វគ្គ «បេសកកម្មចាប់ខ្មោច»
នៅក្នុង Mart មួយកន្លែងនៃអគារស្នាក់នៅរបស់ឆារ៉ានន់ សុភ័ក្រឈរលឹបលៗក្បែរទូស្រាក្រហម តែខ្សែភ្នែកបែរជាត្របាញ់ទៅរកមនុស្សស្រីម្នាក់ដែលមានរាងស្រឡូន ស្លៀកខោខូវប៊យរឹបរាង និងអាវយឺតពណ៌សស្ដើងស្ទើរមើលធ្លុះដល់ក្នុង។ បបូរមាត់ពណ៌ក្រហមដ៏សែនស៊ិចស៊ីរបស់នាង ធ្វើឱ្យយើងចាំមិនភ្លេចទេថាជាអ្នកណា។
លីកា ឆារ៉ានន់ លេខាស្រីរបស់លោកប្រណិត កំពុងឈរលើករបស់របរដែលនាងទិញចេញពីក្នុងរទេះមកដាក់លើតុនៅកន្លែងគិតប្រាក់។
ទឺតៗ! ទូរសព្ទនៅក្នុងហោប៉ៅរបស់សុភ័ក្រញ័រ។
នាយលើកទទួល៖
“អាឡូ!”
“សុភ័ក្រ ជួយប្រាប់ទៅឡង់ឌី ផែនការត្រូវផ្លាស់ប្ដូរ! ខ្ញុំចង់ឱ្យឯងធ្វើការបញ្ជាក់រឿងមួយ…”
“និយាយមក ពេលនេះខ្ញុំកំពុងតែតាមដាននាង!”
“អូខេ! ប្រាប់ឡង់ឌីឱ្យនាំមនុស្សនិងខ្មោចមកចួបគ្នា!”
“បាន! ប៉ុណ្ណឹងចុះ!”
សុភ័ក្រផ្ញើសារសំឡេងនិងទីតាំងទៅឱ្យឡង់ឌី រួចដាក់ទូរសព្ទចូលទៅក្នុងហោប៉ៅខោវិញ ហើយដើរទៅទាញស្ករកៅស៊ូមួយដុំមកហែកទំពា មុននឹងដើរទៅកន្លែងគិតលុយ។
“សួស្ដីស្រីស្អាត! ចៃដន់ម៉្លេះ ចួបគ្នាម្ដងទៀតហើយ!” សុភ័ក្រមិនបង្អែរបង្អង់យូរក៏បញ្ចេញក្បាច់ប្រចាំត្រកូលមកប្រើ។
ឆារ៉ានន់ភ្ញាក់ព្រើត ញញឹមមិនសូវសមព្រោះសូម្បីឱ្យស្រមៃក៏នាងមិនធ្លាប់នឹងនឹកឃើញចង់ចួបមនុស្សប្រុសម្នាក់នេះផង។ តាមពិតទៅមិនថាក្នុងឈុតឯកសណ្ឋាន ឬតឺនុយស៊ីវិល សុភ័ក្រសុទ្ធតែបង្ហាញនូវរាងរៅដ៏សែនសង្ហារបស់ខ្លួន ក្នុងវ័យ២៩ឆ្នាំ មិនចាស់ក៏មិនក្មេង តែប្រហែលមកពីសម្ដីជាព្រាននារីរបស់គេទើបទៅជាធ្វើឱ្យនាងមានអារម្មណ៍ថាមិនសូវមានសុវត្ថិភាព។
“ចាស! សួស្ដីលោកប៉ូលិស…ខ្ញុំមិននឹកស្មានថាបានចួបលោកម្ដងទៀតសោះ!” នាងនិយាយទាំងសើចតិចៗដាក់គេផង។
“ថាម៉េច? នេះអ្នកនាងគិតថាមុខខ្ញុំអាក្រក់មិនគួរឱ្យចង់ចួបបែបហ្នឹងផង?”
“ស្រេចតែលោកគិតទេ! អាចថាអ៊ីចឹងក៏បាន!”
