មួយជំហានៗរបស់នាង កាន់តែឃ្លាតឆ្ងាយពីខ្ញុំទៅ រាល់សកម្មភាពក្នក់ក្នាញ់ ងរង៉ក់ យកតែឈ្នះរបស់នាងលែងមានវត្តមានចំពោះមុខខ្ញុំទៀតហើយ។ ទោះបីនាងសម្រេចចិត្តចាកចេញពីខ្ញុំក៏ដោយ តែបេះដូងមួយនេះបានឆ្លាក់រូបស្រីម្នាក់នេះជាប់ស្អិតក្នុងបេះដូងនេះរួចបាត់ទៅហើយ។ នាងបានជ្រើសរើសអ្នកថ្មី ក៏ខ្ញុំមិនខឹងស្អប់នាងដែរឱ្យតែវាជាក្តីសុខរបស់នាង ខ្ញុំព្រមលះបង់គ្រប់យ៉ាងឱ្យនាង។ ការស្រឡាញ់គេខ្លាំងតែម្ខាង ឈឺចាប់ណាស់ តែសម្រាប់នារីម្នាក់នេះ គឺមិនខុសទេ បើខ្ញុំល្អជាងនេះតែបន្តិច ច្បាស់ណាស់នារីម្នាក់នេះក៏មិនចាកចេញពីខ្ញុំទាំងដែរនាងធ្លាប់និយាយពាក្យស្រឡាញ់មកកាន់ខ្ញុំដែរ។ រយៈពេលជាង២ឆ្នាំ មានអនុស្សាវរីយ៍ជាច្រើនក្នុងការចងចាំរបស់ខ្ញុំ។
ណារ៉ាត់ជាឈ្មោះគូដណ្តឹងនាង គេជាស្ថាបត្យករមួយរូបដែលកំពុងតែចេញគំរូនៃគម្រោងសាងសង់ឱ្យក្រុមហ៊ុនល្បីឈ្មោះប្រចាំនៅកម្ពុជាមួយ។ ភាពហ្មត់ចត់ប្រកបដោយស្មារតីទំនួលខុសត្រូវ បើធៀបនឹងមនុស្សបរាជ័យក្នុងជំនួញដូចជាខ្ញុំ វីតាជ្រើសរើសគេគឺជារឿងត្រឹមត្រូវ។ ទោះបីយើងបានបែកគ្នា ខ្ញុំ វីតា និងណារ៉ាត់ក៏នៅតែរាប់អានគ្នាជាធម្មតា។ ណារ៉ាត់តែងតែចែករំលែកបទពិសោធការងារដល់ខ្ញុំក្នុងនាមជាអ្នកឆ្លងកាត់ និងប្រឡូកនឹងការងារក្នុងសង្គមបានច្រើនជាងខ្ញុំ ចំណែកវីតានៅតែជាអ្នកលើកទឹកចិត្តខ្ញុំជានិច្ច។ ការរស់នៅជាមួយនឹងរឿងដ៏អស់សំណើចមួយនេះ មិត្តដទៃថាខ្ញុំជាមនុស្សល្ងង់ដែលអាចរាប់អានមនុស្សដែលឆក់យកសង្សារខ្លួន។
ខ្ញុំសើចនឹងខ្លួនឯង សំណួរជាច្រើនបានលោតសួរពេញខួរក្បាលរបស់ខ្ញុំ តែរឿងដែលខ្ញុំត្រូវធ្វើតែម្យ៉ាងគត់ គឺខ្ញុំមិនអាចឱ្យនាងឈឺចាប់ទៀតទេ ហើយពេលនេះខ្ញុំក៏ដឹងខ្លួនឯងច្បាស់ហើយថា នាងមិនស្រឡាញ់ខ្ញុំដូចដែលខ្ញុំស្រឡាញ់នាងដែរ។ នាងព្រមស្រឡាញ់ខ្ញុំក៏ព្រោះតែខ្ញុំមិនព្រមលែងនាងឱ្យទៅអ្នកណាផ្សេង ខ្ញុំតែងតែបង្ខំចិត្តនាងឱ្យស្រឡាញ់ខ្ញុំតែម្នាក់គត់។ ទម្រាំខ្ញុំភ្ញាក់ដឹងខ្លួនពីក្តីស្រឡាញ់តែម្ខាង ខ្ញុំស្ទើរតែសម្លាប់ទឹកចិត្តនារីដែលខ្លួនឯងស្រឡាញ់។ ពេលនេះខ្ញុំយល់ច្បាស់ហើយ ណារ៉ាត់ពិតជាសមជាគូអនាគតរបស់នាងបំផុត។
ទោះបីបានភ្ជាប់ពាក្យអស់រយៈពេល៣ខែមកហើយ វីតាតែងតែខលមកលេងខ្ញុំ និងតឿនខ្ញុំឱ្យឆាប់រកនារីម្នាក់ក្នុងជីវិត៖
«តើអ្នកណាទៅយកបុរសបរាជ័យដូចជាបង?»
«បងតែងតែនិយាយថាខ្លួនឯងបរាជ័យជានិច្ច នេះហើយជាមូលហេតុដែលខ្ញុំមិនជ្រើសរើសបង»
«បើបងល្អជាងនេះ តើវីតាត្រលប់មករកបងវិញទេ?»
«ខ្ញុំនៅតែនិយាយពាក្យសូមទោស! បងក៏ដឹងខ្លួនឯងច្បាស់ហើយ! បងក៏ត្រូវតែព្រមទទួលស្គាល់ការពិតមួយនេះដែរ! ខ្ញុំនៅតែមិនអាចបង្ខំចិត្តខ្លួនឯងបានទេ! បងណារ៉ាត់ គឺជាបុរសម្នាក់គត់ដែលខ្ញុំស្រឡាញ់ពិតប្រាកដ តែវា…មិនមែនជាបង! សូមទោសដែលខ្ញុំនិយាយបែបនេះ…»
ខ្ញុំបញ្ចេញសំឡេងសើចឡើងមក ចៀសវាងធ្វើឱ្យនាងពិបាកចិត្តដែលត្រូវបោះបង់ខ្ញុំស្របពេលដែលខ្ញុំជួបរឿងបរាជ័យ…
«អូខេ បងនឹងព្យាយាមស្វែងរកនារីម្នាក់ឱ្យវីតាបានឃើញ!»
«សន្យា ទើបជឿ!»
«បាទ…បងសន្យា! ហើយនេះណារ៉ាត់ទៅខេត្តមែនទេ?» ខ្ញុំលើកសំនួរបន្លប់
«ចាស គាត់ប្រាប់ថាទៅមើលផ្ទះដែលទើបតែធ្វើហើយ! ខ្ញុំសុំគាត់ទៅជាមួយដែរ តែគាត់មិនឱ្យទៅ ព្រោះចង់ឱ្យគេរៀបចំរួចរាល់សិនសឹមទៅមើល និងរៀបរកវេលាឡើងផ្ទះតែម្តង។»
«ណារ៉ាត់ គេធ្វើអី គឺគិតគូរហ្មត់ចត់ណាស់ វីតាកុំបារម្ភ!»
«ចាស ដោយយល់ឃើញបែបនេះហើយ ទើបខ្ញុំធូរចិត្តនឹងណា៎! ហើយចុះមុខជំនួញថ្មីយ៉ាងម៉េចដែរ?»
«មិនអីទេ គឺដំណើរការជាធម្មតា»
«ឮពីបងណារ៉ាត់ថា ជំនួញថ្មីរបស់បងនឹងមានទីផ្សារទូលំទូលាយទាំងក្នុងស្រុកនិងក្រៅស្រុក។ ដូច្នេះបងត្រូវតែតស៊ូណា!»
«អរគុណដែលតែងផ្តល់កំលាំងចិត្ត»
«និយាយអ៊ីចឹង ខ្ញុំមានរឿងចង់ប្រាប់បង»
«រឿងអី ម៉េចក៏វីតាបែរសំឡេងយ៉ាងនេះ?»
