វគ្គ៖ ម៉ោង១១កន្លះអធ្រាត្រ

ពន្លឺព្រះចន្ទរះឡើងព្រាលៗដែលក្រសោបដោយពពកខ្មៅសែនខ្មួរខ្មាញ់អួរអាប់ មេឃប្រឹងដំឡើងសំឡេងផ្គរក្ឌាំងៗ ចង់ប្រណាំងនឹងទឹកភ្លៀងដែលកំពុងផ្តើមបង្អុរមកឥតដាច់។ សំឡេងមនុស្សជជែកគ្នាខ្លាំងៗដូចទាស់សម្តីគ្នានៅក្នុងបន្ទប់ជួលមួយដែលមានពន្លឺអំពូលប្លុងៗ។

«អូនប្រាប់ហើយថាវីរ៉ា គេគ្រាន់តែជាមិត្តភក្តិរបស់អូនទេ!»

នារីម្នាក់ស្លៀករូបពណ៌ផ្កាឈូកខ្ចីខ្លីត្រឹមក្បាលជង្គង់បង្ហាញសាច់ស តែមើលទៅនាងហាក់ដូចជាស្លេកស្លាំងខុសធម្មតា នារីដាក់គូទអង្គុយលើគ្រែដ៏ទន់ល្មើយចោលកន្ទុយភ្នែកទៅមើលមេឃដែលកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅខាងក្រៅតាមបង្អួច។

«មិត្តភក្តិ? តែអូនតែងតែទៅណាមកណាជាមួយវា! មានទុកបងជាសង្សារទេ ហេតុអីអូនមិនហៅបង?»

«មកពីអូនឃើញបងរវល់ជាមួយការងារទើបមិនចង់រំខានបង រឿងខ្លះមិនសំខាន់អូនក៏ហៅវីរ៉ាទៅជាមួយទៅ។»

«នេះអូនមិនមែននៅម្នាក់ឯងទេ អូនមានសង្សារហើយ ទៅបណ្ដើរមិត្តភក្តិប្រុស តើសង្សារណាមិនប្រចណ្ឌ?»

បុរសដែលកំពុងដំឡើងសរសៃកធំៗ បើកភ្នែកគ្រលួង ឈរស្រែកដាក់នារី។ រង្វង់ភ្នែកនាងជោកដោយទឹកភ្នែក នារីខំទប់ទឹកភ្នែកបន្តិចរួចងើបឈរសម្លឹងទៅកាន់អ្នកជាសង្សារ។

«បងសក្តិ!…បងក៏ដឹងថាអូនជាក្មេងកំព្រា គាត់និងខ្ញុំស្គាល់គ្នាតាំងពីក្មេង ហើយក៏ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាមួយគ្នាដែរ!  ពួកយើងស្រឡាញ់គ្នាប្រៀបដូចជាបងប្អូនអ៊ីចឹង។»

នារីនិយាយទៅកាន់សង្សារដោយសន្តិវិធី មើលទៅអ្នកម្ខាងទៀតនៅតែមុខមាំដូចដើម អ្នកមិនខ្វល់ពីសម្តីនាងទាល់តែសោះ។

«មរកត! អូនកំពុងតែកុហកបងហើយ! ចុះកាលដែលទៅចួបវាចោលបងកាលពីម្សិលមិញវាយ៉ាងម៉េចវិញ?» សក្តិសម្លុតដោយកម្រោលមិនខ្វល់ពីអារម្មណ៍មនុស្សស្រី។

«នេះបងកាន់តែហួសហេតុហើយសូម្បីតែមិត្តភក្តិអូនសោះក៏សង្ស័យដែរ នេះពួកយើងទាក់ទងគ្នាមកពីរឆ្នាំហើយ បងនៅតែមិនទុកចិត្តអូនទៀត!» ទឹកភ្នែកនាងស្រក់មកឥតឈប់។

ផាំង! បុរសជាសង្សារទះតុដែលនៅក្បែរគ្រែគេងឮខ្ទរខ្លាំងជាងសំឡេងភ្លៀងទៅទៀត ធ្វើឲ្យជ្រុះនាឡិកា និងថូផ្កាធ្លាក់មកក្រោមបែកខ្ទេច រួចងាកមកអង្រួនស្មានារីខ្លាំងៗ ហើយស្រែកបន្ត

«យ៉ាងម៉េចបងនិយាយត្រូវចោទបងថាហួសហេតុ? ប្រាប់មកថាអូននិងវាមានទំនាក់ទំនងអីជាមួយគ្នា?»

