គេច្រើនហៅខ្ញុំថាជាលោកគ្រូពេទ្យសង្ហា ខ្ញុំដើរចូលមន្ទីរពទ្យបង្អែកដែលជាកន្លែងធ្វើការថ្មីរបស់ខ្ញុំ នៅខាងមុខមានដើមស្រល់ពណ៌សល្អក់មួយដើមនិងដើមឈើធំៗជាច្រើនទៀតយ៉ាងត្រជាក់ល្ហឹម។ នៅមន្ទីរពេទ្យនេះមានតែអគារចាស់មួយនៅទទឹងផ្លូវចូលតែប៉ុណ្ណោះ។ ឃើញមានអ្នកជំងឺបួនដប់នាក់ក្នុងមន្ទីរពេទ្យ ខ្ញុំដើរចូលទៅជំរាបសួរលោកគ្រូពេទ្យម្នាក់អង្គុយនៅតុពិគ្រោះជំងឺដែលកំពុងឈ្ងោកសរសេរព័ត៌មានអ្នកជំងឺ តែគាត់មិនងាកមើលខ្ញុំដូចមិនបានឮខ្ញុំ។ ខ្ញុំអង្គុយចុះក្បែរគាត់ រេភ្នែកមើលជុំវិញខ្លួន។ អ្នកគ្រូពេទ្យលើកដៃកាន់សឺរ៉ាំងក្រចកនាងពណ៌ខ្មៅរលោង មាត់លាបក្រែមខ្មៅ មើលពីចំហៀងមុខនាងស្លាំងស្លេក ខ្យល់បក់ត្រសៀកសក់វែងអន្លាយរបស់នាងបោកតិចៗទៅក្រោយខ្នង ខ្ញុំឃើញហើយរាងស្រៀវខ្លួន។ ខ្ញុំអង្គុយមួយស្របក់ទើបចាប់អារម្មណ៍ថា ទីនេះស្ងាត់ណាស់គឺស្ងាត់ទាំងក្នុងចំណោមមនុស្សច្រើន។ អ្នកទាំងនេះតាំងពីខ្ញុំមកដល់ដូចមិនបាននិយាយអីសោះ អ្នកជំងឺអង្គុយធ្មឹងៗ គ្រូពេទ្យក៏មិនមាត់អី គិតដល់ត្រឹមនេះក៏រាងព្រឺក្បាលតិចៗ។ ខ្ញុំក្រោកឡើងរៀបហាមាត់និយាយទៅពេទ្យម្នាក់នៅក្បែរខ្ញុំនេះ តែកន្ទុយភ្នែកខ្ញុំឃើញអ្វីម្យ៉ាងពណ៌សមានចលនាលឿនដូចព្យុះឱ្យខ្ញុំងាករកមើល ។ មិនឃើញអ្វី គ្រប់យ៉ាងនៅធម្មតាខ្ញុំងាកមកវិញ ខ្ញុំថយក្រោយពីរបីជំហានស្ទើរដាច់ផ្ងារគឺមានតែអគារបាត់មនុស្សអស់ ទីនេះមានតែខ្ញុំ បាត់គ្រូពេទ្យបាត់អ្នកជំងឺទៅណាអស់ហើយក៏មិនដឹង។ ខ្ញុំព្រឺក្បាលខ្ញាក លេបទឹកមាត់ក្អឹក ក្តាប់ដៃរក្សាលំនឹង ប្រញាប់ចេញមកក្រៅកន្លែងដាក់ម៉ូតូវិញ តែភ្នែកខ្ញុំឃើញមានយុវតីម្នាក់ឈរស្ងៀមក្រោមដើមឈើក្នុងឯកសណ្ឋានសិស្សនៅមិនឆ្ងាយប៉ុន្មានពីខ្ញុំ នាងញញឹមស្មើមកខ្ញុំ។
“លីន!” ខ្ញុំហើបមាត់ហៅឈ្មោះនាងតិចៗ
នាងស្រាប់តែរលាយខ្សុលក្នុងខ្យល់
“លីន!លីនកុំទៅចោលបង លីន”
ខ្ញុំកន្រ្តាក់ខ្លួនបើកភ្នែកឡើងបែកញើសជោកដូចគេចាក់ទឹក ខ្ញុំលើកដៃដែលត្រជាក់ដូចទឹកកកច្បូតមុខខ្លួនឯងឱ្យស្វាងពីយល់សបិ្ត ខ្ញុំយល់សបិ្តឃើញកន្លែងធ្វើការ? ខ្ញុំយល់ សប្តិឃើញលីន? តែពន្លឺព្រះអាទិត្យចាំងតាមបង្អួច ខ្ញុំគ្មានពេលគិតយល់សប្តិយល់សូងទេ ខ្ញុំប្រញាប់ក្រោករៀបចំខ្លួនស្លៀកពាក់ស្អាតបាតបាញ់ទឹកអប់ឈ្ងុយ ជះរាងស្តើងសង្ហារៀបខ្លួនទៅធ្វើការថ្ងៃដំបូង។
“វីនកូន ទៅធ្វើការថ្ងៃដំបូងផង មកនេះមកកូន ម៉ាក់ពាក់ខ្សែកបន្ដោងព្រះឱ្យ”
“អីគេម៉ាក់?” ខ្ញុំចូលទៅជិតគាត់
“ពាក់ទៅនាំសេចក្តីសុខ អាចការពារយើងពីអ្វីដែលយើងមើលមិនឃើញបានដែរ ណាកូន”
“ការពារអីទេ ម៉ាក់អើយ! កូនម៉ាក់នេះណាឃើញសាកសពឡើងសាំភ្នែកហើយអត់ខ្លាចខ្មោចទេ កូនអត់ពាក់ទេ កូនទៅធ្វើការហើយ”
