រឿង៖ លម្អមិត្តសម្លាញ់ខ្ញុំ

«ក្រឺងៗ… ក្រឺងៗ…»

សំឡេងនាឡិការោទិ៍បន្លឺខ្ទរខ្ទារពេញបន្ទប់ដេកខ្នាតកណ្ដាលរបស់ខ្ញុំ ក្រោយទ្រនិចខ្លីចង្អុលលេខប្រាំមួយ និងទ្រនិចវែងចង្អុលលេខដប់ពីរ។

ម៉ោង ៦:០០ ព្រឹកហើយ!

បើជាអាទិត្យមុនខ្ញុំប្រហែលជាអាចក្រោកមកទាញឧបករណ៍រំខានដំណេកគប់ចោលលើឥដ្ឋ ហើយឡើងលើគ្រែដើម្បីដេកបន្តបាត់ទៅហើយ តែពេលនេះគឺខុសគ្នាស្រឡះ។ ពីរយប់ហើយដែលខ្ញុំដេកមិនលក់ និងអង្គុយសម្លឹងកូននាឡិកាមូលពណ៌ក្រហមទាំងគ្មានអារម្មណ៍ក្នុងខ្លួន។ បន្ទប់ដែលធ្លាប់តែស្រស់បំព្រងពេលនេះក្លាយជាហ្មងសៅ។ សំឡេងនាឡិកាដែលធ្លាប់តែរំខានខ្ញុំ រំញោចក្រពេញមួម៉ៅខ្ញុំឱ្យធ្វើការទាំងព្រឹកក៏ហាក់គ្មានឥទ្ធិពលអ្វីមកលើខ្ញុំទៀត ព្រោះត្រចៀកទាំងគូនាខណៈនេះហ៊ឹងអស់ទៅហើយ។

«ក្រឺងៗ… ក្រឺងៗ…»

«ក្រាក!!» ទ្វារឈើខ្មៅត្រូវបានបើកចូលពីក្រៅ។ ស្រ្តីវ័យកណ្ដាលដែលជាម្ដាយបង្កើតខ្ញុំក៏ដើរចូលមក។

«ថាម៉ាក់និងប៉ាទៅវាយ៉ាប់ តែឯងកាន់តែយ៉ាប់ជាងទៅទៀត» ម៉ាក់សម្លឹងមុខខ្ញុំឆ្លាស់គ្នាជាមួយកូននាឡិកា។ គាត់ប្រហែលទ្រាំស្ដាប់សំឡេងអឺងកងខ្ទរខ្ទារបស់វាលែងបាន ទើបដើរទៅចុចបិទហើយមកអង្គុយគែមគ្រែក្បែរខ្ញុំ។

«គ្រួសារយើងពិតជាក្ស័យធនមែនឬ?» សំណួរដំបូងបន្លឺចេញពីបំពង់ក.សែនស្អកស្ទើរស្ដាប់មិនបានរបស់ខ្ញុំ ក្រោយខាននិយាយស្តីអស់ជិត ៤៨ ម៉ោង សំងំក្នុងបន្ទប់កើតទុក្ខម្នាក់ឯង។ ខ្ញុំសម្លឹងមុខម៉ាក់ និងឃើញគាត់ញញឹមបន្តិចហើយលូកដៃមកចាប់ដៃត្រជាក់ស្រេបរបស់ខ្ញុំ។

«គ្រាន់តែគ្រួសារក្ស័យធន ឯងយ៉ាប់យ៉ឺនដល់ថ្នាក់នេះមែនទេ សីម៉ា? ការក្ស័យធនគឺអស់តែផ្ទះ មុខរបរ និងលុយ មិនបានយកជីវិតរបស់ពួកយើងឯណា?» ស្នាមញញឹមម៉ាក់នៅតែរោយលើមុខ។ ខ្ញុំគ្រលាស់ដៃចេញ។ ប្រយោគវិជ្ជមានក្នុងស្ថានការណ៍ដ៏តានតឹងរបស់ម៉ាក់ កាន់តែស្ដាប់ក៏កាន់តែចង់កាត់ស្លឹកត្រចៀកបោះចោលខ្លាំងណាស់។

«ចុះកិត្តិយសនោះ? គ្រួសារក្ស័យធនមួយទាំងមូល ខ្ញុំមានមុខឯណាទៅសាលា? មានមុខឯណាទៅជួបមិត្តរួមថ្នាក់ទៀត? ប៉ាគ្រប់គ្រងក្រុមហ៊ុនយ៉ាងម៉េចឱ្យមានរឿងបែបនេះកើតឡើង? គ្រប់គ្នាប្រាកដជាថាខ្ញុំជាកូនស្រីគ្រួសារដែលធ្លាក់ខ្លួន ខ្ញុំទទួលយកមិនបានទេ ម៉ាក់ដឹងទេ?»​ ពោលបណ្ដើរ ទឹកភ្នែកស្រក់តាមថ្ពាល់ទាំងសងខាងបណ្ដើរ។ ឱ្យរស់នៅធ្លាក់ខ្លួនពីអ្នកមានទៅជាអ្នកក្រឬ? ខ្ញុំសុខចិត្តស្លាប់ឱ្យបាត់ពីលោកនេះវិញល្អជាង។

«សីម៉ា… រឿងជំនួញនេះវាមិនទៀងទាត់ទេ មានឡើង មានចុះ ឯងមិនអាចបន្ទោសប៉ាដែលខំទាំងថ្ងៃទាំងយប់ដើម្បីឯង និងគ្រួសារមួយនេះបានឡើយ»

«ម៉ាក់ឈប់និយាយទៅ! បើនិយាយហើយនៅតែធ្លាក់ខ្លួនដដែល ម៉ាក់ចេញទៅវិញចុះ! ខ្ញុំមិនចង់ឃើញមុខអ្នកណាទាំងអស់!» ខ្ញុំខាំមាត់និងងាកមុខចេញ។ ម៉ាក់ក៏ប្ដូរពីអង្គុយគែមគ្រែទៅជាក្រោកឈរ និងសម្លឹងមុខខ្ញុំដោយស្នាមញញឹមដដែល។ ខ្ញុំពិតជាស្អប់ស្នាមញញឹមរបស់ម៉ាក់ណាស់!

«ក្រោកចេញពីគ្រែហើយរៀបចំខ្លួនទៅសាលា! ឯងរៀនទី១២ហើយ មិនអាចចង់ឈប់ក៏ឈប់ ចង់ទៅក៏ទៅបានទេ»

«ទៅរៀនស្អីទៀតទៅ? ខ្ញុំគ្មានមុខឯណាទៅជួប…» ចង់ប្រាប់ថាខ្ញុំគ្មានមុខឯណាទៅជួបមិត្តភក្តិនៅសាលាទេ តែម៉ាក់ក៏ពោលកាត់មុន។

«គ្រួសារយើងមិនក្ស័យធនទេ»

«…» ខ្ញុំមិនតបនិងងាកខ្វាច់ទៅសម្លឹងមុខម៉ាក់ម្ដងទៀត។ គាត់ជាមនុស្សដែលគិតល្អធ្វើល្អរហូតមក តែសូមកុំឱ្យជាពេលនេះអីបានទេ? ពាក្យថា«មិនក្ស័យធន»ខ្ញុំចង់ឱ្យវាជាការពិត មិនមែនគ្រាន់តែជាការគិតវិជ្ជមានក្នុងខួរក្បាលរបស់ម៉ាក់ទេ។

ម៉ាក់ឃើញខ្ញុំស្ងៀមទើបប្រាប់បន្តដើម្បីឱ្យអស់សង្ស័យ។

«គ្រួសារ លម្អ សម្រេចចិត្តបណ្ដាក់ទុនលើក្រុមហ៊ុនដែលវិះតែរលំរបស់យើង! ក្រុមហ៊ុនរបស់ប៉ាឯងឈរជើងបាននឹងវិញហើយ! យើងមិនបាច់ប្ដូរផ្ទះ មិនបាត់បង់មុខរបរ មិនក្ស័យធន ឯងនៅតែជាកូនស្រីអ្នកមានដូចដើមអ៊ីចឹង ដឹងហើយនៅ?»

«គ្រួសារ លម្អ មែនទេ?» ខ្ញុំផ្ទួនឈ្មោះសួរម៉ាក់ទាំងស្លុតចិត្ត។ គាត់ក៏ងក់ក្បាលតិចៗ។

លម្អ ជាមិត្តសម្លាញ់តែម្នាក់របស់ខ្ញុំ។ យើងរាប់អានគ្នាតាំងពីបឋមរហូតដល់ឥឡូវគឺឆ្នាំចុងក្រោយនៃជីវិតជាសិស្សវិទ្យាល័យហើយ។ ប៉ារបស់នាងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រពលំដាប់ប្រទេសមួយ។ អាចនិយាយបានថា លម្អ ជាកូនស្រីសេដ្ឋីដែលមានទ្រពសម្បត្តិស្ដុកស្ដម្ភ កេរ្តិ៍ឈ្មោះ និងកិត្តិយសធំធេងណាស់។

ប៉ុន្តែ… តើនាងរួមចំណែកក្នុងជំនួយនេះដែរឬ?

«រីងៗ… រីងៗ…» ខ្ញុំចង់សួរម៉ាក់បន្ថែម តែសំឡេងទូរសព្ទដែលដាក់ចោលលើតុក្បាលគ្រែក៏បន្លឺកាត់ជាមុន។ ម៉ាក់ឈោងយកវាមកហុចឱ្យខ្ញុំ ដោយមិនភ្លេចចោលប្រយោគចុងក្រោយ មុននឹងចាកចេញទៅ។

«មិត្តសម្លាញ់ឯងល្អពេកហើយ សីម៉ា! ថែរក្សាមិត្តភាពនេះឱ្យល្អឮទេ?»

