ទស្សនីយភាព
អាកាសធាតុត្រជាក់មេឃកំពុងភ្លៀងស្រិចៗ លំអងច័ន្រ្ទ កំពុងតែស្តាប់ភ្លេងមហោរី បទស៊ីនួន ដែលប្រគុំដោយសម្លេងរនាត គង ខ្លុយ ស្គរតូច ដ៏ពិរោះរណ្តំ អង្គុយភ្លឹកនឹកស្រមៃដល់យុវវ័យជានាដការីរបាំបុរាណខ្មែរយ៉ាងល្វតល្វន់ សម្រស់ស្រស់សោភា លម្អដោយគ្រឿងអលង្កាដ៏ប្រណិតដូចនារីទេពអប្សរចុះពីស្ថានសួគ៌ាល័យ ។
លំអងច័ន្រ្ទ និងវិល័យជាមិត្តនឹងគ្នា ជាដៃគូរាំយ៉ាងសាកសមនិងជិតស្និត។ តែមួយប៉ព្រិចភ្នែកសោះពេលវេលាកន្លងផុតទៅសែនឆ្ងាយ ម្នាក់ៗមានគ្រួសារ បែកគ្នាតាមស្វាមីរៀងៗខ្លួន ។ យុវវ័យបានកន្លងហួសទៅហើយ ពួកគេមិនសូវបានជួបគ្នាទេ ។ លំអងច័ន្រ្ទមានកូនប្រុសម្នាក់គឺ ភូមិរិន្ទ្រ ជាកូនល្អម្នាក់ ស្លូតបូត សុភាពរាបសារ សព្វថ្ងៃជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ ។ វិល័យមានកូនស្រីម្នាក់ គឺស្រីស្រស់ ដាវីណា ដែលមានទេពកោសល្យផ្នែកតែងអ្នកនិពន្ធ មានមុខមាត់ស្រស់ស្អាតដូចម្តាយចឹង ។ ពួកគេខានបានជួបគ្នាតាំងពីកូនៗនៅតូចៗមកម្លេះ ដោយរវល់កាតព្វកិច្ចគ្រួសារ និងមើលការងារមុខរបរផង។ កូនៗគ្មានអ្នកណាស្នងតំណែងម្តាយសោះ ពួកគេធ្វើតាមចំណូលចិត្តរបស់គេសម័យថ្មី ដើរតាមក្តីស្រមៃរៀងខ្លួន ។
<ផាំង ផាំង ផាំង…>
កំពុងតែស្លុងអារម្មណ៍ស្រមៃដល់អតីតកាលស្រាប់តែសម្លេងផ្គររន្ទះមកកាត់ផ្តាច់អស់….
ឃាត់ខ្លួន
<តុក តុក តុក> សំឡេងគោះទ្វារបន្លឺឡើងទាំងព្រឹក
ខ្ញុំក៏ដើរទៅបើកទ្វារ ទាំំងរៀបចំខ្លួនបណ្តើរ ស្លៀកពាក់បណ្តើរ ពាក់អាវសឺមីស ខោខ្មៅ តឺនុយយ៉ាងសង្ហារ ដើម្បីចេញទៅធ្វើការទាំងទឹកមុខងឿងឆ្ងល់ ដោយសារសំឡេងរបស់ម៉ាក់ដូចជាភ័យ៖
<ម៉ាក់ មានការអីរកកូន>
ម៉ាក់ក៏សួរខ្ញុំទាំងភ្ញាក់ផ្អើល និងក្តីភ័យព្រួយផង៖
<កូនមានរឿងអី មានប៉ូលិសមករកកូន>
លោកប៉ូលិសគំរាមលោកស្រីម្ចាស់ផ្ទះ ក្នុងឯកសណ្ឋាននិងទឹកមុខម៉ឺងម៉ាត់៖
<ពួកខ្ញុំមានដីកាកោះហៅលោក ឯក ភូមិរិន្រ្ទ ដើម្បីបំភ្លឺរឿងក្តី>