ពីផ្ទះខ្ញុំទៅមន្ទីរពេទ្យបង្អែកនៅទីរួមស្រុកច្រើនគីឡូម៉ែត្រគួរសម។ អំបាញ់មិញនេះមិនមែនខ្ញុំមិនជឿទាំងស្រុងនូវអ្វីដែលម៉ាក់និយាយទេ តែជឿខ្លះ អត់ខ្លះ ណាមួយខ្ញុំពេទ្យផងបើពាក់ខ្សែករូបព្រះ ការពារពពួកអមនុស្ស ចួនជាគេឃើញគេសើចហួសចិត្តងាប់ហើយ ពេទ្យវិទ្យាសាស្រ្តទៅជឿអបិយជំនឿ បែបនេះហើយបានខ្ញុំមិនព្រមទទួលពីម៉ាក់។ ខ្ញុំឈប់ម៉ូតូទុកដើរចូលមន្ទីរពេទ្យ ពិតជាត្រជាក់ត្រឈឹងក្រោមដើមឈើច្រើននិងមានតែមួយអគារដូចការយល់សបិ្តបេះបិទ តែគ្រូពេទ្យនៅទីនេះរាក់ទាក់ធម្មតា។ ម្តងម្កាលខ្ញុំចេះតែរំពៃភ្នែកមើលទៅដើមឈើខាងក្រៅក្រែងឃើញលីន តែគ្មានអ្វីសោះ។ តែខ្ញុំចេះតែមានអារម្មណ៍ថាលីននៅក្បែរៗខ្ញុំរហូត រូបភាពនាងនៅតែផុសពេញការចង់ចាំរបស់ខ្ញុំទោះវាកន្លងទៅយូរឆ្នាំហើយក៏ដោយ រឿងរ៉ាវទាំងនោះប្រៀបដូចស្រមោលអន្ទងតាមខ្ញុំឥតឈប់ឈរ តែនាងក៏មិនដែលបង្ហាញខ្លួនឱ្យខ្ញុំឃើញក្រៅយល់សបិ្តដែរ នេះហើយទើបខ្ញុំគិតថាគ្រប់យ៉ាងគ្រាន់តែជាការស្រមើស្រមៃផ្ដេសផ្ដាសពីអតីតសង្សារប៉ុណ្ណោះ។ ថ្ងៃត្រង់ម៉ោង១១កន្លះ នៅតែខ្ញុំម្នាក់ឯងបង្ហើយការងារមិនទាន់រួច តែគឺវាស្ងាត់ពេកហើយ ឃ្លានបាយក៏ឃ្លាន ក៏សម្រេចចេញទៅផ្ទះ។ នៅកន្លែងដាក់ម៉ូតូ គឺនៅតែម៉ូតូខ្ញុំតែឯង យ៉ាងណាក៏មិនកណ្ដោចកណ្ដែងព្រោះមានឡានពេទ្យមួយគ្រឿងបញ្ឈរជិតនោះកំដរ។ តែដើរកាន់តែជិត មើលធ្លុះកញ្ចក់ចំហៀងឡានឃើញ មានអ្នកនៅក្នុងឡានពេទ្យនោះ ស្លៀកពាក់ជាគ្រូពេទ្យមិនដឹងជាកំពុងធ្វើអ្វី។
“ក្រែងទៅផ្ទះអស់ហើយ? ចុះពេទ្យណាមិនទាន់ទៅដែរ?” ខ្ញុំគិតក្នុងចិត្ត ដើរចូលទៅ មើល។ ដើរទៅដល់ក្រោយឡានគឺគ្មានអ្វីទាំងអស់ ទទេស្អាត គ្មានមនុស្ស គ្មានអ្នកណាទេ ក្រៅពីគ្រូពេទ្យឧស្សាហ៍ធ្វើការហួសម៉ោងដូចខ្ញុំ ហាសហា!។
“ ធ្វើការហួសម៉ោង ឡើងស្រវាំងភ្នែកអស់ហើយអាវីនអើយ” ខ្ញុំរអ៊ូតិចៗ
“នៅមន្ទីពេទ្យហ្នឹងមែន? មានខ្មោចខឹកៗ ឮចាស់ៗថាកាលជំនាន់ខ្មែរក្រហម ទីនេះជាព្រៃ ហើយអង្គការយកមនុស្សមកវ៉ៃចោលនៅទីនេះ” ខ្ញុំគិតបន្ត “ខ្ញុំអត់ប្រមាទទេ តែខ្ញុំគ្រាន់ឆ្ងល់បើមានខ្មោចមែន ចេះតែនៅលងគេ មិនទៅចាប់ជាតិទេអីអ្ហះ អស់លោកខ្មោចទាំងឡាយអើយ” គិតហើយខ្ញុំសើចខឹកៗហួសចិត្តតែឯង។
ខ្ញុំឡើងម៉ូតូកាច់សោ ស្រាប់តែភ្ញាក់កន្រ្តាក់ដៃវិញយ៉ាងលឿនដោយសារភ្លើងនិងសំឡេងពុះជ្រែកភាពស្ងប់ស្ងាត់…
“វៀវ!វៀវ!វៀវ” ឡានពេទ្យក្បែរខ្ញុំបន្លឺសារ៉ែន ភ្លឺក្រហមភ្លឺភ្លែតជះទៅចាំងនឹងជញ្ជាំងរោងបាយខាងមុខ។ ខ្ញុំងាកត្លែទៅមើល តែស្ងាត់បាត់សំឡេង គ្មានសំឡេងទៀតទេ ពន្លឺក៏បាត់ ហើយក៏គ្មានអ្នកបញ្ជា វាឮយ៉ាងម៉េច?