ខ្ញុំសម្លឹងមើលខ្នងរបស់ម៉ាក់ឆ្លាស់គ្នានឹងឈ្មោះអ្នកខលមក ហើយពេលដឹងថាជា លម្អ ទើបប្រញាប់ចុចទទួលទាំងអារម្មណ៍ក្តុកក្តួល និងនៅស្លុតចិត្តតិចៗនៅឡើយ។

«លម្អ…»

(ស្លៀកពាក់មកសាលាមក សីម៉ា! ខ្ញុំចាំញ៉ាំអាហារពេលព្រឹកជាមួយឯង) សំឡេងស្រួយស្រែសស្រស់បំព្រងរបស់អ្នកម្ខាងទៀតពោលប្រាប់ខ្ញុំ។ មិនដឹងយ៉ាងម៉េចទឹកភ្នែកដែលស្ទើរតែឈប់ស្រក់ទៅហើយ ក៏ចាប់ផ្ដើមហូរម្ដងទៀត។ ខ្ញុំដឹងច្បាស់ថាការដែលក្រុមហ៊ុនរបស់ប៉ា លម្អ សម្រេចចិត្តបណ្ដាក់ទុនលើក្រុមហ៊ុនរបស់ប៉ាខ្ញុំ មិនមែនជារឿងចៃដន្យទេ។ ប៉ាម៉ាក់ លម្អ ស្រលាញ់នាងណាស់។ នាងចង់បានអី មិនថាពិបាកយ៉ាងណាក៏ពួកគាត់នឹងរកប្រគេនដល់ដៃដែរ។ ខ្ញុំស្លុតចិត្តព្រោះស្មានមិនដល់ថារឿងធំដល់ថ្នាក់នេះ លម្អ នៅតែអាចជួយខ្ញុំបាន។

មិនមែនត្រឹមតែខ្ញុំទេ! តែគឺគ្រួសារខ្ញុំទាំងមូលនេះបានគុណរបស់គ្រួសារ លម្អ សុទ្ធសាធតែម្ដង​។ គុណនេះមួយជីវិតខ្ញុំច្បាស់ជាមិនអាចភ្លេចទេ។

ហើយបន្ទាប់ពីនោះខ្ញុំក៏ទៅសាលាទាំងបេះដូងលោតញាប់សឹងធ្លាយចេញពីទ្រូងខាងឆ្វេង។ ខ្ញុំស្ទើរតែមិនហ៊ានងើយមុខសម្លឹងសិស្សានុសិស្សដែលឈរផ្ដុំគ្នាគ្រប់ទិសទី និងមានអារម្មណ៍ដូចខ្លួនជាឃាតកៈសម្លាប់មនុស្ស ទាំងដែលខ្ញុំមិនបានទៅធ្វើបាបអ្នកណា និងគ្មានកំហុសអីស្ពាយជាប់ខ្លួនសោះ។ 

«សីម៉ា! ដើរឱនមុខបែបនេះប្រយ័ត្នបុកជញ្ជាំងទៅ» សំឡេងដែលស្គាល់ច្បាស់បន្លឺមកពីក្រោយខ្នង។ ខ្ញុំប្រញាប់ងាកទៅមើលហើយក៏ឃើញថាអ្នកមកថ្មីគឺជា លម្អ មិត្តសម្លាញ់ដែលទើបជួយគ្រួសារខ្ញុំឱ្យផុតពីនរក។

«លម្អ…» បានត្រឹមហៅឈ្មោះអ្នកម្ខាងទៀតស្រាលៗ។ លម្អ ហាក់មើលចិត្តភ័យខ្លាចរបស់ខ្ញុំធ្លុះ ទើបចូលមកកាន់ដៃហើយអូសទៅរកកង់ទីនដើម្បីញ៉ាំអាហារពេលព្រឹក។

«ឈប់ឱនមុខទៅ! ឯងមិនបានធ្វើអីខុសឯណា? មើលសិស្សផ្សេងទៀតគ្មាននរណានិយាយអាក្រក់ស្ដាប់ពីឯងនិងគ្រួសារឡើយ គ្រប់យ៉ាងដូចតែសព្វដងអ៊ីចឹង» លម្អ ពោលបន្តក្រោយពួកយើងមកដល់កង់ទីន។ ខ្ញុំធ្វើតាមនាងប្រាប់ ហើយក៏ឃើញថាគ្រប់យ៉ាងធម្មតាពិតមែន។ ផ្ទាំងថ្មនៅលើទ្រូងខ្ញុំហាក់ត្រូវបានទម្លាក់ចុះមួយរំពេច។ ទីបំផុតខ្ញុំអាចញញឹមដោយគ្មានទុក្ខកង្វល់បានហើយ! វាប្រៀបដូចបានកើតជាថ្មីយ៉ាងអ៊ីចឹង។

«អរគុណហើយ លម្អ»

«ឯងនិយាយសមរម្យបែបនេះ ខ្ញុំព្រឺសម្បុរណាស់ដឹងទេ សីម៉ា? ធ្វើដូចធម្មតា ធ្វើដូចគ្មានរឿងអីកើតឡើងទៅ» ប្រាប់បណ្ដើរលូកដៃមកច្បិចថ្ពាល់ខ្ញុំបណ្ដើរ។ ខ្ញុំអស់សំណើចនិងប្រញាប់ក្រសោបដៃ លម្អ ឱ្យកាន់តែណែនជាងមុន។

«គុណរបស់ឯងនិងគ្រួសារ មួយជីវិតនេះខ្ញុំគ្មានថ្ងៃភ្លេចទេ! ចាប់ពីពេលនេះទៅឯងចង់បានអី ត្រូវការអី ប្រាប់ខ្ញុំមកចុះ! ទោះជាត្រូវចុះខ្ទះខ្លាញ់មួយពាន់អង្សារក៏ខ្ញុំនឹងទៅយកវាមកឱ្យឯងឱ្យបានដែរ» ស្បថបានថាតាំងពីរាប់អានគ្នាមក មិនធ្លាប់មានម្ដងណាដែលខ្ញុំនិយាយជាមួយមិត្តសម្លាញ់ផ្លូវការដល់ថ្នាក់នេះ។ លម្អ ដែលស្ដាប់រួចក៏ញញឹមលាយសំណើចតិចៗនិងងក់ក្បាលដាក់ខ្ញុំ។ ស្នាមញញឹមរបស់នាងនាខណៈនេះពិតជាស្អាត និងចែងចាំងណាស់។

«សន្យាហើយណា៎! ខ្ញុំចង់បានអី ឯងត្រូវតែរកមកឱ្យខ្ញុំឱ្យបានជាដាច់ខាត» ប្រាប់បណ្ដើរ ដកដៃចេញពីការក្រសោបរបស់ខ្ញុំបណ្ដើរ ដោយប្ដូរជាហុចកូនដៃមកមុខដើម្បីថ្ពក់ជាមួយគ្នាវិញ។

«គ្រប់យ៉ាងរបស់ខ្ញុំ គឺជារបស់ឯង! រាងកាយខ្ញុំ បេះដូងខ្ញុំ កែវភ្នែកខ្ញុំ ខ្ញុំប្រគល់ឱ្យឯងទាំងអស់» ខ្ញុំលូកដៃទៅថ្ពក់នឹងកូនដៃរបស់ លម្អ។

កែវភ្នែកពីរគូរបស់ពួកយើងមើលកូនដៃដែលថ្ពក់ជាប់គ្នា ឆ្លាស់គ្នានឹងមុខរបស់ម្នាក់ៗ ហើយស្នាមញញឹមក៏លេចឡើងរៀងខ្លួន។

ហើយមិនយូរប៉ុន្មានខ្ញុំនិងលម្អ ក៏ប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាមួយគ្នា ថែមទាំងទទួលបាននិទ្ទេស D ដូចគ្នាទៀតផង។ មិត្តភាពពួកយើងនៅតែស្អិតរមួតដូចដើម។ ក្រុមហ៊ុនលោកប៉ាខ្ញុំបន្ទាប់ពីទទួលបានការបណ្ដាក់ទុនពីក្រុមហ៊ុនរបស់គ្រួសារ លម្អ មកក៏មិនបរាជ័យទៀត។ ប៉ាគ្រប់គ្រងជំនួញបានហ្មត់ចត់ និងប្រុងប្រយ័ត្នខ្លាំងណាស់។ ស្ថានភាពគ្រួសារខ្ញុំកាន់តែល្អឡើងជាលំដាប់ ប៉ុន្តែ…

គ្រួសារលម្អវិញបែរជាបាក់ស្រិបដូចផ្ទាំងទឹកកកដ៏សែនផុយស្រួយ!

ចូលសាកលវិទ្យាល័យឆ្នាំទី ២ ប៉ារបស់ លម្អ គាំងបេះដូងស្លាប់ភ្លាមៗនៅក្នុងសាលប្រជុំ។ ប្អូនប្រុសរបស់គាត់ដែលត្រូវជាពូបង្កើតរបស់នាងក៏ដណ្ដើមសិទ្ធគ្រប់គ្រងក្រុមហ៊ុន និងប្រើល្បិចបោកយកទ្រពសម្បត្តិរបស់គ្រួសារនាងខ្ទេចខ្ទីដូចខ្ទឹម បូករួមទាំងចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនប៉ាខ្ញុំដែលប៉ាលម្អធ្លាប់បណ្ដាក់ដែរ។ លម្អ នៅសល់តែពីរនាក់ម្ដាយកូនជាមួយលុយតិចតួចប៉ុណ្ណោះ។ ពូរបស់នាងជាអ្នកផ្គត់ផ្គង់ម្ដាយកូនពួកគេ តែការរស់នៅត្រូវផ្លាស់ប្ដូរពីបាតដៃទៅជាខ្នងដៃទាំងស្រុង។ រស់នៅដោយរងការគំរាមកំហែងពីពូ ប្រាក់កាក់ចាយវាយតិចតួច ទ្រពសម្បត្តិស្តុកស្ដម្ភបាត់បង់ត្រឹមពេលមួយប៉ប្រិចភ្នែក។ អាចនិយាយបានថាយ៉ាប់យ៉ឺនជាងកាលដែលគ្រួសារខ្ញុំស្ទើរតែដួលរលំពីរឆ្នាំមុនឆ្ងាយណាស់។

វាកន្លងផុតទៅមួយឆ្នាំហើយតាំងពីប៉ាលម្អស្លាប់។ ពេលនេះខ្ញុំនិងនាងរៀនឆ្នាំទី៣ នៅសាកលវិទ្យាល័យឯកជនល្បីឈ្មោះមួយជាមួយគ្នា តែជំនាញខុសគ្នា។ គ្រួសារខ្ញុំជាអ្នកបង់ថ្លៃសាលាឱ្យនាង ព្រោះបើចាំឱ្យពូរបស់នាងជាអ្នកផ្គត់ផ្គង់នោះ ខ្ញុំថាលម្អមិនអាចសូម្បីតែមានឈ្មោះថាជានិស្សិតផង។

«ក្រឺងៗ… ក្រឺងៗ…» សំឡេងកណ្ដឹងបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៃថ្នាក់រៀននីមួយៗ។ ខ្ញុំដែលកំពុងអង្គុយស្ដាប់លោកសាស្រ្តាចារ្យឡើងទន់ខ្លួនស្ទើរដេកលក់ទៅហើយក៏បានស្មារតីមកវិញនិងប្រញាប់ចេញពីថ្នាក់ចុះទៅកង់ទីនដើម្បីរករបស់ទ្រាប់ពោះ។

«សីម៉ា! នៅខាងនេះ» សំឡេងសាំត្រចៀកស្រែកហៅឈ្មោះខ្ញុំ។ ខ្ញុំរហ័សងាករកប្រភពរបស់វាក៏ឃើញលម្អ មិត្តសម្លាញ់ដែលរាប់អានគ្នាដូចជាបងប្អូនកំពុងអង្គុយនឹងតុ ហើយបក់ដៃហៅខ្ញុំពីចម្ងាយ​។ មិនចាំយូរ ខ្ញុំក៏ដើរទៅនាងភ្លាម។

«ឯងចេញយូរហើយមែនទេ?» សួរបណ្ដើរ ដាក់បង្គុយទល់មុខបណ្ដើរ។

«មុននេះបន្តិចទេ! ចង់ញ៉ាំអីដែរ? ខ្ញុំអង្គុយចាំឯង មិនទាន់បានទៅរករបស់ញ៉ាំទេ មិនដឹងថ្ងៃនេះឯងឃ្លានអីជាពិសេស»

