ឌឹប..!ឌឹប..! ក្ឌុក..!
សំឡេងដុំថ្មទម្ងន់ធំធ្ងន់វាយទៅលើសភាវៈរឹងមួយប្រភេទហើយបានធ្លាក់មកលើដី ដោយមានជ្រាបឈាមក្រហមឆ្អៅមកជាមួយ…
«អឹក..អឹប….ជួយ….ផង… ជួ….»
សំឡេងដង្ហោយហៅស្រែកឲ្យគេជួយ តែគ្មានប្រសិទ្ធភាព! មិនដល់មួយដង្ហើមផងរាងកាយកន្ត្រាក់ប្រកាច់រួចក៏ស្ងៀមឈឹង តាមបំណងរបស់ឃាតកៈ។
«បំបាត់សាកសពវាចោលទៅ»
គ. ស. ២០២០
សូរិយាអស្ដង្គត ផ្ទៃមេឃពណ៌ទឹកក្រូចក៏ចូលខ្លួនមកគ្របដណ្ដប់ផែនដីធ្វើឲ្យបុស្បាខ្លះបានរីកខ្លួនបង្អួតសម្រស់នាពេលរសៀលរាបលិច ប្រៀបដូចជាចម្ការផ្កាម្លិះតូចមួយដែលកំពុងបំភាយរសកេសរដ៏ក្រអូបពាសពេញចម្ការហើយបង្ហួសចូលទៅដល់ នាសារបស់បុរសចំណាស់ជាម្ចាស់ចម្ការដែលកំពុងអង្គុយត្រមង់ត្រមោចតែម្នាក់ឯង។
វាអាចជារឿងចម្លែកក្នុងករណីធម្មតាទៅហើយដែលអ្នកភូមិម្ដុំនោះតែងតែឃើញ បុរសចំណាស់វ័យ៤៨ឆ្នាំតែងអង្គុយនៅក្នុងចម្ការផ្កាម្លិះរបស់គាត់យ៉ាងស្ងៀមស្ងាត់រៀងរាល់ល្ងាចម៉ោង៥។
អ្នកភូមិឆ្ងល់ណាស់ថាគាត់កំពុងចង់ធ្វើអ្វី? ឬមួយក៏គាត់កំពុងរង់ចាំអ្នកណា? វេលាចេះតែដើរទៅមុខជារឿយៗរីឯមេឃាក៏ចាប់ផ្ដើមប្រែពណ៌ពីទឹកក្រូចទៅជាងងឹតស្លុប បុរសចំណាស់នៅតែអង្គុយលើទោងមើលទៅផ្នូរសពប្រពន្ធខ្លួន ដែលកប់ក្នុងចម្ការផ្កាម្លិះនោះ! បន្ទាប់មកគាត់លើកដៃឆ្វេងមកមើលបង្ហាញឲ្យឃើញនាឡិកាពណ៌ប្រាក់ដាំត្បូងយ៉ាងមានតម្លៃរួចក៏ទម្លាក់ជើងបោះជំហានចេញពីទីនោះដោយទឹកមុខស្មើចែសដូចសមុទ្រស្ងប់ខ្យល់។
រាងខ្ពស់ស្រឡះ សម្បុរសបែកផ្កាឈូកបានបន្តដើររហូតមកដល់ទីវាលធំមួយក្នុងបរិវេណផ្ទះ រង្វង់ភ្នែកតឹងៗបំពាក់ដោយវ៉ែនតាមនុស្សចាស់មានដងពណ៌ខ្មៅទំហំប៉ុនពីរធ្នាប់ដៃជាងកំពុងងាកទៅសម្លឹងរបស់មួយដែលព្យួរជាប់ជញ្ជាំង។ ក្លិនឈាមឆ្អាបជាច្រើនដំណក់បានខ្ទាតសាចទៅលើអាវសប្រែទៅជាពណ៌ក្រហម ច្រាលដៃជ្រីវជ្រួញនៅតែកាន់កាំបិតចាក់ទៅលើសភាវៈរស់មិនសំចៃដៃ ឯអំពូលភ្លើងក៏ញាក់ភ្លឹបភ្លែតៗធ្វើឲ្យបុរសនោះកាន់កាំបិតរួចងាកមកមើលទាំង ខឹងសម្បា។
«យី…! អំពូលភ្លើងនេះប្ដូរវាថ្មីហើយនៅតែលោតចុះលោតឡើងអា៎ដែល! អា៎ត្រីប៉ុន្មានក្បាលនេះក៏ចឹងដែលឯងកាត់វាដាច់អស់ហើយនៅបាញ់ឈាមមកមិនអស់សោះ! ហ៊ើយ…ចូលធ្វើម្ហូបម្ដងៗដូចចូលទៅទីលានប្រហាជីវិតអ៊ីចឹង!!! » បុរសចំណាស់គ្រវីក្បាលក្រោយអំពូលភ្លើងនិងត្រីវាកំពុងលេងសើចជាមួយផ្លូវអារម្មណ៍គាត់។
គាត់ក៏បែរខ្លួនទៅធ្វើម្ហូបបន្តក្រោមពន្លឺភ្លើងលោតភ្លឺៗមិនឈប់។ សំឡេងចូកចាក់ចានកែវប៉ះទង្គិចគ្នាមិនដាច់សូរដែលឮចេញពីចង្ក្រានបាយតែ មួយសន្ទុះក្រោយមកក៏ស្ងាត់បាត់ជំនួសដោយសំឡេងមួយមកវិញ…។
«ហ៊ឹម…រួចហើយ» សម្ដីបង្ហើយការងារឮចេញពីបុរសចំណាស់។ គាត់ដោះអៀមដែលប្រឡាក់ដោយឈាមរបស់ចេញទៅព្យួរនៅកន្លែងដើម ចំណែកកែវភ្នែករាងតឹងសម្លឹងមើលទៅនាឡិកាព្យួរជញ្ជាំងដែលបង្ហាញចំណុចម៉ោង៦ គាត់ញញឹមស្រាលរួចក្រឡេកមកមើលអាហារលើតុដែលខ្លួនបានរៀបចំយ៉ាងពិសេស! តែក៏មិនជាពិសេសព្រោះនេះអាចជាតួនាទីរាល់ថ្ងៃទេដឹង?
