រឿង ផ្ទះចាស់

​ខ្ញុំបាទ ឈ្មោះ ​ចំរើន​មានប៉ាជា​លេខា​ទូតចេញទៅ ធ្វើការ​នៅ​ប្រទេស​នេប៉ាល់។ រឿង​ដែល​ខ្ញុំ​តំណាល​ប្រាប់​នេះ ​កើតឡើង​នៅ​ពេល​ដែល​ខ្ញុំ​ទើប​តែ​មាន​អាយុ​១១​ឆ្នាំ។

នៅ​សុខ​ៗ​ថ្ងៃ​មួយ​ឪពុក​ខ្ញុំ​ស្រាប់តែ​​ត្រូវ​បាន​ហៅ​ត្រលប់​មក​កម្ពុជា​​វិញ​ ដើម្បី​ទទួល​ការផ្ទេរ​សិទ្ធិ​ផ្ទះ​ចាស់​ជា​មរតក​របស់​ជីតា​ខាង​ម្ដាយ​គាត់​​ព្រោះ​ជីតា​គាត់​បាន​លាប់​នឹង​ជំងឺ។

ពុក​ខ្ញុំ​មាន​ការ​រំភើប​នឹង​ភ្ញាក់ផ្អើល​ព្រោះ​ជីតា​គាត់​មាន​ចៅ​ជាង​ម្ភៃ​នាក់​ឯណោះ ឯ​គាត់​​​ក៏​មិនមែន​ចៅ​ច្បង​ចុះ​ហេតុអ្វី​គឺ​ពុក​ខ្ញុំ​ជា​អ្នក​ដែល​លោក​ជ្រើសរើស?

….ពួក​យើង​​បាន​ទៅ​ដល់​ផ្ទះ​ចាស់ ដែល​ខាន​ទៅ​ជាង​១០​ឆ្នាំ​មក​ហើយ។ កន្លង​មក​ឮ​ថា​លោកតា​ទួត​បាន​​ជួល​វា​ទៅ​ឱ្យ​បរទេស​រស់នៅ​ឬ​ធ្វើ​ជា​អ្វី​ក៏​មិន​ដឹង​ហើយ​ពួក​យើង​មិនដែល​ទៅលេង​ទីនោះ​ឡើយ។

ពេលនេះ​គឺ​ផ្សេង។

​វា​បាន​ក្លាយ​មក​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ខ្ញុំ អញ្ចឹង​ហើយ​ពុក​​​ខ្ញុំ​ខំ​​​តាមដាន​សិក្សា​អំពី​អ្វីៗ​ទាំងអស់​ទាក់ទង​នឹង​ផ្ទះ​មួយ​ខ្នង​នេះ។

មរតក​នេះ​មាន​អាយុកាល​ប្រមាណ​ជា​៦០​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ដៃ​ឪពុក​នៃ​លោកតា​ទួត​របស់ខ្ញុំ​ ដែល​សម័យ​នោះ​លោក​ជា​ប្រធាន​គ្រប់គ្រង​រាល់​គម្រោង​សាងសង់​របស់​រដ្ឋ។ គាត់​បាន​ធ្វើ​ផ្ទះ​មួយ​នេះ​ឡើង​ក្នុង​រចនាបថ​បុរាណ​បែប​បារាំង​ដែល​គួរ​ឱ្យ​ស្រលាញ់​សម្រាប់​ពួក​មនុស្ស​បស្ចិម​ប្រទេស​នានា។

ផ្ទះ​នេះ​ស្ថិត​នៅ​ប្រមាណ​ជា​៨​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​ហ៊ុមព័ទ្ធ​ដោយ​របង​ខ្ពស់​ស្កឹមស្កៃ​ក្នុង​ផ្ទៃ​ដី​សរុប​ប្រមាណ​២៧០០​ម៉ែត្រ​ការ៉េ​គឺ​មើល​ទៅ​ដូចជា​វិមាន​មួយ។

ជា​សំណង់​កម្ពស់​តែ​ពីរ​ជាន់​បែរ​ជា​មាន​បន្ទប់​ដល់​ទៅ​១៨​​រួម​ទាំង​ផ្ទះ​បាយ​និង​បណ្ណាល័យ។

«ឆ្នាំ​ក្រោយ​បង​ត្រលប់​មក​កម្ពុជា​វិញ យើង​នឹង​រស់​នៅ​ទីនេះ!»

ពុក​និយាយ​ប្រាប់​ម៉ែ​ដោយ​រីករាយ តែ​ម៉ែ​ហាក់​ដូចជា​បារម្ភ៖

«វា​ចាស់​ពេក​ហើយ! អូន​មិន​ចង់​នៅ​ទេ!​ គិត​ថា​យើង​គួរ​ជួល​យក​លុយ​វិញ​ទៅ!»

ប៉ុន្តែ​ពុក​ខ្ញុំ​តែងតែ​បដិសេធ​នឹង​សំណើ​នេះ។ គាត់​យល់​ថា​លោកតា​ទួត​ប្រគល់​មក​ឱ្យ​គាត់​ព្រោះ​ចង់​ឱ្យ​គាត់​ការពារ​មរតក​មួយ​នេះ​មិនមែន​យក​ប្រយោជន៍​ពី​វា​នោះ​ទេ។

«យើង​ត្រូវ​ជួសជុល​វា​​ហើយ​ផ្ទេរ​ទៅ​ឱ្យ​ចម្រើន​កូន​ប្រុស​យើង! បើ​នៅ​បន្ត​ជួល​ទៀត​វា​ខូច​អស់​ទាំង​ស្រុង​មិនខាន!»

