គ.ស ១៨៧២
វិមានដឹហ្កដ អាណាចក្រស្ដេចស៊ែលទី៥
ក្រាក! ក្រាក!
ស្នូរច្រវ៉ាក់ធំៗបន្លឺឡើងខ្ទររងំដំណាលគ្នានឹងទ្វាររបងខ្ពស់ត្រដែតចាប់ផ្ដើមរំកិលខ្លួនបើកឡើងក្រោមផ្ទៃមេឃស្រទំធ្លាក់ព្រិលមួយៗ។ ហ្វូងនារីៗជាច្រើននាក់ក្នុងកាយវិការស្វាហាប់ដើរបន្តកន្ទុយគ្នាជាខ្សែហើយឈប់ជាជួរត្រង់ ពីមុខដំណាក់ដែលមានដាក់ស្លាកថា “ដំណាក់ទាសករ” ។
មិនយូរប៉ុន្មាននារីម្នាក់ក៏ត្រូវបានគេនាំចេញពីហ្វូងសំដៅដំណាក់មួយទៀតក្បែរប្រាសាទដ៏ធំស្កឹមស្កៃ មានរចនាប័ទ្មយ៉ាងប្រណីត តែហាក់ដូចជាស្ងប់ស្ងាត់យ៉ាងចម្លែកមិនគួរឱ្យបេតីទាល់តែសោះ។ ក្នុងចំណោមទាសករទាំងអស់យើងឃើញមាននារីម្នាក់វ័យប្រមាណម្ភៃស្ដើង ទម្រង់មុខពងក្រពើ បបូរមាត់ស្រួច សក់រួញទឹករលកក្នុងទឹកមុខមាំ តាមរយៈកែវភ្នែកដែលរេឡើងឥតឈប់អាចឱ្យយើងដឹងថានាងជាមនុស្សឆ្លាត វាងវៃ និងប៉ិនសង្ស័យមិនអន់ឡើយ។
នាងគឺមេណាម! ស្រីទាសករថ្មីក្នុងវិមាននេះ។
“នោះជាដំណាក់ព្រះអង្គម្ចាស់” រំពេចនោះក៏មាននារីម្នាក់ទៀតខ្សឹបឡើងតិចៗធ្វើឱ្យនួនស្រីងាកទៅចាប់អារម្មណ៍នឹងនាង ហើយក៏ឃើញថានាងកំពុងសម្លឹងទៅដំណាក់ព្រះអង្គម្វាស់ដូចគ្នាដែរ។
“តើគេកំពុងនាំនាងទៅណា?” ស្រីក្រមុំបង្ហើបបបូរមាត់ស្រួចសួរនូវចម្ងល់ភ្លាមព្រោះទើបតែមកដល់វិមាននេះជាលើកដំបូង។
“នាងត្រូវបានគេរើសប្ដូរចេញពីដំណាក់ទាសករធម្មតា ក្លាយជាទាសករក្នុងដំណាក់ព្រះអង្គម្ចាស់…”
នារីនោះនិយាយព្រមទាំងញោចស្នាមញញឹមយ៉ាងរំភើប នាងឈប់បន្តិចមុននឹងបន្ត÷
“អ្នកណាៗក៏ចង់ប្ដូរទៅដំណាក់ព្រះអង្គម្ចាស់ដែរ ព្រោះបានបម្រើទ្រង់ផ្ទាល់ដៃ”
“…”
មេណាមស្ងប់ស្ងាត់មិនចេញស្ដីតែប្រឹងប្រើក្រសែភ្នែកពិនិត្យមើលដំណាក់ដ៏សែនស្ងប់ស្ងាត់នោះបន្ត។
វាគួរឱ្យខ្លាចជាជាងគួរឱ្យចង់ទៅ!
តើដំណាក់របស់ស្ដេចស៊ែលគួរឱ្យព្រឺឆ្អឹងខ្នងបែបនេះមែនទេ?
“បំបែកគ្នាទៅតាមកន្លែងរៀងខ្លួនទៅ!” សម្រែកកាចៗរបស់អ៊ំស្រីមេរ៉ាលីន ដែលត្រូវជាអ្នកចាត់ចែងទាសករធ្វើឱ្យគ្រប់គ្នារហ័សឱនគំនាប់ហើយបំបែកគ្នាទៅកន្លែងរៀងៗខ្លួន។
មេណាមដកដង្ហើមធំផ្លុំខ្យល់កាត់ភាពត្រជាក់ក្រោមព្រិលធ្លាក់រាប់លានគ្រាប់។ គ្រប់គ្នាបានបំបែកផ្លូវទៅងូតទឹកនិងត្រូវត្រលប់មកវិញឱ្យបានមុនម៉ោង៧យប់ដើម្បីញ៉ាំអាហារពេលល្ងាច។ គ្រប់សកម្មភាពរបស់ពួកនាងគឺស្ថិតក្រោមការត្រួតត្រាយ៉ាងតឹងរឹងពីឆ្មាំក្នុងប្រាសាទប្រៀបដូចអ្នកទោស។
ម៉ោង៧:00 ជួងក្នុងផ្ទះបាយក៏បន្លឺឡើង! គ្រប់គ្នាត្រូវតម្រង់ជួរដើម្បីយកបាយញ៉ាំ។ អាហារពេលល្ងាចគឺសាមញ្ញ មានបាយម្ហូបនិងតែក្រអូបក្ដៅៗមួយពែង។
“សួស្ដី! នាងមកថ្មីមែនទេ? ឈ្មោះអី?”
មេណាមភ្ញាក់ព្រើតនឹងសំឡេងសួរ។ តាមពិតគឺជានារីកាលពីល្ងាចសោះ។
“មេណាម!” នួនស្រីតបខ្លីៗខណៈដែលចាក់ជ្រុំបាយចុះឡើង។
“ខ្ញុំអាន់ណា! ឆាប់ញ៉ាំបាយទៅ! ទីនេះមានច្បាប់តឹងរឹងណាស់ ហាមលើសម៉ោង៨យប់”
អាន់ណាប្រាប់ពីវិន័យដ៏សែនចម្លែកធ្វើឱ្យ មេណាម ឆ្ងល់និងចង់ដឹងកាន់តែខ្លាំង។
“ម៉េចអ៊ីចឹង?” មេណាមលើកចិញ្ចើមសួរ។
“នេះជាច្បាប់!”
អាន់ណាតបព្រមទាំងលើកពែងតែក្រអូបមកអករហូតអស់គ្មានសល់សូម្បី១តំណក់។ មេណាមស្ងៀមស្ងាត់ ទោះជាមេឃត្រជាក់ខ្លាំងយ៉ាងណាក៏នាងគ្មានអារម្មណ៍នឹកចង់ផឹកតែក្រអូបក្ដៅៗនេះដែរព្រោះនាងមិនចូលចិត្តវាតាំងពីតូចមកម្ល៉េះ។
ដូចអ្វីដែលអាន់ណាប្រាប់ពិតមែន បន្ទាប់ពីញ៉ាំបាយហើយគ្រប់គ្នាក៏ស្រូតរូតដំណើរមករកកន្លែងសម្រាករៀងៗខ្លួនយ៉ាងប្រញាប់ប្រញាល់មិនឱ្យហួសម៉ោង៨ឡើយ។
ម៉ោង៨:០០
ភ្លឹប! ភ្លឹប!
ភ្លើងទៀនគ្រប់កន្លែងត្រូវបានផ្លុំពន្លត់ ចំណែកមនុស្សម្នាក៏នាំគ្នាគ្របភួយប្រះខ្លួនសំងំដេកគ្មាននរណាហ៊ានឡូឡាឬមាត់កអ្វីឡើយ។ មិនយូរប៉ុន្មានក៏មានពន្លឺភ្លើងផ្លុងៗដើរកាត់ពីក្រៅដំណាក់ទាសករ ដែលពួកគេគ្មាននរណាក្រៅពីឆ្មាំនោះឡើយ គេមកដើម្បីពិនិត្យមើលថាគ្រប់គ្នាពិតជាដេកមែនឬយ៉ាងណា?
“យ៉ាងម៉េចហើយ?”