«…»
«បងដឹងថាវីតាចង់និយាយអីឱ្យបងដឹង ឆាប់និយាយម៏! »
«ខ្ញុំ…យល់សប្តិឃើញនារីម្នាក់នោះទៀតហើយ និងបានឃើញដល់ទីតាំងមួយ រវាងនាងនិងខ្ញុំបានឈ្លោះប្រកែកគ្នា»
«ទីតាំងនោះ យ៉ាងម៉េច?»
«គឺជាផ្ទះថ្មីដែលទើបតែសាងចង់រួច លាបពណ៌ផ្ទៃមេឃ មានលាយពណ៌ទឹកក្រូចតាមក្បាច់បន្ទាត់ របងផ្ទះពណ៌ផ្ទៃមេឃ ទ្វាររបងមានពណ៌ទឹកប្រាក់…ទីធ្លាខាងក្នុងមានសួនច្បារនៅដីចំហៀងផ្ទះ ក្បែរនោះក៏មានកញ្ចុះដែរ…ឯបរិវេណខាងក្នុងផ្ទះវិញ…គឺរចនាដោយគ្រឿងសង្ហារិមប្រណីត មានទូតាំងភ្ជាប់ជាមួយទូរទស្សន៍នៅចំកណ្តាល…នាឡិការរូបសត្វក្ងោកតាំងបញ្ឃរលើជញ្ជាំងចំហៀង មានសាឡុង តុ ទូសព្វគ្រប់…ផ្ទះនោះស្អាត។ តែ…ខ្ញុំខ្លាចទីនោះណាស់! នារីម្នាក់នោះអង្គុយចាំខ្ញុំ…ដោយខ្លួនប្រាណប្រឡាក់ដោយឈាម មានកាំបិតចាក់ជាប់បំពង់ក…នាងញញឹមដាក់ខ្ញុំហើយស្វាគមន៍ខ្ញុំ…ខ្ញុំខ្លាចនឹងទឹកមុខនាងសម្លឹងមកខ្ញុំណាស់… » នាងនិយាយទាំងរដិបរដុបភិតភ័យ
«កុំភ័យវីតាកុំខ្លាចអី ហើយកុំគិតច្រើន! វាមិនមានរឿងអ្វីកើតឡើងទេ! ហើយវាក៏មិនមែនលើកទីមួយដែរ ដែលវីតាយល់សប្តិពីវា មែនទេ?»
«ចាស តែម្តងនេះគួរឱ្យខ្លាចណាស់ព្រោះវាស្តែងពេក!»
«វាគ្រាន់តែជាការយល់សប្តិទេ កុំគិតច្រើន! វីតាគួរតែសម្រាកឱ្យច្រើន ញុំាឱ្យបានគ្រប់គ្រាន់! ទើបល្អ! ពេលនេះវីតាសម្រាកចុះ បងដាក់ទូរសព្ទចុះហើយ!»
«អូខេ! បាយ បាយ»
ផ្តាច់ទូរសព្ទពីវីតា ខ្ញុំរិះគិតដល់រឿងរ៉ាវមួយដែលនាងធ្លាប់និយាយប្រាប់ខ្ញុំកាលយើងនៅជាសង្សារ។ កាលនោះនាងខលមកខ្ញុំទាំងយប់អាធា្រត្រ លាយឡំនឹងសំឡេងញ័រៗ ខ្ញុំជជីកសួរនាងស្របនឹងភាពភ័យខ្លាចដែលនាងហាក់ចង់បង្ហាញចេញមកឱ្យខ្ញុំបានដឹងភ្លាមៗ ដែរ តែត្រូវរអាក់រអួលដោយការភិតភ័យរបស់នាង៖
«អូនយល់សប្តិ…អូនបានសម្លាប់នារីម្នាក់… អូនខ្លាចណាស់ ឈាមនាងខ្ទាតប្រលាក់ពេញមុខអូន រីឯដៃអូនសុទ្ធតែឈាមរបស់នាង… បងរិទ្ធជួយអូនផង…អូនខ្លាចណាស់…» នាងយំជំនួសការនិយាយបន្ត។
ចំពោះរឿងបែបនេះនាងតែងតែនិយាយប្រាប់ខ្ញុំជារឿយៗ តាំងពីពួកយើងនៅរាប់អានគ្នា គឺនាងឧស្សាហ៍យល់សប្តិពីនារីម្នាក់ តែងទាក់ទងនឹងការចាក់សម្លាប់គ្នាមិនចេះដាច់។ តែដោយវាមិនដែលមានអ្វីកើតឡើង ពួកយើងក៏គិតថាវាគ្រាន់តែជាការយល់សប្តិអាក្រក់តែប៉ុណ្ណោះ។
ថ្ងៃថ្មី មុខជំនួញថ្មី បានធ្វើឱ្យខ្ញុំមានការមមាញឹកខ្លាំង វាធ្វើឱ្យខ្ញុំស្ទើរតែមិនជឿខ្លួនឯង ថាអាចនឹងមានរឿងបែបនេះកើតឡើងលើរូបខ្ញុំ។ ចាប់តាំងពីផ្តើមរកស៊ីមក វាជារឿងដែលខ្ញុំអាចធ្វើបាន។ ស្របនឹងការរីករាយនេះខ្ញុំពិតជាចង់ឱ្យវីតាដឹងពីរឿងនេះខ្លាំងណាស់ ខ្ញុំក៏ទាញទូរសព្ទខលទៅនាង៖
«អាឡូ វីតានិយាយ! បងរិទ្ធខលមកវីតាមានការអីដែរ?»
«វីតានៅឯណា?»
«ខ្ញុំនៅតាមផ្លូវទៅផ្ទះថ្មីជាមួយនឹងបងណារ៉ាត់! បងចង់ចួបនិយាយជាមួយគាត់ទេ?»
«អាឡូធារិទ្ធ! ខ្ញុំណារ៉ាត់ណា៎ ថ្ងៃនេះខ្ញុំ និងវីតាទៅមើលផ្ទះថ្មី ហើយយើងនឹងរកវេលាល្អឡើងផ្ទះថ្មីនេះឆាប់ៗ សង្ឃឹមថាឯងនឹងចូលរួម។»
«បាទ ច្បាស់ណាស់ ខ្ញុំប្រាកដជាចូលរួម»
«មើលទៅបងរិទ្ធមានរឿងចង់ប្រាប់ពួកខ្ញុំមែនទេ?»
«បាទ វាជារឿងល្អណាស់! អ្នកទាំងពីរដឹងហើយ ប្រាកដជារីករាយ»
«បងរិទ្ធនិយាយឱ្យលឿនទៅ ខ្ញុំចង់ដឹងណាស់!»
«គឺថ្ងៃនេះបងទទួលបានដៃគូផ្គត់ផ្គង់បានច្រើនកន្លែង វាជាជោគជ័យជំហានដំបូងរបស់បងហើយ»
«ជួយអបអរផងធារិទ្ធ»
«ល្អមែនទែន អ្នកណាថាបងរិទ្ធធ្វើមិនបាន អបអរផងបងរិទ្ធ»
«មិនរំខានអ្នកទាំងពីរកំពុងធ្វើដំណើរទេ ខ្ញុំបិទហើយណា៎! សុវត្ថិភាពតាមផ្លូវ»
«អរគុណ បាយ បាយ»
បិទទូរសព្ទចុះ ស្នាមញញឹមខ្ញុំនៅតែមានលើផ្ទៃមុខពណ៌សណ្តែកបាយរបស់ខ្ញុំ។ ខ្ញុំក្រោកពីតុធ្វើការរបស់ខ្ញុំ ចេញទៅស្រូបយកខ្យល់អាកាសនៅរានហាលខាងមុខខុនដូ។ ផ្ទៃមេឃខៀវស្រងាត់អមដោយពន្លឺចាំងផ្លេកៗពីព្រះសូរិយា ខ្យល់បករសៀកប៉ះខ្លួនប្រាណរបស់ខ្ញុំ ហាក់កំពុងតែរីករាយជាមួយនឹងខ្ញុំដូច្នេះដែរ។
ក្រោកពីដំណេក ខ្ញុំហាក់ស្រស់ស្រាយព្រោះតែសល់ចំហាយពីម្សិល ប៉ុន្តែខ្ញុំបែរជាធ្វើឱ្យបែកកែវដែលជាវត្ថុអនុស្សាវរីយ៍ដំបូងរបស់វីតាជូនខ្ញុំ អារម្មណ៍បែរជាប្រែប្តូរមួយរំពេច។ បេះដូងចាប់លោតញាប់ បុកពោះពើតៗភ័យខ្លាចដល់អ្វីម្ខាង ដៃខ្ញុំបែរជាចាប់អ្វីលែងត្រូវ ខួរក្បាលផ្តើមច្របូកច្របល់ គិតពីវីតាបន្តិច មុខជំនួញថ្មីបន្តិច ក៏ស្រាប់តែមានទូរសព្ទបានបន្លឺឡើង គឺណារ៉ាត់បានខលប្រាប់ថា វីតាបានស្លាប់ហើយ នាងត្រូវគេចាក់សម្លាប់ ស្លាប់ក្នុងថ្លុកឈាមលើគ្រែដេកក្បែររូបគេ។ ខ្ញុំមិនអាចទប់ចិត្តដ៏រន្ធត់នេះបានទេ រឹតតែឈរជើងលែងនឹងដែរ ចិត្តនេះពិតជាចង់ទៅមើលឱ្យបានជាក់ច្បាស់ថា វាជារឿងពិតឬយ៉ាងណា?
