ខ្ញុំមកជាប៉ូលិសថ្មី ទើបតែរើមកនៅភូមិនេះ។
ធ្លាប់ឮគេល្បីថា មានការធ្វើមន្តអាគមអូមអាមសម្លាប់មនុស្ស ដោយពួកអម្បូរថ្មីនៃត្រកូលអាបដែលនៅសេសសល់តគ្នាទាយាទយូរយារមកហើយ។
នេះគឺជាភូមិស្រយ៉ាប ជាផ្នែកមួយនៅជាយក្រុងនៃខេត្តបន្ទាយមានជ័យ មានមនុស្សរស់នៅ មិនដល់៥០គ្រួសារផង ។
ពួកគេរវល់ជាមួយរបរស្រែចម្ការ កម្រមានអ្នកមានយានយន្តសម្រាប់ជិះណាស់ ភាគច្រើនតាមផ្លូវចូលមកខ្ញុំឃើញ អ្នកស្រុកជិះក្របីឬក៏រទេះគោ ហើយខ្លះទៀតជិះកង់។
ភាពក្រីក្រនៅក្នុងភូមិនេះមិនចម្លែកទេបើសិនជាយើងគិតពីរឿងដែលពួកគេជឿ ។
ឥឡូវនេះខ្ញុំមកដល់ទីស្នាក់ការប៉ូលិស ហើយក៏ឃើញប៉ូលិសម្នាក់រត់មករកខ្ញុំ ។
«បងមកចំពេលល្អណាស់បងឈ្មោះសុផលមែនទេ?»
«បាទ! ខ្ញុំមកពីខេត្ត»
«មេមកចំថ្ងៃមានការងារធ្វើហើយ ឥឡូវនេះគេចាប់បានមេខ្លោងធ្មប់ម្នាក់កំពុងតែចងនៅបង្គោល!»
ខ្ញុំមិនយល់ទេ ថាមេធ្មប់មានមុខមាត់រូបរាងដូចម្ដេច។ ខ្ញុំក៏ឡើងម៉ូតូឌុបប៉ូលិសទៅតាមគេចង្អុលប្រាប់នោះ ។
ទៅឆ្លងក្បែរជម្រាលជើងភ្នំមួយឆ្ងាយពីភូមិប្រហែលជាជាង១គីឡូម៉ែត្រ គេឱ្យខ្ញុំឈប់ម៉ូតូ។ រកន្លែងមួយនេះដែលចោមព័ទ្ធទៅដោយអ្នកស្រុកប្រហែលជាសាមសែសិបនាក់។
ក្នុងនោះមាន មនុស្សម្នាក់ខ្ញុំមើលមិនច្បាស់ទេត្រូវបានគេចងនៅលើបង្គោលចំកណ្តាលការចោមព័ទ្ធខ្ញុំទាយថាអ្នកនោះគឺជាធ្មប់ដែលគេកំពុងនិយាយនោះហើយ។
បណ្តើរៗ ខ្ញុំឮសំឡេងមនុស្សស្រីយំ បន្ទាប់មកទៀតអង្វរឱ្យដោះលែង។
ខ្ញុំជៀតពីក្រុមមនុស្សដោយចូលទៅដល់ខាងក្នុងភ្លាមព្រោះឆ្ងល់។ អ្វីដែលខ្ញុំឃើញមុនគេគឺមនុស្សស្រីម្នាក់ដែលមានសក់វែងដល់ត្រឹមជង្គង់ ដូចជាមិនដែលកាត់តាំងពីកើតមកបានជាវែងយ៉ាងនេះ។ មានសៀវភៅមួយខ្ញុំបានអានមកុនពេលមកដល់ភូមិស្រយ៉ាបគឺមានអ្នកខ្លះនិយមមិនកាត់សក់លុះអស់ជីវិតព្រោះកាត់ទៅអាចនាំឱ្យប្តីសីឬគ្រួសារមានជំងឺ។
និយាយពីនាងសក់វែងនេះវិញ ត្រូវបានចងព័ទ្ធដៃទៅក្រោយ និងរុំខ្លួនទាំងស្រុងទៅនឹងបង្គោលឈើមួយដោយខ្សែវល្លិមាំ។
មនុស្សទឹកមុខចងអាឃាតនៅព័ទ្ធជុំវិញនាងស្រេកឡើងខ្លាំងៗពេលឃើញខ្ញុំចូលមក៖
«មេធ្មប់ចង្រៃឯង ថ្ងៃនេះត្រូវតែអស់សូន្យសង្ខារហើយ!»
«ឯងមិនអាចសម្លាប់អ្នកណាទៀតទេ!»
«មេចោរដកទង ឆីពោះវៀនជាបាយម្ហូប!»
ខ្ញុំស្រែកឱ្យពួកគេផ្អាក ការប្រទេចខឹងផ្តាសារួចបន្លឺសួរថា មានរឿងអ្វីកើតឡើងខណៈគ្រប់គ្នាលើកថ្មធំៗឡើងបម្រុងប្រើហិង្សា អ្នកខ្លះកាន់កាំបិតនិងអង្រែ។
ខ្ញុំស្ទុះទៅពីមុខ មនុស្សដែលត្រូវគេចងនោះទាំងតក់ស្លុត។ តាមពិតឃើញមុខហើយជាស្រីស្អាតម្នាក់កំពុងយំស្លេកស្លាំង។
អ្នកទាំងអស់គ្នាហេតុអីបានជាចងមនុស្សខុសច្បាប់?
ពួកគេនាំគ្នាបង្អន់កំហឹងសម្លឹងខ្ញុំពីលើដល់ក្រោម។ ប៉ូលិសដែលមកជាមួយខ្ញុំ បានប្រាប់គេថានេះគឺវរសេនីយ៍ឯក អិត ផល ។
«គាត់មកពីខេត្តដើម្បីបង្កើនការពារនៅទីនេះ!»
«លោកប៉ូលីមកល្អណាស់ថ្ងៃនេះយើងចាប់បានធ្មប់មួយលោកមិនបាច់ហត់ទេ!»
សម្តីរបស់មេភូមិម្នាក់ដែលខ្ញុំស្គាល់ច្បាស់តាមរយៈក្រដាសស្នាមដែលខ្ញុំស្រាវជ្រាវកាលពីនៅខេត្តគាត់ឈ្មោះថាអ៊ុកផាន់ ។ អ៊ំនេះនៅពីមុខគេក្នុងការកាន់ដំបងប្រុងវាយនារីជាប់បង្គោល។ ខណៈនោះខ្ញុំក្រឡេកទៅអ្នកដទៃទៀតម្តងម្នាក់ហើយស្រែកឡើងថា៖
«ជាមនុស្សប្រុស! ដោះអាវគ្មានសុជីវធម៌នៅមុខមនុស្សស្រីដែលទន់ខ្សោយជាប់ចំណង ហើយចង់វាយដំរាងកាយនាងទៀតវាជារឿងខុសច្បាប់!»
