រឿង ផ្ទះថ្មី

នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើងតែប្រកាន់​គោលការណ៍​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ រហូត​ដល់​ពេល​យើង​រៀបការ​រួច​ ទើប​រើ​ចេញ ។ ក៏មាន​គូ​ស្រករ​ខ្លះ​ក៏​នៅតែ​បន្ត​រស់​នៅ​របៀប​ជា​​គ្រួសារ​ធំ​បែប​នោះ​ដដែល​ទៀតផង។

ខ្ញុំ​មាន​លក្ខណៈ​ខុស​គេ​បន្តិច​ត្រង់ថា​ រក​សង្សារ​មិន​ទាន់​បាន ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​សន្សំ​លុយ​ទិញ​ផ្ទះ​ខ្លួនឯង​តូច​មួយ​បម្រុង​ទុក។

ចៃដន្យ​ការងារ​កន្លែង​ថ្មី​របស់​ខ្ញុំ​នៅ​ក្បែរ​ផ្ទះ​នោះ ខ្ញុំ​ក៏​អាច​មាន​លេស​សមរម្យ​​ក្នុង​ការ​​រើ​ចេញ​ពី​ចាស់ៗ​មែន។

តាម​ទម្លាប់​ខ្មែរ​យើង ​មុន​ពេល​ចាប់ផ្ដើម​ចូល​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ថ្មី គេ​ចាំបាច់​ត្រូវ​ធ្វើ​ពិធី​សាសនា​ក្នុង​ការ​បណ្ដេញ​វិញ្ញាណ​អាក្រក់​នេះ ​បើ​តាម​ពាក្យចចាមអារ៉ាម​ប៉ុន្តែ​គេ​និយាយ​ប្រើ​ពាក្យ​ល្អ​ៗ​វិញ​ថា​សូត្រ​មន្ត​ឡើង​ផ្ទះ​លើករាសី។

សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ពី​បញ្ហា​នេះ​ដូចគ្នា​ប៉ុន្តែ​កាលវិភាគ​នៅ​កន្លែង​ធ្វើការ​ខ្ញុំ​មិន​បាន​ទុក​ឱកាស​ឱ្យ ខ្ញុំ​មាន ពេលវេលា​សមរម្យ​សម្រាប់​ធ្វើ​ពិធី​អស់​នោះ​សោះ មាន​ន័យ​ថា​ខ្ញុំ​អាច​សម្រាក​បាន​តែ​ថ្ងៃ​អាទិត្យ​

ចំណែក​ពេល​ដែល​អាចារ្យ​រក​ឱ្យ​សម្រាប់​ឡើង​ផ្ទះ គឺ​ថ្ងៃ​ចន្ទ​និង​សុក្រ​អញ្ចឹង​ហើយ​ខ្ញុំ​បាន​ចូល​មក​នៅ​ក្នុង​ផ្ទះ​ថ្មី​សិន​ ដោយ​ពន្យារ​ពេល​សូត្រ​មន្ត​ម្ដង​ហើយ​ម្ដងទៀត។

ដោយ​ខ្ញុំ​ជា​អ្នកដឹកនាំ​វ័យក្មេង​ម្នាក់​នៅ​កន្លង​ធ្វើការ​ផង​ជា​យុវជន​សម័យInternet ផង ដូច្នេះ​ខ្ញុំ​គឺ​មាន​ជំនឿ​ចិត្ត​​ខ្ពស់។

​ហើយ​រឿង​ខ្មោច​ព្រាយ​បិសាច​វិញ្ញាណ​អ្វី​ខ្ញុំ​មិន​ដែល​គិត​មិន​ដែល​ជឿ​ទេ។ កុន​ខ្មោច​ក៏​ខ្ញុំ​មិនដែល​ទៅ​រវល់​មើល​ដែរ។

ការ​រើ​មក​នៅ​ពេញ​ដោយ​សេរីភាព​នេះ អ្វីៗ​គ្រប់យ៉ាង​ការប្រព្រឹត្តិ​ទៅ​ដោយ​រលូន​នៅ​ឯ​ផ្ទះ​ថ្មី​កម្លាំង​ញើស​ឈាម​ខ្ញុំ។

រហូត​ដល់​ថ្ងៃ​ទី​៥​​នៅ​ពេល​ល្ងាច​​ទើប​តែ​ដើរ​មក​ពី​កន្លែង​ធ្វើការ​​ខ្ញុំ​បាន​ឮ​សំឡេង​ភ្លេង​ច្រៀង​ល្វើយ​អម​ជាមួយ​ស្នូរ​ជើង​អ្នក​រាំ​របាំ​ម្យ៉ាង ដែល​ស្ដាប់​យូរ​ទៅ​ស្រដៀង​នឹង​របាំ​គោះត្រឡោក​ដែល​យើង​និយម​ឃើញ​ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា។

ខ្ញុំ​មិនសូវ​ចាប់​អារម្មណ៍​អ្វី​ទេ​ក៏​ចូល​មក​ក្នុង​ផ្ទះ​​ហើយ​សម្រាក​មើល​ទូរទស្សន៍។ តែ​យូរ​ទៅៗ​សំឡេង​នោះ​កាន់តែ​ឮ​ខ្លាំង​ឡើង​ៗ ​ដូចជា​គេ​មក​ច្រៀង​រាំ​ពី​លើ​ដំបូល​ទះ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​មិន​បាន​ចាប់អារម្មណ៍​ថា​ភ័យ​ខ្លាចរអា​សោះ​ទេ តែ​បែរ​ជា​ឆ្ងល់ ថា​តើ​ផ្ទះ​ណាមួយ​នៅ​ជិត​ខាង​យើង​ដែល​មាន​សិស្ស​រៀន​របាំ​ហើយ​ត្រូវ​សម អ្វី​​ដល់​ថ្មើរ​ណេះ​មិនទាន់​ព្រម​ឈប់​សម្រាក​ខ្លះ?