សំឡេងអ្នកស្រីមេរ៉ាលីនសង្កត់សួរមកកាន់ឆ្មាំយ៉ាងតឹងតែងនិងហ្មត់ចត់ ដោយគ្រាន់តែស្ដាប់សំឡេងក៏អាចស្រមៃដឹងដល់ផ្ទៃមុខកាចៗរបស់គាត់។
“គ្មាននរណាដឹងខ្លួនទេ” ឆ្មាំម្នាក់តប។
ឮដូច្នេះអ្នកស្រីមេរ៉ាលីនក៏ប្រះខ្លួនដើរត្រលប់ទៅវិញលឿនស្លេវ តាមដោយបុរសវ័យម្ភៃក្រាសម្នាក់ ទម្រង់មុខកាចៗ ស្រដៀងនឹងអ្នកស្រីមេរ៉ាលីនខ្លាំងណាស់សមតែជាម្ដាយកូននឹងគ្នា។
ពិតណាស់! នាយគឺមេសសឹនកូនប្រុសរបស់គាត់។
នៅពីក្រោយភាពស្ងប់ស្ងាត់និងការលង់លក់ស្កប់ស្កល់របស់ទាសករ ទាំងអស់គ្មាននរណាដឹងឡើយថាមានកែវភ្នែកមួយគូកំពុងបើកក្រឡោតសំងំស្ងៀមចាំឱ្យឆ្មាំទាំងឡាយចេញទៅសិន។ មេណាម ដេវសុន ច្រត់ដៃក្រោកអង្គុយថ្នមៗនិងប្រុងប្រយ័ត្នជាទីបំផុត។ នាងក្រមុំលួចអើតមើលចេញទៅក្រៅឃើញថាឆ្មាំត្រលប់ទៅអស់ ទើបក្រោកចេញពីគ្រែដើរយឺតៗកាត់គ្រែនារីដទៃទៀត ប៉ុន្តែអ្វីដែលចម្លែកខ្លាំងនោះគឺ បន្ទាប់ពីបិទភ្លើងហើយទាសករគ្រប់គ្នាបែរជាដេកលក់ស្កប់ស្កល់ មិនដឹងខ្លួនសូម្បីម្នាក់។
តើវាមិនលឿនពេកទេ? ត្រឹមតែប៉ុន្មាននាទីសោះគ្រប់គ្នាបែរជាដេកលក់ភ្លឹងលែងកម្រើកខ្លួនដូច្នេះ?
ចម្ងល់និងការសង្ស័យបានផុសឡើងពេញខួរក្បាលមេណាម។ នាងចង់ដឹងណាស់ថានៅខាងក្រៅមានអ្វីលាក់បាំងមែនទេហេតុអ្វីអ្នកស្រីមេរ៉ាលីនយាមកាមទាសករនិងដាក់វិន័យយ៉ាងតឹងរឹងដូច្នេះ? ប្រាកដជាមានអាថ៌កំបាំងអ្វីម្យ៉ាងជាមិនខាន។
មិនឈរឆ្ងល់យូរមេណាមក៏បោះជំហានចេញពីដំណាក់ទាសករយ៉ាងប្រុងប្រយ័ត្ន។ ខាងក្រៅត្រជាក់ខ្លាំងណាស់ ព្រិលនៅតែបន្តធ្លាក់ឥតឈប់ ត្រឹមរ៉ូបគេងយប់ស្ដើងៗនេះមិនអាចការពារនាងក្រមុំពីភាពត្រជាក់នេះបានឡើយ។
មេណាមដើរលបៗរហូតមកដល់មុខ“ដំណាក់ព្រះអង្គម្ចាស់” ។ ភាពភ្ញាក់ផ្អើលក៏លេចរូបរាងឡើងព្រោះដំណាក់ព្រះអង្កម្ចាស់ដែលធ្លាប់តែស្ងាត់ ងងឹតឈឹងនិងមិនគួរឱ្យបេតីនាពេលនេះបានប្រែក្លាយ ទីកន្លែងមួយដ៏ស្រស់ស្អាត ភ្លឺចិញ្ចាច រំលេចក្បាច់រចនាដ៏ស្រស់សោភាគួរឱ្យចង់ចូលខ្លាំងណាស់។ ប៉ុន្តែទោះជារូបភាពខាងក្រៅស្អាតទាក់ចិត្តយ៉ាងណាក៏នៅមិនអាចបិតបាំងការពិតម្យ៉ាងពីដំណាក់មួយនេះ គឺ…
សោកសៅនិងគួរឱ្យខ្លាច!
ទឹប! ទឹប!
ស្នូរសម្រិបជើងមនុស្សធ្វើឱ្យមេណាមរហ័សគេចខ្លួនរត់ទៅពួនក្រោយគុម្ពផ្កាដើម្បីលាក់ខ្លួន។ ពិតជាមានមនុស្សមកពិតមែន! នាងគឺជានារីទាសករដែលត្រូវបានគេរើសកាលពីល្ងាច! នាងស្ថិតក្នុងសម្លៀកបំពាក់ស្រស់ស្អាត ការតែងកាយមិនសមណាមានឋានៈជាទាសករឡើយ គួរណាតែជាស្រីបម្រើអ្នកអង្គម្ចាស់ច្រើនជាង។
ទឹង! ទឹង!
រំពេចនោះនាឡិកានៅក្នុងដំណាក់ព្រះអង្គម្ចាស់ក៏រោទិ៍ឡើងខ្លាំងៗត្រង់ទ្រនិចម៉ោង ១០:១០នាទី ដំណាលគ្នានឹងអ្នកស្រីមេរ៉ាលីននិងកូនប្រុសរបស់គាត់ឈ្មោះមេសសឹនកាន់កំណាត់ខ្មៅធំក្រាស់មួយផ្ទាំងមកគ្របពីលើនារីនោះទំនងជាការពារត្រជាក់ហើយនាំនាងចូលទៅខាងក្នុងបាត់។ មេណាមតាមមើលមិនឱ្យផុតពីកែវភ្នែកបន្តិចណាឡើយ លុះឃើញពួកគេនាំនារីនោះចូលក្នុងដំណាក់ដូច្នេះ នាងក្រមុំក៏ស្ទុះចេញពីគុម្ពផ្កាក្នុងបំណងលបតាមបន្ត ក៏ស្រាប់តែ…
ប្រោក!!
មេសសឹនទច់ជើងងក់ព្រមទាំងងាកក្រោយសម្លឹងមើលចេញមកក្រៅព្រោះសំឡេងជាន់ស្លឹកឈើមុននេះ។ នាយឈប់ស្ងៀមឈរសម្លឹង គ្រប់ទិសតំបន់ដោយចងចិញ្ចើមសង្ស័យអស់មួយសន្ទុះទើបភ្ញាក់ស្មារតីពេលឮសំឡេងហៅរបស់អ្នកស្រីមេរ៉ាលីន។
“មានអ្វីមែនទេមេសសឹន?” អ្នកជាម្ដាយសួរព្រោះមិនឃើញគេដើរតាមគាត់។
“គ្មានទេ!” នាយគ្រវីក្បាលតបខ្លីៗរួចទើបប្រាសខ្លួនចូលទៅក្នុងដំណាក់ជាមួយគាត់។
ងាកមកមើលក្បែរគុម្ពផ្កាឯណេះវិញ មេណាមកំពុងតែត្រជាក់ដៃត្រជាក់ជើងព្រោះភ័យខ្លាំងពេក នាងគិតមិនចេញឡើងថានឹងមានអ្វីកើតឡើងប្រសិនបើពួកគេចាប់បានថានាងមិនបានដេកលក់ ហើយថែមទាំងហ៊ានចេញមកលួចមើលគេដូច្នេះ។
នាងក្រមុំអើតក្បាលចេញពីគុម្ពផ្កាឃើញទ្វារដំណាក់បិទជិតឈឹងមិនអាចចូលបាន។ ចុងក្រោយនាងក៏បោះបង់គំនិតដែលចង់ចូលទៅខាងក្នុងដោយត្រលប់មកដំណាក់ទាសករវិញព្រមជាមួយចម្ងល់ជាច្រើន សុទ្ធតែជាចម្ងល់ដែលគ្មានចម្លើយ។
ហេតុអ្វីគ្រប់គ្នាស្រាប់តែដេកលក់ភ្លាមៗបន្ទាប់ពីម៉ោង៨:០០យប់?
ហេតុអ្វី“ដំណាក់ព្រះអង្គម្ចាស់”មើលទៅដូចជាមានជីវិតជីវ៉ានាពេលយប់?