បន្ទាប់​ពី​នោះ​ពុក​បាន​ព្យាយាម​ចំណាយ​ប្រាក់កាស​ជួសជុល​វា។ មិន​យូរ​ប៉ុន្មាន​គាត់​ចប់​​បេសកកម្ម​នៅ​នេប៉ាល់​ហើយ​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ យើង​ក៏បាន​រើ​​ទៅ​នៅ​ទីនោះ។ យើង​រស់​នៅ​ជាន់ផ្ទាល់ដី​ខណៈ​ពេល​ដែល​ជាន់​ទី​មួយ​ស្ថិត​នៅ​ក្រោម​ការ​សាងសង់​កែ​លម្អ​បន្ត។ ខ្ញុំ​នៅ​តូច​មែន​ប៉ុន្តែ​ខ្ញុំ​ចេះ​ភ័យ​ខ្លាច​រាល់ពេល​ដែល​ឡើង​ទៅ​មើល​ជាន់​ខាង​លើ​នៃ​ផ្ទះ ​ព្រោះ​វា​រញ៉េរញ៉ៃ​ហើយ​ធំ​ទូលាយ​ពេក។ សូម្បីតែ​នៅ​ជាន់​ក្រោម​ដែល​សម្អាត​យ៉ាង​រៀបរយ​ហើយ​បាន​រើ​ចូល​មក​នៅ​ពីរ​បី​ថ្ងៃ​មក​នោះ​ក៏​ដោយ។

អ្វីៗ​ដូច​មិន​ទាន់​ប្រក្រតី។

ឬ​មួយ​មក​ពី​សមាជិក​គ្រួសារ​យើង​មាន​គ្នា​តិច​ពេក​ប្រៀប​ទៅ​នឹង​ទំហំ​ផ្ទះ? យើង​មាន​គ្នា​តែ​បួន​នាក់​ទេ​ គឺ​ខ្ញុំ ប៉ា​ម៉ាក់​និង​អ្នក​ជួយ​ថែ​ផ្ទះ​ម្នាក់​ឈ្មោះ​អ៊ំ​ម៉ន​ជា​បងប្អូន​សាច់​ឆ្ងាយ​ដែល​ម្ដាយ​ខ្ញុំ​យក​ពី​ស្រែ​មក​នៅ​ជា​មួយ​គាត់។

ខ្ញុំ​មាន​អារម្មណ៍​ប្លែកៗ​ជានិច្ច​តែ​មិន​ដឹង​និយាយ​ប្រាប់​អ្នក​ណា។ ប៉ា​ខ្ញុំ​រវល់​ណាស់​ រាល់​យប់​តែងតែ​ធ្វើការ​ដល់​អធ្រាត្រ​ក្នុង​បណ្ណាល័យ តែ​ម្នាក់ឯង។ ចំណែក​ខ្ញុំ​ព្រលប់​ៗ​ម៉ោង​៦​រាល់​ល្ងាច​ជា​ពេល​ខ្ញុំ​ពិបាក​ចិត្ត​ព្រោះ​ត្រូវ​ងូត​ទឹក។

បន្ទប់ទឹក​ខ្ញុំ​ធំ​បន្តិច​តែ​មិន​កខ្វក់​អ្វី​ទេ។ ​អ៊ំ​ម៉ន​ថែទាំ​វា​ជានិច្ច​ហើយ​ប៉ា​បាន​ឱ្យ​គេ​បំពាក់​ឧបករណ៍​ថ្មីៗ​ស្អាតៗ​ទាន់សម័យ។

ហេតុអ្វី​បាន​ជា​​រាល់ពេល​ខ្ញុំ​ងូត​ទឹក ទីនោះ​តែង​តែ​ត្រជាក់​ខ្លាំង​ណាស់​និង​មាន​បរិយាកាស​ចម្លែក​រាល់​ពេក​ទឹក​ហូរ​ម្ដង​ៗ​វា​ហាក់​លាយឡំ​ជាមួយ​សំឡេង​ថ្ងូរ​គួរ​ឱ្យ​អាណោច​អធម៌។

ពេល​ខ្ញុំ​បិទ​ទឹក​ផ្ទៀង​ត្រចៀក​​ស្ដាប់​បែរ​ជា​ស្ងាត់ច្រៀប​គ្មាន​ឮ​អ្វី​ទាំង​អស់។

«ម៉ាក់! ម៉ាក់​ដែល​ឮ​អ្វី​ទេ? ​រាល់​ពេល​ងូត​ទឹក?»

«គ្មាន​ទេ​កូន!»

«តែ​កូន​ឧស្សាហ៍​ឮ​សំឡេង​ចម្លែក ហើយ​កូន​ខ្លាច!»

