ព្រះទិនកររះឡើងមកបំភ្លឺលោកាទាំងមូលលុបបាត់អស់ភាពងងឹតទាំងពួង មនុស្សសត្វក្រោកពីដំណេកចាប់ប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន ដើម្បីបន្តដំណើរជាមួយថ្ងៃថ្មី ដែលមានន័យថាពួកគេអាចនៅមានឱកាសមើលភពផែនដីនេះបានរយៈពេល២៤ម៉ោងបន្តទៀតហើយ ។ ពីព្រោះថាមនុស្សយើងម្នាក់ៗមិនបានដឹងទេថាខ្លួនឯងមានជីវិតរស់នៅបានប៉ុន្មានថ្ងៃទៅខាងមុខទៀតនោះទេ ថ្ងៃនេះនៅអានប្រលោមលោកបាន ប៉ុន្តែថ្ងៃស្អែកយើងលែងបានឃើញពិភពលោកមួយនេះទៀតក៏ថាបាន វាអាចកើតឡើងបានគ្រប់ពេលទាំងអស់ដូច្នេះហើយពេលនៅមានជីវិតគួរតែធ្វើអ្វីដែលមានប្រយោជន៍ ឬអ្វីដែលយើងតែងតែប្រាថ្នាចង់ធ្វើ សាកសួរខ្លួនឯងថា បើសិនជាថ្ងៃស្អែកយើងត្រូវស្លាប់តើរយៈពេលមួយថ្ងៃដែលនៅសល់នេះយើងនឹងយកធ្វើអ្វី?
ក្រឡេកមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃមួយឈរយ៉ាងរឹងមាំនៅដាច់ឆ្ងាយពីទីប្រជុំជន សង់ឡើងពីឈើប្រណីតជាច្រើនប្រភេទផ្គុំបញ្ចូលគ្នាតាមរចនាបទបែបបុរាណ សសរបេងមូលក្លំជាមួយជញ្ជាំងឃ្នងហាប់ណែនរំលេចទៅដោយក្បឿងក្បាច់ពណ៌ក្រហមឆ្អៅ នៅពេលដែលព្រះទិនកររះឡើងមកផុតអស់ព្រៃព្រឹក្សាជះពន្លឺមកប៉ះកាន់តែធ្វើឱ្យភូមិគ្រឹះមួយនេះរឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត អ្នកដែលបានធ្វើដំណើរឆ្លងកាត់ទីនេះតែងតែសរសើរមិនដាច់ពីមាត់នូវរូបរាង និងការរចនាយ៉ាងល្អឯករបស់ភូមិគ្រឹះមួយនេះ។
ហ៊ុមព័ទ្ធទៅដោយរបងដែលធ្វើឡើងពីថ្មបាយក្រៀមមានកម្ពស់ប្រហែលជាពីរម៉ែត្រប្រៀបបានដូចជាខែលទុកសម្រាប់បាំងភូមិគ្រឹះយ៉ាងមានសុវត្ថិភាពមិនថាព្យុះភ្លៀង ឬមួយជនណាម្នាក់ដែលមានបំណងមិនល្អសុទ្ធតែមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែគួរឱ្យស្ដាយបែរជាត្រូវគេបោះបង់ចោលទៅវិញ ។ ចូលមកដល់បរិវេណដ៏ធំទូលាយខាងក្នុងមានសភាពស្ងាត់ជ្រងំយូរៗម្ដងយើងបានឮសំឡេងសត្វចាបកំពុងតែស្រែកច្រៀងហាក់បីដូចជាតូរ្យតន្ត្រីបំពេរដួងចិត្តអ្នកដែលបានចូលមកដល់ឱ្យភ្លេចអស់នៅទុក្ខកង្វល់ទាំងឡាយ ។
ប្រិប !!ប្រិប!!
ស្នូរសម្រិបជើងធ្ងន់ៗជាន់លើស្លឹកឈើក្រៀមបានហើរមកប៉ះនឹងត្រចៀករបស់ខ្ញុំបង្កើតបានជាចម្ងល់ក្នុងចិត្តយ៉ាងខ្លាំង«បើតាមខ្ញុំដឹងទីនេះត្រូវបានគេទុកចោលជាយូរមកហើយ ហេតុអ្វីបានជាមានសម្រិបជើងមនុស្សឬមួយមានចោរចូលមក?»។ ដោយសារតែចរិតចង់ដឹងចង់ឮរបស់ខ្ញុំទើបតម្រូវឱ្យខ្ញុំតាមរកប្រភពសំឡេងនោះ ដើរមកដល់ផ្នែកខាងក្រោយនៃភូមិគ្រឹះខ្ញុំស្រាប់តែប្រទះជាមួយលោកតាម្នាក់ខ្លួនជោកទៅដោយតំណក់ញើសកំពុងតែជម្រះស្មៅនៅជិតអណ្ដូងបុរាណមួយក្បែនោះ ខ្ញុំក៏ដើរទៅនិយាយលេងជាមួយគាត់ ។
« ជម្រាបសួរលោកតា នេះលោកតាជាម្ចាស់នៅទីនេះមែនទេ » ខ្ញុំដើរទៅជិតគាត់ព្រមទាំងមិនភ្លេចលើកដៃសំពះផងព្រោះជាប្រពៃណីនៅពេលដែលចួបមនុស្សមានអាយុចាស់ជាង។
«អឺ……….មិនមែនទេខ្ញុំគ្រាន់តែជាអ្នកមើលថែនៅទីនេះតែប៉ុណ្ណោះ» គាត់ស្រាប់តែភាំងបន្តិចនៅពេលដែលបែរមកឃើញខ្ញុំ ។
«អូ! អ៊ីចឹងទេតើទើបបានជាទីនេះនៅស្អាតណាស់» ខ្ញុំចេះតែជជែកលេងជាមួយគាត់និងសួររឿងខ្លះៗដែលទាក់ទងជាមួយភូមិគ្រឹះមួយនេះប៉ុន្តែរឿងមួយធ្វើឱ្យខ្ញុំមិនយល់នោះគឺរាល់ពេលគាត់និយាយជាមួយខ្ញុំគាត់មិនដែលមើលមុខខ្ញុំចំនោះទេ មិនដឹងថាហេតុអីបានជាគាត់ធ្វើឫកពាប្លែកៗឬមួយមកពីខ្ញុំមិនមែនជាមនុស្សនៅតំបន់នេះ? ទ្រាំមិនបានខ្ញុំក៏ចាប់ផ្តើមសួរគាត់។