<ម៉ាក់កុំបារម្ភ កូនមិនបានធ្វើអ្វីខុសទេ កូននឹងត្រឡប់មកវិញ> ភូមិវិន្ទ្រ ឆ្លើយទៅកាន់ម្តាយយ៉ាងសុភាព
លោកឯកសត្ថា ជាឳពុក មានទឹកមុខស្ងប់ស្ងាត់ មិនហាស្តីអ្វីទេ៖
<ជម្រាបលាប៉ា ម៉ាក់>
បុណ្យសព
នៅភូមិគ្រឺះរបស់លោក សុទ្ធ សាក់សេរី មានមនុស្សអ៊ូរអរខុសពីសព្វមួយដង ម្នាក់ៗរវល់ញាប់ដៃ ទាំំងទឹកមុខស្រងូត៖
<កូនស្រី កូនមាសម្តាយ ម៉េចក៏ទៅចោលម៉ាក់បែបនេះ កូននៅក្មេងណាស់…>
លោកស្រី វិល័យ ក្នុងសម្លៀកបំពាក់ឈុតស ពោលទាំងខ្សឺកខ្សួលយំបណ្តើរផង នឹកអាណិតស្រណោះកូន ។ ទោះជាស្ថិតក្នុងភាពស្រងេះស្រងោចយ៉ាងនេះ ក៏សម្រស់របស់លោកស្រីនៅតែស្រស់ស្អាត ជាអំណោយបន្តដល់កូនស្រី តែសំណាងអាក្រក់ កូនអាយុខ្លី ស្លាប់ចោលម្តាយ…
ក្រុមអ្នកតុបតែងពិធីបុណ្យសពកំពុងរៀបចំផ្កាភ្ញី វាំងនន ស្បៃពណ៌សខ្មៅ មានលម្អដោយរំយោលផ្កា ចងលម្អតាមបង្អួចទាំងប្រាំមួយដែលធំ ខ្ពស់ជិតដល់ពិដានផ្ទះ ដើម្បីសាកសមជាវណ្ណៈអភិជន ។ ជំនួសឲ្យផ្កាដ៏ស្រស់ស្អាតចម្រុះពណ៌កាលពីម្សិលម៉ិញ សម្រាប់ពិធីមង្គលភ្ជាប់ពាក្យស្រីស្រស់ និងកម្លោះពាណិជ្ជករ ក្លាយការជាបុណ្យសពទៅវិញ៖
<តើអ្នកណាមិនក្តុកក្តួល…>
លោក សេរី មានទឹកមុខស្រពោន បេះដូងខ្លោចផ្សារមិនចាញ់ភរិយាប៉ុន្មានទេ ដែលត្រូវបាត់បង់កូនស្រី បណ្តូលចិត្តតែម្នាក់គត់ តែលោកខំទប់ចិត្ត ទប់អារម្មណ៍ លេបទឹកភ្នែកចូលក្នុងបេះដូងវិញ ហើយអោបភរិយាទាំងនិយាយលួងលោម <អូនកាត់ចិត្តខ្លះទៅណា…>
បង្កហេតុ
<ក្តៅចិត្តណាស់ លោកពូលំអៀង ខ្ញុំធ្វើការយ៉ាងល្អរហូតមកជាងបីឆ្នាំមកហើយ រកចំណូលជូនក្រុមហ៊ុនក៏ច្រើន ឡើងតំណែងត្រឹមអ្នកគ្រប់គ្រងផ្នែកលក់ ចំណែកភូមិរិន្រ្ទទើបចូលមកជាងមួយឆ្នាំសោះក៏បានឡើងតំណែងជានាយកប្រតិបត្តិ ទៅវិញ>
កំពុងតែរអ៊ូម្នាក់ឯងក៏ឮសម្លេងសារលោតមកគឺម៉ាយ៉ា ជាមិត្តកាលរៀនអនុវិទ្យាល័យជាមួយគ្នា គេទៅរស់នៅអាមេរិកជាមួយប៉ាម៉ាក់តាំងពីទើបប្រលងឌីប្លូមរួច ។ នាងមកលេងស្រុកខ្មែរមួយរយៈហើយ ជានារីស្រស់ស្អាតប្រចាំថ្នាក់ និងកាចឆ្នាស់ជាងគេ។
