ព្រៃចេកដែលមានទំហំប្រហែលជាជាងពីរហិចតានេះធម្មតាស្ងាត់ណាស់ព្រោះឆ្លងផុតទីនេះទើបទៅដល់ភូមិមួយ ប៉ុន្តែថ្ងៃនេះបែរជាមានភាពអ៊ូអរចម្លែកតាំងពីរមាត់ផ្លូវរហូតចូលទៅខាងក្នុងប្រហែល100ម៉ែត្រគឺមានសាកសពសិស្សស្រីម្នាក់ដែលប៉ូលិសកំពុងរៀបចំយកនាងទៅធ្វើកោសល្យវិច័យ។ តាមរយៈស្ថានភាពសាកសពនៅក្នុងសម្លៀកបំពាក់រយីរយាកនិងរហែកឡេវអាវបែបនេះអ្នកគ្រប់គ្នាបានសន្និដ្ឋានទុកទៅហើយថានាងត្រូវគេ…។
ទាំងនេះគ្រាន់តែជាខ្លឹមសារប្រលោមលោកបែបឃាតកម្មមួយដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើ website របស់អ្នកនិពន្ធម្នាក់ឈ្មោះមីណា។ សូម្បីតែលោកអធិការសង្ហាម្នាក់នេះក៏កំពុងអានផងដែរ។
ក្រោយពីអានចប់ភាគនេះនាយហាក់ដូចជាមានមន្ទិលសង្ស័យព្រោះភាគនេះបានចេញផ្សាយនៅ ៧ថ្ងៃមុន ស្របពេលដែលហេតុការណ៍ពិតមួយនេះបានកើតឡើងដូចគ្នាកាលពីពីរសប្ដាហ៍មុននេះ តែខាងប៉ូលិសនៅពុំទាន់ចាប់ជនល្មើសបាននៅឡើយទេ។
សំឡេងទូរសព្ទរោទ៍
ប៉ូលិសចំណាស់ម្នាក់នៅក្បែរនោះទទួលទូរសព្ទទើបបានដឹង
– ជនសង្ស័យរំលោភសម្លាប់សិស្សស្រីកាលពីពីរអាទិត្យមុនស្លាប់ហើយ។
- ហាសស្លាប់ហើយ?
គាត់លាន់មាត់យ៉ាងឮធ្វើឱ្យមិត្តរួមការងារក្នុងទីស្នាក់ការងាកមកមើលគាត់គ្រប់គ្នា។
គាត់បិទទូរសព្ទហើយប្រញាប់ចេញទៅបន្ទាន់ ឯលោកអធិការបានឮដំណឹងនេះក៏ចេញទៅជាមួយផងដែរបើទោះបីជាខ្លួនមិនមែនជាអ្នកកាន់ក្ដីនេះក៏ដោយ។
មកដល់ទីតាំងឧក្រិដ្ឋកម្មលោកអធិការនិងប៉ូលិសចំណាស់ម្នាក់នោះបានប្រជ្រៀតមនុស្សជុំវិញនេះចូលទៅទីហាមឃាត់ ដែលមានប៉ូលិសប៉ុន្មាននាក់នៅទីនោះស្រាប់។
សាកសពបុរសម្នាក់នោះមានសភាពស្លេកស្លាំងដេកនៅលើកម្រាលឈាមស្ងួតហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺនៅលើ ក របស់គេមានស្នាមឆូតកាត់ផ្ដាច់សរសៃពីរឆ្នូត និងនៅលើ កដៃមួយឆ្នូត។ ស្នាមទាំងនេះតូចឆ្មារប៉ុនសរសៃអំបោះហើយមានប្រវែងប្រហែល 3cmប៉ុណ្ណោះ។
……………………….
ដៃមនុស្សស្រីដ៏ស្រឡូនដូចបន្លាក្រូចដាក់នៅលើ mouse កុំព្យូទ័រ។ ភ្នែករបស់នាងធំៗមូលក្រឡង់គ្រាប់ភ្នែកខ្មៅក្រិបយ៉ាងស្រទន់កំពុងសម្លឹងមើលអេក្រង់កុំព្យូទ័រដើម្បី Upload ភាគថ្មីទាំងក្ដីរីករាយ។
“ទីង ទីង”
សំឡេងកណ្ដឹងផ្ទះរបស់នាងរោទិ៍ឡើង។ នាងដើរសំដៅទៅបើកទ្វារមនុស្សនៅចំពោះមុខនាងនេះគឺលោកអធិការសង្ហាមុននេះ គាត់មានឈ្មោះថាវ៉ាយុ។
-ម៉េចបានជាបងមកទាំងយប់អ៊ីចឹង?
-បងចង់មកគេងជាមួយអូនដែរ! នាយនិយាយដោយឱនមុខទៅជិតមិត្តស្រីបន្តិច
-បងឆ្កួតទេហី? ពួកយើងនៅមិនទាន់រៀបការទេ។
នាយសើចស្រស់ហាក់ដូចជាគ្មានបញ្ហាអ្វីសោះទើបបន្ត
-បងនិយាយលេងទេ !
និយាយចប់នាយក៏ដើរចូលទៅខាងក្នុង។
ពួកគេដើរចូលទៅក្នុងបន្ទប់ មីណាអង្គុយនៅកន្លែងតុធ្វើការរបស់នាង ឯនាយសង្ហាអង្គុយនៅជិតនោះក៏ចាប់ផ្ដើមដេញដោលសួរ
-ម៉េចបានជាអូនផ្លាស់ប្ដូរមកសរសេររឿងឃាតកម្មវិញ?
-អ្នកនិពន្ធជាអ្នកផ្ដល់ឱ្យ! អ្នកមើលចូលចិត្តអ្វីយើងត្រូវសរសេរបែបហ្នឹងហើយ
-តែពីមុនអូនថាគិតមិនចេញទេ?
