មានរាជធីតាពង្សជាយក្ខិណីព្រះនាម ម៉ាឡៈសីរៈ មួយរស់នៅក្នុងនគររាយ៉ាក្កៈសា ។ ទ្រង់ជារាជបុត្រីទី៣នៃស្តេចរាពណ៍ ព្រះអង្គ ទិដ្ឋរាជសីរៈ ។
នៅរាជជន្មា៨វស្សា បុត្រីយក្ខតែងតែចង់ឱ្យខ្លួនក្លាយជាយក្ខិណី គួរឱ្យស្រលាញ់បំផុតក្នុងរាជនគរនេះ។
ថ្ងៃមួយព្រះនាងបានអានចំសៀវភៅដែលនិយាយអំពីភាព«សិចស៊ី» ។ សៀវភៅនោះបានសរសេរឡើងថា នៅក្នុងគំនិតរបស់មនុស្សជាច្រើន ជាពិសេសបុរស និងស្ត្រីដែលប្រកាន់ជំនឿរបៀបចាស់បុរាណ ពាក្យអង់គ្លេសដែលថា sexyអាចក្លាយជារឿងគួរឱ្យស្អប់ ឬទើសត្រចៀក។
សម្រាប់មនុស្សខ្សោយចំណេះដឹង ពាក្យស៊ិចស៊ីមានន័យថាអាក្រាត ។ មនុស្សខ្លះហេតុតែចង់ឱ្យគេហៅថា ស៊ិចស៊ីបានស្លៀកពាក់របៀបដែលគ្មានការគោរពចំពោះខ្លួនឯង ប៉ុន្តែ តាមពិតនោះជាចរិតភ្លើតភ្លើនដែលបង្ហាញចេញមកមិនមែនអត្ថន័យពិតនៃពាក្យស៊ិចស៊ីឡើយ។
ល្ងាចនោះ ដោយចាប់អារម្មណ៍ខ្លាំងនឹងពាក្យ «សិចស៊ី» រាជធីតាបានទៅសួរព្រះបិតាថា អ្នកណាទៅស៊ិចស៊ីផុតគេក្នុងដែនសីម៉ានេះ ព្រះវររាជបិតាមានបន្ទូលតបថា «មិនទាន់មាននៅឡើយ!»ព្រះនាងទូលសួរទៀតថា ដូចម្តេចទើបសម្គាល់ថា ជាស្ត្រីស៊ិចស៊ីបាន? បិតាបានតបខ្លីមកវិញថា«ជាស្ត្រីដែលគួរឱ្យស្រលាញ់!»។
ស្អែកឡើង រាជធីតានៅតែចិញ្ចឹមចិត្តលើរឿងដដែល ទើបយាងរកព្រះមាតាទ្រង់នឹងសួរថា តើពាក្យគួរឱ្យស្រលាញ់ គួរតែទាមទារមកដោយសម្រស់ឬអ្វី?
មាតាតបវិញថា ស្ត្រីដែលគួរឱ្យស្រលាញ់ គឺខុសគ្នាទាំងស្រុងពីស្ត្រីស្អាត ណាមួយអម្បូរជាយក្ខដូចយើងនឹងស្អាតតាមរបៀបយក្ខ។ ចូរកូនញញឹម ឱ្យច្រើន រួសរាយចិត្តល្អ និយាយពិរោះ និងយល់ចិត្ត កូននឹងក្លាយជាយក្ខស្អាតនិងស៊ិចស៊ីបំផុតមួយអង្គ។ ប៉ុន្តែវាមិនមែនជាវត្ថុចាំបាច់ក្នុងការកសាងសុភមង្គលទេកូន។
«តែកូនចង់បានវា!»