<សុវណ្ណ ល្ងាចថ្ងៃសៅរ៍នេះទំនេររទេ ទៅញ៉ាំបាយជុំគ្នាម្តង ជាមួយមិត្តយើងប៉ុន្មានអ្នកទៀត>
<Ok ថ្ងៃសៅរ៍ជួបគ្នា>
ល្ងាចនេះអាកាសធាតុល្អ ពួកយើងជួបជុំគ្នាញ៉ាំអាហារចិននៅម្តុំបឹងត្របែក៖
<បែកគ្នាយូរហើយម៉ាយ៉ានៅតែស្អាតដដែល ឈប់ឆ្នាស់នៅនឹង> ម៉ាយ៉ាសម្លក់ខ្ញុំថ្មែរមិត្តនាំគ្នាសើចគិល ។ ជជែកគ្នាពីនេះពីនោះក៏ក្រលេកភ្នែកទៅតុជិតនោះ ចៃដន្យភូមិរិន្រ្ទកំពុងជួបអតិថិជនធ្វើឲ្យសុវណ្ណទើសចិត្តលែងសប្បាយអស់ គេប្រែទឹកមុខបន្តិច ម៉ាយ៉ាក៏ឃើញគេសម្លឹងទៅភូមិរិន្រ្ទ ដោយទើសចិត្ត នាងក៏មិនសួរនាំច្រើនក៏និយាយបង្វែងសាច់រឿងប្តូរបរិយាកាសវីញនាងពូកែនិយាយឲ្យមិត្តភ័ក្រ្តសើចណាស់ ។
គ្រោះថ្នាក់
នៅកន្លែងកើតហេតុ ប្រហែលម៉ោង៧យប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តសៀមរាប ជិតដល់ទីប្រជុំជនក្រុងហើយ មានមនុស្សឈូរឆ កំពុងមើល និងវិភាគលើគ្រោះថ្នាក់នោះ ប៉ូលីសកំពុងកត់ត្រាហេតុការណ៍ នារីម្នាក់បើកឡានមែកសឺដេស ពណ៌ស ជិះធ្លាក់ផ្លូវ ទៅបុកនិងគល់ឈើជិតនោះ រងរបួសក្បាល និងដើមទ្រូងធ្ងន់ធ្ងរ ឈាមជោគស្រោចខ្លួន ស្លាប់នៅនឹងកន្លែង ។ នៅក្បែរកន្លែងកើតហេតុក៏មានរថយន្តBMW ពណ៌ទឹកប៊ិច ១គ្រឿង ស្រដៀងនឹងឡានរបស់ លោកភូមិរិន្រ្ទ ត្រូវផ្ទុះ ឆេះខ្លោច តែមិនមានជនរងគ្រោះ នៅក្នុងឡានទេ ហើយ ទំនងរត់គេចខ្លួន មុនពេលឡានឆេះ ។
ក្រុមប៉ូលិស កំពុងរៀបចំពិនិត្យហេតុការណ៍កសាងសំណុំរឿង ដើម្បីធ្វើការអង្កេតបន្តទៀត និងស្វែងរកជនបាត់ខ្លួន ជាអ្នកបើកបរឡាននោះ និងធ្វើកោសល្យវិច័យលើសាកសពរួចបញ្ជូនឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
< គួរឲ្យស្រណោះណាស់ ក្មេងស្រី ដ៏ស្រស់ស្អាត ត្រូវមកស្លាប់ទាំងវ័យក្មេង>
<ប្រហែលជាកូនអ្នកធំ ឬអ្នកមានហើយ មើលតាមសម្លៀកបំពាក់ និងគ្រឿងអលង្ការលើខ្លួន>
<មិនដឹងមានទំនាស់រឿងអី ជាមួយអ្នកណាន៎>…………
សម្តីជជែកគ្នា របស់អ្នកដំណើរ ឆ្លងកាត់
មេឃភ្លៀងស្រិចៗ មិនទាន់ដាច់គ្រាប់នៅឡើយ ហាក់យំស្រណោះនារីដ៏ស្រស់សោភាម្នាក់នេះ….