មីណាញញឹមរួចតប
-ប្រាប់បងចុះតាមពិតអូនសរសេរតាមយល់សប្តិទេ។
-យល់សប្ដិ? នាយលាន់មាត់រួចគិតនៅក្នុងចិត្តថា
«តើវិញ្ញាណអ្នកស្លាប់ទាំងនោះមកពន្យល់សប្តិប្រាប់នាងមែនទេ?»
-ឃាតកៈមិនមែនមានតែម្នាក់ទេ។ នាងនិយាយកាត់
-នៅមានអ្នកណាទៀត?
-បងចូលទៅអានភាគថ្មីដែលអូន Upload មុននេះទៅ គឺបុរសពាក់អាវដៃខ្លីពណ៌ខ្មៅ សក់វែងកន្ទ្រើងខ្លួនញ័រទទ្រើកនោះហើយ ព្រោះគេដឹងថាមិត្តរបស់គេស្លាប់ដោយសារអ្វី។
វ៉ាយុឮសម្ដីមួយឃ្លានេះហើយគឺគិតទៅដល់ពេលចេញទៅធ្វើការព្រឹកមិញនេះក្នុងចំណោមអ្នកឈរមើលពីខាងក្រៅទាំងនោះពិតជាមានមនុស្សនេះមែន។ គេសម្លឹងមើលមិត្តស្រីដែលកំពុងសរសេររឿងដោយភាន់ភាំង ក្នុងខួរក្បាលពោរពេញដោយចម្ងល់។ ម៉េចនឹងអាចមានរឿងចៃដន្យយ៉ាងនេះទៅ?
យប់ស្ងាត់…..
មនុស្សឈុតខ្មៅម្នាក់កំពុងដើរតម្រង់ទៅមុខដោយជំហានវែងៗ ដៃខ្មៅងងឹតកាន់ឡាមមួយដែលមានដងដូចកាំបិត សំដៅរកជនល្មើសទី២ដែលកំពុងព្យាយាមរំកិលខ្លួនទៅក្រោយទាំងសេចក្ដីភ័យខ្លាចលើកដៃសំពះសុំទទួលការលើកលែង។
ជនអាវខ្មៅដើរបណ្ដើរដៃខាងឆ្វេងរបស់គេទាញមួកជាប់អាវចេញពីក្បាលដោយបន្សល់ទុកម៉ូតសក់កន្ទុយសេះដែលធ្លាក់ចេញពីប្រឡោះមួកខ្មៅខាងក្រោយ។ នាងលើកជើងទាត់ចំកណ្ដាលមុខបុរសម្នាក់នោះ ធ្វើឱ្យគេដួលផ្ងារក្រោយមួយទំហឹងទៅលើដីមិនបង្អង់យូរនាងទាញដៃបុរសនោះមកឆូតនឹងឡាមខ្ទាតឈាមឆ្វាចធ្វើឱ្យបុរសនោះស្រែកចាច រួចទើបប្រើឡាមនោះឆូតផ្ដាច់សរសៃ ក ពីរឆ្នូតបន្ថែមទៀត គេក៏ស្លាប់មួយរំពេច ឯឈាមចេះតែបន្តហូរចេញពីមុខរបួស។ ឃាតកៈស្រីសម្លក់សាកសពដែលខ្លួនសម្លាប់ដោយខ្សែភ្នែកឃោរឃៅបំផុត។
ព្រឹកថ្ងៃបន្ទាប់ នៅទីស្នាក់ប៉ូលិសក្នុងបន្ទប់លោកនាយ
លោកអធិការវ៉ាយុកំពុងធ្វើការស្នើរសុំលោកនាយផ្ដល់ការអនុញ្ញាឱ្យគេបានទៅកាន់រឿងក្ដីដែលបានកើតឡើងថ្មីនេះ។ លោកនាយឃើញដូចនេះទើបសួរបញ្ជាក់៖
-ហេតុអ្វីចង់ធ្វើរឿងក្ដីនេះ? វាដូចជាកាន់តែស្មុគស្មាញហើយ «ឃាតកៈសម្លាប់ឃាតកៈ»
ទោះបីជាលោកនាយបញ្ជាក់បន្ថែមច្បាស់ៗយ៉ាងនេះក៏ដោយក៏មិនអាចធ្វើឱ្យវ៉ាយុ រុញរានោះដែរផ្ទុយមកវិញលោកមានតែឆ្លើយតបមកវិញទាំងភាពជឿជាក់យ៉ាងមុតមាំ៖
-ព្រោះតែលំបាកនេះហើយទើបខ្ញុំចងធ្វើ ខ្ញុំចង់មានស្នាដៃឱ្យច្រើនជាងនេះ មិនចង់ឱ្យមានពាក្យថាខ្ញុំមានដតំណែងខ្ពស់ដូចថ្ងៃនេះព្រោះតែមានខ្សែធំនោះទេ។
-ហាស ហា! ប៉ាពេញចិត្ត ! ល្អ ប៉ាអនុញ្ញាត។
ការពិតក្រៅពីចង់បង្ហាញនូវសមត្ថភាពរបស់ខ្លួនវ៉ាយុ ដោយសាររឿងក្ដីនេះពាក់ព័ន្ធនឹងប្រលោមលោករបស់មិត្តស្រីខ្លួនហេតុនេះទើបលោកចង់ស៊ើបដោយផ្ទាល់បែបនេះ។
ងាកមកមើលអ្នកនិពន្ធមីណាវិញ នាងក្រោកពីគេងទាំងសភាពធីងធោងនៅឡើយ ដើរចូលទៅក្នុងបន្ទប់ទឹកបម្រុងនឹងលុបលាងមុខស្រាប់តែបុកពោះភឹប បើកភ្នែកធំៗ គាំងមិនបញ្ចេញសំឡេងអ្វីទាំងអស់ រហូតទាល់តែស្វាងបន្តិចទើបនាងប្រញាប់លាងសម្អាតខ្លួនចេញយ៉ាងរហ័ស។
នាងដើរយឺតៗចេញមកអង្គុយនៅត្រង់តុធ្វើការរបស់នាងរួចព្យាយាមប្រមូលអារម្មណ៍ឱ្យមូលគិតដល់សកម្មភាពកាលពីយប់មិញដើម្បីសរសេរភាគថ្មីបន្ទាប់។ ប៉ុន្តែថ្ងៃនេះនាងធ្វើអ្វីមិនបានសោះ ក្នុងចិត្តពេញនេះមានតែភាពភ័យខ្លាចនិងចម្ងល់ដែលធ្វើឱ្យនាងញ័រដូចជាកូនសត្វយ៉ាងអ៊ីចឹង។
លោកអធិការចាប់ផ្ដើមបំពេញតួនាទីរបស់ខ្លួនតាំងពីថ្ងៃទីមួយ គឺការប្រជុំពិភាក្សានៅក្នុងក្រុមដែលមានសមាជិក ៤នាក់ផ្សេងទៀត។
-ឃាតកៈមិនមែនមានតែម្នាក់ទេមែនទេ?