«អាយឡាតេមួយកែវ ដំឡូង និងមាន់បំពង គួរតែគ្រប់ហើយ» ខ្ញុំប្រាប់ខណៈលូកដៃចូលកាបូបដើម្បីដកប្រាក់ចេញមកហុចឱ្យ លម្អ។ នាងក៏ទទួលយកក្រដាសប្រាក់និងញញឹមតិចៗ។

វាក្លាយជារឿងធម្មតាទៅហើយដែលពេលនេះខ្ញុំជាអ្នកចេញថ្លៃនំចំណីគ្រប់ពេលដែលពួកយើងជួបគ្នា។ លម្អគ្មានទ្រពសម្បត្តិស្ដុកស្ដម្ភដូចមុនទេ សូម្បីថ្លៃសាលាក៏គ្រួសារខ្ញុំជាអ្នកចេញឱ្យ… សម្លៀកបំពាក់ល្អៗនៅលើខ្លួននាងជាលុយរបស់ខ្ញុំ កាបូប នាឡិកា ស្បែកជើង គឺខ្ញុំផ្គត់ផ្គង់ឱ្យនាងទាំងអស់។ តាមពិតលម្អក៏មានប្រាក់ជាប់ខ្លួនដែលបានមកពីពូនាង និងការងារក្រៅម៉ោងផ្សេងទៀត តែខ្ញុំនិងគ្រួសារចង់ឱ្យនាងសន្សំប្រាក់នោះទុកសម្រាប់ពេលមានអាសន្នច្រើនជាង ទើបស្ម័គ្រចិត្តចំណាយភាគច្រើនជំនួស ក៏ចាត់ទុកថាជាការដឹងគុណដែលគ្រួសារនាងជួយដល់គ្រួសារខ្ញុំកាលពីមុនផង។

«តាមពិតឯងមិនបាច់ចេញលុយគ្រប់ពេលក៏បានដែរសីម៉ា» លម្អសម្លឹងមុខខ្ញុំឆ្លាស់គ្នានឹងក្រដាសប្រាក់ដែលខ្ញុំឱ្យនាងមុននេះ។

«បើខ្ញុំមិនចេញ ឯងមានលុយឯណាចេញទៅ? ឬបើមានក៏ច្បាស់ជាតិចតួចដែរ ខ្ញុំមិនចង់ឱ្យឯងលំបាក ម្យ៉ាងទៀតយើងសន្យានឹងគ្នាហើយថាគ្រប់យ៉ាងរបស់ខ្ញុំក៏ជារបស់ឯងដែរ» ខ្ញុំញាក់ស្មាដាក់ និងទាញទូរសព្ទពីកាបូបមកអូសមើលបណ្ដាញសង្គម ឈប់ចាប់អារម្មណ៍នឹងលម្អទៀត។ នាងក៏ស្ងប់ស្ងៀមមិននិយាយអីបន្ត ពេលខ្ញុំងើយមុខទៅវិញក៏ឃើញថាមិត្តសម្លាញ់ដើរទៅដល់ណាដល់ណីបាត់ហើយ ទើបលែងខ្វល់និងចុចទូរសព្ទទៀត។

មួយសប្ដាហ៍កន្លងផុតទៅ…

«តុកៗ… តុកៗ…»

«សីម៉ា នៅក្នុងបន្ទប់ទេ?»

សំឡេងគោះទ្វារប្រដាំត្រសងនឹងសំឡេងស្រែកហៅរបស់ម៉ាក់បន្លឺឡើង។ ខ្ញុំដកភ្នែកពីអេក្រង់លេបថបទៅមើលនាឡិកា ឃើញថាជិតដល់ម៉ោងដែលគ្រួសារយើងរួមមានម៉ាក់ប៉ានិងខ្ញុំចេញទៅញ៉ាំអាហារពេលល្ងាចជុំគ្នានៅខាងក្រៅហើយ។

«ខ្ញុំនៅក្នុងបន្ទប់ម៉ាក់» ខ្ញុំតបទៅវិញ ហើយមិនប៉ុន្មានវិនាទីបន្ទាប់ម៉ាក់ក៏បើកទ្វារចូលមក ដោយមានថង់ក្រដាស ២-៣ យួរជាប់ដៃមកជាមួយផង។

«ស្អីគេហ្នឹង? ជិតដល់ម៉ោងទៅក្រៅជាមួយលោកប៉ាហើយ នៅអង្គុយចុចលេបថបធ្វើព្រងើយទៀតឯងនេះ»  ម៉ាក់បន្ទោសខ្ញុំសំឡេងស្រាល តែខ្ញុំសាំហើយទើបគ្មានប្រតិកម្មអី និងប្រញាប់បិទលេបថបទុកហើយក្រោកទៅឱបដៃម៉ាក់។

«អផ្សុកហ្នឹងណា៎! ម្យ៉ាងទៀតខ្ញុំក៏តែងខ្លួនរួចដែរ ស្អាតទេម៉ាក់?» ខ្ញុំថយបន្តិច និងបង្វិលខ្លួនមួយជុំឱ្យម៉ាក់មើល។ ម៉ាក់ក៏ញញឹមនិងងក់ក្បាលដាក់។

«កូនស្រីម៉ាក់ស្អាតជាងគេបំផុតលើលោក»

ប្រយោគរបស់អ្នកមានគុណធ្វើឱ្យបេះដូងក្នុងទ្រូងខាងឆ្វេងរបស់ខ្ញុំរីកមាឌស្ទើផ្ទុះចេញមកក្រៅ។ ពេលនេះស្ថានភាពគ្រួសារយើងពិតជាល្អហួសពីការដែលខ្ញុំធ្លាប់ស្រមៃទៅទៀត។ ពួកយើងប្ដូរផ្ទះពីវីឡាក្នុងបុរីមកជាភូមិគ្រឹះកណ្ដាលក្រុងដែលស្អាត ធំ និងមានផាសុខភាពខ្លាំងណាស់។ ប៉ាមានជំនួញជាច្រើនក្នុងដៃ ផ្ទះលំហែស្ទើរតែគ្រប់ខេត្ត ខ្ញុំប្រៀបដូចព្រះនាងដែលមានគ្រប់យ៉ាងមិនខ្វះសូម្បីមួយមុខ។

«ត្រូវហើយ! ក្នុងដៃម៉ាក់ជារបស់អី?» ខ្ញុំទើបចាប់អារម្មណ៍ និងប្រញាប់សួរនាំ។ ម៉ាក់ក៏ហុចថង់ក្រដាស ២-៣ នោះមកឱ្យខ្ញុំបណ្ដើរ ពោលបណ្ដើរ។

«មានរ៉ូប កាបូប និងស្បែកជើង ម៉ាក់ទើបកុម្ម៉ង់ព្រឹកមិញ»

«ម៉ាក់ទិញឱ្យខ្ញុំមែនទេ?» ខ្ញុំផ្អៀងក.សួរតែក៏ត្រូវស្រងាកចិត្តវិញព្រោះចម្លើយដែលមិនបានរំពឹងទុក។

«ឯងមានច្រើនឡើងរកកន្លែងដាក់លែងអស់ហើយ! ម៉ាក់ទិញឱ្យលម្អ! កុំភ្លេចយកឱ្យលម្អផងឮទេ?»

«ម៉ាក់ស្រលាញ់លម្អណាស់ណ៎»

«នាងប្រៀបដូចជាកូនស្រីម្នាក់ទៀតរបស់ម៉ាក់អ៊ីចឹងឯងក៏ដឹង! បើគ្មានអីធ្វើទៀតទេក៏ចុះទៅក្រោមទៅ លោកប៉ាមកទទួលពួកយើងឥឡូវហើយ» ប្រាប់តែប៉ុណ្ណឹងរួចម៉ាក់ចូលមកទះស្មាខ្ញុំបន្តិច ទើបបង្វិលខ្លួនទៅរកទ្វារវិញ។

ខ្ញុំបើកថង់ក្រដាសមើលរបស់ខាងក្នុងហើយក៏ឃើញថាទាំងរ៉ូប កាបូប និងស្បែកជើងដែលម៉ាក់ទិញឱ្យលម្អសុទ្ធតែជាម៉ូតចុងក្រោយបង្អស់របស់ប្រេននេមល្បីៗ។ វាមានរយៈពេលមួយឆ្នាំហើយដែលម៉ាក់តែងផ្ញើអំណោយតាមខ្ញុំទៅឱ្យលម្អ! ខោអាវ កាបូប ស្បែកជើង និងរបស់របរប្រើប្រាស់ថ្លៃៗ សូម្បីការងារក្រៅម៉ោងរបស់នាងក៏ម៉ាក់ជាអ្នករកឱ្យ នៅប្រាប់ថៅកែឱ្យផ្ដល់ប្រាក់ខែមួយទ្វេជាពីរទៀត ដោយមួយចំណែកទៀតជាលុយរបស់ម៉ាក់។ មិនត្រឹមតែប៉ុណ្ណឹងម៉ាក់ផ្ញើសែកឱ្យនាងរាល់ខែ មួយខែមិនតិចជាង២០០០ដុល្លារទេ។

ខ្ញុំខ្ជឹបមាត់បន្តិច និងសម្លឹងនាឡិកាម្ដងទៀតក៏ឃើញថាដល់ម៉ោងណាត់គ្នាជាមួយលោកប៉ាហើយទើបប្រញាប់ប្រមូលថង់ក្រដាសចូលបន្ទប់ដាក់សម្លៀកបំពាក់ និងទុកក្នុងទូយ៉ាងមានរបៀបរៀបរយ មុននឹងទាញកាបូបស្ពាយតូចដើម្បីចុះក្រោម។

ឡានវែងពណ៌ខ្មៅរលើបរបស់ប៉ាឈប់ចាំនៅមាត់ទ្វារភូមិគ្រឹះរួចជាស្រេច។ ខ្ញុំសម្លឹងរកមើលវត្តមានអ្នកមានគុណហើយក៏ឃើញថាទាំងប៉ានិងម៉ាក់កំពុងឈរនិយាយគ្នាក្បែរសាឡុងឈុតធំក្នុងបន្ទប់ទទួលភ្ញៀវ តែទឹកមុខមិនសមនឹងអ្នកដែលរៀបចំចេញទៅញ៉ាំអាហារពេលល្ងាចជុំគ្រួសារសោះ។

«សីម៉ា…» ម៉ាក់ហៅឈ្មោះខ្ញុំសំឡេងខ្សាវស្ទើរស្ដាប់មិនឮ។ ក្នុងដៃគាត់មានទូរសព្ទស្មាត​ហ្វូន​​ដូចទើបដកពីត្រចៀកក្រោយនិយាយជាមួយនរណាម្នាក់ តែវាមិនសំខាន់ទេ ព្រោះអ្វីដែលខ្ញុំកំពុងចាប់អារម្មណ៍នាខណៈនេះគឺទឹកមុខស្លេកស្លាំងរបស់ម៉ាក់ និងចិញ្ចើមដែលចងចូលគ្នាមិនរលារបស់ប៉ា។

«មានរឿងអីមែនទេម៉ាក់?» ខ្ញុំដើរទៅរកម៉ាក់ទាំងបេះដូងលោតញាប់។ អ្វីម្យ៉ាងប្រាប់ខ្ញុំថារឿងមិនល្អកំពុងតែកើតឡើងហើយ តែម៉ាក់ហាក់ពិបាកហាមាត់ពោលប្រាប់ខ្ញុំណាស់។ ឃើញបែបនេះទើបប៉ាដែលឈរជិតជាអ្នកនិយាយជំនួស។

«គឺលម្អ និងម៉ាក់នាងជួបគ្រោះថ្នាក់ចរាចរណ៍! ម៉ាក់របស់លម្អបាត់បង់ជីវិតនៅកន្លែងកើតហេតុ ចំណែកនាងត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ហើយ»

«ថាម៉េច?» បេះដូងដែលលោតញាប់របស់ខ្ញុំមុននេះប្រែជាគាំងស្ញេញ និងស្ទើរតែជ្រុះដល់បាតជើងទៅហើយ។ តាំងពីកើតមកមិនធ្លាប់មានម្ដងណាដែលខ្ញុំរន្ធត់ចិត្តដល់ថ្នាក់ស្រវាំងភ្នែកដូចជាពេលនេះទេ។ ទម្រង់មុខរបស់មិត្តសម្លាញ់ភ្លាមៗក៏លេចចេញក្នុងខួរក្បាលទទេស្អាតរបស់ខ្ញុំ… ខ្ញុំគិតអីមិនចេញ ដឹងត្រឹមតែថាខ្ញុំមិនចង់បាត់បង់លម្អទេ!