«លោកតាហេតុអីបានជាចេះតែឱនមុខចុះពេលនិយាយជាខ្ញុំអ៊ីចឹង? លោកតាមានបញ្ហាអីមែនទេ» ភ្លាមៗគាត់ស្រាប់តែទម្លាក់ចបចុះពីដៃហើយឈរត្រឹងមិនព្រមនិយាយស្ដីកែវភ្នែកទាំងគូរបស់គាត់ប្រែទៅជាពណ៌ក្រហមដូចបានត្រៀមរួចទៅហើយថានឹងមានទឹកភ្នែកធ្លាក់ចុះមក
«គឺ…………គឺក្មួយពិតជាដូចមនុស្សម្នាក់ខ្លាំងណាស់» គាត់និយាយទាំងរដិបរដុប ។
«ដូចអ្នកណាទៅលោកតា» សំឡេងធ្ងន់ៗរបស់ខ្ញុំក៏បានបន្លឺឡើងក្រោយពីបានឮពាក្យមួយឃ្លាមុននេះវាធ្វើឱ្យចិត្តចង់ដឹងយ៉ាងខ្លាំង។ ខ្ញុំមិនបានដឹងនោះទេថាមុខមាត់របស់ខ្ញុំដូចទៅនឹងអ្នកណាហើយរឹតតែមិនដឹងទៅទៀតថាមានពាក់ព័ន្ធនឹងទីនេះ ប៉ុន្តែរាល់ពេលដែលខ្ញុំមកលេងស្រុកកំណើតលើកណាក៏ដោយខ្ញុំតែងតែឈាងចូលមកលេងនៅទីនេះមិនដែលខានសូម្បីម្ដងវាហាក់ដូចជាមានអ្វីមកជម្រុញចិត្តរបស់ខ្ញុំឱ្យចេះតែចង់មកទីនេះហើយតែងតែមានអារម្មណ៍ថាខ្ញុំធ្លាប់រស់នៅទីនេះពីមុនមក ។
«គឺដូចម្ចាស់ភូមិគ្រឹះមួយនេះ» សំឡេងធ្ងន់ៗជាមួយនឹងទឹកមុខច្បាស់លាស់បានបង្ហាញឡើងមកព្រមគ្នា ។
«ថាម៉េចលោកតាដូចម្ចាស់ភូមិគ្រឹះមួយនេះ?» លើកនេះខ្ញុំកាន់តែលែងយល់ទៀតហើយខ្ញុំដូចមិនយល់ពីអ្វីដែលគាត់កំពុងតែនិយាយសោះ។ ឬវាពិតជាដូចទៅនឹងអ្វីដែលខ្ញុំកំពុងគិតមែនទេ?បែបនេះមានន័យថារឿងដែលម៉ែមិនសូវចង់ឱ្យខ្ញុំមកលេងស្រុកកំណើត គឺមានពាក់ព័ន្ធគ្នានឹងរឿងនេះពិតមែនទេ?
មិនបានទេ! ថ្ងៃនេះខ្ញុំត្រូវតែដឹងឱ្យបាន ថាមានរឿងអ្វីឱ្យប្រាកដ «លោកតា តើអាចប្រាប់ខ្ញុំឱ្យលម្អិតបន្តិចបានទេ? » ខ្ញុំទទូចសុំឱ្យគាត់ប្រាប់អំពីរឿងរ៉ាវរបស់ភូមិគ្រឹះមួយនេះ ។
«ហេតុអ្វីបានជាគេទុកភូមិគ្រឹះនេះចោលមិនមានអ្នកណាមកនៅ ហើយម្ចាស់គេទៅណា»ខ្ញុំចាប់ផ្តើមសួរសំណួរទីមួយទៅកាន់គាត់។
«តានឹងឆ្លើយសំណួរទាំងអស់នេះ ព្រោះតាបានចាំពេលវេលានេះជាយូរមកហើយ» គាត់ចេះតែធ្វើឱ្យខ្ញុំឆ្ងល់កាន់តែខ្លាំងឡើងៗ ។
មានន័យថា គាត់ចាំខ្ញុំ? ខ្ញុំដូចជាមិនយល់ទាល់តែសោះ។ គាត់នាំខ្ញុំទៅអង្គុយក្រោមដើមជ្រៃក្រឹមមួយដើមធំបែកមែកសាខាមានម្លប់ត្រឈៃ និងមានគ្រែបុរាណមួយនៅក្រោមនោះ ។ គាត់ក៏ចាប់ផ្តើមនិយាយរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិគ្រឹះនេះប្រាប់ខ្ញុំ ។
រឿងគឺបែបនេះ…
កាលពីជាង៥០ឆ្នាំមុន ភូមិគ្រឹះនេះជាកម្មសិទ្ធរបស់ត្រកូល ឥន្ទៈ ដែលជាត្រកូលអ្នកមានមុខមាត់ មានអំណាច នៅក្នុងស្រុករាជនេះ ។ ប៉ុន្តែរឿងមួយនេះបានកើតក្នុងជំនាន់របស់លោកម្ចាស់ ឥន្ទៈនរៈ ។
« អ្នកម៉ែគិតថានឹងយក ម្លិះ មកនៅទីនេះ ព្រោះមិនយូរទៀតទេ ខ្ញុំគិតថានឹងរៀបការជាមួយនាងហើយ»។ នៅក្នុងបរិវេណបន្ទប់មួយរៀបចំបានឥតល្អខ្ចោះតាមរយៈទ្វារបន្ទប់ដែលបើកចំហរចោលបង្ហាញឱ្យយើងឃើញខ្នងរបស់មនុស្សប្រុសមា្នក់កំពុងតែឈរនិយាយជាមួយរូបថតស្រ្តីចំណាស់ដែលជាម្តាយមើលទៅពិតជាកតញ្ញូខ្លាំង បើទោះបីជាម្ដាយស្លាប់ហើយក្តីក៏គេនៅតែសុំអនុញ្ញាតមុននឹងសម្រេចធ្វើរឿងអ្វីមួយ។ ប៉ុន្តែយើងពិតជាចង់ឃើញមុខគេដល់ហើយ តើបុរសម្នាក់នេះមានមុខមាត់បែបណាទៅណ៎ ?។
ម៉ោងប្រហែលជាប្រាំបួនយប់ទៅហើយ មេឃនៅតែធ្លាក់ភ្លៀងមិនឈប់សោះ មនុស្សនៅក្នុងភូមិគ្រឹះគេនាំគ្នាចូលសម្រាកអស់ទៅហើយ។ ប៉ុន្តែនៅក្នុងបន្ទប់មួយមានពន្លឺចង្កៀងឆេះរឹមៗ និងសំឡេងមនុស្សពីរនាក់កំពុងជជែកគ្នារង៉ូវដោយយប់ស្ងាត់ទើបយើងអាចស្តាប់ឮគេនិយាយគ្នាបាន ។
«បងពេជ្រ ខ្ញុំឮថាលោកម្ចាស់ ចង់យកនាងម្លិះមកនៅទីនេះមែនទេ?» សំឡេងមនុស្សស្រីម្នាក់កំពុងតែសួរទៅបុរសឈ្មោះពេជ្រដោយសំឡេងធ្ងន់ៗ ។