ធ្វើដំណើរអស់ពេលជាង១ម៉ោងពីភ្នំពេញ ខ្ញុំបានមកដល់ផ្ទះថ្មីរបស់វីតានិងណារ៉ាត់។ គ្រាន់តែចុះពីលើម៉ូតូ ដោះមួកការពារភ្លាម ភិនភាគផ្ទះនេះលោតជាសញ្ញាសួរពេញខួរក្បាលរបស់ខ្ញុំ៖
«ហេតុអ្វីក៏ទីនេះដូចនឹងការពណ៌នារបស់វីតាក្នុងការយល់សប្តិរបស់នាងម្ល៉េះ?»
ខ្ញុំបានដើរកាត់ហ្វូងមនុស្សជាច្រើនដែលកំពុងតែចោមរោមមើលហេតុការណ៍នេះ កំពុងស្លុងនឹងទិដ្ឋភាពផ្ទះនេះ មិនប្រយ័ត្នខ្ញុំក៏ដើរប៉ះនឹងលោកយាយម្នាក់ ដៃគាត់ម្ខាងមានកាន់ឈើច្រត់ រួមនឹងដំណើរមួយៗស្ទើរតែទល់ខ្លួនមិននឹង ចាកចេញពីខ្ញុំដោយមិនមាត់កអ្វីមួយមាត់ ខ្ញុំសម្លឹងទៅគាត់ទាំងចម្លែកចិត្ត ព្រោះគាត់មិនខ្វល់នឹងការសូមទោសរបស់ខ្ញុំ។ ដើររំលងមួយផ្ទះ អ៊ំស្រីម្នាក់បានស្កាត់ឃាត់ដំណើរគាត់ រួចអ្នកទាំងពីរនិយាយគ្នាពីអ្វីខ្ញុំមិនដឹង។ ខ្ញុំក៏ដើរទៅចួបប៉ូលិសដែលកំពុងតែអន្តរាគមន៍នៅទីនោះ សុំការអនុញ្ញាតចូលទៅខាងក្នុងផ្ទះក្នុងនាមជាអតីតសង្សារនារីរងគ្រោះ។ ប៉ូលិសបានអនុញ្ញាត ខ្ញុំឈានជើងដើរចូលទៅទាំងមានអារម្មណ៍ចម្លែក គ្រប់យ៉ាងហាក់ដូចការយល់សប្តិរបស់វីតា ទាំងកញ្ចុះ ទាំងសួនច្បារដែរនៅក្បែរគ្នា។ រីឯខាងក្នុង គឺនាឡិការជាចំណុចដែលខ្ញុំសម្លឹងយូរជាងគេបន្ទាប់ពីឈានជើងដើរចូលក្នុងផ្ទះ វាជារូបសត្វក្ងោកព្យួរនៅចំហៀងជញ្ជាំង តុ ទូ សាឡុង គឺមានសព្វគ្រប់។ ខ្ញុំសម្លឹងទៅជុំវិញទាំងព្រឺរោម និងផើតៗផុតចុងដង្ហើម។ ណារ៉ាត់និងសមត្ថកិច្ចក៏ចុះមកជាមួយគ្នា ធ្វើឱ្យអារម្មណ៍ស្លុងនឹងទិដ្ឋភាពក្នុងផ្ទះ ភ្ញាក់បន្តិច ខ្ញុំក៏ប្រញាប់ទៅសួរណារ៉ាត់ទាំងសំឡេងធំទៅលើគេ៖
«វីតានៅឯណា?»
«សពនាងនៅខាងលើ ក្នុងបន្ទប់គេង» គេឆ្លើយតបទាំងក្រៀមក្រំ
«ហេតុអី? ហេតុអីនាងស្លាប់» ខ្ញុំស្រែកសួរទាំងទឹកភ្នែក
មកដល់ជាន់ខាងលើ ជើងខ្ញុំស្ទើរតែលែងដើរទៅមុខ វាជាប់គាំងនឹងថ្កល់ នៅពេលដែលបានឃើញដល់ក្រណាត់សគ្របដណ្តប់លើសាកសព។ ទឹកភ្នែករយលានតំណក់ស្រក់ដោយមិនមានអ្នកបញ្ជា ជើងខ្ញុំទន់លត់ជង្គង់ក្រាបនឹងឥដ្ឋ ស្រែកអង្វរឱ្យទេព្តាប្រគល់ វីតាសងខ្ញុំវិញ។ ខ្ញុំព្យាយាមរំគិលខ្លួនតិចៗឱ្យខិតនឹងសពនាង ស្នាមឈាមនៅទីនេះ រឹតតែធ្វើឱ្យខ្ញុំសោកសង្រេងជាទីបំផុត។ ខ្ញុំទាញក្រណាត់សនោះតិចៗព្រោះចង់បញ្ជាក់ថាមិនមែនជានាង។ តែ…ខ្ញុំខ្ទប់មុខ ស្រែកយំហ៊ូមិនខ្មាសដល់សមត្ថកិច្ចនៅទីនេះឡើយ៖
«វីតាមិនស្លាប់ទេ? វីតាឆាប់ក្រោកឡើង ហ៊ិហ៊ិ…» ណារ៉ាត់ដើរមកក្បែរខ្ញុំ ដើម្បីឃាត់ការឈឺចាប់របស់ខ្ញុំ ខ្ញុំគ្រវាសដៃគេចេញទាំងកំហឹង
«ឯងបានធ្វើអីលើនាង? ហេតុអ្វីនាងត្រូវស្លាប់នៅផ្ទះនេះ? ឯងរៀបគម្រោងការណ៍អីហ្អាស ណារ៉ាត់?»
«ធារិទ្ធស្តាប់ខ្ញុំសិន!»
«ឯងឱ្យខ្ញុំស្តាប់ស្អី? ស្តាប់ការកុហកភូតភររបស់ឯងមែនទេ?»
«ខ្ញុំក៏មិនដឹងរឿងនេះច្បាស់ដែរ! ខ្ញុំមិនបានសម្លាប់នាងទេ! នាងជានារីដែលខ្ញុំស្រឡាញ់តែម្នាក់គត់ គ្មានផ្លូវខ្ញុំធ្វើរឿងព្រៃផ្សៃបែបនេះឡើយ»
«តើឱ្យយើងជឿឯងយ៉ាងម៉េច? បើនាងស្លាប់ហើយ គឺនៅទីនេះ! ទាំងឯងនៅឈរនៅនឹងមុខយើង»
«ធារិទ្ធ ឯងត្រូវតែជឿជាក់លើខ្ញុំ! ខ្ញុំមានតែឯងទេ ដែលអាចជួយខ្ញុំបាន! ខ្ញុំហ៊ានស្បថណា ថាខ្ញុំមិនបានសម្លាប់នាងទេ! ជឿខ្ញុំទៅ!» ណារ៉ាត់ចាប់ស្មាខ្ញុំ និយាយបញ្ជាក់ថាគ្រប់យ៉ាងគឺគេមិនបានធ្វើឡើយ
«ខួរក្បាលខ្ញុំវិលវល់អស់ហើយ! វីតារស់ឡើងវិញម៏! ទោះយើងមិនអាចជាប្តីប្រពន្ធ តែបងពិតជាចង់នៅក្បែរអូនណាស់។ មិនមែនឱ្យអូនចាកចេញចោលបងទាំងបែបនេះទេ…» ខ្ញុំស្រែកឡើងឱ្យធូរចិត្ត…
សមត្ថកិច្ចម្នាក់បានដើរចូលមកចន្លោះពួកខ្ញុំរួចគាត់ងាកទៅរកណារ៉ាត់ រួចនិយាយទៅកាន់គេ៖
«ស្ថិតក្នុងការស៊ើបអង្កេត ខ្ញុំត្រូវឃាត់ខ្លួនលោកបណ្តោះអាសន្នរហូតដល់យើងរកមុខឃាតកៈឃើញ»
«ចំពោះលោកខាងនេះ! ត្រូវជាអ្វីនឹងនារីរងគ្រោះ?»