ម៉ាក់​ឱប​ខ្ញុំ​ហើយ​សន្យា​ថា​គាត់​នឹង​ងូត​ទឹក​ជាមួយ​ខ្ញុំ​ម្ដង។

រហូត​ដល់​ល្ងាច​មួយ ដែល​ប៉ា​ឡើង​ទៅ​កំពង់សោម​បាត់ ខ្ញុំ​នៅ​ផ្ទះ​ជាមួយ​ម៉ាក់​តែ​ពីរ​នាក់​ ឯ​អ៊ំ​ម៉ន​គាត់​ចេញ​ទៅ​កើប​សំរាម​នៅ​ក្រៅ។

តាម​ពិត​ក៏​មាន​ជីដូន​មួយ​ខ្ញុំ​ពីរ​នាក់​ត្រូវ​ជា​ក្មួយ​របស់​ម៉ាក់​សន្យា​ថា​មក​គេង​កំដរ​ដែរ ​តែ​ពួកគេ​មិន​ទាន់​មក​ដល់​ព្រោះ​ជាប់​រៀន​យប់។

«ម៉ោង​៦​ហើយ ងូត​ទឹក​ទៅ​កូន!»

«ម៉ាក់​សន្យា​ថា​ងូត​ទឹក​ឱ្យ​កូន!»

គ្មាន​ក្មេង​ប្រុស​១១​ឆ្នាំ​ណា​ត្រូវការ​ឱ្យ​ម្ដាយ​ងូត​ទឹក​ឱ្យ​ទៀត​នោះ​ទេ ​តែ​អ្នក​ម៉ាក់​ដឹង​ពិត​ថា​ខ្ញុំ​ខ្លាច។

«បាន! ចាំ​ម៉ាក់​បន្តិច​»

ខ្ញុំ​ដោះអាវ​ខ្វាក​តែ​បិទ​មក​វិញ​បន្ទាន់ ព្រោះ​ទទួល​​នូវ​អារម្មណ៍​ដែល​ហាក់​ដូចជា​មាន​អ្នក​ណា​ម្នាក់​គេ​កំពុង​ពួន​នៅ​ទីណា​មួយ​ហើយ​មើល​មក​ខ្ញុំ។

ខ្ញុំ​ក្រឡេក​សម្លឹង​ជុំវិញ​ខ្លួន បរិយាកាស​ក្លាយ​ជា​ត្រជាក់​ដូច​អារម្មណ៍​កាល​ពី​ក្នុង​បន្ទប់​ទឹក​ដែរ។

ម៉េច​ក៏​គេហដ្ឋាន​នេះ​បែរ​ទៅ​ជា​ព្រិល​ស្រអាប់?

ខ្ញុំ​ញី​ភ្នែក​ឱ្យ​ប្រាកដ​ថា​ខ្លួនឯង​មិនបាន​យល់សប្ដិ ហើយ​ទើប​ប្រមូល​កម្លាំង​ស្រែក​ខ្ទរ​ផ្ទះ​ថា…​

«ម៉ាក់???»

ខ្ញុំ​ស្រែក​ហើយ​ស្រែក​ទៀត​ទាំង​រន្ធត់ គឺ​​ស្រែក​ដល់​ស្អក​រហូតដល់​ស្រែក​លែង​ចេញ​ក៏​មិន​ឃើញ​ម្ដាយ​ខ្ញុំ​ឮ​​សោះ។

ខ្ញុំ​អុក​គូទ​ប៉ុក​ទៅលើ​ឥដ្ឋ​ព្រោះ​ទន់​ជើង។

សំឡេង​ដែល​ខ្ញុំ​មិន​ធ្លាប់​ចង់​ឮ​បាន​បន្ត​ឮ​ឡើង​មក​សាជាថ្មី គឺ​សំឡេង​ថ្ងូរ​ដ៏​គួរ​ឱ្យ​ញញើត​នោះ។ ពី​ក្រោយ​ខ្នង​ខ្ញុំ​មាន​មនុស្ស​ដើរ​កាត់​ នេះ​ជា​ញាណ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ហើយ​បែកញើស​ជោក​ត្រជាក់​ដៃ​ជើង។

ខ្ញុំ​បែរ​ក្រោយ​យឺត​ៗ​ទោះ​ចិត្ត​មិន​ចង់​បែរ​ទៅ​ ហើយ​ចង់​តែ​រត់​ចេញ​តែ​ខ្ញុំ​នៅ​តែ​ត្រូវ​ការ​ដឹង​ថា​អ្នក​ណា​កំពុង​នៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ?

ខ្ញុំ​ងាក​ខ្វាក ក៏​ឃើញ​ម៉ាក់​ខ្ញុំ​ដើរ​ដឹកដៃ​ក្មេង​ប្រុស​ម្នាក់​ត្រង់​ភ្លឹង​ឆ្ពោះ​ទៅ​មុខ​ដូចជា​មិន​បាន​ឃើញ​ខ្ញុំ​ទេ។ខ្ញុំ​សម្លឹង​ទៅ​គាត់​ហើយ​ស្រែក​ហៅ​តែ​ស្រែក​មិន​ចេញ​សោះ ​ខ្ញុំ​ក៏​ងាក​សម្លឹង​ទៅ​ក្មេង​នោះ​ទាំង​ច្រណែន​ស្រាប់តែ ឃើញ​មុខ​វា​នោះ​ជា​មុខ​ខ្ញុំ​បេះបិទ។

