ព្រលឹមភ្លឺច្បាស់ ព្រះសុរិយាកំពុងតែបញ្ចេញពន្លឺយ៉ាងចិញ្ចាចគងមាត់ព្រៃមកពីទិសបូព៌។ ខ្យល់ជំនោរកត្តិកបក់មករហៀកៗប៉ះកាយា ហាក់បីដូចជាកំពុងតែសណ្តំចិន្តាឱ្យទោរទន់ពិបាកនឹងហា វាចាបដិសេធចំពោះបំណងមួយនេះណាស់។ នៅរដូវរំហើយមិនសូវជាមានកម្តៅខ្លាំងពេកនោះទេ ព្រោះវាយោបានស្ម័គ្រកាយសង្គ្រោះមនុស្សលោករួចបាត់ទៅហើយ។
ប្រជាកសិករទាំងឡាយក៏ចាប់ផ្តើមញញឹមសារជាថ្មីបន្ទាប់ពីការសញ្ជឹងរង់ចាំអស់រយៈពេលជាច្រើនខែ។ ខ្ញុំអង្គុយពុះឧសបណ្តើរ ស្រង់ក្លិនពិដោររបស់ផ្កាស្រូវបណ្តើរយ៉ាងមានក្តីសុខ។ តែរំពេចនោះ ស្រាប់តែត្រចៀករបស់ខ្ញុំបានស្តាប់ឮនូវសំឡេងម្យ៉ាងដែលខុសពីប្រក្រតី។
សំឡេងអ្នកភូមិស្រែកកោកកាកៗយ៉ាងទ្រហឹង មិនដឹងថាមានរឿងអាសន្នអ្វីកើតមានឡើងនៅក្នុងភូមិនោះទេ។ ក្នុងនោះមានវត្តមានអ៊ំសាយ ដែលគេបានស្គាល់យ៉ាងច្បាស់ថា ជានិសារពាំនាំដំណឹងយ៉ាងលឿនប្រចាំភូមិ។ គ្រប់សំឡេងដែលបានបន្លឺឡើងមកនេះបានឮត្រឹមតែចុងកន្ទុយនៃប្រយោគថា “ ជួយផងៗ! តែប៉ុណ្ណោះ”។ ធ្លាប់តែសំឡេងអ៊ំសាយលេចឮគ្មានគូប្រៀប តែម្តងនេះគាត់បែរជាមិនអាចប្រណាំងជាមួយសំឡេងឧឃ្ឃោសនសព្ទបានទៅវិញ។ អ្នកភូមិដទៃទៀតផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ នៅតែមិនដឹងពីបញ្ហាមួយនេះឱ្យបានប្រាកដឡើយទេ។
ខ្ញុំក៏បានទម្លាក់ប៉ូវថៅពីដៃចុះ រួចផ្ទៀងស្តាប់ម្តងទៀត ក្រែងលោស្រុកទេសមានរឿងកើតឡើង។ ប៉ូវថៅមិនទាន់ទាំងបានធ្លាក់ផុតពីដៃរបស់ខ្ញុំស្រួលបួលផង ស្រាប់តែអ៊ំសាយរត់ដល់មុខផ្ទះខ្ញុំល្មម។ ឃើញដូច្នេះខ្ញុំក៏ប្រញាប់សួរដើម្បីឱ្យអស់មន្ទិល។
“អ៊ំ! អ៊ំឈប់សិនអ៊ំ! មានរឿងអ្វីមែនដែរទេ?”
ចង្វាក់ជើងរបស់គាត់ក៏បានបញ្ឈប់ទ្រឹង។ គាត់ងាកមើលមកខ្ញុំទាំងដង្ហើមហត់គឃូសស្ទើរតែមិនចង់ដល់គ្នា។ ពេលខ្លះខ្ញុំដូចជាឆ្ងល់គាត់ដល់ហើយ បើដឹងថាការពាំនាំដំណឹងពិបាក ហេតុអីក៏គាត់ប្រឹងប្រែងម្ល៉េះ? តែ…បើសិនជាក្នុងភូមិនេះគ្មានគាត់ក៏ស្ងាត់ដែរ ហើយដំណឹងក៏មិនជារហ័សទៀត។ គាត់សម្រួលដង្ហើមបន្តិចរួចក៏ឆ្លើយនឹងសំណួររបស់ខ្ញុំ…
“គឺ…គឺនាងយ៉ាស្លាប់ហើយ!”
សម្តីរបស់អ៊ំសាយចប់ ជំហររបស់ខ្ញុំក៏លែងមានហើយដែរ។ ខួរក្បាលរបស់ខ្ញុំពេលនេះដូចជាវិលវល់រកទិសតំបន់គ្មាន។ ខណៈនេះសំឡេងតាអាចារ្យក៏បានប្រកាសយ៉ាងច្បាស់ៗថា អូនចរិយាសង្សារបណ្តូលចិត្តរបស់ខ្ញុំពិតជាបានស្លាប់មែន។ តែខ្ញុំមិនជឿត្រឹមតែសំឡេងនោះទេ ខ្ញុំត្រូវតែទៅមើលឱ្យឃើញផ្ទាល់ភ្នែកទើបបាន។ ខ្ញុំយកក្រម៉ាដែលនៅចូតក្បាលមកចងចង្កេះ រួចស្ទុះយ៉ាងលឿនទៅកាន់ផ្ទះចរិយា។ ពេលដើរដល់មុខផ្ទះ ម៉ូតូសមត្ថកិច្ចក៏បានមកដល់ល្មម។
“ឯងចង់រត់ទៅណា?” សំឡេងប៉ូលិសម្នាក់ក្នុងចំណោម៣នាក់សួរខ្ញុំដោយកាយវិការយ៉ាងមាំ។
ខ្ញុំញញឹមស្រាលបន្តិច រួចក៏តបទៅគាត់វិញយ៉ាងសុភាព
“ខ្ញុំគិតថាទៅចូលរួមបុណ្យសពអ្នកភូមិបន្តិច! ពូមកផ្ទះខ្ញុំមានការអ្វីមែនដែរឬទេ?”
“ឯងមិនបាច់ទៅទេ! ឯងត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់ជីវិតមនុស្សតាមមាត្រាទី២៧នៃក្រមព្រហ្មទណ្ឌហើយ!”
ឮប្រយោគនេះហើយ ខ្ញុំប្រែជាបើកភ្នែកធំៗប៉ុនពងមាន់ តែខួរក្បាលបែរជាឆ្ងល់ទៅវិញ។ ខ្ញុំក៏ប្រញាប់សួរបកទៅវិញ
“លោកពូច្រឡំមនុស្សទេដឹង? ខ្ញុំមិនដែលសម្លាប់នរណាទេ! សូម្បីតែសត្វក៏ខ្ញុំមិនដែលយកដៃពាល់ផង ចុះរឿងអីខ្ញុំហ៊ានលើកដៃសម្លាប់គេនោះ!”
