ប្រាវវវ! ព្រូស!!!
សំឡេងរាងកាយតូចស្តើងមួយដែលបុកទង្គិចនឹងឡានខ្ទាតទៅម្ខាងបានបន្លឺឡើងយ៉ាងខ្លាំង បន្ទាប់ពីឡានមួយគ្រឿងនោះបានជិះមកបុកនាងមួយទំហឹងលើដងផ្លូវក្បែរឆ្នេរខ្សាច់ជាប់មាត់សមុទ្រ…
“អ្ហឹកៗ… ហ៊ឹក… ជ-ជួយ… ខ្ញុំ អ្ហឹក… ជួយខ្ញុំផង!… អ្ហឹក! ជួយផង!”
កាយស្តើងត្រូវរមៀលទៅម្ខាងផ្លូវដេកស្តូកស្តឹងក្នុងធ្លុកឈាមជះក្លិនឆ្អាបភាយពេញច្រមុះ។ ដៃស្រឡូនដែលពោរពេញដោយស្នាមឆូត ស្រវាលើកឡើងទាំងមានវត្ថុខាប់ៗហូររហេមរហាមចេញពីសព្វរាងកាយ ស្រែកហៅជំនួយទាំងកែវភ្នែកងងឹតឈឹងមើលអ្វីលែងឃើញ!
“…”
ស្ងាត់! ឡានដែលជិះបុកនាងអម្បាញ់មិញក៏បើកចេញទៅបាត់ធ្វើឱ្យនៅលើដងផ្លូវមួយនេះអស់សំឡេង នាងព្យាយាមផ្ទៀងស្តាប់គ្រប់យ៉ាងដែលមាននៅជុំវិញខ្លួននាង តែត្រចៀកទាំងគូទៅជាហឹងលែងទទួលបានរលកសញ្ញាមកពីខាងក្រៅ!
“ទេ!… ទេ! ខ្ញុំមិនគួរស្លាប់ទាំងបែបនេះទេ!” ព្រលឹងតូចទាបមួយដួងដែលមិនទាន់ដាច់អាល័យពីអ្វីគ្រប់យ៉ាងកំពុងប្រកែកទាមទារពេលវេលាក្នុងការរស់បន្តទាំងបេះដូងដែលលោតជាធម្មតា ចាប់ផ្តើមលែងដំណើរការបន្តិចម្តងៗ… រហូតដល់ដៃដែលលើកដង្ហើយរកជំនួយវិះតែអស់លំនឹងទម្លាក់មកក្រោមតាមទំនាញផែនដីទៅហើយ…។
“អ្នកនាង!!… អ្នកនាង កុំទាន់កើតអីណា!” បុរសវ័យកណ្តាលម្នាក់ដែលចេញមកពីទិសណាក៏មិនដឹងបានដើរសម្តៅមករករាងកាយដែលជិតលែងមានវិញ្ញាណនៅគ្រប់គ្រង។ ដៃធំលូកទៅចាប់ដៃដែលប្រឡាក់ឈាមជោកជាំថ្នមៗដើម្បីស្ទាបជីពចរឱ្យអ្នកម្ខាងទៀត ធ្វើឱ្យរាងកាយដែលទម្លាក់ត្របកភ្នែកចុះក្រោមជិតឈឹងកម្រើកភ្លាមៗចាប់ដៃអ្នកកំលោះជាប់!
“លោក!… លោកជួយខ្ញុំផង!”
“ខ្ញុំបានខលហៅឡានពេទ្យរួចហើយ… អ្នកនាងទ្រាំបន្តិចទៅ!” រាងក្រាស់និយាយទាំងព្យាយាមធ្វើចលនាឱ្យបេះដូង ឱ្យរាងកាយដែលដង្ហក់ខ្យល់រកអុកស៊ីសែនលែងបាន! រាងតូចសើចតិចៗទាំងក្រអូមមាត់បៀមឈាម។
(មើលទៅប្រុសម្នាក់នេះអាចទុកចិត្តបានតើ!) រាងស្តើងនិយាយក្នុងចិត្តម្នាក់ឯង។
វិនាទីបន្ទាប់… ត្បូងពណ៌ស្វាយមួយគ្រាប់ដែលចាប់ផ្តើមអស់ពន្លឺរស្មីដែលនាងតូចពាក់វាជាប់នឹងក ក៏បំលាស់ទីមកនៅលើបាតដៃរបស់នាង! កែវភ្នែកដែលងងឹតឈឹងមើលអ្វីលែងឃើញក៏ប្រែមកជាមានពន្លឺភ្លឺមួយខ្វាច់ ដូចកែវភ្នែកមួយគូដែលមានអំណាច! រាងស្តើងប្រើថាមពលដែលនាងមានចុងក្រោយបញ្ជូនត្បូងជីវិតនាងមួយគ្រាប់នោះចូលទៅក្នុងបេះដូងអ្នកកំលោះដែលព្យាយាមធ្វើចលនាសង្គ្រោះបន្ទាន់ឱ្យនាង។
“ខ្ញុំសុំផ្ញើវិញ្ញាណមួយនៅខ្លួនលោកផង!” រាងស្តើងនិយាយចប់ក៏ដាច់ដង្ហើមទៅទាំងគ្រប់កន្លែងនៅហូរឈាមរហាមស្របពេលដែលអ្នកម្ខាងទៀតស្រាប់តែយកដៃខ្ទប់ទ្រូងមួយទំហឹងព្រោះការឈឺចាប់ដូចមានអ្វីរុកចូល បានបុកទម្លុះរាងកាយអ្នកកំលោះគ្រប់សរសៃ!
“អូយ!!… នេះម៉េចក៏សុខៗមកចុកទ្រូងបែបនេះទៅវិញ?” អ្នកកំលោះនិយាយដោយដកដៃចេញពីប្រអប់ទ្រូងនាងក្រមុំមកស្ទាបទ្រូងខ្លួនឯងដោយការងឿងឆ្ងល់។ តែវិនាទីបន្ទាប់ដែលអ្នកកំលោះចាប់ភ្លឹកដឹងថាស្រីតូចដែលនៅនឹងមុខគេបានចែកឋានទៅបាត់ហើយ! រាងកាយដែលកំពុងបង្ហាញរូបរាងពិតប្រាកដរបស់វាក៏អស់ជីវិតឈប់ដំណើរការត្រឹមនេះ… ទុកឱ្យកន្ទុយដែលកំពុងបំលែងកាយមករូបរាងពិតរបស់វាស្កុបត្រឹមនោះ!
ពិតមែនហើយ… នាងមិនជាមនុស្សទេ! តែរាងក្រាស់ក៏មិនបានចាប់អារម្មណ៍នឹងវាដូចគ្នា។ អ្នកកំលោះងើបឈរឡើងមួយអស់ជំហរនៃកម្ពស់១.៨០របស់គេ បង្ហាញរាងសង្ហាដែលមានមាឌមិនធាត់ពេកមិនស្គមពេក មើលដឹងបានថាជាមនុស្សធ្វើការងារច្រើនតែក៏នៅមានពេលវេលាមើលថែខ្លួនឯង។ ពន្លឺព្រះចន្ទព្រាលៗតែយើងក៏អាចមើលឃើញថាមុខរបស់គេសង្ហាប៉ុនណា…ចិញ្ចើមក្រាស់ កែវភ្នែកពណ៌ត្នោតសមសួននឹងភ្នែកធំល្មម ច្រមុះស្រួច ស៊ីគ្នានឹងឈ្មោះ ណារ៉ាត់ ពីកំណើត…បូករួមនឹងញើសប៉ុនៗគ្រាប់ពោតដែលនៅពាសពេញមុខរបស់គេកាន់តែធ្វើឱ្យគេកើនភាពទាក់ទាញបានមួយតង់ទៀត!