«បាទ…ខ្ញុំជាអតីតសង្សារនាង»
«ខ្ញុំអាចសុំចម្លើយពីលោកទាក់ទងនឹងនារីរងគ្រោះបានទេ?»
«បាទបាន! ខ្ញុំពិតជាចង់ដឹងមុខអ្នកសម្លាប់វីតាណាស់ ហេតុអីក៏គេសាហាវយ៉ាងនេះ?»
«អ៊ីចឹង អ្នកទាំង២អញ្ជើញតាមខ្ញុំ»
ពួកយើងបានដើរចាកចេញទៅកាន់រថយន្តរបស់សមត្ថកិច្ច។ រថយន្តបានចេញដំណើរ ខ្ញុំក្រលេកភ្នែកចេញទៅក្រៅកញ្ចក់ទ្វារ ក៏ស្រាប់តែបានឃើញដល់លោកយាយម្នាក់នោះឡើងឡាន រួចចេញដំណើរផុតរថយន្តប៉ូលិសដែលខ្ញុំជិះនេះទៅ។
ប៉ូលិសបានយកណារ៉ាត់ទៅដាក់ក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ចំណែកខ្ញុំចូលបន្ទប់មួយទៀត សមត្ថកិច្ចរៀបរាប់៖
«ទីតាំងនោះមិនមានដានអ្វីឱ្យកត់សំគាល់ថាជាអំពើឃាតកម្មឡើយ។ ស្នាមឈាមបានខ្ទាតមកលើដៃគូដណ្តឹងនាងប្រឡាក់ហាក់ដូចជាគេបានសម្លាប់នាង តែដងកាំបិតមានតែស្នាមក្រយៅដៃរបស់នារីរងគ្រោះតែប៉ុណ្ណោះ។ សភាពសពមិនមានស្នាមរបួសផ្សេង ក្រៅពីបំពង់កឡើយ។ នៅកន្លែងកើតហេតុមានតែដបស្រាក្រហម១ដប កែវស្រា២ សាច់គោងៀត និងផ្លែឈើដែលចិតដាក់លើថាសតែប៉ុណ្ណោះ មិនស័ក្តិសមនឹងធ្វើឱ្យអ្នកទាំងពីរស្រវឹងសន្លប់មិនដឹងខ្លួនទេ។ ចំពោះស្ថានភាពក្នុងផ្ទះមានសភាពធម្មតា ត្រង់ចំណុចសោររបងផ្ទះ និងបន្ទប់ក៏មិនមានខូចខាតអ្វីដែរ…»
ក្រោយសមត្ថកិច្ចរៀបរាប់ស្ថានភាពឱ្យខ្ញុំបានដឹងខ្លះៗ គាត់ក៏សួរសំណួរមួយចំនួនដែលទាក់ទងវីតានិងណារ៉ាត់។ ខ្ញុំបានរៀបរាប់រឿងរ៉ាវមួយចំនួនដែលបានដឹងពីអ្នកទាំងពីរចប់សព្វគ្រប់ សមត្ថកិច្ចក៏អនុញ្ញាតឱ្យខ្ញុំត្រលប់មកផ្ទះវិញ។
មកដល់ក្នុងខុនដូទាំងអារម្មណ៍សោកសៅ ខ្ញុំដើរទៅដកទឹកសុទ្ធមួយដបពីទូទឹកកកមកផឹកក្អឹកៗ តាំងពេលព្រឹកមកដល់រសៀលនេះខ្ញុំទើបតែបានទឹកមួយដបនេះគត់។ ខ្ញុំដើរត្រលប់មកផ្ដេកខ្លួនលើសាឡុងទាំងមានដកដង្ហើមធំឱ្យស្រឡះនឹងភាពតានតឹងនិងការនឿយហត់នេះខ្លះ។ ងាកទៅដល់រូបថតខ្ញុំនិងវីតា រូបភាពសាកសពដែលមានកាំបិតជាប់នឹងបំពង់ករបស់នាងបានអណ្តែតឡើងពេញខួរក្បាល ទឹកភ្នែកខ្ញុំផ្តើមហូរធ្លាក់ចុះម្តងទៀត ខួរក្បាលខ្ញុំចាប់ណែន បុកពើតដោយភាពឈឺចាប់។
ថ្ងៃបន្ទាប់ខ្ញុំបានទៅចួបណារ៉ាត់ គេនៅតែអះអាងថាមិនបានសម្លាប់វីតា។ គេរៀបរាប់៖
«នៅយប់នោះពួកយើងបានញុំាស្រាក្រហម ញុំាអស់មួយកែវ ខ្ញុំមានអារម្មណ៍ថា ល្វើយ ចង់គេង រួចខ្ញុំមកប្រះខ្លួនដេកលើគ្រែ រួចក៏លង់លក់មុនវីតាបាត់ទៅ។ រឿងកើតឡើងយ៉ាងណាទៀត ខ្ញុំក៏មិនដឹងដែរ គឺភ្ញាក់ដឹងខ្លួនមកបានឃើញវីតាដេកស្លាប់ក្នុងថ្លុកឈាមក្បែរខ្ញុំបាត់ទៅហើយ។ ខ្ញុំប្រញាប់ខលទៅប៉ូលិសភ្លាមៗនោះដែរ ដើម្បីស្វែងរកមុខអ្នកសម្លាប់អូនវីតា»
«បើឯងនិយាយជាការពិតទាំងអស់ យើងនឹងព្យាយាមរកការពិតចំពោះរឿងនេះ»
«មានតែឯងទេដែលដឹងថា ខ្ញុំស្រឡាញ់អូនវីតាខ្លាំងប៉ុនណា! ខ្ញុំនៅតែអះអាងថា ខ្ញុំមិនបានសម្លាប់អូនវីតាឡើយ»
«ហ៊ឹម…មើលថែខ្លួនផង ខ្ញុំត្រលប់ទៅវិញហើយ»
«ធារិទ្ធ ឯងជួយធ្វើបុណ្យសពឱ្យវីតាឱ្យបានល្អផង! ប្រាប់វីតាថាខ្ញុំមិនបានជូនដំណើរនាងជាលើកចុងក្រោយទេ តែខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់!»
