រឿង៖ បណ្ដាំ

          បន្ទាប់ពីសម្លាញ់របស់ខ្ញុំបានស្លាប់បាត់ទៅមិនទាន់រំលងបានប៉ុន្មានថ្ងៃផង ខ្ញុំចាប់ផ្ដើមធុញថប់ជាមួយអ្នកផ្ទះរបស់ខ្ញុំ។ ហើយចេះតែចង់ទៅមើលអ្នកផ្ទះគ្រួសាររបស់ខ្មោចមិត្តខ្ញុំដែលបានស្លាប់។ ខ្ញុំឆ្ងល់ណាស់ថាហេតុអីបានជាខ្ញុំមានអារម្មណ៍បែបនេះ?

          ខ្ញុំខឹងនឹងណារីដែលជាប្រពន្ធរបស់ខ្ញុំខ្លាំងណាស់ពេលដែលនាងរំឭករឿងដដែលៗមកនិយាយជាមួយខ្ញុំ។

          «ខ្ញុំថាហើយថាទៀតនៅតែមិនស្ដាប់? នេះមានគិតថាខ្ញុំជាប្រពន្ធខ្លះដែរទេ?»

          មកដល់ផ្ទះមិនទាន់បានលុបលាងមុខឱ្យបាត់ហត់ផង ណារីក៏សួរសំណួរនេះមកកាន់ខ្ញុំ ធ្វើឱ្យអារម្មណ៍មួរម៉ៅទាំងឡាយបានត្រលប់មកវិញសាជាថ្មី។ តាមធម្មតាប្រពន្ធរបស់ខ្ញុំ ពីមុនមកមិនមែនជាមនុស្សពូកែរករឿងច្រើនដល់ថ្នាក់នេះទេ។ ចំណែកកូនស្រីតែមួយរបស់ខ្ញុំឈ្មោះដាឡែនវិញ ចូលចិត្តចេះដឹងរឿងរបស់ឪពុកម្តាយរបស់គេខ្លាំងណាស់ដែរ តែដូចជាមិនដែលឃើញនាងធ្វើចិត្តអាក្រក់ដាក់ខ្ញុំដូចឥឡូវនេះសោះ។ ថ្មីៗនេះគ្រួសាររបស់យើងដូចជារស់នៅពិបាកនឹងចុះសម្រុងគ្នាដល់ហើយ។

          «ពុកទើបតែមកពីណា?»

          មិនទាន់បានឆ្លើយតបទៅកាន់ប្រពន្ធផង ស្រាប់តែកូនស្រីធ្វើចរិតពូកែឆ្ងល់ដាក់ខ្ញុំទៀត​។ ឱព្រះអើយ! តើខ្ញុំសាងកម្មអ្វីខ្លះទៅបានជាមានប្រពន្ធកូនដែលរស់នៅមើលមុខគ្នារាល់ថ្ងៃ ហូបបាយ គេងផ្ទះជាមួយគ្នា តែដូចជាមិនដែលយល់ពីគ្នាសូម្បីបន្តិច? ក្នុងចិត្តខ្ញុំពេលនេះកំពុងតែពុះកញ្ជ្រោលជាខ្លាំង។ ខឹងផង តូចចិត្តផង…កើតមកជាកូនប្រុសដល់អាយុជាងសាមសិបឆ្នាំនេះមិនដែលមានពេលណាដែលខ្ញុំចង់យំដូចពេលនេះទេ។ ក្នុងចិត្តចង់តែស្លាប់ឱ្យបាត់ កុំឱ្យពិបាកទ្រាំដូចពេលនេះ។​

          «ម៉េចបានម៉ែនិងកូនប៉ិនសួររឿងដដែលៗយ៉ាងនេះ? ខ្ញុំទៅមើលស្រែមើលស្រូវរបស់យើង។ ហើយវាយ៉ាងម៉េចបានចេះតែឆ្ងល់ ហើយសួរដដែលៗអ៊ីចឹង?»

