កុំខ្លាចក្នុងការប្រើវា ព្រោះអ្នកនឹងបានអ្វីគ្រប់យ៉ាងដោយអាគមកាក់នេះ…
មករាទាំងថុញថប់ តប់ប្រមល់នឹងរឿងដែលកំពុងកើតឡើងក្នុងជីវិតមិនដឹងដោះស្រាយយ៉ាងណា ម្តាយក៏ឈឺ ប្រពន្ធក៏ចង់លែងលះជាមួយគេ កន្លែងធ្វើការក៏ត្រូវគេផ្អាកការងារបណ្តោះអាសន្ន តើមានអីស៊យនិងយ៉ាប់យឺនជាងនេះទៀតទៅ!
ឬមួយជាតិមុនគេសាងកម្មពៀរច្រើនពេកទើបជាតិនេះជីវិតគេយ៉ាប់យ៉ាងនេះ…
គេចេះតែបន្តបើកម៉ូតូទៅមុខដោយគ្មានគោលដៅជារឿយៗដើម្បីឱ្យស្រឡះខួរក្បាល តែសុខៗម៉ូតូស្រាប់តែរលត់ឈឹបកណ្តាលផ្លូវស្ងាត់ ទើបគេចាប់ផ្តើមភ្ញាក់ស្មារតីសម្លឹងមើលជុំវិញខ្លួន ទើបគេដឹងថាខ្លួនឯងវង្វេងចូលផ្លូវស្ងាត់មួយដែលមិនសូវមានផ្ទះអ្នករស់នៅទេ។
មេឃក៏ប្រែពណ៌ជាលឿងទុំ ធ្វើឱ្យម្តុំនេះរឹតតែស្ងាត់ជ្រងំ ឮតែសំឡេងសត្វក្អែកហើរឆ្វែលក្រវែលចុះឡើង។
រីឯមករាក៏ប្រឹងធាក់ម៉ូតូផងបញ្ឆេះផងនៅតែមិនឆេះ ទាញទូរសព្ទរកខលទៅមិត្តភក្តិឱ្យមកជួយក៏អស់ថ្មទៀត ទើបមករាបណ្តើរម៉ូតូបកក្រោយដើម្បីកុំឱ្យវង្វេងកាន់តែឆ្ងាយ ភ្លាមនោះសំឡេងទ្វាររបងដែកបន្លឺឡើងនៅពីមុខមករា។
ក្រាក!
មករាខំសម្លឹងមើលស្លាកនៅលើរបងឃើញសរសេរថា សំណាក់ភូមិបាល…
ហេតុតែចង់ដឹង មករាក៏ទុកម៉ូតូចោលត្រង់នោះដើរសំដៅទៅកន្លែងប្រស្នានៅខាងមុខដោយចិត្តញាប់ញ័រ។
ប៉ូង…ប៉ូង…
សំឡេងដំដែកបន្លឺឡើងកាន់តែច្បាស់ឡើងៗក្នុងសោតារបស់មករា រហូតដល់គេឈរធ្មឹងមួយកន្លែងពេលឃើញទិដ្ឋភាពចំពោះមុខ។
មានមនុស្សជាច្រើនកំពុងសង់ស្លាកថ្មកម្ពស់កន្លះម៉ែត្រយ៉ាងសស្រាក់សស្រាំ ពួកគេម្នាក់ៗមានទឹកមុខស្លេកស្លាំងគិតតែពីលើកញញួរដំថ្មនោះចុះឡើងប្រៀបដូចជាម៉ាស៊ីនដែលគេបញ្ជា ទោះបីជាគេឈរមើលនៅក្បែរនោះក៏ដោយក៏ពួកគេហាក់ដូចជាមិនឃើញគេអីបន្តិចសោះ។
ចម្លែកមែន!
មករាដើរទៅមើលជិតទើបដឹងថាពួកគេកំពុងដំអ្វី។
ស្លាកព្រលឹង!!
លើស្លាកព្រលឹងមួយៗសុទ្ធតែមានឈ្មោះថ្ងៃខែឆ្នាំមរណភាព ហើយអ្វីកាន់តែចម្លែក នៅជុំវិញខ្លួនគេសុទ្ធតែស្លាកព្រលឹងគ្រប់កន្លែង នៅទីនេះជាកន្លែងណាអ៊ីចេះ?
«បងប្រុសកន្លែងនេះជាកន្លែងណា?» មករាសួរបុរសម្នាក់ដែលនៅជិតខ្លួន តែបុរសនោះនៅតែមិនតបគិតតែធ្វើការរបស់គាត់ឥតឈប់។
អីក៏ឫកម៉េះសួរបន្តិចសោះឆ្លើយប្រាប់មួយភ្លែតក៏មិនបាន!
ប៉ុន្តែរំពេចនោះស្រាប់តែគ្រប់គ្នាបង្អាក់កិច្ចការក្នុងដៃងាកមកសម្លឹងស្អីមិនដឹងនៅពីក្រោយគេព្រមៗគ្នា។
មករាភ្ញាក់ព្រើត និងព្រឺក្បាលខ្ញាកៗពេលឃើញបែបនេះ រីឯមេឃក៏ចង់ងងឹត ហើយនៅទីនេះបរិយាកាសប្លែកៗយ៉ាងម៉េចមិនដឹង គេបម្រុងបែរក្រោយទៅកន្លែងម៉ូតូវិញស្រាប់តែវាក់អើនឹងបុរសម្នាក់ដែលឈរនៅក្រោយខ្នង។
«មករកអ្នកណាមែនទេ?» សម្លេងស្អកៗបន្លឺឡើងមកកាន់គេ បុរសនោះពាក់ខោក្បិនពណ៌ មង្ឃុតនិងអាវសូត្រពណ៌ស មានទឹកមុខស្លេកស្លាំង ភ្នែកក៏ស្លក់ខ្មៅដូចខ្មោចឆៅ។
«ខ្ញុំរលត់ម៉ូតូនៅផ្លូវខាងមុខ ទើបដើរមកដល់ទីនេះ មិនបានចង់រកអ្នកណាទេ»
បុរសនោះមិនមាត់តែគេដើរចូលទៅខាងក្នុងដោយដំណើរមួយៗត្រង់ភ្លឹង ធ្វើឱ្យមករាមានអារម្មណ៍មិនសូវស្រួល។
«ទីនេះនៅយូរមិនបានទេ» គេគិតក្នុងចិត្ត ស្រាប់តែបុរសនោះពោលឡើងមកកាន់គេដូចដឹង គេកំពុងគិតអី។
«ទីនេះគឺជាកន្លែងដែលអាចជួយលោកដោះស្រាយបញ្ហាបាន កុំទាន់ប្រញាប់ទៅវិញអី» បុរសនោះនិយាយដោយមិនងាកក្រោយ។
«លោកជាអ្នកណា?» គេសួរទៅបុរសនោះដោយលាក់ការភ័យខ្លាចស្ទើរមិនជិត។
«ហៅខ្ញុំភូមិបាលទៅ» គេឆ្លើយតបមកវិញដោយមិនងាកក្រោយដដែល ហើយបន្តដើរទៅមុខជារឿយៗ។
មករាឮបែបនេះរាងស្ទាក់ស្ទើរចិត្ត ចង់ដើរតាមបន្តិចអត់បន្តិច ប៉ុន្តែនៅពេលដែលគិតដល់បញ្ហាដែលកំពុងកើតមានចំពោះគេ គេក៏សម្រេចចិត្តប្រថុយដើរតាមបុរសអាថ៌កំបាំងនោះចូលក្នុងព្រៃ តែពេលដើរតាមក្រោយបុរសឈ្មោះភូមិបាលនោះទើបគេដឹងថាស្លាកព្រលឹងទាំងអស់នោះមានចំនួន៩៩ ព្រោះមានលេខសរសេរលើនោះដូចចង់រាប់ចំនួនស្លាកនីមួយៗយ៉ាងម៉េចមិនដឹង ចំណែកគេបន្តដើរតាមរហូតមកដល់កូនផ្ទះថ្មមួយដែលមានភ្លើងអំពូលបើកបំភ្លឺខាងមុខផ្ទះ។
គ្រឹក!