« ពិតមែនហើយ ប្រហែលជាមួយសប្តាហ៍ទៀតប៉ុណ្ណោះ លោកម្ចាស់នឹងយកអ្នកនាងម្លិះមកនៅទីនេះ» ស្រមោលមនុស្សពីរនាក់កំពុងឈរនិយាយគ្នាបង្ហាញឱ្យឃើញតាមពន្លឺភ្លើងចង្កៀងដែលព្យួរនៅក្នុងបន្ទប់នោះ ។
«មិនបាននោះទេ ខ្ញុំមិនឱ្យនាងនោះចូលមកនៅជាដាច់ខាត បងក៏ដឹងហើយថាខ្ញុំមានចិត្តបែបណាជាមួយនឹងលោកម្ចាស់ បងជាបងប្រុសរបស់ខ្ញុំ ដូច្នេះបងត្រូវតែជួយខ្ញុំ »
ស្ដាប់ដល់ត្រឹមនេះយើងអាចសន្មតបានហើយថា៖ ពួកគេទាំងពីរនាក់ជាបងប្អូននឹងគ្នាប៉ុន្ដែស្ដាប់ទៅមនុស្សស្រីម្នាក់នេះប្រហែលជាមិនសប្បាយចិត្តទេនៅពេលដែលឮថាចៅហ្វាយនាយហើយក៏ជាមនុស្សដែលនាងមានចិត្តទៅលើបែរជាមានបំណងចង់នាំមនុស្សស្រីផ្សេងមកនៅក្នុងភូមិគ្រឹះមិនត្រឹមតែប៉ុណ្ណោះអាចរៀបការឆាប់ៗនេះទៀត មានមនុស្សឯណាទៅសប្បាយចិត្តនោះ?
«រឿងឯងស្រឡាញ់លោកម្ចាស់យ៉ាងណាយើងមិនដឹងទេយើងដឹងត្រឹមថាអ្នកនាងម្លិះ តែម្នាក់គត់ដែលជាគូកំណាន់ចិត្តរបស់គាត់ ហើយទំនាក់ទំនងរបស់គាត់ទាំងពីរគឺយូរមកហើយ ម៉្យាងទៀតអ្នកណាៗក៏គេដឹងឮនិងទទួលស្គាល់ដែលថាពួកគាត់ពិតជាគូស្នេហ៍សក្តិសមជាមួយគ្នា ឯងល្មមបញ្ឈប់គំនិតឆ្គួតរបស់ឯង ហើយឱ្យចេះប្រមាណខ្លួនផងថាអ្វីដែលគួរនិងមិនគួរ» សំឡេងគ្រលរធំស្រែកសម្លុតទៅប្អូនស្រី ព្រោះតែមិនចង់ឱ្យប្អូនឈឺចាប់ ព្រោះតែការស្រឡាញ់តែម្ខាង នឹងគ្មានថ្ងៃអាចទៅរួច។
«បានហើយយើងគ្មានអីនិយាយជាមួយឯងទៀតនោះទេ» និយាយរួចរៀបនឹងបើកទ្វារដើរចេញស្រាប់តែ…។
«ខ្ញុំធ្លាប់ក្លាយជាប្រពន្ធលោកម្ចាស់រួចទៅហើយ» ដៃដែលរៀបនឹងបើកទ្វារក៏ត្រូវដកចេញមកវិញ ហើយបែរមុខមករកសំឡេងដែលបានបន្លឺឡើងមុននេះ ទឹកមុខប្រែជាខ្មៅអាប់ ទឹកភ្នែកមួយដំណក់ក៏ហូរមកកាត់ថ្ពាល់ដែលមានសភាពគគ្រើម ព្រោះតែហួសចិត្តនឹងប្អូនស្រីរបស់ខ្លួនមិនគួរណាល្ងង់ដល់ថ្នាក់នេះសោះ។
ផាច់!!!!!
ផ្ទៃមុខរលោងស្រិលពេលនេះប្រែទៅជាក្រហមពេញមួយចំហៀងដោយសារតែកម្លាំងដ៏ដៃធ្ងន់ពីបងប្រុស ព្រោះតែហួសចិត្តនឹងទង្វើរបស់នាង ។
«ឆាប់និយាយប្រាប់យើងឱ្យអស់មកថាឯងបានធ្វើឆ្គួតៗអ្វីខ្លះជាមួយលោកម្ចាស់» ដៃមួយគូពេញទៅដោយកម្លាំងកំពុងតែចាប់អង្រួនប្អូនស្រីឱ្យឆ្លើយនឹងសំណួររបស់ខ្លួន។
«បាន! បើបងចង់ដឹងខ្ញុំនឹងប្រាប់បង» តាមមើលទៅនាងក៏មិនមែនជាមនុស្សធម្មតាប៉ុន្មានដែរទោះបីជាត្រូវមួយកំផ្លៀងហើយមុននេះក្ដីតែគ្មានសូម្បីតែទឹកភ្នែកមួយតំណក់ មិនត្រឹមតែប៉ុណ្ណោះពេលនេះរលាស់ដៃរបស់បងប្រុសចេញពីស្មាត្រៀមឆ្លើយសំណួរធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងសោះ ទាំងដែលបងប្រុសរបស់ខ្លួនស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ។
«នៅយប់នោះគឺជាយប់ដែលលោកម្ចាស់បានឡើងកាន់តំណែងជាម្ចាស់ស្រុកនេះ ហើយបងក៏ដឹងដែរមែនទេថាលោកម្ចាស់បានរៀបចំពិធីជប់លៀងមួយ »
នៅយប់នោះ…
«នៅសល់តែមួយថ្ងៃទៀតទេ គឺជាថ្ងៃដែលខ្ញុំត្រូវទទួលតំណែងជាម្ចាស់ស្រុកនេះហើយ ហើយយើងរៀបចំពិធីជប់លៀងមួយ ដូចនេះហើយពួកឯងចាំជួយរៀបចំតាមអ្វីដែលយើងប្រាប់ផង» បុរសម្នាក់អាយុប្រហែលជា ២៩ឆ្នាំ មាឌធំ សម្បុរសជ្រះ ស្មាធំទូលាយ ជាមួយនឹងពុកមាត់តិចៗផងកំពុងតែឈរនិយាយជាមួយអ្នកបម្រើប្រុសស្រីបួនដប់នាក់ ចាំស្ដាប់យ៉ាងយកចិត្តទុកដាក់ ក្រោយពីចាត់ចែងមនុស្សឱ្យធ្វើការងារតាមផ្នែកអស់ លោកឥន្ទៈនរៈ ដែលនឹងឡើងជាម្ចាស់ស្រុកក្នុងពេលឆាប់ៗនេះដើរចេញទៅបាត់ ប៉ុន្ដែមិនបានដឹងទេថាមានភ្នែកមួយគូកំពុងតែតាមមើលដោយភាពពេញចិត្ត។
