«បន្ទាប់ពីថ្ងៃមួយដែលយើងបានបង្កើតការឈឺចាប់ដល់អ្នកណាម្នាក់ យើងបានចុះហត្ថលេខាយល់ព្រមដាក់ជីវិតយើងឱ្យអន្ទោលដោយស្រមោលមនុស្សនោះ! សូមរំលឹកខ្លួនឯងជានិច្ចថា ការឈឺចាប់ផងទំាងពួង បង្កឡើងដោយសារកំហឹងនិងសេចក្តីមានៈ បញ្ចប់ទៅដោយវិប្បដិសារី»
នេះជាផ្នែកមួយ នៃមាតិកាក្នុងសៀវភៅ ការឈឺចាប់ កម្រាស់ប្រមាណជាង៣០០ទំព័រ។
សូមអានបន្ត៖
ការវាយបក
ដូចបានជជែកគ្នាពីខាងដើម ជួនកាលមនុស្សនឹងនិយាយ ឬធ្វើអ្វីមួយដែលនឹងធ្វើឱ្យយើងឈឺចាប់។ មិនថាខ្លាំងឬតិចយើងតែងពើបប្រទះ។ ទោះយ៉ាងណាក៏ដោយ ជាញឹកញាប់រឿងទាំងអស់នោះ មិនមែនជាកំហុសខាងយើង ហើយរឹតតែមិនអាចចូលមកបង្ករការឈឺចាប់បានទេ ប្រសិនយើងមិនយកវា មកគិត ឱបក្រសោប និងវិភាគ ហើយចង់វាយបកត្រឡប់ទៅម្ចាស់ដើមវិញ។
បញ្ហាគឺនៅត្រង់ថា មនុស្សយើងតែងតែគិតចង់តបតវាយបកវិញភ្លាមៗទៅលើអ្នកណាម្នាក់ ក្រុមណាមួយដែលមកបំពានលើខ្លួន (ប្រសិនមានឱកាស) ព្រោះជាធម្មជាតិមនុស្សមិនព្រម«អត់ទ្រាំ»នៅក្នុង«ការឈឺចាប់»នោះទេ។ គេតែងបញ្ចេញកំហឹងជាការគិត ជាសម្តី ឬជាកាយវិកា ឬទំាំងអស់រួមគ្នា។ ព្រោះអ្វី ? ព្រោះថាក្នុងរយៈកាលរងឈឺចាប់ មនុស្សយើងតែងបោះបង់ចោលគតិទៅម្ខាង កំហឹងនិងទោមនស្សមានឥទ្ធិពលជាង។ មនុស្សខ្លះគិតថា «នៅក្នុងសង្គ្រាមអ្វីក៏យើងអាចអនុវត្តបានតែទំាងអស់ចំពោះសត្រូវ! វាគ្មានច្បាប់ទេនៅក្នុងភ្លើងសង្គ្រាម» នេះជាសម្តីដែលគេគិតថាសមរម្យពេលកំពុងឈឺចាប់ ប៉ុន្តែអ្នកនៅក្រៅរង្វង់នឹងដឹងថាការគិតបែបនេះជា«ទោសៈ»ដែលនាំមកនូវបញ្ហាកាន់តែធំឡើងៗមិនងាយរលត់។
ខ្ញុំមានអ្នកស្គាល់គ្នាម្នាក់ឈ្មោះ Litayo គាត់ជាអ្នកកាសែតរួមសហគមន៍។ គេនោះធ្លាប់ជជែកជាមួយខ្ញុំហើយខ្ញុំទម្លាប់ចងចាំពាក្យល្អៗមកទុក មានពាក្យខ្លះ Litayo លើកឡើងមកពន្យល់ខ្ញុំរហូតថា មនុស្សដែលមិន “ព្រមប្រយុទ្ធប្រឆាំង” ទុកថាជាការស្លាប់ខាងហ្សែន ហើយខ្ញុំតែងវាយបកទៅគាត់វិញថា «មិនគិតពីទស្សនវិជ្ជាខ្លះទេ? គេមានទស្សនៈល្អ បានជាគេអាចរំងាប់ចិត្តបានប្រសើជាងយើង! គេចេះសម្រេចចិត្តមិនវាយបកព្រោះគេមានសមត្ថភាពអាចមិនឱ្យទង្វើអ្នកដទៃមានឥទ្ធិពលមកលើកាយវិការរបស់គេបាន! គឺគេទប់ទល់បានល្អជាងពួកយើង!»