“ស្ដាប់ច្រឡំទៀតឬ?”
មិនខ្វល់ទេ សើចលែងសមហើយ ខ្ញុំរហ័សបញ្ឆេះម៉ូតូវឹងមិនងាកក្រោយ។
ថ្ងៃថ្មីចូលមកដល់មេឃរលឹមតាំងពីព្រលឹម បើកភ្នែកឡើងខ្ញុំរុញសាកសពថ្មីមួយដាក់នៅបន្ទប់តម្កល់សាកសពជាខ្មោចគ្រោះថ្នាក់ចរាចរណ៍ ដាច់ខ្យល់លើឡានពេទ្យ ប៉ូលីសរកសាច់ញាតិមិនទាន់ឃើញ។ ល្ងាចបន្ទិចមានអ៊ំប្រុសម្នាក់រអិលទឹកភ្លៀងដួលបែកក្បាលមុខផ្ទះ បានអ្នកជិតខាងជូនមកពេទ្យ កូនៗគាត់ទៅធ្វើការនៅភ្នំពេញមកមិនទាន់ដល់ គាត់ក៏ត្រូវសម្រាកតែម្នាក់ឯង។ មេឃទើបពីដាច់គ្រាប់ភ្លៀងបន្ទាប់ពីរលឹមពេញមួយថ្ងៃ យប់នេះត្រូវវេនខ្ញុំយាមជាមួយគ្រូពេទ្យគន់ ខ្ញុំអាយុ២៥មើលទៅគាត់អាយុបងខ្ញុំពីរបីឆ្នាំ តែប្រពន្ធគាត់ឈឺ គាត់ថាយប់ជ្រៅបន្តិចទើបមកយាម ។ ពេលនេះក្នុងមន្ទីរពេទ្យមានតែពីរនាក់ខ្ញុំនិងអ៊ំ ខ្ញុំចូលទៅគេងជាមួយអ៊ំអ្នកជំងឺចាំពេទ្យគន់មក ចាំទៅគេងនៅបន្ទប់មួយទៀតជាមួយគ្នា។ មើលទៅអ៊ំគេងស្កប់ស្គាល់ណាស់ រំពេចនោះសំឡេងកង់រទេះរុញអ្នកជំងឺលាន់សន្ធៅនៅខាងក្រៅខ្ញុំស្ទុះបើកទ្វាបន្ទប់អើតក្បាលមើល ស្ងាត់គ្មានអ្វីទាំងអស់ងាកមើលរទេះរុញអ្នកជំងឺខាងក្រៅនៅនឹងថ្កល់ដដែល។ ខ្ញុំទាញទ្វារបិទវិញ…
…រ៉ក់..រ៉ក់…
សំឡេងកង់រទេះរុញអ្នកជំងឺឮជាថ្មី ខ្លាំងទៅៗដូចរុញចុះឡើងមុខបន្ទប់។
“ផាំង!ផាំង! លោកគ្រូមានអ្នកជំងឺបន្ទាន់” សំឡេងគោះទ្វារនិងសំឡេងមនុស្សស្រីស្លន់ស្លោខាងក្រៅ ខ្ញុំប្រញាប់ក្រោកទៅបើកទ្វារបន្ទប់។ ខ្ញុំបើកភ្នែកធំៗប៉ិនពងមាន់ បេះដូងលោតចង់គាំង ញ័រជើងសឹងតែដួល រទេះរុញអ្នកជំងឺរត់ទៅវិញទៅមកលឿនទៅៗដោយគ្មានអ្នករុញ?