ព្រះនាងតបហើយចាកចេញ។
ចាប់ពីពេលនោះមក ព្រះធីតាម៉ាឡៈសីរៈតែងតែផ្តល់ទាន មានសម្តីល្អញញឹមញញឹមនិងខិតខំរៀនធ្វើកិច្ចការមេផ្ទះ ឧស្សាហ៍ធ្វើតម្បាញ និងប៉ាក់ឌិនជាច្រើនរហូតដល់ល្បីឈ្មោះទៅទូទាំងរាជសីម៉ា ធ្លាយដល់អាណាចក្រផងនានា។ វិចិត្រករទាំងពួងបានខំកាត់មកពីឆ្ងាយសុំគូររូបព្រះនាងដើម្បីដាក់លក់។
យក្ខិណីជាច្រើនទៀត ចាប់ផ្តើមច្រណែននិងកេរ្ត៍ឈ្មោះនៃសម្រស់របស់ព្រះនាងម៉ាឡៈសីរៈ ។ ពួកគេបានសម្លឹងគំនូរនឹងគិតថា ហេតុអ្វីព្រះនាងមានរូបរាងធាត់និងព្រះភក្ត្រាជាពង្សយក្ខធម្មតាសោះម្តេចល្បីថាជាឯកសម្រស់បាន?
ពួកគេរៀបចំផែនការគ្រប់បែបយ៉ាងដើម្បីកម្ចាត់នាង នឹងធ្វើឱ្យបានតំណែងរបស់ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គ្មាននរណាអាចជោគជ័យនៅឡើយ។
ចម្រើនវ័យបានគ្រប់១៤វស្សាហ៍ ព្រះធីតាម៉ាឡៈត្រូវបានបិតានិងព្រះមាតារៀបចំឱ្យរស់នៅក្នុងប្រាសាទដ៏ធំមួយមានសម្ភារៈគ្រប់យ៉ាងដែលព្រះនាងត្រូវការ។
ព្រះនាងត្រូវបានគេស្គាល់ថាជាគោលដៅនៃរាជបុត្រាឬអង្គក្សត្រានានា។ ក្រោយមកមានអធិរាជទើបច្បាំងឈ្នះសង្គ្រាមព្រះនាមព្រះចៅ អារីសុន នៃនគរឆ្ងាយបានផ្ញើទូតនិងសួយសារអាករជាច្រើនមកស្តីដណ្តឹងព្រះនាងដ៏ល្បីថាជាយក្ខស៊ិចស៊ី។
រឿងនេះធ្វើឱ្យបុត្រីមនុស្សាឈ្មោះនាង នឡាវិស្តាធន នៃប្រទេសឥណ្ឌាកើតចិត្តនិន្ទាមិនយល់ព្រមឡើយព្រោះមានចំណងមេត្រីជាមួយព្រះអធិរាជតាំងពីកុមារមក។ ព្រះនាងជាមនុស្សា នឡាវិស្តាធននេះមានចិត្តកលល្បិចខ្មៅច្រើន។ ទ្រង់បានឱ្យស្នំជំនិតស្វះស្វែងរកធ្មប់ជាច្រើនដែលមានប្រាជ្ញាអាគមជ្រៅ អាចបំផ្លាញចោលនូវរូបសម្រស់ម៉ាឡៈសីរៈកូនស្រីស្តេចយក្ខឱ្យបានមុនថ្ងៃមង្គលជាមួយអធិរាជ។
នៅរាត្រីមួយមុនរាជពីធីអភិសេក ខណៈពេលដែលព្រះនាងម៉ាឡៈកំពុងសោយអាហារពេលល្ងាច មេធ្មប់មកពីឥណ្ឌាមួយរូបឈ្មោះ មិតា ត្រូវបានគេរកឃើញ ហើយបញ្ជូនមកដល់។ ធ្មប់ដែលមានល្បិចកលត្រូវនឡាវិស្តាធនចាត់ឱ្យមកចង់កម្ចាត់ព្រះនាងម៉ាឡៈនេះ បានក្លែងជាចុងភៅថ្មីសុំចូលគាល់បម្រើ។
នៅពេលដល់វគ្គបង្អែមចេញ មិតាដាក់ថាសនំជាច្រើនមុខនៅមុខព្រះនាម៉ាឡៈសីរៈ ក្នុងរូបរាងជាផ្លែឈើសួគ៌ាដែលមានភាពទាក់ទាញត្រូវតែចង់ពិសារ។