អ្នកកំលោះលូកដៃទៅបិទភ្នែកឱ្យនាងតូច មិនយកអាវក្រៅរបស់គេគ្របមុខនាង រួចដើរទៅម្ខាងដើម្បីលើកទូរសព្ទដែលខលមកមិនឈប់…។
មួយស្របក់ក្រោយ…….
បន្ទាប់ពីនិយាយទូរសព្ទហើយ ណារ៉ាត់ក៏ដើរមករកសាកសពនាងតូចដែលគេមិនស្គាល់ឈ្មោះម្នាក់នេះវិញ។ ដំណើរដើរតាមផ្លូវទៅរកសាកសពរបស់អ្នកកំលោះពោរពេញដោយការគិតរាប់មិនអស់។ គេមិនដឹងថាគេគួរតែទៅបំពេញកិច្ចការដែលប្រញាប់បន្ទាន់របស់គេពេលនេះ ឬគួរទុកសាកសពនាងចោលនៅទីនេះម្នាក់ឯងឡើយ! បងប្រុសគេស្លាប់ហើយ… គេទៅក៏មិនទាន់ដង្ហើម សំខាន់នៅជួយស្រីម្នាក់នេះឱ្យចប់ចុងចប់ដើមសិនក៏បាន។ យ៉ាងណាមិញជីវិតមួយដូចគ្នា គ្រួសារនាងក៏ប្រាកដជាពិបាកចិត្តមិនស្ទើរដូចគ្នា។ ណារ៉ាត់គិតក្នុងចិត្តម្នាក់ឯងហើយក៏បន្តដើរទៅមុខទៀត
“ហេតុអីក៏ឡានពេទ្យយូរយ៉ាងនេះ…ហ៊ើយយយ!” ណារ៉ាត់ស្រែកមួយវ៉ាសដល់ភ្លាត់សំឡេងពេលដែលសាកសពដែលសាកសពដែលគេលើកចេញពីភ្លុកឈាមអម្បាញ់មិញ បែរជាបាត់ស្រមោលឈឹងនៅសល់តែអាវក្រៅរបស់គេ តែក៏មិនដឹងថាវាជាសំណាងល្អឬសំណាងអាក្រក់ដូចគ្នាដែលសាកសពបាត់ទៅចំពេលដែលឡានពេទ្យមកដល់ល្មម!
ខុនដូរមួយកន្លែង…
បន្ទាប់ពីដោះស្រាយនឹងប៉ូលិសដើម្បីបញ្ជាក់ឱ្យអស់សង្ស័យថាគេមិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះ ហើយបន្ទាប់ពីទៅបំពេញការងារដទៃរួចហើយ អ្នកកំលោះក៏ត្រឡប់មកខុនដូររបស់ខ្លួនវិញទាំងអារម្មណ៍មិននៅក្នុងខ្លួន!
ឈូៗ…..!
ណារ៉ាត់ក៏ដើរចូលបន្ទប់ដើម្បីលុបមុខចេញឱ្យបានស្រឡះខួរក្បាលខ្លះបន្ទាប់ពីរយៈពេលមិនដល់មួយម៉ោងផងគេក៏ត្រូវខ្មោចលងជាន់ៗគ្នាចង់៥ដងទៅហើយ! នៅមិនទាន់ឆ្អែតត្រូវឃើញសាកសពបាត់ស្រមោលទៅណាក៏មិនដឹងនៅនឹងមុខរបស់គេទៀត។
“ម្តងទៅបាត់សាកសព ម្តងទៅឃើញឆ្លុះកញ្ចក់ឃើញមុខអ្នកផ្សេង ដល់តទៀតទៅឡានរលត់មិនអស់ចិត្ត ម្តងទៀតអំពូលសុខៗក៏ដាច់ហើយសុខៗក៏ភ្លឺ…មិនប្រណីសូម្បីពេលបាយក៏ឱ្យឮសូរសំឡេងទំពារបស់អ្នកណាមិនដឹងនៅក្បែរៗត្រចៀក ទោះខ្ញុំឈប់ទំពាបាយហើយក៏នៅតែឮទៀត!… អាយយយ! តើថ្ងៃនេះខ្ញុំកើតអី? ហេតុអីក៏ធ្វើបុណ្យទៅជាបានទោសបែបនេះ អ្នកណាទៅហេតុអីចាំបាច់ធ្វើបាបមនុស្សល្អដូចខ្ញុំ?!!” អ្នកកំលោះស្រែកដាក់កញ្ចក់បន្ទាប់ពីត្រូវខ្មោចស្រីម្នាក់លងនាយវិះតែលស់ព្រលឹងម្តងៗព្រោះសកម្មភាពចេញមកពិតៗពេក ទោះគេសូត្រធម៌ត្រឡប់ត្រឡិនយ៉ាងម៉េចក៏ខ្មោចនោះមិនខ្លាច!…
តុកៗ…
ស្ងាត់ៗពេលណារ៉ាត់កំពុងឱនមុខជ្រប់នឹងចានលាងដៃសំឡេងគោះកញ្ចក់ក៏បន្លឺឡើងធ្វើឱ្យរាងក្រាស់ងើបឆ្ងក់ទៅតាមសំឡេង តាមទម្លាប់ឆ្ងល់ច្រើនរបស់គេ… តែរូបភាពដែលគេបានឃើញក៏ធ្វើឱ្យគេដាច់ផ្ងារទៅក្រោយពេលរូបភាពមនុស្សស្រីស្លេកស្លាំង សក់វែងអន្លាយ ម្នាក់បង្ហាញខ្លួនក្នុងកញ្ចក់របស់គេ អ្វីដែលពិសេសនោះគឺ….
“នា-នាងៗ…ជាព្រលឹងខ្មោ-ខ្មោច…ដែលខ្ញុំជួយមុននោះតើមែនទេ??… ខ្ញុំសុំអង្វរទៅចុះ វាមិនមែនជាកំហុសខ្ញុំទេដែលសាកសពនាងសុខៗក៏បាត់ទៅ…ឈប់តាមលងបន្លាចខ្ញុំទៅ!” ណារ៉ាត់សួរទាំងដាច់ៗទៅកាន់រូបរាងច្បាស់ៗបែបHDរបស់មនុស្សស្រីដែលបានស្លាប់មុននេះហើយក៏បាត់សាកសពទៅភ្លាមៗ ទាំងខ្លួនគេផ្ទាល់ក៏មិនបានចាប់អារម្មណ៍នឹងដៃទន់ៗដែលទប់ក្បាលគេខាងក្រោយកុំឱ្យគេបោកក្បាលនឹងជញ្ជាំងស្លាប់ពេលដាច់ផ្ងារអម្បាញ់មិញថាជាដៃរបស់នាងដែលទប់ខ្លួនឱ្យគេ!