«…» ខ្ញុំឆ្លើយតបមិនចេញនឹងសំណើរណារ៉ាត់ គឺបានត្រឹមក្រោកដើរចេញពីគេ
ស្ថិតក្រោមការស៊ើបអង្កេតអស់ពេល២ថ្ងៃ សភាពសពក៏ផ្តើមធំក្លិន ហើមស្អុយ ប៉ូលិសក៏សម្រេចចិត្តបញ្ជូនសាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ក្រោយធ្វើកោសល្យវិច័យសព្វគ្រប់មិនអាចបញ្ជាក់ថាជា រឿងឃាតកម្ម។
…………
«ហេតុអ្វីពួកយើងចួបគ្នាបានខ្លីម្ល៉េះ? សូមឱ្យវិញ្ញាណក្ខន្ធអូនទៅកាន់សុគតិភពចុះ! បងនឹងរកការពិតក្នុងរឿងនេះឱ្យឃើញ! ហើយប្រសិនបើរឿងនេះណារ៉ាត់មិនមែនជាអ្នកធ្វើ សូមអូនជួយបង្ហាញផ្លូវឱ្យបងរកឃើញការពិតផង!» ខ្ញុំនិយាយយ៉ាងជឿជាក់ចំពោះមុខក្តារមឈូសវីតា មុនភ្លក់ភ្លើងត្របាក់រាងកាយនាងទៅ។
ត្រលប់មកពីពិធីបុណ្យសពវីតាចប់សព្វគ្រប់ ខ្ញុំក៏ដោះសម្លៀកបំពាក់ចេញរួចចូលមុជទឹក។ មិនញុំាអ្វីចូលឡើយ ខ្ញុំក៏ចូលគេងតែម្តង ព្រោះតែភាពនឿយហត់ អស់កំលាំង។ ធ្មេចភ្នែកបានតែបន្តិច ស្រាប់តែរូបភាពលោកយាយម្នាក់ដែលខ្ញុំដើរបុកក្នុងថ្ងៃកើតហេតុបានរំលេចចេញរូបរាងក្នុងការគិតរបស់ខ្ញុំ។ ខ្ញុំបើកភ្នែកស្វាងចែស ក្រោកមកអង្គុយលើគ្រែនេះម្តង សំណួរសួរខ្លួនឯង៖
«តើមានអ្វីទាក់ទងនឹងគាត់ទេ? ចុះ! តើគាត់ទៅទីនេះធ្វើអ្វី? ទាំងដែលខ្លួនញីញ័រទប់ខ្លួនមិនចង់ជាប់? តែសំខាន់គាត់ចាកចេញទៅណា? គាត់ជាអ្នករស់នៅទីនេះឬមិនមែនទេ?»
សញ្ជឹងគិតបន្ថែម ខ្ញុំក៏នឹកដល់អ៊ំស្រីម្នាក់ទៀតដែលបានចួបនិយាយជាមួយលោកយាយនោះ
«ខ្ញុំនឹងទៅចួបអ៊ំស្រីម្នាក់នោះ ដើម្បីឱ្យបានដឹងពីរឿងនេះ!»
ផ្ទាំងពណ៌សមានបញ្ជាំងគម្រោងការងារថ្មី បុគ្គលិកប្រុសស្រីអង្គុយលើកៅអីជុំវិញតុរាងពងក្រពើ កំពុងផ្ចង់ស្មារតីទៅលើការងារក្នុងថ្ងៃនេះ។ ខ្ញុំឈរដោយស្មារតីអង់អាចនៅពីមុខបុគ្គលិក បង្ហាញពីគម្រោងការងារបន្ទាប់ដែលត្រូវធ្វើ។ ក្រោយបញ្ចប់ការងារសំខាន់ក្នុងថ្ងៃនេះរួចរាល់ ខ្ញុំក៏រៀបចំខ្លួនយ៉ាងប្រញាប់ចេញទៅរកអ៊ំស្រីម្នាក់នោះ។
ធ្វើដំណើរឆ្លងកាត់ផ្លូវជាងមួយម៉ោងខ្ញុំក៏បានមកដល់ផ្ទះថ្មីវីតា ខ្ញុំបានឆ្លៀតឈានចូលមើលផ្ទះនេះបន្តិច ដែលទីនេះមានហ៊ុំព័ន្ធដោយខ្សែហាមឃាត់របស់សមត្ថកិច្ច ខ្ញុំសម្លឹងទីនោះទាំងសោកសៅ និងខ្លោចផ្សារ នឹកឃើញអស់អនុស្សាវរីយ៍របស់ខ្ញុំសាងជាមួយវីតា ទឹកភ្នែកពេញដកក្នុងកែវភ្នែកទាំងគូ ដង្ហើមផើតផត ឈួលអួលផ្សា។ សម្រួលស្មារតីបានមកវិញ ខ្ញុំក៏បញ្ជាម៉ូតូសំដៅទៅផ្ទះអ៊ំស្រី។ នៅទល់នឹងមុខគាត់ គាត់មានទឹកមុខងឿងឆ្ងល់ សម្លឹងមកខ្ញុំយ៉ាងចម្លែក យល់ពីបំណងខ្ញុំហើយ គាត់ក៏រៀបរាប់៖
«លោកយាយម្នាក់ហ្នឹងជាម្ចាស់ដីនោះកាលពីមុន តែដោយគាត់មានសុខភាពមិនមាំទាំ កូនក្មួយគាត់បានយកគាត់ទៅរស់នៅជាមួយវិញ ហើយគាត់ក៏បានលក់ដីផ្ទះចាស់នោះឱ្យទៅយុវកំលោះនោះទៅ…»
គាត់បន្តរៀបរាប់ទៀត ក្រោយក្រេបទឹកបន្តិច៖
«លោកយាយមានកូនស្រីតែម្នាក់គត់ បន្ទាប់ពីប្តីនិងកូនៗគាត់បានស្លាប់ក្នុងសម័យប៉ុលពត បន្សល់តែគាត និងកូនស្រីក្រមុំត្រូវប៉ុលពតជម្លៀសទៅកន្លែងផ្សេង ទើបអ្នកទាំងពីរអាចនៅរស់រានមានជីវិត។ ក្រោយឆ្លងផុតពីរបបនេះ ពួកគាត់បានមកតាំងលំនៅរស់នៅ ទីនេះរហូតមក និងប្រកបរបស់រកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត។ ប៉ុន្តែ…ស្រាប់តែមានថ្ងៃមួយ…កូនស្រីគាត់បានស្លាប់ដោយមិនដឹងថាអ្នកណាជាអ្នកសម្លាប់ឡើយ។ គឺ…មានកូនកាំបិតបានចាក់ចំបំពង់កដូចសាកសពក្មួយស្រីនោះអ៊ីចឹង។ ដោយកាលនោះមិនមានអ្វីស៊ើបអង្កេតតឹងតែងនិងទំនើបដូចឥឡូវទេ…ទើបមកដល់ថ្ងៃនេះហើយគ្មានអ្នកណាម្នាក់បានដឹងពីការស្លាប់របស់នាងឡើយ។ ហើយមូលហេតុដែលលោកយាយមកទីនេះ…» អ៊ំស្រីមើលជុំវិញ ឆ្វេងស្តាំរួច ទើបគាត់ខ្សឹបប្រាប់ខ្ញុំតិចៗ៖
«ក៏ព្រោះកូនស្រីគាត់បានពន្យល់សប្តិថា…នាងបានសងសឹករួចហើយ។ ដោយគាត់ចង់ច្បាស់ពីយល់សប្តិនោះ គាត់ក៏បានមកទីនេះតែម្តង។ គ្រាន់តែនិយាយដល់រឿងហ្នឹង… អ៊ំព្រឺសម្បុរខ្ញាក» ខ្ញុំមិនទាន់សួរអ្វីបន្តទៀតទេ ព្រោះកំពុងស្លុងនឹងការរៀបរាប់របស់គាត់ និងកំពុងរិះគិតរឿងរ៉ាវក្នុងយល់សប្តិវីតា ក៏ស្របនឹងសកម្មភាពចម្លែករបស់អ៊ំប្រុសម្នាក់ ហាក់ប្រញាប់គេចមុខពីខ្ញុំ។ អ៊ំស្រីដោយឃើញទឹកមុខខ្ញុំសម្លឹងទៅគាត់បែបងឿងឆ្ងល់ គាត់ក៏បន្តសម្តី៖
«គាត់ជាប្តីអ៊ំ ឱ្យតែមានអ្នកប្លែកមុខ គាត់ដឹងតែគេចមុខគេហើយ។ មិនដឹងជាស្អីគាត់ទេ តាប៉ិហ្នឹង? តាំងពីថ្ងៃកូនស្រីលោកយាយត្រូវគេសម្លាប់មក គាត់ចេះតែខ្លាចគេខ្លាចឯង… តែមកពីមនុស្សគាត់ពូកែខ្លាចផង» ស្តាប់ការបកស្រាយរបស់គាត់មក ខ្ញុំក៏ទុកការគិតពីប្តីគាត់មួយអន្លើ រួចក៏សុំអាសយដ្ឋានលោកយាយព្រោះអីតាមការរៀបរាប់របស់អ៊ំស្រី រឿងនេះវាហាក់មានការទាក់ទងគ្នាជាខ្លាំង។ ទទួលបានអាសយដ្ឋានពីអ៊ំស្រីភ្លាម ខ្ញុំមិនបង្អង់យូរក៏ប្រញាប់បញ្ជេះម៉ូតូឆ្ពោះទៅទីតាំងខាងលើ។
មុនទៅដល់ទីនោះយើងត្រូវឆ្លងកាត់វាលស្រែដ៏វែងអន្លាយ ដើមត្នោតដុះអមខ្ពស់ទាបតាមភ្លឺស្រែយ៉ាងមានរបៀប ទិដ្ឋភាពដ៏ខៀវស្រងាត់នេះបានរំលេចក្នុងក្រសែភ្នែកខ្ញុំ តែវាក៏នៅតែមិនអាចធ្វើឱ្យខ្ញុំឈប់គិតពីវីតាបានដែរ។ ឆ្លងផុតវាលស្រែនោះ ខ្ញុំក៏បានមកដល់ភូមិមួយដែលមានផ្ទះអ្នកភូមិមួយៗ លុះមកដល់ផ្ទះឈើប្រក់ក្បឿង ដោយមានសង់ថ្មពីក្រោម រួមនឹងការដាំផ្លែឈើហូបផ្លែខាងមុខផ្ទះ ទីធ្លាដីខាងមុខផ្ទះនេះធំល្មម រួមនឹងមានគ្រែមួយដាក់ក្រោមដើមស្វាយ ប្រហែលជាសម្រាប់ការចួបជុំជជែកគ្នាលែងតាមរបៀបអ្នកស្រុកភូមិ។ ខ្ញុំចូលដល់ខាងក្នុងផ្ទះហើយ តែនៅឡើយមិនទាន់បានឃើញអ្នកណាម្នាក់ចេញមកខាងក្រៅសោះ។ កំពុងតែអើតរកមើល…លោកយាយដែលខ្ញុំកំពុងតែចង់ចួបបាននិយាយពីខាងក្រោយខ្នងរបស់ខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត៖
«ចៅមករកអីនៅទីនេះ? មករកចៅស្នាមែនទេ? គេចេញទៅផ្សារបាត់ហើយ!»
