រឿង៖ ៤៨ម៉ោងបំបែកក្តីឃាតកម្ម ភាគទី១

វគ្គ «រោងចក្រ មីដូនតា»

តក់!… តក់!…

សំឡេងទឹកស្រក់ចុះពីម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ការិយាល័យរោងចក្រមួយកន្លែង បន្លឺសូរតកន្ទុយគ្នា។ ថ្មើរនេះម៉ោង៦:៣០នាទីល្ងាចទៅហើយ បុគ្គលិកទាំងអស់ក៏ល្មមដល់ពេលសម្រាកហើយ​ដែរ​។ តាមកន្លែងធ្វើការនីមួយៗស្ងាត់ជ្រាប អេក្រង់កុំព្យូទ័របិទងងឹតឈឹង នៅសល់តែតុមួយដែលនៅចុងដាច់ដោយឡែកពីគេ នៅមានពន្លឺស្ទង់ៗស្ទើរភ្លឺស្ទើរងងឹត។

“ម៉ាស៊ីនត្រជាក់នេះ ថ្ងៃណាមិនខូច មកខូចចំថ្ងៃយើងថែមម៉ោង…ស៊យមែន!”

ស្រមោលមនុស្សប្រុសម្នាក់ចេញពីក្នុងបន្ទប់ដាក់សម្ភារៈ ដោយមានកាន់ធុងទឹកតូចមួយក្នុងដៃផង ដើរបណ្ដើររអ៊ូតិចៗម្នាក់ឯងបណ្ដើរ។

រូបរាងនិងទម្រង់មុខ របស់គេទំនងជាមានវ័យប្រហែល២៥ឆ្នាំ។ គេឱនដាក់ធុងទឹកទៅត្រងចំកន្លែងដែលម៉ាស៊ីនត្រជាក់លេចទឹក ទាំងមិនអស់ចិត្ត។

វឹប!…

ស្រមោលស្ទង់មួយ ស្ទុះរត់ចេញពីមាត់ទ្វារនៃបន្ទប់ការិយាល័យធ្វើការរបស់ប្រធានរោងចក្រ ដែលនៅខាងក្រៅនៃផ្ទៃកញ្ចក់ស្រអាប់។ អ្នកកំលោះងើបមុខមើលទាំងងឿងឆ្ងល់ ព្រោះក្រៅពីខ្លួនមិនសមថាមាននរណាមិនទាន់ចេញពីធ្វើការទៀត បើថាជាលោកប្រធានរបស់គេក៏ដូចជាមិនមែនព្រោះ គ្រប់គ្នាសុទ្ធតែដឹងថាគាត់មានបញ្ហាក្បាលជង្គង់ មិនអាចរត់ឬធ្វើចលនាលឿនបានទេ។

“ឬមួយក៏គាត់មានការងារអីបន្ទាន់ខ្លាំង បានជារត់ទៅទាំងប្រញាប់បែបនេះ?”

ថាហើយ គេក៏ដើរត្រលប់មកតុធ្វើការរបស់ខ្លួន កន្លែងដែលមានកុំព្យូទ័របើកចោលមុននេះវិញ។ តែរូបភាពនៅនឹងកន្ទុយភ្នែករបស់នាយបែរជាធ្វើឱ្យនាយចាប់អារម្មណ៍ថា ទ្វារបន្ទប់ធ្វើការរបស់លោកប្រធានរបស់គេហាក់ដូចជាបើកចំហចោល។ មិនអស់ចិត្ត គេក៏ក្រោកដើរសម្ដៅទៅរកទ្វាររួចចេញទៅបម្រុងនឹងបិទទ្វារបន្ទប់ឱ្យគាត់ ស្រាប់តែ…

“លោកប្រធាន!” គេស្រែកទាំងភ្ញាក់ផ្អើលកាត់ភាពស្ងប់ស្ងាត់នៅក្នុងរោងចក្រ។

រូបរាងកាយរបស់មនុស្សប្រុសវ័យកណ្ដាលម្នាក់ ដេកស្ដូកស្ដឹងលើកម្រាលការ៉ូនៅក្បែរតុធ្វើការរបស់គេ។ នៅខាងក្រោមក្បាលមានឈាមពណ៌ក្រហមស្រស់ហូរចេញមកក្រៅរឹមៗ។ ភ្លាមនោះបុរសម្នាក់ក្នុងសម្លៀកបំពាក់ជាសន្តិសុខរត់ចូលមកដល់ ព្រមទាំងសួរអ្នកកំលោះដែលបានស្រែកស្លន់ស្លោមុននេះ។

“មានរឿងអីបានជាស្រែកខ្លាំងបែបនេះ?”

ភាពភ័យខ្លាចព្រោះបានឃើញទិដ្ឋភាពដ៏គួរឱ្យតក់ស្លុត បែរជាមិនអាចឱ្យគេនិយាយអ្វីបានក្រៅពីប្រើខ្សែភ្នែកត្របាញ់ទៅរករាងកាយដែលកំពុងតែដេកស្ងៀម។ សន្តិសុខងាកទៅមើលតាមទិសដៅភ្នែករបស់គេ ស្រាប់តែបើកភ្នែកធំៗ តែគេនៅគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ទើបស្ទុះចូលទៅក្នុង ហើយយកដៃទៅដាក់ក្បែរច្រមុះរបស់លោកប្រណិត ដែលជាប្រធានរោងចក្ររបស់គេ។

ក្នុងសភាពដ៏ស្ងប់ស្ងាត់ គេស្រាប់តែដកដៃចេញវិញយ៉ាងរហ័ស ព្រមទាំងងាកមកបុរសវ័យក្មេងហើយនិយាយតិចៗ៖

“គាត់អត់ដកដង្ហើមទេ!”

ឡាន៤គ្រឿងឈប់តម្រៀបគ្នានៅមុខរោងចក្រផលិតមី ដែលមានយីហោ“មីដូនតា”។ មនុស្សប្រុសស្រីប៉ុន្មាននាក់ ក្នុងសម្លៀកបំពាក់កងកម្លាំងនគរបាលកម្ពុជាបានចុះពីលើរថយន្តមកបន្តបន្ទាប់គ្នា ដើរចូលទៅក្នុងរោងចក្រ។ មិនយឺតយូរប៉ុន្មាន ម៉ូតូមួយគ្រឿងទៀតបើកបរដោយប៉ូលិសប្រុសមានរូបរាងមាំទាំ ពាក់មួកសុវត្ថិភាពបិទជិត បន្ថយល្បឿនមកឈប់ក្បែរយានយន្តដទៃទៀត។

គេចុះពីលើម៉ូតូបើកកញ្ចក់មួក បង្ហាញឱ្យឃើញកែវភ្នែកមុតថ្លានៅលើផ្ទៃមុខស្រស់សង្ហារបស់គេ។ ដំណើរស្វាហាប់ ម៉ឺងម៉ាត់ ធ្វើឱ្យប៉ូលិសដែលនៅយាមតាមផ្លូវ ឱនគំនាប់គេគ្រប់គ្នា។

“លោកអធិការរង!” ប៉ូលិសក្មេងម្នាក់ដើរចេញពីក្នុងសម្ដៅមករកគេ។

“សុភ័ក្រមកដល់ឬនៅ?”