តាមពិតទៅ ខ្ញុំនិយាយនឹងគេនោះ និយាយប្រកែកគ្នារកហេតុផលតែប៉ុណ្ណោះ ធាតុពិតគឺ ខ្ញុំនេះហើយដែលតែងតែវាយបកសឹងគ្រប់ពេលដែលជំពប់នឹងការឈឺចាប់ណាមួយ។
មនុស្សយើងគ្មានអ្នកណាគ្រប់ដប់ទេ! តែបើអាក្រក់ប្រហែលមានច្រើនជាងល្អ ពិសេសពេលយើងមិនទាន់ចាស់ទុំ មិនសូវបានអានសៀវភៅ ក៏មិនសូវចេះខ្វល់ចង់ទប់ចិត្តទប់កាយអ្វី។
ក្នុងសង្គមខ្មែរយើងវិញ ប្រសិនបើចង្អុលសួររកមុខមនុស្សអាក្រក់ ប្រហែលគ្មានអ្នកណាលើកដៃទទួលទេ តែទម្លាប់របស់ខ្ញុំ ខ្ញុំប្រុងប្រយ័ត្នលើសមុនចំពោះបុគ្គលដែលអួតថា ខ្លួនគេល្អគ្រប់យ៉ាង។
នៅក្បែរខ្ញុំ មិនសូវមានមនុស្សផ្អែមល្ហែម ទន្ទោរទន្ទេញ យកចិត្តយកថ្លើម ឬអូសទូកបណ្តោយទឹក ភាសាអង់គ្លេសគេហៅថា ក្រុមអូខេនោះឡើយ។ ខ្ញុំមិនយកខ្លួនបៀតដាច់ខាត។
តែការវាយបក ដែលយើងគ្រប់គ្នាតែងតែមានក្នុងការរស់នៅ ជួនកាលក៏សមល្មមនឹងទង្វើភាគីម្ខាងទៀត ពេលខ្លះក៏ហួសហេតុ តែទំាងពីរយ៉ាង មិនបានសម្រាលការឈឺចាប់ និងមិនបានបន្ធូរបន្ថយបញ្ហាឡើយ បើយោងតាមបទពិសោធន៍របស់ខ្ញុំ។
មួយទៀត ប្រសិនបើលោជាការវាយបកវិញនោះ លើសដល់ថ្នាក់មិនអាចទទួលយកបានក្នុងបរិបទច្បាប់ យើងនឹងមានរឿងធំ។
ដូច្នេះតើនៅពេលណាដែលមនុស្សយើងគួរតែវាយបក?
ក្នុងកាលៈទេសៈឥឡូវ ដែលពិភពលោកឈឺចាប់គ្រប់គ្រាន់នឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយចុងក្រោយជំងឺឆ្លង ។ ពួកយើងភាគច្រើនមិនចង់ប្រយុទ្ធគ្នាទេតាមវិធីណាក្តី។
ពួកយើងចង់រស់នៅក្នុងជីវិតផ្ទាល់ខ្លួន តាមសភាពដែលខ្លួនឯងយល់ថាល្អ មិនចង់ឱ្យអ្នកដទៃលូកលាន់ ហើយក៏ចង់ទុកឱ្យអ្នកដទៃមានសិទ្ធិបានធ្វើអ៊ីចឹងដូចគ្នា។
ទោះយ៉ាងណាក៏ដោយមានមនុស្សមួយចំនួនតូច ដែលបដិសេធមិនព្រមចាកចេញពីរឿងរ៉ាវក្នុងជីវិតអ្នកដទៃទាល់តែសោះ។ ពួកគេយ៉ាប់ពិតមែន ហើយពិបាកនឹងនិយាយគ្នា!
ពួកគេអាចនឹងមិនសប្បាយចិត្តសូម្បីតែឃើញយើងមិនរវល់នឹងគេ ឬយើងបានទទួលជីវិតល្អមួយ។ ធ្វើជាជនរងគ្រោះរបស់ពួកគេ យើងមានតែជម្រើសពីរប៉ុណ្ណោះ ទីមួយគឺត្រូវចុះចាញ់ហើយទុកឱ្យពួកគេបង្កើតបញ្ហាជាបន្តបន្ទាប់តាមដែលពួកគេចង់បាន។ មួយទៀតគឺត្រូវប្រយុទ្ធប្រឆាំង វាយបកឱ្យពួកគេលែងធ្វើបែបនោះបានទៀត។
ប៉ុន្តែមុននឹងសម្រេចចិត្តយើងគួររកចម្លើយឱ្យសំណួរនេះសិនថា តើការសងសឹកនោះសម្រាលការឈឺចាប់បានដែរទេ?