មួយប្រយោគនេះស្ទើរតែធ្វើឱ្យសុភ័ក្រចុកឈាម តបលែងចេញ តែបំណាច់នឹងមានឈ្មោះថាជាប៉ូលិសព្រាននារីទៅហើយ នាយម៉េចនឹងអាចឱ្យសម្ដីស្មោះត្រង់របស់ស្រីល្អិតម្នាក់នេះកាច់បំបាក់ធ្មុងរបស់ខ្លួនបានទៅ។
“មិនសប្បាយលេងសោះ! ហើយនេះអ្នកនាងប្រុងរើផ្ទះឬយ៉ាងម៉េចបានទិញរបស់របរសន្ធឹកសន្ធាប់យ៉ាងនេះ?” គេនិយាយបណ្ដើរជួយលើកឥវ៉ាន់់ពីក្នុងរទេះរបស់នាងមកដាក់លើតុបណ្ដើរ។
ឆារ៉ានន់ព្យាយាមពន្យារពេលក្នុងការឆ្លើយតបរបស់នាង ដើម្បីឱ្យគេដឹងថានាងពិតជាធុញទ្រាន់នឹងសំណួររបស់គេ តែទាស់ត្រង់ថាចៀសមិនបាន ដូច្នេះហើយនាងមានតែត្រូវឆ្លើយតបទៅសុភ័ក្រវិញ។
“ពាក់ព័ន្ធនឹងរឿងក្ដីរបស់លោកដែរទេ?” នាងសួរឌឺ។
“អត់ទេ! ម៉ោងនេះខ្ញុំចេញពីធ្វើការហើយ ខ្ញុំគ្រាន់តែចង់ស្គាល់អ្នកនាងឱ្យបានច្រើន ក្រែងលោយើងអាចក្លាយជាមិត្តភក្តិនឹងគ្នាទេតើ!”
“តែលោកប៉ូលិសមានបានសួរខ្ញុំទេ ថាខ្ញុំចង់ក្លាយជាមិត្តភក្តិជាមួយនឹងលោកឬអត់?”
“មនុស្សស្រីស្អាតៗដូចជាអ្នកនាង ប្រាកដជាមិនកំណាញ់ទេត្រឹមរាប់អានប៉ូលិសសង្ហាដូចជាខ្ញុំនោះ!”
សុភ័ក្រនិយាយទាំងមានជំនឿជាក់ក្នុងចិត្ត ថែមទាំងញាក់ចិញ្ចើមព្រើតដាក់នាង តែឆោមនារីបែរជាទៅនិយាយទូទាត់ប្រាក់ជាមួយនឹងអ្នកគិតលុយទៅវិញ។ ក្រោយប្រមូលរបស់ដាក់ថង់រួចរាល់ ឆារ៉ានន់ដើរចេញទៅក្រៅយ៉ាងញាប់ជើងស្អេក ធ្វើឱ្យសុភ័ក្រតាមស្ទើរពុំទាន់។
“យប់អ៊ីចឹង អ្នកនាងជាមនុស្សស្រីដើរតែឯងគ្រោះថ្នាក់ណាស់!”
ស្រីស្រស់ដកដង្ហើមធំ ហើយបែរមករកសុភ័ក្រ៖
“ខ្ញុំគ្មានគ្រោះថ្នាក់អ្វីទាំងអស់! គិតតែលោកប៉ូលិសទៅ និយាយច្រើនចឹងប្រយ័ត្នមានគ្រោះថ្នាក់ដោយសារមាត់ខ្លួនឯង បំណងល្អពីខ្ញុំ!”
សុភ័ក្រផ្ទាត់ម្រាមដៃឮសូរតែផ្លក់ រួចផ្អៀងក្បាលមកសម្លឹងនាង៖
“វ៉ាវ! មិនដែលដឹងសោះថា អ្នកនាងឆារ៉ានន់ក្រៅពីស្អាតហើយ នៅជាមនុស្សមានទឹកចិត្តទៀត ខ្ញុំរាប់អានអ្នកនាងពិតជាមិនខុសមែន!”