ប៉ូលិសបួននាក់ទៀតមើលមុខគ្នាឡិងឡង់ ចម្លែកចិត្តហេតុអ្វីបានជាលោកអធិការដឹងរឿងនេះ ព្រោះក្រៅពីពួកគេបួននាក់ គ្មានអ្នកផ្សេងដឹងឡើយ។ លោកប៉ូលិសចំណាស់សួរបកទៅលោកវ៉ាយុវិញ
-ម៉េចបានជាលោកដឹងរឿងនេះ? -ខ្ញុំដឹងតាមណាមិនសំខាន់ទេរឿងដែលសំខាន់ហេតុអ្វីពួកលោកលាក់បាំងរឿងនេះ?
ប៉ូលិសក្មេងជាងគេម្នាក់ឈ្មោះ សត្យា ប្រញាប់សារភាពយ៉ាងលឿន
-សុំទោសលោកអធិការ! កាលនោះបន្ទាប់ពីធ្វើកោសល្យវិច័យរួចឃើញថា ទឹកកាមពីរប្រភេទ នោះមានន័យថាអ្នកដែលរំលោភសម្លាប់នាងគឺមានពីរនាក់។ មានតែម្នាក់លំបាកណាស់ទៅហើយចុះទម្រាំពីរនាក់ទៀតនោះ? ហេតុនេះទើបពួកយើងធ្វើបែបនេះ
-ត្រូវ! មានតែម្នាក់លំបាកណាស់ទៅហើយចុះទម្រាំពីរនាក់ទៀតនោះ? ឯងគួរតែយកចិត្តនាងដាក់ក្នុងចិត្តឯងខ្លះផង។ ហើយបើខ្លាចលំបាកមិនបាច់ធ្វើជាប៉ូលិសទេ?
ប៉ូលិសចំណាស់និយាយកាត់៖
-ពួកយើងដឹងខុសហើយ តែពេលនេះយើងគួរផ្ដោតទៅលើរឿងក្ដីថ្មីវិញ
-ស៊ើបទាំងអស់!
បីម៉ាត់យ៉ាងខ្លីចេញពីមាត់លោកអធិការ
ក្រុមប៉ូលិសរកបានមិត្តរបស់ជនល្មើស ៣នាក់មកសួរចម្លើយ អ្នកទីមួយ រាងស្វិត ថ្ពាល់ផត មានសក់ពណ៌ត្នោតដាបស្មា ឯអ្នកទីពីរក៏មានរាងស្វិតដែរ ហើយពាក់ក្រវិលវែងមួយចំហៀង និងអ្នកទីបីមានសាក់ពេញខ្លួន សក់ត្រង់ស្លូត។
បើមើលទៅតាមភិនភាគមិនដូចអ្វីដែលមីណាបានប្រាប់ទល់តែសោះ។ ទោះយ៉ាងណាលោកអធិការនៅតែសួរពួកគេនូវដំណឹងជនល្មើសបន្ទាប់មកទើបប្រាប់ពីភិនភាគនោះដល់ពួកគេតែម្ដង។ មិនខកបំណងពួកគេទាំងបី បានឱ្យដឹងថា ពួកគេពិតជាមានមិត្តភក្តិដូចទៅនឹងភិនភាគដែលលោកអធិការប្រាប់ពិតមែន តែជាអកុសលពួកគេមិនបានចួបជនល្មើសនោះបីថ្ងៃមកហើយ។
លោកអធិការនិងសមាជិកក្នុងក្រុមសន្និដ្ឋានថាជនល្មើសប្រហែលជាគេចខ្លួនបាត់ទៅហើយទើបចេញបញ្ជាថែមកម្លាំងតាមរកបន្ថែម។
បីថ្ងៃបន្ទាប់រឿងភាគថ្មីត្រូវបានចេញផ្សាយ ឯខាងប៉ូលិសក៏ទទួលបានដំណឹងពីការស្លាប់របស់ជនល្មើសម្នាក់ទៀតដែលស្ថានភាពសាកសពមិនខុសពីជនល្មើសទីមួយឡើយ។ នេះសបញ្ជាក់ឱ្យឃើញថាឃាតកៈដែលសម្លាប់ជនល្មើសគឺជាមនុស្សតែម្នាក់។
រឿងក្ដីកើតឡើងផ្ទួនៗបែបនេះវ៉ាយុ កាន់តែសង្ស័យទៅលើប្រលោមលោកមិត្តស្រីរបស់ខ្លួនទើប ប្រាប់ឱ្យមិត្តរួមក្រុមឱ្យយកពេលទៅអានប្រលោមលោកនេះ។ ប៉ុន្តែត្រូវបានសត្យាជំទាស់
-លោកអធិការ! នេះមិនមែនជារឿងលេងសើចទេណា ហេតុអ្វីត្រូវឱ្យពួកយើងយកពេលទៅអានប្រលោមលោកនោះវាមិនសម
វ៉ាយុបកស្រាយប្រាប់មិត្តរួមក្រុមយ៉ាងយកចិត្តទុកដាក់៖
-ផ្អែកលើស្ថានភាពសាកសពទាំងនេះគឺដូចទៅនឹងសាកសពនៅក្នុងប្រលោមលោកទាំងស្រុង។ ខ្ញុំគិតថាប្រហែលជាអ្នកអានរឿងនេះហើយយកសកម្មភាពឃាតកម្មនោះទៅអនុវត្តដោយផ្ទាល់។ ហេតុនេះយើងគួរតែអានដើម្បីបានតម្រុយខ្លះ។
-បើបែបនោះគឺមានតែអ្នកនិពន្ធជាអ្នកសម្លាប់? (សត្យាបានតប)
-នាងសូម្បីតែក្បាលត្រីមិនហ៊ានវាយផង ឯងបែរជាចោទបែបនេះ
-ខ្ញុំថាលេងទេ! ក្នុងប្រលោមលោកបើអ្នកនិពន្ធមិនឱ្យស្លាប់ តួអង្គអាចស្លាប់ដែរទេ?