“អត់ទេៗ…វាមិនមែនកំហុសលោកទេណា៎! កុំបន្ទោសខ្លួនឯងអី!” សំឡេងស្រួយខ្ញោកដូចកូនក្មេងរបស់ព្រលឹងមនុស្សស្រីម្នាក់ទម្រង់វ័យម្ភៃជាងព្រោះស្បែកមុខនាងនៅសស្អាត ថ្ពាល់ខួចទាំងសង ចិញ្ចើមមិនស្តើងមិនក្រាស់តែកោងខ្វង់ដូចគេគូរ ភ្នែកពណ៌ទឹកសមុទ្រស៊ីគ្នានឹងបបូរមាត់ពណ៏ស៊ីជម្ពូរបស់នាង ច្រមុះស្រួចតែសមនឹងត្រចៀកវែងៗរបស់នាង។ តើឱ្យវាកំហុសអ្នកកំលោះបានយ៉ាងម៉េចទៅបើនាងជាអ្នកប្រើវេទមន្តបញ្ជូនសាកសពទៅទីដែលឪពុកនាងរស់នៅដើម្បីផ្តល់ដំណឹងដែលនាងស្លាប់បាត់ទៅហើយ។
“ចុះហេតុអីក៏នាងតាមលងបន្លាចខ្ញុំ…”
“គឺខ្ញុំគ្មានរូបកាយនឹងហើយទើបមុនខ្ញុំស្លាប់ខ្ញុំសុំផ្ញើព្រលឹងនឹងខ្លួនលោកសិន!” ស្រីតូចក្នុងកញ្ចក់និយាយមួយៗច្បាស់ៗដូចមនុស្សធម្មតា… ត្រូវហើយ! នាងជាមនុស្សធម្មតាតើគ្រាន់តែរាងកាយនាងត្រូវបាត់ទៅទើបព្រលឹងនាងគ្មានទីពឹង!
“ហេតុអីជាខ្ញុំ…”
“ព្រោះលោកជាមនុស្សដែលខ្ញុំបានជួបមុនស្លាប់នោះអី! កុំមើលខ្ញុំបែបនេះអី… ខ្ញុំសុំស្នាក់អាស្រ័យក្នុងខ្លួនលោកតែមួយរយៈទេណា៎”
“យូរប៉ុនណា?”
“លោកយល់ព្រមមែនទេ?” រាងតូចនៅក្នុងកញ្ចក់សើចសប្បាយរីកមុខដូចគ្រាប់ជីតែក៏ស្នាមញញឹមនោះក៏បាត់ទៅវិញពេលអ្នកកំលោះបដិសេធ
“ណា៎ៗ អ្នកប្រុសចិត្តល្អ…មិនយូរទេ! ពេលខ្ញុំរកសាកសពខ្លួនឯងឃើញពេលណាខ្ញុំនឹងចាកចេញភ្លាម!” រាងល្អិតនិយាយទាំងធ្វើទឹកមុខគួរឱ្យអាណិតធ្វើឱ្យអ្នកម្ខាងទៀតអត់ទន់ចិត្តមិនបាន។ មិនឱ្យទន់ចិត្តយ៉ាងម៉េចបានទៅបើនាងប្រើសិល្ប៍សណ្តំគេទៅហើយ ហាហា!
“ចាត់ទុកថាខ្ញុំជាមនុស្សចូលចិត្តធ្វើបុណ្យ…ខ្ញុំឱ្យនាងនៅក្នុងខ្លួនខ្ញុំសិនក៏បាន!” ណារ៉ាត់និយាយទាំងងាកកទៅម្ខាងព្រោះមិនយល់នឹងខ្លួនឯងហេតុក៏ទន់ចិត្តតាមព្រលឹងស្រីមិនស្គាល់មុខម្នាក់នេះ?
“ត្រូវហើយ!… នាងឈ្មោះអី?”
“លូណា! ចុះលោក?”
“ណារ៉ាត់!”
“ណារ៉ាត់ឬ? ឈ្មោះពីរោះដល់ហើយ!!… រីករាយដែលបានស្គាល់លោក”
“ហាហា ខ្ញុំមិនបានសប្បាយជាមួយអ្នកនាងទេ! ហើយក៏ឈប់សម្លឹងខ្ញុំបែបនេះទៅ!… គ្រាន់តែមុខស្លាំងៗគ្មានឈាមរបស់នាងនៀក វាធ្វើឱ្យខ្ញុំខ្លាចបាត់ទៅហើយ!” ណារ៉ាត់ងាកមុខចេញ
“ខ្ញុំមកបែបស្អាតៗហើយតើ! មកពីសម្បុរស លោកចង់ឱ្យខ្ញុំកែបែបណា?!”
“ខ្ញុំអាចនិយាយគ្នាជាមួយនាងខាងក្រៅបានទេ… ខ្ញុំត្រូវការងូតទឹក… អេ៎!! ចុះបើនាងខ្ចីរាងកាយខ្ញុំនៅអ៊ីចឹង…អាអូនខ្ញុំនាងមិនឃើញវាអស់ហើយមែនទេ!!” ណារ៉ាត់ដែលទើបតែនឹកឃើញក៏ភ្ញាក់ក្រញាងយកដៃខ្ទប់ល្វែងក្រោមត្រង់កន្លែងសម្ងាត់របស់ខ្លួន ដែលធ្វើឱ្យលូណាឃើញហើយទប់សំណើចមិនបាន
“លោកកុំភ័យអី! ខ្ញុំខ្ចីរាងកាយលោកនៅមិនបានគ្រប់គ្រង ឬចូលសណ្ឋិតព្រលឹងលោកទាំងមូលទេ!” លូណានិយាយតែត្រឹមនេះខ្ជិលបញ្ជាក់អ្វីច្រើនព្រោះអ្នកកំលោះមកដល់ពេលនេះគួរតែត្រូវថ្នាំសណ្តំបន្ទន់ចិត្តរបស់នាងជ្រាបចូលគ្រប់សរសៃឈាមហើយ។
អេ៎! កុំថាលូណាជាក្មេងមិនល្អណា! លូណាប្រាប់ឱ្យហើយ…ថ្នាំសណ្តំនោះលូណាដាក់គឺគ្រាន់តែចង់ឱ្យការរស់នៅដំបូងក្នុងរាងកាយតែមួយជាមួយប្រុសម្នាក់នេះប្រព្រឹត្តទៅបានងាយស្រួលប៉ុណ្ណោះ! ណាមួយលូណាចូលរាងកាយគេបានក៏ព្រោះក្នុងបេះដូងគេមានត្បូងព្រលឹងរបស់លូណា… អ៊ីចឹងហើយឈប់ឆ្ងល់ ហើយចេះតែសង្ស័យលើលូណាទៅ ខិខិ!
“អ៊ីចឹងនាងចេញសិនបានទេខ្ញុំសុំពេលដើម្បីងូតទឹកសម្អាតខ្លួន!” ណារ៉ាត់និយាយទាំងមុខក្រហមងាំងពេលនឹកដល់ទិដ្ឋភាពមនុស្សស្រីម្នាក់បានឃើញរាងកាយគេហ្វ្រីៗ!
“ក្រែងខ្ញុំប្រាប់លោកហើយមែនទេ ថាខ្ញុំមិនបានគ្រប់គ្រង់ព្រលឹងលោកឡើយ… ដូច្នេះព័ត៌មានក្នុងខួរក្បាលលោកខ្ញុំទទួលមិនបានទេ!” ហិហិ តែទិន្នន័យពីបេះដូងលោកខ្ញុំទទួលបានទាំងអស់! ហាសហា ប្រុសម្នាក់អីក៏ឆាប់អៀនម្ល៉េះ?