«គេបញ្ជូនលម្អទៅមន្ទីរពេទ្យហើយមែនទេប៉ា? ពេទ្យណា? ខ្ញុំ…ខ្ញុំចង់ទៅមើលនាង» សំឡេងខ្ញុំប្រែជាញ័រ ទឹកភ្នែករកកលចង់ហូរ។ ប៉ាម៉ាក់យល់ចិត្តខ្ញុំច្បាស់ទើបងក់ក្បាលនិងនាំខ្ញុំឡើងឡាន បើកចេញទៅមន្ទីរពេទ្យជំនួសឱ្យភោជនីយដ្ឋានញ៉ាំអាហារពេលល្ងាចដើម្បីមើលស្ថានភាពរបស់ លម្អ។

បីថ្ងៃកន្លងផុតទៅ…

លម្អមិត្តសម្លាញ់ខ្ញុំតាំងពីថ្ងៃជួបគ្រោះថ្នាក់ចរាចរណ៍ចូលបន្ទប់សង្គ្រោះបន្ទាន់មកមិនទាន់ដឹងអាការៈលម្អិតថាធ្ងន់ឬស្រាលប៉ុនណាទេ។ សពរបស់ម៉ាក់នាងត្រូវបញ្ជូនទៅភូមិគ្រឹះពូនាងដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកនាងក៏ទើបទទួលដំណឹងពីមន្ទីរពេទ្យថាបានដឹងខ្លួនកាលពីព្រឹកមិញ។ ខ្ញុំជាប់ប្រលងទើបទៅរកលម្អភ្លាមៗមិនបាន ទើបតែពេលនេះដែលគ្រប់យ៉ាងបញ្ចប់ក៏រួសរាន់បើកឡានមកមន្ទីរពេទ្យ និងកំពុងឈរក្នុងជណ្ដើរយោងឡើងទៅជាន់ទី១២ដែរ។

«ទឹង!!» សំឡេងជណ្ដើរយោង​បន្លឺឡើង មុនពេលទ្វារដែករបើកចេញពីគ្នា។ ខ្ញុំដើរស្ទើរក្លាយជារត់ទៅរកបន្ទប់លេខ ១៣៨​ ដែលជាបន្ទប់លម្អសម្រាកព្យាបាលនិងបើកទ្វារចូលទៅហើយរូបភាពដំបូងដែលឃើញគឺ…

រាងកាយស្គមស្ដើងក្នុងឈុតអ្នកជំងឺកំពុងអង្គុយស្ងៀមធ្មឹងលើគ្រែ ដោយផ្អែកខ្នងនឹងបង្អែករបស់វា។ ដៃជើងរបស់នាងគ្មានរបួសបាក់ឬគ្រេចអ្វីទេ មានតែម្ជុលសឺរ៉ូមដែលដោតជាប់ក.ដៃ និងបង់ពណ៌ស.រុំជុំវិញក្បាលដែលត្រូវរបួស។

«លម្អ…» សំឡេងខ្ញុំស្រាលរហូតសូម្បីតែខ្ញុំខ្លួនឯងក៏ស្ដាប់មិនឮដែរ។ ខ្ញុំសន្សឹមៗឈានជើងទៅឈប់នៅចុងគ្រែរបស់លម្អ តែនាងក៏ហាក់គ្មានសញ្ញាណាមួយតបតនឹងការមកដល់របស់ខ្ញុំ ប្រៀបដូចជាមិនដឹងថាខ្ញុំកំពុងមានវត្តមានក្នុងបន្ទប់នេះសោះ។

របស់រាវក្តៅៗស្រាប់តែហូរចុះពីនេត្រាទាំងទ្វេរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់បំផុត។ ខ្ញុំសម្លឹងផ្ទៃមុខស្រស់ស្អាតដែលពេលនេះមិនត្រឹមតែមានបង់រុំត្រង់ក្បាលប៉ុណ្ណោះទេ តែភ្នែកទាំងគូរបស់នាងក៏ត្រូវបិទដោយក្រដាសស.មើលអ្វីមិនឃើញដែរ។

តាមពិតគឺលម្អពិការភ្នែកហើយ!

ស្ថានភាពរបស់នាងពេលនេះគឺមើលអ្វីមិនឃើញ ថែមទាំងត្រូវម្ដាយស្លាប់ចោលទៀត ចំណែកលោកពូបង្កើតនោះច្បាស់ណាស់មិនធ្លាប់ខ្វល់ខ្វាយនឹងវត្តមានក្មួយស្រីម្នាក់នេះ…និយាយឱ្យខ្លីទៅ លម្អ មិនសល់នរណាទៀតទេ។

«សីម៉ា…ឯងយំមែនទេ?» សំឡេងស្អកខ្សោះសុខៗស្រាប់តែហៅឈ្មោះខ្ញុំ។ ខ្ញុំភ្ញាក់ព្រើត ស្មានមិនដល់ថាលម្អដឹងថាខ្ញុំចូលមកក្បែរនាងព្រោះខ្ញុំច្បាស់ក្នុងចិត្តណាស់ថាមិនបានបញ្ចេញសំឡេងអ្វី។

«លម្អ…ខ្ញុំ…» មានពាក្យពេចន៍ជាច្រើនដែលខ្ញុំចង់និយាយទៅកាន់មិត្តសម្លាញ់ តែដល់មែនទែនទៅ សូម្បីប្រយោគមួយឃ្លាខ្ញុំពោលមិនចេញផង ហាក់ដូចមានបន្លារាប់រយដើមនៅស្ទះក្នុងបំពង់ក.ដូច្នោះ។

លម្អគិតតែអង្គុយស្ងៀមធ្មឹងដូចរូបចម្លាក់។ ទឹកមុខស្មើធេងរបស់នាងហាក់កំពុងប្រាប់ខ្ញុំដោយប្រយោលថាបេះដូងរបស់នាងខ្ទេចខ្ទាំអស់ទៅហើយ។

«ខ្ញុំមើលអីលែងឃើញហើយ…ម៉ាក់ក៏ស្លាប់ទៀត…តែឯងដឹងទេថាបេះដូងខ្ញុំនាពេលនេះវាគ្មានអារម្មណ៍អីទាំងអស់! ចិត្តនិងអារម្មណ៍ទាំងអស់របស់ខ្ញុំប្រហែលស្លាប់ទៅតាមម៉ាក់ដែរហើយមើលទៅ» ប្រាប់បណ្ដើរលើកដៃស្ទាបលើទ្រូងខាងឆ្វេងរបស់ខ្លួនបណ្ដើរ។ ទឹកភ្នែកខ្ញុំកាន់តែហូរ។ ខ្ញុំប្រញាប់ដាក់បង្គុយនៅគែមក្បែរលម្អ និងទាញនាងមកឱបហើយក៏អណ្ដឺតអណ្ដកទប់លែងជាប់ទៀត។

«កុំនិយាយបែបនេះណា៎ លម្អ! ឯងនៅមានខ្ញុំ ខ្ញុំនឹងនៅក្បែរឯងរហូត មិនទៅណាចោលឯងដាច់ខាត»

«មែនឬ?» សំឡេងខ្សាវសួរបកខ្ញុំ។ ខ្ញុំចង់ងក់ក្បាលនិងប្រាប់ថាចាប់ពីពេលនេះខ្ញុំនឹងមើលថែនាងឱ្យបានល្អ តែលម្អបែរជាពោលកាត់ជាមុន។

«…»

«តែខ្ញុំគិតថាមនុស្សដែលខ្ញុំបាត់បង់ដំបូងគេគឺ៝ឯងហ្នឹងហើយ សីម៉ា»

ប្រយោគនោះធ្វើឱ្យខ្ញុំគាំង។ ខ្ញុំរុញរាងកាយស្គមស្ដើងចេញបន្តិចនិងសម្លឹងផ្ទៃមុខស្លេកស្លាំងទាំងអារម្មណ៍ច្របូកច្របល់ និងស្មានមិនត្រូវថាលម្អនាខណៈនេះកំពុងគិតអី។

«ហេតុអីនិយាយបែបនេះ? ឯងមានន័យថាម៉េចទៅ?»

សំណួររបស់ខ្ញុំមិនទទួលបានចម្លើយភ្លាមៗ។ បបូរមាត់ស្ងួតក្រៀមរបស់លម្អញោចចេញជាស្នាមញញឹមតិចៗ តែមើលយ៉ាងណាក៏នៅតែឃើញថាវាជាស្នាមញញឹមបង្កប់ក្តីឈឺចាប់ជ្រៅជាងមហាសមុទ្រ។ កាន់តែមើលបេះដូងខ្ញុំក៏កាន់តែឈឺតាម។ មិនធ្លាប់មានម្ដងណាដែលខ្ញុំគិតថាមនុស្សស្រីសម្បូរបែប មានទ្រពសម្បត្តិស្តុកស្តម្ភ និងរួសរាយរាក់ទាក់ម្នាក់នេះអាចធ្លាក់ខ្លួនមកដល់ដំណាក់កាលនេះទេ។

«ឯងស្ដាប់មិនច្រឡំទេ! មនុស្សដែលខ្ញុំគិតថាបាត់បង់ដំបូងគេគឺឯងហ្នឹងហើយ! ខ្ញុំបាត់បង់ សីម៉ា ដែលជាមិត្តល្អបំផុតរបស់ខ្ញុំតាំងពីមួយឆ្នាំមុនក្រោយលោកប៉ាស្លាប់ម្លេះ» ទឹកដមសំឡេង លម្អ ពិតជាខ្សោយតែត្រចៀកខ្ញុំបែរជាស្ដាប់បានយ៉ាងច្បាស់។ មាត់ខ្ញុំចាប់ផ្ដើមញ័រ រកពាក្យនិយាយមិនទាន់ចេញផង នាងក៏ពោលបន្តទៀត។

«…»

«មួយឆ្នាំកន្លងមកខ្ញុំនៅក្បែរឯងមិនមែនក្នុងនាមជាមិត្តទេ ឯងដឹងថាជាស្អីទេ? អារម្មណ៍ខ្ញុំមិនខុសអីពីកូនឈ្នួលដែលចាំទិញទឹកទិញអាហារឱ្យឯង កាន់កាបូបឱ្យ យួរអីវ៉ាន់ឱ្យ ដោះដូរនឹងលុយដែលឯងនិងគ្រួសារផ្គត់ផ្គង់ខ្ញុំ…»

«លម្អ…ខ្ញុំ…» រូបភាពទាំងអស់នៅកង់ទីនសាលារ ផ្សារទំនើប និងគ្រប់ទីកន្លែងដែលខ្ញុំនិង លម្អ ដើរលេងជាមួយគ្នាក៏សន្សឹមៗលេចឡើងក្នុងខួរក្បាលរបស់ខ្ញុំ។

កូនឈ្នួលឬ? មួយឆ្នាំកន្លងមកនាងគិតបែបនេះបែបទេ?