មនុស្សខ្លះមានអារម្មណ៍ថា ខ្លួនឯងទន់ខ្សោយណាស់ ប្រសិនបើពួកគេមិនធ្វើការសងសឹកវាយបកទៅលើមនុស្សដែលអាក្រក់ចំពោះខ្លួន ឬជាដើមចមនៃការឈឺចាប់របស់ខ្លួន។
អ្នកខ្លះគិតថាអំពើហិង្សានិងការសងសឹក នឹងជួយសង្គ្រោះស្ថានភាពធ្វើឱ្យពួកគេមានអារម្មណ៍រឹងមាំហើយគ្មានអ្នកហ៊ានមកធ្វើបាបទៀត។
ចង់ការពារខ្លួនមិនមានអ្វីខុសទាស់ទេ ប៉ុន្តែវាចែកជាពីរ តើអ្នកការពារខ្លួនដោយបង្ហាញថាអ្នកនោះកំពុងតែបំពានមកលើខ្លួន ឬការទូរទាត់ដោយប៉ះពាល់រាងកាយ ប្រើហិង្សា ឬការនិយាយថ្កោលទោសប្រមាថ រិះគន់ បន្ទាបបន្ថោក។
មនុស្សម្នាក់ៗនៅក្នុងការឈឺចាប់ បានចាប់យកវិធីខុសៗគ្នា តែខ្ញុំធានាថាក្នុងចំណោមវិធីទំាំងនោះ គ្មានវិធីណាមួយធ្វើឱ្យការឈឺចាប់ទំាងនោះរសាយបានស្មើទៅនឹងការព្រមដើរចេញឡើយ។
ជំពូកបួន
ចូរប្រយ័ត្ននឹងអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ
មានអារម្មណ៍បែបនេះរ៉ាំរ៉ៃក្នុងជីវិត គឺយើងកំពុងស្ថិតក្នុងកម្រិតព្រមានមួយនៃការឈឺចាប់ដែលអាចវិវឌ្ឍន៍ទៅជាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបាន។
ការឈឺចាប់ជារឿងធម្មតា ប៉ុន្តែប្រសិនបើយើងមានអារម្មណ៍ជ្រាលជ្រៅខ្លាំងចំពោះសកម្មភាព ឬមតិរបស់អ្នកដ៏ទៃ ហើយម្តងៗការឈឺចាប់អាចពុះកញ្ជ្រោលឡើង និងរ៉ាំរ៉ៃរហូតដល់ពិបាករំងាប់ ជាបន្តបន្ទាប់ ទំាងមុនគេង ទំាងក្រោកឡើងមកកាលណា សម្លឹងឃើញតែបញ្ហា នេះជាសញ្ញាព្រមានមួយហើយ។
ឧទាហរណ៍ដូចជា សូម្បីតែខ្លួនមិនបានទទួលលទ្ធផលដូចអ្នកដទៃ ដែលយើងគិតថាធ្វើស្រដៀងយើងដែរក្នុងជីវិតរស់នៅក៏យើងឈឺចាប់ ទំាងនេះគេហៅថា ការឈឺចាប់ព្រោះប្រៀបធៀប។ ទោះបីមនុស្សនោះមកពាក់ព័ន្ធតែគេមិនដឹងខ្លួនឡើយ គឺយើងអនុញ្ញាតឱ្យរូបភាពរបស់គេចូលមកបាន ហើយបង្កជាបញ្ហាសោកសៅក្នុងចិត្តគំនិតយើងដោយខ្លួនឯង។ ទីបំផុតអាចនាំឱ្យមានការអាក់អន់ចិត្តអូសបន្លាយ បន្ទាប់មកក្លាយជាខឹងស្អប់គេម្នាក់នោះ ទំាងដែលខ្លួនយើងជាអ្នកសោកសៅ ចំណែកលទ្ធផលចុងក្រោយគឺ ស្ថានភាពធ្លាក់ទឹកចិត្ត ឬជំងឺបាក់ទឹកចិត្តនៅរង់ចាំទទួល។
លើសពីនេះទៅទៀត អ្នកខ្លះបានបង្កវាឱ្យទៅជាការចងគំនុំស្វែងរកការសងសឹក បាត់បង់ជំនឿនិងការជឿទុកចិត្តលើមនុស្សនានា និងជំងឺអាណិតខ្លួនឯងស្អប់ការរស់នៅក្នុងសង្គមមនុស្ស។
ជាការពិតទាំងអស់នេះកើតចេញពីជម្រើសរបស់សាមីខ្លួន ដែលកំពុងគិតរឿងរ៉ាវបែបធ្ងន់ធ្ងរពេក និងទាញយកអ្វីៗមកដាក់បន្ទុកលើខ្លួនឯងដោយផ្ទាល់។