“តែខ្ញុំពិតជាមិនស្រួលក្នុងចិត្តពិតមែនពេលដឹងថានាងនៅក្នុងខ្លួនជាមួយខ្ញុំពេលងូតទឹកបែបនេះ” ហ៊ើយ!! មើលទៅថ្នាំសណ្តំដូចជាចូលមិនធ្លុះស្បែកមនុស្សប្រុសនេះទេ!
“អ៊ីចឹងលោកជូនខ្ញុំទៅអាងទឹកលោកត្រាំខ្លួនហើយបើកទឹកឱ្យពេញក្នុងនោះសិនទៅ បន្ទាប់មកបិទភ្នែករបស់លោកខ្ញុំនឹងចេញពីរាងកាយលោកបាន១០-២០នាទីដែរ” នាងតូចរៀបរាប់អ្វីដែលអ្នកកំលោះត្រូវធ្វើដើម្បីយកព្រលឹងនាងចេញពីខ្លួនគេមួយរយៈខ្លីរួច ណារ៉ាត់ក៏ធ្វើតាមទាំងលួចរអ៊ូម្នាក់ឯងដែលទៅជាចិត្តទន់យល់ព្រមជាមួយនាង។
…..ឈូៗៗ…..
“បើខ្ញុំជួយនាងរកឃាតកៈបានកាន់តែលឿននោះនាងនឹងកាន់តែឆាប់ចេញពីខ្លួនខ្ញុំមែនទេ?” ណារ៉ាត់អង្គុយលើចានបង្គន់និយាយជាមួយលូណាដែលអាចឆ្លើយឆ្លងនឹងគេបានតាមរយៈរលកសញ្ញាឱ្យគេឮតាមត្រចៀករបស់គេផ្ទាល់។
“មិនបានបង្ខំ! បើលោកចិត្តល្អក៏ជួយខ្ញុំមក!!” លូណានិយាយហីៗទាំងការពិតនាងចាំមុខអ្នកដែលជិះបុកនាងបានយ៉ាងច្បាស់!
“ហ៊ឹមម! ខ្ញុំមានជម្រើសអីផ្សេងក្រៅពីជួយនាងទៅ?” ហិហិ លូណាសើចតិចៗរួចក៏ប្រាប់ឱ្យរាងក្រាស់បិទទឹកនិងបិទភ្នែករបស់គេព្រោះទឹកបានបង្ហូរពេញអាងត្រាំខ្លួនហើយ!
វិនាទីបន្ទាប់រឿងរ៉ាវមហិទ្ធិឫទ្ធិមួយក៏បានកើតឡើង!… ភ្លើងភ្លឺចែងចាំងបានបញ្ចេញចេញពីស្រមោលព្រាលៗដែលយើងមើលដឹងថាជាដៃលូណាបានដកព្រលឹងរបស់នាងចេញពីខ្លួនអ្នកកំលោះ។ រូបរាងពិតប្រាកដរបស់លូណាក៏បានចេញមកខាងក្រៅបែបជារូបរាងមនុស្ស… ពន្លឺចែងចាំងទាំងអស់ក៏រសាត់ចូលគ្នាបង្កើតចេញជារូបរាងម្កុដមាសមួយដែលនាងប្រើយុទ្ធសិល្ប៍លាក់ពីភ្នែកមនុស្សគ្រប់គ្នាហើយក៏ជាម្កុដដែលតែងតែផ្តល់ថាមពលឱ្យនាង។ ដៃស្រឡូនទាំងគូលាតឡើងត្រដាង ម្កុដមាសក៏ចាប់ផ្តើមបញ្ជារាងកាយឱ្យមានវិជ្ជានិងដាស់វេទមន្តទាំងឡាយដែលនាងមានឱ្យក្រោកឡើងវិញបន្ទាប់ពីម្រាមដៃទាំងដប់គ្រប់ដណ្តប់ដោយទឹកដែលហោះហើរឡើងមកប្រៀបដូចផែនដីគ្មានទំនាញមកតាមកម្លាំងស្រូបរបស់នាង… ប៉ុន្មាននាទីកន្លងផុតទៅពន្លឺចែងចាំងក៏រលត់ចំណែកទឹកក្នុងអាងក៏លែងមាននៅសល់… អ្វីដែលសល់គឺដានជើងរបស់លូណាដែលមានដាមទឹកពីក្រោម រួចនាងក៏បន្តដើរចេញទៅក្រៅទាំងរាល់ស្នាមជើងគ្រប់ជំហានរបស់នាងគឺមានទឹកដាមដល់ឥដ្ឋខាងក្រៅបន្ទប់ទឹក។
“លោកងូតទឹកបានហើយ!” នាងនិយាយរួចក៏ឈរផ្អែកជញ្ជាំងនៅខាងក្រៅមាត់ទ្វារទាំងពេលនេះនាងមានខ្លួនប្រាណមួយប្រៀបដូចមនុស្សទូទៅ ទាស់តែរាងកាយមួយនោះគ្មានមុខមាត់ពិតប្រាកដ…នាងជ្រើសឱ្យណារ៉ាត់បិទភ្នែកព្រោះគ្មានមនុស្សណាចង់ឃើញរាងកាយមនុស្សមួយដែលសូនឡើងពីទឹកឡើយ!
“តែកុំភ្លេចណា៎!… ពេលលោករួចរាល់កាលណាប្រាប់ខ្ញុំផងព្រោះខ្ញុំចេញពីរាងកាយមិនបានយូរទេ!” នាងតូចនិយាយ…
បន្ទាប់ពីណារ៉ាត់សម្អាតខ្លួនរួចរាល់អស់នាងក៏ធ្វើរឿងដដែលដែលនាងបានធ្វើមុននោះខុសតែលើកនេះដើម្បីឱ្យព្រលឹងនាងចូលខ្លួនអ្នកកំលោះបាននាងគ្រាន់តែត្រូវការទឹកមួយតំណក់ឱ្យខ្ទាតទៅប៉ះទ្រូងគេតែប៉ុណ្ណោះ… រួចហើយរាងកាយដែលសូនពីទឹករបស់នាងនឹងរសាយក្លាយជាទឹកធម្មតានៅក្នុងអាងត្រាំខ្លួនវិញជាធម្មតា គ្មានសូម្បីបន្លឺសំឡេងឱ្យអ្នកកំលោះឮ!
មួយខែក្រោយមក
ពេលវេលាចេះតែដើរកន្លងទៅមុខ…ទំនាក់ទំនងរបស់ពួកគេក៏ប្រែប្រួលទៅតាមពេលវេលាដែលដុសខាត់ឈ្មោះជាអ្នកដទៃដោយរសាត់រសាយរលាយ នៅពេលនេះមនុស្សធ្លាប់តែមានចរិកពីរដែលធ្លាប់តែសម្តីមិនល្អដាក់គ្នា គម្រោះគម្រើយ និងនិយាយមិនដែលត្រូវគ្នាពេលនេះប្រែមកជិតស្និទ្ធដូចមិនធ្លាប់មានដាក់អ្នកណាកន្លងមក មនុស្សធ្លាប់តែមិនដែលស្គាល់គ្នាទាល់តែសោះពេលនេះក៏នៅក្បែរគ្នា ស្របគំនិតគ្នាដូចព្រលឹងពីររលាយចូលគ្នាក្លាយជាវិញ្ញាណតែមួយ
“លូណាហ្អា៎!”
“ហ៊ឹម?”