          «បើពុកមិនមានអ្វីលាក់បាំង ពុកក៏ប្រាប់ម៉ែនិងកូនតាមសម្រួលក៏បាន។»

          ពុទ្ធោអើយកូនស្រីរបស់ខ្ញុំទើបតែពេញរូបពេញរាងអាយុ១៥ឆ្នាំប៉ុណ្ណឹងសោះ ក៏ចេះឈឺឆ្អាលរឿងរបស់ចាស់ទុំបាត់ទៅហើយ។

          «កូនឯងចង់ឱ្យពុកនិយាយស្រួលយ៉ាងណាទៀតហ្នា៎កូន! នេះអស់ល្អត្រឹមឪពុករបស់កូននេះហើយ។ ម៉ែវាម៉េចមិនចេះប្រដៅកូនសោះអ៊ីចឹង?»

          «ប្រដៅស្អី? បើឪពុកវាធ្វើគំរូមិនល្អដល់គ្រួសារបែបនេះ? ផ្ទះរបស់ខ្លួនឯងមានហើយ តែបែរជាទៅអង្គុយផ្ទះអ្នកផ្សេង។»

          «នែ! និយាយឱ្យស្រួលបួល តើអ្នកណាគេដែលអង្គុយនៅផ្ទះមិនសុខឱ្យប្រាកដ?»

និយាយដល់ត្រង់នេះខ្ញុំនឹកឃើញថ្ងៃមុនពេលខ្ញុំទៅមើលស្រែក្បែរផ្ទះខ្មោចអាជឿត ណារីបានដើរតាមខ្ញុំ។ ខ្ញុំចាប់ផ្ដើមផ្ទុះកំហឹងម្ដងទៀត ហើយក៏ជ្រុលទះនាងមួយដៃយ៉ាងពេញទំហឹងទៅបុកនឹងសសរផ្ទះដែលសង់ពីស៊ីម៉ង់ត៍មួយដើម ឮស្នូរដូចផ្ទះកំពុងតែកក្រើកដោយសារខ្យល់ព្យុះអ៊ីចឹង។ សំឡេងទ្រហ៊ោយំរួមជាមួយនឹងពាក្យពេចន៍ប៉ុន្មានម៉ាត់ទៀត៖

«នេះបងលយហ៊ានលើកដៃវាយប្រពន្ធផង?»

«ម៉ែៗ…ម៉ែយ៉ាងម៉េចហើយ? ឈឺដែរទេម៉ែ? ពុកចាំមើលចុះបើខ្ញុំកើតអីយ៉ាងម៉េចទៅ…ខ្ញុំនឹងតាមចងកម្មចងពៀរជាមួយវាមិនឈប់ទេ។»

«ឯងត្រឹមតែជាកូនទេណា៎ ដាឡែន! កុំមកលូកមាត់មិនដឹងរឿង ប្រយ័ត្ន…»

 ពេលនេះគ្មានអ្នកណានៅស្ដាប់សម្ដីរបស់ខ្ញុំសោះ។ សូម្បីតែកូនស្រីបង្កើតរបស់ខ្ញុំ នាងឈប់តបតនឹងខ្ញុំហើយគិតតែពីស្រែកហៅបងប្អូនដែលនៅជិតផ្ទះឱ្យជួយយកម្ដាយរបស់គេទៅពេទ្យ។ ដោយសារអ្នកជិតផ្ទះពីរបីនាក់ជាបងប្អូនបង្កើតរបស់ណារី ទើបពួកគេរួសរាន់មកជួយយកទៅពេទ្យ។ ទោះបីជាពួកគេទើបតែមកដល់ក៏ដោយ តែខ្ញុំដឹងថាពួកគេបានស្ដាប់ឮនិងលួចមើលសកម្មភាពរបស់ពួកយើងអស់ទៅហើយ។ មិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះថាម្នាក់ៗ មិនថាតែសាច់ញាតិឬអ្នកផ្សេងៗ សុទ្ធតែចង់ចេះចង់ដឹងរឿងរបស់អ្នកដទៃខ្លាំងណាស់​។ ជាពិសេសចំពោះរឿងនៅផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមិនដឹងថាគ្រួសារររបស់យើងបានធ្វើអ្វីខុសខ្លះនោះទេ ហេតុអ្វីបានជាមានអ្នកស្អប់ខ្ពើមពួកយើងខ្លាំងយ៉ាងនេះ។ បើថាស្អប់តែខ្ញុំម្នាក់មិនអីទេ តែនេះដូចពាក្យចាស់លោកពោលថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់។ ទាំងប្រពន្ធនិងកូនរបស់ខ្ញុំក៏ត្រូវគេរើសអើងដែរ។ ថ្ងៃមួយនោះ ខ្ញុំបានដើរទៅមើលស្រែនៅក្បែរផ្ទះ ស្រាប់តែឮសំឡេងខ្សឹបខ្សៀវ៖​ អូ…នោះវាទៅទៀតហើយ។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សម្នាក់លួចដើរតាមពីក្រោយខ្ញុំ។ ទំនងប្រហែលជាណារីហើយមើលទៅ។ គិតដល់ត្រឹមនេះ ខ្ញុំចង់តែសួរនាំនាងឱ្យដឹងរឿងតែម្ដង តែភ្លេចគិតថានាងទៅមន្ទីពេទ្យបាត់ទៅហើយ។ នឹកឃើញហើយ ខ្ញុំមិនអាចនៅស្ងៀមបានទេ ក្រែងលោនាងកើតអ្វីធ្ងន់ធ្ងរទៅបានអ្នកណានៅជាមួយខ្ញុំនិងកូន? មិនបានទេ ខ្ញុំត្រូវទៅតាមមើលសិន។
          នៅឯមណ្ឌលសុខភាពដែលនៅមិនឆ្ងាយពីផ្ទះរបស់យើងប៉ុន្មាន ឃើញមានបងថ្លៃនិងកូនរបស់ខ្ញុំកំពុងឈរអើតនៅបរិវេណខាងក្រៅបន្ទប់ពេទ្យ។