«ចូលមក…» ភូមិបាលចាក់សោទ្វារបើកឱ្យគេចូលទៅខាងក្នុង គ្រាន់តែមករាឈានជើងម្ខាងចូលក្នុងផ្ទះភ្លាម ស្រាប់តែមានខ្យល់មកពីទិសណាមិនដឹងបក់មកយ៉ាងខ្លាំងធ្វើឱ្យគេទប់ខ្លួនមិនចង់ជាប់ សូម្បីតែឆ្កែក៏ចាប់ផ្តើមលូឱ្យគ្រលួចគួរឱ្យព្រឺក្បាលប៉ុនពេក។
វូស…វូស…វូ…
ជុំវិញខ្លួនមករាងងឹតស្លុប អាកាសធាតុក៏ត្រជាក់ដល់ឆ្អឹង គេប្រញាប់ចូលទៅខាងក្នុងផ្ទះ ដែលបុរសប្រស្នាបើកចាំជាស្រេច។
ទិដ្ឋភាពក្នុងផ្ទះមានសុទ្ធតែគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតឆ្លាក់ក្បូរក្បាច់រចនាល្អឯក តែគួរឱ្យឆ្ងល់ម្តេចបុរសនេះមកនៅកណ្តាលព្រៃទៅវិញ?
មករាគិតក្នុងចិត្តដោយងឿងឆ្ងល់ ស្រាប់តែភូមិបាលអញ្ជើញគេឱ្យអង្គុយលើកៅអីតុបាយកណ្តាលផ្ទះ។ ហើយបុរសនោះបានដើរទៅយកប្រអប់ម្យ៉ាងចេញពីធ្នើទូរបស់គាត់យកមកដាក់លើតុចំពោះមុខគេ។
«របស់ក្នុងប្រអប់នេះនឹងជួយឱ្យលោកសម្រេចបំណងប្រាថ្នាបានបី មិនថាលោកចង់បានអ្វីវានឹងផ្តល់ឱ្យលោកបានគ្រប់យ៉ាង តែលោកត្រូវសុំអ្វីដែលលោកចង់បាននៅម៉ោង១២អធ្រាត្រទើបវាមានប្រសិទ្ធភាព ប៉ុន្តែមានលក្ខខណ្ឌ រាល់សុំបំណងប្រាថ្នាម្តងលោកត្រូវលះបង់អ្វីដែលលោកស្រលាញ់បំផុតមួយត្រលប់មកវិញ» បុរសនោះនិយាយដោយទឹកមុខស្មើនិងសម្លឹងមើលគេមិនដាក់ភ្នែក។
«បានអ្វីគ្រប់យ៉ាង…» គេចាប់ផ្តើមវិលវល់នឹងអ្វីដែលចម្លែកនេះ វាពិតជាមានលើលោកយើងនេះមែន វាប្រៀបដូចជាចង្កៀងអារក្សរបស់អាឡាដាំងបែបនោះឬ?
«មែនហើយគ្រប់យ៉ាង» ភូមិបាលបញ្ជាក់សម្តីខ្លួនដោយទឹកមុខលាក់គំនួច ដោយមករាមិនបានសង្កេត មួយសន្ទុះមករាក៏សម្រេចចិត្តនិយាយ។
«បានខ្ញុំយល់ព្រម!» គេមិនស្ទាក់ស្ទើរព្រោះជីវិតគេឥឡូវដុនដាបទៅហើយ មានអ្វីដែលយ៉ាប់ជាងនេះទៀតទៅ ទទួលយកលក្ខខណ្ឌនេះក៏មិនអាក្រក់ យករបស់ដែលគេស្រលាញ់ បំផុតមិនពិបាកទេ លុយកាក់ ឡានផ្ទះ ភាពមានបាន នេះជាអ្វីដែលគេស្រលាញ់ហ្នឹងហើយ ចង់បានក៏យកទៅ។ មករាចាប់ផ្តើមស្រមៃចង់បានភាពមានបានភ្លាមក្នុងខួរក្បាល ជាពិសេសគ្រួសាររបស់គេរស់នៅដោយសុភមង្គលដូចពីមុន ប្រពន្ធក៏ស្រលាញ់ខ្លួន រីឯម្តាយក៏លែងឈឺទៀត។
ភូមិបាលបើកប្រអប់ឈើនោះភ្លាមពេលដែលមករាយល់ព្រម ផ្សែងសហុយទ្រលោមផុសចេញពីប្រអប់អាថ៌កំបាំងនោះបង្ហាញឱ្យឃើញកាក់ខ្មៅមួយប៉ុនបាតដៃ។
«នេះគឺ…»
«វាគឺកាក់អាថ័ន ដែលធ្វើលាយពីឆ្អឹងខ្មោចតៃហោងពីរនាក់ ផ្សំជាមួយសំរឹទ្ធិស្លបញ្ចុះអាគមប្រាំពីរយប់ប្រាំពីរថ្ងៃ កាក់នេះលោកយកទៅហាមធ្វើឱ្យបាត់ឱ្យសោះ មិនអ៊ីចឹងលោកនឹងមានគ្រោះថ្នាក់» បុរសនោះហាក់និយាយកម្លាមិនឱ្យមករាគិតចង់បោះវាចោល មិនតែប៉ុណ្ណោះភូមិបាលបានចាប់ដៃមករាជាប់ ដោយយកម្ចុលចាក់ម្រាមដៃគេឱ្យចេញឈាមបន្តក់លើកាក់ខ្មៅនោះ រំពេចនោះវាស្រាប់តែប្រែជាពណ៌ទឹកប្រាក់ធម្មតាវិញ។
«បាទ…» គេទទួលយកកាក់មកកាន់ដោយចិត្តញាប់ញ័រ គ្រាន់តែដៃប៉ះកាក់នោះភ្លាម គេស្រាប់តែធីងធោងវិលមុខយ៉ាងខ្លាំង តែមុនពេលស្មារតីគេរលត់ គេដូចឃើញភូមិបាលប្រែ មុខទៅជាចាស់ជ្រីវជ្រួញ សក់កន្ទ្រើង ខ្លួនប្រាណស្គមកំព្រឹងទៅវិញថែមទាំងញញឹមយ៉ាងកំណាចមកកាន់គេ ហើយបន្ទាប់ពីនោះគេក៏សន្លប់បាត់ស្មារតីទៅ ខណៈនោះដែរទ្រនិចនាឡិកាក៏ចង្អុលលើលេខ១២ល្មម។
ហើយលក្ខខណ្ឌដែលមករាកំពុងយល់ វាមិនមែនមានន័យដូចអ្វីដែលគេគិតនោះទេ……………………………………………………………….
សំឡេងគោះទ្វារម្តងហើយម្តងទៀត ធ្វើឱ្យមករាបើកភ្នែកសន្សឹមៗមើលជុំវិញខ្លួន។
នេះក្នុងបន្ទប់គេងគេតើ គេមកដល់ផ្ទះតាំងពីថ្មើរណា!!
គេដកដង្ហើមធំ ព្រោះគិតថាប្រហែលជាហត់នឿយពេកយល់សប្តិអ៊ីចឹងទៅ តែនៅពេលគេស្ទាបហោប៉ៅអាវបែរជាប៉ះរបស់មូលរឹងៗមួយ។
ឬក៏….?
គេប្រញាប់ទាញវាមកមើល កាក់អាថ័នពណ៌ទឹកប្រាក់មានរូបក្បាលមនុស្សម្ខាង និងមានអក្សរ រ នៅកាក់ម្ខាងទៀតបង្ហាញចំពោះមុខគេ។
គេមិនមែនយល់សប្តិទេ វាជាការពិត!!