«ហ្អា៎…ថ្ងៃនេះដូចឈឺចង្កេះម្ល៉េះ» សម្ដីរអ៊ូរទាំម្នាក់ឯងដោយដាក់ខ្លួនអង្គុយលើកៅអីឈើ ដៃលើកមកដោះវ៉ែនតាចេញទៅដាក់លើតុ ហើយក៏មិនភ្លេចយកដៃឈ្លីចង្កេះខ្លួនឯងស្រាលៗ…..។
វេលាចេះតែរំកិលទៅមុខជារឿយៗបុរសចំណាស់អង្គុយសម្លឹងបរិវេណក្នុងផ្ទះម៉ូដែលទំនើបម្យ៉ាង! សាឡុងនៅចំកណ្ដាលផ្ទះទល់មុខទូរស្សន៍ស្ដើងពេញនិយមខាងក្រោយមានបង្អួចគ្រងដោយស្បៃវាំងននពណ៌សក្បុសហើយក៏មានលម្អដោយថូផ្កាមាសមួយគូសងខាងទូដាក់ទូរទស្សន៍ ឯភ្លើងអំពូលពណ៍ពងមាន់ក៏បញ្ចេញរស្មីភ្លឺចិញ្ចាំងចិញ្ចែងជាមួយនឹងការ៉ូទឹកដោះគោធ្វើឲ្យគេហដ្ឋានមួយនេះដូចជាភូមិគ្រឹះមនុស្សជាន់ខ្ពស់អ៊ីចឹង…..។ បុរសចំណាស់ផ្អែកខ្នងនិងកៅអីគយគន់សម្រស់ក្នុងគេហដ្ឋានរហូតត្របកភ្នែកហាក់ទន់រួចក៏បិទទៅតាមកម្លាំងហត់នឿយ ប៉ុន្តែមួយសន្ទុះក្រោយមក……!!!!!!!!
“ជួយផង…! ជួយផង….! ហ្អា៎…..”
«សំឡេងអ្នកណា?» គាត់ភ្ញាក់មកវិញទាំងមមីមមើក្នុងខ្លួនក្រោយឮសំឡេងមនុស្សស្រីស្រែកឲ្យជួយ ល្វើយៗជិតត្រចៀក។ គាត់តាំងស្មារតីរួចចាប់យកវ៉ែនតាដែលដោះទុកនៅលើតុ យកពាក់សាជាថ្មីហើយព្យាយាមរកមើលម្ចាស់សំឡេងតែមិនឃើញសូម្បីស្រមោល គាត់ក៏ដើរចេញទៅផ្ទះរួចឈរស្ដាប់មួយសន្ទុះតែនៅតែគ្មានអ្វីប្រែប្រួលក្រៅពី….