ហេតុអ្វីនារីទាសករម្នាក់នោះតែងខ្លួនស្អាតបាតម្ល៉េះ? ឬនោះជាឯកសណ្ឋានទាសករក្នុងសំណាក់ព្រះអង្គម្ចាស់?
ចុងក្រោយគឺហេតុអ្វីក៏វិមានដឹហ្កដ អាណាចក្រស្ដេចស៊ែលទី៥ មានតែរឿងចម្លែកៗគួរឱ្យសង្ស័យច្រើនម្ល៉េះ?
ថ្ងៃទីពីរ
ថ្ងៃនេះក៏មិនខុសពីម្សិលមិញដែរ គ្រប់គ្នាក្រោកពីព្រឹកធ្វើការងាររៀងៗខ្លួនរហូតដល់រសៀលបន្តិចទើបសម្រាករត់ចូលជួរដើម្បីឱ្យ អ្កស្រីមេរ៉ាលីនរើសយកម្នាក់ប្ដូរទៅដំណាក់ព្រះអង្គម្វាស់។
“ខ្ញុំចង់ឱ្យគេរើសខ្ញុំឆាប់ៗណាស់” អាន់ណាខ្សឹបតិចៗក្បែរមេណាម មើលទៅនាងដូចជាចង់ប្ដូរទៅដំណាក់ព្រះអង្គម្ចាស់ខ្លាំងណាស់។
“ហេតុអ្វី?”
នួនស្រីជ្រួញចិញ្ចើមសួរទាំងមិនយល់ មិនដឹងថាដំណាក់ព្រះអង្គម្ចាស់ល្អត្រង់ណាខ្លះទេ ហេតុអ្វីក៏ម្នាក់ៗចង់ប្ដូរម្ល៉េះ? ឬក៏មកពីពួកនាងមិនបានដឹងពីភាពចម្លែកនៃវិមាននេះ?
“ខ្ញុំប្រាប់ឯងពីម្សិលហើយ”
អាន់ណាងាកមកសម្លក់ដាក់មេណាម បែបក្នក់ក្នាញ់ព្រោះមិនចាំអ្វីដែលនាងប្រាប់ឬក៏អាចមកពីមេណាម មើលមិនឃើញពីភាពអស្ចារ្យរបស់ដំណាក់ព្រះអង្គម្ចាស់ដូចអាន់ណានិយាយ?
“តើឯងមានដឹងពីភាពចម្លែកនៃវិមាននេះទេ?”
សុខៗមេណាមក៏សួរឡើងព្រោះទ្រាំលាក់ចម្ងល់តទៀតលែងបាន។
“ចម្លែក? មានអ្វីចម្លែកទៅ?” អាន់ណាជ្រួញចិញ្ចើមសួរបកមកវិញ ដែលប្រៀបដូចជាចម្លើយប្រាប់ថាគ្មាននរណាមើលឃើញឬដឹងពីភាពចម្លែកនៃវិមាននេះទេ។
“មាន… ហើយក៏ច្រើនទៀតផង!”
និយាយបានតែប៉ុណ្ណេះមេណាមក៏ស្ងាត់មាត់វិញភ្លាមពេលចោលកែវភ្នែកទៅឃើញថាអ្នកស្រីមេរ៉ាលីននិងមេសសឹនកូនរបស់គាត់កំពុងដើរតម្រង់មករកពួកនាង។
“…”
មេណាមឱនមុខចុះដោយការរអៀសខ្លួនព្រោះរឿងលបចេញពីដំណាក់ទាសករកាលពីយប់រហូតមិនបានដឹងខ្លួនឡើយថាមេសសេនកំពុងប្រើកែវភ្នែកពណ៌គ្រីស្តាល់ថ្លាតាមសម្លឹងនាងមិនដកភ្នែក ហាក់ដូចកំពុងពិចារណាអ្វីម្យ៉ាង។
“នាងមកតាមខ្ញុំ!”
សំឡេងមាំនិងកាចៗរបស់អ្នកស្រីមេរ៉ាលីនទាញចំណាប់អារម្មណ៍មេណាមឱ្យងាកទៅមើលដោយហាមមិនបាន។
មិនគួរឱ្យជឿ! អាន់ណាត្រូវអ្នកស្រីមេរ៉ាលីនជ្រើសយកដើម្បីប្ដូរទៅដំណាក់ព្រះអង្គម្ចាស់ ធ្វើឱ្យមេណាមភ្ញាក់ផ្អើលជាខ្លងព្រោះនាងមិន ចង់ឱ្យអាន់ណាទៅទីនោះទេ នាងមានអារម្មណ៍ថាមិនស្រួលសោះ។
នាងក្រមុំតាមសម្លឹងខ្នងមិត្តរហូតដល់ផុតកន្ទុយភ្នែកទើបងាកមុខចេញមកវិញ ពើបប្រទះនឹងមេសសឹនដែលឈរសម្លឹងនាងមិនដកភ្នែក។ កែវភ្នែកគ្រីស្ដាល់របស់គេពិតជាមានអំណាចណាស់ សឹងតែអាចសណ្ដំអ្នកមើលឱ្យរលាយក្នុងកណ្ដាប់ដៃគេ។
“…”
មេណាមមិនហ៊ានប្រសព្វភ្នែកនឹងគេទេព្រោះខ្លាចត្រូវចាប់បាន អាចត្រឹមគេចក្រសែភ្នែកហើយឱនមុខចុះមិនហ៊ានចេញស្ដី។
តើមេសសឹនមើលនាងក្នុងន័យអ្វី? តើគេកំពុងសង្ស័យនាងមែនទេ?
ក្រោយពីរើសស្រីទាសករបានហើយគ្រប់គ្នាក៏បំបែកផ្លូវគ្នាទៅងូតទឹកដូចរាល់ដង។ នៅតាមផ្លូវទៅអណ្ដូងទឹកមេណាមក៏ស្រាប់តែបានឮកិច្ចសន្ទនាដ៏ ចម្លែកមួយចេញពីស្រីទាសករមួយក្រុមក្បែរមាត់អណ្ដូង។
“ខ្ញុំបានឮមកថាអ្នកដែលបានប្ដូរទៅដំណាក់ព្រះអង្គម្ចាស់មិនដែលឃើញត្រលប់មកវិញទេ”
“ខ្ញុំក៏គិតដូចឯងដែរ! តើពួកឯងមិនសង្ស័យទេ?”
“សង្ស័យអីទៅ?”
“វិមានរបស់ស្ដេចស៊ែលតែងតែនាំចូលទាសករថ្មីៗមកសឹងរាល់ថ្ងៃ ទិញទាសករថ្មីៗមករហូតទាំងដែលគ្មាននរណាសុំឈប់ឬចាកចេញ បើមានតែចំណូលចូលថ្មីៗបែបនេះគួរណាតែចំនួនទាសករច្រើនលើសលប់ ប៉ុន្តែការពិតទៅមិនថាទាសករថ្មីចូលមកច្រើនប៉ុណ្ណាក៏នៅតែមិនលើស មិនច្រើន អ្នកស្រីមេរ៉ាលីននៅតែទិញទាសករថ្មីៗមកទៀតឥតឈប់ ចុះទាសករចាស់ៗបាត់ទៅណា?”
“ត្រូវហើយ! ខ្ញុំទើបតែដឹងមកថាអ្នកស្រីមេរ៉ាលីនទិញតែទាសករស្រីៗទេ”
“ខ្ញុំចង់ដឹងណាស់ថាអ្នកដែលប្ដូរទៅដំណាក់ព្រះអង្គម្ចាស់ហើយតើពួកនាងបាត់ទៅណា?”
“ទីនេះចម្លែកណាស់! ខ្ញុំបន់មិនឱ្យគេរើសប៉ះចំខ្ញុំទេ”
“…”
មេណាមឈរស្ដាប់យ៉ាងស្ងៀមស្ងាត់អស់មួយសន្ទុះ នាងមិនអស់ចិត្តចំពោះព័ត៌មានបន្ថែមដែលនាងទទួលបានទេ ព្រោះវាមិនបានស្រាយចម្ងល់តែបែរជាបន្ថែមការសង្ស័យលើសដើម។
តើស្រីទាសកដែលប្ដូរទៅដំណាក់ព្រះអង្គម្ចាស់ពិតជាបាត់ខ្លួនទៅពិតមែនឬយ៉ាងណា? បើវាជាការពិតអ៊ីចឹងអាន់ណានឹងត្រូវបាត់ទៅម្នាក់ទៀតមែនទេ?