សូនីន អ្នកបម្រើក្នុងភូមិគ្រឹះនេះតាំងពីនៅតូចៗដោយសារតែម្ដាយឪពុកជាអ្នកបម្រើក្នុងភូមិគ្រឹះនេះពីមុនតាំងតែពីជំនាន់ជីតារបស់លោកម្ចាស់មកម្ល៉េះទើបបានជាត្រូវធ្វើបន្ដពីពួកគាត់ ត្បិតថានាងជាអ្នកបម្រើពិតមែនប៉ុន្ដែបើនិយាយពីរូបសម្រស់វិញនាងគឺមិនចាញ់ស្រីក្រមុំនៅក្នុងស្រុកនេះប៉ុន្មានទេ កែវភ្នែកខ្មៅក្រិបអមដោយចិញ្ចើមក្រាស់ ច្រមុះស្រួច បបូរមាត់ពណ៌ផ្កាឈូក និងផ្ទៃមុខរលោងស្រិលរបស់នាងបានឆក់យកចិត្តកម្លោះៗមិនតិចនោះទេ មានអ្នកខ្លះចង់មកស្ដីដណ្ដឹងនាងទៀតផង រាល់ពេលនាងចេញទៅទិញរបស់របរប្រើប្រាប់នៅឯផ្សារម្ដងៗគេនាំគ្នាសរសើរពីសម្រស់នាងមិនដាច់ពីមាត់។
«ឆាប់ឡើងពួកនាងៗ នៅលើកជើងមិនរួចហ្នឹងហើយប្រយ័ត្នតែរៀបចំមិនទាន់» ស្រ្ដីចំណាស់ម្នាក់កំពុងតែស្ដីបន្ទោសក្មេងស្រីៗប៉ុន្មានអ្នកទៀតនៅជិតនោះ ព្រោះតែធ្វើការមិនទាន់ចិត្តរបស់គាត់។ អ៊ំផាន់ ជាមនុស្សចាស់ជាងគេនៅក្នុងភូមិគ្រឹះនេះ គាត់មានអាយុជាង ៥០ឆ្នាំហើយ រាល់ការងារនៅក្នុងទីនេះគឺគាត់ជាអ្នកគ្រប់គ្រងបន្ទាប់ពីលោកម្ចាស់ លើកលែងតែការងារធ្ងន់ដែលជាការងាររបស់មនុស្សប្រុសគឺនាយពេជ្រ ជាអ្នកចាត់ចែង។ គាត់ជាមនុស្សហ្មត់ចត់ណាស់ដូច្នេះហើយក្មេងស្រីៗដែលបម្រើការនៅទីនេះអ្នកណាៗក៏ខ្លាចគាត់ដែរ បើហ៊ានតែធ្វើខុសអ្វីមួយនោះគាត់នឹងដេញចេញភ្លាម។ កំពុងតែស្ដីឱ្យក្មេងៗស្រីៗប៉ុន្មាននាក់នៅក្បែរនេះស្រាប់តែមាឌមាំរាងខ្ពស់របស់យើងដើរចូលមកដល់។
«អ៊ំរៀបចំដល់ណាហើយ នេះដល់ពេលដែលត្រូវនិមន្ដព្រះសង្ឃមកឆាន់ហើយម៉េចក៏នៅមិនទាន់ឃើញរៀបចំអ្វីសោះអ៊ីចឹង?»
សម្ដីម៉ាត់ៗរបស់លោកម្ចាស់ជាមួយនឹងឫកពាម៉ឺងម៉ាត់របស់គាត់ធ្វើឱ្យក្មេងស្រីៗនៅទីនោះបុកពោះគ្រប់គ្នាម្នាក់ៗឱនមុខចុះមិនសឹងទាំងហ៊ានដកដង្ហើមផង លើកលែងតែ អ៊ំផាន់តែម្នាក់ប៉ុណ្ណោះដែលនៅហ៊ាននិយាយទៅវិញដោយទឹកមុខញញឹមដូចជាមិនបានខ្លាចដូចជាអ្នកផ្សេងទាល់តែសោះ។
«ខ្ញុំកំពុងតែរៀបចំឱ្យក្មេងៗលើកយកទៅដាក់នៅបន្ទប់ទទួលភ្ញៀវហើយគ្មានអីត្រូវបារម្ភនោះទេ ចាំតែពេលនាយពេជ្រនិមន្ដព្រះសង្ឃមកដល់យើងនឹងចាប់ផ្ដើមកម្មវិធីបានហើយ» អ៊ំនិយាយជាមួយលោកម្ចាស់យ៉ាងមានទំនុកចិត្ត។
«ល្អណាស់! អ៊ីចឹងអ៊ំចាំជួយមើលថាមានខ្វះខាតអ្វីជួយបន្ថែមផងខ្ញុំទៅរៀបចំខ្លួនសិននឹងអាលបានចេញទៅទទួលភ្ញៀវមកផង» ថ្ងៃនេះលោកម្ចាស់មិនបានកាចដូចរាល់ដងទេពេលគាត់និយាយជាមួយអ៊ំថាន់អម្បាញ់មិញនេះខុសពីរាល់ដងគាត់និយាយបណ្ដើរញញឹមបណ្ដើរដូចជាសប្បាយចិត្តខ្លាំងណាស់ទើបក្មេងស្រីៗទាំងនេះឃើញហើយរាងធូរចិត្តបន្តិច ។
ក្នុងសម្លៀកបំពាក់នាសម័យបារាំងគាត់ប្រើក្បិនជាមួយអាវផាមួងពណ៌ស រំលេចទៅដោយឡេវអាវពណ៌មាស សក់លើកមកក្រោយបង្ហាញឱ្យឃើញផ្ទៃមុខដ៏ស្រស់សង្ហាដាច់គេ នេះ គ្មានអ្នកណាទេក្រៅពីលោកម្ចាស់ឥន្ទៈនរៈ របស់យើងកំពុងតែឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមកម្មវិធីរបស់លោកយ៉ាងរីករាយ។
«បងនរៈ» កំពុងតែមមាញឹកជាមួយនឹងការទទួលភ្ញៀវ សំឡេងដ៏ស្រទន់មួយបានបន្លឺឡើងធ្វើឱ្យលោកម្ចាស់របស់យើងបែរមករកប្រភពសំឡេងយ៉ាងលឿន។