ខ្ញុំ​ចង់​ពិនិត្យ​មើល​លើ​ដំបូល​ដែរ​តែ​គ្មាន​ពេល ព្រោះ​ត្រូវ​រៀបចំ​ចេញ​ទៅ​ខេត្ត​ជា​មួយ​មេ​ខ្ញុំ​បន្ទាន់​ព្រោះ​គាត់​ខល​មក​ហៅ។

១០០​ភាគរយ​ខ្ញុំ​យល់​ថា វា​មាន​ប្រភព​ចេញ​មក​ពី​ដំបូល​អ្នក​ជិត​ខាង។

ប៉ុន្តែ​ពេល​ត្រលប់​មក​ពី​ខេត្ត​វិញ​បាតុភូត​នេះ​បាន​កើត​ឡើង​ពេញ​១​សប្ដាហ៍​ហើយ​ក្លាយ​ជា​រឿង​ដ៏​រំខាន​ដែល​ខ្ញុំ​មិន​អាច​ដេក​បាន​ ព្រោះ​តាំងពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ម៉ោង​១១​យប់​ហើយ​គេ​មិន​ឈប់​ហាត់​វា​សោះ?។

ខ្ញុំ​ចាប់ផ្ដើម​ប្រើ​កាស​ញ៉ុក​ត្រចៀក​ហើយ​តាំងចិត្ត​ថា​​ខ្ញុំ​មិន​ចង់​មាន​រឿង​ជាមួយ​អ្នកណា​ ពិសេស​អ្នក​ជិត​ខាង​របស់​ខ្មែរ​យើង​គឺ​ជា​មនុស្ស​សំខាន់​សម្រាប់​ការ​រស់នៅ​របស់​ខ្មែរ​យើង។

ព្រឹក​ឡើង​មុន​ពេល​ដើរ​ទៅ​Officeដែល​នៅ​ក្បែរ​នោះ ខ្ញុំ​វាក់អើ​នឹង​អ៊ំ​ចាស់​មួយ​ដែល​នៅ​ផ្ទះ​រំលង​ខ្ញុំ​ពីរ​។

គាត់​ញញឹម​មក ខ្ញុំ​ក៏​ញញឹម​តប។ បាន​ដូច្នេះ​គាត់​ចូល​មក​ពឹងពាក់​ភ្លាម៖

«ក្មួយ! ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ចុះ​ខេត្ត​ទៀត​អត់?»

«អត់​ផង​អ៊ំ!»

«អញ្ចឹង​អ៊ំ​ផ្ញើ​ផ្ទះ​ផង​ណា៎!»

«អូ?»

«អ៊ំ​មាន​ធុរៈ​ត្រូវ​ទៅ​លេង​កូនស្រី​នៅ​ខេត្ត​គ្នា​ទើប​សម្រាល​កូន​ខ្ចី!»

«បាទ​អ៊ំ​ចាំ​ជួយ​អើតៗ​ឱ្យ!»

«អរគុណ​ហើយ​ក្មួយ​ប្រុស»

មិន​ដឹង​យ៉ាងម៉េច​មុន​ចេញទៅ​គាត់​បែរ​ជា​ងាក​មក​ខ្ញុំ​ហើយ​ផ្ដាំ​បន្ថែម៖

«ក្មួយ​មាន​បងប្អូន​ពួកម៉ាក​អី ហៅ​មក​គេង​កំដរ​ប៉ុន្មាន​ថ្ងៃ​ទៅ! ទីនេះ​ស្ងាត់​ណាស់ មាន​តែ​ពីរ​ផ្ទះ​យើង​ផង! ជុំវិញ​នេះ​មិនទាន់​មាន​អ្នកណា​រើ​មក​នៅ​នៅ​ឡើយ​ទេ!»

ខ្ញុំ​កំពុង​រិះគិត​រឿង​ស្មុគស្មាញ​ជា​ច្រើន​នៅ Officeមិន​បាន​ចាប់អារម្មណ៍​ដល់​សម្ដី​គាត់​ទេ ​​ប៉ុន្តែ​ពេល​បាយ​ថ្ងៃត្រង់​ជាមួយ​មិត្តភ័ក្ដិ​ ខ្ញុំ​ទើប​នឹក​ឃើញ​ដល់​សម្លី​គាត់​នោះ​សា​ថ្មី​ហើយ​ចាប់ផ្ដើម​ព្រួយ​ចិត្ត។

«មិន​ដឹង​យប់​នេះ​ដេក​នៅ​កន្លែង​ធ្វើការ​ឬ​ទៅ​ផ្ទះ​ទេ​វ៉ី!»

«ហេតុ​អី?!»

«ជុំវិញ​នោះ​មាន​តែ​ពីរ​ផ្ទះ​ដែល​រើ​មក​នៅ ឥឡូវ​អ៊ំ​នោះ​បិទ​ទ្វារ​ទៅ​ខេត្ត​បាត់​ទៀត!»

«ថា​ម៉េច? ជុំវិញ​ផ្ទះ​អ្ហែង មិនទាន់​មាន​គេ​ចូល​នៅ​ទេ?!»

ខ្ញុំ​ងក់ក្បាល​ទាំង​បារម្ភ​ពី​រឿង​សន្តិសុខ។

«អើ​សំណង់​ថ្មី​វា​អញ្ចឹង​ហើយ​! ហើយ​ចុះ​ប្រញាប់​រើ​ទៅ​នៅ​ម្ល៉េះ​​អ្ហា៎! ស្ងាត់​ពេក​អញ​វិញ​មិន​ចេះ​នៅ​ទេ!»

ពួកម៉ាក​ខ្ញុំ​អា​ឈឿន​គេ​រអ៊ូ។

ឃើញ​ខ្ញុំ​មិន​មាត់​វា​សួរ​បន្ថែម៖

«ហើយ​អ៊ំ​នោះ​ទៅ​ខេត្ត​បាត់​ទៀត អ្ហែង​ហ៊ាន​នៅ​ដែរ​អ្ហា៎?!»

ពួក​ម៉ាក​ខ្ញុំ​​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​ទ្រឹង។

«អើ បើ​ខ្លាច​ណាស់ ចាំ​អញ​ទៅ​ដេក​កំដរ​ជាមួយ!»

គេ​គឺ​យល់​ច្រឡំ ​ខ្ញុំ​មិន​មែន​ខ្លាច​ទេ​ប៉ុន្តែ​ខ្ញុំ​នឹក​មិន​អស់​ចិត្ត។

បើ​ម្ដុំ​នោះ​​ជា​សំណង់​ថ្មី​គ្រប់​គ្នា​ទិញ​ហើយ​ចាក់សោ​ទុក​មិន​ទាន់​ចូល​នៅ មាន​តែ​អ៊ំ​នោះ​ហើយ​នឹង​ខ្ញុំ តើ​បាន​ពីណា​ឡើង​ទៅ​រាំ​ច្រៀង​គោះ​ត្រឡោក​រាល់​យប់​លើ​ដំបូល​ទៅ?