ប៉ូលិសម្នាក់ដែលមានវ័យជ្រេជាងគេ ក្បាលពោះប៉ោងស្ពីងដូចហ៊ីង ភ្នែកធំសមនិងចិញ្ចើមក្រាស់ បញ្ជាក់ថាគាត់ជាមនុស្សម៉ឺងម៉ាត់ បានលូកយកក្រដាសមួយសន្លឹកចេញពីសឺមីប្លាស្ទិកមកអានមួយៗច្បាស់ៗ
“ឈ្មោះ ឌឿន ដន ភេទប្រុស អាយុ១៩ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិ ពោធិ៍តេជៈ ឃុំ ត្រពាំង ត្រូវចាំខ្លួនពីបទ ការប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា តាមការប្តឹងរបស់ម្តាយជនរងគ្រោះ”។
ចិញ្ចើមខ្ញុំខ្ញង់ចូលគ្នាបញ្ជាក់ភាពមិនយល់ពីលិខិតមួយនេះ។ ឈ្មោះខ្ញុំជាឃាតករសម្លាប់មនុស្សទាំងដែលខ្ញុំមិនដែលសូម្បីតែគិត។
“កូនខ្ញុំសម្លាប់នរណា?” ម្តាយរបស់ខ្ញុំវាចាយ៉ាងឮៗពីខាងក្រោយខ្នង។
“កូនរបស់អ៊ំត្រូវជាប់ចោទពីបទសម្លាប់កញ្ញា ផល ចរិយា!”
ខ្ញុំបើកភ្នែកធំៗបញ្ជាក់ពីអារម្មណ៍ដែលភ្ញាក់ផ្អើលចំពោះអ្វីមិនគួរឱ្យជឿ។ អណ្តាតត្រូវជាប់គាំងដោយក្រអូមមាត់បិទបាំងមិនឱ្យនិយាយចេញ តែខ្ញុំគិតនៅក្នុងចិត្តថា ខ្ញុំស្រឡាញ់អូនយ៉ាស្មើនឹងជីវិត តើឱ្យខ្ញុំលើកដៃសម្លាប់នាងបានដោយរបៀបណា?បើខ្ញុំសម្លាប់នាង ខ្ញុំសុខចិត្តសម្លាប់ខ្លួនឯងប្រសើរជាង។
“កូនខ្ញុំមិនបានសម្លាប់នាងយ៉ាទេ! លោកប៉ូលិសកុំចេះតែថា!” ម្តាយរបស់ខ្ញុំនិយាយទាំងដំឡើងសរសៃក
“តែខ្ញុំមានលិខិតបណ្តឹងច្បាស់លាស់!”
“ហើយអាលិខិតឆ្កួតឡប់ហ្នឹងបានមកពីណា បើកូនខ្ញុំមិនបានធ្វើផងនោះ!”
“នែអ៊ំ! ពួកខ្ញុំមកនេះសុទ្ធតែមានលិខិតត្រឹមត្រូវ មិនមែននឹកចេះតែចង់មកនោះទេ!” ប៉ូលិសម្នាក់ដំឡើងសរសៃកដាក់ម្តាយរបស់ខ្ញុំ។
លោកមេប៉ុស្តិ៍សាវិនទៅចាប់ស្មារបស់គ្នាគាត់បង្ហាញពីកាយវិការឱ្យចេះទប់អារម្មណ៍ រួចគាត់និយាយយ៉ាងសុភាព
“សូមទោសផងមីង! បើគ្នាខ្ញុំបញ្ចេញសម្តីជ្រុលជ្រួស! តែពួកខ្ញុំមកនេះគឺតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះនោះទេ សូមមីងយោគយល់ផង!”
ខ្ញុំងាកមើលទៅម៉ែ ឃើញថាគាត់កំពុងតែសម្រក់ទឹកភ្នែកបាត់ទៅហើយ។ ធម្មតាគាត់រឹងមាំណាស់មិនដូចជាពាក្យគេនិយាយថា មនុស្សស្រីអាងទឹកភ្នែកនោះទេ។ ដោយមិនចង់ឱ្យម៉ែនិងប៉ូលិសមើលមុខគ្នាលែងចំ ខ្ញុំក៏ចាប់ផ្តើមនិយាយកាត់ស្ថានការណ៍មុន
“មុននឹងចាប់ខ្លួនខ្ញុំ ខ្ញុំសុំទៅឃើញមុខអូនយ៉ាបន្តិចបានទេ!” ខ្ញុំនិយាយទាំងតម្អូញ ព្រោះអារម្មណ៍កំពុងតែចង់ឃើញមុខមនុស្សជាទីស្រឡាញ់ជាលើកចុងក្រោយ។
“មិនបានទេ…”
“ក្មួយទៅចុះ! តែត្រូវសន្យាជាមួយពូសិនថាមិនរត់ទៅណា!” លោកមេប៉ុស្តិ៍សាវិននិយាយកាត់សម្តីលោកប៉ូលិសម្នាក់ទៀត។
សម្តីរបស់លោកមេប៉ុស្តិ៍បានធ្វើឱ្យខ្ញុំអត់សរសើរមិនបាន ស័ក្តិសមហើយដែលគាត់បានឡើងតំណែងជាមេប៉ុស្តិ៍បែបនេះ។ ខ្ញុំញញឹមទៅកាន់គាត់ រួចនិយាយបន្ត “បាទពូ! ខ្ញុំសន្យា!”