“រទេះ…រទេះរុញអ្នកជំងឺ…រត់…រត់ខ្លួនឯង?” ខ្ញុំរហ័សបិទទ្វារផាំងសម្រូតខ្លួនផ្អែកខ្នងនឹងទ្វារមួយស្របក់ទើបសំឡេងខាងក្រៅបាត់ ក្នុងសភាពស្ងាប់ស្ងាត់ឮតែសំឡេងដង្ហើមខ្លួនឯងញាប់ស្អេក និងសំឡេងសត្វល្អិតយំក្នុងគុម្ពស្មៅសើមបន្ទាប់ពីភ្លៀង ខ្ញុំនៅតែញ័រដៃញ័រជើងខ្យល់នាំចំហាយត្រជាក់ត្រសៀកៗតាមបង្អួចចំហកាន់តែស្រៀវខ្នង។ ខ្ញុំសន្សឹមៗឡើងគ្រែក្បែរអ៊ំ ដេកយ៉ាងស្ងប់ស្ងាត់…
“វីន…” សំឡេងល្វើយៗនៅខាងណាមិនដឹង ខ្ញុំរៀបឆ្លើយតែនឹកឃើញស្រុកខ្ញុំនេះត្រណមណាស់រឿងមានអ្នកណាហៅឈ្មោះឬគោះទ្វារផ្ទះពេលយប់ ទោះជាសំឡេងអ្នកស្គាល់ក៏គេមិនឱ្យឆ្លើយតបលុះត្រាតែម្នាក់នោះហៅច្រើនដង ព្រោះគេជឿថាសំឡេងនោះជាសំឡេងពពួកខ្មោចព្រាយបើយើងឆ្លើយវាអាចយកព្រលឹងយើងបាន។
“វីន” សំឡេងខ្សឹបខ្សាវៗកាន់តែកៀកក្បែរត្រចៀក ខ្ញុំបះរោមព្រឺសម្បុរគីង្គក់
“ផាំង!!!ផាំង!” ខ្ញុំកន្រ្តាក់ខ្លួនសំឡេងគោះទ្វារធំខាងក្រៅបន្លឺខ្លាំងៗម្តងទៀត
ខ្ញុំនៅទ្រឹង ខ្ញុំមិនទៅបើកទ្វារដាច់ខាតខ្ញុំដកដង្ហើមចូលវែងសម្រួលភាពភ័យ
“រឿងអស់ទាំងនេះមិនមានអីជាបញ្ហាឡើយចំពោះពេទ្យដូចខ្ញុំ ឃើញសាកសពសាំភ្នែកទៅហើយ” ខ្ញុំគិតក្នុងចិត្តលួងខ្លួនឯងយ៉ាងណា ខ្ញុំខ្លាច ខ្ញុំភ័យញ័រចាំស្តាប់បន្តិចទៀត…
“វីន…ពេទ្យវីន” សំឡេងមនុស្សប្រុសមួយៗច្បាស់ៗនៅខាងក្រៅបន្លឺជាថ្មីខ្ញុំចំណាំច្បាស់ជាសំឡេងពេទ្យគន់ គ្រាន់តែចាំបានថាជាពេទ្យគន់ខ្ញុំមានកម្លាំងព្រើស ឈប់ខ្លាចងើបទៅបើកទ្វារបន្ទប់ ហួសទៅបើកទ្វារធំកញ្ចក់ខាងក្រៅ ដោយសារខាងក្រៅគ្មានអំពូលបំភ្លឺយើងមើលពីខាងក្នុង មិនអាចឃើញអ្នកឈរខាងក្រៅបានទេ។
“បង” ខ្ញុំបើកទ្វារញញឹមហើយហៅគាត់ តែគាត់មិនស្តីរកខ្ញុំព្រមទាំងទឹកមុខស្មើធេង។ ប្រហែលប្រពន្ធគាត់មិនទាន់ធូរ? ខ្ញុំទាញទ្វារបិទរួចដើរពីក្រោយគាត់ ដំណើរគាត់ដូច ចម្លែកៗ ដើរត្រង់ខ្លួនភ្លឹងមិនរង្គើស្មាសោះគាត់ដើរបត់ទៅខាងឆ្វេង ខ្ញុំរៀបនឹងសួរថាបន្ទប់យើងដេកនៅខាងស្ដាំតើ គាត់ទៅទីនោះធ្វើអីជាបន្ទប់តម្កល់សាកសពនុង ស្រាប់តែពន្លឺ ភ្លើងម៉ូតូពណ៌លឿងស្រាលធ្លុះតាមទ្វាកញ្ចក់បំភ្លឺពីក្រោយទាញចិត្តខ្ញុំឱ្យងាកទៅមើល…
“គឺ…គឺបងគន់ទើបពីមកដល់…ចុះ…ចុះម្នាក់ក្រោយខ្នងខ្ញុំនេះ?” ខ្ញុំព្រឺក្បាលខ្ញាកៗរហ័សងាកក្រោយវិញ បាត់មិនឃើញអ្វីទាំងអស់ ខ្ញុំរលះរលាំងរត់ទៅបើកទ្វារ
“ម៉េចហ្នឹងវីន មុខស្លេកស្លាំងម្ល៉េះ”
“គឺ…ៗបងគឺ” ខ្ញុំឆ្លើយរដាក់រដុប លើកដៃប៉ះដៃគាត់គឺក្តៅៗតិចៗ