ខ្ញុំ​រេ​ភ្នែក​​គិត។

ល្ងាច​នោះ ​ពួកម៉ាក​ខ្ញុំ​ពិត​ជា​មក​គេង​កំដរ​គ្រាន់​ការពារ​ចោរ​មែន។ ​ចិត្ត​ខ្ញុំ​នៅ​ទន្ទឹង​រង់ចាំ​ក្រែង​ឮ​សំឡេង​គោះត្រឡោក​នោះ​ទៀត​ ប៉ុន្តែ​បែរជា​ស្ងាត់សូន្យ​ឈឺង។

ម៉ោង​៦​ល្ងាច ឈឿន​ស្រេកទឹក​ហើយ​ផ្ទះ​ខ្ញុំ​គ្មាន​ស្រីៗ​មិនដែល​មាន​ចំណី​ចំណុក​អី​សឺកួរ​ទេ។ ខ្ញុំ​ទាមទារ​ចេញ​ទៅ​រក​ទិញ​អី​មក​ទុក​ហូប​លេង​ពេល​មើល​ទូរទស្សន៍​យប់ តែ​ឈឿន​វា​ថា​វា​ជា​អ្នក​ចេញ​ទៅ​ទិញ​វិញ។

វា​អូស​ម៉ូតូ​ចេញ​ទៅ។

ខ្ញុំ​នៅ​ចុច​តេឡេ​មើល​ទូរទស្សន៍​រង់ចាំ​វា​ ស្រាប់​តែ​មិន​បាន​ពីរ​នាទី​ស្រួលបួល​ស្នូរ​របាំ​និង​ភ្លេង​លាន់​មក​គឃ្លើន។ ខ្ញុំ​ចុច​បិទ​សំឡេង​ទូរទស្សន៍​ទាំង​ស្រុង ហើយ​សសៀរ​ទៅ​ក្បែរ​ជណ្ដើរ​ដែល​តម្រង់​ទៅ​ជាន់​ខាង​លើ​ហើយ​ផ្ទៀងត្រចៀកស្ដាប់។

ម្ដុំ​នេះ​ជា​សំណង់​ថ្ម​បាំង​ដាច់​ឆ្ងាយ​ពី​គេ​ដោយ​ផ្លូវ​លំ​មួយ និង​ដី​​ទំនេរ​ព័ទ្ធ​របង​ចោល​ជា​ច្រើន​រយ​ការ៉េ។ម្ដុំ​នេះ​គ្មាន​អ្នកណា​នៅ​ផង តើ​បាន​ស្រីៗ​ឯ​ណា​ឡើង​ទៅ​រាំច្រៀង​លើ​ដំបូល​ផ្ទះ​ខ្ញុំ បាន​ជា​លាន់​ឮ​រំខាន​ថ្នាក់​នេះ?

ខ្ញុំ​ខំ​បន្លប់​បើក​ទូរទស្សន៍​បំភ្លេច​វា​ចោល​តែ​វា​នៅ​តែ​លាន់​មក​ច្បាស់​ៗ​ឡើង​ៗ​ផ្គើន​ខ្លាំង​ៗ​ក្បែរ​ត្រចៀក​តែ​ម្ដង។

«កូន​មេ​រំបល់​យក៍​ណា​លេង​សើច​នឹង​អញ?»

ខ្ញុំ​រអ៊ូ​ព្រោះ​គិត​ថា​ខ្មោច​ក៏​ដោយ​ស្អី​ក៏​ដោយ ខ្ញុំ​ត្រូវ​តែ​វាយ​បំបែក​មាត់​វា​ព្រោះ​ក្ដៅ​ចិត្ត។ នៅ​ក្បែរ​ជណ្ដើរ ខ្ញុំ​មាន​តែ​ពូថៅ​ដង​ឈើ​មួយ​វែង​ប្រវែង​កន្លះ​ម៉ែត្រ។ ខ្ញុំ​ចាប់​វា​មក​កាន់​ទាំង​ចិត្ត​សៅហ្មង​ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ជាន់​ខាង​លើ​ផុត។

«អញ​កាប់​ទាំង​អស់​អាណា​ចង់​លេងសើច​ជាមួយ​អញ!»

ខ្ញុំ​បម្រុង​ឈាន​ជើង​ឡើង​ស្រាប់តែ​អា​ឈឿន​មក​ដល់​ហើយ​ចុច​កណ្ដឹង។

ខ្ញុំ​បែរ​ក្រោយ​សម្លឹង​វា  រួច​បោះ​បង់​ចោល​គំនិត​ឡើង​ទៅ​រក​ខ្មោច​ដោយ​បើកទ្វារ​ឱ្យ​វា​វិញ។

«ឆាប់​មក​វិញ​ម៉េ្លះ​អ្ហា៎!?»

«មិន​បាច់​ផឹក​ទេ! ជុំវិញ​នេះ​គ្មាន​អ្នក​ណា​លក់​អី​ទាំង​អស់! ស្ងាត់​ដូច​ចោរ! អញ​ខ្ជិល​ជិះ​ទៅ​ឆ្ងាយ​ចោល​អ្ហែង​នៅ​ឯ​ណេះ​ម្នាក់​ឯង»

ខ្ញុំ​រេ​ភ្នែក​សម្លឹង​បរិវេណ​មុខ​ផ្ទះ។ ពិត​ជា​ស្ងាត់​គួរ​ឱ្យ​បះសក់​មែន។ រាល់ដង​ខ្ញុំ​រវល់​ពេក​ហើយ​ រវល់​ដល់​ថ្នាក់​មិន​ដឹង​ថា​ខ្លួន​កំពុង​រស់​នៅ​ក្នុង​តំបន់​គ្មាន​មនុស្ស​ដូច្នេះ​ទៅ​កើត។​ ប្រហែល​ជា​មក​ដល់​ព្រលប់​ដេក​លក់​បាត់​ចេញ​ទៅ​វិញ​ព្រលឹម​អុលៗ​បាន​ជា​មិន​ចាប់អារម្មណ៍។

«អ្ហែង​មើល ​ស្ងាត់​អញ្ចឹង​មាន​មេ​ឡប់​ណា​មក​ច្រៀង​រាំ​កោកៗ​លើ​ដំបូល?»