ខ្ញុំរត់មកដល់ផ្ទះគូសង្សារទាំងដង្ហើមដង្ហក់ស្ទើរតែចង់គាំងទៅហើយ។ ខ្ញុំប្រញាប់ដើរសំដៅទៅខាងលើផ្ទះ ក៏បានឃើញសាកសពរបស់ចរិយាគ្របក្រណាត់ពណ៌សត្រឹមក ដៃលើកប្រណម្យជាមួយនឹងទៀនធូប ដោយទឹកមុខនៅញញឹមស្រស់នៅឡើយ។ ដោយមិនអាចទប់ចិត្តចំពោះស្ថានភាពនៅចំពោះមុខដែលមិនគួរឱ្យជឿមួយនេះបាន ទឹកភ្នែករបស់ខ្ញុំក៏បានរមៀលម៉ាត់ៗស្រក់បន្តបន្ទាប់ឥតដាច់ដូចជាមនុស្សស្រី។
ខ្ញុំសម្រក់វាចុះដើម្បីបង្ហាញពីភាពឈឺចាប់និងការសោកស្តាយ ដែលវាកើតឡើងលឿនពេកពិបាកនឹងគ្រប់គ្រងអារម្មណ៍បាន។ ម្សិលមិញនាងនៅនិយាយលេងជាមួយខ្ញុំសោះ តែហេតុនេះពេលនេះបែរជាលែងដឹងខ្លួនទៅវិញ។ ខ្ញុំស្រវាចាប់ឱបចរិយាបណ្តើរ រួចនិយាយទាំងយំសសិតបណ្តើរ
“ហេតុអីអូនដាច់ចិត្តទៅចោលបងបែបនេះ? នរណាទៅ! នរណាទៅហ៊ានសម្លាញ់សង្សារខ្ញុំបែបនេះ? ហ៊ឺស…”
“ចេញ! ចេញទៅឆ្ងាយពីកូនអញភ្លាម! អាឃាតកៈ!” មីងសុខដែលជាម្តាយរបស់ចរិយា និយាយបណ្តើរព្រមទាំងចង្អុលមុខខ្ញុំផងដែរ។
“ទេ! ខ្ញុំមិនទៅណានោះទេ ខ្ញុំនឹងនៅជាមួយអូនយ៉ា!” ខ្ញុំនិយាយដាច់ខាត ដោយចាប់ដៃសាកសពចរិយាជាប់។
“អញថាឱ្យលែង!” មីងសុខចាប់កន្តា្រក់ខ្ញុំពីកូនរបស់គាត់។ ដោយមិនអាចទ្រាំនឹងកម្លាំងរបស់គាត់បាន ដៃរបស់យើងទាំងពីរក៏របេះចេញពីគ្នាដោយមិនចង់។ គាត់សម្លឹងមើលមុខខ្ញុំដោយក្រសែភ្នែកមុតមាំ រួចនិយាយបន្ត
“ឯង! ឯងសម្លាញ់កូនអញ! អាឃាតកៈ!”
ខ្ញុំមិនអាចនិយាយអ្វីចេញឡើយក្រៅពីឈរសម្លឹងមើលមុខគូសង្សារទាំងខ្លោចចិត្ត។ មិនមែនថាខ្ញុំមិនចង់និយាយអ្វីនោះទេ តែបំពង់កណែនអស់ទៅហើយ។
ខណៈនេះក្រុមប៉ូលិសក៏មកដល់ល្មម។ គាត់ចាប់វាយខ្នោះខ្ញុំភ្លាមៗ។
តើខ្ញុំគួរតែទ្រាំនឹងរឿងអយុត្តិធម៌មួយនេះឬក៏យ៉ាងណា? ធម្មតាខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តនិយាយច្រើននោះទេ តែម្តងនេះខ្ញុំត្រូវតែលះបង់ចរិតបែបហ្នឹងចោលសិនហើយ ព្រោះថាសង្គមមួយនេះកំពុងតែបញ្ជាឱ្យខ្ញុំក្លាយជាមនុស្សថ្មីក្នុងដែនចាស់ហើយមើលទៅ។ ខ្ញុំនិយាយទៅកាន់លោកប៉ូលិសទាំងដៃជាប់ខ្នោះ
“ខ្ញុំមិនបានសម្លាប់អូនយ៉ាទេ! នាងជាសង្សាររបស់ខ្ញុំ រឿងអីដែលខ្ញុំដាច់ចិត្តហ៊ានសម្លាប់គាត់នោះ!”
លោកមេប៉ុស្តិ៍យកស្រោមថង់ពណ៌សមកបង្ហាញ ដែលក្នុងនោះមានកូនកាំបិតស្នៀតមួយនៅមានស្នាមប្រឡាក់ឈាមជាប់នៅឡើយ។ គាត់សម្លឹងមើលមកខ្ញុំរួចនិយាយ
“នេះជាភស្តុតាងបញ្ចាក់ថា ឯងជាអ្នកសម្លាប់ចរិយា!”
“មិនពិត! កូនខ្ញុំមិនបានសម្លាប់នាងយ៉ាទេ! លោកប៉ូលិសបានកាំបិតនេះមកពីណា?” ម្តាយរបស់ខ្ញុំនិយាយទាំងទឹកភ្នែក។ ខ្ញុំមិនដឹងថាគាត់តាមមកដល់បុណ្យនេះតាំងពីពេលណានោះទេ គ្រាន់តែដឹងថាគាត់កំពុងតែព្យាយាមជួយខ្ញុំទាំងដែលដឹងថាមិនអាចទៅរួច។
“ខ្ញុំបានរកវាឃើញនៅជិតសាកសពក្មួយយ៉ា…”
“គ្រាន់តែឃើញកាំបិតមួយហ្នឹង អាចចោទប្រកាន់ថាកូនខ្ញុំជាអ្នកសម្លាប់នាងមែនដែរឬទេ?”
“នែអ្នក! បើមិនមែនអាដន តើមាននរណាទៀត? នរណាក៏ដឹងថាកូនរបស់អ្នកតាមស្រឡាញ់កូនខ្ញុំបីបួនឆ្នាំមកហើយ ដល់ពេលខ្ញុំលើកកូនយ៉ាឱ្យទៅគេ វាខឹងរួចក៏សម្លាប់ចោលប្រាកដណាស់! វាព្យាយាមធ្វើជាឆ្កែកាងឆ្អឹងមករហូត អ្នកភូមិនេះនរណាក៏គេដឹងឮដែរ!”
“តែកាំបិតប្រភេទនេះនរណាក៏គេមានដែរ! ហើយយប់មិញអាដនវានៅផ្ទះពេញមួយយប់ ខ្ញុំតាមឃ្លាំមើលវារហូត ខ្ញុំអាចធ្វើជាសាក្សីបានក្មួយសាវិន!”
ខ្ញុំសម្លឹងមើលទៅមុខម៉ែទាំងក្នុងបំពង់កអួលណែនរកនិយាយមិនចេញ។ ខ្ញុំមិនដឹងសោះថាគាត់តាមដានខ្ញុំរាល់យប់ តើគាត់និយាយកុហកឬក៏យ៉ាងណា? បើទង្វើជាក់ស្តែងរបស់គាត់ដូចជាមិនបានបង្ហាញឱ្យខ្ញុំបានឃើញផង។
“ស្នាមក្រយៅដៃនៅលើកាំបិតនេះគឺមានតែរបស់នាយដនតែប៉ុណ្ណោះ!” ស្ងាត់បន្តិច
“ខ្ញុំសុំទោសមីងផង” គាត់លើកដៃសំពះម្តាយខ្ញុំ រួចនិយាយបន្ត
“ម្តាយគ្រប់រូបនរណាក៏ស្រឡាញ់កូនដែរ តែមីងគួរតែដាក់ចិត្តព្រមទទួលស្គាល់ព្រោះវាបានកើតឡើងរួចទៅហើយ!”