“មកដល់ហើយ កំពុងត្រួតពិនិត្យកន្លែងកើតហេតុនៅខាងក្នុងទាន!”

លោកអធិការរងវ័យក្មេងមានឈ្មោះថា កែវ ឆាយលី ជាមនុស្សវាងវៃ ធ្លាប់មានស្នាដៃបំបែកសំណុំរឿងក្ដីព្រហ្មទណ្ឌបានច្រើនគួរសម រហូតបានឡើងជាអធិការវ័យក្មេងដែលបំបែកក្ដីបានច្រើនជាងគេប្រចាំតំបន់។

“ខាងនេះ!” ប៉ូលិសប្រុសវ័យប្រហាក់ប្រហែលនឹងគេ កំពុងនៅក្នុងបន្ទប់កើតហេតុរបស់លោកប្រណិត បក់ដៃហៅគេពីចម្ងាយ។

ឆាយលីពាក់ស្រោមដៃបណ្ដើរ ភ្នែករំពៃមើលសព្វជ្រុងជ្រោយនៃទីកន្លែងក្នុងរោងចក្រនេះ។ ក្រសែភ្នែកមុតថ្លាប្រៀបដូចឥន្ទ្រីយ៍របស់គេ បាននឹងកំពុងក្ដោបក្ដាប់យករូបភាពទាំងមូលឱ្យមកមូលទុកក្នុងអង្គចងចាំនៃខួរក្បាល។ គេដើចូលទៅរកសុភ័ក្រព្រមជាមួយនឹងភ្នែកទាំងគូដែលត្របាញ់ទៅរកសាកសពដេកស្ដូកស្ដឹង។

“សាកសពជនរងគ្រោះត្រូវបានបុគ្គលិកនៅក្នុងក្រុមហ៊ុនប្រទះឃើញបែបនេះកាលពីម៉ោង ៦កន្លះល្ងាច ក្រោយពេលដែលគេចេញពីបន្ទប់ទឹកមកវិញ! បន្ទាប់មកគេក៏បានតេទូរសព្ទទៅប្ដឹងប៉ូលិសនិងភរិយារបស់សព! ឥឡូវនេះសាក្សីដែលបានឃើញហេតុការណ៍កំពុងរង់ចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ!”

ឆាយលីដើរទៅពិនិត្យជនរងគ្រោះបន្តិច មុននឹងក្រោកឈរហើយបែរមកសម្លឹងបរិយាកាសជុំវិញការិយាល័យធ្វើការ។ ក្នុងបន្ទប់ធ្វើការមួយនេះ ថ្វីបើមិនសូវជាធំប៉ុន្មាន តែត្រូវបានគេរៀបចំតុបតែងយ៉ាងល្អ ហាក់មិនមែនចេះតែដាក់របររបស់ប្រើប្រាស់ឱ្យតែបានៗដូចជាបន្ទប់នៅក្នុងរោងចក្រឡើយ។ ក្រៅពីតុ និងកៅអី នៅមានទូដាក់ឯកសារពីរបីគ្រឿងតម្រៀបបន្តគ្នានៅខាងឆ្វេងដៃ។ ផ្នែកខាងក្រោយមានព្យួរស៊ុមរូបថតប៉ុន្មានសន្លឹករបស់លោកប្រណិត និងមនុស្សប៉ុន្មាននាក់ទៀតឈរចាប់ដៃគ្នានៅមុខខ្សែបូពណ៌ក្រហមស្រស់ ទំនងជាថតក្នុងថ្ងៃសម្ពោធរោងចក្រ។

នៅខាងស្ដាំដៃកន្លែងធ្វើការរបស់លោកប្រណិត មានកន្លែងដាក់តាំងទេវបដិមា ច្រើនជាន់ថ្នាក់និងច្រើនប្រភេទខុសៗគ្នា។ ទាំងបដិមាក្នុងព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងយេស៊ូគ្រិស្ដ ព្រមទាំងចម្លាក់ទេវៈផ្សេងៗទៀត។

“មើលទៅគេម្នាក់នេះប្រហែលជាអ្នកជឿលើជំនឿអរូបិយខ្លាំងណាស់ហើយ!” ឆាយលីនិយាយ
តិចៗទៅកាន់សុភ័ក្រ។

សុភ័ក្រធ្វើមុខដូចជាកំពុងត្រិះរិះបន្តិច ព្រមទាំងងក់ក្បាលយល់ស្រប។ គេហាក់ដូចជានឹកឃើញអ្វីម៉្យាងក៏ងាកទៅប្រាប់ឆាយលីវិញ៖

“ភរិយារបស់ជនរងគ្រោះក៏កំពុងរង់ចាំនៅក្នុងបន្ទប់ទទួលភ្ញៀវដែរ!”

ឆាយលីទ្រឹងគិតបន្តិចទើបតប៖

“នាំខ្ញុំទៅចួបពួកគេ!”

នៅក្នុងបន្ទប់ទទួលភ្ញៀវ …

លោកអធិការរងបោះជំហានទៅតាមទម្ងន់ជើងធ្ងន់ៗ មួយៗរបស់គេយ៉ាងស្វាហាប់។ ទ្វាររបើកឡើង បង្ហើញឱ្យឃើញមនុស្សប្រុសស្រីបីនាក់កំពុងអង្គុយចាំនៅក្នុងបន្ទប់ទាំងទឹកមុខក្រៀមស្រពោន។

“សួស្ដី! ខ្ញុំគឺអធិការរង កែវ ឆាយលី ទទួលបន្ទុករឿងក្ដីរបស់លោក សួង ប្រណិត!”

មនុស្សស្រីវ័យប្រហែល ២៥-២៦ឆ្នាំ ងើបមកប្រឈមនឹងឆាយលី។ ទោះបីជាទឹកមុខមិនស្រស់បស់ គ្មានស្នាមញញឹមយ៉ាងណា ក៏មិនអាចបិទបាំងភាពស្រស់ស្អាតដែលមាននៅលើភក្រ្តាដ៏ផូរផង់របស់នាងបានឡើយ។ បបូរមាត់តូចស្ដើងរបស់នាងបង្ហើបរលាស់វាចាស្រទន់ថ្នមៗដាក់លោកអធិការវិញ៖

“សួស្ដីលោកអធិការ ឆាយលី! នាងខ្ញុំឈ្មោះ លីន សុជាតា ជាភរិយារបស់លោកប្រណិត! សូមសួរថាតើប៉ូលិសមានតម្រុយអ្វីពីករណីស្លាប់របស់ប្ដីខ្ញុំហើយឬនៅ?”