«កូនអ្ហា! ក្រោកមកញ៉ាំបាយញ៉ាំទឹកទេហី ថ្ងៃត្រង់ហើយ?»
សំឡេងអ្នកខាងក្រៅបន្ទប់ស្រែកហៅគេញយដង ធ្វើឱ្យមករាភ្ញាក់ផ្អើលយ៉ាងខ្លាំង ម្តាយគេសម្រាកព្យាបាលនៅមន្ទីរពេទ្យតើ គាត់ត្រឡប់មកផ្ទះតាំងពីពេលណា?
គេស្ទុះចុះពីគ្រែទៅបើកទ្វារយ៉ាងលឿន វត្តមានម្តាយគេឈរចំពោះមុខ និងញញឹមកក់ក្តៅមកកាន់គេដូចរាល់ដងគ្មានខុស រាងកាយគាត់មើលទៅក៏រឹងមាំដូចកាលគាត់មិនទាន់ឈឺកាលពី៣ឆ្នាំមុនអ៊ីចឹង។
«ម៉ែ??»
«អឺ! ល្មមចុះទៅញ៉ាំបាយបានហើយ ក្រញ៉ាំប្រយ័ត្នឈឺក្រពះ» គាត់បែរក្រោយបម្រុងរកចុះទៅក្រោមវិញ តែមករាស្ទុះចាប់ដៃគាត់ទាំងមិងមាំង។
«ម៉ែចេញពីពេទ្យតាំងពីកាល ម៉ែមិនធ្វើទុក្ខទេ?» គេសួរញាប់មាត់ស្អេក មិនយល់អ្វីដែលកំពុងកើតឡើងឡើយ។
«ពេទ្យស្អី ម៉ែទៅដេកតាំងពីកាល បើម៉ែមិនឈឺអីផង ហើយឯងកើតអីនិយាយប្លែកៗមិនស្រួលខ្លួនឬអត់?» គាត់សួរគេទាំងបារម្ភ ចំណែកគេងីងើវង្វេងវង្វាន់អស់រលីងបានតែអេះក្បាលខ្វោកៗ។
«ម៉េចទៅជាអ៊ីចឹង…» គេរអ៊ូខ្សឹបៗទាំងងឿងឆ្ងល់។
«ហើយនេះប្រពន្ធឯងទៅលេងម្តាយនៅខេត្តមកថ្ងៃនេះហើយ មិនទៅទទួលនាងនៅបេនឡានទេ?»
អ្ហាស! ប្រពន្ធគេទៅលេងម្តាយក្មេក? ក្រែងនាងចង់លែងគ្នាជាមួយគេទៅយកប្តីថ្មីហី ម៉េចក៏ស្អីៗក្រឡាប់ចាក់អស់រលីងអ៊ីចឹង។
ទ្រឺត…ទ្រឺត…
សំឡេងទូរសព្ទរោទ៍ក្នុងហោប៉ៅ គេប្រញាប់លូកយកមើល ឃើញថាជាលេខប្រពន្ធគេខល មកល្មម។
«អាឡូ…» គេនិយាយទាំងខ្សាវៗនិងស្ទាក់ស្ទើរ។
(បងឯងថ្មើរណាជិះមកយកខ្ញុំ ខ្ញុំចាំជិតកន្លះម៉ោងហើយ នៅរវល់ធ្វើស្អីហ្នឹង?)
គ្រាន់តែលើកផ្អឹបត្រចៀកភ្លាម នាងស្តីឱ្យគេប្រាវៗ រកតែគេតបមិនទាន់។
«ក្រែងយើងលែងគ្នាហើយ អូនម៉េចខលមក…» សម្តីគេអាក់ជាលើកទីពីរ ពេលនាងត្បកមកវិញ។
(លែងគ្នាអី បងឯងស្រវឹងឬយ៉ាងម៉េច ខ្ញុំទៅលេងម៉ែតែពីរបីថ្ងៃ ដល់ថ្នាក់ចង់លែងគ្នាជាមួយខ្ញុំផង បងឯងចង់ស្លាប់អ្ហេស??)
គេមិងមាំងដូចមាន់បែកភ្នែក ស្អីទៀតហើយអ៊ីចេះវី អីក៏ដូរ៣៦០ដឺក្រេយ៉ាងនេះ។
«មិនមែនទេ បងនឹងប្រញាប់ទៅយក»
គេគ្មានពេលគិតច្រើនប្រញាប់ចេញមកក្រៅផ្ទះបើកម៉ូតូទៅយកប្រពន្ធ តែនៅពេលគេឈានជើងមកដល់មុខផ្ទះគេចំហមាត់ធ្លុងតែម្តង។
ឡានថ្លៃចតមុខផ្ទះ ទីធ្លាផ្ទះក៏ធំទូលាយ គេស្ទុះចេញមកក្រៅរបងប្រណីតងើយមើលផ្ទះរបស់គេ គេស្លុតដល់ថ្នាក់លើកដៃខ្ទប់មាត់។
ព្រះជាម្ចាស់!!! គេនៅវីឡាធំស្កឹមស្កៃតាំងពីពេលណា មិញក្នុងបន្ទប់ដេកគេមិនបានសង្កេតឱ្យដិតដល់ តាមពិតដ្បិតតែវាមានការតុបតែងដូចបន្ទប់ចាស់គេមែន តែវាធំទូលាយនិងស្អាតជាងមុនឆ្ងាយណាស់។
មានរឿងអីកើតឡើងចំពោះឯងឱ្យប្រាកដអាមករា!!
គេក្តាប់កាក់ណែនដៃ សម្លឹងមើលវាមិនដឹងភ្នែក ឬមួយអ្វីដែលគេគិតក្នុងចិត្តពេលនោះ វាបានក្លាយជាការពិតហើយពិតមែន?
គេញញឹមញញែមសប្បាយចិត្ត ហក់លោតសប្បាយ មិនចាប់អារម្មណ៍អ្នកណាមើលមកគេយ៉ាងម៉េចឡើយ។
មករាឡើងឡានLand Cruiserសេរីថ្មី បញ្ឆេះម៉ាស៊ីនបើកទៅយកប្រពន្ធ ដោយហួចច្រៀងពេញឡាន ដោយមិនដឹងទេថាមានស្រមោលខ្មៅពីរចូលអង្គុយខាងក្រោយឡានជាមួយគេដែរ។
……………………………………………………………………
ពីមួយថ្ងៃទៅមួយទៅ មករាសប្បាយចិត្តនឹងភាពមានបានរបស់ខ្លួនភ្លេចរឿងលក្ខខណ្ឌដែលបុរសនោះនិយាយឱ្យឈឹង។
«ម៉ែខ្ញុំ និងនីដាត្រូវទៅចូលរួមពិធីមង្គលការមិត្តភក្តិយប់តិចបានត្រលប់មកវិញ ម៉ែនៅផ្ទះម្នាក់ឯងបានទេ?» គេសួរម្តាយទាំងព្រួយបារម្ភ ត្បិតតែពេលនេះសុខភាពគាត់ល្អរឹងមាំក៏ដោយ តែគាត់អាយុច្រើនហើយ គេនៅតែបារម្ភខ្លាចគាត់នៅម្នាក់ឯងមិនបាន។
«ទៅៗម៉ែនៅបាន»
ពេលពួកគេចេញផុត ម្តាយមករាក៏ឡើងមកបន្ទប់អានសៀវភៅធម៌របស់គាត់។
មេឃក៏ចាប់ផ្តើមងងឹតសន្សឹមៗ គាត់ក្រឡេកមើលម៉ោង ឃើញថាម៉ោង៩យប់ទៅហើយ គាត់បិទសៀវភៅដាក់លើតុក្បាលគ្រែ បម្រុងប្រះខ្លួនដេក ស្រាប់តែគាត់ឮសំឡេងក្ឌុងក្ឌាំងនៅជាន់ក្រោម។
មករានិងប្រពន្ធគេមកវិញហើយទេដឹង!