«អូ! ម្លិះ អូនមកដល់ហើយមែនទេ បងស្មានថាអូនមិនមកហើយទេតើ ព្រោះមិនបានឱ្យដំណឹងបងសោះ» ស្នាមញញឹមកាន់តែរីកខ្លាំងឡើងនៅពេលដែលឃើញនារីជាសង្សាររបស់ខ្លួនមកដល់។ ក្នុងសម្លៀកបំពាក់ សំពត់ហូលត្រឹមករជើងជាមួយនិង អាវប៉ាក់សដ៏ស្រស់ស្អាតសក់វែងប្រាសស្មារំលេចទៅដោយស្នៀតសក់ពណ៌មាសធ្វើឱ្យអ្នកចូលរួមកម្មវិធីទាំងប៉ុន្មានសរសើរអ្នកនាងម្លិះ មិនដាច់ពីមាត់។ អ្នកណាម្នាក់មិនដឹងថាលោកម្ចាស់ ឥន្ទៈនរៈ និងអ្នកនាង រង្សី ម្លិះ គឺជាសង្សារនឹងគ្នារាប់ឆ្នាំមកហើយ ប៉ុន្ដែគ្រាន់តែគេទាំងពីរនាក់នៅឆ្ងាយពីគ្នាពេកទើបមិនសូវបានចួបគ្នា។ អ្នកនាងម្លិះ គឺជាកូនស្រីអ្នកនៅស្រុកផ្សេងមួយដែលនៅឆ្ងាយពីនេះគួរសម។
«កម្មវិធីរបស់បងទាំងមូលអូនម៉េចនឹងខកខានបានទៅ គ្រាន់តែអូនមិនចង់ប្រាប់បងមុន គឺចង់ឱ្យបងភ្ញាក់ផ្អើល » គូស្នេហ៍ទាំងពីរជជែកគ្នាលេងយ៉ាងរីករាយ។ មួយស្របក់ក្រោយមកព្រះសង្ឃក៏និមន្ដមកដល់ លោកម្ចាស់ឥន្ទៈនរៈ អ្នកនាងរង្សី ម្លិះ និងចាស់ទុំក៏ចាប់ផ្ដើមប្រគេនចង្ហាន់ព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតា។
ព្រះអាទិត្យចាប់ផ្ដើមអស្ដង្គតម្ដងបន្ដិចៗ អំពូលភ្លើងទាំងអស់នៅក្នុងភូមិគ្រឹះចាប់ផ្ដើមភ្លឺឡើងព្រមៗគ្នា មនុស្សម្នាកុះករកំពុងតែសប្បាយជាមួយនឹងការផឹកស៊ីដែលអមជាមួយតន្ត្រីយ៉ាងរណ្ដំក្រឡេកមកមើលលោកម្ចាស់របស់យើងវិញ កំពុងតែជោកជាំទៅដោយស្រាហាក់ដូចជាចង់បាត់ស្មារតីម្ដងៗទៅហើយសូម្បីតែដើរក៏ចង់រកដួលដែរ។
«បងនរៈខ្ញុំសុំទៅសម្រាកមុនហើយបងល្មមឈប់ផឹកហើយមើលទៅដូចជាស្រវឹងខ្លាំងណាស់» ដោយសារតែទទួលភ្ញៀវមួយថ្ងៃមកហើយណាមួយជាមនុស្សស្រីផងទើបឆាប់អស់កម្លាំង អ្នកនាងម្លិះក៏សុំទៅសម្រាកមុន។
«អូនទៅសម្រាកមុនចុះ បងនៅកំដរភ្ញៀវបន្ដិចទៀតសិន» មាឌមាំបានឆ្លើយជាមួយនារីរបស់យើងយ៉ាងពីរោះ។
កម្មវិធីបន្ដរហូតដល់ម៉ោងប្រហែល១០:៣០នាទី ភ្ញៀវក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញភ្លាមៗ នោះមេឃស្រាប់តែធ្លាក់ភ្លៀងមកយ៉ាងខ្លាំងលោកម្ចាស់ក៏ប្រញាប់ប្រញាល់រត់ចូលក្នុងទាំងស្រវឹង។ មកដល់មាត់ទ្វារចូលនាងសូនីន ដែលបាត់ខ្លួនមិនឃើញពេញមួយថ្ងៃស្រាប់តែបង្ហាញខ្លួនមកជួយគ្រាលោកម្ចាស់ទៅបន្ទប់ ប៉ុន្ដែនាងមិនបាននាំទៅបន្ទប់របស់គាត់នោះទេ គឺនាងនាំទៅបន្ទប់របស់នាង។ ចូលដល់ក្នុងបន្ទប់នាងចាប់ផ្ដើមបបោសអង្អែលសព្វរាងកាយរបស់លោកម្ចាស់គ្រប់កន្លែង ម្រាមដៃដ៏ទន់ស្រឡូនលូកទៅដោះឡេវអាវចេញម្ដងមួយៗ រហូតដល់ខ្លួនប្រាណអ្នកទាំងពីរគ្មានសល់អ្វីបិទបាំងទៀត។
«ខ្ញុំស្រឡាញ់លោកម្ចាស់ខ្លាំងណាស់ ខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីលោកម្ចាស់ យប់នេះខ្ញុំនឹងបម្រើលោកម្ចាស់ឱ្យបានល្អបំផុត» និយាយរួចនាងក៏ដាក់បបូរមាត់ដ៏ទន់ល្មឿយរបស់នាងទៅផ្ដិតលើបបូរមាត់រាងមាំដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលឡើងរួមទាំងស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់កំពុងតែដុតអារម្មណ៍ថែមទៀតទើបធ្វើឱ្យលោកម្ចាស់ ឥន្ទៈនរៈ ភ្លេចគិតថាខ្លួនមានសង្សាររួចទៅហើយ។
ដៃដ៏រឹងមាំទាំងគូពេញទៅដោយកម្មចាប់ក្រសោបរាងតូចស្ដើងដួលទៅលើគ្រែយ៉ាងតក់ក្រហល់ ហើយអ្វីដែលយើងកំពុងតែគិតវាក៏បានកើតឡើងនៅក្នុងយប់នោះ…
«រឿងគឺបែបនេះឯង យ៉ាងម៉េចបងពេញចិត្តទេ? » នាងនិយាយចប់ហើយសួរទៅបងប្រុសទាំងទឹកមុខស្មើហាក់ដូចជាគ្មានរឿងអ្វីសោះ។ នាយពេជ្របានត្រឹមតែហួសចិត្តនឹងប្អូនស្រីតែម្នាក់របស់ខ្លួន ហើយដើរចេញពីបន្ទប់ទាំងទឹកមុខខ្មៅអែ។