ពួកគេស្លៀកតែក្រមាប៉ុនប៉ងធ្វើអំពើហិង្សាទៅលើនាង លុះឮខ្ញុំនិយាយបែបនេះក៏ធ្វើមុខចម្លែកងាកមើលមុខគ្នា។ នារីនោះស្រាប់តែយំគគ្រូកហើយអង្វរករខ្ញុំ៖
«ប៉ូលិសជួយផង!ជួយខ្ញុំផង!»
ខ្ញុំឮការសុំជំនួយកាលណាក៏ងាកទៅចចារនឹងក្រុមមនុស្ស៖
«តើប្រុងធ្វើយ៉ាងណាចំពោះនាងហើយបើថានាងមានធ្វើអីខុសយើងត្រូវដោះស្រាយយកទៅប៉ុស្តិ៍ប៉ូលិសឬសាលាឃុំវិញ!»
ពួកគេនាំគ្នាគ្រហឹមដាក់ខ្ញុំ។ ចំណែកប៉ូលិសម្នាក់ដែលមកជាមួយខ្ញុំហាក់ដូចជាភ័យស្លុតចុះចាញ់ការគំរាមកំហែងរបស់អ្នកភូមិទៅវិញ។ ខ្ញុំគំហកដាក់គាត់ថា៖
«បងសឿនឯងខ្លួនធ្វើជាប៉ូលិស ពាក់សក្តិលើស្មា ឃើញរាស្ត្រគេធ្វើខុសច្បាប់ មិនព្រមនាំគ្នីគ្នាមកឃាត់ឃាំងរារាំងបំបែកហ្វូងបែរជាចុះចាញ់ការគំរាមកំហែងរបស់គេ!»
ប៉ូលិសសម្បុរខ្មៅម្នាក់នោះ គេធ្វើត្រឹមត្រូវមិននឹងនរចំពោះមុខខ្ញុំ ប្រឹងងើបមុខសម្លឹងអ្នកភូមិវិញម្ដង ហើយលិបលវិញជាដដែល។ ខ្ញុំខឹងចិត្តក៏ងាកទៅសម្លឹងមេភូមិហើយស្តីឱ្យ៖
«ពូធ្វើមេភូមិដឹងដែរថា ការចងមនុស្សគឺជាអំពើខុសច្បាប់ ចំណែកការវាយដំមនុស្សនឹងធ្វើឱ្យយើងជាប់ពិរុទ្ធ!»
«វាគឺជាធ្មប់មិនមែនមនុស្សទេក្មួយប៉ូលីស!»
ស្រីម្នាក់ចាស់ជរា បាក់ធ្មេញអស់រលីងដោយនៅសល់ប្រហែលជាមួយពីរគ្រាប់តែប៉ុណ្ណោះវាតទីចេញមកពីក្នុងចំណោមអ្នកភូមិ។ គាត់មកដល់ពីមុខខ្ញុំប្រហែលពីរបីម៉ែត្រនិងដៀងទៅសម្លក់នារីក្នុងបង្គោលចំណងហើយនិយាយបន្ថែមឮៗ៖
«វានេះ ជំនាន់ឪវាសម្លាប់ប្អូនប្រុសខ្ញុំ មកជំនាន់វា សម្លាប់កូនខ្ញុំទៀត!»
«ពួកគេឈឺទេដឹង? យើងចេះតែគិតថាអាបធ្មប់?!»
«ទេ! ប៉ូលីសប្រយ័ត្នត្រូវវាឆីពោះវៀន! »
គាត់ឆ្លើយគំហកមកខ្ញុំវិញទាំងមុខហាក់បានខឹងសម្បាខ្ញុំខ្លាំងផងដែរ។ ខ្ញុំបានពន្យល់គាត់វិញថា៖
«មីង! ប្រទេសយើងមានច្បាប់ យើងមិនអាចធ្វើអំពើយង់ឃ្នងទៅលើមនុស្សម្នាក់ ដែលគ្រាន់តែយើងសង្ស័យថា គេជាធ្មប់នោះទេ !»
អ្នកភូមិផ្សេងទៀតស្ទុះចូលមកដោយព្រួតនិយាយទាំងលើកដៃ ចង្អុល ខ្លះទៅច្របាច់កនារីនៅលើបង្គោលដោយស្រែកថា៖
«វាគឺជាធ្មប់វាបានសម្លាប់បងប្រុសខ្ញុំកាលពីឆ្នាំមុន ឥឡូវវាបានសម្លាប់អ៊ំខឿននៅក្បែរផ្ទះជើងព្រៃដែរ !»
ឥឡូវនេះ មិនអាចរកបានអ្នកចេះដឹងណាម្នាក់នៅក្នុងចំណោមពួកគេ ដើម្បីមកឈរខាងខ្ញុំសោះ ។ សភាពការណ៍នេះ ប្រសិនបណ្តោយឈាមអាចហូរ។
មិនឃើញនរណាម្នាក់ទោរទន់ជំហរគាំទ្រពាក្យច្បាប់របស់ខ្ញុំ ខ្ញុំក៏បែរមកបញ្ជាកូនចៅ។
«ហៅជំនួយមកភ្លាម!»
ថាចប់ខ្ញុំងាកឃ្លាំមើលបងសឿនវាយអាយកូមផង ខ្ញុំលួចមើលកន្ទុយភ្នែកដាក់ អ៊ំផាន់មេភូមិផង។ ខ្ញុំឃើញគាត់ធ្វើមុខបារម្ភសម្លឹងតបខ្ញុំ រួចងាកទៅសម្លឹងអ្នកភូមិរេចុះឡើង។
គិតបន្តិចក៏និយាយឮៗថា៖
«អ៊ំ! អ៊ំជាប្រធានភូមិគេ រៀនសូត្រចេះដឹង អ៊ំគួរតែជួយប្រដែប្រដៅអ្នកស្រុកផងដែលគេមិនយល់អំពីច្បាប់! ចងមនុស្ស ខុសច្បាប់ធ្ងន់ជាបទព្រហ្មទណ្ឌ ! មិនមែនអ៊ំមកឃុបឃិតជាមួយគេធ្វើអំពើបែបនេះទៅលើមនុស្សស្រីទន់ខ្សោយនោះទេ!»
ពេលនោះនាងធ្មប់ដែលត្រូវបានគេចោទ ស្រាប់តែស្រែកទ្រហោយំងាកមកបង្ហាញមុខប្រឡាក់ទៅដោយធូលីដីនិងទឹកភ្នែក។ ដោយជោកថ្ពាល់ នាងបានយំសស្រាក់អង្វរខ្ញុំថា៖
«ជួយខ្ញុំផង!»