និយាយរួចគាត់ចាប់វាយខ្នោះខ្ញុំជាប់ រួចបណ្តើរឡើងម៉ូតូបើកចេញទៅ។ ពេលឡើងម៉ូតូភ្លាម ខ្ញុំតាមមើលមុខម៉ែរហូតដល់ក្រសែភ្នែករបស់ខ្ញុំឃើញអ្វីផ្សេងក្រៅពីគាត់។ ខ្ញុំបានឃើញអ្នកម្តាយដ៏កម្សត់យំបណ្តើរបក់ដៃហៅខ្ញុំបណ្តើរយ៉ាងគួរឱ្យអាណិត។ តាំងពីកើតមកដល់អាយុប៉ុណ្ណេះ លើកទីមួយហើយដែលខ្ញុំបានធ្វើឱ្យម៉ែខកចិត្តដោយសារតែខ្ញុំដល់ថ្នាក់នេះ។ តើខ្ញុំជាកូនអកតញ្ញូណាស់មែនទេ ដែលធ្វើឱ្យទឹកភ្នែកអ្នកមានគុណស្រក់ចុះដោយសារខ្ញុំ?ពេលនេះប្រហែលជាវេលាចុងក្រោយ ដែលខ្ញុំបានឃើញភូមិកំណើតមួយនេះ មិនដឹងថាពេលណាខ្ញុំមានឱកាសបានឃើញវាម្តងទៀតទេ ព្រោះតាមមើលស្ថានភាពគឺពិបាកណាស់។
មិនយូរប៉ុន្មានខ្ញុំក៏បានស្ថិតនៅក្នុងគុកដែលមានជញ្ជាំងចម្រឹងដែកនៅឯអធិការស្រុក។ ខ្ញុំត្រូវឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតក្តីបន្តទៀត។ តែខ្ញុំបានគិតរួចមកហើយ ថាខ្ញុំប្រាកដជាត្រូវផ្លាស់ប្តូរកន្លែងរស់នៅទៀតជាក់ជាមិនខាន ព្រោះសង្គមមួយនេះពោរពេញទៅដោយភាពខ្មៅងងឹត។ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ តើនរណាហ៊ានសម្លាប់អូនយ៉ា បើមើលទៅនាងជានារីដែលមានចរិតស្លូតបូត ចាស់ទុំ ហើយនៅក្នុងភូមិអ្នកណាក៏ស្រឡាញ់ចូលចិត្តដែរ។ ពេលនេះខ្ញុំមិនដឹងជាត្រូវសង្ស័យនរណានោះទេ ព្រោះគ្មានសិទ្ធិនោះឡើយ។
ខួរក្បាលរបស់ខ្ញុំគិតរឿងឡប់ឡែជាច្រើន មិនដឹងថាមួយណាឱ្យពិតប្រាកដនោះទេ រហូតធ្វើឱ្យកែវភ្នែករបស់ខ្ញុំហាក់គាំងនឹងថ្កល់។ រំពេចនេះសំឡេងមួយក៏បានបន្លឺឡើងក្បែរត្រចៀក ធ្វើឱ្យខ្ញុំភ្ញាក់ព្រើតចេញពីការស្រមើស្រមៃទាំងមិនបានត្រៀម។
“ដន! ឯងដល់ពេលត្រូវសួរចម្លើយហើយ!”
ខ្ញុំងាកមើលទៅម្ចាស់សំឡេងទាំងទឹកមុខស្ងួតចែស។ ពេលនេះខ្ញុំមិនអាចផ្តល់ស្នាមញញឹមទៅកាន់នរណាបានទេ ព្រោះសម្ពាធផ្លូវចិត្តវាបានគ្របសង្កត់រួចបាត់ទៅហើយ។
ក្រុមប៉ូលិសបានយកខ្ញុំមកបន្ទប់មួយកន្លែង ដែលមានពន្លឺព្រាលៗតែប៉ុណ្ណោះ។ ខ្ញុំអង្គុយនៅលើកៅអីពីមុខលោកមេប៉ុស្តិ៍សាវិន ដោយដៃទាំងគូកំពុងតែជាប់ខ្នោះនៅឡើយ។ ខ្ញុំរេភ្នែកទៅជុំវិញបន្ទប់គឺមានឧបករណ៍ដែលគួរឱ្យខ្លាចជាច្រើន ដែលសុទ្ធសឹងតែខ្ញុំមិនធ្លាប់ស្គាល់។ ចំពោះអ្នកផ្សេងខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំដូចជាមិនបានខ្លាចញញើតចំពោះបរិយាយកាសបែបហ្នឹងឡើយ។
“យប់មិញឯងបានចួបនាងចរិយាដែរឬទេ?”
“លោកសួរខ្ញុំធ្វើអី? បើពេលនេះខ្ញុំក្លាយជាអ្នកទោសហើយហ្នឹង! ទោះបីជាដឹងចម្លើយក៏គ្មានន័យដែរ!” ខ្ញុំនិយាយបែបហីៗ មិនមែនថាខ្ញុំមិនខ្លាចនោះទេ តែខ្ញុំព្យាយាមតាំងអារម្មណ៍។
លោកមេប៉ុស្តិ៍បែរមុខចេញ ប្រហែលជាគាត់គិតថា បើមិនធ្វើបែបនេះទេ គាត់ប្រាកដជាទ្រាំមិនបានជាក់ជាមិនខាន។ គាត់យកទឹកញ៉ាំបន្តិច ទើបវាចាបន្ត
“ខ្ញុំដឹងថាឯងកំពុងតែមានសម្ពាធផ្លូវចិត្ត តែត្រូវដឹងថាប្រទេសមានច្បាប់ ហើយពួកយើងធ្វើតាមតួនាទីប៉ុណ្ណោះ! ហ៊ើយ…ឯងកុំពិបាកចិត្តអី! ចាំខ្ញុំព្យាយាមជួយឱ្យពេញទំហឹង!”
“ហេតុអីបានជាពូចង់ជួយខ្ញុំ?”
សំណួរមួយនេះបានធ្វើឱ្យគាត់ចូលមកជិតទាំងដែលក្រសែភ្នែកសម្លឹងមើលមកខ្ញុំស្ទើរតែមិនចង់ព្រិច។
“ខ្ញុំមិនជឿថាឯងជាឃាតកៈទេ!”