ប៉ូលិសម្នាក់ទៀតក្នុងចំណោមនោះឈ្មោះវី បានបញ្ចេញយោបល់បន្ទាប់ពីបានអានដំណើរដើមទងនៃសាច់រឿង
-ឃាតកៈនោះសម្លាប់ជនល្មើសដែលរំលោភសម្លាប់សិស្សស្រី កាលពីបីសប្ដាហ៍មុនវាដូចជាការសងសឹកអ៊ីចឹង! ហេតុនេះគួរតែជាអ្នកដែលស្រឡាញ់នាងបំផុត។
-អាចទេបើជាអ្នកស្រឡាញ់យុត្តិធម៌វិញនោះ? (ប៉ូលិសម្នាក់ទៀតបន្ត) -អឹម! សមហេតុផល។
និយាយចប់វ៉ាយុ និងមិត្តរួមក្រុមប្រញាប់ចេញធ្វើសកម្មភាពភ្លាមៗតែម្ដង។
ខណៈដែលមិត្តរួមក្រុមទៅរកសមាជិកគ្រួសាររបស់ជនរងគ្រោះក៏ដូចជាមនុស្សស្និទស្នាលផ្សេងទៀត វ៉ាយុបានទៅរកមីណាដើម្បីសួរដោយផ្ទាល់ ព្រោះពេលខ្លះគាត់ក៏សង្ស័យលើមិត្តស្រីដូចគ្នាគ្រាន់តែព្យាយាមទាញការគិតត្រលប់មកវិញ ព្រោះនារីស្លូតបូតដូចជាមីណាម៉េចនឹងអាចធ្វើរឿងឃោឃៅយ៉ាងនេះទៅ?
នៅក្នុងបន្ទប់ទទួលភ្ញៀវក្នុងខុនដូរបស់មីណា…
នាងឆ្លើយរាល់សំណួរដែលមិត្តប្រុសដែលបានសួរដោយសារជាទំនួលខុសត្រូវមួយដែលស្នាដៃនិពន្ធរបស់នាងបង្កើតបានជាឃាតកម្មពិតប្រាកដបែបនេះ ម្យ៉ាងក៏អាចចែករំលែកជួយកិច្ចការមិត្តប្រុសបានខ្លះ។
-អូនសរសេរឡើងមកព្រោះតែមានការស្នើរសុំពីមនុស្សម្នាក់។ គេប្រាប់បញ្ហាមួយឱ្យអូនគឺមានមនុស្សស្រីម្នាក់ត្រូវគេរំលោភសម្លាប់ គេសុំឱ្យអូនផ្ដល់នូវដំណោះស្រាយមួយដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។ ដើមឡើយអូនមិនទាន់ទទួលព្រមនឹងគេទេតែពីរបី ថ្ងៃក្រោយមកអូនយល់សប្តិឃើញជនអាវខ្មៅម្នាក់ទៅសម្លាប់បុរសនោះ ក្នុងយល់សប្តិប្រាប់ច្បាស់ណាស់ថាគេជាជនល្មើស។ ហើយអូនតែងតែផ្ញើរឱ្យនាងមើលមុនជានិច្ច នាងថាល្អទើបអូនចេញផ្សាយ គឺរាងរាល់៧ថ្ងៃម្ដង។
-ត្រូវហើយអូនតែងផ្ញើឱ្យគេមើលមុនជានិច្ច ហើយរាល់ពេលដែលអូនចេញផ្សាយសាកសពក៏ត្រូវបានរកឃើញហើយយ៉ាងហោចគេស្លាប់ពីរទៅបីថ្ងៃមុនមកម្ល៉េះ។ អូនប្រាប់ Account គេមក
មីណាលើកទូរសព្ទមកបង្ហាញ -នេះ! តែជា Account ថ្មីហើយមិនដាក់រូបខ្លួនឯងទៀត។
-មិនអីទេ!