“យើងឆ្ងល់មែនណាហេតុអីរាងកាយមនុស្សមានមួយផែនដីតែឯងជ្រើសរើសយករាងកាយយើង?” អ្នកកំលោះកាន់នំញ៉ាំបណ្តើរនិយាយបណ្តើរនៅក្នុង office ធ្វើការនៅការាស់ឡានរបស់គេដែលជាកេរមរតកមកពីម៉ាក់ប៉ារបស់គេដែលស្លាប់ទៅជាយូរ… ចំណែកពេលនេះការនិយាយតែម្នាក់ឯងសម្រាប់ណារ៉ាត់គឺក្លាយជាទម្លាប់មួយទៅហើយ! អ្នកដទៃគេអាចមើលមកថាអ្នកកំលោះជាមនុស្សឆ្កួត តែក្រៅពីណារ៉ាត់ផ្ទាល់គ្មានអ្នកដឹងទេថាគេកំពុងតែនិយាយជាមួយមនុស្សស្រីម្នាក់ដែលគេបានលួចមានកូនចិត្តស្រឡាញ់នាង… ក៏ព្រោះចរិករឹងរូសនិងឡិកឡក់ម្ញិកម្ញក់របស់នាង។ អាចនិយាយបានថានាងជាមនុស្សស្រីទីមួយហើយដែលស្និទ្ធស្នាលនឹងគេបែបនេះ… ព្រោះណារ៉ាត់ជាមនុស្សសុភាពរាបសាតែសម្រាប់បេះដូងគេគឺត្រជាក់ស្រេបគ្មានចិត្តដែលចង់គិតពីរឿងគូស្រករអ្វីឡើយ… ទើបធ្វើឱ្យវត្តមានលូណាក្លាយជាកម្តៅភ្លើងដែលស្អំបេះដូងឱ្យមានកម្តៅលែងដូចមុនឬក៏អាចមកពីនាងជាមនុស្សទីមួយ ជាមនុស្សដែលនាំអ្វីៗដែលថ្មីមកឱ្យគេទើបអារម្មណ៏មួយនេះគេមិនធ្លាប់ទទួលពីស្រីណាទាល់តែសោះ ទើបគេចិត្តទន់បែបនេះ?
“ថៅកែ?… ថៅកែនិយាយជាមួយអ្នកណា!” តុលាដែលថាចូលមកយកវិក្កយបត្រពីអ្នកកំលោះក្នុងបន្ទប់ធ្វើការក៏ឈរស្ងៀមដូចគល់ឈើពេលឃើញចៅហ្វាយគេនិយាយម្នាក់ឯងដូចមនុស្សឆ្កួត។
“អឺ… លូណា! ជួយរកលេសបន្តិចមក!!” អ្នកកំលោះនិយាយខ្សឹបៗម្នាក់ឯងឱ្យនាងតូចស្តាប់ឮស្របពេលខ្សែភ្នែកងឿងឆ្ងល់របស់តុលានៅបាញ់មកគេមិនឈប់
“កាសប៊្លូធូ…អឺ…គឺយើងនិយាយគ្នាតាមទូរសព្ទឯងមានការអីមែនទេ?”
“អ៎! បាទគ្មានទេថៅកែគឺមកយកវិក្កយបត្រ”
“Ok នេះយកទៅ!” ណារ៉ាត់និយាយរួចក៏លួចសើចតិចៗជាមួយនាងតូចពេលតុលាដើរចេញទៅបាត់…វាពិតជាក្លាយជាទម្លាប់មួយថ្មីសម្រាប់គេពិតមែន!
“តស់!… ឯងនិយាយបានឬនៅថាហេតុអីឯងជ្រើសរើសយើង”
“អាចថា… ពួកយើង…”
“ពួកយើងយ៉ាងម៉េច??”
“គឺ…ពួកយើង…អាចមាន…ទំនាក់ទំនងគ្នាពីជាតិមុន! ត្រូវហើយគឺរបៀបជា…ជាគូស្នេហ៍ពីអតីតជាតិអ៊ីចឹងណា៎!” លូណានិយាយទាំងរដាក់រដុបបំផុត មាត់តូចរៀបពាក្យនិយាយសឹងមិនត្រូវ
“គូពីអតីតជាតិយ៉ាងម៉េច?” ណារ៉ាត់ធ្វើជាហីៗសួរទៅនាងក្រមុំទាំងគេស្គាល់គ្រប់យ៉ាង
“ហ៊ឹមម…មួយរូបនេះពន្យល់បានឬនៅ?” ស្របពេលនាងតូចនិយាយចប់ រូបភាពមួយផ្ទាំងក៏ផុសចេញពីខួរក្បាលរបស់នាយ។
សំឡេងទឹករលកបោកទង្គិចគ្នានឹងឆ្នេរខ្សាច់ដែលពោរពេញដោយគ្រាប់ខ្សាច់តូចៗពណ៌សពាសពេញឆ្នេរ បានបង្ហាញឱ្យឃើញនូវដានជើងមនុស្សប្រុសស្រីពីរនាក់ដែលឈរទន្ទឹមគ្នា។ កែវភ្នែកខ្មៅយង់ ប្រសព្វនឹងកែវភ្នែកខៀវស្រងាត់ប្រៀបបាននឹងពណ៌ទឹកសមុទ្រដែលកំពុងសម្លឹងមើលមកខ្លួនទាំងភាពត្រេកអរ មុននឹងដៃទាំងសងរបស់នាងលើកឡើងរួចហក់ទៅឱបរាងក្រាស់មួយទំហឹង ស្រវាមុខសង្ហាមកដាក់បបូរមាត់របស់នាងឱ្យផ្អឹបជាប់នឹងបបូរមាត់របស់នាយ ចំណែកណារ៉ាត់ក៏ស្រវាដាក់ដៃលើចង្កេះអង្ក្រងរបស់នាងតូចមុនបឺតយកភាពផ្អែមល្ហែមចេញពីបបូរមាត់ក្រពុំយ៉ាងជាប់ចិត្ត។
“បងនឹកអូន… លូណា!” ណារ៉ាត់ក៏ស្រាប់តែក្រហមមុខភ្លាមៗដូចម្ទេសទុំ ពេលសុខៗរូបភាពថើបគ្នារបស់ពួកគេនៅក្នុងសម្លៀកបំពាក់សម័យមុនបានលេចឡើងភ្លាមៗ… នេះជាការពិតទេដឹងទើបអ្វីៗគ្រប់យ៉ាងកើតឡើងដូចព្រៀងទុកមុនបែបនេះ?
អារ៉ាត់!…នេះរឿងគូអតីតជាតិគឺមានមែនដូចគេនិយាយចឹងឬវ៉ើយ!!…
ពាក្យប៉ុន្មានម៉ាត់ដែលលូណានិយាយបូករួមនឹងរូបភាពមួយដែលនាងតូចទាញចេញពីអតីតជាតិមកបង្ហាញគេក៏ធ្វើឱ្យអ្នកកំលោះជឿស្លុបព្រោះគេជាមនុស្សចូលចិត្តដឹងឮពីរឿង soulmate នឹងពួកតារានិករតាមបែបវិទ្យាសាស្រ្តអស់ទាំងនោះឯង!