«អូននិយាយបែបណាទើបបងជឿ? ចុះបងប៉ុន្មានលើកហើយដែលបងទុកខ្ញុំចោល ទាំងដែលខ្ញុំត្រូវការជំនួយពីបង? បើថាលំបាកណាស់ពួកយើងចែកផ្លូវគ្នាទៅ អូនហត់ណាស់ ហត់នឹងបកស្រាយប្រាប់បងជាមួយរឿងដដែលៗ»

សក្តិស្ទុះវឹងទៅទាញសង្សារ ហើយរុញនាងផ្អឹបទៅនឹងជញ្ជាំងបន្ទប់ គេបង្ហាញកាយវិការហាក់ដូចជាមនុស្សកម្រោលចូល ធ្វើឲ្យមរកតភ័យឡើងស្លេកមុខអស់៖

«ចង់បែកគ្នាពីបងហើយទៅយកអាម្នាក់វីរ៉ានឹងមែនទេ ហ៊ឹស! កុំស្រមៃឲ្យសោះ!»

«បងកាន់តែឆ្កួតមែនទែនហើយ!»

«របស់ដែលបងស្រឡាញ់បើបងយកមិនបាន អ្នកផ្សេងក៏យកមិនបានដូចគ្នាចាំទុក។»

និយាយចប់គេដើរចេញទៅក្រៅហើយបិទទ្វារបន្ទប់សូរគ្រាំង…។

*****

នៅផ្សារទំនើបតូចមួយដែលមានមនុស្សអ៊ូអរ មរកតកំពុងតែដើររុញរទេះបណ្ដើររើសបន្លែបណ្ដើរ មាត់រអ៊ូរងូវៗម្នាក់ឯងតិចៗ…

«ថ្ងៃនេះសង្ឃឹមថាបងឈប់ខឹងអូនទៅចុះ!»

និយាយចប់មរកតបានដើរសំដៅទៅកន្លែងគិតលុយ ស្រាប់តែឮសំឡេងឈ្លោះប្រកែកគ្នានាងក៏ដើរចូលទៅយ៉ាងលឿន។

«មានរឿងអីនឹងអ៊ំស្រី!»

«គឺអ៊ំស្រីម្នាក់នេះធ្វើអោយអីវ៉ាន់នេះធ្លាក់បែក ប៉ុន្តែគាត់មិនទទួលខុសត្រូវ។» សន្តិសុខនិយាយ។

«ប្រាប់ហើយថាយើងគ្មានលុយទេ» គាត់និយាយហើយទៅកាន់សន្តិសុខហើយក្រឡេកមកមើលមរកត។

«អូហ៍! ក្មួយចំណាំអ៊ំបានទេ យើងជួលផ្ទះនៅទល់មុខគ្នានោះអី! ក្មួយជួយនិយាយជាមួយគេឲ្យអ៊ំផង»

មរកតធ្វើមុខដូចជាឆ្ងល់ព្រោះនាងមិនស្គាល់អ៊ំម្នាក់នេះឡើយ នេះប្រហែលជាគាត់ទើបតែរើមកនៅថ្មីៗ ហើយមរកតក៏មិនសូវជាចាប់អារម្មណ៍ទៅលើអ្នកជិតខាងដែររស់នៅក្បែរបន្ទប់ប៉ុន្មានដែរ។

«ខ្ញុំមិនដែលស្គាល់អ៊ំទេ»

នាងឆ្លើយទាំងមិនខ្វល់ ហើយក៏ដើរហួសទៅកន្លែងគិតលុយបាត់ទៅ ដោយសារតែមិនប្រយ័ត្ន បុរសម្នាក់ស្លៀកពាក់ឈុតខ្មៅពាក់មួកមិនដឹងជារត់គេចពីអ្នកណាមកទេ រត់មកបុករទេះមរកតមួយទំហឹងដោយអចេតនាធ្វើឲ្យរទេះក្រឡាប់ជ្រុះអីវ៉ាន់រាយពេញកម្រាលឥដ្ឋ…