គាត់ចេញពីបន្ទប់ទៅជាន់ក្រោមមើល តែជាន់ក្រោមបែរជាងងឹតឈឹងមិនអ្នកណាបើកភ្លើងសោះ។
«មករា? នីដា?» គ្មានសំឡេងគ្រប់យ៉ាងស្ងាត់ឈឹង គ្មានអ្នកណាតប។
គាត់គ្រលៀសភ្នែកឃើញដូចមករាឡើងជណ្តើរទៅជាន់លើ គាត់ប្រញាប់ស្រែកហៅ។
«កូនអ្ហា! មកតែឯងទេ ចុះនីដាវិញ?» បុគ្គលម្ខាងទៀតមិនតប នៅតែដើរឡើងទៅខាងលើដោយដំណើរមួយៗ គាត់ឡើងតាមឃើញគេចូលបន្ទប់ដេក គាត់ក៏ចូលតាម ស្រាប់តែគាត់ភ្ញាក់ព្រើតតែម្តង ក្នុងបន្ទប់ទទេស្អាត មិនឃើញមករាទេ ហើយគេបាត់ទៅណា ក្នុងបន្ទប់ទឹកក៏មិនឃើញ គាត់ចាស់ហើយស្រវាំងភ្នែកដល់ថ្នាក់ហ្នឹងផង!
គាត់ប្រញាប់ចេញពីបន្ទប់កូនប្រុសមកបន្ទប់ខ្លួនវិញ គាត់សម្លឹងមើលម៉ោងឃើញថា៩:៣០ហើយ កូនមិនទាន់ត្រឡប់មកវិញទៀត គាត់យកទូរសព្ទចុចខលទៅកូន តែបែរជាទំនាក់ទំនងមិនបាន។
«លេខទូរសព្ទដែលលោកអ្នកកំពុងហៅគ្មានការឆ្លើយតបទេនៅពេលនេះ សូម…»
តុក…តុក…
សំឡេងគោះទ្វារបន្ទប់គាត់បន្លឺឡើង គាត់ញ័រដៃញ័រជើងខ្លាចតែចោរចូលផ្ទះ កូនចៅក៏មិននៅទៀត។
គាត់មិនហ៊ានបើកទ្វារ តែស្រែកសួរដោយភិតភ័យ។
«អ្នកណាគេ?»
ពេលគាត់សួរទៅអ្នកខាងក្រៅក៏ឈប់គោះ គ្រប់យ៉ាងស្ងប់ស្ងាត់ទៅវិញ គាត់ដើរទៅជិតទ្វារផ្ទៀងត្រចៀកស្តាប់ខាងក្រៅក៏មិនឮអ្វីទៀត ប៉ុន្តែក្នុងបន្ទប់ទឹករបស់គាត់បែរជាឮសំឡេងទឹកស្រក់ម្តង។
តក់…តក់…
អស់ពីទឹកស្រក់សំឡេងបើកទឹកក៏បន្លឺឡើងវិញ និងខ្លាំងទៅៗ។
គាត់ដឹងថានេះមិនមែនជាចោរទេ តែជាអ្វីផ្សេងដែលគាត់មើលមិនឃើញហើយនៅទីងងឹតទៀត។
ផាំង!
ភ្លាមនោះបង្អួចរបើកក្រាក ខ្យល់បក់ចូលមកលាយឡំទឹកភ្លៀងបាចប្រសាចពេញហ្នឹង ព្រមជាមួយស្រមោលខ្មៅហោះកាត់បង្អួចមួយវឹប ធ្វើឱ្យគាត់ភ័យស្រុតដួលទៅលើឥដ្ឋ គាត់ចាស់ហើយពេលជួបហេតុការណ៍បែបនេះគាត់ស្ទើរតែគាំងបេះដូងភ្លាមៗ។
គាត់ប្រឹងងើបរត់សំដៅទៅទ្វារបើកចេញទៅខាងក្រៅ ពេលឃើញស្រមោលខ្មៅស្ទុងចេញពីបន្ទប់ដេកដើរសំដៅមករកគាត់។
«ជួយផង!អ្នកណាក៏បានដែរជួយផង!!»
គាត់រត់មកយ៉ខាងមុខនៅជាន់លើ មេឃក៏រកកល់ភ្លៀង សំឡេងផ្លេកបន្ទោរឆ្វេចឆ្វាចបង្ហាញឱ្យឃើញមុខស្រមោលខ្មៅនោះ វាមិនមែនជាមនុស្សតែជាបិសាចដែលមានមុខជ្រីវជ្រួញរលេះរលួយនិងដុះស្នែងលើក្បាល។
«ដល់ពេលទៅហើយ!»
ឆ្វាប់!!!
«អ្ហា!!!»
…………………………………………..
គ្រាំង!!
មករាមិនប្រយ័ត្នគ្រវាសដៃត្រូវកែវធ្លាក់បែកខ្ចាយ។
«យ៉ាងម៉េចហ្នឹងបង?»
ពួកគេកំពុងអង្គុយនៅតុការ បរិភោគអាហារនៅឡើយតែពេលនេះគេបែរជាមានអារម្មណ៍មិនស្រួលក្នុងខ្លួនសោះ រសាប់រសល់យ៉ាងម៉េចមិនដឹង។
«បងថាយើងត្រលប់ទៅវិញទៅ ខ្លាចម៉ែនៅតែឯងយូរ»
«ចា៎សបង!»
ពួកគេត្រឡប់មកវិញទម្រាំដល់ផ្ទះជិតម៉ោង១២យប់ទៅហើយ ព្រោះតែស្ទះផ្លូវ តែពេលមកដល់មុខផ្ទះ ពួកគេចុះពីលើឡានយ៉ាងលឿន ដោយសារមានមនុស្សចោមរោមពេញផ្ទះរបស់ពួកគេ។
នេះមានរឿងអ្វីកើតឡើងឱ្យទៅ?
«មានរឿងអីហ្នឹង?»