«តាមពិតខ្ញុំមិនចង់គិតបែបនេះទេ! ខ្ញុំពិតជាចង់ធ្វើជាមិត្តសម្លាញ់ឯងរហូតដល់ថ្ងៃស្លាប់ តែឯងប្រហែលជាមិនដឹងថាទង្វើរបស់ឯងកន្លងមកវាហាក់សម្លាប់មិត្តភាពនេះឱ្យរលាយសាបសូន្យបន្តិចម្ដងៗ! ឯងគិតថាខ្ញុំជាមនុស្សល្ងង់មិនដឹងអ្វីដែលឯងធ្វើកន្លងមកមែនទេ? ខ្ញុំដឹង! ខ្ញុំដឹងគ្រប់យ៉ាងទាំងអស់ ហើយរឿងដែលខ្ញុំដឹងច្បាស់បំផុតនោះ សីម៉ា គឺឯងគ្រាន់តែជាមនុស្សអាត្មានិយមម្នាក់ប៉ុណ្ណោះ…» 

«…»

«ឯងពិតជាអាត្មានិយមណាស់! អាត្មានិយមបានសូម្បីតែជាមួយខ្ញុំដែលជាមិត្តសម្លាញ់របស់ឯង! ឯងស្មានថាខ្ញុំមិនដឹងថារាល់ខោអាវ កាបូប ស្បែកជើង ដែលឯងនិងអ្នកមីងទិញឱ្យខ្ញុំនោះសុទ្ធតែឯងធ្លាប់ប្រើម្ដងហើយឬ? ​តាមពិតឯងច្រណែនខ្ញុំ មិនចង់ឱ្យខ្ញុំល្អជាង ទាំងដែលខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាងទៅហើយ! សែកដែលអ្នកមីងផ្គង់ផ្គង់ខ្ញុំរាល់ខែនោះ ឯងក៏ដកចាយពាក់កណ្ដាលហើយសល់ពាក់កណ្ដាលទៀតទើបយកមកឱ្យខ្ញុំ…ឯងច្រណែននឹងខ្ញុំតាំងពីយូរហើយ តែទើបមួយឆ្នាំកន្លងមកនេះដែលខ្ញុំបាត់បង់ប៉ា បាត់បង់ទ្រព្យសម្បត្តិ ហើយគ្រួសារឯងមានជាងខ្ញុំម្ដងទើបចិត្តច្រណែនរបស់ឯងថមថយបានខ្លះ តែវាក៏រើឡើងជាថ្មីបន្ទាប់ពីអ្នកមីងជួយផ្គង់ផ្គង់ខ្ញុំ…ខ្ញុំទ្រាំគ្រប់យ៉ាងព្រោះខ្ញុំស្រលាញ់ឯង មិនចង់បាត់បង់មិត្តភាពនេះ និងចង់សន្សំលុយទុកឱ្យម៉ាក់ព្យាបាលជំងឺ…តែឥឡូវម៉ាក់ស្លាប់បាត់ហើយ ខ្ញុំមិនសល់អ្វីទៀតទេ…»

«…» ដៃម្ខាងរបស់ខ្ញុំលើកខ្ទប់មាត់ព្រោះស្មានមិនដល់ថា លម្អ រៀបរាប់វែងអន្លាយនូវរឿងខ្មៅងងឹតដែលសូម្បីតែខ្ញុំខ្លួនឯងក៏មិនចង់ទទួលស្គាល់ដូច្នេះ។ ទឹកភ្នែកខ្ញុំហូរហើយហូរទៀតដូចទឹកបាក់ទំនប់រហូតក្លាយជាសំឡេងអណ្ដឺតអណ្ដកទប់លែងបាន។

មែនហើយ! ដ្បិតខ្ញុំមិនធ្លាប់មានបំណងអាក្រក់លើលម្អ តែខ្ញុំពិតជាមនុស្សអាត្មានិយមមែន​។ ខ្ញុំពិតជាចង់សូមទោសនាងមួយរយដង មួយពាន់ដង តែអណ្ដាតបែរជាស្ពឹកកម្រើកលែងរួច រាងកាយខ្ញុំញ័រសព្វសាច់ មានអារម្មណ៍ថាខ្លួនដូចជាមនុស្សអាក្រក់ដែលជាប់ទោសលើកលែងមិនបាន… ទង្វើតិចតួចអស់រយៈពេលជាយូររបស់ខ្ញុំក្លាយជាកាំបិតដ៏មុតស្រួចសម្លាប់លម្អឱ្យស្លាប់ម្ដងបន្តិចៗទាំងខ្ញុំមិនដឹងខ្លួនសោះ។

«លម្អ…តាមពិតទៅខ្ញុំ…»

«មិនបាច់និយាយអីទេ សីម៉ា! ជម្រៅចិត្តឯង បេះដូងឯង ខួរក្បាលឯងកំពុងគិតអីខ្ញុំដឹងច្បាស់ជាងឯងខ្លួនឯងទៅទៀត! ឯងកំពុងសោកស្ដាយ និងចង់សូមទោសខ្ញុំមែនទេ? ឯងកំពុងខ្លាចថាពួកយើងបែកបាក់មិត្តភាពនឹងគ្នា ឯងមិនចង់រកាំរកូសនឹងខ្ញុំ និងមិនចង់បាត់បង់ខ្ញុំទេ…»

«មែនហើយ! ខ្ញុំមិនចង់បាត់បង់ឯងទេ…» សំឡេងខ្ញុំលឺខ្សាវនិងញ័រទទ្រើត។ លម្អក៏មិនអនុញ្ញាតឱ្យខ្ញុំនិយាយយូរដែរ។ នាងពោលកាត់ម្ដងទៀត តែប្រយោគបន្ទាប់នេះវាខ្លាំងប្រៀបដូចរន្ទះបាញ់ចំកណ្ដាលមុខរបស់ខ្ញុំដូច្នោះ។

«ឯងមិនចង់បាត់បង់ខ្ញុំ ព្រោះលើលោកនេះក្រៅពីខ្ញុំ ឯងមើលមិនឃើញនរណាដែលស្មោះត្រង់ជាមួយឯង ស្រលាញ់ឯង និងចង់រាប់អាន​ឯងពិតប្រាកដដូចជាខ្ញុំឡើយ! គ្រប់គ្នាសុទ្ធតែដឹងថាឯងជាមនុស្សអាត្មានិយម លើកលែងតែឯងខ្លួនឯងប៉ុណ្ណោះដែលមិនព្រមទទួលស្គាល់! ចាំបានទេថ្ងៃដែលឯងមកសាលាលើកដំបូងក្រោយគ្រួសារខ្ញុំជួយគ្រួសារឯងនោះ…តើគិតថាសិស្សមួយសាលាគ្មាននរណាចាប់អារម្មណ៍រឿងដែលប៉ាឯងក្ស័យធនឬ?»

«…»

«គឺខ្ញុំយកលុយបិទមាត់មនុស្សមួយសាលា! ខ្ញុំខ្លាចឯងឈឺចាប់ ខ្ញុំមិនចង់ឱ្យឯងឃើញក្រសែភ្នែករបស់ពួកគេ ខ្ញុំចង់ឱ្យឯងរីករាយ និងសប្បាយចិត្តមករហូត តែឯងវិញបែរជាផ្ទុយពីនេះ»

«សូមទោស…» បំពង់ក.ខ្ញុំស្ងួតក្រៀមដូចកំពុងឈរកណ្ដាលសមុទ្រខ្សាច់ល្វឹងល្វើយ។ កាន់តែស្ដាប់កាន់តែយល់ថាត្រចៀកទាំងគូហ៊ឹងទៅៗ។ ពាក្យពេចន៍គ្រប់ម៉ាត់របស់លម្អសុទ្ធតែជាពាក្យពិតឥតប្រតិដ្ឋ ហើយពាក្យពិតទាំងនោះវាល្វីងជាងស្លែងនិងជូរចត់ជាងអ្វីៗទាំងអស់នៅលើលោក។

«ជំនួសពាក្យសូមទោស ឯងគួរតែធ្វើតាមសន្យាដែលធ្លាប់ប្រាប់ខ្ញុំវិញ»

«សន្យា?» ខ្ញុំផ្ទួនពាក្យសួរបក។ ពាក្យសន្យាដែលខ្ញុំធ្លាប់ពោលទៅកាន់លម្អ វាមិនតិចជាងមួយរយសន្យាទេតាំងពីស្គាល់គ្នាមក។ ខ្ញុំមិនដឹងថានាងចង់សម្តៅលើសន្យាមួយណា…តែមិនអីទេ! មួយណាក៏ដោយ ខ្ញុំប្រាកដជាធ្វើតាមទាំងអស់មិនរួញរាឡើយ។

«ក្រែងថាគ្រប់យ៉ាងរបស់ឯងជារបស់ខ្ញុំមែនទេ? រាងកាយឯង បេះដូងឯង កែវភ្នែកឯងសុទ្ធតែជារបស់ខ្ញុំ…»

«មែនហើយ! ឯងចង់បានអីប្រាប់ខ្ញុំមកចុះ លម្អ! ខ្ញុំយកមកឱ្យឯង ខ្ញុំនឹងជួយឯងគ្រប់យ៉ាង…» ខ្ញុំងក់ក្បាលស្ទើរបូតចេញពីក.ទាំងដឹងច្បាស់ថាលម្អមើលអីមិនឃើញ។ ភ្លាមៗនោះបាតដៃក្តៅ​ស្ទិញ​ទាំងសងខាងរបស់នាងក៏លូកមករកបាតដៃរបស់ខ្ញុំនិងក្តោបវាតិចៗដូចជាសព្វដងដែលនាងតែងនៅក្បែរខ្ញុំ លួងលោមខ្ញុំដូច្នោះ។ ខ្ញុំញញឹមនិងកំពុងចាំស្ដាប់ប្រយោគបន្ទាប់របស់លម្អពេញទំហឹង តែ…

«…»

«អ៊ីចឹងបរិច្ចាគកែវភ្នែកឯងមកឱ្យខ្ញុំបានទេ?»

«ថាម៉េច?»

