គេ។

 នោះហើយជាអ្វីដែលខ្ញុំបានធ្វើជាមួយទីន។

នាង​បាន​ចូល​មក​ក្នុង​ជីវិតក្នុងនាម​ជាសង្សារដំបូង​បង្អស់ ​ក៏ជា​ពេល​ដែល​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់ឈឺនៅឡើយ​ខ្ញុំមិនជឿ​ថាមនុស្ស​ដូចគេ នឹង​អាច​ធ្វើឱ្យខ្ញុំឈឺចាប់ទេ។

​យើងធ្លាប់ចំណាយពេលតែពីរនាក់ គេឱ្យខ្ញុំឱបនិងថើប តែមិនដែលធ្វើអ្វី​លើសនេះទាំងអស់។ ភាព​​ជាកូនស្រី​ត្រឹមត្រូវ​ និង​មនុស្សល្អ ទន់ភ្លន់ម្នាក់ ​ ​ដែល​ខ្ញុំ​ជក់​ចិត្តឱ្យតម្លៃ ជឿថា​ជា​បុគ្គលិកលក្ខណៈ ទាក់ទាញនិង​គួរឱ្យស្រលាញ់ ហាក់ដូចជាល្អពេកសម្រាប់ស្រមៃ និង​ខ្ញុំព្យាយាមយ៉ាងខ្លាំង​ដើម្បីក្លាយឱ្យសុបិន​អនាគត​នៃពីរនាក់យើង​ ក្លាយមក​ជាការពិត។

នៅពេលដែលយើងចាប់ផ្តើមនិយាយ​ដល់រឿងអនាគត និងចង់ស្គាល់គ្រួសារ​ទាំងសង ស្រាប់តែទីន​បញ្ជាក់យ៉ាងច្បាស់ថា គេ​«មិនទាន់ចង់»។

ល្ងាចនោះ ខ្ញុំចាប់ផ្តើមពិបាកចិត្ត​។

គេដូចជា​មិនចង់បានឱ្យទំនាក់ទំនងយើងក្លាយជាអនាគតទេ?

ក្រែងគេជាភាគីខាងស្រី? ហេតុអ្វីគេ​និយាយមើលតែប្រុស?

ខ្ញុំ​គិត​ថា​អាច​មក​ពី​គេ​​ភ័យ​ខ្លាចអ្នកផ្ទះ​ ឬ​ខ្លាច​ខ្ញុំធ្វើឱ្យ​បេះដូង​គេ​​រង​របួសព្រោះខ្ញុំនៅក្មេង​ ខ្លាចពេលគេលង់ជ្រៅ ជឿជ្រៅ​គេនាំខ្ញុំទៅផ្ទះ ក្រែងខូចឈ្មោះគេ?

គ្រប់យ៉ាង​ជាល្ខោន​ដែលខ្ញុំបានខិតខំសរសេរឡើងមកកុហកចិត្តខ្លួនឯង។

តាមពិត​ឥឡូវនេះខ្ញុំដឹងថា ដោយសារតែគេជាមនុស្ស​មាន​ ទំនាក់ទំនងច្រើន  យ៉ាងហោចណាស់អាចនិយាយបានថា​សង្សារ​ដូចខ្ញុំនេះ​គេមានមិនក្រោម​១០នាក់ទេ​តែនៅក្រៅបេះដូងទាំងអស់។ គេ​មិនមែនជាមនុស្ស​ប្រភេទដែលយកស្នេហា​ជាការពិត ឬចង់បានគូអនាគតនៅឡើយ។

«បងចង់ឱ្យរឿងយើងក្លាយជាអនាគត​ច្បាស់!»​ខ្ញុំនិយាយត្រង់ៗជាមួយ​គេ​។

«យើងនៅក្មេងណាស់ គិតវែងឆ្ងាយម៉េះ?!»គេហាក់តបមកហីៗនឹង​ទុក្ខព្រួយរបស់ខ្ញុំ។

«ឬទីនមានអ្នកផ្សេង?»

«ខ្ញុំមិនចូលចិត្ត​សំណួរសាលឯងទេ!​ សំណួរមួយនេះសាលឯងគ្មានសិទ្ធិមកសួរដាក់សម្ពាធខ្ញុំទេ! ​យល់?»

មនុស្ស​ខ្ញុំ​​ស្មោះ​ត្រង់​នឹង​គេ​ពេក បានជា​គេមិនសូវខ្វល់ខ្លាចបាត់បង់ខ្ញុំ? និយាយ​ត្រង់​ទៅ​​ភាពព្រងើយកន្តើយ​របស់គេ ពិត​ជា​ឈឺ​ខ្លាំង​ពេកណាស់។ វា​មិន​យុត្តិធម៌​ទេដែល​ ខ្ញុំនៅតែប្រកាន់យក ចិត្ត​ស្នេហ៍មួយនិងមួយ​រហូតមក​ឯគេវិញ មិនបានធ្វើដូចយើង។