«លោកប៉ា! កូនមកដល់ហើយ» សំឡេងមកមុនម្ចាស់! ធ្វើឲ្យអ្នកជាឪពុកបែរទៅរកទ្វាររបងរួចញញឹមឡើងបំភ្លេចរឿងចម្លែកអំម្បាញ់មិញ។ ទ្វារដែកកម្រាស់ក្រាស់បានបើកបង្ហាញឲ្យឃើញរូបរាងមនុស្សស្រីវ័យ២៥ឆ្នាំ សក់ពណ៍ទង់ដែងប្រវែងត្រឹមស្មាក្ដោបកកំពុងបោះចូលទៅរកខ្លួនដោយពាំនាំសំណួរមកជាមួយ….។
«អា៎វ…លោកប៉ាម៉េចមកឈរក្រៅផ្ទះចឹង? »
«គឺ…..ប៉ាមកឈរចាំកូនហ្នឹងណា៎…ម៏ចូលផ្ទះមកប៉ាត្រៀមម្ហូបកូនចូលចិត្តទៀតផង»
កុហក! គាត់កុហក! គាត់ជ្រើសយកពាក្យកុហកព្រោះមិនចង់ឲ្យនាងតូចម្នាក់នេះបារម្ភខ្លួនម្ដងទៀត….។
«រ័ត្នគ្រាន់តែគិតក៏ឃ្លានដែរហិហិ…» នាងតូចនិយាយឡើងទាំងសប្បាយចិត្តបន្ទាប់ពីឮនូវអាហារដែលខ្លួនចូលចិត្តត្រូវបានត្រៀមសម្រាប់នាងតាមទម្លាប់មនុស្សចូលចិត្តបរិភោគ។
ពេជ្ជរ័ត្នជាកូនស្រីតែម្នាក់របស់បុរសចំណាស់ឈ្មោះថាឧត្ដម។ សម្បុរសកូនចិនកាត់ទៅឪពុក កែវភ្នែកធំៗកាត់ទៅម្ដាយ រូបរាងស្រស់ស្អាតពីកំណើតសមតែជាតារាបង្ហាញម៉ូតល្បីប៉ុន្តែនាងបែធ្វើជាប៉ូលិសស្រីវ័យក្មេងម្នាក់ទៅវិញ….។
ពីរនាក់ឪពុកកូនបណ្ដើរគ្នាចូលទៅក្នុងផ្ទះកក់ក្ដៅសម្ដៅទៅរកតុអាហារដែលមានកៅអី២សម្រាប់តែសមាជិកពីរនាក់ក្រោយពីអ្នកជាម្ដាយទទួលមរភាពអស់កាល៨ ឆ្នាំទៅហើយ……។ អាហារពេលល្ងាចក៏ចាប់ផ្ដើមអស់មួយសន្ទុះធំនាងក្រមុំពេជ្ជរ័ត្នងើបមុខមើលឪពុករួចបោះសំណួរបង្កប់ដោយអារម្មណ៍ស្ទាក់ស្ទើរ….។
«លោកប៉ា…..តើប៉ាស្គាល់ស្រីម្នាក់ឈ្មោះមាល័យដែលបាត់ខ្លួនអស់២១ឆ្នាំនោះទេ» ចប់សំណួរលោកឧត្ដមក៏ចងចិញ្ចើមហើយពោលឡើងទាំងមាត់កំពុងទទួលទានអាហារ។
«មាល័យណាកូនប៉ាដូចមិនសូវចាំ»
«គឺសុដា មាល័យ! ជានិស្សិតឆ្នាំទីមួយផ្នែកទំនាក់នងកាលពីឆ្នាំ៩៩ គ្រួសារបស់នាងប្រាប់ថានាងមករៀននៅភ្នំពេញអស់ច្រើនឆ្នាំហើយមិនត្រឡប់មកវិញ បាត់ដំណឹងយូរទោះព្យាយាមស្វែងរកក៏គ្មានតម្រុយអ្នកផ្ទះរបស់នាងសង្ស័យថានាងត្រូវគេចាប់ជម្រិត» ពេជ្ជរ័ត្នរៀបរាប់ហូរហែឯលោកឧត្ដមត្រង់ត្រប់ស្ដាប់ដោយទឹកមុខស្មោះត្រង់។
«ប៉ាចាំមិនបានទេកូន ហើយចុះគ្រួសារគេមកដាក់ពាក្យប្ដឹងមែនទេ? នេះម្ភៃឆ្នាំជាងទៅហើយអាចទៅរួចឬអត់កូន?» លោកឧត្ដមសួរទៅកូនខ្លួនដោយក្ដីបារម្ភមិនតិចដែរ។ នេះរឿងរ៉ាវវាយូរគួរសមដែលបើឲ្យកូនគាត់ស៊ើបនោះច្បាស់ជាត្រូវឈឺមុនបានឡើងយសស័ក្តិមិនខាន…..។
«គឺគេសើរើណា៎ប៉ា..! ហើយខ្ញុំបានដំណឹងមកថ្មីទៀតថានាងមានមិត្តប្រុសម្នាក់ដែលកំឡុងពេលនោះ»
«……….» លោកឧត្ដមនិងកូនស្រីហាក់កំពុងចាំស្ដាប់ហេតុការណ៍បន្ទាប់ដែលឮចេញពីមាត់កូនស្រី តែវាបានធ្វើឲ្យគាត់ស្ទើតែគាំងស្មារតី…..!!!