ម៉ោង១០ព្រឹកទៅហើយប៉ុន្តែថ្ងៃនេះអាកាសធាតុហាក់ដូចជាមិនអំណោយផលសោះ ភ្លៀងតាំងតែពីថ្ងៃមិនទាន់រះ មកដល់ពេលនេះនៅតែមិនទាន់ឈប់ ។ ក្រឡេកមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃមួយដែលកំពុងតែឈរយ៉ាងមាំទោះបីជាមានភ្លៀងខ្យល់យ៉ាងណាក៏ដោយ ។ ផ្ទៃមេឃសស្គុសដំណក់ទឹកភ្លៀងធ្លាក់ដេញប្រសាច ប៉ះជាមួយផ្ទៃដីបង្កើតបានថ្លុកទឹកជាដុំៗ។ មនុស្សដែលរស់ក្នុងភូមិគ្រឹះទាំងអស់កំពុងតែតម្រៀបគ្នាចាំស្វាគមន៍វត្តមានរបស់អ្នកនាងរង្សី ម្លិះ ជាសង្សារសំណព្វចិត្តរបស់ចៅហ្វាយនាយខ្លួនមកនៅទៅនេះ។ ម្នាក់ៗឈរមិនសឹងនឹងហ៊ានកម្រើកផងប៉ុន្តែបើមើលមក លោកម្ចាស់ឥន្ទៈនរៈ វិញអារម្មណ៍មិននឹងនសោះចេះតែដើរចុះឡើងៗ ឃើញបែបនេះ អ៊ំផាន់ក៏ដើរចូលជិតគាត់ ។ «កុំអន្ទះសារពេកអីលោកម្ចាស់បន្តិចទៀត អ្នកនាងម្លិះប្រហែលជាមកដល់ » គាត់និយាយដោយការយល់ចិត្តបំផុតព្រោះគ្មានអ្នកណាស្គាល់លោកម្ចាស់ច្បាស់ជាងគាត់ទៀតនោះទេ អាចនិយាយបានថាគាត់គឺជាម្ដាយទី២ បន្ទាប់ពីម្ដាយរបស់លោកម្ចាស់ចែកឋានទៅ ។
«ខ្ញុំមានអារម្មណ៍មិនស្រួលសោះអ៊ំ តិចលោម្លិះនាងចួបរឿងអីតាមផ្លូវទៅទើបបានជាថ្មើរនេះហើយមិនទាន់ឃើញមកដល់ទៀត» មាឌមាំនិយាយទៅអ៊ំស្រីចំណាស់ទាំងទឹកមុខព្រួយបារម្ភ ។ នេះជាលើកទី១ ហើយដែលគាត់យកចិត្តទុកដាក់ជាមួយស្រីបែបនេះ ទាំងដែលមនុស្សស្រីជាច្រើនតាមចោមរោមមិនដែលយកភ្នែកមើលផង ។ តែមនុស្សដែលកំពុងតែរង់ចាំនេះគឺខុសគ្នា ដ្បិតអីគូស្នេហាមួយគូនឹងស្រឡាញ់គ្នាខ្លាំងណាស់នៅចាំថ្ងៃរៀបការប៉ុណ្ណោះ ។
«ពេជ្រ ឯងទៅមើលខាងមុខភូមិគ្រឹះទៅមើលក្រែងលោនាងមកដល់» និយាយជាមួយអ៊ំផាន់ រួចលោកម្ចាស់ក៏បែបមកប្រាប់ឱ្យនាយពេជ្រចេញទៅមើល។ ប៉ុន្តែមិនទាន់នឹងបានចេញទៅផងស្រាប់តែ…។
«មិនបាច់ចេញទៅមើលទេ ខ្ញុំមកដល់ហើយ» សំឡេងស្រទន់គួរឱ្យស្ដាប់បានបន្លឺឡើងមកនិងត្រចៀកលោកម្ចាស់របស់យើងរាងខ្ពស់ក៏ប្រញាប់បែរខ្លួនមករកប្រភពសំឡេងភ្លាម ។ ស្នាមញញឹមដ៏ស្រស់ស្អាតបានខាបយកចិត្តមនុស្សប្រុសម្នាក់ដែលនៅទល់មុខនេះបាត់ទៅហើយមិនអាចទប់អារម្មណ៍បានលោកម្ចាស់ក៏ស្ទុះទៅឱបអ្នកនាងម្លិះ យ៉ាងណែនបង្ហាញឱ្យដឹងពីក្ដីនឹករឭកដែលខ្លួនមាន ។ ខណៈពេលដែលគូស្នេហ៍ទាំងពីរនាក់កំពុងតែបង្ហាញពីភាពនឹករឭកដល់គ្នាពួកគេមិនបានចាប់អារម្មណ៍ជាមួយកែវភ្នែកមួយគូដែលកំពុងសម្លឹងមើលដោយក្ដីឈឺចាប់ខ្លោចផ្សា ដូចជាត្រូវចាក់ចំកណ្ដាលដើមទ្រូងរាប់លានកាំបិត ប៉ុន្តែគ្មាននរណាម្នាក់មើលឃើញនោះទេព្រោះគ្រប់គ្នាកំពុងតែអបអរជាមួយវត្តមានរបស់មនុស្សស្រីម្នាក់ដែលនឹងក្លាយជាម្ចាស់ស្រីរបស់ពួកគេឆាប់ៗ ។
«ម្ហូបអាហាររៀបចំរួចរាល់អស់ហើយអ៊ំ» ក្មេងស្រីជំទង់ម្នាក់ដើរចេញមកពីក្នុងផ្ទះបាយហើយនិយាយប្រាប់អ៊ំ ផាន់តិចៗ ។
«យើងដឹងហើយ អស់ការងារហើយឯងទៅសម្រាកចុះ» គាត់ញញឹមតិចៗហើយប្រាប់នាងឱ្យទៅសម្រាក ។
«លោកម្ចាស់ អ្នកនាង ទៅពិសារបាយសិនទៅនឹងអាលបានសម្រាកព្រោះអ្នកនាងទើបតែធ្វើដំណើរផ្លូវឆ្ងាយផង» ស្រ្ដីចំណាស់ញញឹមចុងមាត់បន្តិចមុននឹងតឿនឱ្យអ្នកទាំងពីរទៅពិសារបាយ ។
«អ៊ំជួយយកអីវ៉ាន់របស់ ម្លិះទៅដាក់ក្នុងបន្ទប់របស់ខ្ញុំ ហើយជួយរៀបចំឱ្យស្អាតផង » ប្រាប់អ៊ំផាន់រួចលោកម្ចាស់ក៏បណ្ដើរគូស្នេហ៍របស់ខ្លួនចូលទៅក្នុងផ្ទះ ។
ប្រហែលជាម៉ោង ១២ យប់ទៅហើយប៉ុន្តែដោយសារថ្ងៃនេះជា ១៥កើត ទើបមានពន្លឺព្រះច័ន្ទបំភ្លឺឱ្យមើលឃើញបរិវេណបើទោះបីកណ្ដាលអាធ្រាតហើយក្ដីតែខ្ញុំនៅតែគិតមិនយល់ មុននេះខ្ញុំនៅក្នុងបន្ទប់គេងជាមួយ ម្លិះសង្សារសំណព្វចិត្តខ្ញុំទេតើ ចុះហេតុអ្វីបាននៅសុខៗមកឈរក្បែរអណ្ដូងទឹកទៅវិញ ។
វិប !!!