គាត់ហាក់យល់ការណ៍ លើកដៃគោះស្មាខ្ញុំថ្នមៗ ”តោះកុំគិតច្រើនចូលដេក”។ ខ្ញុំដើរទន្ទឹមគាត់ភ្នែកខ្ញុំសង្កេតមើលអ្វីៗនៅជុំវិញនេះទាំងញញើតស្រៀវៗ។
ខ្ញុំដេកក្នុងបន្ទប់ជាមួយពេទ្យគន់ទាំងអារម្មណ៍ហេងហាង។
ក្នុងសភាពស្ងប់ស្ងាត់ ខ្ញុំឮសំឡេងមនុស្សច្រើននិយាយគ្នាបែបឆោឡោនៅខាងក្រៅបន្ទប់ ខ្ញុំងាកមើលពេទ្យគន់ស្រមុកបាត់ទៅហើយ ខ្ញុំគិតថាមិនចង់រំខានគាត់ ខ្ញុំខ្លាចតែចង់ដឹង ទើបលាត់ភួយដើរលបៗទៅបើកទ្វារចេញរកមើល។ ខ្ញុំចេះតែដើរយឺតៗតាមបណ្ដាយមន្ទីរពេទ្យតាមរលកសំឡេង ក្រោមពន្លឺអំពូលមិនសូវច្បាស់ ដោយឆ្លងកាត់បន្ទប់ទល់មុខគ្នាជាច្រើនសឹងភ្លេចដកដង្ហើម ។ ខ្ញុំត្រូវទច់ដំណើរ នៅលើការ៉ូមានអ្វីម្យ៉ាងជ្រាបចេញពីក្រោមទ្វារនៃបន្ទប់សង្រ្គោះបន្ទាន់បិទជិត វាកំពុងហូរសន្សឹមៗ ខ្ញុំឱនមើលឱ្យកាន់តែច្បាស់វាជា… “ឈាម” ខ្ញុំកន្រ្តាក់ខ្លួនថយក្រោយបន្ទិចតែអារម្មណ៍ឆ្ងល់ ធំជាងអារម្មណ៍ខ្លាច ខ្ញុំលើកដៃប្រុងបើកគន្លឹះទ្វារ តែមិនទាន់ប៉ះផង ទ្វាររបើកងឺតតិចៗដោយស្វ័យប្រវត្តិ ធ្វើឱ្យខ្ញុំឃើញរូបភាពនៅខាងក្នុងបន្ទប់ គឺក្រុមគ្រូពេទ្យមកពីណាមិនដឹង ខ្នះខ្នែងសង្គ្រោះអ្នកជំងឺឈាមហូរដាបស្រក់ពេញការ៉ូដែលពិបាកនឹងឃាត់។ ខ្ញុំភ្លឹកមើលសកម្មភាពរបស់ពួកគេ ដោយពួកគេមិនបានចាប់អារម្មណ៍ជាមួយវត្តមានខ្ញុំ ពេលនោះស្រាប់តែគ្រូពេទ្យម្នាក់ងើបមុខឆ្វាត់ មើលមកខ្ញុំទាំងភ្នែកគ្មានប្រស្រីខ្មៅ ខ្ញុំភ្ញាក់ខ្លាំងស្រែកវ៉ាស តែបំពង់កខ្ញុំហាក់គ្មានសំឡេងបានត្រឹមហាមាត់។ ពេទ្យនោះមើលខ្ញុំមិនដាក់ភ្នែក ខ្ញុំមានអារម្មណ៍ថាគាត់រំកិលខ្លួនអណ្ដែត យឺតៗ ទម្លុះរាងកាយពេទ្យទាំងឡាយ មករកខ្ញុំជាមួយស្នាមញញឹមយ៉ាងកំណាច…ខ្ញុំចង់រត់ តែខ្លួនខ្ញុំរឹងស្ដូកកម្រើកមិនបាន
“បងវីន…” សំឡេងមនុស្សស្រីអូសបន្លាយល្វើយៗនៅខាងណាមិនដឹង ដែលខ្ញុំចាំច្បាស់ជាសំឡេងលីន។ ខ្ញុំប្រឹងហាមាត់ឆ្លើយតបម្ហបៗដោយគ្មានសំឡេង ឯពេទ្យនោះក៏កាន់តែមកជិតខ្ញុំ។ មានស្រមោល ស ទំហំធំជាងខ្លួនមនុស្សមកពាំងពីមុខខ្ញុំ ទាំងអ្នកជំងឺ ទាំងពេទ្យរលាយបាត់អស់ ក្នុងបន្ទប់គ្មានអ្វីទាំងអស់ ខ្ញុំរត់ទៅបន្ទប់វិញយ៉ាងរហ័សរកលេខដាក់គ្មាន រហូតជើងខ្ញុំជំពប់នឹងអ្វីមួយដួស “ប្រូស!” ផ្កាប់មុខលើការ៉ូយ៉ាងត្រជាក់។ មានដៃត្រជាក់ៗសើមៗ ចាប់កាន់កជើងខ្ញុំហើយកញ្ឆក់វឹបអូសទៅក្រោយ “អ្ហា!” បាតដៃទាំងពីររបស់ខ្ញុំប្រឹងទប់ការ៉ូ តែមិនឈ្នះកម្លាំងដែលឱ្យខ្លួនប្រាណខ្ញុំធ្វើចលនាទៅក្រោយយ៉ាងរហ័សនេះឡើង ខ្ញុំស្រវេស្រវាទាំងគ្មានអ្វីនៅជិតខ្លួន… “គ្រាំង!!!”