អា​ឈឿន​ដែល​កំពុង​អូស​ម៉ូតូ​ចូល​​វា​ រេ​ភ្នែក​សម្លឹង​ពូថៅ​លើ​ដៃ​ខ្ញុំ ហើយ​វា​រេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន​ធ្វើ​ដូច​ផ្ទៀង​ត្រចៀក​ស្ដាប់។

ខ្ញុំ​និយាយ​បន្ត៖

«អញ​ឡើង​ទៅ​មើល​វា​លើ​ដំបូល​សិន​ វា​ឡប់​ស្អី​វា​ថ្មើរ​ណេះ?! អ្ហែង​ចាក់សោ​ផ្ទះ​ផង»

ខ្ញុំ​រៀប​បែរ​ក្រោយ​តែ​អា​ឈឿន​វា​និយាយ​កាត់៖

«គ្មាន​ឮ​ស្អី​ផង​ហ្នឹង!?»

ខ្ញុំ​ស្រលាំងកាំង​ព្រោះ​អ្វីៗ​បាត់​ស្ងាត់​ឈឺង​ទៅ​សូន្យ​មែន។

ពេល​ខ្ញុំ​ជ្រួញ​ចិញ្ចើម​អា​ឈឿន​វា​មើល​មុខ​ខ្ញុំ។

ខ្ញុំ​ក៏​និយាយ​បញ្ជាក់​ភ្លាម​៖

«អ៊ំ​នោះ​ថា​ម្ដុំ​នេះ​មិនទាន់​មាន​អ្នកណា​រើ​ចូល​មក​នៅ​ទេ ​ចុះ​ម៉េច​រាល់​យប់​អញ​ឮ​សូរ​គេ​រាំ​គោះ​ត្រឡោក​ដល់​យប់​ជ្រៅ​ៗ? ​មិញ​នេះ​អញ​ឮ​ថ្លង់​ស្ទើរ​យក​សម្លី​ញ៉ុក​ត្រចៀក​ទៅ​ហើយ!»

សាជាថ្មី​ វា​ឱន​មើល​ទៅ​ពូថៅ​លើ​ដៃ​ខ្ញុំ។

មិន​ដឹង​គិត​យ៉ាង​ណា​ស្រាប់​តែ​វា​លើក​ទូរសព្ទ​មក​ហើយ និយាយ​ប្រាប់​ខ្ញុំ៖

«អញ​ហៅ​ពួក​យើង​ទិញ​ប៊ីយែរ​មក​ដេក​ផឹក​នៅ​ផ្ទះ​អ្ហែង! ពីរ​នាក់​យើង​ស្ងាត់​ពេក​ហើយ​អ្ហា៎»

តាមពិត​អា​ឈឿន​វា​ខ្លាច។ វា​គិត​ដល់​រឿង​ផ្សេង​ពេល​ដែល​ខ្ញុំ​រវល់​តែ​ខឹង។

ពួកម៉ាក​ខ្ញុំ​បី​នាក់​ទៀត​ទិញ​ប៊ីយែរ​មកដល់​ទាន់ចិត្ត​ ហើយ​ខ្ញុំ​ក៏​លែង​មាត់​ក​នាំ​គ្នា​ផឹក​ឱ្យ​ត្រជាក់​ចិត្ត​ទៅ​រហូត​ដល់​ដេក​លក់​រៀងខ្លួន​ភ្លេច​ចោល​រឿង​ក្ដៅចិត្ត​នៅ​លើ​ដំបូល​នោះ​សូន្យ។

ព្រលឹម​មិន​ទាន់​បើកភ្នែក​ស្រួលបួល​ផង ខ្ញុំ​ឃើញ​ពុក​ម៉ែ​ខ្ញុំ​ក៏​មក​ដល់​ហើយ​ចុច​កណ្ដឹង។

ខ្ញុំ​មមីងមមាំង​ស្មាន​ថា​មាន​រឿង​អី​តាម​ពិត​គឺ​អា​ឈឿន​វា​ខល​ទៅ​តាម​គាត់​ឱ្យ​គាត់​មក​ជា​បន្ទាន់។

ពេល​គាត់​អង្គុយ​ចុះ​វា​ចាប់ផ្ដើម​រៀបរាប់៖

«មីង​ពូ! ផ្ទះ​របស់​តារា​ដូច​ជា​មិន​ស្រួល​ទេ យប់មិញ​ពេល​ដេក​លក់​រលីវ​ៗ​ខ្ញុំ​យល់សប្ដិ​ឃើញ​វា​ស្លៀកពាក់​ស្រី​ជា​អ្នក​រាំ​របាំ​អប្សរា​ហើយ​វា​ទៅ​ឈរ​រាំ​លើ​បង្កាន់​ដៃ​មុខ​ផ្ទះ ​ដល់​ខ្ញុំ​ហៅ​វា ​វា​ក៏​លោត​ចុះ​ក្រោម​តែ​ម្ដង»

គឺ​ដូច្នេះ​ហើយ បាន​ជា​​វា​ខល​ហៅ​ពុក​ម៉ែ​មក​ទាំង​ព្រឹក។ ខ្ញុំ​គ្មាន​យោបល់​ទេ​ តែ​ម្ដាយ​ខ្ញុំ​ក៏​យល់ស្រប​និង​អា​ឈឿន​ថា​នេះ​ជា​សុបិន​មិនល្អ។ ខ្ញុំ​ខ្ជិល​ជម្រាប​គាត់​​ពី​រឿង​សំឡេង​ចម្លែក​ទាំង​នោះ​ទៀត​នាំ​តែ​គាត់​ភ័យខ្លាច​លើស​ដើម។
បន្ទាប់​មក​ជីតា​របស់ខ្ញុំ​និង​ប្អូន​ខ្ញុំ​បាន​និមន្ត​ព្រះសង្ឃ​និង​អាចារ្យ​​មក​ដល់។ យើង​បាន​ធ្វើ​ពិធី​ប្រោះព្រំ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។

ពេល​ចប់​ពិធី​ម្ដាយ​ខ្ញុំ​បាន​រៀបរាប់​ទូល​ព្រះសង្ឃ​នូវ​រឿង​ទាំង​ប៉ុន្មាន​នេះ ព្រះសង្ឃ​ក៏​និមន្ត​ទៅ​គ្រប់​ជាន់​នៃ​ផ្ទះ​ខ្ញុំ ទៅ​​គ្រប់​បន្ទប់​ដើម្បី​ធ្វើការ​ប្រោះព្រំ។

យប់​នោះ​ពុក​ម៉ែ​និង​មិត្ត​ខ្ញុំ​បន្ត​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​​ហើយ​ខ្ញុំ​បាន​គេង​លក់​សុខ​រួល​ដោយ​គ្មាន​អ្វី​រំខាន​ទៀត​ឡើយ។