មករាវែកហ្វូងមនុស្សចូលមកខាងក្នុងឃើញប៉ូលីសកំពុងក្របកំណាត់សលើមនុស្សម្នាក់។
«ម្ចាស់ផ្ទះលោតពីលើផ្ទះសម្លាប់ខ្លួន» សម្តីអ្នកណាមិនដឹងនិយាយឡើងមក ធ្វើឱ្យមករានិងនីដាស្លុតស្មារតី។
បេះដូងមករាលោតដូចទូងស្គរញាប់រន្ថើនទប់មិនជាប់ គេដើរទៅក្បែរសាកសពសន្សឹមៗ ដោយឈោងដៃទៅបើកកំណាត់សទាំងញ័រដៃទទ្រើត។
«ម៉ែ!!!» គេទ្រហោយំលែងខ្មាសមនុស្សជុំវិញខ្លួន ហេតុអីម្តាយគេត្រូវលោតសម្លាប់ខ្លួន ព្រឹកមិញគាត់នៅនិយាយលេងជាមួយគេធម្មតាតើ។
ពេលគេនឹងឃើញដល់លក្ខខណ្ឌដែលភូមិបាលនិយាយដល់ ទើបពេលនេះគេដឹងហើយថាអ្វីដែលគេស្រលាញ់បំផុតនឹងត្រូវបាត់បង់ទៅគឺអ្វី…
កាក់ខ្មៅរូបក្បាលមនុស្សក្នុងហោប៉ៅខោរបស់មករាប្រែជាស្នាមញញឹមយ៉ាងកំណាចមួយភ្លែតប៉ុណ្ណោះរួចក៏ប្រែជាសភាពកាក់ធម្មតាវិញ។
…………………………………………………………………
បុណ្យសពម្តាយមករាប្រារព្ធបានប្រាំពីរថ្ងៃហើយ នាំឱ្យមករាអស់សង្ឃឹមនិងហ្មងសៅមិនដឹងធ្វើយ៉ាងម៉េច គេសម្លឹងមើលកាក់ក្នុងដៃដោយមិនអស់ចិត្ត គេចាប់ផ្តើមមានគំនិតថាហេតុអីគេមិនសុំបំណងប្រាថ្នាឱ្យម្តាយគេរស់ឡើងវិញ បើសិនជាកាក់នេះប្រែពីខ្មៅទៅសបាន។
មករាមិនមាត់ប្រាប់ប្រពន្ធគេទេ រង់ចាំតែដល់ពេលអធ្រាត្រពេលណាគេនឹងសុំបំណងប្រាថ្នាទី២ពីកាក់នេះ។ ចំណែកឯនីដាដឹងថាប្តីពិបាកចិត្តនឹងរឿងម្តាយក្មេកស្លាប់ ប៉ុន្តែមើលទៅគេដូចមានអ្វីលាក់បាំងជាមួយនាង ទើបនាងចាំសង្កេតមើលស្ងាត់ៗ។
ម៉ោង១២រំលងអធ្រាត្រ…
មករាឈរនៅយ៉ខាងក្រៅដោយទាញកាក់មកដាកពីមុខខ្លួន គេនិយាយខ្សឹបៗដោយសម្លឹងមើលកាក់នោះមិនដាក់ភ្នែក។
«បំណងប្រាថ្នាបន្ត ខ្ញុំចង់ឱ្យម្តាយខ្ញុំរស់ឡើងវិញ» គ្រាន់តែគេនិយាយចប់ភ្លាម មេឃចាប់ ផ្តើមមានរន្ទះផ្គរហាក់ដូចជាចង់បញ្ចេញអានុភាពរបស់ខ្លួន រីឯពពកក៏ប្រែជាពណ៌ខ្មៅបក់រសាត់មកបាំងពន្លឺច័ន្ទធ្វើឱ្យផ្ទៃមេឃងងឹតស្លុតគួរឱ្យព្រឺក្បាល។
នីដាដែលលួចពួនលបមើលប្តីក៏ប្រែជាតក់ស្លុតភ្លាម ព្រោះនាងស្រាប់តែឃើញស្រមោលខ្មៅធំមួយផុសឡើងឈរនៅពីក្រោយខ្នងប្តីរបស់នាង រំពេចនោះស្រមោលខ្មៅក៏ចូលទៅក្នុងខ្លួនមករាមួយទំហឹង ធ្វើឱ្យគេដួលទៅលើឥដ្ឋ នីដាភ័យពេកច្រឡំស្រែកចេញមក នាំឱ្យស្រមោលខ្មៅងាកមកសម្លឹងនាងខ្វាច់ដោយឥតព្រៀងទុក។
នីដាភ័យពេកនាងរត់ចេញពីទីនោះ ប៉ុន្តែបែរជាមានអ្វីម្យ៉ាងចាប់កន្ត្រាក់សក់របស់នាងកញ្ឆក់ទៅក្រោយមួយទំហឹង។
«អូយ៎!»
«ចង់ទៅណា?» សម្លេងស្អកខ្សាវៗបន្លឺឡើងក្បែរត្រចៀកនាង មិនតែប៉ុណ្ណោះនាងមានអារម្មណ៍ថាមានក្រចកមុតស្រួចអូសតាមកញ្ចឹងករបស់នាងនិងខ្ញាំតិចៗ ធ្វើឱ្យកនាងឈាមរឹមៗ។
«ហ៊ឺហ៊ឺ…បងមករាជួយខ្ញុំផង!» នាងស្រែកហៅប្តីដែលនៅតែដេកលើឥដ្ឋមិនកម្រើក រីឯនាងវិញត្រូវអ្នកម្ខាងទៀតអូសទៅជាន់ក្រោមដោយសំឡេងគ្រហឹមនៅចុងច្រមុះដូចខឹងនឹងនាងដែលរំខានកិច្ចការរបស់វា។
«នាងឯងត្រូវតែងាប់!» វាអូសនាងមកដល់ទីណាក៏មិនដឹង ហេតុអីមនុស្សជុំវិញខ្លួននាងដើរទៅដើរមក តែបែរជាគ្មានអ្នកណាម្នាក់មានចិត្តជួយនាងអីបន្តិចសោះអ៊ីចឹង ប្រៀបដូចជាពួកគេមើលនាងមិនឃើញទៅវិញ។
…………………………………………………………………..
ពន្លឺព្រះអាទិត្យរះចាំងភ្នែកលើរាងកាយមករាដែលដេកស្តូកស្តឹងនៅយ៉ខាងមុខផ្ទះ។
ទ្រឺត…ទ្រឺត…
សំឡេងទូរសព្ទរោទ៍ក្បែរត្រចៀកដាស់ឱ្យមករាភ្ញាក់ឡើងទាំងស៊ើងមើង។
«អាឡូ!» គេនិយាយខ្សាវៗនិងអង្អែលកញ្ចឹងកដោយភាពចុករោយ។
(លោកត្រូវជាកូនប្រុសរបស់អ៊ំស្រីស៊ីណាតមែនទេ?)
«បាទមែនហើយ» គេឆ្លើយទាំងក្តុកក្តួលពេលនឹកដល់ម្តាយដែលលាចាកលោកនេះទៅ ហើយ។
(អាការៈអ៊ំស្រីបានធូរហើយ គាត់អាចចេញពីពេទ្យថ្ងៃនេះបាន)
«លោកគ្រូពេទ្យនិយាយថាម៉េច?» មករាភ្ញាក់ផ្អើលនឹងអ្វីដែលបានឮ មានន័យថាម្តាយគេ…
(បាទអ៊ំស្រីចេញពីមន្ទីរពេទ្យបានហើយសាច់ញាតិអាចអញ្ជើញមកទទួលគាត់ទៅផ្ទះបាន)
«ខ្ញុំនឹងប្រញាប់ទៅភ្លាម!»
…………………………………………………
«យ៉ាងម៉េចនឹងកូន មើលមុខម៉ែរហូត?» ម្តាយមករាអស់សំណើចនឹងកូនប្រុសដែលធ្វើខ្លួនប្លែកៗ ពេលទៅទទួលគាត់យំឱបគាត់ដូចកូនក្មេង ហើយឥឡូវឱបគាត់ផងថើបគាត់ផងដូចជានឹករឭកគាត់ណាស់អ៊ីចឹង។
«កូនស្រលាញ់ម៉ែ» គេឱបម្តាយទាំងភ័យផងអរផងគិតថាត្រូវបាត់បង់គាត់ដោយសារទង្វើរបស់ខ្លួនទៅហើយ។
«ម៉ែក៏ស្រលាញ់កូន ហើយនេះប្រពន្ធឯងទៅណា?»
មែនហើយ! ប្រពន្ធគេនៅឯណា គេបារម្ភពីម្តាយពេក ភ្លេចគិតដល់ប្រពន្ធឱ្យឈឹង។
គេសុំបំណងប្រាថ្នាទី២បានសម្រេចហើយ ម្តាយគេក៏រស់ឡើងវិញដែរ អ៊ីចឹងរបស់ដែលគេត្រូវបាត់បង់បន្ត មានតែ…
«មិនអាចទេ!!»
មករាស្ទុះចូលក្នុងបន្ទប់រុករកនាងសព្វកន្លែងតែរកមិនឃើញទេ ខលទៅនាងក៏មិនលើកទូរសព្ទ គេខលសួរខាងម្តាយក្មេកក៏មិនឃើញនាងដែរ អ៊ីចឹងនាងទៅណា?