ទោះបីឈ្លោះគ្នាខ្លាំងរាល់លើក មរកតនិងសក្តិនៅតែត្រលប់មកត្រូវគ្នាវិញដដែល។ លើកនេះដើម្បីលួងចិត្តសង្សារជាទីស្រឡាញ់ មរកតបានធ្វើម្ហូបជាច្រើនមុខរៀបចំត្រៀបត្រានៅលើតុបាយ នាងទូរសព្ទទាញខលទៅសក្តិ ប៉ុន្តែចៃដន្យស្រាប់តែគេមកដល់មុខបន្ទប់ល្មម៖

«អូនថាខលទៅបង ឥឡូវបងក៏មកដល់ល្មម»

«មិនបាច់ប្រឹងធ្វើល្អយកចិត្តបងទេ ម្ហូបនៅលើតុនេះមិនបានត្រៀមទុកឲ្យបងទេ ប៉ុន្តែអូនត្រៀមទុកឲ្យអាវីរ៉ានោះមែនទេ?

«បងសក្តិ!….»

ប្រាវ! សក្តិវាសដៃទៅលើតុមួយទំហឹងធ្វើឲ្យម្ហូបដែលនៅក្នុងចានកំពប់ធ្លាក់មកលើឥដ្ឋរាយ គេនិយាយទាំងកំហឹង៖ 

«យ៉ាងម៉េចមានអីត្រូវបកស្រាយទៀតទេ ស្រីចិត្តសាវ៉ាមានសង្សារហើយក្បត់លួចលាក់មានប្រុសថ្មី!»

«នេះបងស្ដាប់អូនសិនបានទេ? បងកំពុងតែយល់ច្រឡំលើអូនហើយ!»

«ហ៊ឹស! យល់ច្រឡំ បងមិនបាននៅជាមួយអូន២៤ម៉ោងផង ថាមិនត្រូវពេលបងទៅបាត់អូនហៅគេមក…»

មរកតនិយាយកាត់សម្ដី…

«បានហើយសក្តិ! ឆាប់ចេញពីបន្ទប់ខ្ញុំទៅ…»

«អូហ៍! ដេញខ្ញុំទៅនឹងអាលបានហៅអាម្នាក់នោះមកមែនទេ? បានខ្ញុំទៅក៏បាន…»

ក្នុងប្រឡង់ភ្នែករបស់នារីពោរពេញទៅដោយទឹកភ្នែក នាងអួលដើមកវាចាមិនចេញស្រីណាមិនឈឺ នៅពេលមនុស្សដែលខ្លួនឯងស្រឡាញ់ចោទប្រកាន់គ្មានមូលហេតុបែបនេះ ចំណែកបុរសជាសង្សារមិនខ្វល់ឡើយថានារីឈឺចិត្តប៉ុណ្ណា គេបានត្រឹមតែគំហកហើយក៏ដើរចេញពីបន្ទប់បាត់ស្រមោលទៅ ទុកអោយមាណវីយំតែម្នាក់ឯង។

…………..

ម៉ោង១១កន្លះអាធ្រាត្រ…

តឹង! តឹង! សំឡេងសារបានលោតនៅលើអេក្រង់ទូរសព្ទរបស់វីរ៉ាមានតាំងឈ្មោះថាមរកត​។

«វីរ៉ាមកផ្ទះជួលគ្នាបន្តិចមក ជួយជូនគ្នាទៅពេទ្យបន្តិចគ្នាមិនស្រួលខ្លួន!»