«ប្រុសម្នាក់នោះឈ្មោះសីហា ឧត្ដម! គឺជាប៉ាត្រូវទេ?» នាងក្រមុំតូចសម្លឹងកែវភ្នែក ឪពុកខ្លួន! លោកឧត្ដមក្រោយបានស្ដាប់ប្រយោគរបស់កូនស្រីតែមួយរួច ធ្វើឲ្យគាត់ត្រូវគាំងស្កុបទឹកមុខក៏ប្រែអន់ចិត្តនៅពេលកូនស្រីកំពុងសង្ស័យខ្លួនទាំងដែលគាត់មិនដឹងអីសោះអ៊ីចឹងឬ?
«ប៉ាធ្លាប់ជាសង្សាររបស់មាល័យនោះអ្ហេស? ប៉ុន្តែប៉ាមិនចាំអីសោះឡើយ…..» គាត់បញ្ចេញទឹកមុខមិនដឹងអីដាក់កូនស្រី។ នាក់ទាំងពីរបានត្រឹមដកដង្ហើមធំរួច ពេជ្ជរ័ត្ននិយាយឡើងដោយញញឹមសើៗមិនសម…..។
«កុំគិតច្រើនអីប៉ា! ប្រហែលជាឧបទ្ទវហេតុធ្លាក់ពីលើទូកឆ្នាំនោះ ហើយទើបប៉ាចាំអីមិនបាន! ឈប់និយាយហើយញ៉ាំបាយវិញល្អជាង» នាងក្រមុំញញឹមរួចប្ដូរប្រធានបទនិយាយ ហើយញ៉ាំបាយបន្តព្រោះចិត្តមិនចង់ឲ្យមានរឿងសៅហ្មងកាន់តែវែងឆ្ងាយទៅទៀត..។
រាត្រីស្ងប់ស្ងាត់នាវេលាម៉ោង០០និង០០នាទី ផ្ទះដ៏ស្រស់ស្អាតអម្បាញ់មិញនេះត្រូវគ្របដណ្ដប់ដោយភាពស្ងាត់ជ្រងំព្រោះម្ចាស់ផ្ទះកំពុងលង់លក់និងដំណេក តែសំឡេងមនុស្សស្រីហៅពីក្នុងរបងនៅតែឮរងំពេញសោតរបស់ពីរនាក់ឪពុកកូននោះស្ទើរតែមិនបានសម្រាកទៅហើយ………។
៥ ថ្ងៃក្រោយមកទៀត…!
ថ្ងៃថ្មីមកដល់ដូចដើមតែគ្រប់យ៉ាងក៏មិនអាចស្ថិតស្ថេររហូត ម្សិលមិញល្អថ្ងៃនេះអាចនឹងប្រែទៅជាអាក្រក់អ្នកណាទៅស្មានត្រូវនោះ? ដូចជាពេលនេះមានប៉ូលិសមួយក្រុមធំកំពុងចរាចរណ៍ក្នុងផ្ទះលោកឧត្ដមជាមួយស្ថានការណ៍ជែកវែកញែកមិនស្ងាត់នៅចម្ការផ្កាម្លិះរបស់គាត់……។
«ពួកយើងសុំត្រួតពិនិត្យចម្ការសិនបាទ»
«បាទ..! តាមសម្រួលចុះលោកប៉ូលិស….» ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្ដមប៉ូលិសចាប់ផ្ដើមត្រួតពិនិត្យចម្ការផ្កាម្លិះដែលដាំខាងក្រោយផ្ទះរបស់គាត់។ ដីមានសភាពមិនសូវជាធំដូចចម្ការដទៃព្រោះនេះអាចថាជាចម្ការតូចល្មមផ្ទាល់ខ្លួនព្រោះភរិយារបស់គាត់ស្រឡាញ់ក្លិនផ្កាម្លិះទើបត្រូវមានចម្ការមួយនៅទីនេះព្រមទាំងផ្នូររបស់ភរិយាគាត់កប់នៅទីនេះដូចគ្នា….។
<វុស…..វុស….>
សំឡេងឆ្កែរបស់ប៉ូលិសស្ថានីយ៍បានព្រុសឡើងយ៉ាងទ្រហឹងនៅជ្រុងម្ខាងនៃចុងបង្អស់ របស់ចម្ការធ្វើឲ្យក្រុមប៉ូលិសកេណ្ឌគ្នីគ្នាទៅទីនោះភ្លាមៗ…។
«កុំបារម្ភអីប៉ា…» ពេជ្ជរ័ត្នពោលឡើងដោយឱបឪពុករបស់ខ្លួនជាប់។ នាងចាប់ផ្ដើមមានអារម្មណ៍ថាខុសដែលដឹកនាំមនុស្សមកឆែកផ្ទះខ្លួនឯងនាំទុក្ខដល់ឪពុកចាស់ តែបើមិនធ្វើបែបហ្នឹងតើនាងអាចគេងលក់ស្រួលយ៉ាងម៉េចទៅ?!