ខ្ញុំ​ស្រែក​វ៉ាស​ស្រប​ពេល​ដែល​ម្ដាយ​ខ្ញុំ​ដឹកដៃ​ក្មេង​នោះ​ទៅ​ដល់​មុខ​បន្ទប់ទឹក​ ហើយ​ធ្នឹម​ផ្ទះ​ធំ​មួយ​បាន​បាក់​ធ្លាក់​មក​គ្រាំ​សង្កត់​អ្នក​ទាំង​ពីរ។

ខ្ញុំ​រន្ធត់​ញ័រ​ដៃ​ជើង សម្លឹង​ទៅ​ពួកគេ​ដែល​ហូរ​ឈាម​ស្រោច​ខ្លួន​ដេក​ស្ងៀម​នៅ​លើ​កម្រាល​ឥដ្ឋ ស្រាប់​តែ​សំឡេង​​ម៉ាក់​ខ្ញុំ​ហៅ​មក​ពី​ចំហៀង​ខាង​ស្ដាំ​ដៃ៖

«ស្អី​ហ្នឹង​កូន?»

ខ្ញុំ​បែរ​ទៅ​ទីនោះ​ភ្លាម​ក៏​ឃើញ​ម្ដាយ​ខ្ញុំ​មួយ​ទៀត​កាន់​កន្សែង​ពោះ​គោ​មក​ដល់។

«ហេតុអ្វី​ខ្ញុំ​មាន​ម៉ាក់​ដូចគ្នា​ដល់​ទៅ​ពីរ?»

គាត់​ដូច​ជា​ទើបតែ​មក​នាំ​ខ្ញុំ​ទៅ​ងូតទឹក​ហើយ​មក​ឃើញ​ខ្ញុំ​អង្គុយ​អុក​គូទ។

ខ្ញុំ​ឯណេះ​មិន​អាច​ទទួលយក​អ្វីៗ​ក្រឡាប់ចាក់​អស់​នេះ​បាន​ទៀត​ឡើយ ​រួចហើយ​ក៏​បិទ​ភ្នែក​ដួល​ផ្ងារ​ក្រោយ​សន្លប់​គ្រេង។

​ខ្ញុំ​បើក​ភ្នែក​មក​វិញ​ឃើញ​គ្រប់គ្នា​នៅ​ក្បែរៗ​ខ្ញុំ​ព្រម​ទាំង​បង​ជីដូនមួយ​ពីរ​នាក់​ដែល​សន្យា​មក​គេង​កំដរ​យើង​នោះ​ផង។

«អ្នកមីង​ត្រូវការ​នាំ​វា​ទៅ​ពេទ្យ​ទេ?»

ម្ដាយ​ខ្ញុំ​មិន​ឆ្លើយ​ តែ​គាត់​ផ្ដល់​មក​ឱ្យ​ខ្ញុំ​នូវ​រង្វង់​មុខ​ពោរពេញ​ដោយ​ការ​អាណិត​ស្រលាញ់​ដែល​នៅ​កៀក​នឹង​ខ្ញុំ​បង្កើយ៖

«កើត​ថី​កូន?»

គាត់​សួរ​ខ្ញុំ​ឯ​ខ្ញុំ​ប្រឹង​ក្រោក​មួយ​រំពេច​ដោយ​ស្រវា​ឱប​គាត់។

«ម៉ាក់!»

ខ្ញុំ​និយាយ​បាន​តែ​មួយ​ម៉ាត់​នេះ​ទេ។ រហូត​ដល់​អ្វីៗ​ក្លាយ​ជា​ប្រក្រតី​វិញ​បាន​ខ្ញុំ​រៀបរាប់​ហេតុការណ៍​ទាំង​នោះ​ប្រាប់​គាត់។

ពេញ​មួយ​យប់ ម្ដាយ​ខ្ញុំ​មិន​សម្រាន្ត​លក់​ទេ។

ថ្ងៃ​បន្ទាប់​ៗ​គាត់​អង្គុយ​​រង់ចាំ​ពុក​ត្រលប់​មកវិញ​ដោយ​​ចាស់ៗ​ម្នាក់​ពីរ​នាក់​ទៀត​បាន​ជិះ​រថយន្ត​មក​ផ្ទះ​យើង​នៅ​កំដរ​ពួក​យើង​ឱ្យ​អ៊ូអរ។

ពូៗ​កម្មករ​នៅ​តែ​បន្ត​ការ​ជួសជុល​ផ្ទះ​ដូច​រាល់ដង ​តែ​ល្ងាច​ម៉ោង​៥​ពួក​គាត់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។

យាយ​ជីដូន​មួយ​របស់​ម្ដាយ​ខ្ញុំ​ដាស់តឿន​ឱ្យ​ឆាប់​និមន្ត​ព្រះ​សង្ឃ​មក​សូត្រ​ប្រោះព្រំ​ដំឡើង​រាសី​នៅ​ទីនេះ ​ចំណែក​អ្នក​ម៉ាក់​នៅ​តែ​រអ៊ូ​ថា​គាត់​ចង់​បក​ទៅ​រស់នៅ​ផ្ទះ​តូច​វិញ​ដោយ​ទុក​ទីនេះ​សម្រាប់​ជួល។