លោកអធិការបានឱ្យអ្នកជំនាញស៊ើបរកទីតាំងរបស់ម្ចាស់ Account នោះ។
មិនខុសពីការគិតទុកស្រ្តីសក់វែងវ័យប្រហែល២៥ ទៅ២៦ឆ្នាំម្នាក់កំពុងកាន់ទូរសព្ទមើលព័ត៌មាននៃការស្លាប់របស់ជនល្មើស នាងញញឹមដោយការពេញចិត្ត ចំណែកខ្សែភ្នែកវិញគឺពោពេញទៅដោយភាពឈឺចាប់និងកំហឹងយ៉ាងឃោរឃៅ ហើយក៏ជាអ្នកគាំទ្រម្នាក់របស់អ្នកនិពន្ធមីណាផងដែរ គឺជាបងស្រីរបស់ជនរងគ្រោះហើយនាងគឺជាជនសង្ស័យដែលខាងប៉ូលិសបាននាំខ្លួននាងមកសួរចម្លើយ។
នាងខ្លួនឯងគឺបានសារភាពប្រាប់ប៉ូលិសថានាងជាឃាតកៈឈុតខ្មៅ ដែលសម្លាប់ជនល្មើសទាំងពីរនោះ។ រីឯសកម្មភាពនៃការសម្លាប់គឺដូចទៅនឹងសកម្មភាពរបស់ឃាតកៈនៅក្នុងប្រលោមលោកបេះបិទ បើយោងទៅតាមសម្ដីរបស់នាងដោយផ្ទាល់។
ជនល្មើសព្រមសារភាពនូវកំហុសរបស់ខ្លួនយ៉ាងនេះទៅហើយ ខាងប៉ូលិសមានតែបញ្ចូននាងទៅតុលាដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកនៅពេលរៀបចំចេញទៅឃាតកៈនោះដើរកាត់មុខមីណា នាងសម្លឹងមើលមីណាដោយខ្សែភ្នែកស្រទន់បង្ហាញនូវក្ដីស្រឡាញ់និងការដឹងគុណ ដែលធ្វើឱ្យមីណាមិនអស់ចិត្តសោះដែលដឹងថានាងជាឃាតក៖ដូច្នេះ។ ភ្នែករបស់ឃាតកៈនោះបែរជាតឹងដូចជាកូនកាត់ចិនផ្ទុយពីឃាតកៈនៅក្នុងសុបនិនាងដាច់ ឃាតកៈនៅក្នុងសុបនិនាងមានភ្នែកធំៗមូលក្រឡង់និងតែងតែមានភាពឃោរឃៅគ្រប់ពេល។
វ៉ាយុឃើញមិត្តស្រីមកឈរចាំដល់ខាងមុខទីស្នាក់ការបែបនេះក៏ប្រញាប់ចូលមករក រួចលើកដៃកៀក កនាង៖
-អូនមកហើយ! ឆាប់ម៉្លេះ?
-គ្មានអ្វីធ្វើទើបប្រញាប់ចេញមក! ប៉ុន្តែនាងជា…?
-មែនហើយ! -មិនសមសោះ….
-មិនសមយ៉ាងម៉េច? -កែវភ្នែកនាងខុសពីឃាតកៈក្នុងប្រលោមលោករបស់អូនទាំងស្រុង!
-អីយ៉ា! ការពិតនិងរឿងប្រតិដ្ឋរបស់អូនម៉េចនឹងអាចដូចគ្នាទាំងស្រុងទៅ? -ហ៊ឹមមែនហើយ! អ៎…និយាយអ៊ីចឹងបងទើបតែបានដំណឹងនាងសោះ ម៉េចក៏ចាប់បានលឿនម្ល៉េះ?
-នាងជាអ្នកសារភាពដោយខ្លួនឯង នាងនៅថា “មនុស្សធ្វើខុសគួរតែទទួលទោស”
មីណាងក់ក្បាលតិចៗរួចទើបផ្លាស់ប្ដូរប្រធានបទ៖
-បងពូកែណាស់ត្រឹមតែ៦ថ្ងៃសោះអាចចាប់ឃាតកៈបានទៅហើយ
និយាយមិនគ្រប់នាងថែមទាំងលើកមេដៃជាសញ្ញាទាំងសងខាងឱ្យមិត្តប្រុសទៀតផង។ វ៉ាយុញញឹមរួចលើកដៃអង្អែលក្បាលមិត្តស្រីថ្នមៗ។
សត្យានិងលោកប៉ូលិសចំណាស់ងាកមុខមកវិញក្រោយពីបានបញ្ជូនជនល្មើសចេញទៅ។បានឃើញរូបភាពដ៏ផ្អែមល្ហែមយ៉ាងនេះចំពោះប៉ូលិសចំណាស់គឺគ្មានអ្វីចម្លែកទេប៉ុន្តែចំពោះសត្យាវិញ៖
-អូ! នេះគឺអ្នកនិពន្ធមីណាតើ…..ពួកគេ?
នាយនិយាយទាំងងាកមុខមកមើលប៉ូលិសចំណាស់ក្បែរខ្លួន។ ប៉ូលិសចំណាស់ឪនមកជិតបន្តិចទើបតប៖
-ប៉ុណ្ណឹងហើយឯងនៅមិនយល់ទៀត? -អ៊ីចឹងតាស៎ទើបនិយាយប៉ះពាល់មិនបានសោះ…អីយ៉ា! លោកពូដឹងយូរហើយមែនទេ ម៉េចក៏មិនប្រាប់ខ្ញុំឱ្យដឹងផង?
-ឥឡូវឯងដឹងហើយតើ!