ខ្ញុំស្ដាប់ច្រឡំមែនទេ? បរិច្ចាគភ្នែកឬ? ខ្ញុំមិនធ្លាប់គិតថានឹងបានឮប្រយោគនេះពីនាងឡើយ

អត់ទេ! គឺមិនសូម្បីតែធ្លាប់គិតថាប្រយោគបែបនេះនឹងមានមនុស្សហ៊ាននិយាយទៅកាន់អ្នកក្បែរខ្លួនទាល់តែសោះ!

«ងងឹតភ្នែកបែបនេះពិតជាពិបាកណាស់! ខ្ញុំចង់មើលឃើញម្ដងទៀត ខ្ញុំចង់ទៅបុណ្យសពម៉ាក់ និងមានរឿងជាច្រើនទៀតដែលខ្ញុំមិនទាន់បានធ្វើ! ឯងជួយខ្ញុំបានទេ?»

ស្នាមញញឹមខ្ញុំរលាយចេញពីផ្ទៃមុខមួយរំពេច។ បាតដៃដែលកំពុងត្រូវបានមិត្តសម្លាញ់ក្រសោបនោះស្រាប់តែភ្លាមៗដកចេញពីនាងមិនដឹងខ្លួន គឺមិនដឹងខ្លួនថាខ្ញុំនេះក្រោកពីគែមគ្រែ បោះជំហានថយក្រោយតាំងពីពេលណាផង…

«សីម៉ា…» លម្អបន្តហៅឈ្មោះខ្ញុំ។ សំឡេងអណ្តឺតអណ្ដករបស់ខ្ញុំមុននេះរលាយបាត់ តែទឹកភ្នែកនៅតែបន្តកន្ទុយគ្នាស្រក់ធ្វើឱ្យរូបភាពគ្រប់យ៉ាងក្លាយជាស្រវាំង តែទោះជាបែបនោះក៏ខ្ញុំនៅអាចមើលឃើញស្នាមញញឹមរបស់លម្អដែលកំពុងរោយរាយលើផ្ទៃមុខស្លេកស្លាំងនោះបានច្បាស់ដដែល។

ខ្ញុំមិនអាចទ្រាំមើលទៀតទេ!

ការឈានជើងថយក្រោយសន្សឹមៗមុននេះ ប្តូរទៅជារត់ចេញពីបន្ទប់លែងហ៊ានងាកក្រោយ​។ ខ្ញុំដឹងច្បាស់ថាខ្លួនកំពុងអាត្មានិយមម្ដងទៀតខណៈរត់ចេញពីមិត្តសម្លាញ់ក្នុងគ្រាហ៍ដែលនាងជួបទុក្ខធំបំផុត តែខ្ញុំប្រឈមមុខមិនបាន! ប្រយោគរបស់លម្អមានឥទ្ធិពលខ្លាំងពេកហើយ…

«ទឹង!» សំឡេងជណ្ដើរយោងបន្លឺឡើងក្រោយទ្វារដែករបើកចេញពីគ្នាបន្ទាប់ពីខ្ញុំចុះពីជាន់ទី១២ មកដល់ជាន់ផ្ទាល់ដីទាំងស្លេកស្លាំង ញ័រសព្វសាច់ និងប្រើអស់កម្លាំងនាំរាងកាយចេញពីមន្ទីរពេទ្យក្រោមក្រសែភ្នែកងឿងឆ្ងល់របស់គ្រូពេទ្យ និងអ្នកជំងឺជាច្រើននាក់ផ្សេងទៀត។

ទ្វារកញ្ចក់ធំរបស់មន្ទីរពេទ្យបង្ហើបចេញពីគ្នាដោយស្វ័យប្រវត្តិ។ ខ្ញុំដើរសឹងក្លាយជារត់ចេញពីអគារពណ៌ស.ទាំងគ្មានអារម្មណ៍ក្នុងខ្លួន ហើយភ្លាមៗនោះស្រាប់តែ…

«វឹប!»

«…» អ្វីម្យ៉ាងធ្លាក់ចុះពីលើអាកាសមកចំពីមុខខ្ញុំរហូតខ្ញុំភ្ញាក់ព្រើត អស់ព្រលឹងពីខ្លួនរលីងត្រឹមពេលមួយប៉ប្រិចភ្នែក។

ខ្ញុំរហ័សឱនមើលក្បែរជើងហើយបេះដូងក៏ស្ទើរឈប់លោត ទន់ខ្លួនដួលព្រូសលើឥដ្ឋ ចង់ស្រែកក៏ស្រែកមិនចេញ ចង់យំក៏យំមិនឮ វាប្រៀបដូចជាពិភពលោកគាំងស្ញេញលែងដំណើរការដូច្នោះ។

លម្អ!

គឺលម្អលោតពីលើអគារសម្លាប់ខ្លួន! រាងកាយនាងនាពេលនេះដេកស្ដូកស្តឹងក្នុងសភាពបាក់ដៃជើងនៅចំពោះមុខខ្ញុំ។ របស់រាវពណ៌ក្រហមហូរចេញពីគ្រប់កន្លែងនៃរាងកាយដាបប្រលាក់ពេញឥដ្ឋ និងនៅតែបន្តហូរមកប៉ះស្បែករបស់ខ្ញុំរហូតដឹងដល់កម្តៅក្តៅស្ទើរលាករបស់វា។

មិនដឹងថាខ្ញុំអង្គុយស្ងៀមដូចរូបចម្លាក់មើលទៅមិត្តសម្លាញ់អស់ប៉ុន្មាននាទីទេ ក្នុងពេលដែលគេគ្រប់គ្នារត់ឈូឆររត់មករកកន្លែងកើតហេតុ។

រូបភាពរបស់លម្អនាពេលនេះប្រាកដណាស់ថានឹងដក់ជាប់ក្នុងការចងចាំខ្ញុំយ៉ាងច្បាស់រហូតដល់ថ្ងៃស្លាប់។ រាងកាយស្គមស្ដើងស្លេកស្លាំងក្នុងឈុតអ្នកជំងឺស.ដែលពេលនេះក្លាយជាពណ៌ក្រហមដោយសារឈាម ដៃជើងទាំងគូស្ទើរតែខុសទ្រង់ទ្រាយដើមទាំងស្រុងព្រោះទង្គិចខ្លាំងជ្រុល ពិសេសគឺផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាតមានរស្មី ពេលនេះមើលលែងយល់…វាដាបទៅដោយឈាមគ្រប់ទីកន្លែង ក្បាល ច្រមុះ មាត់ ត្រចៀក និងសូម្បីតែភ្នែកដែលរុំក្រណាត់នោះក៏ក្រហមឆ្អិនឆ្អៅដែរ។

ប្រាំពីរថ្ងៃកន្លងផុតទៅ…

ខ្ញុំសំងំក្នុងបន្ទប់ដេកមិនចេញទៅណាអស់មួយសប្ដាហ៍ហើយតាំងពីថ្ងៃដែលលម្អស្លាប់។ ដៃជើងខ្ញុំទន់គ្មានកម្លាំងកម្រើកបន្តិចក៏មិនរួច បំពង់ក.ស្អកខ្សោះនិយាយអ្វីក៏មិនចេញ មានតែភ្នែកទាំងគូប៉ុណ្ណោះដែលហាក់សកម្មជាងគេព្រោះមិនធ្លាប់មានមួយវិនាទីណាដែលថាស្ងួតគ្មានទឹកនេត្រាស្រក់មកនោះទេ។

សភាពគួរឱ្យអាណោចរបស់មិត្តសម្លាញ់ក្នុងថ្ងៃកើតហេតុនោះនៅវិលវល់ពេញខួរក្បាលខ្ញុំ ឆ្លាស់គ្នានឹងពាក្យថា «ឃាតកៈ» ដែលហាក់កំពុងសម្លាប់ខ្ញុំឱ្យស្លាប់ទាំងរស់។ ទោះខំរកលេសដោះសាយករួចខ្លួនយ៉ាងណាក៏ចុងក្រោយនៅតែជាខ្ញុំដែលជាដើមហេតុធ្វើឱ្យលម្អស្លាប់។

«តុកៗ… តុកៗ…»

«សីម៉ា ទៅជាមួយម៉ាក់ទេកូន?» សំឡេងម៉ាក់បន្លឺនៅក្រៅទ្វារឈើនៃបន្ទប់ដេករបស់ខ្ញុំជាលើកទីប៉ុន្មានរយហើយក៏មិនដឹង។ ម៉ាក់មិនបើកចូលមកព្រោះខ្ញុំហាមហើយហាមទៀតមិនចង់ឱ្យគាត់ឃើញសភាពយ៉ាប់យ៉ឺនរបស់ខ្ញុំនាខណៈនេះ។

«…» ជំនួសឱ្យការឆ្លើយតបភ្លាមៗ កែវភ្នែកខ្ញុំងាករកប្រតិទិនលើតុនិងឃើញថាថ្ងៃនេះជាគម្រប់ខួប៧ថ្ងៃនៃការស្លាប់របស់លម្អ។ មួយឆ្នាំមុនគឺបុណ្យ៧ថ្ងៃប៉ានាង បួនថ្ងៃមុនគឺ៧ថ្ងៃម៉ាក់នាង ចំណែកថ្ងៃនេះគឺដល់វេននាងម្ដង…ខ្ញុំពិតជាចង់បន់ស្រន់ឱ្យនាងបានជួបប៉ាម៉ាក់នៅឋានសួគ៌ណាស់ តែបែរជាយល់ថាមនុស្សដូចខ្ញុំនេះមិនសមឬគ្មានមុខអីបន់ស្រន់ឱ្យនាងទេ…

«សីម៉ា! ទៅជាមួយម៉ាក់និងប៉ាណាកូន! លម្អ ជាមិត្តរបស់កូនណា៎»

«ខ្ញុំស្លៀកពាក់សិនម៉ាក់»

ទីបំផុតខ្ញុំសម្រេចចិត្តថានឹងទៅបុណ្យសពនាងហើយ។

រថយន្តរបស់ប៉ាបរចេញពីបរិវេណភូមិគ្រឹះរបស់គ្រួសារយើង។ ប៉ាជាអ្នកបើកដោយមានម៉ាក់អង្គុយជិត ចំណែកខ្ញុំត្រូវអង្គុយបាំងក្រោយ។ តាមធម្មតាប៉ាមានសូហ្វ័រម្នាក់បើកជូនទៅនេះទៅនោះជាប្រចាំ តែថ្ងៃនេះមានតែគ្រួសារយើងបីនាក់ប៉ុណ្ណោះដែលកំពុងធ្វើដំណើរទៅភូមិគ្រឹះរបស់ពូលម្អ ដើម្បីចូលរួមពិធីបុណ្យ៧ថ្ងៃរបស់នាង។

«សីម៉ា មិនអីទេមែនទេកូន?» ប៉ាសួរខ្ញុំទាំងដៀងភ្នែកមើលមកតាមកញ្ចក់មើលក្រោយ។ ខ្ញុំក៏ងក់ក្បាលតិចៗនិងប្រាប់ថា «មិនអីទេ» ទាំងបេះដូងខ្ទេចខ្ទាំអស់ហើយ។ ហេតុការណ៍ថ្ងៃនោះលងបន្លាចខ្ញុំគ្រប់ពេលវេលា សូម្បីតែវិនាទីដែលខ្ញុំកំពុងមើលទេសភាពក្រៅកញ្ចក់ឡាននាខណៈនេះក៏រូបភាពលម្អនៅបញ្ចាំងច្បាស់ៗក្នុងភ្នែកខ្ញុំដដែល។

«ថ្ងៃនេះបុណ្យ៧ថ្ងៃលម្អ ស្អែកយើងទៅវត្តដើម្បីធ្វើបុណ្យឱ្យគ្រួសាររបស់លម្អម្ដងទៀត! កូនត្រូវទៅជាមួយម៉ាក់ណា៎ សីម៉ា» ម៉ាក់ងាកមករកខ្ញុំទាំងលូកដៃម្ខាងមកក្រសោបដៃរបស់ខ្ញុំផង។ ខ្ញុំក៏ងក់ក្បាលទាំងមិនគិតច្រើន ចង់តបទៅម៉ាក់ខ្លាំងណាស់តែបែរជាហាមាត់មិនរួចព្រោះភ្លាមៗនោះឡានទាំងមូលក្លាយជាងងឹតព្រោះស្រមោលរថយន្តធំមួយគ្រឿងទៀតបើកមកពីចម្ងាយ ហើយក៏…

«ប៉័ង!!»