ពាក្យសម្តីគាត់និយាយតិចៗដែលធ្វើឱ្យខ្ញុំពិបាកនឹងស្តាប់ តែខ្ញុំអាចកាត់យល់ន័យតាមរយៈក្រសែភ្នែកថាគាត់ចង់ជួយខ្ញុំចេញពីភាពបរិសុទ្ធ។ ខ្ញុំចាប់ផ្តើមទម្លាក់ក្រសែភ្នែកដែលព្រហើនបន្តិច ជំនួសដោយភាពគួរសមមកវិញ ព្រោះពេលនេះគឺមានតែប្រថុយសាកតែប៉ុណ្ណោះ។ ប្រយោគរបស់គាត់គឺមានន័យណាស់សម្រាប់ខ្ញុំ តែខ្ញុំចង់សួរទៅកាន់គាត់ថា
“គាត់ធ្វើបែបនេះដើម្បីអ្វី បើពេលនេះខ្ញុំជាប់នៅក្នុងគុក ហើយក្លាយជាបុគ្គលអាក្រក់ក្នុងភ្នែកមហាជនទៅហើយហ្នឹង!” ខ្ញុំគ្រាន់តែគិតតែប៉ុណ្ណោះ មិនហ៊ាននិយាយចេញនោះទេ ព្រោះខ្ញុំគ្មានអំណាចអ្វីដែលត្រូវបង្ហើរប្រយោគនេះទៅកាន់គាត់នោះទេ។
“…” ខ្ញុំងក់ក្បាលជំនួសសម្តី។
ពូសាវិនចូលកៀកខ្ញុំបន្តិច រួចសួរ
“ក្មួយបានដឹងអត់ថា នរណាធ្លាប់មានទំនាក់ទំនងជាមួយខ្មោចក្មួយចរិយាខ្លះ?”
ម្តងនេះខ្ញុំស្រឡះមុខខ្លាំងជាងមុនទៀត ព្រោះមើលទៅគាត់ដូចជាប្រាកដប្រជាណាស់។ ខ្ញុំនិយាយទៅកាន់គាត់
“ខ្ញុំមិនដឹងទេ! ព្រោះតាំងពីម្តាយរបស់នាងបានលើកនាងឱ្យទៅអ្នកផ្សេងមក ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយនាងឡើយ!”
“ចុះអ្នកដែលជាគូដណ្តឹងរបស់នាងជានរណា? ហើយគេនៅឯណា?”
“ខ្ញុំក៏មិនបានដឹងច្បាស់ដែរ គ្រាន់តែដឹងថាគេជាអ្នកមាន ហើយរស់នៅទីក្រុង!”
“ចុះអ្នកផ្សេងទៀត? ក្មួយមានដឹងទេថានរណាខ្លះពាក់ព័ន្ធនឹងនាង?”
“សូមពូទៅសួរម្តាយនាងទៅ! ខ្ញុំមិនអាចប្រាប់អ្វីបានបន្តទៀតទេ!”
“ក្មួយចង់ចេញពីគុកដែរទេ?”
ខ្ញុំមើលទៅមុខគាត់ជាថ្មីម្តងទៀត។ ខ្ញុំគិតក្នុងចិត្តថា “នរណាមិនចង់ចេញពីកន្លែងដ៏ស្មោគគ្រោកមួយនេះ តែវាមិនអាចទៅរួច!”។ ស្ងាត់បន្តិច ទើបខ្ញុំតប
“គ្មានប្រយោជន៍ទេពូ! នៅក្នុងនេះល្អជាង!”
“ខ្ញុំដឹងថាពេលនេះក្មួយកំពុងតែពិបាកចិត្ត! អ៊ីចឹងខ្ញុំទៅវិញសិនហើយ! តែពូចង់ប្រាប់ក្មួយថា ពូមិនព្រមបោះបង់ការតាំងចិត្តមួយនេះទេ!” និយាយរួចគាត់ក៏ដើរចេញទៅ។
ខ្ញុំតាមសម្លឹងមើលគាត់ពីក្រោយ។ ភាគច្រើនការជួយតែងតែចង់បានសំណង ហើយមេប៉ុស្តិ៍សាវិនក៏ដូចគ្នា នរណាមិនដឹងថាគាត់ធ្លាប់មានប្រវត្តិមិនល្អក្នុងការដោះស្រាយរឿងក្តីជូនអ្នកភូមិ។ ខ្ញុំមិនព្រមក្លាយជាចំណែកដែលត្រូវមេប៉ុស្តិ៍មុខលុយម្នាក់នេះបោកប្រាស់បានឡើយ។
រស្មីព្រះអាទិត្យក៏បានរះបំភ្លឺទ្វីបលោកសាជាថ្មីទៅតាមកាលវេលាដែលធម្មជាតិបានកំណត់។ នេះជាថ្ងៃទីពីរហើយដែលខ្ញុំត្រូវបានឃុំខ្លួននៅទីនេះ។ រយៈពេលពេញមួយយប់ ខ្ញុំមិនបានដេកសូម្បីតែបន្តិច ព្រោះត្របកភ្នែកដូចជាមិនបានសហការគ្នាសោះ។ រសជាតិនៃការដេកក្នុងគុក ខ្ញុំធ្លាប់តែឮគេនិយាយ តែឥឡូវបានស្គាល់ហើយ។ វាមិនបានធ្វើឱ្យខ្ញុំមានសម្ពាធនោះទេ តែភាពអយុត្តិធម៌ទៅវិញទេ ដែលធ្វើឱ្យខ្ញុំមិនអស់ចិត្តចំពោះស្ថានភាពរបស់ខ្ញុំនៅពេលនេះ។
ខ្ញុំសម្លឹងមើលទៅរស្មីព្រះអាទិត្យដែលកំពុងតែបង្អួតកាយនៅលើចុងរុក្ខាដែលគ្មានមានអ្វីមកបិទបាំងសូម្បីតែបន្តិច។ វាហាក់បីដូចជាខុសប្លែកពីជីវិតរបស់ខ្ញុំដាច់ស្រឡះ។ ជីវិតដែលអភ័ព្វតាំងពីកើតរហូតដល់ពេលនេះ ជីវិតដែលស្រអាប់ដូចនភាល័យពោរពេញទៅដោយផ្ទាំងពពកបិទបាំង។ ខ្ញុំរេក្រសែភ្នែកចុះបន្តិច ក៏ពើបប្រទះជាមួយនឹងមនុស្សម្នាក់ដែលខ្ញុំកំពុងតែនឹកដល់។ ពេលនេះខ្ញុំញញឹមទាំងទឹកភ្នែកទៅកាន់គាត់។
ទេ! ខ្ញុំមិនត្រូវញញឹមបែបនេះទេ! ខ្ញុំត្រូវតែញញឹមដោយគ្មានទឹកនេត្រា។ គិតរួចខ្ញុំក៏យកខ្នងដៃជូតវាយ៉ាងរហ័ស។
“ដន! ម៉ែមកមើលកូនហើយ!” គាត់វាចាមកទាំងទឹកភ្នែកធ្វើឱ្យខ្ញុំកាន់តែតូចចិត្តចំពោះខ្លួនឯងលើសដើមទៀត។
“ម៉ែមកបានដោយរបៀបណា? ហើយនរណាជូនម៉ែមក?” និយាយបណ្តើរខ្ញុំក៏រេក្រសែភ្នែករកមើលបណ្តើរ។
“ម៉ែមកជាមួយក្មួយធារ៉ា! កូនយ៉ាងម៉េចហើយ? យប់មិញដេកលក់ទេ? ហើយមានមូសខាំឬអត់? ចុះបានហូបបាយឬនៅ?!”