ខ្ញុំនិយាយថា៖
«គ្មានអ្នកណាធ្វើអីនាងបានទេមានខ្ញុំនៅទីនេះហើយ!»
ស្រាប់តែអ៊ំមេភូមិស្ទុះមកភ្លាមនិយាយពាក្យជាច្រើនគំរាមខ្ញុំ៖
«លោកក្មួយប៉ូលិស មិនអាចជួយវាបានទេ នោះបើប៉ូលិសមិនចង់ស្លាប់ខ្លួន!»
ពេលនោះខ្ញុំក៏បានសម្លឹងដោយបើកភ្នែកធំៗចំពោះពាក្យព្រមាននេះ តែមិនដាច់ចិត្តស្រែកដាក់គាត់ក៏ខ្ញុំអត់ធ្មត់បាន ដោយងាកទៅរកអ្នកផ្សេងៗទៀត។
សភាពពួកគេសុទ្ធតែមានអាកប្បកិរិយាគាំទ្រមេភូមិទៅហើយ។ គ្រប់គ្នាឈរនៅពីក្រោយមេភូមិទាំងអស់គ្នា គ្មានអ្នកណាព្រមស្តាប់អាក្រក់ល្អសខ្មៅទេ។
ទីបំផុតខ្ញុំមានតែម្នាក់ឯងនៅទីនេះ។ ខ្ញុំងក់ក្បាលខឹង ចាប់ផ្តើមនិយាយ៖
«បើចង់ល្មើសច្បាប់ខ្ញុំនឹងចេញមុខរារាំង!»
មិនយូរទេ កម្លាំងបន្ទាន់ដោយក្រុមការងារបានមកដល់។ ពួកគេក៏បាននាំប៉ូលិសប្រាំបីនាក់មកទៀត ។
ខ្ញុំបញ្ជាភ្លាមថា៖
«ជួយស្រាយនារីនេះយកទៅកាន់ការិយាល័យប៉ូលិស !»
គឺជាការិយាល័យដែលខ្ញុំទើបតែចូលធ្វើការថ្ងៃដំបូង។
ពេលនោះព្រលប់ហើយខ្ញុំក៏បាននិយាយនឹងនាងថាឱ្យនាងលាងជម្រះខ្លួនសិនទៅ ចប់ម៉ោងការងារ ខ្ញុំនឹងនាំនាងត្រលប់ទៅកាន់ផ្ទះនាងវិញ។
រឿងពិតគឺប៉ូលិសទាំងអស់បានបដិសេធគ្មានអ្នកណាព្រមទៅជាមួយយើងទេ ម្ល៉ោះហើយខ្ញុំឌុបនាងទៅ។
ខ្ញុំជិះឆ្វែលទៅឆ្ងាយ តាមនាងប្រាប់ទាំងអស់ ។ តាមផ្លូវនាងយំសសិតមិននិយាយមិនស្តីខ្ញុំក៏អៀនស្រីក្រមុំមិនមានពាក្យអ្វីនិយាយដូចគ្នាតែចិត្តខ្ញុំវិញ មិនដែលគិតអាក្រក់លើនាងឬគិតថាខ្លាចនាងធ្វើអាក្រក់អ្វីលើខ្ញុំប៉ុនកម្ទេចណាមួយឡើយ។
មកដល់ក្បែរជើងបណ្ដុំព្រៃ នាងក៏ឱ្យខ្ញុំឈប់។ ខ្ញុំគួរចម្លែកចិត្តជាខ្លាំង ដែលខ្ញុំនិយាយថា៖
«ហេតុអីបានជានាងមកឈប់នៅក្បែរប្របព្រៃដូច្នេះ ខ្ញុំអាចជូនទៅដល់ផ្ទះបាននាងបាន!»
ដូច្នេះនាងនិយាយថា ផ្ទះនាងគឺនៅក្នុងព្រៃ។
ខ្ញុំសួរទាំងចម្លែកក្នុងចិត្តថា៖
«ហេតុអីបានជានាងមានវ័យក្មេងបែបនេះ រូបរាងស្អាតល្អបែបនេះ ជាមនុស្សស្នាក់នៅក្នុងព្រៃ?»
នាងបាននិយាយថា ៖
«វាគឺជាដីរបស់ជីដូនជីតា ដែលដាំដំណាំមកច្រើនជំនាន់! ពីមុនគ្រួសារខ្ញុំមានផ្ទះក្នុងភូមិដែរតែត្រូវអ្នកភូមិបណ្តេញចេញព្រោះចោទថាចេះមន្តអាគម! ឥឡូវពួកគេចង់ព្រួតគ្នាដណ្តើមយកដីចម្ការនេះទៀត ជាពិសេសមេភូមិ គាត់មានល្បិចចង់បានដីនេះជាខ្លាំង បានជារកវិធីចោទ ធ្វើយ៉ាងណាឱ្យគ្រួសារខ្ញុំទៅជាអាបធ្មប់! កាលពីពីរបីឆ្នាំមុន គេបានសម្លាប់ឪពុកខ្ញុំទៅហើយ បានជាម្តាយខ្ញុំ ដាក់អន្ទាក់មិនឱ្យអ្នកណាជាន់បាន ! យប់ហើយប៉ូលិសទៅនាំតែជាន់អន្ទាក់ ព្រោះម្តាយខ្ញុំបានដាក់សម្រាប់តែដើរបានម្នាក់!»
ឮហើយអាណិតនាងណាស់ សួរទៀតថា៖
«នាងនៅពីរនាក់ម្តាយ?!»
«អត់ទេ! ខ្ញុំមានប្អូនប្រុសម្នាក់ទៀត មិនដែលស្គាល់អ្នកភូមិទេ បើហ៊ានចេញមកលេងនឹងក្មេងៗ ច្បាស់ជាត្រូវគេចាប់មិនខាន! ថ្ងៃនេះខ្ញុំទ័លច្រកលួចចេញមករកដូរអង្ករបានជាត្រូវគេរកឃើញ!»