ឆាយលីភាន់ភាំងនឹងវត្តមានរបស់នាងបន្តិច តែគេនៅតែឆ្លើយតបបានទាន់ពេល៖

“តាមការពិនិត្យជំហានដំបូង យើងនៅមិនទាន់អាចសន្និដ្ឋានបានថាតើវាជាករណីឃាតកម្មដែលឬអត់ទេ ព្រោះមិនទាន់មានភស្ដុតាងណាមួយដែលយើងអាចរកឃើញដើម្បីដាក់បន្ទុកបាន! ដូច្នេះហើយបានជាខាងប៉ូលិសសំណូមពរឱ្យសាក្សីនិងអ្នកស្រីដែលជាញាតិរបស់សពនៅរង់ចាំឆ្លើយសំណួរខ្លះៗដើម្បីជួយបំភ្លឺករណីមួយនេះ!”

គ្មានតំណក់ទឹកភ្នែកមួយតំណក់ណាដែលឆាយលីបានឃើញនៅក្នុងកែវភ្នែករបស់នារីដែលនៅចំពោះមុខខ្លួនសោះ។ នាងរឹងមាំពេកឬមួយក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយផ្ទៃមុខដ៏ស្រស់ស្អាតមួយនេះ?

“លោកចង់ដឹងអ្វីខ្លះ? អាចសួរខ្ញុំបាន! បើខ្ញុំដឹង ខ្ញុំនឹងប្រាប់!”

ឆាយលីញញឹមបន្តិច តែកន្ទុយភ្នែកដៀងទៅមើលប្រុសម្នាក់ដែលកំពុងអង្គុយឱបខ្លួនញ័រនៅលើសាឡុងដោយមានសន្តិសុខម្នាក់ទៀតនៅឈរឱនមុខជ្រប់នៅជិតនោះ។

“សូមអញ្ជើញអ្នកស្រី!”

ឆាយលីធ្វើដៃអញ្ជើញឱ្យសុជាតាទៅអង្គុយនៅម្ខាង ព្រមគ្នាជាមួយនឹងសុភ័ក្រដែលដើរទៅរកបុរសពីរនាក់ទៀតបម្រុងនាំគាត់ទៅបន្ទប់ផ្សេង…

“អត់ទេ! ខ្ញុំមិនទៅទេ! ខ្ញុំមិនទៅណាទាំងអស់! បងជាតា ខ្ញុំចង់នៅជាមួយបង!”

សុជាតាសម្លឹងទៅមើលមុខប្រុសម្នាក់នោះទាំងក្រៀមក្រំ។ នាងងាកមករកឆាយលីវិញ៖

“តើអាចឱ្យគេនៅក្នុងបន្ទប់នេះជាមួយខ្ញុំបានទេ?”

ឆាយលីនៅស្ងៀមមិនទាន់ឆ្លើយតបនឹងសំណើរបស់អ្នកស្រីមេម៉ាយវ័យក្មេងម្នាក់នេះនៅឡើយ។ នាងវាចាបន្ថែមមកទៀត៖

“គេឈ្មោះ រាជ មុនិ! គេមានទម្លាប់ឆាប់ភ័យខ្លាច ងាយនឹងបាត់បង់ស្មារតី! ប្រហែលជាមានខ្ញុំនៅជាមួយគេ អាចជួយដល់ពួកលោកបាន!”

ឆាយលីងក់ក្បាលប្រាប់សុភ័ក្រអនុញ្ញាតឱ្យទុកគេនៅទីនេះ ចំណែកឯសន្តិសុខម្នាក់ទៀតឱ្យកូនចៅក្រោមបង្គាប់នាំទៅសួរចម្លើយនៅបន្ទប់ផ្សេងបាន។

“សូមប្អូនរៀបរាប់ពីហេតុការណ៍ដែលប្អូនបានឃើញប្រាប់ប៉ូលិស!” ក្រោយរៀបចំអង្គុយបានស្រួលបួលហើយ ឆាយលីក៏ចាប់ផ្ដើមការសាកសួរ ដោយមានសុភ័ក្រជាអ្នកនៅចាំកត់ត្រាចម្លើយ។

“ដើម…ដើមឡើយ ខ្ញុំកំពុងធ្វើការងារថែមម៉ោងនៅក្នុងបន្ទប់ធ្វើការរួម ចំណែកលោកប្រធាននៅធ្វើការក្នុងបន្ទប់ការងាររបស់គាត់…!”

“តើពេលនោះមាននរណាផ្សេងដែលនៅធ្វើការថែមដែរទេ?”

“អត់មានទេ! គ្រប់គ្នាដល់ម៉ោងក៏ចេញទៅផ្ទះអស់ហើយ! មានតែខ្ញុំម្នាក់ឯងទេ!”

សុភ័ក្រសួរកាត់មុនិ៖

“ប្អូនឧស្សាហ៍ធ្វើការងារថែមម៉ោងណាស់មែនទេ?”

មុនិមើលមុខសុជាតាបន្តិច ទើបនិយាយទាំងអល់អែក៖

“ជាធម្មតាខ្ញុំធ្វើការថែមម៉ោង ៣ថ្ងៃក្នុងមួយអាទិត្យ! តែមិនមែនក្រុមហ៊ុនជាអ្នកឱ្យខ្ញុំធ្វើការទាំងនេះទេ…ខ្ញុំស្ម័គ្រចិត្តធ្វើវាដោយខ្លួនឯង!”

ឆាយលីនៅស្ងៀមរង់ចាំស្ដាប់គេនិយាយដោយយកចិត្តទុកដាក់៖

“ល្ងាចមិញពេលខ្ញុំកំពុងធ្វើការ ខ្ញុំនៅឃើញលោកប្រធានដើរចូលទៅក្នុងបន្ទប់ហើយបិទទ្វារបន្ទប់របស់គាត់ជិតឈឹងដូចរាល់ដង! តែក្រោយពេលខ្ញុំទៅបន្ទប់ទឹកហើយចេញមកវិញ ខ្ញុំប្រទះឃើញថាម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំស្រាប់តែធ្លាយ ស្រក់ទឹកចុះមក! ខ្ញុំក៏ត្រលប់ទៅយកធុងពីក្នុងបន្ទប់ដាក់សម្ភារៈមកត្រងទឹក ពេលនោះខ្ញុំស្រាប់តែឃើញស្រមោលមួយរត់ចេញពីបន្ទប់ធ្វើការរបស់គាត់! ដើមឡើយខ្ញុំស្មានតែគាត់មានធុរៈអ្វីចាំបាច់ ទើបមិនបានចាប់អារម្មណ៍ហើយក៏មកអង្គុយធ្វើការវិញ! តែពេលខ្ញុំមើលទៅបន្ទប់របស់គាត់ម្ដងទៀត ឃើញទ្វារនៅបើកចំហចោល ខ្ញុំប្រុងទៅបិទទ្វារឱ្យគាត់ ស្រាប់តែទៅដល់ឃើញគាត់ដេកស្លាប់នៅក្នុងហ្នឹងតែម្ដង!” អាកប្បកិរិយារបស់មុនិនៅពេលនេះចាប់ផ្ដើមខ្សឹកខ្សួលបន្តិចម្ដងៗ រហូតត្រូវធ្វើឱ្យអ្នកស្រីសុជាតាដែលនៅអង្គុយជិតនោះទះខ្នងលួងលោមគេថ្នមៗ។

ឆាយលីសួរគេបន្ត៖

“ចុះប្អូនមានឃើញថាមនុស្សដែលរត់ចេញទៅនោះជានរណាដែរទេ?”