សំណួររបស់ម៉ែច្រើនណាស់ ខ្ញុំមិនដឹងថាត្រូវឆ្លើយមួយណានោះទេ។ តែដំបូងខ្ញុំត្រូវតែសួររកអាធារ៉ាដែលជាមិត្តសម្លាញ់របស់ខ្ញុំសិន។
“ម៉ែ! ចុះឯណាអារ៉ា?”
“វាយកម៉ូតូទៅទុក! កូនឆ្លើយនឹងសំណួររបស់ម៉ែសិនមក៍!”
កែវភ្នែករបស់ខ្ញុំបានផ្អាកពីការរេរកមើលធារ៉ា មកប្រសព្វជាមួយនឹងក្រសែភ្នែកដែលខ្មៅរូងជាំតាមក្រោមត្របកភ្នែកដោយសារតែការយំ ព្រោះស្នាមទឹកភ្នែកមិនទាន់រលុបដានអស់នៅឡើយទេ។ តែខ្ញុំមិនធ្វើមុខក្រៀមក្រំឱ្យគាត់ពិបាកចិត្តឡើយ ខ្ញុំត្រូវតែព្យាយាមញញឹម
“ខ្ញុំមិនអីទេម៉ែ! ខ្ញុំហូបបាយរួចហើយ! ចុះម៉ែមុននឹងមកពិសារបាយហើយនៅ?”
“ម៉ែហូបរួចហើយ! កូនកុំបារម្ភអី គិតតែពីខ្លួនឯងទៅ! ម៉ែបានទៅនិយាយជាមួយក្មួយវិបុលរួចហើយ វាថានឹងរកមធ្យោបាយជួយកូនទាល់តែបាន!”
ខ្ញុំមិនបានរីករាយចំពោះសម្តីរបស់ម៉ែនោះទេ ព្រោះដំណោះស្រាយមួយនេះគឺត្រូវចំណាយលុយជាក់ជាមិនខាន ហើយម៉ែគ្មានលុយនោះទេ បើក្រៅពីខ្ចីគេឬក៏លក់ស្រែដែលនៅសល់តែប៉ុណ្ណោះ។ ខ្ញុំញញឹមទាំងមិនសមរួចនិយាយ
“កុំអីម៉ែ! ខ្ញុំនៅក្នុងនេះសប្បាយសឹងអីហើយ។ ម៉ែកុំចំណាយលុយឥតប្រយោជន៍អី! គ្រួសារយើងកំពុងតែក្រផង!”
“តែម៉ែបាននិយាយជាមួយនឹងគេរួចហើយ! ហើយគេក៏ពេញចិត្តជួយយើងដែរ…”
“មែនហើយសម្លាញ់! មីងសំគាត់និយាយថា គាត់នឹងដកពាក្យបណ្តឹងប្រសិនបើយើងបង់លុយឱ្យគាត់៥០០០$” ធារ៉ានិយាយកាត់សម្តីម៉ែ។
ពេលបានឃើញធារ៉ា ខ្ញុំសប្បាយចិត្តឥតឧបមាព្រោះខ្ញុំមានរឿងជាច្រើនដែលត្រូវពឹងពាក់វា។ តែប្រយោគរបស់វាធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្តខ្លាំងលើសដើម។
“មែនហើយ! អ្នកសំព្រមឱ្យខាងយើងបង់ជំងឺចិត្តហើយ!” ម៉ែមានប្រសាសន៍បន្ទរ។
“តែខ្ញុំគិតថាមិនបាច់ទេម៉ែ! គ្រួសារយើងមិនមានលុយច្រើនដល់ម្ល៉ឹងទេ ឬមួយក៏ម៉ែ…!”
“ពិតណាស់! ម៉ែបានប្រកាសលក់ដីស្រែរួចហើយ!”
“ខ្ញុំមិនព្រមឱ្យម៉ែលក់ដីកេរចុងក្រោយនោះទេ! ម៉ែក៏ដឹងថាគ្រួសារយើងមានតែដីស្រែប៉ុណ្ណឹងសល់ចុងក្រោយ បើម៉ែលក់ទៀតតើយើងនឹងបានអ្វីហូប?”
“តែកូនសំខាន់ជាង! កូនកុំគិតច្រើនអី! ម៉ែថាលក់ដីជួយកូនគឺលក់ហើយ!”
“អ៊ីចេះចុះ! មីងទុកដីហ្នឹងសិនទៅ! ហើយយកលុយខ្ញុំសិនក៏បានដែរ!” ធារ៉ានិយាយយ៉ាងប្រាកដប្រជា។
គិតៗទៅធារ៉ាពិតជាមិត្តភក្តិដ៏កម្ររកបានមែន។ រាល់ពេលដែលខ្ញុំមានទុក្ខគឺមានវត្តមានវាមកជួយរហូត។ ខ្ញុំពិតជាសំណាងណាស់ដែលមានមិត្តល្អដូចជាវា។ ខ្ញុំញញឹមរួចនិយាយ
“អរគុណណាស់សម្លាញ់! តែគ្នាមិនអាចយកលុយរបស់ឯងបានទេ។ បើទោះជាយើងបានចេញពីទីនេះ ក៏យើងគ្មានលទ្ធភាពរកអ្វីដើម្បីសងឯងដែរ!” រេក្រសែភ្នែកពីធារ៉ាមកមើលម៉ែម្តង។
“ម៉ែ! ខ្ញុំបានគិតរួចហើយថាខ្ញុំនឹងនៅទីនេះរហូតដល់គ្រប់ចំនួនទោស។ ខ្ញុំចង់លុបលាងកម្មពៀរដែលខ្ញុំបានធ្វើកន្លងមក មិនថាតែជាតិនេះឬក៏ជាតិណានោះទេ។ សូមម៉ែកុំខឹងកូនអី! កូនសន្យាថាកូននឹងមកចួបម៉ែហើយរស់នៅជុំគ្នាដូចពេលមុនទៀតយ៉ាងប្រាកដ!”
ពេលឮសម្តីរបស់ខ្ញុំ ម៉ែប្រែជាយំយ៉ាងសសិតស្ទើរតែទន់ខ្លួន។ ទោះគាត់ចង់និយាយអ្វីក៏និយាយមិនចេញដែរ ព្រោះទឹកភ្នែកបានហូរចូលមាត់ឃាត់អណ្តាតជាប់បាត់ទៅហើយ។ ពេលនេះខ្ញុំបានធ្វើឱ្យទឹកភ្នែកអ្នកមានគុណស្រក់ម្តងទៀតទាំងមិនចង់សោះ។
“អ៊ំអស់ពេលសួរសុខទុក្ខអ្នកទោសហើយ!” សំឡេងឆ្មាំគុកបន្លឺឡើងយ៉ាងឮៗ។
“សូមម៉ែទៅវិញចុះ! ហើយកុំបារម្ភពីខ្ញុំអី គិតតែថែសុខភាពរបស់ម៉ែឱ្យបានល្អទៅ។” ស្ងាត់បន្តិចខ្ញុំក៏និយាយទៅកាន់ធារ៉ាម្តង
“ផ្ញើមើលម៉ែគ្នាផងណាសម្លាញ់!”