នៅប៉ុស្តី៍ប៉ូលីស ក្រោយពីធ្វើការសាកសួរព័ត៌មានដោយលោកប៉ូលីសស៊ើបអង្កេត ធ្វើកំណត់ហេតុ បំពេញសំណំរឿងរួចហើយ លោកស្នងការក៏បានអនុញ្ញាតិឲ្យលោក ភូមិរិន្រ្ទ ត្រឡប់ទៅវិញ ។ ក្រុមប៉ូលីសធ្វើការអង្កេតស្រាវជ្រាវបន្តទៀត ។ ប៉ូលីសកំពុងតាមដានរកអ្នកបើកឡានដែលឆេះខ្លោច នោះមិនទាន់ឃើញនៅឡើយ ទេ។
ចាប់ជម្រិត
<រីង រីង រីង…>
<អាឡូ អ្នកណាហ្នឹង> ខ្សែម្ខាងទៀតស្ងាត់ <អាឡូៗ> មួយសន្ទុះទើបឮសំឡេងតប
មានសំឡេងបុរសម្នាក់ឆ្លើយមកគ្រលៗ <បើលោកចង់ដឹងរឿងអ្នកនៅពីក្រោយការស្លាប់របស់គូដណ្តឹងលោក ឆាប់មកជួបខ្ញុំនៅកន្លែងមួយ នៅខេត្តសៀមរាប ។ លោកមកដល់សៀមរាបសិន ខ្ញុំនឹងទាក់ទងលោកម្តងទៀត ហាមប្តឹងប៉ូលីស ហើយយកប្រាក់សុទ្ធ ចំនួន១លានដុល្លារមកផង ដើម្បីថ្នូរដំណឹងសំខាន់ និងប្អូនស្រី។ ស្អែកជួបគ្នា យើងនឹងប្រាប់ទីតាំង ដែលត្រូវជួបគ្នា ត្រៀមលុយឲ្យគ្រប់ចំនួន >។
ដារ៉ារ័ត្ន បានរាយការណ៍ជាសម្ងាត់ប្រាប់លោកស្នងការ យោធិន រាជ្យ ជាមិត្តជិតស្និតរបស់កម្លោះសង្ហារយើង ។ ទាំងពីរនាក់ ស្ថិតក្នុងវ័យពេញកម្លាំង អាយុប្រហែល២៩-៣០ឆ្នាំ សង្ហារមិនចាញ់គ្នាប៉ុន្មានទេ ទាំងទេពកោសល្យ ភាពឆ្លាតវៃ ចរិតម៉ឺងម៉ាត់ រូបរាងខ្ពស់ស្រលះ មាឌមាំ ចិញ្ចើមក្រាស់ ទឹកមុខស្រស់ស្រាយ ភ្នែកធំ ច្រមុះស្រួច បបូរមាត់រាងក្រាស់មាំ ថ្គាមខ្លា សក់ស្លូតខ្មៅរលោង ខុសតែបន្តិច លោកស្នងការសម្បុររាងស្រអែម ពូកែខាងបាញ់កាំភ្លើង និងចេះការ៉ាតេដូ យ៉ាងស្ទាត់ជំនាញ ចំណែកលោកដារ៉ារ័ត្នវីញ សម្បុរសជ្រះ កូនកាត់ចិន រំលេចផ្ពាល់ខួចខាងឆ្វេង មាឌមាំ សុភាពបុរសពាណិជ្ជករ ជាទីប៉ងប្រាថ្នារបស់ស្រីៗ មិនតិចទេ តែជាមនុស្សតិចសម្តីទៅវិញ។