មុនិគ្រវីក្បាល៖

“មិនដឹងទេ! ព្រោះកញ្ចក់ដែលនៅត្រង់កន្លែងម៉ាស៊ីនត្រជាក់នោះជាកញ្ចក់ស្រអាប់! ក្នុងបន្ទប់ធ្វើការមានតែកញ្ចក់ទ្វារប៉ុណ្ណោះដែលថ្លាអាចមើលទៅក្រៅឃើញ!”

ឆាយលីងក់ក្បាលតិចៗ ព្រោះគេក៏បានចាប់អារម្មណ៍ឃើញបែបនេះដែរ ពេលដែលគេឆ្លងកាត់បន្ទប់បុគ្គលិកនៅទល់មុខបន្ទប់របស់លោកប្រណិត។

“ចុះមានចំណាំភិនភាគ ឬក៏អ្វីមួយដែលអាចកត់សម្គាល់បានដែរទេ? ឧទាហរណ៍ជាមនុស្សប្រុស ឬស្រី? សក់ក្បាល? ឬក៏សម្លៀកបំពាក់អីបែបហ្នឹងណា៎!”

សុភ័ក្រហាក់ដូចជាចិត្តក្ដៅចង់សាកសួរទៅ ប្រុសម្នាក់នេះឱ្យដឹងរឿងគ្នាពេលនេះតែម្ដង តែមើលទៅគេប្រឹងគិតរកនឹក រហូតទឹកមុខប្រែទៅជាស្លេកស្លាំង ហើយយកដៃទៅក្ដោបក្បាល ស្រែកខ្លាំងៗ៖

“ខ្ញុំមិនដឹងទេ! ខ្ញុំចាំមិនបានទេ! អូយ!”

“មុនិ! មុនិ! ឯងយ៉ាងម៉េចហើយ?” អ្នកស្រីសុជាតាស្លន់ស្លោពេលដែលឃើញគេទៅជាបែបនេះ។

នាងតឿនទៅឆាយលី៖

“ឆាប់ជូនគេទៅមន្ទីរពេទ្យ!”

“អ្នកជំងឺមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ គ្រាន់តែប្រហែលជាគេជួបនឹងហេតុការណ៍អ្វីមួយរន្ធត់ តក់ស្លុតពេក ទើបបណ្ដាលឱ្យរាងកាយគេចុះខ្សោយ!”

គ្រូពេទ្យរៀបរាប់ពីស្ថានភាពជំងឺរបស់មុនិប្រាប់ទៅលោកអធិការរងនិងអ្នកស្រីសុជាតា។ នាយប៉ូលិសយើងបែរទៅមើលអ្នកជំងឺដែលដេកនៅលើគ្រែបន្តិច រួចងាកមកពិភាក្សាជាមួយពេទ្យវិញ៖

“ហើយពេលណាគេដឹងខ្លួនដែរលោកគ្រូពេទ្យ?”

“អាស្រ័យលើស្ថានភាពផ្លូវចិត្តរបស់គេ យ៉ាងលឿនប៉ុន្មានម៉ោងទៀតគេដឹងខ្លួនហើយ តែបើយូរក៏ប្រហែលជា២ទៅ៣ថ្ងៃទៀតដែរ! អ៊ីចឹងបើអស់ការអីហើយ ខ្ញុំសុំលាទៅមុនហើយ!”

ឆាយលីជូនដំណើរពេទ្យដល់មាត់ទ្វារ ទើបបកមកវិញ។ អ្នកស្រីសុជាតា ទឹកមុខស្មើធេង ឈរមើលមុខរបស់មុនិ។

“អ្នកស្រីកុំគិតច្រើនពេកអី គេអស់អីហើយ! ពេលនេះអ្វីដែលសំខាន់គឺថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ និងសហការជាមួយប៉ូលិស ដើម្បីឱ្យពួកយើងអាចឆាប់ប្រមូលភស្ដុតាងបាន!”

“លោកគិតថាការស្លាប់របស់ប្ដីខ្ញុំគឺជារឿងឃាតកម្ម?” នាងសួរទាំងមិនងាកមកមើលមុខគេ។

“ពេលនេះខ្ញុំមិនទាន់អាចសន្និដ្ឋានអ្វីទាំងអស់! រង់ចាំឱ្យប៉ូលិសមានភស្ដុតាងគ្រប់គ្រាន់ជាមុនសិន ពេលនោះខ្ញុំនឹងជម្រាបអ្នកស្រីវិញភ្លាម!”

សុជាតានិយាយទាំងស្ទាក់ស្ទើរ៖

“ខ្ញុំគ្រាន់តែចង់យកសពរបស់គាត់មកធ្វើបុណ្យឱ្យបានកាន់តែឆាប់តែប៉ុណ្ណោះ! មនុស្សស្លាប់បាត់ទៅហើយ មិនបានធ្វើបុណ្យឧទ្ទិសកុសលឱ្យគាត់ទៀត ខ្ញុំបារម្ភគាត់ទៅមិនបានសុខ!”

“ខ្ញុំមានសំណួរខ្លះៗចង់សួរអ្នកស្រី! បើមិនយល់ទាស់ទេ យើងអាចរកកន្លែងស្ងាត់ពិភាក្សាគ្នាបន្តិចល្អទេ?”

សុជាតាលើកនាឡិកាដៃមើលម៉ោងបន្តិច ឃើញថាជាម៉ោង៨យប់ទៅហើយ តែនាងក៏មិនបានថាអ្វីក្រៅពីងក់ក្បាលជាការយល់ព្រមនឹងគេ។

វគ្គ «លីន សុជាតា ភរិយាសព»

“បែកគ្នាយូរហើយ សុខសប្បាយជាទេ?” ឆាយលីផ្ដើមសំណួរទៅកាន់នារីដែលអង្គុយកូរកាហ្វេនៅចំពោះមុខខ្លួន។

“ខ្ញុំមិនអីទេ! មានអ្វីដែលចង់សួរទាក់ទងនឹងការងារ លោកអាចចាប់ផ្ដើមបាន!” នាងតប។

“នាងនិងលោកប្រណិតរៀបការជាមួយគ្នាប៉ុន្មានឆ្នាំហើយ?”