ញាតិ​ទាំង​នោះ​រស់នៅ​កំដរ​ម៉ែ​កូន​យើង​រង់ចាំ​ពុក​មក​វិញ​ធ្វើ​ឱ្យ​ខ្ញុំ​ហាក់​កក់ក្ដៅ​ក្នុង​ចិត្ត​ជាង​មុន តែ​រាល់​ពេល​ដែល​ដើរ​កាត់​កន្លែង​ខ្ញុំ​ធ្លាប់​ស្រមៃ​ភ្នែក​ស្រស់​ថា​ធ្នឹម​រលំ​បាក់​មក​នោះ​ខ្ញុំ​មិន​ដែល​ហ៊ាន​ដើរ​កាត់​ពី​ក្រោម​វា​ឬ​សម្លឹង​ទីនោះ​ឱ្យ​យូរ​ឡើយ។

ដែល​លំបាក​ជាង​គេ​គឺ​ក្ដី​សុបិន​របស់ខ្ញុំ។

រាល់ថ្ងៃ​ញាតិ​ទាំង​នោះ​អាច​នៅ​កំដរ​ពួក​យើង ប៉ុន្តែ​ពេល​យប់​ឡើង​តើ​មាន​អ្នក​ណា​អាច​ចូល​កំដរ​យើង​ក្នុង​សុបិន​និមួយៗ​បាន?

យប់​បន្ទាប់ ​ពេល​ដេក​បាន​រលីវ​ៗ​​ខ្ញុំ​យល់សប្ដិ​មើល​ឃើញ​ក្រុម​ប្រជាជន​ស្លៀកពាក់​បុរាណ​ៗ​មក​រោម​ខ្ញុំ​ជុំជិត​រហូត​ដល់​ខ្ញុំ​ភ័យ​ត្រជាក់​ដៃ​ជើង​ស្រែក​ហៅ​ម៉ែ​ៗ​​ដល់​ភ្ញាក់​ឡើង​កណ្ដាល​យប់។ យប់​ខ្លះ​ទៀត​យល់សប្ដិ​ឃើញ​ក្រុម​ព្នង​ដែល​មិន​មាន​ស្លៀកពាក់​ជិត​ត្រឹមត្រូវ​ប្រមូល​គ្នា​មក​នៅ​លើ​ផ្ទះ​នេះ​ណែន​ណាន់​តាន់តាប់​ ដូច​កំពុង​ធ្វើ​ពិធី​សាសនា​អ្វី​ចម្លែក​ៗ ហើយ​ខ្ញុំ​រត់​ត្រហេបត្រហប​រក​ម្ដាយ​ខ្ញុំ​ ប៉ុន្តែ​មិន​បាន​ឃើញ​គាត់​ទាល់តែ​សោះ។

យប់​មួយ​ទៀត​ខ្ញុំ​យល់សប្ដិ​ថា ម៉ែ​កំពុង​ឈរ​ឡេះឡះ​រក​មើល​ខ្ញុំ​និង​ពុក​ខ្ញុំ។ ខ្ញុំ​ស្រែក​ហៅ​យ៉ាង​ណា​​គាត់​មិន​បាន​ឮ​និង​មើល​មិន​ឃើញ​យើង​ទេ។

ជុំវិញ​គាត់​ដូច​ជា​មាន​មនុស្ស​ជា​ច្រើន​មុខ​អាក្រក់​ៗ​​​រត់​ជុំ​វិញ​គាត់​ដូច​ជា​ឃុំ​ម៉ាក់​ខ្ញុំ​នៅ​ក្នុង​រង្វង់​មួយ។មិន​ដឹង​ហេតុ​អ្វីៗ​សុបិន​និមួយៗ​ហាក់​ដូច​ចេះ​បន្ត​គ្នា​ហើយ​វា​កើត​ឡើង​ដដែល​ជា​ដដែល។ ក្នុង​សុបិននិមិត្ត​ទាំង​នោះ​ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​តឹងទ្រូង​មាន​ទុក្ខ​ព្រួយ​ជាអនេក។ ចុង​ក្រោយ​ខ្ញុំ​យល់សប្ដិ​ឃើញ​ថា នៅ​ក្នុង​ព្រៃ​មួយ​ឆ្ងាយ​ដាច់សង្វែង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​កណ្ដាល​ពិធីបុណ្យ​អារក្ខ​មួយ។

ខ្ញុំ​ភិតភ័យ​ហើយ​រត់​ចេញ​ពី​ពួក​គេ​ស្រាប់តែ​តាម​ប្រលោះ​ខ្លួន​មនុស្ស​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​បុរស​នោះ​ជា​ពុក​ខ្ញុំ។

ខ្ញុំ​ស្រែក​រហូត​ដល់​ភ្ញាក់​ឡើង​កណ្ដាល​យប់។

«មិន​បាន​ទេ! ខ្ញុំ​ត្រូវ​នាំ​កូន​ទៅ​គេង​ផ្ទះ​ម្ដាយ​ខ្ញុំ​មួយ​រយៈ​សិន!»