ខ្ញុំត្រលប់មកផ្ទះវិញទាំងមានអារម្មណ៍ថាចម្លែក។
នេះគឺជាយប់ដំបូងដែលខ្ញុំគេងនៅក្នុងបន្ទប់គេរៀបចំក្នុងកូនផ្ទះតៀមមួយក្បែរប៉ុស្តិ៍ប៉ូលិសបង្កើយ មានកូនប៉ូលិសពីរនាក់នៅគេងកំដរជាមួយដែរ ប៉ុន្តែពួកគេ ឃើញនៅផឹកស៊ីនៅខាងក្រៅមិនទាន់សម្រាកស្ងាត់នៅឡើយ។
ខ្ញុំដេកលក់បានមួយស្របក់ ដោយសាថា ពេញមួយថ្ងៃនេះហត់ពេក ស្រាប់តែឮសំឡេងប៉ូលិសខ្សឹបខ្សៀវគ្នា ដាស់ដំណេកខ្ញុំថា
«ម្នាក់ស្រីនៅចុងភូមិហ្នឹងប្រហែលជាស៊ីពោះវៀនមេយើងបាត់ហើយក៏មិនដឹង»
ម្នាក់ទៀតលាន់មាត់ថា៖
«ឯងកុំនិយាយដូច្នេះ នាំអញភ័យខ្លាំង! ឥឡូវនេះ វរហើយ ធ្មប់ត្រូវបានចាប់បានហើយដោះលែងវិញវាច្បាស់ជាខ្លាំងជាងមុនហើយកាចសាហាវជាងមុននេះម្តាយអញប្រាប់ពីល្ងាច!»
ឮដូច្នេះខ្ញុំក៏ចេញមកស្តីឱ្យថា៖
«ពួកឯងកុំនាំគ្នានិយាយរឿងផ្ដេសផ្ដាស! នាងនោះកម្សត់ណាស់ហើយ គេចង់បានរឹបអូសលួចដីរបស់នាងទេ ឯងធ្វើជាប៉ូលិសត្រូវចេះស្គាល់ត្រូវស្គាល់ខុសស្គាល់មនុស្សទន់ខ្សោយឯងមើលរូបរាងនាងក៏ដឹងដែរ! ធ្មប់ស្អី ? មិនដូចជាគេនិយាយទេ!»
ពួកគេនាំគ្នាសម្លឹងមកខ្ញុំ ហើយឱនងាកមុខចេញប៉ុន្តែមានម្នាក់ក្នុងចំណោមនោះបានរត់តាមខ្ញុំតត្រុកមក ព្រមទាំងនិយាយខ្សឹបខ្ញុំ៖
«មេៗ! ខ្ញុំឱ្យមេអង្ករមួយក្ដាប់!»
«អង្ករស្អីនេះ?!»
«ជាអង្ករពណ៌ខ្មៅវាដុះតែនៅភូមិយើងទេ គេជឿថាគេអាចដាំរបស់នេះដើម្បីការពារពួកធ្មប់មិនឱ្យស៊ីពោះវៀនរបស់យើង!»
ខ្ញុំទទួលកញ្ចប់អង្ករពីដៃប៉ូលិស ហើយសម្លឹងទាំងភាន់ភាំង។
ប៉ូលិសនោះក៏រត់ចេញទៅបាត់។ ខ្ញុំចង់បោះវាចោលប៉ុន្តែឃើញសភាពរបស់គេខ្ញុំក៏នឹកអាណិតការយកចិត្តទុកដាក់បារម្ភពីខ្ញុំប៉ុន្តែនេះដោយសារភាពល្ងង់ខ្លៅនិងជំនឿផ្កាប់មុខរបស់គេតែប៉ុណ្ណោះ ។
ខ្ញុំបោះកញ្ចប់ទុកចោលទៅលើគ្រែហើយចាប់ផ្ដើមចេញទៅងូតទឹកស្រះខាងត្បូងផ្ទះនេះបង្កើយ។
នៅក្រោមពន្លឺខែ សំឡេងប៉ូលិសទាំងពីរឮមកល្វើយៗពីក្រោយខ្នងខ្ញុំ៖
«មេប្រយ័ត្នផងនៅជាមួយមនុស្សស្រីម្នាក់នៅចុងភូមិហ្នឹង កុំឱ្យគេខ្ចីរបស់មេបានឱ្យសោះបើសិនជាគេយកមួករបស់មេបាន ដូចជាយកបានក្បាលរបស់មេដូច្នោះដែរ!»
សម្ដីចម្លែកៗកណ្តាលយប់នេះខ្ញុំនឹកហួសចិត្តដែរតែខ្ចិលប្រកាន់ ខ្ញុំក៏ចេញទៅងូតទឹក នៅពេលដែលខ្ញុំងូតទឹកខ្ញុំមានអារម្មណ៍ឃើញថាខ្ញុំដូចជារមាស់ពេញខ្លួនប្លែក។
មកពីទឹកនេះមិនស្អាតឬមួយក៏ថ្ងៃនេះខ្ញុំបានប៉ះអ្វីមួយមិនស្អាត?
ឬក៏ការចាញ់ទឹកចាញ់ដី ខ្ញុំទើបតែមកដល់ភូមិនេះជាលើកដំបូងទេដឹង? ភ្លាមនោះខ្ញុំងាកទៅមើលខ្លួនឯងនៅក្នុងទឹក ភ្ញាក់ព្រើត ខ្ញុំឃើញមិនមែនខ្ញុំទេ មានមនុស្សស្រីម្នាក់កំពុងតែពាក់មួកប៉ូលីសរបស់ខ្ញុំ សក់វែងដល់ដី។
ខ្ញុំភ្ញាក់ព្រើតភ័យភ្ញាក់ផ្អើលខ្លាំងហើយស្ទុះឡើងមកលើច្រាំងវិញ ។
មកដល់ប៉ូលិសទាំងពីរបានចាកចេញទៅណាបាត់មិនដឹង ទុកខ្ញុំឱ្យដេកតែម្នាក់ឯងនៅលើកន្លែងដែលពួកគេស៊ីផឹកអម្បាញ់មិញ។
នៅពេលដែលកំពុងដេកបានមួយស្របក់ខ្ញុំស្រមៃឃើញថា មានដៃនរណាម្នាក់មកត្រដុសពីក្រោយករបស់ខ្ញុំបន្ទាប់មកទៀតខ្ញុំឱនទៅឃើញមានអ្នកណាម្នាក់កំពុងតែខាំស្លឹកត្រចៀករបស់ខ្ញុំឡើងចេញឈាម។
ដោយរន្ធត់ ខ្ញុំចាប់ច្រាននាងចេញយ៉ាងខ្លាំង ឃើញថានាងដួលទៅលើដី សក់នាងវែងដល់ត្រឹមជង្គង់ដូចដែលខ្ញុំបានឃើញនាងនៅលើឈើដែលគេចងកាលពីថ្ងៃដូច្នោះដែរ។
ខ្ញុំស្រែកឮៗរហូតភ្ញាក់បះដៃបះជើង។
តាមពិតទៅប៉ូលិសទាំងពីរដេកស្រវឹងនៅខាងក្រៅស្ទុះចូលមក ចំណែកខ្ញុំដេកនៅក្នុងបន្ទប់តាំងពីពេលណាក៏មិនដឹង។
កាលដែលខ្ញុំទៅងូត ក្រោមពន្លឺព្រះចន្ទគឺជាយល់សប្តិដែរឬក៏អ្វី? ខ្ញុំមិនដឹងទេខ្ញុំចាប់ផ្ដើមក្រោករៀបចំរត់ហាត់ ម៉ោង៤ភ្លឺហើយ។
ក្រោយមកខ្ញុំចេញទៅធ្វើការទាំងធ្ងន់ក្បាល ព្រោះព្រឹកស្រាងៗទៅហើយ។
ខ្ញុំជិះកាត់តាមភូមិរកបបរហូប ដោយមិនអស់ចិត្តក៏ជិះហួសទៅដល់តំបន់ដែលខ្ញុំបានជូននាងកាលពីព្រឹកថ្ងៃនោះ សង្ឃឹមថា អាចឃើញផ្ទះនាង ប៉ុន្តែមិនបានឃើញនោះទេ។
ខ្ញុំចិញ្ចឹមចិត្តថា ថ្ងៃណាមួយខ្ញុំត្រូវបបួលមនុស្សចូលទៅក្នុងព្រៃទៅលេងផ្ទះនាងឱ្យខាងតែបានរកវិធីសមហរណកម្មនាងនិងគ្រួសារមកក្នុងភូមិវិញ។
ក្មេងម្នាក់រត់កាត់ម៉ូតូខ្ញុំ។ ខ្ញុំឈប់ទាំងគំហុក ប៊ិះដួលម៉ូតូផង។ ចំណែកម្តាយក្មេងដែលវ័យកណ្តាល ចេញមកទាញកូនហើយសម្លក់សម្លឹងខ្ញុំ។
ខ្ញុំទូន្មាន៖
«មិនត្រូវបណ្ដោយកូនឱ្យរត់បែបដូច្នេះនោះទេ!»