យើងមកតាមដានរឿងជនអាថ៌កំបាំងវិញម្តង បានខលមក ដារ៉ារ័ត្ន ដើម្បីប្រាប់ទីតាំង ដោយលោករាជ្យ បានភា្ជប់ជាសម្ងាត់ ជាមួយនឹងខ្សែទូរសព្ទ ដើម្បីរក្សាសុវត្ថិភាពមិត្តសម្លាញ់និងគោលដៅចាប់ជនល្មើសផង ។
លោកត្រូវយកប្រាក់ដាក់ក្នុងថង់ខ្មៅ១ ដាក់ជិតគំនរឥវ៉ាន់អេតចាយ យើងបានប្រាក់ហើយ និងប្រាប់ទីតាំងរបស់ប្អូនស្រីលោកបន្តទៀត ។
<ធ្វើម៉េចខ្ញុំជឿលោកបាន? > គេផ្ញើវីដេអូរូបប្អូនស្រី មក
<ដារ៉ានី តើ> < ជួយអូនផងបង> ស្រែកបានតែប៉ុណ្ណឹង គេក៏ផ្តាច់ទូរសព្ទ
ឃើញមុខប្អូនស្រី អាណិតខ្លោចចិត្ត <ដោយសារតែបង ទើបប្អូនត្រូវរងគ្រោះ> ដើម្បីសង្រ្គោះប្អូនស្រី និងបានដំណឹងពីក្រោយហេតុការណ៍ស្លាប់របស់គូដណ្តឹង កម្លោះយើងបានធ្វើតាមបញ្ជារបស់បុរសនោះ ។ ទឹកមុខស្ងួតស្ងប់ ព្រួយបារម្ភ តែកំលោះយើងនៅតែស្រស់សង្ហារនិងមានភាពទាក់ទាញជានិច្ច ។
ជួយសង្គ្រោះ
ដំណើរស្វាហាប់ រហ័សរហួន ដៃធំមាំ កាន់កញ្ចប់លុយ ទៅដាក់នៅតាមទីតាំងរបស់បុរសអាថ៌កំបាំង ។ បន្តិចក្រោយមក សំឡេងទូរសព្ទក៏រោទិ៍ឡើង លោករាជ្យតាមដានជាប់ជានិច្ច និងបង្កប់ភា្នក់ងារតាមដានដើម្បីចាប់ជនល្មើស ។ គេឲ្យកំលោះយើងដើរទៅរកផ្ទះចាស់ បាក់បែក នៅជិតនោះ៖
<កម្លោះយើងគិតបារម្ភក្នុងចិត្ត ហេតុអីក៏កើតរឿងមិនល្អផ្ទួនៗយ៉ាងនេះ> ហឺម..