រាល់ពេលមានរឿងមរកតតែងតែនឹកដល់វីរ៉ាមុនគេ ព្រោះពេលដែលមានរឿងសង្សារនាងមិនដែលមានវត្តមានឡើយ។ វីរ៉ាគ្រាន់តែឃើញសារនេះភ្លាមក៏ប្រញាប់ប្រញាល់ទៅដូរសម្លៀកបំពាក់ចាប់ទាញម៉ូតូវឹងចេញទៅយ៉ាងលឿន។

«តុក! តុក! មរកតបើកទ្វារឲ្យគ្នាបន្តិចគ្នាមកដល់ហើយ។»

ទោះវីរ៉ាខំស្រែកយ៉ាងណាក៏គ្មានសំឡេងឆ្លើយតបវិញដែរ ទើបគេក៏សម្រេចចិត្តខលទៅលេខនាងវិញម្ដង ខលទៅហើយក៏គ្មានការឆ្លើយតបដែរ វីរ៉ាបន្តគោះទ្វារទៀតក្រែងនាងអស់កម្លាំងដេកលក់ទើបមិនឮគេហៅ ទីបំផុតគេក៏សម្រេចចិត្តរុញទ្វារចូលទៅ។ ក្នុងបន្ទប់ងងឹតស្លុបវីរ៉ាដើរបើកភ្លើង ឃើញមរកតគេងនៅលើគ្រែយ៉ាងស្រួលមើលទឹកមុខដូចជាស្លេកស្លាំងណាស់ វីរ៉ាក៏ប្រញាប់ដើរចូលទៅជិតមរកត៖

«មរកតឯងកើតអី!»

គ្មានសំឡេងតបទេ! វីរ៉ាកាន់តែឆ្ងល់ព្រោះថារាល់ដងនាងជាមនុស្សគេងរស់ណាស់ គ្រាន់តែសំឡេងបន្តិចក៏ធ្វើឲ្យនាងភ្ញាក់បានដែរ ប៉ុន្តែលើកនេះឃើញនាងគេងសម្ងំស្ងៀមគេដាស់នាង៖

«មរកត! យីសាច់ឯងត្រជាក់ណាស់ ឫមួយក៏….»

វីរ៉ាយកដៃដាក់ក្បែរច្រមុះមរកត គេបើកភ្នែកធំៗហើយចំហមាត់ នាយចាប់លើកនាងឡើងអង្រួន តាមពិតទៅនាងស្លាប់បាត់ហើយ ខ្លួននាងរឹងឆ្កិល សាច់ឡើងត្រជាក់មិនដឹងថាគេងស្លាប់តាំងពីពេលណា។ គេបើកភួយឡើងឃើញកាំបិតនៅលើដៃនាង ស្នាមកាំបិតចាក់ចំកណ្ដាលពោះ ឈាមហូរឡើងកកអស់ប្រឡាក់ពេញពូក វីរ៉ាយកដៃខ្ទប់មាត់ និយាយទាំងមាត់ញ័រចំប្រប់ គេតក់ស្លុតយ៉ាងខ្លាំងនៅពេលឃើញមិត្តដែលចាត់ទុកដូចជាបងប្អូនគេងស្លាប់ដោយមិនដឹងមូលហេតុ គេស្រែកទាំងស្លន់ហៅអ្នកជិតខាងបន្ទប់ឲ្យដឹង ពេលនោះអ្នកនៅជិតខាងបន្ទប់ជួលបាននាំគ្នាផ្អើលចេញមកមើលឈូឆរ វីរ៉ាញ័រដៃជើងអស់ហើយមិនដឹងថាផ្ដល់ដំណឹងនេះទៅអ្នកណាមុនទេ ពេលនោះគេក៏នឹកឃើញខលទៅប្រាប់សក្តិដែលជាសង្សារនាងមុនគេ៖

          «អាឡូសក្តិ! មរកតមានរឿង ឯងប្រញាប់មកភ្លាម កុំភ្លេចប្ដឹងប៉ូលិសផងណា។» 

«ថាម៉េច! អូនមរកតមានរឿង? បន្តិចទៀតខ្ញុំទៅដល់ហើយ»

បន្តិចក្រោយសក្តិបានមកដល់។ ក្រុមប៉ូលិសបានមកដល់កន្លែងកើតហេតុដែរ សក្តិស្ទុះទៅច្រានវីរ៉ាចេញ រួចលុតជង្គង់ចុះហើយអង្រួនកាយសង្សារភ្លាម៖

«ហេតុអីក៏អូនគិតខ្លីបែបនេះហាស! បងសុំទោសរឿងកាលពីល្ងាចមិញ មរកតឆាប់ភ្ញាក់ដឹងខ្លួនវិញមក។ បើអូនខឹងបងក៏មិនគួរធ្វើអត្តឃាតខ្លួនឯងបែបនេះដែរ មកយកបងទៅជាមួយផង បងមិនអាចរស់គ្មានអូនបានទេ!»