ស្ត្រីនោះសម្លក់ខ្ញុំជាប់ ដូចខឹងសម្បាអ្វីម្យ៉ាង ធ្វើឱ្យខ្ញុំនឹកងឿងឆ្ងល់ជាខ្លាំងថា គាត់ស្អប់ខ្ញុំរឿងអ្វី? ខ្ញុំជិះទៅមុខបន្តិចទៀតក៏ឮសូរស្ត្រីម្នាក់ផ្សេងទៀត ស្រែកពីក្នុងផ្ទះខ្ទមតូចរបស់គាត់ថាៈ
«ប៉ូលិសនេះហើយដែលមកដោះលែងមេធ្មប់ក្នុងភូមិយើង! ប្រាកដជាមានអ្នកស្លាប់ទៀតហើយ! »
អ្នកភូមិផ្សេងទៀត បន្ទរទៅតាមពីក្រោយគាត់។ ខ្ញុំចាប់ផ្តើមដឹងពីមូលហេតុដែលគ្រប់គ្នាស្អប់ខ្ញុំ។
ខ្ញុំក៏ឈប់ម៉ូតូហើយបកក្រោយដើរសំដៅពួកគេ។
ពួកគេឃើញខ្ញុំមកដល់គ្មាននរណាធ្វើខ្លាចខ្ញុំនោះទេ ខ្ញុំក៏ចាប់ផ្ដើមអង្គុយលើគ្រែដោយគ្មានការអញ្ជើញក្តី។ ការងារខ្ញុំគឺត្រូវពន្យល់ពួកគេអំពីច្បាប់ អំពីការគោរពសិទ្ធិមនុស្សនិងអំពីជំនឿដែលហួសសម័យ។
គ្មាននរណាឆ្លើយតបនឹងខ្ញុំទេ អ្នកខ្លះក្រោកចេញ អ្នកខ្លះងាកមុខចេញ អ្នកខ្លះធ្វើមុខឌឺខ្ញុំស្រាប់តែអ៊ំម្នាក់នៅខាងលើផ្ទះ ក្អកខុងៗទំនងជាមនុស្សឈឺ។
គាត់ក៏បាននិយាយចុះមកសំដៅខ្ញុំថា៖
«ក្មួយប៉ូលីសអើយ ប្រយ័ត្នខ្លួនមែនទែន!»
មិនដឹងថា គាត់មានរូបរាងយ៉ាងម៉េចផងទេ ដឹងតែថាគាត់ជាមនុស្សប្រុសចំណាស់ទន់ខ្សោតដោយរោគា។
គាត់និយាយបន្ថែមស្អកៗថា៖
«ប៉ូលិសអើយ មនុស្សស្រីចុងភូមិម្នាក់ហ្នឹងគឺជាមេធ្មប់ពិតប្រាកដណាស់! ប៉ូលិសបានចួបវានិយាយសាសងនឹងវាហើយ វាមិនឱ្យប៉ូលិសបានសុខទេ វាច្បាស់ជាទុកពោះវៀនប៉ូលិស ជាចំណីដ៏ឆ្ងាញ់របស់វាមិនខាន !»
ស្អីគេធ្មប់ប៉ុន្តែស៊ីពោះវៀន នេះគឺជារឿងថ្មីដែលខ្ញុំទើបតែឮទេ។
ពីមុនខ្មែរយើងមានជំនឿថាធ្មប់ចេះធ្វើអំពើស្បែកក្របីចូលពោះ ម្ល៉ោះហើយពេលនេះគេមើលរឿងភាគថៃច្រើន បានជាចេញក្បួនស៊ីពោះវៀនមកទៀត។
ខ្ញុំក៏ឆ្លើយឡើងវិញថា៖
«ជម្រាបសួរអ៊ំ! អ៊ំឈឺហើយមានទៅពេទ្យទេ?!
គាត់ថាមិនអីទេ គាត់រៀបចំសែនព្រេននៅថ្ងៃដប់ប្រាំកើតនេះ។
គាត់បន្ថែមមកថា៖
«ក្មួយប៉ូលីស គិតតែពីអាយ៉ូសសង្ខារខ្លួនឯងទៅ! នៅមុខផ្ទះរបស់ខ្ញុំមានដើមស្រង៉ាមួយ! ប៉ូលីសត្រូវឈោងកាច់យកមែករបស់វាខ្លះហើយយកទៅចងនៅមុខបន្ទប់ដេកទៅ! រៀងរាល់យប់ពីម៉ោងប្រាំបីយប់រហូតដល់ម៉ោងប្រាំព្រឹក គឺជាពេលដែលដើមស្រង៉ានោះ អាចការពារប៉ូលិសបាន!»
ខ្ញុំមិនស្គាល់ដើមស្រង៉ា ដែលគាត់ទើបនឹងនិយាយនោះទេ តែខ្ញុំនឹកសរសើរទឹកចិត្តគាត់យ៉ាងខ្លាំង។
«អរគុណហើយអ៊ំ តែខ្ញុំក៏មិនស្គាល់អ្វីទៅហៅថាដើមស្រង៉ានោះទេ!»