លោកអធិការទទួលទូរសព្ទ៖
-បាទៗ ខ្ញុំនឹងប្រញាប់ទៅភ្លាម
និយាយចប់លោកស៊ីញ៉ូដៃប្រាប់ប៉ូលិសពីរនាក់ផ្សេងទៀតនោះឱ្យតាមទៅជាមួយ ហើយលោកក៏បានឱ្យមីណាទៅជាមួយផងដែរ។
តើនេះជាហេតុការណ៍អ្វីទៅ? មកដល់ទីតាំងកើតហេតុនៅលើគំនរសំរាមមួយកន្លែងដែលមានមនុស្សចោមរោមថត។ នៅក្នុងកេសមួយនេះជាទារកតូចមួយដែលនៅប្រឡាក់ឈាមនៅឡើយឯទងសុខក៏នៅមិនទាន់កាត់ ហើយអ្វីដែលសំខាន់គឺទារកនេះបានផុតដង្ហើមបាត់ទៅហើយ។
ចំណែកឯមីណានាងធ្លាប់តែឃើញរូបភាពបែបនេះនៅក្នុងបណ្ដាញសង្គមនាងអាចនឹងមានអារម្មណ៍ស្រណោះអាណិតខ្លះ ប៉ុន្តែថ្ងៃនេះនាងបានមកឃើញដោយផ្ទាល់ភ្នែកបែបនេះទឹកភ្នែកធ្លាក់កាត់ថ្ពាល់ដោយក្ដីក្រៀមក្រំ នាងប្រញាប់ជូតចេញយ៉ាងលឿនមិនឱ្យនរណាឃើញឡើយ។
នាងសម្លឹងមើលទៅទារកដោយក្ដីអាណិតអាសូរជាខ្លាំង គិតដល់ទារកដែលត្រូវគេយកមកដាក់នៅក្នុងកេសបិទជិតបែបនេះ មុននឹងស្លាប់តើគ្នាលំបាកយ៉ាងណាទៅ? ហើយតើចិត្តម្ដាយទាំងនោះសាងពីអ្វីទៅម៉េចបានជាពួកគេអាចធ្វើបែបនេះលើសាច់ឈាមបង្កើតខ្លួនឯងបាន? ពួកនាងគ្មានចិត្តថ្លើមគ្មានបេះដូងទេមែនទេ? មីណាគិតដល់ចំណុចនេះនាងខាំមាត់ ក្ដាប់ដៃយ៉ាងណែន។
នៅទីនេះមានអ៊ំស្រីម្នាក់កំពុងនិយាយជាមួយស្ត្រីផ្សេងទៀត៖
-នេះអាចជាកូននាងម្នាក់នោះទេ?
-អ៊ំនិយាយពីអី អ៊ំបានដឹងរឿងអ្វីខ្លះ? ឆវីសួរត្រលប់
-នាងនោះមកពីខេត្តឆ្ងាយនាងចូលចិត្តពាក់អាវប៉ោងៗ ដើមឡើយអ៊ំមិនដឹងទេ តែមួយរយៈពេលមុននេះនាងដើរប៉ះអ៊ំទើបអ៊ំដឹងថាពោះនាងធំ ហើយថ្ងៃនេះនាងមិនបានមកធ្វើការទេ។
-អ៊ំនិយាយពីណាគ្រីមែន? នាងសួរមួយៗ
-ហ្នឹង ហ្នឹងហើយ
– អ៊ំកុំចេះតែចោទនាងមើល
-មិនឱ្យចោទយ៉ាងម៉េច បើនាងនៅមិនទាន់រៀបការផងហ្នឹង!
ទាំងមីណានិងសមត្ថកិច្ចសុទ្ធតែបានឮការសន្ទនានេះ។ លោកអធិការក៏បានចេញមុខមកសួរអ៊ំស្រី
-តើអ៊ំបានដឹងរឿងអ្វីខ្លះទៅ? អ៊ំអាចជួយសហការណ៍ជាមួយខាងប៉ូលិសផងបានទេ?
អ៊ំស្រីធ្វើមុខទ្រុងភ័យ រួចឆ្លើយតប
-លោកក្មួយ តាមពិតអ៊ំក៏មិនបានដឹងអ្វីនោះដែរអ៊ំគ្រាន់តែសង្ស័យនាងតែប៉ុណ្ណោះ!
ទីស្នាក់ការប៉ូលិសក្នុងបន្ទប់សួរចម្លើយ៖
-អ៊ំសង្ស័យលើអ្នកណា? -គឺខ្ញុំសង្ស័យលើកម្មការិនីម្នាក់នាងឈ្មោះណាគ្រី ធ្វើការនៅក្នុងរោងចក្រមួយមិនឆ្ងាយពីគំនរសម្រាមនោះ ឡើយ។ ខ្ញុំជាអ្នកអនាម័យនៅក្នុងរោងចក្រនោះដែរ ប្រហែលមួយខែមុននាងបានដើរប៉ះខ្ញុំនៅមុខបន្ទប់ទឹកពេលនោះខ្ញុំប៉ះត្រង់ពោះរបស់នាងដឹងថានាងកំពុងពពោះទៅហើយ តែដែលចម្លែកនាងមិនស្លៀករ៉ូបពោះធំដូចស្ត្រីមានផ្ទៃពោះដទៃឡើយនាងតែងតែពាក្យអាវប៉ោងៗ ឫអាវក្រៅធំៗដើម្បីបិទបាំងពោះរបស់នាងក្រោយមកទើបខ្ញុំដឹងថានាងជាស្រីនៅលីវមិនទាន់រៀបការនៅឡើយទេ។ ហេតុនេះខ្ញុំគិតថានាងប្រហែលជាមិនចង់ទុកកូននោះក៏ថាបាន។
ក្រោយពីបានទទួលដំណឹងពីអ៊ំស្រីខាងលើ សមត្ថកិច្ចបានទៅស៊ើបសួរបន្តពីកម្មករ កម្មការិនីផ្សេងៗទៀតដែលស្គាល់ជនសង្ស័យ។
ក្នុងនោះមានកម្មការិនីម្នាក់បានឱ្យដឹងថាគេក៏ធ្លាប់សង្ស័យទៅលើជនសង្ស័យឈ្មោះ ណាគ្រី នេះថាមានផ្ទៃពោះផងដែរ ប៉ុន្តែដោយនាងពុំបានដឹងច្បាស់នាងក៏មិនបានប្រាប់ពត៌មានលម្អិតអ្វីឱ្យខាងប៉ូលិសបានច្រើនឡើយ។ តែនាងសន្យាថា នឹងជួយប៉ូលិសយ៉ាងមុតមាំព្រោះនាងជាមិត្តធ្វើការជាមួយគ្នាងាយចូលទៅជិតជនសង្ស័យដើម្បីស៊ើបដំណឹងនេះម្យ៉ាងនាងស្អប់ណាស់ម្ដាយដែលសម្លាប់កូនខ្លួនឯងបែបនេះ។
ត្រលប់មកដល់កន្លែងស្នាក់នៅវិញនាងក៏បានធ្វើតាមសន្យា នាងដើរគោះទ្វារបន្ទប់ណាគ្រី
តុក! តុក!