«ដាឡែន! ម្ដាយឯងនៅឯណា? គាត់យ៉ាងម៉េចហើយ?»

«ពេទ្យកំពុងរុំរបួសឱ្យនៅខាងក្នុងបន្ទប់ឯណោះ។»

បងប្រុសរបស់ណារីជាអ្នកតបនឹងសំណួររបស់ខ្ញុំ ឯដាឡែនវិញ មិនបានមើលសូម្បីតែមុខរបស់ខ្ញុំ។

«ពេទ្យឱ្យចាំមួយភ្លែតទៀតនឹងដេររួចហើយ ព្រោះរបួសក៏មិនសូវជ្រៅប៉ុន្មានដែរ។ ទៅផ្ទះវិញ ត្រូវតែដោះស្រាយរឿងនេះឱ្យច្បាស់កុំឱ្យមានការវាយដំគ្នានៅថ្ងៃក្រោយទៀត។»

«នោះ! ម៉ែចេញមកវិញហើយ! ម៉ែយ៉ាងម៉េចហើយ ឈឺខ្លាំងអត់?»

«មិនអីទេកូន! របួសមិនសូវជ្រៅប៉ុន្មាន តែក៏ដេរអស់ដប់ថ្នេរដែរ។»

«ពុទ្ធោ! ដប់ថ្នេរ? នៅសុខៗក៏នឹកឃើញវាយគ្នាដល់អស់លុយអស់កាក់បែបនេះ។ យ៉ាងណាត្រូវតែដោះស្រាយថ្ងៃនេះឱ្យហើយ កុំទុកដំបៅឱ្យក្លាយជាមហារីកនាំតែអន្តរាយអត់ប្រយោជន៍។ តស់ទៅនិយាយគ្នានៅផ្ទះ។»

ខ្ញុំបានត្រឹមឈរស្ដាប់បងថ្លៃដោយមិនបានតបអីមួយម៉ាត់។ កូននិងប្រពន្ធបានឡើងម៉ូតូទៅហើយ នៅឡើយតែខ្ញុំមានអារម្មណ៍ថាស្រងេះស្រងោចខ្លោចចិត្តមិនគួរណាក្លាយជាមនុស្សអាក្រក់អីបែបនេះទេ។

ពេលមកដល់ផ្ទះ ឪពុកក្មេករបស់ខ្ញុំក៏មកជុំគ្នានៅទីនេះដែរ។ គោលបំណងរបស់ពួកគាត់គឺគ្មានអ្វីក្រៅពីចឹងដឹងរឿងដែលបានកើតឡើងនោះឯង។ គាត់មានអាយុរាងចំណាស់បន្តិច តែរាងកាយនៅតែមាំមួនរហ័សរហួនដូចអ្នកអាយុក្រោម៥០ឆ្នាំ។ ពុកក៏ជាគ្រូពេទ្យផ្សំថ្នាំខ្មែរមួយរូប ចេះស្ដោះផ្លុំនិងទាយមើលពីជោគជតារាសីបានខ្លះៗដែរ។ និយាយរួម គាត់ស្ថិតក្នុងប្រភេទមនុស្សដែលស៊ប់លើរឿងអបិយជំនឿខ្លាំង។ ដូច្នេះហើយបានជាខ្ញុំមិនសូវសប្បាយចិត្តនឹងវត្តមានរបស់គាត់ប៉ុន្មានសោះ។

«មើល…ពួកឯងវាយ៉ាងម៉េចបានជាមកវាយគ្នាអីបែបនេះហា៎?»