អ្វីៗដែលមនុស្សម្នាក់ទៀតធ្វើ គឺត្រូវបានសាមីខ្លួនយកមកពន្យល់បកស្រាយថា នោះជាការវាយប្រហារមកលើគេ ទំាងពេលខ្លះភាគីខាងណោះមិនមានចេតនា ឬមិនដឹងខ្លួនតែម្តង។
អ្នកជំងឺនៃភាពឈឺចាប់ម្នាក់នេះ មានអារម្មណ៍ដូចជាមនុស្សផ្សេងទៀតនោះ ទោះនៅឆ្ងាយយ៉ាងណាក៏នៅតែធ្វើឱ្យខ្លួនឈឺចាប់ មកក្បែរក៏ដើម្បីតែបង្កអ្វីមិនខាន គេនិយាយអ្វីមួយក៏មើលទៅដូចជាសំដៅមកថាឱ្យខ្លួន។
ខ្ញុំហៅវាថាជាជំងឺ ព្រោះវាបង្កររោគ ហើយត្រូវការព្យាបាល។ ទោះយ៉ាងណា ជំងឺឈឺចាប់ទាញអ្នកផ្សេងមកបញ្ចូលស្ងាត់ៗនេះ កម្រកើតមានណាស់ គឺកម្រកើតជាងករណីដែលភាគីសងខាង មានគំនិតអគតិចំពោះគ្នាទៅវិញទៅមក។
ប្រសិនបើសង្កេតឃើញថា រាល់ការវិភាគនិងយល់ឃើញរបស់យើង គ្រាន់តែធ្វើឱ្យមានគំនិតថ្កោលទោសអ្នកណាម្នាក់ និងបណ្តាលឱ្យមានអារម្មណ៍ឈឺចាប់ខឹងសម្បារខ្លួនឯង ព្យាយាមព្យាបាលវា ដោយការបញ្ជាចិត្ត ឬគេចពីបុគ្គលនោះ ជាជាងមានជំងឺធ្ងន់ទៅជាផលវិបាកខ្លាំង។
ក្នុងករណីដែលយើងនៅតែមានអារម្មណ៍ពិបាកបំភ្លេចថា មនុស្សម្នាក់បានព្យាយាមធ្វើបាបយើងដោយចេតនាអាចប្រឈមបញ្ហានេះឱ្យច្បាស់ដោយសួរខ្លួនឯងថា គេបានធ្វើដោយចេតនាឬ? តើខ្ញុំខ្លួនឯងមានអគតិគិតបំភាន់អំពីចេតនារបស់បុគ្គលម្នាក់នេះព្រោះតែការស្អប់ ច្រណែន ទាស់ចិត្តដែរទេ?ចុះបើមានការយល់ច្រឡំ តើខ្ញុំនឹងត្រូវការព័ត៌មានអ្វីខ្លះទៀតដើម្បីបញ្ជាក់ពីស្ថានភាពនេះ? វាចាំបាច់ដែរទេ?
វាអាចទៅរួចដែលមនុស្សយើងកំពុងស្ថិតក្នុង «ទោសៈ» ហើយនិយាយឬធ្វើអ្វីមួយដែលពួកគេតាមពិតមិនមានន័យអ៊ីចឹងទាល់តែសោះ ប៉ុន្តែជ្រុលធ្វើទៅហើយ។
ដូចគ្នានេះដែរ វាក៏អាចទៅរួច ដែលថាពួកគេកំពុងឆ្លងកាត់ការឈឺចាប់ណាមួយ ហើយជាអកុសលគេស្រាប់តែបង្វែរបន្តមកលើយើង។ ចំណុចនេះគួរតែបង្ហាញថា ពាក្យសម្ដីនិងសកម្មភាពរបស់ពួកគេ មិនបានសំដៅមកលើយើងទេ ផ្ទុយទៅវិញ វាជាចរិតមិនចេះគ្រប់គ្រងរបស់គេ អសន្តិសុខផ្លូវចិត្តរបស់គេ រោគដ៏ធ្ងន់ធ្ងរក្នុងចិត្តរបស់ពួកគេ ។ល។
«អាថ៌កំបាំងនៃសេរីភាពនិងសុភមង្គលលើលោកនេះ គឺការរស់នៅដែលគ្មានការភ័យខ្លាច។ យើងនឹងមិនភ័យខ្លាចអ្វីទំាងអស់ ប្រសិនបើយើងលែងទម្លាប់ពឹងផ្អែកលើនរណាម្នាក់ លែងរំពឹងរង់ចាំជំនួយ និងលែងខ្វល់ថា អ្នកណាយល់បែបណាអំពីជីវិតផ្ទាល់របស់យើង! ដោះលែងខ្លួនឯងពីពេលនេះទៅ !»