«កុំកើតអីឱ្យសោះអូន! បងមិនចង់ព្រោះតែការចង់បានរបស់បង ធ្វើឱ្យអូនរងគ្រោះជំនួសទេ»
…………………………………………………………………..
ឆឹប…ឆឹប…
នីដាបើកភ្នែកសន្សឹមៗពេលឮសំឡេងរំខាន នាងភ្ញាក់ទាំងមិងមាំង និងមើលជុំវិញខ្លួនទាំងងឿងឆ្ងល់។
នាងនៅឯណា?
«អូមហាសាធិ អូ…»
នីដាងាកទៅមើលប្រភពសំឡេង ឃើញបិសាចដែលចាប់នាងមកកំពុងធ្វើពិធីអ្វីម្យ៉ាង មិនតែប៉ុណ្ណោះវាលើកផ្តិលទឹកដែលមានវត្ថុរាវក្រហមតែតផឹកក្អឹកៗមិនបង្អង់។ នាងកំពុងតក់ស្លុតនឹងទិដ្ឋភាពចំពោះមុខ ព្រមទាំងលបមើលកុំឱ្យវាដឹង ប៉ុន្តែវានៅតែដឹងខ្លួនងាកមកមើលនាងវិញដោយមិនឱ្យសញ្ញា។
«ភ្ញាក់ហើយអ្ហេស?» វាដើរដោយដំណើរលើក្រោមមិនស្មើគ្នា សម្លឹងមុខនាងដោយទឹកមុខមិនគួរឱ្យទុកចិត្ត។
«ឯងជាអ្នកណា?» នាងសួរទាំងភិតភ័យមើលទៅវាដូចជាមនុស្សពាក់កណ្តាល បិសាចពាក់ កណ្តាលយ៉ាងម៉ែចមិនដឹង។
«យើងត្រូវការជីវិតប្តីនាងមកបង្រ្គុបវិញ្ញាណខ្មោចទាំង១០០របស់យើង ហើយនាងជាអ្នកទៅសម្លាប់វាឱ្យបាន ថ្ងៃនេះជាថ្ងៃពេញបូរមីហើយ យើងគ្មានពេលច្រើនទៀតទេ»
នីដាមិនយល់អ្វីដែលវានិយាយ តែភ្លាមនោះនាងរំកិលគូទថយក្រោយភ្លាម ពេលអ្នកម្ខាងទៀតខ្ចាក់អ្វីមិនដឹងចេញពីក្នុងមាត់មួយដុំធំក្លិនគួរឱ្យចង់ក្អួត បម្រុងបង្ខំឱ្យនាងលេបវា។
នីដាស្រវារបស់ជិតដៃគប់ក្បាលរបស់វាមួយទំហឹង និងបែរក្រោយរត់ចេញពីទីនេះ តែនាងនៅតែយឺតមួយជំហាន ព្រោះវាស្ទុះងើបមកវិញ ច្របាច់កនាងលើកឡើងផុតដី។
«កុំចង់សាកជាមួយយើង!!» វាស្រែកគ្រហឹមដាក់នាងដោយទោសៈ ព្រមទាំងច្របាច់មាត់នាងឱ្យហាលេបរបស់នោះចូលក្នុងពោះ។
«ទេ ទេ!»
ក្អឹក!
«ហាហា!»
វាទម្លាក់នាងទៅលើដី នាងចាប់ផ្តើមចុករមួលប្រកាច់ប្រកិនពេញហ្នឹង ព្រោះរបស់ដែលនាងលេបចូលទៅប្រៀបដូចជាសត្វល្មូនមួយរត់ឆ្កៀលពោះវៀនពោះតាំងនាងស្ទើរដាច់អស់ទៅហើយ។
«ជួយផង…»
នីដាប្រឹងខ្ចាក់របស់នោះចេញមកវិញស្ទើរលានភ្នែក ប៉ុន្តែលទ្ធផលនាងបែរជាក្អួតឈាមចេញមកទៅវិញ។
«អួក!» នាងដួលផ្កាប់មុខទៅដីលែងកម្រើកអ្វីទាំងអស់។
«ទៅរកអាមករាភ្លាមទៅ!»
នីដាងើបក្បាលសន្សឹមៗដោយស្នាមញញឹមពិសពុល រីឯគ្រាប់ភ្នែកប្រែជាសស្លើតគួរឱ្យព្រឺក្បាលប៉ុនពេក។
«បាទ លោកម្ចាស់»
………………………………………………………….
ម៉ោង១១:៤៦នាទីយប់…
មករាអង្គុយនៅបន្ទប់ទទួលភ្ញៀវជាមួយម្តាយរង់ចាំប្រពន្ធក្រែងលោនាងរវល់ទៅណា គេក៏មិនភ្លេចខលទៅនាងជារឿយៗក្រែងនាងលើកទូរស័ព្ទ។
«ម៉ែទៅសម្រាន្តទៅយប់ហើយ ប្រយ័ត្នមិនស្រួលខ្លួន»
«ម៉ែមិនអីទេ ឡើងទៅក៏គេងមិនលក់ដែរបារម្ភពីនីដាប្រពន្ធឯងហ្នឹង បាត់ទៅណាមិនដឹង»
មករាដកដង្ហើមធំតប់ប្រមល់មិនដឹងធ្វើយ៉ាងម៉េច ព្រោះឥឡូវមិនទាន់គ្រប់២៤ម៉ោងទេ ប្តឹងប៉ូលីសឱ្យជួយរកក៏មិនទាន់បានទៀត។
ឈូ!
ភ្លៀងធ្លាក់ភ្លាមៗដូចហែកមេឃ ផ្លេកបន្ទោរឆូងឆាំងគ្រហឹមបន្តបន្ទាប់គ្នាមិនឈប់ ខណៈនោះសំឡេងគោះទ្វារក៏បន្លឺឡើង។
តុក…តុក…
មករានិងម្តាយមើលមុខគ្នាទាំងត្រេកអរ ព្រោះគិតថានីដាប្រហែលត្រឡប់មកវិញហើយ គេប្រញាប់ទៅបើកទ្វារឱ្យ តែគេរាងភាំងបន្តិចពេលឃើញនាងឈរមុខទ្វារដោយទឹកមុខស្លេកស្លាំង ប្រឡង់ភ្នែកដក់ខ្មៅស្លក់ៗយ៉ាងម៉េចមិនដឹង។
«អូនទៅណា ម៉េចបងខលទៅមិនលើកទូរសព្ទ?»