«អ…អត់ទេលោកយាយ ខ្ញុំត្រូវការចួបលោកយាយតែម្តង» ខ្ញុំនិយាយទាំងសម្រួលដង្ហើមដែលភ័យភ្ញាក់អម្បាញ់មិញ
លោកយាយបាននាំខ្ញុំមកអង្គុយលើគ្រែក្រោមដើមស្វាយនោះ រួចខ្ញុំក៏ផ្តើមរៀបរាប់រឿងរ៉ាវដែលតែងតែកើតមានឡើងក្នុងការយល់សប្តិរបស់វីតាឱ្យលោកយាយបានដឹង គាត់ហាក់បែរទឹកមុខស្រងូតស្រងាត់ភ្លាមៗតែមិនមានអ្វីឆ្លើយតបនឹងការចង់ដឹងរបស់ខ្ញុំវិញឡើយ។ ខ្ញុំព្យាយាមអង្វរគាត់ ឱ្យនិយាយរឿងកូនស្រីគាត់ដែលបានស្លាប់ដោយការចាក់សម្លាប់ចំបំពង់កដូចនឹងវីតា៖
«បើលោកយាយមិនព្រមមានប្រសាសន៍នោះទេ យើងមិនអាចស្វែងរកការពិតបាននោះទេ! ខ្ញុំមកទីនេះក៏ព្រោះតែចង់ដឹងថា តើវាអាចទៅរួចទេដែលវាជារឿងទាក់ទងនឹងវិញ្ញាណនោះ? តើអតីតជាតិពួកនាងយ៉ាងណា ទើបបានជាវីតាត្រូវយល់សប្តិថាខ្លួនគេបានសម្លាប់នារីម្នាក់ ហើយត្រូវគេមកសងសឹកវិញ? តើវាជារឿងគំនុំអតីតជាតិមែនទេ? ទើបបានជាការស្លាប់របស់អ្នកទាំងពីរដូចគ្នាយ៉ាងនេះ?»
លោកយាយសម្លឹងចំកែវភ្នែកខ្ញុំ ធ្វើឱ្យខ្ញុំខ្លាចទឹកមុខគាត់៖
«កូនស្រីយាយ នាងស្លាប់ទាំងវ័យក្មេង…នាងប្រាប់ថាមិនអាចទៅចាប់ជាតិបានទេ ព្រោះតែមិនទាន់បានសងសឹក…រហូតដល់យប់នោះ…នាងបានមកពន្យល់សប្តិយាយ…ថានាងនឹងបានចាប់ជាតិ ព្រោះតែនាងបានសងសឹករួចហើយ…លុះពេលយាយទៅដល់ផ្ទះចាស់នោះ…វាពិតដូចនឹងការយល់សប្តិនោះមែន»
«បើអ៊ីចឹង…មានន័យថាពួកនាងធ្លាប់មានរឿងរ៉ាវចាក់សម្លាប់គ្នាពីជាតិមុន? ហើយវាបានបន្តមកដល់ជាតិថ្មី?…តើអាចទៅរួចទេ?» ខ្ញុំសួរទៅលោកយាយដើម្បីបានដឹងអ្វីបន្ថែមពីគាត់
«កាលយាយនៅរស់លើដីផ្ទះចាស់នោះ…កូនស្រីយាយក៏បានពន្យល់សប្តិ ឱ្យយាយឃើញ…នាងថានឹងរង់ចាំរហូតដល់មនុស្សម្នាក់នោះបានមកជាន់លើដីនោះវិញ…ទោះត្រូវចាំប៉ុន្មានជាតិក៏នាងនៅតែរង់ចាំ រហូតដល់នាង…អាចសម្លាប់មនុស្សម្នាក់នោះវិញបានដោយផ្ទាល់ដៃ» លោកយាយបន្តបញ្ចេញរឿងរ៉ាវលាក់ទុកក្នុងចិត្តដោយសំឡេងញ័រៗ
«ដីផ្ទះ?…រង់ចាំ?…សងសឹកនៅពេលគេបានមកជាន់លើដីនោះ?…តាំងពីពេលនាងស្លាប់មក លោកយាយមិនទទួលបានដំណឹងពីអ្នកសម្លាប់នាងទេឬយ៉ាងណា?»
គាត់គ្រវីក្បាល
«តើមូលហេតុអ្វីបានជាអ្នកទាំងពីរត្រូវចាក់សម្លាប់គ្នា រួចត្រូវបន្តសងសឹកគ្នាបែបនេះ?» ខ្ញុំលើកសំណួរសួរខ្លួនឯងទាំងសម្លឹងមើលទៅលោកយាយដើម្បីឱ្យគាត់មានប្រសាសន៍បន្ត ប៉ុន្តែលោកយាយហាក់មិនមានអ្វីបន្ថែម ក្រៅពីទឹកមុខក្រៀមក្រំដែលបានដឹងថា រឿងរ៉ាវកើតឡើងដោយសារតែគុំនុំសងសឹករបស់កូនស្រីគាត់។
ដោយគិតឃើញថាវាជារឿងសំខាន់ក្នុងរឿងក្តីនេះ ខ្ញុំបានសុំលោកយាយទៅរាយការណ៍ដល់សមត្ថកិច្ច។ គាត់ហាក់ចង់លុបលាងអំពើបាបរបស់កូនស្រី លោកយាយក៏យល់ព្រមទៅជាមួយនឹងខ្ញុំ។
សមត្ថកិច្ចស្តាប់ការរាយការណ៍ពីពួកយើង គាត់រិះគិតមុននឹងឆ្លើយតប៖
«យើងទទួលយកសេចក្តីរាយការណ៍របស់អ្នកទាំងពីរ ប៉ុន្តែយើងនៅតែបន្តការស៊ើបអង្កេតតាមជំនាញរបស់ពួកយើង!»