អ្នកមេម៉ាយប្ដីទើបនឹងស្លាប់ថ្មីៗ លើកពែងកាហ្វេក្ដៅហុយៗមកក្រេបបន្តិច ហាក់ដូចជាទុកពេលឱ្យខ្លួនឯងបានរៀបពាក្យសម្ដីខ្លះ៖

“ខ្ញុំនឹងគាត់រៀបការជាមួយគ្នាបានជិតពីរឆ្នាំហើយ! កាលនោះគាត់ទើបតែចាប់ផ្ដើមបើកដំណើរការរោងចក្រផលិតមីដែលគាត់ស្រាវជ្រាវរូបមន្តបាន!”

“អ៊ីចឹងតើទំនាក់ទំនងរបស់អ្នកទាំងពីរយ៉ាងម៉េចដែរ?”

សុជាតាស្រាប់តែសម្លឹងមុខឆាយលីមិនដាក់ភ្នែក ធ្វើឱ្យគេមានអារម្មណ៍ញញើតចំពោះទឹកមុខស្លូតបូត តែប្រកបជាមួយនឹងកែវភ្នែកមុតស្រួចបែបនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាប៉ូលិសម្នាក់ គេម៉េចនឹងអាចឱ្យមន្តសណ្ដំនៃកែវភ្នែកនារីមានឥទ្ធិពលចំពោះខ្លួនបានទៅ។

“ពួកយើងទាំងពីរនាក់ស្រលាញ់គ្នាដូចជាប្ដីប្រពន្ធគេទូទៅអ៊ីចឹង! ថ្វីបើពួកយើងធ្វើការងារផ្សេងគ្នា តែយើងតែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យគ្នា! រៀងរាល់ចុងសប្ដាហ៍ឬថ្ងៃសម្រាក គាត់តែងជូនខ្ញុំទៅលេងផ្ទះឪពុកម្ដាយខ្ញុំ ឬទៅលេងស្រុកកំណើតគាត់នៅឯខេត្ត!”

“តើគាត់មានជំងឺប្រចាំកាយ ឬមួយរយៈចុងក្រោយនេះគាត់មានបាននិយាយឬមានអាកប្បកិរិយាអ្វីប្លែកទេ?”

នាងសញ្ជឹងគិតបន្តិច មុននឹងឆ្លើយតបមកវិញទាំងកំបុតកំបុយ៖

“គ្មានទេ! សុខភាពគាត់ប្រក្រតីធម្មតា លើកលែងតែជំងឺជង្គង់របស់គាត់…តែ…ដូចជាឮគាត់និយាយថាមានរោងចក្រមួយចង់បើករកស៊ីប្រជែងជាមួយរោងចក្ររបស់គាត់!”

“គាត់និយាយប្រាប់អ្នកស្រី?”

សុជាតាគ្រវីក្បាលតិច៖

“អត់ទេ! គឺខ្ញុំស្ដាប់ឮដោយចៃដន់! ការងារនៅរោងចក្រភាគច្រើនគាត់មិនសូវពិភាក្សាជាមួយខ្ញុំទេ ព្រោះគាត់មិនចង់ឱ្យខ្ញុំពិបាកចិត្ត!”

នរៈសង្ហាព្យាយាមរាវរកចម្លើយឬអាថ៌កំបាំងផ្សេងទៀតដែលអាចលាក់ទុកនៅពីក្រោយចម្លើយរបស់នាង តែចុងក្រោយគឺទទេ។ អាចទេ ប្ដីប្រពន្ធស្រលាញ់គ្នា តែបែរជាមិនអាចចែករំលែករឿងរ៉ាវបញ្ហាដែលខ្លួនកំពុងទទួលរងសម្ពាធទៅកាន់ដៃគូបាន? បើទោះជាក្រោមហេតុផលដែលនាងបានលើកឡើងមុន ក៏សឹងតែមិនអាចឱ្យអ្នកជឿទាំងស្រុងនោះដែរ។

ឆាយលីព្យាយាមបង្វែរសំណួរចេញ ព្រោះមិនចង់បង្កសម្ពាធផ្លូវចិត្តទៅលើនាងកាន់តែខ្លាំង។ ថ្វីបើនាយមិនដឹងថាមានរឿងអ្វីខ្លះកើតឡើង តែនាយក៏មិនទាន់ចង់ដេញទាន់ជាន់កែងនាងភ្លាមៗដែរ។

“រួចចុះអ្នកស្រីស្គាល់មុនិយូរប៉ុណ្ណាហើយ? ព្រោះមើលទៅទំនាក់ទំនងអ្នកទាំងពីរដូចជាមិនមែនគ្រាន់តែជាបុគ្គលិកនិងចៅហ្វាយនាយទេ?”

“ខ្ញុំស្គាល់គេប្រហែលជាមួយឆ្នាំហើយ! កាលនោះខ្ញុំធ្វើការនៅក្នុងមជ្ឈមណ្ឌលមួយកន្លែង ហើយបានឃើញគេរស់នៅក្នុងមណ្ឌលកុមារកំព្រា! គេជាមនុស្សមានសមត្ថភាពនិងការច្នៃប្រតិដ្ឋ ប៉ុន្តែដោយសារគេមានអូទីសឹម  ធ្វើឱ្យគេពុំសូវមានទំនាក់ទំនងល្អជាមួយសង្គម ពិបាករកការងារធ្វើ ទើបខ្ញុំជួយគេដោយយកមកឱ្យធ្វើការក្នុងរោងចក្ររបស់ស្វាមីខ្ញុំ! តែប៉ុណ្ណឹងឯង គ្មានអ្វីលើសពីហ្នឹងទៀតទេ!”

“ពេលដែលកើតហេតុតើអ្នកស្រីកំពុងធ្វើអ្វី? នៅឯណា?”

សុជាតាបិទភ្នែក ដកដង្ហើមធំចូលបន្តិចហើយបញ្ចេញមកវិញ ព្រមទាំងសម្លក់នាយអធិការរងថ្មែរ ព្រោះមិននឹកស្មានថាសូម្បីនាងជាប្រពន្ធជនរងគ្រោះក៏គេអាចសង្ស័យបានដែរ។

“មុននេះបន្តិចខ្ញុំកំពុងធ្វើការ! លោកអាចទៅសាកសួរនៅស្ថានីយ៍វិទ្យុដែលខ្ញុំធ្វើការបាន បើមិនទុកចិត្ត…”

ឆាយលីនិយាយកាត់៖

“ខ្ញុំពុំចង់បានន័យដូច្នោះទេ! តែពួកយើងត្រូវការព័ត៌មានគ្រប់យ៉ាងដែលសំខាន់ ដើម្បីធ្វើជាទិន្នន័យ…”

ទឺតៗ! …

ទូរសព្ទស្រាប់តែរោទ៍កាត់ពាក្យសម្ដីដែលឆាយលីកំពុងនិយាយ…

ជាទូរសព្ទរបស់សុភ័ក្រ!

“ខ្ញុំសុំទទួលទូរសព្ទបន្តិចសិន!” ឆាយលីនិយាយទៅកាន់សុជាតា។

“ចាស! តាមសម្រួលចុះ!”

“អាឡូ! ខាងនោះយ៉ាងម៉េចហើយ?”