ម៉ោង៨:០០
ភឹប! ភឹប!
ម្នាក់ៗផ្លុំទៀនក្បែរគ្រែពន្លត់រៀងៗខ្លួនរួចទើបទម្រេតខ្នងដេកស្ងាត់ ឈឹងគ្មាននរណាមាត់.កអ្វីឡើយ។ ស្រមោលអ្នកស្រីមេរ៉ាលីននិងកូនប្រុសរបស់គាត់ដើរមកសួរឆ្មាំដូចម្សិលមិញក៏ប្រាកដរូបឡើង អស់មួយស្របក់ទើបលូនរសាត់ទៅឆ្ងាយវិញបញ្ជាក់ថាពួកគេត្រលប់ទៅអស់ហើយ។
មេណាមសន្សឹមៗក្រោកចុះពីគ្រែដូចយប់ម្សិល ដោយម្ដងនេះនាងចូលទៅដាស់អ្នកផ្សេងទៀតឱ្យក្រោកប៉ុន្តែគ្មាននរណាបានឮឬភ្ញាក់ តាមសំឡេងដាស់របស់នាងឡើយ គ្មានសូម្បីម្នាក់ មើលទៅពួកគេដូចជាមិនមែនគេងលក់ធម្មតាតែហាក់ដូចជា…
ត្រូវសណ្ដំ!!
ទឹប! ទឹប!
ភ្លាមៗនោះក៏មានស្នូរសម្រិបជើងធ្ងន់ៗបន្លឺឡើងរន្ថាន់មកឈប់ពីមុខទ្វារ។ មេណាមភ្ញាក់ក្រញាងបង្អោនខ្លួនពួនក្បែរគ្រែដោយយកដៃខ្ទប់មាត់ខ្លួនឯងទប់សំឡេងនៃភាពភ័យខ្លាច។ នួនស្រីលបអើតក្បាល សម្លឹងមើលចេញទៅក្រៅឃើញថាជាស្រមោលមនុស្សប្រុសមាឌធំដំបងម្នាក់ ឈរកាន់ចង្កៀងស្ងៀមធ្មឹងពីមុខទ្វារចូល។ គេអង្អាក់ដំណើរ ស្មឹងស្មាធិ៍អស់មួយសន្ទុះទើបសម្រេចចេញបែរខ្នងដើរចេញ ទៅវិញ។ មេណាមតាមសម្លឹងមិនដាក់ភ្នែករហូតដល់រាងកាយគេ បាំងបាត់មើលមិនឃើញ ចុងក្រោយទើបនាងអាច សម្គាល់បានថាគេជានរណា…
“មេសសឹន!” នាងឧទានតិចៗតែម្នាក់ឯង។
គ្រាន់តែគិតដល់ឈ្មោះគេ រូបភាពកាចសាហាវនៃកែវភ្នែកពណ៌គ្រីស្ដាល់ថ្លាក៏បង្ហាញឡើងបង្អើលមេណាមឱ្យខ្លាចមួយរំពេច។
តើគេមកឈរធ្វើអី? មើលទៅមេសសឹនក៏គួរឱ្យសង្ស័យមិនធម្មតាឡើយ…
ក្រោយពីប្រាកដចិត្តថាគេទៅផុតហើយ មេណាមក៏ស្ទុះចេញពីដំណាក់ទាសកររត់កាត់គ្រាប់ព្រិលនារាត្រីដ៏សែនត្រជាក់សំដៅកន្លែងស្នាក់របស់ទាសករដែលត្រៀមប្ដូរទៅដំណាក់ព្រះអង្គម្ចាស់។ មកដល់កណ្ដាលផ្លូវនាងក៏បានជួបនឹងអាន់ណាដែលកំពុងដើរចេញពីបន្ទប់ប្រហែលរៀបចំទៅដំណាក់ព្រះអង្គម្ចាស់។
“អាន់ណា! អាន់ណា!” ផ្សែងត្រជាក់រសាត់ចេញតាមខ្យល់ដង្ហើម របស់មេណាដែលប្រឹងហៅមិត្តដោយថ្នមសំឡេងព្រោះខ្លាចឆ្មាំឮ។
“…”
អាន់ណាគិតតែបោះជំហានដើរហាក់មិនបានឮសំឡេងហៅរបស់មេណាមបន្តិចសោះឡើយទោះជាចម្ងាយពួកគេទាំងពីរជិតគ្នាយ៉ាងណាក៏ដោយ។
“អាន់ណា!” ម្ដងនេះមិនត្រឹមតែហៅទេមេណាមស្ទុះចូលទៅចាប់ដៃអាន់ណាតែម្ដង។
“…”
អាន់ណាឈប់ដើរ នាងឈរស្ងៀមធ្មឹងមិនចេញស្ដី មិនសូម្បីបែរមុខមករកមេណាម សកម្មភាពរបស់នាងធ្មឹងៗដូចរូបចម្លាក់គ្មានវិញ្ញាណ ពិតជាចម្លែកខ្លាំងណាស់។
“អាន់ណា! ឯងកំពុងទៅដំណាក់ព្រះអង្គម្ចាស់មែនទេ? គេឱ្យឯងធ្វើអីនៅទីនោះ? ហេតុអ្វីក៏ឯងស្លៀកពាក់ស្អាតបាតម្ល៉េះ?” មេណាមបង្ខំ សួរព្រោះនាងដឹងច្បាស់ថាគ្មានពេលសាសងគ្នាច្រើនទេ។
“…”
អាន់ណានៅស្ងៀមធ្មឹងដដែល។ ពេលនេះទើបមេណាមដឹងថា មានភាពមិនប្រក្រតីកំពុងកើតឡើងលើមិត្តរបស់នាងព្រោះអាន់ណា ពេលនេះមិនមែនដើរធម្មតាទេ នាងបិទភ្នែក ទឹកមុខនាងរាបស្មើ ហាក់ដូចជានាងកំពុង…
មមើដើរ!!
“អាន់ណា! អាន់ណា!”
ដោយក្ដីមន្ទិលសង្ស័យមេណាមក៏ចាប់ អង្រួនស្មាទាំងសងខាងរបស់អាន់ណាតែនាងនៅស្ងៀមដដែល។ គ្មានចម្លើយ គ្មានសកម្មភាពតបមកវិញ ហាក់ដូចជាអាន់ណាពេលនេះកំពុងលង់លក់ទៅក្នុងពិភពនិន្រ្ទាមួយដ៏វែងអន្លាយដាស់មិនភ្ញាក់ឡើយ។
នាងពិតជាកំពុងមមើពិតមែន!!
“អាន់ណាដឹងខ្លួនឡើង! វាមិនមែនជាការពិតទេ! ភ្ញាក់ឡើង!”
មិនថាមេណាមប្រឹងហៅ អង្រួនដាស់ឬទះមុខនាងយ៉ាងណា ក៏អាន់ណាគ្មានសញ្ញាថានឹងភ្ញាក់ដឹងខ្លួនមកវិញទាល់តែសោះ។
នាងលង់លក់ដូចអ្នកផ្សេងទៀតក្នុងដំណាក់ទាសករដែរខុសគ្នាត្រង់ ថាអ្នកផ្សេងដេកលក់ តែអាន់ណាកំពុងមមើ… មិនមែនមមើធម្មតាទេ តែនាងកំពុងមមើដើរសំដៅដំណាក់ព្រះអង្គម្ចាស់!
“អាន់ណា! អាន់ណា!”
ទឹង! ទឹង!
សូរនាឡិការោទិ៍បង្អាក់មេណាមពីសកម្មភាពគ្រប់យ៉ាង។ នាឡិកានៅដំណាក់ព្រះអង្គម្ចាស់រោទិ៍បញ្ជាក់ថាម៉ោង១០:១០នាទី ជាពេលមួយដែលអ្នកស្រីមេរ៉ាលីននិងកូនប្រុសរបស់គាត់នាំទាសករចូលក្នុងដំណាក់ព្រះអង្គម្ចាស់។
គ្រាន់តែឮសូរនាឡិការោទិ៍ភ្លាមអាន់ណាលែងខ្វល់អ្វីទាំងអស់ បោះជំហានដើរយ៉ាងលឿនសំដៅដំណាក់ព្រះអង្គម្ចាស់មិនឱ្យយឺតយ៉ាវមួយនាទីណាឡើយ ទាំងដែលនាងមិនដឹងខ្លួន…
នាងមិនមែនភ្ញាក់ដឹងខ្លួនទេ តែនាងកំពុង…មមើ!!!