«អ្នកណា អ្នកណាគេដើរកាត់ក្រោយខ្នងខ្ញុំមិញនេះ»។ ខ្ញុំរកមើលជុំវិញខ្លួនអស់ហើយមិនមានមនុស្សនោះទេ ប៉ុន្តែមិញនេះមានស្រមោលមនុស្សដើរកាត់ខ្ញុំច្បាស់ណាស់ ឬនេះខ្ញុំកំពុងនៅក្នុងយល់សប្តិតែហេតុអ្វីខ្ញុំចេញពីសុបិននេះមិនបាន ដូចជាមិនយល់ទាល់តែសោះថានេះជាអ្វីឱ្យប្រាកដ ។
«ប្រញាប់ចង់ទៅណានិយាយគ្នាឱ្យច្បាស់សិន» សំឡេងរបស់សូនីនទេតើ ខ្ញុំក៏ប្រញាប់បែបទៅក្រោយខ្នងរកមើលនាង។ «រឿងកាលពីយប់នោះមែនទេ បើចង់និយាយពីរឿងនោះខ្ញុំគ្មានអ្វីត្រូវនោះទេ ព្រោះនៅយប់នោះខ្ញុំស្រវឹងស្រា» ខ្ញុំប្រមូលអារម្មណ៍រវើរវាយរបស់ខ្ញុំបើទោះបីជាក្នុងសុបិន្តក៏ដោយតែត្រូវតែនិយាយជាមួយនាងឱ្យបានច្បាស់។ «បើលោកម្ចាស់មិនព្រមយកខ្ញុំធ្វើប្រពន្ធទេនោះលោកម្ចាស់នឹងមានរឿងល្អមើលជាមិនខាន»
ធ្លាប់តែជាមនុស្សស្រីមិនសូវចេះនិយាយស្ដីតែពេលនេះប្រហែលជាមនុស្សម្នាក់ផ្សេងទៀតហ៊ានគំរាមសូម្បីតែចៅហ្វាយនាយរបស់ខ្លួនដោយសារតែពាក្យមួយម៉ាត់គត់គឺ ស្រឡាញ់។
«នាងហ៊ាននិយាយពាក្យទាំងនេះជាមួយយើងផង យើងប្រាប់ទុកមុនឱ្យហើយបើនាងហ៊ានធ្វើផ្ដេសផ្ដាសយើងនឹងសម្លាប់នាងចោលភ្លាម» សំឡេងគ្រលរធំបានស្រែកដាក់មនុស្សស្រីម្នាក់ដែលកំពុងនៅចំពីមុខខ្លួនឱ្យត្រៀមខ្លួនទទួលយកសេចក្ដីស្លាប់បើនាងហ៊ានតែគិតចង់ធ្វើអ្វីមួយនោះ ។
«បើបែបនេះទៅ លោកម្ចាស់សម្លាប់ខ្ញុំចោលឱ្យហើយទៅទាន់អ្វីៗមិនទាន់ហួសពេល» យកក្ដីស្លាប់មកបន្លាចនាងនៅពេលនេះប្រហែលជាមិនបានផលនោះទេ ព្រោះពេលនេះនាងកំពុងតែដើរចូលមកជិតលោកម្ចាស់បន្តិចម្ដងៗ បង្ហាញពីទឹកមុខឈឺចាប់ជាងស្លាប់ទៅទៀតទាំងក្ដីស្រឡាញ់ ទាំងខ្លួនប្រាណបានលះបង់អស់ទៅហើយប៉ុន្តែគ្មានទទួលបានអ្វីទាំងអស់ នេះមកពីមិនស្ដាប់បងប្រុសខ្លួន ។
«កុំចូលមកជិតយើងឱ្យសោះ បើនៅតែដើរចូលមកមួយជំហានទៀតកុំថាយើងមិនប្រាប់» រាងខ្ពស់ព្យាយាមម្ដងហើយ ម្ដងទៀត តែគ្មានបានទាល់តែសោះ នាងនៅតែបោះជំហានមកមុខដោយមិនពព្រិចភ្នែក ។
អា……..កុំ!!