ងងឹតឈឹង!

ហេតុអីខ្ញុំឃើញតែពណ៌ខ្មៅគ្រប់ទីកន្លែងបែបនេះ? ចាំបានថាថ្ងៃបុណ្យ៧ថ្ងៃរបស់លម្អ ខ្ញុំអង្គុយក្នុងឡានជាមួយម៉ាក់និងប៉ា បន្ទាប់ពីនោះម៉ាក់បបួលខ្ញុំទៅវត្តដើម្បីធ្វើបុណ្យឱ្យគ្រួសាររបស់នាង តែមិនទាន់បានតបផងក៏មានឡានធំមួយបើកមកបុកពួកយើងពីចម្ងាយ…

វាកន្លងផុតទៅប៉ុន្មាននាទី ប៉ុន្មានម៉ោងហើយ? រាងកាយខ្ញុំឈឺសព្វសាច់ កម្រើកដៃក៏ឈឺ កម្រើកជើងក៏ឈឺ ភ្នែកក៏មើលអ្វីមិនឃើញ បំពង់ក.ស្អួតខ្សោះពោលអ្វីក៏មិនចេញ។

ម៉ាក់! ប៉ា! អ្នកទាំងពីរនៅឯណា?

បានត្រឹមស្រែកហៅក្នុងចិត្តទាំងក្តុកក្តួល។ អ្នកមានគុណរបស់ខ្ញុំពេលនេះយ៉ាងម៉េចហើយ? វាពិតជាងងឹតណាស់ តែខ្ញុំបែរជាដឹងច្បាស់ថាកែវភ្នែកទាំងគូកំពុងសើមដោយសារការយំ។

«សីម៉ា…សីម៉ា…ដឹងខ្លួនហើយមែនទេកូន?» សំឡេងដែលស្គាល់ច្បាស់បន្លឺមកពីចម្ងាយជាមួយទឹកដមរំភើបត្រេកអរ។ បេះដូងខ្ញុំស្រាប់តែលោតញាប់ ក្តីសង្ឃឹមរោយពេញបេះដូងត្រឹមពេលមួយប៉ប្រិចភ្នែក។ ទីបំផុតខ្ញុំបានលឺសំឡេងម៉ាក់ហើយ ទោះឆ្លើយមិនរួចក្តី។

«…»

សម្រិបជើងម៉ាក់កាន់តែលឺទៅៗព្រោះម៉ាក់រត់មករកខ្ញុំ តាមដោយសម្រិបជើងជាច្រើនគូផ្សេងទៀតដែលគួរតែជាគ្រូពេទ្យ។ ពួកគេពិនិត្យរាងកាយខ្ញុំយ៉ាងល្អិតល្អន់ តាមដោយការយកទឹកដាក់ទុយោឱ្យខ្ញុំបឺតផង មិនដឹងកន្លងផុតទៅអស់ប៉ុន្មាននាទីទេ ទីបំផុតបំពង់ក.ខ្ញុំមានសំណើមឡើងវិញអាចនិយាយស្តីបានហើយ។

«ម៉ាក់…» ខ្ញុំហៅអ្នកមានគុណសំឡេងស្រាល មុននឹងដឹងដល់កម្តៅដៃរបស់ម៉ាក់ដែលក្រសោបដៃឆ្វេងរបស់ខ្ញុំ។ ដៃម៉ាក់ញ័រតិចៗប្រាកដណាស់ថាកំពុងរន្ធត់ចិត្ត និងអាចឈានដល់ការខ្សឹកខ្សួលដែរ។

«សីម៉ា…ផុតគ្រោះថ្នាក់ហើយណា៎…មិនអីទេ…» បាតដៃម្ខាងទៀតរបស់ម៉ាក់លូកមកអង្អែលថ្ពាល់ខ្ញុំថ្នមៗ។ ខ្ញុំចង់ចូលទៅឱបម៉ាក់ទាស់ត្រង់មានសំណួរក្នុងចិត្តច្រើនពេកទើបសម្រេចអង្គុយផ្អែកក្បាលគ្រែធម្មតា និងនិយាយជាមួយគាត់សិន។

«ចុះប៉ាយ៉ាងម៉េចហើយម៉ាក់? ប៉ាមិនអីទេមែនទេ?»

«ប៉ានិងម៉ាក់មិនអីទេ គ្រាន់តែត្រូវរបួសតិចតួចប៉ុណ្ណោះ! គឺមានតែកូនដែលធ្ងន់ធ្ងរជាងគេ គេងពេទ្យមួយអាទិត្យហើយទើបដឹងខ្លួនទេនេះ»

«មួយអាទិត្យហើយឬ?» ខ្ញុំផ្ទួនពាក្យសួរបក។ មានអារម្មណ៍ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទើបតែកើតឡើងមួយម៉ោងមុនប៉ុណ្ណោះ ស្មានមិនដល់ថាខ្ញុំសន្លប់មិនដឹងខ្លួនដល់ទៅមួយអាទិត្យ។

«មែនហើយ! ពេលនេះប៉ាទៅក្រុមហ៊ុន បន្តិចទៀតនឹងមកមើលកូន ប៉ាត្រេកអរណាស់ពេលដឹងថាកូនដឹងខ្លួនឡើងវិញ»

«ប៉ុន្តែហេតុអីចាំបាច់បិទភ្នែកខ្ញុំដែរ? ខ្ញុំមើលអីមិនឃើញទេ! ម៉ាក់ជួយដោះក្រណាត់ចេញបន្តិចទៅ» ខ្ញុំបង្អូសសំឡេងប្រាប់ម៉ាក់ព្រោះទ្រាំលែងបានតទៅទៀតហើយ។ ងាកទៅខាងណាក៏ឃើញតែភាពងងឹតសូន្យសុង បើឱ្យអង្គុយបែបនេះមួយនាទីទៀតខ្ញុំថប់ដង្ហើមស្លាប់មិនខានទេ។

«…» ស្ងាត់។

«ម៉ាក់» ខ្ញុំហៅម្ដងទៀតព្រោះមិនលឺម៉ាក់តបខ្ញុំសោះ ជំនួសឱ្យសំឡេងខ្សឹកខ្សួលដែលកាន់តែឮទៅៗ។

«សីម៉ា… ភ្នែកកូនដោះក្រណាត់ឬរុំក្រណាត់គឺមិនខុសគ្នាទេ…»

«ចាស៎?» ចិញ្ចើមខ្ញុំចងចូលគ្នា កំពុងនឹកគិតពីប្រយោគដែលម៉ាក់និយាយ។ ដោះក្រណាត់ឬរុំក្រណាត់មិនខុសគ្នាយ៉ាងម៉េច? រុំក្រណាត់បែបនេះងងឹតសឹងស្លាប់ទៅហើយ! តែឈប់សិន! ម៉ាក់និយាយបែបនេះមានន័យថាវាងងឹតដូចគ្នាមែនទេ? ខ្ញុំពិការភ្នែកឬ?

អត់ទេ! មិនអាចទេ! ខ្ញុំម៉េចនឹងអាចពិការភ្នែកទៅ!

«សីម៉ា កុំរន្ធត់ចិត្តណាកូន! មានម៉ាក់នៅទីនេះហើយ!» ម៉ាក់ចាប់ផ្ដើមលួងលោមខ្ញុំ តែពាក្យអស់នោះស្ដាប់ត្រចៀកឆ្វេងចេញត្រចៀកស្ដាំ។ ខ្ញុំប្រញាប់លើកដៃទាញក្រណាត់រុំភ្នែកអស់ទំហឹងរហូតដឹងដល់ភាពក្តៅផ្សាដោយការរបកស្បែកតិចៗ​ តែរឿងធំបំផុតនោះគឺខ្ញុំបើកភ្នែកហើយ តែគ្រប់យ៉ាងងងឹតស្លុប មិនឃើញមុខម៉ាក់ មិនឃើញបន្ទប់ដែលកំពុងសម្រាក មិនឃើញដៃជើងខ្លួនឯងទាល់តែសោះ។

«អត់ទេ!​ ខ្ញុំមិនអាចក្លាយជាបែបនេះទេ…ម៉ាក់…ហេតុអីខ្ញុំត្រូវពិការភ្នែកដែរ?» ទឹកភ្នែកខ្ញុំហូរហើយហូរទៀតសើមប្រលាក់ពេញថ្ពាល់ទាំងសងខាង។ ខ្ញុំចង់ចុះពីគ្រែរត់ទៅណាឱ្យបាត់ៗតែព្រោះមើលអីមិនឃើញ កម្រើកមិនប្រយ័ត្នបន្តិចក៏ធ្លាក់ព្រូសលើឥដ្ឋ ចុករោយពេញអស់ខ្លួនប្រាណ។

«សីម៉ា…កុំធ្វើបែបនេះណាកូន…សីម៉ា…ហឹក…» ម៉ាក់ស្ទុះមកឱបខ្ញុំក្រសោបជាប់ដើមទ្រូង និងយំយកៗជាងខ្ញុំដែលកំពុងពិការភ្នែកទៅទៀត។ ដៃខ្ញុំម្ខាងចង់រុញម៉ាក់ចេញ តែម្ខាងទៀតបែរជាបាត់អស់កម្លាំងកំហែង ចុងក្រោយក៏ធ្វើអីមិនបានក្រៅពីយំយកៗមិនខ្មាសមេឃដី យំបណ្ដើរថប់ដង្ហើមបណ្ដើរ ងាកទៅខាងណាក៏ឃើញតែពណ៌ខ្មៅជុំជិតខ្លួនប្រាណទាំងមូល…

បាតដៃម៉ាក់អង្អែលក្បាលខ្ញុំដូចជារាល់ដងដែលម៉ាក់តែងលួងលោមខ្ញុំពេលដែលខ្ញុំពិបាកចិត្ត។ បាតដៃផ្សេងទៀតក៏លូកមកជូតទឹកភ្នែកចេញពីថ្ពាល់ទាំងសងខាងរបស់ខ្ញុំថ្នមៗ ដូចខ្លាចថានឹងរបកស្បែកធ្វើឱ្យខ្ញុំឈឺដូច្នោះ។

តែឈប់សិន! បាតដៃទាំងពីររបស់ម៉ាក់រវល់ជូតទឹកភ្នែកឱ្យខ្ញុំហើយ ចុះនរណាកំពុងអង្អែលក្បាលខ្ញុំ?