«គ្មានស្អីទេពុក!»

«គ្មានយ៉ាងម៉េច បើដល់ថ្នាក់វាយគ្នាអ៊ីចឹង? នែ កុំមកកុហកពុកណា៎។ ពួកឯងកើតក្រោយពុកទេ កុំស្មានថាពុកមិនដឹងរឿង។»

«រឿងអីទៅពុក? នេះជារឿងគ្រួសាររបស់ពួកខ្ញុំ គ្មានអ្វីពាក់ព័ន្ធនឹងរឿងដែលពុកគិតនោះទេ។» ខ្ញុំចាប់ផ្ដើមខឹងទៀតហើយ ឱ្យតែមកនិយាយរឿងបែបនេះ។ ប្រពន្ធខ្ញុំគេមិនបកស្រាយអ្វីច្រើនឱ្យគាត់ស្ដាប់ទេ ព្រោះនាងក៏ដឹងថាគាត់ចង់និយាយពីអ្វី។»

«អាលយ! ពុកមិនសូវចង់ចេះរឿងរបស់កូនប៉ុន្មានទេបើវាជាទម្លាប់កែមិនបាន។ តែរឿងនេះ​ ជារឿងដែលមិនធ្លាប់កើតឡើងក្នុងគ្រួសារមួយនេះទាល់តែសោះ។ ម៉េចបានកូនមិនបើកចិត្ត​ឱ្យទូលាយ ហើយដោះស្រាយទៅតាមចំណងរបស់វា?»

«ចំណងអ្វីទៅពុក…? តើអ្នកណាជាអ្នកចង? ពុកមិនសួរម៉ែដាឡែនទៅ ព្រោះនាងជាអ្នករករឿងខ្ញុំមុន។»

«រករឿងស្អី? ខ្ញុំគ្រាន់តែសួរនាំធម្មតាថាទៅណាមកណា។ នៅក្រោមដំបូលផ្ទះជាមួយគ្នា គ្រាន់តែចង់ដឹងប៉ុណ្ណឹងវាខុសធ្ងន់ប៉ុនណា?»

«វាខុស! ខុសត្រង់អូនឯងប៉ិនស្ដាប់សម្ដីអ្នកដទៃពេក។»

«សម្ដីអ្នកដទៃទៅយ៉ាងម៉េច? ពេលខ្លះពួកគេនិយាយអ្វីដែលបានឃើញនឹងភ្នែកតែប៉ុណ្ណោះ។»

«អរ…នេះកាន់ជើងអ្នកក្រៅមែន?»

«ខ្ញុំមិនបានកាន់ជើងពួកគេទេ ព្រោះខ្ញុំក៏បានឃើញផ្ទាល់ភ្នែកទាំងគូ។»

«អ៊ីចឹងបានន័យថាថ្ងៃមុនអូនជាអ្នកលួចតាមមើលបងពិតមែន។»

«មែនហើយ ខ្ញុំទៅតាមមើលឱ្យច្បាស់នឹងភ្នែករបស់ខ្ញុំ ព្រោះតែខ្ញុំមិនចង់ជឿសម្ដីរបស់អ្នកដទៃហ្នឹងឯង។»

«អើ! បើអ៊ីចឹងប្រាប់មកមើលថាអ្នកដទៃនោះមកប្រាប់អ្វីដល់កូនខ្លះណារី?»

«គេប្រាប់ថាពុកវាចង់ទៅយកនាងជីតធ្វើជាប្រពន្ធ។ ប្ដីរបស់គេស្លាប់មិនទាន់បានប៉ុន្មានផង បងលយក៏ទៅជួយទំនុកបម្រុងអ្នកដែលនៅ។ រឿងអីដែលមិនមានអ្នកនិយាយដើម? បើតែបែបនេះ នៅតែចោទថាខ្ញុំជាអ្នករករឿងមុនទៀតមែន?»