មួយជំហានរៀបនឹងដល់ខ្លួនលោកម្ចាស់ទៅហើយនាងស្រាប់តែបែរខ្លួនលោតទម្លាក់ចូលទៅក្នុងអណ្ដូងចាស់គ្មានទឹកមួយនៅក្បែរកន្លែងពួកគេនិយាយគ្នានោះ សំឡេងខ្ទរឮចេញពីក្នុងអណ្ដូងមកឮពេញក្នុងត្រចៀករបស់លោកម្ចាស់របស់យើង ធ្វើឱ្យគាត់ស្ទុះភ្ញាក់ឡើងបែកញើសជោកពេញថ្ងាស ។
« តាមពិតខ្ញុំយល់សប្តិសោះ» ខ្ញុំយកដៃញីភ្នែកបន្តិចរួចមើលជុំវិញខ្លួនទើបដឹងថាពេលនេះខ្ញុំនៅក្នុងបន្ទប់នៅឡើយបានចេញទៅណាទេ ពេលនេះសង្សារបណ្ដូលចិត្តរបស់ខ្ញុំនាងកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ ជាមួយនឹងខ្យល់បក់មកតាមបង្អួចរវិចៗមកតាមប្រហោងតូចៗនៃបង្អួច។
សំឡេងមាន់រងាវបានដាសខ្ញុំឱ្យក្រោកពីដំណេកទាំងសឺងមឺងនៅឡើយតែពេលនេះមិនឃើញម្លិះទៀតទេ នេះនាងភ្ញាក់តាំងពីពេលណាហេតុអ្វីបានចានាងមិនដាស់ខ្ញុំផង។អូ!!!ប៊ិះនឹងភ្លេចទៅហើយថាថ្ងៃនេះខ្ញុំត្រូវមានការងារត្រូវធ្វើផង។
«បងអាហាពេលព្រឹកខ្ញុំបានរបៀបចំទុកឱ្យបងរួចរាល់ហើយគឺនៅលើតុខាងក្រោម»រៀបនឹងដើរចេញពីបន្ទប់ម្លិះចូលមកដល់ល្មម តាមពិតទៅនាងឡើងទៅធ្វើអាហាពេលព្រឹកសោះអ៊ីចឹងទេតើទើបានជានាងមិនដាស់ខ្ញុំ។
«អគុណខ្លាំងណាស់ដែលខំក្រោកទៅធ្វើអាហារពេលព្រឹកឱ្យបងប៉ុន្តែថ្ងៃនេះបងមានការត្រូវចេញទៅក្រៅប្រហែលជាយប់ជ្រៅបន្តិចទើបត្រឡប់មកវិញ មិនបាច់ចាំបងឮទេ»ខ្ញុំដើរទៅឱបនាងជាប់ហើយថើបថ្ងាសនាងមួយខ្សឺតមុនចេញទៅ។
«ឆាប់ត្រឡប់មកផ្ទះវិញឮដែរទេ»នាងនិយាយទាំងធ្វើមុខជូរដាក់ខ្ញុំ។ ឫកពាដ៏គួរឱ្យស្រលាញ់បែបនេះហើយដែលធ្វើឱ្យខ្ញុំលង់ស្រលាញ់នាងកាន់តែស្រលាញ់នាងដក់ចិត្តមិនរួច ។
………………………………………………………………………………….
«នេះម៉ោងជិតដប់ទៅហើយនៅមិនទាន់មកវិញទៀត» ក្រោមពន្លឺភ្លើងដែលបើកចោលដើម្បីបំភ្លឺភូមិគ្រឹះទាំងមូល ស្រមោលមនុស្សស្រីម្នាក់កំពុងតែដើរចុះឡើងៗហាក់បីដូចជាកំពុងចាំនរណាម្នាក់។
« អ្នកនាង ម្លិះ នៅមិនទាន់ទៅចូលទៅសម្រាកទៀតមែនទេ?»សំឡេងមនុស្សស្រីម្នាក់ទៀតបានបន្លឺឡើងធ្វើឱ្យម្នាក់ទៀតភ្ញាក់ព្រើត។
« សូនីន ទេមែន?ខ្ញុំស្មានតែអ្នកណាគេខំតែភ័យ» អ្នកនាងម្លិះស្រូបដង្ហើមបន្ធូអារម្មណ៍បន្តិចពេលដែលដឹងថាជាមនុស្សនៅក្នុងភូមិគ្រឹះ។
«ហេតុអ្វីបានជាត្រូវភ័យខ្ញុំមានបានធ្វើអីអ្នកនាងឯណា»សូនីន ព្រមទាំងមើលមុខម្លិះដោយក្រសែភ្នែកចម្លែកៗ។
«អ្នកណាមិនភ័យបើនាងមកមិនឮសំឡេងអ្វីបន្តិចសោះ»ម្លិះចេះតែនិយាយបណ្ដើរអើតមើលរកគូស្នេហ៍បណ្តើរ តែមិនឃើញមកសោះមិនដឹងថាជានៅការងារអ្វីទេថ្មើរនេះហើយនូវតែមិនទាន់មកដល់ទៀត។
«កំពុងចាំលោកម្ចាស់មែនទេ?»នាងនៅតែបន្តរសួរមនុស្សស្រីដែលនៅពីមុខនាង។ «ខ្ញុំក៏កំពុងចាំលោកម្ចាស់ដែរ» ម្លិះមិនទាន់ទាំងបានឆ្លើយផងសូនីននាងបន្ថែមមួយឃ្លាទៀតធ្វើឱ្យម្លិះបើកភ្នែកធំៗសម្លឹងទៅសូនីន។
«កុំទាន់អាលឆ្ងល់ចាំខ្ញុំប្រាប់ព្រោះមានរឿងជាច្រើនដែលនាងត្រូវដឹង នាងមានចាំថ្ងៃលោកម្ចាស់រៀបចំពិធីជប់លៀងឡើងកាន់តំណែងជាម្ចាស់ស្រុកនៅយប់នោះនាងមិនឆ្ងល់ទេមែនទេថាបាត់លោកម្ចាស់ទៅណាពេញមួយយប់ឥឡូវយើងប្រាប់នាងទៅចុះយប់នោះពួកយើងទាំងពីនាក់គឺនៅជាមួយគ្នាពេញមួយយប់ នាងសាកគិតមើលទៅថានឹងមានរឿងអ្វីកើតឡើង»
នាងនិយាយរៀបរាប់បានយ៉ាងក្បោះក្បាយប្រាប់ទៅកាន់មនុស្សស្រីស្លូតត្រង់ម្នាក់កំពុងតែឈរគាំងស្ងៀមត្រឹងព្រោះសឹងតែមិនជឿនឹងអ្វីដែលខ្លួនបានឮ ទឹកភ្នែករាប់រយតំណក់កំពុងតែប្រជ្រៀតគ្នាហូរចុះមកលើផែនថ្ពាល់ដ៏កំសត់មួយគូ។
«ឈឺចាប់ខ្លាំងណាស់មែនទេ យើងឈឺចាប់លើសនាងរាប់រយដង ប៉ុន្តែយើងស៊ូទ្រាំដើម្បីបានមនុស្សដែលយើងស្រលាញ់»
ជ្រិប !! ជ្រិប!!
សូនីននាងបានហូតកំបិតស្នៀតមួយចាក់ពីក្រោយខ្នងរបស់ម្លិះធ្វើនាងដួលទៅលើដីមួយរំពេចឈាមហូរស្រោចពេញទៅលើស្មៅ។បន្ទាប់មកនាងក៏អូសសាកសពរបស់ម្លិះទម្លាក់ចូលទៅក្នុងអណ្ដូងចាសគ្មានទឹកដែលនៅជិតនោះហើយរបៀបចំគ្របមាត់អណ្តូងបានយ៉ាងស្អាតគ្មានអ្នកម្នាក់ដឹងទាល់តែសោះ។
តើព្រលឹងដ៏កម្សត់របស់ម្លិះនឹងទៅជាយ៉ាងណា??