មកដល់ផ្ទះចាស់មួយ មានស្លឹកឈើទុំជ្រុះរាយប៉ាយជុំវិញផ្ទះ មានធូលីដីឡើងក្រាស់ ប្រហែលត្រូវគេបោះបង់ចោលយូរហើយ ទ្វារ បង្អួចធ្វើពីឈើរខេករខាក ចាស់ទ្រុឌទ្រោម ទ្វារត្រូវខ្ទាស់ដោយកំណាត់ឈើពីខាងក្រៅ ល្មមតែមនុស្សមិនអាចចេញមកបានដោយស្រួលឡើយ ។ កំលោះយើង យកកំណាត់ឈើចេញ បើកទ្វារចូលទៅ ឃើញមានតុ១ និងកៅអី២ នៅរាត់រាយគ្មានសណ្តាប់ធ្នាប់ ដើរចូលបណ្តើរក៏ឮសំឡេង <អឺមៗៗៗ…> ដូចជាត្រូវគេខ្ទប់មាត់ មិនអាចស្រែកបាន តែគេបានឭច្បាស់ ដោយសារទីនោះស្ងាត់ ក៏ឆ្ពោះទៅតាមរកប្រភព សំឡេង ។ នាងត្រូវគេចងដៃ និងជើងទាំង២ ជាប់ពិបាកក្នុងការរំកិលខ្លួន តែសំណាងល្អ នាងបានរំកិលដល់កៅអី១នៅជិតនោះ នាងធាក់ដោយជើងទាំង២ ក៏រលំដួលគ្រាំង ទើបសំឡេងបានឮដល់បងប្រុស គេក៏ប្រញ៉ប់មកជួយប្អូនស្រី បានយកក្រណាត់រុំមាត់ចេញ ស្រាយចំណងដៃ ជើងឲ្យប្អូន ប្អូនស្រីក៏ស្ទុះអោបបងប្រុសទាំងទឹកភ្នែកស្រក់មក ដោយក្តីរំភើប…
<អូនមានរបួសអីដែរទេ?> <តិចតួចទេបង> <ពេលនេះអស់អីហើយអូន>
<អូនបានជួបបងហើយ អូននឹងបានត្រឡប់ទៅផ្ទះយើងវិញ> <អូនស្មានថាលែងបានជួបបងហើយ>
<ចាប់ពីពេលនេះទៅ បងមិនបណ្តាយឲ្យប្អូនស្រី នៅតែឯងទៀតទេ><បងសុំទោសណា>
កម្លោះយើងបាននាំ ដារ៉ានី ដើរទៅរកឡាននៅក្បែរនោះ នាងលុបលាងមុខ ដៃជើង ឃ្លានខ្លាំងណាស់ក៏បានញ៉ាំនំ និងទឹកនៅក្នុងឡានសម្រន់ក្រពះសិន ព្រោះដាច់បាយ៣ពេលហើយ ។ បន្តដំណើរបន្តិចក៏បានចូលភោជនីយដ្ឋានម្ហូបខ្មែរមួយកន្លែង ទទួលទានអាហារជាមួយប្អូនស្រី ទើបបន្តដំណើរទៅមុខទៀត បើកបរដោយប្រុងប្រយ័ត្ន ។
បងប្រុសកំពុងបើកឡានត្រឡប់ទៅភ្នំពេញវិញទាំងយប់ជាមួយប្អូនស្រី ។ ប្អូនស្រីបាននិយាយប្រាប់បងប្រុសពីហេតុការណ៍ដែលបានកើតឡើង អូនបានស្តាប់ឮពួកគេជជែកគ្នា <បងម៉ាយ៉ា ជាអ្នករៀបចំគម្រោងធ្វើជាមានគ្រោះថ្នាក់ចរាចរណ៍ទៅលើបងដាវីណា ដោយឲ្យគេលួចឡានរបស់លោកភូមិរិន្ទ្រ ដើម្បីបង្វែងដានឲ្យប៉ូលីសសង្ស័យលើលោកភូមិរិន្រ្ទ បើកបរតាមផ្លូវទៅសៀមរាប ធ្វើឲ្យឡានប៉ះគ្នាបណ្តាលឲ្យបងដាវីណាត្រូវស្លាប់ ដោយកុហកថា បងប្រុស មានទំនាស់គ្នាជាមួយលោកភូមិរិន្ទ្រ ទើបបងស្រីបើកឡានមកដោយខ្លួនឯង ។ រឿងទាំងអស់ជាផែនការរបស់បងម៉ាយ៉ា និងបុរសម្នាក់នោះជាមនុស្សដែលស្អប់លោកភូមិរិន្រ្ទ ដោយសារការច្រណែន ។ បងម៉ាយ៉ា មកពីអាមេរិក គាត់មកតាមរកបង ខឹងនឹងបង ដែលមិនស្រលាញា់គាត់វិញ ដឹងថាបងជិតរៀបការ ជាមួយបងស្រី គាត់ក៏រៀបចំផែនការនេះឡើង ហើយគាត់គេចខ្លួនទៅប្រទេសថៃបាត់ហើយ មិនបានផ្តល់ប្រាក់គ្រប់ចំនួនឲ្យបុរសនោះ ទើបគេមកចាប់ជម្រិតអូនដើម្បីយកប្រាក់ពីបង >។
<ដោយសារតែបងទើបពួកអូនត្រូវជួបរឿងអាក្រក់បែបនេះ…>បងប្រុសពោលដោយទឹកមុខស្រងូត
ចំណែកលោករាជ្យ បន្តនៅសៀមរាបដើម្បីតាមចាប់ ជនអាថ៌កំបាំងនោះ ។ តាមតម្រុយស៊ើបអង្កេត របស់ភ្នាក់ងារសម្ងាត់ លោករាជ្យដឹកនាំក្រុមប៉ូលីស ធ្វើដំណើរទៅច្រកព្រំដែនកម្ពុជា-ថៃ ដោយរាយការណ៍ទៅ ប៉ូលីសច្រកព្រំដែនឲ្យជួយសហការ ចាប់ឃាត់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ប្រទេសកម្ពុជាវិញ ។ ព្រមទាំងបន្តស្វែងរកចាប់ខ្លួនអ្នកនាងម៉ាយ៉ា មុននាងបន្តដំណើរចេញទៅអាមេរិក ។
ឈាមស្រែក ស្បែកហៅ
ជនល្មើសទាំង២នាក់ សុវណ្ណ និងម៉ាយ៉ា ត្រូវបានប៉ូលីសនៅច្រកព្រំដែន និងនៅបាងកក ចាប់ឃាត់ខ្លួនបានហើយកំពុងកសាងសំណុំរឿងបញ្ជូនមកសមត្ថកិច្ចកម្ពុជា ដើម្បីចាត់វិធានការតាមច្បាប់របស់កម្ពុជា ។
ការលោភលន់ ចងគំនុំ ច្រណែនឈ្នានីស ធ្វើឲ្យយើងបាត់បង់សតិស្មារតី ប្រព្រឹត្តិនូវបទល្មើស ដែលនាំឲ្យមានទោសពៃ និងខូចអនាគត។
ក្រោយពីឆ្លងផុតរឿងរ៉ាវកំសត់ អាក្រក់ផ្ទួនៗធ្វើឲ្យដារ៉ារ័ត្ន ជួបនូវទុក្ខសោក និងមានវិបត្តិក្នុងចិត្តយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីធ្វើបុណ្យសពគូដណ្តឹងរួចរាល់កម្លោះយើងបានដាក់ច្បាប់ការងារមួយរយៈ ដើម្បីសម្រាកព្យាបាលផ្លូវចិត្ត ឲ្យប្រសើរឡើងវិញ ។
រឿងរ៉ាវក្នុងលោក ពិតជាគ្មានអ្វីទៀងទាត់ មិនថាអ្នកមានឬក្រ មានវណ្ណៈ យសសក្តិខ្ពង់ខ្ពស់យ៉ាងណាតែងតែជួបរឿងទុក្ខសោក គ្រាន់តែបែបផែនផ្សេងៗគ្នា ។ យើងរស់នៅសាងតែអំពើល្អ រក្សាចិត្តឲ្យល្អ អភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើន មិនបៀតបៀនអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ចិញ្ចឹមជីវិតដោយសុចរិត ប្រកាន់ខ្ជាប់នូវសីលប្រាំតាមពុទ្ធោវាទជាព្រះបរមគ្រូនៃយើង ទើបធ្វើឲ្យជីវិតយើងរស់នៅដោយក្តីស្ងប់សុខ ។