“អាន់ណា!”
មេណាមបានតែបន្លឹសំឡេងហៅខ្សាវៗពីក្រោយខណៈដែលចូលពូនក្រោយគុម្ពផ្ការង់ចាំមើលសកម្មភាពបន្តទៀត។
អ្នកស្រីមេរ៉ាលីនបានចេញពីក្មុងដំណាក់ព្រះអង្គម្ចាស់តាមដោយមេសសឹនកាន់កំណាត់ពណ៌ខ្មៅមួយផ្ទាំងធំមកគ្របពីលើអាន់ណាហើយនាំនាងចូលទៅក្នុងប្រាសាទបាត់ដូចអ្នកមុនៗដែរ។
មេណាមបានត្រឹមលបមើលយ៉ាងអន្ទះសាព្រោះនាងមិនអាចចូលទៅក្នុងប្រាសាទបានទេ។ មកដល់ចំណុចនេះនាងក្រមុំចាប់ផ្ដើមឆ្ងល់ហើយថា បើអាន់ណាមិនដឹងខ្លួន អ៊ីចឹងទាសករម្សិលមិញនិងទាសករមុនៗ តើអាចទេដែលពួកនាងសុទ្ធតែមមើដើរដូចអាន់ណា?
តើអ្នកស្រីមេរ៉ាលីនយកទាសករទៅក្នុងដំណាក់ព្រះអង្គម្ចាស់ក្នុងសភាពដេកលក់បែបនេះដើម្បីអ្វី?
តើស្រីទាសករផ្សេងទៀតបាត់ទៅណា?
តើមានអាថ៌កំបាំងអ្វីផ្សេងទៀតក្នុងអាណាចក្រស្ដេចស៊ែលទី៥ដែលមេណាមមិនទាន់ដឹង?
ក្នុងរាត្រីដ៏ស្ងប់ស្ងាត់និងសែនត្រជាក់ក្នុងដែនដីស្ដេចស៊ែលដែលគ្រប់គ្នាសុទ្ធតែដេកលក់ស្ងប់ស្កល់មិនកម្រើកខ្លួន មានតែរាងតូចស្ដើងរបស់មេណាមទេដែលនៅអង្គុយច្រងរៗសញ្ជឹងគិតពីរឿងចម្លែកជាច្រើនដែលនាងបានជួបប្រទះក្នុងរយៈពេលត្រឹមតែពីរយប់។
“តើស្អែកនឹងក្លាយជាវេនអ្នកណាទៀតទៅ?”
នួនស្រីរអ៊ូតិចៗមុននឹងផ្ដួលខ្លួនដេកលើគ្រែដោយភាពហត់នឿយ បិទភ្នែកសំងំដេកយកកម្លាំងធ្វើការស្អែកទៀត។ មេណាមមិនបានដឹង ឡើយថានៅឯមាត់ទ្វារក្រៅដំណាក់មានរាងធំមាំរបស់នរណាម្នាក់កំពុងឈរក្នុងទីងងឹតក្រោមដំណក់ព្រិល មើលមិនឃើញភក្រ្តា ឃើញតែស្នាមសាក់រូបផ្កាធូលីបតូចមួយលើកញ្ចឹងក.សរលោង។ នាយឈរសម្លឹងពីក្រៅអស់មួយសន្ទុះរហូតឃើញថាមេណាមផ្ដួលខ្លួនដេកហើយទើបនាយបែរផែនខ្នងធំទូលាយដើរចេញពីដំណាក់ទាសករក្រោមគ្រាប់ព្រិលប្រុយៗនារាត្រីដ៏ស្ងប់ស្ងាត់។
តើ…តើគេជាអ្នកណា?
ព្រឹកថ្ងៃទី៣
មួយថ្ងៃហើយមួយថ្ងៃទៀត ត្រឹមមួយប៉ព្រិចភ្នែកក៏ឈានដល់ថ្ងៃទី៣បាត់ទៅហើយ។ ព្រឹកនេះមេណាមនិងស្រីៗបួននាក់ទៀតត្រូវលើកអាហារទៅដំណាក់ដែលអ្នកស្រីមេរ៉ាលីននិងកូនរបស់គាត់ស្នាក់នៅ។ មេណាមមានអារម្មណ៍ថាប្លែកភ្នែកជាខ្លាំងព្រោះមិនដែលបានមកដំណាក់មួយនេះសោះ។ មកដល់មុខបន្ទប់ដ៏ស្ងប់ស្ងាត់មួយ ស្រីៗបួននាក់ទៀតក៏ស្រាប់តែនាំគ្នាដណ្ដើមកាន់ថាសអាហារម្នាក់មួយៗអស់ ទុកឱ្យមេណាមដើរក្រោយគេទាំងដៃទទេ។ ស្រីទាសករទាំងនោះដាក់ម្ហូបលើតុរួចស្រាច់ហើយក៏នាំគ្នាប្រាស់ខ្លួនចេញមកវិញ។
“នាងទៅមិនទាន់បានទេ!” ម្នាក់ក្នុងចំណោម៤នាក់ងាកមកនិយាយខ្សឹបតិចៗដាក់មេណាម។
“ហេតុអ្វី?” នាងក្រមុំទច់ងក់ដោយក្ដីងឿងឆ្ងល់
ហេតុអ្វីក៏នាងទៅមិនបាន? ហើយហេតុអ្វីក៏ពួកនាងទៅបាន?
“នាងត្រូវនៅចាំបម្រើលោកមេទ័ព” ថាហើយពួកនាងៗទាំងបួនក៏ចេញទៅបាត់។
នេះប្រហែលជាមូលហេតុដែលពួកនាងដណ្ដើមគ្នា លើកចានម្ហូបមុននេះ ប៉ុន្តែថាបើគ្រាន់តែនៅបម្រើមេទ័ពសោះចាំបាច់មុខស្លេកដែរ? ឫកពាម្នាក់ៗដូចគេចពីខ្លា
តែថា…
លោកមេទ័ពជាអ្នកណា?
មេណាមគោះក្បាលខ្លួនឯងតិចៗបណ្ដេញភាពរវើរវាយ នាងដើរត្រលប់មកកាន់តុអាហារវិញដោយសម្លឹងគ្រប់ទីកន្លែងរកមើលលោកមេទ័ពដែលថានោះ តែរកមិនឃើញសោះ។
“អាហារពេលព្រឹកមកដល់ហើយលោកមេទ័ព” ដោយទ្រាំឈរស្ងាត់ៗមិនបាននួនស្រីក៏បង្ហើរសម្ដីចោលលាន់កងរំពងពេញក្នុង បន្ទប់ ប៉ុន្តែគ្រប់យ៉ាងក៏នៅតែស្ងប់ស្ងាត់ដដែល។
រំពេចនោះក៏ស្រាប់តែឮសំឡេងរង្គើទឹកចេញពីជ្រុងម្ខាងនៃបន្ទប់។ មេណាមកំពូលសង្ស័យសន្សឹមៗបោះជំហានយឺតៗទៅឈប់ពីមុខវាំងននមួយផ្ទាំងដែលឮសំឡេងទឹកហូរចេញពីក្នុងនោះ។ នាងក្រមុំមិននៅស្ងៀម លបៗអើតក្បាលវែកវាំងននមើលស្ងាត់ៗធ្វើខ្លួនដូចចោរ។
ផែនខ្នងធំទូលាយពេញដោយសាច់ហាប់ណែនកំពុងត្រាំក្នុងអាវទឹកដែលក្ដៅហុយៗមានរោយស្រទាន់ផ្កាធូលីបជាច្រើនត្រៀបត្រា។ ម្ចាស់កាយ.សខ្ចីងាកក្បាលពត់ឆ្វេងស្ដាំឱ្យយឺតសរសៃបង្ហាញឱ្យយើងមើលឃើញនូវស្នាមសាក់រូបផ្កាធូលីបតូចមួយលើកញ្ចឹង.កនាយ។
“យកកន្សែងមក!” កំពុងតែភ្លាំងភ្លឹកនាយកំលោះដែលមានងារជាមេទ័ពក៏បន្លឺសំឡេងគ្រលបែបបុរសបញ្ចាមកនាងក្រមុំដោយមិនសូម្បីងាកមុខមករកនាង។
“…”
មេណាមដើរថ្នមៗទៅយកកន្សែងដោយរក្សាភាពស្ងៀមស្ងាត់ ដដែលព្រោះខ្លបខ្លាចអំណាចម្ចាស់សំឡេង។ បន្ទាប់ពីយកបានហើយ នួនស្រីក៏ដើរត្រលប់មកវិញ ហុចកន្សែងឱ្យលោកមេទ័ពព្រមទាំងនិយាយខ្សាវៗថា÷
“នេះកន្សែង!”