គាត់បានបង្ហាញវត្ថុតាង រួមមានដបស្រា កែវស្រា ទូរសព្ទដៃ២គ្រឿង និងកូនកាំបិតមានជាប់ឈាមវីតា។ រាល់វត្ថុតាងទាំងអស់ខ្ញុំសម្លឹងទៅទូរសព្ទដៃខ្លាំងជាងគេ ព្រោះតែនឹកឃើញដល់វីតាចូលចិត្តថតរូប និងវីឌីអូទុកមើលកម្សាន្ត។ យល់ឃើញបែបនេះ ខ្ញុំបានស្នើសុំឱ្យមន្ត្រីជំនាញត្រួតពិនិត្យទូរស័ព្ទដៃរបស់វីតា លោកស្នងការក៏បានប្រគល់ឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យតាមសំណើររបស់ខ្ញុំ។ មួយសន្ទុះក្រោយមកភាពភ្ញាក់ផ្អើលក៏កើតមាន ទូរសព្ទនាងពិតជាបានថតវីដេអូមុននាងត្រូវបានចាក់សម្លាប់ពិតមែន តែអ្វីជារឿងគួរឱ្យរន្ធត់នោះ…គឺមិនមានអ្នកណាផ្សេង ក្រៅពីខ្លួននាងនោះទេ។ វីឌីអូនោះបង្ហាញថា នាងកំពុងតែប្រទាញប្រទង់នឹងអ្វីម្យ៉ាងតែម្នាក់ឯង នាងព្យាយាមយកឈ្នះអរូបនោះ ប៉ុន្តែមកដល់ចំណុចកើតហេតុ ដែលជាទីតាំងនាងស្លាប់ ស្រាប់តែមានកូនកាំបិតហោះមកបុកនឹងបំពង់កនាង ស្លាប់នៅលើគ្រែក្បែរណារ៉ាត់ ទាំងណារ៉ាត់មិនមានកម្រើកអ្វីទាំងអស់។ មិនមានសកម្មភាពអ្វីបន្តឡើយក្នុងវីដេអូនោះរហូតដល់វារលត់អស់ថ្មខ្លួនឯងទៅ។
ឆ្លងកាត់ការស៊ើបអង្កេតអស់ជាងមួយសប្តាហ៍ និងយោងតាមការទទួលបានរបាយការណ៍ពីអ្នកពាក់ព័ន្ធ និងភស្តុតាងនៅក្នុងទូរសព្ទដៃនារីរងគ្រោះ ដែលវាមិនមានអ្វីបង្ហាញថា ណារ៉ាត់ជាឃាតកៈហើយក៏មិនមានអ្វីបង្ហាញថាវាជារឿងឃាតកម្ម ប៉ូលិសបានសម្រេចបញ្ចប់ការស៊ើបអង្កេត ត្រឹមដាក់រឿងក្តីនេះថាជាការធ្វើអត្តឃាត។
ក្រោយទទួលបានសេរីភាព ណារ៉ាត់ លោកយាយ និងខ្ញុំបានរៀបចំធ្វើបុណ្យ និមន្តព្រះសង្ឃមកបង្សុកូលនៅផ្ទះថ្មីនោះ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅឱ្យអ្នកទាំងពីរដែលបានស្លាប់ដោយសារភ្លើងគំនុំ ឱ្យស្ងប់រំងាប់ចិត្តនិងបញ្ឈប់ការព្យាបាទគ្នាទៀត។ អ៊ំស្រី និងប្តីគាត់ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ព្រោះតែជាអ្នកជិតខាងជិតដិតនឹងលោកយាយ។ លុះភ្ញៀវ និងព្រះសង្ឃបាននិមន្តនិងត្រលប់ទៅវិញអស់ សល់តែខ្ញុំ ណារ៉ាត់ លោកយាយ និងអ៊ំប្រុសអ៊ំស្រី។ សកម្មភាពអ៊ំប្រុសហាក់ធ្វើឱ្យខ្ញុំកាន់តែចម្លែកចិត្តចំពោះគាត់ជាខ្លាំង ស្របពេលគាត់ឈរនៅទីធ្លាខាងមុខផ្ទះតែឯង ខ្ញុំក៏ឆ្លៀតសន្ទនាជាមួយគាត់៖
«អ៊ំប្រុសនៅចំនាំខ្ញុំបានទេ?» ខ្ញុំសួរសំណួរនេះដើម្បីចង់ដឹងពីការឆ្លើយតបរបស់គាត់មកកាន់ខ្ញុំ ព្រោះតែនៅចង់ចាំសម្តីអ៊ំស្រីថា “គាត់ជាមនុស្សពូកែខ្លាច”
«អ…អ…អូហ៍អ៊ំនៅចាំមុខក្មួយតើ» គាត់ហាក់ស្រឡាំងនឹងសំណួរខ្ញុំដែលមកសួរគាត់ភ្លាមៗ
«តើអ៊ំប្រុសស្គាល់កូនស្រីលោកយាយទេ?» ខ្ញុំសួរនូវសំណួរកៀកនឹងចម្ងល់ខ្ញុំ
«ស្គាល់តើ! នាងឈ្មោះណយ» គាត់ឆ្លើយទាំងសម្លេងញ័រចុងមាត់ និងបម្រុងដើរគេចពីខ្ញុំ តែត្រូវខ្ញុំសួរសំណួរបន្ថែមឃាត់ដំណើរ
«រឿងនាងស្លាប់ពិតជាមិនមានអ្នកដឹង? អ៊ំប្រុសជាអ្នកជិតខាងនឹងលោកយាយក៏មិនដឹងថាមានរឿងអ្វីកើតលើនាងដែរមែនទេ?»
«…» គាត់មិនមានចម្លើយតបនឹងសំណួរខ្ញុំទេ
«ហេតុអ្វីក៏មិនមានអ្នកដឹង? មនុស្សពីរនាក់ចាក់សម្លាប់គ្នា អាចជាមានសំឡេងចម្លែកអ្វីមួយហើយ មិនសមណាគ្មានអ្នកដឹងសោះ!» ខ្ញុំសង្កត់សំណួរ
«អ… អ… អ៊ំ» គាត់ដកដង្ហើមធំឱ្យបានធូរចិត្ត តែទឹកមុខហាក់ចង់បង្ហាញអ្វីម្យ៉ាង
«អ៊ំដឹងពីរឿងអ្វីមែនទេ?» ខ្ញុំសម្លឹងចំទៅគាត់ ដើម្បីចង់បានចម្លើយភ្លាមៗ
«…» គាត់អេះអុញ
«បើអ៊ំដឹងរឿងទាក់ទងនឹងកូនស្រីលោកយាយ សូមអ៊ំប្រុសនិយាយចេញម៏ ក្រែង លោកយាយបានស្បើយចិត្តរឿងកូនស្រីគាត់បានខ្លះ»
សញ្ចឹងគិតបន្តិចអ៊ំប្រុសក៏ព្រមតប៖
«គឺ… អ៊ំដឹងពីអ្នកសម្លាប់ក្មួយណយ» គាត់ខ្សឹបតិចៗក្បែរត្រចៀកខ្ញុំ
«តើអ្នកណា? អ្នកណាជាអ្នកសម្លាប់នាង?» ខ្ញុំភ្ញាក់ផ្អើល និងបើកភ្នែកធំៗ
«អ្នក…»
សំឡេងអ៊ំស្រីបានកាត់ចង្វាក់ការសន្ទនារបស់ពួកយើង
«តាប៉ិឯងនៅធ្វើអីខាងមុខផ្ទះ ឆាប់ចូលលាអ៊ំស្រីនឹងអាលប្រញាប់ទៅផ្ទះវិញ ថ្ងៃត្រង់ហើយ» និយាយត្រឹមប៉ុណ្ណេះគាត់ក៏ដើរចូលទៅក្នុងវិញ
ខ្ញុំនិងអ៊ំប្រុសសម្លឹងមុខគ្នាចំ រួចខ្ញុំនិយាយ៖
«អ៊ំប្រុស! អ៊ំគួរតែនិយាយរឿងនេះឱ្យលោកយាយបានដឹងផង។ សូមអ៊ំកុំលាក់ទុកធ្វើអីទៀត បើវាមានរឿងអ្វីដែលធ្វើឱ្យអ៊ំមិនអាចនិយាយចេញមកបាន សូមអ៊ំគិតថ្លឹងថ្លែងគ្នាម្តងទៀតទៅណា៎! លោកយាយចាស់ហើយ គាត់មិនចង់បានអ្វីក្រៅតែពីបានដឹងពីការស្លាប់របស់កូនស្រី និងមុខឃាតកៈតែប៉ុណ្ណោះ! ជឿខ្ញុំចុះ»
«អ៊ំពិតជាមិនចង់លាក់បាំងទៀតទេ! អ៊ំក៏មានវិប្បដិសារៈដែរចំពោះរឿងនេះ អ៊ំមកថ្ងៃនេះក៏មានគោលបំណងចង់ប្រាប់ទៅគាត់ដែរ តែដោយមាត់នេះវារឹងស្តីមិនចេញ ខ្មាសអៀននឹងខ្លួនឯងផង…» គាត់ហាក់អួលដើមកនិយាយទៅមុខលែងរួច
«បើអ៊ំចង់បង្ហាញការពិតហើយ ពួកយើងទៅចួបនិយាយនឹងលោកយាយតែម្តងទៅ»
យើងទាំងពីរក៏ដើរទៅចួបលោកយាយដែលកំពុងតែអង្គុយសម្លឹងមើលភ្លើងទៀនអុចបញ្ឆេះមុខផ្ទាំងរូបថតវីតា។ អ៊ំប្រុសសសៀរទៅជិតអ៊ំស្រីដែលអង្គុយក្បែរលោកយាយ រួចស្រដីទល់មុខលោកយាយ៖
«ឱ្យខ្ញុំសុំទោសអ្នកមីងផង ចំពោះការលាក់បាំងរឿងកន្លង» លោកយាយប្រែទឹកមុខស្រងូតស្រងាត់មកសម្លឹងចំអ៊ំប្រុសទាំងងឿងឆ្ងល់
«នេះ តែក្មួយមានរឿងអី? បានជានិយាយបែបនេះ?»