មនុស្សកកកុញដោយអ្នកខ្លះយាមនៅខាងមុខផ្ទះ ឯប៉ូលិសពីរក្រុមទៀតកំពុងញាប់ដៃកាយដី និងចាំថតរាល់ឯកសារដែលរៀបនឹងកើតឡើងប្រៀបដូចជាការព្រៀងទុករួចជាស្រេចនៅបញ្ហានាពេលបន្តិចទៀត….។ ចបកាប់៤ដង ត្រូវបានកាប់គាស់ដោយស្នាដៃប៉ូលិស៤នាក់ ដើមផ្កាម្លិះប្រមាណ ២០-៣០ដើមត្រូវបានបាក់លែងឃើញសភាពដើម ដីក៏ជីកជ្រៅទៅៗជ្រៅជាងការគិត ប៉ូលិសទៅទៀត…..។
៤០ នាទីបន្ទាប់គ្រប់យ៉ាងក៏បានបើកបង្ហាញឲ្យឃើញ……
«លោកប៉ា…នេះ…គឺ….» ពេជ្ជរ័ត្ននិយាយដាច់ៗហើយបើកភ្នែកធំៗប៉ុនពងក្ងានឯងគ្រប់គ្នាដែលជាក្រុមប៉ូលិសក៏ចាប់ផ្ដើមភ្ញាក់មិនតិចដូចគ្នា…។
ពាងប្រហុកចាស់ពណ៌ត្នោតចំណែកឯទំហំមិនធំកម្ពស់ត្រឹមពាក់កណ្ដាលភ្លៅត្រូវបានអូសចេញពីរដណ្ដៅចម្ការផ្កាម្លិះបានពាំនាំមកជាមួយភាពស្អុយគគ្រុកសូម្បីផ្កាម្លិះមួយចម្ការក៏ទប់មិនឈ្នះ ដូច្នេះវាមិនមែនជាក្លិនប្រហុកធម្មតានោះឡើយ ។
«អ្នកនាងពេជ្ជរ័ត្ន! លោកឧត្ដម! សូមមកខាងនេះបាទ»
«……………» នាក់ទាំងពីរមិនតបស្ដីតែក៏បោះជំហានទៅមុខជារឿយៗរហូតចូលដល់កន្លែងហ៊ុមខ្សែពណ៌លឿង។
ច្រវាក់ច្រេះចាប់ព័ទ្ធជុំវិញច្រើនជាន់ គម្របឈើពុកផុយលម្អដោយដង្កូវជន្លេនក្នុងដីតោងជាប់មកជាមួយវីកវើកពាសពេញពាង ទិដ្ឋភាពេលនេះវាស្ទើរតែមិនជឿនឹងភ្នែកទៅហើយ។ ពាងពណ៌ត្នោតបានបើកឡើងបន្តិចម្ដងៗដោយមាន បង្ហាញឲ្យឃើញរាងកាយ មនុស្សស្រីអង្គុយឱបជង្គង់ក្នុងពាងមានតែគ្រោងឆ្អឹងនិងសម្លៀកបំពាក់សិស្សមានប្រឡាក់ឈាមមិនទាន់រលុប។ បើមើលពីខាងលើឃើញតែឆ្អឹងលលាដ៍ក្បាល ដែលមានសភាពទ្រុតមួយចំហៀងដូចជាត្រូវរបស់រឹងវាយបំបែករាងកាយត្រូវ គេញាត់ឲ្យណែនបម្រាស់ខ្លួនមិនបានព្រោះពាងមានសភាពតូចចង្អៀត បាតពាងក្រាលទៅដោយកំណកខ្មៅអាចជាឈាមដែលហូរច្រោះ។ ដង្កូវនិងសត្វល្មូនគ្រប់ប្រភេទកំពុងប្រញ៉ៃគ្នាស៊ីកាកសំណល់ជីវិតសឹងតែលែងមានឆ្អឹងឲ្យមើលទៅហើយ ឯក្លិនស្អុយនៅតែបន្តសាយភាយមិនដាច់ស្ទើរក្អួតម្ដងៗរហូតអ្នកជំនាញដកហូតរបស់មួយចេញពីខ្លួនអ្នកស្លាប់ហើយបានបិទគម្របពាងនោះទៅ….។
«ឈ្មោះសុដា មាល័យ អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យ…..» ប៉ូលិសសត្យាជាមិត្តរបស់ពេជ្ជរ័ត្នបានយកកាតសិស្សដែលនៅក្នុងពាងនោះពិនិត្យវាកន្លងទៅអស់ជាងម្ភៃឆ្នាំទៅហើយឯតួរអក្សររលុបសឹងតែ៧០% តែអាថ៌កំបាំងមិនអាចលាក់បានមួយជីវិតឡើយ។
នេះសរបញ្ជាក់ថានាងមាល័យត្រូវបានគេសម្លាប់រួចយកមកកប់ចោលក្នុងផ្ទះរបស់លោកឧត្ដមដូចអ្វីដែលពួកប៉ូលិសសង្ស័យពិតមែន។ ពេជ្ជរ័ត្នក្រោយការពិតត្រូវលាតត្រដាងនាងបែរមកមើលឪពុកខ្លួនដែលឈរស្ងៀម មិនចេញស្ដីអ្វីនោះហើយនិយាយឡើងដោយអួលដើមក…។
«លោកប៉ាហេតុអីសាកសពស្រីម្នាក់នេះមកនៅក្នុងផ្ទះយើង?»