សេចក្តីស្រលាញ់ពិត មិនមែនចង់បានមនុស្សដែលយើងស្រលាញ់មកជាកម្មសិទ្ទិដាច់មុខទេ គឺត្រូវចេះទទួលយកទាំងអ្វីដែលល្អ និងមិនល្អ ដែលបានកើតឡើងនៅក្នុងជីវិត យល់ព្រមស្ម័គ្រស្មោះនឹងគ្នា គ្មានការបង្ខំចិត្តឡើយរហូតដល់ជីវិតចុងក្រោយ ។
ភូមិរិន្រ្ទ ទោះជាស្រលាញ់ដាវីណា ក៏មិនបានបំបែកបំបាក់ដារ៉ារ័ត្ន ឬបង្កបញ្ហាដល់គ្រួសាររបស់នាងដែរ ។ គេគោរពស្រលាញ់ ឪពុកម្តាយរបស់ដាវីណា ជាចាស់ទុំ និងដឹងគុណលោកជានិច្ច ។ ដោយសារការគោរពស្រលាញ់ឳពុកម្តាយ ធ្វើជាកូនកតញ្ញូ ដាវីណា បានយល់ព្រមភ្ជាប់ពាក្យជាមួយដារ៉ារ័ត្ន បំពេញបំណងចាស់ទុំ ។ ពួកគេយល់ស្រប និងគាំទ្រការសម្រេចចិត្តរបស់គ្នាទៅវិញទៅមក ។
ដារ៉ារ័ត្ន និងដាវីណា ត្រូវបានឪពុកម្តាយទាំងសងខាងដែលជាមិត្តជិតស្និតនឹងគ្នារៀបចំទុកដាក់ភ្ជាប់សម្តីគ្នាតាំងពីពួកគេនៅក្មេងៗម្ល៉េះ ព្រមទាំងមានរួមភាគហ៊ុនគ្នា បង្កើតសណ្ឋាគារធំមួយនៅសៀមរាប ។ មុនពេលឪពុកម្តាយរបស់ដារ៉ារ័ត្នស្លាប់ ពួកគាត់បានផ្តាំផ្ញើឲ្យលោកសេរីជួយមើលកូនៗរបស់គាត់ផង ។ ក្រោយពីបញ្ចប់ការសិក្សានៅអាមេរិក ដារ៉ារ័ត្នក៏វិលមកគ្រប់គ្រងសណ្ឋាគារបន្តពីឪពុក ។ ការស្រលាញ់របស់ចាស់ៗ មិនប្រាកដថា កូនៗ នឹងស្រលាញ់គ្នាបន្តទៀតនោះទេ អ្វីៗនឹងប្រែប្រួល ។
អធិដ្ឋាន
អំពើល្អស្ថិតនៅក្នុងចិត្តយើង ទោះជាអ្នកដទៃមិនបានឃើញក៏សេចក្តីល្អនិងរក្សាយើងជួបតែផលល្អ ។
ដាវីណា ស្នេហាបង សូមអូនបានទៅកាន់សុគតិភព កើតជាតិណាៗ កុំឲ្យអភ័ព្ទដូចជាតិនេះ ។
បេះដូងត្រូវការពិតមែន តែខួរក្បាល បានលាក់ទុកនូវការចងចាំដ៏ល្អ មិនអាចបំភ្លេចបានឡើយ ។ រូបសម្រស់ស្រស់ស្អាត ចរិតថ្លៃថ្នូរ រាក់ទាក់ មិនប្រកាន់វណ្ណៈ សម្តីពិរោះ ស្នាមញញឹមដ៏កក់ក្តៅ វង់ភ័ក្រ្តផូរផង់ គុណសម្បត្តិរបស់អូន ជាអនុស្សាវរីយ៍ ដែលស្ថិតក្នុងបទនិពន្ធរបស់អូនជារៀងរហូត ។
បើមានជាតិក្រោយពិតបងសូមអធិដ្ឋាន សូមផ្សងជួបអូន បានស្រលាញ់គ្នា រស់នៅជាគូជីវិតនឹងគ្នារហូតតទៅ កុំបីឃ្លាតគ្នាដូចជាតិនេះ ៕