ហ្វូ~
នាយកំលោះផ្លុំខ្យល់បណ្ដេញភាពតានតឹងបន្តិចមុននឹងក្រោកឈរមួយអស់កម្ពស់ទាំងអាក្រាតកាយ ទើបបែរមុខមកប្រសព្វភ្នែកគ្នានឹងស្រីទាសករមកថ្មីនិស្ស័យយ៉ាប់។
“គ្មានអ្នកណាបង្រៀននាងពីរបៀបបម្រើយើងទេ?”
មេណាមភាន់ភាំងរហូតត្រជាក់ដៃ អៀនមុខក្រហមសឹងឆេះពេលដែលសុខៗនាយមេទ័ពក៏ស្រាប់តែក្រោកពីទឹកទាំងអាក្រាតកាយដូច្នេះមុននេះមិនបានត្រៀមផងឃើញពេញៗភ្នែកអស់ហើយ។
“យ៉ាងម៉េច?”
“ចា… ចាស៎!”
មេណាមភ្ញាក់ព្រឺតពេលអ្នកកំលោះដំឡើងសំឡេងបញ្ជាក់។ នួនស្រីរហ័សលាតកន្សែងរុំចង្កេះលោកមេទ័ពដោយឥត បង្អែរបង្អង់ ប៉ុន្តែព្រោះគេមាឌធំពេកទម្រាំនឹងរុំជិតនាងត្រូវលោខ្លួនទៅពិតនឹងគេសឹងតែឱបគ្នាទៅហើយ។
“រួចហើយ! … គ… គឺលោក!”
មេណាមស្រឡាំងកាំងពេលងើយមុខ ទៅមើលលោកមេទ័ពដ៏ខ្ពង់ខ្ពស់ហើយឃើញថាគេជាអ្នកណា។
មេស…មេសសឹន! កូនប្រុសអ្នកស្រីមេរ៉ាលីនជាមេទ័ព?
“យ៉ាងម៉េច?”
ប្រអប់ដៃធំចាប់ក្រសោបរាងតូចហើយទាញនាងឱ្យជម្រិតកាយមកអឹបនឹងទ្រូងនាយ។ កែវភ្នែកពណ៌គ្រីស្ដាល់ថ្លាសម្លឹងមើលមេណាមមិនដកភ្នែកព្រមជាមួយទឹកមុខស្មើធេងដូចសមុទ្រគ្មានខ្យល់ បន្ទាប់ពីឱបរឹតហើយនាយក៏សួរបន្ត
“ស្គាល់ខ្ញុំ?”
“អ… អត់ទេ!” មេណាមគ្រវីក្បាលបដិសេធយ៉ាងលឿន។
ហេតុអ្វីក៏គេសួរនាងដូច្នេះ? សំនួរដូចជាការបញ្ជោះឌឺដង ដូចជាគេដឹងថានាងលបមើលគេរាល់យប់អ៊ីចឹង នាងខ្លាចរហូតមិនហ៊ានសម្លឹងភ្នែកគេព្រោះខ្លាចថានឹងត្រូវចាប់បាន។
“ពិតមែន?” មេសសឹនឱនមកខ្សឹបក្បែរត្រចៀកមេណាមព្រមទាំង ឆ្លៀតស្រង់ក្លិបក្រអូបប្រហើរចេញពីនាងក្រមុំយ៉ាងគឃ្លើន។
ព្រើលណាស់!
“លោកធ្វើអីហ្នឹង?” មេណាមមិនពេញចិត្តជាខ្លាំងពេលបានដឹងថាលោកមេទ័ពបន្លំកេងចំណេញពីនាង។ នួនស្រីប្រឹងរើបម្រះតែក៏មិនឈ្នះមនុស្សមាឌធំ កម្លាំងខ្លាំងក្លា ប្រើតែដៃម្ខាងក៏អាចក្រញិចនាងបានយ៉ាងស្រួល។
“ស្ដាប់ណាមេណាម…” នាយកំលោះអូសចុងច្រមូសមកឈប់ត្រង់គុម្ពត្រចៀកនួនស្រី ឈប់បន្តិចដើម្បីបានស្រង់ក្លិននាងបន្ថែម រហូតដល់អស់ចិត្តហើយទើបបន្តសម្ដី÷
“កុំចេះដឹងច្រើនពេក!” ថាចប់មេសសឹនក៏រុញរាងតូចចេញហើយ ប្រះខ្លួនដើរកាត់វាំងននមករកសម្លៀកបំពាក់បាត់ បញ្ចេញចរិកពិតដ៏គួរឱ្យខ្លាចនិងព្រៃផ្សៃ។
“…”
មេណាមគាំងស្ងៀមមួយកន្លែងបន្ទាប់ពីបានឮពាក្យគម្រាមដ៏ សែនត្រជាក់របស់នាយមេទ័ព។
តើគេចង់មានន័យថាម៉េច? តើគេដឹងពីអាថ៌កំបាំងរបស់នាងមែនទេ?
នួនស្រីស្រឡាងកាំងនិងមិនយល់អស់មួយស្របក់ទើបដាច់ចិត្ត វាសវាំងននបម្រុងចេញមកសួរនាំ និយាយតទល់គ្នាជាមួយគេតែ ពេលចេញមកក្រៅបែរជាបាត់ស្រមោលលោកមេទ័ពឈាមត្រជាក់ឈឹងមិនដឹងចេញទៅតាំងពីថ្មើណា។
តើគេដឹងអ្វីខ្លះពីនាង?
ពេញមួយថ្ងៃដែលមេណាមធ្វើការទាំងមិនស្រណុកក្នុងចិត្ត នឹកខ្លាចបែកការរឿងដែលនាងលបចេញពីដំណាក់រាល់យប់។ រសៀលបន្តិចដូចថ្ងៃមុនៗដែរ អ្នកស្រីមេរ៉ាលីននិងកូនប្រុសរបស់គាត់ ទេ! គួរហៅថាលោកមេទ័ពទើបសម ក៏ចាត់រើសទាសករប្ដូរទៅដំណាក់ព្រះអង្គម្ចាស់បន្ថែមទៀត។
មេណាមលួចសង្កេតទឹកមុខលោកមេទ័ពរហូតប៉ុន្តែនាយបែរជាឈរស្ងៀមធ្មឹងមិនសូម្បីដៀងកន្ទុយភ្នែកមកមើលនាង ធ្វើឱ្យមេណាមកាន់តែមិនស្រួលចិត្ត ខ្លាចថាគេពិតជាដឹងពីអាថ៌កំបាំងនាងពិតមែន។
“នាង! មកតាមខ្ញុំ!” សំដីធ្ងន់ៗព្រមទាំងម្រាមចង្អុលរបស់អ្នកស្រីមេរ៉ាលីនទាញមេណាចេញពីភាពខ្វល់ខ្វាយ ងើយមុខសម្លឹងរកមើល អ្នកដែលអ្នកស្រីមេរ៉ាលីនរើសតែក៏ត្រូវស្រឡាំកាំងពេលឃើញថា ដៃអ្នកស្រីចាត់ការព្រមទាំងកែវភ្នែកជាច្រើនគូរបស់ទាសករផ្សេងទៀតកំពុងសម្លឹងមើលមកនាង។
មានន័យថាម៉េច? អ្នកស្រីមេរ៉ាលីនរើសនាងមែនទេ?