«………….» គ្មានការឆ្លើយតប។
«ម៉េចលោកប៉ាមិនតបនឹងកូន? ចុះអ្នកណាជាឃាតកៈ» នាងនៅបន្តសួរទាំងដឹង ចម្លើយរួចជាស្រេចថាជាអ្នកណា ឯរង្វង់ភ្នែកចាប់ផ្ដើមកល់ដោយទឹកក្ដៅឧណ្ហៗតែ ម្ចាស់ខ្លួនមិនងាយឲ្យវាស្រក់ចុះឡើយសុខចិត្តខាំជើងធ្មេញជាប់មិនលែងដើម្បីទប់វា។
«ពេជ្ជរ័ត្នខ្ញុំថាពួកយើងនាំលោកពូទៅស្ថានីយ៍ប៉ូលិសទៅ រួចសឹមនិយាយគ្នាតាមក្រោយ» សត្យាក្រោយឃើញពីរនាក់ឪពុកកូនដូចជាមិនស្រួល ទើបនាយប្រញាប់បង្វែរស្ថានការណ៍ហើយចាត់ចែងព័ទ្ធខ្សែហាមឃាត់នៅទីកើតហេតុក្នុងចម្ការផ្កាម្លិះ។
ស្ថានីយ៍ប៉ូលិស
បន្ទប់បិទជិតមួយដែលមានត្រឹមបង្អួចនិងទ្វារដែកពណ៌ប្រាក់នៅចំកណ្ដាលនៃបន្ទប់ក៏មានតុអ៊ីណុកវែងនិងកៅអីបួនសម្រាប់អង្គុយ ក្រៅពីនេះគឺវាលល្វឹងព្រោះជាបន្ទប់សាកសួរចម្លើយរបស់ស្ថានីយ៍ប៉ូលិស។
«លោកសីហា ឧត្ដម! តើលោកអាចប្រាប់ពីសាកសពមាល័យនៅក្នុងចម្ការផ្កាម្លិះលោកបានទេ?» ប៉ូលិសម្នាក់ក្នុងចំណោមនោះបានសាកសួរទៅបុរសចំណាស់ ឯពេជ្ជរ័ត្ននិងសត្យាក៏នៅក្នុងនោះដើម្បីស្ដាប់គ្រប់យ៉ាងចេញពីមាត់គាត់ដូចគ្នា……។
«ខ្ញុំគឺជាឃាតកៈ! ខ្ញុំបានសម្លាប់ស្រីឈ្មោះមាល័យរួចយកនាងទៅដាក់ក្នុងពាង ហើយកប់ចោលនៅចម្ការផ្កាម្លិះព្រោះខ្ញុំគិតថានឹងគ្មានអ្នកណាអាចរកឃើញ» គាត់និយាយចេញគ្រប់យ៉ាងធ្វើឲ្យពេជ្ជរ័ត្នដែលមានឈ្មោះថាជាប៉ូលិសផង និងកូនស្រីតែមួយផងត្រូវសម្រេចចិត្តបញ្ចេញទឹកភ្នែកមួយតំណក់ធ្លាក់ចុះមកប៉ះលើខ្នងដៃខ្លួន ទាំងដែលនាងជាមនុស្សរឹងមាំមិនងាយសម្រក់ទឹកតែពេលនេះនាងក៏ចាញ់! នាងចាញ់ព្រោះមិនគិតដល់ថាមានរឿងបែបនេះចំពោះគ្រួសារតូចមួយរបស់នាង…..។
«ក្រែងលោកពូមានជំងឺចងចាំមិនល្អ ហេតុអីក៏ស្រាប់តែចាំបានភ្លាមៗបែបហ្នឹង?»
«គឺដោយសារមួយរយៈនេះមានមនុស្សស្រីមកពន្យល់សប្តិខ្ញុំជារឿយៗទើបខ្ញុំសម្រេចចិត្តលេបថ្នាំជំនួយការចងចាំហើយក៏ចាំបានមកវិញ» លោកឧត្ដមនិយាយដោយទឹកមុខស្រពោនឯកែវភ្នែកក៏មិនហ៊ានសម្លឹងកូនស្រីខ្លួនចំពោះគាត់មិនសមធ្វើជាឪពុកម្នាក់ឡើយគាត់មានអារម្មណ៍ថាខុសតែគ្រប់យ៉ាងហាក់ហួសពេលបាត់ទៅហើយ..