«សីម៉ា…ចាប់ពីពេលនេះទៅទុកឱ្យខ្ញុំមើលផ្លូវជំនួស​ឯងណា…ខ្ញុំនឹងនៅក្បែរឯងរហូតដល់ថ្ងៃឯងស្លាប់ មិនទៅណាចោលឯងជាដាច់ខាត…»

នរណានិយាយ? សំឡេងនេះ ទឹកដមបែបនេះ ច្បាស់ណាស់ថាវាដូចគ្នាបេះដាក់នឹងមិត្តសម្លាញ់ខ្ញុំ តែលម្អស្លាប់បាត់ទៅហើយ…ខ្ញុំស្ដាប់ច្រឡំទេដឹង?

ខ្ញុំគ្រវីក្បាលស្ទើrដាច់ចេញពីក.តែបាតដៃដែលអង្អែលសរសៃរសក់ខ្ញុំនោះនៅតែធ្វើចលនាដដែល…អត់ទេ! ម៉េចនឹងអាចជាលម្អទៅ? នាងមកសងសឹកខ្ញុំដែលខ្ញុំមិនព្រមប្រគល់កែវភ្នែកឱ្យនាងមែនទេ? នាងពិតជាមកទារយកសន្យារបស់ខ្ញុំមែនឬ?

៥ ឆ្នាំកន្លងផុតទៅ…

«អរគុណអ្នកនាង!​ អញ្ជើញមកម្ដងទៀតណា៎» សំឡេងស៊ាំត្រចៀករបស់បុគ្គលិកស្រីក្នុងហាងកាហ្វេបន្លឺឡើង ក្រោយខ្ញុំបោះជំហានចេញពីហាងបន្ទាប់ពីអង្គុយស្ដាប់ចម្រៀងអស់ជិតពីរម៉ោង​។

ទ្វារកញ្ចក់បិទជិតដោយស្វ័យប្រវត្តិ ស្របពេលខ្យល់ត្រជាក់ៗបក់ប៉ះផ្ទៃមុខរបស់ខ្ញុំ ឆ្លាស់គ្នានឹងសំឡេងអ៊ូអរបស់មនុស្សម្នាដែលដើរឆ្លងកាត់ នៅមានឡានម៉ូតូកកកុញតាមរបៀបរាជធានីទូទៅ។

ងងឹតដូចដើម!

ភ្នែកខ្ញុំនៅតែងងឹត តែត្រចៀកទាំងគូមានសមត្ថភាពអាចស្តាប់បានល្អជាងមុនទ្វេដង ដូចគេនិយាយថាញាណមួយបាត់បង់ នឹងជំនួសមកវិញនូវញាណមួយទៀត ហើយញាណដែលខ្ញុំទទួលបាននោះគឺការស្ដាប់ឮនូវអ្វីដែលមនុស្សធម្មតាស្ដាប់មិនលឺ តែក៏ប្រហែលជាគ្មាននរណាចង់ឮដែរ។

ដ្បិតមើលអ្វីមិនឃើញ តែផ្លូវនេះខ្ញុំស្គាល់ច្បាស់ព្រោះប្រាំឆ្នាំកន្លងមកខ្ញុំតែងមកអង្គុយស្ដាប់ចម្រៀងក្នុងហាងកាហ្វេ។ ចេញពីហាងកាហ្វេទៅញ៉ាំអាហារថ្ងៃត្រង់ រួចទើបចូលផ្ទះ។ សកម្មភាពដដែល​ៗ សំឡេងបុគ្គលិករាក់ទាក់ខ្ញុំដដែលៗ ខ្ញុំមានលទ្ធភាពត្រឹមធ្វើរឿងដដែលៗបែបនេះរហូតដល់ថ្ងៃស្លាប់ប៉ុណ្ណោះ។

«ចៀសផ្លូវៗ…ចៀសផ្លូវៗ…» សំឡេងស្រែកទ្រហឹងអឺងកងបន្លឺមកពីចម្ងាយ និងកាន់តែកៀកទៅៗ ប្រដាំត្រសងនឹងសំឡេងអ៊ូអររបស់មនុស្សម្នា។ កំពុងឆ្ងល់ថាមានរឿងអីកើតឡើង តែមិនទាន់បានគិតផងក៏មានកម្លាំងអ្វីម្យ៉ាងរត់មកបុកកណ្ដាលខ្នងខ្ញុំពេញទំហឹងរហូតទប់ជំហរលែងជាប់ ដួលព្រូសលើឥដ្ឋជាមួយភាពងងឹតសូន្យឈឹង។

«គឺចោរឆក់កាបូបកំពុងរត់គេចពីប៉ូលិស» សំឡេងស្រាលបន្លឺក្បែរត្រចៀកឆ្វេងរបស់ខ្ញុំ ហុចផលឱ្យរោមលើខ្លួនបះឡើងច្រូងច្រាង។

គឺសំឡេងរបស់លម្អដែលប្រាំឆ្នាំមកនេះតែងនៅក្បែរខ្ញុំ មើលផ្លូវឱ្យខ្ញុំជានិច្ច។

ខ្ញុំមិនតបនិងប្រញាប់លូកដៃរាវរកឈើច្រត់ដែលប្រើសម្រាប់វាសមើលផ្លូវ តែរកយ៉ាងណាក៏រកមិនឃើញ។

«ទៅមុខបន្តិច គ្រវាសដៃទៅឆ្វេង» សំឡេងនោះនៅតែបន្តប្រាប់ខ្ញុំជារឿយៗ។ ខ្ញុំប្រញាប់ឈានទៅមុខ គ្រវាសដៃទៅឆ្វេង ហើយក៏ដូចគិតព្រោះរបស់រឹងដែលសំខាន់បំផុតសម្រាប់ខ្ញុំខ្ទាតដល់នោះពិតមែន។ ពេលយករបស់បានហើយខ្ញុំប្រញាប់ទប់លំនឹងខ្លួនដើម្បីក្រោកឈរបោះជំហានថ្នមៗខ្លីៗទៅមុខបន្តទៀត ទាំងទឹកភ្នែករកកលចង់ស្រក់ តែព្យាយាមអស់ទំហឹងដើម្បីទប់វា។

បាតដៃនរណាម្នាក់លូកមកអង្អែលសរសៃរសក់របស់ខ្ញុំថ្នមៗ បង្អូសចុះដល់កញ្ចឹងក. ស្មា រហូតឈប់ត្រឹមបាតដៃរបស់ខ្ញុំហើយក្រសោបតិចៗ។ ដ្បិតមើលមិនឃើញរូបភាពដែលកំពុងកើតឡើងពេលនេះ តែខ្ញុំអាចឃើញយ៉ាងច្បាស់នូវស្ថានភាពមួយកាលពីច្រើនឆ្នាំមុនពេលខ្ញុំនិងលម្អដើរលេងជាមួយគ្នា… គឺនាងកាន់តែខ្ញុំបែបនេះ ថែមទាំងប្រាប់ថាមិនចង់លែង ចង់កាន់រហូតអស់មួយជីវិត កាន់រហូតដល់ថ្ងៃដែលខ្ញុំស្លាប់…ពេលនេះនាងធ្វើតាមពាក្យរបស់ខ្លួនឯងហើយ អត់តែខ្ញុំដែលសន្យាអ្វីហើយមិនដែលសម្រេចសូម្បីតែម្ដង ត្រូវចាំឱ្យនាងមកទារសន្យាដោយខ្លួនឯង…

«ផ្លូវខាងមុខកំពុងជួសជុលមិនអាចដើរបានទេ ត្រូវដើរតាមផ្លូវវាង បត់ឆ្វេងម្ដង បត់ស្ដាំពីរដង នឹងដល់ហាងអាហាររបស់ពួកយើងហើយ»

«…»

«អេ៎! លោកយាយម្នាក់ដែលលក់ដង្កៀបនៅចុងផ្លូវមិនឃើញមកទេ! ឯងមិនបាច់ដើរគេចពីតុរបស់គាត់ទេថ្ងៃនេះ! តែគាត់ទៅណាណ៎?»

«…»

«សីម៉ាអ្ហា៎! ញញឹមបន្តិចទៅ! ថ្ងៃនេះមេឃពណ៌ខៀវស្រងាត់ល្អណាស់ ឡានម៉ូតូមិនសូវច្រើន ផ្កាឈូករ័ត្ននៅមុខហាងលក់សម្លៀកបំពាក់ក្បែរហាងកាហ្វេមុននេះរីកហើយ ពិតជាស្រស់ស្រាយមែន»

«…»

«ឯងដឹងទេថ្ងៃដែលខ្ញុំពិការភ្នែកក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នោះ ខ្ញុំមិនគិតថាអាចមើលឃើញបែបនេះជាលើកទីពីរទេ! គ្រប់យ៉ាងត្រូវអរគុណដល់ឯង! គឺឯងជាអ្នកជួយខ្ញុំ គ្រប់យ៉ាងរបស់ឯងគឺជារបស់ខ្ញុំ សូម្បីតែកែវភ្នែកក៏ឯងលះបង់ឱ្យខ្ញុំដែរ…សីម៉ារបស់ខ្ញុំល្អជាងគេនៅលើលោក»

ត្រចៀកខ្ញុំស្ទើហ៊ឹង ដើមទ្រូងខ្ញុំស្ទើតែប្រេះបែកទៅហើយ។ រយៈពេលប្រាំឆ្នាំដែលខ្ញុំពិការភ្នែក ប្រាំឆ្នាំដែលត្រូវទៅណាមកណាជាមួយវិញ្ញាណមិត្តសម្លាញ់ នាងពិតជាត្រជាក់ជាងទឹកកកទៅទៀត…ទារសន្យាជាមួយវិធីឃោឃៅបំផុត វាឃោឃៅជាងសម្លាប់ខ្ញុំឱ្យស្លាប់ទាំងរស់រាប់រយពាន់ដងឯណោះ។

មេរៀននេះខ្ញុំច្បាស់ជាចាំអស់មួយជីវិត អត់ទេ! អាចនឹងចាំដល់ជាតិក្រោយទៀតផងព្រោះគ្រប់នាទីខ្ញុំរស់ដោយការសោកស្តាយ រស់ដោយក្តីឈឺចាប់…ពាក្យសន្យាដែលខ្ញុំសន្យាជាមួយលម្អ ​ជាដើមហេតុដែលខ្ញុំត្រូវធ្លាក់ក្នុងសភាពបែបនេះ មិនត្រឹមតែពេលនេះតែវារាប់សិបឆ្នាំទៅមុខទៀត…គឺគ្មានថ្ងៃបញ្ចប់ឡើយ ទោះបីជាថ្ងៃដែលខ្ញុំអស់ដង្ហើមក៏មិនប្រាកដថាលម្អនឹងទុកខ្ញុំឱ្យនៅម្នាក់ឯង ឬមិនតាមខ្ញុំទៅគ្រប់ទីកន្លែងនោះដែរ។

កុំសន្យានូវអ្វីដែលអ្នកមិនដឹងច្បាស់!