-អ្នកណា?
-គឺខ្ញុំ ឆវី!
-អរ! មានការអី?
-ថ្ងៃនេះឯងមិនទៅធ្វើការដាក់ច្បាប់ឈឺ ទើបចង់មកសួរសុខទុក្ខ
ណាគ្រីស្លន់ស្លោក្រោកចេញពីគ្រែរួចទាញភួយគ្របលើកម្រាលដែលប្រឡាក់ឈាមដើរត្រូនៗមកបើកទ្វារ
-ខ្ញុំមិនអីទេ
-មិនអីយ៉ាងម៉េច មើលទៅឯងស្លាកស្លាំងណាស់ -ខ្ញុំថាមិនអីគឺមិនអីហើយ
ឆវីមានៈចូលទៅក្នុងបន្ទប់ទោះបីជាម្ចាស់គេមិនបានអញ្ជើញក៏ដោយ។ ណាគ្រីឃើញដូចនេះប្រញាប់ទៅអង្គុយលើគ្រែព្រោះខ្លាចឆវីបានឃើញឈាមទាំងនោះ។
ឆវីដូចជាសង្ស័យលើទង្វើណាគ្រីដែលប្លែករាងផ្អើលៗខុសធម្មតាទើបនាងទៅអង្គុយលើគ្រែជាមួយ។ មិនអស់ចិត្ត នាងចេះតែបង្ខំឱ្យណាគ្រីគេងវិញនាងក្រោកឡើងទាញភួយដើម្បីដណ្ដប់ឱ្យមិត្ត ប៉ុន្តែណាគ្រីនៅតែបដិសេធនិងមិនហ៊ានក្រោកឡើងនោះទេ។
ទោះជាយ៉ាងណាឆវីនៅតែទាញភួយចេញរហូតបានឃើញឈាមដែលប្រឡាក់ជាប់លើកម្រាលនោះ នាងភ្ញាក់ផ្អើលណាស់
-ហាស ឈាម! -គឺ….គឺខ្ញុំមករដូវ
សមដូចការកុហកព្រោះឈាមនេះមានតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែឆវីនៅតែមិនជឿលើពាក្យរបស់ណាគ្រីដដែលទើបលាមិត្តភក្តិត្រលប់មកបន្ទប់ខ្លួនវិញអន្ទះសាក្នុងចិត្តមិនដឹងថាគួរប្រាប់រឿងនេះទៅប៉ូលិសឬអត់។
ឯខាងសមត្ថកិច្ចគឺកំពុងរង់ចាំដំណឹងនៃការធ្វើកោសល្យវិច័យទារកសិន នៅមិនទាន់ធ្វើសកម្មភាពអ្វីទៅលើជនសង្ស័យឡើយ។
ឆ្លងដល់អធ្រាត្រយប់ស្ងាត់ជនឈុតខ្មៅបានបង្ហាញខ្លួនសាជាថ្មី។ គេបានទៅគោះទ្វារបន្ទប់របស់ណាគ្រី ធ្វើឱ្យណាគ្រីភិតភ័យមិនតិចឡើយព្រោះស្រាប់តែមានមនុស្សមកគោះទ្វារទាំងយប់អធ្រាត្របែបនេះ។
-អ្នកណា? ណាគ្រីស្រែកសួរតិចៗ ម៉ិតៗ -ខ្ញុំជាអ្នកដែលដឹងអាថ៌កំបាំងរបស់នាង។ -ខ្ញុំគ្មានអាថ៌កំបាំងអ្វីទេ
-នាងប្រាកដចិត្តទេ? នាងដឹងថាការបោះបង់កូនចោល រហូតដល់កូនបាត់បង់ជីវិតមានទោសអ្វីទេ?
ណាគ្រីឮសម្ដីនេះក៏ប្រញាប់ចេញមកបើកទ្វាឃើញមនុស្សឈុតខ្មៅបិទមុខជិត
-ឯង ត្រូវការអី?
ជនឈុតខ្មៅដើរចេញដោយមិនតបតអ្វីទាំងអស់ឯណាគ្រីចេះតែដើរតាមរហូតទៅដល់ក្រោយរោងចក្រដែលនៅឆ្ងាយពីអគារស្នាក់និងអគារធ្វើការ គួបផ្សំថ្ងៃនេះជាថ្ងៃសៅរ៍ចុងសប្ដាហ៍គ្រប់គ្នាសុទ្ធតែចង់សម្រាកពុំមានអ្នកធ្វើវេនយប់ឡើយជាហេតុធ្វើឱ្យបរិវេណនេះកាន់តែស្ងាត់ទ្វេដងម្យ៉ាងក៏ជាកន្លែងដែលមានរុក្ខជាតិដុះទ្រុបទ្រុលផងដែរ។
-បានហើយខ្ញុំមិនដើរតាមឯងទៀតទេមានអីក៏ឆាប់និយាយមក
ជនឈុតខ្មៅឈប់ងក់ងាកមុខមកក្រោយដែលឈរឃ្លាតពីណាគ្រីប្រហែលមួយម៉ែត្រពីគ្នា។
-ហេតុអ្វីនាងសម្លាប់ទារកនោះ?
-ព្រោះវាជាកូនចង្រៃ មិនបានធ្វើឱ្យអាប្រុសថោកទាបនោះត្រលប់មកទទួលខុសត្រូវលើយើងទេ ទុកវាបានការអីទៅនាំតែគ្រប់គ្នាដៀលត្មេះតែប៉ុណ្ណោះ។
-ឯងមានន័យថាមនុស្សប្រុសសំខាន់ជាងកូនមែនទេ? ហើយក្មេងគេមានកំហុសអ្វីទៅ?