ស្អែក​ឡើង​ម្ដាយ​ខ្ញុំ​ឱ្យ​យោបល់​ឱ្យ​ប្អូនប្រុស​របស់ខ្ញុំ រើ​មក​ស្នាក់​នៅ​បាន​ជាគ្នា​ជា​មួយ​ខ្ញុំ។ ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​ដែរ​ ព្រោះ​យល់ថា​លោតែ​ថ្ងៃ​ណា​មួយ​ចង់​ដើរ​ក្រៅ​ដាច់​យប់​ជាមួយ​សង្សារ​មុខ​តែ​ត្រូវ​វា​ប្រាប់​ពុក​ម៉ែ​អស់​មិនខាន ​ប៉ុន្តែ​ដោយសារ​ចាស់ៗ​ថា​មិន​ល្អ​រស់​នៅ​ម្នាក់​ឯង​នេះ​ជា​ដី​ខ្មែរ​មិនមែន​អឺរ៉ុប​នោះ​ទេ។

ឃើញ​ម៉ែ​បារម្ភ​ពេក​​ខ្ញុំ​ក៏​យល់​ព្រម។ បី​ថ្ងៃ​ក្រោយ​មក អ៊ំ​ចំណាស់​ក្បែរ​ខាង​វិល​មក​វិញ មាន​ទាំង​ក្មួយ​ប្រុសៗ​គាត់​ពីរ​នាក់​ឡើង​មក​រៀន​នៅ​ភ្នំពេញ​មក​ស្នាក់​នៅ​ថែម​ទៀត។

«អ៊ំ! ព្រោះ​អ៊ំ​ចូល​មក​នៅ​ទីនេះ​មុន​ខ្ញុំ បាន​ជា​ខ្ញុំ​សុំ​សួរ! អ៊ំ​ដែល​ឮ​គេ​រាំ​ច្រៀង​លើ​ដំបូល​យើង​ដែរ​ទេ?!»

គាត់​មិន​ឆ្លើយ ​ប៉ុន្តែ​ទឹកមុខ​គាត់​ដែល​រងីរងើ​នោះ​បញ្ជាក់​ជាស្រេច​នូវ​ចម្លើយ​ថា​«គ្មាន»។

ខ្ញុំ​ជា​យុវវ័យ​ដែល​មិន​ទាំង​ដឹង​​​អ្វី​ទាំង​អស់​​អំពី​បញ្ហា​ខ្មោច​លង​និង​ទោះបី​ជា​ខ្ញុំ​មិនដែល​យកចិត្ត​ទុកដាក់​ពី​រឿង​នេះ​ ខ្ញុំ​ស្រាប់​តែ​មក​ចេះ​ព្រឺ​សម្បុរគីង្គក់​ទាំង​ថ្ងៃ។

ខ្ញុំ​និយាយ​បញ្ជាក់​បន្ថែម​កុំ​ឱ្យ​គេ​នឹក​ឆ្ងល់​សម្ដី​ខ្ញុំ៖

«មុន​ពេល​និមន្ត​លោក​មក​សូត្រ​មន្ត​ខ្ញុំ​ឧស្សាហ៍​ឮ​សំឡេង​​គេ​រាំ​ច្រៀង​ណាស់​អ៊ំ!»

ខ្ញុំ​និយាយ​ពេល​ដែល​​គាត់​នោះ​ងាក​មើល​ដំបូល​ផ្ទះ​ចុះ​ឡើង​ៗ។

«តែ​ឥឡូវ​លែង​ឮ​ទៀត​ហើយ!»​ខ្ញុំ​បន្ថែម។

«អញ្ចឹង​អស់​អី​ហើយ» គាត់​ខ្សឹបៗ​ហាក់​ដូច​ជា​ភ័យ។

ក្រោយមក​អ្នកជិតខាង​រើ​ចូល​មក​នៅ​ជា​បន្ត​បន្ទាប់។

ទោះ​បី​សង​ខាង​ផ្ទះ​ខ្ញុំ​មាន​គេ​នៅ​អស់​ហើយ តែ​គ្រប់យ៉ាង​នៅ​តែ​ស្ងប់ស្ងាត់​ព្រោះ​ទោះ​យ៉ាងណា​វា​នៅ​តែ​មិន​ទាន់​កុះករ​ពេញ​ទី​នៅឡើយ។ តំបន់​នេះ​នៅ​ព័ទ្ធ​ជុំវិញ​ដោយ​ដី​ធំ​ៗ​ដែល​ពួក​អ្នក​មាន​ទិញ​ព័ទ្ធ​របង​ទុក​ចោល។

ល្ងាច​មួយ​ខ្ញុំ​គ្រុន​មិន​បាន​ទៅ​ធ្វើការ​ទេ។ មាន​ឯកសារ​មួយ​ត្រូវ​ឱ្យ​ខ្ញុំ​ជួយ​មើល​បន្ទាន់​ដូច្នេះ​ខ្ញុំ​ក៏​អនុញ្ញាត​ឱ្យ​កូន​ក្រុម​ខ្ញុំ​ម្នាក់​ឈ្មោះ​រីណា​យក​ឯកសារ​មក​ឱ្យ​ខ្ញុំ​ដល់​ផ្ទះ។ នាង​កំពុង​អង្គុយ​រង់ចាំ​ខ្ញុំ​នៅ​សាឡុង​ឯខ្ញុំ​ចូល​ទៅ​រក​ទឹក​មក​ឱ្យ​នាង​ហូប។

រំពេច​ដែល​ខ្ញុំ​កំពុង​កាន់​កែវ ក៏​ឮ​សំឡេង​នាង​ស្រែក​យ៉ាង​គ្រលួច។

ពេល​ខ្ញុំ​ភ័យ​រត់​ចេញ​មក​ដល់​នាង​ដួល​ទៅ​លើ​ឥដ្ឋ​ទៅ​ហើយ។

«មាន​រឿង​អី​រីណា?»

«បង​តារា! មាន​គេ​ទះ​កំផ្លៀង​ខ្ញុំ! ច្រាន​ខ្ញុំ!»

នាង​យំ​គគ្រូក​តែ​ខ្ញុំ​គ្មាន​​ឃើញ​អ្នកណា​ម្នាក់​នៅ​ទីនេះ​ទេ។ ផ្ទះ​ខ្ញុំ​គឺ​គ្មាន​មនុស្ស​ស្រាប់​ហើយ។ ពេល​នោះ​​ជា​ពេល​ព្រលប់​ម៉ោង​ជាង​៦​បន្តិច​ ប្អូន​ខ្ញុំ​ក៏​មិន​ទាន់​មក​ពី​រៀន តើ​ខ្ញុំ​ជឿ​សម្ដី​រីណា​បាន​កម្រិត​ណា?