ម្ដាយ​ខ្ញុំ​សម្រេច​ចិត្ត​ចុង​ក្រោយ បន្ទាប់​ពី​បាន​តស៊ូ​រហូត​ដល់​ថ្ងៃ​ទី​៥​ក្នុង​ការ​ស្នាក់នៅ​ផ្ទះ​មរតក​នោះ​តា​ម​បំណង​ពុក​ខ្ញុំ។

ពុក​ខ្ញុំ​តែង​មានគំនិត​ថា​គាត់​ជា​អ្នក​រាជការ​ កាន់​ការ​ទូត​តែង​មាន​ភ្ញៀវ​បរទេស​ចេញ​ចូល​ជួប​គួរសម​ច្រើន​ ដូច្នេះ​កាល​ដែល​មាន​ផ្ទះ​ធំ​និង​រចនាបថ​បុរាណ​ដូច្នេះ​ក៏​ជា​កិត្តិយស​មួយ​ដែរ។

ថ្ងៃនេះ​ដល់​ពេល​ពុក​ត្រូវ​វិល​មក​ផ្ទះ​វិញ​ហើយ។

«ចាំ​ពុក​មក​ចាំ​យើង​រើ​ទៅ​ផ្ទះ​លោកយាយ​ទាំង​អស់​គ្នា»

ខ្ញុំ​ប្រាប់​ម៉ាក់​តែ​បន្ទាប់​មក​ប៉ុន្មាន​នាទី ​ បង​ជីដូន​មួយ​ខ្ញុំ​ទទួល​ទូរសព្ទ​មួយ​មក​ថា​ពុក​ខ្ញុំ​ទទួល​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​របួស​ចូល​មន្ទីរពេទ្យ។

ម្ដាយ​ខ្ញុំ​ខំ​ប្រឹង​ទប់ទល់​នឹង​ភាព​រន្ធត់ ហើយ​ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំងឡាយ​នាំ​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​នោះ។

ទីបំផុត​គ្មាន​អ្នក​ណា​ស្ម័គ្រចិត្ត​នៅចាំ​ផ្ទះ​នោះ​ឱ្យ​យើង​ទេ គឺ​សូម្បី​តែ​អ៊ំ​ម៉ន​ក៏​ស្ម័គ្រចិត្ត​មក​មន្ទីរពេទ្យ​ជាមួយ​ម៉ាក់​ខ្ញុំ​ដែរ។

ពុក​ខ្ញុំ​របួស​ជើង​ត្រូវ​ត​ឆ្អឹង។

ពុក​ត្រូវ​ខាន​ការងារ​ច្រើន​ខែ​ណាស់ ហើយ​ត្រូវ​ការ​កៅអី​រុញ។

ខ្ញុំ​ពិបាក​ចិត្ត​ព្រោះ​ឃើញ​ម៉ាក់​យំ​ជា​ញឹកញាប់។

​ល្ងាច​ម៉ោង​៦​នេះ​ទៀត ​ម្ដាយ​ខ្ញុំ​អង្គុយ​យំ​ក្នុង​សួនច្បារ​មន្ទីរ​ពេទ្យ​ហើយ​យំ​ស្ងាត់​ៗ ព្រោះ​គាត់​មិន​ចង់​ឱ្យ​ពុក​ខ្ញុំ​នឹង​អ៊ំ​ម៉ន​ឃើញ។

មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ដែល​បាន​ឃើញ​គាត់​កើត​ទុក្ខ​ពេញ​ទំហឹង។

«ម៉ាក់ ម៉ាក​ឈប់​យំ​ទៅ ពេល​ពុក​ជា​ យើង​ទៅ​ផ្ទះ​ចាស់​យើង​វិញ យើង​កុំ​ទៅ​នៅ​ផ្ទះ​ធំ​ទៀត​វា​អស់​អី​ហើយ!»

ខ្ញុំ​លួង​គាត់ ឯ​គាត់​បាន​ជូត​ទឹក​ភ្នែក​ហើយ​ងាក​ហុច​លុយ​រាយ​​ខ្លះ​ឱ្យ​ទៅ​កសិករ​ក្រីក្រ​ម្នាក់​ដែល​កំពុង​អង្គុយ​​សុំទាន​តត្រុក​នៅ​ក្បែរ​កៅអី​ថ្ម​ក្នុង​សួន​នោះ។

ម៉ាក់​រក​ដឹក​ដៃ​ខ្ញុំ​ឡើង​ទៅ​បន្ទប់​របស់​ពុក​វិញ​ស្រាប់​តែ​កសិករ​នោះ​និយាយ​មក​ស្អកៗ៖

«នាង​ទៅ​ផ្ទះ​វិញ ដើរ​ទៅ​ជុំវិញ​សសរ​ទាំង​បួន នៅ​បន្ទប់​ក្រោម​ដី​ គាស់​រំលើង​យក​ដែក​គោល​បួន​ដើម​ចេញ​មក! អ្វី​ៗ​នឹង​ធម្មតា​វិញ​ហើយ»

ម៉ាក់​ខ្ញុំ​ស្រាប់​តែ​ឈប់​ដើរ​ហើយ​គាត់​ងាក​ក្រោយ។ ដំបូង​ខ្ញុំ​ស្មាន​អ្នក​សុំទាន​នោះ​ជា​ស្រី​តែ​ពេល​គាត់​និយាយ​ទើប​ដឹង​ថា​គាត់​ជា​ប្រុស​ទេ។ គ្រាន់តែ​គាត់​ស្លៀក​សារុង​ស្រី​ផ្កា​ធំ​ៗ។

ម៉ាក់​ខ្ញុំ​ភ្លាត់មាត់​តិចៗ​ទៅកាន់​គាត់៖

«ផ្ទះ….ផ្ទះ​ណា​ទៅ?»