“ហេតុអីក៏រូបភាពដែលខ្ញុំនឹងនាងថើបគ្នាមួយនោះដូចការពិតម្ល៉េះ? ទេសភាពមាត់ឆ្នេរ… ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាវានៅថ្មីថ្មោង?…ទេ! ខ្ញុំមិនដែលទាំងថើបមនុស្សស្រីពីមុនមកផងម៉េចក៏ខ្ញុំដឹងបានថាវាមានអារម្មណ៏បែបណា??… នាងនិយាយការពិតឬទេ?” ណារ៉ាត់និយាយក្នុងចិត្តម្នាក់ឯងពេលរូបភាពដែលគេបានឃើញពេលនាងតូចបញ្ចប់ប្រយោគរបស់នាងវានៅមានអារម្មណ៍ដូចថ្មីៗ! បេះដូងដែលលោតញាប់ញ័ររបស់ណារ៉ាត់បញ្ជាក់ឱ្យលូណានាងដឹងថាគេជឿសម្តីកុហករបស់នាងប៉ុនណា!…វាគ្មានផ្លូវឡើយដែលមនុស្សម្នាក់នេះជាគូអតីតជាតិរបស់ខ្ញុំ! មនុស្សប្រុសម្នាក់នេះខ្ញុំគ្រាន់តែលេងសើចនឹងគេប៉ុណ្ណោះ!
“កុំលេងសើចណា៎ លូណា! ឯងនិយាយមែនឬលេង?”
“រឿងបែបនេះលេងសើចបានឬ?” លូណានិយាយបង្ហាញពីភាពស្អាតស្អំក្លែងក្លាយរបស់នាង
“ឯងគិតខ្លួនឯងទៅមើលបើនេះមិនមែនជានិស័្សយ តើជាស្អីទៅដែលធ្វើឱ្យពួកយើងមានទំនាក់ទំនងបែបនេះ?”
“ជាការសងកម្ម… គ្មានអីទេ!” អ្នកកំលោះនិយាយរួចក៏លើកដើរទៅមើលពន្លឺព្រះអាទិត្យចាំងមកតាមកញ្ចក់ដែលទើបតែរះបញ្ចេញពន្លឺប៉ុន្មានម៉ោងមុន…
រស្មីពន្លឺព្រះអាទិត្យចាំងឆ្លុះបង្ហាញទឹកមុខដែលក្រៀមក្រំ
“បើពួកយើងជាគូពីអតីតកាលក៏សុំឱ្យពួកយើងជាគូពិតមិនមែនគូកម្មទៅចុះ…ព្រោះ…” និយាយកាត់ដល់ត្រឹមនេះ…រឿងមួយដែលតែងតែតាមលងបន្លាចគេក៏បានផុសឡើងមកទើបស្នាមញញឹមត្រូវរលាយបាត់ពីលើផ្ទៃមុខរលោងរបស់អ្នកកំលោះ! ណារ៉ាត់បញ្ឈប់ការគិតដ៏សោកសៅមួយនោះត្រឹមនេះសិន…បើមានឱកាសថ្ងៃណាមួយគេនឹងប្រាប់នាងគ្រប់យ៉ាង! រាងក្រាស់យកដៃស្ទាបបបូរមាត់ដែលនៅដិតដាមនឹងរូបភាពមួយសន្លឹកមុននេះនៅឡើយ ទើបនាយដកដង្ហើមមួយហឿកឱ្យកម្លាំងចិត្តខ្លួនឯងរួចសម្រេចចិត្តថាដាក់សំណួរថ្មីឱ្យខ្លួនឯង…
“បើឯងពិតជាស្រឡាញ់នាងហើយនាងពិតជាគូអតីតកាលរបស់ឯងមែន…ឯងអាចធ្វើឱ្យនាងស្រឡាញ់ឯងម្តងទៀតទេ?”
មិនយូរមិនឆាប់រយៈពីរខែទៀតក៏បានកន្លងផុតទៅទាំងលូណាមិនទាន់រកឃាតកៈឃើញ… ទោះបីមានជំនួយពីណារ៉ាត់ឬយ៉ាងក្តីក៏មើលទៅការតាមស្វែងរករបស់លូណានៅតែមិនបានចម្លើយ។
ឈូៗ….
កណ្តាលអាធ្រាត្រមេឃក៏បង្អុរភ្លៀងមកមិនឈប់ឈរប្រៀបដូចខឹងនឹងអ្នកណាម្នាក់
“នេះខ្ញុំមកត្រូវស្លាប់ទាំងគ្មានបានធ្វើអ្វីសោះសូម្បីរកមុខឃាតកៈរដែលសម្លាប់ខ្លួនអ៊ីចឹងឬ??” នាងតូចនិយាយដោយសម្លឹងទៅខាងក្រៅកញ្ចក់ឡានដែលខ្លួនអ្នកកំលោះនៅអង្គុយស្ងៀមៗបើកឡានតាមបណ្តោយឆ្នេរហាក់ចង់នាំនាងទៅរកអ្វីម្យ៉ាង!
“ទុករឿងនោះមួយឡែកសិនបានទេលូណា? ខ្ញុំ…ខ្ញុំចង់នាំនាងទៅកន្លែងមួយដើម្បីសារភាពរឿងខ្លះទៅនាង” ណារ៉ាត់និយាយទាក់ៗទាំងឈាមច្រាលមកពេញផ្ទៃមុខឱ្យថ្ពាល់ទាំងសងរបស់គេក្រហមព្រាលៗ
“ឯងចង់សុំស្រឡាញ់យើងត្រូវទេ?” លូណានិយាយទាំងមិនចេះខ្មាស!…បើគេមិនហ៊ានបោះជំហានមកមុនទុកឱ្យនាងអ្នកចូលទៅរកគេមុនក៏បាន! មិនប្លែកទេបេះដូងថ្មដែលតែងនិយាយថាទុកអ្នកកំលោះត្រឹមការលេងសើចពេលនេះក៏លង់ខ្លួនចូលអន្លង់ស្នេហ៍របស់គេពិតមែន! នេះស្អប់ជំពប់លើពិតមែន!
“ចុះ… ចុះនាង… នាងព្រមទេ?”
“ព្រមតើ!…បងសម្លាញ់ ហិហិ” នាងក្រមុំនិយាយ។ មិនមែននាងចិត្តងាយតែនាងទុកចិត្តច្បាស់ថា ណារ៉ាត់ជាមនុស្សបែបណា…ណាមួយគេក៏គង់តែត្រូវស្លាប់មុននាងដដែល! បន្ទាប់ពីនិយាយជាមួយអ្នកកំលោះចប់នាងក៏ងាកលួចញញឹមលាក់គំនួចម្នាក់ឯង។
“ឯងស្រឡាញ់យើងណាស់ឬ?…បាន! យើងបំពេញបំណងឯង ចំណែកឯង? ឯងក៏ត្រូវសងជីវិតយើងមកវិញដូចគ្នា!” លូណានិយាយម្នាក់ឯងមុនឈោងដៃទៅត្រងទឹកភ្លៀងរួចនិយាយឮៗ
“ចាប់ផ្តើមទៅបិតា!!” លូណាស្រែកមួយទំហឹងរួចឡានដែលកំពុងបើកក៏ផ្ទុះដល់ហុយផ្សែងទ្រលោមព្រោះអណ្តាតភ្លើងឆាបឆេះទាំងអស់ គឺត្រូវរលត់រលាយក្រោមស្នាដៃរបស់លូណាតែម្នាក់! ភ្លើងហ្វាឡានចាំងទម្លុះស្រទាប់អាប់អួរនាស្បៃរាត្រីបានបង្ហាញឱ្យឃើញនូវរូបរាងកាយពីកំណើតរបស់នាង ពេលឪពុករបស់នាងបានយករាងកាយរបស់នាងដែលតម្កល់នៅប្រាសាទក្រោមទឹកមកឱ្យនាងវិញ…
ខ្យល់រសាត់ផាត់ទៅផាត់មក នាំយកសរសៃសក់ដែលវែងអន្លាយពណ៌ស្វាយដិតរលើបរលោងដែលសើមជោកដោយទឹកភ្លៀងឱ្យរេទៅទៅតាមទិសដៅខ្យល់…នៅលើរាងកាយនាងមានលម្អដោយគ្រឿងអលង្ការចម្លែកៗអមដោយម្កុដមាសដាំត្បូងពេជ្យពណ៌ស្វាយរបស់នាង ធ្លាប់បង្ហាញវាឱ្យមនុស្សលោកឃើញម្តងពេលនាងបម្លែងព្រលឹងចេញពីអ្នកកំលោះ។ ល្វែងក្រោមនាងតូចមិនមែនជាមនុស្សតែគ្របដណ្តប់ដោយស្រកាពណ៌ស្វាយខ្ចីនិងកន្ទុយត្រីយ៉ាងធំបាចសាយ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថានាងជាបុត្រីទេពមច្ឆា!