“វីន! វីន? ក្រោកឡើងវីន” ខ្ញុំមមិងមមាំងឃើញពេទ្យគន់នៅក្បែរ
“កើតអីវីន ម៉េចមកដេកនៅហ្នឹងវិញ?” បងគន់សួរដោយស្លន់ស្លោ ខ្ញុំមិនមាត់អ្វីប្រឹងច្រត់ដៃក្រោក បងគន់ជួយលើកទាំងឈឺក្បាលខ្ទោកៗ
មកដល់ក្នុងបន្ទប់វិញ គាត់នៅតែសួរខ្ញុំនិងធ្វើទឹកមុខភ័យខ្លាច
“ខ្ញុំ ទៅបន្ទប់សង្រ្គោះបន្ទាន់ បន្ទាប់មកខ្ញុំជំពប់ជើងដួលតែមានអ្នកណាមកចាប់ជើងខ្ញុំអូសថយក្រោយ វាដូចជាយល់សប្តិ”
“បើយល់សប្តិម៉េចឯងទៅដេកនៅទីនោះកើត? នៅទីនេះ ឧស្សាហ៍មានគេឃើញណាស់ តែឯងនេះឧស្សាហ៍ជាងគេពេកហើយ” ខ្ញុំមិនមាត់ គាត់បន្ត “ស្អែកដល់ផ្ទះឯងប្រាប់ម្តាយឯងឱ្យស្រោចទឹកឱ្យទៅ ហើយបើមានវត្ដុអ្វីអាចដាក់តាមខ្លួនខ្លះទៅ។ យើងពេទ្យខាងវិទ្យាសាស្រ្តមែន តែពេលឃើញភ្នែកស្រស់ខ្ញុំក៏ជឿរឿងនេះដែរ។ មនុស្សយើងអាចឃើញអ្វីនៅកន្លែងមានពន្លឺតែប៉ុណ្ណោះ តែកន្លែងងងឹតដែលយើងមើលមិនឃើញ មិនដឹងជាមានអ្វីខ្លះទេ។ ហើយមួយទៀតក៏យើងកុំទៅប្រមាទគេដែរ យើងនៅដោយយើង គេនៅដោយគេទៅ”
ខ្ញុំងក់ក្បាលយល់ស្រប ព្រឹកដល់ផ្ទះខ្ញុំប្រាប់ម៉ាក់ខ្ញុំឱ្យគាត់ស្រោចទឹក…
“ទោះឃើញអ្វីក៏ដោយ កូនត្រូវធ្វើចិត្តឱ្យស្ងប់ កុំឆោឡោ បើយើងមិនធ្វើអីគេគេក៏មិនធ្វើអីយើងដែរ ឮទេ?”
“ម៉ាក់! ចាំលីនទេ? ពេលនោះខ្ញុំឮលីនហៅខ្ញុំ ហើយមានអ្វីមកពាំងពីមុខ នាងជួយកូនទេដឹង”
“លីនណា?”
“លីនសង្សារខ្ញុំមុន លីនដែលស្លាប់ដោយគ្រោះថ្នាក់កាលនៅរៀន ខ្ញុំមានអារម្មណ៍ថានាងនៅក្បែរខ្ញុំរហូត”
“ម៉ាក់ចាំបានហើយ តែនាងស្លាប់យូរហើយនៅក្បែរឯងម៉េចកើត ឯងឈប់គិតពីនាងទៅ” ម៉ាក់និយាយសម្លឹងមើលវែងឆ្ងាយ
ថ្ងៃថ្មីយប់ថ្មីត្រូវវេនខ្ញុំយាមជាមួយពេទ្យគន់ទៀតហើយ តែយប់នេះគ្មានអ្នកជំងឺ ពេទ្យគន់ក៏មកលឿនខ្ញុំរាងកក់ក្តៅជាងមុន។យប់ជ្រៅបន្តិចខ្ញុំកំពុងដេកមើលទូរស័ព្ទ
“ផាំង!!ផាំង” សំឡេងគោះទ្វារខាងក្រៅខ្លាំងៗ ខ្ញុំដកភ្នែកពីទូរស័ព្ទចាំផ្ទៀងត្រចៀកស្ដាប់ ស្ងាត់ឈឹងខ្ញុំអង្គុយស្ងៀមសឹងភ្លេចដកដង្ហើម ងាកមើលបងគន់ដេកលក់ភ្លឹងហើយហ្នឹង គាត់នេះពូកែដេកណាស់ ដាក់ភ្លាមលក់ភ្លែត។
“គ្រូពេទ្យជួយ គ្រូពេទ្យជួយខ្ញុំផង” លើកនេះច្បាស់ណាស់មានអ្នកហៅមិនមែនខ្មោចទៀតទេ ក្នុងស្មារតីនឹងធឹងខ្ញុំប្រញាប់ដើរទៅបើកទ្វារក្រៅម្នាក់ឯង។ ទ្វាររបើករំលេចនូវប្រុសម្នាក់ប្រហែលអាយុស្របាលខ្ញុំ បែកក្បាលហូរឈាមស្រោចខ្លួន
“ល្ហើយណ៎! អាម្នាក់នេះរបួសខ្លាំងប៉ុណ្ណឹងហើយនៅដើរមកពេទ្យខ្លួនឯងបានទៀត?” ខ្ញុំតាំងចិត្តនៅស្ងៀមទាំងបេះដូងលោតស្ទើរចេញមកក្រៅ សម្ដីម៉ាក់ខ្ញុំរងំ “តាំងចិត្ត កុំឆោឡោ បើយើងមិនធ្វើអីគេ គេមិនធ្វើអីយើងទេ” ហើយខ្ញុំដូចមានថាមពល មានទំនុកចិត្តក៏មិនសូវខ្លាចដូចម្សិល
“គ្រូពេទ្យជួយខ្ញុំផង” គេនិយាយញ័រៗឈាមហូរតាមមាត់ តាមភ្នែក កក្លាក់ប្រឹងយកដៃខ្ទប់ក្បាល
ខ្ញុំនិយាយម៉ាត់ៗ “ខ្ញុំមកនេះដើម្បីព្យាបាលអ្នកជំងឺ ខ្ញុំគ្មានបំណងអាក្រក់ទេ បើមកបន្លាចខ្ញុំ ខ្ញុំឈប់ធ្វើការបានអ្នកណាមើលអ្នកជំងឺ?”