ខ្ញុំនៅតែបន្តភាពជាមនុស្សស្មោះជាមួយ​គេ ព្រោះខ្ញុំសង្ឃឹមថាអ្វីៗនឹងផ្លាស់ប្តូរ ប៉ុន្តែក្រោយមក ពេលខ្ញុំធំដឹងក្តី​គ្រប់គ្រាន់ ខ្ញុំទើបនឹង​រៀនពីការឈឺចាប់ នូវពាក្យ​ដ៏សំខាន់មួយ​ថា «យើង​មិនអាចផ្លាស់ប្តូរចរិត​មនុស្សមិនស្មោះម្នាក់បានទេ! ខ្ញុំមិនអាចផ្លាស់ប្តូរទីនដោយធ្វើជាអ្នកស្មោះមុន​បានទេ ហើយខ្ញុំក៏មិនអាចផ្លាស់ប្តូរស្ថានភាពរបស់ស្នេហា​បរាជ័យមួយនេះបានដែរ!»។

 ខ្ញុំគ្រាន់តែអាចផ្លាស់ប្តូរខ្លួនឯង និងស្ថានភាពដែលខ្ញុំជ្រើសរើសសម្រាប់ជីវិតយុវវ័យ​។

កាលពីដំបូង​ៗហេតុតែស្រលាញ​ អ្នកខ្លាំង​ ខ្ញុំបាន​ជ្រើសរើសយកដំណោះស្រាយ​មិនសមហេតុសមផលមួយ​គឺ​ ព្យាយាមយល់ចិត្ត​អ្នក និងមិនអើពើវពីអំពើ​ក្បត់របស់អ្នក។

ប៉ុន្តែខ្ញុំមិនអាចបន្តទៀតទេនៅពេល​អ្នកនៅជាមួយប្រុសផ្សេង​ទាំងមិនដាច់ស្រេចពីខ្ញុំ។

«យើងអាចបន្តប្រសិនបើជាសាល​ចង់​ព្រោះគ្រប់គ្នាមានជម្រើស​សម្រាប់ស្គាល់ចិត្តគ្នា​!»

គេនិយាយបែបនេះពេលយើង​ចូលមហាវិទ្យាល័យឆ្នាំទីមួយ​គឺ គេ​អាចមានខ្ញុំផង​បន្ត​រកមើលអ្នកផ្សេង​មកធៀបនឹងខ្ញុំផង។

ខ្ញុំចូលចិត្ត​បទចម្រៀង កង់សាគួររបស់ថេណា តែក្នុងជីវិតពិត ខ្ញុំមិនអាច​ធ្វើបានទេ​កង់សាគួរបែបនេះ ព្រោះវាឈឺ ឈឺពេកហើយ​។

ពេលនេះខ្ញុំស្គាល់ចិត្តទីន​ច្បាស់! ឈែតចុងក្រោយ​របស់គេ គេពន្យល់ខ្ញុំថា «ខ្ញុំគ្រាន់តែចង់ឱ្យសាលដឹងថា អ្វីដែលពួកយើងមាន​កន្លង​មកគឺ​មាន​តម្លៃខ្លាំង​​សាលពិ​តជា​បាន​ ចូលមកក្នុងជីវិតរបស់ខ្ញុំ បេះដូងរបស់ខ្ញុំពិតជាមានសាល សាលជាមនុស្ស​ល្អ​ប៉ុន្តែ​ប៉ុណ្ណឹង​មិនទាន់អាច​កសាង​គ្រួសារមួយបានទេសាល! អរគុណ​​គ្រប់​យ៉ាង​ហើយ យើងទុកឱ្យពេលវេលា​សម្រេច​!​ហើយ​ជា​ខ្ញុំមាន​មនុស្ស​ច្រើន​ដែលខ្ញុំ កំពុងសិក្សា​ខ្ញុំមិនបានខូចខាតអីនោះទេ​តែ​ខ្ញុំត្រូវការ​ជ្រើសរើសអនាគត​មួយ ដែលមាន​សភាព​ល្អជាងអ្វី​ដែលខ្ញុំឃើញរាល់ថ្ងៃ!»

គេនិយាយពិរោះជាងខ្ញុំដែលប្រុង​ធ្វើជាអ្នកនិពន្ធផង។

តែគេកុហក!

គេកំពុងទាក់ទងជាមួយកូនថៅកែលក់អចលនទ្រព្យម្នាក់។

គេ​រក្សាទំនាក់ទំនងជាមួយ​ខ្ញុំនេះ ព្រោះក្នុងករណីថា បើជាមួយ​អ្នកខាងណោះបរាជ័យ ​គេនៅមានខ្ញុំដែរ​?