-យើងមិនខ្វល់ សំខាន់យើងមិនត្រូវការវាទេ។
-នាងជាស្រី ព្រៃផ្សៃ ចិត្តមិនស្មើសត្វតិរច្ឆានដែលស្រឡាញ់កូនវាផង! នាងមិនសមរស់នៅឱ្យធ្ងន់ផែនដីនេះទេ។
ថាចប់ឃាតកៈស្រីដោះមួកជាប់អាវចេញ រួចបញ្ចេញឡាមមានដងនោះមក។ ណាគ្រីឃើញហើយភ័យណាស់ បម្រុងនឹងរត់តែត្រូវឃាតកៈស្រីចាប់ដៃជាប់ ដៃដែលនាងចាប់នោះត្រូវបានលើកឡើងដើម្បីឆូតកាត់ទទឹងដៃកាត់ផ្ដាច់សរសៃ បន្ទាប់មកបន្ថែមទៅលើ ក ពីរឆ្នូតទៀតធ្វើឱ្យឈាមជ្រាបចេញមកជាបន្តបន្ទាប់រហូតដល់នាងដាច់ខ្យល់ស្លាប់។
សកម្មភាពសម្លាប់នៅតែដដែល ហើយចុះឃាតកៈស្រីដែលត្រូវបានចាប់ខ្លួននោះមិនមែនជាឃាតកៈពិតទេមែនទេ? ព្រឹកស្អែកខាងសមត្ថកិច្ចទទួលបានការរាយការណ៍ពីខាងមន្រ្តីពាក់ព័ន្ធធ្វើកោសល្យវិច័យទារកនោះបានឱ្យដឹងថាទាំង DNA និងស្នាមក្រយៅដៃនៅលើខ្លួនទារកសុទ្ធតែបញ្ជាក់ថាជារបស់ណាគ្រី។
លោកអធិការនិងសត្យាចេញទៅជាមួយគ្នាគឺទៅចាប់ខ្លួនណាគ្រីដល់បន្ទប់ស្នាក់របស់កម្មករ ប៉ុន្តែមិនបានឃើញនាងឡើយ។ លោកសួរកម្មករក្បែរនោះក៏មិនដឹងអ្វី ទើបឃើញមានមនុស្សប៉ុន្មាននាក់ឆោឡោលោកប៉ូលិសក៏តាមទៅមើល។
ទៅដល់ទីតាំងកើតហេតុគឺឃើញប្រុសស្រីក្មេងៗមួយគូរ ដែលមើលទៅពួកគេភ័យខ្លាចខ្លាំងណាស់ហើយក៏មានមនុស្សប៉ុន្មាននាក់ផ្សេងទៀតរួមទាំងលោកពូសន្តិសុខម្នាក់ដែលកំពុងទូរសព្ទប្ដឹងសមត្ថកិច្ចផងដែរ។
លោកអធិការនិងសត្យាបន្តដើរទៅមុខក៏បានឃើញសាកសពស្ត្រីម្នាក់ដែលដេកនៅក្នុងថ្លុកឈាមនាងគឺណាគ្រីជាជនល្មើសដែលប៉ូលិសកំពុងតែមកចាប់ខ្លួននេះឯង។ ប៉ូលិសទាំងពីរបង្ហាញកាតសម្គាល់ខ្លួនដល់លោកពូសន្តិសុខ រួចទើបចូលទៅឆែកមើលសាកសពគឺមានស្នាម៣ឆ្នូតនៅលើ កដៃមួយនិងនៅលើ កចំនួនពីរឆ្នូតបន្ថែមទៀត ធ្វើឱ្យលោកអធិការនិងសត្យាមើលមុខគ្នាចំដោយភាពងឿងឆ្ងល់។
រង់ចាំដល់សមត្ថកិច្ចមកដល់នាំយកសាកសពទៅធ្វើកុសលវិច្ច័យទើបពិនិត្យឃើញថាទាំង ទំហំ ប្រវែងនិងជម្រៅនៃមុខរបួស ពិតណាស់ជាស្នាដៃមនុស្សតែម្នាក់ជាមួយនឹងឃាតកៈសម្លាប់ជនល្មើសពីរនាក់មុន។
ឃាតកៈពិតមិនទាន់ចាប់បាននៅឡើយទេ? តើនាងជានរណា?
ឃាតកៈឈុតខ្មៅដេកសន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់មួយ នាងដឹងខ្លួនបើកភ្នែកសន្សឹមៗ ក្រោកអង្គុយយឺតៗ។ ដូចជាទើសទែងក្នុងខ្លួននាងក៏ដោះស្រោមដៃទាំងសងខាងចេញរួបទើបដោះមួកនិងម៉ាសជាក្រោយ។
នាងគឺមីណា!
ពេលនេះមើលឃើញខ្លួនឯងក្នុងសភាពដូច្នេះ នាងផ្ដើមប្លែកក្នុងចិត្ត ហេតុអ្វីនៅលើខ្លួនរបស់នាងមានរបស់ទាំងនេះ? នាងនឹកឃើញដល់សកម្មភាពឃាតកៈកាលពីយប់មិញគ្មានចន្លោះ។
ដើមឡើយនាងតែងតែយល់ថាខ្លួនសរសេរប្រលោមលោកផ្អែកតាមសុបិនទាំងដែលការពិតនាងបានចេញទៅធ្វើសកម្មភាពទាំងនោះដោយផ្ទាល់គ្រាន់តែនាងមិនបានដឹងតែប៉ុណ្ណោះ។
នាងឪនមើលរូបរាងខ្លួនឯងនៅក្នុងសម្លៀកបំពាក់ជាឃាតកៈស្រីបែបនេះក៏ចាប់ផ្ដើមស្រឡាំងកាំង រួចងើបមុខឡើង
– តើខ្ញុំបានធ្វើអ្វីខ្លះទៅ?
ចប់