រំពេចនោះស្រាប់តែសក្តិស្ទុះងើបវឹងទៅវាយវីរ៉ាមួយដៃចំកណ្ដាលមាត់ទាំងកំហឹង វីរ៉ាបែកឈាមហូររងៃ គេចាប់ទាញកអាវវីរ៉ាក្របួចឡើង៖

«មកពីឯងបានជាមរកតស្លាប់ ឯងជាអ្នកសម្លាប់នាងមែនទេ?»

«មុននិយាយយកខួរមកគិតផង ខ្ញុំស្រឡាញ់មរកតប្រៀបដូចជាបងប្អូនខ្ញុំអ៊ីចឹងមានរឿងអីដែលត្រូវសម្លាប់នាងនោះ។»

«លោក! ស្ងប់អារម្មណ៍សិនទៅ ពួកយើងត្រូវការពិនិត្យកន្លែងកើតហេតុ!» អធិការចូលទៅឃាត់អ្នកទាំងពីរ។

«លោកប៉ូលិស! គឺវា…វាជាឃាតកៈ!» សក្តិនិយាយទាំងកំហឹង

ទាំងប៉ូលិស ទាំងគ្រូពេទ្យសុទ្ធតែសហការគ្នាបានយ៉ាងល្អម្នាក់ៗដុតដៃដុតជើងណាស់អធិការភឿននិយាយឡើង៖

«ខ្ញុំត្រូវការឲ្យអ្នកទាំងអស់គ្នានៅម្ដុំនេះជួយផ្ដល់ចម្លើយឲ្យខាងខ្ញុំខ្លះៗដើម្បីជ្រាបកាន់តែច្បាស់ពីហេតុការណ៍នេះ។»

«បាទលោកប៉ូលិស! » វីរ៉ានិងសក្តិឆ្លើយព្រមគ្នា!»

«ខ្ញុំសូមសួរខ្លួនអ្នកទាំងពីរទៅសួរចម្លើយនៅបុស្តិ៍ប៉ូលិស ព្រោះអ្នកទាំងពីជិតស្និទ្ធជាមួយជនរងគ្រោះជាងគេ»

«ប..បាទ!» វីរ៉ាឆ្លើយទាំងសំឡេងញ័រដូចជានៅតក់ស្លុតនៅឡើយ។

……………………………………………………………..

ក្រោយពីសាកសួរចម្លើយសាក្សីដែលនៅកន្លែងកើតហេតុរួចហើយ និងទទួលបាន

ព័ត៌មានពីការពិនិត្យសាកសពរួចហើយ ក្រុមប៉ូលិសបានប្រជុំគ្នាពិភាក្សាពីហេតុការណ៍នេះ។ លោកអធិការផននិយាយ៖

«ក្រោយពីការចុះពិនិត្យហេតុការណ៍នៅកន្លែងកើតហេតុរួចឃើញថាករណីនេះពុំមែនជាការធ្វើអត្តឃាតទេ តែគឺឃាតកម្ម! ជនរងគ្រោះអាចនឹងត្រូវជនដៃដល់ជាអ្នកសម្លាប់រួចហើយ ក៏រៀបចំឆាកឲ្យនាងគេងលើគ្រែធម្មតា»

«អ្នកដែលគួរឲ្យសង្ស័យជាងគេគឺវីរ៉ា ព្រោះគេទៅដល់កន្លែងកើតហេតុមុនគេបង្អស់!»