នាងមិនតប តែដើរចូលមកក្នុងផ្ទះដោយដំណើរមួយៗត្រង់ភ្លឹងមិនរង្គើស្មាបន្តិចសោះ។
នាងដើរចូលទៅផ្ទះបាយដែលងងឹតឈឹងដោយមិនសូម្បីតែបើកភ្លើង តែនាងបែរជាបើកថតទូរកអ្វីម្យ៉ាង មករាមានមន្ទិលចំពោះឫកពារបស់នាងតែគេមិននិយាយអ្វី បម្រុងចូលទៅបើកភ្លើងឱ្យនាង ស្រាប់តែពន្លឺរន្ទះបាញ់មួយឆ្វាច់ចាំងឱ្យឃើញស្រមោលនាងលើជញ្ជាំង ធ្វើឱ្យគេញ័រជើងឈានថយក្រោយ។
ស្រមោលនោះមានស្នែងថែមទាំងមានសក់រញ៉ររញ៉ៃទម្លាក់ប៉ប្រះស្មា នេះពិតណាស់មិនមែនជាស្រមោលរបស់ប្រពន្ធគេទេ។ មករាព្រឺក្បាលចង់ប៉ុនពាង បង្វែរខ្លួនចេញពីផ្ទះបាយរត់សំដៅមកកាន់ម្តាយដែលកំពុងអង្គុយលើសាឡុង។
«ម៉ែមិនស្រួលហើយ!» គេនិយាយទាំងត្រហេបត្រហបនិងបើកញើសជោក។
«មិនស្រួលអីកូន?» គាត់លើកចិញ្ចើមឆ្ងល់នឹងឫកពារបស់កូនប្រុស។
«ខ្ញុំឃើញ…» សម្តីគេអាក់កណ្តាលទី ព្រោះសំឡេងអ្នកក្រោយខ្នង។
«បងអ្ហា…» នីដាហៅប្តីដែលមានឫកពារញីរញ័រ។
«ឡើងទៅគេងទៅយប់ហើយ» សម្លេងនាងមុត និងមើលគេមិនដាក់ភ្នែក។
«បាទ…»
មករាស្ទាបកាក់ក្នុងហោប៉ៅដោយអារម្មណ៍ចម្លែក មែនហើយតាំងពីយកកាក់នេះចូលផ្ទះ គេមានអារម្មណ៍ថាគ្រួសារគេមានរឿងមិនចេះចប់ចេះហើយសោះ ឬមួយកាក់នេះប្រាកដជាមានអ្វីមិនស្រួលហើយ។
មករាដែលធ្វើពុតជាសំងំគេង ចាប់ផ្តើមកម្រើកខ្លួនតិចៗលបងាកទៅមើលប្រពន្ធដែលគេងបែរខ្នង ឃើញថានាងគេងលក់ហើយ ទើបគេលួចចុះទៅជាន់ក្រោមដោយមិនដឹងទេថាប្រពន្ធគេងើបអង្គុយសម្លឹងមើលដំណើររបស់គេដោយខ្សែភ្នែកខ្មៅងងឹត។
មករាដើរមកដល់ផ្ទះបាយយកកាក់ទៅបោះចូលក្នុងធុងដោយចាក់សាំងដុតបំផ្លាញវាចោល ស្រាប់តែកាក់ដែលគេទម្លាក់ចូលអណ្តែតចេញពីធុងនោះហោះសំកាំងនៅពីមុខគេទៅវិញ។
ព្រះជាម្ចាស់!!
គេស្លុតនឹងអ្វីដែលមិនធ្លាប់ជួបប្រទះនេះ។
ងឺត…
សំឡេងអ្វីម្យ៉ាងនៅត្រង់កាំជណ្តើរបន្លឺកាន់តែកៀកជិតខ្លួនគេ គេងាកទៅមើលឡើងភ្ញាក់ក្រញាងតែម្តង ប្រពន្ធគេវារចុះពីកាំជណ្តើរពត់ខ្លួនចុះឡើងដូចហ្សូមប៊ីគ្មានខុស មុខក៏ជ្រីវជ្រួញសក់ក្បាលកន្ទ្រីងកន្ទ្រើងដូចមិនមែននាងទេ។
«នីដា…» គេគាំងស្តូកកម្រើកមិនរួចព្រោះភ័យឡើងរឹងជើងទៅហើយ។
«ដល់ថ្ងៃងាប់របស់ឯងហើយ!!!» សំឡេងនាងជាសំឡេងមនុស្សប្រុស ថែមទាំងលើកកាំបិតបម្រុងចាក់កណ្តាលទ្រូងរបស់គេ តែគេសង្រ្គុបចាប់ដៃនាងជាប់ទាន់ ប្រទាញប្រទង់គ្នាទៅមក មករាទ្រាំមិនបានធាក់នាងមួយជើងខ្ទាតដួលទៅម្ខាងដោយសុំទោសនាងក្នុងចិត្ត គេដឹងថាមានអ្វីម្យ៉ាងចូលក្នុងខ្លួននាងហើយ មិនអ៊ីចឹងមនុស្សស្រីចំពោះមុខគេនេះមិនមែនជាប្រពន្ធរបស់នោះគេ។
«ម៉ែឆាប់រត់ទៅ!» គេស្រែកហៅម្តាយដែលនៅជាន់លើឱ្យគេចចេញពីទីនេះ ប៉ុន្តែមានដៃមួយចាប់ជើងរបស់គេជាប់។
ដៃសស្លេកមានសរសៃរវីមរវាម ថែមទាំងមានក្រចកខ្មៅមុតស្រួចខ្វាមជើងគេទាញទម្លាក់ពីលើជណ្តើរ។
ព្រូស!!!
«អូយ៎!»
«ឯងងាប់ទៅ!»
ប៉ាំង!
មករាគេចពីមុខកាំបិតទាន់ទាំងប្រផិតប្រផើយប៉ិះនឹងត្រូវក្បាល ដែលធ្វើឱ្យនីដាខឹងកញ្ជ្រោលទ្វេដងដែលកាប់អ្នកម្ខាងទៀតមិនបានសម្រេច។
ប៉ុន្តែនីដាមិនទាន់បានយារកាំបិតចាក់មករាទៀតផង មានរបស់ម្យ៉ាងត្រូវបំពាក់លើ-ករបស់នាង។
«អ្ហា!! ក្តៅណាស់ៗ» នាងស្រែកទាំងឈឺចុកចាប់រួចក៏ដួលសន្លប់បាត់ស្មារតីទៅ។
«ឆាប់នាំនាងចេញពីទីនេះទៅ» ម្តាយមករានិយាយទាំងអន្ទះសា នាំគ្នាជួយគ្រាហ៍នាងឡើងឡាន។
ផាំង!
ទ្វាររបើកឡើងបង្ហាញឱ្យឃើញ បុរសភូមិបាលដែលឱ្យកាក់ខ្មៅមកមករា។
«ឯងត្រូវតែស្លាប់អាមករា!» ភូមិបាលលើកដៃចង្អុលមុខគេយ៉ាងកាចសាហាវ ។
មករាសម្លឹងមើលបុរសដែលសន្យាជួយគេឱ្យរួចផុតពីសេចក្តីលំបាកដែលកំពុងជួបប្រទះ ទាំងដែលតាមពិតអ្វីទាំងអស់នេះជាការប៉ុនប៉ងចង់បានជីវិតគេសោះ។
ក្នុងមួយប៉ប្រិចភ្នែក ភូមិបាលស្ទុះមកច្របាច់កមករាឡើងផុតជើង បំណងឱ្យគេដាច់ខ្យល់ស្លាប់ ប៉ុន្តែកាក់ខ្មៅដែលមករាបោះចូលធុងដុតស្រាប់តែអណ្តែតឡើងហោះចូលមកក្នុងដៃរបស់គេភ្លាមមួយរំពេច។
មករាគ្រវាសភ្នែកឃើញម៉ោងលើនាឡិកាប៉ោលត្រឹមម៉ោង១២គត់ ធ្វើឱ្យគេយល់អត្ថន័យកាក់ក្នុងដៃ។ គេប្រើស្មារតីតិចតួចរបស់ខ្លួនអធិដ្ឋានដល់កាក់ខ្មៅសុំបំណងប្រាថ្នាចុង ក្រោយ។
«សូមឱ្យអាថ័នខ្មៅរបស់ភូមិបាលក្នុងការបំផ្លាញមនុស្សដទៃទៀតសាបរលាបបាត់ពីលើលោកនេះ»
គ្រាន់តែគេប៉ងចប់ភ្លាម ពន្លឺម្យ៉ាងចេញពីកាក់ខ្មៅរួមរឹតភូមិបាលមិនឱ្យកម្រើកទៅណារួច។
«មិនអាចទេ យើងជាអ្នកគ្រប់គ្រងពួកឯង ឯងត្រូវកំចាត់វា មិនមែនយើងទេ!» ភូមិបាលរើបម្រាស់ពីចំណងខ្មៅដែលរឹតរួតខ្លួន មិនតែប៉ុណ្ណោះព្រលឹងខ្មៅជាច្រើនបោះពួយពីខាងក្រៅផ្ទះសំរុកហោះចូលមកខាងក្នុង ចូលទៅក្នុងខ្លួនបុរសភូមិបាលមិនថាតាមភ្នែក ច្រមុះ មាត់ ត្រចៀកទាំងកម្រោលប្រៀបបីដូចជាព្រលឹងទាំងឡាយដែលត្រូវបានបុរសភូមិបាលឃុំឃាំងរយឆ្នាំ រង់ចាំឱកាសសងសឹកម្ចាស់ចំណងនេះជាយូរយារមកហើយ។
«អ្ហា! ក្តៅណាស់» បុរសនោះស្រែកកញ្ជ្រោល ក្តៅក្រហល់ក្រហាយពេញខ្លួន ព្រោះតែអាគមរបស់ខ្លួនដែលសាងឡើងវាយបកមកខ្លួនឯងវិញ។
បុរសភូមិបាលដែលធ្លាប់តែក្មេងសង្ហាប្រែក្លាយវ័យបន្តិចម្តងៗរហូតវិវត្តទៅជាបុរសចំណាស់ហើយក៏ប្រែខ្លួនប្រាណស្វិតរញ៉មរលាយបាត់ទៅជាផ្សែង។
មករាស្រុតដួលទៅលើដីទាំងគ្មានកម្លាំងកំហែង ហើយក៏សន្លប់បាត់ស្មារតីទៅ រីឯកាក់ខ្មៅក្នុងដៃរបស់គេក៏រលាយបាត់ទៅដែរ។
……………………
«ក្មួយប្រុស! ក្រោកឡើងម៉េចមកគេងនៅទីនេះ?»