ត្រចៀកឆាយលីស្ដាប់ទូរសព្ទ តែភ្នែកគេបែរជាលួចដៀងមកសម្លឹងមើលមុខអ្នកមេម៉ាយវ័យក្មេងដែលប្ដីទើបស្លាប់មិនទាន់បានប៉ុន្មានម៉ោង ដោយពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយ។ ទឹកមុខនាងហាក់ដូចជានឹងធឹងល្អ តែភ្នែករបស់នាងប្រហែលជាមិនអាចក្បត់នឹងដួងចិត្តខាងក្នុងបានតទៅទៀតទេ។ ទឹកភ្នែកមួយតំណក់ស្រក់ចុះមក។ ឆាយលីដកកន្សែងដៃពីហោប៉ៅអាវហុចឱ្យនាង ហើយដើរចេញទៅនិយាយទូរសព្ទឆ្ងាយបន្តិច ទុកពេលឱ្យនាងបានបន្ធូរអារម្មណ៍តានតឹងចេញខ្លះ។

ក្រោយនិយាយទូរសព្ទរួច អធិការកំលោះដើរចូលមកវិញ ឃើញនាងកំពុងតែចុចទូរសព្ទញាប់ដៃស្មេរ។ ឮសូរសម្រិបជើងរបស់គេ សុជាតាដាក់ទូរសព្ទចូលក្នុងកាបូបវិញយ៉ាងលឿន តែទោះយ៉ាងណាក៏មិនអាចគេចផុតពីខ្សែភ្នែករបស់ឆាយលីបានទេ។

“នៅប៉ុស្តិ៍ប៉ូលិសស្រាប់តែមានការបន្ទាន់ ខ្ញុំសុំលាទៅមុនហើយ!”

“ចាសមិនអីទេ!”

ឆាយលីឈានជើងប្រុងចេញទៅហើយ នាយស្រាប់តែនឹកឃើញអ្វីម៉្យាងក៏បែរមករកសុជាតាវិញ៖

“កុំគិតច្រើនពេក! បើមានអ្វីដែលនឹកឃើញ ហើយគិតថាសំខាន់ ពាក់ព័ន្ធនឹងការស្លាប់របស់លោកប្រណិត សូមជួយផ្ដល់ដំណឹងមកខាងខ្ញុំផង!”

នាងញញឹមស្ងួត ព្រមទាំងងក់ក្បាលតិចៗតបមកវិញ។

វគ្គ «ករណីឃាតកម្ម?”

យប់ម៉ោង៩ នៅអធិការដ្ឋាននគរបាលខណ្ឌមួយកន្លែង នាជាយក្រុងភ្នំពេញ…

ភាពស្ងាត់ជ្រងំនៃរាត្រី បន្សល់ទុកតែភាពងងឹតដែលត្រូវបានបំភ្លឺដោយអំពូលពណ៌ពងមាន់តូចៗត្រង់នេះបន្តិច ត្រង់នោះបន្តិច។ ដោយឡែកនៅក្នុងបន្ទប់ប្រជុំបែរជាមានភ្លើងភ្លឺចិញ្ចាច បង្ហាញឱ្យឃើញផ្ទៃក្ដារខៀនពណ៌សស្គុស មានបិទរូបថតប៉ុន្មានសន្លឹកនៅលើនោះផង។

ឆាយលីអង្គុយអានរបាយការណ៍សង្ខេប ដែលទទួលបានពីសហការីដែលនៅប្រចាំការផ្ទាល់នឹងកន្លែងកើតហេតុ។ យូរៗម្ដងគេយកដៃមកអង្អែលចង្កាដែលដុះពុកមាត់រឹម ដើម្បីបន្ថយសម្ពាធពីរឿងក្ដីមួយនេះ។ សុភ័ក្រដើរទម្លាក់ជើងធ្ងន់ៗចូលមក ដាក់គូទអង្គុយលើកៅអីប៉ុកទល់មុខសម្លាញ់ទាំងនឿយហត់ ព្រោះពេញមួយល្ងាចនេះគេពុំទាន់បានរកអ្វីមកទ្រាប់ពោះនៅឡើយ។

ឆាយលីដៀងភ្នែកមកមើលគេបន្តិចរួចត្រលប់ទៅពិនិត្យរបាយការណ៍បន្តទៀត ទាំងលួចអស់សំណើចនឹងកាយវិការរបស់គេផង។

“សើចអី?” សុភ័ក្រសួរទាំងមួម៉ៅ។

“អត់ទេ! យើងគ្មានបានសើចផង!” ឆាយលីញាក់ស្មាតប ហើយដាក់សំណុំឯកសារទៅលើតុ។

“យើងឃើញច្បាស់ណាស់! ហើយពេលណាទើបអាចទៅរកហូបអីបាន? ឥឡូវនេះយើងឃ្លានហើយ!”

ឆាយលីលើកនាឡិកាដែលពាក់ជាប់នឹងដៃមកមើលម៉ោង៖

“ភ្លេចខ្លួនតែបន្តិចសោះ ម៉ោងជាង៩យប់ទៅហើយ! តែមិនអីទេ បន្តិចទៀតប្រហែលជាគេយកមកដល់ហើយ!”

“ឯងកុម្ម៉ង់?”

ប៉ុកៗៗ!…

ឆាយលីមិនទាន់តបផង ស្រាប់តែឮសូរសំឡេងគោះទ្វារពីខាងក្រៅ។

“មកដល់ល្មម… អញ្ជើញចូល!”

សុភ័ក្រងាកទៅមើលមាត់ទ្វារ ឃើញមនុស្សស្រីម្នាក់ក្នុងឯកសណ្ឋានជានាយប៉ូលិសដូចខ្លួនដែរ កំពុងយួរអាហារពីរបីកញ្ចប់ដើរចូលមក។

“យី! អ្នកដឹកជញ្ជូនអាហារឥឡូវចេះលេងខ្លួន ស្លៀកពាក់ទៅតាមអង្គភាពដែលកុម្ម៉ង់ម្ហូបទៀត!”