“មិនអីទេ! ចាំគ្នាមើលថែគាត់ឱ្យ” និយាយរួចម៉ែនិងធារ៉ាក៏បានត្រឡប់ទៅវិញដោយទុកឱ្យខ្ញុំរស់នៅទីងងឹតផ្លូវចិត្តមួយនេះបន្ត។
មួយសប្តាហ៍កន្លងផុតទៅ…
មួយសប្តាហ៍ទៅហើយ ហេតុអ្វីបានជាគេមិនបញ្ជូនខ្ញុំទៅគុកព្រៃសទៀត? ក្រែងថ្ងៃមុនឆ្មាំគុកបានប្រាប់ខ្ញុំថានៅទីនេះត្រឹមមួយអាទិត្យ ថ្នាក់លើនឹងបញ្ជូនខ្ញុំទៅគុកធំនោះអី។ ចិត្តខ្ញុំមិនចង់នៅទីនេះនោះទេ ព្រោះមិនចង់ឱ្យម៉ែមកលេងនាំតែគាត់ឃើញមុខខ្ញុំហើយគាត់ពិបាកចិត្ត។
“អ្នកទោសឈ្មោះ ឌឿន ដន ត្រូវបានរួចទោសហើយ!” សំឡេងរបស់ឆ្មាំគុកបន្លឺឡើងទាំងទឹកមុខញញឹមមកកាន់ខ្ញុំ។
អារម្មណ៍របស់ខ្ញុំពេលនេះដូចជាសប្បាយបន្តិចអីបន្តិច រកថាមិនត្រូវនោះទេ។ ដោយមិនអស់មន្ទិល ខ្ញុំក៏ឈ្លេចសួរបន្ថែម
“ពូហៅឈ្មោះច្រឡំទេដឹង?”
“មិនច្រឡំទេ! គឺឯងហ្នឹងហើយ ណេះ! យកសំបុត្រមួយនេះទៅចួបបុរសម្នាក់នោះទៅ!”
“បុរសណាទៅ?” ខ្ញុំសួរបញ្ជាក់ទាំងដែលដៃមិនទាន់ហ៊ានទទួលយកសំបុត្រនោះទេ។
“គាត់នៅអង្គុយចាំឯងនៅលើបង់ក្រោមដើមស្វាយ!”
“បាទ!” ខ្ញុំឆ្លើយយ៉ាងខ្លីរួចក៏ទទួលយកសំបុត្រមួយនេះដើរសំដៅទៅកាន់ទីតាំងដែលឆ្មាំគុកបានប្រាប់។
ពេលមកដល់ ខ្ញុំស្គាល់យ៉ាងច្បាស់ថា ជាលោកមេប៉ុស្តិ៍សាវិន។ ខ្ញុំហាក់រេរាមិនហ៊ានចូលទៅជិត ព្រោះក្នុងអារម្មណ៍ដូចជាខ្លាចៗយ៉ាងម៉េចមិនដឹងទេ។
“អង្គុយចុះមក!” គាត់និយាយសំឡេងស្មើមកកាន់ខ្ញុំ។
“…” ខ្ញុំងក់ក្បាលជំនួសពាក្យអរគុណ។
“ឯងបានបើកមើលសំបុត្រហ្នឹងហើយឬនៅ?”
“នៅទេ! នៅក្នុងសំបុត្រហ្នឹងមានអីមែនទេ?” ខ្ញុំសួរទាំងឆ្ងល់។
“ឆាប់បើកមើលទៅ!”
ខ្ញុំប្រញាប់បើកមើលសំបុត្រយ៉ាងតល់ក្រហល់។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាងគេក្នុងសំបុត្រមួយនេះគឺតួអក្សរ។ អក្សរនេះជាតួអក្សររបស់ធារ៉ាយ៉ាងប្រាកដព្រោះខ្ញុំធ្លាប់រៀនជាមួយវា។ បើកមើលរួចខ្ញុំក៏អានយ៉ាងយកចិត្តទុកដាក់។
ផ្ញើជូនសម្លាញ់ដនជាពិសេស
មុននឹងចូលដល់អត្ថន័យសំបុត្រមួយនេះ ខ្ញុំចង់និយាយប្រាប់ឯងថា ខ្ញុំពិតជាស្រឡាញ់ឯងខ្លាំងណាស់។ ស្រឡាញ់លើសពីមិត្តធម្មតា គឺដូចជាបងប្អូនរួមផ្ទៃបង្កើតអ៊ីចឹង។ រាល់ពេលដែលខ្ញុំបាននៅជាមួយឯងខ្ញុំតែងតែរីករាយ សប្បាយភ្លេចអស់នូវទុក្ខកង្វល់ផ្សេងៗ។ ឯងចាំទេ កាលនៅតូចយើងជិះលើខ្នងក្របីមួយពីរនាក់ រួចធ្លាក់ចូលក្នុងស្រែមុខប្រឡាក់សុទ្ធតែភក់? ឯងចាំទេ ពេលដែលយើងបាញ់សត្វគ្រាប់ធ្លាក់នៅលើដំបូលផ្ទះគេ ម្ចាស់គេរត់ដេញវាយ? ឯងចាំទេ ពេលទៅរៀនយើងលួចដេក អ្នកគ្រូដាក់ទោសឱ្យយើងលាងបង្គន់?…អនុស្សារវាងពួកយើងរាប់មិនអស់នោះទេ តែឯងត្រូវចាំថាគឺវាសុទ្ធតែរូបភាពល្អៗដែលយើងបានបង្កើតឡើងជាមួយគ្នា។
ខ្ញុំនឹងសារភាពប្រាប់ឯងនូវរឿងមួយ ដែលខ្ញុំបានលាក់បាំងយ៉ាងយូរ។ ខ្ញុំលួចស្រឡាញ់ចរិយា ហើយក៏ធ្លាប់បានចាប់រំលោភនាងជាច្រើនលើកផងដែរ។ រឿងមួយទៀតនោះគឺ…គឺខ្ញុំជាអ្នកសម្លាប់នាងហើយទម្លាក់កំហុសឱ្យឯង។ ខ្ញុំពិតជាសូមទោសឯងផងណាដែលធ្វើបែបនេះ តែមកពីគ្នាមិនបានប្រើសតិ ប្រើតែអារម្មណ៍មួយឆាវទើបធ្វើឱ្យកើតរឿងបែបនេះ។
ពេលដែលឯងបានកាន់អានសំបុត្រមួយនេះ ខ្ញុំប្រហែលជាលែងបានចួបឯងរហូតហើយ។ ឱ្យគ្នាសូមទោសផងណាសម្លាញ់! សូមទោសៗៗៗៗៗៗៗៗៗៗៗៗៗ…។
គ្នាលាសិនហើយ!!!