ព្រូស!! ខ្លួនប្រាណដែលគ្មានជើងចាំទប់លំនឹងក៏ខ្ទាតទៅម្ខាងបន្ទាប់ពីនាងខំប្រឹងអស់សមត្ថភាពដើម្បីការពារណារ៉ាត់ពីវេទមន្តរបស់បិតាខ្លួន។
“លូ-លូណា?” រាងក្រាស់ដែលបោកក្បាលទៅម្ខាងផ្លួវស្រវេស្រវារកមើលនាងតូចតែបែរជាងាកមកជាចំពេលដែលបិតារបស់នាងរត់មកជួយកូនស្រីខ្លួន
“បុត្រត្រឡប់ទៅវិញបានហើយ! ចំណែកអាមនុស្សម្នាក់នេះទុកឱ្យបិតាចាត់ការ” រាងចំណាស់ដើរមកក្បែរកូនស្រីរួចក៏ជប់ជើងមនុស្សសិប្បនិម្មិតឱ្យនាងមួយគូជំនួសឱ្យកន្ទុយត្រីរបស់នាងមុនងើបឈរបម្រុងដើរសម្តៅទៅរកណារ៉ាត់ដែលដេកដង្ហក់ខ្យល់មើលមកនាងទាំងមិនយល់អ្វីគ្រប់យ៉ាង…
អ្វីដែលនាយដឹងតែមួយមុខគឺនាងបានជួយជីវិតខ្លួន។ សំឡេងតំណក់ទឹកហូរស្រក់ដែលទើរនៅលើស្លឹកឈើក្បែរនោះទាំងឡាយលាន់ឮជាតំណក់តក់ៗប្រៀបដូចតំណក់ឈាមដែលហូររសាត់តាមទឹកភ្លៀងដែលបង្ហូរចុះមកពីរាងកាយនាយកំលោះ…គេចាំបានយ៉ាងច្បាស់ថាខ្លួនប្រាណរបស់គេគឺត្រូវបានរុំព័ទ្ធដោយវត្ថុរាវៗម្យ៉ាងសព្វពេញរាងកាយមុនឡានមួយនេះផ្ទុះទើបនាយមិនទាន់បាត់បង់ជីវិតពីការខ្ទាតបំណែកឡានមកលើខ្លួន គឺត្រឹមត្រូវរបួសធ្ងន់ធ្ងរមិនដល់ស្លាប់ទេ!
“ឯងចាំបានទេថាឯងធ្លាប់ជិះឡានបុកមនុស្សស្រីម្នាក់កាលពីបីខែមុន!” សំឡេងធ្ងន់ៗមានអំណាចគំហកដាក់ណារ៉ាត់មួយទំហឹងធ្វើឱ្យនាយបើកភ្នែកធំៗ។
តាមការពិតលូណាបានដឹងគ្រប់យ៉ាងតាំងពីដំបូង! មុនពេលនាងត្រូវឡានមួយគ្រឿងនោះជិះបុកនាងគឺនាងបានចំណាំរូបរាងនិងមុខមាត់របស់ម្ចាស់ឡានបាត់ទៅហើយ…អ្វីគ្រប់យ៉ាងគឺគ្រាន់តែជាការសម្តែងរបស់នាងដើម្បីចង់ឃើញមុខពិតរបស់ណារ៉ាត់តែប៉ុណ្ណោះ!
“ហ៊ឹស! លោកប្រាកដជាច្រឡំមនុស្សហើយ!…លូណានាងស្អាតណាស់!” ណារ៉ាត់សើចតិចៗព្រោះគេដឹងច្បាស់ដូចថ្ងៃថាអ្នកណាជាឃាតកៈ ហើយថ្ងៃនេះគេក៏ចង់សារភាពគ្រប់យ៉ាងទៅនាងដូចគ្នាទើបនាយជិះឡានបម្រុងជូននាងមកកន្លែងកើតហេតុ… លូណាស្រាប់តែភ្ញាក់ខ្លួនភ្លាមពេលរាងក្រាស់និយាយដល់រឿងនេះ!
ត្រូវហើយសម្រាប់មុខមាត់ដូចនាងបើប្រៀបធៀបនឹងទេពមច្ឆាដទៃគឺនាងមានសម្រស់អន់ជាងគេ ដូច្នេះហើយទើបជីវិតនាងរស់នៅខាងក្រោមបាទសមុទ្រទាំងយំសស្រាក់គ្មានថ្ងៃលួសឡើយ ព្រោះតែងទទួលបានការរើសអើងនឹងការទុកចោលជាញយៗ…តែណារ៉ាត់ ទោះរូបរាងនាងបង្ហាញឱ្យគេឃើញក្នុងកញ្ចក់ជារូបនិមិ្មតក៏គេតែងតែនិយាយប្រាប់នាងជារើយៗថាសម្រស់របស់នាងស្អាតយ៉ាងណា…ចំណែកមកដល់ពេលនេះ ទោះមុខនាងអាក្រក់ដោយសារស្នាមដៅដ៏ធំមួយនៅលើមុខយ៉ាងណាក៏ក្នុងកែវភ្នែកណារ៉ាត់នាងនៅតែជាមនុស្សស្រីដែលស្អាតបំផុតដដែល!
“ណារ៉ាត់…យ៉ាងណាក៏ឯងនៅតែមានគុណលើយើងដដែល!…ហ៊ឹស ជួយឯងម្តងទៀតយើងក៏មិនស្លាប់ខ្លួនដែរ” លូណានិយាយសើចចំអកឱ្យខ្លួនឯងទាំងទឹកភ្នែកហូររហាមពោរពេញដោយការឈឺចាប់ ពេលដែលនាងស្រមៃដល់ទិដ្ឋភាពដែលនាងតែងតែបោកប្រាស់គេជាប្រចាំទាំងអ្វីដែលណារ៉ាត់ធ្វើគ្រប់យ៉ាងគឺសុទ្ធតែចេញពីចិត្តបូករួមទាំងរូបថតមួយសន្លឹកដែលណារ៉ាត់គិតថាជារូបដែលពួកគេធ្លាប់ជាគូនឹងគ្នាមានពីជាតិមុន…វាជាការប្រតិដ្ឋរបស់នាងគ្រប់យ៉ាង!
“ឯងស្មានថាយើងជឿឯងមែនទេ!!…លូណា! ឆាប់ចុះទៅក្នុងទឹកវិញទៅបុត្រ បិតាមិនចង់ឱ្យបុត្រប្រឡាក់ឈាមវាជាប់ខ្លួនទេ!”