នារីរូបស្រស់មិនតប នាងឱនមកគំនាប់ឆាយលីបន្តិច ថែមជាមួយស្នាមសើចយ៉ាងស្រស់នៅលើបបូរមាត់របស់នាង។ សុភ័ក្រក្រោកដើរទៅឈោងទទួលអាហារពីដៃនាងក្រមុំ ព្រមទាំងបន្លំទៅប៉ះដៃរបស់នាង។ ស្រស់ស្រីរហ័សយកដៃម្ខាងទៀតទៅចាប់កដៃគេពត់ឡើងលើស្ទើរបាក់ធ្វើឱ្យឆាយលីទីបំផុតធ្លាយសំណើចចេញមកក្រៅ។

“អូយ!” សុភ័ក្រស្រែកភ្លាត់មាត់។

“បានហើយឈប់លេងទៅ!” អធិការកំលោះប្រញាប់ធ្វើអាជ្ញាកណ្ដាលមុននឹងមានការយល់ច្រឡំធ្ងន់ធ្ងរជាងនេះ។

នាងក្រមុំលែងដៃពីសុភ័ក្រ រួចដើរយកអាហារមកដាក់លើតុដែលនៅចំកណ្ដាលបន្ទប់។ សុភ័ក្ររលាស់ដៃតិចៗ ហើយដើរតាមមកពីក្រោយទាំងងឿងឆ្ងល់។

ឆាយលីប្រញាប់ធ្វើការណែនាំស្រស់នារីចំណូលថ្មី៖

“ឡង់ឌី…នេះគឺវរៈសេនីយ៍ត្រី សែម សុភ័ក្រ! សុភ័ក្រ…នេះគឺអនុសេនីយ៍ឯក នាត ឡង់ឌី ប៉ូលិសទទួលបន្ទុករឿងក្ដីម្សៅមីរបស់រោងចក្រលោកប្រណិត! ដោយសាររឿងនេះអាចនឹងពាក់ព័ន្ធគ្នាទើបលោកអធិការស្នើឱ្យឡង់ឌីចូលរួមជាមួយក្រុមយើងដើម្បីសហការនិងឱ្យនាងបានរៀនសូត្រផង!”

“រីករាយដែលបានស្គាល់កញ្ញាអនុសេនីយ៍ឯក!” សុភ័ក្រហុចដៃទៅរកឡង់ឌីទាំងបបូរមាត់កំហិលញញឹមឌឺដងដាក់នាង។

ចំណែកឡង់ឌីមិនខ្ចីចុះចាញ់ទឹកមុខគេ នាងសើចយ៉ាងស្រស់បោះដៃត្រលប់ទៅចាប់ដៃនាយប៉ូលិសកំលោះតបវិញ៖

“រីករាយដែលបានរួមការងារជាមួយគ្នា លោកវរៈសេនីយ៍ត្រី! សូមជួយណែនាំផង!”

ភ្នែកទាំងគូត្របាញ់ដាក់គ្នាយ៉ាងមោះមុត ហាក់ដូចជាកំពុងសម្លឹងមើលគូសត្រូវច្រើនជាងអ្នករួមការងារ។

“អូខេបានហើយ! បើស្គាល់គ្នាហើយក៏ល្មមអាចញ៉ាំបាយបានហើយ ក្រែងមុននេះឯងថាឃ្លានមិនអ៊ីចឹងអ្ហី?” នៅតែឆាយលីជាអ្នកជួយសម្រួលស្ថានការណ៍ បើមិនអ៊ីចឹងប្រហែលជាអាចមានរបួសម្ខាងៗហើយទើបអាចបញ្ចប់រឿងបាន។

ក្រោយអាហារពេលយប់បានបញ្ចប់ អ្នកទាំងបីចាប់ផ្ដើមពិភាក្សាលើមុខសញ្ញានៃរឿងក្ដីមរណភាពរបស់លោក សួង ប្រណិត។

“លោក សួង ប្រណិត អាយុ៣០ឆ្នាំ ជាម្ចាស់រោងចក្រផលិតមី មានយីហោ“មីដូនតា” និងជាប់ឈ្មោះជាសហគ្រិនវ័យក្មេងដែលទទួលជោគជ័យលើការផលិត និងនាំចេញមីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក…មានភរិយាឈ្មោះ លីន សុជាតា អាយុ២៥ឆ្នាំ ជាពិធីការិនីនៅប៉ុស្តិ៍វិទ្យុ…”

សុភ័ក្រនិយាយ ដៃកាន់ភ្លើងឡាស៊ែរចង្អុលទៅកាន់ស្លាយរូបភាពដែលបង្ហាញនៅលើក្ដារខៀន។ ឆាយលីយកដៃអង្អែលចង្កាតិចៗ ភ្នែកផ្ដោតទៅលើរូបភាពពីរនាក់ប្ដីប្រពន្ធលោកប្រណិតថតជាមួយគ្នានៅពីមុខរោងចក្រ។

សុភ័ក្របន្ត៖

“តាមរបាយការណ៍បឋមនៃការធ្វើកោសល្យវិច័យលើសាកសពបានបង្ហាញថា​ លោក សួង ប្រណិត បានស្លាប់ដោយសារការដួលបោកក្បាលនឹងការ៉ូ ធ្វើឱ្យមានការដាច់សរសៃឈាមនិងមានឈាមកកនៅខាងក្នុង! នៅកន្លែងកើតហេតុគ្មានភស្តុតាងអ្វីគួរឱ្យសង្ស័យថាជាអំពើឃាតកម្មទេ លើកលែងតែទូរសព្ទបែកអេក្រង់មួយគ្រឿង និងចម្លើយរបស់សាក្សីឈ្មោះ រាជ មុនិ ដែលជាបុគ្គលិកផ្នែកព័ត៌មានវិទ្យាធ្វើការក្នុងរោងចក្រនោះថា បានឃើញមនុស្សរត់ចេញពីបន្ទប់របស់ជនរងគ្រោះ!”

រូបថតបង្ហាញពីទិដ្ឋភាពក្នុងបន្ទប់ លោតបន្តបន្ទាប់គ្នា។

ឆាយលីឈ្ងោកមកពិនិត្យរបាយការណ៍ម្ដងទៀត រួចនិយាយតិចៗម្នាក់ឯង៖

“កាមេរ៉ាសុវត្ថិភាពទាំងអស់ត្រូវបានខូចមុនថ្ងៃកើតហេតុ២ថ្ងៃ…”

“សន្តិសុខនៅទីនោះបានប្រាប់ថាកាលពីម្សិលម្ង៉ៃ នាយមុនិនោះបានសាកល្បងដំឡើងប្រព័ន្ធថ្មីដើម្បី Upgrade កាមេរ៉ាសុវត្ថិភាព តែចៃដន់បែរជាធ្វើឱ្យប្រព័ន្ធកាមេរ៉ាទាំងអស់នោះឆ្លងខូច ហើយត្រូវលោកប្រណិតស្ដីបន្ទោសយ៉ាងខ្លាំង! តែដោយសារបានអ្នកស្រីសុជាតាមកជួយសម្រួលទាន់ពេល កុំអីគេត្រូវគាត់បណ្ដេញចេញពីក្រុមហ៊ុនបាត់ហើយ!” សុភ័ក្ររាយការណ៍។

ឡង់ឌីផ្ទាត់ម្រាមដៃឡើង ដាក់ការសង្ស័យ៖

“ឬមួយក៏រាជ មុនិ នោះខឹងនឹងលោកប្រណិតដែលស្ដីបន្ទោសគេខ្លាំងៗកណ្ដាលចំណោម ហើយក៏ចិញ្ចឹមចិត្តខឹងនឹងគាត់ ហើយឆ្លៀតពេលល្ងាចមិញដែលនៅតែពីរនាក់ ក៏លួចសម្លាប់គាត់តែម្ដងទៅ!”