«ទំនុកបម្រុងយ៉ាងម៉េចហា៎? ខ្ញុំគ្រាន់តែទៅជួយតាមភាពជាបងប្អូនតែប៉ុណ្ណោះ។ មុនពេលអាជឿតស្លាប់ វាបានផ្ដាំឱ្យខ្ញុំជួយមើលប្រពន្ធកូនរបស់វាផង។ ខ្ញុំក៏សន្យានឹងវា ថានឹងមើលឱ្យ។ អ្នកណាទៅដឹងថាវាអាយុខ្លី ឆាប់ស្លាប់បែបនេះ។ ណាមួយវាចូលចិត្តនិយាយលេងបែបហ្នឹងផង ទើបខ្ញុំមិនបានចាប់អារម្មណ៍។»

«ចុះកូនឯងមានបានធ្វើអ្វីទៀតជាមួយអាជឿតនៅពេលនិយាយគ្នា?»

«គឺផឹកស្រាស។ តែខ្ញុំផឹកតែបន្តិចទេ ណាមួយពុកក៏ដឹងថាខ្ញុំមិនចេះផឹកស្រាដូចវាឯណា។»

«ចុះហែងមានអារម្មណ៍ប្លែកខ្លះឬអត់បន្ទាប់ពីពេលនោះ?»

«អូយពុក! វាមិនពាក់ព័ន្ធទៅនឹងអ្វីដែលពុកគិតនោះទេ។»

«បើមិនជឿកុំប្រមាទឱ្យសោះណា៎កូន! ជីដូនជីតាអាជឿតពីមុនល្បីខាងដាក់របស់មើលមិនឃើញអីបែបហ្នឹងឯង។ គ្មានអ្នកណាហ៊ានធ្វើអ្វីឱ្យប៉ះពាល់ដល់ពួកគេឡើយ។ មិនជឿក៏ត្រូវតែសាកល្បងគិតពីវាខ្លះ។ ពុកមិនមែនចេះតែនិយាយនោះទេ។ កូនឯងថាសន្យាមើលថែប្រពន្ធកូនរបស់អាជឿត ពេលដែលវាមិននៅ ពេលនេះវាមិននៅពិតមែន ហើយកូនក៏បានទៅមើលថែពួកគេពិតមែន។ គ្មានអ្នកណាដឹងទេថាកូនធ្វើវាព្រោះតែបណ្ដាំរបស់អាជឿត។ ស្រួលមិនស្រួលប្រពន្ធកូនរបស់គេក៏មិនដឹងពីរឿងនេះផង។»

«ប្រាកដជាមកពីខ្មោចអ៊ំជឿតលួចដាក់អ្វីទៅក្នុងស្រាមិនខាន។ ខ្ញុំនៅក្មេងមែនតែខ្ញុំក៏ជឿលើរឿងនេះ ព្រោះចាស់ពីដើមសក្តិសិទ្ធិខ្លាំងណាស់ ឱ្យតែបានភ្ជាប់ពាក្យភ្ជាប់សម្ដីទៅលើអ្វីហើយត្រូវតែធ្វើឱ្យបានជាដាច់ខាត ពុំនោះទេភាគីទាំងសងខាងនឹងរស់នៅមិនបានក្ដីសុខឡើយ​។​»

«អើ! ដាឡែនក៏ចេះយល់ពីជំនឿនេះដែរ។ នេះកូនរបស់ឯងក៏ជឿថាអ៊ីចឹង ចុះឯងវិញអាលយ ចង់នៅបន្តឱ្យរស់នៅបែកបាក់គ្នាបែបនេះទៀតឬយ៉ាងណា។»

«ពុក! មិនមែនខ្ញុំមិនជឿ ឬក៏មិនចង់ដោះស្រាយនោះទេ តែបើវាជាការពិតមែន តើឱ្យខ្ញុំទៅកែប្រែអ្វីបាន? បើសម្ដីហួសបាត់ទៅហើយ អាជឿតក៏ស្លាប់បាត់ហើយដែរ ឱ្យខ្ញុំទៅដោះស្រាយជាមួយអ្នកណា?»