“បុត្រមិនទៅ!…លុះត្រាតែបិតាយល់ព្រមនឹងសំណើរបុត្រ!”
“សំណើរអី?”
“ទុកជីវិតឱ្យគេ…”
“មិនបាន!”
“បិតាស្តាប់បុត្រ… សំណើររបស់បុត្រមិនវែងទេ។ ឱ្យបុត្ររលាយរូបកាយចេញពីឋានមួយនេះទៅ!… រាល់ដានជើងដែលកូនធ្លាប់បង្កើតនិងស្នាមស្នេហ៍ទាំងឡាយសូមឱ្យវារលាយបាត់ត្រឹមនេះចុះ…! ឱ្យឋានមួយនេះចាត់ទុកថាមិនដែលមានវត្តមានបុត្រីម្នាក់នេះទៅចុះ! បិតាដឹងច្បាស់ណាស់ថាបុត្រមិនស្លាប់ទេ…រំលាយគ្រប់យ៉ាង…គ្រប់យ៉ាងដែលកូនធ្លាប់សាងឱ្យសល់ត្រឹមការយល់សប្តិ… តើហេតុអីបិតាដឹងទេ? ព្រោះបុត្រ… មិនចង់ឱ្យគេឈឺចាប់! ចំណែករឿងរ៉ាវដែលគេធ្វើដាក់កូន សូមបិតាឱ្យបុត្រជាអ្នកសម្រេចគ្រប់យ៉ាង។ ទោះគេជាឃាតកៈសម្លាប់បុត្រតែគេសម្លាប់តែសាកសពសិប្បនិមិ្មតរបស់បុត្រទេ?…យ៉ាងណាគេក៏ធ្លាប់ផ្តល់នូវបទពិសោធដែលត្រឹមជាភាវៈខ្លួនជាមនុស្សជើងជាត្រីដូចកូនបានស្គាល់អ្វីហៅថាមនុស្ស…អ្វីហៅថាសម្រស់ពីធម្មជាតិ… គេបង្រៀនកូនគ្រប់យ៉ាងឱ្យស្គាល់តម្លៃខ្លួនឯងនិងចេះស្រឡាញ់នូវអ្វីដែលខ្លួនមាន… ដោះលែងគេទៅបិតា!… ឱ្យក្នុងយល់សប្តិរបស់គេមនុស្សស្រីម្នាក់នេះស្លាប់បាត់ទៅចុះ!” លូណានិយាយរៀបរាប់ទាំងទឹកភ្នែកហូររហាមលាយឡំនឹងភ្លៀងដែលបង្អុរចុះមកក៏ដោយសារស្នាដៃរបស់បិតានាង រួមទាំងគ្រោះថ្នាក់បំផ្ទុះឡាននេះដូចគ្នាគឺសុទ្ធតែជាស្នាដៃបិតានាង។ កែវភ្នែកដែលជោកជាំនឹងទឹកភ្នែកសម្លឹងមើលទៅអំបែងកញ្ចក់ឡានដែលខ្ទាតលើដងវិថី ពាសពេញក្នុងឡាននៅនៅលើស្បែកបុរសម្នាក់ដែលដេកលើដីត្រដរខ្យល់សម្លឹងមើលមកនាងទាំងមិនយល់គ្រប់យ៉ាង
“ផ្តល់ឱ្យគេត្រឹមការយល់សប្តិមែនទេ?”
“បិតាធ្វើបានទេ?” រាងចំណាស់ងក់ក្បាលយល់ព្រមគ្រប់យ៉ាងរួចក៏ចាប់ផ្តើមមហិទ្ធិឫទ្ធិទាញយកត្បូងព្រលឹងរបស់លូណាដែលនាងបញ្ចូលវាទៅក្នុងបេះដូងរបស់គេមកវិញហើយលុបចោលនូវការចងចាំទាំងឡាយឱ្យនៅសល់ត្រឹមការយល់សប្តិ…
វិនាទីបន្ទាប់ពន្លឺភ្លឺៗក៏បាញ់ឆ្វាចចូលភ្នែករបស់អ្នកកំលោះទើបគេងើបក្រញាងដៃក្រញាងជើងពេលដឹងថារឿងរ៉ាវទាំងអស់ត្រឹមជាការយល់សប្តិ
“ហេតុអីក៏ខ្ញុំតែងតែយល់សប្តិដដែលពីមនុស្សស្រីខ្លួនមច្ឆាម្នាក់នេះរហូត?…រឿងរ៉ាវក្នុងយល់សប្តិគឺដដែលៗ ជួយនាង ចួបនាង ត្រូវរស់នៅជាមួយនាងក្នុងរាងកាយតែមួយ ហើយចុងបញ្ចប់នាងក៏ស្លាប់ពេលពួកយើងគ្រោះថ្នាក់ចរាចរណ៏ជាមួយគ្នា… នេះខ្ញុំគិតមិនយល់ទេហេតុអីនាងចូលមកក្នុងជីវិតខ្ញុំហើយក៏ចេញទៅវិញដោយការស្លាប់ជំនួសពាក្យលាយ៉ាងនេះទៅវិញ?” ណារ៉ាត់យកដៃញីសក់ក្បាលមួយទំហឹងហើយក៏ងើបទៅបើកវាំងននដែលមានពន្លឺព្រអាទិត្យចាំងចូលសឹងខ្វាក់គ្រាប់ភ្នែក
“មែន! គ្រប់យ៉ាងវាជាកំហុសចៃដន់ដែលគ្មានចេតនាទាល់តែសោះ ដែលបងប្រុសភ្លោះរបស់ខ្ញុំបានធ្វើ…ប៉ុន្តែគាត់ក៏បានទទួលកម្មពៀរដែលគាត់បានប្រព្រឹត្តដូចគ្នា។
នៅក្នុងសុបិនមួយនោះ មិនយូរមិនឆាប់បន្ទាប់ពីស្រីមច្ឆាម្នាក់នោះជួបគ្រោះថ្នាក់បងប្រុសខ្ញុំក៏ត្រូវស្លាប់ក្នុងឡានដូចគ្នាព្រោះគ្មានជំនួយពីអ្នកណាទាល់តែសោះ…. អ៊ីចឹងតើហេតុអីនៅមុនពេលនាងស្លាប់នាងបែរជានិយាយពាក្យចម្លែកៗមកកាន់ខ្ញុំដែលខំធ្វើទង្វើល្អចំពោះនាងទៅវិញ?
“ចងចាំអូនផង…កម្មបងជំពាក់អូន ចាំសងជាតិក្រោយក៏បាន” អ្នកកំលោះក៏នឹកទៅដល់ពាក្យសម្ដីមួយប្រយោគដែលខ្លួនតែងតែឮនាងនិយាយមុនពេលនាងស្លាប់នៅក្នុងយល់សប្តិរបស់គេ ដែលនាយតែងតែចាំមិនភ្លេច! នាងនិយាយបែបនេះឬមួយក៏នាងមិនដឹងទេថាខ្ញុំមានបងប្អូនភ្លោះ?
“ហេតុអីក៏នាងមកនិយាយពាក្យទាំងនេះដាក់ខ្ញុំ? តើខ្ញុំជាប់កម្មអ្វីនឹងនាងទៅបើខ្ញុំគ្រាន់តែជាសង្សារកាលមុននាងស្លាប់ប៉ុណ្ណោះ!”
ចប់