សុភ័ក្រជ្រួញចិញ្ចើមគិតបន្តិច តែឆាយលីស្រាប់តែបដិសេធនឹងការយល់ឃើញរបស់ឡង់ឌី៖

“មិនអាចទេ! បើតាមរបាយការណ៍ពិនិត្យរបស់មន្ទីរពេទ្យបានឱ្យដឹងថា មុនិគេមានអូទីសឹមពីកំណើត ដែលបណ្ដាលឱ្យរាងកាយរបស់គេពិបាកក្នុងការធ្វើចលនា! ដូច្នេះគេមិនអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃរហូតដល់ស្លាប់ទេ រឹតតែមិនអាចទៅរួចចំពោះលោកប្រណិតដែលជាមនុស្សពេញកម្លាំងទៅទៀត!”

“ចុះតើស្ថានភាពរបស់ជនរងគ្រោះនិងរោងចក្ររបស់គេយ៉ាងម៉េចដែរ?” សុភ័ក្របែរមកសួរឡង់ឌី។

“រោងចក្ររបស់គាត់បានបើកកាលពី៤ឆ្នាំមុន គ្រាន់តែដើម្បីបោះដុំក្នុងតំបន់ តែក្រោយមកដោយមានការទទួលស្គាល់ច្រើនពីអតិថិជន គាត់ក៏បានពង្រីកធំជាងមុនដើម្បីចែកចាយទៅតាមបណ្ដាខេត្តផ្សេងទៀត!”

ឡង់ឌីបើកស្លាយថ្មីដើម្បីបង្ហាញអ្នកទាំងពីរ…គឺជារូបថតរោងចក្ររបស់លោកប្រណិតដែលទើបនឹងបើកខ្នាតតូច និងរោងចក្រសព្វថ្ងៃនេះ។

“ប្រហែលជា៣ខែមុននេះ មានគេដាក់ពាក្យបណ្ដឹងថារោងចក្ររបស់លោកប្រណិតបានផលិតមីមិនត្រឹមត្រូវទៅតាមវត្ថុធាតុដើម មិនសមស្របទៅតាមលក្ខណៈវិនិច្ឆ័យគុណភាពសុវត្ថិភាព! ខ្ញុំត្រូវបានថ្នាក់លើចាត់ឱ្យទទួលបន្ទុកសហការជាមួយមន្ត្រីក្រសួងកសិកម្ម ក្នុងការចុះពិនិត្យនិងស៊ើបអង្កេតរឿងក្ដីនេះ! ក្រោយពេលធ្វើការពិនិត្យ ពួកយើងរកឃើញថារោងចក្ររបស់គាត់ពិតជាបានផលិតមីក្លែងបន្លំគុណភាពពិតមែន ហើយមកទល់ពេលនេះក្រសួងកំពុងរៀបចំលិខិតព្រមាននិងនីតិវិធីផ្សេងៗដើម្បីឱ្យរោងចក្ររបស់គាត់បង់សំណងតាមផ្លូវច្បាប់!”

ឆាយលីស្រាប់តែសួរកាត់៖

“ចុះមានដឹងទេថានរណាជាអ្នកដាក់ពាក្យបណ្ដឹង?”

“ជាអតីតមិត្តជិតស្និទ្ធរបស់គាត់ ម៉េង ឈឹងគិន!” ឡង់ឌីតប។

“អូខេ! ដោយសារយើងត្រូវរង់ចាំរបាយការណ៍លម្អិតពីខាងកោសល្យវិច័យ ដូច្នេះការងារដែលយើងត្រូវចាប់ផ្ដើមនៅថ្ងៃស្អែកគឺ ទី១ពិនិត្យពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គ្រួសារលោកប្រណិត និងរោងចក្ររបស់គាត់ និងទី២គឺស៊ើបពីប្រវត្តិរូបរបស់ ម៉េង ឈឹងគិន! ការងារនេះគឺសង្ឃឹមលើយើងទាំងអស់គ្នាហើយ ព្រោះលោកអធិការជាប់បេសកកម្ម ហើយគាត់ទុកចិត្តលើពួកយើងសម្បើមណាស់!” ឆាយលីនិយាយដោយម៉ឺងម៉ាត់។

សុភ័ក្រស្ងាបហមៗ ខំប្រឹងនិយាយក្ងួរៗ៖

“ដឹងហើយៗ! តែឥឡូវយើងងងុយ សុំទៅសម្រាកមុនហើយ!”

ឆាយលីខ្ជិលប្រកាន់ច្រើន ព្រោះគេដឹងថាជាទម្លាប់របស់សុភ័ក្រទៅហើយ។ នាយបក់ដៃខ្វើយៗដេញគេឱ្យចេញទៅ រួចភ្នែកក៏ចាប់ផ្ដើមងាកមកពិនិត្យមើលរូបថតនៅលើផ្ទៃក្ដារខៀនម្ដងមួយសន្លឹកៗ ភ្លេចគិតថានៅជិតគេ មានប៉ូលិសស្រីម្នាក់ដែលមិនទាន់ទៅណា។

“បងឯងគិតថាជាការស្លាប់របស់លោកប្រណិតជារឿងឃាតកម្មមែនទេ?” ឡង់ឌីស្រាប់តែស្ងាត់ៗក៏សួរឡើង ធ្វើឱ្យឆាយលីភ្ញាក់ខ្លួនមកសម្លឹងមើលនាងវិញ។

“ឃាតកម្មឬអត់យើងនៅមិនទាន់ដឹងទេ! ក្នុងនាមជាប៉ូលិស ទាល់តែមានភស្ដុតាងគ្រប់គ្រាន់ទើបអាចសន្និដ្ឋានបាន!”

ឡង់ឌីញញឹមបែបញញើតញញើមនឹងអាកប្បកិរិយារបស់ឆាយលី។ ថ្វីបើគេស្លូតបូត មិនចេះវាយឫក ប្រកាន់ច្រើន តែពាក្យសម្ដីចេញមករបស់គេគឺម៉ឺងម៉ាត់ ហ្មត់ចត់ សមជាអធិការរងល្បីឈ្មោះប្រចាំខណ្ឌមែន។

ទឺង!

សំឡេងសារឮចេញពីក្នុងកុំព្យូទ័រយួរដៃរបស់ឆាយលី…

នាយប្រញាប់យកមកឆែកមើល។ ឡង់ធ្វើខ្លួនមិនត្រូវពេលនៅតែពីរនាក់គេបែបនេះ នាងកាន់កញ្ចប់អាហារដែលនៅសេសសល់លើតុ លើកបង្ហាញឆាយលីថានាងនឹងយកទៅចោល ស្រាប់តែគេភ្លាត់មាត់និយាយតិចៗប្រាប់នាង៖

“ផ្នែកកោសល្យវិច័យផ្ញើរបាយការណ៍បន្ថែមមកប្រាប់ថា ការស្លាប់របស់លោកប្រណិត គឺជាករណីឃាតកម្ម!”