មិនត្រឹមតែមេណាមម្នាក់ទេដែលភ្ញាក់ផ្អើល សូម្បីស្រីទាសករផ្សេងទៀតក៏ភ្ញាក់ផ្អើលមិនចាញ់ម្ចាស់ខ្លួនដែរព្រោះមិនសមណាអ្នកស្រីមេរ៉ាលីនរើសទាសករទើបតែចូលថ្មីមិនទាន់បាន៣ថ្ងៃពេញលេញផង។
មិនគួរឱ្យជឿតែវាកើតឡើងហើយ!
ចុងក្រោយមេណាមក៏សម្រេចចិត្តដើរតាមអ្នកស្រីមេរ៉ាលីននិងមេសសឹនសំដៅបន្ទប់ស្នាក់របស់ទាសករដែលត្រៀមប្ដូរទៅដំណាក់ព្រះអង្គម្ចាស់។ បន្ទប់នេះធំទូលាយតែស្ងប់ស្ងាត់ គ្មានមនុស្សនៅទីនេះទេ ស្រីទាសករមុនៗក៏មិនឃើញ មិនដឹងថាពួកនាងបាត់ទៅណាអស់។
តើអាចទេដែលអ្នកស្រីមេរ៉ាលីនរើសនាងព្រោះគាត់ដឹងថានាងតែងតែលួចចេញមកលបមើលគាត់? ដូច្នេះគាត់ត្រូវកម្ចាត់នាងចោលមុនពេលការពិតត្រូវបែកធ្លាយ?
មេណាមកាន់តែគិតកាន់តែអន្លង់អន្លោច ធ្វើខ្លួនមិនត្រូវព្រោះលឿនពេក មិនដឹងថាគួរធ្វើយ៉ាងណាដើម្បីជួយខ្លួនឯងឱ្យចេញផុតពីទីនេះបាន។ ប៉ុន្តែការពិតយ៉ាងណាគ្មានអ្នកណាដឹង ថាមិនត្រូវអ្វីៗមិនអវិជ្ជមានដូចដែលនាងយល់ក៏ថាបាន។
មេណាមរឹងមាំឡើង!
“ងូតទឹកហើយផ្លាស់ឈុតផង” អ្នកស្រីមេរ៉ាលីនប្រាប់ក្នុងសំឡេងស្រទន់មិនគំរោះគំរើយដូចនៅដំណាក់ទាសករឡើយ កាន់តែញ៉ាំងឱ្យមេណាមឆ្ងល់ព្រោះគាត់ដូចជាមនុស្សម្នាក់ផ្សេងទៀត។
“…”
មេណាមមិនតប ព្រោះរវល់ជាប់ភ្នែកពិនិត្យរ៉ូបដ៏ប្រណីតដែលដាក់បញ្ឈរចោលនៅកណ្ដាលបន្ទប់។
រ៉ូបដ៏ស្រស់ស្អាត! ថ្លៃថ្នូរ! និងខ្ពង់ខ្ពស់! ពេញមួយជីវិតនេះទាសករដូចនាងគ្មានវាសនាបានពាក់ឡើយ តែក្នុងពេលនេះវាបែរជានៅចំពោះមុខនាង រង់ចាំឱ្យនាងស្លៀកវាទៅវិញពិតជាមិនគួរឱ្យជឿ។
“មិនត្រូវយឺតយ៉ាវទេ ម៉ោងប្រាំពីរជាពេលញ៉ាំអាហារពេលល្ងាច” អ្នកស្រីមេរ៉ាលីនបញ្ជាក់បន្ថែមរួចទើបបែរខ្លួនបម្រុងដើរចេញ តែត្រូវមេណាមនិយាយបង្អាក់បានមុន÷
“អ្នកស្រី!” គាត់ឈប់ហើយងាកមកមើលមុខនាងក្រមុំ ចំណែកមេសសឹនដ៏សោះកក្រោះមិនសូម្បីដៀងកន្ទុយភ្នែកមកមើលនួនស្រី។
“ខ្ញុំទើបមកថ្មី ខ្ញុំមិនដឹងឡើយថាការប្ដូរទៅដំណាក់ព្រះអង្គម្ចាស់ក្នុងបំណងអ្វី? ដើម្បីអ្វី? តួនាទីអ្វី? ព្រោះឋានៈខ្ញុំមិនសមនឹងសម្លៀកបំពាក់បែបនេះទេ ខ្ញុំចង់ត្រលប់ទៅវិញ…” រៀបរាប់បានតែប៉ុណ្ណេះអ្នកស្រីមេរ៉ាលីនក៏កាត់សម្ដីនាងភ្លាម÷
“ដល់ពេលនាងនឹងដឹងដោយខ្លួនឯង…សូមរៀបចំខ្លួនឱ្យបានទាន់វេលា”
តើនេះជាចម្លើយមែនទេ? ចម្លើយប្រភេទអី? តើពិតជាគ្មានផ្លូវចេញពីទីនេះពិតមែនឬ?
សំនួរគ្មានចម្លើយ អ្វីដែលមេណាមអាចធ្វើបាននៅពេលនេះគឺឈរសម្លឹងមើលផែនខ្នងធំទូកាយរបស់មេសសឹនដែលកំពុងដើរចេញទៅចុងក្រោយទើបនាងសម្រេចចិត្តងូតទឹកប្ដូរសម្លៀកបំពាក់។
យប់បន្តិចក៏ឃើញមេសសឹនលើកអាហារចូលមកដោយផ្ទាល់។ នាយភ្លឹកសម្លឹងមើលមេណាមមិនដកភ្នែកព្រោះសម្រស់ដ៏ស្រស់សោភាបន្ទាប់ពីគ្រងកាយដោយឈុតប្រណីតស្រស់ប្រិបប្រិយ ទម្រាំនឹងគេចមុខចេញបានក៏ត្រូវភាំងអស់មួយសន្ទុះធំ។
“លោកកំដរខ្ញុំបានទេ?” មេណាមសួរ។
“…”
គេមិនតបតែក៏ព្រមទម្លាក់ខ្លួនអង្គុយចុះ។
“ខ្ញុំកើតមកមានឈ្មោះជាក្មេងកំព្រា ម្ដាយឪពុកខ្ញុំមុខបែបណាក៏ខ្ញុំមិនដឹងឡើយ ជីវិតរស់នៅរបស់ខ្ញុំបានមួយថ្ងៃរស់មួយថ្ងៃ គ្មានសមត្ថភាពចិញ្ចឹមជីវិតរហូតដល់ថ្នាក់លក់ខ្លួនធ្វើទាសករ…” នាងក្រមុំឈប់បន្តិចព្រោះអួលណែនក្នុងទ្រូងពេក សឹងតែនិយាយបន្តទៀតមិនរួច។
“…”
មេសសឹនស្ងៀមស្ងាត់។
“លោកស្ដាប់ក៏ស្ដាប់ បើមិនស្ដាប់ក៏បានដែរ តាមចិត្តលោកចុះខ្ញុំមិនបង្ខំទេ ខ្ញុំគ្រាន់តែចង់ចែករំលែកពីជីវិតពិតខ្លះៗរបស់ខ្ញុំមុនពេលខ្ញុំ ស្លាប់ព្រោះខ្ញុំគិតថានេះជាយប់ចុងក្រោយសម្រាប់ខ្ញុំហើយ”
“…”
មេសសឹននៅតែស្ងប់ស្ងាត់ដូចដើម គេស្ងាត់ដូចសមុទ្រស្ងប់ខ្យល់និងត្រជាក់ដូចបរិយាកាសខាងក្រៅដែលកំពុងធ្លាក់ព្រិល ហើយគេ…
គ្មានអាការៈភ្ញាក់ផ្អើលនឹងសម្ដីនាងសោះ! ព្រោះអ្វី?
ព្រោះគេបានដឹងរួចហើយថាយប់នេះនឹងមានអ្វីកើតឡើង!
“លោកមិនឆ្ងល់ទេថាហេតុអ្វីក៏ខ្ញុំនិយាយថានេះជាយប់ចុងក្រោយ?” ចុងក្រោយនាងក៏ដាច់ចិត្តសួរគេ សួរនូវសំនួរដែលនាងដឹងចម្លើយរួចទៅហើយ។
“ឆាប់ញ៉ាំបាយទៅ នាងមានពេលតែត្រឹមម៉ោង៨ទេ…”
“បន្ទាប់ពីម៉ោង៨ហើយខ្ញុំនឹងដេកលក់មែនទេ?”