ពេលដែលខ្ញុំត្រៀមចេញទៅ ខ្ញុំក្រឡេកឃើញសំណុំមែកឈើស្ងួតមួយដែលត្រូវបានគេចងព្យួរមាត់ជណ្តើរដែរ។
មានន័យថាគេកាច់កូនមែកតូចៗរបស់វាយកមកចងព្យួរនៅមាត់ទ្វារក្បែរជណ្តើរការពារអាប?
ចំណែកខាងអ្នកដែលត្រូវគេបណ្តេញទៅនៅក្នុងព្រៃព្រោះតែត្រូវគេចោទថាអាបធ្មប់បែរជាខំដាក់អន្ទាក់សត្វការពារខ្លួនគេវិញដែរ?
ទើបតែចាប់អារម្មណ៍ថា លោកនេះចម្លែក។
ព្រោះតែការមិនព្រមស្តាប់មិនព្រមនិយាយគ្នា មានមនុស្សលំបាកច្រើនមកហើយដោយសារជំនឿរបស់ពួកគេដោយភាពមានៈនិងល្ងិតល្ងង់។
នេះហើយគំនិតរបស់អ្នកភូមិខ្ញុំ។
វិល មកដល់ប៉ុស្តិ៍ប៉ូលិសវិញគឺគ្មានអ្វីធ្វើនោះទេ។
នៅទីនេះគ្មានបទល្មើស ថែមទាំងគ្មានគ្រោះថ្នាក់ចរាចរណ៍ផង ដោយសារតែមិនមាននរណាមានយានយន្តជិះប៉ះគ្នា ប៉ុន្តែរឿងមនុស្សស្រីនៅចុងភូមិនោះនៅតែជារឿងដែលធ្វើឱ្យខ្ញុំនៅមិនសុខ។
ភ្លាមនោះ ខ្ញុំបានឮប៉ូលិសម្នាក់រត់មកប្រាប់ខ្ញុំថា មានស្រីម្នាក់រកខ្ញុំ។
ខ្ញុំនឹកឆ្ងល់ខ្លាំងថា មាននារីណាមករកខ្ញុំទៅ? ដល់ពេលខ្ញុំក៏រត់ចេញមកក្រៅមើលនោះគឺជាម្ដាយរបស់ខ្ញុំ គាត់មកលេងខ្ញុំ ប្រហែលជាមានរឿងអ្វីមិនល្អចំពោះខ្ញុំដឹងបានជាម្ដាយខ្ញុំលេចមុខមកដោយមិនបានខលមុន?
«កូនទើបតែមកធ្វើការនៅទីនេះបានមួយយប់ ម៉ែមកមើលកូនឬអី?»
ខ្ញុំសួរគាត់ហើយឌុបគាត់មកបន្ទប់សម្រាក។
«ម្តាយនឹកឃើញចង់មកដាំបាយទឹកឱ្យកូន!»
«ខ្ញុំមិនអីទេម៉ែ ខ្ញុំចេះដាំខ្លួនឯងហើយ!»
«ចុះមានប៉ូលិសផ្សេងៗនៅជាមួយដែរអត់ទេ?»
«មានទេតើម្តាយ!»
«អើម៉ែនៅជាមួយកូនឱ្យបានបីបួនថ្ងៃមើលសិនថាតើកូនសុខឬមិនសុខ!»
ថ្ងៃនោះដែរខ្ញុំបានបរិភោគបាយជាមួយម្តាយដោយធម្មតា។ លុះពេលព្រលប់មកដល់ខ្ញុំមិនឃើញប៉ូលិសពីរនាក់នោះមកដល់នៅឡើយទេ មានតែម្តាយដែលកំពុងតែរៀបបាយឱ្យខ្ញុំហូប ដូច្នេះហើយខ្ញុំក៏រត់លើកក្រមាយកទៅងូតទឹកស្រះខាងក្រោយទៀត។
ទៅដល់ខ្ញុំបានឃើញអ៊ំចាស់ម្នាក់អង្គុយរង់ចាំខ្ញុំជាស្រេច ។
ខ្ញុំក៏សួរថាតើអ៊ំមកងូតទឹកដែរឬក៏មកដងទឹក ចាំខ្ញុំជួយ។
គាត់ប្រាប់ថា៖
«ទេ! ខ្ញុំមកចាំប៉ូលិសឯង!»
«ហេតុអីបានជាអ៊ំមកចាំខ្ញុំ?»
«ខ្ញុំគឺជាមនុស្សដែលនិយាយជាមួយប៉ូលិសឯងនៅផ្ទះដើមស្រង៉ាកាលពីព្រឹកមិញ!»
«អូ! អ៊ំជាហើយឬក៏អ្វី?»
«បាទ! ខ្ញុំសែនព្រេនហើយ!»
«ហេតុអីបានជាអ៊ំមករកខ្ញុំនៅទីនេះ? មានការអីទៅ?!»
«ខ្ញុំបារម្ភពីប៉ូលីស ខ្ញុំខ្លាចប៉ូលិសត្រូវនាងស៊ីពោះវៀន! ខ្ញុំស្តាយប៉ូលិសដែលជាមនុស្សល្អ»
ខ្ញុំហួសចិត្តសើចខឹកៗអង្គុយក្បែរៗគាត់។
«អ៊ំអើយ អ៊ំគួរឈប់ជឿទៅ រឿងចោទទៅនារីនោះ! គ្នាទន់ខ្សោយហើយមេភូមិនោះចង់បានដីរបស់គាត់ទេ អ៊ំត្រូវអាណិតគាត់!»
អ៊ំនោះនិយាយស្តីនឹងនរថា៖
«ក្មួយ! ខ្ញុំរស់នៅទីនេះយូរហើយ ខ្ញុំមិនដែលដឹងពីគ្រួសារណា មានដីនៅជាប់ព្រៃឬក៏ត្រូវគេរឹបអូសដីស៊ីទេ! តើប៉ូលិសជឿខ្ញុំដែលជាអ្នកភូមិឬក៏ជឿលើមនុស្សស្រីដែលគេគ្រប់គ្នាខ្លាចនោះ!»