«ក្នុងដំណាក់កាលនេះយើងមិនអាចសង្ស័យអ្នកណាផ្ដេសផ្ដាសទេ រង់ចាំការសួរចម្លើយបន្ថែមទៀតពីវីរ៉ានិងសក្តិ។»

អធិការភឿនសម្លឹងមើលទៅអេក្រង់កុំព្យួទ័រ ប៉ូលិសម្នាក់ជាអ្នកសួរវីរ៉ា ហើយនៅក្នុងបន្ទប់មួយទៀតមានប៉ូលិសម្នាក់ទៀតជាអ្នកសួរសក្តិ ដើម្បីរកភស្តុតាងបន្ថែមដែលពាក់ព័ន្ធជាមួយការស្លាប់របស់ជនររងគ្រោះ។ បើមើលទៅតាមកាយវិការនិងចម្លើយដែលអ្នកទាំងពីរបានឆ្លើយបង្ហាញថាអ្នកទាំងពីរមិនមែនជាឃាតកៈទេ ប៉ុន្តែត្រូវនាំអ្នកទាំងពីរទៅឃុំខ្លួនសិន។ បន្តិចក្រោយមកមានប៉ូលិលម្នាក់បានរាយការណ៍មកថា រកឃើញក្រវិលមួយចំហៀងជ្រុះក្បែរគ្រែជនរងគ្រោះ ហើយនៅក្នុងក្រចកដៃរបស់ជនរងគ្រោះមានបន្សល់ស្បែកនៅក្នុងក្រចក ដូច្នេះមុនពេលឃាតកៈចាក់សម្លាប់ជនរងគ្រោះអាចមានការវាយប្រតប់គ្នា ឃាតកៈអាចមានបន្សល់ស្នាមនៅលើដងខ្លួន​។ មិនបង្អង់យូរលោកអធិការភឿនបានបញ្ជាឲ្យប៉ូលិសពីរនាក់ទៅសាកសួរមើលអ្នកជិតខាងនៅទីនោះក្រែងទទួលបានភស្តុតាងបន្ថែមទៀត។

«ឆាប់នាំកម្លាំងទៅពិនិត្យមើលនៅកន្លែងកើតហេតុម្ដងទៀត!»

«បាទទាន!»

ទៅដល់កន្លែងកើតហេតុប៉ូលិសបានសុំម្ចាស់ផ្ទះមើលកាមេរ៉ាសុវត្ថិភាពម្ដងទៀត បន្ទាប់ពីមើលរួចរាល់ក៏ដើរសំដៅទៅបន្ទប់ជនរងគ្រោះពិនិត្យម្តងទៀត។ ចំណែកប៉ូលិសម្នាក់ទៀតដើរសំដៅទៅសួរអ្នកនៅទល់មុខបន្ទប់។ មិនបង្អង់យូរប៉ូលិសម្នាក់ក៏ប្រញាប់ទៅគោះទ្វារសួរម្ចាស់បន្ទប់៖

«សួស្ដី! ម្ចាស់ផ្ទះមានមនុស្សនៅទេ?»

ប្រាវ! សំឡេងធ្លាក់បែកចានលាន់ឮដល់ក្រៅបន្ទប់ ប៉ូលិសដែលនៅឈរមុខបន្ទប់ព្យាយាមស្រែកហៅយ៉ាងយូរ ទើបស្ត្រីចំណាស់ម្នាក់ងើបមកបើកទ្វារហើយអើតក្បាលតាមទ្វារមកលឺមៗដូចជាមិនចង់បើកទ្វារ៖

«អ៊ំស្រី! ពួកខ្ញុំជាប៉ូលិស ខ្ញុំចង់ដឹងរឿងខ្លះ អ៊ំអាចសហការជាមួយពួកយើងបានទេ?»

«លោកប៉ូលិសខ្ញុំមិនបានដឹងរឿងអីទេ! ខ្ញុំមិនមែនជាឃាតកៈទេ!»

«នេះខ្ញុំមិនទាន់បានចោទថាអ៊ំជាឃាតកៈឯណាគ្រាន់តែចង់មកសួរចម្លើយអ៊ំខ្លះៗប៉ុណ្ណោះ»

ស្រ្តីចំណាស់ហាក់ស្ងប់ចិត្តបន្តិច ហើយអញ្ជើញប៉ូលិលចូលមកអង្គុយលេងក្នុងបន្ទប់។ ប៉ូលិសក៏ចាប់ផ្តើមសួរគាត់៖

«អ៊ំស្រី! យប់មិញតើអ៊ំនៅផ្ទះទេ?»

«ខ្ញុំនៅ!»