ណ្ហើយស៊ូទ្រាំនឹងការកុហក ការឈឺចាប់ និងភាពមិនសមហេតុផលទាំងអស់តែងមានព្រំដែនមួយ។

នាងឆ្កួតនិងលុយកាក់ ហ៊ឺហាររបស់គេ  ហើយបើខ្ញុំនៅរង់ចាំគឺខ្ញុំកំពុងឆ្កួតនិងមនុស្ស​ស្រីដូចនាង​។

នាង​ស្គាល់គេក្រោយខ្ញុំ អ្វីៗទាំងអស់នោះដែលយើង​សាងមករួមគ្នា​និងការរេគំនិត​ថ្មី​របស់ទីន ខ្ញុំអាចហៅនាង​ថាមនុស្សក្បត់បាន!

​ទោះខ្ញុំមិនដែល​ចង់បាន​អ្វីពី​មនុស្ស​ស្រី​ដែលខ្ញុំស្រលាញ់ យ៉ាងហោចណាស់ ខ្ញុំសមនឹងទទួលបានភាពស្មោះត្រង់។

តើ​មាន​រឿង​បែប​នេះ​កើត​ឡើង​ហើយបើខ្ញុំ ​នៅ​តែ​​ធ្វើ​ពើ​បន្ត​ស្រលាញ់ទីន នាងកាន់តែយល់ថា ខ្ញុំជាមនុស្ស​ឆោតល្ងង់ឬសម​ណាស់ដែលទីនមិនឱ្យតម្លៃ។

អរគុណ​ដែល​អ្នកឱ្យ​ខ្ញុំបាន​ដឹងច្បាស់​ថា អ្វីទៅ​ដែលធ្វើឱ្យ​ខ្ញុំគ្មាន​តម្លៃ។ គឺនៅពេលខ្ញុំស្រលាញ់ ប៉ះមនុស្ស​អាត្មានិយមម្នាក់។

ពេល​វច្ចនានុក្រមខ្ញុំ វិភា​គថា ទីនជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែ មនុស្សសំខាន់បំផុតក្នុងពិភពលោកទីនមិនមែនខ្ញុំ។

មិនថាយើងបែកគ្នា​ ឬខ្ញុំចាកចេញពីអ្នក ខ្ញុំនឹងនឹកទីនយូរណាស់ មិនដឹងពេលណាបានឈប់នឹក​ហើយកាត់ចិត្ត​បាននោះទេ ក៏ខ្ញុំនឹងទៅ។

រូបអ្នកក្លាយជាអ្វីមួយដែលខ្ញុំមិនអាចលុបឬបញ្ចប់បានហើយ​ ខ្ញុំ​នឹង​មាន​អារម្មណ៍​ខូច​ចិត្តប៉ុន្តែ​វាប្រសើរជាងនៅ​បន្ត​ជាមួយ​ភាពក្លែងក្លាយ​រង់ចាំថ្ងៃដែល​អ្នកចាកចេញ​។

 ជា​បណ្តើរៗ ​ខ្ញុំធ្វើជា​​មិន​អើពើ​ ឬឈែតទៀត ​ទាំងចិត្ត​នៅនឹកពន់ពេក រហូត​ខ្ញុំ​ស្អប់​ការស្គាល់អ្នក ​និងរឿង​កន្លងមក​របស់ពួកយើង​ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត 100% ដោយ​ដឹង​ថា ​ខ្ញុំ​នឹង​មិន​ប្រគល់​ខ្លួន​ឱ្យ​ទំនាក់ទំនង​ក្លែងក្លាយមួយដែល​មិន​សក្តិសមមកកាត់ក្តី​​ជីវិតនិងអនាគត​​របស់​ខ្ញុំទៀតនោះទេ។

 ថ្ងៃណាមួយ អ្នកនឹងក្លាយជាអតីត​កាល​ក្នុងជីវិតខ្ញុំ។ ជាអតីតកាលដែលគ្មានតម្លៃអ្វី​លើសពីមេរៀនសម្រាប់សរសេរសៀវភៅ​មួយក្បាលឡើយ។

អនុស្សាវរីយ៍​ដែល​ខ្ញុំ​ទទួល​បាន​ពីទីនគឺ ពី​មនុស្សដ៏អស្ចារ្យម្នាក់ដែលមានពន្លឺផ្តល់ក្តីសង្ឃឹម​ក្រោយមក​ក្លាយជា​សភាវៈមិនស្មោះត្រង់ដែលអាត្មានិយម​និងគ្មាន​តម្លៃ។

មនុស្ស​ដែល​មិនឱ្យ​តម្លៃ​លើ ភាព​មិន​ស្មោះត្រង់ថ្ងៃណាមួយ​អ្នកនឹង​ដួលក្រោកលែងរួចដោយ​សារការរស់នៅជាមួយ​អំពើក្បត់។

ខ្ញុំពិតជាសង្ឃឹមថា អ្នកបាន​អានរឿងខ្លីមួយ​នេះ ហើយព្យាយាមហើយ កុហកខ្លួនឯង​ថាខ្លួនឯងត្រូវទៀតក៏បាន​ ប៉ុន្តែ​ក្នុងរូបភាព​ណា​ក៏​ដោយ មុននឹងក្រោយ ការ​រស់នៅមិនស្មោះត្រង់ នឹង​នាំឱ្យអ្នកបរាជ័យ។