«ប៉ានិយាយកុហក!»
«ពេជ្ជរ័ត្ន! នាងស្ងប់អារម្មណ៍សិនទៅ» សត្យានិយាយឃាត់នាង
«ទេ! ប៉ាមិនបានសម្លាប់នាងទេមែនទេ»
«………………….»???
«ប៉ាមិនបានសម្លាប់ស្រីម្នាក់នោះទេ! តែម៉ាក់ទេដែលជាអ្នកសម្លាប់ស្រីឈ្មោះមាល័យនោះ» លោកឧត្ដមនិងប៉ូលិសម្នាក់នោះស្រាប់តែងើបមុខ មកខ្វាច់សម្លឹងមុខពេជ្ជរ័ត្នព្រមគ្នាក្រោយឮនាងនិយាយបែបនេះ។
«អ្នកនាងពេជ្ជរ័ត្នតើអ្នកនាងកំពុងនិយាយស្អី?»
«ខ្ញុំនិយាយសុទ្ធតែជាការពិត! ព្រលឹងរបស់មាល័យបានមកប្រាប់ខ្ញុំស្ទើរតែរាល់ថ្ងៃឲ្យរកយុត្តិធម៌ឲ្យនាងថែមទាំងឲ្យខ្ញុំឃើញសកម្មភាពនាឆ្នាំនោះទៀតផង! ព្រោះឆ្នាំនេះខ្ញុំអាយុ២៥ឆ្នាំត្រូវនិងឆ្នាំដែលនាងបានស្លាប់ទើបយើងអាចទាក់ទងគ្នាបានហើយគ្រប់យ៉ាងដែលប៉ានិយាយសុទ្ធតែកុហក ម៉ាក់ជាអ្នកសម្លាប់មាល័យឯប៉ាគ្រាន់តែយកសាកសពទៅកប់ប៉ុណ្ណោះ»
«រ័ត្នម៉េចក៏កូន……..» លោកឧត្ដមនិយាយញ័រៗស្ដាប់មិនចង់ឮ។
«ម៉េចក៏កូនធ្វើបែបនេះអ្ហេស? ចុះប៉ាម៉េចក៏ធ្វើបែបនេះ? ប៉ាដឹងទេទោសសម្លាប់មនុស្សយកសាកសពទៅលាក់ត្រូវជាប់ទោសប៉ុន្មានឆ្នាំ? ហេតុអីប៉ាចង់ទទួលទោសជំនួសម៉ាក់ ប៉ាដឹងទេបើប៉ាជាប់គុកប៉ាចង់ឃើញកូនរស់នៅម្នាក់ឯងជាមួយសាកសពដ៏ទៅពីរនៅក្នុងផ្ទះមែនទេ? ហ៊ឹស…….» ពេជ្ជរ័ត្នពោលឡើងទាំងទឹកភ្នែកព្រោះនាងមិនអាចទ្រាំបានទៀតឡើយ។ ហេតុអីប៉ា របស់គេសុខចិត្តទទួលយករឿងដែលខ្លួនមិនបានប្រព្រឹត្តទៅវិញ?
«ប៉ាចង់ឲ្យម៉ាក់កូនស្លាប់ទៅដោយឈ្មោះល្អបរិសុទ្ធមិនចង់ឲ្យនាងមានឈ្មោះថាជាឃាតកៈនោះទេ»
«ចុះបើប៉ាទទួលជំនួសតើខុសគ្នាត្រង់ណា?»
«ប៉ាសូមទោស……!» លោកឧត្ដមបន្លឺពាក្យសុំទោសឡើងទាំងខ្សោះអស់ពីខ្លួនទឹកមុខស្រងូតស្រងាត់របស់គាត់ធ្វើឲ្យគ្រប់គ្នាឃើញហើយមានអារម្មណ៍ថាទ្រូងឆ្វេងឈឺពើតៗ ឯពេជ្ជរត្ន័បានត្រឹមអង្គុយស្ងៀមស្ងាត់មិនតបវាចា។
អ្នកណាថាគាត់មិនឈឺ? គាត់ឈឺណាស់! ឈឺជាងពេជ្ជរ័ត្នរាប់រយដងដែលគាត់មិនអាចការពារកិត្តិយសភរិយាជាទីស្រឡាញ់ហើយថែមទាំងមិនអាចនៅការពារជាខ្នងបង្អែកដ៏រឹងមាំសម្រាប់កូនស្រីម្នាក់នេះតទៅទៀតបាន! តើគាត់ត្រូវដើរផ្លូវណា………។?