គេងើបមុខមើលហួសទៅក្រោយខ្ញុំ ហើយរសាត់បាត់ក្នុងខ្យល់ ខ្ញុំទាញទ្វារបិទបែរមកវិញផ្តើមបុកពោះភឹប
“លីន…លីន” សំឡេងខ្ញុំរដាក់រដុបបេះដូងលោតញាប់ស្អេក នាងចងបូខ្មៅទម្លាក់សក់ទៅក្រោយដូចពេលថ្ងៃចុងក្រោយរបស់នាង នាងឈរនៅក្រោយខ្នងខ្ញុំតាំងពីថ្មើរណាមិន ដឹង។
“លីន!!!លីន” ខ្ញុំស្រែកហៅនាងខ្លាំងពេលមិនឃើញនាងម្តងទៀត អ្វីៗនៅទីនេះស្ងប់ស្ងាត់ធម្មតា មិនធម្មតាតែខ្ញុំដើរញាប់ជើងទៅបន្ទប់វិញ។
“ទើបមកពីណាវីន” ពេទ្យគន់មមិងមមាំង
រសៀលបន្ទាប់
“វៀវ!វៀវ…” សំឡេងឡានពេទ្យឮខ្លាំងទៅៗប្រណាំងនិងល្បឿនលឿនដូចព្យុះបន្តិចមក…
…ផាំង… សំឡេងលាន់ទ្រហឹងផាំងហើយស្ងាត់ឈឹង បន្ទាប់ពីស្ងាត់ឮសំឡេងអ្នកស្រុកជជែកគ្នាចេចចាច ខ្ញុំបើកភ្នែកព្រឹមៗទាំងស្រវាំងក្នុងពន្លឺភ្នែកចុងក្រោយខ្ញុំឃើញលីននៅក្បែរខ្ញុំបង្កើយ។ ខ្ញុំបើកភ្នែកម្តងទៀតឃើញម៉ាក់ខ្ញុំអង្គុយក្បែរ គឺខ្ញុំស្គាល់ច្បាស់នេះមន្ទីរពេទ្យ។ ម៉ាក់ប្រាប់ថាអ្នកក្នុងឡានពេទ្យរសៀលមិញមានតែខ្ញុំទេដែលរបួសស្រាលជាងគេ ខ្ញុំភ័យពេកទើបសន្លប់ ឡានពេទ្យបុកនិងឡានដឹកដីនៅផ្លូវកែងយ៉ាងដំណំអ្នកជំងឺលើឡានពេទ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ពេទ្យម្នាក់អង្គុយជិតខ្ញុំបានបាក់ជើង ឯអ្នកបើកឡានត្រូវក្បាលរបួសធ្ងន់។
“គ្រាន់បានដំណឹងភ្លាមម៉ាក់ប្រញាប់មកភ្លាម”
“អ្នកណាខលប្រាប់ម៉ាក់?”
“គឺក្មេងស្រីនោះទៅប្រាប់ម៉ាក់ដល់ផ្ទះ កុំអីម៉ាក់មិនដឹងទេ”
“អ្នកណាម៉ាក់”ខ្ញុំច្រត់ដៃក្រោកឡើងទាំងធេងធោង
“មិនស្គាល់ឈ្មោះផង តែប្រហែលៗដូចធ្លាប់ឃើញនៅកន្លែងណាមិនដឹង ក្មេងនុ៎ងលឿននោះលឿន ទៅប្រាប់ម៉ាក់នៅផ្ទះ ម៉ាក់ស្រូតប្រញាប់មកវឹង ពេលម៉ាក់មកដល់ឃើញនាងអង្គុយកៅអីដែលម៉ាក់កំពុងអង្គុយហ្នឹងតាំងពីអង្កាល់ហើយទេ លឿនជាងម៉ាក់ទៀត”
“ជាអ្នកណាមកមើលខ្ញុំមុនម៉ាក់ទៀត?”
“នាងពាក់អាវសសំពត់ខ្មៅដូចសិស្ស ចងបូពណ៌ខ្មៅ”
“គឺ…ៗលីន?”