ខ្ញុំ​ប្រុង​លួង​នាង​ថា​ក្រែង​នាង​ហត់​ពេក​វង្វេង​ស្មារតី​តែ​ចិត្ត​មួយ​ខ្ញុំ​សង្ស័យ​ថា ​នាង​លេងល្បិច​ព្រោះ​នាង​ធ្លាប់​តាម​ស្រលាញ់​ខ្ញុំ​តែ​ខ្ញុំ​មិន​ចង់​មានរឿង​ល្អក់កករ​ជាមួយ​កូន​ចៅ​ទើប​គេច​នាង។ ល្ងាច​នេះ​នៅតែ​ពីរ​នាក់​តិច​លោ​នាង​ចង់​លេង​ស្នៀត​ឱ្យ​ខ្ញុំ​ចូល​ស៊ង?

ខ្ញុំ​កំពុង​ទីទើរ​មិន​ដឹង​លួង​នាង​ឬ​ធ្វើ​យ៉ាងណា​ មាន​តែ​លូកដៃ​ទៅ​ត្រៀម​ថា​គ្រា​នាង​ក្រោក​មក​សិន​ចាំ​គិត ​ស្រាប់​តែ​នាង​សម្លឹង​ទៅ​ក្រោយ​ខ្នង​ខ្ញុំ​ហើយ​ស្រែក​រន្ធត់​ដូច​​មាន​កម្លាំង​​ពី​ណា​មក​មិន​ដឹង។ ​ខ្ញុំ​នៅ​បើកភ្នែក​គ្រលួង​និង​អាកប្បកិរិយា​ប្លែក​សែន​ប្លែក​របស់​រីណា ទុក​ឱ្យ​នាង​មាន​ពេល​ក្រោក​រត់​ក្ឌុង​ចោល​អ្វីៗ​ចេញ​ទៅ​បាត់។

ក្រោយៗ​មក​មាន​គេ​នៅ​កន្លែង​ធ្វើការ​ចេះតែ​ខ្សឹបខ្សៀវ​គ្នា​ឮ​ដល់​ត្រចៀក​ខ្ញុំ​ថា​​ផ្ទះ​ខ្ញុំ​នេះ​មាន​ខ្មោច។

អ្វីៗ​ទាំង​នេះ​មិន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ។

ថ្ងៃ​មួយ​ពេល​បាយ​ជាមួយ​គ្នា​​អា​ឈឿន​និយាយ​នឹង​ខ្ញុំ​ត្រង់​ៗ៖

«អ្ហែង​អាឡូវ​ស្លេកស្លាំង​ម៉េច​មិន​ដឹង​ទេ​តារា! បើ​ថា​នេះ​ឱ្យ​ចាស់ៗ​និមន្ត​លោក​សូត្រ​ផ្ទះ​អ្ហែង​ហ្នឹង​ម្ដង​ទៀត​មើល៍?!»

«ហើយ​ចុះ​អញ​នៅ​រាល់​ថ្ងៃ​វា​មិន​ដែល​អី? យ៉ាប់​មែន!!! ស្រីៗ​ជួនកាល​ខ្យល់​គ​ដួល​ខ្លួនឯង​មក​ប្រឌិត​រឿង​និយាយ?»ខ្ញុំ​រអ៊ូ​ដាក់​អា​ឈឿន​វិញ។

វា​ជា​សម្លាញ់​តាំង​ពី​តូច ​ទុក​ចិត្ត​គ្នា​ណាស់ គឺ​អាច​និយាយ​អ្វីៗ​ដាក់គ្នា​បាន​គ្រប់​យ៉ាង។

«ប្រហែល​ជា​ខ្មោច​នោះ​ជា​ខ្មោច​ស្រី​ប្រចែប្រចណ្ឌ​នឹង​ឯង​ ពេល​ឃើញ​រីណា​ទៅ​ផ្ទះ​ឯង​ដឹង?»

អា​ឈឿន​និយាយ​លេង​តែ​ខ្ញុំ​មិន​ស្រួល​ចិត្ត​ទ្វេ​ឡើង។

ចាប់​ពី​មួយ​រយៈ​នោះ​មក មនុស្ស​ដែល​ធ្លាប់​តែ​រវល់​គ្មាន​ពេល​នឹង​គិត​ខ្វល់​បារម្ភ​អ្វី​អំពី​រឿង​ខ្មោចព្រាយ​នោះ ​ចាប់​ផ្ដើម​​ប្ដូរ​ការ​គិត។

ខ្ញុំ​គិត​ថា​អ្វីៗ​ដូចជា​​មិនទាន់​ចាក​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ទាំង​ស្រុង​នៅ​ឡើយ​ទេ រាល់​ពេល​ដែល​ខ្ញុំ​ភ្ញាក់​ឡើង​ដើរ​ទៅ​ធ្វើការ​ហើយ​ឃើញ​អ្នក​ជិតខាង​នាំគ្នា​មើល​មក​ខ្ញុំ ​តែ​គេ​មិន​បាន​ចេញ​ស្ដី​អ្វី​ទេ។

រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក។

ថ្ងៃ​មួយ​ដែល​ខ្ញុំ​មិន​ចាំ​ថ្ងៃ​ពិត​ប្រាកដ​ ប៉ុន្តែ​គឺ​វេលា​ម៉ោង​៦​ល្ងាច​ដែល​ខ្ញុំ​ទើប​តែ​មក​ដល់​ផ្ទះ ប្អូន​ប្រុស​ខ្ញុំ​ក៏​នៅ​រៀន​អង់គ្លេស​នៅ​ឡើយ​មិនទាន់​ត្រលប់​មក​ផ្ទះ​វិញ​ដែរ។

ភ្លៀងកក់ខែ​មក​យ៉ាង​គំហុក​គ្រាន់តែ​ខ្ញុំ​ចូល​ដល់​ផ្ទះ​កាល​ណា។ ដំបូល​ស័ង្កសី​ខាង​លើ​ផុត​ និង​បង្អួច​ទាំងឡាយ​បញ្ចេញ​សូរ​រ៉ាកតាក។
នោះ​ជា​ល្ងាច​ដំបូង​ដែល​ខ្ញុំ​ចេះ​ចាប់អារម្មណ៍​ថា​​ព្រឺ​ខ្លាច។ ​ទោះបី​ឃ្លាន ប៉ុន្តែ​ស្ថានភាព​នេះ​មិន​បាន​ឱ្យ​ខ្ញុំ​នឹងន​ចិត្ត​ក្នុង​ការ​ទៅ​ចម្អិន​អាហារ​នៅ​ផ្ទះ​បាយ​តែ​ឯង​ឡើយ។