«ចុះពេលយប់? អ៊ំមានប្រទះឃើញរឿងអ្វីចម្លែក នៅផ្ទះខាងនោះដែរទេ?»

«ដូចជាមិនឃើញអ្វីប្លែកទេក្មួយ គ្រាន់ដឹងថាថ្ងៃដែលកើតហេតុនឹងពេលម៉ោង៣ អ៊ំបានជួបនាងនៅឯផ្សារទិញម្ហូប»

«មានអ្វីផ្សេងពីនេះទៀតទេអ៊ំ?»

ប៉ូលិសកាន់តែជជីកសួរ ស្ត្រីចំណាស់នោះកាន់តែបង្ហាញទឹកមុខភិតភ័យហើយបែកញើសឡើងជោកពេញខ្លួន៖

«អ៊ំស្រីមិនស្រួលខ្លួនមែនទេ? មិនបាច់ភ័យទេ បើសិនជាស្គាល់មុខឃាតកៈសម្លាប់ប្រាប់ពួកខ្ញុំមក»

«ទេ…ទេ…អ៊ំមិនស្គាល់ទេ!»

គាត់និយាយបណ្ដើរយកដៃខ្ទប់ត្រចៀកហើយក្រវីក្បាលដូចគោត្រូវស្រាំងទិច សភាពគាត់ពេលនេះហាក់ដូចជាមនុស្សកើតជំងឺសរសៃប្រសាទ។ រំពេចនោះស្រាប់តែគាត់សើចយ៉ាងឮៗហើយស្ទុះទៅយកកាំបិតមុខស្រួចសស្ញាច ដែលលាក់នៅក្រោមខ្នើយមកកាន់តម្រង់មកចាក់ប៉ូលិស ប៉ុន្តែត្រូវប៉ូលិសដឹងខ្លួនមុនងាកមកចាប់ដៃទាន់ គាត់ធ្លាក់កាំបិតរបូតចេញពីដៃ៖

«ខ្ញុំជាអ្នកសម្លាប់នាង ខ្ញុំជាឃាតកៈ ហាសហា ខ្ញុំរង់ចាំឱកាសនេះយូរហើយ។»

ប៉ូលិសបានចូលទៅកៀកអ៊ំស្រី បានឃើញស្នាមរបួសរលាត់ស្បែកនៅកំភួនដៃ ធ្វើឲ្យប៉ូលិសកាន់តែសង្ស័យថែមទៀត។ ប៉ូលិសបាននាំខ្លួនជនសង្ស័យទៅសួរចម្លើយបន្ថែមនៅបុស្តិ៍ប៉ូលិស។

នៅក្នុងបន្ទប់បួនជ្រុងក្រោមពន្លឺអំពូលយ៉ាងស្រទន់មានតុមួយរាងការេនៅចំកណ្ដាលមនុស្សពីរនាក់កំពុងតែអង្គុយទល់មុខគ្នា៖

«ហេតុអីបានជាអ៊ំសម្លាប់នាង?»

«គឺនាងដោយសារតែនាង….ធ្វើឲ្យកូនប្រុសតែម្នាក់គត់របស់ខ្ញុំស្លាប់…»

«ជនរងគ្រោះមានទាក់ទងអីជាមួយកូនអ៊ំ?»

កែវភ្នែករបស់ស្រ្តីចំណាស់ម្នាក់នេះប្រែជាក្រហមង៉ៅ និយាយតបទៅប៉ូលិសទាំងកំហឹង៖

«គឺនាងធ្លាប់ជាអតីតមិត្តស្រីរបស់កូនខ្ញុំ បើនាងមិនបោះបង់កូនខ្ញុំមកយកអាប្រុសម្នាក់នេះទេ កូនប្រុសខ្ញុំក៏មិនខូចចិត្តរហូតចងកសម្លាប់ខ្លួនឯងបែបនេះដែរ ខ្ញុំស្អប់នាងៗៗ! កូនប្រុសពេលនេះ! ម៉ែសងសឹកឲ្យកូនរួចហើយ សូមវិញ្ញាណខ័ន្ធកូនទៅកាន់សុគតិភព»

«ប៉ុន្តែយ៉ាងណាក៏អ៊ំមិនគួរសម្លាប់នាងព្រោះតែគំនុំដែរ ឃើញទេលទ្ធផលដោយសារតែចង់សងសឹក គឺអ៊ំខ្លួនឯងជាអ្នកវេទនា។ ស្នេហាមិនអាចបង្ខំបានទេ កូនអ៊ំស្លាប់ក៏មិនពាក់ព័ន្ធអីជាមួយនាងដែរ។ អ៊ំដឹងហើយមែនទេថាសម្លាប់មនុស្ស ត្រូវជាប់គុកអស់មួយជីវិត!»