យប់នោះព្រះធីតាយក្ខបានយាងសោយបង្អែមចម្លែកយ៉ាងឆ្អែត និងអារម្មណ៍សប្បាយអំណរខ្លាំង។
នៅពេលដែលភ្លេងត្រែមង្គលលាន់ឡើងនៅព្រឹកបន្ទាប់ ព្រះនាងបានរួសរាន់ក្រោកស្រាប់តែពួពួកស្នំនិងភ្នួងស្រែករោទ៍រន្ធត់។ ព្រះនាងនៅញញឹមហើយមើលកញ្ចក់ដូចធម្មតា ពេលនោះហើយទ្រង់ឃើញ ព្រះភក្ត្រាប្រែពណ៌ជាខៀវក្រម៉ៅជាំដោយអន្លើព្រោះពឹស ហើយរបករលួយដោយដុំផង។
ធ្មេញទាំងជួររបស់ព្រះនាងត្រូវជំពឹស ហើយច្រមុះស្រាប់តែខើចខ្លីឡើង។ ព្រះនាងបានក្លាយយក្ខដែលអាក្រក់បំផុតក្នុងលោក។
ពេលព្រះនាងយំសោកសង្រេងឮដល់វរមាតា មាតាបានយាងមកដល់ទាំង តក់ស្លុត។ ព្រះមាតារកឃើញបញ្ហាពីក្រោយរឿងនេះ។ ដូច្នេះ ទ្រង់បង្គាប់ឡើងថា «ណ្ហើយ ម៉ាឡៈនៃម៉ែ! ប្រសិនអធិរាជពិតជាបុរសល្អ ទ្រង់នឹងទទួលយកស្នាមញញឹមនៃកូនស្រី!»។
ធីតាយក្ខ ខំញញឹមទាំងលាក់ការព្រួយបារម្ភ។ ពិធីមង្គលការរបស់នាងជាមួយអធិរាជបានឈានមកដល់។ មាតាបានគ្របស្បៃមុខឱ្យនាងហើយនៅសាលាជំនុំមិនមានអ្នកណាដឹងរឿងនេះឡើយ។
យប់ចូលមកដល់ អធិរាជបើកស្បៃចេញហើយផ្តើមខឹងនិងរន្ធត់ចិត្ត។ ទឹកមុខទ្រង់បង្ហាញថានឹងមិនចង់រៀបការជាមួយព្រះនាងទេព្រោះនេះជាជនបន្លំ។
ដូច្នេះហើយ នាងចាប់ផ្តើមនិយាយសារភាពថា អាហារបង្អែមនៃចុងភៅថ្មី បានកែព្រះនាងឱ្យទៅជាបែបនេះ។
ព្រះអធិរាជមានការភ្ញាក់ផ្អើលជាខ្លាំង ទ្រង់សញ្ជឹងគិតដោយអត់ធ្មត់រួចរកឃើញល្បិចមួយថា នឹងផ្សព្វផ្សាយពីសុភមង្គលក្នុងការរួមរស់នេះជារៀងរាល់ថ្ងៃរហូតដល់អ្នកប្រព្រឹត្តិពឹសអាគមនោះត្រូវបានរកឃើញនឹងចាប់ខ្លួន។
ជារៀងរាល់ព្រឹកតែងតែមានដំណឹងពីសុភមង្គលនៃព្រះអធិរាជនឹងព្រះនាងផ្ញើចេញក្រៅ។ មនុស្សគ្រប់គ្នាសរសើរពីរឿងនេះនឹងជួយនិយាយផ្សាយបន្ត។
មនុស្សាដែលមានរូបស្អាតតែមានចិត្តដ៏អាក្រក់គឺព្រះនាងនឡាវិស្តាធន បានធ្វើដំណើរមកដល់ នឹងសុំជួបព្រះចៅអធិរាជ។ នៅពេលបានចូលគាល់ហើយ ព្រះនាងនឡាវិស្តាធន តវ៉ាឡើងថា យក្ខិណីម៉ាឡៈ ជាមនុស្សរូបរាងអសុរីអាក្រក់ក្រៃណា មិនមែនពិតដូចការឃោសនាឡើយ។