“…”
មេសសឹនលែងតបសម្ដីទៀត នាយអង្គុយស្ងៀមសម្លឹងមើលមុខនាងក្រមុំដោយកែវភ្នែកទទេស្អាត តែទន់ភ្លន់ខុសរាល់ដង ដែលមានតែអំណាចនិងការគាបសង្កត់។
“ខ្ញុំមិនចូលចិត្តតែក្រអូបទេ… មួយជីវិតនេះខ្ញុំផឹកតែក្រអូបបានតែពីរដងគត់ ហើយគ្រប់ពេលគឺខ្ញុំសុទ្ធតែត្រូវគេបង្ខំឱ្យផឹក ខ្ញុំមិនដែលបានផឹកវាឱ្យស្រួលម្ដងណាឡើយ…ប៉ុន្តែពេលនេះ…” ដៃស្រឡូនលូកចូលទៅលើកពែងតែក្រអូបក្ដៅៗមកកាន់ ស្រក់ទឹកភ្នែកមួយតក់ចូលពែងមុននឹងបន្ត÷
“ពេលវេលាចុងក្រោយនៃជីវិត ខ្ញុំចង់អង្គុយផឹកតែក្រអូបដោយការពេញចិត្តព្រមជាមួយនឹងភាពរីករាយ…ក្នុងបន្ទប់បិទជិត ក្នុងសម្លៀក បំពាក់ប្រណីត ក្រោមគ្រាប់ព្រិលដ៏ត្រជាក់…លោកកំដរខ្ញុំបានទេ?”
“…”
មេសសឹននៅតែរក្សាឫកពាស្ងប់ស្ងាត់ដដែល។
នាយនៅស្ងៀមអស់មួយសន្ទុះទើបកម្រើកដៃបម្រុងឈោងទៅយកពែងតែ តែក៏យឺតជាងនាងក្រមុំដែលផ្ទុះសំណើចហឹសៗហើយលើកពែងតែផឹកអស់ កន្លះពែងព្រោះទ្រាំនឹងក្លិនក្រអូបមិនបាន។
“អូក៎!!!”
មេណាមខ្ទប់មុខក្អួតតែក្រអូបចេញពីពោះក្រោយពីលេបចូលបានតិចតួច។ នាងស្អប់ក្លិនវាណាស់ ពិបាកលេប!
“មើលទៅជីវិតនាងប្រហែលអង្គុយផឹកតែក្រអូបឱ្យស្រួលមិនបានទេ” សម្ដីដំបូងជ្រុះចេញពីមាត់នាយមេទ័ពដ៏សោះកក្រោះ។ នាងក្រមុំជ្រួញចិញ្ចើម ធ្វើមុខស្លឺមើលមេសសឹនដោយកែវភ្នែកមិនយល់។
“មានន័យថាម៉េច?” នាងសួរ។
“មើលសភាពនាងចុះ ទោះជាស្ថិតក្នុងបន្ទប់ស្ងាត់ គ្រងឈុតថ្លៃថ្នូរ ផឹកតែក្រអូបក្រោមមេឃត្រជាក់ដោយគ្មានអ្នកបង្ខំយ៉ាងណាក៏នាងនៅតែលេបវាមិនចូលដដែលហ្នឹង”
“…”
ម្ដងនេះជាមេណាមដែលស្ងាត់មាត់ព្រោះមេសសឹននិយាយត្រូវ មិនថាក្នុងកាលៈទេសៈណាក៏នាងនៅតែមិនអាចផឹកតែក្រអូបបានស្រួលដដែល។
“ខ្ញុំទៅហើយ! មិនចង់ល្មើសច្បាប់” ថាចប់នាយមេទ័ពក៏ងើបចេញពីកៅអីបម្រុងបែរខ្លួនចេញតែត្រូវមេណាមរត់ទៅស្ទាក់គេជាប់។
“ល្មើសច្បាប់? លើសម៉ោង៨យប់មែនទេ?” នាងក្រមុំសួរ។
“…”
គេមិនតបតែផ្ដល់ចម្លើយតាមរយៈកែវភ្នែកថា “មែនហើយ!”
ហើយឥលូវជិតដល់ម៉ោង៨ហើយ។
“ហេតុអ្វី? ព្រោះម៉ោង៨ខ្ញុំនឹងដេកមែនទេ? មែនទេ?”
ប្រូស!!
និយាយបានប៉ុណ្ណេះមេណាមក៏ស្រាប់តែបិទភ្នែកហើយទន់ជើងដួលប្រូសទាំងមិនបានត្រៀមខ្លួន ព្រោះពេលនេះម៉ោង៨:០០នាទី ដល់ពេលដែលនាងត្រូវដេកហើយ។
“មែនហើយ! ម៉ោង៨គ្រប់គ្នាត្រូវតែដេកលក់” មេសសឹនតបខ្សាវៗ ខណៈដែលចូលទៅត្រកងបីរាងតូចរបស់មេណាមដាក់ទៅលើគ្រែហើយដណ្ដប់ភួយឱ្យនាង។ នាយទម្លាក់ខ្លួនអង្គុយគែមគ្រែសម្លឹងមើលផ្ទៃមុខរលោងរបស់នួនស្រីយូរសែនយូរហាក់ស្ដាយស្រណោះនិងមិនដាច់អាល័យ ចុងក្រោយទើបមេទ័ពរូបសង្ហាសម្រេចចិត្តក្រោកឈរហើយដើរចេញមកក្រៅបន្ទប់ជួបនឹងអ្នកជាម្ដាយដែលទើបមកដល់។
“នាងដេកលក់ហើយ!”
ក្នុងរាត្រីដ៏ត្រជាក់និងស្ងប់ស្ងាត់យើងឃើញរាងតូចស្ដើងរបស់មេណាមដេកលង់លក់យ៉ាងស្កប់ស្កល់លើគ្រែ ដណ្ដប់ភួយដ៏កក់ក្ដៅ ។ នាងក្រមុំលក់ដោយឥតកម្រើកខ្លួនសោះឡើយ មានតែចលនាដង្ហើមផឺតផតតិចៗតែប៉ុណ្ណេះដែលបញ្ជាក់ថានាងនៅមានជីវិត។ ភាពស្ងប់ស្ងាត់ចេះតែបន្តបែបនេះរហូតទ្រនិចនាឡិកាលោតចង្អុលម៉ោង ១០:០០…
ហ្វឹប!!
ភ្លាមៗនោះមេណាមក៏ស្រាប់តែស្ទុះក្រោកអង្គុយច្រងរៗ ទាញភួយ ចេញពីខ្លួនហើយទម្លាក់ជើងចុះពីលើគ្រែចាប់ផ្ដើមបោះជំហានដើរចេញពីបន្ទប់យឺតៗសំដៅទៅដំណាក់ព្រះអង្គម្ចាស់។
តែអ្ហេ៎… បើយើងពិនិត្យមើលឱ្យជិតទៅ យើងនឹងដឹងថាមេណាមដើរមិនបើកភ្នែកផង… កែវភ្នែកទាំងគូបិទជិតឈឹងដូចជានាងមិនបានដឹងខ្លួន ឡើយថាកំពុងធ្វើអ្វី… មើលទៅមេណាមដូចជាកំពុង…
មមើដើរ!!!
ទឹង! ទឹង!
ម៉ោង១០:១០នាទី នាឡិកាក្នុងដំណាក់ព្រះអង្គម្ចាស់ក៏ចាប់ផ្ដើមរោទិ៍ដំណាលគ្នានឹងអ្នកស្រីមេរ៉ាលីននិងមេសសឹនដើរចេញមកព្រមជាមួយនឹងកំណាត់មួយផ្ទាំង។ អ្នកកំលោះអេះអុញបន្តិច ទម្រាំនឹងដាច់ចិត្តយកកំណាត់មកគ្របក្បាលមេណាមហើយនាំនាងចូលទៅខាងក្នុងបាត់។
ក្រឹប!!
ស្នូរបិទទ្វារដំណាក់សូររងំក្រោមដំណក់ព្រិលរាប់លានគ្រាប់នារាត្រីដែលគ្រប់គ្នាលង់លក់ស្កប់ស្កល់ដូចខ្មោចងាប់ ដោយគ្មាននរណាដឹងឡើយថា នាជ្រុងម្ខាងនៃវិមានដឹហ្កដកំពុងមានរឿងអាថ៌កំបាំងកើតឡើងរៀងរាល់…យប់!!!