ខ្ញុំ​សុខចិត្ត​រើស​យក​វិធី​ធ្វើ​ការងារ​បង្ហើយ​លើ​កៅអី ក្បែរ​មាត់ទ្វារ​ ជា​ការ​រង់ចាំ​ដំណើរ​ប្អូន​របស់​​ខ្ញុំ​និង​សម្លឹង​ទៅ​អ្នក​ជិត​ខាង​ផង។

ខ្ញុំ​បាន​ធ្វើ ដូច្នេះ​ដើម្បី​សម្លាប់​ពេលវេលា ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​កន្លះ​ម៉ោង​ក្រោយ​មក​ខ្ញុំ​ហាក់​អស់​កម្លាំង​យ៉ាង​ខ្លាំង​ហើយ​ផ្ដើម​​ងោកងុយ។ ខ្ញុំ​មិន​សម​គេង​នៅ​ពេល​ក្បាល​ព្រលប់​ទាំង​គ្មាន​បាយ​ក្នុង​ពោះ​ហើយ​បើកទ្វារ​ចំហ​ទេ​ហើយ​គេង​ឆាប់​របៀប​នេះ​វា​អាច​រំខាន​ដល់​ការ​គេង​យប់​នេះ​ផង។

តែ​ទោះ​បី​ជា​ខ្ញុំ​បាន​គិត​ដូច្នេះ​ក៏​ដោយ ស្រាប់តែ​ខ្ញុំ​លង់លក់​ស្រឹម​ទាំង​មិន​ដឹង​ខ្លួន។

អាកាសធាតុ​ពិត​ជា​ត្រជាក់​ដូច​ស្ថិត​នៅ​ក្នុង​បរិយាកាស​នៃ​បន្ទប់​គេង​ដ៏​ធំ​មួយ មេឃងងឹត ហើយ​ភាព​កក់​ក្ដៅ​អ្វី​ម្យ៉ាង​អាច​ជា​ស្នូរ​ថ្ងួចថ្ងូរ​នៃ​ខ្យល់​នឹង​គ្រាប់​ភ្លៀង​បាន​បបោស​អង្អែល​ខ្ញុំ​ឱ្យ​គេង​លង់​ស្កប់​ដូច​ជា​ទារក។

ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​គេង​យូរ​ប៉ុណ្ណា​ទេ​ ប៉ុន្តែ​បែរ​ជា​ដឹង​ខ្លួន​ឡើង​នៅ​ពេល​ដែល​មេឃ​ខាង​ក្រៅ​ងងឹត​ជា​ខ្លាំង។

ម៉ូតូ​ប្អូន​ខ្ញុំ​មិន​ឃើញ​ចត​នៅ​មុខ​ផ្ទះ​នេះ​នៅ​ឡើយ​ទេ​ មាន​ន័យ​ថា​វា​មិនទាន់​មក​វិញ ​ដូច្នេះ​ម៉ោង​មិន​ទាន់​​យប់​ទេ។

ខ្ញុំ​ងាក​រក​មើល​ទៅ​នាឡិកា​ទើប​ដឹង​ថា​ផ្ទះ​ទាំង​មូល​ងងឹត​ស្លុប​ ព្រោះ​គ្មាន​ភ្លើង​អគ្គិសនី។ ភ្លៀង​រាំង​ហើយ​ ប៉ុន្តែ​ពពក​ងងឹត​ស្លុប​គ្មាន​សូម្បី​តែ​ផ្កាយ​មួយ​គ្រាប់។

ខ្ញុំ​ប្រឹង​ក្រោក​ឡើង​ទាំង​នៅ​ស៊ើងមើង​ដើម្បី​រកមើល​ចង្កៀង​ឬ​ទៀន តែ​នៅ​ខាង​ក្រោយ​ផ្ទះ​បាយ​ហាក់​មាន​អ្នក​ណា​ម្នាក់​កំពុង​កេះ​ដែក​កេះ​អុជ​បំភ្លឺ។

ពន្លឺ​បាន​ជះ​ចេញ​មក​សន្សឹម​ៗ ខ្ញុំ​ហាក់​សប្បាយ​ចិត្ត​ព្រោះ​គិត​ថា ប្អូន​ខ្ញុំ​វា​ប្រហែល​ជា​មក​វិញ​ហើយ គ្រាន់តែ​ខ្ញុំ​មិន​បាន​ឃើញ​ម៉ូតូ​វា។ ខ្ញុំ​ដើរ​ទៅ​ក្រោយ​ជាមួយ​សំណួរ៖

«ម៉ោង​ប៉ុន្មាន​ហើយ​អ្ហា៎?»

បាន​ឃើញ​ខ្នង​វា​ឈរ​លាង​អង្ករ​ដាំ​បាយ។ ប្រហែល​ជា​សំឡេង​រ៉ូមីណេ​ទឹក​បាន​ធ្វើ​ឱ្យ​​វា​មិន​ឮ​សំណួរ​ខ្ញុំ​ហើយ​មើល​ទៅ។

ទោះ​យ៉ាងណា ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែល​វា​បាន​ត្រលប់​មក​វិញ។ ខ្ញុំ​ដើរ​បក​ទៅ​ប្រមូល​ឯកសារ​ការងារ​ខ្ញុំ​ឡើង​ទៅ​លើ​បន្ទប់​វិញ ហើយ​រាវ​រក​ចង្កៀង​អគ្គិសនី​ដែល​សាក​ថ្ម​ទុក​ផង។

ខ្ញុំ​ចុច​ចង្កៀង​អគ្គិសនី​បំភ្លឺ ​ហើយ​បរិយាកាស​គ្រាន់​ជាង​មុន។

ប្អូន​ខ្ញុំ​នៅ​តែ​ធ្វើ​អ្វី​ក្រោកក្រាក​ឯ​ផ្ទះ​បាយ​ខាងក្រោម។

ពេល​ខ្ញុំ​ដើរ​ទៅ​យ៉​ខាង​មុខ​ដែល​ទុក​សម្រាប់​ហាត់ប្រាណ អ្នក​ជិត​ខាង​ម្នាក់ អើត​ពី​ផ្ទះ​គាត់​មក​សួរ​ខ្ញុំ៖

«បង! ថ្ងៃ​នេះ​នៅ​ផ្ទះ​ជាមួយ​ប្រពន្ធ?!»