ស្រ្តីចំណាស់ឱនមុខចុះ រួចនិយាយ៖

«ខ្ញុំខុសហើយលោកប៉ូលិស បើពេលនោះខ្ញុំមិនយកកំហឹងដាក់មុខខ្ញុំក៏មិនធ្លាក់ក្នុងសភាពបែបនេះដែរ! កូនប្រុសម៉ែខុសហើយ ម៉ែសូមទោស……..

………………………..

ទង់ព្រលឹងពណ៌សបក់រវិចៗ សំឡេងមេក្រូស្មូតលាន់ឮខ្ទរពេញរោងបុណ្យ គ្រប់គ្នានៅក្នុងរោងបុណ្យសុទ្ធតែស្លៀកពាក់ពណ៌ស សក្តិនិងវីរ៉ាកំពុងតែលុតជង្គង់នៅចំពីមុខរូបថតមរកត​ញញឹម​ពព្រាយ សក្តិកាន់ធូបបីសរសៃហើយនិយាយទាំងទឹកមុខក្រៀមក្រំ៖

«ពេលនេះបងបានឃើញអូនញញឹមតែក្នុងរូបថតប៉ុណ្ណោះ បងស្ដាយណាស់ពេលកន្លងមកបងតែងតែរករឿងឈ្លោះប្រកែក មិនទុកចិត្តអូន ពេលបាត់បង់អូនទើបបងដឹងពីកំហុសខ្លួនឯង​។ បើអាចបងចង់ឲ្យពេលវេលាត្រលប់ក្រោយណាស់…»

«សក្តិឯងកាត់ចិត្តទៅ ពេលនេះទោះឯងរៀបរាប់ដល់ស្អែកក៏មរកតស្ដាប់មិនឮដែរ នាងទៅបានសុខហើយ។»

«ខ្ញុំសុំទោសផងវីរ៉ា ដែលតែងតែយល់ច្រឡំលើឯងកន្លងមកនេះ។»

«មិនអីទេចាប់ពីពេលនេះទៅពួកយើងត្រូវតែធ្វើជាមិត្តល្អដើម្បីឲ្យព្រលឹងមរកតបានឃើញហើយគេទៅដោយស្ងប់ចិត្ត។»

ពួកគេទាំងពីរនាក់យកដៃជូតទឹកភ្នែក ហើយងើបឈរដើរទៅអុជធូបដើម្បីលាមរកតជាលើកចុងក្រោយមុននឹងយកសាកសពទៅបូជា។ ផ្សែងខ្មៅខ្មួរខ្មាញ់ចេញតាមបំពង់បង្ហុយ ពេលនេះសាកសពរបស់មរកតត្រូវរលាយរូបរាងម្ដងបន្តិចហើយៗ…សក្តិឈរសម្លឹងមើលទៅភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ គេលុតជង្គង់ចុះដៃឱបរូបថតមរកតជាប់ទ្រូង…

«លាហើយ! អូនទៅចោលបងរហូតហើយមរតក…! បើជាតិក្រោយមានពិតបងសុំផ្សងធ្វើជាគូស្នេហ៍នឹងគ្នាម្ដងទៀត។ សូមវិញ្ញាណខ័ន្ធរបស់អូនទៅកាន់សុខគតិភព!»

វីរ៉ាយកដៃទះស្មាសក្តិតិចៗ៖

«កាត់ចិត្តទៅសក្តិ ពេលនេះមរកតទៅបានសុខហើយ…លាហើយមរកត! សូមវិញ្ញាណខ័ន្ធឯងទៅកាន់ទីស្ងប់សុខ…»

ចប់