«ផ្ទះ​ថ្មី​នាង! មាន​គេ​ធ្វើ​អំពើ! គេ​កប់​ដែក​គោល​មរណៈ​បួន​ដើម​ក្រោម​សសរ​គ្រឹះ​ទាំង​បួន! គាស់​វា​ចេញ​មក​ហើយ​បណ្ដែត​តាម​ទន្លេ​ទៅ បើ​នាង​បណ្ដែត​លើ​ទឹកខ្មៅ អ្នក​កប់​នោះ​នឹង​ស្លាប់ តែ​បើ​នាង​បណ្ដែត​នឹង​ទឹកថ្លា​ អ្នក​កប់​នោះ​នឹង​ឈឺ!»

ម៉ាក់​ខ្ញុំ​បើក​ភ្នែក​ធំៗ។

ខ្ញុំ​ឱន​សម្លឹង​ដៃ​កខ្វក់​របស់​តា​សុំទាន​ដែល​ចាប់​បាយ​មិន​ជាប់​ល្អ​ធ្វើ​ឱ្យ​ធ្លាក់​រាយ​ពេញ​ទៅ​លើ​ដី។

«អាណិត​គាត់​ណាស់​ម៉ាក់!»

ខ្ញុំ​និយាយ​តិចៗ​តោង​ដៃ​គាត់​ព្រោះ​ខ្លាច​ផង។

មេឃងងឹត​ហើយ តែ​ម៉ាក់​ខ្ញុំ​នៅ​តែ​ខំ​រត់​ឡើង​ទៅ​បន្ទប់​រក​សំលៀកបំពាក់​ខ្លះ​មក​ឱ្យ​តា​នោះ​ព្រោះ​គាត់​អត់​ណាស់​​បាន​ជា​ស្លៀក​សំពត់​ស្រីៗ។

តែ​លើក​នេះ​ម៉ែ​រក​តា​នោះ​មិន​ឃើញ​ទេ។

ម្ដាយ​ខ្ញុំ​រអ៊ូ​ប្រាប់​ចាស់ៗ​ទាំង​ភិតភ័យ៖

«ពេល​ខ្ញុំ​ចុះ​ទៅ​ដល់​ដី​វិញ បាត់​គាត់​រក​មិន​ឃើញ សួរ​សន្តិសុខ​ក៏​គេ​មិន​ដឹង​គេ​ថា​មិនដែល​មាន​អ្នក​សុំទាន​ណា​ម្នាក់​អាច​ចូល​ក្នុង​បរិវេណ​ពេទ្យ​ទេ ​ព្រោះ​គេ​មិន​អនុញ្ញាត! មុន​នេះ​ខ្ញុំ​និង​កូន​បាន​ឃើញ​គាត់​ហូប​បាយ​ជ្រុះ​ពេញ​ដី​ច្បាស់​នឹង​ភ្នែក​តែ​ពេល​ចុះ​ទៅ​ម្ដង​ទៀត បាយ​មួយ​គ្រាប់​ក៏​មិន​ឃើញ​ផង!»

តាម​យោបល់​ចាស់! ម្ដាយ​ខ្ញុំ​សម្រេច​ចិត្ត​ឱ្យ​កម្មករ​ចូល​ទៅ​ផ្ទះ​កេរ​នោះ​រក​គាស់​គល់​សសរ​ផ្ទះ​សាក​មើល។ ទីបំផុត​គេ​ពិត​ជា​រក​ឃើញ​ដែកគោល​ធំ​ៗ​បួន​ដើម​នៅ​ក្បែរ​សសរ​ទាំង​បួន​មែន។ ដល់​ពេល​ខ្ញុំ​ធំ​ឡើង​ទើប​ម្ដាយ​ខ្ញុំ​រៀបរាប់​ប្រាប់​ថា ទីនោះ​គឺ​ភរិយា​របស់​ប្អូន​ប្រុស​ឪពុក​ខ្ញុំ​ជួល​គេ​ឱ្យ​ធ្វើ​អំពើ​ដាក់​គ្រួសារ​យើង ​ព្រោះ​មីង​នោះ​ខឹង​ថា​ ហេតុអ្វី​ពុក​ខ្ញុំ​បាន​ទទួល​មរតក​ផ្ទះ​នោះ​តែ​ម្នាក់​ឯង។ ពេល​ម្ដាយ​ខ្ញុំ​យក​ដែកគោល​នោះ​ទៅ​បណ្ដែត​តាម​ទឹកទន្លេ​ ទើប​ឃើញ​មីង​ថ្លៃ​ខ្ញុំ​ម្នាក់​នោះ​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ចម្លែក​ពេទ្យ​រក​មូលហេតុ​មិន​ឃើញ​ទើប​ម្ដាយ​ខ្ញុំ​ជឿ​លើ​រឿង​នោះ។

ដោយសារ​ពុក​ខ្ញុំ​ជា​មនុស្ស​ល្អ បាន​ជា​ជំនាង​ផ្ទះ​ចេះ​តែ​តាម​ថែរក្សា​ឱ្យ​ខ្ញុំ​ឃើញ​ហេតុការណ៍​អាក្រក់​ៗ​បញ្ចៀស​អ្វីៗ​បាន​មុន​ទាន់​ពេល។

ចាស់ៗ​បាន​ចាប់​ឱ្យ​ពូ​មីង​ខ្ញុំ​សារភាព។ ពូ​ខ្ញុំ​បង្កើត​មិន​ដឹង​រឿង​ទេ​ តែ​ភរិយា​គាត់​ទេ​ជា​មនុស្ស​ចិត្ត​ស្មោកគ្រោក។