ខ្ញុំ​ហួសចិត្ត ក៏​សើច​ញញឹម​ តែ​មិន​មាត់។

គេ​នោះ​ឈរ​ហាល​ខោ​អាវ​បន្ត​នៅ​ផ្ទះ​គេ​ ឯ​ខ្ញុំ​ភ្លាម​នោះ​ក៏​នឹកឃើញ​ដល់​ពាក្យ​ថា «​ប្រពន្ធ​» ហើយ​ក៏​នឹក​ភិតភ័យ។

«ឬ​មួយ​គេ​ធ្លាប់​ឃើញ​ផ្ទះ​របស់​ខ្ញុំ​មាន​មនុស្ស​ស្រី​នៅ?»

ខ្ញុំ​បុក​ពោះ​ងាក​ទៅ​សម្លឹង​រក​គេ​នោះ​វិញ​ ស្រាប់តែ​ប្អូន​ខ្ញុំ​ស៊ីផ្លេ​ម៉ូតូ​តែតៗ​នៅ​ជាន់​ខាង​ក្រោម។

ខ្ញុំ​ឱន​ទៅ​ក្រោម​ទាំង​ព្រលឹង​ចុង​សក់​ ព្រោះ​ប្អូន​ខ្ញុំ​ទើប​តែ​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ហ្នឹង? ចុះ​តើ​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លាង​អង្ករ​អម្បាញ់មិញ តើ​ជា​អ្នកណា?

ពី​ចំហៀង​ខ្លួន​ខ្ញុំ​ដែល​ឈរ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ចុង​ភ្នែក​ខ្ញុំ​មើល​ឃើញ​ស្ត្រី​ម្នាក់ ឈរ​នៅ​ទីនោះ​ដែរ។ គឺ​ពី​ក្រោយ​ខ្នង​ខ្ញុំ​​មិន​ដល់​ពីរ​ម៉ែត្រ​ពី​ខ្ញុំ​ផង។

មិន​ដឹង​កម្លាំង​មក​ពី​ណា​ទេ ​ខ្ញុំ​ហក់​វឹង​តោង​ឡើង​ផ្លោះ​បង្កាន់ដៃ​កម្ពស់​មួយ​ម៉ែត្រ​កន្លះ​ ឆ្លង​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ទាំង​មិន​គិត​ពី​រឿង​ស្លាប់​រស់​ថា​បើ​ខ្ញុំ​រអិល​សំណល់​ទឹកភ្លៀង ​ហើយ​របូត​ដៃ​ធ្លាក់​ទៅ​ក្រោម?

ផ្ទះ​អ្នក​ក្បែរ​ខាង​នោះ​មាន​គ្នា​បី​នាក់​សុទ្ធ​តែ​មនុស្សចាស់។

គាត់​ស្ទុះ​មក​សួរ​ខ្ញុំ​ដែល​រអិល​ដួល​ផ្ងារ​ក្រោយ​លើ​ឥដ្ឋ​មុខ​ផ្ទះ​គាត់។

«មាន​រឿង​អី?»

ក្នុង​ចម្ងាយ​ពី​ផ្ទះ​នេះ​ទៅ​ផ្ទះ​ខ្ញុំ ខ្ញុំ​សម្លឹង​ទៅ​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​សំលៀកបំពាក់​ជា​អ្នក​របាំ​ មាន​រាង​ខ្ពស់​ស្ដើង ហើយ​សក់​ខ្មៅ​វែង​អន្លាយ​ខ្មៅ​ក្រឹប​ ហៀរ​ដល់​ត្រគាក​កំពុង​ឈរ​បែរ​ខ្នង។ ផ្ទះ​ខ្ញុំ​ដាច់​ភ្លើង​ឯ​ផ្ទះ​ដែល​ខ្ញុំ​ធ្លាក់​មក​នេះ​គេ​មាន​ភ្លើង​ភ្លឺ​ចិញ្ចាច​ធម្មតា។

ខ្ញុំ​ស្រែក​បាន​តែ​មួយ​ម៉ាត់​គត់​ថា«ខ្មោច»ហើយ​ក៏​សន្លប់​ឈឹង។

តាម​ពិត​អ្នក​ជិត​ខាង​ខ្ញុំ​បាន​មើល​ឃើញ​នាង​រហូត​មក។

ពួកគេ​គិត​ថា​នាង​ជា​ភរិយា​មិន​បាន​រៀបការ​របស់ខ្ញុំ ដូច្នេះ​ហើយ​គ្រប់​គ្នា​តែងតែ​មើល​មក​ខ្ញុំ​រាល់​ពេល​ខ្ញុំ​ចេញ​ទៅ​ធ្វើការ។

បន្ទាប់​មក ខ្ញុំ​កើត​គ្រុន​ក្ដៅ​ក្រោក​មិន​រួច​ជា​ច្រើន​ថ្ងៃ​ ដេក​ស្តឹក​នៅផ្ទះ​ម្ដាយ​ខ្ញុំ។ ពុក​ម៉ែ​ និង​មិត្តភ័ក្ដិ​របស់ខ្ញុំ​បាន​ទៅ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​នោះ ​ហើយ​ដាក់​ស្លាក​ជួល​វា។

អ្នកជួល​ជា​ច្រើន​បាន​បោះបង់​ចោល​លុយ​កក់​របស់​គេ​នៅ​ត្រឹម​សប្ដាហ៍​ទី​ពីរ​ ហើយ​ចាក​ចេញពី​ទីនោះ​ជា​បន្តបន្ទាប់​ ទោះ​បី​ម្ដាយ​ខ្ញុំ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ជា​ច្រើន​លើក​ក្ដី។

ពេល​ទៅ​កាន់​ទីនោះ ​ខ្ញុំ​កាន់​តែ​ស្រពោន​ ព្រោះ​អ្នក​នៅ​ជាប់​ខាង​ផ្ទះ​របស់ខ្ញុំ គេ​នាំ​គ្នា​សង់​របង​បិទបាំង​យ៉ាង​ខ្ពស់​លើ​បង្កាន់ដៃ​ទាំង​សង​ខាង។

ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​នឹង​អាច​វិល​ទៅ​សាកល្បង​រស់​នៅ​លើ​ផ្ទះ​នោះ​បាន​​សូម្បី​តែ​៥​នាទី​ទៀត​នោះ​ឡើយ។

ខ្ញុំ​បាន​ដាក់​ស្លាក​ជួល ​និង​លក់​ តែ​ស្លាក​ក៏​របូត​ប៉ើង​បាត់​ទៅ​ជា​រឿយៗ។