“ឈ្មោះលីនមែនទេកូន តែកូនហ្នឹងមើលទៅស្លាំងៗម៉េចមិនដឹងទេ”
“តែនាងស្លាប់យូរហើយម៉ាក់ គឺលីនសង្សារខ្ញុំពីមុនដែលស្លាប់នោះ”
“ស្លាប់ហើយ? ជាលីន?” ម៉ាក់បើកភ្នែកធំៗសួរខ្ញុំបញ្ជាក់ “ម៉ាក់មិនត្រឹមឃើញនាងទេនាងថែមទាំងនិយាយប្រាប់ម៉ាក់ថានាងទៅវិញសិនហើយ មិនមែននាងទេដឹងម៉ាក់និយាយជាមួយច្បាស់ណាស់”
ខ្ញុំចង់យំ តែខ្ញុំកំពុងនៅមន្ទីរពេទ្យកន្លែងខ្ញុំធ្វើការ ខ្ញុំនៅមុខម៉ាក់ខ្ញុំយំម៉េចនឹងកើត?
អតីតកាល
នាងដើរទៅរៀនរាល់ព្រឹក ថ្ងៃមួយឆ្នាំថ្នាក់ទី១២មានឡានមួយគេចពីឡានមួយទៀតជ្រុលបុកនាងពីក្រោយស្លាប់យ៉ាងអាណោចអាធម្មលើចិញ្ចើមផ្លូវ ក្នុងចំណោមមនុស្សកំពុងចោមរោម ខ្ញុំជ្រែកគេជ្រែកឯងចូលទៅត្រកងនាងចេញពីលោហិតក្រហមឆ្អៅ ឆ្អាបក្លិនឈាមភាយៗមកក្នុងដៃ។
“លីន!លីនក្រោកឡើង” ដង្ហើមនាងផើតផតខ្ញុំកាន់តែយំខ្លោចចិត្ត
“លីន កុំទៅណាចោលបងហ៊ឹៗ ក្រោកឡើងហ៊ឹៗ”
មុខមាត់នាងសុទ្ធតែឈាមសម្លឹងមកខ្ញុំទាំងសោកសៅ
“លីនសន្យាមកថាមិនទៅណាចោលបងជាដាច់ខាត មានរឿងអ្វីក៏ដោយអូនត្រូវតែនៅក្បែរបង ហ៊ឹ… ហ៊ឹលីន” និយាយបានប៉ុននេះដៃនាងធ្លាក់ចុះ លែងដកដង្ហើម បើកភ្នែកបញ្ឈរសម្លឹងខ្ញុំដោយអាល័យ។ ខ្ញុំឆោឡោស្រែកហៅឈ្មោះនាងខ្លាំងទៅៗទាំងតក់ស្លុត
“លីនក្រោកឡើងលីន!ហ៊ឹ”
លីនជាសង្សារដំបូងរបស់ខ្ញុំហើយតាំងពីនាងស្លាប់ខ្ញុំមិនដែលមានសង្សារណាទៀតទេ។ ទោះលីនស្លាប់មែនតែនាងនៅតែជាការចងចាំដ៏ល្អរបស់ខ្ញុំ កាលថ្ងៃនាងមានគ្រោះថ្នាក់ បើឡានពេទ្យមកលឿនជាងនេះបន្តិច នាងអាចមិនស្លាប់ឡើយ ហេតុនេះហើយជាកម្លាំងចិត្តឱ្យខ្ញុំរៀនពេទ្យ ពេលនេះនាងនៅតាមជួយខ្ញុំទៀត។
“ដោយសារដង្ហើមចុងក្រោយនាង កូនប្រាប់ឱ្យនាងនៅក្បែរកូនរហូត ទើបនាងនៅក្បែរកូន នៅតាមជួយកូនមិនព្រមទៅចាប់ជាតិចាប់កំណើត” ម៉ាក់និយាយគិតវែងឆ្ងាយ គាត់បន្ត “ស្អែកទៅផ្ទះ ទៅធ្វើបុណ្យឧទ្ទិសហើយលាសម្តីឱ្យនាងទៅកាន់សុគតិភពវិញទើបបាន ហើយក៏ទៅវត្តស្រោចទឹករំដោះគ្រោះដែរ”
ដោយសារនាងធ្លាប់ជាសង្សារខ្ញុំកាលមុននាងស្លាប់ មុននាងផុតដង្ហើមខ្ញុំព្យាយាមឱ្យនាងសន្យានៅក្បែរខ្ញុំរហូត ធ្វើឱ្យព្រលឹងនាងនៅវិលវល់ចាំសន្យាជាមួយខ្ញុំឥតឈប់ឈរ កន្លងមកនាងនៅចាំតាមជួយខ្ញុំពីអ្វីដែលខ្ញុំមើលមិនឃើញ។ លីននៅមើលខ្ញុំពីចម្ងាយរាល់ថ្ងៃទាំងខ្ញុំមិនដឹង លីនរយៈពេល៥ឆ្នាំមកនេះនាងនៅតែនៅជាមួយខ្ញុំទាំងខ្ញុំមើលមិនឃើញនាង។
ខ្ញុំអង្គុយពីនេះមើលទៅក្រៅតាមបង្គួចឃើញលីនឈរញញឹមស្មើហើយអណ្តែតថយក្រោយបន្តិចម្តងៗ។ ខ្ញុំស្រែកហៅឈ្មោះនាង…“លីន!…”
ចប់