កន្លងទៅអស់ច្រើននាទីបន្ទប់នៅតែមានសភាពស្ងាត់ឈឹងដូចដើមឮសូរតែសំឡេងដកដង្ហើមចេញចូលៗរបស់មនុស្ស៤នាក់ ទើបសត្យាសម្រេចចិត្តសួរលោកឧត្ដមម្ដងទៀត…។
« លោកពូ! ពេលនេះគ្រប់យ៉ាងបានលាតត្រដាងអស់ទៅហើយ ពូគួរតែសារភាពហើយនិយាយហេតុការណ៍នាឆ្នាំនោះប្រាប់ពួកយើង លោកពូក៏មិនចង់ឃើញពេជ្ជរ័ត្នត្រូវរស់នៅតែម្នាក់ឯងដែលត្រូវទេ?» សត្យាលើកសំណើរបញ្ចុះបញ្ចូលនេះឡើង តែវាក៏បានផលពិតមែន លោកឧត្ដមចោលកែវភ្នែករងដោយទុក្ខមើលទៅមុខនាយរួចងាកសម្លឹងទៅមើលកូនស្រីដែលសម្លឹងមកខ្លួនដូចគ្នា។ គាត់ធ្មេចភ្នែកដកដង្ហើមចោលមួយវើស រួចនិយាយឡើង……..។
«ត្រូវហើយខ្ញុំមិនបានសម្លាប់មាល័យទេ រឿងរ៉ាវនាឆ្នាំនោះគឺ………….»
សំឡេងប្រតាយប្រតប់គ្នារបស់មនុស្សពីរនាក់ចេញពីផ្លូវស្ងាត់មួយកន្លែង។
ឌឹប..!ឌឹប..! ក្ឌុក..! សំឡេងដុំថ្មធំធ្ងន់វាយទៅលើសភាវៈរឹងមួយប្រភេទហើយបានធ្លាក់មកលើដីដោយ មានជ្រាបឈាមក្រហមឆ្អៅមកជាមួយ…
«អឹក…អឹ….ជួយ….ផង.. ជួ….» សំឡេងដង្ហោយហៅស្រែកឲ្យគេជួយតែគ្មាន ប្រសិទ្ធភាព! កាតាបធំធ្ងន់បានសង្កត់ពីលើមុខធ្វើឲ្យពិបាកដកដង្ហើមដៃជើង ធរធាក់ស្រវេស្រវាទាំងគ្មានកម្លាំងតតាំងព្រោះឈាមបានហូរចេញពីក្បាលអស់ទាំងថ្លុក។
មិនដល់មួយដង្ហើមផងរាងកាយកន្ត្រាក់ប្រកាច់រួចក៏ស្ងៀមឈឹងតាមបំណងរបស់ឃាតកៈ។ កែវភ្នែកក្រហមថ្លែរបស់នារីចិត្តខ្លាំងរេរកក៏ឃើញមានពាងគេបោះចោលមួយរួចក៏ចាប់យករាងកាយទន់ល្មើយញាត់ចូលទៅក្នុងនោះដោយមិនបង្អង់យូរព្រោះសេចក្ដីស្នេហានិងគំនុំបាំងមុខ។ គ្រប់យ៉ាងបានបញ្ចប់ទៅដោយរលូនដោយស្នាដៃនាងម្នាក់ឯងទើបទូរសព្ទហៅបុរសជាគូស្នេហ៍មកឲ្យជីកដីកប់ដើម្បីបញ្ចប់គ្រប់យ៉ាង….។
«បំបាត់សាកសពវាចោលទៅ»
«ប៉ុន្តែបើអូនធ្វើបែបនេះវា……. » នាយដែលជាមិត្តប្រុសនិយាយមិនទាន់បានចប់ស្រួលបួលផងនារីជាសង្សារក៏លូកដៃទៅក្ដោបថ្ពាល់នាយទាំងសងខាងហើយពោលពាក្យលួងប៉ុន្មានម៉ាត់។
«ទោះយ៉ាងណាបងត្រូវតែជួយអូន ជួយអនាគតប្រពន្ធខ្លួនឯងវាមិនខុសនោះទេ» បានសម្រេច! មាយាស្ត្រីបានអូសទាញបុរសជាសង្សារឲ្យចូលដៃជាមួយខ្លួន បានសម្រេច ហើយបំបាត់សាកសពដោយកប់ទុកបានដោយជោគជ័យ។
……………………………
«បន្ទាប់ពីយប់នោះមកពួកយើងឈប់រំឭកពីរឿងនោះហើយក៏ដាំផ្កាម្លិះដើម្បីបំបាត់ភស្តុតាង តែមួយខែក្រោយមកខ្ញុំបានជួបគ្រោះថ្នាក់ធ្លាក់ពីលើទូកប៉ះទង្គិចក្បាលហើយមិនចងចាំអ្វីឡើយទើបតែមួយរយៈនេះប៉ុណ្ណោះដែលការចងចាំខ្ញុំត្រឡប់មកវិញ»
«លោកពូមិនបានសម្លាប់នាង តើលោកពូត្រូវជាអ្វីនឹងមាល័យ? »
«ខ្ញុំធ្លាប់ជាសង្សារកាលមុននាងស្លាប់»
ចប់