ពីខ្ញុំធារ៉ាមិត្តសម្លាញ់ឯង
ពេលអានមួយនេះចប់ សំបុត្រក៏ប្រែជាសើមដោយសារតែទឹកភ្នែករបស់ខ្ញុំ។ ជង្គង់ខ្ញុំទន់ បើមិនបានអង្គុយនោះទេ ប្រហែលជាដួលបាត់ទៅហើយ។ ហេតុអីបានជាជីវិតរបស់ខ្ញុំពិបាកអីយ៉ាងនេះ? តើមានរឿងអ្វីចំពោះធារ៉ាទៅ? តែខ្ញុំក៏ឆ្ងល់ផងដែរថាតើធារ៉ាធ្វើបែបណាទើបនៅលើកាំបិតអាចមានស្នាមក្រយៅដៃរបស់ខ្ញុំបាន? ខ្ញុំងាកមើលទៅមុខមេប៉ុស្តិ៍សាវិន…
“អាធារ៉ាវាបានសម្លាប់ចរិយាមកពីកំហឹងដែលនាងមិនព្រមរួមដំណេកជាមួយតាមការសុំរបស់វា។ វាចាក់នាងរួចហើយក៏យកកាំបិតនោះទៅកប់ដីហើយយកកាំបិតថ្មីដែលមានរូបរាងតែមួយ មកចាក់នាងនៅរបួសចាស់ ហើយយកដៃរបស់ឯងមកកាន់។ គិតៗទៅអាធារ៉ាវាឆ្លាតណាស់! វាចេះរៀបចំបានយ៉ាងល្អ ធ្វើឱ្យក្រុមប៉ូលិសស្ទើរតែចាញ់ល្បិចវារួចទៅហើយ…”
“ហេតុអីពូដឹងហេតុការណ៍នេះ?” ខ្ញុំសួរទាំងតក់ក្រហល់កាត់សម្តីរបស់គាត់។
“មុនវាស្លាប់ វាបានសារភាពប្រាប់ម្តាយវាអស់ទៅហើយ!”
“ថាម៉េច?”
“គេបានស្លាប់បាត់ទៅហើយ!” លោកមេប៉ុស្តិ៍វាចាឡើងម្តងទៀត។
“ទេ! ខ្ញុំមិនជឿជាដាច់ខាត!”
“តែវាបានកើតឡើងទៅហើយ! ឯងត្រឡប់ទៅផ្ទះ ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់វាទៅ!”
ខ្ញុំភ្លឹកដូចជារូបសំណាក មិននិយាយអ្វីទាំងអស់ មិនដឹងគួរតែធ្វើអ្វីបន្តទៀតនោះទេ។
“មោះ! ខ្ញុំជូនឯងទៅផ្ទះវិញ!”
ខ្ញុំឡើងជិះម៉ូតូពីក្រោយលោកមេប៉ុស្តិ៍ទាំងដែលគ្មានវិញ្ញាណ។ អារម្មណ៍របស់ខ្ញុំពេលនេះគឺហោះហើររសាត់អណ្តែតពាសវាលពាសកាល ម្តងនឹកដល់ធារ៉ា ម្តងនឹកដល់ចរិយា ម្តងក៏នឹកឃើញរឿងផ្សេង…ដូចជាមនុស្សវិកលចរិតអ៊ីចឹង។
ពេលមកដល់ បុណ្យសពធារ៉ាក៏បានធ្វើរួចទៅហើយ នៅសល់តែធាតុនិងរូបថតដែលដាក់តាំងនៅកៀកគ្នាតែប៉ុណ្ណោះ។ ខ្ញុំលុតជង្គង់ពីមុខធាតុមិត្តសម្លាញ់ ទាំងទឹកភ្នែករាប់លានដំណក់ស្រក់ចុះបន្តគ្នា ដូចភ្លៀងដើមខែអ៊ីចឹង។ ពេលនេះខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ម្តងពីរក្នុងពេលតែមួយ ដែលស្ទើរតែមិនគួរឱ្យជឿថាវាអាចទៅរួច។ ខ្ញុំលុតជង្គង់នៅពីមុខធាតុរបស់ធារ៉ាអស់ជាងកន្លះម៉ោងដោយមិនចង់ក្រោក តែភ្លាមនេះសំឡេងមួយក៏បានបន្លឺឡើងយ៉ាងឭៗ។
“ឱ្យមីងសូមទោសក្មួយផង ដែលចោទប្រកាន់ថាក្មួយជាឃាតកៈសម្លាប់កូនស្រីមីង!”
ខ្ញុំងាកទៅកាន់ប្រភពសំឡេងទាំងដែលជង្គង់នៅលុតនៅឡើយ។ ខ្ញុំស្គាល់គាត់យ៉ាងច្បាស់ថា ជាមីងសំ ជាម្តាយរបស់អូនយ៉ា។ គាត់ញញឹមស្រាលមកកាន់ខ្ញុំ។ ខ្ញុំប្រញាប់ជូតទឹកភ្នែកហើយញញឹម រួចនិយាយទៅកាន់គាត់វិញ
“បាទមិនអីទេមីង! រឿងដែលបានកន្លងហួសហើយ សូមមីងកុំរំឭកពីវាអី!”
“មីងសូមអរគុណក្មួយហើយដែលមិនប្រកាន់មីង!”
ខ្ញុំស្ទុះងើបឡើង រួចនិយាយទៅកាន់គាត់យ៉ាងសុភាព
“បាទមីង! ខ្ញុំនឹងធ្វើជាអ្នកភូមិដ៏ល្អរបស់មីងបន្តទៀត!”
ម្តាយចរិយាញញឹមរួចក៏ដើរចេញបាត់ទៅ។ ខ្ញុំក្រលេកមើលទៅរូបថតរបស់ធារ៉ាបន្តិច រួចដើរសំដៅមកផ្ទះដើម្បីចួបអ្នកម្តាយដ៏កម្សត់ទាំងផ្ទៃមុខនៅមានស្នាមទឹកភ្នែកនៅឡើយ។ គ្រប់គ្នាដែលនៅក្នុងភូមិមើលមកខ្ញុំហាក់បីដូចជាប្លែកខុសពីមុន បើទោះបីជាការពិតបានលាតត្រដាងហើយក៏ដោយ។ ខ្ញុំដឹងយ៉ាងច្បាស់ថា តំណក់គំនិតរបស់ពួកគាត់មកលើខ្ញុំនៅតែមាន ហើយខ្ញុំក៏មិនចង់បកស្រាយអ្វីច្រើននោះដែរ ទុកឱ្យពេលវេលាជាអ្នករំសាយគំនិតនេះទៅចុះ៕