សំឡេងឮល្វើយៗដាស់គេឱ្យភ្ញាក់ពីដំណេក។
«ម៉េចក៏ខ្ញុំនៅទីនេះទៅវិញ?» គេសម្លឹងមើលជុំវិញខ្លួនឃើញថាខ្លួនឯងមកគេងកណ្តាលផ្លូវកន្លែងដែលម៉ូតូរបស់គេរលត់ដេរមិនឆេះ។
អ៊ីចឹងមានន័យថារឿងរ៉ាវដែលកើតឡើងចំពោះគេកន្លងមកគឺយល់សិប្តឬ?
«ហើយក្មួយមកធ្វើអីនៅម្តុំនេះ?» អ៊ំស្រីដែលមានកាន់ចប និងកញ្ជ្រែង ជាមួយកូនប្រុសពីរនាក់កំពុងមើលមកគេទាំងងឿងឆ្ងល់។
«ខ្ញុំចេះតែជិះម៉ូតូលំហែខួរក្បាល ហើយ…» គេមិនដឹងអធិប្បាយថាម៉េចទៀត បើប្រាប់គាត់ទៅ គាត់អាចថាគេឆ្កួតឬអត់ដែលនិយាយរឿងកាក់ស្អីនោះ សម័យនេះហើយម៉េចនឹងមានរឿងអស្ចារ្យបែបនោះទៅ ប៉ុន្តែពេលឮគាត់និយាយធ្វើឱ្យគេភាំងតែម្តង។
«មីងយល់ហើយ តាមពិតមិនសូវមានអ្នកណាហ៊ានមកម្តុំនេះទេ ព្រោះអ្នកខ្លះបើរាសីដាក់តែងជួបរឿងចម្លែកៗ ទើបទីនេះជាកន្លែងគួរឱ្យខ្លាចសម្រាប់អ្នកមួយចំនួនទៅហើយ ណាមួយមកពីអ៊ំមានជីវភាពក្រលំបាកទើបនាំកូនៗមកជីកដំឡូងយកលក់ កុំអីអ៊ំក៏មិនហ៊ានមកទីនេះដែរ»
មករានិយាយលែងចេញ បានត្រឹមភ្លឹកភាំងនឹងសម្តីអ៊ំស្រីម្នាក់ឯង ចំណែកឯអ៊ំស្រីនិងកូនៗក៏ដើរចេញទៅបាត់ទៅហើយ។
សំឡេងទូរសព្ទដាស់មករាឱ្យភ្ញាក់ពីពីការភ្លឹកភ្លាំង តែពេលឃើញលេខខលមកគេលើកទទួលទាំងញ័រដៃ ព្រោះខ្លាចរឿងដែលខ្លួនភ័យខ្លាចក្នុងចិត្តជានិច្ចកើតឡើង។
(លោកមករា អ៊ំស្រីគាត់មានអាការៈធូរស្បើយហើយ អាចចេញពីមន្ទីរពេទ្យស្អែកនេះបាន)
មករាឮបែបនេះអរភើតជាងបានមាសដុំទៅទៀត គេមិនសួរនាំគ្រូពេទ្យតាមទូរស័ព្ទច្រើន គេប្រញាប់បើកម៉ូតូសំដៅទៅទីនោះតែម្តង។
“ពិតជាអភិនីហារមែន អ៊ំស្រីដើមឡើយមានសុខភាពទន់ខ្សោយណាស់ ស្រាប់តែព្រឹកមិញនេះក្រុមគ្រូពេទ្យបានទៅពិនិត្យអាការៈម្តងទៀត គាត់បែរជាមានសុខភាពរឹងមាំធម្មតាទៅវិញ គួរឱ្យឆ្ងល់ណាស់ ”
មករានឹកឃើញសម្តីលោកគ្រូពេទ្យដែលនិយាយមកកាន់ខ្លួនពេលដែលទៅទទួលម្តាយចេញពីមន្ទីរពេទ្យជានិច្ច ហើយនៅមានរឿងមួយទៀតដែលធ្វើឱ្យគេសប្បាយចិត្តខ្លាំងដែរនោះ គឺប្រពន្ធរបស់គេត្រូវរូវជាមួយគេវិញហើយ។
អ៊ីចឹងបានថាជីវិតមនុស្សយើងពេលខ្លះមានសុខមានទុក្ខ គ្រាន់តែពេលខ្លះសុខមកមុនឬក៏ទុក្ខមកមុនតែប៉ុណ្ណោះ ឥឡូវជីវិតគេពេលនេះប្រៀបដូចជាក្រោយភ្លៀងមេឃស្រឡះ ម្តាយក៏ជាសះស្បើយពីជំងឺ គេនិងប្រពន្ធក៏យល់ចិត្តគ្នាវិញ រីឯការងារក៏ទទួលបានជោគជ័យ ព្រោះគេជាប់ការងារនៅកន្លែងធ្វើការថ្មីដែលមានអ្នកឱ្យតម្លៃរូបគេ។ ហើយរឿងមួយទៀតដែលគេចាំមិនភ្លេចនិងទុកវាជាអាថ៌កំបាំងមិនឱ្យអ្នកណាដឹងនោះគឺ កាក់ខ្មៅពិតជាមានពិតប្រាកដមែនគេមិនបានយល់សិប្តស្រមើស្រមៃតែឯងនោះទេ ព្រោះស្នាមមុតនៅកញ្ចឹងករបស់គេជាភស្តុតាងច្បាស់ពេលដែលភូមិបាលច្របាច់កគេពេលនោះ ក្រចកមុតស្រួចនោះបានទំលុះសាច់របស់គេមែន សំណាងហើយដែលគេរួចជីវិតមកបាន ដោយសារតែការសន្យាឆ្កួតៗរបស់គេនោះ មិនទាំងដឹងឫសគល់ប្រវត្តិកាក់ខ្មៅនិងភូមិបាលច្បាស់ផងក៏ព្រមតាមលក្ខខណ្ឌរបស់ភូមិបាលប៉ិះអស់ជីវិតខ្លួនឯង និងនាំទុក្ខដល់គ្រួសារទៀត។
ប៉ុន្តែអ្វីៗកន្លងហួសហើយ គេសង្ឃឹមថាភូមិបាលនឹងវិនាសសាបសូន្យជាមួយកាក់ខ្មៅដូចដែលគេសុំបំណងចុងក្រោយនោះទៅចុះ។