ដល់​ធ្លាក់​ខ្លួន​ឈឺ​ដាប គាត់​ក៏​ព្រម​សារភាព​ថា​គាត់​បាន​ជួល​គ្រូ​ខ្មែរ​ម្នាក់​មកពី​តាកែវ​ ឱ្យ​ដាក់​អំពើ​មែន។

តែ​គ្រូ​នោះ​ពេល​ដែល​​ពួក​យើង​ទៅ​រក​គាត់​ឱ្យ​ជួយ​ដោះ​ជំងឺ​មីង​ខ្ញុំ គាត់​ថា​មិន​ចេះ​ដោះ​ទេ។ ពូ​ខ្ញុំ​អង្វរ​ម្ដាយ​ខ្ញុំ​ពេក​យើង​ក៏​សម្រេចចិត្ត​មក​ពេទ្យ​នោះ​ម្ដង​ទៀត​ក្រែង​រក​ឃើញ​តា​សុំទាន​នោះ ប៉ុន្តែ​គ្មាន​អ្នក​ឯ​ណា​ធ្លាប់​បាន​ឃើញ​គាត់​ឡើយ។

ថ្ងៃ​មួយ ពេល​ប៉ា​ខ្ញុំ​ត្រូវ​ទៅ​ពិនិត្យ​ជើង​គាត់​គឺ​ម៉ោង​៦​ល្ងាច​ពេល​គាត់​ចេញ​ពី​ធ្វើការ​នោះ ខ្ញុំ​និង​ម៉ាក់​ក៏​បាន​កំដរ​ដែរ។

ពេល​យើង​ដើរ​កាត់​សួន​នោះ​យើង​មិន​បាន​ឃើញ​អ្នក​សុំទាន​នោះ​សោះ តែ​បាន​ឃើញ​គេ​រុញ​អ្នក​ជំងឺ​ចាស់ជរា​ម្នាក់​កាត់​តាម​នោះ។

អ្នក​ជំងឺ​នោះ​ស្លាប់​ហើយ គេ​រុញ​ចេញ​ទៅ តែ​ពី​ក្រោម​កំណាត់​ស​យើង​បាន​ឃើញ​សារុង​ផ្កា​ដដែល​នោះ។ គឺ​សារុង​ដែល​តា​សុំទាន​ស្លៀក។

ម្ដាយ​ខ្ញុំ​បាន​សួរ​នាំ​គេ សាច់ញាតិ​អ្នក​ជំងឺ​ប្រាប់ នោះ​ជា​តា​របស់​គាត់ ឈឺ​ជំងឺ​មនុស្ស​ចាស់​ចូល​ពេទ្យ​ជាង​មួយ​ខែ​ហើយ​មិន​ដែល​និយាយ​រួច​ឬ​ក្រោក​រួច​ទេ​គឺ​រស់​រង់ចាំ​តែ​ស្លាប់។

បុរស​ចំណាស់​នោះ​មុន​ពេល​ធ្លាក់​ខ្លួន​ឈឺ​មាន​មុខ​របរ​ជា​គ្រូ​ទស្សន៍ទាយ​មក​ពី​ខេត្ត​សៀមរាប។

តើ​អ្នក​គិត​ថា តា​ចាស់​ដែល​ម្ដាយ​និង​ខ្ញុំ​បាន​ឃើញ​ជា​ព្រលឹង​បុរស​ចំណាស់​នោះ​ក្រោក​មក​និយាយ​ជា​មួយ​យើង​ឬ​យ៉ាង​ណា?

ក្រោយ​មក​ដោយ​ពូ​ខ្ញុំ​អង្វរ​ពេក​និង​អាណិត​ក្មួយ​ៗ ​ម្ដាយ​ខ្ញុំ​បាន​កាត់​ទៅ​ជួប​គ្រួសារ​នោះ​ម្ដង​ទៀត​នៅ​អាសយដ្ឋាន​ដែល​គេ​ទុក​ឱ្យ។

ក្រោយ​ពី​និយាយ​រឿងហេតុ​ទាំង​អស់​ហើយ យាយ​ចាស់​ម្នាក់​ជា​ប្អូនស្រី​របស់​តា​នោះ​ប្រាប់​ម្ដាយ​ខ្ញុំ​ថា​ឱ្យ​រក​ស្លឹកគ្រៃ​៩​ទង ស្ងោរ​លាយ​ជាមួយ​សរសៃ​សក់​របស់​មីង​ថ្លៃ​ខ្ញុំ​ឱ្យ​គាត់​ហូប​ទើប​គាត់​ជា​ពី​ជំងឺ​បាន។

ចាស់ៗ​បាន​សាក​មើល ហើយ​មីង​ខ្ញុំ​ក៏​ជា​ដល់​សព្វ​ថ្ងៃ​ តែ​គាត់​មិនដែល​ហ៊ាន​មក​លេង​ផ្ទះ​ធំ​របស់​ពុក​ខ្ញុំ​ទៀត​ឡើយ។

ក្រុម​គ្រួសារ​ខ្ញុំ​ក៏​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ឡើង​គេហដ្ឋាន​នោះ ហើយ​រស់នៅ​សុខសាន្ត​រហូត​រៀង​មក។