«គឺ… ខ្ញុំបានលាក់បាំងអ្នកសម្លាប់ក្មួយណយ»
«តាប៉ិឯងកំពុងតែនិយាយអ្វីហ្នឹង?» អ៊ំស្រីនៅក្បែរនោះ ស្រឡាំងកាំង ស្រដីទាំងខឹងអ៊ំប្រុស
«ឯងនៅចាំនាងផានទេ? នាងគឺជាអ្នកសម្លាប់ក្មួយណយ»
«នាងផាន? នាងផានជាអ្នកសម្លាប់ក្មួយណយ? ខ្ញុំស្ទើរតែមនចង់ជឿទេនៀក!… ហើយចុះថ្ងៃនោះ ម៉េចក៏ឯងមិនប្រាប់មេភូមិ» អ៊ំស្រីស្តីបន្ទោសប្តី
«គឺមកពី…»
«មកពីអី? និយាយឱ្យលឿនៗទៅខ្ញុំចង់ដឹង» គ្រប់គ្នារួមទាំងខ្ញុំកំពុងរង់ចាំស្តាប់បន្ត
«នាងផានបានយកលុយមកបិតមាត់ខ្ញុំ! លុះបានលុយតាមការសន្យាហើយ ខ្ញុំក៏យល់ព្រមធ្វើតាមនាងដើម្បីបិទបាំងរឿងនេះ»
«ម៉េចក៏ឯងធ្វើអ៊ីចឹងហាស់តាប៉ិ? ខ្ញុំចង់ស្ទុះទ្រូងស្លាប់ហើយនៀក» អ៊ំស្រីរឹតទ្រូងខ្លួនឯង ហួសចិត្ត
«រឿងវាកើតឡើងយ៉ាងម៉េច ក្មួយមានដឹងទេ?» លោកយាយនិយាយទាំងញ័រចុងមាត់
«នៅថ្ងៃនោះ…ខ្ញុំបានទៅលើកភ្លឺស្រែនិងឆ្លៀតដាក់បង្កៃត្រីរហូតដល់ល្ងាចបន្តិច ខ្ញុំក៏ប្រញាប់ត្រលប់មកផ្ទះវិញ។ ខ្ញុំក៏បានដើរកាត់ផ្លូវខាងក្រោយផ្ទះអ្នកមីង ដើម្បីកុំឱ្យមេឃងងឹតទាន់។ ស្របនឹងដំណើរខ្ញុំក៏បានឮសំឡេងឈ្លោះប្រកែកគ្នា ដែលសំឡេងនេះខ្ញុំចាំបានច្បាស់ណាស់ គឺសំឡេងក្មួយណយ និងនាងផានពួកគេបានឈ្លោះប្រកែកគ្នាពីរឿង…សាហាយស្មន់ ដែលអាឈឿនបានលួចផិតក្បត់នាងផានទៅទាក់ទងនឹងក្មួយណយ។ ក្រោយនាងផានបានដឹងពីរឿងនេះ ក៏កើតមានរឿងឈ្លោះប្រតាយប្រតប់គ្នាកើតឡើង។ ពេលនោះសភាពស្ងាត់មិនមានអ្នកណាបានដឹង ខ្ញុំក៏ប្រវេប្រវាប្រញាប់ឡើងពីស្រែទៅជួយក្មួយណយដែរ តែទៅមិនទាន់ព្រោះនាងផានបានយកកាំបិតចិតបន្លែដែលជ្រុះនៅនឹងដីមកចាក់លើក្មួយណយបាត់ទៅហើយ។ លុះឃើញខ្ញុំបានដឹងហេតុការណ៍នោះ នាងផានបានសន្យាឱ្យលុយខ្ញុំដើម្បីបំបិទមាត់។ ខ្ញុំក៏បានលុយតាមការសន្យារបស់នាង រួចខ្ញុំបានលាក់បាំងរឿងនោះរហូតដល់ឥឡូវទៅ។ ខ្ញុំពិតជាខ្មាសអៀនអ្នកមីងណាស់ ដែលខ្ញុំជាមនុស្សសម្លឹងមើលឃើញលុយធំជាងទឹកចិត្តអ្នកមីងដែលធ្លាប់តែជួយទំនុកបម្រុងគ្រួសារខ្ញុំ…ខ្ញុំមិនគួរមានមុខមកចួបនឹងអ្នកមីងនៅទីនេះទេ!»
«ហ៊ឹម…បើរឿងវាកន្លងហួសហើយ ឱ្យវាកន្លងផុតទៅចុះ! មីងមានតែខំធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធពួកគេ ឱ្យបានទៅកាន់សុគតិភពតែប៉ុណ្ណោះ! ហើយមីងក៏អស់ចិត្តដែរ ដែលក្មួយហ៊ាននិយាយរឿងនេះនៅពេលនេះ យាយខ្លួនឯងក៏មិនដឹងថារស់បានដល់ពេលណាទៀតដែរ» លោកយាយដកដង្ហើមធំឱ្យបានធូរទ្រូងដែរស្ទើរប្រេះមួយនេះ។
គ្រប់គ្នារួមទាំងខ្ញុំស្រងូតស្រងាត់នឹងទិដ្ឋភាពមួយនេះ អ៊ំស្រីក៏ស្រដីបន្តពីលោកយាយ៖
«អាឈឿនហ្នឹងវាជាមនុស្សខូចណាស់ ដើរតែផឹកស៊ី ស្រីញីអូនបង ទើបនាងផានគ្រាំចិត្តរហូតដល់ស្លាប់ចោលកូនទាំងវ័យក្មេង។ អាណិតពួកគេណាស់ ដែលមកត្រូវជួបរឿងបែបនេះទាំងវ័យក្មេង ហ៊ឹម… »
ដោយយល់ថា អ្វីៗត្រូវបានលាតត្រដាងអស់ក្នុងគ្រានេះ ខ្ញុំក៏ស្រដីអរគុណទៅអ៊ំប្រុស៖
«អរគុណអ៊ំប្រុសហើយដែលបានលាតត្រដាងការពិតឱ្យពួកយើងបានដឹង ប្រសិនអ៊ំប្រុសមិនបានប្រាប់ពីរឿងនេះទេ ប្រាកដណាស់លោកយាយនឹងមិនដឹងថាអ្នកណាជាអ្នកសម្លាប់កូនស្រីគាត់ ហើយរឹតតែមិនដឹងថានាងស្លាប់ដោយមូលហេតុអ្វីទៀតផង» ៕