ប្រសិនព្រះអង្គមិនចង់អាម៉ាសនៅនឹងមុខនាម្មឺនសព្វមន្ត្រីឬប្រជារាស្រ្ត គួរទ្រង់យកព្រះនាងយក្ខមានព្រះភក្ត្រជួរជាតិនេះប្រល័យបង់សង្ខារ និងយកខ្លួនព្រះនាងនឡាវិស្តាធនដែលមានរូបឆោមដ៏ស្រស់ស្អាតជាព្រះមហេសីជំនួសវិញទើបគ្រប់គ្នាស្ងប់ចិត្ត។
ឥឡូវនេះព្រះអធិរាជទ្រង់ឈ្វេងយល់ដឹងហើយថា អ្នកណាបានដាក់ពឹសលើភរិយាខ្លួន។ ព្រះអង្គបានប្រើល្បិចតបថា ឱ នឡាវិស្តាធនជាមិត្តប្រពៃ។ យើងមានជំងឺមួយកាលពីក្មេងមកហើយគឺចង់រស់នៅតែជាមួយស្ត្រីមានមុខរលួយនិងច្រមុះខើច។
ឮហើយ ព្រះនាងនឡាវិស្តាធន បានចេញទៅរកធ្មប់ដដែលបញ្ជាថា ចូរឯងធ្វើឱ្យយើងមានមុខរលួយនិងច្រមុះខើច។
អធិរាជដែលតាមលបមើលរហូតមក អត់ធ្មត់រង់ចាំឱ្យព្រះនាងនឡាវិស្តាធន សោយបង្អែមពឹសរហូតខូចបង់សម្រស់ ទើបបានបង្ហាញខ្លួន និងចាប់ចងទុក រួចងាកមកភ្ជង់ស្ត្រីធ្មប់ឱ្យស្រាយមន្តលើភរិយានៃខ្លួនវិញ។
មុនពេលព្រះអធិរាជចង់សម្លាប់ស្ត្រីទាំងពីរនេះ យក្ខម៉ាឡៈសីរៈបានអង្វរព្រះស្វាមីថា ចូរលើកទោសឱ្យភាពល្ងង់របស់ពួកគេ។
ទ្រង់ស្តាប់ហើយក៏និយាយឡើងថា៖
« វាពិតជាសំខាន់ណាស់ដែរក្នុងការកើតមកពោរពេញទៅដោយសម្រស់ តែសម្រស់នេះ មិនធ្វើឱ្យអ្នករស់នៅរួមជីវិតជាមួយយើងមានអារម្មណ៍ល្អទេប្រសិនយើងមានបេះដូងជួរជាតិ! ភាពគួរឱ្យស្រលាញ់មិនសំដៅតែលើរូបរាងរបស់នរណាម្នាក់ឬគេជាយក្ខឬជាមនុស្សទេ ប៉ុន្តែ បង្ហាញពីអាកប្បកិរិយារបស់ពួកគេដែល ធ្វើអ្វី ដែលចិត្តយើងប្រាប់ថា ពិតជាគួរឱ្យស្រលាញ់ណាស់! នឡាវិស្តាធន អ្នកជាមនុស្សា ពិតជាមានរាងកាយគួរឱ្យស្រឡាញ់ ជាធម្មតាតែ រូបរាងដ៏គួរឱ្យស្រលាញ់មិនបានពណ៌នាអំពីអ្នកថាជាមនុស្សគប្បីទទួលបានការស្រលាញ់នោះទេ។ ថ្ងៃណាមួយអ្នកនឹងចាស់រុះរោយឬបាត់បង់វា តែលក្ខណៈទន់ភ្លន់ ចិត្តដែលស្រស់ស្រាយ ក្មេងស្មោះជាងវ័យ ស្នាមញញឹមជា ជម្រើសសម្រាប់បង្កើតភាពគួរឱ្យស្រលាញ់ដែលគ្មានទីបញ្ចប់។ »។
ទ្រង់ក៏អនុញ្ញាត្តិឱ្យមេធ្មប់មិតានោះ ស្រាយពឹសដល់នាងនឡាវិស្តាធន ហើយបណ្តេញទាំងពីរកាយ ឱ្យចាកចេញជារៀងរហូតមិនអនុញ្ញាត្តិឱ្យមានវត្តមានក្នុងរាជនគរនេះ ឬ ចូលបង្គំគាល់ទៀតឡើយ។
ចាប់ពីពេលនោះមក ព្រះអង្គនិងភរិយារួមរស់សុខសាន្តនឹងគ្នារហូតតទៅ។