ឆារ៉ានន់ធ្វើភ្នែកស្លឺ ហើយបន្ថែមល្បឿនជើងព្រោះខ្ជិលខ្វល់នឹងសម្ដីឥតបានការរបស់សុភ័ក្រ។ នាយប៉ូលិសមាត់រអិល មិនបន្ថែមល្បឿនឱ្យស្មើនាងទៀតទេព្រោះខ្លាចលោធ្វើឱ្យត្រីផ្អើលលែងស៊ីសន្ទូច។ នាយងាកសម្លឹងមើលទៅមុខប្រហែលជា១០០ម៉ែត្រ ស្រាប់តែឃើញឡង់ឌីនិងលោក ឈឹងគិនកំពុងឈរនិយាយគ្នា បានឱកាសគេក៏ដកយកកូនឧបករណ៍តូចមួយពីក្នុងហោប៉ៅអាវ មកបិទជាមួយស្ករកៅស៊ូដែលគេទំពារល្អិតមុននេះ ហើយដើរទៅជិតឆារ៉ានន់ដែលប្រឹងដើរឈ្ញោកព្រោះទម្ងន់អីវ៉ាន់។
“ខ្ញុំលាអ្នកនាងសិនហើយ ចៃដន់នៅប៉ុស្តិ៍ប៉ូលិសមានការ!” សុភ័ក្រនិយាយបណ្ដើរ ព្រមទាំងយកស្ករកៅស៊ូទៅបិទភ្ជាប់នឹងបាទកាបូបស្ពាយរបស់ឆារ៉ានន់ផង។
មិនចាំឱ្យនាងឆ្លើយតប គេក៏ដើរបកក្រោយទៅវិញ ធ្វើឱ្យឆារ៉ានន់នឹកឆ្ងល់នឹងទង្វើប្លែកៗរបស់គេ។
ក្រោយពេលចាកចេញពីឆារ៉ានន់ សុភ័ក្របានផ្ញើសារមួយទៀតទៅឱ្យឡង់ឌី មួយសន្ទុះក្រោយមកនាងក៏បានមកចួបគេនៅលើបង់មួយក្បែរមាត់ផ្លូវ។
“ការងារយ៉ាងម៉េចហើយ!” សុភ័ក្រសួរទៅឡង់ឌី។
“អូខេ ពួកគេបានចួបគ្នាហើយ!” ឡង់ឌីសើចស្រស់ដាក់គេ។
“ធ្វើការបានល្អគ្រាន់បើ!”
“អរគុណសិស្សច្បងដែលបានសរសើរ! តែថាម៉េចក៏ត្រូវប្ដូរផែនការឱ្យពួកគេចួបគ្នាវិញ?”
សុភ័ក្រដកកាសពីក្នុងហោប៉ៅអាវមកដោតនឹងទូរសព្ទ ព្រមទាំងឆ្លើយនឹងសំណួរនាងបណ្ដើរ៖
“ស្ដាប់សិនទៅដឹងហើយ!”
—
“ឆានុន!”
មនុស្សស្រីរាងស្ដើងបញ្ឈប់ជំហានជើងរបស់ខ្លួនទាំងស្រឡាំងកាំង កែវភ្នែកបាញ់ទៅមុខត្រង់ឃើញមនុស្សប្រុសម្នាក់ក្នុងទឹកមុខភាន់ភាំង។ ភាពស្ងប់ស្ងាត់ចូលមកគ្រប់ដណ្ដប់បរិវេណជុំវិញ ស្ទើរតែអាចឮចង្វាក់បេះដូងនិងស្នូរដង្ហើមរបស់អ្នកទាំងពីរ។
ឆារ៉ានន់ ទ្រឹងបន្តិចតែនាងមិនបាននិយាយស្ដីអ្វីទេ រួចហើយទើបដើរកាត់បុរសម្នាក់នោះទៅ។ ទម្រាំទាញអារម្មណ៍មកវិញបាន នាងដើរទៅមុខបានឆ្ងាយបន្តិចទៅហើយ ឈឹងគិនប្រញាប់រត់ទៅតាម ហើយហួសទៅពាំងពីមុខនាង។
“ឆានុន! ឯងទើបមកពីណា? ហេតុអ្វីឯងទៅជាបែបនេះ?” ឈឹងគិនសួរទាំងសំឡេងញ័រ។
“ខ្ញុំមិនមែនឆានុនទេ! លោកប្រហែលជាច្រឡំមនុស្សហើយ!” នាងឆ្លើយទាំងគេចមុខពីគេ។
“ច្បាស់ណាស់! ខ្ញុំមិនច្រឡំទេ! ទោះមនុស្សក្នុងលោកទៅវះកាត់កែសម្ផស្សទៅជាមុខដូចឯងអស់ ក៏ខ្ញុំនៅតែអាចចំណាំឯងបានដែរ!”
“ឡប់សតិ!” ឆារ៉ានន់ព្យាយាមមិននិយាយរកឈឹងគិន ហើយប្រឹងដើរញាប់ជើងទៅ តែស្បែកជើងកែងចោទរបស់នាងមិនបានសហការជាមួយជើងឡើយ។
ឈឹងគិន ស្រែកខ្លាំងៗពីក្រោយខ្នងនាង៖
“ឯងភ្លេចសន្យាជាមួយគ្នាកាលពី៧ឆ្នាំមុនហើយមែនទេ?”
ឆារ៉ានន់ឈប់ទ្រឹង! ឈឹងគិននិយាយបន្ត៖
“ក្រែងយើងធ្លាប់សន្យាជាមួយគ្នាថានឹងមិនបោះបង់ចោលគ្នាមែនទេ? ហេតុអី? ហេតុអីជិត៧ឆ្នាំមកនេះឯងស្រាប់តែទៅបាត់ សូម្បីដំណឹងបន្តិចក៏មិនដែលផ្ដល់ឱ្យគ្នា?”