«គឺទៅបកស្រាយប្រាប់នាងជីតឱ្យបានដឹងពីការសន្យារបស់ឯងជាមួយខ្មោចអាជឿត។ កុំឱ្យនាងយល់ច្រឡំថាឯងស្រឡាញ់នាង។ ហើយប្រាប់នាងឱ្យនិយាយអ្វីដែលជាការពិតផង កុំដើរប្រាប់អ្នកផងផ្ដេសផ្ដាសទៀត។»

«ដើរប្រាប់អ្វីផ្ដេសផ្ដាសទៅពុក?»

«ឯងមិនដឹងឬមួយក៏ត្រចៀករបស់ឯងមានបញ្ហា? មិនដឹងថានាងជីតដើរនិយាយថាឯងចង់បាននាង។ ហើយមានឃើញអត់ថាអ្នកជិតខាងនេះ គេស្អប់បំផុតអារឿងផិតក្បត់អីអស់នេះ។ បើថានៅលីវទៅមិនអីទេ ប៉ុន្តែនេះមានប្រពន្ធប្ដីកូនរៀងៗខ្លួនទៅហើយ គ្មានអ្នកណាគេចូលចិត្តទេ។»

«តែខ្ញុំមិនបានក្បត់ប្រពន្ធរបស់ខ្ញុំឯណាពុក!»

«បើឯងមិនប្រាប់ផង អ្នកណាទៅដឹងបានទៅថាឯងរាប់អានគេជាបងប្អូននោះ?»

«អ៊ីចឹងទេតើបានជាថ្ងៃមុនពេលខ្ញុំទៅលេងផ្ទះរបស់ជីត មានគេខ្សឹបខ្សៀវពីនេះពីនោះ។ ហើយជីតនិងកូនក៏មិនដឹងទៅណាដូចគ្នា។ ស្បែកជើងក៏នៅទាំងអស់នៅមុខជណ្ដើរ តែហៅមិនឆ្លើយទាល់តែសោះ។ ការពិតគេមិនចង់ជួបមុខខ្ញុំតើ។»

«បានហើយពុកវា ឈប់គិតច្រើនទៅ។ ចាំស្អែកយើងទៅនិយាយប្រាប់ជីតឱ្យបានដឹងរឿង។ ហើយក៏ចាំដាំបាយម្ហូបទៅវត្ត ធ្វើបុណ្យឧទ្ទិសកុសលឱ្យទៅលោកបងជឿតដើម្បីសុំដកពាក្យសន្យានោះវិញ។​ ខ្ញុំជឿថាបើយើងនៅតែគិតល្អ ធ្វើល្អ យើងនឹងនៅតែជាមនុស្សដែលល្អ។»

«អរគុណច្រើនហើយម៉ែវាដែលអូននៅតែមិនប្រកាន់ច្រើនចំពោះបង។ បងដឹងថានេះជាកំហុសធ្ងន់ណាស់ដែលបងបានសាង។ បងគួរតែស្ដាប់សម្ដីរបស់ប្រពន្ធនិងកូនខ្លះ។ មិនគួរណាបងជាអ្នកនាំឱ្យអ្នករាល់គ្នាត្រូវពិបាកសោះ។»

«ពុក! ខ្ញុំក៏សុំទោសពុកដែរ ដែលកូននិយាយពាក្យអាក្រក់ទៅតាមកំហឹងដោយមិនបានដឹងថាមូលហេតុដែលពុកបានធ្វើ គ្រាន់តែដើម្បីបង្គ្រប់ពាក្យសច្ច។»

«ហ៊ើយ…មិនមែនជាកំហុសរបស់អ្នកណាម្នាក់ឡើយ កូនកុំខូចចិត្តអី។ ចំណែកពុកៗក៏ឈឺចាប់ដែលមិត្តសម្លាប់មកធ្វើបែបនេះទៅកើត។ តែវាក៏ស្លាប់បាត់ទៅហើយ តវ៉ាក៏គ្មានបានផលចំណេញអ្វីដែរ។»

ទីបញ្ចប់គឺខ្ញុំជាអ្នកចងចំណងមួយនេះ។ អ្នកណាចងអ្នកនោះត្រូវទទួលដោះស្រាយវាដោយខ្លួនឯងដែរ។ តទៅខ្ញុំនឹងមិនសន្យាអ្វីដែលខ្ញុំមិនអាចមើលឃើញមុនជាដាច់ខាត។