ខ្ញុំឱនមុខគិតហើយនៅស្ងៀមមិនឆ្លើយ ។ គាត់ថាទៀត៖
«ដូច្នេះខ្ញុំប្រាប់ប៉ូលិសរឿងមួយពិត មនុស្សស្រីចុងភូមិនោះគឺជាអម្បូរខ្មោចព្រាយបិសាចចេះធ្មប់ជ្រៅជ្រះតាំងពីបុរាណមក បង្ហាញខ្លួនតែនៅពេលដែលវាចង់សម្លាប់មនុស្សហើយជាទូទៅក្នុងមួយឆ្នាំវាត្រូវសម្លាប់មនុស្សយ៉ាងហោចណាស់បន្តអាគមគាថាវា។ វាអាចប្រើវិធីជាច្រើនវាអាចប្រែក្លាយទៅជារូបរាងផ្សេងៗផង បើសិនជាវារៀនដល់ចំណុចកំពូលនៃមន្តអាគមនៅក្នុងគ្រួសារវា ហើយវានឹងបន្លំខ្លួនធ្វើជាសមាជិកណាម្នាក់ក្នុងគ្រួសាររបស់យើងបានទៀត នេះលោកតាខ្ញុំជាអាចារ្យបានប្រាប់មក គាត់ធ្លាប់ចួបផ្ទាល់ភ្នែកកាលគាត់នៅក្មេងទៅឃ្វាលគោក្នុងព្រៃ វាបន្លំជាម្តាយគាត់ស្រែកបក់ដៃហៅគាត់ ចង់ស៊ីពោះវៀនតែគាត់មិនទៅ ចំណែកគ្នាគាត់ត្រូវស៊ីពោះវៀន សពហើមរលួយបានរកឃើញ!»
ខ្ញុំងឿងឆ្ងល់ហើយចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួលស្រៀវស្រាញក្នុងខ្លួន។ អ៊ំនេះមានការអត់ធ្មត់ពន្យល់ខ្ញុំណាស់ ចង់ថាបដិសេធសម្តីគាត់ក៏មិនដាច់ចិត្តទាំងស្រុងដែរ។
ភ្លាមនោះ គាត់ឱ្យសំណុំមែកស្រង៉ាមួយមកខ្ញុំ។
ហើយនិយាយថា៖
«យកស្រង៉ានេះចងនៅជាប់ទ្វារបន្ទប់ បើសិនជាមានការសង្ស័យ សូមរកម្សៅអង្ករពណ៌ខ្មៅដែលអ្នកភូមិមានគ្រប់ផ្ទះឱ្យកូនប៉ូលិសបាចជុំវិញគ្រែឱ្យក្មួយទៅចុះ! បើមានច្រើនយកទៅបាចជុំផ្ទះទៅដូច្នេះ ការពារវាមិនអាចចូលមកធ្វើទុក្ខយើងបាននោះទេ!»
ខ្ញុំនឹកឃើញដល់កូនប៉ូលិសដែលបានឱ្យខ្ញុំមួយកញ្ចប់ម្សិលមិញ។ ខ្ញុំក៏បាននិយាយប្រាប់គាត់វិញថា៖
«អរគុណអ៊ំណាស់ ខ្ញុំមានហើយ កូនចៅខ្ញុំបានឱ្យខ្ញុំដែរកាលពីម្សិលមិញ ចាំខ្ញុំធ្វើតាមអ៊ំប្រាប់»
ងូតទឹកហើយកាលណា ខ្ញុំក៏ត្រលប់មកផ្ទះ។កំពុងតែដើរដោយអារម្មណ៍មិនស្ងប់ ក្រឡេក មើលពីចម្ងាយខ្ញុំឃើញម្តាយខ្ញុំកំពុងតែឱនធ្វើអ្វីមួយចម្លែកៗ។
សម្លឹងពីក្រោយគឺជាម្តាយខ្ញុំបេះបិទ ប៉ុន្តែកាយវិការដូចជាមិនមែនគាត់ទេ។
ខ្ញុំនឹកឃើញភ្លាមដល់សម្ដីរបស់អ៊ំនោះ។ ភ្លាមនោះខ្ញុំក៏ទទួលបានទូរសព្ទមួយ។
ខ្ញុំលើកឡើងនិយាយ៖
«អាឡូ!»
«កូនៗ ទៅដល់ស្រុកនោះយ៉ាងម៉េចដែរកូននៅជាមួយអ្នកណាខ្លះ ?»
ខ្ញុំភាំងៗ ព្រោះសំឡេងម្តាយខ្ញុំ ចំណែកនៅពីមុខខ្ញុំ ម្តាយខ្ញុំកំពុង ឱនធ្វើបាយម្ហូប?
ម្តាយខ្ញុំមានប៉ុន្មាននាក់ទៅ?
ទូរសព្ទខ្ញុំក៏ដាច់សេវាបាត់ ព្រោះវាអស់ថ្មទៅហើយ ខ្ញុំងើបមុខដោយភ័យខ្លាំង…សម្លឹងទៅក្នុងផ្ទះថា ស្ត្រីម្នាក់នៅក្នុងផ្ទះវិញជាអ្នកណាបើម្តាយខ្ញុំទើបតែខលមកខ្ញុំហ្នឹង?
ភ្លាមនោះខ្ញុំនឹកឃើញភ្លាមដល់ បាច់ស្រង៉ាលើច្រាំងដែលអ៊ំខំកាត់យកមកឱ្យ។
រៀបឬកស្រួលបួលហើយ ខ្ញុំបានតាំងចិត្តដើរចូលទៅក្នុងផ្ទះធ្វើដូមិនដឹងរឿង។ ម្តាយខ្ញុំងាកមកគាត់និយាយប្រាប់ខ្ញុំថា៖
«ហូបបាយនៅលើតុទៅកូន ម្តាយធ្វើអីបន្តិច!»
តើអាហារលើតុ អីវ៉ាន់ម្ហូបទាំងអស់នេះ ម្តេចបានមិនដូចអ្វីដែលម្ដាយខ្ញុំធ្លាប់ធ្វើ?
ខ្ញុំចាប់ផ្ដើមរកឧបាយកលដើម្បីបញ្ឆោតគាត់ ដោយងាកឆ្វេងស្ដាំរកមើលខាងក្រៅ នៅតែមិនឃើញមានប៉ូលិសណាម្នាក់មកសោះ ។
ភ្លាមនោះខ្ញុំឃើញអាយកូមមួយដួលនៅក្រោមតុប៉ូលិសដែលពីរនាក់នោះអង្គុយជុំផឹកកាលពីម្សិល។
«កូនចៅខ្ញុំមានមកទេម៉ែ?!»
«មក! ប៉ុន្តែម៉ែបានប្រើឱ្យទៅទិញអីវ៉ាន់!»
ច្បាស់ហើយថា ពួកគេគ្រោះថ្នាក់ដោយសារខ្ញុំ ម៉ែនេះអាចជាពួកធ្មប់ក្លែងខ្លួន នេះគឺជាអ្វីដែលខ្ញុំចាប់ផ្តើមប្រាប់ខ្លួនឯង ទាំងដែលខ្ញុំមិនធ្លាប់គិតពីមុនមក។
ដោយពង្រឹងស្មារតី ខ្ញុំក៏ចាប់ផ្ដើមបោកបញ្ឆោតគាត់៖
«ខ្ញុំអត់ស្រួលខ្លួនសោះម៉ែទៅយកទឹកស័ក្តិសិទ្ធិ មកស្រោចឱ្យខ្ញុំបានទេម៉ែ !»