ខ្នងរបស់ឆារ៉ានន់ចាប់ផ្ដើមញ័ររង្គើតិចៗ។ ថង់អីវ៉ាន់ដែលនៅក្នុងដៃធ្លាក់ចុះអស់ នាងសម្រូតខ្លួនម្ដងបន្តិចៗហើយខ្ទប់មុខយំខ្សឹកខ្សួល។ ឈឹងគិនបោះជំហានវែងៗចូលទៅឈរពីមុខនាង។
“ពិតជាឯងមែន!”
ឆារ៉ានន់ងើយមុខមើលអ្នកដែលកំពុងឈរនៅនឹងមុខខ្លួន ទាំងទឹកភ្នែកនៅហូររហាម។
“យើងសុំទោស! សុំទោសដែលជំពាក់សន្យាពួកឯង!”
ឈឹងគិនឱនទៅចាប់ស្មារបស់ឆារ៉ានន់ ឱ្យងើបឈរឡើងមកទន្ទឹមនឹងខ្លួន។ ពេលនេះក្នុងខួរក្បាលរបស់គេមានសំណួរជាច្រើនដែលចង់សួរទៅនាង តែអ្វីដែលគេចង់ដឹងបំផុតនោះគឺហេតុអ្វីលីកា ឆានុន ដែលគេធ្លាប់ស្គាល់បែរជាក្លាយទៅជាមនុស្សស្រីបែបនេះ?
ឆារ៉ានន់ឃើញគេសម្លឹងមើលនាងបែបនេះ យល់បានថាគេពិតជាឆ្ងល់ចំពោះសមាសភាពរបស់នាងនៅពេលនេះ ទើបនាងប្រាប់គេ៖
“រឿងវែងឆ្ងាយណាស់! តែយើងគ្មានពេលប្រាប់ឯងនៅពេលនេះទេ! ចាំអ្វីៗចប់សព្វគ្រប់ហើយ យើងនឹងត្រលប់មកនិយាយរឿងទាំងអស់ប្រាប់ឯង!”
“ឱ្យយើងជឿឯងយ៉ាងម៉េច បើ៧ឆ្នាំមកនេះសូម្បីតែដំណឹងពីសុខទុក្ខរបស់ឯងម្ដង ក៏យើងមិនដែលដឹងផង! ឯងដឹងថា៧ឆ្នាំមកនេះនៅទីនេះមានរឿងរ៉ាវអ្វីខ្លះកើតឡើងទេ? ឥឡូវនេះប្រណិតស្លាប់ហើយ! ”
គ្មានភាពភ្ញាក់ផ្អើលណាដែលគេសង្កេតឃើញនៅលើផ្ទៃមុខដ៏ផូរផង់ ម៉ត់រលោងរបស់ឆារ៉ានន់
ឡើយ។ បានន័យថាគ្រប់យ៉ាងដែលកើតឡើងនៅទីនេះ មិនមែននាងមិនដឹងនោះទេ គ្រាន់តែនាងមិននិយាយ។
ឆារ៉ានន់លើកដៃឡើងមើលម៉ោង ហើយនិយាយទាំងប្រញាប់៖
“សុំទោសផង! យើងពិតជាគ្មានពេលបកស្រាយទេ!” នាងប្រមូលថង់ដែលជ្រុះនៅលើដីអម្បាញ់មិញមកកាន់ ហើយដើរចេញទៅ ទុកឱ្យឈឹងគិននៅជាប់ពេញទៅដោយពិភាល់តែម្នាក់ឯង។
មិនទាន់ទាំងចេញផុតពីក្រសែភ្នែករបស់បុរសវ័យកណ្ដាលនេះផង ម៉ូតូធំរបស់សុភ័ក្រស្រាប់តែមកឈប់នៅពីមុខនាង។ គេដោះមួកសុវត្ថិភាព ហើយដើរមករកនាងព្រមទាំងលើកក្រដាសមួយសន្លឹកបង្ហាញនាងផង។
“អ្នកនាង លីកា ឆារ៉ានន់! អូ៎ ខ្ញុំគួរតែហៅថាលោកលីកា ឆានុន ទើបត្រូវ! ខ្ញុំអធិការរង កែវ ឆាយលី សុំឃាត់ខ្លួនលោកបណ្ដោះអាសន្នដោយសារលោកមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់លោក សួង ប្រណិត! សូមលោកជួយសហការ!”