«ទឹកស័ក្តិសិទ្ធិណាកូន?!»
«ម៉ែស្រោចរាល់ដងនោះ!»
«អូម៉ែដឹងហើយ!» តាមពិតខ្ញុំមិនដែលធ្វើទេ។
ម៉ែម្នាក់នេះបែរខ្លួនកាន់ក្អមដើររ៉ុយទៅរកស្រះ។ ឆ្លៀតពេលដែលគាត់ចេញទៅក្រៅខ្ញុំស្ទុះភា្លមរាវរកកញ្ចប់ម្សៅស្រូវពណ៌ខ្មៅដែលប៉ូលិសបានឱ្យខ្ញុំម្សិលមិញ។
ភ្លាមនោះនៅពីក្រោមគ្រែខ្ញុំឃើញជើងពីរលៀនចេញមក។
មិនបាច់ឆ្ងល់ទេ ខ្ញុំគិតថាប៉ូលិសទាំងពីរត្រូវមកដេកដួលហើយ។ អារម្មណ៍ខ្ញុំភ័យទន់ជើងដួលអុកគូទនៅក្បែរនោះ។ តែខ្ញុំជាប៉ូលីសមានស្មារតីរឹងជាងគេឯងធម្មតា ខ្ញុំក៏ជាបន្ទាន់នោះក្រោកឡើងលើគ្រែព្រោះខ្ញុំមិនដឹងធ្វើម៉េចទេ។ ពីបង្អួចម៉ែខ្ញុំបានទូលក្អមត្រលប់មកវិញហើយ។ ខ្ញុំស្ទុះយកម្សៅបាចរោយជុំវិញគ្រែ ។
គាត់ចូលមកដល់ខ្ញុំលឿនស្លេវស្រាប់តែទប់ខ្លួនដំអក់នៅចម្ងាយប្រមាណជា១ម៉ែត្រពីគ្រែ។ ច្រមុះគាត់រេចុះឡើង ព្រោះធំក្លិនអ្វីម្យ៉ាងហាក់ខ្លាច។ ខ្ញុំយល់ហើយ….
«ម្តាយជាអ្នកណា? ម៉ែជាខ្មោចមែនទេ?!»
ខ្ញុំស្រែកឡើងយ៉ាងខ្លាំងៗថា៖
«អ្នកឯងមិនមែនជាម្តាយខ្ញុំទេ! ឯងគឺជាស្រីនៅចុងភូមិនោះមែនទេ!»
ម្តាយខ្ញុំ នៅខមដោយកំហឹងមកកាន់ខ្ញុំ។ ភ្នែកក្រហមឡើងៗ ខ្ញុំលើកបាច់ស្រងែនោះពីក្រោយខ្នងមកបង្ហាញគាត់។ ដៃគាត់ញ័រហើយលៀនក្រចកវែងសស្ងាចចេញមក។
ឥឡូវខ្ញុំជឿហើយ ថាក្រចកនេះ នឹងអាចវះពោះខ្ញុំបានមិនចាញ់មុខកាំបិតឡើយ។ មិនបង្អង់ ខ្ញុំដកមែកមួយគប់ទៅកាន់ម្ដាយរបស់ខ្ញុំ គាត់ស្រែកវ៉ាស ក្លាយខ្លួនទៅជាមនុស្សស្រីម្នាក់ដ៏ស្អាតដែលខ្ញុំបានជួយពីបង្គោលនៅឯចុងភូមិ។
ស្នូរជើងមនុស្សជាច្រើនរត់ចូលមកដល់ ពួកគេបាចអង្ករខ្មៅទៅលើនាង។ នាងស្រែករោទ៍ឈឺចាប់នឹងក្លាយទៅជាមនុស្សដែលមានមុខមាត់ ដូចជាយាយចាស់ រស់នៅរាប់ពាន់ឆ្នាំមកហើយគឺជរាអាក្រក់ខ្លាំង។
ធ្មប់នៅដួលរេលស្រែកឡូឡាយ៉ាងខ្លាំង ធ្វើឱ្យខ្ញុំស្រែកខ្លាំងៗតាមដែរដោយក្ដីតក់ស្លុត។
នេះជាលើកដំបូងដែលខ្ញុំបានឃើញរឿងអស់នេះ វាឆ្កួតបំផុតហើយ។
ភ្លាមនោះខ្ញុំឃើញ មានភ្លើងភ្លឹបភ្លែតជាច្រើននៅខាងក្រៅផ្ទះ មនុស្សជាច្រើនបានរត់ចូលមកដល់ហើយពួកគេប្រដាប់ទៅដោយកាំបិតចបនិងភ្លើងគប់។
អ្នកខ្លះទៀតមកគ្រាយកខ្ញុំចាកចេញ ហើយអ្នកខ្លះទៀតចាប់ផ្ដើមដុតផ្ទះនោះចោល។
ខ្ញុំបានស្រែកប្រាប់ពួកគេថាខ្ញុំឃើញសាកសពនៅក្រោមគ្រែ ពួកគេប្រាប់ថា ហួសពេលនឹងជួយហើយប៉ូលិសពីរនាក់នោះម្នាក់ត្រូវបាននាងសម្លាប់ ចំណែកម្នាក់រត់រួចបានរត់ទៅកែនអ្នកស្រុកមក។
«ដោយសារតែលោកប៉ូលិសដែលជាមេ មិនព្រមស្ដាប់ពួកយើង ប៉ូលិសម្នាក់នោះត្រូវបានគេសម្លាប់ ម្នាក់ទៀតបានរត់ទៅហៅអ្នកភូមិមក»
ដូច្នេះហើយបានជាខ្ញុំអាចរួចរស់ជីវិតបាន ចំណែកមេធ្មប់ស្រែកយំខ្ទរខ្ទារអង្វរចុះឡើងនៅក្នុងគំនរភ្លើងប៉ុន្តែចុងក្រោយទៅពួកគេបានសម្លាប់នាងបានសម្រេចក្លាយជាផេះ។
តមកខ្ញុំបានដឹងថា មនុស្សស្រីចុងភូមិគឺជារឿងតំណាលតាំងយូរណាស់មកហើយអ្នកទាំងឡាយតែងតែឮឪពុកម្តាយគេប្រាប់ថា មានមនុស្សស្រីស្អាតម្នាក់រស់នៅចុងភូមិមានផ្ទះក្នុងព្រៃ ប៉ុន្តែពួកគេមិនអាចចួបផ្ទាល់ទេ។ តែរៀងរាល់ឆ្នាំមានមនុស្សម្នាក់ស្លាប់ដោយសារតែមនុស្សស្រីនៅចុងភូមិនោះពិសេសប្រុសកំលោះ៕
ចប់!!!